អង្គការសុខភាពពិភពលោក ៖ ការជក់បារីអេឡិចត្រូនិកកើនឡើងនៅទូទាំងពិភពលោក
បើតាមការសិក្សាថ្មីចុងក្រោយ ចំនួនក្មេងជំទង់ចង់ភ្លក្ស ចង់សាកប្រើគ្រឿងញៀន ផឹកស្រា និងជក់បារី នៅលើពិភពលោក បានថយចុះបន្តិច។ ប៉ុន្តែ បើគិតអំពីតួលេខវិញ គឺនៅតែខ្ពស់ខ្លាំងដដែល។ ចំណែកការជក់បារីអេឡិចត្រូនិកវិញ បន្តកើនឡើងជានិច្ច។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនមនុស្សចាស់ (ធំពេញវ័យ) ជក់បារីបានធ្លាក់ចុះជាលំដាប់ តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ នៅឆ្នាំ២០២២ មានមនុស្សប្រមាណម្នាក់ក្នុងចំណោម៥នាក់ នៅជក់បារី ឬប្រើផលិតផលធ្វើពីថ្នាំជក់។ កាលពីសតវត្សរ៍មុន ក្នុងចំណោមមនុស្សបីនាក់ មានម្នាក់ជក់ហើយ។ នេះបើតាមរបាយការណ៍ថ្មីដែលជាលទ្ធផលសិក្សាលើប្រេវ៉ាឡង់ជក់បារីនៅរវាងពីឆ្នាំ២០០០ដល់ឆ្នាំ២០៣០ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការជក់បារីមាននិន្នាការថយចុះក្នុងគ្រប់ប្រទេសចំនួន១៥០នៅលើពិភពលោក។ថ្វីបើអត្រាអ្នកជក់បារី បានធ្លាក់ក្នុងប្រទេសជាច្រើននៅលើពិភពលោកមែន ប៉ុន្តែអត្រាមរណៈបង្កឡើងឬពាក់ព័ន្ធនឹងថ្នាំជក់ ត្រូវបន្តកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត។ ស្ថិតិរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាក្នុងមួយឆ្នាំៗ បារីឬថ្នាំជក់ បានសម្លាប់ជីវិតមនុស្សអស់ជាង៨លាននាក់ ក្នុងនោះជាង១លានបីសែននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ។ គេត្រូវការពេលវេលាជាច្រើនដល់ទៅប្រមាណ៣០ឆ្នាំ ក្រោយការចាត់វិធានការដ៏តឹងតែងប្រឆាំងនឹងថ្នាំជក់ ទើបចាប់ឃើញចំនួនមនុស្សស្លាប់ដោយបារីចាប់ធ្លាក់ចុះ។ម្យ៉ាងវិញទៀត បើទោះបីជាចំនួនអ្នកជក់បារីបានបន្តធ្លាក់ចុះជាលំដាប់ក៏ដោយ ក៏អង្គការសុខភាពពិភពលោកមិនរំពឹងថាអាចសម្រេចកម្មវត្ថុបញ្ចុះអត្រាអ្នកជក់បារីឱ្យបាន៣០%នៅរវាងពីឆ្នាំ២០១០ដល់ឆ្នាំ២០២៥បានទេ។ មានតែ៥៦ប្រទេសប៉ុណ្ណោះ មានជាអាទិ៍ប្រេស៊ីល ដែលបានសម្រេចកាត់បន្ថយការប្រើថ្នាំជក់ឬបារីបាន៣៥% តាំងពីឆ្នាំ២០១០មក។ ផ្ទុយទៅវិញ ការជក់បារីបែរជាកើនឡើងនៅក្នុង៦ប្រទេស គឺ កុងហ្គោ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្សកដានី អូម៉ង់ និងម៉ុលដាវី។ដូច្នេះមិនត្រូវភ្លេចខ្លួន និងមិនទាន់ដល់ពេលត្រូវទម្លាក់ដៃឡើយ បើទោះបីជាការប្រយុទ្ធប្រឆាំងនឹងការជក់បារីនៅលើពិភពលោកមានលក្ខណៈប្រសើរជាទូទៅ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយ។ អង្គការសុខភាពពិភពលោកបានឆ្លៀតព្រមានថា ឧស្សាហកម្មបារីមិនបានឈរអោបដៃនៅស្ងៀមឡើយ។ នាយកដេប៉ាតឺម៉ង់ទ្រទ្រង់សុខភាពរបស់អង្គការ បានអះអាងបែបចោទប្រកាន់ដោយចំៗថា នៅទីណាដែលការជក់បារីធម្មតាធ្លាក់ចុះ ឧស្សាហកម្មបារីតែងបើកសមរភូមិថ្មី បង្កើតផលិតផលថ្មី គ្មានផ្សែង សម្រាប់ទាក់ទាញនិងបង្កើតទីផ្សារថ្មីប្រមូលចំណាប់អារម្មណ៍ឱ្យបានច្រើនជាអតិបរិមា ក្នុងចំណោមអតិថិជនថ្មី គឺក្មេងជំទង់។ ១០%នៃក្មេងអាយុពី១៣ទៅ១៥ឆ្នាំ នៅលើពិភពលោកបានជក់បារី និងប្រើថ្នាំជក់ប្រភេទថ្មី និងទម្រង់ថ្មី។ ពោលគឺមានក្មេងយ៉ាងហោច៣៧លាននាក់ ជាអ្នកជក់បារី ក្នុងនោះ១២លាននាក់ប្រើផលិតផលបារីថ្មី។ សម្រាប់អង្គការសុខភាពពិភពលោក តួលេខនេះទាបជាងការពិតជាក់ស្តែងឆ្ងាយណាស់ ព្រោះជាង៧០ប្រទេសមិនបានផ្តល់ទិន្នន័យអ្វីទាំងអស់។នៅប្រទេសបារាំង អត្រាក្មេងរៀននៅវិទ្យាល័យជក់បារី បានធ្លាក់ចុះពី១៧,៥%នៅឆ្នាំ២០១៨មកនៅត្រឹមតែ៦,២%នៅឆ្នាំ២០២២។ មានកញ្ចប់បារីក្នុងកាតាប ក្នុងកាបូប លែងពេញនិយមហើយ។ នេះពិតជាដំណឹងល្អមែន ព្រោះការប្រព្រឹត្តបារីក្នុងវ័យកាន់តែក្មេង (ក្រោម២០ឆ្នាំ) កាន់តែឆាប់ញៀន។ ប៉ុន្តែទន្ទឹមដំណឹងល្អនេះ តែក្មេងៗបានងាកទៅសាកល្បង និងជក់បារីអេឡិចត្រូនិក កាន់តែច្រើនឡើងៗ។ ការសិក្សារបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកពិតជាមានកំណើន នៅទូទាំងពិភពលោក។ ក្មេងអាចមិនចូលចិត្តរសជាតិនិងក្លិនបារីបែបបូរាណ តែចូលចិត្តបារីអេឡិចត្រូនិក ដែលមានគ្រប់រសជាតិ និងក្លិនផ្លែឈើជាច្រើនមុខ។បញ្ហានៅត្រង់ថា រសជាតិ ក្លិន និងទម្រង់ប្លែកៗរបស់បារីអេឡិចត្រូនិច មិនមែនជាដើមបារីមានកន្ទុយស្នោនេះ ក៏ច្រើនតែមានបង្កប់ និងផ្ទុកសារធាតុជាតិនីកូទីនច្រើនដែរ។ ហេតុដូច្នេះហើយបានជាសាស្ត្រាចារ្យ Loïc Josseran ប្រធានសម្ព័ន្ធប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ នៅប្រទេសបារាំង បានរំលឹកថា“បារីអេឡិចត្រូនិក នៅតែអាចផ្តល់ភាពញៀននឹងនីកូទីនខ្ពស់ខ្លាំងដដែល។ យុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់នៅតែដដែល -នៅតែបន្តផ្សព្វផ្សាយក្នុងចំណោមយុវវ័យនូវផលិតផលមានផ្ទុកជាតិនីកូទីន។ អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺការកកើតទីផ្សារនីកូទីន តាមរយៈផលិតផលបារីអេឡិចត្រូនិក e-cigarette Vapeឬ Vapoteuse បំពង់បង្ហុយឬ Puff ...”។តើអ្វីទៅជាបារីអេឡិចត្រូនិក?បង្កើតឡើងដោយជនជាតិចិន នៅឆ្នាំ២០០៦ បារីអេឡិចត្រូនិក គឺជាគ្រឿងអេឡិចត្រូនិក មានដូចប៊ិច ដូចដែកកេះ សម្រាប់ស្រូបបឺតបង្ហុយផ្សែង ដែលបានមកពីការកម្តៅវត្ថុរាវក្នុងបំពង់ឬដប ដោយប្រើថ្ម មិនបាច់អុជភ្លើង និងក្នុងសីតុណ្ហភាពតែ៦០អង្សា។ វត្ថុរាវក្នុងបារីអេឡិចត្រូនិក ផ្សំឡើងដោយសារធាតុគីមីច្រើនមុខ មានជាអាទិ៍ Propylène glyco ឬនីកូទីនផង និងមានក្លិន មានរសជាតិរាប់ពាន់មុខ មិនស្អុយដូចបារីបូរាណទេ ហើយអាចសាកបញ្ចូលបន្ថែម ឬប្រើម្តងក្រវ៉ាត់ចោលក៏បាន។ បារីអេឡិចត្រូនិកខ្លះគ្មានជាតិនីកូទីនសោះ ខ្លះក៏មានក្នុងកំរិតមួយដែលអាចនាំឱ្យញៀនបាន។ មានឈ្មោះហៅថាបារីមែន ប៉ុន្តែគ្មានផ្ទុកឬមានផ្ទុកយ៉ាងតិចតួចបំផុត ជាតិជ័រTar និងធាតុផ្សំពុលជាច្រើនផ្សេងទៀតដូចបារីដើមធ្វើពីថ្នាំជក់ធម្មជាតិទេ។ ក្នុងពេលភ្លាមៗនិងខ្លី ការជក់បារីអេឡិចត្រូនិក គ្មានជាតិនីកូទីន ជាជម្រើសមួយសម្រាប់អ្នកចង់ផ្តាច់បារី។ ប៉ុន្តែការបឺត ស្រូបផ្សែង ចូលក្នុងខ្លួន អាចនឹងប៉ះពាល់ដល់សួត ដល់បេះដូង។ ផលវិបាក និងឥទ្ធិពលនៃបារីអេឡិចត្រូនិកសម្រាប់ពេលអនាគត និងរយៈពេល មិនទាន់កំណត់បានដោយច្បាស់លាស់នៅឡើយទេ។ គ្រាន់តែគេចាប់ផ្តើមសង្កេតឃើញមានចំណងពាក់ព័ន្ធរវាងការជក់បារីអេឡិចត្រូនិក និងជំងឺរលាកសួត ជំងឺបេះដូង ព្រមទាំងជំងឺមហារីកខ្លះ៕
2/1/2024 • 7 minutes, 7 seconds ចង្ក្រានបាយ ជាសម្បុកមេរោគមែនឬ?
បង្គន់ ទូរស័ព្ទដៃ ជាប់ឈ្មោះល្បីថាជាកន្លែងដ៏កខ្វក់ មានផ្ទុកមេរោគច្រើនណាស់។ ប៉ុន្តែគ្មាននរណានិយាយអំពីចង្ក្រានទេ។ ចង្ក្រាន ឬផ្ទះបាយ ជាកន្លែងផ្តុំមេរោគច្រើនជាងបង្គន់ទៅទៀត។ តើផ្នែកណានៃចង្ក្រានដែលអាចចម្លងមេរោគច្រើនជាងគេ ? តើធ្វើដូចម្តេចដើម្បីបង្កើនអនាម័យនៅផ្ទះបាយ? តើនៅក្នុងផ្ទះ កន្លែងណាដែលកខ្វក់ និង មានផ្ទុកមេរោគច្រើនជាងគេ? ចម្លើយរបស់អ្នកច្បាស់ជា “បង្គន់”ហើយ។ ថ្វីបើបង្គន់ជាប់ឈ្មោះជាកន្លែងកខ្វក់សម្បូរមេរោគច្រើនមែន ប៉ុន្តែផ្ទះបាយមានផ្ទុកមីក្រុបច្រើនជាងនៅបង្គន់ទៅទៀត។ នេះបើតាមការសិក្សានៅឆ្នាំ២០២២ ដែលលម្អិតទៀតថា កន្លែងមានផ្ទុកនិងបណ្តុះមេរោគ បាក់តេរី វីរ៉ុស ច្រើនជាងគេបំផុត នៅក្នុងផ្ទះ គឺអេប៉ុងលាងចាន។ អេប៉ុងលាងចានមានសមត្ថភាពប្រមូលផ្តុំមេរោគ ហើយអាចចែកចាយបាក់តេរី និងភ្នាក់ងារចម្លងមេរោគទៀត។ ឬអាចនិយាយបែបផ្សេងបានថា អេប៉ុងលាងចានអាចអាក្រក់សម្រាប់សុខភាព។ បើគិតតាមក្បួនអនាម័យ មានអេប៉ុងគគ្រិចក្នុងចង្ក្រាន ប្រៀបបាននឹងស្លៀកខោក្នុងមិនប្តូរផ្លាស់ជារៀងរាល់ថ្ងៃយ៉ាងដូច្នោះ។ បើគេជឿលើការសិក្សាដែលចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រNature កាលពីឆ្នាំ២០១៧ អេប៉ុងលាងចាន និងខោក្នុងស្លៀកមិនប្តូរ(រាល់ថ្ងៃ) មានផ្ទុកបាក់តេរីដូចគ្នា។អេប៉ុងលាងចានកខ្វក់យ៉ាងណា?នៅក្នុងការសិក្សា មានបាក់តេរីជាង១ម៉ឺនប្រភេទ រស់ចម្រុះគ្នាក្នុងអេប៉ុងលាងចានយើងដែលខ្លះមានចំនួនបាក់តេរីឡើងដល់ទៅ៥០ពាន់លានក្នុងមួយសង់ទីម៉ែត្រគូបអេប៉ុង។ ជាបាក់តេរីដែលមានស្ថិតនៅក្នុងចង្កោមគ្រួសារខុសគ្នា យ៉ាងហោច២០គ្រួសារផ្សេងគ្នា ក្នុងនោះខ្លះពពួកបាក់តេរីដ៏គ្រោះថ្នាក់មាននៅក្នុងលាមក ដូចយ៉ាង Salmonelle, Escherichia coli, Klebsiellaផង។ បើទោះបីជាគេសម្អាតផ្ទះបាយ ដោយមិនប្រើអេប៉ុងតែមួយជាមួយនឹងអេប៉ុងលាងបង្គន់ក៏ដោយ ក៏អេប៉ុងលាងចានអាចប្រមូលបាក់តេរីពពួកសាល់ម៉ូណែលបានដែរ តាមរយៈការលាងចាន ជូតលាងកែមជើងចង្ក្រានដែលមានស្នាមគោះពងមាន់ ឬដោយសារដៃរបស់យើង ដែលមិនបានលាងសម្អាតត្រឹមត្រូវក្រោយចេញពីបង្គន់ ហើយមកលាងចាន។ការចម្លងនិងផ្ទុកមេរោគក្នុងអេប៉ុងលាងចាន មិនមែនពាក់ព័ន្ធតែនឹងចំណីអាហារមួយមុខទេ តែដោយសាររចនាសម្ព័ន្ធរបស់អេប៉ុងតែម្តង។ អេប៉ុងមានរន្ធ ហើយសើមជានិច្ចដែលបាក់តេរីនិងមេរោគគ្រប់ប្រភេទចូលចិត្តសំងំនៅ ហើយពង្រីកគ្នាបានយ៉ាងងាយ។ គ្មានប្រយោជន៍អ្វីដែលត្រូវយកអេប៉ុង ទៅបោកលាងក្នុងម៉ាស៊ីន ឬស្ងោរក្នុងទឹកពុះ ដើម្បីសម្លាប់មេរោគឡើយ។ ការសិក្សាដ៏គួរឱ្យទុកចិត្តដដែលនេះ បានអះអាង ការសម្អាតអេប៉ុងក្នុងទឹកពុះអាំចសម្លាប់បាក់តេរីបានត្រឹមតែ៦០%យ៉ាងច្រើន។ មានន័យថាគេមិនកម្ចាត់មេរោគពីអេប៉ុងបាន១០០%ទេ។ មធ្យោបាយដ៏ល្អតែមួយគត់ដែលអ្នកស្រាវជ្រាវបានណែនាំ គឺត្រូវឧស្សាហ៍ប្តូរអេប៉ុងឱ្យបានញយ។ យកល្អត្រូវប្តូរជារៀងរាល់សប្តាហ៍កុំរង់ចាំទាល់តែអេប៉ុងឡើងទក់រហែកទើបបានគ្រវាត់ចោល។ បើមិនដូច្នេះទេ វិទ្យុកាណាដា ណែនាំឱ្យប្រើច្រាសឈើដែលមានចុងធម្មជាតិ មិនជប់ទឹក ឬដែកដុសធ្វើពីស្ពាន់ទន់ មិនឆ្កូតហើយអាចសម្លាប់មេរោគបានខ្លះទៀត។ក្រៅពីប្រដាប់លាងចាន ការសិក្សាមួយទៀតបង្ហាញថា ក្រណាត់ជូតចាន ក៏ជាជង្រុកមេរោគ និងជាកន្លែងចិញ្ចឹមបាក់តេរីយ៉ាងខ្លាំងក្លាដែរ ជាពិសេសពពួកមេរោគEscherichia coli បាក់តេរីជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកពោះវៀន។ ត្រូវបើក្រណាត់ជូត ដាច់ដោយឡែកពីគ្នា ក្រណាត់ជូតតុសម្រាប់ជូតតែតុ ក្រណាត់ជូតដៃសម្រាប់តែជូតដៃ ឯក្រណាត់ជូតចានសម្រាប់តែជូតចាន ហើយត្រូវបោកជារៀងរាល់ថ្ងៃ ក្នុងទឹកក្តៅ៦០អង្សាកាន់តែប្រសើរ។វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ក្នុងចង្ក្រានមួយចំនួនទៀត ដែលមានប្រើនិងប៉ះពាល់ញឹកញាប់ខ្លាំង ក៏សម្បូរមីក្រុងតោងដែរ។ ដំបូងគេគឺ ជ្រុញ គម្រប (គម្របក្រឡស្ករ ប៊ីចេង ប្រហុកផ្អក...) ដៃឆ្នាំង ដៃកំសៀវដាំទឹក និងតុក្នុងផ្ទះបាយ ដែលយើងតែងយកស្បោងម្ហូបមកពីផ្សារដាក់បន្តុបលើ។ បើតាមការសិក្សាឆ្នាំ២០២២ គម្របក្រឡគ្រឿងផ្សំចំនួនពាក់កណ្តាលមានឆ្លងមេរោគ។សូមឧស្សាហ៍សម្អាត ធុងសំរាម និងទូរទឹកកក ព្រមទាំងដបទឹក ក្នុងម៉ាស៊ីនឆុងកាហ្វេផង ព្រោះវត្ថុទាំងនេះក៏មានហានិភ័យផ្ទុកមេរោគច្រើនដែរ។ ប៉ុន្តែការលាងសម្អាត ដោយប្រើសាប៊ូលាងចាន អាចបំបាត់ជាតិខ្លាញ់ ជម្រះកាកសំណល់អាហារ និងភាពកខ្វក់ ធ្វើឱ្យចានក្បានភ្លឺល្អមែន ប៉ុន្តែមិនប្រាកដថាបរិសុទ្ធសម្រាប់សុខភាពឡើយ ព្រោះសាប៊ូលាងចាន អាចកម្ចាត់មេរោគបានតែមួយចំនួន ឬគ្រាន់តែរុញច្រានមេរោគពីកន្លែងមួយទៅកន្លែងមួយទៀតប៉ុណ្ណោះ។បន្ថែមពីលើការសម្អាតជាប្រចាំថ្ងៃ សូមប្រើផលិតផលសម្លាប់មេរោគ បាត់តេរី និងផ្សិត មានអាទិ៍ទឹកអូហ្សាវែល សម្អាតផ្ទៃចង្ក្រាន វត្ថុប្រើប្រាស់សម្រាប់ធ្វើម្ហូប តុ ការ៉ូឥដ្ឋ ...ទើបប្រាកដថាមានប្រសិទ្ធភាពកម្ចាត់មេរោគក្នុងផ្ទះបាយបានពិតប្រាកដ។ជាចុងក្រោយគឺកុំភ្លេចឧស្សាហ៍លាងដៃ ដែលជាប្រភពចម្លងមេរោគពីកន្លែងមួយទៅកន្លែងមួយ ពីវត្ថុមួយទៅវត្ថុមួយទៀត។ ចាំបាច់ត្រូវតែលាងដៃឱ្យបានស្អាត មុននិងក្រោយទៅប៉ះពាល់បន្លែ អាហារឆៅ។ កុំភ្លេចលាងដៃនឹងសាប៊ូ ឬជែលសម្រាប់មេរោគ ក្រោយចេញពីបង្គន់ ក្រោយពីបានធ្វើដំណើរតាមមធ្យោបាយសាធារណៈ និងពេលត្រលប់ចូលមកដល់ផ្ទះ។ សាប៊ូលាងចាន ជាផលិតផលសម្រាប់លាងសម្អាត ឱ្យជ្រះជាតិខ្លាញ់ ជ្រះស្នាមប្រលាក់ ភាពគគ្រិច មិនគួរប្រើសម្រាប់លាងសម្អាតដៃទេ ដោយវាអាចនឹងធ្វើខូចស្បែក ឆាប់ស្ងួត ឬប្រេះ ដែលជាទង្វើបញ្ច្រាសខ្យល់បើកឱកាសឱ្យមេរោគវិញ។ជំងឺបង្កឡើងដោយមេរោគជាពពួកបាក់តេរី ជាមូលហេតុទីពីរនៃមរណភាពនៅលើពិភពលោកបន្ទាប់ពីជំងឺបេះដូង។ នេះបើតាមការសិក្សាស្រាវជ្រាវដ៏ធំមួយដឹកនាំដោយមូលនិធិBill Gates ចេញផ្សាយកាលពីថ្ងៃអង្គារទី២១វិច្ឆិកា២០២៣ ដោយលម្អិតទៀតថា នៅក្នុងចំណោមពពួកបាក់តេរីជាង៣០ប្រភេទដែលបង្កជំងឺជាញឹកញាប់ជាងគេ មាន៥ជាឃាតករកំណាចជាងគេ គឺ Staphylocoque Doré, Escherichia Coli, Pneumocoque Klebsellia pneumoniae និង Bacille pyocyanique៕
1/25/2024 • 6 minutes, 51 seconds ការសិក្សា៖ រស់នៅឬការលំហែនៅមាត់សមុទ្ទជ ួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ
អ្នកស្រាវជ្រាវបានលើកទឹកចិត្តអំណាចសាធារណៈជួយសម្រួលការទៅសម្រាកលំហែនៅមាត់សមុទ្ទ ដល់ប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួន ព្រោះសមុទ្ទជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្ទ ខ្យល់សមុទ្ទ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្ទ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។ តើយើងត្រូវធ្វើដូចម្តេចដើម្បីអាចទាញយកផលល្អនៃបរិស្ថានសមុទ្ទឱ្យរាងកាយនិងស្មារតី? បើតាមជំនឿរបស់មហាជននៅអឺរ៉ុប បានទៅសម្រាកលំហែនៅសមុទ្ទបានមួយខែក្នុងមួយឆ្នាំ នឹងគ្មានជំងឺដង្កាត់ទេ។ ប៉ុន្តែថ្វីបើគ្មានការសិក្សាណាអាចបញ្ជាក់តាមបែបវិទ្យាសាស្ត្រជុំវិញជំនឿនេះក៏ដោយ ក៏គេទទួលស្គាល់យ៉ាងជាក់លាក់ថាសមុទ្ទអាចជួយសរីរាង្គមនុស្សយើងឱ្យមានដំណើរការយ៉ាងល្អប្រសើរបំផុត។ការសិក្សារបស់អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាបរិស្ថាននៃសកលវិទ្យាល័យវីយ៉ែន ជាតិអូទ្រីស Sandra Geiger ទើបផ្តល់សេចក្តីសន្និដ្ឋានដែលអាចពង្រឹងជំនឿចាស់បូរាណខាងលើបាន ដោយអាចបញ្ជាក់អំពីចំណងទាក់ទងដោយផ្ទាល់រវាងការមានសុខភាពល្អនិងការរស់នៅជាប់មាត់សមុទ្ទ។ យោងតាមទិន្នន័យសិក្សាក្នុង១៥ប្រទេស ប្រជាពលរដ្ឋរស់នៅតាមមាត់សមុទ្ទនិងអ្នកទៅសម្រាកលំហែវិស្សមកាលនៅតំបន់ឆ្នេរ មានស្ថានភាពសុខភាពល្អប្រសើរឡើង មិនថាជននោះរស់នៅក្នុងប្រទេសណានិងមានកំរិតជីវភាពយ៉ាងណាទេ។សេចក្តីសន្និដ្ឋានដែលទស្សនាវដ្តី Communications Earth & Environment យកមកចុះផ្សាយ ជាលទ្ធផលបានមកពីការចោទសំណួរ ស្តីពីសកម្មភាពស្នើឡើងនៅលើឆ្នេរ ព្រមទាំងស្តីពីសុខភាពរាងកាយនិងផ្លូវចិត្ត លើមនុស្សជាង១៥០០០នាក់រស់នៅក្នុងប្រទេសអូស្ត្រាលី និង១៤ប្រទេសនៅអឺរ៉ុប (អាល្លឺម៉ង់ ប៊ែលហ្សិក ប៊ុលហ្ការី អេស្ប៉ាញ បារាំង ក្រិក អៀឡង់ អ៊ីតាលី ន័រវែស ហូឡង់ ប៉ូឡូញ ព័រទុហ្កាល់ សាធារណរដ្ឋឆែកនិងអង់គ្លេស)។ ចម្លើយរបស់ពួកគេទាំង១៥ប្រទេស មានលក្ខណៈស៊ីចង្វាក់គ្នា និងច្បាស់លាស់ក្រៃ ដែលសូម្បីតែក្រុមជំនាញនិងអ្នកស្រាវជ្រាវផ្ទាល់ក៏ភ្ញាក់ផ្អើលខ្លាំងមែនទែន។ សម្រាប់អ្នកស្រី Sandra Geiger លទ្ធផលនៃការសិក្សានេះសឱ្យឃើញថាមនុស្សគ្រប់រូបហាក់ទទួលបាននូវគុណប្រយោជន៍ដូចគ្នាពីការរស់នៅក្បែរមាត់សមុទ្ទ មិនមែនតែចំពោះអ្នកធូរធារឡើយ។ ការរស់នៅក្បែរសមុទ្ទនិងពិសេសការទៅលំហែនៅមាត់សមុទ្ទអាចជះឥទ្ធិពលសំខាន់លើសុខភាពមនុស្ស។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រាវជ្រាវជាតិអូទ្រីសSandra Geigerដដែល។តើសមុទ្ទជួយចម្រើនសុខភាពយ៉ាងណាខ្លះ?៧០% នៃភពផែនដី ជាសមុទ្ទ។ ហើយសមុទ្ទនេះជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្ទ ខ្យល់សមុទ្ទ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្ទ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។ទឹកសមុទ្ទមានបន្សំសមាសធាតុរ៉ែ (រ៉ែអំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...) និងធាតុចាំបាច់olegoelement (អ៊ីយ៉ូដ ដែក សង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូចគ្នាស្ទើរបេះដាក់នឹងជាតិទឹកនៅក្នុងខ្លួនមនុស្សយើង។ ជាងនេះទៅទៀត ទឹកសមុទ្ទមានផ្ទុកសារធាតុអង់ទីប៊ីយូទិក ដែលចូលចំណែកពង្រឹងប្រព័ន្ធការពារខ្លួនទៀត។ ចំណែកខ្យល់សមុទ្ទ ជាខ្យល់ប្រៃ សម្បូរជាតិរ៉ែ និងអ៊ីយ៉ុងអវិជ្ជចេញមកពីអំបិលសមុទ្ទ។ គឺអ៊ីយ៉ុងអវិជ្ជមាននេះហើយដែលមានចំណែកបន្សុទ្ធខ្យល់បរិយាសដោយទៅកម្ចាត់អ៊ីយ៉ុងវិជ្ជមាន និងជាតិពុល បង្កឡើងដោយផ្សែងពុល។ ហេតុដូច្នេះហើយបានជានៅពេលបានទៅដល់ និងសម្រាកកំសាន្តនៅមាត់សមុទ្ទ ខ្លួនប្រាណយើងនឹងបានស្រូបយកខ្យល់ប្រៃខ្យល់សម្បូរទៅដោយជាតិរ៉ែ មកបំពេញកង្វះខាតរបស់ខ្លួន។ ខ្យល់បរិយាកាសមាត់សមុទ្ទ ជាខ្យល់បរិសុទ្ធ ប្រៃ និងមានជាតិពុលតិចតួចណាស់ ដោយមានបាក់តេរី ប្រមាណតែ២រយជាមធ្យមក្នុងមួយម៉ែត្រគូបខ្យល់ ទល់នឹងជាង៥ម៉ឺននៅក្នុងក្រុង។នៅមាត់សមុទ្ទ សម្ពាធបរិយាកាសខ្ពស់ខ្លាំង ទើបយើងអាចដកដង្ហើមបានស្រួល ហើយសរីរាង្គកាយក៏ទទួលខ្យល់អុកស៊ីហ្សែនបានប្រសើរ។ ជាតិអំបិល អ៊ីយ៉ូត ដែលជាសារធាតុដ៏ចាំបាច់នៃការផលិតនិងចាត់ចែងក្រពេញអ័រមូនទីរ៉ូអ៊ីត អាចហូរចូលទៅសម្រួលសព៌ាង្គកាយបានផ្លូវដង្ហើមបានយ៉ាងស្រួល។ចុះមុជទឹកសមុទ្ទឱ្យបានតែ១៥នាទី ក៏នឹងធ្វើឱ្យខ្លួនប្រាណពិសេសស្បែកមានកម្លាំង។ បើជាទឹកសមុទ្ទត្រជាក់ វានឹងជួយផ្តល់ជាតិសំណើមដល់ស្បែក និងធ្វើឱ្យស្បែកឡើងភ្លឺរលោង ព្រោះជាតិអំបិលរបស់ទឹកសមុទ្ទ នឹងទៅជម្រុះកោសិកាងាប់ៗតោងនៅលើស្រទាប់ស្បែកអេពីដែម ជាហេតុនាំឱ្យស្បែកឡើងទន់ល្មើយល្អ។ ការសិក្សាខ្លះទៀត បានរកឃើញថាទឹកសមុទ្ទមានសមត្ថភាពប្រឆាំងនឹងការរោលរលាក ដោយអាចជួយព្យាបាលអាការៈរោគសើរស្បែកមួយចំនួនដូចជាជំងឺរលាកនៅលើស្បែក កមរមាស់ ... សូមចុះមុជទឹកក្នុងសមុទ្ទឱ្យបានលិចយ៉ាងហោចដល់ត្រឹមទ្រូង ព្រោះនៅពេលនោះខ្លួនអ្នកលែងទ្រទម្ងន់ទាំងមូលហើយ។ សាច់ដុំនឹងចាប់ធ្វើចលនាដោយគ្មានទម្ងន់ ទាញផលប្រយោជន៍ពីទឹកសមុទ្ទប្រៃ ដោយមិនបះពាល់រំខានដល់សន្លាក់។ឆ្នេរខ្សាច់ ជាទីលានដ៏ប្រពៃបំផុតសម្រាប់ក្មេងតូចៗ ជាពិសេសក្មេងក្នុងវ័យរៀនដើរ។ នៅពេលដើរលើឆ្នេរខ្សាច់ ក្មេងត្រូវការប្រឹងប្រើជើងនិងសន្លាក់ខុសពីទម្លាប់នៃការរៀនដើរលើផ្ទៃរាបនិងរឹងក្នុងផ្ទះ។ កាន់តែប្រសើរទៀត គឺការដើរក្នុងទឹកលើឆ្នេរខ្សាច់ ដើម្បីឱ្យកែងជើងបានប៉ះប្រឈមនឹងរលកស្រាលៗ។ ពីរបីថ្ងៃនៅឆ្នេរសមុទ្ទគ្រប់គ្រាន់សម្រាប់ក្មេងតូចពង្រឹងសាច់ដុំជើង សាច់ដុំកំប៉េះគូថ និងឆ្អឹងខ្នង ឱ្យលូតលាស់ប្រកបដោយលំនឹងនិងស្ថិរភាពហើយ។ ចុះសម្រាប់មនុស្សធំ?! ការដើរលើខ្សាច់ ក៏ជាសកម្មភាពដ៏ល្អសម្រាប់មនុស្សធំ និងគ្រប់វ័យទាំងអស់។ ដើរតាមឆ្នេរកាត់ទឹក ឱ្យដល់គល់ភ្លៅ មិនសូវហត់ហើយ អាចជួយសម្រួលចរន្តឈាម ឱ្យហូរត្រលប់ទៅបេះដូងវិញ ប្រយុទ្ធប្រឆាំងនឹងអាការៈហើមជើង និងស្រយ៉ង់ជើងផង។ ភាពត្រជាក់របស់ទឹកសមុទ្ទមានឥទ្ធិពលជួយភ្ញោច បង្រួម និងពង្រឹងសរសៃឈាមវែន។ដើរកម្សាន្តតាមឆ្នេរសមុទ្ទក្រោមពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម និងរៀបលិច កាន់តែប្រពៃ និងផ្តល់ប្រយោជន៍ដល់សុខភាព។ ក្រោមពន្លឺព្រះអាទិត្យ បូកនិងខ្យល់សមុទ្ទដ៏រំភើយៗ ស្បែកនឹងធ្វើសំយោគវីតាមីដេ ដែលអនុញ្ញាតឱ្យកាល់ស្យូមនិងហ្វូស្វ័រអាចជ្រាបតោងជាប់ក្នុងសរីរាង្គ និងធ្វើឱ្យឆ្អឹងបានរឹងមាំល្អ។ តែ១០ទៅ២០នាទី គ្រប់គ្រាន់ហើយ។ លើសពីនេះ អ្នកត្រូវការពារខ្លួន និងស្បែកពីពន្លឺព្រះអាទិត្យ ដែលចាប់ចែងចាំងនិងក្តៅខ្លាំង។ចំណីអាហារជាគ្រឿងសមុទ្ទ ដោយមិននិយាយដល់ក្តាម បង្កង បង្គា អយស្ទ័រ ដែលមានវីតាមីន អ៊ីយ៉ូដ ជាតិដែក អង់ទីអុកស៊ីដង់ដ៏ច្រើន ប្រភេទត្រីតូចៗ សារាយសមុទ្ទ ក៏ជាប្រភពផ្តល់អាហាររូបត្ថម្ភដ៏ខ្ពស់ សម្បូរវីតាមីដេ និងអូមេហ្កា៣ អាស៊ីតខ្លាញ់ដ៏ចាំបាច់សម្រាប់សរីរាង្គកាយដែរ។ គ្រឿងសមុទ្ទទាំងនេះ ជាអាហារប៉ូវហើយ មិនធ្វើឱ្យធាត់ទៀត៕
1/18/2024 • 8 minutes, 2 seconds សុរានិងការប្រើប្រាស់ថ្នាំពេលស្រវឹង
Dry January ខែមករាគ្មានជាតិសុរា ជាកម្មវិធីដែលមានប្រារព្វធ្វើកាន់តែច្រើនឡើងៗនៅលើពិភពលោក ដើម្បីបញ្ច្រាបព័ត៌មានអំពីគ្រោះថ្នាក់នៃការទទួលទានគ្រឿងស្រវឹង (ស្រា ប៊ីយ៉ែរ ...)។ បើលោកអ្នកមិនចូលរួមក្នុងកម្មវិធី Dry January មិនអាចឈប់ផឹកស្រាឱ្យបានពេញមួយខែមករាទេ សូមកុំបរិភោគស្រាឱ្យដល់ថ្នាក់ស្រវឹង ហើយរកថ្នាំលេបបំបាត់អាការៈមិនស្រួលខ្លួនឱ្យសោះ។ ហេតុអ្វី? នៅពេលជួបជុំគ្នាម្តងៗ មិនលែងមានអ្នកផឹកជ្រុល ហើយស្រវឹងទេ។ តើលោកអ្នកធ្លាប់ស្រវឹងស្រាទេ? ជាញឹកញយ ក្រោយពីបានផឹកស្រា ស្រវឹងជោគជាំហើយ ស្អែកឡើងអ្នកស្រវឹង ច្រើនមានអាការៈស្ងួតមាត់ ប្រេះបបូរមាត់ ព្រោះតែជាតិសុរាធ្វើឱ្យសរីរាង្គកាយខ្សោះជាតិទឹកស្ទើរអស់ពីខ្លួន។ នេះជាអាការៈដែលគេសង្កេតឃើញមានច្រើន ប៉ុន្តែរោគសញ្ញានៃការស្រវឹងស្រាមានច្រើនយ៉ាងផ្សេងទៀតណាស់។ផឹកស្រា (ប៊ីយ៉ែរ អាល់កុល វីស្គី ស្រា...) ហួសកំរិត នឹងធ្វើឱ្យយើងមានអាការៈ នឿយហត់អស់កម្លាំង ឈឺក្បាល ឈឺក្រពះ ចង់ក្អួត ចង់ចង្អោរ ព្រមទាំងមានអារម្មណ៍ស្រេកទឹក ឈឺចាប់សាច់ដុំ ឬវិលមុខផង។ សំរាន្តមិនស្កប់ បែកញើស ឡើងសម្ពាធឈាម ខ្លាចពន្លឺ និងសំឡេង ឆាប់ខឹងឆេវឆាវ ឆាប់ខ្វល់ព្រួយ សុទ្ធសឹងជាអាការៈដែលបង្កឡើយដោយជាតិសុរាចូលខ្លួនច្រើនជ្រុល។ ជាតិអាល់កុលបង្កឱ្យខ្សោះជាតិទឹក ព្រោះនៅពេលផឹកប៊ីយ៉ែរ ឬស្រា អ្នកនឹងនោមញយ និងបាត់បង់ជាតិទឹកច្រើន។ ជាងនេះទៅទៀត ជាតិអាល់កុលនឹងបង្កឱ្យមានការរោលរលាកលើសរីរាង្គខ្លះ ដែលចូលរួមចំណែកធ្វើឱ្យអ្នកផឹកជ្រុលស្រវឹងដួល សន្លប់បាត់ស្មារតី។រោគសញ្ញាស្រវឹងស្រាប្រែប្រួលខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងក៏អាស្រ័យទៅលើបរិមាណនៃជាតិអាល់កុលទៀត។តើត្រូវធ្វើដូចម្តេចនៅពេលមានអាការៈមិនស្រួលខ្លួនពេលស្រវឹងស្រារួច?ក្បួននិងវិធីណែនាំប្រឆាំងនឹងអាការៈស្រវឹងស្រាមានច្រើនណាស់។ ខ្លះថាស្អែកឡើងត្រូវបរិភោគកាហ្វេ ទទួលទានភេសជ្ជៈគ្មានជាតិអាល់កុល ខ្លះថាលេបវីតាមីនសេ ខ្លះទៀតថាត្រូវមុជទឹកជម្រះកាយា ... ប៉ុន្តែជំនឿទាំងអស់នេះគ្មានមួយណា មានប្រសិទ្ធភាពពិតប្រាកដទេ។ ល្បិចល្បងវិធីសាស្ត្រផ្សព្វផ្សាយតាមបណ្តាញសង្គម ឬក្បួនបូរាណរបស់ដូនតា មិនដែលផ្តល់លទ្ធផលជាសក្ខីកម្មជាក់លាក់ឡើយ។មានតែ “ពេលវេលា” មួយគត់ដែលជាដំណោះស្រាយ។ ថ្លើមត្រូវការប្រើពេលវេលា ក្នុងការបំពេញតួនាទីកម្ចាត់រាល់គ្រប់ជាតិពុលដែលផលិតឡើងនៅពេលថ្លើមធ្វើសំយោគ(រំលាយ)ជាតិអាល់កុល។ ការសិក្សាខ្លះបានបង្ហាញថា ដើម្បី បំប្លែងជាតិពុលរបស់ស្រាមួយកែវ ថ្លើមត្រូវការពេលមួយម៉ោង ចុះពីរកែវ បីកែវ ? សរីរាង្គកាយក៏ត្រូវការពេលវេលាខ្លះដែរទម្រាំបំពេញជាតិទឹកឡើងវិញ ទម្រាំជាលិកាដែលខ្សោះហួតហែង បានជាឡើងវិញ។ក្រោយពេលស្រវឹង និងទទួលទានជាតិសុរាជ្រុលហួសហេតុ គ្មានអ្វីប្រសើរជាងការបរិភោគទឹកឱ្យបានច្រើន នៅស្អែកឡើង ដើម្បីបំពេញកង្វះខាតជាតិដែលទឹកបង្កឡើយដោយជាតិអាល់កុលទេ។ ទទួលទានទឹកច្រើននឹងជួយកាត់បន្ថយអាការៈឈឺក្បាល និងអាការៈស្ងួតមាត់បាន។សូមចងចាំថា អាល់កុលក៏អាចបង្កឱ្យមានបញ្ហាជាតិស្ករធ្លាក់ចុះ Hypoglycémieផងដែរ។ នៅពេលមានបញ្ហា Hypoglycemie វានឹងងាយធ្វើឱ្យអ្នកកើតអាការៈចង់ក្អួត និងអស់កម្លាំងខ្លាំង។ ដូច្នេះអ្នកចាំបាច់ត្រូវផ្តល់អាហារូបត្ថម្ភដល់សរីរាង្គកាយ ជាពិសេសត្រូវបរិភោគអាហារល្អៗសម្រាប់សុខភាព ជាអាហារគ្មានជាតិខ្លាញ់ ឬគ្មានជាតិជូរអាស៊ីត តែជាបបរសក្តៅៗ ស៊ុត ឬនំប៉័ងទឹកឃ្មុំ ដែលផ្តល់ថាមពលភ្លាមៗ។ គួរចៀសវាង ទឹកក្រូច ភេសជ្ជៈជូរខ្លាំង ឬខ្លាញ់ខ្លាំង ដែលធ្វើឱ្យថ្លើមនិងក្រពះត្រូវប្រឹងធ្វើការខ្លាំង។សម្រាកនិងឈប់ទទួលទានសុរាឱ្យបានច្រើនថ្ងៃ អាការៈជំងឺក្រោយការស្រវឹងស្រានឹងបានប្រសើរឡើងវិញហើយ។ចុះតើគេអាចលេបថ្នាំដូចយ៉ាងParacétamol ពេលមិនទាន់អស់ចំណាយស្រវឹងស្រាដែរឬទេ? ប៉ារ៉ាសេតាម៉ុលជាថ្នាំសំណព្វ ដែលមានស្រគួរស្ទើរនៅក្នុងគ្រប់ផ្ទះ។ ឱ្យតែមានអារម្មណ៍មិនស្រួលខ្លួន ឬក្តៅខ្លួនបន្តិចបន្តួច គេនឹកឃើញដល់ថ្នាំប៉ារ៉ាសេតាម៉ុលភ្លាម។ យ៉ាងណាមិញ បន្ទាប់ជួបជុំផឹកស៊ីស្រវឹងជោគជាំហើយ ស្អែកឡើងមិនសូវស្រួលខ្លួន គ្រប់គ្នាគិតភ្លាមដល់ថ្នាំប៉ារ៉ា។ ប៉ុន្តែថ្នាំប៉ារ៉ានិងអាល់កុលមិនស៊ីធាតុគ្នាទេសម្រាប់សុខភាព។ពពួកថ្នាំប៉ារ៉ាសេតាម៉ុល ស្ថិតនៅក្នុងក្រុមថ្នាំបំបាត់ការឈឺចាប់ មានសកម្មភាពលើអាការៈឈឺចាប់ តែគ្មានសកម្មភាពលើមូលហេតុនាំឱ្យឈឺចាប់ទេ។ ប៉ារ៉ាសេតាម៉ុល ជាថ្នាំប្រឆាំងនឹងការក្តៅខ្លួន វានឹងទៅបញ្ចុះកម្តៅ។ គុណប្រយោជន៍នៃប៉ារ៉ាសេតាម៉ុល គឺនរណាក៏អាចលេបបាន។ ក្មេងតូច កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ជរា សុទ្ធតែអាចប្រើពពួកប៉ារ៉ាសេតាម៉ុលបានទាំងអស់។ ប៉ុន្តែឈ្មោះជាថ្នាំពេទ្យ តែងមានបង្កប់ពិស។ ដូច្នេះគ្មានហេតុផលអ្វីដែលថា ប៉ារ៉ាសេតាម៉ុល គ្មានគ្រោះថ្នាក់សោះនោះឡើយ។ពពួកថ្នាំ ប៉ារ៉ាសេតាម៉ុល អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់សុខភាព ជាពិសេសក្នុងករណីប្រើវានៅក្រោយការទទួលទានសុរា ជោគជាំ ហើយមិនទាន់អស់ចំណាយស្រវឹង។ ហេតុផលងាយយល់ទេ។ អាល់កុលក៏ដូចជាថ្នាំប៉ារ៉ាសេតាម៉ុល សុទ្ធតែត្រូវបំប្លែងដោយថ្លើម ដើម្បីចម្រោះនិងកម្ចាត់ជាតិពុលចេញពីសរីរាង្គកាយ។ ដូច្នេះបើថ្លើមជាប់រវល់ ប្រឹងធ្វើការខ្លាំង នៅពេលល្ងាច ដោយទទួលជាតិសុរាច្រើនទៅហើយ ស្អែកឡើងត្រូវទទួលថ្នាំប៉ារ៉ាសេតាម៉ុលទៀត ថ្លើមច្បាស់ជាលែងសូវមានកម្លាំងក្នុងការបំប្លែង និងសំយោគ ជាក់ជាមិនខាន។ ម្យ៉ាងទៀត ថ្នាំប៉ារ៉ាសេតាម៉ុលដ៏ពេញនិយមនេះ ជាដើមហេតុទីមួយនៃជំងឺថ្លើមបង្កឡើងដោយការប្រើថ្នាំ ដែលជំរុញឱ្យមានការវះកាត់ប្តូរផ្លាស់ថ្លើម នៅប្រទេសបារាំង។ នៅពេលបើថ្នាំពពួកប៉ារ៉ាសេតាម៉ុល ច្រើនហួសកំរិតអតិបរិមា ប៉ារ៉ាសេតាម៉ុលក្លាយជាថ្នាំពុលបង្កឱ្យមានជំងឺរលាកថ្លើម ដែលគ្មានការព្យាបាលអ្វីក្រៅប្តូរផ្លាស់ថ្លើមទេ។ចុះបើប្រើថ្នាំពពួកអាស្ពីរីន ឬIbuprofène វិញ តើយ៉ាងណាទៅវិញ? ប្រសិនបើអ្នកចង់ប្រើថ្នាំពីរមុខនេះ ជំនួសប៉ារ៉ាសេតាម៉ុលដើម្បីកុំឱ្យប៉ះពាល់ដល់ថ្លើម ត្រូវដឹងនិងត្រៀមខ្លួនទទួលហានិភ័យនៅក្រពះ។ ក្រុមថ្នាំទាំងពីរAspirine និងIbuprofène ត្រូវជាមួយអាល់កុល នឹងដំឡើងបរិមាណជាតិអាស៊ីតនៅក្នុងក្រពះ ដែលជាញឹកញាប់វានឹងបង្កឱ្យមានរោគរលាកក្រពះ ជាផលវិបាកតាមក្រោយ។តើគេអាចបង្ការមិនឱ្យឈឺក្រោយពេលស្រវឹងបានទេ?ការពារពិតជាប្រសើរជាងព្យាបាល ! ប្រសិនបើមិនចង់ឈឺ មិនចង់ស្រវឹង គ្មានក្បួនអ្វីប្រសើរជាង កំរិតការទទួលទានបរិមាណជាតិស្រវឹងទេ។ គឺ កុំផឹកច្រើនជ្រុល កុំផឹកស្រាលាយគ្នាច្រើនមុខ កុំភ្លេចទទួលទានអាហារ បរិភោគបាយបានឆ្អែតគ្រប់គ្រាន់ ដើម្បីកុំឱ្យមានអាការៈខ្វះជាតិស្ករដែលបង្កឡើងដោយអាល់កុល បរិភោគទឹកមួយកែវឬច្រើនកែវឆ្លាស់ជាមួយនឹងការផឹកសុរាមួយកែវ។ ហើយត្រូវផឹកដោយសន្សឹមៗបំផុតជាសាររំលឹកដាស់តឿន ភ្នាក់ងារសុខាភិបាលបារាំងណែនាំឱ្យបុរសទទួលទានអាល់កុល យ៉ាងច្រើនបំផុត ពីរកែវក្នុងមួយថ្ងៃ ហើយមួយកែវក្នុងថ្ងៃសម្រាប់ស្ត្រី និងមិនត្រូវទទួលទានរាល់ថ្ងៃទេ ទើបហៅថាជាការទទួលទានគ្រឿងស្រវឹងមិនហួសហេតុ។ឯការទទួលទានទឹកមួយកែវ ស្រាមួយកែវឆ្លាស់គ្នា ដែលជាវិធីសាស្ត្រទប់ទល់កុំឱ្យឆាប់ស្រវឹងនោះ មិនអាចកាត់បន្ថយហានិភ័យបង្កឡើងដោយអាល់កុលឡើយ ហើយក៏គ្មានឥទ្ធិពលអ្វីលើសរីរាង្គកាយនិងសុខភាពដែរ ក្នុងករណីនេះ។ ឧស្សាហ៍ទទួលទានទឹក ឬទទួលទានទឹកមួយក្រោយលើកកែវស្រា អាចជួយត្រឹមធ្វើឱ្យខ្លួនប្រាណមិនឱ្យបាត់បង់ជាតិទឹកដោយឥទ្ធិពលអាល់កុលខ្លាំងពេក និងគ្មានអាការៈស្ងួតមាត់មិនសូវស្រួលខ្លួនក្រោយផឹកស្រវឹងជោគជាំ។ ប៉ុន្តែបរិមាណ អាល់កុលជ្រាបចូលក្នុងខ្លួននៅដដែល ជាតិពុលបង្កឡើងសុរាចំពោះសុខភាពនៅដដែល។ ទឹកមិនអាចការពារថ្លើម មិនអាចការពារខួរក្បាល ឬសរីរាង្គណាមួយបានឡើយ។ ទឹកមិនអាចរារាំងមិនឱ្យអាល់កុលចូលទៅក្នុងក្រពះទេ។ កំរិតជាតិពុលអាស្រ័យទាំងស្រុងទៅបរិមាណនៃជាតិអាល់កុលដែលអ្នកបានផឹកចូលទៅតែប៉ុណ្ណោះ៕
1/9/2024 • 8 minutes, 50 seconds សុខភាពផ្លូវភេទ៖ តើត្រូវធ្វើដូចម្តេចខ្លះ ក្រោ យការរួមរក្សបែបប្រថុយប្រថាន?
ឆ្លងជំងឺអេដស៍ ឆ្លងជំងឺកាមរោគ មានផ្ទៃពោះ ... នេះជាហានិភ័យដែលអាចកើតបាន ក្រោយពីការរួមរក្សដោយគ្មាន ឬភ្លេចការពារខ្លួន ឬដោយហេតុស្រោមអនាម័យដាច់រហែក។ ក្នុងករណីបែបនេះ តើត្រូវធ្វើដូចម្តេច? ត្រូវទៅធ្វើតេស្តវិភាគនៅពេលណា? វិភាគអ្វីខ្លះ? និងគួរទទួលបានការព្យាបាលយ៉ាងណា? ឆ្លងអេដស៍ កើតស្វាយ-ប្រមេះ ឆ្លងមេរោគជំងឺរលាកថ្លើម ធ្លាក់ខ្លួនមានផ្ទៃពោះ ទាំងនេះ សុទ្ធសឹងជាហានិភ័យពិតជាក់ស្តែងនៃការរួមរក្សដោយភ្លេច ដោយគ្មានការការពារ ឬដោយ ការពារមិនបានត្រឹមត្រូវ។ចំពោះការឆ្លងជំងឺកាមរោគ ហានិភ័យនៃការឆ្លងអាស្រ័យទៅលើប្រភេទនិងរបៀបរួមរក្ស ប៉ុន្តែទោះក្នុងករណីណាក៏ដោយ ក៏ការទៅធ្វើតេស្តវិភាគរកមើលការចម្លងរោគក្រោយប្រព្រឹត្តកាមដោយគ្មានការការពារ ជារឿងសំខាន់ ហើយអាចចាំបាច់ត្រូវស្វែងរកការព្យាបាលបង្ការផងដើម្បីកាត់បន្ថយគ្រោះចម្លងជំងឺកាមរោគ។តើត្រូវធ្វើអ្វីមុនគេនិងជាបន្ទាន់?អនុសាសន៍របស់អ្នកជំនាញគឺត្រូវអញ្ជើញទៅមន្ទីរពេទ្យ ទៅកន្លែងសង្គ្រោះបន្ទាន់ ឬទៅសេវាជំនាញជំងឺសើស្បែកនិងកាមរោគ ឬមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ បើទៅដល់ក្នុងអំឡុងពេលបួនម៉ោងក្រោយការរួមរក្ស ជាការប្រពៃមែនទែន និងយ៉ាងយូរបំផុតត្រឹម៤៨ទៅ៧២ម៉ោង។ ដើម្បីសម្រួលការធ្វើតេស្តវិភាគ និងការសង្គ្រោះ គួរទៅជួបគ្រូពេទ្យជាមួយដៃគូ ទាំងពីរនាក់។ហេតុអ្វីត្រូវរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យ? ព្រោះមានតែគ្រូពេទ្យជំនាញទេ ទើបអាចវាយតម្លៃអំពីហានិភ័យពិតប្រាកដនៃការឆ្លងមេរោគតាមផ្លូវភេទ និងមេរោគជំងឺស៊ីដា ព្រមទាំងអាចធ្វើការត្រួតពិនិត្យបឋម ហើយចេញវេជ្ជបញ្ជាផ្តល់ថ្នាំព្យាបាលបង្ការជាយថាហេតុបាន។ចំពោះជំងឺកាមរោគ ជំងឺអេដស៍ ជំងឺឆ្លងតាមការរួមភេទ វិធីសាស្ត្រត្រួតពិនិត្យដំបូង គឺការចោទសំណួរ បន្ទាប់មកទើបមានការធ្វើតេស្តរហ័ស ជួយផ្តល់ការវិនិច្ឆ័យដំបូងថាតើក្នុងចំណោមដៃគូទាំងពីរ នរណាមានស្ថានភាពវិជ្ជមាននឹងជំងឺកាមរោគណាដែរឬអត់។ចំពោះជំងឺរលាកថ្លើមប្រភេទBវិញ គ្រូពេទ្យនឹងផ្ទៀងផ្ទាត់ថាតើដៃគូទាំងពីរបានចាក់ថ្នាំបង្ការជំងឺរលាកថ្លើមត្រឹមត្រូវដែរឬទេ។ លទ្ធផលនៃការធ្វើវិភាគឈាមនឹងបញ្ជាក់អំពីកំរិតសមត្ថភាពនៃការការពារខ្លួនទល់នឹងជំងឺមេរោគរលាកថ្លើមបាន។ ក្នុងករណីសង្ស័យ ឬមិនគ្រប់គ្រាន់ គ្រូពេទ្យនឹងណែនាំឱ្យទៅចាក់រំលឹកថ្នាំបង្ការជំងឺរលាកថ្លើមមួយដូសទៀតភ្លាម។រួសរាន់ស្វែងរកការព្យាបាលបង្ការ ឱ្យបានឆាប់រហ័សទាក់ទងនឹងជំងឺអេដស៍ មានថ្នាំព្យាបាលបង្ការដែលអាចកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវបានគួរឱ្យកត់សម្គាល់។ ប្រសើរតេស្តរហ័សផ្តល់លទ្ធផលអវិជ្ជមានទាំងពីរនាក់ នោះគេមិនចាំបាច់ត្រូវការការព្យាបាលបង្ការទេ។ ប៉ុន្តែប្រសិនបើមិនស្គាល់ មិនដឹងអំពីប្រវត្តិរបស់ដៃគូដែលទើបរួមរក្សនឹងគ្នារួច ដោយគ្មានការពារ និងដោយមិនដឹងដៃគូនោះមានឬគ្មានផ្ទុកមេរោគអេដស៍ទេ នោះការព្យាបាលបង្ការដោយប្រើថ្នាំពន្យារជីវិតTritherapie ជាប្រការចាំបាច់សម្រាប់ដៃគូទាំងពីរ។ ត្រូវលេបថ្នាំព្យាបាលបង្ការរហូតដល់ពេលបានជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញអេដស៍ ដែលជាអ្នកវាយតម្លៃហានិភ័យឆ្លងមេរោគនិងសម្រេចថាត្រូវបន្តប្រើថ្នាំព្យាបាលបន្ថែមសម្រាប់រយៈពេលសរុប២៨ថ្ងៃឬអត់។ថ្នាំព្យាបាលបង្ការក្រោយប្រព្រឹត្តកាម មានប្រសិទ្ធភាពខ្លាំងណាស់ បើបានលេបវានៅអំឡុងពេល៤ម៉ោងក្រោយការរួមរក្សដោយគ្មានការការពារ។ សម្រាប់ប្រទេសខ្លះនិងតាមប្រភេទនៃហានិភ័យ គ្រូពេទ្យអាចសម្រេចផ្តល់ថ្នាំព្យាបាលបង្ការ នៅ ៤៨ទៅ៧២ម៉ោងក្រោយ។ ប៉ុន្តែ សូមចងចាំថា ការព្យាបាលបង្ការ ជាថ្នាំបន្ទាន់ ដែលត្រូវស្ថិតនៅជាករណីលើកលែង បន្ទាន់ម្តងម្កាល។ការព្យាបាលបន្ទាន់មួយទៀតសម្រាប់តែស្រ្តី គឺការថ្នាំការពារមិនឱ្យមានកូន។ នៅពេលរួមរក្សដោយគ្មានការការពារ ហើយស្ត្រីខ្លាចមានផ្ទៃពោះ ស្ត្រីអាចរកថ្នាំពន្យារកំណើតបន្ទាន់មកលេបឱ្យបានឆាប់រហ័ស ពោលគឺក្នុងរវាងពី៣ទៅ៥ថ្ងៃយ៉ាងយូរក្រោយមានទំនាក់ទំនងផ្លូវភេទជាមួយបុរស។ ថ្នាំពន្យារកំណើតបន្ទាន់នេះ នឹងទៅរារាំងឬពន្យារពេលមិនឱ្យមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នាដើម្បីបង្កកំណើត ពោលគឺថ្នាំនេះមិនទៅបង្អាក់ការបង្កកំណើត ឬរំលូតកូនឡើយ។ កងក្នុងស្បូនក៏អាចទប់ស្កាត់ការបង្កកំណើតបានដែរ ប្រសិនបើអ្នកសម្រេចដាក់វានៅយ៉ាងយូរ៥ថ្ងៃក្រោយការរួមរក្ស។ បានលេបថ្នាំហើយ តែដល់ថ្ងៃ មិនធ្លាក់រដូវតាមវដ្តរបស់វា តែត្រូវទៅផ្ទៀងផ្ទាត់ធ្វើតេស្តម្តងទៀតនៅ២១ថ្ងៃក្រោយការរួមរក្សដោយគ្មានការពារ។ជាចុងក្រោយគឺការព្យាបាលប្រឆាំងនឹងជំងឺកាមរោគ។ រួមរក្សដោយគ្មានស្រោមអនាម័យ ដោយគ្មានការការពារជាមួយដៃគូមិនប្រាកដ អាចប្រឈមនឹងហានិភ័យឆ្លងរោគជាច្រើន។ ក្នុងករណីឆ្វេសប្រហែស ឬភ្លាត់ម្តងម្កាល សូមរួសរាន់ទៅរកការព្យាបាលដោយប្រើថ្នាំផ្សះអង់ទីប៊ីយូទិក ឱ្យបានក្នុងអំឡុងពេលយ៉ាងយូរ៧២ម៉ោង ក្រែងអាចកាត់បន្ថយហានិភ័យឆ្លងរោគបានខ្លះ។ ប៉ុន្តែការព្យាបាលបែបនេះមិនទាន់អាចធ្វើជាស្វ័យប្រវត្តិបានទេ។ ក្រុមអ្នកវេជ្ជសាស្ត្រត្រូវការសិក្សាបន្ថែមទៀតសិន ព្រោះតែមានបញ្ហាស៊ាំនឹងថ្នាំផ្សះ។ស្វាយ ប្រមេះ រលាកថ្លើម មេរោគអាចសំងំយូរទាំងនេះជាអ្វីដែលត្រូវធ្វើជាបន្ទាន់ និងយ៉ាងឆាប់រហ័ស ក្រោយពីបានរួមរក្សដោយគ្មានការការពារ។ ប៉ុន្តែមិនទាន់អស់ហានិភ័យទេ។ ដើម្បីជម្រះមន្ទិលសង្ស័យ នៅ៦សប្តាហ៍ក្រោយការរួមរក្សបែបប្រថុយប្រថាន សូមអញ្ជើញទៅធ្វើតេស្តវិភាគឈាមវាស់កំរិតអង់ទីក័រប្រឆាំងនឹងមេរោគហ៊ីវ។ ជាទូទៅ ការវិភាគឈាមត្រូវធ្វើនៅពេលឈប់ប្រើថ្នាំពន្យារជីវិតបន្ទាន់បានមួយខែ បន្ទាប់មកនៅ៤ខែក្រោយការរួមរក្សដោយគ្មានការការពារ។ការវិភាគឈាមមើលអង់ទីក័រប្រឆាំងនឹងជំងឺស៊ីដាក៏ជាឱកាសផ្អៀងផ្ទាត់មើលជំងឺរលាកថ្លើមប្រភេទB និងC។ សូមចងចាំថា ការរួមរក្សដោយមានដៃគូច្រើននិងដោយគ្មានពាក់ស្រោមអនាម័យការពារក៏អាចជាប្រភពនាំឆ្លងជំងឺរលាកថ្លើមជាពិសេស ជំងឺរលាកថ្លើមប្រភេទបេនិងសេ។ តាមធម្មតា បើមានការចម្លងជាយថាហេតុណាមួយ គេអាចរកនិងវិភាគឃើញមេរោគរលាកថ្លើម ចាប់ពីមួយខែឡើងទៅ និងជួនអាចទាល់តែដល់បីខែទើបមើលឃើញក៏មាន។ ដូច្នេះ បើទោះបីជាលទ្ធផលតេស្តអវិជ្ជមាននៅក្នុងមួយខែដំបូងក៏ដោយ ក៏គេចាំបាច់ត្រូវទៅធ្វើតេស្តឈាមម្តងទៅនៅបីក្រោយទើបជាលទ្ធផលប្រាកដ និងជាការបញ្ជាក់ថាពិតជាគ្មានការចម្លងរោគរលាកថ្លើមទេ។ មេរោគរលាកថ្លើម និងមេរោគជំងឺស្វាយ មានសមត្ថភាពសំងំក្នុងខ្លួនមនុស្សយូរ អាចដល់បីខែទើបរកមើលឃើញ។នៅមានជំងឺកាមរោគផ្សេងទៀត ដែលបើទោះបីជាគ្មានរោគសញ្ញាក៏ដោយ ក៏ចាំបាច់ត្រូវតែទៅជួបគ្រូពេទ្យជំនាញដើម្បី ធ្វើវិភាគឈាម វិភាគទឹកនោម វិភាគរកមើលមេរោគសំងំតោងនៅតាមទ្វារមាស ទ្វារធំ ឬបង្ហួរនោមសម្រាប់មនុស្សប្រុស។ មេរោគពពួកប៉ាពីឡូម៉ាវីរុសដែលខ្លះជាភ្នាក់ងារបង្កជំងឺកាមរោគ ខ្លះជាភ្នាក់ងារនាំឱ្យមានហានិភ័យកើតជំងឺមហារីក មានសំងំបានយូរណាស់ មុននឹងឱ្យសញ្ញារោគ។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យផ្តល់អនុសាសន៍ឱ្យទៅពិគ្រោះនិងត្រួតពិនិត្យសុខភាពផ្លូវភេទភ្លាម បើមានអាការៈរមាស់ រោលរលាក កន្ទួល ឬឡើងក្រហម ឬមានការចេញទឹករងៃតាមប្រដាប់ភេទ នៅលើលិង្គ ឬនៅរន្ធលាមក។ដោយសង្ខេប ការធ្វើតេស្តនៅបីខែក្រោយការរួមរក្សបែបប្រថុយប្រថានសម្រាប់តាមដានដោយប្រាកដគ្រប់ករណីទាំងអស់។ ឯក្នុងករណីមានតេស្តវិជ្ជមាន និងមានរោគសញ្ញាឆ្លងគួរឱ្យសង្ស័យ នោះចាំបាច់ត្រូវស្វែងរកព្យាបាលជាបន្ទាន់ ដើម្បីធានាសុខភាពផ្ទាល់ខ្លួនផង និងដើម្បីកាត់បន្ថយការចម្លងទៅអ្នកទីបីផង៕
12/6/2023 • 8 minutes, 24 seconds តើអ្វីទៅជាយុទ្ធនាការMovemberប្រយុទ្ធប្រឆាំងនឹង ជំងឺបុរស?
កូលាបតុលាជាខែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ឯវិច្ឆិកាជាខែបញ្ជ្រាបព័ត៌មានឱ្យបុរសៗប្រុងប្រយ័ត្ននឹងជំងឺមហារីកបុរស ឬហៅថាយុទ្ធនាការ Movember។ តើអ្វីទៅជាយុទ្ធនាការMovember? ជំងឺមហារីកបុរសមានអ្វីខ្លះ? បន្ទាប់ពីឧទ្ទិសពណ៌កូលាបដល់ខែតុលាដើម្បីបញ្ជ្រាបព័ត៌មានឱ្យស្ត្រីបានយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ ខែវិច្ឆិកាពណ៌ខៀវសូមដាស់ស្មារតីឱ្យគិតគូរអំពីសុខភាព បុរសនិងយល់ដឹងអំពីជំងឺមនុស្សប្រុស មានជាអាទិ៍ជំងឺមហារីកប្រូស្តាត និងមហារីកពងស្វាស ព្រមទាំងជំងឺផ្លូវចិត្តនិងអត្តឃាត តាមរយៈកម្មវិធី Movember។Movember ជាកាត់បញ្ចូលគ្នារវាងពាក្យMoustache ជាភាសាអង់គ្លេសដែលប្រែពុកមាត់ និងពាក្យ November ខែវិច្ឆិកា។ ចាប់កំណើតនៅអូស្ត្រាលីក្នុងឆ្នាំ២០០៣ ដោយមិត្តសម្លាញ់ប្រុសៗពីរនាក់កំពុងជល់កែវគ្នាសុខៗស្រាប់តែលេចគំនិតភ្នាល់គ្នាទៅបបួលមនុស្សប្រុសឱ្យបាន៣០នាក់មកចូលរួមចលនាMovember ឈប់កោរពុកមាត់ពេញមួយខែវិច្ឆិកា ដើម្បីឱ្យគេឯងចាប់អារម្មណ៍សួររឿងពុកមាត់ រួចបានឱកាសនិយាយអំពីបញ្ហាសុខភាពបុរស ពោលគឺពីជំងឺមហារីកប្រូស្តាត មហារីកពងស្វាសនិងសុខភាពផ្លូវចិត្តប្រឆាំងនឹងគ្រោះធ្វើអត្តឃាត ព្រោះជាទូទៅបុរសមិនសូវហ៊ាននិយាយអំពីបញ្ហាសុខភាពនេះទេ។គំនិតផ្តួចផ្តើមរបស់មិត្តសម្លាញ់ទាំងពីរបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងហួសពីការគិត។ នៅឆ្នាំបន្ទាប់ នាឆ្នាំ២០០៤ មិត្តទាំងពីរបានសម្រេចបង្កើតវិបសៃត៍មួយដើម្បីប្រមូលថវិកាជួយមូលនិធិProstate Cancer Foundation of Australia។ពេលវេលាចេះតែទៅមុខ កម្មវិធីMovember កាន់តែរីកធំធាត់ពេញផ្ទៃប្រទេសអូស្ត្រាលី ហើយក្លាយជាកម្មវិធីកំរិតពិភពលោកបំផុសឱ្យបុរសចាប់គិតគូរនិងយល់អំពីគ្រោះថ្នាក់នៃជំងឺមហារីករបស់មនុស្សប្រុស។ ចំណែកពុកមាត់ក៏បានក្លាយជានិម្មិតរូបនៃយុទ្ធនាការMovember ជារហូតមក។ អ្នកចង់ចូលរួមក្នុងកម្មវិធីMovemberគ្រប់រូប ត្រូវកោរពុកមាត់ឱ្យស្អាតនៅថ្ងៃទី១វិច្ឆិកា រួចលែងប៉ះពាល់និងទុកឱ្យដុះតាមធម្មជាតិរយៈពេលមួយខែ។តាំងពីពេលនោះមក ជារៀងរាល់ខែវិច្ឆិកា ប្រទេសនីមួយៗតែងរៀបចំកម្មវិធី ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីដាស់ស្មារតី បញ្ជ្រាបមតិសាធារណៈឱ្យយល់ដឹងអំពីជំងឺមហារីកបុរស និងប្រមូលមូលនិធិដើម្បីជួយផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។ យុទ្ធនាការ Movember អន្តរជាតិបានកំណត់កម្មវត្ថុកាត់បន្ថយអត្រាមរណៈមុនអាយុរបស់បុរសឱ្យបាន២៥% នៅឆ្នាំ២០៣០។ ជាទូទៅនិងជាមធ្យម បុរសមានអាយុខ្លីឆាប់ស្លាប់ជាងស្ត្រីប្រមាណពី៤ទៅ៥ឆ្នាំ។ មានមោទនភាពជាប្រុស មានកម្លាំងខ្លាំងក្លាមាំមួន បុរសមិនសូវលើកមកយកបញ្ហាសុខភាព ជាពិសេសជំងឺមហារីកប្រូស្តាតឬពងស្វាស និងបញ្ហាផ្លូវចិត្តមកនិយាយជាសាធារណៈទេ។ បើតាមអង្គការសុខភាពពិភពលោក មានការសិក្សាច្រើនណាស់ដែលបង្ហាញថាបុរសមិននិយាយស្តីទេ ពេលមានអាការៈមិនស្រួលខ្លួន ព្រោះមិនចង់បាក់មុខ មិនចង់បង្ហាញភាពទន់ខ្សោយរបស់ខ្លួន។ ទាក់ទងនឹងការសម្លាប់ខ្លួន អត្រាបុរសធ្វើអត្តឃាតមានចំនួនច្រើន ជាងករណីស្ត្រីសម្លាប់ខ្លួន ដល់ទៅជាងពីរដងឯណោះ។ អង្គការសុខភាពពិភពលោកវាយតម្លៃថាមានមនុស្សប្រមាណ៥សែនមួយម៉ឺននាក់សម្លាប់ខ្លួនក្នុងមួយឆ្នាំៗ នៅលើពិភពលោក ពោលគឺមួយនាទីមានករណីអត្តឃាតម្នាក់។ ក្នុងចំណោមមនុស្សស្លាប់ដោយធ្វើអត្តឃាតទាំងអស់នោះ ពីរភាគបី ឬ ៧៥%ជាបុរស។ចំណែកជំងឺមហារីកបុរសវិញ បើអង្គការសុខភាពពិភពលោកដដែល អាចព្យាបាលបានជាស្ទើរ១០០%បើរកឃើញជំងឺតាំងពីដំបូង។ ប៉ុន្តែមូលនិធិMovember សម្គាល់ឃើញថាបុរសទៅពិគ្រោះនិងពិនិត្យសុខភាពតិចជាងស្ត្រី និងច្រើនតែដឹងខ្លួនមានជំងឺមហារីកនៅពេលមានលេចរោគសញ្ញាពោលគឺចង់ជ្រុលពេលទៅហើយ។តើគេអាចសម្គាល់ជំងឺមហារីកប្រូស្តាតយ៉ាងដូចម្តេច?បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អេម៉ានុយអែល Emmanuel Chartier-Kastler,ប្រធានផ្នែកវះកាត់តម្រងនោមនៅមន្ទីរពេទ្យPitié Salpetriere ជំងឺមហារីកបុរសដែលគេជួបប្រទះច្រើនជាងគេ គឺមហារីកក្រពេញប្រូស្តាត និងមហារីកពងស្វាស។ មហារីកប្រូស្តាត ជាជំងឺមហារីកទីមួយរបស់មនុស្សប្រុស ដែលច្រើនតែកើតលើបុរសវ័យចំណាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ហើយហានិភ័យឡើងខ្ពស់ជាលំដាប់ទៅតាមវ័យ។ ចំណែកមហារីកពងស្វាសវិញ ច្រើនតែកើតលើបុរសវ័យក្មេងអាយុចន្លោះពី២០ទៅ៤៥ឆ្នាំ។ ជំងឺនេះកើតមានកាន់តែច្រើនឡើងៗ តែពុំសូវមានអ្នកស្គាល់ដឹងនៅឡើយទេ។ដើម្បីបានដឹងទាន់ពេលវេលា គ្រោះលេចឡើងនូវជំងឺមហារីកគ្រាប់ពង ឬពងស្វាស គ្មានកាយវិការអ្វីប្រសើរជាងការស្ទាបមើលដោយខ្លួនឯងជារៀងរាល់សប្តាហ៍ ឬជារៀងរាល់ខែទេ។ លោកវេជ្ជបណ្ឌិត Emmanuel Chartier-Kastlerសូមណែនាំឱ្យអស់លោកជាសុភាពបុរសទាំងឡាយឧស្សាហ៍លុញគ្រាប់ពងដោយខ្លួនឯង ក្រោយពេលមុជទឹកសម្អាតខ្លួនរួច។ ដាក់គ្រាប់ពងលើម្រាមដៃទាំងបួនហើយយកមេដៃស្ទាបបង្វិលឱ្យជុំ។ ពងស្វាសមានសុខភាពល្អ ត្រូវមូលរលោងគ្មានគ្រឿមទេ។ តែបើស្ទាបទៅឃើញមាន កន្ទួល មានប៉ោង មានពក មានដុំ ទោះតូចប៉ុនគ្រាប់សណ្តែកបាយ ឬឡើងធំ ឬមានអារម្មណ៍រំខានពេលប៉ះពាល់ ឬឡើងធ្ងន់ជាងធម្មតា សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសតម្រងនោម។ប៉ុន្តែសូមកុំស្លន់ស្លោ ពងស្វាសខុសប្រក្រតីមិនមែនសុខតែមានជំងឺមហារីកឡើយ។ វាអាចជាដុំគីសស្លូត ឬជាការហើមកូនសរសៃឈាមតិចតួច។ ការថតឆ្លុះមើលអេកូអាចជួយជម្រះមន្ទិសសង្ស័យបាន។ចំពោះជំងឺមហារីកប្រូស្តាត ដែលជាតំណាងនៃក្តីព្រួយបារម្ភខ្លាំងសម្រាប់សុខភាពសាធារណៈជាងជំងឺមហារីកពងស្វាសនោះ គឺមកពីករណីភាគច្រើន គ្មានរោគសញ្ញាទេ នៅដំណាក់កាលដំបូងៗ។ ជំងឺវិវឌ្ឍដោយស្ងាត់ៗបំផុត។ គេអាចវិភាគដឹងតាមរយៈការពិនិត្យឈាម និងការវិនិច្ឆ័យរោគបន្ថែមតែប៉ុណ្ណោះ។ ការវិភាគវែករកជំងឺមហារីកប្រូស្តាត គួរតែចាប់ផ្តើមធ្វើនៅពេលចូលដល់វ័យ៥០ឆ្នាំ ឬចាប់ពី៤៥ឆ្នាំបើធ្លាប់មានសមាជិកគ្រួសារកើតជំងឺនេះ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យទៅពិនិត្យឈាមវាស់បរិមាណ PSA អង់ទីហ្សែនពិសេសរបស់ប្រូស្តាត។ នៅពេលកំរិតPSAឡើងខ្ពស់ខ្លាំង ក៏មិនប្រាកដថាពិតជាមានជំងឺមហារីកដែរ។ ត្រូវបន្តធ្វើរោគវិនិច្ឆ័យផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់មកពីមានដុំសាច់សាច់មហារីកប្រូស្តាត ឬមានជំងឺប្រូស្តាតផ្សេងទៀត ទើបបណ្តាលបរិមាណPSAឡើង។សរុបមកវិញ ពេលចូលវ័យ៥០ឆ្នាំ បុរសគួរតែទៅជួបគ្រូពេទ្យដើម្បីវាស់ដូសPSA ឯបុរសវ័យក្មេង គួរតែឧស្សាហ៍ត្រួតពិនិត្យប្រដាប់ប្រើប្រាស់ខ្លួនឯង។ ដើម្បីឆាប់ដឹងពីអាការៈសុខភាពខ្លួនឯង ការស្ទាបមិនសុទ្ធតែអាសអាភាសទេ តែជាកាយវិការសុខភាព។ យុវបុរសគួរស្ទាបមើលពងស្វាសមួយខែម្តង ឯស្ត្រីត្រូវស្ទាបសុដន់។ គ្រូពេទ្យជំនាញអាចជួយបង្ហាត់បង្ហាញរបៀបស្ទាបរកមើលក្រែងមានករណីសង្ស័យដុះដុំមហារីកបាន៕
11/21/2023 • 7 minutes, 57 seconds ជាតិពុលសំណរគំរាមកំហែងសុខភាពសាធារណៈប្រហែល ខ្យល់ពុល
ការសិក្សាមួយចេញផ្សាយនៅថ្ងៃអង្គារទី ១២កញ្ញា២០២៣ បានបង្ហាញថា ពិភពលោកមើលស្រាលផលវិបាកនៃជាតិពុលសំណរ ចំពោះសុខភាពសាធារណៈខ្លាំងណាស់។ បើតាមក្រុមអ្នកស្រាវជ្រាវរបស់Global Burden of Disease សំណរបំពុលសុខភាពមនុស្សក្នុងកំរិតប្រហាក់ប្រហែលការស្រូបផ្សែងពុលក្នុងបរិយាកាសដែរ។ បើតាមលទ្ធផលសិក្សាវិភាគតេស្តឈាមស្តីអំពីកំរិតជាតិពុលនៃសំណរចំពោះសុខភាពក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុង១៨៣ប្រទេស ជាតិពុលសំណរជាដើមហេតុនាំឱ្យអ្នកជំងឺសរសៃឈាមបេះដូង៥លាន៥សែននាក់ស្លាប់នៅឆ្នាំ២០១៩ នៅទូទាំងពិភពលោក។ ជាតិពុលសំណរក៏ជាប្រភពបង្កឱ្យមានជំងឺជាច្រើនផ្សេងទៀត ជាពិសេសចំពោះកុមារ ព្រោះជាតិសំណរមានរកឃើញនៅក្នុងស្ទើរគ្រប់ទិសទី ទាំងក្នុងចំណីអាហារ ចានក្បាន ឬរបស់ប្រើប្រាស់ ព្រមទាំងជីរកសិកម្ម ។ល។និង។ល។អ្នកស្រាវជ្រាវបានសន្និដ្ឋានទៀតថា ការពុលដោយសំណរ ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរដូចផ្សែងពុលក្នុងបរិយាកាសដែរ តំណាងឱ្យ៣០%នៃមរណភាពដោយជំងឺសរសៃឈាមបេះដូង ពោលគឺវាអាចបង្កឱ្យស្លាប់ដល់៦ដងច្រើនជាងការប៉ាន់ស្មានមុនៗ។ ជាតិពុលសំណរមានតួនាទីធ្វើឱ្យកើតជំងឺសរសៃឈាមបេះដូង ខ្លាំងជាងបារី និងខ្លាញ់ក្នុងឈាមទៀត។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវដដែល។ ប៉ុន្តែអ្នកជំនាញខ្យល់ពុលក្នុងអាកាសនៃសាកលវិទ្យាល័យBirmingham លោក Roy Harrison ទទួលយកលទ្ធផលនៃការសិក្សានេះដោយប្រុងប្រយ័ត្ន ដោយសំអាងថាការសិក្សាគួរឱ្យចាប់អារម្មណ៍តែនៅមានចំណុចគួរឱ្យសង្ស័យច្រើន ព្រោះគេពិបាកវាយតម្លៃប្រកបដោយភាពប្រាកដប្រជាណាស់អំពីជាតិពុលសំណរក្នុងស្រទាប់ពលរដ្ឋរស់នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។ ចំណុចគួរឱ្យសង្ស័យមួយទៀត ទាក់ទងនឹងកំរិតសមត្ថភាពពុលនៃសំណរក្នុងជំងឺសរសៃឈាមបេះដូង។ ប្រសិនបើអ្វីៗត្រូវបានបញ្ជាក់មែន ការសិក្សានេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់វិស័យសុខភាពសាធារណៈ។ សម្រាប់ពេលនេះ លោក Roy Harrison យល់ថាលទ្ធផលនៃការសិក្សាមានកំរិតត្រឹមតែជាសម្មតិកម្មដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះ។សំណរជាអ្វី ?សំណរជាលោហៈតាន់ ពុលពីធម្មជាតិសម្រាប់មនុស្ស និងមានកប់នៅក្នុងស្រទាប់ដី។ នៅមុនឆ្នាំ១៩៧០ សំណរត្រូវបានគេយកមកប្រើប្រាស់យ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្ម។ ការទាញយកសំណរមកប្រើប្រាស់ បានបំពុលបរិស្ថាន បំពុលមនុស្ស និងបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅក្នុងតំបន់ជាច្រើននៃភពផែនដី។ការធ្វើអាជីវកម្មរ៉ែសំណរ ការស្លបំប្លែងសំណរ ឬការកែច្នៃសំណរ និងការយកសំណរប្រើប្រាស់សម្រាប់ធ្វើផលិតផលរាប់រយមុខ ជាពិសេសយកសំណរមកធ្វើជាអាគុយឡាន ម៉ូតូ... ជាប្រភពសំខាន់នាំឱ្យមានការចម្លងជាតិពុលសំណរក្នុងបរិស្ថាន។ លោហៈសំណរនេះក៏មានប្រើជាគ្រឿងផ្សំសម្រាប់ផលិតរបស់របរប្រើប្រាស់ជាច្រើនផ្សេងទៀត ដូចជាសម្រាប់ដំឡើងពណ៌ថ្នាំលាប សម្រាប់ផ្សារ សម្រាប់ធ្វើកញ្ចក់ ធ្វើកែវគ្រីស្តាល់ គ្រាប់ផ្ទុះ សេរ៉ាមិក គ្រឿងអលង្ការ ល្បែងក្មេងលេង ឬផលិតផលកែសម្ជស្សបែបបូរាណនៅឥណ្ឌា នៅម៉ិចស៊ិក និងនៅវៀតណាម។ គេក៏មានរកឃើញស្នាមជាតិពុលសំណរនៅក្នុងទឹក ដែលហូរតាមបណ្តាញទុយយោមានជាតិសំណរ ឬផ្សារភ្ជាប់ដោយប្រើសំណរ។សំណរក៏មានវត្តមានតាំងពីយូរយារមកហើយក្នុងល្បាយប្រេងសាំង។ តែដោយយល់អំពីគ្រោះថ្នាក់នៃជាតិពុលសំណរ ទើបបណ្តាប្រទេសនៅអាមេរិកខាងជើងនិងប្រទេសឧស្សាហកម្មជឿនលឿនភាគច្រើនចាប់កាត់បន្ថយវត្តមានលោហៈពុលសំណរតាំងពីឆ្នាំ១៩៧០មក។ ឧស្សាហកម្មប្រេងសាំងចាប់ផ្តើមចម្រាញ់ដកជាតិសំណរចេញជាបណ្តើរៗ និងទាំងស្រុងនៅឆ្នាំ១៩៨៦នៅសហរដ្ឋអាមេរិក និង១៩៩០នៅកាណាដា។ តាំងពីខែកក្កដាឆ្នាំ២០២១មក បើតាមអង្គការសុខភាពពិភពលោក គ្មានប្រទេសណានៅលក់ប្រេងសាំងមានជាតិសំណរទៀតទេ។បច្ចុប្បន្ន សារជាតិពុលសំណរមួយភាគធំ មានធ្វើចរាចរណ៍នៅលើទីផ្សារពិភពលោក ក្នុងទម្រង់ជាវត្ថុកែច្នៃប្រើឡើងវិញ។ អង្គការសុខភាពពិភពលោកបានចាត់បញ្ចូលសំណរ ទៅក្នុងចង្កោមសារធាតុគីមីពុល១០មុខ ដែលគួរឱ្យព្រួយបារម្ភខ្លាំងសម្រាប់សុខភាពសាធារណៈ។ អង្គការបានទាមទារឱ្យរដ្ឋជាសមាជិកនីមួយៗការពារពលករ កុមារ ស្ត្រីមានផ្ទៃពោះពីការគំរាមកំហែងដោយសារធាតុពុលសំណរ។តើសំណរអាចប៉ះពាល់ដល់សុខភាពយ៉ាងណា?ជាតិពុលសំណរមាននៅគ្រប់ទិសទី ក្រោមដី ក្នុងទឹក លើខ្យល់ ក្នុងបរិស្ថាន ដែលមនុស្សអាចស្រូបយកតាមមាត់តាមផ្លូវដង្ហើម ក្នុងទម្រង់ជាលម្អង ជាធាតុល្អិតឆ្មារៗ ...នៅពេល បានចូលទៅដល់ក្នុងសរីរាង្គកាយហើយ ជាតិពុលសំណរនឹងចែកចាយទៅសរីរៈផ្សេងៗ ដូចជាខួរក្បាល តម្រងនោម ថ្លើម និងឆ្អឹង។ សំណរនឹងទៅផ្តុំកកគរនៅក្នុងធ្មេញនិងឆ្អឹង ច្រើនឡើងៗទៅតាមពេលវេលា តែអាចរំលាយបញ្ចេញចោលតាមទឹកនោមដោយយឺតៗបំផុត។ ដំណើរបណ្តោះជាតិសំណរចេញពីក្នុងសរីរាង្គត្រូវការប្រើពេលរាប់សិបឆ្នាំឯណោះ។ សំណរស្តុកក្នុងឆ្អឹងអាចនឹងឆ្លងហូរទៅតាមឈាម ពេលស្ត្រីពរពោះនិងអាចចម្លងទៅឱ្យទារកនៅក្នុងផ្ទៃបាន។បើតាមសម្មតិកម្ម ការប្រឈមនឹងជាតិពុលសំណរអាចនឹងចូលរួមចំណែកធ្វើឱ្យមានងាយមានជំងឺ ពាក់ព័ន្ធវ័យ ដូចជាជំងឺសម្ពាធឈាម (ឡើងឈាម) ជំងឺតម្រងនោម ភ្នែកឡើងបាយ បាត់បង់ការចងចាំ ...។ គេមិនទាន់ដឹងនៅឡើយថាតើផលវិបាកនៃសារធាតុពុលសំណរលើសុខភាពអាចកែប្រែឬប្តូរផ្លាស់បានដែរឬអត់ទេ។ ជំងឺពុកឆ្អឹងរបស់មនុស្សវ័យចំណាស់ ក៏ទំនងជាបណ្តាលមកពីជាតិសំណរកកនៅលើឆ្អឹងតាំងពីក្មេងមក ដាច់របេះទៅតាមចរន្តឈាម ព្រោះដូចកាល់ស្យូម ជាតិសំណរប្រមាណ៩០ទៅ៩៥%ដែលចូលទៅដល់ក្នុងខ្លួនមនុស្សតែងទៅតោងនៅក្នុងឆ្អឹងនិងធ្មេញ។កុមារងាយទទួលជាតិពុលសំណរខ្លាំងជាងមនុស្សធំ?ប៉ុន្តែសារធាតុពុលសំណរអាចបង្កផលវិបាកធ្ងន់ធ្ងរខ្លាំងដល់សុខភាពកុមារ។ ជាតិពុលសំណរក្នុងកំរិតខ្ពស់ អាចនឹងធ្វើឱ្យក្មេងខូចខួរក្បាល ខូចប្រព័ន្ធប្រសាទកណ្តាល ប្រកាច់សន្លប់ និងស្លាប់បាន។ ក្មេងដែលគេចពីស្លាប់បន្ទាប់ពីពុលជាតិសំណរធ្ងន់ធ្ងរ អាចមានហានិភ័យរស់ក្នុងភាពពិការផ្នែកបញ្ញាញាណ និងវិបត្តិអាក្បកិរិយាអស់មួយជីវិត។ បើរងជាតិពុលសំណរក្នុងកំរិតទាប ក្មេងអាចរស់ជាធម្មតាដោយគ្មានរោគសញ្ញាអ្វីស្តែងចេញមកទេ ប៉ុន្តែគេបានដឹងថាជាតិសំណរនឹងធ្វើឱ្យប្រព័ន្ធសរីរាង្គមួយចំនួនធំទ្រុឌទ្រោមក្នុងកំរិតផ្សេងៗគ្នា។ គេបានដឹងថាជាតិសំណរអាចបំផ្លាញជាពិសេស ការលូតលាស់នៃខួរក្បាលរបស់ក្មេង ដែលអាចធ្វើឱ្យភាពឆ្លាតវាងវៃរបស់កុមារធ្លាក់ចុះ ដែលអាចធ្វើឱ្យក្មេងប្តូរផ្លាស់ឥរិយាបថ ពិបាកចុះចូលក្នុងសង្គម ឬមិនសូវចេះផ្ចង់អារម្មណ៍ ជាដើម។ល។ និងដែលធ្វើឱ្យក្មេងរៀនមិនពូកែ គ្មានលទ្ធផលសិក្សាល្អនៅសាលា។ ជាតិពុលសំណរក៏ជាដើមហេតុនាំបង្កឱ្យមានជំងឺខ្វះគ្រាប់ឈាមក្រហម ឡើងឈាម ខ្សោយតម្រងនោម និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធការពារខ្លួន ព្រមទាំងប្រព័ន្ធបន្តពូជទៀត។ ឥទ្ធិពលនៃសំណរលើប្រព័ន្ធប្រសាទនិងឥរិយាបថមិនអាចព្យាបាលត្រលប់ឱ្យប្រសើរឡើងវិញបានទេ។ ហើយក៏គ្មានកំរិតអប្បបរិមានៃកំហាប់ជាតិសំណរដែលគ្មានបង្កគ្រោះថ្នាក់ដល់សុខភាព។ កំហាប់ជាតិពុលសំណរឈាមយ៉ាងតិចបំផុត ជួនក៏អាចធ្វើឱ្យក្មេងអាប់ប្រាជ្ញា និងជួបការលំបាកក្នុងសិក្សាបានដែរ។ប្រសិនបើក្មេង គ្មានអាហារទទួលទានគ្រប់គ្រាន់ទៀត នោះពួកគេងាយទទួលយកជាតិសំណរជាងក្មេងធម្មតាទៅទៀត ព្រោះសរីរាង្គកាយក្មេងនោះខ្វះជីវជាតិចិញ្ចឹមដូចជាកាល់ស្យូមនិងដែក ដូច្នេះទើបត្រូវការស្រូបខ្លាំងនូវរាល់គ្រប់ជីរជាតិសម្រាប់មកបំពេញអាហាររូបត្ថម្ភ។ ក្មេងកាន់តែតូច កាន់តែងាយងាងគ្រោះខ្លាំង ជាពិសេសក្នុងវ័យដែលប្រព័ន្ធប្រសាទកំពុងលូតលាស់។នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលទើបធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២១ គេប៉ាន់ប្រមាណថាក្នុងចំណោមក្មេង២លាននាក់ស្លាប់បាត់បង់ជីវិតនៅឆ្នាំ២០១៩ ដោយសារធាតុពុលគីមី ពាក់កណ្តាលបណ្តាលមកពីជាតិពុលសំណរ។ ក្នុងកំរិតពិភពលោក មនុស្សលោកបានខាតបង់ជីវិតសរុបអស់២១,៧លានឆ្នាំ ដោយហេតុប្រឈមនឹងជាតិពុលសំណរ៕
11/14/2023 • 9 minutes, 38 seconds អាហារបំប៉នជាផលិតផលចាំបាច់សម្រាប់ពង្រឹងសុខភា ពឬ?
ស្បែកភ្លឺថ្លា សក់លោង លើកកម្លាំង ក្រពះកិនស្រួល ... នេះជាប្រសិទ្ធភាពនៃផលិតផលអាហារបំប៉នដែលគេបានឃោសនា និងសន្យា។ ប៉ុន្តែតើអាហារបំប៉នជាអ្វី ? អាហារបំប៉នមានហានិភ័យប៉ះពាល់ដល់សុខភាពយ៉ាងណា? តើគួរទទួលអាហារបំប៉នបែបណា និងនៅពេលណា? ស្បែកអាប់ សក់ស្ងួតជ្រុះគ្មានពន្លឺ ក្រចកបាក់ អស់កម្លាំង ពិបាកដំណេក គេងមិនលក់ ឆេវឆាវ ក្រពះមិនសូវរំលាយអាហារ ធាត់ ... គេគួរតែប្រយុទ្ធប្រឆាំងនឹងអាការៈមិនល្អទាំងអស់នេះ ហើយបើអាចត្រូវតែកម្ចាត់វាចេញតែម្តង ដោយវិធីផ្សេងៗ ដូចជា វិធីកម្ចាត់ជាតិពុល វិធីបញ្ចុះទម្ងន់ វិធីភ្ញោចប្រព័ន្ធការពារខ្លួន វិធីបង្កើនភាពមាំមួន សម្រាលអារម្មណ៍ រក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ ... បញ្ហាទាំងនេះហាក់ដូចជាគ្មានចែងចេញពីក្បួនវេជ្ជសាស្ត្រទេ។ ឯដំណោះស្រាយវិញ ក៏ហាក់គ្មានលក្ខណៈបែបវិទ្យាសាស្ត្រឱសថសាស្ត្រដែរ និងមិនចាំបាច់ចាំទៅរកទិញនៅតាមឱសថស្ថានឡើយ តែនេះជាបញ្ហាសុខភាពពិតៗ។ ហេតុអ្វីមិនទៅពិគ្រោះយោបល់ និងសុំការព្យាបាលពីគ្រូពេទ្យជំនាញ បែរជាគិតដោយងាយៗត្រឹមទៅរកផលិតផលបំប៉នទៅវិញ?!នៅប្រទេសបារាំងក៏ដូចជានៅក្នុងប្រទេសកម្ពុជា ផលិតផលអាហារបំប៉ន កំពុងពេញនិយមកាន់តែខ្លាំងឡើងៗ។ ដើម្បីបញ្ចុះទម្ងន់ ដើម្បីកាត់ស្ត្រេស ដើម្បីភាពរឹងមាំនៃសរីរាង្គកាយ ឬដើម្បីបង្កើនសមត្ថភាពកីឡាទេ ពលរដ្ឋទូទៅមិនខ្លាចនឹងចំណាយថវិកាស្វែងរកទិញផលិតផលអាហារបំប៉នដែលមានធ្វើចរាចរណ៍លើទីផ្សារកាន់តែច្រើនឡើងៗ ក្នុងគ្រប់ទម្រង់។ មិនដូចការគិត អាហារបំប៉នមិនមែនជាផលិតផលគ្មានហានិភ័យទេ ក្នុងករណីខ្លះអ្នកទទួលទានផលិតផលអាហារបំប៉នអាចប្រឈមនឹងគ្រោះដល់សុខភាព។តើផលិតផលអាហារបំប៉នជាអ្វី?តាមនិយមន័យ ផលិតផលអាហារបំប៉ន ជាកំហាប់សារធាតុចិញ្ចឹម រុក្ខជាតិ ឬសារធាតុផ្សេងៗទៀត ដែលផ្សំឡើងសម្រាប់បំពេញបន្ថែមពីលើរបបអាហារធម្មតាប្រចាំថ្ងៃ និងដែលអាចផ្តល់អត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភផង និងផ្នែកសរីរវិទ្យាផងឬទាំងពីររួមគ្នាតែម្តងផង។មានទម្រង់ជា ថ្នាំគ្រាប់សម្រាប់លេប គ្រាប់បៀម ថ្នាំម្សៅ ថ្នាំទឹក(អំពូល) ថ្នាំបណ្តក់ ...ផលិតផលអាហារបំប៉នមានច្រើនយ៉ាង ខ្លះជាបណ្តុំរុក្ខជាតិ ខ្លះវីតាមីន និងខ្លះជាតិរ៉ែ ឬខ្លះ ជាកំហាប់សារធាតុចិញ្ចឹម មេឡាតូនីន ឬគ្លុយកូសាមីន... រួចអាចមានបន្ថែមក្លិន បន្ថែមរសជាតិទៀត ប៉ុន្តែនៅក្នុងសមាសធាតុផ្សំគ្មានសោះសារធាតុសកម្មប្រើក្នុងការផលិតឱសថ។កម្មវត្ថុចម្បងនៃអាហារបំប៉ន គឺជាផលិតផលដែលចូលរួមចំណែកជួយបង្កើនកំរិតសារធាតុចិញ្ចឹមដល់សរីរាង្គឱ្យប្រសើរឡើង និងជួយសម្រកទម្ងន់ ទប់ស្កាត់ភាពត្រជាក់ ជួយខាងរំលាយអាហារ ជួយបំប៉នសុខភាពសក់ក្បាល ជួយកាត់បន្ថយការធ្វើទុក្ខពេលពរពោះឬពេលស្ត្រីដល់ពេលអស់រដូវ ។ល។ និង។ល។ប៉ុន្តែផលិតផលអាហារបំប៉នមិនមែនជាថ្នាំ (ឱសថ)ទេ និងគ្មានសកម្មភាព-ប្រសិទ្ធភាពផ្នែកការពារ-ព្យាបាលជំងឺឡើយ ហើយមិនត្រូវយកអាហារបំប៉នជំនួសការព្យាបាលណាមួយទេ។ខុសពីឱសថ ផលិតផលអាហារបំប៉នអាចធ្វើចរាចរណ៍លើទីផ្សារដោយមិនចាំបាច់រង់ចាំទទួលការអនុញ្ញាតពីភ្នាក់ងារសុវត្ថិភាពឱសថជាតិទេ តែត្រូវប្រកាសជូនដំណឹងទៅភ្នាក់ងារទទួលបន្ទុកគ្រប់គ្រងគ្រឿងឧបភោគបរិភោគដែលមានភារៈត្រួតពិនិត្យនិងវិភាគមើលសមាសធាតុផ្សំនៃផលិតផល ដូចប្រភេទអាហារផ្សេងៗទៀតដែរ។ អឺរ៉ុបនិងប្រទេសជាសមាជិកសហភាពអឺរ៉ុប មានចំណាត់ការច្រើន និងវិធានច្បាប់ច្បាស់លាស់ កំណត់អំពីគ្រឿងផ្សំដែលត្រូវប្រើក្នុងផលិតផលអាហារបំប៉ន ព្រមទាំងកំរិតបរិមាណ(ដូស)វីតាមីននិងសារធាតុរ៉ែដែលត្រូវប្រើក្នុងមួយថ្ងៃៗផង។នៅប្រទេសបារាំង ផលិតផលអាហារបំប៉នមានដាក់លក់ជាចម្បងតែតាមឱសថស្ថានប៉ុណ្ណោះ ប៉ុន្តែតាំងពីឆ្នាំ២០១៥មក ការលក់ផលិតផលអាហារបំប៉នសម្រាប់មនុស្សធំ បានរីកដុះដាលយ៉ាងលឿនតាមប្រព័ន្ធអ៊ីនធ័រនែត ហើយដែលផលិតផលខ្លះគ្មានប្រភពច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានសុវត្ថិភាពជាធរមានទេ។តើយើងចាំបាច់ត្រូវតែប្រើផលិតផលអាហារបំប៉នឬ?បច្ចុប្បន្ន ឱនភាពនៃសារធាតុចិញ្ចឹមនិងកង្វះសារធាតុចិញ្ចឹមជាករណីកម្រណាស់ ក្នុងស្រទាប់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែកង្វះអាហារូបត្ថម្ភ និងសារធាតុចិញ្ចឹម អាចកើតមានជាពិសេសចំពោះតែក្រុមពលរដ្ឋដែលត្រូវការសារធាតុចិញ្ចឹមខ្លាំង ដូចជាស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ជរា។ របបអាហារខ្លះអាចនាំឱ្យចុះថយឬលុបសារធាតុចិញ្ចឹមខ្លះតែម្តង មានជាអាទិ៍របបអាហារហូបតែបន្លែផ្លែឈើសុទ្ធvegetalien។ ការមិនទទួលទានជាតិសាច់សោះ អាចនាំឱ្យខ្វះវីតាមីនB12ដែលមានតែនៅក្នុងម្ហូបអាហារមានជាតិសាច់សត្វ។បើយោលទៅលើនិយមន័យ ការស្វែងរកផលិតផលអាហារបំប៉នមកប្រើប្រាស់ ដែលត្រឹមត្រូវនិងសមហេតុផល គឺនៅពេលណាសេចក្តីត្រូវការផ្នែកសារធាតុចិញ្ចឹមរបស់សរីរាង្គមិនអាចបំពេញបានតាមរយៈការទទួលទានចំណីអាហារប្រចាំថ្ងៃ។ក្នុងន័យនេះ គេត្រូវវែករកជាបឋមថាតើសេចក្តីត្រូវការណាដែលអាចបំពេញបាន។ ក្នុងករណីភាគច្រើន គេអាចកំណត់បានយ៉ាងងាយថាជននោះមានរបបអាហារគ្មានលំនឹង។ ឧទាហរណ៍ អ្នកមិនដែលទទួលទានបន្លែផ្លែឈើ និងគ្រឿងសមុទ្ទសោះ ច្បាស់ជាគ្មានលំនឹងរបបអាហារ និងមិនបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយបានទេ។ អ្នកខ្លះទៀត របបអាហារគ្មានលំនឹងដោយហេតុតែជំងឺ ឬដោយហេតុអាល់ឡែកហ្ស៊ី ឬតំណម ... ក្នុងករណីនេះ ដើម្បីផ្តល់លំនឹងដល់របបអាហារ ចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកអាហាររូបត្ថម្ភ។ ហើយបើនៅតែគ្មានលទ្ធភាពតម្រែតម្រង់របបអាហារឱ្យមានលំនឹងតាមរយៈការទទួលទានជាធម្មតាទេ ទើបគួរស្វែងរកផលិតផលអាហារបំប៉នមកប្រើប្រាស់។ ផលិតផលអាហារបំប៉នក្លាយជាអាហារចាំបាច់ ជួយសម្រួលការព្យាបាលវេជ្ជសាស្ត្រ។ជាទូទៅសរីរាង្គកាយត្រូវប្រឈមនឹងគ្រោះមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ប្រសិនយើងមិនបរិភោគអាហារចម្រុះឱ្យបានគ្រប់មុខ បន្លែផ្លែឈើត្រីសាច់ទេ។ ប៉ុន្តែជាញឹកញយ គេសង្កេតឃើញមានការប្រើប្រាស់ផលិតផលអាហារបំប៉នបញ្ច្រាសទិសទៅវិញ។ អ្នកប្រើប្រាស់ ច្រើនតែលង់ជឿតាមការផ្សាយពាណិជ្ជកម្មរបស់អ្នកលក់ថាផលិតផលអាហារបំប៉ននេះ ឬនោះនាំឱ្យមានសុខភាពល្អប្រសើរ មានអានុភាពជាងមុន ឬនាំមកនូវសុខុមាលភាព សុខចិត្តទៅទទួលទានផលិតផលអាហារបំប៉ន ដែលមានសារធាតុផ្សំបំប្លែងឆ្ងាយពីចំណីអាហារធម្មតាប្រចាំថ្ងៃ។ផលិតផលអាហារបំប៉នមានហានិភ័យសុខភាពយ៉ាងណា?ដូច្នេះ ការទទួលទានផលិតផលអាហារបំប៉ន ប្រាកដជាអាចនាំហានិភ័យ ប៉ះពាល់ដល់សុខភាពជាយថាហេតុណាមួយ ជាពិសេសប្រសិនបើអាហារបំប៉ននោះមានធាតុផ្សំជាបង្គុំវីតាមីន និងរ៉ែ។ នៅពេលយកផលិតផលបំប៉ន មកធ្វើជាអាហារប្រចាំថ្ងៃ នោះវាងាយនឹងបង្កឱ្យមានហានិភ័យញ៉ាំហួសកំរិតសុវត្ថិភាពសុខភាពណាស់។មុននឹងសម្រេចចិត្តប្រើផលិតផលអាហារបំប៉ន គួរតែចោទសួរខ្លួនឯងជាមុនសិនថា “តើអ្នកពិតជាត្រូវការអាហារបំប៉នមែនឬ?”។ តាមរយៈការផ្តល់ចម្លើយ អ្នកនឹងពិចារណាឃើញអំពីមូលហេតុដែលជំរុញឱ្យអ្នកចង់ប្រើផលិតផលអាហារបំប៉នហើយ៖ មកពីគ្មានរបបអាហារ ត្រឹមត្រូវ ឬមកពីគ្មានអនាម័យក្នុងការរស់នៅ? ជាឧទាហរណ៍ អាការៈនឿយហត់អស់កម្លាំង អាចបណ្តាលមកពីមូលហេតុច្រើន ៖ ធ្វើការហួសកម្លាំង គេងមិនគ្រប់ គេងមិនលក់ បាក់ទឹកចិត្ត មានបញ្ហាក្រពេញទីរ៉ូអ៊ីត លេបថ្នាំរំងាប់អារម្មណ៍ ... ឬក៏មកពីទទួលទានអាហារមិនត្រឹមត្រូវ។ មុននឹងហក់ទៅទិញផលិតផលអាហារបំប៉នមកប្រើ សូមចោទសួរអំពីបរិបទនៃអាការៈនឿយហត់ទាំងអស់នេះសិន។ បន្ទាប់មកការស្វែងរកដំណោះស្រាយដ៏ប្រសើរនិងលឿនបំផុត គឺការជួបពិគ្រោះជាមួយគ្រូពេទ្យ។ សូមអញ្ជើញទៅសួរយោបល់អ្នកជំនាញជាមុនសិន កុំព្យាបាលដោយខ្លួនឯង ដែលអាចធ្វើឱ្យខាត និងហួសពេលវេលា ប្រសិនបើអ្នកមានជំងឺកាចលាក់ក្នុងខ្លួន។ម្យ៉ាងវិញទៀត មុននឹងសម្រេចប្រើផលិតផលអាហារបំប៉នណាមួយ សូមពិចារណាអំពីគុណភាព ប្រភពនៃផលិតផលនោះថាពិតជាអាចទុកចិត្តបានកំរិតណា។ បើចង់និងទុកចិត្តហើយ សូមសាកល្បងប្រើក្នុងរយៈពេលខ្លី កុំប្រើផលិតផលដដែលយូរពេក និងច្រើនមុខចូលគ្នា។ គោរពលក្ខខណ្ឌនិងដូសដែលត្រូវប្រើ។ សូមប្រយ័ត្ន នៅពេលប្រើផលិតផលដែលគេអួតថាមានប្រសិទ្ធភាពខ្ពស់ និងសូមជ្រើសរើសប្រើតែផលិតផលណាដែលបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ គួរឱ្យទុកចិត្ត។ ផលិតផលអាហារបំប៉នលក់តាមបណ្តាញអ៊ីនធ័រនែតអាចមានផ្ទុកសារធាតុហាមឃាត់ដោយច្បាប់សុវត្ថិភាពចំណីអាហារក្នុងស្រុក៕
10/4/2023 • 8 minutes, 47 seconds ធ្លាក់ទឹកចិត្តក្រោយសម្រាលកូនជាជំងឺ?
អាជ្ញាធរអាមេរិកទើបបានចេញសេចក្តីអនុញ្ញាតជាលើកទីមួយ ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន។ ដូចឈ្មោះដែលហៅ ជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន កើតលើស្ត្រីប្រមាណពី១០-២០% ក្រោយឆ្លងទន្លេរួច។ តើជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនជាអ្វី ? ជំងឺនេះមានរោគសញ្ញាយ៉ាងណា? អ្វីជាដើមហេតុនាំឱ្យកើតជំងឺនេះ? ភ្នាក់ងារឱសថអាមេរិកបានប្រកាសអនុញ្ញាតជាលើកទីមួយ នៅថ្ងៃទី ៤សីហា ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តលើរូបស្រ្តីសរសៃខ្ចី។ Zurzuvae ជាថ្នាំដែលផ្សំឡើងដោយសារធាតុសកម្មឈ្មោះ zuranolone។ អាជ្ញាធរបានណែនាំឱ្យស្ត្រីលេបថ្នាំលេខ៥០មីល្លីក្រាមនេះចំនួនមួយគ្រាប់ក្នុងមួយថ្ងៃ ជារៀងរាល់ល្ងាចរយៈពេល១៤ថ្ងៃ។ ការសិក្សាពីរបានបង្ហាញអំពីប្រសិទ្ធភាពថ្នាំថារោគសញ្ញាជំងឺហាក់បានធូរស្បើយប្រសើរឡើងភ្លាមក្រោយពីបានទទួលទានថ្នាំ តែប្រមាណបីថ្ងៃ។ ថ្នាំមានប្រសិទ្ធភាពយ៉ាងលឿនរហ័សហើយ រយៈពេលនៃការព្យាបាលខ្លីជាងវិធីព្យាបាលមុនៗទៀត។ ជាងនេះទៅទៀត ថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនដែលមានធ្វើចរាចរណ៍លើផ្សារកន្លងមក ឧទាហរណ៍brexanolone មានទម្រង់ជាថ្នាំចាក់ និងត្រូវស្ថិតក្រោមតាមដានវេជ្ជសាស្ត្ររយៈពេល៦០ម៉ោងនៅពេលប្រើ ហើយតម្លៃក៏ថ្លៃខ្លាំងទៀត។ ចំណែកថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនរួច Zurzuvaeវិញមានទម្រង់សាមញ្ញងាយប្រើខ្លាំងព្រោះជាថ្នាំគ្រាប់សម្រាប់លេប។ដូចម្តេចដែលហៅថាជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន?ផ្តល់កំណើតកូនជាដំណឹងល្អណាស់សម្រាប់គូស្វាមីភរិយាជាទូទៅ និងជាប្រភពនាំឱ្យមានអារម្មណ៍ពុះកញ្ជ្រោល ៖ រំភើបរីករាយ ក្តីស្រលាញ់ពេញចិត្ត លាយលំដោយការខកចិត្តឬថប់បារម្ភ។ ក្នុងរវាងប៉ុន្មានសប្តាហ៍និងខែដំបូងក្រោយកំណើតកូន ស្ត្រីជាម្តាយតែងតែមានអារម្មណ៍ចម្រុះ រំជើបរំជួល ជាធម្មតា ម្តងឡើងម្តងចុះ ច្របូកច្របល់នៅចំពោះមុខព្រឹត្តិការណ៍ថ្មី ដែលបានប្តូរផ្លាស់ទាំងរូបរាងកាយនិងទឹកចិត្តជាម្តាយ។ សម្រាប់ម្តាយឪពុកថ្មីថ្មោងភាគច្រើន ភាពរីករាយស្រលាញ់កូនដ៏លើសលប់ បានមកគ្របដណ្តប់ បាំងបាត់ក្តី នឿយហត់ ព្រួយបារម្ភ ខ្វល់ខ្វាយឬការបាក់ទឹកចិត្តជិតឈឹង។ ប៉ុន្តែសម្រាប់អ្នកជាម្តាយខ្លះទៀត កូនទើបកើតបានប៉ុន្មានថ្ងៃសោះ ស្រាប់តែមានអារម្មណ៍បាក់ទឹកចិត្តព្រួយថាមិនអាចទទួលខុសត្រូវមើលកូន អស់កម្លាំងចិត្ត-កម្លាំងកាយ លែងចង់ថ្នាក់ថ្នមស្រលាញ់កូន។ នៅប្រទេសបារាំង មានស្ត្រីទើបឆ្លងទន្លេរួចប្រមាណពី១០ទៅ២០%ធ្លាក់ខ្លួនមានអាការៈបែបនេះ។ នោះគឺជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។គ្មាននរណាសូវលើកមកនិយាយ បាក់ទឹកចិត្តក្រោយការសម្រាលកូនរួច ជាជំងឺរោគចិត្តមួយដ៏ពិតៗ ដែលតម្រូវឱ្យមានការព្យាបាលនិងតាមដានសុខភាពម្តាយយ៉ាងត្រឹមត្រូវ។ ជំងឺនេះអាចលេចឡើងនៅប៉ុន្មានថ្ងៃក្រោយសម្រាលកូនរួច និងរហូតដល់កូនមានអាយុជាងមួយខួប។ គ្រាន់តែរយៈពេលដែលមានហានិភ័យខ្ពស់បំផុត គឺនៅពេលកូនខ្ចីអាយុបាន៦ទៅ៨អាទិត្យ និងបន្ទាប់មកពេលកូនមានអាយុ៩ទៅ១៥ខែ។បន្ទាប់ពីសម្រាលកូនរួច នៅម្តុំថ្ងៃទីបី ស្ត្រីជាម្តាយថ្មីថ្មោងហាក់មានអារម្មណ៍អាប់អួរ កើតទុក្ខ ចង់យំដោយឥតមូលហេតុ។ អាការៈបែបនេះមានលេចឡើងពីរបីម៉ោង ជួនដល់ពីរបីថ្ងៃ រួចក៏បាត់ទៅវិញដោយឯងៗ ដោយគ្មានត្រូវការការព្យាបាលអ្វីទាំងអស់ (វត្តមាននិងទឹកចិត្តយោគយល់របស់ក្រុមគ្រួសារ គ្រប់គ្រាន់នឹងជួយស្ត្រីសរសៃខ្ចីនេះបានហើយ)។ នេះជាបាតុភូតខ្លី ធម្មតា ហៅតាមភាសាបច្ចេកទេសថា Baby Blues ដែលបណ្តាលមកពីការអស់កម្លាំងពេលប្រឹងបង្កើតកូន និងការធ្លាក់ចុះជាគំហុកនៃអ័រមូន Œstrogèneនិង Progestéroneពីក្នុងសរីរាង្គកាយ។ កាលនៅពរពោះស្ត្រីមានអ័រមូនទាំងពីរនេះច្រើនខ្លាំងណាស់។ស្ត្រីប្រមាណពី៥០ទៅ៨០%តែងជួបបាតុភូត Baby blues ក្រោយពីឆ្លងទន្លេរួចបានពីរបីថ្ងៃ ប៉ុន្តែជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូន អាចបណ្តាលមកពីមូលហេតុផ្សេង ដែលមិនមែនជាបញ្ហាសរីរវិទ្យាសោះ។ ធ្លាក់ទឹកចិត្តក្រោយសម្រាលកូន ជាជំងឺដែលធ្ងន់ធ្ងរ អាចអូសបន្លាយយូរ ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវ។ជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលកូនមានរោគសញ្ញាដូចម្តេចខ្លះ? ជាញឹកញាប់បំផុត ស្ត្រីមានអាការៈនឿយហត់អស់កម្លាំងខ្លាំងស្ទើររលីងតែម្តង ពេលឆ្លងទន្លេរួច។ ភាពជាម្តាយក្នុងពេលដំបូងៗភ្លាម តែងអស់កម្លាំងខ្លាំងជាធម្មតា តែក្នុងករណីមានជំងឺធ្លាក់ទឹកចិត្ត ស្ត្រីមានអាការៈអស់កម្លាំងខ្លាំងចម្លែក ខុសគេឯង និងយ៉ាងហួសហេតុ។ ផ្ទុយទៅវិញ ស្ត្រីជាជនរងគ្រោះនៃជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូនខ្លះអាចភាព រវើកសកម្មខុសទំនងទៅវិញ។ ហើយទន្ទឹមគ្នានោះ ស្រ្តីមានបញ្ហាដំណេក សំរាន្តមិនលក់ ឬដេកមិនចង់ភ្ញាក់។ មានអារម្មណ៍ចង់តែយំ ហើយលាក់មិនឱ្យគេដឹង។ ទទួលទានមិនចូល។ មានអាក្បកិរិយាឆេវឆាវ ឆាប់ខឹង ខឹងមិនទំនង កើតទុក្ខ មានកង្វល់ មិនរីករាយស្វាគមន៍នឹងអ្វីដែលធ្លាប់នាំសប្បាយពីមុន។ មានអារម្មណ៍ថាអសមត្ថភាពក្នុងការមើលថែ និងស្រលាញ់កូន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង ស្ត្រីមានគំនិតចង់ធ្វើអត្តឃាតតែម្តងផង។គ្រប់ស្ត្រីរងគ្រោះមិនសុទ្ធតែមានអាការៈដូចរៀបរាប់ខាងលើទាំងអស់ទេ។ ខ្លះក៏មានអាការៈច្បាស់លាស់ខ្លាំង ខ្លះក៏ពិបាកដឹង។ ដោយហេតុថាជាទូទៅ ស្ត្រីមានជំងឺនេះច្រើនតែចង់លាក់ យើងត្រូវតែប្រុងប្រយ័ត្នខ្លាំងនៅពេលឃើញអ្នកទើបឆ្លងទន្លេរួចប្តូរផ្លាស់ឥរិយាបថនិងទម្លាប់។តើមានកត្តាហានិភ័យអ្វីខ្លះដែលនាំឱ្យមានជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន?មូលហេតុដែលគេជួបប្រទះជាញឹកញយជាងគេ គឺ មានព្រឹត្តិការណ៍ជីវិតបែបស្ត្រេសខ្លាំង មិនសូវមានទំនុកចិត្តលើខ្លួនឯង មានជីវិតឯកា មានបញ្ហាក្នុងជីវិតគូប្តីប្រពន្ធ ការប្តូរផ្លាស់សរីរាង្គកាយខ្លាំងនិងនឿយហត់ជ្រុលពេកក្នុងពេលបានសមាជិកថ្មី។ ស្ត្រេសពេលសម្រាលកូន លំបាកខ្លាំង ក៏អាចដើរតួសំខាន់នាំឱ្យងាយមានជំងឺបាក់ទឹកចិត្តដែរ។ ភាពក្រីក្រ ជីវភាពទ័លខ្លាំងគ្មានទស្សនវិស័យសម្រាប់អនាគត រស់តែម្នាក់ឯង គ្មានញាតិ គ្មានមិត្តចាំជួយចាំស្តាប់ទុក្ខលំបាក ធ្លាប់ឆ្លងកាត់កុមារភាពលំបាកលំបិន មានទំនាក់ទំនងមិនល្អជាមួយឪពុកម្តាយ ឬធ្លាប់មានករណីបាក់ទឹកចិត្តក្នុងកំណើតកូនមុនៗសុទ្ធសឹងជាហានិភ័យនាំឱ្យមានគ្រោះលេចជំងឺធ្លាក់ទឹកចិត្តក្រោយទន្លេជាថ្មី។តើមានមធ្យោបាយការពារមិនឱ្យកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនដែរឬទេ?មាន! ការអប់រំចិត្តសាស្ត្រ ឱ្យចេះសម្របខ្លួនទៅនឹងស្ថានភាពជីវិតថ្មី ចេះចាត់ចែងស្ត្រេស និងមានបណ្តាញទំនាក់ទំនង សម្រាប់ផ្តល់កម្លាំងចិត្តនិងកម្លាំងកាយ ជាមធ្យោបាយសំខាន់បំផុតក្នុងការការពារមិនឱ្យកើតជំងឺបាក់ទឹកចិត្ត។ ចូររៀបចំនិងស្វែងរកជំនួយនិងការគាំទ្រ ផ្លូវកាយផ្លូវចិត្តពីសំណាក់ក្រុមគ្រួសារសាច់ញាតិ ឬមិត្តភក្តិក្នុងរយៈពេលសម្រាកមាតុភាព។ម្យ៉ាងទៀត អឺរ៉ុបកំពុងសំលឹងមើលប្រពៃណី ថែទាំស្ត្រីទើបឆ្លងទន្លេ របស់បណ្តាជននៅអាស៊ី។ ផ្ទុយពីស្ត្រីនៅប្រទេសបារាំង ឬនៅអឺរ៉ុបជាទូទៅ ដែលក្រោយពីឆ្លងទន្លេហើយសម្រាកនៅមន្ទីរសម្ភពតែពីរបីថ្ងៃ នឹងចេញមកផ្ទះនិងមើលថែកូនដោយខ្លួនឯង ស្រ្តីអាស៊ីសរសៃខ្ចី ខ្លះតមមិនធ្វើការធ្ងន់រយៈពេលមួយខែ និងអាចពឹងពាក់លើក្រុមគ្រួសារបានស្ទើរតែទាំងស្រុង ដោយបានទទួលការថ្នមថែពីក្រុមគ្រួសារយ៉ាងពិសេស។ ដោយភាពជឿនលឿននាបច្ចុប្បន្ននេះ តែមិនបោះបង់ប្រពៃណីយកចិត្តទុកដាក់លើស្ត្រីសរសៃខ្ចី ប្រទេសកូរ៉េខាងត្បូងមានរចនាសម្ព័ន្ធថែទាំស្ត្រីទើបទន្លេរួចនិងកូនខ្ចី ទំនើបប្លែកពីគេ គឺមានជាសណ្ឋាគារកូនខ្ចី ឬសេវាអ្នកមើលថែកូនងារ និងគិលានុបដ្ឋាកប្រកបដោយបទពិសោធន៍ខ្ពស់ច្រើនឆ្នាំមកមើលថែមុជទឹកផ្តេកទារក ដាំបាយដាំទឹក ជារៀងរាល់ដើម្បីឱ្យស្ត្រីទើបឆ្លងទន្លេរួចមានពេលវេលាសម្រាកគ្រប់គ្រាន់ មានកម្លាំងពលំពេញលេញឡើងវិញ និងបានជាស្នាមថ្នេរបួសពេលកើតកូន លែងសូវមានឈាមធ្លាក់ឈាម។ នៅប្រទេសចិន តាមទម្លាប់បូរាណស្ត្រីឆ្លងទន្លេហើយត្រូវសំងំសម្រាកនៅផ្ទះពេញមួយខែ ហើយក៏មានរចនាសម្ព័ន្ធជឿនលឿនសេវាខ្ពស់ ទៅតាមតម្រូវការនិងជីវភាពមានបានរបស់មនុស្សម្នាក់ៗ។ មជ្ឈមណ្ឌលថែទាំស្ត្រីឆ្លងទន្លេរួចខ្លះមានចំណាត់ថ្នាក់ផ្កាយ៥ ដូចសណ្ឋាគារប្រណិតៗដែរ៕
9/27/2023 • 9 minutes, 7 seconds តើគួរព្រួយបារម្ភខ្លាចNipahបង្ករោគរាតត្បាតទ េ?
អាជ្ញាធរឥណ្ឌាបានប្រកាសនៅសប្តាហ៍មុនថាកំពុងប្រឹងទប់ទល់នឹងការរាតត្បាតនៃវីរ៉ុសNipah។ វីរ៉ុសដែលចម្លងពីសត្វមកមនុស្ស និងអាចបង្កឱ្យមានជំងឺក្តៅខ្លួនយ៉ាងខ្លាំង ក្នុងកំរិតអត្រាមរណៈខ្ពស់គួរឱ្យព្រួយបារម្ភ។ តើវីរ៉ុសNipahជាអ្វី? កាលពីថ្ងៃទី១៤កញ្ញា អាជ្ញាធរឥណ្ឌាបានចេញបម្រាមកំរិតការជួបជុំគ្នាជាសាធារណៈ និងបិទសាលារៀនមួយចំនួននៅក្នុងរដ្ឋកេរ៉ាឡា រដ្ឋភាគខាងត្បូងនៃប្រទេស ក្រោយពីមានករណីស្លាប់មនុស្សពីរនាក់ដោយឆ្លងវីរ៉ុសNipah។ ក្រៅពីមនុស្សស្លាប់ គេសង្កេតឃើញមានយ៉ាងហោចមនុស្សបួននាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បីនាក់ផ្សេងទៀតវិជ្ជមានNipahនិងកំពុងតាមដានមនុស្សជាង៧០០នាក់ ក្នុងនោះ១៥៣នាក់ជាបុគ្គលិកធ្វើការនៅក្នុងវិស័យសុខាភិបាល ដែលជាករណីពាក់ព័ន្ធផ្ទាល់នឹងមានផ្ទុកមេរោគNipah។តើ Nipah ជាអ្វី?Nipah ជា វីរ៉ុសប្រភេទ Paramyxovirus ចម្លងដោយសត្វប្រចៀវ និងមានវត្តមានពេញតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងNipahធ្លាប់បង្កឱ្យមានជំងឺរាតត្បាត ជាលើកដំបូងគេបង្អស់នៅឆ្នាំ១៩៩៨ នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីមានផ្ទុះការចម្លងវីរ៉ុសក្នុងរង្វង់អ្នកចិញ្ចឹមសត្វជ្រូក នៅភូមិNipah ទើបជាប់ ជាប់ឈ្មោះថា Nipah តាំងពីពេលនោះមក។ វីរ៉ុសNipah ជាភ្នាក់ងារចម្លងថ្មីដែលអាចបង្កបង្កើតឱ្យទៅជាជំងឺរាតត្បាតធ្ងន់ធ្ងរបាន ទើបអង្គការសុខភាពពិភពលោកបានចាត់បញ្ចូល Nipahក្នុងបញ្ជីជាមួយនឹងវីរ៉ុស អេបូឡា ហ្ស៊ីកា និងកូវីដ១៩ ថាដូចជាជំងឺជាច្រើនមុនទៀត ដែលត្រូវធ្វើសិក្សាស្រាវជ្រាវជាអាទិភាព ដើម្បីបានដឹងអំពីសក្តានុពលនាំឱ្យមានរោគរាតត្បាត។Nipahអាចចម្លងជាទូទៅពីសត្វមកមនុស្ស ឬតាមម្ហូបអាហារមានផ្ទុកវីរ៉ុស និងក៏អាចចម្លងពីមនុស្សទៅមនុស្សបានទៀត។ សត្វជាភ្នាក់ងារចម្លងវីរ៉ុសមកមនុស្ស មានជាអាទិ៍សត្វប្រចៀវ ឬសត្វជ្រូក។ ជាសត្វស៊ីផ្លែឈើ ប្រចៀវមានផ្ទុកវីរ៉ុសNipahក្នុងខ្លួនពីកំណើត និងធ្លាប់ត្រូវបានគេកំណត់ថាជាដើមហេតុនាំមានជំងឺរាតត្បាតក្រោយៗមក។នៅពេលវីរ៉ុសNipahចម្លងចូលមកដល់ក្នុងខ្លួនមនុស្សហើយ វាអាចសំងំក្នុងសរីរាង្គយើងរយៈពេលពី៤ទៅ១៤ថ្ងៃ ជួនរហូតដល់៤៥ថ្ងៃ ទើបចេញជារោគសញ្ញាជំងឺ។ អាការៈសញ្ញារោគNipahចំបងគេអាចជាការក្តៅខ្លួនខ្លាំង ក្អួត ប្រកាច់ និងការរលាកផ្លូវដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង Nipahអាចនាំឱ្យខួរក្បាលរលាកស្លាប់ភ្លាម ឬធ្វើសន្លប់លែងដឹងខ្លួន។ ការសិក្សាអាមេរិកបារាំងអង់គ្លេស លើអ្នកមានជំងឺNipahបានបង្ហាញឱ្យឃើញថា មនុស្សពេញវ័យវិជ្ជមានNipah ហើយមានរោគសញ្ញារលាកផ្លូវដង្ហើមមានកំរិតចម្លងខ្ពស់ ទៅមនុស្សធំផ្សេងទៀតនៅជុំវិញខ្លួន។បើតាមអង្គការសុខភាពពិភពលោក អត្រាមរណៈនៃអ្នកឆ្លងមេរោគNipah មានកំរិតប្រមាណពី៤០ទៅ៧៥% ហើយមកទល់ថ្ងៃនេះ ពុំទាន់មានទេថ្នាំព្យាបាល និងថ្នាំបង្ការជំងឺNipah។ អ្នកស្រាវជ្រាវនៅមិនទាន់យល់ច្បាស់អំពីការចម្លងមេរោគNipahនៅឡើយទេ។ គេត្រូវការសិក្សាស៊ីជម្រៅច្រើនទៀត។Nipahធ្លាប់ជាជំងឺរាតត្បាតខ្លាំង?ជំងឺរាតត្បាតNipahទីមួយ បានសម្លាប់ជីវិតមនុស្សអស់ជាង១០០នាក់ នៅប្រទេសម៉ាឡេស៊ី និងដើម្បីបិទខ្ទប់ការរាតត្បាតនៃវីរ៉ុស ឱ្យអាជ្ញាធរចាត់វិធានការសម្លាប់សត្វជ្រូក អស់ជាច្រើនលានក្បាល។ សិង្ហបុរីប្រទេសជិតខាងម៉ាឡេស៊ី ក៏រងការរាតត្បាតឆ្លងពីម៉ាឡេស៊ីដែរ នៅពេលនោះ ដោយមានពលរដ្ឋឆ្លងនិងកើតជំងឺNipahចំនួន១១នាក់ និងម្នាក់បានស្លាប់បាត់បង់ជីវិត។ ពួកគេសុទ្ធសឹងជាអ្នកធ្វើការនៅកន្លែងកាប់ជ្រូកដែលនាំចូលមកពីម៉ាឡេស៊ី។ តាំងពីពេលនោះមក ជំងឺNipahមានលេចឡើងតែនៅក្នុងប្រទេសបង់ក្លាដែសនិងឥណ្ឌា។ ប្រទេសបានឆ្លងកាត់ជំងឺរាតត្បាតNipahជាលើកទីមួយនៅឆ្នាំ២០០១។ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ បង់ក្លាដែសរងគ្រោះNipahខ្លាំងជាង ដោយមានមនុស្សស្លាប់ព្រោះNipah អស់ជាង១០០នាក់ គិតចាប់តាំងពីឆ្នាំ២០០១មក។Nipahក្នុងទម្រង់ជាជំងឺរាតត្បាត បានផ្ទុះឡើងពីរលើកនៅឥណ្ឌា និងបានឆក់យកជីវិតមនុស្សអស់ជាង៥០នាក់ ក្នុងនោះ១៧នាក់នៅរដ្ឋការ៉ាឡា ទម្រាំអាជ្ញាធរទប់ស្កាត់បាន។ កាលពីខែមុន រដ្ឋកេរ៉ាឡា ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស Nipahបានលេចឡើងជាថ្មី ដោយមានស្លាប់ពីរនាក់។ នេះជារលកចម្លងNipahលើកទីបួនហើយសម្រាប់រដ្ឋកេរ៉ាឡា គិតចាប់តាំងពីឆ្នាំ២០១៨មក។ហេតុអ្វីការចម្លងវីរ៉ុសពីសត្វទៅមនុស្ស មានការកើនឡើង?កូវីដ១៩មិនទាន់ទៅផុតផង Nipahបានមកដល់ទៀត តើនឹងមានជំងឺប្លែកៗច្រើនលេចឡើងប៉ុន្មានមុខទៀត នៅថ្ងៃអនាគត? ហេតុអ្វីមេរោគរបស់សត្វស្រាប់តែអាចចម្លងមកមនុស្សបានកាន់តែច្រើនឡើងៗយ៉ាងដូច្នេះ? Zoonoses លេចឡើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែជំងឺសត្វឆ្លងអាចមកមនុស្ស បានកើនឡើងខ្លាំងនារយៈពេល២០ទៅ៣០ឆ្នាំចុងក្រោយនេះ។ វឌ្ឍនភាពនៃការធ្វើដំណើរឆ្លងស្រុក ឆ្លងទ្វីប ជាកត្តានាំឱ្យមានការរីករាលដាលចម្លងយ៉ាងលឿនរហ័ស។ ការពង្រីកផ្ទៃដីរស់នៅ ការវាតទី រុករុលភពផែនដី ... ទង្វើរបស់មនុស្សទាំងអស់នេះមានចំណែកបំផ្លាញប្រព័ន្ធអេក្រូសាស្ត្រធំណាស់ និងជាការបង្កើនប្រូបាលីតេនៃការបំប្លែងខ្លួនរបស់វីរ៉ុស ដែលអាចចម្លងពីសត្វមកមនុស្ស។ នេះបើតាមការគូសបញ្ជាក់របស់អ្នកជំនាញ។កសិកម្មបែបឧស្សាហកម្មក៏បានបង្កើនហានិភ័យចម្លងរីករាលដាលរបស់មេរោគនិងភ្នាក់ងារចម្លងជំងឺរវាងសត្វនិងសត្វ។ ឯការកាប់ព្រៃឈើបានជំរុញឱ្យសត្វព្រៃ សត្វស្រុក និងមនុស្សបានជួបនិងមានទំនាក់ទំនងកាន់តែច្រើនជាងមុន។ ការរស់នៅកាន់តែច្របូកច្របល់ លាយលំគ្នាកាន់តែខ្លាំង ការចម្លងមេរោគពីប្រភេទសត្វមួយទៅសត្វ ឬពីមនុស្សទៅសត្វ ពីសត្វមកមនុស្សក៏កាន់តែងាយ និងបាតុភូតដែលសម្រួលឱ្យងាយលេចឡើងនូវជំងឺថ្មី ប្លែកមានសក្តានុពលឆ្លងនិងរាតត្បាតមកមនុស្សកាន់តែខ្លាំងដែរ។ជាចុងក្រោយ គឺការប្រែប្រួលអាកាសធាតុ។ មិនខុសពីមនុស្ស ការប្រែប្រួលអាកាសធាតុបានរុញច្រានសត្វជាច្រើនឱ្យរត់គេចពីទ្រនំ គេចប្រព័ន្ធអេក្រូសាស្ត្រចាស់របស់ខ្លួនទៅរកទឹកដីថ្មីដែលអនុគ្រោះនិងងាយស្រួលរស់ជាងមុន។ នេះបើតាមការសិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០២២។ បើការប៉ាន់ស្មានចុះផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រឆ្នាំ២០១៨ មានវីរ៉ុសនៅលើសត្វចិញ្ចឹមកូនដោយទឹកដោះនិងសត្វស្លាបប្រមាណជាង១,៧លាន ដែលមនុស្សមិនស្គាល់ ក្នុងនោះពី៥៤០០០០ទៅ៨៥០០០០ទំនងជាមានសមត្ថភាពឆ្លងមកមនុស្ស៕
9/18/2023 • 7 minutes, 47 seconds មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការ ប្រឆាំងមេរោគHPVដែរ
មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរហេតុអ្វីក្មេងប្រុសត្រូវចាក់ថ្នាំបង្ការដែរ បើពួកគេគ្មានសីររាង្គស្បូនផងនោះ ?! វ៉ាក់សាំងប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារបង្កជំងឺមហារីកកស្បូនដ៏ចម្បងមួយ មិនមែនផលិតឡើងសម្រាប់តែចាក់លើក្មេងជំទង់ភេទស្រីទេ ដូចការគិតពីមុនទេ។ ដើម្បីអាចការពារខ្លួនពីជំងឺមហារីកផ្សេងៗ និងសង្ឃឹមលុបបំបាត់ទាំងស្រុងជំងឺមហារីកកស្បូន ក្មេងប្រុសក៏មានកាតព្វកិច្ចចាំបាច់ត្រូវចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសដែរ។ តើមេរោគប៉ាពីឡូម៉ាវីរ៉ុស ឬHPV អាចបង្កជំងឺអ្វីខ្លះ? តើក្មេងប្រុសនិងក្មេងស្រីត្រូវចាក់ថ្នាំបង្ការនេះនៅពេលណា? នៅប្រទេសបារាំង អាជ្ញាធរបានផ្តល់អនុសាសន៍តាំងពីឆ្នាំ២០០៧មក ឱ្យក្មេងស្រីជំទង់អាយុ១១ទៅ១៤ឆ្នាំ (មិនទាន់មានទំនាក់ទំនងផ្លូវភេទ) ចាក់វ៉ាក់សាំងប្រឆាំងមេរោគប៉ាពីឡូម៉ាវីរ៉ុស HPV និងសម្រាប់ក្មេងប្រុសវ័យជំទង់ដូចគ្នា ចាប់ពីឆ្នាំ២០២១មក។ក្នុងមួយឆ្នាំៗ មេរោគប៉ាពីឡូម៉ាវីរ៉ុស ជាដើមហេតុនាំឱ្យមានអ្នកជំងឺមហារីកថ្មីចំនួន៦ពាន់ករណីថ្មី ភាគច្រើនជាមហារីកកស្បូន ដោយសម្លាប់ជីវិតអស់១១០០នាក់ នៅបារាំង និងបុរសកើតមហារីកប្រមាណ៦៩៤០០នាក់ ក្នុងកំរិតពិភពលោក នៅឆ្នាំ២០១៨។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ។តើប៉ាពីឡូម៉ាវីរ៉ុសជាមេរោគអ្វី?Human papillomavirus ឬហៅកាត់ថា HPV ពពួកមេរោគបង្កជំងឺឆ្លងតាមផ្លូវភេទដែលរីករាលដាលខ្លាំងជាងគេ ជាចង្កោមគ្រួសារវីរ៉ុសដែលមានសមត្ថភាពចម្លងលើកោសិកាស្បែក និង/ឬលើភ្នាស។ អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ សម្គាល់ឃើញវីរ៉ុសនេះមានប្រមាណជិត២០០ប្រភេទ។សែនមហាឆ្លង វីរ៉ុសអាចចម្លងតាមការប៉ះពាល់គ្នា និងជាញឹកញយបំផុត តាមរយៈការរួមរក្ស។ មានស្ត្រីបុរសច្រើនខ្លាំងណាស់ (រហូតដល់ប្រមាណ៨០%) ដែលប្រឈមនឹងការឆ្លងវីរ៉ុសនេះ យ៉ាងហោចណាស់ក៏ម្តងដែរ ក្នុងមួយជីវិតពេលមានសកម្មភ្លាមផ្លូវភេទ។ ស្រោមអនាម័យដែលជាមធ្យោបាយការពារជំងឺកាមរោគជាច្រើនដ៏ប្រពៃបំផុតនោះ ក៏មិនអាចធានាការពារការចម្លងមេរោគប៉ាពីឡូម៉ាវីរ៉ុសបានយ៉ាងប្រាកដដែរ ព្រោះក្រុមមេរោគនេះអាចឆ្លងជារឿយៗដែរតាមដៃនិងតាមមាត់។ វីរ៉ុសHPV អាចឆ្លងនៅគ្រប់កន្លែង មិនមែនតែនៅត្រង់ប្រដាប់បន្តពូជទេ។ឆ្លងប៉ាពីឡូម៉ាវីរ៉ុសនឹងបង្កឱ្យមានជំងឺមហារីកជាស្វ័យប្រវត្តិ?ឆ្លងHPVចូលក្នុងខ្លួន មិនប្រាកដថាសុទ្ធតែនឹងអាចមានជំងឺមហារីកនៅថ្ងៃមុខទេ។ មិនផ្តល់រោគសញ្ញា មេរោគHPVភាគច្រើន អាចជាទៅវិញដោយឯងៗ នៅរវាង៦ទៅ១៨ខែក្រោយការឆ្លង។ ក្នុងករណីនេះ អ្នកផ្ទុកមេរោគ គ្មានប្រឈមនឹងហានិភ័យកើតជំងឺមហារីកទេ។ មានតែការបង្ករោគរ៉ាំរ៉ៃ នៃប្រភេទវីរ៉ុសHPVខ្លះទេដែលអាចនាំដល់ជំងឺមហារីក។ នៅក្នុងចង្កោមវីរ៉ុសនេះ មាន១២ប្រភេទអាចសំងំត្រាំត្រែងក្នុងសរីរាង្គកាយ និងបង្កឱ្យមានដុំសាច់ងាយក្លាយជាជំងឺមហារីកបាន នៅថ្ងៃអនាគត។ការឆ្លងវីរ៉ុសHPVញយៗនិងរ៉ាំរ៉ៃ ធ្វើឱ្យកកើតជាដុំដំបៅងាយក្លាយទៅជាជំងឺមហារីក ដែលហៅតាមបែបបច្ចេកទេសវេជ្ជសាស្ត្រថា CIN (Néoplasie Intra-épithéliale)។ នេះមិនទាន់ហៅថាមហារីកទេ។ ក្នុងដំណាក់កាលនេះ ទោះលេចទៅជាដុំសាច់បែបមហារីកក៏ដោយ ក៏ សរីរាង្គកាយមនុស្សនៅតែងអាចកម្ចាត់មេរោគប៉ាពីឡូម៉ាវីរ៉ុសបានដែរ។បើគ្មានការព្យាបាល CIN អាចវិវឌ្ឍទៅជាមហារីកកស្បូន។ ហេតុដូច្នេះហើយបានជាគ្រូពេទ្យជំនាញនិងអាជ្ញាធរសុខាភិបាលតែងណែនាំឱ្យស្ត្រីក្នុងវ័យ២៥-៦៥ឆ្នាំ អញ្ជើញទៅធ្វើតេស្តពិនិត្យស្បូនរកមើលរោគមហារីក ជាងរាល់បីឆ្នាំម្តង បើគ្មានសញ្ញាសង្ស័យ។ ការវិវឌ្ឍទៅជំងឺមហារីក មានដំណើរយឺតខ្លាំងណាស់។ ការតាមដានសុខភាពស្បូនដោយទៀងទាត់អាចបញ្ចៀសមិនឱ្យមេរោគរាលដាលទៅជាមហារីកបានទាន់ពេលវេលា។ថ្វីបើស្ត្រីងាយរងគ្រោះនឹងមេរោគHPVខ្លាំងជាងគេមែន ប៉ុន្តែបុរសក៏មិនរួចខ្លួនដែរ។ ជិតមួយភាគបីនៃបុរស (៣១%) ទំនងជាមានផ្ទុកប៉ាពីឡូម៉ាវីរ៉ុសHPV មួយឬច្រើនប្រភេទនៅក្នុងខ្លួន និងម្នាក់ក្នុងចំណោម៥នាក់ ឆ្លងប្រភេទប៉ាពីឡូម៉ាវីរ៉ុសដែលមានហានិភ័យមហារីកខ្ពស់។ នេះបើតាមការសិក្សាចំនួន៦៥ នៅរវាងពីឆ្នាំ១៩៩៥-២០២២។នៅលើខ្លួនស្ត្រី ជំងឺមហារីកកស្បូន ស្ទើរទាំងស្រុង (៩៩%) បង្កឡើងដោយមេរោគប៉ាពីឡូម៉ាវីរ៉ុស។ តែHPV ក៏ជាភ្នាក់ងារនាំឱ្យមានជំងឺមហារីកផ្សេងៗទៀត លើមនុស្សទូទៅ ដូចជា មហារីកទ្វារធំ មហារីកនៅប្រព័ន្ធប្រចុះមាត់បំពង់ក អាមីដាល អណ្តាត ទ្វារមាស ឬលិង្គ។ វីរ៉ុសHPVមានបង្កប់ហានិភ័យមហារីក អាចសំងំរីកលូតលាស់បង្កើតដុំសាច់ រួចក្លាយជាដុំមហារីក ដោយប្រើរយៈពេលជាច្រើនឆ្នាំ ឬដល់រាប់សិបឆ្នាំក្រោយការឆ្លងឯណោះ។តើគេអាចការពារកុំឱ្យឆ្លងប៉ាពីឡូម៉ាវីរ៉ុសបានដែរឬទេ?ពាក្យស្លោក “ការពារប្រសើរជាងព្យាបាល” មានតម្លៃជានិច្ច។ គ្មានការព្យាបាលណាប្រសើរជាងការពារទេ។ ហើយការការពារដ៏ប្រពៃជាងគេបំផុតប្រឆាំងនឹងមេរោគកំណាចប៉ាពីឡូម៉ាវីរ៉ុស គ្មានអ្វីក្រៅអំពីការចាក់ថ្នាំបង្ការ មុនពេលមានការចម្លងមេរោគ ឡើយ។បើតាមអ្នកជំនាញ ថ្នាំបង្ការមានប្រសិទ្ធភាពខ្ពស់មែនទែន ប្រសិនបើចាក់បានតាំងពីពុំធ្លាប់មានទំនាក់ទំនងផ្លូវភេទសោះ។ ហេតុដូច្នេះហើយបានជាអាជ្ញាធរណែនាំឱ្យពលរដ្ឋនាំកូនទាំងស្រីទាំងប្រុស ទៅចាក់ថ្នាំបង្ការប្រឆាំងHPV ជាទូទៅ ចាប់ពីអាយុ១១ឆ្នាំឡើងទៅ និងអាចយឺតយ៉ាវរហូតដល់អាយុ១៩ឆ្នាំ ឬត្រឹម២៦ឆ្នាំសម្រាប់បុរសដែលស្រលាញ់ភេទដូចគ្នា។គ្មានសរីរាង្គស្បូនមែន តែការផ្តល់ថ្នាំបង្ការដល់ក្មេងប្រុសមានសារៈប្រយោជន៍ខ្លាំងណាស់។ ទីមួយ ថ្នាំបង្ការបំពេញកិច្ចការពារដោយផ្ទាល់ មិនឱ្យមានជំងឺមហារីក និងជំងឺឬសកមកើតនៅលើប្រដាប់ភេទ និងតំបន់ជុំវិញប្រដាប់បន្តពូជ។ ប្រសិទ្ធភាពនៃថ្នាំបង្ការប្រឆាំងHPV មានបញ្ជាក់យ៉ាងច្បាស់លាស់។ ផលប្រយោជន៍ទីពីរ គឺថ្នាំបង្ការផ្តល់ការពារមិនឱ្យធ្លាក់ខ្លួនមានជំងឺមហារីកលើប្រព័ន្ធច្រមុះមាត់បំពង់ក ដែលតែងកើតឡើងជាញឹកញាប់លើមនុស្សប្រុស ដោយហេតុមានផ្ទុកមេរោគប៉ាពីឡូម៉ាវីរ៉ុស។ គុណប្រយោជន៍ចុងក្រោយនិងទីបី គឺវ៉ាក់សាំងជាអាវុធការពារនិងកាត់បន្ថយការចម្លងមេរោគ។ ក្មេងប្រុស ជាអនាគតដៃគូស្នេហា ជាអនាគតស្វាមី ដូច្នេះក្មេងប្រុសក៏ត្រូវតែចាក់ថ្នាំបង្ការដើម្បីជួយកាត់បន្ថយហានិភ័យនៃការចម្លងវីរ៉ុស។ ក្មេងប្រុសមានផ្ទុកHPV នឹងទៅចម្លងក្មេងស្រី ហើយស្រីនៅជាមួយប្រុស ប្រុសនៅជាមួយស្រី ប្រុសឆ្លងពីប្រុសដូចគ្នា ហើយក៏មានស្រីឆ្លងពីស្រីដូចគ្នា មេរោគនឹងធ្វើចរាចរណ៍វិលទៅវិលមក។ ដល់ពេលមួយ បើយើងចង់បញ្ឈប់សកម្មភាពចម្លងរបស់មេរោគ គឺមានតែទៅចាក់ថ្នាំបង្ការគ្រប់គ្នា។អូស្ត្រាលី អាមេរិក បានបើកយុទ្ធនាការចាក់ថ្នាំបង្ការលើក្មេងស្រីជំទង់តាំងពីឆ្នាំ២០០៧ និង២០១១-២០១៣សម្រាប់ក្មេងប្រុសជំទង់។ ជាលទ្ធផល វីរ៉ុសHPV បាត់ខ្លួនស្ទើរលែងមានការចម្លងសោះ ករណីលេចដុំសាច់អាចក្លាយជាមហារីកក៏រលុបបាត់ស្ទើរទាំងស្រុងដែរ។ បើតាមទិន្នន័យដំបូងរបស់ប្រទេសស៊ុយអែត ស្តីពីសុខភាពក្មេងអាយុ១០ឆ្នាំដល់៣០ឆ្នាំចំនួន១លាន៦សែននៅ ក្នុងអំឡុងពេលពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៧ ចេញផ្សាយនៅឆ្នាំ២០២០ បានបង្ហាញឱ្យឃើញថា អត្រាហានិភ័យមានជំងឺមហារីកកំណាចលើស្ត្រីបានចាក់ថ្នាំបង្ការប្រឆាំងHPVមុនអាយុ១៧ឆ្នាំ បានធ្លាក់ចុះអស់៨៨%។ ការសិក្សាក្រោយមកទៀតនៅអង់គ្លេស បានរកឃើញថា ជំងឺមហារីកកស្បូនបានធ្លាក់ចុះជាគំហុក ស្ទើរគ្មានម្នាក់សោះ តាំងពីប្រទេសមានកម្មវិធីចាក់ថ្នាំបង្ការប្រឆាំងHPVនៅឆ្នាំ២០០០មក។ប៉ុន្តែថ្នាំបង្ការមិនអាចរារាំងមិនឱ្យកើតជំងឺមហារីកបានទាំងស្រុងទេ។ សម្រាប់ជំងឺមហារីកកស្បូន ការធ្វើតេស្តវិភាគរកមើលមេរោគមហារីកនៅតែចាំបាច់ជានិច្ច៕
9/13/2023 • 9 minutes, 29 seconds តើគួរព្រួយបារម្ភអំពីមេរោគជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីៗឬទេ?
