Winamp Logo
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ Cover
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ Profile

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Khmer, Political, 1 season, 82 episodes, 10 hours, 1 minute
About
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។
Episode Artwork

អឺរ៉ុបបើក​ជំនួប​កំពូលស្តី​ពី​ជំនួយ​សម្រាប់​អ៊ុយក្រែន​ ក្រោម​សម្ពាធ​និង​​​កំហឹង​កសិករ

នៅថ្ងៃព្រហស្បតិ៍​ទី​១កុម្ភៈ​២០២៤​នេះ សមាជិក​សហភាពអឺរ៉ុបទាំង​២៧​ប្រទេស​បាន​មក​ជួប​ជុំ​គ្នា​​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ដើម្បី​ជជែក​អំពី​បញ្ហា​​ថវិកា​និងអនុម័ត​​ជំនួយ៥០ពាន់​លាន​អឺរ៉ូ​​សម្រាប់​អ៊ុយក្រែន។ ជំនួប​ប្រជុំ​ត្រូវ​រក​វិធី​​ជំនះ​ចិត្ត​ហុងគ្រីឱ្យ​បាន​ ហើយ​ត្រូវ​​ពន្លត់​កំហឹង​កសិករ​អឺរ៉ុប​ទៀត។ កសិករ​និង​ត្រាក់ទ័រ​រាប់​ពាន់គ្រឿង​​បាន​នាំ​គ្នា​ទៅ​ដល់​មុខ​សហភាព​អឺរ៉ុប​នា​ទីក្រុង​ព្រុចសែលប្រទេស​ប៊ែលហ្ស៊ិក។ ហេតុ​អ្វី​ហុងគ្រី​ជំទាស់​នឹង​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ? ហើយ​ហេតុ​អ្វី​បាន​ជា​កសិករ​អឺរ៉ុប​ផ្ទុះ​កំហឹង​រាល​ដាល​ខ្លាំង​ដូច្នេះ? ជំនួបកំពូល​វិសាមញ្ញ​អឺរ៉ុប​ថ្ងៃ​នេះ ជា​ជំនួប​ផ្តាច់ព័ត្រដែល​គេ​សង្ឃឹម​ថា​នឹង​អាច​បញ្ចុះ​បញ្ចូល​ហុងគ្រី​បាន​ និង​បង្ហាញ​សាមគ្គីភាព​ជា​ធ្លុង​មួយ​របស់​អឺរ៉ុប​ ក្នុង​ការ​ផ្តល់​ជំនួយដល់​​អ៊ុយក្រែន។  តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ជា​បន្ត​បន្ទាប់​ដល់​អ៊ុយក្រែន តែ​ក្នុង​ទម្រង់​ជា​ការ​ព្រមព្រៀង​អន្តររដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ពី​​ជាតិ​នីមួយៗ​ជា​រៀង​រាល់​ឆ្នាំ។ ជា​បែប​បទ​ដ៏​ស្មុគស្មាញ ទើប​អឺរ៉ុប​ចង់​បង្កើត​កញ្ចប់​ថវិកាតែ​មួយ​​​​រួម​គ្នា​សម្រាប់​អ៊ុយក្រែន និង​ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ព្យាករ​ហិរញ្ញវត្ថុ​បាន​ស្រួល​បន្តិច។កញ្ចប់​គម្រោងជំនួយ​​ថវិកានេះ​មាន​តម្លៃ​ ​៥០ពាន់​លាន​អឺរ៉ូ ៖ ៣៣​ពាន់​លាន​ជា​ប្រាក់​កម្ចី​​ការ​ថោក និង​១៧ពាន់​លាន​ជា​ប្រាក់​ឧបត្ថម្ភ​ ក្នុងក្របខ័ណ្ឌ​ថវិកាអឺរ៉ុប​ពី​ឆ្នាំ​២០២៤-២០២៧។ ដើម្បី​អនុម័ត​គម្រោង​ថវិកា​នេះ​បាន សហភាព​អឺរ៉ុប​ត្រូវ​ការ​ការ​ព្រមព្រៀង​ពី​សមាជិក​ទាំង​២៧​ប្រទេស។ប៉ុន្តែ​ ហុងគ្រី​ដែល​ដឹកនាំ​ដោយ​​លោកនាយករដ្ឋមន្ត្រី ​អ័របាន ជាប្រមុខ​ដឹកនាំ​ប្រទេស​បែប​ប្រជាភិថុត​តែ​ម្នាក់​គត់​ក្នុង​ចំណោម​សមាជិកសហភាពអឺរ៉ុប ដែល​នៅ​បន្ត​មាន​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​នឹង​រុស្ស៊ី​ ​បាន​ប្រកាស​ជំហរ​ជំទាស់ ដោយ​​ទាមទារ​សុំ​ ​សើរើ​មើល​គម្រោង​ជំនួយ​អ៊ុយក្រែន​ជារៀង​រាល់​ឆ្នាំ​ តាម​រយៈ​ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ។​ជំនួយ​សហភាពអឺរ៉ុប​ដោយ​គ្មាន​ហុងគ្រី​?ប៉ុន្តែអឺរ៉ុប​​មិន​ចង់​ផ្តល់​ឱកាស​ឱ្យ​ហុងគ្រី​មាន​សិទ្ធិ​ប្រឆាំង​វេតូ​​សម្រាប់​ជាធ្នាក់​ទាមទារ​ការ​ដោះដូរ​អ្វី​មួយឡើយ​ ទើប​ចង់​លួង​លោម​និង​បញ្ចុះ​បញ្ចូល​រក​ផ្លូវ​កណ្តាល​មួយ​ដែល​ទទួល​យក​បាន​ទាំងអស់​គ្នា។ ​សហភាព​អឺរ៉ុប​ព្រម​​រៀប​ចំ​ការ​តស៊ូ​មតិថ្នាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ជុំ​វិញ​បញ្ហា​ថវិកា​ជំនួយ​នេះ ​ជា​រៀង​រាល់​ឆ្នាំ តែដោយ​គ្មាន​លទ្ធភាព​ប្រឆាំង​ទេ។នេះ​ជាការ​បន្ទន់​ឥរិយាបថ​បន្តិច​របស់អឺរ៉ុប​ចំពោះហុងគ្រី​ហើយ។ ហើយ​នៅទី​បំផុតហុងគ្រី​ក៏​យល់​ព្រម។ អឺរ៉ុប​២៧​ប្រទេស​បាន​សម្រេច​ព្រមព្រៀង​គ្នា​បើក​​កញ្ចប់​ថវិកា​ជំនួយ​ដល់​អ៊ុយក្រែន​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​សារ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ Charles Michel។បាតុកម្ម​កសិករ​បង្វែររបៀបវារៈ​នៃ​ជំនួប​​សហភាពអឺរ៉ុប?ផ្តើម​នៅ​ប្រទេស​អាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់ ឥលូវ​រាលដាល​ដល់​វេន​កសិករ​បារាំង​និង​ប៊ែលហ្ស៊ិក ព្រមទាំង​អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ... សន្ទុះបាតុកម្ម​របស់ប្រជា​​កសិករ​អឺរ៉ុប​ កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ។ នៅ​បារាំង​ បាតុករ​កសិករ​បាន​រំកិល​មក​កាន់​តែ​កៀក​ក្រុង​ប៉ារីស និង​បាន​ចូល​ដល់​ទីផ្សារ​បោះដុំ ​Rungis។ កសិករ​បារាំង ប៊ែលហ្សិក​បាន​នាំ​គ្នា​បិទ​ខ្ទប់​ច្រក​ផ្លូវ​នៅ​តាម​ព្រំ​ដែន​ប្រទេស​ទាំងពីរ តាំង​ពីព្រលប់​ ដើម្បី​បរិហារ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី និង​ទាមទារ​ឱ្យរដ្ឋាភិបាល​សន្យា​ចាត់​វិធានការ ធំ​និង​​ច្បាស់​លាស់​។ នៅ​ព្រុចសែល រដ្ឋធានី​អឺរ៉ុប កសិករ ជាមួយ​ត្រាក់ទ័រ​ប្រមាណ​១ពាន់​គ្រឿង​បាន​ចូល​ទៅ​បិទ​ខ្ទប់​ច្រក​ចូល​ទៅ​កាន់​ទី​មាន​ជំនួប​កំពូល​សហភាព​អឺរ៉ុប។កសិករ​អឺរ៉ុបផ្ទុះ​កំហឹង​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុបផ្តល់​តម្លៃ​ដល់​ការងារ​របស់​ពួក​គេ។ ពួក​គេ​ត្អូញត្អែរ​អំពី​ការ​លំបាក ផ្នែក​រដ្ឋបាលផង ចំណូល​តិច​ផង វិបត្តិប្រេងឡើងថ្លៃផង​ បទដ្ឋានបរិស្ថានកាន់​តែ​ច្រើន និង​តឹងតែងឡើងៗផង​ តែ​ត្រូវ​​ប្រកួតប្រជែង​ជាមួយផលិតផល​នាំចូលពីបរទេស ដែល​គ្មាន​គុណភាពឆ្លើយ​តប​នឹង​​បទ​ដ្ឋាន​អឺរ៉ុបមាន​ជា​អាទិ៍​ការ​លើក​លែង​ចំពោះ​ផលិតផល​នាំ​ចូល​ពី​អ៊ុយក្រែន ដើម្បីជួយ​ប្រទេស​ដែល​រង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។ដើម្បី​បន្ធូរ​កំហឹង​​បាតុកម្ម​នេះ​ រដ្ឋាភិបាល​នីមួយៗ​បាន​សាកល្បង​ដោះស្រាយ​ និង​ប្រកាស​ប្តេជ្ញា​​ជួយ​ប្រជាកសិករ​។ ប៉ុន្តែ​ ជំនួយ វិធានការ​ថ្មីៗ​សម្រាប់​កសិករ ដែល​ជា​​ការ​សន្យា​របស់​រដ្ឋាភិបាល​បារាំង ក៏​ដូច​ជា​ការ​ធ្វើ​សម្បទានរបស់​​​គណៈកម្មការអឺរ៉ុប​​ ព្រម​កំរិត​ការ​ទិញ​និង​នាំ​ចូល​ផលិត​ផល​អ៊ុយក្រែន មិន​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្ងប់​ចិត្ត ស្រាក​កំហឹង​ទេ។ ចំណាត់ការ​របស់​អាជ្ញាធរ​​​ធ្លាក់​មក​យឺត​ពេល​បន្តិច​ទៅ​ហើយ ហើយ​វិធានការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការ​នាំ​ចូល​ ​ មិនគ្រប់គ្រាន់​ទេ​សម្រាប់​ការ​ពារ​ប្រជាកសិករ​អឺរ៉ុប។ ម្យ៉ាង​វិញទៀត ពេល​នេះ​សហភាព​អឺរ៉ុប​កំពុង​តែ​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​ ជាមួយ​បណ្តា​ប្រទេស​កសិកម្ម​ធំៗ​ដូច​ជា​ ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ​ ប៉ារ៉ាហ្កាយ។ គម្រោង​កិច្ចព្រមព្រៀង​នេះ​ជា​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ សម្រាប់​ប្រជាកសិករអឺរ៉ុប និង​ដែល​បារាំង​មិន​ចង់ឃើញ​វា​កើត​ចេញ​ជា​រូប​រាង​ទេ។ដូច្នេះ​ចង់​ឬ​មិន​ចង់​ និង​ទោះ​ជា​មិន​ផ្លូវការ ក៏​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃ​នេះ ត្រូវ​តែ​វិល​នៅ​ជុំ​វិញ​​បញ្ហាការពារ​ប្រយោជន៍​​ប្រជា​កសិករអឺរ៉ុប​​៕
2/1/20246 minutes, 28 seconds
Episode Artwork

សង្គ្រាមហ្កាហ្សា៖ ហាម៉ាសទទួល​ស្គាល់កំហុស​ដែល​ធ្វើ​ឱ្យស្លាប់​ជនស៊ីវិល

ជាង​បីខែកន្លះ​ក្រោយផ្ទុះ​​សង្គ្រាម​នៅ​ហ្កាហ្សា​មក ចលនា​ហាម៉ាស​បាន​​ប្រកាស​នៅថ្ងៃទី ២១​មករា​២០២៤ ​ ទទួល​ស្គាល់​កំហុស ដោយ​បាន​បង្ក​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ស្លូតត្រង់ ក្នុង​​ប្រតិបត្តិការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧​តុលា​២០២៣។ ការ​វាយឆ្មក់​ ​ជា​ដើម​ហេតុ​នាំឱ្យ​អ៊ីស្រាអែល​ចេញ​ធ្វើ​សង្គ្រាម​លើ​តំបន់​ហ្កាហ្សា។ ហេតុ​អ្វី​បាន​ជាហាម៉ាស​ទើប​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​នៅពេលនេះ ? ​ថ្ងៃ​អាទិត្យទី​២១​មករា​២០២៤​ម្សិលមិញ​ ចលនាហាម៉ាស​បាន​ត្រលប់​មកពន្យល់​​​​​បំភ្លឺ តាម​រយៈ​ឯកសារ​កម្រាស់​ជិត​២០​ទំព័រ ​​អំពីដំណើរ​ដើម​ទងនៃ​​​​ប្រតិបត្តិការ​វាយឆ្មក់​ថ្ងៃទី​៧តុលា​២០២៣មក​លើ​អ៊ីស្រាអែល​ ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​១១៤០នាក់ ភាគ​ច្រើន​ជា​ស៊ីវិល​។ នេះ​ជាលើក​ទី​មួយ​ហើយ​ដែល​ហាម៉ាសចេញ​​មុខមក​បក​ស្រាយ និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួនដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​​ជន​ស៊ីវិល​​​ដូច្នេះ។តើ​ហាម៉ាសបក​ស្រាយ​យ៉ាង​ដូចម្តេច​ខ្លះ?ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា បាន​ធានា​អះអាង​ថាប្រតិបត្តិការវាយឆ្មក់​ថ្ងៃ​៧តុលាដែល​ហាម៉ាស​ប្រសិទ្ធនាម​ថា “សន្ធឹក​​Al-Aqsa” ​ ជា​ដំណាក់កាល​ចាំបាច់​ និង​ជា​ការ​តប​ត​ធម្មតា​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​មកលើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​។ ប៉ុន្តែ​កំហុស​ទំនង​អាច​កើត​មាន​ឡើង​នៅ​ពេល​អនុវត្ត។ នៅ​ពេល​ចេញ​ធ្វើ​ប្រតិបត្តិការ ស្រាប់​តែ​​ប្រព័ន្ធ​សន្តិសុខ​និង​យោធា​ ត្រូវ​ដួល​រំលំ​មួយ​រំពេច​ នៅ​ត្រឹម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា។ ប្រតិបត្តិការ​គ្មាន​គម្រោង​ដៅ​វាយប្រហារ​លើ​ជនស៊ីវិល​ទេ។ វា​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ និង​នៅពេល​មាន​ការ​ប្រឈមមុខ​ប្រយុទ្ធ​ជា​មួយ​ក្រុម​អ្នក​ឈ្លានពាន​តែ​ប៉ុណ្ណោះ។ នេះ​ជា​ពាក្យ​សារភាព​របស់​ក្រុម​ហាម៉ាស​ ដោយ​បន្ត​ថា “​បញ្ចៀស​មិន​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ជន​ស៊ីវិល ជាពិសេស​កុមារ ស្ត្រីភេទ​​ និង​មនុស្ស​ចាស់​ គឺ​ជា​កាតព្វកិច្ចសាសនា និង​ជា​សីលធម៌​របស់យុទ្ធជន​ហាម៉ាស Al-Qassam ដែល​បាន​ព្យាយាម​យ៉ាង​អស់​ពី​លទ្ធភាព​ ការពារ​ជីវិត​ជន​ស៊ីវិល បើ​ទោះ​បី​តុល្យការ​ស្លាប់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ។តែបើ​តាម​រូបភាព​វីដេអូ​​ផ្សព្វផ្សាយ​ក្រោយ​ការ​វាយឆ្មក់​របស់​ហាម៉ាស គេ​ឃើញ​ទាហាន​ប្រដាប់​អាវុធ​ក្រុម​នេះ​សម្លាប់​មនុស្ស​ដោយ​គ្មាន​រើង​អើង​ទេ។ ចំណាប់​ខ្មាំង​ប្រមាណ​២៥០​នាក់ ត្រូវ​បាន​នាំ​ទៅ​​តំបន់​ហ្កាហ្សា។ ជាការ​វាយប្រហារ​​យ៉ាង​ឃោរឃៅ និង​មាន​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មានទេ ទើប​ជំរុញ​ឱ្យ​អ៊ីស្រាអែល​បើក​ធ្វើ​សង្គ្រាម​វាយប្រហារ​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​គោល​លើ​ដែន​ដី​មួយ​ចំណិត​តូច​ហ្កានេះ រហូត​ស្លាប់​មនុស្ស​អស់​យ៉ាង​ហោច​២ម៉ឺន​៥ពាន់​១០៥នាក់ គិត​ចាប់​ពី​ថ្ងៃទី៧​តុលា​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ក្រៅ​ទទួល​ស្គាល់​កំហុស​ ចលនា​ហាម៉ាស​ដែល​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ចាត់ទុក​ជា​ក្រុម​ភេវនិយម បាន​ទាមទារ​ នៅ​ក្នុង​ឯកសារ​របស់​ខ្លួន អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់ទង្វើ​​ឈ្លាន​ពាន អំពើ​មនុស្ស​ឃាត ​បោស​សម្អាត​​ជាតិ​ពិន្ធុ​​នៅ​តំបន់​ហ្កាហ្សា។ ហាម៉ាស​ក៏​បាន​ប្រកាស​បដិសេធ​ដែរ មិន​ទទួល​យក​ជា​ដាច់​ខាត​ផែនការស្នើ​ឡើង​​អន្តរជាតិ​ឬ​អ៊ីស្រាអែល ក្នុង​ការ​សម្រេច​អនាគត​របស់​តំបន់​ហ្កាហ្សា​។ គ្មាន​នរណា​មាន​សិទ្ធិ​លើ​​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​អាច​សម្រេច​ចិត្ត​លើ​ជោគវាសនា​ខ្លួន​ឯង​បានឡើយ។​អ៊ីស្រាអែលច្រានចោល​លក្ខខណ្ឌរបស់ហាម៉ាស និង​បន្តធ្វើសង្គ្រាម?តាំងពីថ្ងៃទី​៧​តុលា​​មក អ៊ីស្រាអែល​បាន​កំណត់​កម្មវត្ថុ​ ប្តេជ្ញា​កម្ចាត់​ក្រុមប្រដាប់​អាវុធ​ហាម៉ាស​ឱ្យ​ខ្ទេច និងរហូត​ទាល់​តែហ្កាហ្សា​លែងក្លាយ​ជា​ការ​គំរាម​កំហែង​អ៊ីស្រាអែល​ទៀត។តែ​បើ​តាម​កាសែត​Wall Street Journal ភ្នាក់ងារ​ចារកិច្ច​អាមេរិក​សន្និដ្ឋាន​ថា​អ៊ីស្រាអែល​ទើប​កម្ចាត់​ពួក​ហាម៉ាស​បាន​ប្រមាណ​ពី​២០ទៅ​៣០%​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​កម្មវត្ថុ​ឆ្ងាយ​ណាស់។ សារព័ត៌មាន​អាមេរិក​ដដែល​បាន​អះអាងទៀត​ថា សហរដ្ឋអាមេរិក កាតា និង​អេហ្ស៊ីប ដែល​ធ្លាប់​ធ្វើ​អន្តរការី​នាំ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​សប្តាហ៍​កាលពី​ខែ​វិច្ឆិកា​ កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​អ៊ីស្រាអែល​និង​ហាម៉ាស​ស្រុះស្រួល​គ្នា​ព្រម​ដោះលែង​ចំណាប់​ខ្មាំង​អស់​ជា​ថ្នូរ​នឹង​ការ​ដក​កង​ទ័ព​អ៊ីស្រាអែល​ចេញ​ពី​ហ្កាហ្សា។ប៉ុន្តែ​នៅ​ល្ងាច​មិញ លោក​នេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បាន​ច្រាន​ចោល​ភ្លាម​និង​ច្បាស់​លាស់​នូវ​រាល់​លក្ខខណ្ឌ​របស់​ពួក​ហាម៉ាស។ បើ​តាម​លោក​នេតាន់យ៉ាហ៊ូ ហាម៉ាស​បាន​ទាមទារ​បញ្ចប់​សង្គ្រាម ​ដក​កម្លាំង​ទ័ព​អ៊ីស្រាអែល​ទាំង​ស្រុង​ពី​ដីហ្កាហ្សា និង​ការ​ដោះលែងក្រុមឃាតករ​និង​ចោរទៀត។ កាលពី​ថ្ងៃសៅរ៍ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏​បាន​ប្រកាស​បដិសេធ​បូរណភាពអនាគត​​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ ដែលកាន់​កាប់​ដោយ​ពួក​ហាម៉ាស​តាំងពីឆ្នាំ​២០០៧​ទៀត។ ការ​បដិសេធ​របស់​អ៊ីស្រាអែល​​ចំពោះ​ដំណោះស្រាយបង្កើត​រដ្ឋ​ពីរ​​នេះពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់។ដំណោះស្រាយ​ចង់​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីននៅ​ជា​បច្ចុប្បន្នភាព​?​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើង​ៗឱ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌ និង​ការ​ត្រៀម​លក្ខណៈ​​ក្រោយ​សង្គ្រាម ដោយ​គិត​ដល់​ការ​បង្កើតរដ្ឋ​ពីរ​រស់​ទន្ទឹម​គ្នា​​​យ៉ាងណា​ក៏​ដោយ ក៏​លោក​នេតាន់យ៉ាហ៊ូ​មិន​យក​ត្រចៀក​ស្តាប់​ដែរ។ ប៉ុន្តែអ៊ីស្រាអែល​មិន​អាច​ស្ថាបនា​សន្តិភាព​ ដោយ​រំពឹង​តែ​លើ​​មធ្យោបាយ​យោធា​បាន​ទេ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Josep Borrell នៅ​ថ្ងៃចន្ទ​នេះ។ លោក​ប្រមុខ​ការ​ទូត​អឺរ៉ុប ត្រូវ​ទទួល​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​នេះ ក្នុងក្របខណ្ឌ​នៃ​ការ​​ស្វែង​រក​សន្តិភាពជា​ទូទៅ​​ឱ្យ​តំបន់​ដើម​បូព៌ា។ សម្រាប់​លោក​បូរ៉ែល គំនិត​​បង្កើត​រដ្ឋ​ពីរ គឺ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន នាពល​អនាគត​ ជា​​ដំណោះស្រាយតែ​មួយ​គត់​។ អ៊ីស្រាអែល ត្រូវ​តែ​ព្រមទទួល​យក​ដំណោះស្រាយ​នេះ ទើប​អាច​​​បញ្ចប់​សង្គ្រាម និង​ធានាបាន​នូវ​សន្តិ​សុខ​សុវត្ថិភាព​ជា​និរន្តរ៍។ នេះ​ជា​បើ​តាម​ទស្សនៈ​របស់​លោក​ប្រមុខ​ការទូត​អឺរ៉ុប ដែល​បាន​បង្ហាញ​គម្រោង​ដំណោះស្រាយ​ទូលំទូលាយ​មួយ ឈាន​ឆ្ពោះ​ទៅ​រក​សន្តិភាព​ឋិតឋេរ និង​ដោយ ​ទទួល​ស្គាល់​ថា​ ​​អឺរ៉ុបមាន​ឥទ្ធិពល​តិច​តួច​ណាស់​ក្នុង​ការដាក់​សម្ពាធ​លើ​អ៊ីស្រាអែល។​ តែទោះជាយ៉ាងណា​ក្តី​ក៏​អឺរ៉ុប​ ត្រូវ​តែ​ចាប់​ផ្តើម​ត្រៀមរៀប​ចំ​លក្ខខណ្ឌ​​នាំ​សន្តិភាព​ឱ្យ​ដើម​បូព៌ា​​តាំងពី​នេះ​តែ​ម្តង​​ ក្នុង​ទស្សនៈ​វិស័យ​បង្កើត​រដ្ឋ​ពីរ​រស់​ទន្ទឹម​គ្នា៕
1/22/20246 minutes, 26 seconds
Episode Artwork

តៃវ៉ាន់​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មី ដោយ​មិនខ្លាចញញើតនឹងការគំរាមរបស់ចិន