តាំងពីខែឧសភា២០២៣មក អង្គការសុខភាពពិភពលោកលែងចាត់ទុកជំងឺរាតត្បាតកូវីដជាការគំរាមកំហែងសុខភាពសាធារណៈពិភពលោកទៀតហើយ ប៉ុន្តែជំងឺកូវីដនៅតែបន្តចម្លង ក្នុងប្រទេសនិងបន្តបំប្លែងខ្លួន មានលេចទម្រង់ថ្មីជារហូត។ បន្ទាប់ពី ដែលតា អូមីក្រុង ដែលបានចម្លងផ្អើលពិភពលោក អេរីស និងពីរូឡា ជាមេរោគកូវីដបំប្លែងខ្លួនថ្មីៗ យ៉ាងហោចពីរទៀតដែលកំពុងស្ថិតក្រោមការតាមដានពិសេសរបស់អង្គការសុខភាពពិភពលោក។ តើមេរោគបំប្លែងថ្មីទាំងនេះ គួរឱ្យខ្លាចរអារយ៉ាងណា? លែងជាករណីបន្ទាន់សកលមែន លែងសូវមានព័ត៌មាននិយាយអំពីកូវីដមែន តែកូវីដមិនបានទៅណាឆ្ងាយទេ។ កូវីដនៅតែបន្តចម្លង និងបំប្លែងខ្លួន។ អង្គការសុខភាពពិភពលោក ក៏ដូចជាអាជ្ញាធរប្រទេសមួយចំនួន មានជាអាទិ៍អាមេរិកឬបារាំង បន្តតានដានសកម្មភាពវិវឌ្ឍន៍របស់កូវីដ យ៉ាងស្អិតជានិច្ច។ តាំងពីប៉ុន្មានសប្តាហ៍មកនេះ ករណីឆ្លងកូវីដ១៩ បានស្ទុះកើនឡើងជាថ្មី ដោយហេតុតែមេរោគកូវីដបំប្លែងខ្លួនថ្មីឈ្មោះអេរីស។ ៣៥%នៃអ្នកជំងឺកូវីដមានផ្ទុកមេរោគបំប្លែងអេរីស។ បន្ថែមពីលើអេរីស មានលេចការគំរាមកំហែងនៃមេរោគបំប្លែងថ្មីមួយទៀត។ បន្ទាប់ពីធ្វើដំណើរឆ្លងក្នុងជាង១៥ប្រទេស ពីអាហ្វ្រិកខាងត្បូង ដល់ដាណឺម៉ាក កាត់តាមអ៊ីស្រាអែល ស្វីស អង់គ្លេស ឬអេស្ប៉ាញ ពីរ៉ូឡា បានមកដល់ប្រទេសបារាំង ជាមួយកំរិតបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភ។កូវីដបំប្លែងខ្លួនថ្មីនឹងបង្កឱ្យមានរលកចម្លងថ្មី?ជាសមាជិកថ្មីក្នុងចង្កោមគ្រួសារអូមីក្រុង ពីរ៉ូឡា ឬBA.2.86បានបំប្លែងខ្លួនខ្លាំង ដោយប្តូរទម្រង់គួរឱ្យកត់សម្គាល់ជាង៤០ដង មានន័យថាវាមានសមត្ថភាពវិវឌ្ឍប្តូរផ្លាស់ខ្លាំងនិងអាចចម្លងរីករាលដាលយ៉ាងងាយណាស់។ ទម្រង់បំប្លែងខ្លះអាចមានឥទ្ធិពលលើប្រព័ន្ធការពារសរីរាង្គកាយមនុស្សផង។នៅក្នុងការបំប្លែងខ្លួនរបស់វីរុស អ្នកវិទ្យាសាស្ត្រតាមដានជាពិសេសការបំប្លែងខ្លួនពីរយ៉ាងនៅលើប្រូតេអ៊ីនSpike ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្លងមេរោគនិងក្នុងការការពារសរីរាង្គកាយ។ ជាការបំប្លែងទម្រង់ដែលមាននៅលើមេរោគដើមនៅវ៉ូហាន និងដែលប្រហាក់ប្រហែលនឹងមេរោគបំប្លែងខ្លួនដែលតា។ហេតុដូច្នេះហើយបានជាបានអង្គការសុខភាពពិភពលោកចាត់ពីរ៉ូឡាចូលក្នុងចង្កោមមេរោគត្រូវតាមដានជាពិសេស ព្រោះវាបានបំប្លែងខ្លួនលើសពី៣០ដង ដោយអាចនឹងធ្វើឱ្យចំនួនអ្នកឆ្លងហក់ឡើងខ្លាំងដល់កំពូលជាថ្មី។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏គ្មាននរណាទាញឬស្រែកអាសន្នថាពីរ៉ូឡាជាមេរោគបំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់នៅឡើយទេ។ គេមិនរំពឹងថានឹងមានអ្នកជំងឺធ្លាក់ខ្លួនឈឺក្នុងស្ថានភាពធ្ងន់ធ្ងរ និងស្លាប់ច្រើន ដូចរលកចម្លងដោយមេរោគបំប្លែងខ្លួនដែលតាឬអូមីក្រុងទេ។តើត្រូវវិលទៅប្រកាន់ក្បួនអនាម័យប្រឆាំងកូវីដឡើងវិញ?ទម្លាប់ល្អគួរតែរក្សាឱ្យបានល្អ យ៉ាងណាមិញ ក្បួនអនាម័យជាប្រចាំថ្ងៃតាំងពីបីឆ្នាំមកនេះ គួរតែបន្តប្រកាន់ឱ្យបានខ្ជាប់ខ្ជួន។ អាជ្ញាធរសុខាភិបាលបារាំងបានផុ្តល់អនុសាសន៍ និងណែនាំឱ្យបន្តពាក់ម៉ាស់ នៅតាមទីកន្លែងបិទជិត នៅក្នុងពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬនៅទីតាមការប្រមូលផ្តុំមនុស្សច្រើន។សូមឧស្សាហ៍លាងសម្អាតដៃ ឱ្យញឹកញាប់។ កំរិតការប៉ះពាល់ជាមួយមនុស្សមានសុខភាពទន់ខ្សោយ ចាស់ជរា មានជំងឺ ឬក្មេងតូចៗ។ ឧស្សាហ៍បើកទ្វារបង្អួចផ្ទះ បន្ទប់ស្នាក់នៅបន្ទប់ដេក ឱ្យខ្យល់ចេញចូល ជាច្រើនដងក្នុងមួយថ្ងៃ។ដើម្បីកំរិតហានិភ័យចម្លងវីរ៉ុស ចាំបាច់ត្រូវតែបើកន្សែងក្រដាស តែម្តងហើយគ្រវាត់ចោលក្នុងធុងសំរាមបិទជិត ក្រោយពេលជូតមាត់។ ខ្ទប់មាត់ច្រមុះពេលកណ្តាស់ និងក្អក ក្នុងកែងដៃ។ល។តើត្រូវធ្វើយ៉ាងណានៅពេលមានរោគសញ្ញា?ប្រសិនមានរោគសញ្ញាជំងឺ គួរឱ្យសង្ស័យថាជាកូវីដ សូមប្រកាន់កាយវិការអនាម័យរារាំងកុំឱ្យមានការចម្លងទៅអ្នកជុំវិញខ្លួន។ ហើយរួសរាន់ទៅធ្វើតេស្តរកមើលឱ្យប្រាកដចិត្តថាពិតជាឆ្លងកូវីដ១៩។ ក្នុងករណីមានបញ្ហាផ្លូវដង្ហើម ពិបាកដកដង្ហើម ហាក់ដូចជាថប់ខ្យល់ ដងដង្ហើមមិនដល់គ្នា ដោយគ្រាន់តែបញ្ចេញកម្លាំងឬប្រឹងនិយាយ សូមប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ។តើគួរចាក់ថ្នាំបង្ការកូវីដទៀតដែរឬទេ?ដើម្បីការពារខ្លួនក្នុងរដូវរងារ គ្មានអ្វីប្រសើរជាងការចាក់ថ្នាំបង្ការទេ។ ដូចសេចក្តីណែនាំ អង្គការសុខភាពពិភពលោកកាលពីខែមិថុនា ភ្នាក់ងារឱសថអឺរ៉ុប ទើបបានអនុម័តកាលពីថ្ងៃពុធទី ១កញ្ញា២០២៣ អនុញ្ញាតឱ្យក្រុមហ៊ុនPfizer BioNtech ធ្វើចរាចរណ៍ថ្នាំបង្ការកូវីដថ្មីសម្រាប់ប្រយុទ្ធប្រឆាំងនឹងក្រុមមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលកំពុងសកម្ម នាពេលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ អាជ្ញាធរអឺរ៉ុបបានថែមទាំងផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាននីមួយៗជំរុញការចាក់ថ្នាំបង្ការថ្មី ដែលមានប្រសិទ្ធភាពទប់ទល់នឹងពពួកមេរោគបំប្លែងក្នុងចង្កោមគ្រួសារមេរោគអូមីក្រុង។វ៉ាក់សាំងComirnaty Omicron អាចចាក់លើមនុស្សចាស់និងក្មេងចាប់ពីអាយុ៦ខែឡើងទៅ។ មនុស្សពេញវ័យនិងក្មេងអាយុលើសពី៥ឆ្នាំ ត្រូវការចាក់ថ្នាំបង្ការថ្មីតែមួយដូសតែប៉ុណ្ណោះ មិនថាគេមានប្រវត្តិចាក់វ៉ាក់សាំងកូវីដពីមុនយ៉ាងណាទេ។ ចំណែកក្មេងតូចខ្លាំង អាចទទួលវ៉ាក់សាំងពីមួយដូសទៅបីដូស ទៅតាមស្ថានភាពសុខភាពរបស់ទារក។ នេះបើតាមការលម្អិតរបស់ភ្នាក់ងារឱសថអឺរ៉ុបដដែល ដោយបញ្ជាក់ថា ផលរំខាននៃថ្នាំបង្ការកូវីដ មានតិចតូចនិងស្រាល ហើយក្នុងរយៈពេលខ្លីបំផុត។ ផលរំខានធ្ងន់ធ្ងរជាករណីកម្រខ្លាំងណាស់។នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការចាក់ថ្នាំបង្ការ មានថ្នាំបង្ការបីមុខដែលប្រជាពលរដ្ឋងាយរងគ្រោះអាចរកចាក់បាន តាមការណែនាំរបស់អង្គការសុខភាពពិភពលោក គឺថ្នាំបង្ការរបស់ក្រុមហ៊ុនPfizer Moderna និង Navavax៕
9/6/2023 • 6 minutes, 11 seconds ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា ?
ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេចជំងឺថ្មី ... សកម្មភាពរបស់មនុស្សបាននិងកំពុងបំផ្លាញប្រព័ន្ធអេកូសាស្ត្រ ជីវចម្រុះខ្លាំងណាស់ និង ធ្វើឱ្យអាកាសធាតុប្រែប្រួល។ ហើយសកម្មភាពនេះ កំពុងតែវាយបកមកលើសុខភាពរបស់មនុស្សវិញ។ តើការប្រែប្រួលអាកាសធាតុជះឥទ្ធិពលយ៉ាងណាខ្លះ ដល់សុខភាព ? ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (Giec) បានទាញសញ្ញាអាសន្ន តាមរយៈរបាយការណ៍ជាបន្តបន្ទាប់ អំពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ ផ្ទាំងទឹកកករលាយ ទឹកមហាសមុទ្ទឡើងកម្ពស់ គំរាមត្របាក់តំបន់ឆ្នេរទំនាប ព្យុះភ្លៀងកំណាចលែងមានរដូវ ទឹកជំនន់កាន់តែធំ ភាពរាំងស្ងួតកាន់តែញឹកញយ សីតុណ្ហភាពឡើងក្តៅហួសហេតុ កំហែងជីវិតជីវចម្រុះឱ្យប្រឈមនឹងការផុតរលត់ ... ទាំងនេះជាផលវិបាកនៃការប្រែប្រួលអាកាសធាតុដែលបើតាមអ្នកជំនាញបណ្តាលមកពីកំណើនឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស បញ្ចេញដោយស្នាដៃមនុស្សតាមរយៈការប្រើចំហេះផូស៊ីល (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត ...)។ការឡើងកម្តៅអាកាសធាតុនេះ បានធ្វើឱ្យបរិស្ថានប្រែប្រួល យ៉ាងខ្លាំង និងអាចជះឥទ្ធិពលធ្ងន់ធ្ងរនិងដោយផ្ទាល់លើសុខភាពរបស់មនុស្ស។ ហើយគឺតំបន់ដែលពុំសូវបានចូលរួមធ្វើឱ្យអាកាសធាតុប្រែប្រួល ដែលក្រុមមនុស្សរស់នៅក្នុងតំបន់នោះងាយរងគ្រោះនឹងជំងឺ លេចឡើងដោយការឡើងកម្តៅអាកាសធាតុ ហើយមានចំនួនអ្នកស្លាប់ដោយអាកាសធាតុកើនឡើងលឿនខ្លាំង។ តំបន់មានហានិភ័យខ្ពស់ជាងគេគឺ តំបន់ទំនាបជុំវិញមហាសមុទ្ទប៉ាស៊ីហ្វិក មហាសមុទ្ទឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការសុខភាពពិភពលោក ការប្រែប្រួលអាកាសធាតុជាភ្នាក់ងារសម្លាប់ជីវិតមនុស្សយ៉ាងហោច១៥ម៉ឺននាក់ ក្នុងមួយឆ្នាំៗ និងឡើងដល់ទ្វេដងនៅឆ្នាំ២០៣០។ តើការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់សុខភាពយ៉ាងណា ? អ្នកស្រីវេជ្ជបណ្ឌិត Lucile Sesé គ្រូពេទ្យជំនាញសួត នៅមន្ទីរពេទ្យAvicennes ជាយទីក្រុងប៉ារីស ៖ “ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះសុខភាពមានច្រើន។ យើងអាចរាប់ ជាឧទាហរណ៍ ទាក់ទងនឹងជំងឺផ្លូវដង្ហើម ការឡើងកម្តៅខ្លាំងនឹងធ្វើឱ្យអ្នកមានជំងឺផ្លូវដង្ហើមស្រាប់ត្រូវការទៅរកការព្យាបាលពីគ្រូពេទ្យកាន់តែញាប់ និងមានហានិភ័យមរណៈកាន់តែខ្ពស់ ដោយហេតុតែមានបញ្ហាសរសៃឈាម។ ទាក់ទងនឹងការឡើងកម្តៅខ្លាំងដែរ នៅពេលសីតុណ្ហភាពឡើងខ្ពស់ ភាពប្រឈមនឹងអូហ្សូនក៏កាន់តែខ្លាំង អ្នកមានជំងឺផ្លូវដង្ហើម ហឺត រលាកសួតរ៉ាំរ៉ៃ កាន់តែពិបាករកដង្ហើមថែមទៀត។ អាកាសធាតុប្រែប្រួល មេឃកាន់តែក្តៅ រដូវលែងទៀង រយៈពេលរុក្ខជាតិចេញផ្កា សាយលម្អង អូសបន្លាយ និងកាន់តែវែង មនុស្សងាយកើតអាល់ឡែកហ្ស៊ី កាន់តែច្រើន ជំងឺទាក់ទងនឹងអាល់ឡែកហ្ស៊ី កាន់តែធ្ងន់ធ្ងរ ។ ឥលូវនេះ មានមនុស្សប្រមាណ ៣០% មានបញ្ហារលាកច្រមុះដោយអាល់ឡែកហ្ស៊ី តែថ្ងៃមុខនឹងចំនួនអ្នកជំងឺប្រភេទនឹងមានកើនច្រើនឡើងៗជារៀងរាល់ឆ្នាំ។”ការប្រែប្រួលអាកាសធាតុជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ លើសុខភាពទូទៅរបស់មនុស្ស តែនៅពេលគេនិយាយអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះសុខភាព គេតែងភ្ជាប់ និងនឹកគិតឃើញភ្លាមស្ទើរជាស្វ័យប្រវត្តិដល់ បញ្ហាគុណភាពខ្យល់ក្នុងបរិយាកាស ដល់ផលវិបាកនៃខ្យល់ពុល។ អ្នកស្រីវេជ្ជបណ្ឌិត Sesé ៖ « សព្វថ្ងៃនេះ យើង- គ្រូពេទ្យផ្នែកសួត- យើងប្រឹងប្រែងពន្យល់អំពីបញ្ហាខ្យល់ពុល ប្រាប់ទៅអ្នកជំងឺ ជាញឹកញយ ដូចយើងបញ្ជៀបអំពីផលវិបាកនៃការជក់បារីដែរ ព្រោះយើងដឹងថា ខ្យល់ពុលជាអ្នកផ្តួចផ្តើមឱ្យលេចមានជំងឺខ្លះ មានជាអាទិ៍ជំងឺហឺតលើកុមារ មហារីកលើអ្នកមិនជក់បារី ... នេះជាឧទាហរណ៍ជាក់ស្តែង ដែលមានការសិក្សាបញ្ជាក់ត្រឹមត្រូវ។ បន្ទាប់មកទៀត ខ្យល់ពុលសម្រួល ឱ្យជំងឺកាន់តែឆាប់ធ្ងន់ធ្ងរ ដូចជាជំងឺក្រិនថ្លើម ហឺត រលាកទងសួត។ ដូច្នេះអ្នកជំងឺត្រូវស្វែងយល់អំពីព័ត៌មានទាក់ទងនឹងគុណភាពខ្យល់ និងឆាប់រួសរាន់រកជំនួយពីគ្រូពេទ្យនៅពេលឃើញមានរោគសញ្ញាចាប់ធ្លាក់ដុនដាប។ ហើយយើងក៏បង្រៀនអ្នកជំងឺឱ្យយល់ដឹងនិងប្រុងប្រយ័ត្នចំពោះគុណភាពខ្យល់ក្នុងផ្ទះទៀត។”ការប្រែប្រួលអាកាសធាតុ ជាដើមហេតុបង្កឱ្យលេចជំងឺថ្មីៗ ?ការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការប្រែប្រួលជាខ្សែបន្តបន្ទាប់គ្នា តាំងពីការលេចពូជសត្វរុក្ខជាតិថ្មី ទៅការប្តូរផ្លាស់ឥរិយាបថ ដែលនាំផលរំខាន ដោយមិនផ្ទាល់ដល់មនុស្សគ្រប់រូប។ ជាក់ស្តែងការឡើងកម្តៅអាកាសធាតុ អាចសម្រួលឱ្យមានលេចនិងការរីកសាយភាយពពួកមីក្រុប រុក្ខជាតិ និងសត្វ ចង្រៃ ដែលអាចជាប្រភពនាំឱ្យមានជំងឺអាឡែកហ្ស៊ី ជំងឺពុល ឬជំងឺឆ្លង។ អ្នកស្រីវេជ្ជបណ្ឌិត Sesé ៖ “ការប្រែប្រួលអាកាសធាតុ ច្បាស់ណាស់ថាជាកត្តានាំជំងឺកាន់ងាយធ្ងន់ធ្ងរ តែវាក៏ជាកត្តាដើមហេតុនាំកើតមានជំងឺថ្មី។ គេដឹងថា ខ្យល់ពុលបានធ្វើឱ្យមានមនុស្សធ្លាក់ខ្លួនកើតអាល់ឡែកហ្ស៊ីកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ហើយគេដឹងទៀតថា ខ្យល់ពុលអាចបង្កើនកម្លាំងវីរុស បង្កើនសមត្ថភាពចម្លងរបស់វីរុស។ ដូច្នេះ កត្តាបរិស្ថាន ខ្លះ ជាដើមហេតុនាំឱ្យលេចឡើងនូវជំងឺថ្មី។”ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងដែលមានភ្នាក់ងារចម្លងជាសត្វ កំពុងស្ថិតក្នុងការតាមដានជាពិសេស។ ពីមុនមក គេតែងទម្លាក់កំហុស ទៅលើការដឹកជញ្ជូន និងការធ្វើដំណើរ កាន់តែលឿនកាន់ច្រើន ថាជាដឹកជញ្ជូនភ្នាក់ងារចម្លងមេរោគ ឆ្លង ពីតំបន់មួយទៅតំបន់មួយ។ ប៉ុន្តែតាំងពីថ្មីៗនេះមក អ្នកវិទ្យាសាស្ត្រក៏បានរាប់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុថាជាភ្នាក់ងារចម្លងជំងឺបង្កឡើងដោយមេរោគ ដែរ ព្រោះការឡើងកម្តៅអាកាសធាតុ សម្រួលនិងពន្លឿនការលូតលាស់របស់ភ្នាក់ងារបង្កជំងឺ ឧទាហរណ៍សត្វមូសខ្លា ដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម គ្រុនឈីក និងហ្ស៊ីកា។បើតាមអង្គការសុខភាពពិភពលោក ការឡើងកម្តៅអាកាសធាតុ ២ទៅ៣អង្សា នឹងបង្កើនអត្រាមនុស្សកើតជំងឺគ្រុនចាញ់៥% ហើយមនុស្សយ៉ាងហោច២ពាន់លាននាក់ត្រូវរស់ប្រឈមនឹងគ្រោះកើតជំងឺគ្រុនឈាម នៅឆ្នាំ២០៨០។ការឡើងកម្តៅខ្យល់បរិយាកាស ជះឥទ្ធិពលដោយផ្ទាល់ទៅលើសុខភាពមនុស្ស ដោយត្រូវប្រឈមនឹងជំងឺក្តៅខ្លួនញយៗ និងជំងឺសរសៃឈាមបេះដូង ឬផ្លូវដង្ហើម ដែលអាចជំរុញឱ្យអត្រាមរណៈឡើងខ្ពស់លើសធម្មតា។ ការសិក្សារបស់អាជ្ញាធរសុខាភិបាលបារាំងទើបបានចេញផ្សាយរបាយការណ៍ថ្មីមួយបញ្ជាក់អំពីកំណើនគួរឱ្យកត់សម្គាល់នៃអត្រាមរណៈដោយហេតុអាកាសធាតុក្តៅខ្លាំង៕
7/12/2023 • 7 minutes, 44 seconds លំហាត់ យ៉ូហ្កា Yoga អាចចាត់ទុកជាវិធីព្យាបាលជំង ឺ ?
ថ្ងៃទី ២១ មិថុនា ជាទិវាយូហ្កាពិភពលោក។ យ៉ូហ្កាមិនមែនគ្រាន់តែលំហាត់ផ្តល់ភាពទន់ភ្លន់ដល់រាងកាយទេ តែជាលំហាត់សម្រាប់គ្រប់គ្រងឥរិយាបថនៃជីវិត។ លំហាត់ឬក្បាច់ហាត់សាមញ្ញៗ អាចជួយយើងឱ្យមានអភិវឌ្ឍបុគ្គល អារម្មណ៍ និងគ្រប់គ្រងស្ត្រេស ហើយសម្រួលដល់សុខមាលភាពព្រមទាំងសុខភាពទៀត។ តើការហាត់យ៉ូហ្កាអាចជួយព្យាបាលសុខភាពយ៉ាងណា ? មានកំណើតនៅឥណ្ឌា យ៉ូហ្កាដែលជាភាសាសំង្ក្រឹត មានន័យថា ភ្ជាប់ ឬផ្សំគ្នា ជានិម្មិតរូប នៃការបង្រួបបង្រួមសរីរាង្គកាយនិងស្មារតី កាយនិងចិត្ត។ ការហាត់យ៉ូហ្កា កើនប្រជាប្រិយភាពជាលំដាប់ និងមានហាត់ក្នុងទម្រង់ប្លែកៗគ្នាពីតំបន់មួយទៅតំបន់មួយនៃភពផែនដី។ ប៉ុន្តែ យ៉ូហ្កា មិនមែនត្រឹមតែ ជា លំហាត់ប្រាណ ធម្មតាទេ។ បើតាមអ្នកជំនាញ ការហាត់យ៉ូហ្កា គឺជាការបណ្តុះមធ្យោបាយរក្សាលំនឹងឥរិយាបថក្នុងការរស់នៅប្រចាំថ្ងៃ និងបណ្តុះសមត្ថភាព ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។មានប្រជាប្រិយភាពជាលក្ខណៈសកល អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី ១១ធ្នូ ២០១៤ ទទួលស្គាល់ ថ្ងៃទី ២១មិថុនា ជាទិវាយ៉ូហ្កាពិភពលោក។ គម្រោងសេចក្តីសម្រេចចិត្តស្នើឡើងដោយប្រទេសឥណ្ឌាបានទទួលការគាំទ្ររដ្ឋសមាជិកចំនួន១៧៥ប្រទេស។លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលជាអ្នកផ្តួចផ្តើមបង្កើតទិវាយ៉ូហ្កាអន្តរជាតិនេះឡើង បានអះអាងប្រាប់អង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៦៩ថា “យ៉ូហ្កា ជានិម្មិតរូបនៃរួមភ្ជាប់ស្មារតីនិងរាងកាយ គំនិតនិងសកម្មភាព ដែលនឹងនាំមកនូវគុណប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងសុខមាលភាព។ យ៉ូហ្កាមិនមែនគ្រាន់តែជាលំហាត់ប្រាណ ពត់បន្ទន់កាយសម្បទាទេ តែជាមធ្យោបាយផ្គុំតែមួយ រវាងពិភពលោកនិងធម្មជាតិ។” សេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីភាពសំខាន់ដែលបុគ្គល និងពលរដ្ឋ គួរជ្រើសរើស (យ៉ូហ្កា) អ្វីដែលល្អសម្រាប់សុខភាព និងបន្តមានរៀបរបបរស់នៅបែបទ្រទ្រង់ឱ្យមានសុខភាពល្អ។ ក្នុងន័យនេះអង្គការសុខភាពពិភពលោក បានថែមទាំងណែនាំរដ្ឋជាសមាជិកទាំងអស់ឱ្យជួយជំរុញពលរដ្ឋខ្លួនទៅបញ្ចេញសកម្មភាពកាយសម្បទា កាត់បន្ថយភាពអសកម្មនៃសរីរាង្គកាយ។ កម្មវត្ថុនៃទិវាយ៉ូហ្កាអន្តរជាតិ ដៅបញ្ច្រៀបមតិសាធារណៈពិភពលោកឱ្យបានយល់អំពីគុណប្រយោជន៍ដ៏ច្រើននៃការហាត់យ៉ូហ្កា។ តើការហាត់យ៉ូហ្កា ពិតជាផ្តល់ប្រយោជន៍ល្អសម្រាប់សុខភាពមែនឬយ៉ាងណា ? តើអ្នកវិទ្យាសាស្ត្រយល់ស្រប និងបានសិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពនៃលំហាត់យ៉ូហ្កាដែរឬទេ ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Lionel Coudron គ្រូពេទ្យកីឡា មានជំនាញរបបអាហារ និងជានាយកវិទ្យាស្ថានព្យាបាលដោយយ៉ូហ្កា ៖យ៉ូហ្កា និងការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រអ្វីដែលអស្ចារ្យបំផុតសម្រាប់ខ្ញុំនោះ គឺកាលពី៤០ឆ្នាំមុន នៅពេលចាប់ផ្តើមហាត់យ៉ូហ្កា ខ្ញុំមានអារម្មណ៍ស្រួលខ្លួនជាងមុន ទើបខ្ញុំជឿលើយ៉ូហ្កា ហើយបន្តចង់ហាត់ទៀត តែពុំមានភស្តុតាងបែបវិទ្យាសាស្ត្របញ្ជាក់អំពីប្រសិទ្ធភាពនៃការហាត់យ៉ូហ្កា ចំពោះសុខភាពឡើយ ទោះបីលំហាត់យ៉ូហ្កា មានតាំងពីពាក់កណ្តាលសតវត្សរ៍ទី២០មកក៏ដោយ។ នៅឥណ្ឌា កាលពីមុន មានតែការសិក្សាអំពីមូលដ្ឋានគ្រឹះនៃយ៉ូហ្កាប៉ុណ្ណោះ។ ទើបតែជាង២០ឆ្នាំចុងក្រោយនេះទេដែលមានការសិក្សា បែបគ្លីនិក។ ការសិក្សាបែបនេះ អាចបញ្ជាក់បានអំពីប្រសិទ្ធភាពនៃយ៉ូហ្កា។ សម័យនេះ វេជ្ជសាស្ត្រត្រូវការភស្តុតាង។ គឺជាការធម្មតា។ គេមិនអាចធ្វើអ្វីផ្តេសផ្តាសបានឡើយ ហើយក៏មិនអាចផ្តល់ការណែនាំមនុស្សគ្រប់រូប ដោយប្រើពាក្យទទេបានដែរ។ ឥលូវ គេបានដឹងហើយថាយ៉ូហ្កាមានប្រសិទ្ធភាពល្អ ព្រោះមានការសិក្សាយ៉ាងហ្មត់ចត់ តាមប្រូតូកូលនិងច្បាប់យ៉ាងច្បាស់លាស់។ គ្រាន់តែថា នៅក្នុងយ៉ូហ្កា គេមិនអាចធ្វើពិសោធន៍ប្លាសឺបូបាន (ពិសោធន៍ប្លាសឺបូ គឺមានអ្នកប្រើរបស់ពិត និងអ្នកប្រើរបស់បញ្ឆោត ដោយមិនដឹងខ្លួន)។ ដើម្បីជំនួសការពិសោធន៍ប្លាសឺបូ អ្នកស្រាវជ្រាវបានប្រើវិធីផ្សេង គឺសិក្សាត្រួតពិនិត្យនិងប្រៀបធៀប រវាងការព្យាបាលជំងឺឧទាហរណ៍ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ឈឺចង្កេះ ឈឺខ្នង ដោយហាត់យ៉ូហ្កា ប្រៀបជាមួយការព្យាបាលដោយប្រើថ្នាំ។ ជាលទ្ធផល អ្នកជំងឺបានធូរស្បើយច្រើនមែនទែន បន្ទាប់ពីហាត់យ៉ូហ្កាបាន៦សប្តាហ៍។ ការសិក្សាទាំងនោះ ពាក់កណ្តាលធ្វើនៅឥណ្ឌាដែលមានប្រពៃណីធ្វើយ៉ូហ្កាមុនគេ និងពាក់កណ្តាលទៀត នៅតាមបណ្តាប្រទេសលោកខាងលិច តែជាក់ស្តែងនិងច្រើនជាងគេនៅសហរដ្ឋអាមេរិកតែម្តង។ យ៉ូហ្កា និងព្យាបាលជំងឺ គេមានទម្លាប់និយាយថា ហាត់យ៉ូហ្កា អាចជួយសម្រាលអារម្មណ៍ ជួយព្យាបាលជំងឺថប់បារម្ភ ស្ត្រេស ជំងឺផ្លូវចិត្ត គេងមិនលក់ ឬឈឺចង្កេះ។ តែគេមិនសូវ ឬលើកឡើងតិចតួចនៅឡើយអំពីការព្យាបាល វិបត្តិប្រព័ន្ធរំលាយអាហារ។ តាមការពិតទៅនោះ មាន ក្បាច់យ៉ូហ្កាច្រើនណាស់ ដែលអាចជួយសម្រួលដំណើរការរបស់ពោះវៀន ពីអាការៈទល់លាមក ភើ ចុកឆ្អល់ ឬហើមពោះ ឬអាការៈណែនធ្ងន់ពោះ អាហារមិនកិន ។ល។ និង។ល។ ក្បាច់ទាំងអស់នោះមាននៅក្នុងលំហាត់យ៉ូហ្កាធម្មតា និងលំហាត់ដែលមិនអាចខ្វះបាន គឺការលំហាត់ធ្វើម៉ាស្សាតំបន់ពោះទាំងមូល ព្រមទាំងលំហាត់ឆ្លើយតបនឹងអាការៈជំងឺណាមួយជាពិសេសទៀត។ ក្នុងករណីទល់លាមក ក្បាច់យ៉ូហ្កាខ្លះអាចទម្លាយអាការៈជំងឺបាន ដោយហាត់តែមួយសេអង់។ យ៉ូហ្កា ក៏អាចជាដំណោះស្រាយសម្រាប់គ្រប់អាការៈឈឺចុកចាប់ មិនថាជាការឈឺចុកចាប់នៅពោះ នៅខ្នងនៅចង្កេះ ឬនៅក្បាលទេ។ អាការៈឈឺក្បាលប្រកាំង ឬឈឺក្បាលទាំងមូល ឬនៅផ្នែកណាមួយ នឹងបានធូរស្បើយតាមរយៈលំហាត់យ៉ូហ្កា។ មានការសិក្សាបង្ហាញពីប្រយោជន៍នៃការហាត់យ៉ូហ្កា ចំពោះករណីឈឺក្បាល ដោយហេតុតែភាពតានតឹងនិងមានសម្ពាធ និងករណីឈឺក្បាលប្រកាំង។ លទ្ធផលវេជ្ជសាស្ត្របានបង្ហាញថា យ៉ូហ្កាជួយសម្រួលឱ្យស្ថានភាពជំងឺបានប្រសើរឡើង ដូចជាលែងសូវឈឺ និងមិនសូវញាប់ញាប់ តែមិនអាចបំបាត់ការឈឺក្បាលប្រកាំង ឱ្យជាដាច់ទាំងស្រុងទេ។ សម្រាលកំរិតឈឺ និងឈឺរង្វើល ដោយពីមុនធ្លាប់ឈឺក្បាលម្តងក្នុងមួយសប្តាហ៍ រួចថយមកនៅត្រឹមមួយថ្ងៃត្រឹមពីរខែឈឺម្តង នៅពេលបានហាត់ហូហ្កា ពិតជាអាចប្តូរផ្លាស់អារម្មណ៍អ្នកជំងឺបានច្រើន។ តែបើជាអាការៈជំងឺឈឺក្បាលដោយមានសម្ពាធតានតឹងវិញ ជាទូទៅ យ៉ូហ្កាអាចព្យាបាលបានជាដាច់ លែងឈឺសោះតែម្តង។ ការហាត់យ៉ូហ្កាការជ្រើសរើសសាលាសម្រាប់យ៉ូហ្កាច្រើនជាឧសបគ្គចម្បងមួយនៃការចាប់ផ្តើម។ តែដើម្បីបានដឹងថាតើគ្រូបង្ហាត់យ៉ូហ្កាណាល្អ មានតែអញ្ជើញទៅសាកល្បងដោយផ្ទាល់ ព្រោះការហាត់យ៉ូហ្កា មិនមែនត្រឹមតែជាការហាត់ពន់ពេន លើកដៃលើកជើងសម្របជាមួយចលនាដង្ហើមទេ តែត្រូវឱ្យមានបរិយាកាស បរិស្ថាន និងទំនាក់ទំនងប្រកបដោយទំនុកចិត្តរវាងអ្នកហាត់និងអ្នកបង្ហាត់។ បើមិនពេញចិត្ត សូមសាកល្បងជាមួយអ្នកបង្វឹកម្នាក់ទៀត និងស្វែងយល់ពីអ្នកបង្ហាត់ថាតើគាត់ពិតជាបានទទួលការបំពាក់បំប៉នត្រឹមត្រូវដែរឬអត់។ការហាត់យ៉ូហ្កា ក៏អាចធ្វើឡើង ដោយខ្លួនឯង តែម្នាក់ឯង តាមរយៈការទិញសៀវភៅពន្យល់អំពីក្បួនហាត់ ប្រសិនបើអ្នកមានឆន្ទៈពិត និងតាមការណែនាំតាមអនឡាញ។ ដោយមានកិច្ចសហការជាមួយឥណ្ឌា អង្គការសហប្រជាជាតិបានដាក់ឱ្យដំណើរការ កម្មវិធីហាត់យ៉ូហ្កា ដើម្បីជួយពលរដ្ឋឱ្យបញ្ចេញសកម្មភាព និងរក្សាសុខភាព។ WHO mYoga ជាកម្មវិធីប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព គ្មានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ទេ។ លោកអ្នកអាចទាញយកកម្មវិធីនេះមកប្រើក្នុងទូរស័ព្ទដៃ ដោយគិតគិតថ្លៃ៕
6/21/2023 • 8 minutes, 53 seconds តើបញ្ញាសិប្បនិម្មិត នឹងមកជំនួសគ្រូពេទ្យឬ ?
នៅក្នុងវិស័យខ្លះ បញ្ញាសិប្បនិម្មិត បានមកជំនួសការងារមនុស្សជាបណ្តើរៗស្រេចទៅហើយ។ នៅក្នុងវិស័យសុខាភិបាលវិញ បញ្ញាសិប្បនិម្មិត បានក្លាយជាឧបករណ៍ដ៏ចាំបាច់សម្រាប់វិភាគរូប នៃការថតឆ្លុះ ហើយបានប្រឡងជាប់ដោយជោគជ័យជាមួយនិស្សិតពេទ្យទៀតផង។ ឧបករណ៍វេជ្ជសាស្ត្រមានបំពាក់កម្មវិធីបញ្ញាសិប្បនិម្មិតមួយ មានសមត្ថភាពអាចទិន្នន័យសុខភាពដូចគ្រូពេទ្យ និងអាចព្យាករ ហានិភ័យស្លាប់ ហានិភ័យឈឺ ហានិភ័យផ្សេងៗរបស់អ្នកជំងឺបានយ៉ាងប្រាកដ។ ដូច្នេះតើវាអាចទៅរួចទេ ដែលថាអនាគតទៅយើងអាចពិគ្រោះជំងឺជាមួយ បញ្ញាសិប្បនិម្មិត ? ឬក៏ បញ្ញាសិប្បនិម្មិតនឹងមកជំនួសគ្រូពេទ្យ ? បញ្ញាសិប្បនិម្មិត្តក្នុងវិស័យវេជ្ជសាស្ត្រ គឺជាគំរូបច្ចេកវិទ្យាសិក្សាជាស្វ័យប្រវត្តិដើម្បីស្វែងរកទិន្នន័យសុខភាពនិងបានព័ត៌មានសម្រាប់វិនិច្ឆ័យលទ្ធផលសុខភាពឱ្យបានកាន់តែប្រសើរឡើង និងជាបទពិសោធន៍សម្រាប់អ្នកជំងឺផ្ទាល់ផង។ ដោយសារតែភាពជឿនលឿនផ្នែកព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រព័ត៌មាន បញ្ញាសិប្បនិម្មិត មានចំណែក យ៉ាងពេញលេញក្នុងវិស័យថែទាំសុខភាពសម័យទំនើប។ គំរូ និងកម្មវិធីរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត ត្រូវបានយកមកប្រើសម្រាប់ជួយអ្នកជំនាញសុខាភិបាល ទាំងក្នុងផ្នែកវិភាគអាការៈរោគ(គ្លីនិក) ក៏ដូចជាក្នុងផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតត្រូវបានប្រើ (ដើរតួនាទី) ច្រើនខ្លាំងក្នុងវិស័យសុខាភិបាល ដើម្បីជាជំនួយដល់ការសម្រេចចិត្តបែបគ្លីនិក និងវិភាគរូបភាព។ ជំនួយបែបគ្លីនិក នឹងជួយក្រុមគ្រូពេទ្យនៅពេលត្រូវសម្រេចអំពីការព្យាបាល ការផ្តល់ថ្នាំ អំពី សុខភាពខួរក្បាល និងតម្រូវការរបស់អ្នកជំងឺដោយផ្តល់ព័ត៌មានបានលឿន ឬរបស់អ្នកស្រាវជ្រាវដើម្បីប្រយោជន៍របស់អ្នកជំងឺ។ ខាងវិភាគរូបភាព បញ្ញាសិប្បនិម្មិត ជាបច្ចេកវិទ្យាដែលគេប្រើសម្រាប់វិភាគរូបភាព ថតឆ្លុះដោយវិទ្យុសកម្ម ដោយMRI ដោយវិធីផ្សេងៗ រកដំបៅ ឬសញ្ញាណាដែលអ្នកជំនាញ ជាមនុស្សមិនអាចមើលឃើញ។ជំងឺរាតត្បាតសកលកូវីដ១៩ បានផ្តល់មេរៀននិងជំរុញឱ្យអង្គការស្ថាប័នសុខាភិបាលជាំច្រើននៅ លើពិភពលោក មានឱកាសចាប់ផ្តើមសាកល្បងបច្ចេកវិទ្យាថ្មីដោយមានបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចជាកម្មវិធីតាមដានអ្នកជំងឺ ឬកម្មវិធីវែករកអ្នកមានផ្ទុកជំងឺកូវីដ១៩ ។ល។ ការសិក្សានិងលទ្ធផលនៃការសាកល្បងនេះ មិនទាន់ចប់ទេ។ ហើយ គេក៏កំពុងរៀបចំកំណត់បទដ្ឋានទូទៅនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងផ្នែកវេជ្ជសាស្ត្រដែរ។ ប៉ុន្តែ ទាំងអ្នកស្រាវជ្រាវ ក៏ដូចជាគ្រូពេទ្យ និងអ្នកជំងឺផ្ទាល់ ត្រូវការបញ្ញាសិប្បនិម្មិត កាន់តែខ្លាំងឡើងៗ ជាលំដាប់។ ចង់ឬមិនចង់ បញ្ញាសិប្បនិម្មិតនឹងក្លាយជាឧបករណ៍ស្នូលនៃប្រព័ន្ធសុខាភិបាលឌីជីថលរបស់វេជ្ជសាស្ត្រសម័យទំនើប។តើបញ្ញាសិប្បនិម្មិត្តពិតជាអាចជួយបង្ការហានិភ័យនានា និងអាចជួយដល់ក្រុមគ្រូពេទ្យយ៉ាងណាខ្លះ ? លោកវេជ្ជបណ្ឌិត Damien Mascretសម្រាប់ពេលនេះ បញ្ញាសិប្បនិម្មិត្ត មិនទាន់អាចមានសមត្ថភាពធ្វើល្អ ដូចអ្វីដែលក្រុមគ្រូពេទ្យវះកាត់ចង់បានទេ។ ប៉ុន្តែគេកំពុងប្រឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចកម្មវត្ថុនេះ ព្រោះឥលូវ បញ្ញាសិប្បនិម្មិត្តកំពុងមានភាពជឿនលឿនខ្លាំងសម្បើមណាស់។ នៅប្រទេសបារាំង នៅក្នុងផ្នែកថតឆ្លុះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតពេទ្យ អាចមានសមត្ថភាពវែករកឃើញករណីដាច់ហូរឈាមក្នុងខួរក្បាល ដ៏តូច។ បញ្ញាសិប្បនិម្មិតអាចមានសមត្ថភាពចាប់បានដុំពកក្នុងសួត។ បញ្ញាសិប្បនិម្មិតអាចមានសមត្ថភាពវិភាគក្នុងរយៈពេលតែប៉ុន្មាននាទី ដឹងភ្លាមថាក្នុងចំណោមរូបភាពរាប់ពាន់ រូបភាពថតកៀបសុដន់មួយណាមានភាពមិនប្រក្រតីអាចឈានទៅកើតរោគ មហារីកសុដន់។ បញ្ញាសិប្បនិម្មិត ស្ទើរជាភ្នែកទិព្វអាចមើលឃើញស្នាមបាក់ប្រេះលើឆ្អឹងដែលភ្នែកមនុស្សមើលមិនឃើញ។តើបញ្ញាសិប្បនិម្មិត នឹងមកជំនួសគ្រូពេទ្យនៅថ្ងៃអនាគតឬ ?ទោះបីគ្រប់គ្នាទទួលស្គាល់ថា បញ្ញាសិប្បនិម្មិតកំពុងលូតលាស់ខ្លាំង និងជាតម្រូវការសម្រាប់ស្ទើរគ្រប់វិស័យ រាប់ទាំងវិស័យវេជ្ជសាស្ត្រផង ដោយអាចដើរតួនាទី ជាជំនួយការដ៏ប្រពៃរបស់គ្រូពេទ្យក៏ដោយមែន ប៉ុន្តែ បញ្ញាសិប្បនិម្មិត មិនមែនជាគ្រូពេទ្យទេ និងមិនអាចជំនួសគ្រួពេទ្យបានឡើយ សម្រាប់ពេលនេះ និងនៅអនាគត។ ហេតុអ្វី ?តាំងពីប៉ុន្មានខែចុងក្រោយមកនេះ គ្មានសប្តាហ៍ណា ថ្ងៃណា ដែលគេមិនឮពាក្យបញ្ញាសិប្បនិម្មិតទេ ឧទាហរណ៍កម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT។ ជាបញ្ញាសិប្បនិម្មិតដែលគេអាចនិយាយឆ្លើយឆ្លងបានដោយផ្ទាល់មាត់ និងសួរបានគ្រប់រឿង។ កម្មវិធីនេះអាចប្រឌិតកំណាព្យតាមសំណូមពរអ្នក ឬអាចផ្តល់ព័ត៌មានស្តីពីកម្មវិធីដ៏ពេញនិយម ក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយថែមទាំងអាចធ្វើរោគវិនិច្ឆ័យទៅតាមការរៀបរាប់របស់អ្នកឆាតបានទៀតផង។ ប្រសិនបើអ្នកសរសេរថា ក្តៅខ្លួន ហៀរសំបោរ ឈឺបំពង់ក បញ្ញាសិប្បនិម្មិតបានឆ្លើយភ្លាមថា នេះជារោគសញ្ញានៃអាការៈផ្តាសាយ ឬមានការបង្ករោគនៅក្នុងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ។ បញ្ញាសិប្បនិម្មិតក៏បានបញ្ជាក់ដែរថា រោគសញ្ញានេះក៏អាចជាការបង្ករោគនៅកន្លែងផ្សេង និងបានផ្តល់ការណែនាំឱ្យវាស់កម្តៅសីតុណ្ហភាព និងទៅពិគ្រោះជាមួយគ្រូពេទ្យ តែក៏បានណែនាំ ឱ្យទៅរកថ្នាំលេប បំបាត់ការឈឺចាប់ ពពួក Ibuprofène ឬacétaminophène។ ក្នុងការសាកល្បងទីពីរ យើងសរសេរថា ឈឺពោះ និងរកកលចង់ក្អួត កម្មវិធីបញ្ញាសិប្បនិម្មិត ឆ្លើយបែបទូទៅខ្លាំងមែនទែន ថា ទំនងជាមានបញ្ហានៅពោះវៀន នៅថ្លើម មានការបង្ករោគ ឬមកពី ស្ត្រេស ... លើកនេះបញ្ញាសិប្បនិម្មិត មិនអាចអារកាត់ ថាជារោគសញ្ញាអ្វីឱ្យបានច្បាស់លាស់ទេ។ ជាសរុបទៅ លោកគ្រូពេទ្យផ្នែកជំងឺទូទៅ នៅបារាំងលោកវេជ្ជបណ្ឌិត Matthieu Calafiore មិនយល់ស្របនឹងការណែនាំរបស់បញ្ញាសិប្បនិម្មិតនេះទេ។Dr Matthieu Calafiore ៖ “អ្វីដែលល្អគឺត្រូវទៅជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យ នៅពេលក្តៅខ្លួន ដើម្បីលោកអាចវិនិច្ឆ័យបានថាមិនមែនជាការបង្ករោគដោយវីរុស ឬដោយបាក់តេរី។ ឱ្យលេបថ្នាំពពួកacétominophène ដែលជាក្រុមថ្នាំប៉ារ៉ាសេតាម៉ុល មិនជាបញ្ហាទេ តែការលេបថ្នាំក្រុម ibuprofène ដែលជាប្រភេទថ្នាំប្រឆាំងនឹងការរោលរលាក មិនល្អឡើយ ព្រោះប្រសិនបើមានការបង្ករោគ ថ្នាំនេះនឹងទៅបញ្ចុះប្រសិទ្ធភាពការពារខ្លួនរបស់គ្រាប់ឈាមស។ មិនគួរប្រើថ្នាំនេះទេ នៅពេលក្តៅខ្លួន។ ខ្ញុំមិនយល់ស្របតាមកម្មវិធីបញ្ញាសិប្បនិម្មិត ឡើយ។ ក្នុងករណីឈឺពោះ ការពិគ្រោះដោយសួរបញ្ញាសិប្បនិម្មិត និងដោយពិគ្រោះ ជាមួយគ្រូពេទ្យពីចម្ងាយ ពិតជាមិនអាចកំណត់រោគសញ្ញាបានដោយច្បាស់លាស់ឡើយ បើគ្មានការស្ទាបចុចលើពោះអ្នកជំងឺដោយផ្ទាល់ដៃរបស់គ្រូពេទ្យទេនោះ។ ដូច្នេះហើយបានជាខ្ញុំគិតថា ក្នុងអនាគតដ៏ខ្លីនេះ គេមិនអាចយកបញ្ញាសិប្បនិម្មិតមកជំនួសគ្រូពេទ្យបានដោយភ្លាមៗទេ។”សម្រាប់សាស្ត្រាចារ្យផ្នែកបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យប៉ារីសស័រប៊ន Paris-Sorbonne គេត្រូវតែគ្រប់គ្រងការប្រើប្រាស់កម្មវិធី បញ្ញាសិប្បនិម្មិត ក្នុងវិស័យវេជ្ជសាស្ត្រឱ្យត្រឹមត្រូវ។ អ្នកស្រី Laurence Devillers ក៏មិនគាំទ្រទាំងស្រុងគំនិតឱ្យបញ្ញាសិប្បនិម្មិតមកសម្រេចចិត្តជំនួសមនុស្សដែរ ដោយពន្យល់ថា មានផ្ទុកទិន្នន័យ យោបល់ ចំណេះដឹង ទ្រឹស្តី ព័ត៌មានមិនពិត រាប់ពាន់លាន ដូច្នេះគួរតែបង្កើតសហគមន៍វេជ្ជសាស្ត្រ មានសមត្ថភាពផ្តោះប្តូរចំណេះដឹងជាមួយម៉ាស៊ីន ដើម្បីផ្ទៀងផ្ទាត់នូវអ្វីដែលប្រព័ន្ធបញ្ញាសិប្បនិម្មិតនិយាយ។ ការសួរនាំបញ្ញាសិប្បនិម្មិតម្តងម្កាល អាចជារឿងល្អ តែត្រូវឱ្យមនុស្សជាអ្នកសម្រេច ទើបកាន់តែគួរឱ្យចាប់អារម្មណ៍។ អ្នកជំនាញសុខភាពខ្លះទៀត បានច្បិចយកគុណប្រយោជន៍នៃបញ្ញាសិប្បនិម្មិត ត្រង់វាអាចជួយធ្វើសំយោគទិន្នន័យ -ឯកសារសុខភាព ឯកសាររដ្ឋបាលរបស់អ្នកជំងឺ។ តែនៅពេលយើងចោទសួរកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT ដោយផ្ទាល់ ថាគេអាចជំនួសគ្រូពេទ្យបានដែរឬអត់ ចម្លើយមានតែមួយដូចគ្នាសម្រាប់ពេលនេះ គឺ ទេ !
6/12/2023 • 8 minutes, 13 seconds តើត្រូវចាប់ផ្តើមហាត់ប្រាណធ្វើកីឡា រត់ ដោយវិ ធីណា ?