ថ្ងៃសៅរ៍ទី​១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និង​ជ្រើសរើសប្រធានាធិបតីថ្មី​ផង។ ជាការបោះឆ្នោត​ដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង​ បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាម​ផង​មក​លើប្រជាជន​តៃវ៉ាន់ ដែល​មានទំនោរគាំទ្រការប្រកាសឯករាជ្យ​កាន់តែខ្លាំង​។​ មោទនភាព​នឹងលទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់​អ្នកកាសែតបារាំង AFP ដែលប្រចាំផ្ទាល់នៅតៃវ៉ាន់ បាន​ឲ្យដឹងថា ការបោះឆ្នោត​នៅថ្ងៃនេះ គឺបានប្រព្រឹត្តិធ្វើទៅ​ក្នុងបរិយាកាសមួយ យ៉ាងសស្រាក់សស្រាំ ដែលបង្ហាញអំពីទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ទូទៅ ដែលស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់លទ្ធិប្រជាធិបតេយ្យ​ ព្រមទាំងរបបសេរីនិយមរបស់ទឹកដីខ្លួន។ ដូចយើងដឹងហើយ ប្រជាជនចិនដីគោកឯនោះ​វិញ គ្មានសិទ្ធិបញ្ចេញមតិ​តាមរយៈសន្លឹកឆ្នោតដូចនៅតៃវ៉ាន់ទេ។ ត្រង់ចំណុចនេះ គឺប្រជាជនតៃវ៉ាន់ មានមោទនភាពខ្លាំងនាស់ ដែល​ពួកគេបានកសាងស្ថាបនាជាតិមួយ ដែលរីកចម្រើន មានសិទ្ធិសេរីភាព មានប្រជាធិបតេយ្យ​ មិនមែនកុម្មុយនីស្តិដូច​ចិនប៉េកាំង។ក្នុងចំណោមប្រជាជនតៃវ៉ាន់​ប្រមាណ​២៣លាននាក់ អ្នកមានសិទ្ធិបោះឆ្នោត​មានប្រមាណ​១៩លាននាក់។ ដោយសារតែមិនអាចបោះឆ្នោតពីបរទេសបាន គេ​សង្កេតប្រជាជនតៃវ៉ាន់​ខ្លះដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរត្រលប់ទៅតៃវ៉ាន់ ដើម្បីទៅបោះឆ្នោត​។ មនុស្ស​ម្នា​មក​បន្តកន្ទុយរងចាំ​ចូលទៅបោះឆ្នោត តាំងតែពីព្រលឹមស្រាងៗ នៅតាមការិយាល័យ​ទាំង ១៨០០០ការិយាល័យ។ ម៉ោង៤រសៀល ការិយាល័យបោះឆ្នោត​​ទាំងអស់​ត្រូវបិទទ្វារ​ ហើយលទ្ធផល​បឋម នឹងប្រកាសឲ្យ​ដឹង នៅវេលាល្ងាចថ្ងៃសៅរ៍នេះតែម្តង​។​ពេលចេញពីបោះឆ្នោត លោកស្រី សៃ អ៊ីងវេន បានថ្លែងអំពាវនាវ​ប្រាប់ទៅប្រជាជនតៃវ៉ាន់ថា ប្រជាជនតៃវ៉ាន់មានវាសនាមានសំណាងណាស់ ដែល​បានរស់ក្នុងរបបប្រជាធិតេយ្យ មានសិទ្ធិសេរីភាពពេញបរិបូរណ៍​។​ ដូច្នេះ​ គ្រប់គ្នាត្រូវតែទៅចូលរួមបោះឆ្នោត បំពេញតួនាទីកាតព្វកិច្ចជាពលរដ្ឋ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។​ការបោះឆ្នោតថ្ងៃទី​១៣មករា​ គឺ​តៃវ៉ាន់ជ្រើសរើសប្រធានាធិបតីថ្មីផង និងជ្រើសរើសសមាជិកសភាទាំង ១១៣អាសនៈផង។ អនាគតសមាសភាពសភាថ្មី និងជាពិសេស គឺ​អនាគតប្រធានាធិបតី​តៃវ៉ាន់ថ្មី នឹងមកកំណត់ជោគវាសនា នៃទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ ព្រមទាំងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​ទាំងមូលតែម្តង។គណបក្សទំនោរឯករាជ្យនិយមសង្ឃឹមឈ្នះបើ​ផ្អែកតាមការស្ទាបស្ទង់មតិ​​ គណបក្សប្រជាធិបតេយ្យ​សេរីនិយម ដែលបច្ចុប្បន្នដឹកនាំដោយ​លោកស្រី សៃ អ៊ីងវេន ត្រូវគេជឿថាអាចនឹងឈ្នះម្តងទៀត បានសំឡេងភាគច្រើននៅក្នុងសភា។ លោកស្រី​ សៃ អ៊ីងវេន​ បានកាន់មុខ​តំណែងប្រធានាធិបតី​២អាណត្តិហើយ ដូច្នេះមិនអាចឈរឈ្មោះទៀតបានទេ។ បេក្ខជនប្រធានាធិបតី​​របស់​បក្សនេះ គឺលោក Lai Ching-Te ឬ William Lai ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី​។​គណបក្ស​​ប្រជាធិបតេយ្យ​​សេរីនិយមនេះ មានទំនោរចង់ឲ្យ​តៃវ៉ាន់មានឯករាជ្យ មានអធិបតេយ្យពេញបរិបូរ ទទួលស្គាល់ដោយ​ច្បាប់អន្តរជាតិ​។ ហេតុដូច្នេះហើយ បានជាចិនប៉េកាំងស្អប់លោកស្រី សៃ អ៊ីងវេន ស្អប់​លោក​ William Lai ហើយ​មិន​ចង់​ឲ្យ​គណបក្សប្រជាធិបតេយ្យសេរីនិយមឈ្នះឆ្នោត ដឹកនាំតៃវ៉ាននោះទេ។ តៃវ៉ាន់ ក្រោមការដឹកនាំរបស់​បក្សនេះ គឺនឹងកាន់តែក្លាហាន ហ៊ាន​ប្រកាសឯករាជ្យនៅថ្ងៃណាមួយ​។ផ្ទុយទៅវិញ ចិនប៉េកាំង គាំទ្រ និងចង់ឃើញបក្សមួយទៀតឈ្នះឆ្នោត គឺបក្ស​ គួមីនតាង។ បេក្ខជនប្រធានាធិបតី​​របស់​បក្សគួមីនតាង ឈ្មោះ Hou Yu-Ih។ ជាទំលាប់តរៀងមក គណបក្សគួមីនតាង មានបន្ទាត់នយោបាយ ងាកទៅខាងចិនដីគោក ចង់ផ្សារភ្ជាប់ទំនាក់ទំនងល្អគ្រប់វិស័យទាំងអស់ជាមួយចិនដីគោក។ក៏ប៉ុន្តែ តាមការសង្កេត​វិភាគទៅ សង្គមតៃវ៉ាន់មានការពុះចែក​មតិគ្នាខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ​។ ប្រជាជន​តៃវ៉ាន់​ ថ្វីបើអ្នកខ្លះមិនចង់ឃើញសង្គ្រាមផ្ទុះឡើងជាមួយចិនមែន តែពួកគេ​គិតថា​បើបណ្តោយ​ឲ្យ​បក្សគួមីនតាង ដឹកនាំ​តៃវ៉ាន់ នោះ​មិនយូរមិនឆាប់ ប្រជាជនតៃវ៉ាន់នឹងលែងមានសិទ្ធិសេរីភាព​ លែងមានប្រជាធិបតេយ្យ​ ដោយសារ​តែ​ចិន​ប៉េកាំង​នឹងចូលមកជ្រៀតជ្រែក ប្រើប្រាស់ឥទ្ធិពល​មកលើតៃវ៉ាន់។ចិន៖ “ប្រជាជនតៃវ៉ាន់ប្រយ័ត្នសម្រេចចិត្តខុស!”ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃមកនេះ ចិនបាន​បង្កើនការដាក់សំពាធខ្លាំងណាស់ មកលើតៃវ៉ាន់ ទាំង​ផ្នែកការទូត ទាំងផ្នែក​យោធា។ ប៉េកាំងបាន​ថ្លែងការណ៍ ប្រកាសដោយចំៗប្រាប់ទៅប្រជាជនតៃវ៉ាន់ ថាត្រូវសម្រេចចិត្តឲ្យត្រឹមត្រូវ កុំសម្រេចចិត្តខុសឲ្យសោះ។ ប៉េកាំងបានគំរាមថា កងទ័ពចិន ត្រៀម​ប្រុងប្រៀបរួចរាល់ហើយ នឹងកំទេចរាល់ការប៉ុនប៉ងប្រកាសឯករាជ្យ​របស់តៃវ៉ាន់​។ផ្អែក​តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបង្ហោះយាន​ប៉េតប៉ោង ឈ្លបយកការណ៍​ចំនួន៥គ្រឿង ចូលទៅកៀកតៃវ៉ាន់។ ប្រភពដដែលនេះ អះអាងថា ចិនបាន​បញ្ជូនយន្តហោះចម្បាំងចំនួន​១០គ្រឿង និងនាវាចម្បាំង​៦គ្រឿងទៀត ឲ្យ​មកក្រវែល បំភ័យប្រជាជនតៃវ៉ាន់។ ហើយនៅថ្ងៃសៅរ៍ ពេលប្រជាជនតៃវ៉ាន់កំពុងទៅបោះឆ្នោត ផ្អែកតាមអ្នកកាសែតបារាំង AFP គឺ​​មានយន្តហោះចម្បាំងចិន១គ្រឿង បានហោះកាត់ទីក្រុង Pingtan ទីក្រុងចិនដែលស្ថិតនៅកៀកនឹងតៃវ៉ាន់បំផុត។ នៅលើបណ្តាញសង្គម Weibo វិញ អាជ្ញាធរចិនបាន​បិទខ្ទប់ Hashtag “បោះឆ្នោតតៃវ៉ាន់” នៅព្រឹកថ្ងៃសៅរ៍ ដើម្បីរារាំង កុំឲ្យ​មានការចែករំលែកព័ត៌មានតៗគ្នា ស្តីពីការបោះឆ្នោតនេះ​។បញ្ហាលក្ខន្តិកៈរបស់កោះតៃវ៉ាន់នេះ គឺវាស្មុគស្មាញខ្លាំងណាស់។ វាជាចំណុចមួយ ដែល​បង្កើតឲ្យ​មានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាង​ចិននឹងអាមេរិក​​។ កាលពីថ្ងៃសុក្រម្សិលមិញ នៅវ៉ាស៊ីនតោន លោកប្រមុខការទូតអាមេរិក អង់តូនីប្លីងកិន បានជួបជាមួយ​លោក Liu Jangchao មន្ត្រីទទួល​បន្ទុកកិច្ចការអន្តរជាតិ នៃ​បក្សកុម្មនុយនិស្តចិន។​ លោក​អង់តូនី ប្លីងកិន បានប្រាប់​ទៅភាគីចិនថា ​វាជារឿងចាំបាច់ណាស់ ដែល​ត្រូវតែ​រក្សាការពារសន្តិភាព ​និង​ស្ថិរភាពតំបន់ច្រកសមុទ្រតៃវ៉ាន់។ដូចយើងដឹងច្បាស់ហើយ បើសង្គ្រាម​តៃវ៉ាន់ផ្ទុះឡើងមែន សេដ្ឋកិច្ចពិភពលោកយើងប្រាកដជាលំបាកវឹកវរខ្លាំងណាស់។ ទីមួយដោយសារតែវ៉ាន់​ជាអ្នកផ្គត់ផ្គង់៧០%នៃ​ឧបករណ៍សឺមីកុងឌុកទ័រ ដែលចាំបាច់បំផុតប្រើក្នុងសម្ភារៈបច្ចេកវិទ្យា​។ ទី២ គឺច្រកសមុទ្រតៃវ៉ាន់ គឺជា​ផ្លូវឆ្លងកាត់នៃនាវាដឹកទំនិញអន្តរជាតិចំនួន​៥០%ឯណោះ។​ បើសេដ្ឋកិច្ចពិភពលោក​វឹកវរ មានន័យថាសេដ្ឋកិច្ចចិន​ក៏រងការលំបាកខ្លាំងដែរ។ ដូច្នេះមិនប្រាកដថាចិន​ហ៊ាន​ធ្វើសង្គ្រាមនេះទេ។ យ៉ាងណាមិញ លោក Liu Pei-Chi គ្រូបង្រៀនម្នាក់នៅតៃប៉ិ បាន​និយាយថាប្រជាជនតៃវ៉ាន់ មិនទៅ​ឆោត ខ្លាច​ការគំរាមរបស់ចិនទេ ព្រោះចិនគ្រាន់តែជាខ្លាក្រដាសតែប៉ុណ្ណោះ។
1/13/20247 minutes, 18 seconds
Episode Artwork

តុលាការឡាអេ​បើកសវនាការស្តាប់អាហ្វ្រិកខាងត្បូងចោទអ៊ីស្រាអែល​ពីបទប្រល័យពូជសាសន៍​នៅហ្កាហ្សា

បីខែ​ក្រោយ​ធ្វើ​សង្រ្គាម​នៅទឹកដី​ហ្កាហ្សា ដើម្បី​សងសឹក​នឹង​ក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់​មនុស្ស​នៅទឹកដីអ៊ីស្រាអែល តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​សវនានៅថ្ងៃ​ព្រហស្បតិ៍ទី​១១​មករា ទៅតាម​ពាក្យបណ្តឹង​របស់​អាហ្វ្រិកខាងត្បូង ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ នៅ​ហ្កាហ្សា។ គិត​ចាប់តាំង​ពីការវាយប្រហារ​របស់​ក្រុមប្រដាប់អាវុធ​ហាម៉ាស​ដែល​បានចូលសម្លាប់មនុស្ស​ប្រមាណ ១១៤០នាក់ នៅ​អ៊ីស្រាអែល ប្រតិបត្តិការសងសឹក​របស់​កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី ៧​តុលា បាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន​យ៉ាងតិច ២៣ ០០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ស្ត្រី និងកុមារ។  នៅ​ប្រទេស​ហូងឡង់ តុលាការ​យុត្តធម៌​អន្តរជាតិនៅ​ទីក្រុង​ឡាអេ នៅថ្ងៃ​ព្រហស្បតិ៍នេះ​បើកសវនាការ​លើសំណុំរឿង​ប្រល័យពូជសាសន៍​នៅ​ហ្កាហ្សា ដែលមានប្រជាជន​ប៉ាឡេស្ទីនជា​ជនរងគ្រោះ។ ម្ចាស់ដើមបណ្តឹងនៅក្នុងរឿងនេះ គឺ​អាហ្វ្រិកខាងត្បូង ចំណែក​អ៊ីស្រាអែល​ជា​អ្នករង​ការចោទប្រកាន់។ តុលាការ​ក្រុងឡាអេ បើកសវនាការ​នៅថ្ងៃនេះ បន្ទាប់ពី​បាន​ទទួលពាក្យ​បណ្តឹង​របស់​អាហ្វ្រិក​ខាងត្បូង កាលពីថ្ងៃទី ២៩​ធ្នូ​កន្លងទៅ ដែលនៅក្នុងនោះ អាហ្វ្រិកខាងត្បូង​ចោទប្រកាន់​អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍​នៅហ្កាហ្សា។ អាហ្វ្រិកខាងត្បូង​ចេញមុខ ចោទប្រកាន់​អ៊ីស្រាអែល ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ដោយសារ​ហេតុផលពីរ៖ទី១ ដោយសារតែ​តុលាការយុត្តិធម៌អន្តរជាតិជាអ្នកដោះស្រាយវិវាទ​រវាង​ប្រទេស ហើយ​ប៉ាឡេស្ទីន​នៅមិនទាន់មានរូបរាងជា​ប្រទេស។ អាហ្វ្រិកខាងត្បូង ចេញមុខ​ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ប្តឹង​អ៊ីស្រាអែល។ ម្យ៉ាង អាហ្វ្រិកខាងត្បូង និង​អ៊ីស្រាអែល សុទ្ធជាប្រទេស​ហត្ថលេខី​នៃអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​ប្រល័យពូជសាសន៍ ដែល​គេបានបង្កើតឡើង​នៅ​ឆ្នាំ ១៩៤៨ នៅក្រោយ​ពីមាន​ការសម្លាប់​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ជ្វីហ្វ នៅក្នុង​សង្រ្គាមលោកលើកទី២។ ដោយដាក់ពាក្យបណ្តឹង​ប្រឹង​អ៊ីស្រាអែល អាហ្វ្រិកអះអាងថា ខ្លួន ធ្វើ ក្នុងនាមជា​ហត្ថលេខីមួយ​នៃអនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ សម្រាប់​អាហ្វ្រិកខាងត្បូង ដោយ​ធ្វើសង្រ្គាម នៅទឹកដីហ្កាហ្សា ដែលបាន​សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាង ២ម៉ឺននាក់ គិតចាប់តាំង​ពីថ្ងៃទី ៧​តុលា អ៊ីស្រាអែល​បាន​រំលោភសំដី ពាក្យប្តេជ្ញា​របស់ខ្លួន នៅ​ពេលចុះហត្ថលេខាលើ​អនុសញ្ញា ដោយ​ថា អ៊ីស្រាអែល​នឹង​ទប់ស្កាត់​មិន​ឲ្យ​មានការសម្លាប់​ប្រល័យពូជសាសន៍ កើតមាន​សាជាថ្មី នៅក្នុងពិភពលោក។ទី២ អាហ្វ្រិកខាងត្បូង​ចេញមុខ​ជួយការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន មកពី អាហ្វ្រិកខាងត្បូង ធ្លាប់មាន​ប្រវត្តិ​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​ប្រជាជនប៉ាឡេស្ទីន តាំង​ពី​នៅ​អតីតកាល។ គណបក្ស​កាន់អំណាច​នៅអាហ្វ្រិកខាងត្បូង​សព្វថ្ងៃ គឺ​គណបក្ស​សភាជាតិ​អាហ្រ្វិក​ធ្លាប់​មាន​ប្រវត្តិសាមគ្គីភាពជាមួយ ប៉ាឡេស្ទីន តាំង​ពី​ជំនាន់ លោកប្រធានាធិបតី​អាហ្វ្រិកខាងត្បូង នែលសុន ម៉ង់ដេឡា​ម្ល៉េះ។ ធ្លាប់​តស៊ូ ប្រឆាំង​នឹង​ការគ្រប់គ្រង របស់​ក្រុមស្បែកស រហូត​ទទួល​បានការបោះឆ្នោត​ប្រជាធិបតេយ្យ ថ្នាក់ដឹកនាំ​ជាតិនិយម​អាហ្វ្រិកខាងត្បូង​យល់ថា ប្រជាជន​ប៉ាឡេស្ទីន​ក៏​រងគ្រោះ​ឈឺចាប់ ដោយសារ​ការជិះជាន់​ដូចជា​ប្រជាជន​អាហ្វ្រិកខាងត្បូង។ នៅ​ខែ​ធ្នូ​កន្លងទៅនេះ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង ដែលធ្លាប់ចេញមុខ​រិះគន់​សង្រ្គាមអ៊ីស្រាអែល​នៅហ្កាហ្សា បាន​និយាយប្រាប់ថ្នាក់ដឹកនាំជ្វីហ្វ​នៅអាហ្រ្វិកខាងត្បូងថា រដ្ឋាភិបាល​របស់​លោក​ឈរ នៅ​ខាងប្រជាជន​ប៉ាឡេស្ទីន ដែល​រង​ការជិះជាន់ ការធ្វើបាប​រាប់ទសវត្សរ៍ ដូច​ប្រជាជន​អាហ្វ្រិកខាងត្បូង។តើ​ពិតជា​មាន​ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ដូចការលើកឡើង​របស់​អាហ្វ្រិកខាងត្បូង?នៅក្នុង​ឯកសារ​បណ្តឹង​កម្រាស់ ៨៤ទំព័រ ដែលដាក់​ជូន​ទៅកាន់តុលាការ​យុត្តិធម៌អន្តរជាតិ ភាគីអាហ្វ្រិកខាងត្បូង​អះអាងថា ពិតជា​មានការប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា ដោយ​សំអាង​ទៅលើ​សេចក្តីរាយការណ៍​របស់អ្នកកាសែត អង្គការ​មនុស្សធម៌ សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​សេចក្តីប្រកាសផ្លូវការ​របស់រដ្ឋាភិបាលអ៊ីស្រាអែល​ខ្លួនឯង។ភាគី​អាហ្វ្រិកខាងត្បូងនិយាយ​ថាខ្លួន​ចោទប្រកាន់​អ៊ីស្រាអែល​ពីបទ​សម្លាប់ប្រល័យពូជសាសន៍​ប្រជាជនប៉ាឡេស្ទីន​ក៏ព្រោះថា ការទម្លាក់គ្រាប់ សង្រ្គាម​ឈ្លានពានរបស់​កងទ័ពអ៊ីស្រាអែល​នៅហ្កាហ្សា មាន​គោលដៅ​បំផ្លាញ​ផ្នែក​សំខាន់​របស់​ជាតិ ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន អាហ្វ្រិកខាងត្បូង​បាន​ទាមទារ​ពីរ​ចំណុចសំខាន់។ ទី១ គឺ​អាហ្វ្រិកខាងត្បូង​ចង់​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ​ចេញ​សាលក្រមថា អ៊ីស្រាអែល​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែលមាន​ចែង​នៅក្នុង​អនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ ជាមួយសេចក្តីសម្រេច​នេះ តុលាការក្រុងឡាអេ​អាច​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់​សកម្មភាព វិធានការ​ដែល​បង្ក​ឲ្យមានការខាតបង់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុងចំណុច​ទាមទារទី១​របស់ខ្លួន អាហ្វ្រិកខាងត្បូង​ចង់​ឲ្យ​តុលាការក្រុងឡាអេ​កាត់ទោស​ឧក្រិដ្ឋជន​ដែលជាប់ពាក់ព័ន្ធ​នឹងការសម្លាប់ប្រល័យពូជសាសន៍លើប្រជាជន​ប៉ាឡេស្ទីន។​ចំណុចទី​២​ដែលអាហ្វ្រិកខាងត្បូង ទាមទារ​ដែរ គឺ គេ​ចង់​ឲ្យ​តុលាការ​ក្រុងឡាអេ​ចេញសេចក្តីសម្រេច ស្តីពី​mesure conservatoire ឬ វិធានការ​រក្សា​ទុក ៩ចំណុច ដើម្បី​ទប់ស្កាត់​ការបាត់បង់​ភ្លាមៗ និងមិនអាច​ត្រលប់ក្រោយវិញបាន ​នៅ​តំបន់ហ្កាហ្សា។ វិធានការ​រក្សាទុក ទាំង​៩ចំណុច​មាន​ដូចជា ការព្យួរ​ជាបន្ទាន់ប្រតិបត្តិការ​យោធា នៅហ្កាហ្សា ការហាមឃាត់សកម្មភាព​យោធា។ ការបង្ការទប់ស្កាត់​អំពើប្រល័យពូជសាសន៍ ការការពារ​ប្រជាជនប៉ាឡេស្ទីន ការបង្ការ​កុំ​ឲ្យមានការញុះញង់​ឲ្យធ្វើសកម្មភាពប្រល័យពូជសាសន៍ និងការអភិរក្ស​ការពារ​ភស្តុតាង ជាដើម។អ៊ីស្រាអែលវិញឆ្លើយតបយ៉ាងណាវិញ ​ទៅ​នឹង​ការចោទប្រកាន់​របស់អាហ្វ្រិក​ខាងត្បូង?អ៊ីស្រាអែលទាត់ចោល​ពាក្យ​ចោទប្រកាន់​របស់​អាហ្វ្រិកខាងត្បូង និងចាត់ទុក​អាហ្វ្រិកខាងត្បូង​ថា​កំពុងចូលដៃ ចូលជើង​ជាមួយ​ក្រុមហាម៉ាស។ សម្រាប់​អ៊ីស្រាអែល ពាក្យ​ចោទប្រកាន់របស់​អាហ្វ្រិកខាងត្បូង​គ្មានមូលដ្ឋាន និង​សាហាវអាក្រក់​ខ្លាំងណាស់ ព្រោះថា អ្នកដែល​ត្រូវគេ​ចោទថា ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​មិនមែន អ៊ីស្រាអែល ប៉ុន្តែ ក្រុមហាម៉ាស ដែលបាន​លើកគ្នា​មក​សម្លាប់​មនុស្ស​ជាង​១ពាន់នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល។ជាថ្មីម្តងទៀត អ៊ីស្រាអែល​និយាយការពារ​ខ្លួនថា ប្រតិបត្តិការ​យោធា​នៅ​ហ្កាហ្សា គ្រាន់តែ​ជាការប្រើសិទ្ធិការពារ​ខ្លួន​របស់អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ នៅក្រោយពេល​ក្រុមហាម៉ាស​ចូលទៅសម្លាប់ប្រជាជន​អ៊ីស្រាអែល​កាលពីថ្ងៃទី ៧​តុលា។ បើតាម​អ៊ីស្រាអែល ប្រតិបត្តិការ​យោធានៅហ្កាហ្សា មានគោលដៅតែមួយគត់ គឺ​កម្ទេច​ក្រុមហាម៉ាស​ដែលជា​គ្រោះថ្នាក់​គំរាមកំហែង​សន្តិសុខ​របស់​ប្រជាជន​អ៊ីស្រាអែល។ ម្យ៉ាង គេ​មិនអាច​ចោទអ៊ីស្រាអែល​ថា ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍បានទេ ព្រោះថា រហូតមកដល់​ពេលនេះ កងទ័ព​អ៊ីស្រាអែល​មិនដែលដៅបាញ់សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន។ កងទ័ព​អ៊ីស្រាអែល​អត់ធ្មត់ និង​ប្រុងប្រយ័ត្នបំផុត នៅក្នុង​ប្រតិបត្តិការវាយប្រហារ​របស់ខ្លួន ពោលគឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យមានប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ខ្លួន​នៅក្នុងការវាយប្រហារ​របស់ខ្លួន​នៅហ្កាហ្សា។ ជាក់ស្តែង នៅមុន​បើកការវាយប្រហារ​ម្តងៗ កងទ័ពអ៊ីស្រាអែល​ធ្លាប់​បាច​លិខិត ឬ​ផ្ញើសារ​ទៅ​ឲ្យប្រជាជន​ប៉ាឡេស្ទីន​ចាកចេញពីតំបន់​ដែល​ជា​គោលដៅ​វាយប្រហារ​អ៊ីស្រាអែល។ សម្រាប់អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ច្រើន​ដូច្នេះ ក៏ដោយសារ​តែ​ពួកហាម៉ាស​ដែល​យកប្រជាជន​ប៉ាឡេស្ទីនជា​ខែល ការពារ​ពីការទម្លាក់គ្រាប់​វាយប្រហាររបស់អ៊ីស្រាអែល។តើតុលាការយុត្តិធម៌អន្តរជាតិ​អាច​សម្រេច​អ្វីបានខ្លះ?បើតាម​អ្នកជំនាញ​ច្បាប់ នៅក្រោយ សវនការពីរថ្ងៃនេះ នៅថ្ងៃ​ព្រហស្បតិ៍និងថ្ងៃសុក្រស្អែកនេះ តុលាការ​យុត្តិធម៌អន្តរជាតិ​អាចប្រកាស​វិធានការ​រក្សាទុក ដែលអាច​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ផ្អាកប្រតិបត្តិការ​យោធា នៅហ្កាហ្សា ដើម្បី​គិតគូរ​ដល់​អាយុ​របស់​ប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែ​ដោយសារ​តែ​ការសម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​គ្មានលក្ខណៈចាប់បង្ខំ អ៊ីស្រាអែល ប្រហែល​ជា​នឹង​មិន​យកត្រចៀកស្តាប់ ធ្វើតាម​នោះទេ។រឿងនេះ ធ្លាប់​កើតមាន​ម្តងហើយ នៅពេល​អ៊ុយក្រែន​ចេញមុខ​ប្តឹង​រុស្ស៊ី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ កាលពី​ឆ្នាំ ២០២២។ តុលាការ​ក្រុងឡាអេ បាន​បញ្ជា​ឲ្យ​រុស្ស៊ីឈប់​ធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ រហូតដល់ពេលនេះ រុស្ស៊ី នៅតែធ្វើសង្រ្គាម​វាយប្រហារ​អ៊ុយក្រែន សឹងមិនលោះថ្ងៃ។យ៉ាងណាក៏ដោយ គេ​ក៏មិនអាច​ទុទិដ្ឋិនិយម​រហូតដែរ។ ទោះការសម្រេច​របស់​តុលាការ​ក្រុងឡាអេ​មិនអាចទៅបញ្ចុះបញ្ចូល​ឲ្យអ៊ីស្រាអែល​បិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ប៉ុន្តែ ចង់ ឬមិនចង់ អ៊ីស្រាអែល​នឹង​អាច​ខូចឈ្មោះ។ ប្រទេស​ជាច្រើន​នឹង​សំអាង​លើ​សេចក្តីសម្រេច​របស់តុលាការ​យុត្តិធម៌អន្តរជាតិ​ដើម្បី​ទាមទារ​ដាក់សម្ពាធ​លើ​អ៊ីស្រាអែល ឲ្យឈប់ធ្វើសង្រ្គាម ដែលគ្មានអ្នកណា​រងគ្រោះខ្លាំងជាងគេ​បំផុត ក្រៅពីប្រជាជន​ប៉ាឡេស្ទីន៕
1/11/20249 minutes
Episode Artwork

ការបាញ់បង្ហោះផ្កាយរណបរបស់ចិន​បង្ក​ឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់

៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រ​តៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃ​អង្គារទី​៩​មករា ការបាញ់បង្ហោះ​ផ្កាយរណប​របស់​ចិន បាន​បង្ក​ឲ្យមានការភ័យ​ជ្រួលច្របល់​នៅ​កោះតៃវ៉ាន់។ បេក្ខជន​ប្រធានាធិបតី មកពីគណបក្សកាន់អំណាច​បានទម្លាក់កំហុស​ដាក់ប៉េកាំង​ថា កំពុងធ្វើនយោបាយ​ដាក់សម្ពាធ​លើ​អ្នកបោះឆ្នោត​តៃវ៉ាន់ រីឯ​បក្ស​ប្រឆាំង បក្សគួមីនតាំង​ដែលជិតស្និទ្ធ​នឹង​រដ្ឋអំណាច​ចិន​ចោទប្រកាន់​បក្សកាន់អំណាច​ថា ផ្ញើសារ បំភិតបំភ័យ​ប្រជាជនតៃវ៉ាន់​ដើម្បី​ប្រយោជន៍​សំឡេងឆ្នោត។ នៅថ្ងៃ​អង្គារ ចិន​បានអះអាងថា ខ្លួន​បាន​បាញ់បង្ហោះដោយ​ជោគជ័យ ផ្កាយរណប​សម្រាប់​តាមដាន កាំរស្មី​X នៅក្នុងទីអវកាស។ ប៉ុន្តែ នៅ​តៃវ៉ាន់​វិញ ការបាញ់​បង្ហោះ​ផ្កាយរណបរបស់​ចិន​បាន​បង្ក​ឲ្យមាន​ការភ័យ​ជ្រួលច្របល់ខ្លាំង ក៏ដោយសារ​តែ​សារ​ទាញអាសន្ន​របស់​រដ្ឋាភិបាល​តៃវ៉ាន់តែម្តង។ នៅ​រសៀល​ថ្ងៃ​អង្គារនេះ ពោល​គឺ​ប៉ុន្មាននាទីក្រោយ ចិន​បាញ់បង្ហោះរ៉ូកក្កែត​នាំយកផ្កាយរណប​ទៅកាន់​គន្លងតារាវិថី សារផ្លូវការ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ត្រូវបានផ្ញើ​ទៅគ្រប់​ទូរស័ព្ទដៃ​របស់​ប្រជាជន​តៃវ៉ាន់។ នៅក្នុងសារ​ប្រកាសអាសន្ន ជាភាសាអង់គ្លេស គេអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន ព្រោះថា មាន​មីស៊ីល​របស់​ចិន​ហោះកាត់​ដែនអាកាសខាងត្បូង​របស់​តៃវ៉ាន់។ អ្នកប្រើប្រាស់​អ៊ីនធ័នែតរបស់​តៃវ៉ាន់​ភ័យបារម្ភ និងនាំគ្នា​ចោទសំណួរថា តើអ្វីដែលកើតឡើង​ពិតប្រាកដ ព្រោះថា សាររបស់រដ្ឋាភិបាល​តៃវ៉ាន់ ដដែល ជាភាសា​ចិន និយាយ​ពី​ការបាញ់បង្ហោះ​ផ្កាយរណប។ដោយសារ​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុងអំឡុងសន្និសីទ​កាសែត​របស់​លោកនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu បានធានាអះអាង​កុំ​ឲ្យប្រជាជន​ភ័យបារម្ភ​ព្រោះថា វាគ្រាន់តែ​ការបាញ់​បង្ហោះផ្កាយរណប ប៉ុន្តែមិនមែន មីស៊ីល​ដូចក្នុងសារ ជា​ភាសា​អង់គ្លេសទេ។ អាច​ជាកំហុស​ក្នុងការបកប្រែភាសា ប៉ុន្តែ ប្រមុខការទូត​តៃវ៉ាន់​នៅតែអំពាវនាវ​ឲ្យ​ប្រជាជនតៃវ៉ាន់​ប្រុងប្រយ័ត្ន​ខ្លួនជានិច្ច ព្រោះថា ទោះមិនមែនជាមីស៊ីល ប៉ុន្តែ បំណែក​រ៉ូក្កែតរបស់ចិន​អាច​ធ្លាក់​មកលើ​កោះតៃវ៉ាន់ និង​បង្ក​គ្រោះថ្នាក់​គ្រប់​ពេលវេលា។ចិនបង្ហាញសាច់ដុំយោធា នៅប៉ុន្មានថ្ងៃ​មុន​បោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់កាន់តែកៀកថ្ងៃ​បោះឆ្នោត តៃវ៉ាន់​បាន​ចោទប្រកាន់​ចិនថា ក្រៅតែបញ្ជូន​យន្តហោះចម្បាំង​ទៅហោះរំលោភចូលដែនអាកាស​តៃវ៉ាន់ ចិន​ទើប​បញ្ជូន​បាឡុងចារកិច្ច​ទៅ​ហោះលើ​មូលដ្ឋានទ័ព​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យទី៧មករា។ សម្រាប់បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​បក្សកាន់អំណាច​២អាណត្តិជាប់គ្នា នៅតៃវ៉ាន់ នេះជា​ចេតនា​ច្បាស់ក្រឡែត​របស់​ចិន​ដើម្បី​បំភិតបំភ័យ កុំឲ្យ​ប្រជាជន​តៃវ៉ាន់នៅ​ប៉ុន្មានថ្ងៃ​មុន​តៃវ៉ាន់ រៀបចំ​ការបោះឆ្នោត។តៃវ៉ាន់​ទទួលស្គាល់​ថា ការដាក់សម្ពាធ​របស់​ចិនមកលើកោះតៃវ៉ាន់ មិនថា ផ្នែកយោធា សេដ្ឋកិច្ច ​កាន់តែ​ខ្លាំងឡើងៗ ចាប់តាំង​ពី​តៃវ៉ាន់​ស្ថិតក្រោម​ការដឹកនាំ​របស់លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលចិន​ចោទប្រកាន់​ថា មាននិន្នាការ​ចង់ប្រកាស​ទាមទារឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់ តាមរយៈ​ការបង្កើន​ទិញ បំពាក់​សព្វាវុធ​ពីអាមេរិក។ នៅប៉ុន្មានថ្ងៃ​មុន​ការបោះឆ្នោត​ប្រធានាធិបតី តៃវ៉ាន់ ដែល​នឹងទៅ​កំណត់​អនាគត​ទំនាក់ទំនាក់​ចិន និង​កោះប្រជាធិបតេយ្យ​តៃវ៉ាន់ ចិន​បាន​បង្កើនការដាក់សម្ពាធ​បន្ថែមទៀត ជាពិសេស​ផ្នែកយោធា ដូចជា​បញ្ជូន​យន្តហោះចម្បាំង នាវាចម្បាំងបើកហោះហែល ឆ្វែលតៃវ៉ាន់ ឬ​ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ នៅ​សប្តាហ៍មុននេះទៀតសោត តៃវ៉ាន់​ចាប់បាន​សញ្ញាយន្តហោះចម្បាំងចិន ហោះរំលោភចូលក្នុងដែនអាកាស​របស់​ខ្លួន។ បន្ទាប់មក នៅថ្ងៃអាទិត្យ ក្រសួងការពារ​ជាតិតៃវ៉ាន់ បាន​ចេញសារ​ព្រមាន​ចិន ដែលបាន​បញ្ជូន​បាឡុង​ចារកម្ម​ចំនួន​៤​ទៅ​ហោះឆ្លងកាត់​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្នុងនោះ បាឡុង​ចិន​មួយ​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​តៃវ៉ាន់ ​ភាគខាងត្បូង។សម្រាប់​បេក្ខជនប្រធានាធិបតី មកពីគណបក្ស​កាន់អំណាច បក្ស​ចម្រើនប្រជាធិបតេយ្យ ចិន​ប្រើគ្រប់មធ្យោបាយ​ដើម្បី​លូកដៃ​ចូល​រាល់​ការបោះឆ្នោត​ប្រធានាធិបតី​នៅតៃវ៉ាន់ តាមរយៈ ការបំភិតបំភ័យ​នយោបាយ កងទ័ព និង​សេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងការបោះឆ្នោត​តៃវ៉ាន់លើកនេះ ចិនធ្វើយុទ្ធនាការច្រើន មិនថា ការធ្វើសមយុទ្ធយោធា ឬ​ផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងគោលដៅ​ដាក់សម្ពាធ​ខ្លាំង​យក​តែមែនទែន​លើ​ប្រជាជនតៃវ៉ាន់ ដែលជា​ម្ចាស់សំឡេងឆ្នោត។ប្រជាជន​តៃវ៉ាន់​នឹងសម្រេច​ផ្តល់​ជោគវាសនា​អនាគត​របស់​តៃវ៉ាន់​ទៅ​ឲ្យ​គណបក្ស​មួយណា?នៅចំពោះមុខ​ការដាក់សម្ពាធ​ពីប្រទេស​ចិន ប្រជាជន​តៃវ៉ាន់​ត្រូវ​ប្រឈម​នឹង​ជម្រើស​លំបាក។ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីលើកនេះ មាន​គណបក្ស​បីដែលចូលរួម គឺ គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​គណបក្ស​កាន់អំណាច​របស់​លោកស្រី ប្រធានាធិបតី​ត្សៃអ៊ីងវេន គណបក្ស​គួមីនតាង​ដែល​មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយប៉េកាំង និងដែលត្រូវ​គណបក្សកាន់អំណាច​ចោទប្រកាន់ថា ត្រូវរ៉ូវ​ជាមួយ​ចិន ហើយនិង​គណបក្ស​ក្មេងខ្ចីថ្មី គឺគណបក្ស​ប្រជាជន។ទំនាក់ទំនង​ជាមួយ​ចិន ជា​ចំណុចស្នូល​នៅក្នុងការតស៊ូមតិ​របស់​បេក្ខជន​គណបក្ស​នយោបាយ​ទាំងបី។ នៅ​ថ្ងៃ​អង្គារ ពោលគឺ​នៅ​៤ថ្ងៃ​មុន​ការបោះឆ្នោត​ដែលត្រូវ​ប្រព្រឹត្ត​ទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គណបក្ស​គួមីនតាង​បាន​ប្រកាស​ប្រាប់​អ្នកបោះឆ្នោត​តៃវ៉ាន់ ឲ្យជ្រើសរើស​រវាង​សង្រ្គាម និង​សន្តិភាព។ មានន័យថា បើគេបោះឆ្នោត​ឲ្យ​គណបក្ស​គួមីនតាង នោះ តៃវ៉ាន់​នឹង​នឹង​មានសន្តិភាព ដោយសារ​គណបក្ស​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយចិន។ ផ្ទុយទៅវិញ តៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ នឹង​ត្រូវ​រុញច្រាន​ឲ្យ​នៅមាត់ជ្រោះ​គ្រោះថ្នាក់ សង្រ្គាម ព្រោះថា គណបក្ស​ចម្រើនប្រជាធិបតេយ្យ ចេះតែ​ចង់​ចេញមុខ តទល់​ជាមួយចិន តាមរយៈ​ការបង្កើនបំពាក់សព្វាវុធ។ប៉ុន្តែ សម្រាប់​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ លោក​ឡៃ ជីងតេ ដែលជា​អនុប្រធានាធិបតីតៃវ៉ាន់​ដែរនោះ តៃវ៉ាន់មិនអាច​ជួបសន្តិភាពបានទេ បើសិន​តៃវ៉ាន់ ទទួលយកគោលការណ៍ចិនតែមួយ។ ករណី ហុងកុងនិងទីបេ ជាឧទាហរណ៍ស្រាប់។បើតាម​លោក​លោក​ឡៃ ជីងតេ សន្តិភាព​ដែលគ្មានដែនអធិបតេយ្យភាព ដូចជា​ហុងកុងនោះ គឺជាសន្តិភាពក្លែងក្លាយ។ យ៉ាងណាក៏ដោយ លោក ឡៃ ជីតេ ដែលត្រូវ​គេស្ទង់មតិថា នឹង​ទទួលការគាំទ្រពី​អ្នកបោះឆ្នោត​តៃវ៉ាន់ បញ្ជាក់​ដែរ​ថា នៅ​ក្រោមការដឹកនាំ​របស់​គណបក្ស​របស់​លោក រដ្ឋាភិបាលតៃវ៉ាន់​នៅតែ​បើកទ្វារ​ស្វាគម​ការសហការជាមួយចិន ប៉ុន្តែ ក្នុង​រូបភាព​ស្មើភាពគ្នាជានិច្ច។ តើប្រជាជន​តៃវ៉ាន់​នឹង​បោះឆ្នោត​ជ្រើសរើស​យកគណបក្ស​មួយណា? មួយ​ប្រកាស​ត្រលប់ទៅ​ស្តារទំនាក់ទំនងល្អជាមួយចិន វិញ ប៉ុន្តែ មួយទៀត ប្រកាស​ពង្រឹង វិស័យ​ការពារ តៃវ៉ាន់ នៅចំពោះមុខការគំរាមកំហែង​របស់ចិន។ គេនឹង​អាច​ដឹង​លទ្ធផល ឃើញការសម្រេចចិត្ត​របស់​ប្រជាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃ សៅរ៍ខាងមុខនេះ៕
1/9/20247 minutes, 7 seconds
Episode Artwork

ខួប៣ឆ្នាំសម្រុកចូលវិមានកាពីតូល៖ សំណុំរឿងចាស់ រំខាន លោក ត្រាំ ក្នុងការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី?

ថ្ងៃទី​៦ ខែមករា​ ឆ្នាំ២០២៤ គឺ​ជា​ខួប ៣ ឆ្នាំគត់​ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភា​សហ​រដ្ឋ​អាមេរិក ដែល​បណ្តាល​ឲ្យ​មាន​អំពើហិង្សា និងស្លាប់​មនុស្ស​ផង​​។ ករណីនេះ ក្លាយ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​តម្រូវ​ តុលាការកំពូលរដ្ឋ​សហព័ន្ធ​អាមេរិក ​សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវ​ហាម នៅ​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោតប្រធានា​ធិបតី​ នា​ចុងឆ្នាំនេះ​។ ​ ​ តុលាការកំពូលអាមេរិក ​កំណត់ថ្ងៃ​ជម្រះក្តីលោក ត្រាំ​ពេលនេះ អតីតប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កំពុងតែល្បីល្បាញខ្លាំង នៅក្នុង​ឱកាស​ផ្តើម​រដូវ​ឃោសនា​បោះឆ្នោត​អាមេរិក។ តែ រដ្ឋ២ បាន​ហាមឃាត់ មិន​ឲ្យ​លោក ឈរឈ្មោះ​​ក្នុង​រដ្ឋ​របស់​ខ្លួន​ទេ។ នោះ​ គឺ រដ្ឋ​កូលូរាដូ និង ​រដ្ឋ​មែន ជារដ្ឋ​ជាប់​មាត់សមុទ្រ ដែល​​បានចេញមុខ ហាមឃាត់ មិនឲ្យលោក ត្រាំ ឈរឈ្មោះនៅក្នុងរដ្ឋរបស់ខ្លួនទេ គឺព្រោះតែ តុលាការ និងថ្នាក់ដឹកនាំរដ្ឋ ទាំង​នេះ​ ចាត់ទុក​ថា​លោក ដូណាល់​ ត្រាំ ជាដើមហេតុ​នៃការ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​លុកលុយសម្រុក​​វិមាន កាពីតូល រហូត​ដល់​មាន​អំពើ​ហិង្សា​និង​ស្លាប់​ម​នុស្ស​។ករណីអំពើ​ហិង្សា​នេះ មាន​មនុស្ស ១ ៣០០ នាក់ ត្រូវ​ជាប់​បណ្តឹងចោទប្រកាន់​របស់​​តុលាការ ហើយ​ក្នុងនោះ មាន​ប្រមាណ ៤០ នាក់ កំពុងតែ​នៅ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំងនៅឡើយ រហូត​មកទល់​ពេលនេះ ​ដើម្បី​នឹង​រង់ចាំ​ ​តុលាការ​ក្រុង​វ៉ាស៊ីន​តោន ជំនុំ​ជម្រះក្តី​។ លោក ត្រាំ ក៏ត្រូវ រដ្ឋអាជ្ញា ​ចោទប្រកាន់ ហើយ​ទាមទារយករូប​លោកមក​ជំនុំជម្រះដែរ ក៏ប៉ុន្តែ លោក ត្រាំ បដិសេធ ដោយ​សំអាង​ទៅលើ អភ័យឯកសិទ្ធិប្រធានាធិបតី​។​ ​នេះជា​សំណុំ​រឿង​ថ្មី​សម្រាប់ប្រវត្តិសាស្ត្រ​អាមេរិក។​ចុង​ខែ​ធ្នូកន្លងទៅ​ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក បាន​លើកពេល ពុំ​ទាន់​ជំនុំ​ជម្រះ​ករណី​នេះទេ។ ​ថ្ងៃសុក្រ​ទី ៥ ខែមករា ​តុលាការកំពូលរដ្ឋ​សហព័ន្ធ​អាមេរិក ​ បាន​សម្រេចកំណត់​ពេលវេលា​​ថា នឹង​ជំនុំ​ក្តីរឿងនេះ នៅថ្ងៃ​ទី​ ៨ ខែកុម្ភៈ ខាងមុខ។ ​ក្នុង​ដំណាក់កាល​នេះ គឺ រដ្ឋ​មួយ​ចំនួននៅសហរដ្ឋ​អាមេរិក ក៏​កំពុងតែ​យកគំរូ​តាម​រដ្ឋ​កូលូរាដូនិងរដ្ឋ​មែន គឺ ហាមមិនចង់​ឲ្យ​លោក ត្រាំ ឈរឈ្មោះក្នុង​រដ្ឋខ្លួន​ទេ​​ ប៉ុន្តែ​បណ្តា​រដ្ឋខ្លះទៀត ក៏បាន​ធ្វើ​ផ្ទុយ​ពីនេះដែរ​។ក្រៅ​ពី​រឿងអាស្រូវលុកលុយ​សម្រុក​ចូល​វិមាន​កាពីតូល ដើម​ឆ្នាំ២០២១ គឺ​លោក ដូណាល់​ ត្រាំ ក៏​មាន​ជាប់​ប្រឡាក់​ខ្លួន​នឹង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ផ្សេងទៀត ដូចជា ករណី​ធ្វេសប្រហែស​ក្នុងការ​ទុកដាក់​ឯកសារ​សម្ងាត់​ជាតិ នៅពេល​លោក ​ត្រាំ​ ចាកចេញ​ពី​វិមាន​ប្រធានាធិបតី ហើយ​ករណី​ផ្ទេរលុយ​ទៅឲ្យ​នារី​រក​ស៊ី​ផ្លូ​វភេទ​ជាថ្នូរ​នឹងឲ្យ​នាង​បិទមាត់​ជុំវិញ​បញ្ហា​រួម​សង្វាស​ជាមួយ​នឹង​លោក ជាដើម។ នេះនៅ​មិនទាន់​និយាយ​ពី​សំណុំ​រឿង​ផ្លូវ​ច្បាប់​ផ្សេងៗទៀត ជុំវិញ​រឿង​ពន្ធដាររបស់ក្រុម​ហ៊ុន​លោក​ផង​ទេ។​ ទោះបី​ជា​រឿង​អាស្រូវ​ ច្រើន​យ៉ាងនេះក្តី ក៏​គេមិនអាច​មិន​ទទួល​ស្គាល់ទេ ថា លោក ត្រាំ គឺនៅតែ​ជា​បេក្ខជន​មួយ ដ៏​មាន​ប្រជាប្រិយភាព និង​ទាក់ទាញ​អ្នក​បោះឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​ យ៉ាងសម្បើម។​លោក ត្រាំ ​អញ្ជើញ​ទៅឃោសនា​ នៅ​រដ្ឋ​អាយហូវ៉ាក្នុង​វ័យ​ ៧៧ ឆ្នាំ លោក ត្រាំ បាន​ចេញ​ឃោសនាជាច្រើន​រដ្ឋមកហើយ។ ថ្ងៃ​សៅរ៍ ទី​៦មករា លោក ត្រាំ ជួបជុំ​ឃោសនានយោបាយ​ ដល់ទៅ​ ២ កន្លែង។ ១​នៅ​ នៅ​ញូវតុន ហើយ​១ទៀត នៅក្លីនតុន ក្បែរព្រំដែន​រដ្ឋ​អ៊ីលីណយ។​​ លោក ត្រាំ បាន​យក​សំណុំ​រឿង ​អភ័យ​ឯកសិទ្ធិ​ប្រធានាធិបតី​ របស់​លោកទៅ​អះអាង​ដដែល ថា​​មា​នអភ័យ​ឯកសិទ្ធិ​ពេញ​ទី ហើយ​ លោកសង្ឃឹមថា​​នឹង​ទទួល​បាន​ការ​សម្រេច​ក្តី​ដោយ​យុត្តិធម៌ត្រឹមត្រូវ​​។ក្នុង​គណ​បក្ស​សាធារណៈរដ្ឋ នរណា​ខ្លះផ្សេង​ទៀត អាច​ជំនួស​លោក ត្រាំ ?នៅក្នុង​​គណបក្សសាធារណៈរដ្ឋ តាមការ​ស្ទង់មតិ​ចុងក្រោយ​ គឺថា​​លោក ត្រាំ មាន​សំឡេងគ្រាំ ដល់ទៅ ៦០% លើ​បេក្ខជន​ផ្សេងទៀត នៅក្នុង​បក្ស។ ក៏ប៉ុន្តែ ករណី​ប្រសិន​បើ នៅខែកុម្ភៈ​ខាងមុខ ​ សាលា​វិនិច្ឆ័យ​តុលាការកំពូល​សហរដ្ឋអាមេរិក សម្រេច​ថា លោក​ ត្រាំ មិនអាច​ឈរឈ្មោះបាន គឺ​បក្ស​​សាធារណរដ្ឋ​ អាច​នឹងមាន​បេក្ខជន​សំខាន់ៗ​ មួយ​ចំនួន​ទៀត។ នោះគឺ អ្នកស្រី នីកគី ហាឡី ជាអតីត​អភិបាល​រដ្ឋ​ការូឡាយណាខាងត្បូង ហើយ​និងជា​ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។ វ័យត្រឹមតែ ៥១ឆ្នាំ អ្នក​ស្រី ជាបេក្ខភាពនារី​តែម្នាក់​គត់ របស់គណ​បក្ស​​សាធារណរដ្ឋ​ ដែល​គេ​កំពុង​តែសម្លឹង​មើល ថា​កំពុងតែ​លេច​ធ្លោ។នៅមានអ្នក​ផ្សេង​ទៀត គឺ​ អភិបាល​ក្រុង​ហ្វ្ល័រីដា លោក រុន ដឺសាន់ទីស វ័យក្មេងទើបតែ ៤៥ ឆ្នាំ។ ម្នាក់ទៀត សេដ្ឋីវ័យក្មេង វីវេក រាមាវ៉ាមី ​អាយុ ​៣៨ ឆ្នាំ ហើយ​និង​ អតីត​អភិបាល​រដ្ឋញូវជេរស៊ី  លោក គ្រិស គ្រិស្តី ​វ័យ​ ៦១ ជាដើម។លោក ចូ បៃដិន ​ចោទលោក ​ត្រាំ ជា«​ណាស៊ីអាល្លឺម៉ង់»​អាយុ៨១ឆ្នាំ​ ប្រធានាធិបតី លោក ចូ បៃដិន អញ្ជើញពីថ្ងៃសុក្រ ទៅ​រដ្ឋ​ផែន​ស៊ីវ៉ានី និង បាន​យក​សំណុំ​រឿង​សម្រុក​ចូល​លុកលុយ​វិមាន​កាពីតូល ​​ មកធ្វើ​ជា​ប្រធានបទ​ក្តៅ​។ នេះក៏​ដើម្បី​រំឭក​ខួប៣ឆ្នាំ នៃព្រឹត្តិការណ៍​ហិង្សានៅសភា​អាមេរិក​​ ហើយ​និង​​​ដើម្បី​ជាលេស​ល្អ​ ក្នុងការ​វាយ​ប្រហារ​លោក ដូណាល់ ត្រាំ ជា​គូ​ប្រជែង។បើតាម​លោក ចូ បៃដិន ថ្ងៃទី​៦មករា២០២១ គឺ​ជាថ្ងៃ ដែលសហរដ្ឋ​អាមេរិក​ ស្ទើរតែ​ប៊ិះ​បាត់បាត់​លិទ្ធិប្រជាធិបតេយ្យ។​ តាមរយៈ​ព្រឹត្តិការណ៍​លុកលុយ​សភា​អាមេរិកដើមឆ្នាំ២០២១នេះ គឺ​លោក បៃដិន បន្ទោស​លោក ត្រាំ ថា​ជា មនុស្ស​ដែល​ហ៊ាន​លះបង់​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​តែ​ទទួល​បាន​អំណាច ជាប្រយោជន៍​ផ្ទាល់ខ្លួន។ ​លោក បៃដិន ក៏បាន​រិះគន់​ពាក្យ​សម្តី​របស់​លោក ត្រាំ ថាមាន​គំរូ​បែបផែន​ដូច​ពាក្យ​សម្តី​របស់​ពួក​ផ្តាច់​ការ​ណាស៊ី​អាល្លឺម៉ង់ ធ្លាប់​បាន​ប្រើ​ដូច្នោះ​ដែរ​​៕
1/6/20246 minutes, 57 seconds
Episode Artwork

កូរ៉េខា​ង​ជើង​បាញ់​កាំភ្លើង​ត្បាល់សំដៅ​កូរ៉េខាង​ត្បូង ​សេអ៊ូល​ធ្វើ​សមយុទ្ធ​​គ្រាប់​ពិត

ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ កំពុង​ធ្លាក់​ក្នុង​ភាព​តាន​តឹង​យោធា​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​ពី​ឆ្នាំ​២០១០មក។ នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​កាំភ្លើង​ត្បាល់​ចំនួន​២០០​គ្រាប់​ទៅក្នុង​សមុទ្ទ​លឿង​ ម្តុំ​ជិត​កោះ​របស់​កូរ៉េខាង​ត្បូង។ បន្ទាប់​ពី​បាន​ជម្លៀស​ជនស៊ីវិល​ជា​កិច្ចការពារ សេអ៊ូល​បាន​តប​ត​វិញ​ដោយ​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​ជាប់​កូរ៉េខាង​ជើង។ ជា​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិតតែម្តង។ នៅ​ចំពោះ​មុខ​ស្ថានការណ៍​​បែប​នេះ​ចិន​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់​ កុំ​ចាត់​វិធានការ​ណា​ដែល​នាំ​ឱ្យ​ស្ថានភាព​កាន់តែ​ដុនដាប​។ ចំណែក​អាមេរិក​បាន​ទម្លាយ​សេចក្តី​ចោទ​ប្រកាន់​ថា​​កូរ៉េខាង​ជើងបាន​ផ្គត់​ផ្គង់​អាវុធ​មីស៊ីលឱ្យ​រុស្ស៊ី​បាញ់​អ៊ុយក្រែន។ ភាព​តាន​តឹង​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន ​មិន​ដែល​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១០​មក ដែល​កាលណោះ​ព្យុងយ៉ាងបាន​ផ្លោង​១៧០​គ្រាប់​​លើ​កោះ​Yeonpyeong ជា​លើក​ទី​មួយ ស្លាប់​ស៊ីវិល​២​នាក់​ ទាហាន​ពីរ​នាក់។កូរ៉េខាង​ជើង​ជន្លកូរ៉េខាង​ត្បូង?មាន​ទំនាក់ទំនងដុនដាបស្រាប់​ តាំងពី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ ប្រមុខ​ដឹកនាំ​របប​ព្យុងយ៉ាង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គំរាម​កម្ទេច​កូរ៉េខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ​បានប្រកាស​ត្រៀម​ប្រឈម​នឹង​សង្គ្រាម ...ជា​ពាក្យ​ដ៏​ធ្ងន់ៗ ហើយ​ស្រាប់​តែ​នៅ​ថ្ងៃ​នេះ មានការ​បាញ់​ផ្លោង​តែម្តង។បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធា​កូរ៉េខាង​ត្បូង​ ក្នុង​រយៈ​ពេល​តែ​ប្រមាណ​ពីរ​ម៉ោង គឺ​នៅរវាង​ពី​ម៉ោង​៩ ទៅ​ម៉ោង​១១​ព្រឹក​ម៉ោង​នៅក្នុង​ស្រុក កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ចំនួន​ដល់​ទៅ​ប្រមាណ​២០០គ្រាប់ សំដៅ​សមុទ្ទ​លឿង ត្រង់​ដែន​ទឹក​ជិត​កោះដ៏​ដាច់​ស្រយាល​បំផុត​របស់​កូរ៉េខាង​ត្បូង​ គឺ​កោះ​Yeonpyeong និង​កោះ​Baengnyong។ ​ជា​សំណាង​ល្អ គ្រាប់​កាំភ្លើង​ត្បាល់​កូរ៉េខាង​ជើង​មិនប​ង្ក​ឱ្យ​មានជនរងគ្រោះ​និង​​ការ​ខូត​ខាត​ជា​សម្ភារៈទេ​ ព្រោះ​វា​ធ្លាក់​នៅ​ផ្នែក​ខាង​ជើង​នៃ​ព្រំដែន​ទឹក​រវាង​កូរ៉េទាំងពីរ។ ប៉ុន្តែ​ចរាចរណ៍​ភ្ជាប់​ទៅកាន់​កោះ​ត្រូវ​ផ្អាក។ ប្រជាពលរដ្ឋ​​លើ​កោះទាំងពីរ​ បាន​ទទួល​បញ្ជា​ឱ្យទៅ​​សំងំ​នៅ​ក្នុង​ទី​ជម្រក​សុវត្ថិភាព។ អាជ្ញាធរ​សម្រេច​ជម្លៀស​ប្រជាជន​ដើម្បី​​ជា​កិច្ចការពារ។  ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​២ពាន់​នាក់ Yeonpyong ស្ថិត​នៅ​ចម្ងាយ​១១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល និង​តែ​ជាង​១០គីឡូម៉ែត្រ​ពីឆ្នេរ​ខាង​ត្បូង​បំផុត​របស់​កូរ៉េខាង​ជើង។ ចំណែក​កោះ​ Baengnyong នៅកាន់​តែ​កៀក​កូរ៉េខាង​ជើង​ខ្លាំងនិង​មាន​មនុស្ស​រស់​នៅ​៤៩០០នាក់។ចំណែក​ខាង​កូរ៉េខាង​ត្បូង​វិញ កូរ៉េខាង​ត្បូង​បាន​ដឹកនាំធ្វើ​សមយុទ្ធ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​កូរ៉េខាង​ជើង។ ហើយ​នៅ​ព្រឹកមិញ​​ ក្រៅ​អំពី​បរិហារ​សកម្មភាព​បង្ក​ហេតុ​របស់​កូរ៉េខាង​ជើង​ថា​គំរាមកំហែង​សន្តិភាព​ក្នុង​តំបន់ យោធា​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​តប ​ដោយ​បាញ់​គ្រាប់​ពិតៗ ប្រភេទ​គ្រាប់​កាំភ្លើង​ត្បាល់​K9ចំនួន​២០០គ្រាប់​ ​​​វិញផង​។ នេះ​ជា​លើក​ទី​មួយ​ហើយ​កូរ៉េខាង​ត្បូង​ធ្វើ​យ៉ាង​ដូច្នេះ គិត​ចាប់​តាំងពី​សេអ៊ូល​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ​២០១៨មក។កូរ៉េខាង​ជើង​សម្រេច​កម្មវត្ថុ​ផលិតកម្មបង្ហោះមីស៊ីល?បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើងចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ ក្នុង​ពេល​​ចុះ​ទៅ​បំពេញទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​ប្រព័ន្ធ​បង្ហោះ​មីស៊ីល​បាលីស្ទិក ជាមួយ​កូនស្រី ប្រមុខ​របបព្យុងយ៉ាងគីមជុងអ៊ុន ​បា​ន​អះអាង​ថា​នៅ​ចំពោះ​មុខ​ស្ថានភាព​កាន់​តែធ្ងន់ធ្ងរ​​នាពេល​បច្ចុប្បន្ន និង​ភាព​ចាំបាច់​​ក្នុងការ​ត្រៀម​ប្រឈម​នឹង​សង្គ្រាម​យោធា​ជាមួយ​សត្រូវ (កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក)​ ​​កូរ៉េខាង​ជើងត្រូវ​តែ​បង្កើន​ផលិតកម្ម​បង្ហោះ​មីស៊ីល។លោកគីមជុងអ៊ុនបាន​សរសើរ​អ្នក​ទទួល​ខុសត្រូវ​ស្ថាប័នរោងចក្រ​ ដែល​បាន​សម្រេច​លើស​កម្មវត្ថុ​ឆ្នាំ​២០២៣ ក្នុង​ការ​ផលិត​ប្រព័ន្ធបង្ហោះ​មីស៊ីល​។ ដូច្នេះ​កូរ៉េខាង​ជើង​ច្បាស់​ជា​នឹង​សម្រេច​បាន​នូវ​កម្មវត្ថុ​ថ្មី​​ឆ្នាំ​២០២៤​ ដែល​កំណត់​ដោយ​គណៈកម្មាធិការ​បក្ស​ជាក់​ជា​មិន​ខាន។ នេះ​បើ​តាម​ការ​អួតអាង​បន្ថែម​របស់​​លោក​គីម​ជុងអ៊ុន ដោយ​​មិន​បាន​ផ្តល់​តួលេខ ​ថា​តើ​កូរ៉េខាង​ជើង​គ្រោង​នឹងផលិតមីស៊ីល​ប៉ុន្មាន​ឡើយនៅ​ឆ្នាំ​២០២៤។កូរ៉េខាង​ជើង​បញ្ជូនប្រព័ន្ធមីស៊ីល​​ទៅ​ឱ្យ​រុស្ស៊ី?ក្នុង​ពេល​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាស​បង្កើន​ផលិត​កម្ម​ប្រព័ន្ធ​បង្ហោះមីស៊ីល​ សហរដ្ឋ​អាមេរិក​បាន​ទម្លាយ​ ពាក្យ​​ចោទ​ប្រកាន់​នៅ​ ​ថ្ងៃ​សុក្រ​នេះថា កូរ៉េខាង​ជើង​បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​បង្ហោះ​មីស៊ីបាលីស្ទិក និង​មីស៊ីល​បាលីស្ទិក​ជា​ច្រើន​ដល់​រុស្ស៊ី។ បើ​តាម​អ្នកនាំពាក្យ​​ទីប្រឹក្សាសន្តិសុខ​អាមេរិក​លោក ចន គៀប៊ី គឺ​​មីស៊ីល​ទាំង​អស់​នេះហើយ​ដែល​រុស្ស៊ី​​បាន​យក​ទៅ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ កាលពី​ថ្ងៃ​ទី​៣០ធ្នូ និង​២​មករា​ លើ​អ៊ុយក្រែននោះ។ មីស៊ីល​កូរ៉េខាងជើង​យ៉ាង​ហោច​មួយគ្រាប់​បាន​ធ្លាក់​ក្នុង​ចំការ​នៅ​តំបន់​ហ្សាប៉ូរីចា។ នេះ​បើតាមការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​អាមេរិក​ដដែល។ប៉ុន្តែ​មក​ទល់​នឹងម៉ោង​នេះ អ៊ុយក្រែន​នៅ​មិន​ទាន់មាន​លទ្ធភាព​​បញ្ជាក់​ព័ត៌មាន​ថា​រុស្ស៊ី​ពិត​ជា​បា​ន​ប្រើ​មីស៊ីល​កូរ៉េខាង​ជើង​បាញ់​មក​លើ​ទឹក​ដី​ខ្លួន​នៅឡើយ។ អ្នក​នាំពាក្យ​ទ័ព​អាកាស​​អ៊ុយក្រែន​ បានអះអាង​កំពុង​រង់​ចាំ​អ្នក​ជំនាញផ្តល់​លទ្ធផល​វិភាគបំណែក​មីស៊ីល​​សិន។​​យ៉ាង​ណា​ក៏​ដោយ​ ក៏​អាមេរិក​​សន្យា​នាំ​បញ្ហា​នេះ​ទៅ​ប្តឹង​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ព្រោះ​ការ​ផ្ទេរ​មីស៊ីល​គឺ​ជា​រំលោភ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។ មាន​ប្រវត្តិ​ជា​សម្ព័ន្ធ​មិត្តនឹង​គ្នា រុស្ស៊ី​និង​កូរ៉េខាងជើង​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ដូច​គ្នា៖ រុស្ស៊ី​ជាប់​ទណ្ឌកម្ម​ពីបទ​ចូល​ឈ្លានពាន​អ៊ុយក្រែន ឯ​កូរ៉េខាង​ជើង​ពី​បទ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ កាលពី​ខែ​តុលា​ សហរដ្ឋ​អាមេរិក​បានអះអាង​កូរ៉េខាង​ជើង​បាន​ដឹកជញ្ជូន​បរិក្ខារ​យោធា​ និង​គ្រាប់​រំសេវ​ ជាង​១ពាន់​កុងតឺន័រទៅ​ឱ្យ​រុស្ស៊ី។ សេអ៊ូល​ប៉ាន់​ស្មាន​ថា​រុស្ស៊ី​បានទទួល​គ្រាប់​កាំភ្លើង​ត្បាល់​ជាង​មួយ​លាន​គ្រាប់​ពី​ព្យុងយ៉ាង ជា​ថ្នូរ​នឹង​ជំនួយ​ប្រឹក្សាផ្នែក​​បច្ចេកទេស​ផ្កាយ​រណប៕
1/5/20245 minutes, 19 seconds
Episode Artwork

ក្រោយវេតូរបស់អាមេរិក ប្រជាជន​ហ្កាហ្សាកាន់តែរងទុក្ខវេទនា ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល

បន្ទាប់ពីបានភ្លើងខៀវ​ពីអាមេរិក ដែល​វេតូ​ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់មនុស្សធម៌​នៅហ្កាហ្សា អ៊ីស្រាអែល​នៅថ្ងៃអាទិត្យទី​១០​ធ្នូ​បង្កើនការវាយប្រហារ​នៅហ្កាហ្សា ដោយគ្មាន​លើកលែង តំបន់​ភាគជើង តំបន់​ខាងត្បូង​ហ្កាហ្សា​ឡើយ។ ការខ្វះឯកភាពគ្នា នៅក្រុមប្រឹក្សា​សន្តិសុខ​ជាសញ្ញា​បើកដៃ​ឲ្យ​កងទ័ព​អ៊ីស្រាអែល​សម្រុក​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​តំបន់​ហ្កាហ្សា ហើយ​អ្នកដែល​រង​ទុក្ខវេទនា​ខ្លាំង​ជាងគេដោយសារ​ការប្រយុទ្ធគ្នា​រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន គ្មាន​អ្នកណា​ក្រៅ​តែ​ពី​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន។ ​ស្ថានភាព​មនុស្សធម៌​នៅហ្កាហ្សាកំពុងមហន្តរាយការសម្លាប់រង្គាល​មិនធ្លាប់មាន ជំងឺ​អាសន្នរោគ និង​គ្រោះ​អត់ឃ្លាន។ ទាំងនេះ​ជា​អ្វី​ដែល​ប្រជាជន​ប៉ាឡេស្ទីនកំពុងជួបប្រទះ នៅ​ហ្កាហ្សា ដែល​ក្លាយ​ជា​សមរភូមិប្រយុទ្ធគ្នា​ដ៏ហិង្សា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​២ខែ​មកនេះ។នៅថ្ងៃ​អាទិត្យ មួយថ្ងៃក្រោយ ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ មិនអាច​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់​មនុស្សធម៌ ដោយសារ​វេតូ​របស់អាមេរិក អ៊ីស្រាអែល​ដែលជាសម្ព័ន្ធមិត្ត​របស់​អាមេរិក​បង្កើន​ការវាយប្រហារដ៏ហិង្សា តាម​ផ្លូវអាកាស និង​ផ្លូវគោក ទៅលើ​ទីក្រុង Khan Younès និង​ទីក្រុង​រ៉ាហ្វា នៅភាគខាងត្បូង ហ្កាហ្សា ជាប់ព្រំដែន​ជាមួយ​អេហ្ស៊ីប។បន្ទាប់ពី​ទម្លាក់គ្រាប់បែក បាញ់ប្លោង​ដែលកម្ទេច​រាបដល់ដី ហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែង​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅខាងជើង​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែល នៅប៉ុន្មានថ្ងៃ​មកនេះ បានបែរចុះមកវាយប្រហារ​លើ​តំបន់​ខាងត្បូងហ្កាហ្សា ក្នុងហេតុផល តាមប្រមាញ់​មេក្រុម និងជនប្រដាប់អាវុធ​ហាម៉ាស​ដែល​រត់គេច​ពីខាងជើងមកនៅ​នៅតំបន់​ភាគខាងត្បូង។បញ្ហា​នៅត្រង់ថា ដោយសារ​ការវាយប្រហារ​ដ៏សន្ធប់របស់​អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន ជិត ២លាននាក់ ដែល​ត្រូវអ៊ីស្រាអែល បង្ខំ​ឲ្យ​រត់ចាកចេញពី​ភាគខាងជើងរបស់​ហ្កាហ្សា មកនៅ​ភាគខាងត្បូង លែងមាន​កន្លែង​ជ្រក​សុវត្ថិភាព​តទៅទៀត។ថ្មីៗនេះ ដោយសារ​ប្រតិបត្តិការយោធា​តាមបោសសម្អាត​ក្រុមហាម៉ាស ដែលត្រូវ​ពង្រីកមកដល់​តំបន់​ភាគខាងត្បូង អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ទៅរកកន្លែងជ្រក​សុវត្ថិភាព នៅ​ជាប់មាត់សមុទ្រ ដែលស្ថិតនៅក្រៅ​តំបន់សង្រ្គាម វាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល។ថ្កោលទោស រិះគន់​ចំណាត់ការ​សោះអង្គើយ​របស់​​អ៊ីស្រាអែល ដែលមិនខ្វល់​ពី​អាយុជីវិត​របស់​ប្រជាជនស៊ីវិល អង្គការសហប្រជាជាតិ នៅ​ចុងសប្តា៍នេះ ទាញសញ្ញា​អាសន្ន​ពី​គ្រោះអត់ឃ្លាន និង​ការរីករាលដាលជំងឺឆ្លង អាសន្នរោគ ដោយសារ​អ៊ីស្រាអែល​បិទខ្ទប់​រថយន្ត​ដឹកជញ្ជូនជំនួយ​ស្បៀង និងថ្នាំពេទ្យ និង​ដោយសារ​ការរស់នៅ​ដ៏​ប្រជ្រៀតគ្នា​របស់​ប្រជាជនភៀសខ្លួន​ប៉ាឡេស្ទីន នៅ​ក្នុង​ទីកន្លែង​ដ៏តូច។តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក ដោយសារ​ការរឹតត្បិត​របស់​អ៊ីស្រាអែល និង​ការវាយប្រហារ​របស់យន្តហោះចម្បាំង​អ៊ីស្រាអែលទៅលើ​ទីក្រុង​រ៉ាហ្វា ជាប់ព្រំដែន​អេហ្ស៊ីប រថយន្ត​ដឹកជញ្ជូនស្បៀង ទឹក និងប្រេង​ក្នុងចំនួន​ដ៏តិចតួច​បំផុត អាច​បរចូល​ទៅ​ហ្កាហ្សា។ ការណ៍នេះធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ប្រមាណ ៩០ភាគរយ ដែល​កំពុង​រត់ភៀសខ្លួន ពេញ​ហ្កាហ្សា នៅថ្ងៃ​ខ្លះ​ត្រូវ​ចូលនិន្រ្ទា ទាំងគ្មាន​អាហារ​ចូលពោះ​ទាល់តែសោះ។មន្រ្តីអង្គការសហប្រជាជាតិ៖ អ៊ីស្រាអែល​មានចេតនា​រុញច្រាន​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យ​ចេញ​ពី​ទឹកដី​ហ្កាហ្សាជាមួយនឹង​ការវាយប្រហារ​ប្រដេញ​​ពី​ជើង​ទៅ​ត្បូង​ហ្កាហ្សា នៅក្នុង​ហេតុផល​តាមវាយកម្ចាត់​ក្រុមហាម៉ាស​ឲ្យ​អស់​ពីទឹកដី ហ្កាហ្សា អ៊ីស្រាអែល​បាន​បញ្ជា​ បង្ខំ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ផ្លាស់ទីកន្លែងរស់នៅ មួយ​លើក​ជា​ពីរ​លើក។ បន្ទាប់ពី​រត់ចោល​ផ្ទះសម្បែង នៅ​ភាគខាងជើង​ហ្កាហ្សា ដើម្បី​គេច​ចេញពី​ការទម្លាក់គ្រាប់បែក ការបាញ់ប្លោង របស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាកងទ័ពអ៊ីស្រាអែល ជាមួយ​ពួកហាម៉ាស ប្រជាជន​ប៉ាឡេស្ទីនជាង​១លាន ៨សែននាក់​ជាប់គាំង រស់នៅកកកុញ នៅ​ភាគខាងត្បូង។ ការវាយប្រហារ​ដ៏ខ្លាំងក្លា​របស់​កងទ័ពអ៊ីស្រាអែល​នៅ​ភាគខាងត្បូងហ្កាហ្សា នៅប៉ុន្មានថ្ងៃ​មកនេះ បាន​ឈាន​ចូល​ដល់​ដំណាក់កាលមួយ ដែលទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា ជាយុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែល​ដើម្បី បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីទឹកដី​ហ្កាហ្សា។នៅក្នុង​អត្ថបទបញ្ចេញ​មតិ របស់​កាសែត​អាមេរិក Los Angeles Times ចុះផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ប្រធាន​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រជាជន​ប៉ាឡេស្ទីន​ចោទប្រកាន់​អ៊ីស្រាអែល​ថា កំពុង​ប៉ុនប៉ង បង្ខំ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យចាកចេញ​ពី​ហ្កាហ្សា​សំដៅ​ទឹកដី​អេហ្ស៊ីប។ តាម​យោបល់​របស់​ប្រធានទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បើសិន​អ៊ីស្រាអែល​នៅតែ​បន្ត​វាយប្រហារ​គ្មានសល់ចន្លោះទៅលើ​ទឹកដីហ្កាហ្សា និងរុញច្រាន​ប្រជាជនប៉ាឡេស្ទីន​ទៅនៅ​កកប្រមូលផ្តុំនៅ​ជំរំជនភៀសខ្លួន​ក្បែរ​ព្រំដែន​អេហ្ស៊ីប គេមិនអាច​មើលឃើញ​អ្វីផ្សេង ក្រៅពី​ផែនការ​របស់​អ៊ីស្រាអែល ដើម្បី​ប្រែក្លាយ​ហ្កាហ្សា គ្មាន​ប្រជាជន​ប៉ាឡេស្ទីន។ ការរុញច្រាន​ប្រជាជន​ប៉ាឡេស្ទីនចេញពី​តំបន់ដែល​អ៊ីស្រាអែលអះអាងថា ជា​តំបន់​សង្រ្គាម ធ្វើ​ឲ្យ​គេ​នឹកដល់​ចំណាកស្រុក​របស់​ប្រជាជន​ប៉ាឡេស្ទីន ជាង ៧សែននាក់ ដែលត្រូវ​រត់ផ្លាស់ទី​ចេញពីទឹកដី​របស់ខ្លួន នៅក្នុង​សម័យសង្រ្គាម​កាល​ពី​អតីតកាល​ដែល​ឈាន​ទៅ​បង្កើត​រដ្ឋ​អ៊ីស្រាអែល នៅ​ឆ្នាំ ១៩៤៨។ឆ្លើយតប​នឹង​ការចោទប្រកាន់ របស់មន្រ្តី​អង្គការ​សហប្រជាជាតិ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ទទួល​បន្ទុក​កិច្ចការ​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន បដិសេធថា អ៊ីស្រាអែល​មិនដែល ហើយក៏និងគ្មានផែនការ​ជម្លៀស​ប្រជាជនប៉ាឡេស្ទីន​ចេញពី​ហ្កាហ្សាទៅ អេហ្ស៊ីប។ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ខុសផ្ទុយពី​ការលើកឡើងកាលពីខែ​មុន របស់​រដ្ឋមន្រ្តី​ចារកម្ម​អ៊ីស្រាអែល​លោក​Gila Gambliel ដែលថា អ៊ីស្រាអែល​មានជម្រើស​១នៅក្រោយចប់សង្រ្គាម​ហ្កាហ្សា នោះ គឺ​ការរើផ្លាស់ទី​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីហ្កាហ្សា។ តាម​រដ្ឋមន្រ្តី អេហ្ស៊ីប​អាច​សាងសង់​ទីក្រុងជំរំភៀសខ្លួន​ដាក់​ប្រជាជន​ប៉ាឡេស្ទីនចេញពីហ្កាហ្សា នៅក្នុង​ទឹកដីស៊ីណៃរបស់​អេហ្ស៊ីប និងដែលទទួលជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។ម៉ាមូដ អាបាស​ចោទអាមេរិកថា កំពុង​​ឃុបឃិត​ជាមួយ​អ៊ីស្រាអែល ធ្វើសង្រ្គាម នៅហ្កាហ្សានៅក្រោយអាមេរិក​វេតូ​ប្រឆាំង មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចេញសេចក្តីសម្រេច​ទាមទារ​បទឈប់បាញ់បន្ទាន់​នៅហ្កាហ្សា ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​ដែលគ្រប់គ្រង​ទឹកដី​ស៊ីហ្សកដានី បាន​រិះគន់​ខ្លាំងៗអាមេរិក ថា កំពុង​ចូលដៃ ចូលជើង​ជាមួយ​អ៊ីស្រាអែល និងថា អាមេរិក​ចូលរួម​ចំណែក​ទទួលខុសត្រូវ​លើ ការសម្លាប់បង្ហូរឈាម ទៅលើ​កុមារ ស្រ្តី និង​មនុស្ស​ចាស់​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា។ឯកោ និងរងការរិះគន់ពីគ្រប់ទិស​ដោយសារ​វេតូ​នៅ ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ អាមេរិក​មិន​ផ្លាស់ប្តូរជំហររបស់ខ្លួនដើម្បីការពារ​អ៊ីស្រាអែល។ នៅ​ថ្ងៃសៅរ៍ ពោលគឺ​នៅប៉ុន្មានម៉ោង​ក្រោយ​វេតូ ប្រឆាំង​បទឈប់បាញ់​នៅ​ហ្កាហ្សា រដ្ឋបាលលោកចូ បៃដិន​បានចេញបញ្ជា​ឲ្យ​លក់គ្រាប់កាំភ្លើង សម្រាប់​រថក្រោះអ៊ីស្រាអែល ប្រមាណ ១៤០០០គ្រាប់។ តាមទូរទស្សន៍ CNN ដោយ​លក់សព្វាវុធ​ទៅ​ឲ្យ​កងទ័ពអ៊ីស្រាអែល ប្រយុទ្ធប្រឆាំង​នឹង​ពួកហាម៉ាស​នៅ​ហ្កាហ្សា រដ្ឋបាល​លោកចូ បៃដិន​បានលើកឡើងពី​ករណីបន្ទាន់ ដើម្បី​ហេតុផល​សន្តិសុខជាតិ​អាមេរិក។តាមអ្នកវិភាគខ្លះ បើទោះជា​លក់អាវុធ និង​វេតូជួយការពារ​អ៊ីស្រាអែល​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ វ៉ាស៊ីនតោន នៅមួយរយៈចុងក្រោយ​នេះបាន​ដាក់សម្ពាធ ទាមទារ​ចង់​ឲ្យ​អ៊ីស្រាអែល​បិទបញ្ចប់​សង្រ្គាម​ឲ្យ​បាន​ឆាប់បំផុត យ៉ាងយូរ​នៅ​ចុងឆ្នាំ​នេះ។ ប៉ុន្តែ មន្រ្តីយោធា​អ៊ីស្រាអែល​អះអាងថា នៅក្រោយ​សង្រ្គាម​ហ្កាហ្សាចប់ ដែលគេមិនដឹងថា នៅ​ពេលណា កងទ័ពអ៊ីស្រាអែលត្រូវការ​ពេលយ៉ាងហោច ១ខែ ដើម្បី​ច្បាស់ប្រាកដ​ចិត្ត​ថា ក្រុមហាម៉ាស​រលាយ​លែងមានមុខ នៅហ្កាហ្សា។ក្រុមហាម៉ាស​កំពុង​ធ្លាក់ដៃ​ប្រយុទ្ធ?ដោយ​វាយសន្ធប់ បណ្តេញ​ពីជើង​ទៅត្បូង រដ្ឋមន្រ្តីការពារ​អ៊ីស្រាអែល​អះអាងថា កងទ័ពអ៊ីស្រាអែល​នឹង​បង្កើន​ការវាយប្រហារ តាមប្រមាញ់ ពីផ្ទះមួយ​ទៅផ្ទះមួយ តាម​រូងក្រោមដី ដើម្បី​កម្ទេច​ក្រុមហាម៉ាស។ បើតាម​ប្រមុខការពារ​ជាតិ​អ៊ីស្រាអែល នៅក្រោយ​ការវាយប្រហារ​ផ្លូវអាកាស និងតាម​ជើងគោក ដែលបាន​សម្លាប់​សមាជិកហាម៉ាស​ជិត ៦ពាន់នាក់ នៅក្នុងសង្រ្គាមហ្កាហ្សា​២ខែមកនេះ គេឃើញ​សញ្ញា​ធ្លាក់ដៃប្រយុទ្ធ​របស់​ពួកហាម៉ាស។ នៅប៉ុន្មានថ្ងៃមកនេះ រូបភាពវីដេអូ​របស់​អ៊ីស្រាអែល បាន​បង្ហាញ សព្វាវុធ​ដែលគេ​រឹបអូសបាន ហើយ​និង​មនុស្ស​ប្រុស​សល់តែខោខ្លី ដែល​អ៊ីស្រាអែលអះអាងថា ជា​សកម្មជនប្រយុទ្ធរបស់​ហាម៉ាស​ទម្លាក់អាវុធ ចុះចាញ់​កងទ័ពអ៊ីស្រាអែល។
12/10/20238 minutes, 31 seconds
Episode Artwork