នៅថ្ងៃពុធទី ៧មិថុនានេះ ជាទិវាពិភពលោកនៃការរត់ ឆ្នាំ២០២៣។ រត់ ជាកីឡាដ៏សាមញ្ញ តែរាល់ការចាប់ផ្តើមសុទ្ធតែពិបាក។ ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត ហ្សង់ម៉ាក សែន គ្រូពេទ្យកីឡា នៅក្រុងប៉ារីស សូមផ្តល់ការណែនាំខ្លះដើម្បីជាជំនួយទឹកចិត្តឱ្យអ្នកចង់ផ្តើមហាត់រត់ថា ត្រូវចាប់ផ្តើមដោយវិធីណា។ មួយថ្ងៃៗ យើងរវល់តែរត់តាមពេលវេលា មិនសូវខ្វល់រត់ដើម្បីសុខភាពទេ។ រត់ជាកីឡាដ៏សាមញ្ញ និងមិនត្រូវការហាត់រៀនច្រើនទេ។ មានតែស្បែកជើងមួយគូ គ្រប់គ្រាន់ហើយ ប៉ុន្តែអ្នកខ្លះចង់ចាប់ផ្តើមហាត់រត់ដែរ តែវាលំបាកខ្លាំងណាស់ ហើយខ្លះទៀតបានបោះបង់គំនិតចង់រត់ លឿនជ្រុល ទាំងមិនទាន់បានសាកល្បងដឹងថាខ្លួនអាចរត់លឿនប៉ុនណាផង។នៅទសវត្សរ៍ឆ្នាំ៦០ កីឡារត់ ឬការរត់ប្រណាំង មិនសូវមានអ្នកឱ្យតម្លៃទេ។ តែបច្ចុប្បន្ននេះ រត់បានក្លាយជាកីឡាដ៏ពេញនិយម ជាកីឡារបស់មនុស្សទាំងហ្វូងៗ។ នៅប្រទេសបារាំង គេប៉ាន់ប្រមាណថាមានពលរដ្ឋប្រមាណ១៥លាននាក់ ប្រកាន់ខ្ជាប់ការហាត់ប្រាណធ្វើកីឡារត់ ក្នុងនោះមួយភាគបី បានចូលរួមប្រកួតរត់ប្រណាំងផង។ ពេញនិយមខ្លាំង រហូតអាចចូល រត់ម៉ារាតុង ដែលមានចម្ងាយ ៤២,១៩៥គីឡូម៉ែត្របានផង។គុណប្រយោជន៍នៃការហាត់ប្រាណដោយរត់នាឱកាសទិវាពិភពលោកនៃការរត់ ដែលប្រារព្ធធ្វើជារៀងរាល់ថ្ងៃពុធដំបូងគេនៃខែមិថុនា ពោលគឺត្រូវនឹងថ្ងៃពុធទី៧មិថុនាឆ្នាំ២០២៣នេះ វេជ្ជបណ្ឌិតផ្នែកកីឡា សូមចូលលើកទឹកចិត្តឱ្យលោកអ្នក ចង់ចាប់ផ្តើមធ្វើសកម្មភាពកីឡារត់។ ហេតុអ្វីបានជាយើងគួរតែជ្រើសរើសធ្វើកីឡា រត់ ?ជាបឋម ព្រោះរត់ ជាកីឡាដ៏ងាយ ដែលគេអាចធ្វើនៅគ្រប់ទិសទី នៅក្នុងក្រុង នៅតាមទីធម្មជាតិ ឬនៅលើម៉ាស៊ីន ក្នុងសាលហាត់ប្រាណ ក្នុងផ្ទះ។ រត់នៅខាងក្រៅ មើលគេមើលឯង ព្រឹកក៏បានល្ងាចក៏បាន តាមតែកាលវិភាគការងារអនុញ្ញាត។ ទីពីរ ការរត់ ជាកីឡា ដ៏ថោក មិនថ្លៃដូចទៅចុះឈ្មោះហាត់ប្រាណក្នុងក្លឹប មានតែស្បែកមួយគូ រួចចេញរត់វឹងតែម្នាក់ឯងយ៉ាងឯករាជ្យ។ ទីបី គឺសុខភាព។ រត់មានគុណប្រយោជន៍ច្រើនសម្រាប់សុខភាពដោយ ជួយបំប៉នការលូតលាស់នៃឆ្អឹងនិងជួយការពារកុំឱ្យមានជំងឺពុកឆ្អឹង។ ជួយពង្រឹកសាច់ដុំបេះដូង ជួយឈាមឱ្យមានចរន្តប្រសើរឡើង និងបញ្ចុះហសនិភ័យកើតជំងឺឡើងឈាម រត់អាចពន្លឿនការបញ្ចេញថាមពល ដែលមធ្យោបាយដ៏ល្អប្រពៃបំផុតសម្រាប់ដុតបំផ្លាញខ្លាញ់ រត់អាចជួយបញ្ចុះកំរិតជាតិខ្លាញ់ក្នុងឈាមមិនល្អ តែបង្កើនបរិមាណcholestérol ល្អ អត្រាជាតិស្ករក្នុងឈាមក៏អាចចុះដែរ ព្រោះការរត់ជួយដាស់កោសិកាអាំងស៊ុយលីនឱ្យមានដំណើរការល្អ និងជួយការពារមិនឱ្យមានជំងឺទឹកនោមផ្អែម រត់អាចជួយទប់ស្កាត់អាការៈស្ត្រេសនិងជំងឺធ្លាក់ទឹកចិត្ត បានប្រកបដោយប្រសិទ្ធភាព ព្រោះមានការបញ្ចេញអ័រមូនអង់ដ័រហ្វីនendorphines នៅពេលយើងប្រឹងបញ្ចេញកម្លាំង។ ត្រួតពិនិត្យសុខភាពជាទូទៅ មូលហេតុល្អមានច្រើនដែលគួរតែយើងត្រូវចាប់ផ្តើមរត់។ ប៉ុន្តែទន្ទឹមនឹងគុណប្រយោជន៍ខាងលើ មានជំនឿដែលថាការរត់មិនមែនជាកីឡាល្អសម្រាប់គ្រប់មនុស្សទេ។ បើដូច្នេះតើគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន មុននឹងចាប់ផ្តើមធ្វើសកម្មភាពកីឡាដូចយ៉ាងរត់នេះ ?លោកវេជ្ជបណ្ឌិតហ្សង់ម៉ាកសែន សូមផ្តល់ចម្លើយដោយបែងចែកមនុស្សជាពីរក្រុម។ ប្រសិនបើអ្នកមានអាយុក្រោម៤០ឆ្នាំ គ្មានប្រវត្តិសុខភាពមិនល្អ មិនធ្លាប់មានជំងឺ គ្មានក្រុមគ្រួសារស្លាប់ភ្លាមៗតាំងពីនៅវ័យក្មេង ហើយអ្នកមានអារម្មណ៍ធម្មតា សុខភាពមាំទាំ មានអនាម័យក្នុងការរស់នៅល្អ សូមជ្រើសរើសធ្វើកីឡារត់ ដោយសម្រួល និងមិនចាំបាច់ទៅពិគ្រោះយោបល់អ្វីជាមួយគ្រូពេទ្យទេ។ប៉ុន្តែប្រសិនបើអ្នកមានអាយុលើសពី៤០ឆ្នាំ យកល្អគួរតែឆ្លងយោបល់ជាមួយគ្រូពេទ្យ ដើម្បីឆ្លៀតឱកាសទៅពិនិត្យសុខភាពជាទូទៅ ជាពិសេសទៅឆែកមើលសុខភាពបេះដូងនិងសរសៃរឈាមបេះដូង។ ពេលនោះគ្រូពេទ្យអាចវាយតម្លៃអំពីហានិភ័យសុខភាពសន្លាក់ (ជង្គង់ ចង្កេះ) និងប្រព័ន្ធសរសៃឈាមបេះដូង (រកមើលក្រែងមានជំងឺខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ូល ឬ ជំងឺសម្ពាធឈាម ..)។ជាទូទៅ បើគ្មានបញ្ហាសុខភាពជាប់ខ្លួនស្រាប់ទេ មនុស្សគ្រប់រូបសុទ្ធតែអាចរត់បានទាំងអស់ មិនថាមាឌធំ មាឌតូច មាឌឌាំង ស្តើង ធាត់ ក្មេងឬចាស់ឡើយ។ ខ្លួនប្រាណមនុស្សកើតមកសម្រាប់តែដើរនិងរត់ មិនមែនសម្រាប់តែដេកស្ងៀម ឬអង្គុយមួយកន្លែង ធ្វើការក្នុងការិយាល័យទេ។ ប៉ុន្តែដោយហេតុថា ការរត់ ត្រូវការឱ្យសាច់ដុំបញ្ចេញចលនា ដែលបើប្រឹងខ្លាំងនឹងនាំឱ្យមានករណីរបួសឬរយះសាច់ដុំ ទើបអ្នកធាត់និងអ្នកអសកម្មយូរ ពិបាករត់ ឬត្រូវប្រយ័ត្នខ្លាំងក្នុងការរត់។វិធីចាប់ផ្តើមនិងអនុវត្តកីឡារត់ ដើម្បីបញ្ចៀសផលវិបាកទាំងឡាយខាងលើ និងរត់ដើម្បីសុខភាព មិនមែនរត់ដើម្បីប្រណាំងយកឈ្នះចាញ់ ឬទៅចូលរួមក្នុងកម្មវិធីម៉ារ៉ាតុង ឬពាក់កណ្តាលម៉ារ៉ាតុង សូមចាប់ផ្តើម ដោយការរត់ ឆ្លាស់ ។ ជាកិច្ចចាប់ផ្តើម សូមឆ្លាស់សកម្មភាព រត់និង ដើរ។ មិនត្រូវចាប់ផ្តើមដោយការប្រឹង រត់ ឱ្យបានវែងឆ្ងាយភ្លាមទេ។ ត្រូវឆ្លាស់ការរត់និងការដើរ ឱ្យបានញយដង។ ដំបូងយើងអាចចាប់រត់៣០វិនាទី រួចដើរ៣០វិនាទី បន្ទាប់មករត់មួយនាទី ឬពីរនាទី ដើរមួយពីរនាទី។ ធ្វើបែបនេះ គឺជាការពន្យារពេលបញ្ចេញសកម្មភាពកាយសម្បទា ហើយបន្តិចម្តងៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ យើងចាប់ដំឡើងរយៈពេលនៃការរត់ ហើយបញ្ចុះរយៈពេលនៃការដើរ។ ធ្វើដូច្នេះញយៗ និងកាន់តែវែងជាងការហាត់ថ្ងៃមុនទៅ មិនយូរមិនឆាប់អ្នកនឹងអាចរត់បានយូរ និងរត់ពេញមួយសេអង់នៃការហាត់បានហើយ។ សូមកុំចាប់ផ្តើមដោយប្រញាប់ប្រញាល់ពេក។ ត្រូវចងចាំថា នេះជាការរត់ដើម្បីសុខភាព ជាសកម្មភាពកីឡាដែលត្រូវបញ្ចេញកម្លាំងល្មមៗទេ។ ការប្រឹងធ្វើកីឡា ឬប្រឹងរត់នេះ គឺជាស្ត្រេសមួយដែរ ដូច្នេះ ជាចំណុចគន្លឹះទីពីរ គឺក្នុងអំឡុងពេលប្រឹងរត់នោះ អ្នកត្រូវតែអាចនៅមានសមត្ថភាពនិយាយឆ្លើយឆ្លងជាមួយគេបាន ដោយគ្មានសញ្ញាហត់ដង្ហក់ខ្លាំង។ បើអ្នកមិនអាចនិយាយឱ្យចប់ឃ្លាត្រឹមត្រូវទេ ត្រូវបន្ថយល្បឿនត្រលប់មកដើរវិញ ដោយដកដង្ហើមស្រូបខ្យល់ចេញចូលឱ្យបានវែងៗ រួចសឹមរត់បន្តទៀត។ រត់បណ្តើរ អាចនិយាយស្តាប់គ្នាបានបណ្តើរផងទើបល្អ។ សូមកុំភ្លេចចំណុចនេះសំខាន់ខ្លាំងណាស់។ បើទោះបីជាអ្នកមានអារម្មណ៍ថាយឺត ហើយអាចមានកម្លាំងរត់លឿនជាងនេះក៏ដោយ ក៏ត្រូវតែរក្សាល្បឿនល្មមៗនេះដដែល រហូតដល់ចប់លំហាត់ហ្វឹក។ ពេលហាត់រត់ សូមកុំភ្លេចមេរៀនទីបី គឺការទាញពន្លារសាច់ដុំ។ ត្រូវទាញពន្លារសាច់ដុំភ្លៅ និងកំភ្លួនជើង។ លាជើងឱ្យត្រង់ លើកែងជើងដាក់លើជើងម៉ា ឬកំណាត់ឈើ រក្សាដងខ្លួនឱ្យត្រង់ រួចទេរខ្លួនទៅមុខ ដើម្បីទាញសាច់ដុំភ្លៅផ្នែកខាងក្រោម។ ម្តងជើងធ្វេងម្តងជើងស្តាំ។ ឈរឱ្យត្រង់ យៃកដៃកាន់ខ្នងបាតជើង បត់ឱ្សទល់នឹងកំប៉េះគូថ ម្តងឆ្វេងម្តាងស្តាំ ជាដើម។ល។លំហាត់រត់ថ្ងៃទីមួយរបស់អ្នកប្រព្រឹត្តទៅបានដោយរលូនហើយ សូមជួយអបអរ។ អ្នកក៏សប្បាយចិត្តណាស់ដែរ និងមានអារម្មណ៍ចង់រត់ទៀត។ តែកុំទាន់អាលទៅស្អែកភ្លាមអី ! ត្រូវទុកពេលឱ្យសាច់ដុំបានសម្រាកយ៉ាងហោចក៏មួយថ្ងៃសិន សឹមទៅហាត់រត់ទៀត ទើបយើងអាចទាញផលល្អពីការប្រឹងធ្វើកីឡាផង និងធានាសុវត្ថិភាព មិនប្រែក្លាយកីឡាជាគ្រោះថ្នាក់ជាយថាហេតុណាមួយផង។ ដំបូងគួរតែដាក់កម្មវិធី ពីរឬបីថ្ងៃ បានរត់ម្តង ដើម្បីឱ្យសរីរាង្គកាយមានពេលសម្រាកនិងប្រមូលកម្លាំងឱ្យពេញលេញឡើងវិញ សម្រាប់ទៅរត់ជាថ្មីម្តងទៀត៕
6/7/2023 • 9 minutes, 30 seconds ខ្សោយផ្លូវដង្ហើម ជាជំងឺអ្វី ?
ខ្សោយប្រព័ន្ធផ្លូវដង្ហើម គឺជាជំងឺសួតមួយ ដែលសម្គាល់ដោយអាការៈហត់ ព្រោះតែសួតមិនអាចបំពេញតួនាទីបានត្រឹមត្រូវ។ តើអ្វីទៅជាមូលហេតុដែលនាំឱ្យមានជំងឺខ្សោយផ្លូវដង្ហើមនេះ ? តើគេអាចការពារប្រព័ន្ធផ្លូវដង្ហើមបានយ៉ាងណាខ្លះ ? សូមស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយលោក វេជ្ជបណ្ឌិត អង់ ជីនសួង គ្រូពេទ្យឯកទេសជំងឺសួត នៅប្រទេសបារាំង។
5/31/2023 • 9 minutes, 37 seconds ដូចម្តេចដែលហៅថា អាហារកែច្នៃ ដែលអាចប៉ះពាល់ដល់សុខភាព ?
សុវត្ថិភាពចំណីអាហារ កំពុងក្លាយជាកង្វល់សង្គមដ៏ធំមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ភ្លាមៗផង និងសម្រាប់រយៈពេលខាងមុខផង។ កាលពីពេលថ្មីៗនេះ ចំណោទជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារបានផ្ទុះឡើងខ្លាំងប្រទេសកម្ពុជា រហូតក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឱ្យសាលារៀនលក់នំមួយចំនួន។ តើអាហារប្រភេទណា ដែលល្អ និងអាហារប្រភេទដែលអាក្រក់សម្រាប់សុខភាព ? តើអ្វីទៅជាអាហារកែច្នៃ ? អាហារឧស្សាហកម្ម ? ហេតុអ្វីត្រូវជ្រើសរើសទទួលទានអាហារជាបន្លែផ្លែឈើស្រស់ តាមរដូវ ? មនុស្សលោកចេះកែច្នៃអាហារ តាំងពីយូរយារណាស់មកហើយ។ គោលបំណងធំនៃការកែច្នៃអាហារនេះ គឺដើម្បីទុកឱ្យបានយូរផង និងធ្វើឱ្យអាហារអាចកាន់តែស្រួលបរិភោគផង។ បច្ចុប្បន្ន អាហារកែច្នៃ រីកចម្រើនកាន់តែខ្លាំង និងកាន់តែសម្បូរបែបណាស់។កាន់តែសម្បូរ ចំណោទសួរជុំវិញសុវត្ថិភាពនិងគុណភាពផ្នែកអាហារូបត្ថម្ភមានកាន់តែខ្លាំង ព្រោះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គំនិតកែច្នៃកាន់តែប្លែក អាហារប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។ ជាអាហារកែច្នៃខ្លាំង តាមបែបឧស្សាហកម្ម ដែលនាំឱ្យមានការប្តូររូបរាង ធាតុគីមី និងជីវសាស្ត្រយ៉ាងខ្លាំង ឬដោយដាក់បន្ថែមយ៉ាងច្រើននូវសារធាតុគីមី នូវគ្រឿងផ្សំឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមកសិកម្ម និងសិប្បនិម្មិត។នៅប្រទេសបារាំង អាហារកែច្នៃ ឬអាហារឧស្សាហកម្ម មានផ្ទុកថាមពលប្រមាណ៣០%នៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់មនុស្ស និងឡើងដល់ទៅ៦០%សម្រាប់ប្រទេសលោកខាងលិចខ្លះដូចយ៉ាងអាមេរិកឬអង់គ្លេស។ នេះបើតាមទិន្នន័យសិក្សារបស់វិទ្យាស្ថានសុខភាពនិងស្រាវជ្រាវសុខាភិបាលជាតិបារាំង។ដូចម្តេចដែលហៅថា អាហារកែច្នៃ ? អ្នកស្រាវជ្រាវម៉ិចស៊ិក បានបំផុសពិភពលោកឱ្យចាប់អារម្មណ៍ពីអាហារកែច្នៃមុនគេ នៅឆ្នាំ២០០៧ ព្រោះឃើញពលរដ្ឋម៉ិចស៊ិកលែងសូវទទួលទានម្ហូបជាតិ ហើយងាកទៅរកអាហារបែបឧស្សាហកម្ម។ សម្រាប់អ្នកស្រាវជ្រាវម៉ិចស៊ិក អាហារកាន់តែមានលក្ខណៈឧស្សាហកម្ម កាន់តែមិនល្អសម្រាប់សុខភាព។ ពួកគាត់បានបែងចែកអាហារ ជាបីកំរិត ៖ ចំណីនិងម្ហូបជាប្រពៃណី ចំណីនិងម្ហូបប្រពៃណីបែបឧស្សាហកម្ម ចំណីនិងម្ហូបទំនើប បែបឧស្សាហកម្ម ឬហៅអាហារកែច្នៃខ្លាំង។ តែនិយមន័យផ្តល់ដោយអ្នកស្រាវជ្រាវប្រេស៊ីលនៅឆ្នាំ២០០៩ ទើបបានទទួលជោគជ័យខ្លាំង នៅទូទាំងពិភពលោក និងទទួលស្គាល់ សម្រាប់សិក្សាវាយតម្លៃអំពីផលប៉ះពាល់នៃអាហារចំពោះសុខភាព។ អ្នកវិទ្យាសាស្ត្រប្រេស៊ីល កំណត់ក្បួន NOVA បែងចែងអាហារទៅតាមកំរិតនៃការបំផ្លែង ទៅតាមកំរិតនៃការប្រើសារធាតុគីមីបន្ថែម ឬការប្រើសារធាតុឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមរុក្ខជាតិ ឬសត្វ។ ប្រើគ្រឿងផ្សំកាន់តែច្រើនមុខ អាហារមានការប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។ ការយកបន្លែផ្លែឈើរុក្ខជាតិ ឬសាច់សត្វ មក ហាន់ ចិញ្ចាំ លាយច្របល់ ហាលចំអិន ផ្អាប់ ផ្អើរ ត្រាំ ប្រលាក់ ដោយប្រើតែ អំបិល ម្រេច ប្រេង ឬគ្រឿងទេសផ្សេងៗ ដូចជាធ្វើ អាហារកំប៉ុង ផ្អក ប្រហុក ប្រូម៉ា សាច់ងៀត ត្រីងៀត ត្រីឆ្អើរ ... ត្រូវបានគេចាត់ទុកជាអាហារកែច្នៃហើយ តែជាការកែច្នៃបែបបូរាណ។ ប៉ុន្តែគឺការកែច្នៃ តាមបែបបទឧស្សាហកម្ម ដែលធ្វើឱ្យអាហារប្តូរផ្លាស់ទ្រង់ទ្រាយខ្លាំង និងជាច្រើនត្រលប់ ហើយត្រូវបានគេដាក់បន្ថែមនូវគ្រឿងផ្សំគីមី ឬគ្រឿងផ្សំបែបសិប្បនិម្មិត (ឧស្សាហកម្ម) ជាច្រើនមុខទៀត ដូចជា បន្ថែមសារធាតុគីមីពណ៌(លាក់)ដើម្បីឱ្យម្ហូបអាហារឡើងពណ៌ល្អ ថែមមេថែមម្សៅដើម្បីដំឡើងបរិមាណ ថែមរសជាតិដើម្បីឱ្យម្ហូបកាន់តែឆ្ងាញ់ ថែមអង់ទីអុកស៊ីដង់ដើម្បីទុកបានយូរ ។ល។ និង។ល។ នេះហើយដែលហៅថាអាហារកែច្នៃខ្លាំង ឬអាហារកែច្នៃបែបឧស្សាហកម្ម។ភេសជ្ជៈកំប៉ុង ភេសជ្ជៈមានរសជាតិទឹកដោះគោ/ផ្លែឈើ ហតដក ស៊ូរីម៊ី នូហ្កែតមាន់ នូហ្កែតត្រី មីកញ្ចប់ ស៊ុបបន្លែសម្ងួត នំចំណី នំផ្អប់-នំកញ្ចប់ ឆាហួយ សេរៀលសម្រាប់អាហារពេលព្រឹក គ្រឿងបង្អែមថែមស្ករថែមក្លិនសិប្បនិម្មិត ស្ករគ្រាប់ ស្ករកៅស៊ូ ផលិតផលអាហារបញ្ចុះទម្ងន់ ម្ហូបស្រាប់ អាហារធ្វើហើយ... សុទ្ធសឹងជាអាហារកែច្នៃខ្លាំង។ អាហារកែច្នៃបែបឧស្សាហកម្មនេះ មាន ដាក់លក់យ៉ាងពោរពាស ស្រួលណាស់រកទិញណាស់ ហើយបានឆ្ងាញ់មាត់និងទាន់សម័យទៀត។ ប៉ុន្តែអាហារឧស្សាហកម្ម អាហារកែច្នៃខ្លាំង មិនប្រាកដថាល្អសម្រាប់សុខភាពទេ បើគិតអំពីគុណភាពផ្នែកអាហារូបត្ថម្ភ។ អាហារបែបនេះ ជាប់ឈ្មោះអាក្រក់ ថាអាចបង្កឱ្យមានជំងឺសរសៃឈាមបេះដូង និងអាចនាំឱ្យមានហានិភ័យដល់ប្រព័ន្ធរំលាយអាហារ ឬកើតជំងឺមហារីកផង។ ហានិភ័យកើតសរសៃឈាមជំងឺបេះដូង (ឡើងទម្ងន់ ធាត់ជ្រុល លើសឈាម) កើនឡើងទៅតាមបរិមាណនៃការទទួលអាហារកែច្នៃ។ ហេតុអ្វីបានជាអាហារកែច្នៃ អាហារឧស្សាហកម្ម អាចបំផ្លាញសុខភាព ? លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck គ្រូពេទ្យឯកទេសរបបអាហារនិងអាហារូបត្ថម្ភ នៅក្រុងដាកាប្រទេសសេណេហ្កាល់៖ “ពីព្រោះចំណីអាហារកែច្នៃ -ចំណីអាហារឧស្សាហកម្ម មានផ្ទុកសារធាតុគីមីបន្ថែម ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងដល់ដំណើរការជាធម្មតារបស់សរីរាង្គកាយមនុស្ស។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ និយាយអំពីផលរំខានដល់ក្រពេញអ័រមូនលូតលាស់ (Perturbateur endocrinien)។ អាហារឧស្សាហកម្ម មានបង្កប់សារធាតុខ្លាញ់ ជាតិផ្អែម (ស្ករ) ដែលមិនល្អទាល់សោះសម្រាប់សុខភាព។ ទទួលទានអាហារស្រស់ អាហារតាមរដូវ និងតាមតំបន់ ទើបល្អ។ ពិសារកាន់តែច្រើន សុខភាពកាន់តែប្រសើរ។ ចំណីអាហារស្រស់ មិនត្រឹមតែមានឱជារស ឆ្ងាញ់ពិសារទេ តែថែមទាំងធានាបាននូវគុណភាពអាហារូបត្ថម្ភខ្ពស់ទៀតផង។ ហេតុអ្វីត្រូវជ្រើសរើសទទួលទានបន្លែនិងផ្លែឈើស្រស់តាមរដូវ ?លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck ៖ បើនិយាយអំពី បន្លែផ្លែឈើនេះ គួរតែជ្រើសរើសទទួលទាន បន្លែផ្លែឈើតាមរដូវ និងដុះក្នុងស្រុក ព្រោះបន្លែផ្លែឈើនេះ ដុះលូតលាស់លើទឹកដីដែលត្រូវនឹងធាតុអាកាសស្រុកនោះ - ដុះលូតលាស់ត្រង់កន្លែងដែលត្រូវលូតលាស់ និងប្រមូលផល នៅពេលដែលត្រូវកាច់បេះ ពោលគឺពេញសាច់ ពេញផ្លែ ត្រឹមត្រូវ។ បន្លែផ្លែឈើបែបនេះ មានផ្ទុកកំហាប់អាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែ យ៉ាងពេញលេញ។ ចំណែកបន្លែផ្លែឈើនាំចូលវិញ ដើម្បីរក្សាទុកឱ្យបានយូរ គេប្រហែលជាត្រូវប្រើវិធីបែបសិប្បនិម្មិត។”អាហារបង្កកបន្លែផ្លែឈើស្រស់ តាមរដូវ ដុះតាមស្រុកក្បែរផ្ទះ មិនឡូយទេ តែជាអាហារដ៏មានឱជារស និងល្អសម្រាប់សុខភាពណាស់។ នេះជាជម្រើសដ៏ប្រពៃបំផុត ប៉ុន្តែដោយមូលហេតុថវិកា លក្ខខណ្ឌការងារ ឬពេលវេលា ស្វែងរកអាហារស្រស់ បន្លែផ្លែឈើតាមរដូវ មិនមែនជាប្រការស្រួលឡើយ។ ក្នុងករណីនេះ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង សូមណែនាំឱ្យលោកអ្នកជ្រើសរើសបន្លែផ្លែឈើ បង្កក។ ភាពខុសគ្នាដ៏ចម្បងមួយនៃបន្លែផ្លែឈើស្រស់និងបន្លែផ្លែឈើកក គឺសម្រស់ខាងក្រៅ និងភាពស្រស់ស្រួយនៅពេលទំពារ។ គេមិនអាចទទួលអារម្មណ៍ដូចគ្នា នៅពេលទំពារបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកកទេ។ ប៉ុន្តែមិនដូចអ្វីដែលគេធ្លាប់មានជំនឿ បន្លែផ្លែឈើកក ផ្តល់គុណប្រយោជន៍ដល់សុខភាព ស្មើនឹងអាហារស្រស់ដែរ។ សូមជ្រើសរើសទទួលទានអាហារកក ដោយរីករាយចុះ ព្រោះ ឧស្សាហកម្មចំណីអាហារកក មានបណ្តាញដាច់ដោយឡែក។ បន្លែផ្លែឈើ ត្រីសាច់ សម្រាប់បង្កក តែងតែកាត់បេះ នេសាទបាន ភ្លាមដាក់បញ្ចូលក្នុងបណ្តាញបង្កកភ្លាម។ ដូច្នេះបន្លែផ្លែឈើ ត្រីសាច់ទាំងនោះនៅស្រស់ៗល្អខ្លាំងណាស់ ព្រមទាំងមានផ្ទុកគុណភាពផ្នែកអាហារូបត្ថម្ភ យ៉ាងខ្ពស់ខ្លាំង ក្នុងកំរិតស្ទើរស្មើនឹងអាហារស្រស់ដែរ។ បើតាមគ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភ មានការប្រែប្រួលតិចណាស់រវាងបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកក ដោយភាពត្រជាក់និងកក អាចរក្សាវីតាមីន សេ និងដេ របស់បន្លែផ្លែឈើបានយ៉ាងពេញលេញ។ ការទទួលទានបន្លែផ្លែឈើកក ជួនកាលល្អជាងបរិភោគបន្លែផ្លែឈើស្រស់ផង។ ទុកបន្លែផ្លែឈើ ចោល (ហាលវាលហាលខ្យល់) ក្នុងផ្ទះយូរថ្ងៃពេក អាចធ្វើឱ្យបន្លែផ្លែឈើទាំងនោះបាត់បង់ប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ជាពិសេសបាត់បង់សារធាតុវីតាមីន សេ និងសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់។ ហេតុដូច្នេះហើយបានជាវេជ្ជបណ្ឌិតជំនាញ សូមលើកទឹកចិត្តឱ្យ យើងគ្រប់គ្នា បើប្រសិនមានលទ្ធភាព សាកល្បងបង្កបន្លែផ្លែឈើដោយខ្លួនឯង។ ទិញមកពីផ្សារច្រើន រំលែកទទួលទានមួយភាគភ្លាម សល់ប៉ុន្មាន ចិតកាត់បន្លែផ្លែឈើត្រីសាច់ ស្រស់ៗ ជាដុំៗតូចល្មម ហើយយកទៅបង្កកទុកភ្លាម។ បន្លែត្រីសាច់ទាំងនោះនឹងរក្សាគុណភាពបានដូចនៅស្រស់។សូមប្រយ័ត្ន អ្នកជំនាញអួតសរសើរអំពីគុណភាពអាហារកកនេះ គឺសំដៅតែលើ បន្លែ ផ្លែឈើ ត្រី សាច់ សុទ្ធបង្កកដោយគ្មានការកៃច្នៃទេ។ អាហារឆ្អិនស្រាប់ ឬអាហារកែច្នៃធ្វើហើយដាក់បង្កកលក់ មានរាប់បញ្ចូលក្នុងបញ្ជីនេះទេ។ ជាថ្មីម្តងទៀត អាហារធ្វើស្រាប់ ឬអាហារកែច្នៃ ធ្វើឡើងតាមបែបឧស្សាហកម្ម គ្មានគុណភាពល្អសម្រាប់សុខភាពឡើយ៕
5/24/2023 • 9 minutes, 1 second ក្មេងរៀនមិនចេះ មកពីអន់បញ្ញា ឬមកពីមានជំងឺ ?
៥ទៅ១០%នៃកុមារបារាំង មានវិបត្តិផ្ចង់អារម្មណ៍ ខ្លះអមដោយភាពរពឹសខ្លាំង ខ្លះអត់។ វិបត្តិផ្ចង់អារម្មណ៍នេះ ជាវិបត្តិពាក់ព័ន្ធនឹងការលូតលាស់នៃប្រព័ន្ធប្រសាទ ដែលកើតមានជាញឹកញាប់បំផុតលើកុមារ។ តើវិបត្តិផ្ចង់អារម្មណ៍នេះជាអ្វី ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញ អមដោយការពន្យល់បំភ្លឺរបស់លោកវេជ្ជបណ្ឌិត អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទនិងផ្លូវចិត្ត ជំនាញខាងការលូតលាស់របស់កុមារនិងក្មេងជំទង់។ មិនចេះនៅស្ងៀម មិនចេះអង្គុយនឹងមួយកន្លែង ឬក៏រវើរវាយ មិនអាចត្រងត្រាប់ស្តាប់ឬមិនអាចផ្ចង់ស្មារតីធ្វើអ្វីមួយឱ្យបានចប់ចុងចប់ដើម និងគ្មានភាពអធន អំណត់ ព្រមទាំងងាយខឹងច្រឡោតបញ្ចេញប្រតិកម្មតបបែបឆេវឆាវទៀត នោះកូនអ្នកទំនងជាមានជំងឺមួយ ដែលមានឈ្មោះថា វិបត្តិផ្ចង់អារម្មណ៍ ដែលអប ឬដោយគ្មានភាពរពឹស។ អាការៈបែបនេះ ជាអត្តចរិតរបស់មនុស្សលោកទូទៅមែន តែបើវាស្តែង ឡើងខ្លាំងហួសហេតុ និងក្នុងរយៈពេលអូសបន្លាយយូរ ក្នុងគ្រប់ស្ថានភាព (មិនមែនតែពេលនៅសាលា ឬនៅផ្ទះ) គេលែងហៅថាជាករណីរពឹសធម្មតាហើយ។ មានរោគសញ្ញាបី សម្រាប់សម្គាល់វិបត្តិផ្ចង់អារម្មណ៍ ទីមួយ គឺកង្វះការផ្ចង់អារម្មណ៍ រពឹសខ្លាំង និង ឆេវឆាវ។ អាការៈសញ្ញានេះ មានកំរិតខ្លាំងខ្សោយផ្សេងៗគ្នាទៅតាមស្ថានភាពនៃជំងឺរបស់ក្មេងម្នាក់ៗ។ មិនរពឹស មិនចលាចលមែន តែបើក្មេងចេះតែរវើរវាយ នៅធ្មឹង ចូលចិត្តអង្គុយភ្លេចភ្លឹក រហូតមិនអាចបញ្ចប់លំហាត់ដែលគ្រូដាក់ឱ្យធ្វើ មិនចងចាំពាក្យបង្គាប់របស់គ្រូ និងតែងតែភ្លេចបាត់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាញឹកញាប់ ក៏អាចចាត់ទុកជាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ ករណីមួយទៀត ក្មេងរពឹសខ្លាំង ឆាប់ច្រឡោត និងចលាចលខ្លាំង តែអាចផ្ចង់ធ្វើការណាដែលគេចូលចិត្ត ក៏ហៅថាក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែរ។ តាមធម្មតា ក្មេងប្រុសច្រើនតែមាន អាការៈរពឹសនិងឆេវឆាវ ខ្លាំងជាងក្មេងស្រី។វិបត្តិផ្ចង់អារម្មណ៍ នេះ អាចមានកើតលើគ្រប់វ័យ តែស្រួលសម្គាល់ឃើញខ្លាំងលើកុមារ។ ហើយការសិក្សាស្រាវជ្រាវក៏មានច្រើនខ្លាំងដែរលើក្មេង។ វិបត្តិផ្ចង់អារម្មណ៍នេះអាចកើតមានតាំងពីនៅក្មេងជាកុមារ រហូតដល់វ័យជំទង់ ក្នុងប្រមាណពី៤០ទៅ៧០%ករណី និងរហូតដល់ចាស់ពេញវ័យ ចំនួនប្រមាណពាក់កណ្តាល។ គេប៉ាន់ប្រមាណថា មានមនុស្សប្រមាណ៤% មានវិបត្តិផ្ចង់អារម្មណ៍ ដោយមានឬគ្មានភាពរពឹស។ ជួនកាលទាល់តែចាស់ទើបដឹងខ្លួនថាមានជំងឺនេះ។ ជាទូទៅ អាការៈសញ្ញានៃវិបត្តិផ្ចង់អារម្មណ៍ច្រើនតែលេចឡើងនៅពេលម្តុំអាយុ ៧ឆ្នាំ តែក្មេងចាប់មានអត្តចរិតពិបាកគ្រប់គ្រង តាំងពីអាយុពីរឆ្នាំ (មុនពេលចូលសាលារៀនម្ល៉េះ)។វិបត្តិផ្ចង់អារម្មណ៍ គ្មានពាក់ព័ន្ធនឹងភាពវៃឆ្លាតរបស់ក្មេងទេ។ ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ដែលភាគច្រើន ជួបការលំបាកនៅសាលា (រៀនមិនចេះ) បណ្តាលមកពីបញ្ហាអាកប្បកិរិយា ឬការផ្ចង់អារម្មណ៍រៀននេះទេ មិនមែនមកពីពួកគេខ្វះបញ្ញាឡើយ។ នៅប្រទេសបារាំង មានក្មេងប្រមាណ៥% កើតវិបត្តិនេះ ដែលតម្រូវឱ្យឪពុកម្តាយស្វែងរកជំនួយពីគ្រូពេទ្យចិត្តសាស្ត្រ និងផ្តល់ថ្នាំព្យាបាល ព្រោះវិបត្តិនេះអាចរំខានដល់ការសិក្សានិងអប់រំយ៉ាងខ្លាំង។ សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Hervé Glasel ៖“វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពឹសឬអត់ ជាផ្នែកមួយនៃវិបត្តិពាក់ព័ន្ធនឹងការលូតលាស់របស់ប្រព័ន្ធប្រសាទ (ខួរក្បាល)។ មានប្រព័ន្ធក្នុងខួរក្បាលខ្លះ ជាពិសេសប្រព័ន្ធប្រសាទនៅផ្នែកខាងមុខនៃក្បាល នៅក្មេងខ្ចីពេក ទើបកុមារពិបាក ឬមិនអាចផ្ចង់អារម្មណ៍បានល្អ។ តាមធម្មតា ខួរក្បាលដុះលូតលាស់ចម្រើនទៅតាមវ័យ ផ្តល់ភាពចាស់ទុំជារៀងរាល់ថ្ងៃ ដល់ក្មេងមួយភាគធំ តែមួយក្មេងមួយភាគទៀត ប្រព័ន្ធប្រសាទមិនព្រមលូតរឹងមាំតាមវ័យទេ។ ដល់អាយុធំពេញវ័យហើយ នៅតែមានការលំបាកផ្ចង់អារម្មណ៍ទៀត។ “វិបត្តិផ្ចង់អារម្មណ៍អមដោយភាពរពិសខ្លាំងឬអត់នេះ ជះផលវិបាកច្រើន ដោយអាចធ្វើក្មេងពិបាកផ្ចង់ស្មារតី មិនអាចប្រមូលផ្តុំអារម្មណ៍ឱ្យមូល ក្នុងការចាប់យកខ្លឹមសារអ្វីមួយដែលត្រឹមត្រូវ -ដែលគេចង់បានទេ។ នៅក្នុងការសិក្សា ក្មេងមានវិបត្តិផ្ចង់អារម្មណ៍ មិនអាចផ្តល់ចម្លើយត្រឹមត្រូវ មិនអាចមើលឃើញកំហុសអក្ខរាវិរុទ្ធរបស់ខ្លួន មិនអាចអង្គុយត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូ ដែលជាហេតុធ្វើឱ្យមានការរំខាន ប៉ះពាល់ដល់ជីវិតសិក្សារបស់គេទាំងមូលតែម្តង។ ដើម្បីអាចសិក្សា ខួរក្បាលត្រូវតែមានភាពចាស់ទុំ ស្របទៅតាមដំណើរលូតលាស់ធំធាត់របស់ក្មេង។”វិបត្តិផ្ចង់អារម្មណ៍ ជាជំងឺដ៏ស្មុគស្មាញមួយ ដែលមិនមែនមានមូលហេតុតែមួយទេ។ ជាទូទៅ ដើមហេតុចម្បងដែលនាំមានវិបត្តិនេះ ច្រើនបណ្តាលមកពី បញ្ហាប្រព័ន្ធប្រសាទដែលមានពាក់ព័ន្ធនឹងកត្តាពូជ និងកត្តាបរិស្ថាន តាមរយៈការប៉ះពាល់សារធាតុគីមីពុល ពេលនៅជាទារកក្នុងផ្ទៃ។ ដំបៅនៅខួរក្បាលបង្កឡើងដោយការខ្វះខ្យល់អុកស៊ីហ្សែនពេលកើត អាចបង្កើនហានិភ័យនាំកើតវិបត្តិផ្ចង់អារម្មណ៍នេះនៅពេលធំឡើង។ អ្នកស្រាវជ្រាវបានសង្កេតឃើញថា ខួរក្បាលទទួលបន្ទុកគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងញ្ញាណរៀបរយ និងគ្រប់គ្រងចលនា របស់ក្មេងឬមនុស្សធំមានវិបត្តិផ្ចង់អារម្មណ៍ សកម្មខ្លាំងខុសប្រក្រតី ឬមានកាយវិភាគសាស្ត្រប្លែកពីគេ។ អត្រាណឺរ៉ូនបញ្ជូនសារ (សរសៃប្រសាទ) ក៏គ្មានលំនឹង។ កត្តាពូជ ចូលរួមចំណែកច្រើនគួរជាទីកត់សម្គាល់ ក្នុងការលេចវិបត្តិផ្ចង់អារម្មណ៍។ នៅក្នុង ការសិក្សាលើកូនភ្លោះ អ្នកស្រាវជ្រាវរកឃើញថា បើកូនម្នាក់មានវិបត្តិផ្ចង់អារម្មណ៍ហើយ កូនភ្លោះម្នាក់ទៀតត្រូវតែមានវិបត្តិនេះដែរក្នុងកំរិតដល់ទៅ៨០%។ បើមានម្តាយ ឬឪពុក ឬសមាជិកក្នុងក្រុមគ្រួសារមានវិបត្តិផ្ចង់អារម្មណ៍ហើយ យ៉ាងហោចណាស់ក៏មានកូនម្នាក់កាត់តាមដែរ។ មួយភាគបួននៃឪពុក/ម្តាយធ្លាប់មានប្រវត្តិកើតជំងឺផ្ចង់អារម្មណ៍ តែងមានកូនណាម្នាក់កើតជំងឺនេះដែរ។ ជាចុងក្រោយ ១០ទៅ១៥% នៃជំងឺមានវិបត្តិផ្ចង់អារម្មណ៍ បណ្តាលមកពីបញ្ហាបរិស្ថាន ដោយបានរស់ប្រឈមនឹងសារធាតុគីមីពុល ដូចយ៉ាង សា្រ បារី សំណរ ថ្នាំសម្លាប់សត្វល្អិត ... ក្នុងអំឡុងពេលនៅជាទារកក្នុងផ្ទៃ។ នៅមានកត្តាបរិស្ថានជាច្រើន ដែលគេមិនទាន់កំណត់អត្តសញ្ញាណបាន តែទំនងអាចជាដើមហេតុនាំឱ្យក្មេងមានពូជស្រាប់ កាន់តែងាយមានវិបត្តិផ្ចង់អារម្មណ៍។រហូតមកទល់នេះ គ្មានទេថ្នាំព្យាបាល គឺមានថ្នាំសម្រាល និងបន្ធូរអាការៈសញ្ញារោគតែប៉ុណ្ណោះ។ ចំណែកឯការវិភាគរករោគសញ្ញាជំងឺខ្វះការផ្ចង់អារម្មណ៍ ក៏លំបាកខ្លាំង ព្រោះសញ្ញារោគខ្លះអាចបង្កឡើងដោយវិបត្តិផ្សេង ដែលមានទម្រង់ប្រហាក់ប្រហែលខ្លាំង ឬខ្សោយនឹងវិបត្តិផ្ចង់អារម្មណ៍។ ការវិភាគរោគសញ្ញារំពឹងទាំងស្រុងទៅលើការវាយតម្លៃស៊ីជម្រៅនិងបរិស្ថានជីវិតរបស់កុមារ ពោលគឺគ្រូពេទ្យអាចពិនិត្យមើល ជាដំបូង ការលូតលាស់នៃខួរក្បាល ហើយឪពុកម្តាយត្រូវតែរៀបរាប់អំពីប្រវត្តិធំធាត់របស់កូន ឬក៏អាចមានពិនិត្យវាស់កម្រិតបញ្ញារបស់ក្មេងផង។ ប៉ុន្តែគ្មានទេ ប្រដាប់ធ្វើតេស្តប្រព័ន្ធប្រសាទឬចិត្តសាស្ត្រ ដើម្បីវិភាគជំងឺជាផ្លូវការទេ៕
5/17/2023 • 7 minutes, 45 seconds ទល់ខ្យល់ ឬ ហើមពោះ តើមកពីមូលហេតុអ្វី ?
ប៉ោងពោះ ហើមពោះ ដើរខ្យល់ ជាប្រតិកម្មរបស់សរីរាង្គកាយយើង ដែលរំខាន និងគួរឱ្យអៀនខ្មាស់ណាស់ បើទោះបីជាអាការៈនេះមានកើតលើមនុស្សស្ទើរគ្រប់រូប។ ហើមពោះ ផោម ជាកង្វល់របស់មនុស្សទូទៅ ពិបាកទាំងនិយាយប្រាប់គេ ពិបាកទាំងនិយាយប្រាប់ពេទ្យទៀត។ ហេតុអ្វីហើមពោះ និងដើរខ្យល់ខ្លាំង ? តើគេអាចបំបាត់អាការៈនេះបានទេ ? ការដើរខ្យល់អាចធ្វើឱ្យយើងសើចផង ខ្មាស់គេផង។ ប៉ុន្តែ ដើរខ្យល់ជាអាការៈធម្មជាតិ និងអាចជាសញ្ញាបញ្ជាក់ថាយើងមានសុខភាពល្អទេ។ ខ្យល់ក្នុងពោះវៀន ផលិតឡើងដោយសារតែយើងលេបខ្យល់ចូលក្នុងពោះជារៀងរាល់ថ្ងៃ និងដោយសារតែបាក់តេរី ដែលរស់នៅក្នុងពោះវៀនយើង ឬហៅតាមភាសាបច្ចេកទេសថា មីក្រូប៊ីយុត Microbiote។ បាក់តេរីអស់នេះរស់រីករាលដាលដោយស៊ីសំណល់ចំណីអាហារក្នុងពោះដែលមិនកិនរលាយ ហើយបង្កបង្កើតជាឧស្ម័នឡើង។ ជាឧស្ម័ន ប្រភេទអ៊ីដ្រូសែន អុកស៊ីតដឺកាបោន និងជួន ជាមេតាន។ ឧស្ម័នទាំងអស់នេះ នាំគ្នាទៅផ្តុំនៅមាត់ច្រកចេញ (ទ្វារធំ)។ ឱ្យតែមានសម្ពាធខ្លាំងបន្តិច ខ្យល់នឹងធាក់ចេញមកក្រៅភ្លាម ឬហៅថាផោម។ ជួនកាលការដើរខ្យល់ មានសំឡេងអមមកជាមួយទៀត។ នៅពេលធ្លាយខ្យល់ហើយមានសម្ពាធខ្លាំង ខ្យល់នឹងទៅអង្រួនស្បែករន្ធទ្វារធំ។ គឺការអង្រួនស្បែកគូថនោះហើយដែលធ្វើឱ្យមានលាន់សំឡេងប្លែកៗឡើង។ មនុស្សម្នាក់ៗបញ្ចេញខ្យល់ ជាមធ្យម ១០ទៅ២០ដង ក្នុងមួយថ្ងៃ ពោលគឺស្មើនឹងប្រមាណកន្លះទៅមួយមួយលីត្រកន្លះខ្យល់ ក្នុងមួយថ្ងៃ។ តើមធ្យមភាគរបស់អ្នកនៅចន្លោះណា ? សូមវាល់វែងរាប់ខ្លួនឯងចុះ។ គ្រាន់តែត្រូវជ្រាបបន្ថែមទៀតថា របបអាហារក៏កត្តាសំខាន់ មួយចូលរួមចំណែកខ្លាំងធ្វើឱ្យ ហើមពោះ មានចរន្តខ្យល់នេះដែរ។អាហារដែលសម្រួលការហើមពោះគ្រូពេទ្យជំនាញក្រពះពោះវៀន ចំណីអាហារ អ្នកស្រាវជ្រាវ បានយល់ព្រមព្រៀងទាំងអស់ក្នុងការដាក់ចំណាត់ថ្នាក់ឱ្យចំណីអាហារ ដែលធ្វើមានខ្យល់ក្នុងពោះ។ ស្ពៃជាប់ចំណាត់ថ្នាក់លើគេ ហើយសណ្តែកជាប់លេខខ្ពស់ជាងគេ។ ចំពោះផ្លែឈើវិញ ផ្លែឈេរី (ព្រីង) ផ្លែសឺរី សុទ្ធតែជាប់ចំណាត់ថ្នាក់ហើយ តែជាប់លេខខ្ពស់ជាងគេគឺផ្លែប៉ោម។ ផ្លែឈើទាំងអស់នេះ មានកំរិតជាតិfructoseខ្ពស់ ដែលជាជាតិស្ករពិបាកបញ្ជ្រាប។ ការទំពារស្ករកៅស៊ូ និងទទួលទានទឹកមានជាតិហ្កាស ច្រើនពេកក៏ធ្វើឱ្យមានខ្យល់ក្នុងពោះច្រើនដែរ។ហេតុអ្វីមានក្លិន ?ដើរខ្យល់ជាអាការៈធម្មជាតិមែនហើយ ប៉ុន្តែហេតុអ្វីបានជាពេលខ្លះវាមានក្លិនមិនល្អសោះនោះ ?! ក្លិនខ្យល់ប្រែប្រួលទៅតាមប្រភេទអាហារដែលយើងបានទទួលទានចូលទៅ និងអាស្រ័យទៅលើបាក់តេរី ដែលជាអ្នកផ្អាប់អាហារនោះទៀត។ ការវិភាគដកពិសោធន៍លើសត្វបានបង្ហាញថា បាក់តេរីនៅក្នុងពោះមិនដូចគ្នាទេ។ បាក់តេរីនៅពោះវៀនខាងឆ្វេងផ្សេង បាក់តេរីនៅពោះវៀនខាងស្តាំផ្សឹង។ អាហារដែលសម្បូរជាតិសរសៃ ហ្វាយប័រ ដូចជាសណ្តែក ឬអាហារពពួកជាតិស្ករខ្លះ បង្កឱ្យមានឧស្ម័ន(ខ្យល់)ច្រើននៅពោះវៀនផ្នែកខាងស្តាំ និងច្រើនតែឱ្យក្លិនមិនសូវល្អនៅពេលចេញក្រៅ។ នេះជាការធម្មតា។ផ្ទុយទៅវិញ ការទទួលទានអាហារសម្បូរជាតិសាច់ សាច់ផ្អាប់ប្រៃ នឹងបង្កឱ្យមានខ្យល់នៅផ្នែកខាងឆ្វេងពោះវៀន ហើយខ្យល់នេះមានក្លិនស្អុយខ្លាំង ព្រោះជាខ្យល់ដែលមានធាតុSulfure d’hydrogène អ៊ីដ្រូហ្សែន។ ក្លិនខ្យល់គឺអាស្រ័យទៅរបបអាហារមែនហើយតែនៅមានកត្តាសំខាន់មួយចូលរួមចំណែកដែរ គឺប្រភេទនៃបាក់តេរីធម្មជាតិក្នុងពោះវៀន flore intestinale ដែលមានខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ថ្នាំធ្យូងជួយទម្លាយខ្យល់ ?នៅពេលមានអាការៈហើមពោះភ្លាម គ្រប់គ្នាតែងគិតស្វែងរកថ្នាំមកព្យាបាល។ ថ្នាំដែលគេស្គាល់ និងប្រើទូទៅជាងគេ គឺថ្នាំធ្យូង។ ជាថ្នាំធម្មជាតិ មានប្រើតាំងពីសម័យដូនតាយូរមកហើយ។ ថ្នាំធ្យូងធម្មជាតិដែលផលិតចេញពីសំបកដូង សំបករុក្ខជាតិ អាចស្រូបខ្យល់បានដល់ទៅ ១០០ដងនៃទំហំថ្នាំ ប៉ុន្តែសូមប្រយ័ត្ន ថ្នាំជាអាវុធមុខពីរ អាចព្យាបាលអ្នកពីជំងឺផង តែក៏អាចបំពុលអ្នកវិញបានដែរ។ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីឱសថការី Catherine Debelmas ពន្យល់លម្អិត អំពីគុណសម្បត្តិនិងគុណវិបត្តិនៃថ្នាំធ្យូង ៖“ថ្នាំធ្យូងធម្មជាតិ មានប្រសិទ្ធភាពដំបូង គឺស្រូបបឺតជាតិហ្កាស។ អ៊ីចឹងហើយបានជាគេប្រើវាក្នុងពេលករណីហើមពោះ ឬទល់ខ្យល់។ ទីពីរវាអាចស្រូបជាតិទឹក ហេតុដូច្នេះគេអាចប្រើថ្នាំនេះក្នុងករណីរាករូស និងចុងក្រោយវាអាចស្រូបជាតិពុល ទើបគេអាចប្រើវានៅពេលអាការៈរលាកពោះវៀន បង្កឡើងដោយបាក់តេរី។ ថ្នាំធ្យូងមានច្រើនទម្រង់ ខ្លះជាថ្នាំគ្រាប់រលាយក្នុងទឹក ពិបាកលេបបន្តិច ជាថ្នាំស្រោប ខ្លះជាកាស៊ុល។ ថ្នាំធ្យូង មានគុណប្រយោជន៍មួយ គឺជាតិធ្យូង មិនរលាយទៅក្នុងឈាមទេ វានៅរក្សាទម្រង់ក្នុងប្រដាប់រំលាយអាហារ។ តែការមិនរលាយទៅក្នុងឈាម អាចបង្កផលវិបាក និងគុណវិបត្តិផ្សេងទៀត។ គ្រប់ថ្នាំលេប សុទ្ធតែរលាយជ្រាបទៅក្នុងឈាម ដើម្បីបញ្ចេញប្រសិទ្ធភាពថ្នាំ។ ឯថ្នាំធ្យូងមិនរលាយ មិនជ្រាប តែជាអ្នកស្រូប បឺតខ្យល់ ស្រូបជាតិទឹក ស្រូបជាតិពុល ... ស្រូបគ្រប់ជាតិទាំងអស់ រាប់ទាំងជាតិថ្នាំដែលលេបចូលទៅទន្ទឹមពេលជាមួយគ្នាផង។ ដូច្នេះ សម្រាប់អ្នកលេបថ្នាំព្យាបាលជំងឺជាប្រចាំ ដូចជាថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ថ្នាំបេះដូង ឬថ្នាំគ្រាប់ពន្យារកំណើត សូមប្រុងប្រយ័ត្នឱ្យមែនទែន កុំលេបថ្នាំព្យាបាលអ្វីផ្សេងទន្ទឹមនឹងថ្នាំធ្យូងឱ្យសោះ។ សូមកុំរក្សាគម្លាតឱ្យបានយ៉ាងហោចណាស់ពីរម៉ោង។ បើលេបទន្ទឹមគ្នាជាមួយថ្នាំធ្យូង ថ្នាំពន្យារកំណើតនឹងគ្មានប្រសិទ្ធភាពទេ។”លោកអ្នកអាចរកថ្នាំលេបបណ្តោះអាសន្ន នៅតាមឱសថស្ថានបាន ប៉ុន្តែយកល្អ បើអ្នកហើមពោះ មានអាការៈកូរ ចុកឆ្អល់ ទល់លាមកឬរាករូស ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក្រពះពោះវៀននិងថ្លើម។ មានតែគ្រូពេទ្យទេ ដែលអាចវិភាគរកមូលហេតុនៃអាការៈហើមពោះបាន។ក្នុងករណីខ្លះទៀត បើអ្នកមិនទាន់ចង់ទៅពិគ្រោះជាមួយគ្រូពេទ្យ សូមសាកល្បងប្តូរផ្លាស់ទម្លាប់ក្នុងការរស់នៅ និងរបបអាហារ។ ប្តូរពីការចូលចិត្តញ៉ាំជាបន្លែពពួកស្ពៃ មកជាបន្លៃត្រប់ ពីផ្លៃប៉ោម មកផ្លែចេក ទទួលទានអាហារយឺតៗទំពារមួយៗឱ្យម៉ត់ល្អមុននឹងលេប កុំទុកឱ្យរាន់ខ្លាំងបានរត់ទៅបត់ជើងតូចឬបត់ជើងធំ។ ធ្វើកីឡា ហាត់ប្រាណ ជាការបញ្ចេញសកម្មភាពដែលល្អសម្រាប់ពោះវៀន និងដែលជួយបំបាត់អាការៈហើមពោះបាន។ កាលពីឆ្នាំ២០០៦ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអេស្ប៉ាញ បានបង្ហាញការធ្វើកីឡាល្មមៗ ដូចជាធាក់កង់ អាចជួយកាត់កាត់បន្ថយបរិមាណ ខ្យល់ក្នុងពោះវៀនតូច បានដល់ពាក់កណ្តាលឯណោះ៕
4/26/2023 • 7 minutes, 29 seconds សុខភាពបន្តពូជ ៖ គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ?
អារ ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការបានស្នើសុំឱ្យអ្នកនយោបាយ និងអ្នកស្រាវជ្រាវកុំមើលរំលងជំងឺមួយនេះ តែត្រូវរួសរាន់ផ្តល់សេវាព្យាបាលឱ្យបានថោកសមរម្យនិងមានគុណភាពខ្ពស់។ ហេតុអ្វី អង្គការសុខភាពពិភពលោកណែនាំយ៉ាងដូច្នេះ ? គ្មានកូនពិតជាអាចបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្តមែនឬយ៉ាងណា និងយ៉ាងដូចម្តេច ? តាំងពីឆ្នាំ២០១០មក អង្គការសុខភាពពិភពលោក បានទទួលស្គាល់ អាការៈ “អារ” គ្មានកូន ជាជំងឺមួយ។ ហើយ របាយការណ៍ចុងក្រោយទើបចេញកាលពីសប្តាហ៍មុន ដែលជាការសិក្សាវិភាគកាន់តែស៊ីជម្រៅ រយៈពេលជាង១០ឆ្នាំ ពីឆ្នាំ១៩៩០-២០២១ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ន គ្មានកូន ជាជំងឺដែលប៉ះពាល់ ក្នុងកំរិតដូចគ្នានៅទូទាំងពិភពលោក មិនថានៅក្នុងប្រទេសអ្នកមាន ឬក្នុងប្រទេសក្រីក្រ-មធ្យមឡើយ។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកដដែលនេះ ក្នុងចំណោមមនុស្ស៦នាក់ មានម្នាក់ហើយជាជនរងគ្រោះគ្មានសមត្ថភាពបង្កកំណើតកូន ពោលគឺ១៧,៨% នៃប្រជាពលរដ្ឋពេញវ័យបង្កកំណើតជាមនុស្ស “អារ” នៅក្នុងប្រទេសអ្នកមាន និង១៦,៥% នៅប្រទេសក្រីក្រនិងមធ្យម។ នេះសឱ្យឃើញថា គ្មានកូន ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងពិតៗ និងជាជំងឺដែលមិនរើសអើងប្រកាន់ឋានៈទៀតឡើយ។ ជំងឺអារមានកើតនៅគ្រប់ទិសទី និងក្នុងគ្រប់មជ្ឈដ្ឋាន។ នៅក្នុងប្រទេសជឿនលឿន ដូចយ៉ាងបារាំងជាឧទាហរណ៍ គ្រួសារបញ្ញាវន្ត ក៏ដូចគ្រួសារកម្មករ នៅក្រុងធំក៏ដូចនៅជនបទ សុទ្ធតែប្រឈមនឹងបញ្ហាគ្មានកូន ដូចគ្នា។សម្រាប់លោកវេជ្ជបណ្ឌិត តេដ្រូស នាយកអង្គការសុខភាពពិភពលោក មធ្យមភាគ ១៧% នៃមនុស្សពេញវ័យនៅលើពិភពលោកមានបញ្ហាបង្កកំណើត ជាចំនួនដ៏ច្រើនខ្លាំងណាស់ បើរាប់ទៅគឺស្មើនឹងជាច្រើនរយលាននាក់ ប៉ុន្តែប្រធានបទ “ជំងឺគ្មានកូន” បែរជាពុំសូវមានការសិក្សាស្រាវជ្រាវ ហើយដំណោះស្រាយនៅមានកំរិត និងថ្លៃខ្លាំងដែលគូស្វាមីភរិយាមួយចំនួនធំគ្មានលទ្ធភាពពឹងពាក់បាន។ យោងទៅលើអត្រាភាគរយនៃចំនួនមនុស្សអារ លោកនាយកអង្គការសុខភាពពិភពលោក យល់ថាដល់ពេលចាំបាច់ត្រូវពង្រីកការផ្តល់សេវាព្យាបាលនិងថែទាំជំងឺអារ គ្មានកូន និងមិនត្រូវមើលបញ្ហាអត់កូនទៀតទេ។ អ្នកនយោបាយ អ្នកស្រាវជ្រាវ ត្រូវខិតខំផ្តល់មធ្យោបាយ ការពារនិងព្យាបាលជំងឺអារ ដ៏ប្រាកដប្រជា មានប្រសិទ្ធភាព និងតម្លៃសមរម្យ សម្រាប់ឱ្យគ្រប់គូស្វាមីភរិយា ដែលប្រាថ្នាក្លាយខ្លួនជាឪពុកម្តាយ។តើអ្នកជំនាញពន្យល់អំពីផលវិបាកនៃការគ្មានកូនចំពោះសុខភាពផ្លូវចិត្តយ៉ាងណា ?គេមិនអាចមើលស្រាលបញ្ហាគ្មានកូនបានទេ។ គ្មានកូនដូចប្រាថ្នា ប្រៀបដូចជារស់ទូលសម្ពាធដ៏ធ្ងន់។ នៅក្នុងប្រទេសខ្លះ ស្ត្រីអាចពរពោះទើបហៅថាស្រី។ បុរសគ្មានកូនមិនសមជាប្រុស។ តាមច្បាប់ធម្មជាតិ គូស្វាមីភរិយារួមរស់ជាមួយគ្នាត្រូវតែមានកូន បន្តពូជ តែបើរស់យូរឆ្នាំហើយនៅមិនអាចមានកូន នោះមិនហៅថាជាប្តីប្រពន្ធទេ។ល និង។ល។... ជាលទ្ធផល បើតាមអ្នកជំនាញអង្គការសុខភាពពិភពលោក ផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ អ្នកគ្មានលទ្ធភាពមានកូន ច្រើនតែមានបញ្ហាសុខភាពផ្លូវចិត្ត មានជំងឺថប់កង្វល់ និងជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងអាចប្រឈមនឹងហានិភ័យជួបអំពើហិង្សាក្នុងគ្រួសារទៀត។សម្រាប់លោក សាមៀ ហាម៉ាម៉ារ Samir Hamamah សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងជីវវិទូ ផ្នែកបន្តពូជ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុងម៉ុងពឺលីយ៉េរ ដែលរដ្ឋាភិបាលបារាំងបានប្រគល់បន្ទុកឱ្យសិក្សារកមូលហេតុនៃភាពអាររបស់មនុស្ស ចេញផ្សាយកាលពីឆ្នាំ២០២២ នៅពេលមនុស្សម្នាក់គ្មានសមត្ថភាពមានកូន ស្ត្រីឬបុរសនោះ តែងមានអារម្មណ៍ខ្វល់ខ្វាយ បាត់បង់ទំនុកចិត្តលើខ្លួនឯង និងអាចធ្លាក់ខ្លួនមានជំងឺធ្លាក់ទឹកចិត្ត។ សម្ពាធសង្គមជាដើមហេតុមួយអាចជំរុញឱ្យគូស្វាមីភរិយាខ្លះដែលចង់បានកូន ធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត។ សំណួរតែមួយម៉ាត់ ថា “មើល៎ ! ថ្ងៃណាបានកូន” គ្រប់គ្រាន់នឹងធ្វើឱ្យ ស្ត្រីឬបុរសជាប្តីប្រពន្ធចង់បានកូននោះ វិលវល់សតិអារម្មណ៍ និងត្រូវពេលវេលាពីរបីថ្ងៃទម្រាំអាចធ្វើចិត្តបានឡើងវិញ។ ចុះតើមួយថ្ងៃ មួយខែ មួយឆ្នាំ គូស្វាមីភរិយានេះត្រូវជួបនឹងសំណួរបែបនេះប៉ុន្មានដង ?! នៅពេលកង្វល់និងការព្រួយបារម្ភ ក្លាយទៅជាអារម្មណ៍រអៀសនឹងខ្លួនឯងឡើងដល់កំរិតណាមួយ បុរសនិងស្ត្រីប្តីប្រពន្ធនោះ ចាប់មាននិន្នាការឡើងទម្ងន់ ដែលជាបញ្ហាផ្តើមមួយទៀតនៃជំងឺគ្មានកូន។ ធាត់ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើននៃការគ្មានកូន។ ដូចភាពវិលវល់ក្នុងវដ្តសង្ខារ គេសង្កេតឃើញគូស្វាមីភរិយាអារ គ្មានសមត្ថភាពមានកូន ច្រើនតែមានរោគសញ្ញាធាត់ជាប់នឹងខ្លួន។ផលវិបាកមួយទៀត នៃគូគ្មានកូន គឺដោយរវល់ខ្វល់គិតតែចង់បានកូន នៅទីបំផុត ពួកគេលែងមានជីវិតជាប្តីប្រពន្ធពិតៗ។ គូស្វាមីភរិយា ភាគច្រើន ភ្លេចរឿងរួមរក្ស លែងមានចំណង់ការរួមភេទ ព្រោះតែការរួមរក្សត្រូវបានភ្ជាប់ទៅនឹងជំងឺអារ។ មានមិនតិចករណីទេ ដែលនៅពេលមកជួបពេទ្យធ្វើតេស្តរកភាពអារហើយ ខាងប្តីឬប្រពន្ធបែរជាបដិសេធទៅវិញ ដោយសំអាងថាមិនទាន់បានត្រៀមខ្លួន។ ស្ថានភាពបែបនេះ អាចជំរុញឱ្យប្តីប្រពន្ធឈានដល់ការលែងលះ និងងំជាអំពើហិង្សាក្នុងគ្រួសាររវាងប្តីនិងប្រពន្ធឡើង។ ហេតុដូច្នេះហើយបានជាករណីខ្លះ គូគ្មានកូនចាំបាច់ត្រូវរកការគាំទ្រផ្នែកផ្លូវចិត្ត ពីគ្រូពេទ្យចិត្តសាស្ត្រ ឬពីក្រុមគ្រួសារ និងត្រូវរួសរាន់ស្វែងរកដំណោះស្រាយ។ ជាទូទៅ គូស្វាមីភរិយា ច្រើនសំងំនិងចំណាយពេលជាមធ្យមបួនឆ្នាំ ទម្រាំទម្លាយនិងទៅរកជំនួយដល់ជីវិតគូរបស់ខ្លួន។តើអ្វីទៅជាមូលហេតុនាំអារ ?អារគ្មានកូន បើតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក គឺជាជំងឺពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជរបស់ស្ត្រី ឬបុរស ដែលសម្គាល់ដោយអសមត្ថភាពក្នុងការបង្កកំណើតកូន ក្រោយពីបានរួមរក្សដោយគ្មានការពារ និងយ៉ាងទៀងទាត់តាមគន្លងជីវិតប្តីប្រពន្ធ រយៈពេលយ៉ាងហោច១២ខែជាប់គ្នា។ កាលពីជាង៣០ឆ្នាំមុន នៅពេលគ្មានកូន គេតែងបន្ទោសនិងទម្លាក់កំហុសជាស្វ័យប្រវត្តិទៅលើភាគីខាងស្រី។ ដោយជំរុញឱ្យបុរសប្តូរប្រពន្ធ ឬរកស្រីថ្មីដើម្បីបានកូនបន្តពូជ។ ប៉ុន្តែឥលូវនេះ គេបានដឹងច្បាស់ថា បុរស ក៏អាចជាដើមហេតុនៃការគ្មានកូនដូចស្ត្រីដែរ គ្រាន់តែភាគីបុរសខ្លះនៅបន្តងប់ បដិសេធ មិនទទួលស្គាល់ការពិតថាខ្លួនជាដើមហេតុនៃការគ្មានកូនតែប៉ុណ្ណោះ។ តាមវិទ្យាសាស្ត្រ មួយភាគបីនៃករណីគ្មានកូន បណ្តាលមកពីស្ត្រី មួយភាគបីទៀត គឺបណ្តាលមកពីបុរស និងមួយភាគចុងក្រោយ មកពីទាំងសងខាង ឬដោយគ្មានមូលហេតុអាចពន្យល់បាន។ ថ្វីបើនៅក្នុងរបាយការណ៍ថ្មីនេះ អង្គការសុខភាពពិភពលោក មិនបានផ្តោតការសិក្សាទៅលើមូលហេតុដែលនាំស្ត្រីនិងបុរសបច្ចុប្បន្ន ចុះថយឬគ្មានសមត្ថភាពបង្កកំណើតមែន ប៉ុន្តែអាយុអាចចាត់ទុកជាដើមហេតុចម្បង។ ក្មេងជំនាន់នេះ ក្រគិតគូរយកកូនណាស់។ នៅឆ្នាំ២០១៩ ស្ត្រីចាប់មានកូនដំបូង នៅអាយុ២៩ឆ្នាំ ជាមធ្យម ទល់នឹង២៤ឆ្នាំកាលពីឆ្នាំ១៩៧៥។ ហើយតាមច្បាប់ធម្មជាតិ លទ្ធភាពបង្កកំណើតរបស់មនុស្សស្រី ត្រូវផ្តើមថយជាលំដាប់ ចាប់ពីអាយុ៣០ឆ្នាំទៅ។ក្រៅពីកត្តាអាយុ របៀបរបបរស់នៅបែបថ្មី ដែលនិយមភាពស្រណុក មិនបញ្ចេញកម្លាំងកាយ ចូលចិត្តស៊ីផឹកគ្រឿងស្រវឹង (ស្រា-ប៊ីយែរ) ជក់បារី ធាត់ ... ក៏ជាកត្តារួមចំណែកមិនឱ្យមានកូនដែរ ព្រោះកត្តាទាំងនេះ ប៉ះពាល់ខ្លាំងណាស់ដល់មេជីវិតបុរសស្ពែម៉ាតូហ្សូអ៊ីត និងសមត្ថភាពពរពោះរបស់ស្ត្រី។ តាំងពីជាង៣០ឆ្នាំចុងក្រោយមកនេះ គេសង្កេតឃើញសមត្ថភាពបង្កកំណើតបុរសបានធ្លាក់ចុះ ជាទូទៅនៅទាំងពិភពលោក គួរឱ្យព្រួយបារម្ភ។ ស្ពែរម៉ាតូហ្សូអ៊ីត មេជីវិតរបស់បុរស បានថយ ទាំងបរិមាណនិងគុណភាពអស់ជាង៥០%។ បន្ទាប់មកទៀត គឺបញ្ហាបរិស្ថាន ដែលពោរពេញទៅដោយសារធាតុពុលប៉ះពាល់ដល់ប្រព័ន្ធអ័រមូនលូតលាស់យ៉ាងខ្លាំង។ ជាតិពុលប៉ះពាល់ដល់ប្រព័ន្ធលូតលាស់ មាននៅគ្រប់ទិសទី ដូចជានៅក្នុង ថ្នាំលាបជញ្ជាំងផ្ទះ ក្នុងផលិតផលសំអាង គ្រឿងម៉ាគីយេ នៅក្នុងចំណីអាហារ។ អ៊ីចឹងបានជាគ្មាននរណាម្នាក់អាចគេចរួចទេ។ បើតាមការសិក្សាអាមេរិក មានតែពលរដ្ឋមួយក្រុមគត់ដែលហាក់គេចរួចពីបរិស្ថានពុល គឺអ្នករស់នៅជាក្រុម ដាច់ស្រយាល គ្មានឬមានទំនាក់ទំនងនឹងពិភពខាងក្រៅយ៉ាងតិចតួចបំផុត។ ដូច្នេះ បើចង់បំបាត់កត្តាមួយនេះ ត្រូវតែមានការប្តូរផ្លាស់នៅក្នុងសង្គម ក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ទើបអាចប្តូរផ្លាស់បរិស្ថានឱ្យប្រសើរឡើងវិញ។ តែនិន្នាការបច្ចុប្បន្នមានតែអាក្រក់ទៅៗប៉ុណ្ណោះ។ អ្នកស្រាវជ្រាវអាមេរិកព្យាករថា យ៉ាងយូរនៅឆ្នាំ២០៥០ គូស្វាមីភរិយាភាគច្រើនត្រូវពឹងលើវិធីបង្កកំណើតក្រៅស្បូន ដើម្បីបានកូន។កត្តាបរិស្ថាន សុខភាព និងសង្គម បានធ្វើឱ្យមានកំណើនជំងឺអត់កូន ប្រមាណ ០,៣-០,៤% ក្នុងមួយឆ្នាំ។ ជាមួយតួលេខនេះ អារគឺជាតំណាងបញ្ហាសុខភាពសាធារណៈពិតៗផង ជាតំណាងនៃការគំរាមកំហែងមនុស្សជាតិទៀត។ សម្រាប់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សាមៀ ហាម៉ាម៉ារ បើជំងឺអត់កូននៅតែបន្តកើនឡើងជាលំដាប់ដូច្នេះ មនុស្សជាតិអាចនឹងត្រូវផុតពូជ នៅ២សតវត្សរ៍ទៀត បើជាការព្យាករណ៍ប្រកបដោយសុទិដ្ឋនិយម តែបើមានទុទ្ទិដ្ឋនិយមខ្លាំងវិញគឺត្រឹមតែមួយសតវត្សរ៍កន្លះទេ ព្រោះដើម្បីឱ្យសង្គមជាតិមួយអាចនៅគង់វង្សស្ថិតស្ថេរបាន គ្រួសារមួយត្រូវមានអ្នកបន្តពូជ (មានកូន) ជាមធ្យម ២,៦នាក់។ តែពេលនេះ ស្ត្រីបារាំងម្នាក់បង្កើតកូនជាមធ្យមតែ១,៨៣នាក់ ស្ត្រីអ៊ីតាលី អេស្បាញឬព័រទុយហ្កាល់ មានកូនជាមធ្យម ១,៣នាក់។ ហើយកាន់តែគួរព្រឺក្បាលទៀត គឺចិនអាចនឹងបាត់បង់ប្រជាជនអស់ពាក់កណ្តាល នៅរវាង ពី៤០ទៅ៥០ឆ្នាំទៀតខាងមុខ។ នេះបើតាមទស្សនៈរបស់ជីវវិទូបារាំង សាមៀ ហាម៉ាម៉ារដដែល៕
4/24/2023 • 9 minutes, 31 seconds អាការៈអស់កម្លាំងមិនធម្មតា ជាជំងឺ ?
មានអារម្មណ៍នឿយហត់អស់កម្លាំង ក្រោយពីបានប្រឹងបញ្ចេញកម្លាំងកាយ ឬបញ្ញាគិតធ្វើអ្វីមួយខ្លាំងជ្រុល គឺជារឿងធម្មតា។ តែអាការៈអស់កម្លាំង លែងហៅថា ធម្មតា ប្រសិនបើគេបានសម្រាកយ៉ាងយូរហើយនៅតែពុំព្រមបាត់ហត់ នៅតែមានអារម្មណ៍ថាគ្មានថាមពលចង់ធ្វើកិច្ចការប្រចាំថ្ងៃទៀត។ តើអាការៈអស់កម្លាំង មិនធម្មតា ជាអ្វី ? ជាជំងឺ មែនទេ ?
បទអន្តរាគមន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យកូស្ហាំង ក្រុងប៉ារីស
នៅថ្ងៃនេះកម្មវិធីសុខភាពរបស់យើងសូមលើកយកមកជម្រាបជូនលោកអ្នកនាងឱ្យបានជ្រាបអំពីអាការៈ អស់កម្លាំងមិនធម្មតា ឬ Asthénie បើតាមភាសាបច្ចេកទេសពេទ្យ។ គឺជាអាការៈអស់កម្លាំង មិនប្រក្រតី បានសម្រាកយ៉ាងពេញលេញហើយ នៅតែមិនព្រមបាត់ទៀត ឬបាត់តែមួយភាគ។ នៅប្រទេសបារាំង ១០ទៅ២៥%នៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យប្រចាំគ្រួសារ តែងតែថ្ងូចថ្ងូរអំពីអាការៈអស់កម្លាំងនេះឯង។ ៦ទៅ៧% បានណាត់ជួបពេទ្យដោយហេតុតែអាការៈអស់កម្លាំងនេះមួយគត់។
Asthénie ជាពាក្យពេទ្យដែលចង់សំដៅលើអាការៈចុះទន់ខ្សោយនៃសរីរាង្គកាយទាំងមូល។ ជាការអស់កម្លាំងជាទូទៅ ខុសពីការអស់កម្លាំងធម្មតា ហើយបង្កឱ្យមានអារម្មណ៍មិនស្រណុកខ្លួន អសមត្ថភាពនឹងធ្វើកិច្ចការប្រចាំថ្ងៃឱ្យត្រឹមត្រូវ។ អ្នកមានបញ្ហាអាស្តេនី មិនអាចបំពេញរវាងអ្វីដែលត្រូវធ្វើនិងអ្វីដែលគេអាចធ្វើបានទេ។ ស្រ្តីច្រើនជួបអាការៈនេះ ជាងបុរស។
អស់កម្លាំងមិនធម្មតា អាស្តេនី ច្រើនជាអាការៈដែលសំដៅលើ ភាពល្វើយ ល្ហិតហ្ហៃ នឿយណាយ មានអារម្មណ៍ខ្ជិល គ្មានកម្លាំងពលំ អាប់អន់បញ្ញារកគិតអ្វីមិនចេញ ខ្សោះក្នុងខ្លួន ខ្វះ-អស់ថាមពល មានអារម្មណ៍ហេវហត់អស់កម្លាំងទន់ខ្សោយ ...
តើអ្វីជាមូលហេតុនាំឱ្យអស់កម្លាំង ?
អាស្តេនីមិនមែនជាជំងឺទេ ប៉ុន្តែប្រជុំរោគសញ្ញានៃបញ្ហាសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ឬជាលទ្ធផលនៃប្រតិកម្មនឹងបរិស្ថាននៅជុំវិញខ្លួន។ មានន័យថា មានកត្តាច្រើនយ៉ាងដែលជំរុញឱ្យស្តែងជាអាការៈអស់កម្លាំងឡើង។
ប្រភពនៃការអស់កម្លាំង អាចបណ្តាលមកពី របៀបរបបរស់នៅក្នុងជីវិតប្រចាំថ្ងៃប្រែប្រួល ឬបណ្តាលមកពីបានកើតជំងឺអ្វីមួយ។ កង្វះដំណេក ឬគេងមិនស្កប់នៅពេលយប់ ឧស្សាហ៍ភ្ញាក់ គេងមិនទៀង មានកង្វល់ក្នុងការងារ ធ្វើការហួស មានបញ្ហាក្នុងរង្វង់គ្រួសារ មានអ្នកឈឺ មានការបែកបាក់លែងលះ ... ក៏អាចជាដើមហេតុនាំឱ្យអស់កម្លាំងខ្លាំងនិងរ៉ាំរ៉ៃដែរ។
អស់កម្លាំងខុសប្រក្រតីអាចជារោគសញ្ញានៃជំងឺហួសកម្លាំង និងជារោគសញ្ញានៃជំងឺជាច្រើនផ្សេងទៀត ដូចជាជំងឺស្លេកស្លាំងខ្វះឈាមក្រហម ជំងឺបង្ករោគដោយបាក់តេរី ដោយវីរ៉ុស ជំងឺទាក់ទងនឹងក្រពេញលូតលាស់ ឬជំងឺមហារីក និងផឹកស្រាច្រើនជ្រុល។ បញ្ហាខួរក្បាល បេះដូង ថ្លើម ប្រមាត់ ឈាម ប្រព័ន្ធរំលាយអាហារ ព្រមទាំងថ្នាំខ្លះ ក៏អាចធ្វើឱ្យអ្នកលេបមានអាការៈអស់កម្លាំងចម្លែក។
ដូច្នេះគេអាចនិយាយផ្ទុយមកវិញបានថា អាការៈនឿយហត់អស់កម្លាំង អាចជាសញ្ញាដាស់បញ្ជាក់ថាយើងប្រុងប្រយ័ត្នតាមដានមើលសុខភាពខ្លួន។ តើពិតជាមានជំងឺ ដែលផ្តល់រោគសញ្ញាដំបូងជាអាការៈនឿយអស់កម្លាំងមែនឬ ? សូមស្តាប់ប្រសាសន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យCochin ក្រុងប៉ារីស។
Pr Clairer Le Jeunnne ៖ ចាសមាន ! មានជំងឺដែលផ្តល់រោគសញ្ញាដំបូងជាអាការៈអស់កម្លាំង។ ផ្តើមដំបូងគឺជំងឺប៉ះពាល់លើសរីរាង្គ ហើយអាចផ្តល់ថ្នាំព្យាបាលបាន នោះគឺជំងឺខ្វះគ្រាប់ឈាមក្រហមអាណេមី។ ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធអ័រមូន ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធការពារខ្លួន ច្រើនតែលេចសញ្ញាដំបូងជាអាការៈអស់កម្លាំងខ្លាំង។ បញ្ហាផ្លូវចិត្ត ការធ្លាក់ទឹកចិត្ត ក៏ជាដើមហេតុចម្បងនាំឱ្យអស់កម្លាំងដែរ។”
បានសេចក្តីថា នៅពេលមានអាការៈអស់កម្លាំងយូរ គេមិនត្រូវធ្វេសប្រហែលទេ និងគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវែករកមូលហេតុឱ្យបានស៊ីជម្រៅតើគ្រូពេទ្យត្រូវចាប់ធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេចខ្លះទៅវិញ ? សូមស្តាប់ប្រសាសន៍លោកស្រីសាស្ត្រាចារ្យជាថ្មី
Pr Clairer Le Jeunnne ៖ “គ្រូពេទ្យនឹងពិនិត្យវែករកអតីតភាពនៃជំងឺ។ ប្រសិនបើអ្នកជំងឺម្នាក់ ថ្ងូរថាហត់អស់កម្លាំង ហើយអាការៈអស់កម្លាំងអូសបន្លាយតាំងពីជាង១០ថ្ងៃមកហើយ នោះគ្រូពេទ្យនឹងធ្វើរោគវិភាគបន្ថែមមួយចំនួនទៀត ដូចជា ៖ -ចោទសួរលម្អិតព័ត៌មានទាក់ទងនឹងសុខភាព ដើម្បីជីករកសញ្ញារោគពាក់ព័ន្ធនឹងអាការៈអស់កម្លាំង។ -បន្ទាប់មកគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យគ្លីនិក ក្រែងឃើញអ្វីមិនធម្មតា។ -គ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យទៅពិនិត្យឈាមបើលទ្ធផលនៃការពិនិត្យបែបគ្លីនិក គ្មានលទ្ធផល ឬផ្តល់តម្រ៉ុយអ្វីមួយ។
ចាសគ្រូពេទ្យចាំបាច់ត្រូវតែរកមូលហេតុឱ្យឃើញ ទើបអាចរកមធ្យោបាយព្យាបាលបានត្រឹមត្រូវ និងបានជាអាការៈអស់កម្លាំងនេះ។ ការវិភាគឈាម ជាវិធីសាស្ត្រត្រួតពិនិត្យដំបូងនាំឱ្យគ្រូពេទ្យអាចវែកមើលក្រែងមានការរោលរលាក ការបង្ករោគ ជាយថាហេតុណាមួយកើតឡើងនៅក្នុងសរីរាង្គរបស់អ្នកជំងឺ ឬក៏មានកង្វះគ្រាប់ឈាម និងដើម្បីផ្ទៀងផ្ទាល់មើលតួនាទីរបស់តម្រងនោម របស់ថ្លើម របស់ក្រពេញទីរ៉ូអ៊ីត អត្រាជាតិស្ករ ឬមើលកំរិតសារធាតុដែកក្រែងខ្វះ។ បើមានការរលាកបង្ករោគដោយបាក់តេរី ការព្យាបាលរំពឹងលើថ្នាំផ្សះ។ បើបណ្តាលមកពីជំងឺបាក់ទឹកចិត្ត គ្រូពេទ្យនឹងចេញថ្នាំព្យាបាលអារម្មណ៍ជូន។ បើទម្លាប់អាក្រក់ក្នុងការរស់នៅប្រចាំថ្ងៃជាដើមហេតុ នោះត្រូវប្តូររបៀបរបបដែលល្អប្រសើរ ម្ហូបអាហារមានលំនឹង សម្រាកឱ្យបានគ្រប់គ្រាន់ ... រួចអាចបំពេញបន្ថែមពីថ្នាំវីតាមីន។
សូមប្រុងប្រយ័ត្ន អាការៈអស់កម្លាំងមិនធម្មតា អូសបន្លាយលើសពី ៦ខែ ដោយគ្មានមូលហេតុច្បាស់លាស់ អាចត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃ។ ពិបាកវិភាគវិនិច្ឆ័យ ជំងឺនេះតែអាច ជាទៅវិញបាន ប៉ុន្តែជួនកាលគេត្រូវការពេលវេលាជាច្រើនឆ្នាំណាស់ទម្រាំអាការៈសញ្ញាអស់កម្លាំងអាចរលុបបាត់ទាំងស្រុង៕
4/5/2023 • 7 minutes, 46 seconds Endométriose ឬ ជំងឺចុកពោះពេលធ្លាក់រដូវ ជាការធម្មតា រ បស់ស្ត្រី ?
នៅក្នុងកម្មវិធីសុខភាពនាថ្ងៃពុធទី ៨ មីនា ទិវានារីអន្តរជាតិថ្ងៃនេះ អៀងសុខម៉ិញ សូមណែនាំឱ្យអស់លោកអ្នកនាងបានស្គាល់អំពីជំងឺស្ត្រីមួយប្រភេទ ដែលពិភពវេជ្ជសាស្ត្រនៅមិនទាន់ស្គាល់ច្បាស់នៅឡើយ។ នោះគឺជំងឺចុកពោះ ពេលធ្លាក់រដូវ អង់ដូមេទ្រីយូស្ស។
កាលពីថ្ងៃទី ១៦ កុម្ភៈ២០២៣ អេស្ប៉ាញបានក្លាយជាប្រទេសដំបូងគេបង្អង់នៅអឺរ៉ុប ដែលបានបោះឆ្នោតអនុម័តច្បាប់ផ្តល់ការឈប់សម្រាកពេលធ្លាក់រដូវ ដល់ស្រ្តីដែលមានខែអមដោយការឈឺចុកចាប់។ ជាវិធានការជាប្រវត្តិសាស្ត្រសម្រាប់ស្ត្រីដែលពុំធ្លាប់មានទេនៅអឺរ៉ុប ហេតុដូច្នេះហើយបានជារដ្ឋាភិបាលអេស្ប៉ាញចង់ធ្វើជាគំរូចាប់ផ្តើមទម្លាយរឿងដែលគេធ្លាប់តែលាក់មិនហ៊ាននិយាយកន្លងមក។
ក្រៅអំពីអេស្ប៉ាញ ច្បាប់ផ្តល់សិទ្ធិឱ្យស្ត្រីបានឈប់សម្រាកពេលមករដូវ មានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងទៀតនៅលើពិភពលោក មានជាអាទិ៍ និងដំបូងគេបង្អង់ នៅប្រទេសជប៉ុន។
តាំងពីឆ្នាំ១៩៤៧មក ច្បាប់ជប៉ុនបានចែងមិនឱ្យក្រុមហ៊ុនសហគ្រាសបង្ខំស្ត្រីឱ្យមកធ្វើការទេ បើស្ត្រីគាត់សុំឈប់ព្រោះមូលហេតុដល់ថ្ងៃធ្លាក់រដូវ។ ស្ត្រីអាចឈប់ប៉ុន្មានថ្ងៃក៏បាន ប៉ុន្តែជាទូទៅស្ត្រីទាំងនោះមិនបានទទួលកម្រៃទេ។ បើតាមស្ថិតិរបស់ក្រសួងការងារជប៉ុន នៅឆ្នាំ២០២០ ក្នុងចំណោមក្រុមហ៊ុនប្រមាណ៦០០០ មានមួយភាគបី (៣០%) ព្រមឱ្យប្រាក់ខែពេញធម្មតា ឬកាត់ប្រាក់ខែខ្លះដល់ស្ត្រីដែលអវត្តមានពីកន្លែងធ្វើការដោយមូលហេតុមកខែ។ ការសិក្សាបានបង្ហាញឱ្យឃើញទៀតថា មានស្រ្តីជប៉ុនតែប្រមាណ០,៩%ផងបានប្រើសិទ្ធិរបស់ខ្លួន។
នៅកូរ៉េខាងត្បូង ក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកស្រីបានឈប់សម្រាករដូវមួយថ្ងៃក្នុងខែ តែត្រូវកាត់ប្រាក់ខែមួយថ្ងៃនោះដែរ។ ហើយបើក្រុមហ៊ុនណាមិនគោរពច្បាប់ នឹងមានការពិន័យជាប្រាក់ចំនួន ៥លានវ៉ុន។ តាំងពីឆ្នាំ២០០៣មក ឥណ្ឌូណេស៊ី ក៏បានអនុម័តច្បាប់ គ្រោងផ្តល់សិទ្ធិដល់ស្ត្រីមានរដូវឈឺចុកចាប់ខ្លាំង អាចឈប់សម្រាកពីការងារបានមួយឬពីរថ្ងៃក្នុងខែ អាស្រ័យទៅលើការកំណត់របស់ក្រុមហ៊ុននិងបុគ្គលិក។ ប៉ុន្តែក្នុងដំណើរការអនុវត្ត ជាក់ស្តែង ក្រុមហ៊ុនអនុញ្ញាតឱ្យតែមួយថ្ងៃ ឬគ្មានសោះ ហើយខ្លះទៀតថែមទាំងធ្វើមិនដឹងមិនខ្វល់នឹងច្បាប់នោះតែម្តង។ ច្បាប់តៃវ៉ាន់ បានផ្តល់បីថ្ងៃដល់ស្ត្រីសម្រាប់ហេតុផលមករដូវឈឺខ្លាំង ហើយអាចឈប់លើសនេះបានទៀត តែត្រូវបានចាត់ទុកជាពេលឈប់ព្រោះមូលហេតុមានជំងឺ និងទទួលបានប្រាក់បៀរវត្សរ៍ធម្មតា។ ជាប់ឈ្មោះជាប្រទេសបុណ្យម្តាយ តាំងពីឆ្នាំ២០១៥មក ហ្សំប៊ីបានអនុម័តច្បាប់ផ្តល់សិទ្ធិឈប់មួយថ្ងៃក្នុងមួយខែ ដល់ស្ត្រីពេលធ្លាក់រដូវ ដោយមិនបាច់ប្រាប់មុន ឬមានលិខិតបញ្ជាក់ពីគ្រូពេទ្យទេ។
តើការឈឺចុកចាប់ពេលធ្លាក់រដូវ ជាប្រការធម្មតាសម្រាប់ស្ត្រី ?
ការឈឺចាប់ខ្លាំងពេលឆ្លងទន្លេ ប្រសូតបុត្រ ជាករណីធម្មតា និងសម្រាប់គ្រប់ស្ត្រីទាំងអស់។ ឯការឈឺចាប់ពេលមកខែអាចមានបង្កប់ជំងឺ និងហេតុផលផ្សេង ! ពេលមករដូវម្តងៗ សាច់ដុំរបស់ស្បូននឹងត្រូវកន្ត្រាក់លាៗដើម្បីជម្រុះភ្នាស់របស់វាចេញ។ ដោយគ្មានការបង្កជីវិត សរីរាង្គនៃស្បូន បានបញ្ឈប់ងក់ការផលិតអ័រមូន Oestrogènes និង Progestérone។ តួស្បូនចាប់រីកឡើង និងចាប់កន្ទ្រាក់ ដើម្បីធាក់បញ្ចេញរដូវ ជាឈាម និងជាភ្នាសស្បែកស្តើងៗលើជញ្ជាំងស្បូន ឱ្យធ្លាក់ចេញមកក្រៅ ។ ស្បួនកន្ទ្រាក់ព្រោះតែសម្ពាធខ្ពស់រវាងឈាមដែលហូរចេញទៅក្នុងស្បូន និងប៉ះជាមួយជញ្ជាំងស្បូន ធាក់ខ្ទប់ គ្នាទៅវិញទៅមកផង។ ជញ្ជាំងស្បូនខ្លួនឯងក៏ត្រូវដាច់ចេញផង ហើយការដាច់ចេញនៃភ្នាសនៅជញ្ជាំងស្បូននេះក៏ជាកត្តាធ្វើឱ្យស្បូនកន្ទ្រាក់ដែរ និងអាចមានឥទ្ធិពលលើសាច់ដុំផ្សេងទៀត ក្រៅអំពីស្បូន ហេតុដូច្នេះហើយ បានជាពេលខ្លះស្ត្រីមានអាការៈឈឺក្បាល ចង់ក្អួត ចង្អោរ។ និយាយជារួម ការធ្លាក់រដូវ មានដំណើរការដូចគ្នានឹងឆ្លងទន្លេយ៉ាងដូច្នោះ គឺស្បូនត្រូវកន្ទ្រាក់ដើម្បីមានសម្ពាធធាក់បញ្ចេញទារកឱ្យចេញមកចាប់កំណើត ទើបមានការឈឺចុកចាប់ខ្លាំង។ ឯការកន្ទ្រាក់ស្បួនពេលដល់វដ្តរដូវ មិនប្រាកដថាធ្វើឱ្យឈឺពោះខ្លាំងទេ។
ការឈឺចាប់ពេលមករដូវរបស់ស្ដ្រីអាចតិចឬខ្លាំងខុសៗគ្នាពី មនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត។ ស្ត្រីខ្លះដូចបុរស ការមករដូវគ្រាន់តែជាសញ្ញាមួយប៉ុណ្ណោះ។ បើតាមចំណាំ ការឈឺចាប់មានកាន់តែខ្លាំង នៅពេលមានឈាមរដូវធ្លាក់ច្រើន ព្រោះស្បួនត្រូវកន្ទ្រាក់ខ្លាំង ដើម្បីអាចបញ្ចេញឈាមរដូវនោះអស់ពីស្បូន។
ផលវិបាកជាយថាហេតុនៃការឈឺចាប់ពេលមករដូវ
ការឈឺចាប់នេះជាទូទៅ គ្មានលាក់សញ្ញារោគអ្វីគួរឱ្យព្រួយបារម្ភ និងប៉ះពាល់ដល់សុខភាពទេ មិនថាជាសុខភាពក្នុងន័យទូទៅ ឬសុខភាពផ្លូវភេទឡើយ។ ការឈឺចាប់ពេលធ្លាក់រដូវច្រើនកើតឡើង ចំពោះក្មេង ទើបឡើងខ្លួននិងមានរដូវឆ្នាំៗដំបូង និងនៅពេលអំឡុងពេលជិតអស់រដូវ ព្រោះរយៈកាលនេះ សរីរាង្គកាយមនុស្សស្រីមានអ័រមូនចុះឡើងខ្លាំង។ ចំពោះយុវតី អាការៈឈឺចុកចាប់ពេលធ្លាក់រដូវ នឹងចុះថយទៅៗ និងបាត់ទាំងស្រុងតែម្តងផង នៅពេលចាប់មានគភ៌ជាលើកទីមួយ។
ប៉ុន្តែសូមកុំភ្លេចរូតរះទៅជួបគ្រូពេទ្យឯកទេស ប្រសិនបើការឈឺចាប់ពេលធ្លាក់រដូវ មានកំរិតខ្លាំងហួសហេតុទ្រាំលែងបាន។ ស្ត្រីមានរដូវយូរឆ្នាំហើយ ស្រាប់តែស្ងៀមៗមានលេចអាការៈឈឺចាប់ពេលធ្លាក់រដូវ ហើយបរិមាណនៃឈាមរដូវមានកំរិតច្រើនហួសពីធម្មតា រដូវលែងទៀង មកមួយខែពីរដងជាដើម។ល។ ធ្លាក់រដូវចុករមួលពោះហើយ អមដោយអាការៈក្តៅខ្លួន... សុទ្ធសឹងជាសញ្ញាមិនធម្មតា ដែលស្ត្រីត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ផលវិបាកដ៏ធ្ងន់ធ្ងរ និងដ៏កម្រមួយទៀតនៃការឈឺចាប់ខ្លាំងនេះ គឺអាចជាសញ្ញាប្រាប់ថាអ្នកអាចមានជំងឺមួយឈ្មោះថា endométrioses ដែលមានកើតលើស្ត្រី ម្នាក់ក្នុងចំណោម១០នាក់។ តើអ្វីទៅជាជំងឺអង់ដូមេទ្រីយូស្ស ? ជាធម្មតា ឈាមរដូវត្រូវហូរធ្លាក់ចេញមកក្រៅ តែក្នុងករណីមានអង់ដូមេទ្រីយូស្ស្សនេះ កោសិកាភ្នាសស្បួនចេញខុសផ្លូវ (មិនហូរធ្លាក់មកក្រៅតាមទ្វារមាសទេ) និងមិនត្រូវបានសម្អាតរំលាយអស់ឡើយ បែរជាទៅតោងកកលើសរីរាង្គផ្សេងទៀត ដូចជាផ្លោកនោម ស្បែកពោះ ពោះវៀនធំ ហើយរីកធំលូតលាស់ទៅតាមចង្វាក់និងវដ្តនៃអ័រមូន រាល់ខែ ជាហេតុបង្កឱ្យមានការឈឺចាប់ខ្លាំង ពិបាកមានកូន ឬត្រូវកាត់ស្បូនចេញតែម្តងទើបបាន។
តើធ្វើដូចម្តេចទើបអាចដឹងបានថាយើងកំពុងមានជំងឺរោគស្ត្រីអង់ដូមេទ្រីយ៉ូសនេះ និងមិនមែនជាឈឺធ្លាក់រដូវធម្មតា ? សូមស្តាប់ការពន្យល់លម្អិតបន្ថែមរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Pierre François Ceccaldi ប្រធានផ្នែកជំងឺរោគស្រ្តីនៅមន្ទីរពេទ្យ Beaujon ជាយទីក្រុងប៉ារីស ៖
“ជាដំបូង ជំងឺអង់ដូមេទ្រីយូស្ស មានច្រើនប្រភេទ ដូច្នេះការសម្តែងអាការៈជំងឺក៏មានច្រើនបែបយ៉ាងខុសៗគ្នាដែរ។ ការវិនិច្ឆ័យរកជំងឺនេះ ជួនជាការលំបាកខ្លាំង ជួនក៏ស្រួល ព្រោះតែយន្តការនៃជំងឺមានលក្ខណៈដូចគ្នានឹងយន្តការនៃការធ្លាក់រដូវ ពោលគឺនៅពេលភ្នាសរដូវ ត្រូវរំលាយដោយរដ្តរដូវ ភ្នាសអង់ដូមេទ្រីយូស្សចាប់ផ្តើមចេញឈាមដែរ ទើបធ្វើឱ្យស្ត្រីមានការឈឺចុកចាប់ខ្លាំង។ ជាការឈឺចាប់ពីរដោយហេតុពីរកើតក្នុងពេលតែមួយ ទើបពិបាកបែងចែង។ ប៉ុន្តែដោយសារភាពជឿនលឿននៃបច្ចេវិទ្យាពេទ្យ ដូចជាមានប្រដាប់ថតឆ្លុះ អេកូ អ៊ឹមរ៉ាយ គេអាចរកមើលឃើញជំងឺរោគស្ត្រីមួយនេះ ដោយមិនចាំបាច់ត្រូវធ្វើការវះកាត់ចូលទៅមើលស្បូនផ្ទាល់ដូចមុន ទើបដឹងថាពួកគាត់មានបញ្ហាអង់ដូមេទ្រីយូស្សទេ។ គេត្រូវការវិនិច្ឆ័យរកឃើញថាមានជំងឺអង់ដូមេទ្រីយូស្ស ឱ្យបានឆាប់ ព្រោះត្រូវតាមដានជំងឺនេះទៅតាមដំណាក់កាលនៃជីវិតរបស់ស្ត្រី។ បើកើតនៅវ័យក្មេង វាជាការឈឺចាប់ដែលរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់យុវតី។ បើជាស្ត្រី ពេញវ័យបង្កកំណើត វាអាចធ្វើឱ្យគ្មានកូន។ ដូច្នេះពេទ្យពិនិត្យតាមដានដើម្បីបញ្ចៀសស្ត្រីមិនឱ្យរងការឈឺចាប់ផង និងដើម្បីលុបផលរំខានដែលមិនឱ្យស្រ្តីមានកូនផង។”
អង់ដូមេទ្រីយូស្ស ជំងឺចាស់ តែទើបចាប់រៀន
សូមបញ្ជាក់ថា ជំងឺអង់ដូមេទ្រីយូស្សនេះមិនមែនជាជំងឺថ្មីទេ។ វេជ្ជសាស្ត្រចាប់ផ្តើមកត់ត្រាសម្គាល់ឃើញជំងឺនេះ តាំងពីសម័យអេហ្ស៊ីបបុរាណ ក្នុងអំឡុងឆ្នាំ១៨៥៥មុនគ្រិស្តសករាជទៅទៀត។ កាលណោះគ្រូពេទ្យអេហ្ស៊ីប ប្រើពាក្យថា ការឈឺនៅផ្នែកខាងក្រោមនៃពោះ។ គ្រូពេទ្យក្រិក បានថែមទាំងចាត់ទុកអាការៈចុកពោះនេះថាជាជំងឺរបស់សរីរាង្គ ស្បូន នៅពេលមានវដ្តរដូវ។
ប៉ុន្តែសេចក្តីសន្និដ្ឋានដំបូងរបស់គ្រូពេទ្យក្រិកនេះត្រូវបានគេកាយកប់បំភ្លេចចោលបន្តិចម្តងៗ ស្ទើររលុបបាត់ទាំងស្រុង ... ឯស្ត្រីបន្តឈឺចាប់ពេលមកខែដោយពុំដឹងនិងពុំយល់អំពីយន្តការជារហូតមក។ នៅយុគសម័យកណ្តាល ស្ត្រីឈឺពោះពេលធ្លាក់រដូវត្រូវបានគេចាត់ទុកជាស្រីធ្មប់ រងអំពើ ... មានពុត... និយាយឱ្យចំ គឺមិនមែនជាការឈឺដោយពិតៗទេ។ បន្ទាប់មក ក្នុងរយៈពេលដ៏យូរ ដែលជំងឺឈឺពោះអង់ដូមេទ្រីយ៉ូស្ស ត្រូវបានគេរាប់បញ្ចូលក្នុងចង្កោមនៃជំងឺវិកលចរិក។
ទាល់តែចូលដល់សតវត្សរ៍ទី១៩ ទើបពិភពលោកអ្នកវេជ្ជសាស្ត្រចាប់អារម្មណ៍នឹងជំងឺអង់ដូមេទ្រីយ៉ូសជាថ្មី។ វេជ្ជបណ្ឌិតឯកទេសជំងឺរោគស្ត្រីជាតិអូទ្រីស Carl von Rokitansky បានពិពរណានៅឆ្នាំ១៨៦០ថា ជាជំងឺដែលមានលេចវត្តមានស្រទាប់ភ្នាសស្បូន នៅខាងក្រៅស្បូន។ ឈ្មោះជំងឺ អង់ដូមេទ្រីយ៉ូស ត្រូវបានគេហៅជាលើកដំបូង នៅឆ្នាំ ១៩២៧ ដោយគ្រូពេទ្យរោគស្ត្រីអាមេរិក John Albertson Sampson។
ដូច្នេះ អង់ដូមេទ្រីយ៉ូស្ស មិនមែនជាជំងឺរោគស្ត្រី ទើបលេចឡើងថ្មីថ្មោងទេ ប៉ុន្តែជាជំងឺដែលនៅមានបង្កប់ចម្ងល់ខ្លាំង ហើយទើបក្លាយជាមេរៀនក្នុងកម្មវិធីសិក្សាវេជ្ជសាស្ត្រ សម្រាប់សិស្សនិស្សិតពេទ្យ ចាប់ពីឆ្នាំ២០២០មកនេះ តែប៉ុណ្ណោះ៕
3/9/2023 • 9 minutes, 59 seconds ជំងឺមហារីក ៖ តើធ្វើដូចម្តេចទើបអាចសម្រួលផលរំខ ាននៃការព្យាបាលដោយថ្នាំគីមី ?
ថ្ងៃ៤ កុម្ភៈ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីកជាដើមហេតុដំបូងគេនៃមរណភាពរបស់មនុស្សនៅលើផែនដី។ មហារីកសម្លាប់ជីវិតច្រើនជាងសង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិទៅទៀត។ ប៉ុន្តែមហារីកជាជំងឺដែលអាចព្យាបាលបាន និងព្យាបាលបានជា។ គ្រាន់តែថាក្នុងពេលព្យាបាល អ្នកជំងឺអាចទទួលផលរំខាន ដោយថ្នាំធ្វើទុក្ខខ្លាំង។ តើអ្នកជំនាញគ្មានមធ្យោបាយអ្វីជួយសម្រួលអាការៈធ្វើទុក្ខរបស់ថ្នាំទេឬ ? តើអ្នកជំងឺមហារីកត្រូវធ្វើយ៉ាងណាខ្លះដើម្បីអាចប្រឈមនឹងឥទ្ធិពលថ្នាំ ?
មហារីកជាជំងឺគួរឱ្យខ្លាចរអារបំផុតដែលអាចឆក់យកជីវិតមនុស្សទាំងក្មេង ប៉ុន្តែវេជ្ជសាស្ត្រកាន់តែជឿនលឿន និងអាចព្យាបាលជំងឺមហារីកបានកាន់តែប្រសើរឡើង ឱ្យបានជាសះស្បើយវិញ ក្នុងអត្រាកាន់តែខ្ពស់ នាពេលបច្ចុប្បន្ននេះ ប្រសិនបើគេវែកឃើញជំងឺ បានឆាប់តាំងពីដំណាក់កាលដំបូងមែនទែន។
ប៉ុន្តែការព្យាបាលជំងឺមហារីក ជាក់ស្តែងការព្យាបាលដោយថ្នាំគីមី អាចបង្កផលរំខានច្រើន និងការធ្វើទុក្ខខ្លាំង ដល់អ្នកជំងឺ។ ព្យាបាលដោយគីមី គឺជាការប្រើថ្នាំចាក់ ឬថ្នាំលេប ដែលសំដៅទៅកម្ចាត់កោសិកាមហារីក ឬកំរិតកោសិកាមហារីកកុំឱ្យពង្រីកខ្លួន ឆ្លងរាលដាលទៅលើកោសិកា ឬសរីរាង្គផ្សេងទៀត។ ប៉ុន្តែថ្នាំប្រភេទនេះ មានអំណាចខ្លាំង អាចវាយប្រហារលើកោសិកាល្អ គ្មានជំងឺ និងអាចផ្តល់ផលវិបាក គួរឱ្យខ្លាច ដូចជា ជ្រុះសក់ ក្អួត ចង្អោរ ឈឺក្បាល នឿយហត់ខ្លាំង រលាករលាត់ស្បែក ...
នៅពេលមានអាការៈសញ្ញារំខាន អ្នកជំងឺចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជំងឺមហារីកវិញភ្លាម ដើម្បីរិះរងមធ្យោបាយ និងថ្នាំព្យាបាលអបបន្ថែម។ សម្រាប់លោកស្រីវេជ្ជបណ្ឌិត អាឡិចសង់ដ្រា លារី នៅប្រទេសបារាំងវិញ គ្រូពេទ្យពិតជាអាចរកវិធីជួយសម្រួលអាការៈធ្វើទុក្ខរបស់អ្នកជំងឺរងការព្យាបាលដោយគីមីបានច្រើន នៅតាមស្ថានភាពជាក់ស្តែងនីមួយៗ។ ឧទាហរណ៍ ការជ្រុះសក់។ គ្រប់អ្នកជំងឺទទួលការព្យាបាលដោយថ្នាំគីមី មិនសុទ្ធតែត្រូវជ្រុះសក់ទេ ប៉ុន្តែជ្រុះសក់ជាផលរំខានដ៏ចម្បងមួយ។ ដើម្បីការពារករណីជ្រុះសក់ មន្ទីរពេទ្យជាច្រើននៅប្រទេសបារាំង កំពុងចាប់ផ្តើមសាកល្បងវិធីសាស្ត្រឱ្យអ្នកជំងឺពាក់មួកត្រជាក់ខ្លាំង ដែលមានសីតុណ្ហភាពប្រមាណ៣អង្សា ដូចប្រដាប់ដាក់ទឹកកកយកមកស្អំក្បាល។ ហេតុអ្វីមួកទឹកកក ? ពីព្រោះភាពត្រជាក់អាចរឹតបង្រួមសរសៃឈាមដែលតភ្ជាប់ទៅចិញ្ចឹមស្បែកក្បាល ឱ្យរួមតូច។ ជាលទ្ធផល ថ្នាំគីមីព្យាបាលជំងឺមហារីក មិនអាចហូរតាមឈាមបានដោយស្រួលទៅត្រង់ម្តុំត្រជាក់ខ្លាំងនោះ ទើបឬសសក់នៅមាំល្អមិនជ្រុះ។ ប៉ុន្តែការពាក់មួកទឹកកកមិនមែនតែអាចធ្វើទៅកើតស្រេចនឹងចិត្តទេ។ ត្រូវមានពិធីសារវេជ្ជសាស្ត្រច្បាស់លាស់ ដោយត្រូវពាក់តាំងពីមុនចាក់ថ្នាំគីមីកន្លះម៉ោង និង នៅពេលកំពុង ហើយបន្តពាក់ក្រោយចាក់ថ្នាំគីមីហើយប្រហែលកន្លះម៉ោងទៀត។
ក្នុងករណីមួកត្រជាក់គ្មានប្រសិទ្ធភាព សក់ក៏នឹងដុះឡើងវិញ នៅពេលការព្យាបាលដោយថ្នាំគីមីចប់សព្វគ្រប់ ឬនៅពេលអ្នកជំងឺបានជាសះស្បើយពីជំងឺ ប៉ុន្តែនៅមានករណីមួយ ដែលវេជ្ជសាស្ត្រនៅមិនទាន់អាចរកឃើញមធ្យោបាយជួយបានក្នុងអំឡុងពេលនៃការព្យាបាល គឺអាការៈអស់កម្លាំង។ ប៉ុន្តែអ្នកជំងឺផ្ទាល់អាចជួយខ្លួនឯងតាមរយៈកាយវិការដ៏សាមញ្ញៗ ដូចជាបន្តបញ្ចេញសកម្មភាពកាយសម្បទា ទទួលទានឱ្យបានជាប់លាប់និងត្រឹមត្រូវ។ នេះជាការណែនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត ចំពោះគ្រប់អ្នកជំងឺមហារីកទាំងអស់ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Alexandra Leary
“គ្រប់អ្នកជំងឺសុទ្ធតែបានដឹងជាមុនអំពីផលរំខាននៃការព្យាបាលដោយថ្នាំគីមី។ ប៉ុន្តែអ្វីដែលលំបាកបំផុត គឺនៅពេលជួបផលរំខាននោះដោយជាក់ស្តែង។ មានផលរំខានខ្លះ គ្រូពេទ្យអាចជួយបាន ប៉ុន្តែផលរំខានខ្លះទៀត មិនអាចទេ។ ខ្ញុំសូមសារភាពដោយត្រង់ថា ខ្ញុំគ្មានថ្នាំអីលេបទៅធ្វើឱ្យបាត់អាការៈអស់កម្លាំងទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកជំងឺអាចជួយខ្លួនឯងបាន! សូមបន្តរក្សាខ្លួនឱ្យមានសកម្មជានិច្ច ! កុំដំអក់យល់ថាខ្លួនឈឺ ខ្លួនកើតមហារីក ខ្សោយអស់កម្លាំងហើយលាក់ខ្លួនពួនដេកនៅលើគ្រែ ក្នុងផ្ទះឱ្យសោះ។ សូមសាកល្បងបញ្ចេញកម្លាំងកាយសម្បទា ធ្វើសកម្មភាពកីឡា។ ខ្ញុំមិនឱ្យអ្នកទៅហក់លោត ឬរត់ប្រណាំងម៉ារ៉ាតុងទេ តែអ្នកអាច ហាត់ប្រាណជំនួយបេះដូង សរសៃឈាម។ ភាពសកម្ម នឹងជួយអ្នកបានច្រើនណាស់។ សូមជឿចុះ! ចំណែកឯរបបអាហារវិញ សូមកុំធ្វើបាបខ្លួនបង្អត់ និងតមអាហារអី ជាពិសេសចំពោះអ្នកជំងឺដែលស្រកគីឡូ និងខ្សោយស្រាប់។ សូមចងចាំថា នៅពេលកំពុងព្យាបាល អ្នកជំងឺបាត់បង់ចំណង់ក្នុងការទទួលទាន ព្រោះជួនមាត់លែងដឹងរសជាតិ ជួនហេងហាងដូចមានរសជាតិស៊ីច្រេះក្នុងមាត់។ ដូច្នេះសូមជ្រើសរើសមុខម្ហូបណាដែលមានរសជាតិខ្លាំងៗ ខុសប្លែកពីអ្វីយើងមានទម្លាប់បរិភោគកាលមុនឈឺ ជាបន្លែផ្លែឈើស្រស់ៗ ឬជាអាហារហិរៗ បើមាត់លែងដឹងជាតិ”។
អ្នកជំងឺមហារីកកំពុងចាក់គីមី អាចស្វែងការវិធីជួយសម្រួលអាការៈធ្វើទុក្ខ ផ្សេងទៀត។ ជាជំនួយអមវេជ្ជសាស្ត្រ ដែលមិនមែនជាការប្រើថ្នាំ ដែលមិនមែនជាការព្យាបាលដោយប្រើថ្នាំ តែគឺការសម្រួលសរសៃ សម្រួលចលនា ដូចជាការធ្វើម៉ាស្សាច្របាច់បាតជើង ប្របាច់សរសៃ ឬដោយការប្រើម្ជុលវិទ្យាសាស្ត្រ ព្រោះវិធីសាស្ត្រទាំងនេះ គ្មានហានិភ័យប៉ះពាល់ដល់ការព្យាបាលដោយថ្នាំគីមីទេ គឺមានតែផ្តល់ផលល្អដែលអ្នកជំងឺនឹងដឹងភ្លាមនៅពេលបានសាកល្បងម្តងឬពីរដង។ បើតាមអ្នកស្រីវេជ្ជបណ្ឌិត អ្នកជំងឺមហារីកចំនួនពាក់កណ្តាល មានអារម្មណ៍ថាធូរស្បើយច្រើននៅពេលបានទទួលជំនួយអមវេជ្ជសាស្ត្រ៕
2/1/2023 • 7 minutes, 58 seconds មូសខ្លាកាន់តែធុននឹងថ្នាំ តើត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមបានយ៉ាងដូចម្តេច ?
មូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងជំងឺធ្ងន់ធ្ងរផ្សេងតៀត កំពុងលូតលាស់ស៊ាំនឹងថ្នាំបាញ់មូសយ៉ាងខ្លាំងក្លា នៅតំបន់ខ្លះនៃទ្វីបអាស៊ី។ ជាការធុនខ្លាំង ដែលតម្រូវឱ្យយើងស្វែងរកមធ្យោបាយថ្មី បន្ទាន់ សម្រាប់ទប់ស្កាត់ការចម្លងជំងឺ។ នេះបើតាមការសិក្សាថ្មីមួយរបស់ជប៉ុនទើបចេញផ្សាយកាលពីចុងខែធ្នូឆ្នាំ២០២២។
ដុតធូប បាញ់ថ្នាំ ... ជាវិធីសាស្ត្រកម្ចាត់មូសដែលបណ្តាជនរស់នៅតំបន់ត្រូពិក តំបន់មានមូសច្រើន តែងធ្វើស្ទើរជារៀងរាល់ថ្ងៃ។ បាញ់រាល់ថ្ងៃ តែមូសនៅតែច្រើនដដែល។ ប្តូរប្រភេទថ្នាំបាញ់មូសហើយក៏ដូចជាមិនសូវមានប្រសិទ្ធភាព។ តាមការពិត ភាពស៊ាំនឹងថ្នាំមូស ធ្លាប់ត្រូវបានគេខ្វល់គិតនិងដឹងខ្លះមកហើយ គ្រាន់តែរហូតមកទល់នឹងពេលនេះ គេនៅមិនទាន់បានដឹងថាតើពពួកមូសទាំងអស់នោះធុននឹងថ្នាំសម្លាប់សត្វត្រឹមកំរិតណាតែប៉ុណ្ណោះ។
នៅថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជាតិជប៉ុន លោក Shinji Kasai និងក្រុមការងាររបស់លោក បានធ្វើការសិក្សាអំពីសត្វមូស នៅក្នុងបណ្តាប្រទេសជាច្រើននៅទ្វីបអាស៊ី និងនៅប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក។ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ឃើញហ្សែនរបស់សត្វមូស បានធ្វើការបំប្លែងច្រើន ទើបសត្វមូសកាន់តែខ្លាំងហើយស៊ាំនឹងពពួកថ្នាំបាញ់ដែលមានប្រើប្រាស់ស្ទើរជាទូទៅ ផលិតដោយប្រើសារធាតុPerméthrine។
បើតាមលោកកាសៃ មូសពពួកAedes aegypti មូសខ្លាដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម ហ្ស៊ីកា ឈីក និងគ្រុនលឿង នៅក្នុងប្រទេសកម្ពុជាចំនួនជាង៩០% មានការបំប្លែងហ្សែនច្រើនមែនទែនរហូតអាចធុននឹងថ្នាំសម្លាប់សត្វល្អិត (ថ្នាំបាញ់មូស)។ ជាការធុនខ្លាំង ក្នុងកំរិតខ្ពស់បំផុត។ នាយកដេប៉ាតឺម៉ង់វេជ្ជសាស្ត្រសត្វល្អិតនៃវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ជប៉ុនរូបនេះ បានរកឃើញទៀតថា មូសប្រភេទខ្លះដែលតាមធម្មតាត្រូវកម្ទេចបានទាំងស្រុង(១០០%) ដោយថ្នាំបាញ់មូសនោះ ឥលូវកម្ចាត់បានត្រឹមតែ៧%ប៉ុណ្ណោះ។ ហើយបើទោះបីជាគេបង្កើនកំរិតជាតិពុលក្នុងថ្នាំបាញ់មូសនោះឡើងទ្វេជា១០ ក៏គេអាចសម្លាប់ពពួកមូសទាំងអស់នោះបានត្រឹមតែ៣០% យ៉ាងច្រើន។
ជាសំណាងល្អ កំរិតនៃភាពធុននឹងថ្នាំបាញ់មូសខុសគ្នាពីតំបន់មួយទៅតំបន់មួយ សូម្បីតែនៅប្រទេសវៀតណាមជាប់របងនឹងប្រទេសកម្ពុជា ជាឧទាហរណ៍ជាក់ស្តែង ក៏កំរិតនៃភាពស៊ាំនឹងថ្នាំសម្លាប់របស់សត្វមូសវៀតណាម ខុសពីមូសខ្មែរដែរ។ នេះបើតាមប្រសាសន៍បញ្ជាក់របស់លោកកាសៃដដែល ដោយបន្ថែមថា នៅក្នុងលទ្ធផលនៃការសិក្សា ថ្នាំបាញ់មូសនៅមានប្រសិទ្ធភាពខ្ពស់ នៅឡើយ សម្រាប់ប្រទេសហ្កាណាលើទ្វីបអាហ្វ្រិក សម្រាប់តំបន់ខ្លះនៃប្រទេសឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់។
ពពួកមូសខ្លា ពូជAedes albopictus ក៏ចាប់ធុននឹងថ្នាំបាញ់មូសដែរ គ្រាន់តែក្នុងកំរិតនៅទាបជាងពូជមូសAedes aegypti។
ជាមួយចម្ងល់ គ្មានចម្លើយសោះ ជុំវិញមូលហេតុ ទីកន្លែងនិងពេលវេលានៃការបំប្លែងហ្សែនរបស់សត្វមូស រហូតក្លាយជាសត្វធុនខ្លាំងនឹងថ្នាំសម្លាប់ល្អិត លោកកាសៃ ព្រួយបារម្ភខ្លាចតែភាពស៊ាំរបស់មូស ដែលរកឃើញនៅពេលនេះ បន្តរីករាលដាល យ៉ាងលឿនរហ័សក្នុងអនាគតដ៏ខ្លីនៅពេញពិភពលោកទេ។
បើមូសធុននឹងថ្នាំសម្លាប់សត្វល្អិត តើគេអាចប្រយុទ្ធប្រឆាំងនឹងវាបានយ៉ាងដូចម្តេចទៅវិញទៅ ?!
លោក កាសៃ បានណែនាំឱ្យឧស្សាហ៍ប្តូរផ្លាស់ប្រភេទថ្នាំបាញ់មូស តែលោកក៏បានទទួលស្គាល់ដែរថា បញ្ហាដ៏ចម្បងនោះ គឺគ្រប់ថ្នាំបាញ់មូស មានសារធាតុសកម្មប្រហាក់ប្រហែលគ្នា។ ដូច្នេះជម្រើសដ៏ប្រសើរជាងគេមួយទៀត គឺត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង លុបបំបាត់តំបន់ជាជម្រកបង្កបង្កើតមូស ឬត្រូវរកបច្ចេកវិទ្យាថ្មីណាដែលទៅធ្វើមូសឈ្មោលអារ មិនអាចបន្តពូជបាន។
ចេញផ្សាយក្នុងទស្សនាវដ្តីScience Advances កាលពីចុងខែធ្នូ២០២២ ការសិក្សារបស់អ្នកជំនាញនៅសកលវិទ្យាល័យSydney លោក កាមឺរោន វេប Cameron Webb បានបង្ហាញថា យុទ្ធសាស្ត្រដែលមនុស្សលោកកំពុងប្រើជាប្រចាំនិងជាញឹកញយ នាពេលបច្ចុប្បន្ននេះលែងសូវមានប្រសិទ្ធភាពប្រឆាំងនឹងសត្វល្អិតចង្រៃមូសហើយ។ គេចាំបាច់ត្រូវតែស្វែងរកសារធាតុគីមីថ្មី ប៉ុន្តែអាជ្ញាធរនិងអ្នកវិទ្យាសាស្ត្រត្រូវពិចារណាផងដែរ រកវិធីសាស្ត្រថ្មី សម្រាប់ការពារ ដូចយ៉ាងថ្នាំបង្ការជំងឺវិញទៀតប្រសើរជាង។ បើតាមអង្គការសុខភាពពិភពលោក ករណីកើតជំងឺគ្រុនឈាមបានកើនឡើង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ នៅទូទាំងពិភពលោក នារយៈពេល២០ឆ្នាំចុងក្រោយមកនេះ។ ក្នុងមួយឆ្នាំៗ មានមនុស្សក្មេងចាស់ប្រុសស្រី ប្រមាណពី១០០ទៅ៤០០លាននាក់កើតជំងឺគ្រុនឈាម ក្នុងនោះ៨០%ជាអាការៈជំងឺស្រាល ឬគ្មានរោគសញ្ញាទេ តែក៏មានអ្នកជំងឺមិនតិចដែរ បានស្លាប់ដោយជំងឺគ្រុនឈាម។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោកដដែល។
មកទល់នឹងពេលនេះ គេរកឃើញថ្នាំបង្ការជំងឺគ្រុនឈាមបានពីរបីមុខដែរ គឺវ៉ាក់សាំងផលិតដោយក្រុមហ៊ុនជប៉ុន Takeda និងក្រុមហ៊ុនបារាំង។ ប៉ុន្តែប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនបារាំង សាណូហ្វី នៅមានកំរិតណាស់ ដោយវាអាចបង្កផលរំខានធ្ងន់ធ្ងរដល់អ្នកដែលមិនធ្លាប់កើតជំងឺគ្រុនឈាមសោះ។ មានន័យថាថ្នាំបង្ការDengvaxia របស់បារាំង បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ នៅអឺរ៉ុបតាំងពីឆ្នាំ២០១៨មកមែន តែសម្រាប់ប្រជាពលរដ្ឋរស់ក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនឈាមខ្លាំង និងសម្រាប់អ្នកធ្លាប់កើតជំងឺគ្រុនឈាមដោយពិតៗ។ វ៉ាក់សាំងDengvaxia អាចការពារមិនឱ្យជំងឺធ្លាក់ក្នុងទម្រង់ធ្ងន់ធ្ងរដែលកើតឡើងជាញឹកញាប់ចំពោះអ្នកដែលឆ្លងជំងឺគ្រុនឈាមញយដង។
ចំណែកថ្នាំបង្ការជំងឺគ្រុនឈាមជប៉ុន Qdenga ទើបអនុម័តឱ្យប្រើប្រាស់ កាលពីឆ្នាំទៅ និងជាលើកដំបូងគេបង្អស់ ដោយប្រទេសឥណ្ឌូណេស៊ីតែមួយគត់។ Qdenga ជាថ្នាំបង្ការរបស់ជប៉ុនសុទ្ធសាធ និងអាចចាក់លើមនុស្សគ្រប់វ័យចាប់ពីអាយុ៤ឆ្នាំឡើងទៅ។ អ្នកធ្លាប់កើតជំងឺគ្រុនឈាម និងអ្នកមិនធ្លាប់កើត សុទ្ធតែអាចចាក់បានដូចគ្នា និងទទួលលទ្ធផលដូចគ្នា។ នៅក្នុងការសាកល្បង លើកុមារ និងមនុស្សធំ ជាង ២៨០០០នាក់ ក្នុងរយៈពេល៥ឆ្នាំ ថ្នាំបានផ្តល់លទ្ធផលគួរជាទីគាប់ចិត្ត ដោយមានប្រសិទ្ធភាពដល់ទៅ ៨៤% ទប់មិនឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺចូលព្យាបាលក្នុងមន្ទីរពេទ្យ និងមិនឱ្យលេចសញ្ញារោគគ្រុនឈាមបាន ៦១%៕
1/25/2023 • 9 minutes, 16 seconds តើយើងគួរព្រួយបារម្ភនឹងការខ្វះថ្នាំផ្សះ Amoxicilline ដែរឬទេ ?
កាលពីចុងខែធ្នូ ប្រឈមនឹងរលកចម្លងកូវីដ១៩យ៉ាងខ្លាំងក្លានៅក្នុងប្រទេសក្រោយការលុបចោលនយោបាយសូន្យកូវីដ រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុន ស្តុកទុកឱសថចាំបាច់និងសំខាន់ៗសម្រាប់រដ្ឋ ដោយមិនត្រូវលក់ចែកចាយទៅឱ្យឯកជនទេ។ កង្វះឱសថមិនមែនជាបញ្ហារបស់ប្រទេសចិនតែមួយឡើយ តែជាបញ្ហារបស់ពិភពលោកទាំងមូល។
តាំងពីជាច្រើនខែមកនេះ ពិភពលោកទាំងមូលកំពុងប្រឈមនឹងការខ្វះថ្នាំព្យាបាលជំងឺជាច្រើនមុខ។ បាតុភូតខ្វះមូលេគុលថ្នាំនេះបានលេចឡើងតាំងពីជាច្រើនទសវត្សរ៍មកហើយ ដោយនិន្នាការសកលភាវូបនីកម្ម ប្រមូលផ្តុំការផលិតសារធាតុសកម្មនៅតែអាស៊ី ក្នុងប្រទេសពីរបីមាន។ ប៉ុន្តែវាទើបស្តែងឱ្យឃើញកាន់តែច្បាស់ និងកាន់តែធ្ងន់ធ្ងរ នៅពេលពិភពលោកឆ្លងកាត់វិបត្តិរោគរាតត្បាតសកលកូវីដ១៩។ កាលពីឆ្នាំ២០២១ ភ្នាក់ងារសន្តិសុខឱសថបារាំង បានទទួលសញ្ញាថាមានបញ្ហាស្តុកថ្នាំចំនយណ២១៦០ករណី ទល់នឹង៤០៥ករណីកាលពីឆ្នាំ២០១៦ និង១៥០៤ករណីនៅឆ្នាំ២០១៩ និងឡើងដល់២៥០០នៅឆ្នាំ២០២០ ពេលវិបត្តិកូវីដកំពុងពេញអំណាច។
សម្ពាធផ្នែកឱសថមិនមែនកើតមានតែក្នុងប្រទេសបារាំង ដូចបានរៀបរាប់មកនេះទេ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ... ក៏កំពុងទាញសញ្ញាអាសន្នខ្វះថ្នាំ ជាច្រើនមុខដែរ។ ចិន ប្រទេសជាប់ឈ្មោះជាអ្នកផលិតសារធាតុសកម្មរបស់ថ្នាំដ៏ធំជាងគេបំផុត ក៏ប្រកាសហាមឃាត់មិនឱ្យក្រុមហ៊ុនឱសថលក់ថ្នាំចែកចាយឱ្យឯកជនទេ ត្រូវទុកសម្រាប់ផ្គត់ផ្គង់ឱ្យរដ្ឋ។
សម្រាប់អ្នកជំនាញក្នុងវិស័យនេះផ្ទាល់ ពួកគេបន្ទោសគំរូសេដ្ឋកិច្ចដែលក្រុមហ៊ុនមន្ទីរពិសោធន៍ធំៗ គិតតែពីផលប្រយោជន៍ គិតតែពីស្វែងរកផលចំណេញ តាមរយៈការផលិតថ្នាំថ្មីៗ ហើយបោះបង់ ឬលែងសូវខ្វល់គិតផលិតមូលេគុលចាស់។ បើតាមរបាយការណ៍ មួយ ចេញផ្សាយកាលពីឆ្នាំ២០២០ នៅប្រទេសបារាំង ថ្នាំរកឃើញថ្មីៗ លក់បានថ្លៃ មានបញ្ហាយ៉ាងតិចតួចបំផុត។
តើពិភពលោកកំពុងប្រឈមនឹងការខ្វះថ្នាំអ្វីខ្លះ ?
ថ្វីបើពពួកថ្នាំដែលមានប្រយោជន៍ចម្បងក្នុងការព្យាបាលជំងឺបីប្រភេទ ប្រឆាំងការបង្ករោគ ថ្នាំសម្រាប់ប្រព័ន្ធប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង កំពុងតានតឹងខ្លាំងមែន តែបញ្ហាខ្វះខាតដែលប្រឈមខ្លាំងជាងគេ មានទាក់ទងជាពិសេសតែម្តងនឹងពពួកថ្នាំដែលមានការប្រើប្រាស់ជាញឹកញាប់ជាងគេតែម្តង។ នោះ គឺថ្នាំបំបាត់ការឈឺចាប់ បំបាត់អាការៈក្តៅខ្លួន ថ្នាំផ្សះ មានជាអាទិ៍ ថ្នាំប៉ារ៉ាសេតាមុល ... និង ថ្នាំអាម៉ុកស៊ីស៊ីលីន។
ជាដំណោះស្រាយសម្រាប់រយៈពេលខ្លី ក្រុមហ៊ុនឧស្សាហកម្មឱសថចាប់ផ្តើមបង្កើនល្បឿនផលិតឡើងវិញ ចំណែកអាជ្ញាធរសុខាភិបាលបានណែនាំឱ្យអ្នកជំនាញសុខភាព យកមូលេគុលដែលនៅមានមកប្រើជំនួសមូលេគុលខ្វះខាត ប្រសិនបើអាច ឬកំរិតរយៈពេលប្រើប្រាស់ ជាដើម។
1/20/2023 • 8 minutes, 3 seconds ហេតុអ្វីជង្គង់ឈឺ ? តើត្រូវធ្វើដូចម្តេច ?
ឆ្អឹងស្ពោត រលាកសន្លាក់ បុកទង្គិច គ្រេច ... រោគនៅជង្គង់មានច្រើន។ មូលហេតុនាំឱ្យឈឺជង្គង់ក៏មានច្រើន និងអាចកើតលើមនុស្សគ្រប់វ័យ តែការឈឺចុកចាប់នៅក្បាលជង្គង់ គាំងតឹងរោយ ជារោគសញ្ញារួម។ ហេតុអ្វី ឈឺជង្គង់ និងត្រូវធ្វើដូចម្តេច ? តើគេអាចថែរក្សាជង្គង់ និងកាត់បន្ថយការឈឺចាប់នៅជង្គង់បានដោយវិធីណាខ្លះ ?
ជង្គង់គឺជាសន្លាក់ដ៏ចម្បងគេរបស់សរីរាង្គកាយមនុស្ស ព្រោះវាជាទម្រភ្ជាប់ពីជើងទៅភ្លៅ។ សន្លាក់ជង្គង់ ស្នូលសម្រាប់ការបត់បែននៃរាងកាយ ដោយចេះបែងចែកការទ្រទម្ងន់នៃខ្លួនប្រាណ និងដើរតួរសំខាន់ក្នុងការធ្វើចលនារបស់ជើងផង។ សន្លាក់ជង្គង់ទាំងមូល គឺរាប់តាំងពីចុងខាងក្នុងនៃឆ្អឹងកំភួនជើង ទៅដល់ចុងឆ្អឹងភ្លៅ ព្រមទាំងគ្រាប់អង្គុញក្បាលជង្គង់នៅផ្នែកខាងមុខផង។
ដោយសារតួនាទីដ៏ច្រើន និងដ៏សំខាន់របស់សន្លាក់របស់ជង្គង់នេះហើយ ទើបពេលខ្លះ ជង្គង់ងាយរិចរិលនិងទ្រុឌទ្រោម ហើយអាចបង្កឱ្យមានការឈឺចុកចាប់យ៉ាងខ្លាំងនៅក្បាលជង្គង់។ អាការៈសញ្ញារោគនៃការឈឺក្បាលជង្គង់ មានសំខាន់ពីរ គឺ ការឈឺចុកចាប់ និងការរឹងគាំង។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំង សូតតេ ដោយលម្អិតទៀតថា ការឈឺចុកចាប់អាចកើតឡើងដោយចលនា មានន័យថា ឈឺដោយពេល ឈឺខ្លាំងពេលធ្វើចលនា និងអន់ឈឺពេលនៅស្ងៀម ឬជាការឈឺចុកចាប់ដោយមានការរលាក។ ក្នុងករណីនេះ ការឈឺចុកចាប់អាចខ្លាំង រហូតដាស់អ្នកទាំងយប់។ ជាទូទៅ ជង្គង់ឡើងប៉ោងហើម ក្តៅ និងជួនឡើងក្រហមទៀតផង។ បើជង្គង់រឹងគាំងវិញ វានឹងបង្កការលំបាកនៅពេលបត់ ឬនៅពេលលា ហើយរំខានខ្លាំងនៅពេលដើរ។
ចុះតើនៅពេលណា និងមានរោគសញ្ញាយ៉ាងណា ដែលជំរុញឱ្យអ្នកជំងឺត្រូវតែទៅស្វែងរកការព្យាបាល ពិគ្រោះជំងឺពីគ្រូពេទ្យ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អាឡាំងសូតតេ គ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យ សាំងអង់ទាន់ ក្រុងប៉ារីស ៖ លោកសាស្ត្រាចារ្យ អាឡាំង សូតតេ ៖
“ទីមួយ គឺនៅពេលអាការៈឈឺជង្គង់មានអមដោយការលំបាកក្នុងការដើរ ក្នុងការឡើងជណ្តើរ ឬមានសញ្ញារោគអមសម្គាល់មួយទៀត គឺជង្គង់ឡើងប៉ោងធំលើសប្រក្រតី ដែលរំខានការធ្វើចលនា ជាពិសេសមិនអាចបត់-បន្ទន់បាន។”
ក្នុងនាមជាសន្លាក់ទម្រ ជង្គង់ងាយនឹងឈឺណាស់។ តើនេះបណ្តាលមកពីអ្វី ? ឬអាចចោទសួរបញ្ច្រាសមកវិញថា តើអ្វីជាបញ្ហាដែលអាចកើតមានច្រើនចំពោះជង្គង់ ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ សូតតេ ជាថ្មី ៖
“ជង្គង់អាចជួបបញ្ហា អាស្រ័យទៅលើដំណាក់កាលនៃជីវិត។ ចំពោះមនុស្សវ័យក្មេង សកម្ម និងជាអ្នកកីឡា នោះជំងឺរបស់ជង្គង់មានពាក់ព័ន្ធនឹងប្រភេទកីឡា ដូចជាគ្រេច ដាច់ឬព័ន្ធសរសៃជង្គង់ ឬបាក់។ ជាមួយពេលវេលាកាន់តែទៅមុខ ជង្គង់អាចជួបបញ្ហាបង្កឡើងដោយការឡើងទម្ងន់។ ចំពោះមនុស្សចំណាស់ ចូលដល់មជ្ឈិមវ័យ ការឈឺជង្គង់ច្រើនតែបញ្ហា
ដែលបង្កឡើងដោយជំងឺសឹកខូចសន្លាក់។ សន្លាក់ដែលតភ្ជាប់ពីជង្គង់ទៅឆ្អឹងកំភួនជើង ឬត ទៅឆ្អឹងភ្លៅ។ តំណដែលមានឈ្មោះបច្ចេកទេស Patella ដែលយើងតែទម្លាប់ហៅគ្រាប់អង្គុញជង្គង់។
ការរលាកសន្លាក់ រលាកសរសៃ រលាកឆ្អឹង ក៏ជាដើមហេតុមួយដែលនាំឱ្យឈឺក្បាលជង្គង់ដែរ។ តែវាករណីដ៏កម្របំផុតដែលការឈឺក្បាលជង្គង់អាចបណ្តាលមកពីមានដុះដុំសាច់ ឬដុំមហារីក នៅលើផ្នែកណាមួយនៃសន្លាក់ជង្គង់ (ឆ្អឹង ឆ្អឹងខ្ចី ...)។ ដើម្បីអាចរកឃើញមូលហេតុនៃការឈឺជង្គង់ គ្រូពេទ្យអាចតម្រូវឱ្យអ្នកជំងឺទៅថតឆ្លុះ ធ្វើRadio ថតពីមុខ និងពីចំហៀង។ ការថតរ៉ាយោ សឹងតែគ្រប់គ្រាន់សម្រាប់ផ្តល់ការវិនិច្ឆ័យរោគឈឺជង្គង់ ភាគច្រើន។ មានករណីឈឺតិចតួចណាស់ ដែលគ្រូពេទ្យអាចណែនាំឱ្យថតអឹមរ៉ាយ ឬថតស្កាន។ ការថតបែបនេះមិនត្រូវធ្វើឡើងជាស្វ័យប្រវត្តិឡើយ ព្រោះគ្មានប្រយោជន៍។ ជាទូទៅមនុស្សគ្រប់រូបនៅពេលចូលដល់វ័យចាប់៤០ឆ្នាំ ជង្គង់ច្រើនចាប់មានសញ្ញាចាស់ទ្រុឌទ្រោម ថតទៅឃើញមានស្នាម នាំឱ្យគិតថាមានបញ្ហាសន្លាក់ រួចទៅចាក់រុកមើលបន្ថែមឥតអំពើ។ វិធីសាស្ត្រវិភាគមួយទៀត គឺការចាក់យកទឹកនៅក្បាលជង្គង់មកវិភាគដើម្បីបែងចែកអាការៈហើមឈឺបណ្តាលមកពីការបង្ករោគ ឬការរលាក។
ក្នុងពេលរង់ចាំការពិគ្រោះជំងឺវែករកមូលហេតុនៃការឈឺជង្គង់ គេអាចបំបាត់ឬបញ្ចុះការឈឺចាប់ ដោយអាចសាកល្បងព្យាបាលដោយខ្លួនឯង ដោយប្រើថ្នាំ លាបថ្នាំរឹត ឬថ្នាំលេបបំបាត់ការឈឺចុកចាប់ពពួកប៉ារ៉ាសេតាម៉ុល ពីរបីថ្ងៃយ៉ាងយូរ និង ដោយការប្តូរផ្លាស់ទម្លាប់ប្រចាំថ្ងៃបន្តិចបន្តួច ដ៏សាមញ្ញ។
បើជាការឈឺជង្គង់បង្កឡើងដោយការបុកទង្គិច-ដួល ៖
ត្រូវបញ្ឈប់ធ្វើចលនា និងសកម្មភាពកីឡា។ ថ្នមជង្គង់ដោយចៀសកុំប្រើកម្លាំងសង្កត់លើជើង ស្អំជង្គង់ដោយទឹកត្រជាក់ឬទឹកកក រុំជើងតែកុំរឹតតឹងត្រង់ក្បាលជង្គង់ ឧស្សាហ៍លើកជើង ដើម្បីកុំឱ្យហើមជើង
បើជាការឈឺដោយមូលហេតុផ្សេង
ចៀសវាងកុំដើរនៅពេលកំពុងឈឺ និងកុំឈរយូរ ឧស្សាហ៍ទម្រេខ្លួន និងសម្រាក ចៀសវាងកុំលើក-យួរ របស់ធ្ងន់ បន្តដើរជាប្រចាំនៅពេលឈប់ឈឺ បើចាំបាច់ គួរតែប្រើឈើច្រត់ ដើម្បីជួយសម្រាលទម្ងន់កុំឱ្យសង្កត់ទៅលើសន្លាក់ពេក ពេលសំរាន្ត សណ្តូកជើងយកខ្នើយកល់ចុងជើងឱ្យខ្ពស់ស្មើក្បាល ថែទាំជើង ដោយជ្រើសរើសស្បែកស្រួលពាក់ និងគ្មានកែង ហើយបើចង់ឱ្យកាន់តែប្រសើរខ្លាំងទៀត ត្រូវសម្រកទម្ងន់ ព្រោះធាត់ជាមារចាំផ្ចាញ់ជង្គង់។
នេះដំបូន្មានណែនាំដោយលោកសាស្ត្រាចារ្យ សូតតេ ស្តីពីការថែរក្សាសុខភាពជង្គង់ឱ្យបានមាំមួនល្អយូរអង្វែង។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ៖
“កត្តាអវិជ្ជមានដ៏សំខាន់ដែលជំរុញឱ្យមានជំងឺសន្លាក់គឺ ជំងឺធាត់។ ជាឧទាហរណ៍ជាក់ស្តែងនៅក្នុងប្រទេសបារាំង មានការវះកាត់ប្តូរឆ្អឹងត្រគៀក ចំនួន ១២៥០០០ករណីនិង៩០០០០ជាការវះកាត់ប្តូរជង្គង់។ ចំណែកនៅសហរដ្ឋអាមេរិកដែលមានប្រជាជនជិត៤០%ជាមនុស្សធាត់ជ្រុលវិញ មានការវះកាត់ប្តូរឆ្អឹងត្រគៀក និងជង្គង់ ច្រើនជាងនៅបារាំងដល់ពីរដង។ ដូច្នេះ ការធាត់ជ្រុលជាកត្តាសម្រួលឱ្យមានបញ្ហាសន្លាក់ក្បាលជង្គង់។”
បញ្ចុះទម្ងន់ ធ្វើកីឡាហែលទឹក ធ្វើចលនាសរសៃ សុទ្ធសឹងជាមធ្យោបាយព្យាបាលការឈឺជង្គង់។ គ្រូពេទ្យក៏អាចផ្តល់ថ្នាំរឹត ជាជែល ជាបង់រុំ ឬការប្រើប្រាស់ថ្នាំលេប ពពួកថ្នាំបំបាត់ការឈឺចាប់ ក្នុងករណីចាំបាច់ខ្លាំង។ ជួនអាចមានការផ្តល់ថ្នាំពពួកCorticoïde។ ការវះកាត់ប្តូរជង្គង់អាចនឹងមានស្នើឡើង ប្រសិនបើគ្រប់វិធីព្យាបាលជួបបរាជ័យ៕
1/11/2023 • 8 minutes, 5 seconds តើបាយប៉ូឡា Bipolar ជាជំងឺអ្វី ?