ហ្កាហ្សា៖ រដ្ឋបាល​លោក​ចូបៃដិន​ ផ្តើមរិះគន់អ៊ីស្រាអែល ថាមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន

យោងតាម​ អ្នកនាំពាក្យក្រសួងសុខាភិបាល​ហាម៉ាស គឺគ្រាន់តែក្នុងមួយថ្ងៃព្រហស្បតិ៍​ទី​៧ធ្នូ មានមនុស្ស​ស្លាប់ចំនួន​៣៥០នាក់ ដោយសារតែ​ការបាញ់ប្លោងគ្រាប់​របស់អ៊ីស្រាអែល​។​ ហើយគិតសរុប​មកដល់​ថ្ងៃទី៦៣​នៃ​សង្គ្រាម​នេះ មានប្រជាជន​ស៊ីវីល​ប៉ាឡេស្ទីន ស្លាប់ចំនួនជាង​១៧០០០នាក់ និងរបួស​ចំនួន​៤៦០០០នាក់។ ៧០% នៃជនរងគ្រោះ ​គឺសុទ្ធតែជាកុមារ ក្មេងជំទង់ និងស្ត្រី​។ នេះបើផ្អែកតាមអាជ្ញាធរហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សា​។ ប្រឈមនឹងបញ្ហានេះ រដ្ឋមន្ត្រី​ការបរទេសអាមេរិក បានរិះគន់ចំៗជាលើកទី​មួយ ថាអ៊ីស្រាអែលមិនការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន​។ បន្ទាប់ពីបាន​ផ្អាក​ការ​ប្រយុទ្ធចំនួន​៧ថ្ងៃ កាលពីចុងខែ​វិច្ឆិកា​ អ៊ីស្រាអែល​បានសំរុកបើកការវាយប្រហារ បាញ់​ប្លោងគ្រាប់ និង​បញ្ជូន​កងទ័ពថ្មើរជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា ទាំងដែល​ប្រជាជនស៊ីវីល​ប៉ាឡេស្ទីន កំពុងកកកុញយ៉ាងលំបាក​វេទនានៅតំបន់​នោះ​។ ថ្ងៃសុក្រ​ទី​៨ធ្នូ កងទ័ពអ៊ីស្រាអែល បានអះអាងថា គេបានបើក​ប្រតិបត្តិការធំ រវាងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ដោយ​បាន​វាយ​ចំ​គោលដៅចំនួន៤៥០ចំណុច ដោយប្រើប្រាស់​កងកុម្មង់ដូ​ថ្មើរជើងផង ការវាយប្រហារផ្លូវអាកាស និង​តាមផ្លូវទឹកផង។ ប្រតិបត្តិការនេះ​ បានអនុញ្ញាត​ឲ្យ​កងទ័ពអ៊ីស្រាអែល សម្លាប់​បានសមាជិក​ក្រុមហាម៉ាសជាច្រើននាក់​។ជាការកត់សំគាល់ គេសង្កេតឃើញតំបន់ Khan Younès ដែលស្ថិតនៅភាគខាងត្បូងហ្កាហ្សា និង​ តំបន់Jabaliya មិនឆ្ងាយ​ប៉ុន្មានពីក្រុងហ្កាហ្សាស៊ីធី បានរងនូវការបាញ់​ប្លោង​គ្រាប់យ៉ាងដំណំបំផុត ពីសំណាក់​កងទ័ពអ៊ីស្រាអែល​។ មន្ត្រីហាម៉ាស ទទួល​បន្ទុក​សុខាភិបាល បានអះអាងនៅថ្ងៃសុក្រថា នៅតំបន់​ហ្កាហ្សាស៊ីធី មានស្លាប់​ជនស៊ីវីល​​យ៉ាងហោច ៤០នាក់​ ហើយ​ស្លាប់ច្រើនសិបអ្នកទៀត នៅ​តំបន់​ Jabaliya និងតំបន់​ Khan Younès។តើ​អាមេរិក​ដែលគាំទ្រអ៊ីស្រាអែល​ បាន​ចាប់ផ្តើម​ប្តូរឥរិយាបថ?ប្រឈមនឹងចំនួន​ជនស៊ីវីលប៉ាឡេស្ទីន​ ដែល​ស្លាប់​និងរបួសដ៏ច្រើនសន្ធឹក ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយ​ប្រហាររបស់អ៊ីស្រាអែល​ រដ្ឋបាល​​របស់លោក​ចូ បៃដិន ហាក់​ចាប់ផ្តើម​​ប្តូរ​ឥរិយាបថ រិះគន់​ទៅលើ​អ៊ីស្រាអែល​ ថាមិន​ខ្វល់ពីអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។នៅក្នុងសន្និសីទ​កាសែតរួមគ្នាជាមួយ​លោក James Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅឯក្រុងវ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ទី​៧ធ្នូ លោក​អង់តូនៅ ប្លីងកិន ប្រមុខកាទូតអាមេរិកបានលើកឡើងថា វាជារឿងសំខាន់​បំផុត ដែល​អ៊ីស្រាអែលត្រូវតែផ្តល់អាទិភាព ទៅលើការការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីន។ លោក​បានបន្ថែមថា តែបើយើងក្រឡេកទៅមើល​ការពិតជាក់ស្តែង គឺវាមានគម្លាតគ្នា​ឆ្ងាយ​ខ្លាំងណាស់ រវាងអ្វី​ដែល​អ៊ីស្រាអែលអះអាងថា ធ្វើគ្រប់យ៉ាងដើម្បី​បញ្ចៀសកុំឲ្យស្លាប់​ជនស៊ីវីល​ច្រើន និង​តួលេខជាក់ស្តែងនៃចំនួន​មនុស្សស្លាប់។​គួរកត់សំគាល់ថា នេះគឺជាលើកទី​១ហើយ ដែល​លោករដ្ឋមន្ត្រីការបរទេសអាមេរិក និយាយសំដីក្នុងន័យ​រិះគន់ដោយ​ចំៗ ទៅលើ​អ៊ីស្រាអែល​ ទាក់ទិននឹងការវាយប្រហារបាញ់​ប្លោងគ្រាប់ បណ្តាល​ឲ្យស្លាប់ជនស៊ីវីល​ប៉ាឡេស្ទីន​។ ផ្អែកតាមសេតវិមាន លោកប្រធានាធិបតី​ ចូ បៃដិន ក៏ទើបតែបាន​ទូរស័ព្ទទៅនិយាយ ជាមួយ​នឹងលោក​បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ដែរ។ ក្នុងកិច្ចសន្ទនានេះ លោកចូ បៃដិន បានប្រាប់ទៅលោកណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែល​ត្រូវតែ​ការពារអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីនឲ្យ​បានជាដាច់ខាត​។ មិននឹងវាយប្រហារ កងទ័ពអ៊ីស្រាអែល ​ត្រូវតែ​បែងចែងឲ្យ​ច្បាស់ រវាងជនស៊ីវីលនិ​ងក្រុមភេរវកម្មហាម៉ាស។ លោក ចូ បៃដិន បាន​អំពាវនាវប្រាប់ទៅ​ភាគីអ៊ីស្រាអែល ថាត្រូវតែ​រៀបចំ​ឲ្យ​មានច្រកផ្លូវ​សុវត្ថិភាព សម្រាប់ជនស៊ីវីល​នៅហ្កាហ្សា ដើម្បី​ឲ្យ​ពួកគេ អាចធ្វើដំណើរ​ចាកចេញពី​តំបន់ដែលមានការប្រយុទ្ធ។តើ​ក្រុមប្រឹក្សាសន្តិសុខ​ អាចដាក់កំហិត​ ឲ្យ​អ៊ីស្រាអែលឈប់បាញ់​បានទេ?នៅថ្ងៃសុក្រ​ទី​៨ធ្នូ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ ត្រូវជួបប្រជុំគ្នាជាថ្មីម្តងទៀត ដើម្បី​បោះឆ្នោត​លើ​គម្រោង​សេចក្តីសម្រេចចិត្តរួម ថ្មី​មួយទៀត។ គឺអេមីរ៉ាតអារ៉ាប់រួម ដែល​ជាអ្នកផ្តួចផ្តើមគំនិតនេះ។​ អត្ថបទ​សេចក្តីសម្រេចចិត្តរួម​នេះ មានខ្លឹមសារ​​ហៅឲ្យ​អ៊ីស្រាអែល ត្រូវតែ​ឈប់បាញ់​ ឈប់ប្រយុទ្ធជាបន្ទាន់នៅហ្កាហ្សា​ ដើម្បីការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន។ អាយុជីវិតប្រជាជនស៊ីវីល ទាំងប៉ាឡេស្ទីន ទាំង​អ៊ីស្រាអែល ត្រូវតែទទួលបានការការពារ ដោយ​ផ្អែកលើច្បាប់​មនុស្សធម៌អន្តរជាតិ​។ គម្រោងសេចក្តីសម្រេចចិត្តនេះ បាន​អំពាវនាវផងដែរ ឲ្យ​ដោះលែងចំណាប់ខ្មាំង​ទាំងអស់ ដោយ​គ្មានលក្ខខណ្ឌ​។សូមបញ្ជាក់ថា ដើម្បឲ្យ​អត្ថបទសំណើសេចក្តីសម្រេចចិត្តរួមមួយ អាចអនុម័តជាស្ថាពរបាន គឺទាល់តែ​អត្ថបទនោះ ទទួលបាន​ការគាំទ្រ ចំនួនយ៉ាងហោច ៩សំឡេងក្នុងចំណោម​១៥​ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ។ តែទន្ទឹមនឹងនេះ គឺ​ល្គឹកណាទាល់តែគ្មានប្រទេសសមាជិកអចិន្ត្រៃយ៍ណាមួយ ក្នុងចំណោម​ទាំង​៥ ​បោះឆ្នោតវ៉េតូ។ ផ្អែកតាមការវិភាគ ថ្វីបើ​សហរដ្ឋអាមេរិកបានចាប់​ផ្តើម​​បង្ហាញជំហររិះគន់ខ្លះ មក​លើអ៊ីស្រាអែល តែសហរដ្ឋអាមេរិកដែលមានសិទ្ធិវ៉េតូ មិនចង់ចេញមុខទាមទារឲ្យអ៊ីស្រាអែលឈប់បាញ់ទេ។ រដ្ឋបាលលោក ចូ បៃដិន ធ្លាប់បាន​លើកឡើងថា ការ​ឈប់​បាញ់ ឬការទំលាក់អាវុធ គឺវានឹង​ហុច​អត្ថប្រយោជន៍​ទៅ​ឲ្យ​ក្រុមភេរវកម្មហាម៉ាស។យ៉ាងណាក៏ដោយ ប្រឈមនឹងទុក្ខវេទនា​ ដែល​ប្រជាជន​ប៉ាឡេស្ទីន​កំពុងតែជួបប្រទះនាពេលនេះ សំឡេងទាមទារ​ឲ្យ​អ៊ីស្រាអែលបិទបញ្ចប់សង្គ្រាមនេះ មានកាន់តែច្រើនឡើងៗ។ យ៉ាងណាមិញ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បានផ្ញើលិខិតមួយទៅកាន់​ក្រុមប្រឹក្សាសន្តិសុខមុនពេលបើកការប្រជុំ។ ក្នុងលិខិតនេះ​ លោកបានលើកឡើងអំពីមាត្រា៩៩ នៃ​កាតិកាសញ្ញារបស់អង្គការសហប្រជាជាតិ ដែលចែងថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ មានសិទ្ធិ​ទាញសញ្ញាអាសន្ន ប្រាប់ប្រទេសសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ថា​ត្រូវតែសម្រេចធ្វើអ្វីម្យ៉ាង ដើម្បី​ការពារ​សន្តិភាព និងស្ថិរភាព​សន្តិសុខអន្តរជាតិ ពីគ្រោះថ្នាក់​។ ជាការកត់សំគាល់ ករណីអគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រើប្រាស់មាត្រា៩៩ ដើម្បី​ដាក់កំហិតឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តរួមនេះ គឺវាជារឿងកម្រមានណាស់។ មានន័យនេះ កាលៈទេសៈពេលនេះគឺអាសន្នបំផុត ផ្នែក​មនុស្សធម៌។តើជំនួយមនុស្សធម៌ បញ្ជូនចូល​ហ្កាហ្សា គ្រប់គ្រាន់ឬទេ?ទាក់ទិននឹងការដឹកជញ្ជូន​ស្បៀងអាហារ ជំនួយមនុស្សធម៌ ថ្នាំសង្កូវ​ចូលទៅហ្កាហ្សា គឺមានការថយចុះច្រើន ប្រមាណមួយសប្តាហ៍​មកនេះ​។ អំឡុងពេល​ដែលអ៊ីស្រាអែល​បានយល់ព្រមផ្អាកការប្រយុទ្ធ រយៈពេល​១សប្តាហ៍ កាលពីចុងខែ​វិច្ឆិកា យ៉ាងហោចណាស់​មានជំនួយមនុស្សធម៌ ចំនួន​ជិត​២០០រថយន្តកុងទឺន័រជាមធ្យមក្នុងមួយថ្ងៃ​ ត្រូវបានគេដឹកចូលទៅហ្កាហ្សា តាមច្រករ៉ាហ្វា។ ក៏ប៉ុន្តែ បច្ចុប្បន្នដោយសារតែការបាញ់ប្លោងទម្លាក់​គ្រាប់ នៅភាគខាងត្បូងហ្កាហ្សា ចំនួន​រថយន្តដឹកជំនួយ​មនុស្សធម៌ បានធ្លាក់​មកនៅមិនដល់​១០០គ្រឿងទេ។ផ្អែកតាម​ ការិយាល័យកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ មាន​រថយន្តដឹកស្បៀងចូលទៅ​ហ្កាហ្សា តាមច្រករ៉ាហ្វា ចំនួន៦៩គ្រឿង និង​មាន​ការបញ្ជូនប្រេងឥន្ធនៈ ចំនួន​៦១០០០លីត្រផងដែរ។ ទោះជាយ៉ាងនេះក្តី​ ការិយាល័យនេះ អះអាងថាវាតិចតួចស្តួចស្តើងខ្លាំងណាស់ បើក្រឡេកទៅមើល​តម្រូវការជាក់ស្តែងរបស់​ប្រជាជន​ជិត​២លាននាក់នៅហ្កាហ្សា។​ដោយឡែក ផ្អែកតាម​សេតវិមាន គឺ​គេកំពុងចរចា ជាមួយ​ភាគីអ៊ីស្រាអែល ឲ្យ​បើកច្រកមួយទៀត គឺច្រកKerem Shalom ដែលស្ថិតនៅ​ភាគត្បូងហ្កាហ្សាដែរ ត្រង់ចំណុចព្រំដែន រវាងហ្កាហ្សា អេហ្ស៊ីប និង​អ៊ីស្រាអែល។ លោក វីរៈសេនីយ៍​ឯក Elad Goren មន្ត្រីអ៊ីស្រាអែលទទួលបន្ទុក​រដ្ឋបាល​ស៊ីវីល​ក្នុងដែន​ដីប៉ាឡេស្ទីន បានប្រាប់អ្នកកាសែតថា ភាគីអ៊ីស្រាអែល នឹង​​បើកច្រក​ Kerem Shalom តែគឺបើក​​ឲ្យតែ​រថយន្តកាមីញ៉ុង ចូល​មកដើម្បី​ធ្វើការត្រួតពិនិត្យ​​សន្តិសុខតែ​ប៉ុណ្ណោះ៕
12/8/20238 minutes
Episode Artwork

សន្និសីទ​អាកាសធាតុ​ក្នុង​​ប្រទេស​ផលិតប្រេង ជា​ឱកាស​និយាយ​ពី​​វិបត្តិ​ថាមពលផូស៊ីល?

សន្និសីទ​អាកាសធាតុ​COP28 ចាប់​បើក​នៅ​​ថ្ងៃ​ទី ៣០​វិច្ឆិកា​ដល់​ថ្ងៃទី ១២​ធ្នូនៅ​ក្រុង​ឌូបៃ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម។ សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ​ត្រូវ​​បន្ត​ជជែក​អំពី​ប្រធានបទ​ចម្រូង​ចម្រាស​ជា​ច្រើន​មាន​ជាអាទិ៍​ការ​បោះបង់​ថាមពល​ផូស៊ីល​​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ធ្វើ​អន្តរកាល​ថាមពល​ស្អាត​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប៉ុន្តែ​ដូច​ជា​រៀង​រាល់​លើក​​ មានសំណួរដដែលៗ​តែង​ផុស​ឡើង​ទាក់ទង​នឹង​សន្និសីទ​អាកាស​ធាតុ ថា តើ​មាន​ប្រយោជន៍​យ៉ាងណា? និង​អាច​សង្ឃឹម​បាន​លទ្ធផល​អ្វី បើ​សន្និសីទស្តីពី​អាកាសធាតុ​ធ្វើ​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​នោះ? រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​១៩៧ប្រទេស និង​សហភាព​អឺរ៉ុប ​ បាន​មក​ជួប​ជុំ​គ្នានៅក្រុង​ឌូបៃ ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះរហូត​ដល់​ថ្ងៃទី ១២​ធ្នូ​២០២៣ ដើម្បី​បើក​សន្និសីទប្រចាំ​ឆ្នាំ​ស្តីពី​អាកាសធាតុ​ លើក​ទី​ ២៨ COP28។ ​សន្និសីទ​​នេះ​ជា​ឱកាស​​ជជែក​អំពីការ​ប្រយុទ្ធប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ រួម​គ្នា​តែ​មួយ​គត់​ក្នុង​កំរិត​ពិភពលោក​។ហេតុអ្វី​COP28 ​ជា​ជំនួប​ដ៏សំខាន់​ខ្លាំង?ថ្វីបើឥស្សរជន​សំខាន់ៗ ដូច​យ៉ាង​ប្រធានាធិបតី​អាមេរិក ចិន មិន​បាន​អញ្ជើញ​មក​ចូល​រួមដោយ​ផ្ទាល់​ក៏​ដោយ ក៏​​COP28 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំនួប​ដ៏​ធំ ដែល​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ដល់​ទៅ​​ប្រមាណ​៧ម៉ឺន​នាក់ និង​ជាសន្និសីទ​ដ៏​​សំខាន់​បំផុត​។តាំងពី​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ក្នុង​COP21មក​ សន្និសីទអាកាសធាតុ​ឆ្នាំ​បន្ត​បន្ទាប់​ជា​ការ​បន្ត​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវត្ថុ​គោល​ គឺ​ទប់​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី​ឱ្យ​នៅក្រោម​ពីរ​អង្សានៅ​ដំណាច់​សតវត្សរ៍ និង​បើ​អាច​ឱ្យ​ឡើង​ត្រឹម​តែ​១អង្សា​កន្លះ​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម។COP24 ឬ​COP26 បាន​លម្អិត​ពី​ផែនការ​នៃ​កិច្ចព្រមព្រៀងអាកាសធាតុ​​ក្រុង​ប៉ារីស២០១៥។ តែ​​ឆ្នាំ​នេះ COP28បាន​ដើរ​មក​ដល់​​របត់​ថ្មី។ រដ្ឋ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស មិន​ត្រឹម​តែ​ត្រូវ​ព្រមព្រៀង​អំពី​លើ​វិធានការ​ត្រូវ​ធ្វើ​ដើម្បី​អាកាសធាតុ​ទេ តែ​ត្រូវ​បញ្ជាក់​ថា​តើ​ចាត់​វិធានការ​នោះ​យ៉ាង​ដូចម្តេច​ទៀត។ពោល​គឺ​ក្នុង​រយៈ​ពេលពីរ​សប្តាហ៍​នេះ ​​​សន្និសីទ​មាន​បេសកកម្មដ៏ធំ​មួយ គឺបញ្ចេញ​​តុល្យការពិភពលោក​​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​​តាំងពី​មានកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស COP21 ឆ្នាំ​២០១៥។ ​គេ​បាន​ដឹង​ជា​ស្រេច​ហើយ​ថា​តុល្យការ​មិន​សូវ​ល្អ​ទេ ​បើយោង​តាម​របាយការណ៍​កាលពី​ខែ​តុលា។ នៅក្នុង​ការ​សិក្សា​​ចុងក្រោយ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីអាកាសធាតុ ផែនដី​កំពុង​ឡើង​កម្តៅ​ក្នុង​ទិសដៅ​ ២,៥​ទៅ​២,៩​អង្សា​នៅ​ដំណាច់​សតវត្សរ៍​ ពោល​គឺ​ឆ្ងាយ​ពី​កម្មវត្ថុ​ក្រុង​ប៉ារីស​ឆ្ងាយណាស់។ ប៉ុន្តែ​ ​មនុស្សជាតិ​​នៅ​តែ​អាច​កំរិត​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ផែន​ដី​បាន​នៅ​ឡើយ ប្រសិន​បើ​មាន​សកម្មភាព​ភ្លាម​និង​ខ្លាំងក្លា។ដូច្នេះ​ទោះ​ល្អ​ឬ​មិន​ល្អ​​​​ក៏​ដោយ ក៏​​​​​​តុល្យការសរុប​បាននៅក្នុង​សន្និសីទ​លើក​នេះ​នឹង​អាច​ជួយ​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​អំពី​ចំណុច​ខ្វះ​ខាត​ ហើយ​​COP28ត្រូវ​កំណត់​អំពី​កម្មវត្ថុ​ដែល​ត្រូវ​ធ្វើ​នៅ​ដំណាក់កាល​បន្ទាប់​ ពី​ពេល​នេះ​ដល់ឆ្នាំ​២០៣០ ដើម្បី​តម្រែតម្រង់​ទិស​។កម្មវត្ថុនេះ ត្រូវ​សម្រេច​ព្រមព្រៀង​ដោយ​​រដ្ឋជា​សមាជិក​ទាំង​អស់ ប៉ុន្តែ​សន្និសីទ​កំពុង​ខ្វែង​គ្នា​លើ​បី​ចំណុច​ធំៗ។COP28នឹង​សម្រេច​ដើរ​ចេញ​ពី​ថាមពលផូស៊ីល​?ទីមួយ​គឺអនាគត​ថាមពល​ផូស៊ីល។ ថាមពល​ផូស៊ីលដែល​​រួម​​មាន ថាមពល​ធ្យូងថ្ម ប្រេងកាត​ ប្រេងសាំង និង​ឧស្ម័ន​ហ្កាស ជា​ដើមហេតុ​នាំចម្បងនាំ​​មាន​ឧស្ម័នផ្ទះកញ្ចក់និង​ការ​ឡើង​កម្តៅ​នៃភពផែន​ដី​។ នៅក្នុង​COP26 រដ្ឋ​ជា​ច្រើន​បាន​ប្តេជ្ញា​បោះបង់​ថាមពលធ្យូងថ្ម​ជា​បណ្តើរៗ​​បន្តិចម្តងៗ​។ តែ​​ថាមពល​ផូស៊ីលផ្សេងទៀត​មិន​ត្រូវ​បាន​លើក​មក​និយាយ​ទេ។ ​អ៊ីចឹង​ហើយ​បាន​ជា​​រដ្ឋខ្លះ​ព្រមទាំង​អង្គការក្រៅ​រដ្ឋាភិបាល​ចង់​លើ​យក​បញ្ហាចំហេះ​ផូស៊ីល​ទាំងអស់​​មក​លាត​ត្រដាង​នៅលើ​តុ​សន្និសីទCOP28នេះ។ត្រូវ​និយាយ​អំពី​ថាមពល​ផូស៊ីល​ដែល​ជា​ប្រធានបទ​ដ៏​រសើប​បំផុតហើយ ​សន្និសីទត្រូវ​ប្រព្រឹត្ត​ទៅនៅក្នុង​ប្រទេស​ផលិត​ថាមពល​ផូស៊ីលទៀត។ ​ម្ចាស់​ផ្ទះ​អ្នក​រៀប​ចំសន្និសីទអេមីរ៉ាតអារ៉ាប់រួមជា​ប្រទេស​ផលិត​ប្រេង​(ថាមពលផូស៊ីល) លំដាប់​ទី​៧​នៅលើ​ពិភពលោក​។ អេមីរ៉ាតអារ៉ាប់រួម​និង​បណ្តាប្រទេសដែល​​រំពឹង​ខ្លាំង​លើ​ថាមពល​ផូស៊ីល​ ចង់​ឱ្យ​COP28​ផ្ចង់​គិត​គូរលើ​បច្ចេកវិទ្យាទំនើប​ជាន់​ក្រោយ​សម្រាប់​ចាប់​និង​ស្តុក​ទុក​ឧស្ម័ន​កាបូនិក​ មិន​ឱ្យ​សាយភាយបំពុល​​បរិយាកាស ដែល​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ក៏យល់​ថា​ជា​បច្ចេកវិទ្យា​អាច​ជួយ​សម្រេច​កម្មវត្ថុ​អាកាសធាតុ​បាន និងចង់​ផ្តោត​ការ​​គិត​គូរ​ខ្លាំង​ដល់​​ថាមពល​កើត​ឡើង​វិញ។ថាមពល​កើត​ឡើង​វិញ​ ជា​ចំណុច​ខ្ទាស់ទីពីរ។  សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អេមីរ៉ាត​ស្នើ​កំណត់​កម្មវត្ថុ​ បង្កើនសមត្ថភាព​​ប្រើប្រាស់​ថាមពល​ស្អាតបីដង​។ គ្រប់​គ្នា​ពេញ​ចិត្ត​នឹង​​គំនិតផ្តួចផ្តើម​នេះ​តែ​អង្គការ​ការពារបរិស្ថាន​ខ្លាច​ថា​COP28ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍​ចេញ​ពី​ការ​គិត​គូរ​បញ្ចប់​ការ​ប្រើប្រាស់​ថាមពល​ផូស៊ីល។ ​ថាមពល​កើត​ឡើង​វិញ​ក៏ពិត​ជា​​សំខាន់​ខ្លាំងមែន​ហើយ​ គ្រាន់​តែ​ថា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ពួកគេ​ត្រូវ​ការ​ហិរញ្ញវត្ថុសម្រាប់​ធ្វើ​វិនិយោគថាមពលស្អាត។ តើ​បាន​ថវិកា​មកពីណា?តើ​នរណា​ជា​អ្នក​ផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ? នេះ​ចំណោទ​ទីបី ដែល​នឹង​មាន​តស៊ូ​មតិ​យ៉ាង​ផុសផុស​ក្នុងរយៈ​ពេល​១៤​ថ្ងៃ​នៃ​សន្និសីទ។ កាលពី​COP27 បាន​សម្រេច​បង្កើត​មូលនិធិ​ ប៉ះប៉ូវ​ការ​ខូចខាត សម្រាប់ជួយប្រទេស​ក្រីក្រ​និ​ងកំពុង​អភិវឌ្ឍន៍ដែល​​ជា​ជនរងគ្រោះ​មហន្តរាយ​អាកាសធាតុ​បណ្តាល​មក​ពីការ​ប្រែប្រួល​អាកាសធាតុ។ បើ​តាម​របាយការណ៍​របស់​សាកលវិទ្យាល័យ​Delaware ក្នុងមួយ​ឆ្នាំ​២០២២ ការប្រែប្រួលអាកាសធាតុ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ខាង​បង់​អស់​ដល់​៦,៣%​នៃ​ផលិតផលសរុប​របស់​ពលរដ្ឋសកម្ម​​នៅលើ​ផែន​ដី​។ ជា​ការ​ខាត​បង់​ដោយ​ផ្ទាល់​ ដោយ​ការ​ខាត​បង់​ផលិតកម្ម​ក្នុង​ស្រុក ទិន្និផលកសិកម្ម​ និង​ថាមពល ព្រមទាំង​ជា​ការ​ខាត​បង់​ក្នុង​វិស័យ​វិនិយោគ។ ហើយ​ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល គឺ​ប្រទេស​ដែល​មិន​ជឿន​លឿន​ កំពុង​​អភិវឌ្ឍន៍​ដែល​រងគ្រោះ​និង​បន្ទុក​ធ្ងន់ជាងគេ។ក្រុមប្រទេសអ្នក​មាន​បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ប្រទេស​ក្រីក្រី​ចំនួន ១០០ពាន់​លាន​។​ ពាក្យ​សន្យា​ត្រូវ​សម្រេច​ឱ្យ​បាន​ជាក់​ស្តែង​នៅ​ឆ្នាំ​នេះ។ តែ​សេចក្តី ត្រូវការ​ មានទំហំ​ដល់​ទៅ​២ទ្រី​លាន(២០០០ពាន់​លាន)​ឯណោះ​ក្នុង​មួយ​ឆ្នាំៗ។ក្រៅ​អំពី​ខ្លឹម​សារ​នៃ​​ប្រធានបទ​ខ្វែង​គ្នា​នេះ ជោគវាសនា​និង​ជំនឿ​ទុក​ចិត្ត​លើ​​COPកំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង។ ប្រសិន​បើ​COP28 មិន​អាច​សម្រេច​លទ្ធផល​អ្វី​ដោយ​ជាក់លាក់​និង​ប្រកប​ដោយ​មហិច្ឆតា​ទេ នៅ​​៨​ឆ្នាំក្រោយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ក្នុង​ពេល​ដែល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ កាបូន បន្ត​កើន​ឡើង​ជា​លំដាប់ ហើយ​ប្រមុខ​ដឹកនាំ​សន្និសីទ​ជា​ប្រទេស​ផលិតប្រេង​ទៀត នោះពិភពលោក​ច្បាស់​ជា​អស់​ជំនឿ និង​បន្ទោស​​COPជា​មិន​ខាន៕
11/30/20236 minutes, 55 seconds
Episode Artwork