កម្មវិធីសុខភាពថ្ងៃនេះ សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ អំពីជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ដែលហៅជាភាសាបារាំង ប៊ីប៉ូឡែរ ឬបាយប៉ូឡា ជាភាសាអង់គ្លេស។ អង្គការសុខភាពពិភពលោកចាត់ទុកបាយប៉ូឡាជាជំងឺមួយក្នុងចំណោមជំងឺ១០មុខ ដែលបង្កឱ្យមានពិការភាពយ៉ាងធ្ងន់ធ្ងរតើជំងឺនេះ មានទម្រង់បែបណា ? និងមានលក្ខណៈធ្ងន់ធ្ងរបែបណា ?
សូមស្តាប់បទសម្ភាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
1/4/2023 • 9 minutes, 12 seconds ហេតុដូចម្តេចបានជាការលេងចាក់បាល់អាចក្លាយជាជំងឺញៀន ?
ការប្រកួតបាល់ទាត់ពិភពលោក បានចាប់ផ្តើមនៅថ្ងៃទី ២០ វិច្ឆិកា និងត្រូវបិទបញ្ចប់នៅថ្ងៃ១៨ធ្នូ។ ព្រឹត្តិការណ៍កីឡានេះ បានទាក់ទាញអ្នកទស្សនា ជាពិសេសយុវវ័យក្រោមអាយុ៣៥ឆ្នាំ ឱ្យចង់សាកល្បងលេងចាក់បាល់យ៉ាងខ្លាំង។ ការចាក់បាល់ អាចធ្វើញៀន។ ការញៀនល្បែង (ភ្នាល់ ល្បែងស៊ីសង) ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ជាជំងឺមួយ។ បើជាជំងឺ គេត្រូវតែស្វែងរកការព្យាបាល។ តើការញៀនល្បែងចាក់បាល់មានគ្រោះថ្នាក់យ៉ាងណា ?
ព្រឹត្តិការណ៍កីឡា ដូចយ៉ាងការប្រកួតបាល់ទាត់ពិភពលោក ជាឱកាសដែលអ្នកមានចំណូលចិត្តផ្នែកកីឡា មួយចំនួនចាប់អារម្មណ៍លេងភ្នាល់។ ការចាក់បាល់លេងម្តងម្កាលជារឿងធម្មតាទេ តែវាអាចជាគ្រោះថ្នាក់ដែលអាចនាំឱ្យអ្នកលេងធ្លាក់ក្នុងភាពញៀនល្បែងដោយពិតៗ ជាមួយនឹងផលវិបាកតាមក្រោយជាច្រើន។
អ្នកស្រីវេជ្ជបណ្ឌិត សារ៉ា កូកាស Sarah Coscas គ្រូពេទ្យវិកលវិទ្យាជំនាញផ្នែកជំងឺញៀន នៅមន្ទីរពេទ្យPaul Brousse បានពន្យល់អំពីដំណើរធ្លាក់ក្នុងគ្រោះញៀនល្បែងភ្នាល់/ស៊ីសង ជាជំងឺ ថា វាចាប់ផ្តើមដំបូង ដោយសារតែការចាក់ត្រូវ ឈ្នះធំ។ ចាក់ត្រូវមានអារម្មណ៍ថា ឈ្នះបានលុយច្រើន ដោយងាយស្រួល ព្រោះគេស្គាល់ និងគ្រប់គ្រងភាពចៃដន្យនៃល្បែងបាន។ តែតាមការពិត ការភ្នាល់តែងតែមានឈ្នះនិងចាញ់ ដូចពាក្យបូរាណខ្មែរតែងពោល ថា ល្បែងតែនឹងរេ ជួនឯងឈ្នះគេជួនគេឈ្នះឯង។ យ៉ាងណាមិញ ការចាក់បាល់ទាត់គឺជាល្បែងភ្នាល់ ដែលគេមិនអាចទាយបានយ៉ាងប្រាកដថាខាងណាឈ្នះខាងណាចាញ់ទេ បើទោះអ្នកស្គាល់ក្រុមបាល់ទាត់នោះយ៉ាងណាក៏ដោយ។ ការចៃដន្យនាំឱ្យចាញ់នៅមាន។ តែចំណង់ចង់ចាក់ ចង់លេងហើយលេងទៀត ឈ្នះរួចចាញ់ ចាញ់រួចតាមដើម្បីឈ្នះវិញ ឈ្នះចាញ់ៗវិលទៅវិលមកយូរៗទៅនឹងធ្វើឱ្យយើងលែងអាចគ្រប់គ្រងស្ថានការណ៍បាន បែរជាយល់ថា លេងជារឿងធម្មតា និងត្រូវលេងជាប់រហូត ដើម្បីបានឈ្នះ ដែលនាំឱ្យមានភាពរីករាយ និងដែលនាំមកនូវរង្វាន់។
លោក Emmauel Lahaie មន្ត្រីស្ថាប័នសុខភាពសាធារណៈបារាំង បានទទួលស្គាល់ថាល្បែងភ្នាល់តែងមានការឈ្នះ មានចាញ់ តែល្បែងចាក់បាល់មិនដូចជាល្បែងភ្នាល់ផ្សេងទៀតទេ។ ល្បែងភ្នាល់បាល់មានគ្រោះថ្នាក់ជាពិសេសដែលគេហៅថា “ការបំភាន់នៃជំនាញ”។ អ្នកចាក់បាល់មាននិន្នាការទុកចិត្តជ្រុល ជឿថាខ្លួនស្គាល់ក្រុមកីឡាករច្បាស់ ភ្លេចគិតបាល់ទាត់ក៏ជាល្បែង ដែលគ្មាននរណាអាចទាយនិងផ្តល់លទ្ធផលនៃការប្រកួតបានត្រូវ១០០%ទេ។ លោក អេម៉ាណុយអែល ឡាអេ ៖
“ប្រាកដហើយដែលថាយើងអាចចាក់ត្រូវ ហើយឈ្នះ នៅក្នុងល្បែងភ្នាល់។ ប៉ុន្តែដល់ពេលណាមួយ យើងក៏អាចចាក់ខុស ហើយចាញ់ដែរ។ តែការរីករាយដោយបានឈ្នះ និងជំនឿជាក់ថាឈ្នះពីដំបូង នឹងរុញឱ្យយើងចង់លេងទៀត។ បើចង់ហើយយើងទៅលេងទៀតមែន នោះហើយជាការចាប់ផ្តើម នៃ បញ្ហា ! បញ្ហាជក់ល្បែងភ្នាល់បាល់ ត្រូវបានគេចាត់ទុកជាជំងឺញៀន ដោយគ្មានប្រើថ្នាំ គ្មានប្រើសារធាតុគ្រឿងញៀន។ តែការជក់លេងភ្នាល់បាល់ ស្ថិតក្នុងចង្កោមល្បែងដែលញៀនខ្លាំងជាងគេបំផុត។ ញៀនខ្លាំងជាងលេងល្បែងភ្នាល់ចាក់ឆ្នោតធម្មតា ៥ទៅ៦ដងឯណោះ។ ហើយគេបានដឹងទៀតថា ក្នុងចំណោមអ្នកមកលេងចាក់បាល់១០០នាក់ មានប្រមាណ១៥នាក់ ជាអ្នកមានបញ្ហាលេងច្រើនជ្រុល។ បើប្រៀបទៅនឹងល្បែងភ្នាល់ដទៃទៀត អ្នកលេងភ្នាល់បាល់ ច្រើនតែជាមនុស្សក្មេង អាយុក្រោម៣៥ឆ្នាំ (៧០%អាយុក្រោម២៦ឆ្នាំ) និងជាក្មេងដែលងាយរងគ្រោះ មានជីវភាពគ្រួសារយ៉ាប់យឺន ទន់ខ្សោយ និងច្រើនតែជាអ្នកអត់ការងារធ្វើ។ នៅពេលបានឮពាណិជ្ជកម្ម និងឃើញអំពីលទ្ធភាពអាចរកលុយបានដោយស្រួល ដោយងាយៗ ដោយការចាក់បាល់ ក៏ចង់លេង ហើយលេងកាន់តែច្រើនឡើងៗ។”
នៅពេលបានឈ្នះម្តងហើយ អ្នកលេងច្បាស់ជាញ៉ាម ចង់និងសង្ឃឹមថាអាចឈ្នះរង្វាន់ធំជាថ្មីទៀត ក៏ទៅចាក់ និងទៅលេងភ្នាល់ទៀត រួចក៏វិលទៅមកឥតឈប់ លែងអាចឃាត់ខ្លួនឯងបាន ដែលនេះហើយជាការចាប់ផ្តើម ធ្លាក់ក្នុងអន្លង់នេះពាក្យថា “ញៀន”។
គេចាត់ទុកមនុស្សម្នាក់ថាញៀននឹងល្បែង នៅពេលបុគ្គលម្នាក់នោះងប់លេងជ្រុល ជាប្រចាំ និងជាប់រហូតរយៈពេលយ៉ាងហោចមួយឆ្នាំ ព្រមទាំងមានអាការៈយ៉ាងហោចណាស់បួន ក្នុងចំណោមលក្ខណៈក្រោមនេះ ៖
ត្រូវចាក់ភ្នាល់ ដាក់លុយកាន់តែច្រើនឡើង ជាលំដាប់ ទើបពេញបំណង ខឹង មួរមៅ នៅពេលមិនបានលេង ឬពេលផ្អាកលេង ល្បែងបានប្តូរផ្លាស់អាក្បកិរិយានិងការរស់នៅប្រចាំថ្ងៃ (ដំណេក ការងារ អារម្មណ៍) បានសាកល្បងដែរតែមិនអាចគ្រប់គ្រងខ្លួនឯងបាន មិនអាចកាត់បន្ថយ ឬឈប់លេងបាន ខ្វល់វិលវល់តែនឹងល្បែង ដោយមិនអាចបំភ្លេចការចាញ់ឬការឈ្នះល្បែងពីអតីតកាល ទើបត្រូវប្រឹងរកវិធីថ្មីដែលអាចនាំឱ្យឈ្នះលុយ ឬជំនះអ្នកនៅក្បែរបានលេងទៀត យកល្បែងមកធ្វើជាថ្នាំសណ្តុំចិត្ត លើកទឹកចិត្ត សម្រាប់បំបាត់ការបាក់ទឹកចិត្ត បំបាត់ទុក្ខកង្វល់ សម្រាប់លាងទោសកំហុសខ្លួន ក្រោយចាញ់អស់លុយ ត្រលប់ទៅវិញដើម្បីតាមយកលុយមកវិញ ភូតកុហកអ្នកនៅជុំវិញខ្លួនដើម្បីលាក់សកម្មភាពលេងល្បែង ហ៊ានភ្នាល់ហួសពីសមត្ថភាពដែលមាន និងហ៊ានទៅខ្ចីលុយគេមកលេងល្បែង
ដើម្បីអាចដឹងបានថាតើអ្នកកំពុងឈានទៅធ្លាក់ខ្លួនញៀនល្បែងស៊ីសង ឬល្បែងភ្នាល់ គ្រូពេទ្យវិកលវិទ្យាឯកទេសជំងឺញៀន សូមណែនាំឱ្យធ្វើតេស្ត តាមរយៈការឆ្លើយនឹងសំណួរ បាទ/ចាស ឬទេ។ សំណួរទាំងពីរផ្តោតលើលក្ខខណ្ឌពីរ គឺសេចក្តី ត្រូវការលេខភ្នាល់ដាក់លុយកាន់តែច្រើន និងការភូតភ។
សំណួរទីមួយ ៖ តើអ្នកធ្លាប់បានកុហកម្តាយឪពុកឬមនុស្សជំនិតខ្លួន ទាក់ទងនឹងឥរិយាបថលេងល្បែងភ្នាល់ស៊ីលុយទេ ?
សំណួរទីពីរ ៖ តើអ្នកធ្លាប់មានអារម្មណ៍ថាត្រូវតែភ្នាក់ដាក់លុយកាន់តែច្រើនជាងមុនរហូតទេ ?
បើជាចម្លើយវិជ្ជមានលើសំណួរណាមួយ សូមជួបជាមួយគ្រូពេទ្យជំនាញដើម្បីតាមដានមើលការវិវឌ្ឍន៍នៃស្ថានភាព។
ការញៀននឹងល្បែងចាក់បាល់នេះ អាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត។ ការចាញ់ល្បែង និងការខាតបង់លុយ ញយពេក បានធ្វើអ្នកលេងក្លាយជាមនុស្សឆាប់ខឹង ឆាប់មួរហ្មង ហើយអាចងាយនឹងធ្លាក់ក្នុងភាពបាក់ទឹកចិត្ត។ ក្នុងករណីធ្ងន់ធ្ងរ អ្នកញៀនអាចនឹងហ៊ានដល់ថ្នាក់ធ្វើអត្តឃាតទៀតផង។ នេះបើតាមការគូសបញ្ជាក់របស់លោក អេម៉ាណុយអែល ឡាអេ មន្ត្រីទទួលបន្ទុកការពារជំងឺញៀនល្បែង នៅស្ថាប័នសុខភាពសាធារណៈបារាំង។
12/15/2022 • 7 minutes, 34 seconds មនុស្សជិតកន្លះផែនដី មានបញ្ហាសុខភាពមាត់ធ្មេញ
បើតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ វិច្ឆិកា ២០២២ មានប្រជាពលរដ្ឋ ប្រមាណ៣៥០០លាននាក់ ពោលគឺជិតពាក់កណ្តាលនៃប្រជាជនសរុបនៅលើភពផែនដី មានបញ្ហាសុខភាពមាត់និងធ្មេញ។ ដង្កូវស៊ីធ្មេញ ជាជំងឺដែលមានកើតច្រើនញឹកញាប់ជាងគេ។
ក្នុងចំណោមប្រជាជនសរុបរស់នៅលើផែនដីចំនួន ៨ពាន់លាននាក់ (គិតត្រឹមថ្ងៃទី ១៥ វិច្ឆិកា ២០២២) ៤៥% ឬត្រូវជា៣៥០០លាននាក់ មានជំងឺដង្កូវស៊ីធ្មេញ ជំងឺអញ្ចាញ (ហើម-រលាក អញ្ចាញ) និងជំងឺមហារីកមាត់ធ្មេញ។ នេះបើតាមរបាយការណ៍ថ្មី របស់អង្គការសុខភាពពិភពលោក ទើបចេញផ្សាយកាលពីថ្ងៃទី ១៧ វិច្ឆិកា ២០២២ ដែលលាតត្រដាងជាលើកទីមួយ អំពីទំហំនៃជំងឺមាត់ធ្មេញលើផែនដី ក្នុង១៩៤ប្រទេស។ ក្នុងអំឡុងពេល៣០ឆ្នាំចុងក្រោយមកនេះ ករណីអ្នកមានបញ្ហាមាត់ធ្មេញ បានកើនឡើងចំនួន ១ពាន់លាននាក់។
តួលេខនេះ ជាសន្ទទស្សន៍ដ៏ច្បាស់លាស់មួយបញ្ជាក់ឱ្យឃើញថា មានមនុស្សច្រើនខ្លាំងណាស់ ដែលគ្មានលទ្ធភាពទទួលបានការការពារ និងការព្យាបាលជំងឺមាត់ធ្មេញទេ ទើបត្រូវធ្លាក់ខ្លួន មានជំងឺដង្កូវស៊ីធ្មេញ ហើមរលាកអញ្ចាញ បាក់ធ្មេញ និងមហារីក។ នេះបើតាមរបាយការណ៍ដដែល។ ធ្មេញដង្កូវស៊ី គ្មានការព្យាបាល ជាជំងឺមាត់ធ្មេញដែលកើតឡើងច្រើនជាងគេ និងលើមនុស្សជាង២៥០០លាននាក់។ ចំណែក១ពាន់លាននាក់ផ្សេងទៀត មានជំងឺអញ្ចាញ ដែលជាដើមហេតុដ៏ចម្បងនាំឱ្យមនុស្សបាក់ធ្មេញអស់។ បើតាមអង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានករណីជំងឺមហារីកមាត់ធ្មេញថ្មី ចំនួន ប្រមាណ៣៨០ ០០០នាក់។ កត្តាហានិភ័យចម្បងគេ នាំឱ្យមានបញ្ហាមាត់ធ្មេញ គឺបណ្តាលមកពីការទទួលទានស្ករច្រើនជ្រុល និងជក់បារីហើយទទួលទានសុរា។
ដោយមិនចម្លែក បើតាមរបាយការណ៍ដដែល បីភាគបួននៃអ្នកជំងឺមាត់ធ្មេញរស់នៅក្នុងប្រទេសក្រីក្រនិងមធ្យម។ ប៉ុន្តែនៅលើពិភពលោកទាំងមូល មិនថានៅក្នុងប្រទេសណា តំបន់ណាទេ គឺអ្នកក្រ ជនពិការ ឬមនុស្សចាស់ និងអ្នកងាយរងគ្រោះ ដែលពុំអាចទទួលបានការព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញត្រឹមត្រូវ ព្រោះគ្មានមធ្យោបាយ។ ការព្យាបាលធ្មេញ ថ្លៃខ្លាំងណាស់។
របាយការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មី និងយ៉ាងក្រឡែត អំពីវិសមភាពក្នុងសេវាសុខភាពមាត់ធ្មេញ និងគូសបញ្ជាក់ដោយចំៗអំពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ចំពោះការថែរក្សាព្យាបាលសុខភាពមាត់ធ្មេញ រហូតបណ្តោយឱ្យជំងឺលេចឡើងយ៉ាងច្បាស់ និងមិនអាចលាក់បាំងបាន ក្នុងចំណោមប្រជាជនក្រីក្រ និងទន់ខ្សោយងាយរងគ្រោះខ្លាំង។
សម្រាប់លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ពិភពលោកធ្វេសប្រហែសនឹងបញ្ហាសុខភាពមាត់ធ្មេញ តាំងពីដើមមក បើទោះបីជាដឹងថា វិធានការការពារដែលចំណាយអស់តិចសោះ អាចបញ្ចៀសមនុស្សមួយចំនួនធំមិនឱ្យមានបញ្ហាសុខភាពមាត់ធ្មេញក៏ដោយ។ ហេតុដូច្នេះហើយបានជាលោក ចេញសេចក្តីថ្លែងការណ៍ លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់ប្រទេស ប្រយុទ្ធប្រឆាំងនឹងកត្តាហានិភ័យប្រចាំថ្ងៃ ដោយត្រូវអប់រំប្រជាពលរដ្ឋឱ្យយល់អំពីរបបអាហារត្រឹមត្រូវ មានជាតិស្ករតិច ឈប់ជក់បារីចុកថ្នាំ កាត់បន្ថយការទទួលទានសុរា និងមានថ្នាំដុះធ្មេញល្អ សម្បូរជាតិFluore ដែលថោកល្មមឱ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានលទ្ធភាពទិញបាន។ នៅក្នុងអនុសាសន៍ អង្គការសុខភាពពិភពលោក បានធ្វើបញ្ជីរាយសំណើមួយចំនួនធំ សម្រាប់ឱ្យគ្រប់ប្រទេសដោះស្រាយនិងគិតគូរបញ្ហាសុខភាពមាត់ធ្មេញ មានជាអាទិ៍ការអំពាវនាវឱ្យបញ្ចូលសេវាថែទាំមាត់ធ្មេញ ទៅក្នុងប្រព័ន្ធកម្មវិធីថែទាំសុខភាពបឋមតែម្តង។
នៅពេលមាត់ធ្មេញ អញ្ចាញ មានសុខភាពមិនល្អនោះ សុខភាពរាងកាយក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ដែរ ដោយផ្តើមដំបូង ជាអាការៈធុំក្លិនមាត់ រលាក បំពង់ក ក្រពះ ឬ បេះដូង។ ហើយនៅពេលថ្មីនេះៗ អ្នកស្រាវជ្រាវអាមេរិក បានទម្លាយការសម្ងាត់ តាមរយៈការសិក្សាពីរ ចេញផ្សាយនៅថ្ងៃទី ១៥វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Cell Report និងនៅថ្ងៃទី ១៦វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Nature ដែលបញ្ជាក់ថា មានបាក់តេរី នៅក្នុងមាត់ កប់ក្នុងកំណកជើងធ្មេញ របស់មនុស្សគ្រប់រូប ប្រភេទ Fusobacterium nucleatum អាចបណ្តែតនិងទៅផ្តុំ ក្នុងបរិមាណដ៏ច្រើនលើសលុប ក្នុងដុំសាច់មហារីកនៅមាត់ និងនៅពោះវៀនធំ។ អាចលាក់ខ្លួនក្នុងសរីរាង្គមហារីកហើយ បាក់តេរីនេះមានសមត្ថភាពបំប៉នកោសិកាមហារីកឱ្យរីករាលដាលទៅជាជំងឺមហារីកដំណាក់កាលមេតាស្តាយ៉ាងលឿនរហ័ស។ ជាងនេះទៅទៀត បាក់តេរីនេះ ចេះពង្វក់ប្រព័ន្ធការពារខ្លួន ឱ្យលែងចេះការពារសរីរាង្គទៀត។ សម្រាប់អ្នកស្រាវជ្រាវ ការសិក្សានេះ បង្ហាញឱ្យឃើញអំពីទំនាក់ទំនងជាយថាហេតុនៃសុខភាពមាត់ធ្មេញនិងហានិភ័យកើតជំងឺមហារីក៕
12/9/2022 • 8 minutes, 45 seconds រលាកទងសួត ជាជំងឺមិនសូវធ្ងន់ តែមានរោគសញ្ញា គួរឱ្យភ័យខ្លាំង
ទើបបានស្បើយពីជំងឺកូវីដ មន្ទីរពេទ្យបារាំង កំពុងរងសម្ពាធយ៉ាងខ្លាំង និងដំឡើងកំរិតអាសន្នត្រៀមសង្គ្រោះជាថ្មី ដោយហេតុតែមានករណីទារកកើតជំងឺរលាកទងសួត កើនឡើងច្រើនខុសប្រក្រតី។ ជាជំងឺដែលកើតឡើងយ៉ាងញឹកញយលើកទារកនិងក្មេងអាយុក្រោម២ខួប រលាកទងសួតមិនមែនជាជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែពេលខ្លះជំងឺអាចធ្វើទុក្ខខ្លាំង ដែលចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។
បទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេសកុមារ នៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។
11/30/2022 • 7 minutes, 58 seconds ដំណេកខ្លីជាសម្ព័ន្ធភាពដ៏គ្រោះថ្នាក់នៃជំងឺរ៉ាំរ៉ៃ
នៅពេលមានចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ការសំរាន្តតិចម៉ោងពេក អាចនឹងបង្កើនគ្រោះកើតជំងឺរ៉ាំរ៉ៃជាច្រើន។ នេះបើតាមការដាស់តឿនរបស់ក្រុមអ្នកស្រាវជ្រាវបារាំងដែលទើបចេញផ្សាយលទ្ធផលនៃការសិក្សារបស់ខ្លួន ស្តីអំពីទំនាក់ទំនងដ៏គ្រោះថ្នាក់រវាង ការសំរាន្តតិច និងជំងឺរ៉ាំរ៉ៃរបស់មនុស្សនៅពេលចូលវ័យ៥០ឆ្នាំ។
ច្បាប់ធម្មជាតិ តម្រូវឱ្យយើងចំណាយពេលវេលាក្នុងមួយថ្ងៃៗ យ៉ាងហោចនិងជាមធ្យមមួយភាគបី សម្រាប់ដេក ព្រោះ ដំណេកមានសារៈសំខាន់ណាស់។ ដំណេកមានតួនាទីគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងដំណើរការរបស់បញ្ញា របស់ប្រព័ន្ធការពារខ្លួន ឬដំណើរការបំប្លែងមេតាបូលិក។ ជាងនេះទៅទៀត ដំណេកមិនគ្រប់គ្រាន់នឹងធ្វើឱ្យខូចសុខភាព ដោយអាចនឹងនាំឱ្យកើតជំងឺរ៉ាំរ៉ៃ ផង សម្រាប់មនុស្សចាប់ពីអាយុ៥០ឆ្នាំឡើងទៅ។
បើតាមការក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្របារាំង សំរាន្តយប់គ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសសម្រាប់មនុស្សចាស់។ ដំណេកគ្រប់គ្រាន់ គឺជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួនធំ ដ៏សក្តិសិទ្ធ។
តើដូចម្តេចទៅដែលហៅថាដំណេកគ្រប់គ្រាន់ ? សូមស្តាប់ប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត អិនដាយ ហ្វាទូ អិនដូយ គ្រូពេទ្យជំនាញប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យសេណេហ្កាល់ ៖ “ដើម្បីអាចប្រមូលកម្លាំងបានពេញគ្រប់គ្រាន់ល្អ គេត្រូវគេងឱ្យបានពី ៦ ទៅ១០ម៉ោង ឬជាមធ្យម៨ម៉ោង សម្រាប់មនុស្សពេញវ័យ។ តែរយៈពេលគេង នេះ វាអាច ប្រែប្រួលតិចឬច្រើនទៅតាមមនុស្ស។ អ៊ីចឹងហើយបានជាគេប្រើពាក្យថា អ្នកគេងតិច អ្នកគេងច្រើន។ សេចក្តីត្រូវការផ្នែកដំណេកក៏ប្តូរផ្លាស់ទៀតទៅតាមវ័យ ដោយសារកត្តាច្រើនយ៉ាង ដូចជា កត្តាចិត្ត កត្តាសរីរវិទ្យា និងបរិស្ថាន ព្រមទាំងកត្តាក្រៅខ្លួនផ្សេងទៀត ដែលអាចជះឥទ្ធិពលទៅលើគុណភាពនៃដំណេករបស់មនុស្សយើង។ »
តើដំណេកមានទំនាក់ទំនងជាមួយជំងឺរ៉ាំរ៉ៃយ៉ាងណា និងតើកង្វះដំណេក របស់មនុស្សអាយុ៥០ឆ្នាំ អាចសម្រួលឱ្យមានផលវិបាកអ្វីខ្លះ ?
លទ្ធផលនៃការសិក្សារបស់អ្នកស្រាវជ្រាវបារាំង បានបង្ហាញឱ្យឃើញថា បើគេសំរាន្តតិចជាង៥ម៉ោងក្នុងមួយយប់ នៅអាយុ៥០ឆ្នាំ គ្រោះហានិភ័យកើតជំងឺរ៉ាំរ៉ៃ ទីមួយ បានកើនឡើង២០%។ កាន់តែអាក្រក់ជាងនេះទៅទៀត បើយើងបន្តសំរាន្តមិនគ្រប់គ្រាន់ នៅអាយុ ៥០ឆ្នាំ នៅ៦០ឆ្នាំ ឬដល់៧០ឆ្នាំ នោះហានិភ័យលេចជំងឺពហុមុខនឹងកើនឡើងប្រមាណពី ៣០ ទៅ៤០%។ កំណើនហានិភ័យកំរិតនេះ គ្មានពាក់ព័ន្ធនឹងរបៀបរបប រស់នៅនិងហូបចុកទេ មានន័យថាទោះអ្នកមានរបៀបរបបរស់ល្អត្រឹមត្រូវ ធ្វើកីឡា ហាត់ប្រាណ ធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា មិនជក់បារី មិនផឹកស្រា ក៏ដោយ ក៏ហានិភ័យមានជំងឺរ៉ាំរ៉ៃកើនដែរ ឱ្យសំរាន្តមិនគ្រប់។
កង្វះដំណេក នាំឱ្យឈឺ ហើយអាចសម្លាប់ជីវិតបានទៀត។ អ្នកគេងតិចជាង៥ម៉ោងក្នុងមួយយប់ មានហានិភ័យស្លាប់លើសគេ២៥%។ នេះជាហេតុផលដែលងាយពន្យល់ ព្រោះអ្នកផ្ទុកជំងឺរ៉ាំរ៉ៃ តែងមានអាយុសង្ឃឹមរស់ខ្លី។ ដូច្នេះ សូមកុំមើលស្រាល ការដេក ឱ្យសោះ ! នៅពេលដេកមានយន្តការជាច្រើនឡើងបន្តបន្ទាប់គ្នា។
យន្តការនៃដំណេក
“ដេកមិនមែនគ្រាន់តែជាការបិទភ្នែកជិតទៅលែងឃើញអ្វី ហើយគ្មានរឿងអ្វីកើតឡើងសោះនោះទេ។ ដំណេកជាដំណើរប្រទាក់គ្នាជាច្រើនវដ្ត ដែលក្នុងមួយវដ្តៗមានបីដំណាក់កាលទៀត។ ដំណាក់ទីមួយ ឬមួយភាំងដំបូង ជាការចាប់ផ្តើមលក់រលីវៗ ដោយវិញ្ញាណយើងនៅដឹង នៅឮសំឡេងជុំវិញខ្លួន ហើយងាយនឹងភ្ញាក់បាន។ តែបើអ្វីៗប្រព្រឹត្តទៅដោយរលូន ដំណេកឈានចូលដល់វគ្គលក់ស្កប់ស្កល់ ដោយយើងនឹងលង់ក្នុងដំណេកយ៉ាងជ្រៅ។ គឺវេលានេះហើយដែលយើងបានសម្រាកដោយពិតៗ ដោយបានស្រង់និងប្រមូលកម្លាំងឡើងវិញ ប្រៀបដូចជាការសាកបំពេញថ្ម ព្រោះនៅក្នុងពេលនោះ ខួរក្បាលកម្ចាត់ចេញជាតិពុល ហើយបង្កើតឡើងវិញនូវថាមពលសម្រាប់ទៅបំពេញកម្លាំងឱ្យកាយសម្បទាដែលប្រឹងអស់ពេញមួយថ្ងៃ សម្រាប់ពង្រឹងប្រព័ន្ធការពារខ្លួន ឬពង្រឹងការចងចាំជាដើម។ បន្ទាប់មកទៀត បើគ្មានអ្វីមករំខាន ដំណេកឈានចូលដល់វគ្គទីបី ឬហៅថាវគ្គសុបិន្ត (ជាភាសាបច្ចេកទេស ដំណេកប៉ារ៉ាដុកសាល់) ដែលនៅពេលនោះ ដោយមានសកម្មភាពអគ្គីសនីខ្លាំងក្នុងខ្លួន យើងចាប់ផ្តើមយល់សប្តិផ្សេង តែយើងបន្តលង់លក់ហើយខ្លួនប្រាណនៅដេកស្ងៀមឈឹងទេ។ វដ្តដំណេកទាំងបីដំណាក់នេះមានរយៈពេលប្រមាណ៩០នាទី ដែលក្នុងមួយយប់ៗ អាចមានពី៤ទៅ ៦វដ្តវិលបន្តឆ្លាស់គ្នា សម្រាប់អ្នកមានដំណេកពី៦ទៅ៩ម៉ោង ដែលក្នុងនោះ ជាមធ្យម ២៥%ជាដំណាក់កាលប្រមូលថាមពលឡើងវិញ។ ហេតុដូច្នេះហើយបានមនុស្សយើងចាំបាច់ត្រូវសំរាន្តឱ្យបានច្រើនបំផុតតាមដែរអាចធ្វើទៅបាន។
ជាដំណឹងល្អ អ្នកសំរាន្តច្រើនលើសពី៩ម៉ោង ក្នុងមួយយប់ មិនបង្កឱ្យមានហានិភ័យកើតជំងឺពហុមុខទេ។ ផ្ទុយទៅវិញ បើអ្នកមានផ្ទុកជំងឺរ៉ាំរ៉ៃមួយហើយ ហើយប្រឹងប្រតិបត្តិដំណេកបានយ៉ាងច្រើនគ្រប់គ្រាន់ ៩ម៉ោង តែមានជំងឺរ៉ាំរ៉ៃពហុមុខផ្សេងទៀតលេចតាមក្រោយ នោះអ្នកស្រាវជ្រាវយល់ថា ការគេងច្រើនជាផលវិបាកនៃជំងឺ មិនមែនជាមូលហេតុនៃជំងឺទេ។
វ័យ៥០ឆ្នាំ វ័យពិបាកដំណេក
ប៉ុន្តែគួរឱ្យសោកស្តាយ ជិតពាក់កណ្តាលនៃមនុស្សវ័យ៥៥ឆ្នាំ មានជំងឺរ៉ាំរ៉ៃ យ៉ាងហោចណាស់មួយជាប់នឹងខ្លួន ឧទាហរណ៍ជំងឺលើសឈាម ឬជំងឺមហារីក។ មនុស្សចាស់អាយុលើស៦៥ឆ្នាំជាងពាក់កណ្តាលមានជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួនយ៉ាងហោចពីរមុខ និងឡើងដល់ជាង៧០%សម្រាប់អ្នកមានអាយុលើសពី ៧៥ឆ្នាំ។ បើមានជំងឺរ៉ាំរ៉ៃទីមួយលេចឡើងហើយ គេច្បាស់ជាមានហានិភ័យអភិវឌ្ឍជំងឺពហុមុខផ្សេងទៀត ដែលអាចធ្វើឱ្យឆាប់ស្លាប់បាន។ មានជំងឺច្រើន ផលវិបាកក៏មានច្រើន គ្រោះស្លាប់មុនអាយុក៏ខ្ពស់ខ្លាំងដែរ។
ហេតុដូច្នេះហើយបានជាយើងចាំបាច់ត្រូវចេះថែទាំសុខភាពដំណេក។ ការសិក្សារបស់អ្នកស្រាវជ្រាវបារាំង មានកម្មវត្ថុបង្ហាញឱ្យឃើញអំពីភាពសំខាន់នៃការរក្សាអនាម័យក្នុងរស់នៅល្អ សម្រាប់មនុស្សគ្រប់វ័យ រាប់ទាំងមនុស្សចូលដល់វ័យ៥០ឆ្នាំឡើងទៅដែរ។ វ័យដែលល្បីថាពិបាកដេក ឬចាប់ផ្តើមមានវិបត្តិដំណេក ក្រសំរាន្តលក់ឬឆាប់ភ្ញាក់។ ជាការដាស់តឿនរំលឹក ដំណេកសមរម្យនិងគ្រប់គ្រាន់សម្រាប់មនុស្សធំពេញវ័យ ត្រូវមានរយៈពេល៧ទៅ៨ម៉ោង។
ដើម្បីជួយសម្រួលឱ្យមានដំណេកមានគុណភាពល្អប្រសើរ ត្រូវប្តូរផ្លាស់ទម្លាប់រស់នៅល្អក្នុងជីវិត និងបរិស្ថាននៅជុំវិញខ្លួន ដែលប៉ះពាល់ដល់រយៈពេលនិងគុណភាពដំណេក។
សូមអញ្ជើញចូលសំរាន្តនិងភ្ញាក់ពីដំណេក ឱ្យបានទៀតទាត់ម៉ោង ដើរឬនៅឱ្យត្រូវពន្លឺព្រះអាទិត្យនាពេលថ្ងៃ ធ្វើកីឡាហាត់ប្រាណបញ្ចេញចលនាកាយសម្បទា ឧទាហរណ៍ដើរឱ្យបានយ៉ាងហោច៣០នាទី ចៀសវាងកុំលេងទូរស័ព្ទ មើលទូរទស្សន៍នៅលើគ្រែមុនពេលហៀបសំរាន្ត ចៀសវាងកុំទទួលទានកាហ្វេ តែ សុរា ចាប់ពីពេលបាក់រសៀលទៅ ឬត្រូវសំរាន្តក្នុងបន្ទប់ ងងឹត បិទភ្លើង ត្រជាក់ល្មមនិងមានខ្យល់ចេញចូលល្អ៕
11/23/2022 • 9 minutes, 30 seconds ទឹកនោមផ្អែមជាជំងឺប្រទេសអ្នកមាន តែជាជំងឺរ ាតត្បាតក្នុងប្រទេសក្រីក្រ
ថ្ងៃទី ១៤ វិច្ឆិកា ជាទិវាពិភពលោកប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ មិនមែនជាជំងឺឆ្លងទេ តែទឹកនោមផ្អែមបានផ្តើមរាតត្បាត និងសម្លាប់ជីវិតមនុស្សច្រើនជាងជំងឺស៊ីដា គ្រុនចាញ់ និងរបេងបូកបញ្ចូលគ្នាទៀត។ ពោលគឺមានស្លាប់ប្រមាណ៥លាននាក់ក្នុងមួយឆ្នាំៗ ឬត្រូវជាស្លាប់ម្នាក់នៅរៀងរាល់៧វិនាទី។ ជាជំងឺរ៉ាំរ៉ៃ ដែលនរណាក៏ស្គាល់។ បច្ចុប្បន្ននេះ នៅលើពិភពលោក មនុស្សម្នាក់ក្នុងចំណោម១០នាក់ ត្រូវជាជិត ៥៣៧លាននាក់ មានផ្ទុកជាតិស្ករក្នុងឈាមលើសកំរិត។ ហើយផ្ទុយពី ការគិត ទឹកនោមផ្អែមមិនមែនជាជំងឺរបស់ប្រទេសអ្នកមានទេ។ ៧០%នៃអ្នកជំងឺរស់នៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម។
អ្នកជំងឺមិនស្លាប់ដោយជំងឺទឹកនោមផ្អែមផ្ទាល់ទេ។ អ្នកជំងឺទឹកនោមផ្អែម អាចស្លាប់ដោយផលវិបាកនៃជំងឺ ដែលធ្វើឱ្យស្ថានភាពសុខភាពទូទៅរបស់មនុស្សធ្លាក់ចុះជាលំដាប់ ៖ ដោយធ្វើឱ្យខូចតម្រងនោមខូចប្រព័ន្ធសរសៃឈាម។ អ្នកជំងឺអាចស្លាប់ នៅពេលតម្រងនោម ធ្វើទុក្ខ គាំងលែងដើរ។ អ្នកជំងឺត្រូវស្លាប់ព្រោះតែស្ទះ ឬដាច់សរសៃឈាមបេះដូង។ ជាការស្លាប់ដែលបង្កឡើងដោយផលប៉ះពាល់នៃជំងឺ មិនមែនដោយជំងឺផ្ទាល់ទេ។ អ៊ីចឹងហើយបានជាអ្នកខ្លះគេចាត់ទុកជំងឺទឹកនោមជាជំងឺស្ងាត់ៗ។
តំបន់ដែលមាន និងដែលគេធ្លាប់សម្គាល់ឃើញថាមានអ្នកជំងឺទឹកនោមផ្អែមច្រើនគេ គឺតំបន់អាមេរិកឡាទីន តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺទ្វីបអាហ្វ្រិក និងអាស៊ីក៏មានអ្នកជំងឺទឹកនោមផ្អែមច្រើនខ្លាំងណាស់ដែរ។ នៅអាស៊ី ក្នុងប្រទេសចិនតែមួយមានអ្នកជំងឺដល់ជាង១០០លាននាក់ស្រេចទៅហើយ។ នៅ អាហ្វ្រិក ចំនួនអ្នកជំងឺមានជាង ២២លាននាក់ហើយ និងឡើងមួយជាពីរ ដល់៤២លាននាក់នៅឆ្នាំ១៥ឆ្នាំខាងមុខ។
ហេតុអ្វី មានកំណើនអ្នកជំងឺទឹកនោមផ្អែមច្រើននៅតាមប្រទេសក្រីក្រ ?
កត្តាដ៏ចម្បងមួយដែលនាំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ គឺភាពស្រណុកជ្រុល និងកង្វះសកម្មភាព- កង្វះការបញ្ចេញឬធ្វើចលនារាងកាយដែលបណ្តាលមកពីរបៀបរបបរស់នៅថ្មី បែបអ្នកក្រុង ព្រមទាំងរបៀបរបបហូបចុក ដោយទទួលទានចំណីអាហារ មានជាតិខ្លាញ់ជ្រុល ប្រៃខ្លាំង និងមានថាមពលច្រើនហួសហេតុ។ ហើយនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ មានកត្តាអាយុវែងមួយបន្ថែមទៀត។ អាយុសង្ឃឹមរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍចាប់កើនឡើង ដូច្នេះចំនួនអ្នកជំងឺទឹកនោមផ្អែមត្រូវតែលេចឡើងច្រើន និងកើនឡើងដែរ ព្រោះទឹកនោមផ្អែមជាប្រភេទមួយនៃជំងឺរបស់មនុស្សចាស់។
ប៉ុន្តែក្នុងករណីទ្វីបអាហ្វ្រិក ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ដែលល្បីថាជាប្រទេសក្រីក្រ ទទួលទានមិនគ្រប់គ្រាន់ និងថែមទាំងមានវិបត្តិខ្វះអាហារូបត្ថម្ភផងនោះ មានបញ្ហាប្រឈមពីរផ្ទុយគ្នាតែកើតទន្ទឹមពេលតែមួយ គឺ បញ្ហាខ្វះអាហារ និងបញ្ហាហូបជ្រុល។ ការហូបអាហារច្រើនជ្រុល បណ្តាលមកពីប្រទេស/សង្គមនោះកំពុងធ្វើអន្តរកាលអាហារ។
អន្តរកាលអាហារ
ពីមុនប្រទេសមានទម្លាប់ប្រពៃណីទទួលទានអាហារ ជាគ្រាប់ធញ្ញជាតិ (បាយ) ជាអាហារដែលផ្តល់ថាមពលច្រើន សម្រាប់ទៅចិញ្ចឹមរាងកាយដែលប្រើកម្លាំង ធ្វើស្រែធ្វើចំការ ... តែតាំងពី១០-១៥ឆ្នាំចុងក្រោយនេះមក ពួកគាត់ចាប់ផ្តើមប្តូរទម្លាប់មកទទួលទានអាហារបែបឧស្សាហកម្ម និងទទួលទានសាច់សត្វ កាន់តែច្រើនឡើងៗ (ច្រើនជាងមុនឆ្ងាយណាស់)។ ជាការប្តូរផ្លាស់គំរូអាហារបែបបូរាណ ដែលមានថាមពលច្រើនជាមូលដ្ឋានស្រាប់ទៅហើយ ដោយត្រូវបន្ថែមសារធាតុក្លុយស៊ីត ជាតិខ្លាញ់ ជាតិសាច់សត្វ បូកនឹងការនិយមភេសជ្ជៈផ្អែមដែលផ្តល់ថាមពលលឿនខ្លាំងទៀត របបអាហារថ្មីនាំផលអាក្រក់ណាស់ដល់សុខភាព។ ដំបូងគេគិតថាកំណើនអ្នកជំងឺទឹកនោមផ្អែម បណ្តាលមកពីការប្តូរផ្លាស់ទម្លាប់ទទួលទានចំណីអាហារបែបបុរាណ ខ្លះថាមកពីការប្រកាន់របបអាហារបែបអឺរ៉ុប តែតាមការពិតដោយហេតុកត្តាទាំងពីរបូកបញ្ចូលគ្នា។ គឺអន្តរកាលអាហារនេះហើយដែលមិនល្អ និងធ្វើផ្ទុះករណីធាត់ និង ធាត់ជ្រុលចុកខ្លាញ់។
ពូជ ?
ពូជ ក៏ជាកត្តាមួយដែលនាំឱ្យងាយកើតជំងឺទឹកនោមផ្អែមដែរ។ មកទល់ពេលនេះ ពុំទាន់មានការសិក្សាណាមួយដែលអាចពន្យល់បំភ្លឺបាន១០០%ទេ ប៉ុន្តែគេចាប់យល់ខ្លះៗ អំពីករណីពលរដ្ឋដើមកំណើតអាស៊ី និងអាហ្វ្រិក មានកំណើនជំងឺទឹកនោមផ្អែមខ្លាំង។ ជំងឺទឹកនោមផ្អែមកើនខ្លាំងនៅទ្វីបអាហ្វ្រិកនិងអាស៊ីហើយ ពលរដ្ឋអាស៊ី អាហ្វ្រិក រស់នៅលើទ្វីបអាមេរិកក៏ងាយមានហានិភ័យកើតជំងឺទឹកនោមផ្អែម ជាងពលរដ្ឋស្បែកសដែលមានរបៀបរបបរស់នៅនិងហូបចុកដូចគ្នាទៀត។ បើតាមក្រុមគ្រូពេទ្យមួយចំនួន នេះគឺបណ្តាលមកពីសរីរាង្គកាយរបស់ពលរដ្ឋអាស៊ីនិងអាហ្វ្រិកមាន ការបែងចែងសារធាតុខ្លាញ់ផ្សេង ដែលងាយពុល ទើបបានជាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមហាក់ឡើងខ្ពស់។
ចំណុចមួយទៀតដែលអ្នកវិទ្យាសាស្ត្រដូចទម្លាប់ពុំទាន់យល់ស្របគ្នាទាំងស្រុងនោះ គឺគេគិតថាប្រជាពលរដ្ឋអាស៊ី និងពិសេសអាហ្វ្រិក ធ្លាប់រងភាពអត់ឃ្លាន តាំងពីជាច្រើនតំណ ទើបសរីរាង្គកាយ និងប្រព័ន្ធមេតាបូលិករបស់ពួកគេធ្លាប់និង ធន់ខ្លាំង ហើយអាចដំណើរការបានយ៉ាងល្អ ជាមួយនឹងចំណីអាហារតែបន្តិច។ ស្រាប់តែឥលូវមានញ៉ាំច្រើន ប្រព័ន្ធ មេតាបូលិកបំប្លែងមិនទាន់ ក៏នាំឱ្យមានលេចជាជំងឺទឹកនោមផ្អែមឡើង។ តែនេះជាសម្មិតកម្មដែលអន្តរជាតិកំពុងបន្តជជែកគ្នានៅឡើយ ពុំទាន់មានការព្រមព្រៀងជាក់លាក់ទេ៕
អន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ទូច ឃុន គ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យព្រះកុសមៈ ក្រុងភ្នំពេញ និងលោកវេជ្ជបណ្ឌិត ស្តេហ្វាន បឺសង់សុង Stéphane Besançon ប្រធានអង្គការក្រៅរដ្ឋាភិបាលបារាំង “សុខភាពទឹកនោមផ្អែម”។
11/21/2022 • 9 minutes, 14 seconds កីឡា យវុវ័យ និងជំងឺធ្លាក់ទឺកចិត្ត
ប្រសិនបើយើងចង់ថែរក្សាសុខភាព និងការពារមិនឱ្យកើត ឬមិនឱ្យជំងឺខ្លះ មានជាអាទិ៍ជំងឺផ្លូវចិត្ត ធ្លាក់រ៉ាំរ៉ៃធ្ងន់ធ្ងរបាន ត្រូវធ្វើតាមអនុសាសន៍ណែនាំរបស់គ្រូពេទ្យ ដែលមានតាំងពីការប្តូរទម្លាប់អាក្រក់ ទៅប្រកាន់យកទម្លាប់ល្អ ឬត្រូវចៀសវាងទម្លាប់មួយចំនួន។ ទម្លាប់ដ៏ល្អមួយសម្រាប់ទ្រទ្រង់ និងការពារសុខភាពនោះ គឺការប្រកាន់ទម្លាប់ធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា។ នេះហើយជាប្រធានបទនៃកម្មវិធីសុខភាពថ្ងៃនេះ។
កីឡានាំមកនូវសុខភាពល្អ នេះជាពាក្យស្លោកដែលគ្មាននរណាអាចបដិសេធប្រឆាំងបានទេ។ ប៉ុន្តែគេកម្រនិយាយណាស់ អំពីផលវិបាកនៃការមិនធ្វើកីឡាសោះ សម្រាប់សរីរាង្គកាយ។ អង្គការសុខភាពពិភពលោក បានគណនាឃើញថា នៅរវាងពីឆ្នាំ២០២០ ទៅ២០៣០ នឹងមានមនុស្ស៥០០លាននាក់នៅលើពិភពលោក កើតជំងឺបេះដូង ទឹកនោមផ្អែម ធាត់ជ្រុល និងជំងឺមិនឆ្លងផ្សេងទៀត ដែលបង្កឡើងដោយហេតុតែស្រណុកជ្រុលពេក។ មានន័យថា ក្នុងមួយឆ្នាំៗ ពិភពលោកត្រូវចំណាយប្រាក់ជាង២៧ពាន់លានដុល្លារ សម្រាប់ព្យាបាលជំងឺស្រណុកជ្រុល ដែលអាចបញ្ចៀសបានដោយប្រើមធ្យោបាយដ៏សាមញ្ញមួយ គឺធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា។
តាំងពីឆ្នាំ២០០០មក ពេលវេលាដែលយើងត្រូវចំណាយកម្លាំងមិនបានកើនឡើងសោះ។ យ៉ាងហោច ១ម៉ឺនជំហាន ក្នុងមួយថ្ងៃ កម្រត្រូវបានគេស្វាគមន៍ណាស់។ ជាមធ្យម មនុស្សប្រុសម្នាក់ ក្នុងចំណោមបួននាក់ និងស្ត្រីបីនាក់ក្នុងចំណោម១០នាក់ មិនបានធ្វើចលនាគ្រប់តាមម៉ោងដ៏ទាបបំផុត ដែលកំណត់ដោយអង្គការសុខភាពពិភពលោកទេ។
កាន់តែភ្ញាក់ផ្អើលទៅទៀត គឺតួលេខនៃភាពអសកម្មរបស់ក្មេងជំទង់។ បើតាមអង្គការសុខភាពពិភពលោក ក្មេងជំទង់ចំនួន ៨៥% មិនបានបញ្ចេញចលនាគ្រប់គ្រាន់ទេ។ ក្នុងមួយថ្ងៃៗ ក្មេងកំពុងពេញវ័យត្រូវការបញ្ចេញកម្លាំងធ្វើកីឡា យ៉ាងហោចមួយម៉ោង។ ប៉ុន្តែ ដោយជាក់ស្តែង មានក្មេងជំទង់អាយុពី៦ទៅ១៧ឆ្នាំ ភេទប្រុសពាក់កណ្តាល និងភេទស្រី មួយភាគបីប៉ុណ្ណោះបានធ្វើចលនាគ្រប់គ្រាន់ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ អ្នកស្រាវជ្រាវបារាំងពន្យល់ថា ការឡើងខ្លួនជាកម្លោះក្រមុំ ជាកត្តាសំខាន់មួយដែលមកបញ្ចុះសកម្មភាពរបស់ក្មេងជំទង់ទាំងពីរភេទ តែក្មេងស្រីលែងសូវបញ្ចេញចលនា គួរឱ្យកត់សម្គាល់ខ្លាំងជាង។ ជាតួលេខ ក្មេងប្រុស ចំនួន៧០% ក្មេងស្រី៥៦% ធ្វើចលនាគ្រប់គ្រាន់ នៅអាយុពី៦ទៅ១០ឆ្នាំ ទល់នឹង៣៤%សម្រាប់ក្មេងប្រុស និង២០%សម្រាប់ក្មេងស្រី នៅពេលចូលដល់អាយុ១១-១៤ឆ្នាំ និងត្រឹមតែ១៦%សម្រាប់ក្មេងស្រីនៅអាយុ១៥-១៧ឆ្នាំ (ក្មេងប្រុស៤០%)។ ហេតុអ្វី បានជាតួលេខនៃក្មេងធ្វើកីឡា ខុសគ្នាឆ្ងាយខ្លាំងម្ល៉េះរវាងក្មេងស្រីនិងក្មេងប្រុស ? ការសិក្សាជាច្រើនបានបង្ហាញថាមកពី ក្មេងស្រី មិនត្រូវចាប់អារម្មណ៍រឿងធ្វើកីឡាប្រកួតប្រជែង ហើយម្យ៉ាងទៀតគឺបញ្ហាទីកន្លែងធ្វើកីឡាប្រាត់ប្រាណនិងបរិស្ថានជុំវិញខ្លួន ដែលមកកំរិតឪពុកម្តាយមិនឱ្យលើកទឹកចិត្តឬជំរុញកូនស្រីឱ្យទៅបញ្ចេញកម្លាំងកាយធ្វើកីឡា ដូចជំរុញកូនប្រុស។ ជាចុងក្រោយ ការសិក្សាជាច្រើនបានឆ្លុះឱ្យឃើញអំពីឥទ្ធិពលនៃកំរិតជីវភាពរបស់គ្រួសារ ចំពោះសុខភាពកីឡារបស់កូនស្រីប្រុស។ គ្រួសារខ្សត់ខ្សោយមិនសូវធ្វើកីឡាទេ។
ធ្វើកីឡា មិនមែនមានន័យថាត្រូវទៅចុះឈ្មោះធ្វើជាកីឡាករអាជីពទេ។ ឱ្យតែធ្វើសកម្មភាព បញ្ចេញកម្លាំងកាយសម្បទា ទោះក្នុងកំរិតទាប ឬមធ្យម ក៏បានដែរ។
មានចិត្តចង់ធ្វើកីឡាដែរ តែបរិស្ថាននៅជុំវិញខ្លួន អេក្រង់ រថយន្ត ម៉ូតូ ការងារអង្គុយ មិនអាចជំនះចិត្តដែលត្រូវការភាពស្រណុកស្រួលបានទេ។ ម្យ៉ាងវិញទៀត តើត្រូវធ្វើដូចម្តេច ដើម្បីមានចិត្តចាប់ផ្តើមធ្វើកីឡាហាត់ប្រាណទៅ បើមួយថ្ងៃៗ រវល់វាល់ល្ងាច ធ្វើការអស់កម្លាំងហើយ ត្រូវគិតគូររឿងគ្រួសារហូបចុកនៅផ្ទះ ហើយអ្នកខ្លះមានបញ្ហាសុខភាពមួយមុខទៀតនោះ ?!
យល់អំពីសារៈសំខាន់នៃការធ្វើចលនា ដឹងអំពីគុណប្រយោជន៍នៃការហាត់ប្រាណធ្វើកីឡា ចំពោះបេះដូង ចំពោះជំងឺរ៉ាំរ៉ៃ និងចំពោះផាសុកភាពនៃរាងកាយ និងផ្លូវចិត្ត ហើយ ត្រូវជ្រើសរើសកីឡាដែលសក្តិសមនឹងខ្លួនអ្នកជាទីបំផុតផង ដែលអ្នកចូលចិត្តជាងគេផង និងត្រូវតាំងចិត្តអនុវត្តទៅតាមល្បឿននិងសមត្ថភាពនៃខ្លួនប្រាណយើងទៀត។ បើធ្វើកីឡាប្រកបដោយភាពរីករាយក្នុងចិត្ត នោះចំណង់និងជំនក់ចិត្តហាត់ប្រាណនិងធ្វើកីឡានឹងកើតឡើងដោយឯងៗ៕
11/9/2022 • 8 minutes, 31 seconds ហេតុអ្វីជំងឺមហារីកស្ទុះឡើងខ្លាំងក្នុងចំណោមមនុស្សវ័យក្រោម៥០ឆ្នាំ ?
ក្មេងជំនាន់ក្រោយមានហានិភ័យកើតជំងឺមហារីកច្រើនជាងមុន និងក្នុងវ័យក្មេងជាងមនុស្សជំនាន់មុន។ បើតាមការសិក្សាអាមេរិកទើបចេញថ្មី ជំងឺមហារីកបានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមមនុស្សអាយុក្រោម៥០ឆ្នាំ តាំងពីជាច្រើនទសវត្សរ៍មកហើយ។ តើអ្នកស្រាវជ្រាវពន្យល់អំពីបាតុភូតនេះយ៉ាងដូចម្តេច ?
ចំនួនមនុស្សកើតជំងឺមហារីកនិងស្លាប់ដោយជំងឺមហារីកថ្លើម នៅលើពិភពលោក នឹងកើនឡើងជាង៥៥% នៅរវាងពីពេលនេះទៅ ២០ឆ្នាំខាងមុខ ប្រសិនបើគ្មានវិធីទប់ស្កាត់វាទេ។ នេះបើតាមទិន្នន័យវិភាគថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអន្តរជាតិរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Journal of Hepatology កាលពី ថ្ងៃទី៦តុលា២០២២។ មានន័យថា បើយោលទៅតាមស្ថានភាពបច្ចុប្បន្ន ពីពេលនេះដល់ឆ្នាំ២០៤០ នឹងមានមនុស្ស១,៤នាក់កើតជំងឺមហារីកថ្លើម និង១,៣លាននាក់ស្លាប់ដោយជំងឺមហារីកថ្លើមក្នុងមួយឆ្នាំៗ។
ជំងឺមហារីកថ្លើមដែលងាយបញ្ចៀសបាន ប្រសិនបើគេកំរិតការទទួលទានសុរា និងព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ បានត្រឹមត្រូវនោះ នឹងក្លាយជាមូលហេតុចម្បងគេមួយក្នុងចំណោមមូលហេតុបីដំបូងនៃមរណភាព ក្នុង៤៦ប្រទេស និងស្ថិតក្នុងចំណោមមូលហេតុ៥ដំបូងនៃមរណភាព នៅក្នុងជាង១០០ប្រទេស។ កំណើនករណីឈឺនិងស្លាប់ស្ទុះឡើងខ្លាំងជាងគេនៅតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងជើង។
ប៉ុន្តែមិនមែនមានតែជំងឺមហារីកថ្លើមទេដែលកើនឡើងនោះ។ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាមេរិក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Nature Reviews Clinical Oncology កាលពីថ្ងៃទី ៦កញ្ញា មានជំងឺមហារីកចំនួន១៤មុខ ដែលកើនឡើងនិងកើតលើអ្នកជំងឺវ័យ ក្មេង អាយុក្រោម៥០ឆ្នាំ។ មានអ្នកជំងឺវ័យមិនទាន់៥០ឆ្នាំកាន់តែច្រើនឡើងៗ កើតជំងឺមហារីក។ នេះជាបាតុភូតគួរឱ្យព្រួយបារម្ភខ្លាំងណាស់ សម្រាប់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលបានបញ្ជាក់បន្ថែមទៀតថា និន្នាការកំណើនជំងឺមហារីកក្មេង (អាយុក្រោម៥០ឆ្នាំ) បានចាប់ផ្តើម តាំងពី៣០ឆ្នាំមកហើយ។
រលកជំងឺមហារីកក្មេង ជាក្តីព្រួយបារម្ភព្រោះវាប៉ះពាល់ដល់ក្រុមចង្កោមមនុស្សដែលគ្មានភាពប្រឈមនឹងជំងឺមហារីក។ មហារីកមិនរើសអាយុកើតឡើយ តែជាទូទៅ អ្នកប្រឈមនឹងហានិភ័យមហារីក ច្រើនតែជាមនុស្សអាយុលើសពី៥០ឆ្នាំឡើងទៅ។ ប៉ុន្តែតាំងពីឆ្នាំ១៩៩០មក ចំនួនមនុស្សអាយុក្រោម៥០ឆ្នាំកើតជំងឺមហារីកកើនឡើងជាលំដាប់ នៅទូទាំងពិភពលោក។ ពោលគឺ មហារីកមុនកាល បានក្លាយជាជំងឺរាតត្បាតស្រេចទៅហើយ តាំងពីឆ្នាំ១៩៩០មក។ ហើយកាន់តែគួរព្រួយបារម្ភខ្លាំងទៅទៀត ៣០ឆ្នាំក្រោយ កំណើនអ្នកកើតមហារីកក្រោមអាយុ៥០ឆ្នាំមិនបន្ថយល្បឿនសោះ ។
ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s នៅក្រុងបូស្តុនសហរដ្ឋអាមេរិក បានប្រមូលទិន្នន័យមនុស្សធំពេញវ័យអាយុ៥០ឆ្នាំ នៅទូទាំងពិភពលោក ចន្លោះពីឆ្នាំ២០០០ទៅ២០១២ មកវិភាគឃើញថាមនុស្សពីជំនាន់មួយទៅជំនាន់មួយ ប្រឈមនឹងគ្រោះកើតជំងឺមហារីក ក្នុងវ័យកាន់តែ ក្មេងទៅៗ។ ក្រុមមនុស្សកើតនៅឆ្នាំ១៩៦០ មានហានិភ័យកើតជំងឺមហារីកមុនអាយុ៥០ឆ្នាំ ខ្ពស់ជាងក្រុមអ្នកកើតនៅឆ្នាំ១៩៥០ តែទាបជាងក្រុមអ្នកកើតនៅឆ្នាំ១៩៧០។ គ្រោះហានិភ័យឆាប់មានជំងឺមហារីក កាន់តែកើនខ្ពស់ថែមទៀត សម្រាប់កូនជំនាន់ក្រោយ ឬអ្នកកើតនៅទសវត្សរ៍ក្រោយៗមក។
ហេតុអ្វីមនុស្សអាយុក្រោម៥០ឆ្នាំ កាន់តែច្រើន មានជំងឺមហារីក ?
សម្រាប់អ្នកស្រាវជ្រាវ មូលហេតុ ដំបូងគេ គឺការប្តូរផ្លាស់របៀបរបបនិងបរិស្ថាននៃការរស់នៅប្រចាំថ្ងៃតាំងពីកើតមក ដូចជារបបចំណីអាហារ របបរស់នៅ ទម្ងន់ បរិយាកាស។ តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ទៅ និងជាពិសេស តាំងពីឆ្នាំ១៩៦០មក ចំណីអាហារឧស្សាហកម្មចាប់លូតលាស់ខ្លាំង ដែលបានបំប្លែង និងប្តូរផ្លាស់ទម្រង់ដើមនៃអាហារយ៉ាងខ្លាំង។
វេជ្ជបណ្ឌិត Tomotaka Ugai អ្នកដឹកនាំការសិក្សាចម្បងគេ បានគូសបញ្ជាក់ថា នៅក្នុងចំណោមជំងឺមហារីកទាំង១៤ ដែលកើននិងកើតកាន់តែច្រើនលើមនុស្សអាយុក្រោម៥០ឆ្នាំ មាន៨ជាជំងឺមហារីកពាក់ព័ន្ធនឹងប្រព័ន្ធ រំលាយអាហារ។ អាហារដែលយើងទទួលទានចូលទៅ នឹងទៅចិញ្ចឹមពពួកសរីរាង្គតូចៗក្នុងក្រពះពោះវៀន។ របបអាហារប៉ះពាល់ដោយផ្ទាល់តែម្តងទៅលើក្រុមបាក់តេរីល្អ មីក្រូប៊ីយ៉ុត ហើយយូរទៅការប្តូរផ្លាស់នេះ អាចនឹងមានឥទ្ធិពលធ្វើឱ្យមានហានិភ័យកើតជំងឺ។
ជំងឺមហារីក១៤យ៉ាងនោះគឺ មហារីកសុដន់ មហារីកពោះវៀន អង់ដូម៉ែត្រ បំពង់អាហារ ថ្លើម ប្រមាត់ បំពង់បង្ហូរវត្ថុរាវក្នុងថ្លើម លំពែង ក្បាល ក តម្រងនោម ឆ្អឹង ប្រូស្តាត ក្រពេញទីរ៉ូអ៊ីត និងក្រពះ។
សាស្ត្រាចារ្យ Shuji Ogino សហនិពន្ធដឹកនាំការសិក្សារបស់មន្ទីរពេទ្យ Brigham បានពន្យល់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា មនុស្សជំនាន់ក្រោយមានគ្រោះហានិភ័យកើតជំងឺមហារីកកាន់តែក្មេងជាងមនុស្សជំនាន់មុន ទំនងដោយមួយផ្នែកបណ្តាលមកពីមនុស្សជំនាន់ក្រោយរស់ប្រឈមនឹងកត្តាហានិភ័យ តាំងពីនៅវ័យក្មេង។
កត្តាប្រឈម បានមកចូលរួមចំណែកធ្វើឱ្យករណីមហារីកវ័យក្មេងកើនឡើងខ្លាំង។ កត្តាហានិភ័យទាំងនោះមានដូចជា ការទទួលសុរា អាល់កុល ការទទួលទានភេសជ្ជៈផ្អែម ជក់បារី កង្វះដំណេក ស្រណុកជ្រុល និងធាត់ជ្រុល។ កត្តាហានិភ័យទាំងនេះ ចាប់លេចឡើងខ្លាំងតាំងពីឆ្នាំ១៩៥០មក។ ហើយកត្តាទាំងនេះ មិនមែនមិនបង្កផលវិបាកទេ ព្រោះការប្តូរផ្លាស់ទម្លាប់ គឺជាការប្តូរផ្លាស់ទម្រង់ ក្រុមបាក់តេរីល្អៗដែលនៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស ដែលគេហៅថា មីក្រូប៊ីយ៉ុត។
សម្មតិកម្មចុងក្រោយមួយដែលអាចបញ្ចប់ជំនឿរបស់មនុស្សចាស់ខ្មែរ ដែលថាសម័យមុនមិនសូវមានជំងឺមហារីក នោះគឺ ដោយសារពិភពលោកបច្ចប្បន្នមានបច្ចេកទេសវែករកជំងឺមហារីកបានល្អប្រសើរជាងមុន ទើបគេអាចឆាប់វែករកឃើញករណីកើតជំងឺមហារីក បានឆាប់ និងតាំងពីក្មេង។ គ្រាន់តែថាសម្រាប់អ្នកស្រាវជ្រាវ ការធ្វើតេស្តវែកឃើញរកជំងឺតាំងពីដំបូងៗភ្លាមៗ មិនអាចគ្រប់គ្រាន់យកមកធ្វើជាសំអាងនៃកំណើនជំងឺមហារីកដល់ទៅ១៤មុខបានទេ។ ប្រទេសគ្មានលទ្ធភាពធ្វើតេស្តវិភាគ ក៏មានកំណើនករណីមហារីកនៅវ័យក្មេងដែរ។
ដូច្នេះអ្នកស្រាវជ្រាវនឹងបន្តការសិក្សា នៅក្នុងប្រទេសជាច្រើនបន្ថែមទៀត ជាពិសេសប្រទេសមិនសូវលូតលាស់ និងសិក្សាតាមដានតាំងពី កុមារឱ្យបានច្រើនឆ្នាំ ដើម្បីអាចបញ្ជ្រៀបព័ត៌មានដល់ប្រជាជនឱ្យបានយល់ដឹងអំពីផលវិបាកនៃរបៀបរបបរស់នៅ ចំពោះសុខភាព និងចំពោះហានិភ័យកើតជំងឺមហារីក ព្រមទាំងបានស្គាល់ ជំងឺមហារីកកាន់តែច្បាស់៕
10/27/2022 • 8 minutes, 47 seconds វិនិច្ឆ័យរោគពីដំបូងមិនល្អ មហារីកសុដន់ ងាយលាប់ឡើងវិញ ?
ថ្ងៃនេះជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីកសុដន់។ មហារីកសុដន់ ជាជំងឺដែលសម្លាប់ស្ត្រីច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែប្រសិនបើគេអាចរកឃើញថាមានជំងឺមហារីកនៅដំណាក់កាលដំបូង នោះអ្នកជំងឺមានសំណាងជាពីជំងឺ កាន់តែខ្ពស់។ ផ្ទុយទៅវិញ គេសង្កេតឃើញថា មានស្ត្រីពីរនាក់ក្នុងចំណោម១០នាក់ធ្លាក់ខ្លួនឈឺលាប់ឡើងវិញ ក្រោយការព្យាបាលចប់។ តើមកពីហេតុអ្វី ?