មួយខែនៃសង្រ្គាមហ្កាហ្សា អ៊ីស្រាអែល​ប្រកាសគម្រោង​គ្រប់គ្រងសន្តិសុខ​ហ្កាហ្សា នៅក្រោយសង្រ្គាម

គិតមកត្រឹមថ្ងៃទី​៧​វិច្ឆិកា មានរយៈពេល​មួយខែគត់​ដែល ​អ៊ីស្រាអែល​បើក​ការវាយប្រហារសងសឹក​ក្រុមហាម៉ាស ក្នុងទឹកដី​ហ្កាហ្សា បន្ទាប់ពីក្រុមនេះ​បើក​ការវាយឆ្មក់​ចូល​ទឹកដីអ៊ីស្រាអែល ដោយ​សម្លាប់មនុស្ស​ប្រមាណ ១៤០០នាក់ និង​ចាប់ជាចំណាប់ខ្មាំង ជាង​២៤០នាក់ កាលពីថ្ងៃទី​៧តុលា។ ការវាយប្រហារ​ផ្លូវអាកាស ផ្លូវគោក របស់​កងទ័ព​អ៊ីស្រាអែល​ទៅលើ​ទឹកដី​ហ្កាហ្សា នៅ​រយៈពេល​មួយខែ​មកនេះ បានសម្លាប់មនុស្ស​ប្រមាណ ១ម៉ឺន​នាក់។ នេះ​បើតាម​តួលេខ​ផ្តល់ដោយ​ក្រសួង​សុខាភិបាល​ហាម៉ាស។ សង្រ្គាមហ្កាហ្សា ដែលអ៊ីស្រាអែល​បានដាក់ទិសដៅ គាស់រំលើង​ក្រុមហាម៉ាស ប៉ាឡេស្ទីន​បានបណ្តាល​ឲ្យហ្កាហ្សា​ដែលមាន​ប្រជាជន​រស់នៅ​ជាង ២លាននាក់ កំពុង​ជួប​វិបត្តិ​មនុស្សធម៌ វិបត្តិ​ជនភៀសខ្លួន​ដ៏ធ្ងន់ធ្ងរ។ មួយខែ​ក្រោយ​អំពើហិង្សា​សម្លាប់​មនុស្ស របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ក្នុងទឹកដី​អ៊ីស្រាអែល តើ​អ្វីទៅជា​តុល្យការចុងក្រោយ នៃ​ការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​ទៅលើក្រុមហាម៉ាស នៅទឹកដី​ហ្កាហ្សា? គិតមកទល់ថ្ងៃអង្គារ ទី៧​វិច្ឆិកា សង្រ្គាម​ហ្កាហ្សា​មាន​រយៈពេល​១ខែគត់។ ១ខែ​គត់​ដែល​អ៊ីស្រាអែល​បើកការវាយប្រហារសងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​បាន​បញ្ជូន​កងកុម្មង់ដូរ ចូលទៅវាយឆ្មក់ សម្លាប់ប្រជាជន​ស៊ីវិល នៅក្នុង​ទឹកដី អ៊ីស្រាអែល។ យោងតាម​អ៊ីស្រាអែល នៅថ្ងៃទី ៧តុលា សកម្មជន​ប្រដាប់អាវុធ​ហាម៉ាស​ជាង ២០០០នាក់ ដែល​បាន​បំផ្លាញ​ជញ្ជាំង​ព្រំដែនខ័ណ្ឌហ្កាហ្សាជាមួយ​អ៊ីស្រាអែល​ចំនួន ២៩​កន្លែង បាន​ទទួល​បញ្ជា​ឲ្យ​ទៅ​បង្កសកម្មភាព​ភេរវនិយម សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល​ឲ្យបាន​ច្រើនបំផុត។ ការវាយឆ្មក់​របស់​កងកម្ម៉ង់ដូរ​ហាម៉ាស ទៅលើ​ទីក្រុង​ភាគខាងត្បូង​អ៊ីស្រាអែល បាន​សម្លាប់​មនុស្សជាង ១៤០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ចំណែក​មនុស្ស​ជាង​២៤០​ត្រូវ​ពួកហាម៉ាស​ចាប់ជា​ចំណាប់ខ្មាំង លាក់ទុកក្នុងទឹកដីហ្កាហ្សា។ ប្រកាសសង្រ្គាមសងសឹកភ្លាមៗ​ទៅលើ​ពួកហាម៉ាស អ៊ីស្រាអែល​បដិសេធ​បទឈប់បាញ់គ្រប់ទម្រង់ ថ្វីបើ​អ៊ីស្រាអែល​រងការដាក់សម្ពាធ​ពីគ្រប់ទិស ដោយសារ​ចំនួន​មនុស្សស្លាប់​កាន់តែ​កើនឡើង នៅ​ក្នុង​ការវាយប្រហាររបស់​អ៊ីស្រាអែល​ទៅលើ​ទឹកដីហ្កាហ្សា។មួយខែ​បើកសង្រ្គាម​ហ្ហាហ្សា អ៊ីស្រាអែលនៅតែបដិសេធ​មិន​អនុវត្តបទឈប់បាញ់មួយខែ​ក្រោយ​បើកសង្រ្គាមសងសឹក ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​ទឹកដីហ្កាហ្សា អ៊ីស្រាអែល​នៅតែ​ប្រកាន់ជំហរតឹងរ៉ឹង មិន​ព្រម​អនុវត្ត​បទ​ឈប់បាញ់ ដោយ​នៅ​តែបន្ត​ជញ្រ្ជំ ទម្លាក់គ្រាប់ ទៅ​លើ​ទឹកដី​ហ្កាហ្សា។ នៅ​យប់​ថ្ងៃអាទិត្យ​ឈាន​ចូល​ដល់​ថ្ងៃ​ចន្ទ ដែលជិត​ដល់​គម្រប់​រយៈពេល​១ខែ គត់​នៃ​សង្រ្គាមសងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន អ៊ីស្រាអែល​បើក​ការវាយប្រហារ​ដ៏​សន្ធឹក ខ្លាំងជាង​ពេលណាៗ​ទាំងអស់ ទៅលើ​ទីតាំង​របស់​ក្រុមហាម៉ាស នៅក្នុង​ទឹកដី​ហ្កាហ្សា។ យោង​តាមការចុះផ្សាយ​របស់​ទស្សនាវដ្តី​កងទ័ពអ៊ីស្រាអែល ប្រតិបត្តិការយោធា​ទាំងផ្នែកផ្លូវអាកាស និងជើងគោក​របស់​អ៊ីស្រាអែល នៅដើមសប្តាហ៍នេះ​បានសម្លាប់​សកម្មជនហាម៉ាស និងបំផ្លាញ​ទីតាំង​យោធា កន្លែងស្តុកទុកអាវុធ គ្រាប់រ៉ូក្កែត​របស់​ក្រុមហាម៉ាស​ជាច្រើន​កន្លែង។ ប៉ុន្តែ ទូរទស្សន៍​ហាម៉ាស ឈ្មោះ Al-Aqsa​បាន​ផ្សាយថា ការទម្លាក់គ្រាប់​របស់​កងទ័ព​អ៊ីស្រាអែល នៅ​យប់ថ្ងៃ​អាទិត្យ សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាងតិច ៧៥នាក់។ យោងតាម ក្រសួងសុខាភិបាល​ហាម៉ាស ដែលជា​អ្នកបញ្ចេញ​ផ្សាយ​តួលេខ​ជនរងគ្រោះ​នៅ​ហ្កាហ្សារហូតមក ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា នៅ​មួយខែ​មកនេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១ម៉ឺននាក់ ដែលនៅក្នុងនោះ ៤ពាន់នាក់​ជា​កុមារ និង​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន​ជាច្រើនកន្លែង រួម​ទាំង​ជំរំជនភៀសខ្លួន​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ហ្កាហ្សា។សង្រ្គាម​ហ្កាហ្សា​មិនត្រឹម​បង្ក​ឲ្យមានការបាត់បង់ជីវិត​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាពិសេស ជា​កុមារ ប៉ុន្តែ វា​បានបណ្តាល​ឲ្យ​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ បន្ទាប់ពី​មនុស្ស​ជាង ១លាន ៥សែននាក់ ត្រូវ​បង្ខំ​ឲ្យផ្លាស់ទី បោះបង់​ចោលផ្ទះសម្បែង នៅហ្កាហ្សា ដែល​រងការទម្លាក់គ្រាប់បែក​គ្មានលោះថ្ងៃ​របស់​កងទ័ព​អ៊ីស្រាអែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរស្ក៍ នៅថ្ងៃ​អង្គារ​បាន​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​បន្ទាន់ ព្រោះថា ហ្កាហ្សា ដែល​រងការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​កំពុង​ក្លាយ​ជា​វាលកប់ខ្មោច​កុមារប៉ាឡេស្ទីន។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្កោលទោស​ផង​ដែរ ការវាយប្រហារ​របស់​ក្រុមហាម៉ាស ប្រើទឹកដីលីបង់ ដើម្បី​បន្ត​បាញ់គ្រាប់រ៉ូក្កែត ចូលទឹកដី​អ៊ីស្រាអែល។ពិភពលោក​បែកបាក់ ដោយសារ​សង្រ្គាម​ហ្កាហ្សានៅចំពោះមុខ​សង្រ្គាម​ហ្កាហ្សា ពិភពលោក​បែកបាក់គ្នា ជាពីរក្រុម ដោយ​មិនក្រុម​​ការពារ​បុព្វហេតុប្រជាជន​ប៉ាឡេស្ទីន​នៅហ្កាហ្សា ដែល​ស្លាប់ រងគ្រោះ អត់ឃ្លាន ដោយសារ​ការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល និង​មួយក្រុមទៀតជាអ្នកចេញមុខការពារ​អ៊ីស្រាអែល ក្នុងការប្រើសិទ្ធិ​ការពារខ្លួន នៅក្រោយ រងការវាយប្រហារភេរវកម្ម​របស់​ក្រុមហាម៉ាស។សហគមន៍អន្តរជាតិ​វិញ​នៅតែ​មិនអាច​រក​ចំណុចរួមមួយ ដើម្បី​ទាមទារ​ឲ្យមានបទឈប់បាញ់​នៅហ្កាហ្សា។ ជាក់ស្តែង ទោះ​អ៊ីស្រាអែល​បើកការវាយប្រហារ​ទម្លាក់គ្រាប់លើ​ហ្កាហ្សា ដែលបាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅតែ​បរាជ័យ មិនអាចចេញសេចក្តីសម្រេចទាមទារ​ឲ្យមានបទឈប់បាញ់​នៅហ្កាហ្សា។ អាមេរិក​ផ្ទាល់​ដែលជាសម្ព័ន្ធ​របស់អ៊ីស្រាអែល​បាន​វេតូ ប្រឆាំង​សេចក្តីសម្រេច ក្នុងហេតុផលថា អ៊ីស្រាអែល​មាន​សិទ្ធិការពារខ្លួន នៅចំពោះមុខការវាយប្រហារ​ភេវរកម្ម​របស់​ក្រុមហាម៉ាស។ ដោយ​ផ្អែកលើ​ការលើកឡើង​របស់​អ៊ីស្រាអែល អាមេរិក​ប្រាប់ទៅក្រុមប្រឹក្សា​សន្តិសុខ​ថា បទឈប់បាញ់​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហាម៉ាស​មាន​ឱកាស​ប្រមូលកម្លាំងដើម្បីបន្តសង្រ្គាមរ៉ាំរ៉ៃ​ជាមួយ​អ៊ីស្រាអែល។ថ្វីបើចេញមុខការ​ការពារ​អ៊ីស្រាអែល ដែលបដិសេធ​បទឈប់បាញ់ នៅហ្កាហ្សា ប៉ុន្តែ អាមេរិក​ដែល​រងការរិះគន់​ដោយសារ​ធ្វើមិនដឹងមិនឃើញ ចំនួនមនុស្សស្លាប់​ដោយសារ​ការទម្លាក់គ្រាប់​របស់​អ៊ីស្រាអែល បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​អនុវត្ត​បទឈប់បាញ់​មនុស្សធម៌ ឬ​យ៉ាង​ហោច​បទឈប់បាញ់តាក់ទិក ដែលមានន័យ​ផ្អាកការប្រយុទ្ធប៉ុន្មានម៉ោង ដើម្បី​បើកផ្លូវជម្លៀសមនុស្ស​ចេញពី​ការប្រយុទ្ធនៅ​ហ្កាហ្សា​ខាងជើង រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​G​៧ នៅទីក្រុង​តូក្យូ នៅថ្ងៃ​អង្គារ​នេះ អាមេរិក តាមរយៈ​រដ្ឋមន្រ្តីការបរទេស លោក​អង់តូនី ប្លីងកិន ត្រូវ​ព្យាយាម​បញ្ចុះបញ្ចូល ប្រទេស​សមាជិក​ដទៃទៀត ឲ្យគាំទ្រ​បទឈប់បាញ់​តាក់ទិកដែលអាមេរិកស្នើទៅ​ភាគីអ៊ីស្រាអែល។នៅក្រោយ​ចប់សង្រ្គាម អ៊ីស្រាអែល​គ្រោង​កាន់កាប់​ផ្នែកសន្តិសុខនៅហ្កាហ្សាទោះរងការដាក់សម្ពាធ ពីសហគមន៍អន្តរជាតិ ការទាមទារ​របស់​អាមេរិកដែលជា​សម្ព័ន្ធមិត្ត និង​ការគំរាម​របស់​ប្រទេស​អារ៉ាប់ ដូចជា​អ៊ីរ៉ង់​ជាដើម​ដែលបានព្រមាន​ពីការរីករាលដាល​ទៅជាសង្រ្គាមតំបន់ អ៊ីស្រាអែល​នៅតែ​រឹងទទឹង មិនប្តូរជំហរ​របស់ខ្លួន។ នៅថ្ងៃ​អង្គារនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​បាន​បញ្ជាក់សាជាថ្មីថា អ៊ីស្រាអែល​នឹង​មិន​អនុវត្ត​បទឈប់បាញ់ ដាច់ខាត ដរាបណា​ក្រុមហាម៉ាស​មិន​ដោះលែង​ចំណាប់ខ្មាំង ជាង ២៤០​នាក់ ដែលកំពុង​ក្រុមហាម៉ាស​ចាប់យកទៅលាក់​ទុក​នៅហ្កាហ្សា។អ៊ីស្រាអែល​មិនត្រឹម​បដិសេធ​បទឈប់បាញ់ ប៉ុន្តែ ដោយ​ប្រកាស​សន្យា​គាស់រំលើង កម្ទេច​ក្រុមហាម៉ាស​ឲ្យបាត់មុខ​ពីទឹកដីហ្កាហ្សា ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​អះអាងនៅថ្ងៃ​អង្គារ​ថា នៅក្រោយ​ចប់សង្រ្គាម​វាយប្រហារ​ទៅលើ​ហាម៉ាស អ៊ីស្រាអែល​នឹង​ចូលទៅគ្រប់គ្រង​ផ្នែក​សន្តិសុខ​នៅហ្កាហ្សា សាជាថ្មីឡើងវិញ បន្ទាប់ពី​អ៊ីស្រាអែល​ដក​ខ្លួនចេញ​ពី​ហ្កាហ្សានៅ​ឆ្នាំ ២០០៥។ សម្រាប់​នាយកដ្ឋមន្រ្តី​អ៊ីស្រាអែល ដោយសារ​តែ​ហ្កាហ្សា​ធ្លាក់ក្រោម​គ្រប់គ្រង​របស់​ក្រុមហាម៉ាស នៅ​ឆ្នាំ ២០០៧ ហ្កាហ្សាលែង​ស្ថិត​ក្រោមការគ្រប់គ្រង​សន្តិសុខ​របស់​អ៊ីស្រាអែល ខណៈពេល​ក្រុមហាម៉ាសប្រែក្លាយ​ទឹកដី​ហ្កាហ្សា​ទៅជា​មូលដ្ឋានទ័ព​ដ៏រឹងមាំ ដើម្បី​បើកប្រតិបត្តិការ​ធ្វើភេរវនិយម​សម្លាប់​មនុស្ស​នៅទឹកដី​អ៊ីស្រាអែល។អ៊ីស្រាអែល និង​អាមេរិក​កាន់តែ​ឯកោសង្រ្គាមសងសឹករបស់អ៊ីស្រាអែល ដែលបាន​សម្លាប់ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​ជារៀងរាល់ថ្ងៃ បាន​បណ្តាល​ឲ្យមាន​រលកបាតុកម្ម កើតឡើង​នៅទូទាំងពិភពលោក មិនថា នៅប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម ឬនៅប្រទេស​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល ដូចជា​អាមេរិក​ជាដើម។ នៅអាមេរិក បារាំង អាល្លឺម៉ង់ បាតុកម្ម​ត្រូវ​បាន​រៀបចំ​ជាច្រើនកន្លែង ដើម្បី​ទាមទារ​ឲ្យអ៊ីស្រាអែល​អនុវត្ត​បទឈប់បាញ់ បើកផ្លូវ​ឲ្យគេនាំជំនួយមនុស្សធម៌​សម្រាប់ប្រជាជន​ប៉ាឡេស្ទីន។ចង់ ឬ​មិនចង់ ការវាយប្រហារ​ដោយ​មិនសំចៃដៃរបស់​កងទ័ពអ៊ីស្រាអែល ​ទៅលើ​ទឹកដីភាគខាងជើង​ហា្កហ្សា បានសម្លាប់ប្រជាជន​ស៊ីវិល រដ្ឋាភិបាល​អ៊ីស្រាអែល និង​អាមេរិកដែលចេញមុខ​គាំទ្រ​ទាំងផ្នែក​ហិរញ្ញវត្ថុ និងជំនួយយោធា​សម្រាប់​អ៊ីស្រាអែល បានរងការរិះគន់ និង​នៅឯកោ​ជាងពេលណាៗទាំងអស់។ ដោយសារ​តែ​អ៊ីស្រាអែល​នៅតែ​រឹងទទឹង​មិនព្រមផ្អាកការវាយប្រហារ​ហា្កហ្សា ដែលបាន​សម្លាប់ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ប្រទេស​អារ៉ាប់មួយចំនួន ដែល​ធ្លាប់​រាប់រក​អាមេរិក​និង​អ៊ីស្រាអែល​បានដកខ្លួន​ឃ្លាតឆ្ងាយ និង​ដកទូត​របស់ខ្លួន​ចេញពី​អ៊ីស្រាអែល។  នៅតាម​បណ្តាប្រទេស​កាន់សាសនា​អ៊ីស្លាម បាតុកម្ម​ប្រឆាំង​អាមេរិក និងអ៊ីស្រាអែល បានកើតចំនួន​កាន់តែច្រើន។ ចំណែក ​និន្នាការ​ស្អប់ខឹង ជនជាតិជ្វីហ្វ នៅក្នុង​ពិភពលោក បាន​ហក់កើនឡើងចំនួន ដោយសារ​តែ​សង្រ្គាមអ៊ីស្រាអែល​នៅហ្កាហ្សា៕
11/7/20237 minutes, 55 seconds
Episode Artwork

CPI/ICC៖ ការប្រយុទ្ធ​​នៅហ្កាហ្សាដែលរារាំងដល់ការដឹកស្បៀងទៅឲ្យជនស៊ីវីល អាចជា​ "ឧក្រិដ្ឋកម្មសង្គ្រាម"

សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី​២៤ហើយ បន្ទាប់ពីក្រុមភេរវកម្ម​អ៊ីស្លាមនេះ បាន​សំរុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា សម្លាប់មនុស្ស​ប្រមាណ​១៤០០នាក់ និង​បានចាប់ចំណាប់​ខ្មាំង​ប្រមាណ​២៣០នាក់។ អស់រយៈពេល២ថ្ងៃមកហើយ ដែល​កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុក ចូលក្នុង​តំបន់ហ្កាហ្សាដោយ​ផ្ទាល់ និងបានបន្ត​បាញ់​ប្លោងមីស៊ីលយ៉ាងដំណំ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស។​ ប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងរងទុក្ខវេទនាដ៏​លំបាកបំផុត ដោយ​សារតំបន់ហ្កាហ្សាត្រូវរាំងខ្ទប់ទាំងស្រុង មិនអាចរត់ទៅណាបាន គ្មានជំរក គ្មាន​​ស្បៀងអាហារ និងគ្មាន​ថ្នាំសង្កូវ។ យោងតាមអាជ្ញាធរសុខាភិបាល​ប៉ាឡេស្ទីន យ៉ាងហោចណាស់ មាន​ជនប៉ាឡេស្ទីនស្លាប់​ជាង​៨០០០នាក់ហើយ គិតត្រឹមថ្ងៃទី​៣០តុលា​។​ ឧក្រិដ្ឋកម្មសង្គ្រាម​?មហន្តរាយមនុស្សធម៌ ដែលប្រជាជនស៊ីវីលប៉ាឡេស្ទីនទាំង​ជាង​២លាននាក់​នៅតំបន់​ហ្កាហ្សា កំពុងតែរងគ្រោះ គឺជាការព្រួយបារម្ភដ៏ធំធេង នាពេលនេះ​។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យ​ផ្អាកការប្រយុទ្ធ ដើម្បី​បើក​ផ្លូវដឹកស្បៀងអាហារ ព្រមទាំងជំនួយមនុស្សធម៌ចាំបាច់ជាច្រើនទៀត ដែលប្រជាជននៅហ្សាហ្សា កំពុងតែត្រូវការជាទីបំផុត​។កាលពីថ្ងៃអាទិត្យ ទី​២៩តុលា​ លោក Karim Khan អគ្គរដ្ឋអាជ្ញានៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានធ្វើ​ដំណើរទៅ​ពិនិត្យ​ស្ថានការណ៍ នៅឯច្រក​រ៉ាហ្វា ព្រំដែន​រវាងតំបន់​ហ្កាហ្សា និងអេហ្ស៊ីប ដែលច្រកនេះគឺជាច្រកតែមួយគត់ ដែលគេអាចដឹកស្បៀងចូលទៅហ្កាហ្សាបាន។ ក៏ប៉ុន្តែ ដោយសារតែការបាញ់​ប្លោងគ្រាប់ ​នៅតែបន្តយ៉ាងសកម្ម ព្រមទាំង​ការវាយប្រយុទ្ធគ្នានៅលើដីដោយផ្ទាល់ផង រវាងកងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាស បានធ្វើ​ឲ្យ​ច្រករ៉ាហ្វា នៅតែបិទខ្ទប់ដដែល​ មិនអាចមាន​រថយន្តដឹកស្បៀងចូលទៅបានទេ​។លោកអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ បាន​លើកឡើងថា ស្ថានការណ៍នេះ​ វាអាចត្រូវបានចាត់ទុកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ លោក​បាន​បន្តថា អ៊ីស្រាអែល ត្រូវតែធានាការពារសុវត្ថិភាពដល់បុគ្គលិក​អង្គការមនុស្សធម៌ ហើយត្រូវតែធ្វើយ៉ាងណា ឲ្យប្រជាជនស៊ីវីលប៉ាឡេស្ទីនអាចទទួល​បាន​នូវ​ស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យដើម្បី​ព្យាបាលជំងឺនិងសង្គ្រោះអ្នករបួស។​ដូចគ្នាដែរ កាលពីថ្ងៃអាទិត្យ​ ពីទីក្រុងវ៉ាស៊ីនតោន លោក​ចូ បៃដិន បាន​ថ្លែងអំពាវនាវទៅកាន់​លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថាត្រូវតែធ្វើយ៉ាងណា​ អនុញ្ញាត​ឲ្យ​មានការដឹកស្បៀងចូលទៅហ្កាហ្សា ប្រកបដោយសុវត្ថិភាព។ លោក​ចូ បៃដិន បានរន្ធាន់ថា​ ត្រូវតែបង្កើន​ចំនួនស្បៀងដឹកចូលហ្កាហ្សា ឲ្យ​បានច្រើនបំផុត និងត្រូវតែ​ធ្វើ​ឲ្យ​បាន​ឆាប់បំផុត ព្រោះស្ថានការណ៍​​កំពុង​តែ​អាសន្នខ្លាំង​​​ណាស់។ស្បៀងមិនគ្រប់​​ មនុស្សដណ្តើមគ្នា​!យោងតាម​ការិយាល័យសម្របសម្រួល​កិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (Ocha) កាលពីថ្ងៃអាទិត្យទី​២៩តុលា​ គឺមានស្បៀងអាហារចំនួន​ប្រមាណ​៣៣រថយន្ត ត្រូវបានដឹកចូលតាមច្រករ៉ាហ្វា ទៅកាន់តំបន់​ហ្កាហ្សា។ គិតជាសរុប ចាប់ពីសង្គ្រាម​នេះបាន​ផ្ទុះឡើង មកត្រឹមថ្ងៃទី៣០តុលា គឺមានស្បៀងអាហារនិងជំនួយមនុស្សធម៌ ចំនួន​តែ១១៧រថយន្តប៉ុណ្ណោះ ដែលត្រូវបានដឹកចូលទៅហ្កាហ្សា។​ ពោលគឺជាចំនួនតិចតួចខ្លាំងណាស់ ប្រៀបបាននឹងទឹក​មួយដំណក់ក្នុងមហាស​មុទ្រ​។ តាមធម្មតា ប្រជាជន​នៅតំបន់​ហ្កាហ្សាប្រមាណ​២លាន​៤សែននាក់ ត្រូវការស្បៀងចំនួនជាង១០០កុងទឺន័រ ក្នុងមួយថ្ងៃ​ ទើបគ្រប់​។ស្ថានការណ៍កាន់តែអាសន្ន​និងចលាចលបែបនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភខ្លាំងណាស់ ទាក់ទិងការផ្ទុះអំពើហិង្សា លែងមានសណ្តាប់ធ្លាប់សាធារណៈក្នុងចំណោមប្រជាជនស៊ីវីលនៅហ្កាហ្សា។ ដោយសារតែគ្មានស្បៀងអាហារ គ្មានទឹកបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រជាជន​ចាប់ផ្តើមចលាចលស្លន់ស្លោ ប្រវាយប្រតប់ដណ្តើមគ្នាយ៉ាងអាណាធិបតេយ្យ​។​យ៉ាងណាមិញ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (Unrwa) បានបញ្ជាក់ឲ្យដឹងថា គេមានការបារម្ភណាស់ អំពី​ភាពចលាចលហិង្សា​​ដែលអាចកើតឡើង ដោយសារតែ​មនុស្ស​ប្រញ៉ាយ​ដណ្តើមគ្នា លែងមានសណ្តាប់ធ្នាប់។ ហេតុការណ៍ មនុស្សចូលទៅប្រមូលយក និង​​​ប្រញ៉ាយដណ្តើមយក​ស្បៀងអាហារ បានកើតឡើងហើយ​ កាលពីថ្ងៃសៅរ៍ទី​២៨តុលា នៅ​ទីតាំង​ស្តុកស្បៀងមួយកន្លែង​ និងទីតាំងចែកស្បៀងច្រើនកន្លែង​ទៀត​។អ៊ីស្រាអែលបន្ថែម​កម្លាំង ចូលកាត់​ផ្តាច់ផ្លូវឆ្លងកាត់ជើង-ត្បូង នៃតំបន់ហ្កាហ្សា​​គួរបញ្ជាក់ថា ទោះជាមានការអំពាវនាវឲ្យឈប់​បាញ់​យ៉ាងណាក៏ដោយ តែ​អ៊ីស្រែអែលនៅតែបន្តប្រយុទ្ធ និង​បន្ថែមកាន់​តែ​សកម្ម​។ កាលពីថ្ងៃអាទិត្យទី៣០តុលា​​ កងទ័ពអ៊ីស្រាអែល បានប្រកាស​បន្ថែម​កម្លាំងទាហាន ដើម្បី​បើកប្រតិបត្តិការ សំរុក​ចូលទៅ​តំបន់​ហ្កាហ្សាកាន់តែជ្រៅ។ អ៊ីស្រាអែល អះអាងថា គេមានកម្មវត្ថុ គឺបោលសំអាតក្រុមហាម៉ាសឲ្យ​វិនាស ទាំងកម្លាំងមនុស្ស ទាំងកម្លាំងសព្វាវុធ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូងក្រោមដីនៅហ្កាហ្សា។យ៉ាងណាមិញ កងទ័ពអ៊ីស្រាអែល បានអះអាងថា នៅរវាង​២៤ម៉ោងចុងក្រោយនេះ គេបាន​វាយកម្ទេចបានជោគជ័យ ទៅលើចំណុចគោលដៅចំនួន​៦០០ របស់​ក្រុមភេរវកម្ម​ហាម៉ាស។ កងទ័ព​ បានកំទេចទីតាំងស្តុកអាវុធរបស់​ក្រុមហាម៉ាស ទីតាំង​បាញ់និងប្រព័ន្ធបាញ់​គ្រាប់រ៉ូកែត និងគ្រាប់មីស៊ីល ព្រមទាំងទីតាំងលាក់ខ្លួន​របស់ពួកហាម៉ាសថែមទៀត។សូមបញ្ជាក់ដែរថា គិតចាប់ពីថ្ងៃសៅរ៍ ជាថ្ងៃដែល​កងទ័ពអ៊ីស្រាអែល​​ បានបើក​ប្រតិបត្តិការសំរុកចូលតំបន់​ហ្កាហ្សា គឺ​ មានមេក្រុមហាម៉ាសជាច្រើននាក់ ត្រូវបាន​កងទ័ពអ៊ីស្រាអែលសម្លាប់បាន​។ ហើយកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ទី​៣០តុលា ទាហានអ៊ីស្រាអែល បានបញ្ជាយន្តហោះមួយគ្រឿងគ្មានមនុស្សបើក ឲ្យទៅវាយ​ប្រហារចំអាគារមួយកន្លែង ដែល​មាន​សមាជិកហាម៉ាសជាង​២០នាក់សំងំលាក់​ខ្លួន។ហើយនៅព្រឹកថ្ងៃចន្ទ រថក្រោះរបស់កងទ័ពអ៊ីស្រាអែល បានឈានចូលទៅដល់​តំបន់ al-Zetoun ដែលស្ថិតនៅជាយ​ក្រុង​ហ្កាហ្សាស៊ីធី។ វត្តមានរបស់​រថក្រោះអ៊ីស្រាអែលនៅតំបន់នេះ បង្ហាញថា កងទ័ពអ៊ីស្រាអែល បានកាត់ផ្តាច់​​​ផ្លូវ​ Salah al-Deen ហើយ ដែលផ្លូវនេះ​​ជាខ្សែ​ផ្លូវដ៏សំខាន់ ឆ្លងកាត់ពី​ជើងទៅត្បូងនៅ​តំបន់ហ្កាហ្សា​​។​​អ៊ីស្រាអែល​គំរាមបាញ់​ប្លោងគ្រាប់ទៅលើមន្ទីរពេទ្យ?យោងតាមអង្គការ​អឌ្ឍចន្ទក្រហម​ប៉ាឡេស្ទីន គឺ​នៅតំបន់​ក្បែរមន្ទីរពេទ្យជាច្រើនកន្លែងដែលពួកគេគ្រប់គ្រង បានរងនូវការ​បាញ់​ប្លោងមីស៊ីល​ជាច្រើនដង។ អង្គការនេះ លើកឡើងថា ការបាញ់​ប្លោងរបៀបនេះ គឺវាបានគំរាម​យ៉ាងអាសន្នបំផុត ទៅលើអាយុជីវិត​អ្នកជំងឺ អ្នករបួស និង​ប្រជាជនស៊ីវីលប៉ាឡេស្ទីន ដែលមកជ្រកនៅមន្ទីរពេទ្យ​។លោក Bacha Mourad ប្រធានមន្ទីរពេទ្យ al-Quds បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា មន្ទីរ​បានទទួលសារពីភាគីអ៊ីស្រាអែល ឲ្យ​មន្ទីរពេទ្យ​លោក​ជម្លៀស​អ្នកជំងឺ អ្នករបួស និងប្រជាជនស៊ីវីលចេញឲ្យអស់ ក្នុងពេល​ដ៏ឆាប់ ព្រោះកងទ័ពអ៊ីស្រាអែលនឹងបើកការវាយប្រហារ​។នៅចំពោះមុខស្ថានការណ៍​មហន្តរាយមនុស្សធម៌នេះ ព្រឹកថ្ងៃចន្ទទី​៣០តុលា លោកប្រធានអង្គការសុខភាពពិភពលោក បានថ្លែងការអំពាវនាវទៅកាន់អ៊ីស្រាអែល ដោយ​លោក​បានលើកឡើងថា “យើងសូមនិយាយម្តងហើយម្តងទៀត ថា​ការជម្លៀស​​មន្ទីរពេទ្យមួយទាំងមូល ដែលពោរពេញ​ដោយ​​អ្នកជំងឺ​ អ្នករបួស វាជារឿងមួយមិនអាចធ្វើទៅបានទេ។ វាគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើឲ្យ​ជំងឺ អ្នករបួស ត្រូវប្រឈមនឹងសេចក្តីស្លាប់​។សូមបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល តែងតែបានអះអាងជានិច្ច ថា​ក្រុមហាម៉ាសបានយកប្រជាជនស៊ីវីលជាខែលដើម្បីការពារខ្លួន។ អ៊ីស្រាអែលបានអះអាងថា គេមានភស្តុតាងនិងរូបភាពបញ្ជាក់យ៉ាងច្បាស់ ថា​ទីតាំងសំខាន់ៗនៃរូងក្រោមដីរបស់​ពួកហាម៉ាស គឺធ្វើនៅខាងក្រោមមន្ទីរពេទ្យនៅតំបន់​ហ្កាហ្សា ព្រោះក្រុមភេរវកម្មនេះមិនដែលខ្វល់អំពីអាយុជីវិតជនស៊ីវីល​ប៉ាឡេស្ទីនឡើយ។ ជាងនេះទៀត សង្គ្រាមដ៏ធំនេះបានផ្ទុះឡើង គឺដោយសារក្រុមហាម៉ាសជាអ្នកចាប់ផ្តើម ដោយ​បានចូលទៅសម្លាប់​មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅខាងទឹកដីអ៊ីស្រាអែល​ចំនួន​១៤០០នាក់ កាលពីថ្ងៃទី​៧តុលា។​ ក្រុមហាម៉ាសដឹងយ៉ាងច្បាស់ណាស់​ ថា​ប្រតិបត្តិការភេរវកម្មរបស់ខ្លួននេះ នឹងត្រូវរងការឆ្លើយបតបវិញ​ដ៏ធ្ងន់​ ពីសំណាក់អ៊ីស្រាអែល ហើយអ្នករងគ្រោះលំបាក​គឺប្រជាជនស៊ីវីលប៉ាឡេស្ទីន តែក្រុមនេះនៅតែធ្វើ។​ភាគីអ៊ីស្រាអែល បាន​ចោទថា​​ក្រុមហាម៉ាស បាន​​យកមន្ទីរពេទ្យ ជាកន្លែងលាក់អាវុធ និងជាកន្លែងពួនសំងំលាក់ខ្លួនថែមទៀតផង។ កងទ័ពអ៊ីស្រាអែល គ្មានបំណងណាមួយ​សម្លាប់​ប្រជាជនស៊ីវីលប៉ាឡេស្ទីននៅមន្ទីរពេទ្យ​ទេ ហេតុដូច្នេះ​ហើយ ទើប​បានជា​ភាគីអ៊ីស្រាអែល ជូនដំណឹងឲ្យ​ជម្លៀសជនស៊ីវីល​​ចេញពីទីតាំងមន្ទីរពេទ្យ មុននឹងបើកការវាយប្រហារកំទេចក្រុម​ហាម៉ាស។ តែយ៉ាងណា ការចោទរបស់អ៊ីស្រាអែលនេះ ត្រូវបាន​ក្រុមភេរវកម្មហាម៉ាស បដិសេធជានិច្ចដែរ​៕
10/30/20238 minutes, 32 seconds
Episode Artwork

កងទ័ពអ៊ីស្រាអែល​បន្ត​ចូល​ទៅ​ក្នុង​ហ្កាហ្សា ខណៈ​រុស្សី​​ជួប​តំណាង​ក្រុម​ហាម៉ាស​និង​អ៊ីរ៉ង់​នៅម៉ូស្គូ

វេលាទៀបភ្លឺថ្ងៃសុក្រទី​២៧តុលា កងទ័ពអ៊ីស្រាអែល បានចូលទៅក្នុង​តំបន់ហ្កាហ្សាជាលើកទី​២ ដើម្បី​បើក​ប្រតិបត្តិការ​កំទេចទីតាំងរបស់​ក្រុមហាម៉ាស។ នៅឯទីក្រុងម៉ូស្គូឯណោះ កាលពីថ្ងៃព្រសហ្បតិ៍ ក្រុមហាម៉ាសបាននាំគណៈប្រតិភូទៅជួបប្រជុំជាមួយ​ភាគីរុស្ស៊ី​ ខណៈអនុរដ្ឋមន្ត្រី​ក្រសួងការបរទេសអ៊ីរ៉ង់ ក៏មានវត្តមាននៅម៉ូស្គូដែរ។​ កងទ័ពអ៊ីស្រាអែលចូលទៅតំបន់ភាគកណ្តាលហ្កាហ្សាបន្ទាប់​ពីបានចាប់ផ្តើមប្រតិបត្តិការ​​ ចូលទៅភាគខាងជើង​តំបន់​ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ទី​២៦តុលា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា គេបានបន្ត​សំរុកចូលជាថ្មីម្តងទៀត នៅវេលាទៀបភ្លឺថ្ងៃសុក្រ ទី​២៧តុលា។ ប្រតិបត្តិការថ្មីនេះ បានធ្វើនៅតំបន់​ភាគកណ្តាល នៃតំបន់​ហ្កាហ្សា ដោយ​កងទ័ពអ៊ីស្រាអែល បានប្រើប្រាស់​កម្លាំងរថក្រោះ ជាច្រើនគ្រឿង និងបានត្រូវបាន​ការពារពីលើអាកាស ដោយ​យន្តហោះចម្បាំង​ និងយានដ្រូនថែមទៀត។ ទន្ទឹមគ្នានេះ កងទ័ពអ៊ីស្រាអែល ក៏បានបាញ់​ប្លោងមីស៊ីលជាច្រើនគ្រាប់​ ទៅលើទីតាំងរបស់​ក្រុមហាម៉ាស នៅភាគកណ្តាល​ហ្កាហ្សាដែរ នៅវេលាយប់ថ្ងៃសុក្រ ទី​២៦តុលា។លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែល ដែលបានចេញផ្សាយ​នៅព្រឹកថ្ងៃសុក្រ បាន​ឲ្យ​ដឹងថា កងទ័ពអ៊ីស្រាអែល​បាន​ចេញពីតំបន់​ហ្កាហ្សាមក​វិញហើយ បន្ទាប់់ពីបានសម្រេចកម្មវត្ថុនៃបេសកកម្ម។ កម្មវត្ថុដែលគេសម្រេចបាន គឺបានកំទេចជើងទម្របាញ់គ្រាប់រ៉ូកែត របស់​ក្រុមហាម៉ាស ជាច្រើនកន្លែង កំទេច​ទីបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាស ហើយបាន​សម្លាប់សមាជិក​ក្រុមហាម៉ាស​ជាច្រើននាក់ទៀត​។ លិខិតប្រកាសរបស់កងទ័ពអ៊ីស្រាអែលនេះ មិនបានបញ្ជាក់ទេ ថាខាងអ៊ីស្រាអែលមានរបួសឬស្លាប់​ប៉ុន្មាននាក់ នៅក្នុង​ប្រតិបត្តិការលុកចូល​ហ្កាហ្សានេះ​។គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលកងទ័ពអ៊ីស្រាអ៊ែល សំរុកចូលទៅក្នុងតំបន់ហ្កាហ្សាដោយ​ផ្ទាល់។​ ប្រតិបត្តិការលើកទី​១បាន​ធ្វើកាលយប់ថ្ងៃពុធ ឈានចូលថ្ងៃ​ព្រហស្បតិ៍​ទី​២៦តុលា នៅភាគខាងជើងហ្កាហ្សា។ តាមការសង្កេត​ ប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល គឺប្រើ​ប្រាស់រថក្រោះ រថពាសដែកចូលទៅហ្កាហ្សា ដើម្បី “វាយប្រហារដោយចំពោះ” ទៅលើទីតាំងមុខសញ្ញាណាមួយរបស់ក្រុមហាម៉ាស ដែលគេបានកំណត់​គោលដៅទុក។ សម្រេចហើយ​ គេដកថយមកខាងអ៊ីស្រាអែលវិញ មុននឹងមានប្រតិបត្តិការថ្មី ចូលទៅ​ម្តងទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ធ្លាប់​បានសន្យាហើយថា​នឹងសម្លាប់​សមាជិក​ក្រុមហាម៉ាសម្តងមួយៗ រហូតទាល់តែអស់​។​គួរបញ្ជាក់ដែរថា តាមរយៈរូបភាព​វីដេអូបង្ហាញពីប្រតិបត្តិការ​ចូលទៅហ្កាហ្សា ដែល​ខាងភាគីកងទ័ពអ៊ីស្រាអែលបានផ្សព្វផ្សាយ គឺភាគីអ៊ីស្រាអែលចង់បង្ហាញប្រាប់​មតិមហាជនទូទាំងពិភពលោក ថាកងទ័ពអ៊ីស្រាអែលមានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវ​​ខ្ពស់ណាស់​ មិនមែន​ចូលទៅវាយប្រហារ​ដោយ​ឥតរើសមុខនៅក្នុងតំបន់ហ្កាហ្សាទេ។ ពោលគឺគេទៅកម្ទេច តែទីតាំង​និងហេដ្ឋារចនាសម្ព័ន្ធ ​របស់​ក្រុមភេរវកម្ម​ហាម៉ាសតែប៉ុណ្ណោះ។រុស្ស៊ីហៅ​តំណាងក្រុមហាម៉ាស និងអ៊ីរ៉ង់ ទៅប្រជុំនៅម៉ូស្គូ?ស្របពេល​ដែល​អ៊ីស្រាអែលបើកប្រតិបត្តិការចូលក្នុងហ្កាហ្សា ដើម្បីកំទេចក្រុមហាម៉ាស នៅម៉ូស្គូឯណោះ រុស្ស៊ីបាន​ជួបជាមួយតំណាងក្រុមហាម៉ាស និង​តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី​២៦តុលា។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាន​បញ្ជាក់​ឲ្យដឹងថា តំណាងក្រុមហាម៉ាសប៉ាឡេស្ទីន តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ ពិតជាមានវត្តមាននៅក្រុងម៉ូស្គូពិតមែន។ តែយ៉ាងណា មិនមាន​ការបញ្ជាក់​ឲ្យច្បាស់ ថាភាគីទាំង​៣ជួបប្រជុំគ្នា ក្នុងពេលតែមួយ ឬក៏ជាជំនួបដាច់ដោយឡែកពីគ្នានោះទេ។​​ក្រោយដឹងដំណឹងនេះភ្លាម ក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មយ៉ាងខ្លាំង ដោយ​បានបរិហារ​​បន្ទោសរុស្ស៊ី ថាមិនត្រូវទទួល​ជួប​ជាមួយ​ក្រុមភេរវកម្ម​ហាម៉ាសបែបនេះទេ។ លិខិតក្រសួងការបរទេស​អ៊ីស្រាអែល បានលើកឡើងថា ក្រុមហាម៉ាសជាក្រុមភេរវកម្មសាហាវព្រៃផ្សៃ សឹងតែជាង​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទៅទៀត។ ក្រុមហាម៉ាសជាក្រុមដែលមានបាតដៃប្រឡាក់ឈាម។ កាលពីថ្ងៃទី​៧តុលា​ ជនស៊ីវីលចំនួន​ប្រមាណ​១៤០០ នៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបាន​ក្រុមហាម៉ាសសម្លាប់យ៉ាងសាហាវបំផុត ខ្លះត្រូវពួកវាបាញ់សម្លាប់ ខ្លះដុតទាំងរស់ និងបានចាប់ចំណាប់ខ្មាំងទាំងកុមារ ទាំងមនុស្សចាស់ជរា សរុបជាង​២២០នាក់ថែមទៀត។ផ្អែកតាម​ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី ដែលស្រង់ប្រភពពីមន្ត្រីការទូត គឺគណៈប្រតិភូក្រុមហាម៉ាសទៅម៉ូស្គូ ដឹកនាំដោយមេក្រុមហាម៉ាសម្នាក់ ឈ្មោះ Moussa Abou Marzouk។ ផ្អែកតាមប្រភពនេះ ការជជែកគ្នារវាងរុស្ស៊ីនិងក្រុមហាម៉ាស គឺបានផ្តោតសំខាន់ ទៅលើ​បញ្ហា​ចំណាប់ខ្មាំង​ដែលកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស។ បណ្តាញព័ត៌មានរុស្ស៊ី អះអាងថា​ភាគីរុស្ស៊ី បានទាមទារយ៉ាងទទូច ឲ្យក្រុមហាម៉ាស ត្រូវតែពិចារណា ដោះលែងចំណាប់​ខ្មាំង​ជាជនជាតិបរទេសទាំងអស់។ បន្ថែមពីនេះ ភាគីរុស្ស៊ីបាន​លើកឡើងអំពីការជម្លៀសជនជាតិរុស្ស៊ី និងជនបរទេសដែលជាប់​នៅក្នុងតំបន់ហ្កាហ្សា។ដោយឡែក នៅព្រឹកថ្ងៃសុក្រទី​២៧តុលា បណ្តាញ​ព័ត៌មានរុស្ស៊ី​ Kommersant បាន​ចុះផ្សាយថា តំណាង ​ក្រុមហាម៉ាសម្នាក់​ ឈ្មោះ Abou Hamid ដែលមានវត្តមាននៅម៉ូស្គូ បាន​អះអាងប្រាប់ថា​ ក្រុមហាម៉ាសនឹងមិនអាច​ដោះលែង​ចំណាប់ខ្មាំងជាដាច់ខាត ដរាបណាគ្មាន​បទឈប់បាញ់ទេនោះ​។ តំណាងក្រុមហាម៉ាសរូបនេះ បន្ថែមថា ពួកគេត្រូវការពេលវេលា ដើម្បីប្រមូលព័ត៌មាន​និងកំណត់ទីតាំង ថាចំណាប់ខ្មាំងស្ថិតនៅត្រង់ទីតាំងណាខ្លះ។ ប្រភពដដែលនេះ បានអះអាងទៀតថា គិតត្រឹមពេលនេះ យ៉ាងហោច​មាន​ចំណាប់ខ្មាំង​ជិត៥០នាក់ហើយ ដែលបានស្លាប់​ដោយ​ការបាញ់​ប្លោងមីស៊ីល​របស់​អ៊ីស្រាអែល​។​ប្រភពពី​ក្រសួងការបរទេសរុស្ស៊ីវិញ បានឲ្យដឹង​​ថា​ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ីរ៉ង់ Ali Bagheri Kani ដែលមានវត្តមាននៅម៉ូស្គូ បានជួបប្រជុំជាមួយ​លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov កាលពីថ្ងៃព្រហស្បតិ៍​។ អ្នកទាំង​២ បាននិយាយគ្នា អំពីភាពចាំបាច់នៅក្នុង​ការ​ឈានទៅបញ្ឈប់​ការផ្ទុះអាវុធនៅហ្កាហ្សា និងតំបន់​ជុំវិញ ហើយនិងការបញ្ជូនជំនួយ​មនុស្សធម៌ ទៅជួយប្រជាជនប៉ាឡេស្ទីន ឲ្យ​បានឆាប់ជាទីបំផុត​។ ភាគីទាំង២ សន្យា​ថានឹងបន្តសហការគ្នា​​ ប្រឹងប្រែង​ការពារស្ថិរភាពតំបន់​ដើមបូព៌ា។លោក ចូ បៃដិន ផ្ញើសារទៅគំរាម​មេដឹកនាំអ៊ីរ៉ង់គួរកត់សំគាល់ថា ស្ថិរភាពតំបន់ដើមបូព៌ា កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ ដោយគេបារម្ភថាសង្គ្រាម​រវាងក្រុមហាម៉ាស និង​អ៊ីស្រាអែល អាចនឹងឆាបឆេះរាលដាលពាសពេញតំបន់តំបន់។ អ្វីដែល​គេបារម្ភបំផុត គឺការចូលលូកដៃ របស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមនេះ។ យ៉ាងណាមិញ ដើម្បីបង្ការកំញើញទៅលើអ៊ីរ៉ង់ ឲ្យ​ប្រុងប្រយ័ត្ន អាមេរិក​បានបន្ថែមកម្លាំងទៅក្បែរអ៊ីស្រាអែល។នៅថ្ងៃសុក្រទី​២៧តុលា ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា គេបាន​បើកប្រតិបត្តិការវាយប្រហារ ទៅលើទីតាំង​២កន្លែង ដែលក្រុមប្រដាប់អាវុធជាកូនចៅអ៊ីរ៉ង់ប្រើប្រាស់ ស្ថិតនៅភាគខាងកើត​ស៊ីរី​។ លោក Lloyd Austin បានឲ្យដឹង​ ការវាយប្រហាររបស់កងទ័ពអាមេរិកនេះ គឺជាការវាយប្រហារការពារខ្លួនដ៏ស្របច្បាប់ ឆ្លើយតបវាយបកទៅវិញ បន្ទាប់់ពីក្រុម​ប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ បានវាយប្រហារជាច្រើនដង មកលើទី​តាំង​របស់កងទ័ពអាមេរិក ប្រចាំនៅស៊ីរីនិងនៅអ៊ីរ៉ាក់ គិតចាប់ពិថ្ងៃទី​១៧តុលាមក។កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី​២៦តុលា​ លោក John Kirby អ្នកនាំពាក្យ​សេតវិមានបាន​បញ្ជាក់​ឲ្យដឹងថា លោក ប្រធានាធិបតី ចូ បៃដិន បានផ្ញើសារ​ដោយផ្ទាល់ ទៅកាន់ប្រមុខដឹកនាំអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមឺណី ដោយ​បានក្រើនរំឭកឲ្យអ៊ីរ៉ង់ ត្រូវតែ​បញ្ឈប់​ការវាយប្រហារមក​លើកងទ័ពអាមេរិក ដែលប្រចាំនៅតំបន់ដើមបូព៌ា។ លោក ចូ បៃដិនបាន​គំរាម​ដោយត្រង់ៗថា អ៊ីរ៉ង់ត្រូវតែ​ស្ថិតនៅឲ្យឆ្ងាយ កុំ​ចង់មកលូកដៃ ពង្រីកសង្គ្រាម​រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ឲ្យរីករាលដាលធំ​ឲ្យសោះ។​ជាការពិតណាស់ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគី​អាមេរិកបានឲ្យដឹងថា ក្រុមប្រដាប់អាវុធកូនចៅអ៊ីរ៉ង់ជាច្រើនក្រុម បានបាញ់មីស៊ីល និង​បានបញ្ជាយានដ្រូន មក​វាយប្រហារមកលើទីតាំងរបស់កងទ័ពអាមេរិក ដែលប្រចាំការនៅ​ស៊ីរី និងនៅអ៊ីរ៉ាក់។ គិតត្រឹមថ្ងៃទី​២៧តុលា ការវាយប្រហាររបៀបនេះ មាន​​ចំនួន​ប្រមាណ១៦ដង នៅអ៊ីរ៉ាក់១២ដង នៅស៊ីរី​៤ដង។ តែភាគច្រើន​នៃការវាយប្រហារនេះ គឺ​មិនបានជោគជ័យទេ ដោយ​គ្រាន់តែបានបណ្តាលឲ្យបុគ្គលិកអាមេរិក​​ របួសស្រាល​​ជាង​២០នាក់។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់ថាការវាយបកវិញរបស់អាមេរិក ទៅលើក្រុមប្រដាប់អាវុធអ៊ីរ៉ង់ គឺវាស្ថិតនៅដាច់ដោយឡែក ពី​សង្គ្រាម​ដែលកំពុងកើតឡើងនៅហ្កាហ្សា ហើយ​គោលជំហរអាមេរិក ទាក់ទិននឹងសង្គ្រាមនេះ គឺនៅដដែលមិនប្រែប្រួលទេ៕
10/27/20238 minutes, 9 seconds
Episode Artwork

អ៊ីស្រាអែលផ្តើម​​ផែនការ​វាយលុក​ជើងគោកលើ​តំបន់​ហ្កាហ្សា?