បញ្ជ្រាបនិងផ្តល់ព័ត៌មានស្តីពីជំងឺមហារីកសុដន់ គឺជាកម្មវត្ថុនៃយុទ្ធនាការ “កូលាបតុលា” ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១តុលា នៅប្រទេសបារាំង។ ពេញមួយតុលានេះ និងជាពេលណាៗទាំងអស់ សូមស្ត្រីគ្រប់រូបអញ្ជើញទៅធ្វើតេស្តរកមើលក្រែងកើតជំងឺមហារីកសុដន់ ដែលជាមូលហេតុទីមួយនៃមរណភាពរបស់ស្ត្រីនៅបារាំង និងនៅលើពិភពលោក។
ក្នុងយុទ្ធនាការឆ្នាំ២០២២ វិទ្យាស្ថានCurie មជ្ឈមណ្ឌលព្យាបាលជំងឺមហារីកអឺរ៉ុបដ៏ធំជាងគេ បានឆ្លៀតឱកាសបូកសរុបស្ថានភាពជំងឺមហារីកសុដន់ដែលរើឡើងវិញ។ បើតាមការស្មាន ក្នុងចំណោមអ្នកជំងឺមហារីកសុដន់១០នាក់ មានពីរនាក់ធ្លាក់ខ្លួនឈឺឡើងវិញក្រោយចប់ការព្យាបាល។ ក្នុងពេលបច្ចុប្បន្ននេះ គេមិនដឹងអំពីមូលហេតុច្បាស់អំពីកត្តាហានិភ័យនាំឱ្យជំងឺលាប់ឡើងវិញទេ ប៉ុន្តែមានការសិក្សាស្រាវជ្រាវទៅមុខជាលំដាប់។ បើគេបានដឹងកាន់តែច្រើន នោះគេអាចការពារបានកាន់តែប្រសើរ។
តើគេអាចការពារមិនឱ្យជំងឺលាប់ឡើងវិញបានដោយវិធីណា ?
លោកវេជ្ជបណ្ឌិតPaul Cottu នៅដេប៉ាតឺម៉ង់ជំងឺមហារីកនៅវិទ្យាស្ថាន ៖
“ការពារកុំឱ្យលាប់កើតជំងឺមហារីកសុដន់ឡើងវិញ គ្មានអ្វីប្រសើរជាងផ្តល់ការព្យាបាលដែលមានប្រសិទ្ធភាពទេ។ មានន័យថា គឺត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវបំផុត ពីដំបូង ហើយសម្របការព្យាបាល មិនថាជាការព្យាបាល ដោយវះកាត់ ដោយវិទ្យុសកម្ម ដោយប្រើថ្នាំគីមី ឬដោយវិធីផ្សេងទេ ទៅតាមការវិនិច្ឆ័យរោគដំបូងនោះ។ នេះហើយជាការការពារដ៏ល្អ មិនឱ្យជំងឺលាប់ឡើងវិញ។
ការលាប់ឡើងវិញមិនមែនសុទ្ធតែមានន័យថាការព្យាបាលគ្មានប្រសិទ្ធភាពទេ។ ថ្នាំព្យាបាលជំងឺមហារីកសុដន់អាចមានប្រសិទ្ធភាព រារាំងអ្នកជំងឺមិនឱ្យជំងឺមហារីករើឡើងវិញបាន ជាច្រើនឆ្នាំ។ ថ្នាំខ្លះបានជួយសម្រួលស្ថានភាពអ្នកជំងឺឱ្យជាសះស្បើយបានរយៈពេលដល់ទៅ១៥ឆ្នាំ។ នៅពេលជំងឺរើឡើងវិញទើបគ្រូពេទ្យ ចាប់គិតគូររកមធ្យោបាយព្យាបាលជាថ្មីទៀត។”
ការព្យាបាលដំបូង ជាអ្នកកំណត់ហានិភ័យនៃការរើឡើងវិញនៃជំងឺ នេះ បើតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Dr Anne Vincent-Salomon ឯកទេសជំងឺមហារីកស្ត្រីនៅវិទ្យាសា្ថនCurie ដដែល។
អ្នកស្រី Vincent-Salomon ៖ “ពិតជាមិនអាចទទួលយកបានទេ ដែលអ្នកជំងឺត្រូវលាប់ធ្លាក់ខ្លួនឈឺទៅវិញនោះ។ ដូច្នេះគេត្រូវសិក្សារកឱ្យឃើញមធ្យោបាយថ្មី និងកំណត់ប្រូណូស្ទិកជំងឺមហារីកសុដន់ឱ្យបានប្រសើរឡើងដើម្បីអាចកំណត់ឱ្យកាន់តែប្រសើរទៀតប្រភេទដុំសាច់មហារីករបស់ស្ត្រី របស់អ្នកជំងឺ ដោយត្រូវគិតផងដែរអំពីស្ថានភាពជំងឺ អាយុ ដើម្បីអាចម្រែតម្រង់ការព្យាបាលឱ្យមានប្រសិទ្ធភាពបំផុត និងកាត់បន្ថយបានហានិភ័យជំងឺរើឡើងវិញ។”
ហេតុដូច្នេះហើយបានជានៅពេលធ្វើតេស្តវិភាគរកជំងឺមហារីក ឃើញលទ្ធផលវិជ្ជមាន អ្នកជំងឺត្រូវឆ្លងកាត់ការវិនិច្ឆ័យរោគជាច្រើនដំណាក់កាលទៀត មុននឹងគ្រូពេទ្យជំនាញសម្រេចផ្តល់ថ្នាំនិងវិធីព្យាបាលជំងឺមហារីកសុដន់នោះ។
អ្នកស្រីវេជ្ជបណ្ឌិតDominique Sighoko ៖
“ជំងឺមហារីកសុដន់ មិនមែនដូចគ្នាតែមួយទេ ជាជំងឺពហុទម្រង់ ដែលមានមូលេគុលជំងឺ ច្រើនប្រភេទ ចែកជាកូនក្រុមតូចផ្សេងៗគ្នា។ ដូច្នេះដើម្បីអាចផ្តល់ការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ គេចាំបាច់ត្រូវដឹងអំពីប្រភេទនៃជំងឺមហារីកសុដន់នោះ ដោយត្រូវធ្វើតេស្ត immunohistochimie (IHC) របស់ដុំសាច់មហារីក ដែលគេច្រិបមកវិភាគ។ នៅពេលធ្វើតេស្ត IHCនេះរួច គេអាចដឹងបានថាតើមហារីកនោះស្ថិតនៅក្នុងកូនក្រុមណា។ ហើយអាចផ្តល់ការព្យាបាលឱ្យចំប្រភេទ។”
មហារីកសុដន់ ជាជំងឺដែលកើតញឹកញាប់ជាងគេនៅប្រទេសបារាំង ដោយមានអ្នកជំងឺថ្មីប្រមាណ៥៨០០០នាក់ បន្ថែមក្នុងមួយឆ្នាំៗ។ និយាយបែបផ្សេង ក្នុងចំណោមស្ត្រី៨នាក់ មានជិតម្នាក់ កើតជំងឺមហារីកសុដន់ នៅក្នុងវ័យណាមួយនៃជីវិត។ ជាមហារីកដែលកើតច្រើនជាងគេហើយ បង្កឱ្យស្លាប់ច្រើនជាងគេទៀត។ ក្នុងមួយឆ្នាំៗ មហារីកសុដន់សម្លាប់ស្ត្រីប្រមាណជាង ១២០០០នាក់។ ប៉ុន្តែប្រសិនបើគេអាចរកឃើញជំងឺមហារីក តាំងដើមដំបូងភ្លាម សំណាងបានជារួចជីវិតមានកាន់ធំ ឯការព្យាបាលក៏មិនសូវធ្ងន់ធ្ងរខ្លាំង។ ក្តីសង្ឃឹមរស់រានមានជីវិតបាន៥ឆ្នាំបន្ថែម មានកំរិតដល់ទៅ៩០%ប្រសិនបើរកឃើញជំងឺមហារីកសុដន់ដំណាក់កាលដំបូង ទល់នឹង២៦%ប៉ុណ្ណោះបើចូលដំណាក់ធ្ងន់។
នេះហើយជាភាពសំខាន់នៃការធ្វើតេស្តវិភាគមើលសុដន់ក្រែងមានជំងឺមហារីកនោះ។ នៅប្រទេសបារាំងដដែល តាំងពីឆ្នាំ២០០៤មក ស្ត្រីអាយុចន្លោះពី៥០ឆ្នាំទៅ៧៤ បានទទួលការអញ្ជើញឱ្យទៅធ្វើតេស្តថតកៀបសុដន់ ជារៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែកាលពីថ្ងៃអង្គារទី ២៤កញ្ញា គណៈកម្មការអឺរ៉ុប បានចេញអនុសាសន៍អំពាវនាវឱ្យប្រទេសជាសមាជិក ប្តូរយុទ្ធសាស្ត្រ បញ្ចុះអាយុស្ត្រីមានសិទ្ធិទៅធ្វើតេស្តដោយឥតគិតថ្លៃ ចាប់ពី៤៥ឆ្នាំទៅ ព្រោះ១៥%នៃជំងឺមហារីកសុដន់ លេចឡើងនៅអាយុ ចន្លោះពី៤០ទៅ៥០ឆ្នាំ។ ចុះចំពោះស្ត្រីក្រោមអាយុ៤០ឆ្នាំ ត្រូវតាមដានសុខភាពសុដន់បែបណា ? អ្នកជំនាញបារាំងណែនាំឱ្យពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃអំពីកត្តាហានិភ័យរបស់បុគ្គលម្នាក់ៗ បើគ្មានកត្តាហានិភ័យទេ ស្ត្រីគ្មានហេតុផលអ្វីត្រូវទៅធ្វើ ម៉ាមូក្រាហ្វី ថតដោះ នៅអាយុក្រោម៤០ឆ្នាំឡើយ។
ហេតុអ្វីបានគ្រួសារខ្លះមានហានិភ័យកើតជំងឺមហារីកសុដន់ជាងគ្រួសារខ្លះទៀត ?
អ្នកស្រីវេជ្ជបណ្ឌិតDominique Sighoko ៖ “ពីព្រោះនេះគឺបណ្តាលមកពី មនុស្សខ្លះមានហ្សែនងាយកើតជំងឺមហារីកពីកំណើត។ អាចថាជាហ្សែនតពូជ តពីឪពុកម្តាយមកកូនចៅ ជំនាន់ក្រោយ។ គ្រួសារខ្លះមាន ផ្ទុកហ្សែន ប្រភេទ BaCa ១ និង២ តែម្តង។ អ៊ីចឹងហើយបានជាពួកគាត់មានគ្រោះហានិភ័យខ្ពស់ នឹងកើតជំងឺមហារីកសុដន់។ ហានិភ័យកើតជំងឺមហារីក មិនមែនមានតែចំពោះស្ត្រីភេទទេ។ បុរសក៏មានហានិភ័យនេះដូចគ្នា។ ដូច្នេះបើស្ត្រីមា្នក់ កើតក្នុងគ្រួសារមានម្តាយកើតជំងឺមហារីកសុដន់ ឬឪពុកមានជំងឺមហារីកប្រូស្តាត គ្រួសារនោះត្រូវប្រុងប្រយ័ត្ន តាមដានសុខភាពឱ្យមែនទែន ព្រោះគ្រួសារនោះ ស្ត្រីនៃគ្រួសារនោះប្រឈមនឹងគ្រោះអភិវឌ្ឍជំងឺមហារីកសុដន់ខ្ពស់ខ្លាំងមែនទែន។”
ចេះប្រុងប្រយ័ត្នដោយខ្លួនឯងក៏សំខាន់ខ្លាំងណាស់ដែរសម្រាប់គ្រប់ស្ត្រី ក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់។ ដូចជាត្រូវចេះសម្គាល់ថា តើមានដុំរឹងនៅក្នុងសុដន់ រូបរាងសុដន់ប្តូរប្លែក ហើយមិនត្រលប់មកធម្មតាវិញ ក្រោយមកខែរួច ... បើមានសញ្ញាទាំងនេះ ត្រូវរួសរាន់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕
10/19/2022 • 7 minutes, 31 seconds តើគេអាចបញ្ជៀសវិបត្តិគ្រួសក្នុងតម្រងនោមបាន យ៉ាងដូចម្តេច ?
គ្រួសក្នុងតម្រងនោម មានច្រើនប្រភេទ និង អាចតូចអាចធំ។ នៅពេលធ្វើទុក្ខ អ្នកមានគ្រួសក្នុងតម្រងអាចរងការឈឺចុកចាប់យ៉ាងខ្លាំងនៅតម្រងនោម នៅប្លោកនោម និងនៅគ្រប់ប្រព័ន្ធបង្ហូរទឹកនោម។ ហេតុអ្វីបានជាមានគ្រួសកកើតឡើងនៅក្នុងតម្រងនោម ? តើបានជាយើងចាំបាច់ត្រូវបរិភោគទឹកឱ្យបានច្រើនគ្រប់គ្រាន់ ដើម្បីការពារខ្លួនកុំឱ្យមានកករគ្រួស ? ចុះបើធ្លាប់មានគ្រួសហើយ តើត្រូវធ្វើដូចម្តេចកុំឱ្យលាប់ ?
គ្រួសក្នុងតម្រង បានកកើតឡើងនៅត្រង់តម្រងនោម ដោយមូលហេតុច្រើនយ៉ាង ក្នុងនោះមានមូលហេតុមួយគឺអ្នកជំងឺមិនបរិភោគទឹកគ្រប់គ្រាន់ ទើបធ្វើឱ្យទឹកនោមមានកំហាប់ខ្ពស់ ងាយមានកំណក ក្លាយជាគ្រួស។ មានច្រើនប្រភេទ ហើយត្រូវបានរំលាយជាទូទៅ ដោយទឹកនោម គ្រួសខ្លះ អាចអណ្តែតចេញទៅតាមប្រព័ន្ធបង្ហូរទឹកនោម។ គឺនៅពេលនោះហើយដែលគ្រួស អាចបង្កឱ្យមានអាការៈឈឺចុកចាប់ខ្លាំងទ្រាំមិនបាន និងយ៉ាងទាន់ហន់ ដែលហៅតាមភាសាបច្ចេកទេសថា Colique néphrétique។
តើគ្រួសកាន់តែធំ វាកាន់តែធ្វើទុក្ខ ខ្លាំងមែនទេ ?
Dr Isabelle Tostivint, ចាសទេ ! ផ្ទុយពីការគិត និងដោយជាក់ស្តែង មានគ្រួសខ្លះដុះយឺតៗ យឺតខ្លាំងមែនទែន។ បើគ្រួសដុះកាន់តែយឺត វាកាន់តែអាចធំ តែវាមិនធ្វើឱ្យឈឺចុកចាប់ ដូចកូនគ្រួសតូចៗទេ។ កូនគ្រួសតូចៗ ប៉ុនគ្រាប់អង្ករ ប្រវែង៥-៦មីល្លីម៉ែត្រ អាចបង្កការឈឺចុកចាប់ខ្លាំងណាស់ នៅពេលវាអណ្តែតទៅតាមបំពង់បង្ហូរទឹកនោម ដែលតភ្ជាប់ពីផ្លោកនោមទៅតម្រងនោម ហើយស្រាប់តែត្រូវ គាំងស្ទះនៅក្នុងបំពង់បង្ហូរទឹកនោមនោះ។ នៅពេលគាំង តម្រងនោមនៅតែបន្តផលិតទឹកនោមជានិច្ច ជាហេតុធ្វើឱ្យតម្រងប៉ោងធំឡើង និង បង្កជាការឈឺចុកចាប់យ៉ាងខ្លាំង។ ពេលកំពុងធ្វើទុក្ខឈឺដូច្នេះ និងដើម្បីជួយបន្ថយការឈឺចុកចាប់ សូមកុំទទួលទានទឹកឱ្យសោះ។
តើគេអាចសម្គាល់អំពីភាពខុសគ្នានៃការឈឺចុកចាប់ដោយគ្រួសក្នុងតម្រងនោមនិងឈឺឆ្អឹងខ្នងឈឺចង្កេះបានដែរទេ និងយ៉ាងដូចម្តេច ?
Dr Isabelle Tostivint, ហ្អា! នេះជាសំណួរដ៏ល្អណាស់ ! នៅពេលឈឺចុកចាប់ដោយបញ្ហាគ្រួសក្នុងតម្រងនោម នោះគឺការឈឺចុកចាប់យ៉ាងខ្លាំង ដែលគ្មានឥរិយាបថមួយណាធ្វើឱ្យធូរស្បើយ ដូចករណីឈឺឆ្អឹងខ្នងទេ។ ជាការឈឺខ្លាំងដែលមិនអាចទ្រាំនៅស្ងៀមបាន ហើយដោលដល់ក្រពះឱ្យរកកលចង់ក្អួត រួចរាលដាលឈឺដល់ប្រដាប់ភេទផ្នែកខាងក្រៅទៀត។ ជាអាការៈឈឺខ្លាំងហួសហេតុ យ៉ាងទាន់ហន់ និងវិវឌ្ឍខ្លាំងឡើងៗ ទៅជាការញាក់កន្ទ្រាក់សាច់ដុំ។
ចុះបើធ្លាប់មានគ្រួសក្នុងតម្រងនោមរួចហើយ តើគេអាចកាត់បន្ថយ និងបញ្ចៀសកុំឱ្យមានវិបត្តិគ្រួសក្នុងតម្រងនោម កើតបានជាថ្មីបានដែរឬទេ ?
Dr Isabelle Tostivint, ខ្ញុំសូមផ្តល់ដំបូន្មាន ឱ្យពិសារទឹកឱ្យបានច្រើន ជាពិសេស ចាប់ពីពេលរសៀលទៅ។ ពេលល្ងាច ចប់ការងារ មកដល់ផ្ទះ យើងលែងខ្វល់ខ្វាយខ្លាចរំខានដើរទៅបត់ជើងតូចទៀតហើយ។ ដូច្នេះ ត្រូវពិសារទឹកឱ្យបានច្រើន ដើម្បី បង្អាក់ដំណើរ ក ជាគ្រួស។ ជាទូទៅ គឺនៅពេលយប់ ដែលសំណល់ទឹកចាប់រង កករទៅកកផ្តុំគ្នាឱ្យក្លាយជាគ្រួស។ ដូច្នេះ បើអ្នកមានគ្រួសហើយ គួរតែពិសារទឹកឱ្យបានច្រើននៅពេលរសៀល និងល្ងាច ដើម្បីមានទឹកនោមច្រើន ព្រោះ នៅពេលយប់ យើងគេងដកតែដង្ហើមទេ យើងអត់ធ្វើចលនាដែលទាមទារជាតិទឹកអ្វីឡើយ។ ជាតិទឹកធ្លាក់ទៅផ្តុំគ្នាក្លាយជាទឹកនោម។ គ្រួស ប្រៀបដូចជាអំបិល ដែលមិនរលាយអស់ពីបាតកែវ បើមានទឹកតិច តែបើមានទឹកច្រើនអំបិល ឬគ្រួសនោះនឹងរលាយអស់ក្នុងទឹក។ ការញ៉ាំទឹកឱ្យបានច្រើន នៅពេលរៀបចូលគេង នឹងធ្វើឱ្យយើងមានទឹកនោមច្រើន ដោយត្រូវងើបនោមម្តងនៅកណ្តាលយប់ ឬនៅម៉ោង ៣-បួនទៀបភ្លឺ រួចពិសារទឹកមួយកែវទៀតមុនចូលគេងទៅវិញ។ បើធ្វើបែបនេះបាន នោះគេពិតជាមានសង្ឃឹមថា មិនឈឺចុកចាប់ដោយសារគ្រួសធ្វើទុក្ខផង និងមិនផលិតគ្រួសថ្មីទៀតផង។
របបចំណីអាហារត្រឹមត្រូវ បូកផ្សំនឹងការហាត់ប្រាណបញ្ចេញកម្លាំងកាយសម្បទា ជាឱសថបញ្ចៀសមិនឱ្យមានកករក្រួសបានតើមែនទេ ?
Dr Isabelle Tostivint, ពិតណាស់ ! ហើយថែមទាំងធ្វើឱ្យយើងមានសុខភាពល្អទៀត។ សព្វថ្ងៃនេះ យើងរវល់គិតតែធ្វើការរកលុយ មើលគ្រួសារភ្លេចថែទាំសុខភាព។ មិនទាន់៥០ផង ក៏ចាប់មានស្នាមជ្រីវជ្រួញនៅតាមកន្ទុយភ្នែក។ ប៉ុន្តែនៅពេលយើងចាប់គិតគូរ ទទួលទានអាហារត្រឹមត្រូវ មានពេលវេលាហាត់ប្រាណបញ្ចេញកម្លាំងកាយសម្បទា ដែលជាទង្វើដ៏ចាំបាច់សម្រាប់សុខភាពតម្រងនោម នោះគេពិតជាអាចសង្ឃឹមបានថាមានសុខភាពល្អហើយគ្មានកករគ្រួសនៅតម្រងនោមទេ។ ទទួលទានអាហារត្រឹមត្រូវ មិនមែនជាការតម មិនបរិភោគនេះ ឬមិនបរិភោគមុខនោះទេ។ កាលណាយើងតម យើងហាមខ្លួនឯងមិនញ៉ាំរបស់ណាមួយ នោះខួរក្បាលកាន់តែត្រូវការ និងទាមទារបីដងលើសធម្មតា។ ជាឧទាហរណ៍នៃរបបអាហារល្អ គឺមួយពេលមានបន្លែផ្លែឈើឆៅពាក់កណ្តាល -មួយភាគ៦ ជាប្រូតេអ៊ីន (សាច់ ជ្រូក គោ មាន់ទា ត្រី ពងមាន់) និងមួយភាគបួនជាបាយ។ បែងចែកអាហារ មួយថ្ងៃបីពេល ព្រឹកថ្ងៃត្រង់និងល្ងាច យ៉ាងទៀងទាត់ កុំសម្រុកញ៉ាំតែពេលល្ងាចតែមួយពេល ដែលហាក់ដូចជាទៅសម្រុកប្រើតម្រងនោមឱ្យធ្វើការនៅពេលយប់។ ផ្ទុយទៅវិញ សូមប្រយ័ត្ន ! ក្នុងសម័យកូវីដ គ្រូពេទ្យណែនាំឱ្យទទួលទានវីតាមីន ដេ និងវីតាមីនសេ ឱ្យបានច្រើន ដើម្បីពង្រឹងប្រព័ន្ធការពារខ្លួន ប៉ុន្តែសូមកុំពិសារវីតាមីនសេ ច្រើនជ្រុល។ ក្នុងមួយថ្ងៃ ខ្លួនប្រាណយើងត្រូវការវីតាមីនសេ តែប្រមាណពី ៨០ទៅ១០០មីល្លីក្រាមទេ បើពិសារលើសពីនេះ វានឹងសល់ហើយប្រែក្លាយទៅជាកំណកគ្រួស។ អ្នកលេបថ្នាំវីតាមីនសេ លេខ ៥០០ ទៅ១ពាន់ ជាប្រចាំ ដើម្បីជំនួយកម្លាំង ត្រូវដឹងខ្លួនថាកំពុងបណ្តុះគ្រួសក្នុងតម្រងនោម៕
សូមអរគុណអ្នកស្រីវេជ្ជបណ្ឌិត។ Dr Isabelle Tostivint ជាគ្រូពេទ្យឯកទេសតម្រងនោមនៅមន្ទីរពេទ្យ Pitié-Salpêtrière ក្រុងប៉ារីស។
10/12/2022 • 8 minutes, 31 seconds តើមានការខឹងដែលល្អសម្រាប់សុខភាពដែរឬ ?
ខឹងខុស ខឹងខាត ខឹងខូច ! ខឹងច្រើនឆាប់ចាស់ ... ពាក្យថាខឹងមិនល្អទេ តែខឹងជាអាកប្បកិរិយាមួយដែលមនុស្សគ្រប់រូបតែងសម្តែងឡើងនៅពេលជួប ឬមិនពេញនឹងស្ថានការណ៍អ្វីមួយ។ ហេតុអ្វីបានជាយើងត្រូវខឹង ? ខឹងអាចជាអាការៈជំងឺ ទាក់ទងនឹងវិបត្តិផ្លូវចិត្តដែរឬទេ ? តើគេអាចពន្លត់កំហឹងបានដោយវិធីណា? សូមស្តាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត Adrien Chaboche អតីតប្រធានគ្លីនីកសកលវិទ្យាល័យ ឯកទេសចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាលការឈឺចុកចាប់Ambroise Paré។
ខឹង ភ័យ កើតទុក្ខ សប្បាយ ជាអារម្មណ៍ធម្មជាតិមួយរបស់មនុស្ស។ ប៉ុន្តែ នៅក្នុងសង្គមនិងក្នុងស្ថានភាពជាក់ស្តែងនៃការរស់នៅប្រចាំថ្ងៃ ការខឹង ត្រូវបានគេចាត់ទុកថា “មិនល្អ”ទេ។ ប៉ុន្តែផ្ទុយពីការគិត ការបញ្ចេញកំហឹងមិនមែនជាអ្វីដែលសុទ្ធតែអាក្រក់ និងអវិជ្ជមានឡើយ
Dr Adrien Chaboche ៖ “បាទ ! ហើយថែមទាំងជាប្រការល្អ និងមិនអាចខ្វះបានទៀតផង សម្រាប់ទ្រទ្រង់យើងឱ្យមានសុខភាពល្អ។ ត្រូវចងចាំថា ខឹង គឺជាអារម្មណ៍ ធម្មជាតិរបស់មនុស្ស។ ឥន្ធនូមាន៧ពណ៌ ខ្វះពណ៌ណាមួយគេមិនហៅថាឥន្ធនូទេ យ៉ាងណាមិញ មនុស្សយើង ត្រូវការអារម្មណ៍ ខឹង នេះដើម្បីបញ្ចេញប្រតិកម្មតបទៅនឹងស្ថានការណ៍នៅចំពោះមុខ។ ដូច្នេះ ការខឹង មិនមែនសុទ្ធតែអវិជ្ជមានទេ។
តើមានរឿងអ្វីកើតឡើងនៅពេលយើងខឹង ?! ខឹងមានច្រើនដំណាក់ និងខុសៗគ្នា។ ខឹងជាប្រតិកម្មធម្មតា និងត្រឹមត្រូវរបស់ទារក និងក្មេងតូច ព្រោះជាវិធីទាក់ទងតែមួយគត់របស់ពួកគេ។ ដោយមានការអប់រំនិងតម្រែតម្រង់របស់ឪពុកម្តាយ ក្មេងចាប់ពីអាយុបួនឆ្នាំឡើងទៅ ចាប់ដឹងនិងចេះគ្រប់គ្រងកំហឹងរបស់ខ្លួន។ ខឹង មានតួនាទី និងមានអត្ថប្រយោជន៍ ដ៏ចាំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែគេអាចច្រលំគ្នាច្រើនរវាង ខឹង និងការមិនចេះគ្រប់គ្រងកំហឹង ឬច្រលំនឹងអំពើហិង្សា។ អំពើហិង្សា ជាការចង់បំផ្លាញអ្នកផ្សេង ឯការខឹងគឺជាការធានារក្សា-គោរពខ្លួនឯង និងគោរពអ្នកដទៃ។ ខឹង ជាការគណនាអារម្មណ៍ខុស ៖ ខុសពីការរំពឹង ពីការគិត ពីអ្វីដែលខ្លួនចង់បាន ក្នុងរឿងមួយ ហើយខឹងតែងមានភ្ជាប់ដោយប្រតិកម្មដ៏រហ័សរបស់ខ្លួនប្រាណផ្សេងទៀត ដូចជា បេះដូងលោតញាប់ ឡើងសម្ពាធឈាម ...។ និយាយដោយខ្លី ការខឹងជាថាមពលផ្នែកការពារដែលប៉ោងឡើងខ្លាំង ហើយស្វែងរកច្រកចេញ។ ប្រសិនបើបញ្ចេញមិនទាន់ ឬបញ្ចេញជ្រុលហួសហេតុពេក វាអាចនាំឱ្យមានបញ្ហាផ្សេង។ បញ្ហាដែលយើងតែងច្រលំគ្នាថាការខឹង មានន័យស្មើនឹង ហិង្សា តែតាមការពិតវាមិនមែនទេ។
ខឹងមិនមែនជាអ្វីដែលអវិជ្ជមានមែន សម្រាប់លោកជាគ្រូពេទ្យ។ ប៉ុន្តែសង្គមមនុស្ស និងការងារបានបង្រៀនយើងឱ្យចេះអត់ធ្មត់ កុំបញ្ចេញកំហឹងតាមទំនើងចិត្ត។ បើជាមេដឹកនាំគេទៀត គេរឹតតែឱ្យចេះអត់ធ្មត់មែនទែន។ គ្រប់គ្នាសុទ្ធដឹងថាបើជះកំហឹងមិនត្រូវទំនងវាអាចនឹងធ្វើឱ្យខូចប្រយោជន៍ធំ។ តែ មានមនុស្សមួយចំនួន ទោះដឹងក៏ដោយ ក៏ពិបាកទប់ និងច្រើនតែបញ្ចេញកំហឹងខ្លាំងជ្រុល នៅពេលខឹង។ តើលោកវេជ្ជបណ្ឌិតមានមានវិធីសម្រាលកំហឹងដែរឬទេ?
Dr Adrien Chaboche ៖ មិនត្រូវទប់កំហឹងក្នុងខ្លួនទាំងស្រុងទេ ព្រោះបើយើងផ្អិបកំហឹងទុក វានឹងប្តូរទម្រង់ ទៅជាសម្ពាធ និងធ្វើឱ្យយើងមានទុក្ខកង្វល់។ អ្វីដែលខ្ញុំអាចផ្តល់ជាដំបូន្មាន និងជាការសាកល្បងដំណោះស្រាយនៅពេលខឹង គឺយើងសុទ្ធតែដឹងខ្លួនថាកំពុងខឹង ដូច្នេះសូមសាកល្បងទុកដាក់ក្នុងខ្លួន ជាបណ្តោះអាសន្ន បានហើយ។ កុំលាក់ទុកក្នុងខ្លួនទាំងស្រុង។ ទុកកំហឹងក្នុងខ្លួនតែមួយភ្លែតបានហើយ។ នៅពេលដឹងថាកំហឹងចាប់ប៉ោងឡើងហើយ សូមដើរចេញមួយភ្លែត ដើរទៅក្រៅផ្ទះ ទៅសួនច្បារ មួយជុំ ដោយយកការខឹងទៅមួយផង។ ខ្ញុំមិនឱ្យអ្នកលុបកំហឹងទាំងស្រុងទេ ព្រោះខ្ញុំដឹងថាធ្វើមិនកើត។ ដើរមួយជុំ ដកដង្ហើមវែងៗ ហើយចាប់សួរខ្លួនឯង នៅពេលនោះថា ហេតុអ្វីបានជាអញខឹងដល់ម្លឹង ?! ខឹងជាប្រតិកម្មរបស់ខ្លួនយើងនឹងអ្វីមួយ អ្នកអាចខឹងខ្លាំង ខឹងជ្រុល ឆេវឆាវហួសហេតុ តែខឹងតែងតែមានមូលហេតុ។ ខឹងមិនដែលគ្មានមូលហេតុទេ។ ដូច្នេះបើដឹងអំពីមូលហេតុនៃការខឹងហើយ ដើរឬធ្វើចលនាបន្តិចទៅ អ្នកនឹងបញ្ចេញថាមពល (ខឹង) នោះចេញបានខ្លះ រួចត្រលប់មកបញ្ចេញកំហឹងវិញ ក្នុងកំរិតសមរម្យល្មមដែលអ្នកចង់បាន។
ខឹង ជាអារម្មណ៍ធម្មជាតិមួយ ដែលត្រូវបញ្ចេញ ដោយចេះគ្រប់គ្រង ព្រោះការបៀមកំហឹងលាក់ក្នុងខ្លួនមិនល្អទេ វាអាចជាប្រភពនៃការកើតទុក្ខ ?
Dr Adrien Chaboche ៖ មែនហើយ ការខឹងអាចជាប្រភពនៃទុក្ខកង្វល់ ព្រោះយើងមានជម្លោះនឹងគំនិតរបស់ខ្លួនឯង។ ដូចខ្ញុំបានលើកឡើងពីខាងដើម ទាល់តែមានហេតុ បានកើតជា ខឹង។ ខឹង មានប្រភពជានិច្ច លើកលែងតែករណី ខឹងជាជំងឺ។ មានមូលហេតុទើប ចេញជាខឹងបាន គ្រាន់តែពេលខ្លះយើងមិនដឹង ឬរកមិនឃើញ ព្រោះវាមានកប់ជ្រៅក្នុងខ្លួនយើងពេក។ សាកល្បងនិយាយទៅកាន់កូនពេលខឹង ថាប៉ា/ម៉ាក់ខឹងនឹងកូនដែល ... និយាយដល់ត្រឹមណេះ យើងរក មូលហេតុនៃការខឹងឃើញហើយ។ សូមកុំសង្កត់ចិត្តអត់ធ្មត់ បង្គាប់ខ្លួនឯងថា “មិនត្រូវខឹងទេ” ឱ្យសោះ វាមិនបានការទេ ព្រោះវានឹងធ្វើឱ្យយើងកាន់តែមានជម្លោះនឹងអារម្មណ៍ខ្លួនឯង។
ដូចគ្នានេះដែរ ការដើរ ការរត់ ការធ្វើចលនា ការផ្តាច់ខ្លួនឱ្យនៅម្នាក់ឯង ដើម្បីសម្រួលអារម្មណ៍ បញ្ចេញថាមពលរំសាយកំហឹង និងដើម្បីគ្រប់គ្រងកំហឹងរបស់ខ្លួន មិនគ្រប់គ្រាន់សម្រាប់បំបាត់ទុក្ខព្រួយបង្កឡើងដោយការខឹងទេ ប្រសិនបើយើងមិននិយាយឱ្យចេញផុតពីពោះនោះ។ មូលហេតុដែលនាំឱ្យខឹង បន្តស្ថិតនៅក្នុងខ្លួនយើងជានិច្ច ព្រោះយើងមិនបានបណ្តោះវាឱ្យចេញពីខ្លួន។ ដើម្បីរំសាយកំហឹង យើងគួរតែទៅនិយាយ ជាមួយអ្នកដែលធ្វើឱ្យយើងខឹង។ សរុបមក ត្រូវចេះគ្រប់គ្រងកំហឹង ដោយដើរ ដោយធ្វើចលនា ដោយការដកខ្លួនយកពេលពិចារណា ហើយត្រូវត្រលប់មកបកស្រាយកំហឹងវិញ ជាមួយនឹងអារម្មណ៍នឹងនរ ដោយប្រើភាសាល្អៗ សមរម្យ មិនមែនជាពាក្យធ្ងន់ៗ។
តើមានករណី ខឹង ជាជំងឺដែរទេ ?
Dr Adrien Chaboche ៖ មាន ករណីខឹងខ្លះអាចមានពាក់ព័ន្ធនឹងជំងឺផ្លូវចិត្ត។ ឧទារហណ៍អ្នកមានវិបត្តិអត្តចរិក borderline ជាមនុស្សឆេវឆាវខ្លាំង ងាយផ្ទុះកំហឹង ហើយជាការខឹងខ្លាំង ខឹងអាក្រក់ ខឹងបែបកាច ដោយគ្រាន់តែឃ្នើសចិត្តបន្តិចសោះ។ ប៉ុន្តែការខឹងរបស់អ្នកជំងឺនេះ មានតួនាទីគឺរក្សាលំនឹងក្នុងខ្លួនគាត់។ សម្រាប់អ្នកជំងឺវិកលចរិក ខឹង គឺជាការខ្ជាក់-ជម្លៀសថាមពលចេញ បើពុំនោះទេអ្នកជំងឺនឹងបៀមទុក្ខកង្វល់ នៅស្ងៀមលែងសុខ៕
សូមអរគុណលោកវេជ្ជបណ្ឌិត។ សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត អាឌ្រីយៀង ស្ហាបូស្ហ Adrien Chaboche ជាអតីតប្រធានគ្លីនីកសកលវិទ្យាល័យ ឯកទេសចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាលការឈឺចុកចាប់Ambroise Paré និងជាសហនិពន្ធសៀវភៅ ដែលមានចំណងជើងថា “ហត់ និងហើយប្រសិនបើយើងរៀនសម្រាក” បោះពុម្ពដោយFlammarion Bersilio។
9/28/2022 • 7 minutes, 34 seconds តើត្រូវថែទាំខួរក្បាលយ៉ាងដូចម្តេច ដើម្បីកុំ ឱ្យឆាប់កើតជំងឺវង្វេងវង្វាន់ ?
ថ្ងៃទី ២១ កញ្ញា ជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់អាល់ហ្សៃមឺរ។ ជារៀងរាល់ឆ្នាំ នាឱកាសនេះ មូលនិធិអាល់ហ្សៃមឺរបារាំង តែងតែងបញ្ចៀបនិងផ្តល់ព័ត៌មានជូនសាធារណៈ អំពីមធ្យោបាយការពារនិងថែរក្សាសុខភាពដើម្បីកុំឱ្យឆាប់កើតជំងឺវង្វេងវង្វាន់ អាល់ហ្សៃមឺរ។ តើគេអាចការពារជំងឺនេះដោយវិធីណាខ្លះ ?
នៅក្នុងការសិក្សាមួយទើបចេញផ្សាយក្នុងទស្សនាវដ្តីសុខភាព Journal of Alzheimer’s Disease អ្នកស្រាវជ្រាវអាមេរិកបានរាយការណ៍ថា មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើងទៅ ហើយបានឆ្លងកូវីដ១៩ ងាយនឹងធ្លាក់ខ្លួនមានជំងឺអាល់ហ្សៃមឺរ នៅឆ្នាំបន្ទាប់ ជាមនុស្សចាស់ក្នុងវ័យសំបាលគ្នាគ្មានឆ្លងកូវីដ។ បើជាមនុស្សចាស់អាយុលើស៨៥ឆ្នាំ ហានិភ័យកើតជំងឺវង្វេងវង្វាន់មានកាន់តែខ្ពស់ខ្លាំងទៀត នៅមួយឆ្នាំក្រោយពីបានឆ្លងកូវីដ១៩រួច។
គ្រោះមនុស្សចាស់ឆ្លងកូវីដ ធ្លាក់ខ្លួនមានជំងឺអាល់ហ្សៃមឺរ កើនឡើងខ្ពស់ក្នុងកំរិតប្រមាណ ពី ៥០ ទៅ៨០%។ ក្រុមអ្នកស្រាវជ្រាវមិនភ្ញាក់ផ្អើលនឹងលទ្ធផលនៃការសិក្សានេះទេ ព្រោះគេបានដឹងនិងធ្លាប់ចោទ មេរោគSras-CoV-2 ថាបង្កឱ្យប្រព័ន្ធប្រសាទរបស់អ្នកជំងឺកូវីដ១៩មិនប្រក្រតី និងរលាក។ ដូច្នេះ កូវីដ១៩ ត្រូវតែអាចមានទំនាក់ទំនងជាមួយនឹងជំងឺចុះខ្សោយប្រព័ន្ធប្រសាទវង្វេងវង្វាន់នេះ។ ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់ដឹងនៅឡើយថាតើជំងឺកូវីដ១៩ ជាភ្នាក់ងារបង្កឱ្យមានជំងឺអាល់ហ្សៃមឺរដោយពិតៗ ឬក៏ជាភ្នាក់ងារពន្លឿន ឱ្យជំងឺឆាប់បញ្ចេញរោគសញ្ញា ដោយតាមការពិតទៅនោះមនុស្សចាស់ឆ្លងកូវីដប្រុងមានជំងឺអាល់ហ្សៃមឺរស្រាប់ទៅហើយ។ គេចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវច្រើនទៀត មុននឹងអាចផ្តល់ចម្លើយច្បាស់លាស់ជាងនេះបាន។
ចុះបើនិយាយអំពីការសិក្សាទាក់ទងនឹងជំងឺអាល់ហ្សៃមឺរផ្ទាល់វិញ តើអ្នកស្រាវជ្រាវបានដឹង បានស្គាល់អំពីជំងឺយ៉ាងណាដែរ។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ Philippe Amouyel នាយកមូលនិធិអាល់ហ្សៃមឺរបារាំង ៖
“អ្វីដែលគួរជាទីកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គឺគេបានដឹងថាជំងឺអាល់ហ្សៃមឺរ មិនមែនចាប់ផ្តើម នៅពេលយើងចាប់បាត់បង់ការចងចាំ (ភ្លេច) ទេ។ ជំងឺបានចាប់ផ្តើមតាំងពី ៥- ១០- ២០ ឆ្នាំមុនឯណោះ។ វាចាប់ផ្តើមដោយយឺតៗ សន្សឹមៗ ហើយក្នុងរយៈពេលនោះ ពេលខ្លះ ខ្លួនប្រាណយើងប្រឹងតតាំងនឹងជំងឺនេះយ៉ាងខ្លាំង។ នៅពេលចេញជារោគសញ្ញាឡើង មានន័យថាខ្លួនប្រាណយើងទប់ទល់វាលែងជាប់។ ខួរក្បាលយើងលែងមានកោសិកាគ្រប់គ្រាន់សម្រាប់ដំណើរការ។ ហើយបច្ចុប្បន្ន គ្រូពេទ្យគិតថាបើគេអាចកំណត់អត្តសញ្ញាណជំងឺអាល់ហ្សៃមឺរ បានតាំងពីដំបូងភ្លាម គេអាចផ្តល់ការព្យាបាល ដែលមានប្រសិទ្ធភាព ដោយអាចបញ្ឈប់ជំងឺ ទាន់ពេលខួរក្បាលអ្នកជំងឺនៅមានដំណើរការគ្រប់គ្រាន់នៅឡើយ។ “សរីរាង្គកាយមានសមត្ថភាពតតាំងនឹងជំងឺ” ជាចំណុចសំខាន់នៃការពិចារណារកថ្នាំមកព្យាបាលជំងឺ ដែលរហូតមកទល់ពេលនេះគ្មានថ្នាំព្យាបាលទេ។”
នៅលើពិភពលោកបច្ចុប្បន្ននេះ មានមនុស្សជាង៥០លាននាក់កើតជំងឺវង្វេងវង្វាន់ អាល់ហ្សៃមឺរ។ សញ្ញារោគដែលគេជួបញឹកញយជាងគេ គឺការបាត់បង់ការចងចាំ ប៉ុន្តែមិនមែនជារោគសញ្ញារួមទេ តែមួយ នៃជំងឺអាល់ហ្សៃមឺរទេ។ ដោយឡែក ការស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យឃើញថាជំងឺវង្វេងវង្វាន់នេះ ជាជំងឺបង្កឡើងដោយមូលហេតុច្រើន។ ដូច្នេះគេអាចបញ្ចេញសកម្មភាពទប់ស្កាត់ជំងឺបាន តាមរយៈការការពារ តាំងពីនៅវ័យក្មេង ដើម្បីឱ្យខួរក្បាលមានសុខភាពល្អពេញលេញ ហើយមិនងាយកើតជំងឺអាល់ហ្សៃមឺរ។
ក្រៅអំពីលើកទឹកចិត្តអ្នកថែទាំមនុស្សចាស់កើតជំងឺអាល់ហ្សៃមឺរ និងជំរុញការស្រាវជ្រាវស្វែងរកវិធីប្រយុទ្ធប្រឆាំងនឹងជំងឺខូចប្រព័ន្ធប្រសាទនេះ ជារៀងរាល់ឆ្នាំ នាឱកាសទិវាពិភពលោក មូលនិធិអាល់ហ្សៃមឺរបារាំង តែងតែព្យាយាមធ្វើគ្រប់យ៉ាង បញ្ចៀបនិងផ្តល់ព័ត៌មានដល់សាធារណៈជនទូទៅអំពីមធ្យោបាយការពារនិងពន្យឺតពេលកុំឱ្យឆាប់មានសញ្ញានៃជំងឺវង្វេងវង្វាន់។ តើគេអាចពន្យារពេលឱ្យក្រកើតជំងឺវង្វេងវង្វាន់នេះ បានដោយរបៀបណា ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ហ្វីលីព អាម៉ូយែល Philippe Amouyel ជាថ្មី៖
“នៅពេលយើងគិតឃើញថា ជំងឺអាល់ហ្សៃមឺរ នឹងមានស្ថានភាពយ៉ាងណានៅ២០ឆ្នាំខាងមុខ យើងសង្ឃឹមគ្រប់គ្នាថានឹងរកឃើញថ្នាំសម្រាប់ព្យាបាល។ ប៉ុន្តែពាក្យសន្យាដែលទំនងជាអាចសម្រេចបាន គឺជួយមនុស្សកុំឱ្យឆាប់កើតជំងឺអាល់ហ្សៃមឺរ។ រុញអាយុឱ្យ-ក្រ-លេចរោគសញ្ញាដំបូងនៃជំងឺ។ បើកើតអាល់ហ្សៃមឺរនៅអាយុ ៨៥ឆ្នាំ វាប្រសើរជាងកើតនៅអាយុ៧០ឆ្នាំ ព្រោះយើងអាចចំណេញពេល១០-១៥ឆ្នាំ ក្នុងការរស់នៅដោយធម្មតា និងប្រកបដោយគុណភាព។
ឥលូវនេះ វេជ្ជសាស្ត្រដឹងថា អាស្រ័យទៅលើគុណភាពនៃការរស់នៅ គេអាចពន្យារអាយុឱ្យក្រកើតជំងឺអាល់ហ្សៃមឺរបានពីរ -បី -បួន ឬ៥ឆ្នាំ។ បើអ្នកអាចប្តូរទម្លាប់នៃការរស់នៅ ប្រឹងបញ្ចេញសកម្មភាពជាក់ស្តែង ក្នុងថែរក្សាសុខភាពខួរក្បាល នោះអ្នកនឹងអាចចំណេញពេលវេលាបានបីបួនឆ្នាំជាប្រាកដ។ សូមចាប់ផ្តើមថែរក្សាធនធានខួរក្បាល ចាប់តាំងពីអាយុ៤៥ឆ្នាំឡើងទៅ ដោយបំប៉នខួរក្បាល ដោយធ្វើកីឡាហាត់ប្រាណ និងទទួលទានឱ្យបានត្រឹមត្រូវគ្រប់គ្រាន់។ សូមសាកល្បងមើល អ្នកនឹងអាចរុញច្រានពេលវេលាឱ្យក្រលេចសញ្ញារោគដំបូងនៃជំងឺអាល់ហ្សៃមឺរហើយ។
វិធីថែទាំខួរក្បាល
ថែទាំបំប៉នខួរក្បាល ? ជាពាក្យដ៏ងាយស្រួលថាណាស់ ប៉ុន្តែសួរថាតើត្រូវភ្ញោចបំប៉នខួរក្បាលយ៉ាងដូចម្តេច ? គឺដោយប្រើខួរក្បាលឱ្យធ្វើការ ! កោសិកាខួរក្បាលមួយ អាចមានសមត្ថភាពតភ្ជាប់ទៅជាមួយនឹងកោសិកាខួរក្បាល១ម៉ឺនផ្សេងទៀត។ ហើយក្នុងខួរក្បាលរបស់មនុស្សម្នាក់ មានកោសិកាជាមធ្យម៨០ពាន់លាន។ អ៊ីចឹងបានជាយើងអាចធ្វើកិច្ចការថ្មីបាន និងចងចាំបាន។ ដោយសារសមត្ថភាពនេះ ទើបគេចាត់ទុកខួរក្បាលជាសាច់ដុំដែលត្រូវភ្ញោចបំប៉នជាប្រចាំ។
ជាឧទាហរណ៍ ដើម្បីថែរក្សាកោសិកា និងបង្កើតសមត្ថភាពរបស់ខួរក្បាលជាប់រហូត មិនចាំបាច់ត្រូវតែប្រើបញ្ញាប្រឹងរៀនដើម្បីបានក្លាយជាអ្នកចេះដឹងអី ត្រឹមតែស្វែងរកសកម្មភាពថ្មី ឱ្យខួរក្បាលប្រឹងផ្ចង់រៀន ប្រឹងចាំ ប្រឹងធ្វើឱ្យសម្រេច គ្រប់គ្រាន់ហើយ។ និយាយដោយខ្លីគឺត្រូវចាកចេញពីគំនិតលុងតែភាពស្រណុក ស្រួល និងងាយៗ។ ដើម្បីបង្កើនធនធានខួរក្បាល សូមសាកល្បងរៀនលេងភ្លេង រៀនភាសាបរទេស រៀនប្រើរបស់ថ្មី ចាប់របរថ្មី រៀនទន្ទេញប៉ារូលចំរៀង រៀនលេងល្ខោន និងសាកល្បងរៀនប្រើដៃឆ្វេង បើអ្នកទម្លាប់ធ្វើការដៃស្តាំ ឬបញ្ច្រាសមកវិញ។
បន្ថែមពីលើការបញ្ចេញចលនា និងហាត់ប្រាណ សូមអានកាសែត ជារៀងរាល់ថ្ងៃ អានសៀវភៅជារៀងរាល់ពេលមុនចូលសំរាន្ត ធ្វើបញ្ជីឡើងផ្សារហើយខំចងចាំ រៀនលេងល្បែងកំសាន្តដែលប្រើខួរក្បាល រៀនគិតលេខដោយមាត់...
ការភ្ញោចបំប៉នខួរក្បាលដែលមានប្រសិទ្ធភាពជាងគេ គឺការបណ្តុះការប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង ជាប់ជាប្រចាំ។ ការពារកុំឱ្យមានការប៉ះទង្គិច និងរង របួស និងការពារពីសារធាតុគីមីពុល ក៏ជាមធ្យោបាយការពារថែទាំខួរក្បាលដែរ។ ជាងនេះទៅទៀត សូមកុំភ្លេចការពារសរីរាង្គកាយខ្លួនប្រាណដែលជាអ្នកទ្រក្បាលនិងខួរក្បាល ដោយត្រូវទទួលទានអាហារត្រឹមត្រូវ និងមានទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ៕
9/22/2022 • 8 minutes, 2 seconds តើគេអាចសម្គាល់រោគសញ្ញាដំបូងនៃជំងឺរលាកស្រោ មខួរក្បាលបានយ៉ាងដូចម្តេច ?
ដូចឈ្មោះដែលបានហៅ រលាកស្រោមខួរក្បាល ជាជំងឺដែលវាយប្រហារលើស្រោមខួរក្បាល និងខួរឆ្អឹង យ៉ាងលឿនរហ័ស ហើយអាចសម្លាប់និងធ្វើឱ្យអ្នកជំងឺជាពិសេសក្មេងនិងកុមារ មានពិការភាពជាប់នឹងខ្លួនអស់មួយជីវិត។ សំណាងអាចជួយសង្គ្រោះអ្នកជំងឺរលាកស្រោមខួរក្បាល អាស្រ័យទាំងស្រុងទៅលើល្បឿននៃការព្យាបាល។ ដូច្នេះសួរថាតើមានអាការៈសញ្ញាដំបូងៗ សម្រាប់សម្គាល់ដែរឬទេ ?
រលាកស្រោមខួរក្បាលជាបញ្ហាសុខភាពសាធារណៈ សម្រាប់ពិភពលោកទាំងមូល ព្រោះជំងឺនេះមានកើតនៅគ្រប់ទិសទី។ ជំងឺរលាកស្រោមខួរក្បាលអាចបណ្តាលមកពីមកភ្នាក់ងារចម្លងច្រើន ដោយអាចជា ពួកបាក់តេរី វីរុស ផ្សិត និងប៉ារ៉ាស៊ីត។ រលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី កំណាចគួរឱ្យព្រួយបារម្ភជាងគេ ដោយអាចនឹងធ្វើអ្នកជំងឺម្នាក់ក្នុងចំណោម១០នាក់ស្លាប់ និងម្នាក់ក្នុងចំណោម៥នាក់មានពិការភាពជាប់នឹងខ្លួន ឬមានជំងឺធ្ងន់ផ្សេងទៀត ដូចជាប្រភេទជំងឺរលាកសួត។ បាក់តេរីនាំឱ្យមានជំងឺរលាកស្រោមខួរក្បាលស្រួចស្រាវ សំខាន់ជាងគេបួនគឺ ៖
Neisseria meningitidis (méningocoque)
Streptococcus pneumoniae (pneumocoque)
Haemophilus influenzae
Streptococcus agalactiae (streptocoque du groupe B)
ជាប្រភេទជំងឺធ្ងន់ មានអត្រាមរណៈខ្ពស់ខ្លាំង និងបន្សល់ទុក្ខនូវផលរំខានធ្ងន់ធ្ងរណាស់។ ការជួយសង្គ្រោះជីវិតអ្នកជំងឺអាស្រ័យទាំងស្រុងទៅលើល្បឿននៃការព្យាបាល។ ដូច្នេះយើងត្រូវចេះសម្គាល់រោគសញ្ញាជំងឺ ដែលបញ្ជាក់អំពីភាពបន្ទាន់ថាត្រូវនាំអ្នកឈឺទៅមន្ទីរពេទ្យ។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រីស្តុហ្វ រ៉ាប់ Pr Christophe Rapp គ្រូពេទ្យជំនាញមេរោគវិទ្យានៅមន្ទីរពេទ្យអាមេរិក ក្រុងប៉ារីស។
“គំរូរោគសញ្ញាជាទូទៅបំផុតនៃជំងឺរលាកស្រោមខួរក្បាល គឺការក្តៅខ្លួនខ្លាំងភ្លាមៗ អមដោយអាការៈឈឺក្បាល និងក្អួត។ តែចំពោះទារកទើបនឹងកើត និងមនុស្សចាស់វិញ រោគសញ្ញាអាចប្រែប្រួល និងខុសប្លែកពីនេះ ៖ ទារក អាចនឹងកិកកុក ងិកងក់ រករឿង យំថ្ងូរ ហើយមានវិបត្តិស្មារតី។ ចំពោះមនុស្សចាស់ គាត់អាចបាត់បង់ស្មារតី ឬប្រកាច់។ ដូច្នេះគេពិតជាពិបាកកំណត់រោគវិនិច្ឆ័យណាស់។
ប៉ុន្តែដោយហេតុថាជំងឺនេះច្រើនតែកើតឡើងលើក្មេង សូមអ្នកជាឪពុកម្តាយទារកនិងក្មេងតូច ចងចាំនិងចេះសម្គាល់មើលកូន ជាពិសេសគឺសម្គាល់មើលស្បែក។ បើឃើញមានស្នាមអុជក្រហមៗ ឬស្វាយ លេចឡើងយ៉ាងលឿន ប្លែកខុសប្រក្រតី នៅលើទ្រូង លើដៃ លើជើង លើខ្លួន របស់កូនៗ ត្រូវប្រញាប់រួសរាន់នាំកូនទៅពេទ្យ ដើម្បីបានទទួលការព្យាបាលទាន់ពេលវេលា ព្រោះនេះសញ្ញាបែបបន្ទាន់ខ្លាំងដែលអាចប៉ះពាល់ជីវិតហើយ។ នេះជាសារដ៏សំខាន់សម្រាប់ឱ្យឪពុកម្តាយចេះសម្គាល់ពីសញ្ញាគ្រោះថ្នាក់។ ស្នាមក្រហមឬស្វាយលើស្បែកបែបនេះ ជាសញ្ញាប្រាប់ថាមានបាក់តេរីឆ្លងចូលដល់ក្នុងឈាម។ ការលេចស្នាមកកឈាមលើស្បែក ជាទម្រង់នៃការបង្ករោគធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដែលតម្រូវឱ្យមានការព្យាបាលជាបន្ទាន់ ដូចជំងឺគ្រុនចាញ់ដែរ ដោយប្រើថ្នាំអង់ទីប៊ីយូទិក (ថ្នាំផ្សះ) ឱ្យបានឆាប់បំផុត នៅរវាងពីរម៉ោងក្រោយលេចរោគសញ្ញា។
ជំងឺរលាកស្រោមខួរក្បាល អាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែក្មេងតូចងាយរងគ្រោះខ្លាំងជាងគេ។
ទារកទើបនឹងកើតច្រើនតែមានជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី streptocoques ក្រុមB។ ចំណែកកុមារជាក្មេងតូច ច្រើនតែប្រឈមនឹងពពួកបាក់តេរី méningocoques, aux pneumocoques និង l’Haemophilus influenzae ។ រីឯក្មេងជំទង់ និងក្មេងទើបពេញវ័យប្រឈមជាពិសេសនឹងគ្រោះកើតជំងឺរលាកស្រោមខួរក្បាល នៃបាក់តេរី méningococcie។ ជាចុងក្រោយ ចំពោះក្រុមមនុស្សវ័យចំណាស់ ហានិភ័យមានខ្ពស់ខ្លាំងនឹង pneumococcie ។
តំបន់អាហ្វ្រិកសាហារ៉ា មានករណីរលាកស្រោមខួរក្បាលច្រើនជាពិសេសជាងគេ។ ហើយហានិភ័យនៃការកើតជំងឺនេះ ត្រូវបានបូកបន្ថែមដោយលក្ខខណ្ឌជីវិតមិនល្អ ដូចជា រស់នៅផ្តុំគ្នាច្រើន ក្នុងជំរំជនភៀសខ្លួន ក្នុងទីស្នាក់តូចចង្អៀតខ្លាំង ក្នុងសាលារៀន ក្នុងបន្ទាយយោធា និងក្នុងកន្លែងធ្វើការខ្លះ។ មានប្រព័ន្ធការពារខ្លួនទន់ខ្សោយ មានជំងឺអេដស៍ សុទ្ធសឹងជាកត្តាបង្កើនហានិភ័យកើតជំងឺរលាកស្រោមខួរគ្រប់ប្រភេទទាំងអស់។
របៀបចម្លងវិញ ក៏ប្រែប្រួលទៅតាមប្រភេទនៃភ្នាក់ងារបង្ករោគដែរ។ ប៉ុន្តែបើជាជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី ជំងឺនេះអាចចម្លងទៅមនុស្សនៅកៀកគ្នាបំផុត គ្រាន់តែថារាល់គ្រប់ការចម្លងមិនប្រាកដថាអាចបង្កឱ្យមានជំងឺទេ។ បាក់តេរីដែលឆ្លងចូលទៅតាមទឹកមាត់ តាមទឹកសំបោរ ឬនៅពេលឆ្លងទន្លេ ជាទូទៅមិនបង្កឱ្យមានគ្រោះថ្នាក់ឡើយ តែជាការជួយពង្រឹងប្រព័ន្ធការពារខ្លួនទៅវិញទេ។ បាក់តេរីអាចបង្កជាជំងឺ បាន នៅពេលណាដែលបាក់តេរីនោះ ជួនកាលអាចឈ្លានពានសរីរាង្គកាយបាន។
រលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី ជាជំងឺដែលអាចធ្វើផ្តាច់ជីវិតមនុស្សបានយ៉ាងឆាប់រហ័ស ប្រសិនបើគ្មានការសង្គ្រោះទាន់ពេលវេលា។ ដូចលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រីស្តុហ្វ រ៉ាប់ បានលើកឡើងអំបាញ់មិញស្រាប់ ជំងឺរលាកស្រោមខួរក្បាលទាមទារការព្យាបាលបន្ទាន់ និងដោយប្រើថ្នាំផ្សះ។ ប៉ុន្តែមិនមែនគ្រប់ថ្នាំផ្សះសុទ្ធតែអាចសម្លាប់បាក់តេរីបានទេ។ សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតជាថ្មី ៖
តើថ្នាំផ្សះមានប្រសិទ្ធភាពយ៉ាងណា ?
“ថ្នាំផ្សះមានប្រសិទ្ធភាពខ្លាំងណាស់ ប៉ុន្តែបញ្ហានៅត្រង់ថាត្រូវជ្រើសរើសប្រើថ្នាំអង់ទីប៊ីយូទិកដែលត្រូវចំប្រភេទបាក់តេរី ជាភ្នាក់ងារបង្កជំងឺរលាកស្រោមខួរក្បាលនោះទើបបាន។ ជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរីច្រើនប្រភេទណាស់ តែបាក់តេរីដែលគេស្គាល់ច្រើនជាងគេគឺបាក់តេរី méningocoque មេណាំងហ្កូកុក តែក៏មានដែរបាក់តេរីប្រភេទ ស្លិបតូកុក Streptocoque ឬអេម៉ូហ្វីលូ Haemophilus ។ល។ និង។ល។ ការកំណត់ថាតើជំងឺបង្កមកពីបាក់តេរីមួយណានេះហើយដែលជាការលំបាកខ្លាំងបំផុតនោះ។ ដើម្បីបានដឹងអំពីប្រភេទបាក់តេរី គេត្រូវបូមយកទឹកក្នុងក្បាលមកវិភាគ។ អ៊ីចឹងហើយទើបការធ្វើរោគវិនិច្ឆ័យជួបការលំបាកខ្លាំង។”
អរគុណលោកសាស្ត្រាចារ្យ ! មធ្យោបាយដ៏ប្រសើរជាងបំផុត គឺការការពារ។ ចាក់ថ្នាំបង្ការ ជាមធ្យោបាយដែលមានប្រសិទ្ធភាពជាងគេក្នុងការកាត់បន្ថយជំងឺរលាកស្រោមខួរក្បាល និងផលវិបាកនៃជំងឺ។
វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរក្បាលប្រឆាំងនឹងពពួកបាក់តេរីកំណាចៗខ្លាំង មានជាអាទិ៍បាក់តេរី méningocoque, pneumocoque និងHaemophilus influenzae មានតាំងពីជាច្រើនឆ្នាំមកហើយ។ ប្រទេសខ្លះបានបញ្ចូលវ៉ាក់សាំងខាងលើនេះក្នុងកម្មវិធីចាក់ថ្នាំបង្ការជាតិផង។ ប៉ុន្តែរហូតមកទល់នេះ ពិភពលោកនៅមិនទាន់មាន ថ្នាំបង្ការ សម្រាប់ប្រឆាំងនឹងជំងឺរលាកស្រោមខួរក្បាល ជាលក្ខណៈទូទៅ ដែលមានច្រើនប្រភេទ ច្រើនទម្រង់ និងបង្កឡើងដោយបាក់តេរី យ៉ាងច្រើនប្រភេទនោះទេ៕
9/14/2022 • 7 minutes, 55 seconds ស្រានិងបារី ជាមូលហេតុនាំមុខគេនៃជំងឺមហារីក
នៅលើពិភពលោកយើងនេះ ជាង៤០%នៃជំងឺមហារីក បង្កឡើងដោយកត្តាហានិភ័យដែលគេបានស្គាល់តាំងពីយូរ គឺ បារី និងអាល់កុល។ នេះបើតាមការសិក្សាដ៏ធំទូលាយបំផុតមួយ ចេញផ្សាយក្នុងទស្សនាវដ្តីសុខភាព The Lancet កាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២២។ តាមរយៈការសិក្សានេះ អ្នកស្រាវជ្រាវ ចង់ជំរុញឱ្យពិភពលោកបង្កើនការការពារឱ្យបានប្រសើរឡើង។ តើត្រូវការពារពីជំងឺមហារីកយ៉ាងដូចម្តេចទៅ ?
អន្តរាគមន៍ដោយលោកវេជ្ជបណ្ឌិត Dr Tambo Bathily គ្រូពេទ្យជំនាញស្រាវជ្រាវវេជ្ជសាស្ត្រនិងគ្លីនិក នៃជំងឺមហារីក នៅសាលាវិទ្យាសាស្ត្រមហារីក នៃវិទ្យាស្ថាន Gustave Roussy (IGR)។
តើមហារីក ជាជំងឺអ្វី ?
ដូចឈ្មោះដែលគេហៅ មហារីកជាដុំសាច់កាចមួយដែលមានកោសិការីកដុះដាលយ៉ាងអនាធិបតេយ្យ ដំបូងនៅតែមួយម្តុំទេ ប៉ុន្តែបន្ទាប់មកក៏រីករាលទៅលើស្រទាប់កោសិកាក្បែរៗ និងចុងក្រោយ រាលដល់កោសិកា និងសរីរាង្គផ្សេងទៀតដែលនៅឆ្ងាយ ដែលគេហៅ ជាដំណាក់កាលមហារីក Metastase តាមភាសាបច្ចេកទេស។ មហារីកអាចកើតលើគ្រប់សរីរាង្គរបស់មនុស្ស ប៉ុន្តែមហារីកដែលគេជួបញឹកញយជាងគេបំផុត គឺ មហារីកសុដន់ មហារីកក្រពេញប្រូស្តាត មហារីកសួត ពោះវៀនធំ។ មូលហេតុដែលបង្កឱ្យកើតជំងឺមហារីកមានច្រើនដែលបូកផ្សំគ្នា រាប់តាំងកត្តាហ្សែន (ពូជ) កត្តាអ័រមូន កត្តាក្រៅខ្លួនដូចជា បរិស្ថាន វិជ្ជាជីវៈ និងឥរិយាបថ ដូចជាទម្លាប់ទទួលទានអាហារ មានគ្រឿងស្រវឹងសុរា ជក់បារី ឬស្រណុកជ្រុលពេក។
ជិតពាក់កណ្តាលនៃជំងឺមហារីកនៅលើពិភពលោក បង្កឡើងដោយកត្តាហានិភ័យ ពីរ។ ជាប់លំដាប់លេខមួយ គឺការជក់បារី និងលេខពីរ គឺការទទួលទានសុរា។ នេះបើតាមសេចក្តីសន្និដ្ឋាន ដែលជាលទ្ធផលនៃការសិក្សាដ៏ធំទូលាយបំផុតមួយ មានចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាThe Lancet កាលពីថ្ងៃទី ១៩ សីហា ២០២២។ លទ្ធផលនៃការសិក្សានេះជាការបញ្ជាក់ ឱ្យកាន់តែប្រាកដ នូវអ្វីដែលក្រុមគ្រូពេទ្យធ្លាប់បានដឹង និងអះអាងកន្លងមក។
ការសិក្សាអង្កេត ក្នុងក្របខ័ណ្ឌនៃការវាយតម្លៃអំពីអត្រាមរណៈនិងពិការភាព បង្កឡើងដោយជំងឺ បានបង្ហាញថានៅលើពិភពលោក ករណីស្លាប់ដោយជំងឺមហារីក ៤៤,៤% បណ្តាលមកពីកត្តាហានិភ័យ ដែលគេអាចបញ្ចៀសបាន។
កម្មវិធីស្រាវជ្រាវដ៏ធំសម្បើម គ្មានប្រៀប ឧបត្ថម្ភដោយមូលនិធិ Bill & Melinda Gates នេះ បានការចូលរួមពីអ្នកសា្រវជ្រាវរាប់ពាន់នាក់ ក្នុងប្រទេសច្រើន។ កម្មវត្ថុដំបូង គឺយល់អំពីទំហំនៃបន្ទុករបស់កត្តាហានិភ័យនាំឱ្យកើតជំងឺមហារីក ដែលគេមានសក្តានុពលអាចប្តូរផ្លាស់បាន ដើម្បីរៀបចំយុទ្ធសាស្ត្រការពារ និងទប់ស្កាត់ ជំងឺប្រកបដោយប្រសិទ្ធភាព ព្រមទាំងបំភ្លឺឱ្យឃើញអំពីការប្រឹងប្រែងរៀបកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកថ្នាក់ពិភពលោក។ នេះបើតាមការពន្យល់របស់ក្រុមអ្នកស្រាវជ្រាវក្នុងទស្សនាវដ្តី The Lancet។
វិធីការពារជំងឺមហារីក
ការពារពិតណាស់ថាប្រសើរជាការព្យាបាល បើដូច្នេះសួរថាតើត្រូវការពារជំងឺមហារីកយ៉ាងដូចម្តេច ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Tambo Bathily គ្រូពេទ្យជំនាញស្រាវជ្រាវវេជ្ជសាស្ត្រនិងគ្លីនិក នៃជំងឺមហារីក នៅសាលាវិទ្យាសាស្ត្រមហារីក នៃវិទ្យាស្ថាន'Institut Gustave Roussy (IGR)។
“វិធីការពារ ដ៏ប្រសើរជាងគេបំផុត ដើម្បីបញ្ចៀសជំងឺមហារីក ទីមួយគឺត្រូវ បង្កើនគុណភាពក្នុងការរស់នៅប្រចាំថ្ងៃឱ្យល្អ ដោយត្រូវមានបរិស្ថានជុំវិញខ្លួនល្អ របបអាហារល្អត្រឹមត្រូវ ធ្វើលំហាត់ប្រាណបញ្ចេញចលនាកាយសម្បទាយ៉ាងតិចកន្លះម៉ោងក្នុងមួយថ្ងៃ និងត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាម នៅពេលឃើញមានរោគសញ្ញាគួរឱ្យសង្ស័យ។ បញ្ឈប់ការជក់បារី កាត់បន្ថយការទទួលទានគ្រឿងស្រវឹង (សុរា ប៊ីយែរ អាល់កុល ...)។ ទាំងអស់នេះ សុទ្ធសឹងជាវិធានការដែលអាចកាត់បន្ថយគ្រោះ នាំឱ្យកើតជំងឺមហារីកហើយ។”
ជក់បារី ផឹកស្រា មិនបញ្ចេញចលនាកម្លាំងកាយសម្បទា ស្រលាញ់ចូលចិត្តភាពស្រណុកស្រួល បរិភោគមិនត្រឹមត្រូវ ... ជាកត្តាហានិភ័យនាំឱ្យមានគ្រោះកើតជំងឺមហារីក ជាឥរិយាបថ ជាទម្លាប់ដែលអាចប្តូរផ្លាស់ និងចៀសវាងបាន ប៉ុន្តែជំងឺមហារីកមិនអាចការពារបានទាំងស្រុងទេ ព្រោះមូលហេតុដ៏ចំបងមួយទៀត គឺជាងពាក់កណ្តាលនៃជំងឺមហារីកនៅលើពិភពលោក បង្កឡើងដោយកត្តាដែលមិនអាចបញ្ចៀសបាន នោះគឺកត្តាពូជ (ហ្សែន) និងកត្តាអាយុ (ភាពចាស់ជរា)។ ហេតុដូច្នេះហើយបានជាក្រុមអ្នកស្រាវជ្រាវដដែលនេះ បានគូសបញ្ជាក់នៅក្នុងរបាយការណ៍សិក្សារបស់ខ្លួនថា ប្រកាន់ខ្ជាប់វិធានការពារគ្មានប្រសិទ្ធភាពគ្រប់គ្រាន់ទល់នឹងជំងឺមហារីកទេ។ ក្រុមអ្នកនិពន្ធសូមណែនាំឱ្យពិភពលោកប្រកាន់គោលការណ៍ពីរដ៏ចំបងទៀត គឺ ការវិភាគរកសញ្ញារោគឱ្យបានឆាប់រហ័ស កុំឱ្យក្លាយជាជំងឺមហារីកទាន់ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ជំងឺមហារីក ស្ទើរគ្រប់ប្រភេទសុទ្ធតែអាចព្យាបាលបានជា ប្រសិនបើគេអាចវែករកឃើញជំងឺនេះ នៅដំណាក់កាលដំបូងភ្លាម ឬនៅពេលជំងឺមិនទាន់ឈានដល់ដំណាក់កាលរីករាលដាលធ្ងន់ធ្ងរ។
តើគេអាចតាមដានសរីរាង្គកាយណាមួយនៃខ្លួនប្រាណយើង ពីគ្រោះកើតជំងឺមហារីក ដែរឬទេ ?
“មានសេចក្តីណែនាំ សម្រាប់ជំងឺមហារីកខ្លះ មានជាអាទិ៍ជំងឺមហារីកសុដន់។ គឺត្រូវឧស្សាហ៍ស្ទាបច្របាច់ដោះខ្លួនឯង នៅពេលមុជទឹក ដោយត្រូវចុចលើសុដន់នៅម្តុំជិតនិងជុំវិញក្បាលដោះ។ ជាការស្ទាប ដើម្បីស្វែងរកក្រែងមានដុំរឹងនៅក្នុងសុដន់ ជាយថាហេតុណាមួយ។ នេះជាវិធីដ៏ប្រសើរជាងគេបំផុតក្នុងការពារខ្លួនពីជំងឺមហារីកសុដន់។ បន្ទាប់មកទៀត គឺវិធីការពារដោយទៅថតឆ្លុះសុដន់ Mammographie នៅពេលស្ត្រីមានអាយុចាប់ពី៥០ឆ្នាំ ឡើងទៅ និងជារៀងរាល់បីឆ្នាំម្តង។ ការថតកៀបសុដន់នេះ អាចឆ្លុះឱ្យឃើញអំពីអាការៈសញ្ញាគ្លីនិកមុនដំបូងមុននៃជំងឺមហារីក។ ជាវិធីការពារដោយធ្វើវិភាគស្វែងរកក្រែងមានអាការៈសញ្ញាមហារីក។”
គ្រាន់តែឮគួរឱ្យខ្លាច ជំងឺមហារីកជាមូលហេតុទីពីរនៃមរណភាពនៅលើពិភពលោក ប៉ុន្តែវេជ្ជសាស្ត្របានស្គាល់និងអាចព្យាបាលជំងឺមហារីកនេះបានកាន់តែប្រសើរឡើង បើទោះបីជានៅមានគម្លាត និងវិសមភាពផ្នែកសុខាភិបាល ខុសគ្នាខ្លាំងពីប្រទេសមួយទៅប្រទេសមួយ ឬតំបន់មួយទៅតំបន់មួយដែលយើងរស់នៅក៏ដោយ។ នៅតំបន់ជាច្រើននៃភពផែនដី គ្មានថ្នាំព្យាបាលថ្មីៗ មានប្រសិទ្ធភាពខ្ពស់ទេ។ ប៉ុន្តែជាទូទៅ ការថែទាំតាមដានអ្នកជំងឺ បានស្គាល់ភាពជឿនលឿនច្រើន ហើយការព្យាបាលក៏កាន់តែមានប្រសិទ្ធភាពដែរ៕
9/12/2022 • 8 minutes, 23 seconds តើគេត្រូវចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារៀ ងរាល់៦ខែឬ ?
តាំងពីប៉ុន្មានសប្តាហ៍កន្លងមកនេះ កូវីដ១៩ហាក់ចាប់កំរើកឡើងវិញ នៅស្ទើរទូទាំងពិភពលោក។ ចំនួនអ្នកឆ្លងកូវីដ១៩ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសបារាំង រហូតជំរុញឱ្យអាជ្ញាធរសុខាភិបាលចេញអនុសាសន៍ណែនាំឱ្យប្រជាពលរដ្ឋត្រលប់មកពាក់ម៉ាសវិញ ក្នុងទីកន្លែងបិទជិត និងក្នុងពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ។ រលកចម្លងថ្មីនេះ ទំនងជាបណ្តាលមកពីមេរោគកូវីដ អូមីក្រុង បំប្លែងខ្លួនថ្មីបន្ថែមទៀត ដែលអ្នកជំនាញឱ្យឈ្មោះថាអូមីក្រុង BA4 និង BA5។
ប្រឈមនឹងសន្ទុះចម្លងថ្មី នៃមេរោគដែលកាន់តែងាយឆ្លង តើអាជ្ញាធរសុខាភិបាលបារាំងណែនាំយ៉ាងណា ? ត្រូវចាក់ថ្នាំបង្ការបន្ថែមមួយដូសទៀតឬទេ ?
ជាងពីរឆ្នាំមកហើយដែលពិភពលោកបានរងការរាតត្បាតពីជំងឺកូវីដ១៩។ ពេលវេលាកន្លង ជំងឺកូវីដ១៩ក៏បានវិវឌ្ឍ និងបានប្រែប្រួលយ៉ាងខ្លាំង ពីតំបន់មួយទៅតំបន់មួយនៃភពផែនដី។ មេរោគបានបំប្លែងខ្លួន ក្លាយជាមេរោគថ្មីហើយបំប្លែងខ្លួនបន្តទៀត បង្កើនអំណាចចម្លងកាន់តែខ្លាំងឡើងៗ។ ចំណែកការប្រយុទ្ធប្រឆាំងក៏វិវឌ្ឍនិងប្រែប្រួលដែរ ដោយមានអនុសាសន៍ថ្មីទាក់ទងនឹងការចាក់ថ្នាំបង្ការ និង ព្យាបាលសង្គ្រោះអ្នកជំងឺកូវីដ។
ក្នុងខណៈដែលអង្គការសុខភាពពិភពលោកព្យាករថា ករណីឆ្លងថ្មីនឹងកើនឡើងយ៉ាងខ្លាំងនៅអឺរ៉ុប នៅអំឡុងខែក្តៅកក្កដានិងសីហានេះ នៅប្រទេសបារាំង ចំនួនអ្នកឆ្លងថ្មីបានកើនមួយទ្វេជាបី ដោយជាក់ស្តែង ជាស្រេចទៅហើយ។ ប្រឈមនឹងរលកចម្លងថ្មី ដែលនឹងអាចបង្កផលវិបាកនិងបន្ទុកយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យនៅចុងខែ អាជ្ញាធរបារាំងបានរំលឹកអំពីភាពចាំបាច់នៃការចាក់ថ្នាំបង្ការដូសជំរុញទីពីរ (ឬដូសទីបួន) តែមិនដល់ថ្នាក់បង្ខំឱ្យសាធារណជនទូទៅបំពេញកាតព្វកិច្ចពាក់ម៉ាសទេ គឺមានត្រឹមតែជាការណែនាំនិងផ្តល់អនុសាសន៍ឱ្យពាក់ម៉ាសវិញតែប៉ុណ្ណោះ។
មេរោគអូមីក្រុង BA5 ជាភ្នាក់ងារបង្កឱ្យមាន រលកចម្លងថ្មីលើកនេះ។ តើមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលកំពុងរីកសាយភាពនៅអឺរ៉ុបនិងបារាំងខ្លាំងចម្បងគេនៅពេលនេះ មានលក្ខណៈពិសេសយ៉ាងណា ?
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Arnaud Fontanet ប្រធានផ្នែកអេពីដេមីសាស្ត្រនៃជំងឺរាតត្បាត ឆ្លងថ្មី នៅវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីស ៖
“បើគិតអំពីទម្រង់គ្លីនិក គេពិបាកនិយាយណាស់ ព្រោះបើមេរោគកាន់តែឆ្លងរាតត្បាត ពីមនុស្សទៅម្នាក់ ឆ្លងម្តងហើយឆ្លងទៀតលើអ្នកដែលមានភាពស៊ាំ ដោយបានចាក់ថ្នាំបង្ការរួច ឬដោយធ្លាប់បានកើតកូវីដហើយ នោះវាពិតជាមានឥទ្ធិពលលើការបញ្ចេញរោគសញ្ញាគ្លីនិកជាប្រាកដ។ អ្វីដែលគេបានដឹងនៅពេលនេះ គឺមេរោគមិនសូវបង្កឱ្យមានជំងឺ ទម្រង់ធ្ងន់ទេ។ ជាប្រការល្អ។ តែឥលូវ យើងត្រូវនឹកគិតភ្លាមថាអាចឆ្លងមេរោគកូវីដ១៩ នៅមានអាការៈ ឈឺបំពង់ក តឹងច្រមុះ ឬក្តៅខ្លួនបន្តិចបន្តួច និងនៅពេលមានអាការៈអស់កម្លាំង។ ការអស់កម្លាំងនេះជាសញ្ញាសម្គាល់មួយនៃជំងឺកូវីដ។”
ពេលនេះរដ្ឋាភិបាលវិធានការទប់ស្កាត់កូវីដ១៩ ត្រូវបានលើកស្ទើរតែអស់ទៅហើយ តើគេគួរត្រលប់មកប្រកាន់យកបម្រាមអ្វីខ្លះវិញ ដើម្បីការការពារនិងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ?
លោកសាស្ត្រាចារ្យ អារណូហ្វុងតាណេ ៖
“ត្រូវយល់ថា ឆ្លងអូមីក្រុង មិនមែនជាប្រការល្អប៉ុន្មានទេ បើទោះបីជាជំងឺនេះហាក់ត្រូវបានគេចាត់ទុក កាន់តែច្រើនឡើងៗ ថាជាជំងឺធម្មតាក៏ដោយ។ ដូច្នេះត្រូវតែបន្តការពារខ្លួន។ ការការពារប្រកបដោយប្រសិទ្ធភាពបំផុត គឺការពាក់ម៉ាស់ បន្ទាប់មក បើនៅទីកន្លែងបិទជិតត្រូវឧស្សាហ៍បើកចំហឱ្យមានខ្យល់ចេញចូល។ នៅពេលវីរុសកំពុងសកម្មខ្លាំង ត្រូវចៀងវាងកន្លែងដែលមានមនុស្សម្នាប្រមូលផ្តុំគ្នាច្រើន ឬប្រយ័ត្នតាមបែបផ្សេង ព្រោះការជួបជុំប៉ះពាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់នេះហើយជាភ្នាក់ងារនាំឱ្យមានការចម្លងមេរោគ។
នៅចំពោះមុខរលកចម្លងថ្មីលើកនេះ យុទ្ធសាស្ត្រដ៏ចំបងនិងសំខាន់បំផុតដែលគេគួរប្រកាន់យកសម្រាប់អំឡុងពេលនេះ គឺការការពារអ្នកទន់ខ្សោយ ព្រោះក្រុមអ្នកទន់ខ្សោយងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ ដល់ស្លាប់បាត់បង់ជីវិត ជាងគេ។ ការប្រុងប្រយ័ត្ន ផ្តោតខ្លាំងទៅលើ ការត្រលប់មកប្រកាន់វិធានការពារខ្លួន សម្រាប់មនុស្សចាស់ និងអ្នកនៅជុំវិញមនុស្សចាស់មនុស្សទន់ខ្សោយ និងការចាក់ថ្នាំបង្ការ ដូសជំរុញទីពីរ។ ការចាក់វ៉ាក់សាំងរំលឹកលើកទីពីរ ឬត្រូវនឹងការចាក់ថ្នាំបង្ការលើកទីបួន អាចការពារអ្នកជំងឺផុយស្រួយបានយ៉ាងមានប្រសិទ្ធភាពមែនទែន មិនឱ្យពួកគាត់ធ្លាក់ខ្លួនឈឺធ្ងន់បាន។ ជាចុងក្រោយគឺការប្រើថ្នាំព្យាបាល ជំងឺកូវីដ ឈ្មោះPaxlovid សម្រាប់អ្នកជំងឺអាយុលើសពី៦៥ឆ្នាំ។ ថ្នាំនេះអាចកាត់បន្ថយគ្រោះធ្លាក់ខ្លួនឈឺចូលសម្រាកពេទ្យបានមួយជា១០ ប៉ុន្តែបារាំងប្រើថ្នាំនេះតិចតួចបំផុត៕”
នរណាមានសិទ្ធិចាក់ដូសជំរុញទីពីរ ?
បារាំងមិនសូវប្រើថ្នាំព្យាបាលជំងឹកូវីដ១៩ទេ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងវិញក៏មិនសូវសកម្មខ្លាំងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក អូលីវីយេ វេរ៉ង់ ទើបប្រកាសអនុញ្ញាតឱ្យចាក់ថ្នាំបង្ការកូវីដ១៩ ដូសទីបួន ឬដូសជំរុញទី២ កាលពីថ្ងៃទី ៧ មេសា២០២២នេះទេ។ អ្នកដែលអាចទទួលវ៉ាក់សាំងដូសជំរុញទីពីរ ត្រូវមានអាយុ៦០ឆ្នាំឡើងទៅ ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃមានប្រព័ន្ធការពារខ្លួនទន់ខ្សោយ និងត្រូវមានគម្លាតពីការចាក់ដូសទីបី ឬក្រោយពីបានឆ្លងកូវីដហើយយ៉ាងតិច ៦ខែ។ ហេតុអ្វីដូសជំរុញសម្រាប់មនុស្សចាស់លើសពី៦០ឆ្នាំ ?! “នៅពេលមនុស្សចាស់អាយុលើសពី៦០ឆ្នាំ បានទទួលដូសជំរុញ គាត់អាចកាត់បន្ថយហានិភ័យធ្លាក់ខ្លួនឈឺដល់ថ្នាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បានដល់ទៅ៨០%។ នេះជាការពន្យល់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដោយសំអាងលើសេចក្តីណែនាំរបស់អាជ្ញាធរសុខាភិបាលជាន់ខ្ពស់បារាំងដែលជាបណ្តុំក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។
គេកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការចាក់ថ្នាំបង្ការកូវីដ ជារៀងរាល់៦ខែឬ ?
វ៉ាក់សាំងមិនអាចរារាំងការឆ្លងមេរោគកូវីដបាន១០០%ទេ តែវ៉ាក់សាំង អាចការពារមិនឱ្យអ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់បានយ៉ាងប្រាកដ។ ដូច្នេះគ្មានអ្វីប្រសើរជាងការពារទេ។ សម្រាប់លោកសាស្ត្រាចារ្យ ហ្វុងតាណេ ដែលជាសមាជិកអាជ្ញាធរសុខាភិបាលបារាំង តាមបែបវិទ្យាសាស្ត្រ គ្រប់ការចាក់វ៉ាក់សាំង ត្រូវតែមានដូសជំរុញ។ ក្នុងករណីកូវីដ ៦ខែក្រោយការចាក់ដូសទីពីរ យើងអាចការពារខ្លួនពីមេរោគកូវីដបានត្រឹមតែ៥០%ទេ ទល់នឹង៩០%ពេលទើបចាក់រួចភ្លាម។ ហើយនៅពេលបានទទួលដូសជំរុញ (ដូសទីបី) កំហាប់នៃអង់ទីករការពារខ្លួនយើងបានកើនឡើង៥ទៅ១០ដង លើសកំរិតអង់ទីករ កាលពីមួយខែក្រោយចាក់ដូសទីពីរទៅទៀត។ មានន័យថា ដូសទីបី នេះ ផ្តល់ប្រសិទ្ធភាពការពារខ្លួនខ្លាំងណាស់ ដោយអាចកាត់បន្ថយគ្រោះចម្លងបាន១០ដង និងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់បានដល់២០ដង។ នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ ហ្វុងតាណេ ដោយបញ្ជាក់ទៀតថា សម្រាប់អ្នកវិទ្យាសាស្ត្រ គំរូនៃការចាក់ថ្នាំបង្ការប្រឆាំងកូវីដ នឹងគូសវាសចេញទៅតាមពេលវេលា។ តែសម្រាប់លោក ការចាក់វ៉ាក់សាំងកូវីដ មានទម្រង់ ជាការចាក់ពីរដូសដំបូង ដោយឃ្លាតគ្នាមួយខែ រួចចាក់រំលឹកនៅ៦ខែក្រោយ ពោលគឺមិនសូវខុសប្លែកពីគំរូនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺផ្សេងទៀត (ជំងឺរលាកថ្លើមប្រភេទបេ ឬវ៉ាក់សាំងប្រឆាំងនឹងមេរោគpapillomavirus ភ្នាក់ងារបង្កជំងឹមហារីកមាត់ស្បូន)ទេ។ តាមក្បួន គំរូវ៉ាក់សាំង ចាក់ពីរដូសកៀកគ្នា និងដូសជំរុញយូរខែក្រោយ មានកម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ការពារខ្លួនហើយ ប៉ុន្តែចំពោះកូវីដ គេនៅមិនទាន់អាចនិយាយអ្វីបាននៅឡើយ មិនដឹងថាគំរូវ៉ាក់សាំងបែបនេះ អាចបញ្ចៀសការចាក់វ៉ាក់សាំងដូសទីបួន និងដូសទី៥បានដែរឬអត់នៅឡើងទេ។
ជាមួយនឹងសន្ទុះចម្លងរលកថ្មី ក្នុងខែកក្កដានេះ អ្វីៗអាចនឹងប្រែប្រួល។ អ្នកវិទ្យាសាស្ត្រអាចនឹងផ្តល់អនុសាសន៍ថ្មីបន្ថែមទៀតក៏ថាបាន។ នេះគឺអាស្រ័យទៅតាមស្ថានភាពនិងស្ថានការណ៍វិវត្តនៃជំងឺ៕
7/20/2022 • 8 minutes, 56 seconds តើការធ្វើសមាធិដោយចលនា (រាំ) មានអត្ថប្រយោជន៍យ ៉ាងណា ?
នៅថ្ងៃទី ១៥ ឧសភា ២០២២ ក្រុមសមាគមសិល្បៈវប្បធម៌ខ្មែរ បានរៀបចំកម្មវិធីសម្តែងរបាំខ្មែរ នៅមន្ទីរពេទ្យ Centre Hospitalier Sud Francilien ជាយទីក្រុងប៉ារីស ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលបានបូជាកម្លាំងចិត្តកម្លាំងកាយបំរើការងារក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះផង និងដើម្បីផ្តល់ភាពរីករាយដល់អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផង។ បានស្តាប់ភ្លេង ស្តាប់ចម្រៀង បានមើលទស្សនីយភាពរបាំ ភាពនឿយហត់ និងការឈឺចុកចាប់បានរសាត់បាត់មួយរយៈ ប៉ុន្តែបើបានបញ្ចេញកាយវិការហាត់រាំដោយផ្ទាល់ទៀតកាន់តែប្រសើរ ព្រោះបច្ចុប្បន្ននេះអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្របានចាត់ទុកការរាំ ជារបៀបធ្វើសមាធិដោយចលនា។ តើការធ្វើសមាធិ ដោយចលនា (រាំ) មានអត្ថប្រយោជន៍យ៉ាងណា ?
សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ព្រំ គៀលី ប្រធានសមាគមគ្រូពេទ្យខ្មែរនៅប្រទេសបារាំងដែលបានសហការដឹកនាំរៀបចំកម្មវិធីសិល្បៈសម្បុរសធម៌ (Le Printemps du Sourire) នេះ។
5/19/2022 • 9 minutes, 33 seconds តើជំងឺវង្វេងវង្វាន់ មានសញ្ញាប្រាប់ ឱ្យដឹងជា មុន ដែរឬ ?
វង្វេងវង្វាន់ ជាជំងឺដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់មនុស្សចាស់ និងកូនចៅដែលជាអ្នកទទួលបន្ទុកមើលថែឪពុកម្តាយជរា។ កាលពីឆ្នាំទៅ ភ្នាក់ងារសុខាភិបាលអាមេរិក បានចេញសេចក្តីអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំមួយមុខសម្រាប់ព្យាបាលជំងឺវង្វេងវង្វាន់Alzheimer នេះ ហើយកាលពីថ្មីៗនេះទៀត អ្នកស្រាវជ្រាវមួយក្រុមបានអះអាងថាមានបញ្ហាសុខភាពចំនួន១០ប្រភេទ ដែលអាចកើតឡើងជាច្រើនឆ្នាំមុននឹងលេចជំងឺវង្វេងវង្វាន់។ នេះមានន័យថាគេកំពុងរកឃើញវិធានការការពារជំងឺវង្វេងវង្វាន់ឬ ?
លែងស្គាល់កូនស្គាល់ចៅ ភ្លេចភ្លាំង ភ្លេចអ្វីៗទាំងអស់ ចាំតែរឿងចាស់ រឿងអតីតកាល ... វង្វេងវង្វាន់ជាជំងឺមួយដែលរកឃើញដោយវេជ្ជបណ្ឌិតជំនាញវិកលវិទ្យានិងប្រព័ន្ធប្រសាទ Dr Alzheimer នៅពេលព្យាបាលអ្នកជំងឺម្នាក់ដែលបាត់បង់ការចងចាំទាំងឡាយ។ នៅពេលអ្នកជំងឺនោះស្លាប់ទៅ គ្រូពេទ្យបានធ្វើកោសកលវិច័យពុះក្បាលមើល ទើបឃើញមានដំបៅនៅខួរក្បាល។ គឺដំបៅនោះហើយជាយន្តការមួយដែលជាប់ចោទជាមូលហេតុនាំឱ្យមានជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ព្រោះវាបានទៅរំខានតួនាទីរបស់ប្រព័ន្ធប្រសាទ។ ក្រោយមកគេបានឱ្យឈ្មោះដំបៅនោះថា បន្ទះប្រូតេអ៊ីន Amyloïde។ ជាប្រូតេអ៊ីននៅចន្លោះជាលិកា ដែលបានដាច់ចេញមកក្រៅ ហើយផ្តុំគ្នាទៅជាបន្ទះ រួចទៅតោងសរសៃប្រសាទណាមួយ។ តោងកន្លែងណាវានឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទនោះ ខូច ឬងាប់។ នេះហើយជាយន្តការមួយដែលនាំមានជំងឺវង្វេងវង្វាន់។
ហើយកាលពីខែមិថុនា២០២១ នៅសហរដ្ឋអាមេរិក ភ្នាក់ងារសុខាភិបាលនិងចំណីអាហារ បានផ្តល់ការអនុញ្ញាតឱ្យធ្វើចរាចរណ៍ថ្នាំមួយមុខឈ្មោះ Aduhelm សម្រាប់ព្យាបាលជំងឺវង្វេងវង្វាន់ករណីខាងលើ។ តើថ្នាំមានប្រសិទ្ធភាពយ៉ាងណា ? គួរជាទីសង្ឃឹមនិងជាទីទុកចិត្តយ៉ាងណាសម្រាប់អ្នកជំងឺ ?
សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Antoine Piau គ្រូពេទ្យជំនាញខាងសិក្សាជំងឺមនុស្សចាស់ ៖
“នេះជាប្រភេទថ្នាំ ជាអង់ទីក័រម៉ូណូក្លូណាល់។ មូលេគុលថ្នាំនឹងទៅប្រឆាំងប្រូតេអ៊ីនដែលតោងលើសរសៃប្រព័ន្ធប្រសាទ និងដែលជាដើមហេតុមួយនាំឱ្យមានជំងឺវង្វេងវង្វាន់ (ក្នុងចំណោមមូលហេតុជាច្រើនផ្សេង)។ ហើយថ្នាំនេះនឹងយកទៅប្រើលើអ្នកជំងឺដែលទើបធ្លាក់ខ្លួនឈឺវង្វេងវង្វាន់ ដំណាក់កាលដំបូង បំផុត។ ដំណាក់កាលដំបូងដែលគេអាចជួយស្តារស្ថានភាពបាន។ ប៉ុន្តែសូមប្រយ័ត្នថ្នាំនេះមិនមែនសម្រាប់ការពារមិនឱ្យធ្លាក់ខ្លួនឈឺទេ។ ជាពិសេសទៀត អ្នកជំងឺអាចប្រើថ្នាំនេះបានដរាបណាតែគេគ្មានវិធីនិងមធ្យោបាយអ្វីផ្សេង។ លក្ខខណ្ឌទីពីរនៃការប្រើថ្នាំនេះ គឺអ្នកជំងឺត្រូវមានសញ្ញាបញ្ជាក់ថាពេលលេបថ្នាំនេះទៅ បន្ទះប្រូតេអ៊ីនចាប់ថយចុះឬ របេះពីសរសៃប្រសាទ និងចំណុចចុងក្រោយ ត្រូវមានសញ្ញាសង្ឃឹមថាថ្នាំមានប្រសិទ្ធភាពច្រើន អាចជួយសម្រួលជីវភាពរបស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺបាន។ តើជំងឺថមថយក្រោយពីបានទទួលការចាក់ថ្នាំនេះដែរទេ ? គឺប្រសិទ្ធភាពនៃថ្នាំនេះហើយដែលគ្រូពេទ្យមិនទាន់ព្រមព្រៀងនៅឡើយទេ។ ហេតុដូច្នេះហើយបានជាត្រូវទទួលយកដំណឹងនៃការធ្វើចរាចរណ៍ថ្នាំវង្វេងវង្វាន់នេះប្រកបដោយការប្រុងប្រយ័ត្នបំផុត។ បើទោះបីនេះជាដំណឹងល្អគួរជាទីសង្ឃឹមមែន ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នសិន កុំឱ្យខកចិត្តព្រោះវាអាចនឹងមានការប្តូរផ្លាស់នៅអនាគតខាងមុខ”។
ការព្យាបាលជំងឺវង្វេងវង្វាន់ ជាប្រធានបទប្រទាញប្រទង់គ្នាខ្លាំងណាស់ ក្នុងរង្វង់អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវ។
សញ្ញា១០យ៉ាងមុនកើតជំងឺវង្វេងវង្វាន់
ចុះបើយើងនាំគ្នារកវិធីការពារកុំឱ្យងាយធ្លាក់ខ្លួនវង្វេងវង្វាន់វិញ មិនប្រសើរជាងទេឬ ?! ការពារពិតជាប្រសើរជាងព្យាបាល ជាប្រាកដណាស់ ! គ្មានថ្នាំព្យាបាលឱ្យជា ឬបង្អាក់ដំណើរវិវឌ្ឍរបស់ជំងឺបានប្រកបដោយប្រសិទ្ធភាព ការការពារកុំឱ្យកើត និងក្រកើតជំងឺវង្វេងវង្វាន់ ពិតជាសសរទ្រូងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺនេះហើយ។
អ្នកស្រាវជ្រាវមួយក្រុម បានរាប់ឃើញមានបញ្ហាសុខភាព១០យ៉ាងដែលលេចឡើង ក្នុងអំឡុងពេលជាច្រើនឆ្នាំមុន មុននឹងវិភាគឃើញថាមានជំងឺវង្វេងវង្វាន់។ តើបញ្ហាសុខភាពប្រភេទណាដែលមានសក្តានុពលអាចនាំនិងជាប់ពាក់ព័ន្ធនឹងជំងឺវង្វេងវង្វាន់ ជាច្រើនឆ្នាំមុនលេចរោគសញ្ញាវង្វេង ?
ចេញផ្សាយនៅថ្ងៃទី ១ មីនា២០២២ ក្នុងទស្សនាវដ្តី The Lancet Digital Health ការសិក្សាទ្រង់ទ្រាយធំ បានពាំនាំនូវចម្លើយមកបំភ្លឺ។ អ្នកស្រាវជ្រាវបានសិក្សាវិភាគ ដោយផ្អែកលើទិន្នន័យ ឯកសារសុខភាព របស់អ្នកជំងឺបារាំងនិងអង់គ្លេស ជិត៤ម៉ឺននាក់មានជំងឺវង្វេងវង្វាន់ និង៤នាក់ គ្មានជំងឺវង្វេង។ មនុស្សចាស់ទាំងជាង៨ម៉ឺននាក់សុទ្ធតែបានទទួលការតាមដានសុខភាពដោយគ្រូពេទ្យជំងឺទូទៅ ជាគ្រូពេទ្យប្រចាំខ្លួនទាំងអស់គ្នា។
អ្នកស្រាវជ្រាវ បានវាយតម្លៃអំពីការលេចឡើងនៃជំងឺវង្វេងវង្វាន់លើគំរូអ្នកជំងឺ១២៣នាក់ រយៈពេល១៥ឆ្នាំ មុននឹងសញ្ញារោគវង្វេងវង្វាន់ Alzheimer ចាប់ផ្តើមស្តែងឡើង។ ការវិភាគបានសម្គាល់ឃើញមានបញ្ហាសុខភាពចំនួន ១០មុន ដែលជាកើតឡើងជាញឹកញយខ្លាំងលើអ្នកជំងឺវង្វេង ក្នុងអំឡុងពេល១៥ឆ្នាំមុន និងដែលគ្មានកើតឡើងសោះសម្រាប់ក្រុមអ្នកគ្មានជំងឺវង្វេងវង្វាន់។
បញ្ហាសុខភាពទាំងអស់នោះ មានដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺព្រួយចិត្ត ស្ត្រេសខ្លាំង ថ្លង់ ជំងឺស្រកគីឡូហួសហេតុ ជំងឺបាត់បង់ការចងចាំ ស្ពោតឆ្អឹងក្បាល ទល់លាមក និងជំងឺហត់អស់កម្លាំងរ៉ាំរ៉ៃ។
ជំងឺទាំងនេះ តែងតែលេចឡើងនៅរវាងពីរ ទៅ១០ឆ្នាំ មុននឹងអ្នកជំងឺធ្លាក់ខ្លួនកើតរោគវង្វេងវង្វាន់។ នេះបើតាមលម្អិតរបស់ក្រុមអ្នកស្រាវជ្រាវដដែល។
ជំងឺធ្លាក់ទឹកចិត្ត និងព្រួយចិត្ត ជាបញ្ហាពីរដំបូងគេ ដែលមានជាប់ពាក់ព័ន្ធនឹងជំងឺវង្វេងវង្វាន់ យ៉ាងហោច៩ឆ្នាំមុននឹងវិភាគឃើញថាមានជំងឺវង្វេងវង្វាន់ Alzheimer។ បន្ទាប់មកគឺជំងឺទល់លាមក (ក្តៀន)និងការចុះស្គមខុសប្រក្រតី។
លទ្ធផលនេះជាស្ថិតិឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងរវាងបញ្ហាសុខភាពមួយនិងហានិភ័យកើតជំងឺវង្វេងវង្វាន់។ ប៉ុន្តែចំណងទំនាក់ទំនងនេះមិនមែនជាភស្តុតាងវិទ្យាសាស្ត្រនៃបញ្ហាសុខភាពនិងជំងឺអាល់ហ្សៃម៉ែរទេ។
មានជំងឺធ្លាក់/បាក់ទឹកចិត្ត ឬក្តៀនលាមក មិនមែនសុទ្ធតែនាំយើងឱ្យកើតជំងឺវង្វេងវង្វាន់ នៅថ្ងៃខាងមុខទេ។ ហើយនេះជាលើកទីមួយ ដែលអាការៈទល់លាមក ត្រូវបានយកមកចងភ្ជាប់ថាជាសញ្ញាសក្តានុពលមួយនៃជំងឺអាល់ហ្សៃម៉ែរនោះ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ! ដូច្នេះ គេត្រូវការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីអាចយល់បានថាមានយន្តការអ្វីដែលនាំពីការទល់លាមកដល់កើតជំងឺវង្វេង។
ចំណោទមួយទៀត ដែលកំពុងស្ថិតនៅជាការចោទសួរដែរ គឺ តើបញ្ហាសុខភាពទាំងលើ ជាកត្តាហានិភ័យនាំឱ្យកើតជំងឺវង្វេងវង្វាន់ មែន ឬក៏ជារោគសញ្ញាដំបូងនៃជំងឺវង្វេងវង្វាន់ ?! ទោះក្នុងសេណារីយ៉ូ ណាក៏ដោយ ក៏អ្នកស្រាវជ្រាវបានព្យាករបន្តការសិក្សារបស់ពួកគាត់ ដោយនឹងបន្តវិភាគទិន្នន័យអ្នកជំងឺជាង២៦លាននាក់ផ្សេងទៀត ព្រមទាំងពង្រីកការសិក្សាទៅលើជំងឺខូចប្រព័ន្ធប្រសាទផ្សេងទៀត ដូចជា ជំងឺញ័រប៉ាគីសុន ជាច្រើន។ល។
បើតាមអង្គការសុខភាពពិភពលោក ជំងឺវង្វេងវង្វាន់ Alzheimer នឹងក្លាយជាដើមហេតុនៃការបាត់បង់ការចងចាំ ក្នុងកំរិត៦០ទៅ ៧០%។ នៅឆ្នាំ២០៣០ ភពផែនដីនឹងមានមនុស្សកើតជំងឺអាល់ហ្សៃម៉ែរ ប្រមាណ៨២លាននាក់៕
3/24/2022 • 8 minutes, 5 seconds ជំងឺរីកប៉ោងសរសៃឈាម ជាជំងឺស្រាល តែអាចបង្កផល វិបាកធ្ងន់
នៅប្រទេសបារាំង មានប្រជាពលរដ្ឋប្រមាណ២០លាននាក់ មានបញ្ហាសរសៃឈាមវ៉ែនរីកប៉ោង។ នេះគឺមកពី ចរន្តឈាមហូរមិនស្រួល ហើយបង្កឱ្យមានករណីដក់ឈាម នៅតាមសរសៃឈាមវ៉ែន ជាពិសេសសរសៃឈាមនៅអវៈយវៈក្រោម។ ការដក់ឈាមអាចធ្វើឱ្យ រីកប៉ោង យារ សរសៃឈាម ឬសរសៃឈាមឡើងក្រាស់ ឬ ប្តូរទម្រង់ ឡើងក្រញ៉ាញ់ រហូតអាចមើលឃើញនៅលើស្បែក ដោយភ្នែកទទេ ជាពិសេស នៅម្តុំ ជើង និងភ្លៅ។ តើអាការៈរីកប៉ោងសរសៃឈាមនេះ អាចព្យាបាលជាទេ ? ហើយអាចការពារ និងធ្វើឱ្យបាត់ទៅវិញបានទេ ?
មានអាការៈធ្ងន់ជើង ឧស្សាហ៍ស្រពន់ជើង ចុកជើង មានអារម្មណ៍ក្រហាយដូចជាមានរលាក ឬមានហើមនៅកជើង (កជើងហើម) ... ទាំងអស់នេះអាចជាអាការៈសញ្ញានៃជំងឺប៉ោងរីកសរសៃឈាមវ៉ែន។ ជាជំងឺដែលកើតឡើងជាញឹកញយ លើមនុស្សក្នុងវ័យសកម្ម ប្រមាណពី ២៥ទៅ៣០% និងដល់ទៅជិត៦០% សម្រាប់មនុស្សចូលវ័យចំណាស់ លែងធ្វើការ។
សរសៃវ៉ែនរីកប៉ោង អាចចាត់ទុកជាជំងឺដែលកើតច្រើនលើស្ត្រីភេទ ប៉ុន្តែមនុស្សប្រុសក៏មិនរួចខ្លួនទាំងស្រុងឡើយ ហើយភាគច្រើនច្រើនតែដឹងខ្លួនយឺតជ្រុល និងមកស្វែងរកការព្យាបាល នៅពេលចាប់មានផលវិបាកទៅហើយ។
ជំងឺរីកប៉ោងសរសៃវ៉ែន ឬហៅជាភាសាបារាំងថា Varices មិនមែនជាជំងឺធ្ងន់ធ្ងរទេ និងត្រូវបានគេចាត់ទុកជាជំងឺដែលប៉ះពាល់ដល់សម្ផសច្រើនជាង ប៉ុន្តែមិនដូចការគិត ជំងឺនេះអាចបង្កផលវិបាកធ្ងន់ធ្ងរ ព្រោះវាអាចនឹងធ្វើឱ្យមានជំងឺThromboses គឺការស្ទះសរសៃឈាមបង្កឡើងដោយកូនដុំកំណកឈាម និងជំងឺរលាកសរសៃឈាមវ៉ែន ដែលតម្រូវឱ្យមានការព្យាបាលជាចាំបាច់។ តើជំងឺសរសៃឈាមរីកប៉ោងជាអ្វី ? សូមស្តាប់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ Pr Emmanuel Messasអ្នកទទួលខុសត្រូវផ្នែកជំងឺសរសៃឈាមបេះដូង នៅមន្ទីរពេទ្យ Georges Pompidou ក្រុងប៉ារីស ៖
“ជាបឋម សូមយល់ថា បណ្តាញសរសៃឈាមវ៉ែនរបស់មនុស្ស មានពីរផ្នែក ៖ មួយផ្នែកជាសរសៃឈាមកប់ជ្រៅខាងក្នុងសាច់ដុំ និងមួយផ្នែកស្ថិតផ្ទៃខាងក្រៅ សើស្បែក ដែលភាសាបច្ចេកទេសគេហៅថា សរសៃឈាមវ៉ែនសាហ្វែន les veines Saphènes។ សរសៃឈាមសាហ្វែន មានពីរទៀត គឺសាហ្វែនខាងក្នុង ភ្ជាប់ពីកែងជើងទៅភ្លៅ និងសាហ្វែនខាងក្រៅ(ស្វាហ្វែនតូច) ភ្ជាប់ពីកែងជើងឡើងដល់ត្រឹមជង្គង់។ គឺសរសៃឈាមវ៉ែនសាហ្វែននេះហើយដែលច្រើនតែមានករណីរីកប៉ោង (ជំងឺវ៉ារីស)។ ហេតុអ្វី ? សរសៃឈាមវ៉ែន មានតួនាទីជាអ្នកនាំឈាមពីចុងជើងឡើងទៅបេះដូង។ សរសៃឈាមវ៉ែនសើស្បែក ហូរចាក់ទៅ សរសៃឈាមផ្នែកខាងក្នុង ហើយហូរបញ្ច្រាសឡើងតាមសរសៃវ៉ែនទៅបេះដូងវិញបាន ដោយសារតែមានសម្ពាធ និងការកន្ត្រាក់សាច់ដុំច្របាច់សរសៃផង ដោយសារតែសរសៃឈាមមាន(វ៉ាល់)ប្រឹសចាំបិទបើកទៅតាមយន្តការនៃសម្ពាធឈាមផង។ គឺបើកឱ្យហូរទៅលើ និងបិទមិនឱ្យឈាមច្រាលហូរមកក្រោមវិញ។ តាមធម្មតា ប្រឹសរបស់សរសៃឈាមវ៉ែនជាប្រព័ន្ធប្រឆាំងនឹងការហូរឈាមច្រាលមកក្រោមវិញ ល្អ ខ្លាំងណាស់។ ជាយន្តការធម្មជាតិដ៏ឆ្លាតវៃបំផុតគ្មានអ្វីប្រៀបប្រដូចបានឡើយ ប៉ុន្តែវានៅតែអាចមានចន្លោះប្រហោង។ នៅពេល ប្រឹសដំណើរការមិនល្អ ឈាមអាចច្រាល ឬ ដក់នៅក្នុងសរសៃវ៉ែន ដែលធ្វើឱ្យសរសៃឈាមសើស្បែកឡើងពណ៌ខៀវក្រម៉ៅ ឡើងក្រាស់ រីកប៉ោង យឺតយារ រមួល ដែលហៅថាវ៉ារីសនេះឯង។”
សរសៃវ៉ែន ប្រៀបដូចជាខ្សែទន្លេហូរចាក់ខ្វាត់ខ្វែង សម្រាប់ទៅចិញ្ចឹមសពាង្គកាយ សឹងគូរចេញជាផែនទីបាន។ នៅពេលសរសៃឈាម រីកប៉ោង រមួល មានវ៉ារីសហើយ នោះអ្នកជំងឺ មិនត្រឹមតែមានអារម្មណ៍ថាជើងមិនស្អាត បាត់សម្រស់ទេ តែថែមទាំងអាចនឹងមានអាការៈឈឺចុកចាប់ និងផលរំខានជាច្រើនទៀតផង។ វ៉ារីសគឺជាជំងឺមួយ ទោះបីជាប្រភេទជំងឺស្រាលមែន តែវាជាការចាំបាច់ដែលត្រូវគិតគូរព្យាបាលឱ្យបានត្រឹមត្រូវ។ សូមស្តាប់ប្រសាសន៍លោកសាស្ត្រាចារ្យEmmanuel Messasជាថ្មី ៖
“ជួនកាលវ៉ារីសគ្មានឱ្យរោគសញ្ញាអ្វីទាំងអស់។ តែជួនកាលក៏មានការឈឺចុកចាប់យ៉ាងខ្លាំង និងមានសញ្ញារោគច្រើនប្លែកគ្នា គ្រប់បែបគ្រប់យ៉ាងខ្លាំងណាស់។ អាចជាការឈឺចុក ស្រពន់ ធ្ងន់ ឬឆាប់រោយជើងនៅពេលឈរអង្គុយយូរ។ អាចជាអាការៈរមាស់ អាចជាតាអក អាចមានសញ្ញារោគច្បាស់ៗ និងអាចជាអាការៈរំខានខ្លាំងណាស់សម្រាប់ជីវិតការងារ ជាពិសេសចំពោះអ្នកដែលមានអាជីពត្រូវឈរយូរ ឬឈរច្រើន។ វ៉ារីស ជាជំងឺរ៉ាំរ៉ៃ។ នៅពេលឈឺយូរទៅ ការព្យាបាលក៏ត្រូវប្រើពេលយូរ និងជាការព្យាបាលសរុបលើប្រព័ន្ធសរសៃឈាមកូរ៉ូណែទាំងស្រុងតែម្តង។ មិនមែនត្រឹមតែជាការព្យាបាលចោះៗបំបាត់ស្នាមត្រង់កន្លែងមានសរសៃឈាមវ៉ែននោះរីកបោង រមួល ... ទេ។ ការរីកប៉ោងសរសៃឈាមមិនមែនត្រឹមតែជាបញ្ហាសម្ផសទេ វ៉ារីស ជាជំងឺ។ ជាជំងឺប្រភេទជំងឺស្រាល ដែលត្រូវតែធ្វើការព្យាបាល។ ព្យាបាលជាដំបូងដោយគោរពអនាម័យក្នុងការរស់នៅត្រឹមត្រូវ បន្ទាប់មកទើបអាចឈានដល់ការព្យាបាលដោយប្រើថ្នាំ ឬដល់ការវះកាត់ផងប្រសិនបើជំងឺនេះវាធ្វើឱ្យអ្នកជំងឺពិបាកពេក។ ត្រូវព្យាបាលឱ្យបានត្រឹមត្រូវ ព្រោះថ្វីបើវាជាជំងឺស្រាលមែន តែការរីកប៉ោងសរសៃវ៉ែន អាចនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងន់ខ្លាំងពីរប្រភេទ គឺផលរំខានស្រួចស្រាវ និងផលរំខានរ៉ាំរ៉ៃ។ ផលរំខានស្រួចស្រាវ ដូចមានរៀបរាប់ពីខាងដើម គឺវាធ្វើឱ្យមានជំងឺរលាកសរសៃឈាម និងជំងឺដុំកំណកឈាម Thrombose ព្រោះការរីកប៉ោងសរសៃឈាម បណ្តាលមកពីឈាមហូរមិនស្រួល ហើយដក់ រួចក៏ ក្លាយជាដុំកំណកឈាម ដែលអាចកកស្ទះសរសៃឈាមណាមួយ នៅសួត។ នេះជាផលរំខានស្រួចស្រាវធ្ងន់ធ្ងរដ៏កម្រ ដែលត្រូវព្យាបាល ព្រោះឥលូវគេមានថ្នាំពូកែខ្លាំងណាស់ខាងបំបែកដុំកំណកឈាមនេះ”។
មានកត្តាជាច្រើនដែលជាហានិភ័យនាំមានជំងឺរីកប៉ោងសរសៃវ៉ែន ដូចជា ធាត់ជ្រុល ស្រណុកពេក ភាពក្តៅ ឬមានផ្ទៃពោះ និងជាពិសេសគឺកត្តាអាយុ ព្រោះបើអាយុកាន់តែច្រើន ប្រព័ន្ធធម្មជាតិប្រឆាំងនឹងឈាមហូរច្រាល កាន់តែចុះទន់ខ្សោយ លែងសូវមានប្រសិទ្ធភាព។ ពូជក៏កត្តាសំខាន់មួយនៃជំងឺវ៉ារីសដែរ។ ហើយនៅពេលដែលសរសៃឈាមបានរីកប៉ោង យារយឺតហើយ គេមិនអាចកែឱ្យសរសៃឈាមមានលក្ខណៈរលាស់ ត្រលប់មកល្អដូចដើមឡើងវិញបានទេ។ រាល់ការព្យាបាលបានត្រឹមទប់មិនឱ្យជំងឺវិវឌ្ឍទៅមុខទៀតប៉ុណ្ណោះ។ ដូច្នេះមធ្យោបាយដ៏ល្អប្រពៃជាងគេ គ្មានអ្វីក្រៅពីការការពារទេ។ ដូចពាក្យបូរាណខ្មែរលោកពោល “ការពារប្រសើរជាងព្យាបាល”។ ប៉ុន្តែកត្តាអាយុ និងពូជ ជាអ្វីដែលគេមិនអាចបញ្ចៀសបានឡើយ។ អ្នកមានឪពុកម្តាយជីដូនជីតា ធ្លាប់មានរោគវ៉ារីសនេះ អាចព្យាយាមកាត់បន្ថយហានិភ័យ និងពន្យារពេលកុំឱ្យឆាប់ធ្លាក់ខ្លួនឈឺ ឬបើឈឺក៏មិនសូវមានផលវិបាកបាន តាមរយៈ ការរក្សាសុខភាពសាច់ដុំឱ្យរឹងមាំ រក្សាកាយសម្បទាឱ្យមាំមួន និងត្រូវចេះប្រយ័ត្នប្រយែងខ្លួន ឆាប់នឹកគិតរកវិធីការពារនិងព្យាបាល។ បើតាមលោកសាស្ត្រាចារ្យ អេម៉ាណុយអ៊ែល ម៉េសាស មានសញ្ញាជាច្រើនដែលដាស់ប្រាប់យើងឱ្យបានដឹងខ្លះ មុននឹងសរសៃឈាមឡើងក្រាស់ ឬលេចរូបរាងរីកបោង រមួល ចេញនៅលើផ្ទៃស្បែក។ សូមអញ្ជើញស្តាប់ ៖
“មានសញ្ញាប្រាប់មុនជាច្រើនសឹងអាចរាយជាបញ្ជីបាន។ ទីមួយគឺ មានអាការៈធ្ងន់ជើងដែលយើងដឹងស្ទើរគ្រប់គ្នា។ ចេះតែមានអារម្មណ៍មិនស្រណុកនៅជើង មិនអាចនៅស្ងៀម ឬឈរទ្រឹងបានយូរទេ បានទាល់តែអង្រួន រើរុះ ផ្អៀងផ្អងទើបឈរជាប់។ ចេះតែមានអារម្មណ៍ក្តៅរោល ឬស្រិបៗដូចប៉ះភ្លើងឆក់ ទាល់តែអង្គើជើងទើបបាត់។ មានរមាស់ ឧស្សាហ៍រមួលក្រពើ ជាពិសេសនៅពេលយប់។ ហើមជើង ហើម-ក-ជើង ជាពិសេសនៅពេលល្ងាច ក្រោយពីធ្វើការឈរហត់អស់ពេញមួយថ្ងៃ និងការលេចឡើងនូវបណ្តាញកូនសរសៃឈាមតូចៗឆ្មារៗប៉ុនសរសៃសក់ ពណ៌ក្រហម ជួនមានទម្រង់ជាផ្កាយផង នៅលើផ្ទៃស្បែក និង មើលឃើញដោយភ្នែកទទេ។ នេះជាការយឺតយារកូនសរសៃឈាម ដែលជាដំណាក់កាលដំបូងមុននឹងឈានទៅជាជំងឺរីកប៉ោងសរសៃឈាមវ៉ែន វ៉ារីស។ ហើយដើម្បីចៀសវាងកុំឱ្យមានជំងឺវ៉ារីសទាន់ សូមចៀសវាងការប្រឈមនឹងប្រភពក្តៅ ចំហ៊ុយស្ពង់ (សូណា ហាម៉ាំ ...)។ សូមព្យាយាមដើរ ជិះកង់ ឱ្យបានច្រើន ព្រោះកាន់ប្រឹងដើរ ឈាមរត់កាន់តែស្រួល មិនដក់ មិនកកក្លាយជាដុំកំណកឈាម។ សំរាន្តដោយដាក់ជើងឱ្យខ្ពស់ជាងក្បាល ដើម្បីសម្រួលចរន្តហូរឈាមត្រលប់ទៅបេះដូង ឬ ពាក់ស្រោមជើងសុខភាព bas de contention ដែលជួយច្របាច់សាច់ដុំជើងឱ្យកន្ទ្រាក់ ធាក់រុញឈាមឱ្យហូរត្រលប់ទៅបេះដូងបានល្អ”។
នៅក្នុងប្រទេសជឿនលឿន ដូចយ៉ាងប្រទេសបារាំង គេសង្កេតឃើញមានពលរដ្ឋប្រមាណ ពី ១១ទៅ២៤% មានបញ្ហាវ៉ារីស។ ក្នុងចំណោមអ្នកជំងឺទោះនោះ ភាគច្រើនជាស្ត្រី ព្រោះដោយសារតែ អ័រមូនម្យ៉ាងរស់ស្ត្រី ព្រោះស្ត្រីជាអ្នកពរពោះ (ពេលមានផ្ទៃពោះសរីរាង្គជាច្រើនបានរីក ដូច្នេះសរសៃឈាមក៏រីកដែរ) របៀបរបបរស់នៅ ឈរច្រើន អង្គុយស្ងៀមខ្លាំង ស្រណុកជ្រុល ធាត់ហួសហេតុ សុទ្ធសឹង ជាកត្តានាំហានិភ័យដល់សរសៃឈាម។ អាកាសធាតុក្តៅ ក៏ជាចំណែកមួយងាយជំរុញឱ្យសរសៃឈាមវ៉ែនរីកប៉ោងដែរ។ ប៉ុន្តែបណ្តាពលរដ្ឋរស់នៅក្នុងប្រទេសក្តៅដូចយ៉ាងកម្ពុជា ឬឥណ្ឌាកម្រមានជំងឺវ៉ារីសណាស់ ហេតុដូច្នេះហើយបានជាក្រុមគ្រូពេទ្យ យល់ថា នេះទំនងដោយសារកត្តាពូជ និងពូជសាសន៍ ព្រោះគេសង្កេតឃើញថាជំងឺវ៉ារីសនេះមាន ប្រមាណតែ៥%នៅអាហ្វ្រិក និងតិចតួចបំផុតនៅអាស៊ី (១%)៕
3/9/2022 • 9 minutes, 54 seconds
កូវីដជាជំងឺបង្កឡើងដោយវីរុស ដែលនឹងអាចជាទៅវិញក្នុងរយៈពេលពី១ទៅ៣សប្តាហ៍។ ប៉ុន្តែអ្នកជំងឺកូវីដខ្លះ មានសញ្ញារោគ និងអាការៈរោគ ដល់ទៅរាប់ខែឯណោះ។ អ្នកបានឆ្លងជំងឺកូវីដ១៩ ប្រមាណ២០%មានបន្សល់ទុកនូវទម្រង់ជំងឺកូវីដរយៈពេលយូរ។ យូររាប់ខែ និងដល់ឆ្នាំផង។ លែងមានមេរោគក្នុងខ្លួន និងខ្លះលែងទាំងមានអង់ទីក័រកូវីដ១៩ទៀតទៅហើយមែន ប៉ុន្តែអ្នកជំងឺនៅតែបន្តមានរោគសញ្ញា កូវីដ មួយឬ ច្រើន ក្នុងខ្លួនទៀត។ ទម្រង់ជំងឺកូវីដបែបនេះ គេឱ្យឈ្មោះថាកូវីដរ៉ាំរ៉ៃ ឬកូវីដរយៈពេលវែង។ តើទម្រង់ជំងឺបែបនេះ មានអាការៈសញ្ញាដូចម្តេច ? មានវិធីព្យាបាល និងមានដំណោះស្រាយទេ ? និងផលវិបាកយ៉ាងណាខ្លះ ?
អង្គការសុខភាពពិភពលោកបានប្រកាសទទួលស្គាល់ នៅខែកញ្ញាឆ្នាំ២០២០ថា “កូវីដ១៩ អាចបង្កឱ្យមានជំងឺ អូសបន្លាយពេលវេលាវែង និងមានរោគសញ្ញាជាប់នឹងខ្លួនអ្នកជំងឺយូរ មិនថាអ្នកជំងឺនោះជាក្មេង ជាមនុស្សចាស់ ឬអ្នកគ្មានរោគា ជំងឺរ៉ាំរ៉ៃពីមុនមកទេ។ អ្នកជំងឺមានអាការៈស្រាល និងមិនត្រូវការជំនួយព្យាបាលនៅមន្ទីរពេទ្យ ក៏អាចធ្លាក់ខ្លួនមានជំងឺកូវីដរយៈពេលវែងបានដែរ”។ អង្គការសុខភាពពិភពលោកបានលើកឡើងទៀតថា ក្រោយកូវីដ អ្នកជំងឺមានស្ថានភាពសុខភាពប្រសើរឡើងវិញយ៉ាងយឺតៗ បំផុត និង ឡើងចុះៗ ម្តងស្រួលខ្លួនម្តងមិនស្រួល ហើយបើស្រួលខ្លួនក៏មិនពេញលេញភ្លាមដែរ។ នៅប្រទេសបារាំង សភាជាតិក៏បានអនុម័តលើសេចក្តីសម្រេចទទួលស្គាល់បុគ្គលមានកូវីដទម្រង់វែងរួចមកហើយដែរកាលពីថ្ងៃទី ១៧កុម្ភៈ២០២១។
ដូចម្តេចដែលហៅថាជំងឺកូវីដរយៈពេលវែង ឬកូវីដរ៉ាំរ៉ៃ ?
ជាទូទៅ កូវីដជាជំងឺដែលនឹងជា លែងមានសញ្ញារោគ នៅរវាងពីរឬបីសប្តាហ៍។ ប៉ុន្តែសម្រាប់អ្នកជំងឺខ្លះ បួន-ប្រាំសប្តាហ៍ក្រោយការឆ្លងរោគ ខ្លះរាប់ខែក្រោយតេស្តវិជ្ជមានហើយ នៅតែមានអាការៈសញ្ញារោគកូវីដទៀត។ បើនៅមានរោគសញ្ញាណាមួយនៃជំងឺកូវីដ បើមានរោគសញ្ញាមួយឬច្រើន ដូចកាលពីវិជ្ជមានកូវីដ ឬក៏រោគសញ្ញាទាំងអស់នោះមិនបណ្តាលមកពីជំងឺរ៉ាំរ៉ៃអ្វីផ្សេងទៀតសោះ (ដូចជា ជំងឺទឹកនោមផ្អែម ជំងឺទីរ៉ូអ៊ីត ជំងឺសួតរ៉ាំរ៉ៃទេ) នោះហើយជាទម្រង់ជំងឺកូវីដរយៈពេលវែង។
សញ្ញារោគ នៃកូវីដវែង បើធ្វើជាបញ្ជីប្រាកដជាវែងគួរឱ្យភ្ញាក់ផ្អើលមែនទែន។ សំណល់របស់ជំងឺបង្កឡើងដោយវីរុសដែលអ្នកវិទ្យាសាស្ត្រមានទម្លាប់ប្រទះ ក្រោយជំងឺផ្តាសាយធំ ជំងឺរលាកសួត មានតែពីរបីមុខប៉ុណ្ណោះ រួមមាន សំណាកលើផ្លូវដង្ហើម ស្នាមរលាកស្រោមបោះដូង ឬពិការភាព ប៉ុន្តែមិនដែលឃើញមានផលវិបាកច្រើនរាយប៉ាយស្ទើរគ្រប់សរីរាង្គដូចករណីបង្កឡើយដោយវីរុស Sars-coV-2 នៃជំងឺកូវីដ១៩សោះ។
អាការៈរោគដែលគេជួបប្រទះញឹកញាប់ជាងគេមានដូចទៅ ៖
-ហត់អស់កម្លាំង ៖ អស់កម្លាំង ជាអាការៈដែលកើតឡើងញឹកញាប់ជាងគេ។ ជាការអស់កម្លាំងខ្លាំង ខ្លាំងមែនទែន។ សូម្បីតែធ្វើកិច្ចការប្រចាំថ្ងៃតូចសាមញ្ញមួយ ឬធ្វើការប្រើខួរក្បាលតែបន្តិចសោះ ក៏អ្នកជំងឺមានអារម្មណ៍ភ្លាម។ ហត់អស់កម្លាំងខ្លាំង និងឡើងចុះលឿនពេក រហូតកា្លយជាមូលហេតុចំបង តម្រូវឱ្យអ្នកជំងឺហាត់សម្របរៀនគ្រប់កាយវិការ ទើបអាចត្រលប់ទៅបំពេញការងារក្នុងអាជីព សង្គមនិងការងារបុគ្គលវិញបាន។
-មានវិបត្តិប្រព័ន្ធប្រសាទ ៖ អ្នកជំងឺពិបាកផ្ចង់អារម្មណ៍ និងមានបញ្ហាខួរក្បាល លែងសូវចងចាំល្អ ឆាប់មួរហ្មងក្នុងចិត្ត និងចេះតែថប់បារម្ភ។ អ្នកខ្លះមានដំណេកមិនល្អ ដេកមិនសូវលក់ចេះតែឧស្សាហ៍ភ្ញាក់ ដេកមិនឆ្អែត ងោកងុយខ្លាំងនិងដេកច្រើននៅពេលថ្ងៃ។
-ការឈឺចុកចាប់ ៖ អាការៈឈឺចុកចាប់ខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ខ្លះចុកចាប់ណែនទ្រូង អមដោយចង្វាក់បេះដូងលោតញាប់ ថប់ដង្ហើម ឬក្អកភ្លាមឱ្យប្រឹងបន្តិច។ ខ្លះ ទៀតឈឺក្បាលខ្លាំង ឈឺក្បាលដោយគ្រាន់តែគ្រលៀសភ្នែកលឿនជ្រុល មិនប្រយ័ត្ន។ ឈឺក្នុងត្រចៀក ហឹង និងជួនវិលមុខថែមទៀត។ ឈឺអស់សាច់ដុំ សន្លាក់ ចុកស្មា ចុកខ្នង ស្រពន់ខ្សោយដៃជើង។
បាត់ក្លិន បាត់រសជាតិ លែងឆ្ងាញ់បាយ មានវិបត្តិប្រព័ន្ធរំលាយអាហារ (រលាកក្រពះ ឈឺពោះ ទល់ខ្យល់ ទល់លាមក សុទ្ធសឹងជាអាការៈរោគដែលកើតមានជាញឹកញាប់ខ្លាំងដែរ លើអ្នកជំងឺកូវីដរ៉ាំរ៉ៃ។ នៅមានអាការៈជាច្រើនបែប ច្រើនយ៉ាងផ្សេងទៀតណាស់ ដូចជាស្ងួតមាត់ ស្ងួតភ្នែក ជ្រុះសក់ បាត់ចំណង់តុណ្ហា រដូវលែងទៀង ម្តងក្តៅម្តងត្រជាក់ សៀវស្រាញ ...
អាការៈទាំងអស់នេះអាចលេចឡើងដោយគ្រាន់តែអ្នកជំងឺប្រើកម្លាំងកាយ ឬកម្លាំងបញ្ញាបន្តិច ឬដោយគ្រាន់តែប្តូរផ្លាស់ទម្លាប់អ្វីតែបន្តិចបន្តួច។ ប៉ុន្តែជាសំណាងល្អ អាការៈសញ្ញានេះនឹងរលុបបាត់ទៅវិញ បន្តិចម្តងៗ ពីមួយថ្ងៃទៅថ្ងៃ ទៅតាមល្បឿនរបស់មនុស្សម្នាក់ៗ ហើយគ្មានបន្យល់ទុកនូវស្លាមស្នាមអ្វីទេ នៅពេលពួកគាត់ជាដាច់។ ការថតឆ្លុះខួរក្បាលដោយប្រើប្រព័ន្ធIRM អ៊ឹមរ៉ាយ លើអ្នកជំងឺបាត់ការចងចាំ គេងមិនលក់និងពិបាកផ្ចង់អារម្មណ៍ បានបង្ហាញថាខួរក្បាលរបស់ពួកគេគ្មានសល់ស្នាមរបួសអ្វីទាំងអស់នៅពេលជាដាច់។ មានតែ១០%ប៉ុណ្ណោះដែលអាចមានផលវិបាកជាប់ខ្លួនទៅថ្ងៃក្រោយ។
តើអ្នកជំងឺប្រភេទណាងាយមានអាការៈកូវីដរ៉ាំរ៉ៃ ?
ជាបឋមគឺអ្នកជំងឺដែលមានកូវីដធ្ងន់ធ្ងរ។ ប៉ុន្តែ ក៏មានដែរអ្នកជំងឺកូវីដមធ្យម ស្រាល ឬគ្រាន់តែវិជ្ជមានគ្មានរោគសញ្ញាសោះនោះ។ ខ្លះគ្មានរោគសញ្ញាអ្វីទាំងអស់ហើយមិនទាំងបានទៅធ្វើតេស្តពេលកំពុងឈឺកូវីដនោះ។ បើតាមលោកវេជ្ជបណ្ឌិត Nicolas Barizien ប្រធានផ្នែកអប់រំកាយសម្បទានៅមន្ទីរពេទ្យ Foch ដែលជាអ្នកគ្រប់គ្រងកម្មវិធី Rehab Covid ជួយអ្នកជំងឺកូវីដរ៉ាំរ៉ៃ អ្នកជំងឺកូវីដរយៈពេលវែងច្រើនជាមនុស្សសកម្ម ក្មេង និងគ្មានកត្តាហានិភ័យសុខភាពពីមុនមកសោះ។ បើជាស្ត្រី គឺមានអាយុពី៤០ទៅ៦០ឆ្នាំ និងពី៣០ទៅ៥០ឆ្នាំ បើជាបុរស។
ការសិក្សាបារាំងនិងអន្តរជាតិជាច្រើន ហាក់សង្កេតឃើញនិងអាចបញ្ជាក់បានដូចគ្នាថា ថ្វីបើបុរសងាយធ្លាក់ខ្លួនឈឺកូវីដទម្រង់ធ្ងន់ជាងស្ត្រីមែន តែគឺស្ត្រីដែលងាយមានគ្រោះឈឺកូវីដយូរត្រាំត្រែង។ ការសិក្សាបានកំណត់ឃើញអ្នកមានជំងឺកូវីដរយៈពេលវែង មានបែបផែន ជាមនុស្ស ក្មេង ភេទស្ត្រី អាយុជាមធ្យម៤០ឆ្នាំ មិនធាត់លើសទម្ងន់ គ្មានរោគប្រចាំកាយ និងច្រើនជាសកម្មខ្លាំង។
បើតាមតួលេខរបស់អាជ្ញាធរសុខាភិបាលបារាំងចេញផ្សាយកាលពីថ្ងៃទី១៩វិច្ឆិកា២០២១ ជាង២០%នៃអ្នកជំងឺបន្តមានអាការៈកូវីដរយៈពេលវែង លើសពី៥សប្តាហ៍ក្រោយពីវិជ្ជមាន/ឈឺកូវីដ និង ១០%នៅបីខែក្រោយ។ ៦៧%នៃអ្នកវិជ្ជមានកូវីដដែលមានចេញរោគសញ្ញា (ឈឺស្រាលឬឈឺមធ្យម) បន្តមានអាការៈរោគ លើសពី៣០ថ្ងៃក្រោយមានលទ្ធផលតេស្តវិជ្ជមាន។ នេះសបញ្ជាក់ឱ្យឃើញអំពីបន្ទាន់សម្រាប់ក្រុមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងថា ប្រសិនបើពួកគេឆ្លងកូវីដ នោះពួកគេមានហានិភ័យខ្ពស់នឹងមានអាការៈកូវីដរ៉ាំរ៉ៃហើយ។
ចំពោះក្មេងជំទង់និងកុមារវិញ ទោះជាកម្រកើតជំងឺកូវីដធ្ងន់ធ្ងរមែន ប៉ុន្តែការសិក្សាអង់គ្លេសរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London និងនៅស្ថាប័ន Public Health England ចេញផ្សាយកាលពីខែសីហា២០២១ បានបង្ហាញថា ក្នុងចំណោមក្មេងវិជ្ជមានកូវីដ៧នាក់ មានម្នាក់អាចមានអាការៈកូវីដយូរ នៅបីខែក្រោយ។ ពោលគឺ១៤%នៃក្មេងវិជ្ជមានកូវីដ បានប្រកាសថាមានអាការៈរោគកូវីដ ចំនួនបីឬច្រើនជាងបី នៅ១៥សប្តាហ៍ក្រោយតេស្តវិជ្ជមាន និង៧%មានរោគសញ្ញាលើសពី៥។ ហើយរោគសញ្ញាចម្បងគេគឺ ការហត់អស់កម្លាំងខ្លាំង និងឈឺក្បាល។
ប៉ុន្តែជាដំណឹងល្អ អ្នកស្រាវជ្រាវ ពុំរកឃើញអំពីផលប៉ះពាល់ដល់សុខភាពខួរក្បាល និងសុខុមាលភាពរបស់ក្មេងវិជ្ជមាន អ្វីលើសពីក្មេងអវិជ្ជមានកូវីដទេ។
តើត្រូវធ្វើដូចម្តេចនៅពេលមានអាការៈកូវីដរ៉ាំរ៉ៃ ?
គ្មានថ្នាំព្យាបាលជំងឺកូវីដរយៈពេលវែងទេ ! ប៉ុន្តែគ្រូពេទ្យអាចផ្តល់ការព្យាបាលបំបាត់អាការៈរោគនីមួយៗ មានន័យថាបើឈឺក្បាលពេទ្យឱ្យថ្នាំឈឺក្បាល បើ ស្បែករោលរលាកឱ្យថ្នាំឡេលាបបំបាត់ការរោលរលាក ...
ជាទូទៅ អ្នកជំងឺកូវីដរយៈពេលវែង ភាគច្រើន នឹងបានធូរស្បើយ និងមានសុខភាពល្អប្រសើរឡើង ដោយសន្សឹមៗ។ ប្រសិនបើមានការថែទាំ និងតាមដានពីគ្រូពេទ្យដោយត្រឹមត្រូវ អ្នកជំងឺអាចនឹងជាដាច់ នៅយ៉ាងយូររវាងពី៨ទៅ១៨ខែ៕
2/18/2022 • 9 minutes, 21 seconds