អ៊ីស្រាអែល​បាន​សច្ចា​កម្ចាត់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ឱ្យ​អស់ ​ក្រោយ​រងការឆ្មក់​​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស​កាលពី​ថ្ងៃទី​៧តុលា​២០២៣។ ប៉ុន្តែ​ទោះ​មានពាក្យ​ព្រមាន​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើងៗ​យ៉ាង​ក៏​ដោយ​ ក៏​អ៊ីស្រាអែល​មិន​ខ្វល់ដែរ។ ​អ៊ីស្រាអែល​បន្ត​រៀប​ប្រតិបត្តិការ​​ជើងគោកលើ​តំបន់​ហ្កាហ្សា​ និង​ទំនង​ជា​បាន​វាយលុក​ចូល​ភាគ​ខាង​ជើង​ហ្កាហ្សា​មួយ​ប្រាវ​នៅ​យប់​មិញ។ អ៊ីស្រាអែល​បាន​ស្បថសច្ចា​បញ្ចប់​ជីវិត​ចលនា​ហាម៉ាស ក្រោយ​ពី​ក្រុម​នេះ​បាន​ឆ្មក់​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​​កាលពី​​ថ្ងៃទី​៧​តុលា​២០២៣ ដែល​បើ​តាម​អ៊ីស្រាអែល​ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ខាង​អ៊ីស្រាអែល​យ៉ា​ងហោច​១៤​០០នាក់ និង​ជាង​២២០នាក់​ជាប់​ជា​ចំណាប់​ថ្នូរ​ (បួន​នាក់​បាន​សេរីភាព​វិញ​)។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា កំពុងត្រៀម​លក្ខណៈវាយ​ចូល​ហ្កាហ្សា​ ដោយ​មិន​លម្អិត​ថា​ចូល​នៅពេល​ណា យ៉ាង​ណា ​និង​កម្លាំង​ប៉ុន្មានទេ។​ ​ស្រាប់​តែ​នៅយប់​មិញ​ ទាហាន​អ៊ីស្រាអែលបាន​វាយ​លុក​ចូល​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។ប្រតិបត្តិការ​វាយលុក​ជើងគោក​អ៊ីស្រាអែល​ចាប់​ផ្តើមយ៉ាងណា?មិនមែន​ជា​ប្រតិបត្តិការ​វាយលុក​ជើងគោក​ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​នយោបាយ​និង​យោធា​​អ៊ីស្រាអែល​បាន​សន្យា​ទេ​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ពុធ​ឆ្លង​មក​ថ្ងៃព្រហស្បតិ៍ទី​២៦​តុលានេះ យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយលុក​មួយ​ចូល​ទៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ ​សំដៅ​លើ​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​។ នេះ​បើតាម​អ្នក​នាំពាក្យ​​យោធា​អ៊ីស្រាអែល។ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​វាយលុក​ជើងគោកទ្រង់ទ្រាយ​ធំ កង​រថពាសដែកអ៊ីស្រាអែល​​បាន​ជ្រៀត​ចូល​ក្នុង​ដែន​ដី​ប៉ាឡេស្ទីន​ ទៅ​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធរបស់ពួក​ហាម៉ាស ទី​តាំង​កាំភ្លើងត្បាល់​និង​ផ្តើម​ត្រួសត្រាយ​ភូមិសាស្ត្រ។ សេចក្តី​ថ្លែងការណ៍​យោធា​អ៊ីស្រាអែល​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ប្រតិបត្តិការ​វាយលុក​មួយ​ប្រាវ​នេះរួច កង​ទ័ព​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​តំបន់​ភាគខាង​ជើង​ហ្កាហ្សា​នោះ ហើយ​ត្រលប់​មក​ឈរ​ជើង​នៅ​ព្រំដែន​ខាង​ដែនដី​ខ្លួន​វិញ។នេះ​ជា​ ​វាយលុក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​លើក​ទីពី​រ​ហើយគិត​ចាប់​តាំងពីសង្គ្រាម​​​អ៊ីស្រាអែល-ហាម៉ាស​​បានផ្ទុះ​ឡើងមក ប៉ុន្តែ​ជា​លើក​ទី​មួយ​សម្រាប់​​កងពល​រថក្រោះ​​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បានទទួល​ស្គាល់​ថា​ប្រតិបត្តិការ​ជើង​គោក​មាន​ការ​យឺត​យ៉ាវ​ជាង​ការ​ព្រាង​ទុក​ ដោយ​អ៊ីស្រាអែល​មិន​ទាន់​ដឹង​ច្បាស់​អំពី​​មតិ​សាធារណៈ​របស់​ប្រជា​ពល​រដ្ឋ​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ អ្នក​ធ្វើ​អត្ថាធិប្បាយ​បាន​ព្រលយ​អំពីមូលហេតុ​ពីរ​គឺ​ បញ្ហា​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ពួក​ហាម៉ាស និង​សំណើ​អាមេរិក​សុំ​ឱ្យ​ពន្យារ​ពេល​សិន​ដើម្បីមាន​ឱកាស​​រៀប​ចំដាក់​ឱ្យ​ដំណើរការ​​ប្រព័ន្ធ​ខែល​មីស៊ីល​ការ​ពារ​តំបន់​។ប្រតិបត្តិការ​ជើង​គោក​អ៊ីស្រាអែលជាការ​គិតខុស?តាមការ​ពិត​ទៅ​នោះ ពាក្យ​ព្រមាន​អំពី​ផលវិបាក​នៃ​ការ​វាយប្រហារ​ជើង​គោក​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ​ក្តី​ព្រួយ​បារម្ភ​ជុំ​វិញ​ប្រតិបត្តិការ​វាយលុក​ផ្លូវគោក​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​ កំពុង​រីក​ធំធាត់​ក្នុង​រង្វង់​សហគមន៍អន្តរជាតិ។ ​ប្រតិបត្តិការ​​វាយលុក​ជើងគោក​លើ​ហ្កាហ្សាដែល​រង​ការ​បិទ​ខ្ទប់​ទាំង​ស្រុង និង​រង​ការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់​តាំងពី​២០​ថ្ងៃ​មក​ហើយ នឹង​ជួប​ការ​លំបាក​ស្មុគស្មាញ​ខ្លាំងណាស់​ ព្រោះហ្កាហ្សា​ជា​​ដែន​ដី​​ដ៏​តូច​ មាន​មនុស្ស​រស់​នៅកកកុញ​គ្នា​ខ្លាំង បង្កប់​ដោយ​រូង​ក្រោម​ដី​យ៉ាង​ប្រទាក់​ក្រឡា​ដែល​ពួក​ហាម៉ាស​បាន​ជីក​សម្រាប់​លាក់​ខ្លួន លាក់​អាវុធ​យុទ្ធភ័ណ្ឌ​ និង​មាន​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ទៀត។នៅ​យប់​មិញ លោកប្រធានាធិបតី​អាមេរិក​ ចូ​បៃដិន បាន​អះអាង​ថា អ៊ីស្រាអែល​មិន​ត្រឹម​តែ​មាន​សិទ្ធិ​ទេ តែត្រូ​វមាន​ទំនួល​ខុស​ត្រូវ​ទៀត ​ក្នុង​ការ​ការពារ​ខ្លួន​។ អ៊ីស្រាអែល​ត្រូវ​ប្រឹង​ឱ្យ​អស់​អំពី​លទ្ធភាពដែល​​ខ្លួនមាន​ទោះ​លំបាកខ្លាំង​​​យ៉ាងណា​ក៏​ដោយ ក្នុង​ការ​ការពារ​ជីវិត​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា។ ហាម៉ាស​លាក់​ខ្លួន​ពីក្រោយ​ខ្នង​ជន​ស៊ីវិល​ ជា​ទង្វើ​ដ៏​អាក្រក់​ គួរ​ឱ្យស្អប់​ខ្ពើម​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​​បញ្ចេញ​សកម្មភាព​​ដោយគោរព​ច្បាប់​សង្គ្រាម។​ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅពេល​សាកសង​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។សម្រាប់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ម៉ាក្រុង​​ ដែល​កំពុង​ជួប​សមភាគី​អេហ្ស៊ីប​ លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី នៅក្រុង​គែរ ​ ជម្រើស​ប្រើ​​ប្រតិបត្តិការ​ជើង​គោក​ ជា​​ការ​គិត​ខុស​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ជនរងគ្រោះ​ជា​ជនស៊ីវិល​ច្រើន​ខ្លាំង​ណាស់ ហើយ​មិន​អាច​ការពារ​អ៊ីស្រាអែល​បាន​ជា​និរន្តទេ។ ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​លោក​ម៉ាក្រុង​ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់​ស៊ីស៊ី​បាន​អំពាវនាវដូច​គ្នាឱ្យ​​​អ៊ីស្រាអែល​កុំ​ធ្វើ​ប្រតិបត្តិការ​ជើង​គោក​​លើ​ហ្កាហ្សា។ទន្ទឹម​នឹង​ការ​ប្រកាសគាំទ្រ​​អ៊ីស្រាអែល​ថា​មាន​សិទ្ធិ​​​ការពារ​ខ្លួន​ និង​ស្នើ​ឱ្យ​មាន​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហាម៉ា លោក​ម៉ាក្រុង បាន​ជំរុញ​​ឱ្យ​កិច្ចចរចា​សន្តិភាពដើម្បី​​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​មាន​សន្ទុះ​ឡើង​វិញ។ លោក​បាន​ថែមទាំង​​ប្រកាស​បញ្ជូន​នាវា​យោធាបំពាក់​សេវា​វេជ្ជសាស្ត្រ​​ទៅ​ជួយ​ប្រជាពលរដ្ឋ​នៅហ្កាហ្សា​។ មិនដឹង​ថា​តើ​នាវា ​La Tonnerre ដែល​ទើប​ចាក​ចេញ​ពី​កំពង់​ផែ​បារាំង នឹង​ទៅ​សំចត​នៅកំពង់​ផែ​ហ្កាហ្សា​មួយ​ណា​ទេ​បើ​តំបន់​នេះ​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​ពី​សំណាក់​អ៊ីស្រាអែល ទាំង​ស្រុង ទាំង​ផ្លូវ​គោក​ ផ្លូវ​អាកាស​និង​ផ្លូវ​ទឹកនោះ។ បារាំង​ក៏​បាន​បញ្ជូន​សម្ភារៈ​បរិក្ខា​ពេទ្យ​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​ហ្កាហ្សា​តាម​យន្តហោះ​ទៅ​ចុះ​ថត​នៅ​អេហ្ស៊ីប​។ ​ជំនួយ​មនុស្ស​ធម៌អាច​​ចូល​​ដល់​តំបន់​​ហ្កាហ្សាយ៉ាងតក់ៗ​និង​​ត្រដាប​ត្រដួស​បំផុត។​តើ​អាច​មាន​ការ​ឈប់បាញ់​ ឬ ផ្អាកប្រយុទ្ធ​ដើម្បីមនុស្សធម៌ឬទេ?ក្នុង​ពេល​រង់ចាំ​បើក​ប្រតិបត្តិការ​ធំជាក់លាក់​ យោធា​អ៊ីស្រាអែល​បន្ត​ផ្លោង​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ដែល​មាន​ទំហំ​៣៦២គីឡូម៉ែត្រ​ការ៉េ​និង​មាន​ប្រជាពលរដ្ឋប្រជ្រៀត​​រស់​នៅ​ជាង​២លាន​៤សែន​នាក់ ដោយ​គ្មាន​បន្ធូរ​ដៃ​សោះឡើយ។ គ្មាន​ផ្នែក​ណាមួយ​នៃ​តំបន់​ហ្កាហ្សា​ដែល​មាន​សុវត្ថិភាព​​ឡើយ។ ក្នុងមួយ​ថ្ងៃពុធ​ទី ២៥​តុលា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៧០០នាក់​បាន​បង់​ជីវិត​។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ហាម៉ាស។អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​តាំង​ពី​ថ្ងៃអង្គារ​​ឱ្យ​មានការ​ឈប់​បាញ់​ដើម្បី​មនុស្សធម៌​ភ្លាម និង​បាន​ថ្កោល​ទោស​រួច​ជា​ស្រេច​​អំពី​ការ​រំលោភ​ច្បាប់​មនុស្ស​ធម៌​យ៉ាង​ច្បាស់​ក្រលែត​​របស់​អ៊ីស្រាអែល​។ ប៉ុន្តែ អ៊ីស្រាអែល​ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក ព្រមទាំង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត មិន​គាំទ្រ​គំនិត​ចង់​ឱ្យ​មាន​ការ​ឈប់​បាញ់​ឡើយ ដោយ​យល់​ថា​​ការ​ឈប់​បាញ់​នឹង​ធ្វើ​ឱ្យ​ចលនា​ហាម៉ាស​អាច​ឆ្លៀត​យក​ចំណេញ។ម្សិលមិញ​ជា​ថ្មី​ម្តង​ទៀត ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បាន​ច្រាន​ចោល​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ពីរ​ស្នើ​ឡើង​ដោយ​រុស្ស៊ី​និង​អាមេរិក ជុំ​វិញ​សង្គ្រាម​អ៊ីស្រាអែល​និង​ហាម៉ាស​នេះ​។ ខាងសហរដ្ឋ​អាមេរិក គ្រប់​រដ្ឋ​សុទ្ធ​តែមាន​សិទ្ធិការពារ​ខ្លួន​ដូច​គ្នា និង​ចង់​បាន​ត្រឹម​​ឱ្យ​មាន​ការ​ផ្អាក​បាញ់​បន្តិច​ដើម្បី​មនុស្សធម៌ ចំណែក​ខាង​រុស្ស៊ី​វិញ​ចង់​បាន​ការ​ឈប់​បាញ់ភ្លាម​​ដើម្បី​មនុស្សធម៌​ និង​បាន​ថ្កោល​ទោស​ទង្វើ​វាយប្រហារ​ដ៏​អាក្រក់​របស់​ពួក​ហាម៉ាស។ ការ​ផ្អាក​បាញ់​ដើម្បី​មនុស្សធម៌​ ក៏​កំពុង​ស្ថិត​ក្នុង​​លើ​តុ​ចរចា​តស៊ូ​មតិនៅ​សហភាព​អឺរ៉ុប​ ដែល​កំពុង​បើក​ជំនួប​កំពូល​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ដែរ។​ តែ​ដូច​ទម្លាប់​ អឺរ៉ុបមាន​ប្រវត្តិ​​ប្រេះឆា​គ្នា​ខ្លាំង​ណាស់​ក្នុង​សំណុំ​រឿង​ដើម​បូព៌ា ដោយ​សមាជិក​ខ្លះ​កាន់ជើង​ប៉ាឡេស្ទីន​ខ្លាំង​ដូច​ជា​អៀរឡង់​ឬអេស្ប៉ាញ ឯ​ខ្លះ​ទៀតមាន​ជា​អាទិ៍​អាល្លឺម៉ង់​និង​អូទ្រីស​​ការពារ​អ៊ីស្រាអែល​​យ៉ាង​មុត​មាំ៕
10/26/20236 minutes, 57 seconds
Episode Artwork

អ៊ីស្រាអ៊ែលសំរុក​បាញ់​ប្លោងគ្រាប់ ត្រៀម​ចូលហ្កាហ្សា ខណៈជំនួបកំពូលនៅអេហ្ស៊ីប​អំពាវនាវឲ្យឈប់ប្រយុទ្ធ

នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី​២២តុលា កងទ័ពអ៊ីស្រាអែល បានសំរុក​បាញ់ប្លោងគ្រាប់​យ៉ាងច្រើន ទៅលើតំបន់​ហ្កាហ្សាដើម្បីកាត់ផ្តាច់ផ្លូវ និង​បង្កការលំបាក​ដល់ក្រុមហាម៉ា។ ជាប្រតិបត្តិការ​ដែល​តាមការសង្ស័យ គឺ​កងទ័ពអ៊ីស្រាអែល កំពុងតែត្រៀមបើក​សមរភូមិ ចូលទៅប្រយុទ្ធដោយ​ផ្ទាល់​នៅក្នុងតំបន់​ហ្កាហ្សា បើទោះបីជាមិនទាន់មានការប្រកាសណាមួយជាផ្លូវការ​។ ក្រុមអាម៉ាសដែលគ្រប់គ្រង​តំបន់ហ្កាហ្សា បានអះអាង​ថា យ៉ាងហោចណាស់មានមនុស្សស្លាប់​បន្ថែមទៀត ចំនួន​៨០នាក់ ដោយការវាយ​ប្រហារទម្លាក់គ្រាប់​ដ៏ច្រើនសន្ធឹករបស់​អ៊ីស្រាអែល ក្នុងវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ​។ យោងតាម​ប្រភពពីអ្នករាយការណ៍​ព័ត៌មានបារាំង AFP ប្រចាំនៅហ្កាហ្សាវិញ បាន​ឲ្យដឹងថា គេឃើញមាន​មីស៊ីល​បានវាយ​ប្រហារនៅចំណុច រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា មិនឆ្ងាយប៉ុន្មានពី​ព្រំដែន​អេហ្ស៊ីប​។ ចំណែកទីក្រុងហ្កាហ្សាស៊ីធី ដែលស្ថិតនៅខាងជើងឯនេះ ក៏គេបានឃើញ​ផ្សែងខ្មៅសន្ធោសន្ធៅដែរ ក្នុងវេលាយប់​។កងទ័ពអ៊ីស្រាអ៊ែល ត្រៀមបើកសមរភូមិចូលក្នុងហ្កាហ្សាកាលពីថ្ងៃសៅរ៍ លោក Daniel Hagari អ្នកនាំពាក្យ​កងទ័ពអ៊ីស្រាអែល បាន​បញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅគឺអ៊ីស្រាអែល និង​បន្ថែម​ការវាយ​ប្រហារ ទៅលើតំបន់ហ្កាហ្សា។ កម្មវត្ថុនៃការបន្ថែមការ​វាយប្រហារនេះ គឺដើម្បីបង្ក្រាបកម្លាំងរបស់​ក្រុមហាម៉ាសឲ្យទន់ខ្សោយ​ ហើយ​កាត់​បន្ថយ​ហានិភ័យប្រឈម មកលើ​​កងទ័ពអ៊ីស្រាអែល នៅក្នុង​ដំណាក់​កាលបន្ទាប់នៃសង្គ្រាមនេះ​។តាមរយៈសំដីនេះ គឺមានន័យថា កងទ័ពអ៊ីស្រាអែលពិតជាមានផែនការ​សំរុកចូលទៅក្នុងតំបន់​ហ្កាហ្សា ដើម្បី​បោសសំអាតសមាជិក​ក្រុមហាម៉ាស ដែលបានចូលមកធ្វើភេរវកម្ម​សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា។​ យ៉ាងណាមិញ រូបភាពវីដេអូជាច្រើន ប៉ុន្មានថ្ងៃចុងក្រោយ​នេះ បានបង្ហាញ​ឲ្យ​ឃើញ អំពី​ការ​រៀបចំ​ប្រមូលទ័ព រួមទាំងរថក្រោះផង បញ្ជូន​ទៅ​ក្បែរតំបន់ហ្កាហ្សា និង​ការហ្វឹកហាត់ទាហានអ៊ីស្រាអែល ត្រៀមលក្ខណៈប្រយុទ្ធដោយផ្ទាល់​ ក្នុងលក្ខខណ្ឌភូមិសាស្ត្រតំបន់ហ្កាហ្សា។ទោះជាយ៉ាងណា មិនទាន់​មានបញ្ជាក់​ផ្លូវការ​ពីក្រសួងការពារជាតិអ៊ីស្រាអែលទេ ថា​ដំណាក់​កាលបន្ទាប់គឺជាអ្វី​។ ក៏ប៉ុន្តែ លោក Herzi Halevi នាយសេនាធិការកងទ័ពអ៊ីស្រាអែលបានប្រកាស​កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល​នឹងចូលទៅក្នុងហ្កាហ្សា ក្នុង​ក្របខណ្ឌកម្មវត្ថុបេសកកម្ម​ ដែលសំដៅ​កំទេច​ហេដ្ឋារចនាសម្ព័ន្ធ​របស់ពួកភេរវកម្ម​ហាម៉ាស ហើយកងទ័ពអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការនេះ ប្រកបដោយ​ភាព​ជំនាញ​បំផុត​។ក្រៅពីសមរភូមិហ្កាហ្សា នៅភាគខាងជើងអ៊ីស្រាអែលឯណោះ កងទ័ពអ៊ីស្រាអែលបាន​បាញ់គ្រាប់​ឆ្លងឆ្លើយជាមួយ​ក្រុមហេបូឡាលីបង់ ដែល​ជាកូនចៅរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានជម្លៀសប្រជាជនខ្លួន ចេញពីតំបន់​ក្បែរព្រំដែន ដើម្បីបង្ការគ្រោះថា្នក់ ក្នុងករណី​ក្រុមហេសបូឡាបើកការប្រយុទ្ធ​។ លោក Jonathan Conricus អ្នកនាំពាក្យ​ម្នាក់ទៀតរបស់កងទ័ពអ៊ីស្រាអែល បានគំរាមទុកជាមុននៅព្រឹកថ្ងៃអាទិត្យថា​ ក្រុមហេសបូឡា កំពុងតែនាំប្រទេស​​​លីបង់​ឲ្យចូលមកក្នុងសង្គ្រាម ដោយ​គ្មានបានចំណេញអ្វីទាំងអស់ គឺមាន​តែខាតបង់​។ ដោយឡែកនៅព្រឹកថ្ងៃអាទិត្យដែរ បើ​តាមប្រភពពីបណ្តាញព័ត៌មានផ្លូវការ​ស៊ីរី គឺកងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើព្រលានយន្តហោះក្រុងដាម៉ាស និងព្រលាន​នៅក្រុងអាឡេប បង្កការខូចខាតយ៉ាងដំណំ និងត្រូវ​បិទដំណើរការបណ្តោះអាសន្ន​។​ តាមការសង្ស័យ អ៊ីស្រាអែល​អាចវាយ​ប្រហារដើម្បីបិទផ្លូវ​ កុំឲ្យមានការបញ្ជូនគ្រឿងសព្វាវុធរបស់អ៊ីរ៉ង់។ ​អាមេរិកបង្កើនការ​​ប្រុងប្រៀបកម្លាំង នៅដើមបូព៌ាកាលពីល្ងាចថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បានចេញលិខិតប្រកាសមួយ ដោយ​បាន​បញ្ជាក់ថា​ កងទ័ពអាមេរិកនឹង​ចាប់ផ្តើមត្រៀមកម្លាំង ព្រមទាំងគ្រឿងសព្វាវុធ នៅតំបន់​ដើមបូព៌ា ដោយសារតែសង្កេតឃើញ អំពី​សកម្មភាពគួរឲ្យ​បារម្ភខ្លាំងឡើង របស់អ៊ីរ៉ង់ និងបក្សពួក​។ យោងតាមលិខិតនេះ អាមេរិក​នឹងដាក់ពង្រាយ ប្រព័ន្ធខែល​មីស៊ីលការពារ​ផ្លូវអាកាស កំពស់ខ្ពស់ THAAD ព្រមទាំងប្រព័ន្ធមីស៊ីល​ Patriot នៅក្នុងតំបន់នេះ​។ បន្ថែមពីនេះ អាមេរិកនឹងបញ្ជូនកម្លាំងទ័ពទៅបន្ថែម ដើម្បីត្រៀម និង​បង្កើន​សមត្ថភាព​ប្រតិកម្ម​ឲ្យ​បានខ្ពស់ និងឆាប់​រហស័បំផុត ក្នុងករណីចាំបាច់​។​ដោយ​មិនបញ្ជាក់ថានឹងបញ្ជូន​កម្លាំងទៅ​បន្ថែម​ប៉ុន្មាន​នាក់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា ការសម្រេចនេះ​គឺបន្ទាប់ពីបាន​ពិគ្រោះគ្នាជាមួយ​លោក​ប្រធានាធិបតីចូ បៃដិន។ កម្មវត្ថុនៃ​ការពង្រឹងកម្លាំងរបស់អាមេរិកនេះ គឺដើម្បី​ចូលរួម​កំញើញ​សំឡុត កុំ​ឲ្យ​ភាគីផ្សេងទៀតបើកសមរភូមិ​ថ្មី ធ្វើ​ឲ្យតំបន់ដើមបូព៌ាត្រូវផ្ទុះឆេះក្នុងភ្លើងសង្គ្រាមទាំងស្រុង។ លោក​បានបន្ថែមទៀតថា អាមេរិកនឹងតាមដានពិនិត្យស្ថានការណ៍ជានិច្ច ដើម្បី​វាយតម្លៃការប្រឈម ហើយ​អាចដាក់​បន្ថែកកម្លាំងថែមទៀត ប្រសិនបើចាំបាច់ ដើម្បីការពារអ៊ីស្រាអែលផង និងដើម្បី​ការពារ​តំបន់ដើម​បូព៌ាទាំងមូល​។​ជំនួបកំពូល “ដើម្បីសន្តិភាព” គ្មានលទ្ធផលគួរបញ្ជាក់ថា លទ្ធភាពដែលអាចផ្ទុះសង្គ្រាម​ឆេះរាលដាលទូទាំងតំបន់ដើមបូព៌ា គឺជាអ្វីដែលគេព្រួយបារម្ភបំផុត​។ លោក​ប្រធានាធិបតី​អេហ្ស៊ី ហ្វាតា អាល់ស៊ីស៊ី បាន​ផ្តួចផ្តើមគំនិត​រៀបចំជំនួបកំពូល​មួយ នៅទីក្រុងគែរ កាលពីថ្ងៃសៅរ៍ ទី​២១តុលា ដោយ​មានវត្តមាន​តំណាង​ប្រទេស​សម្ព័ន្ធអារ៉ាប់ជាច្រើនប្រទេស បណ្តាប្រទេសអឺរ៉ុប ហ្សកដានី តំណាងអាជ្ញាធរប៉ាឡេស្ទីន ព្រមទាំងតំណាង​ចិន រុស្ស៊ី និងអាមេរិកផងដែរ​។បើទោះបីភាគីចូលរួមទាំងអស់ ហាក់​បាន​បង្ហាញ​ឆន្ទៈដូចគ្នា ក្នុងការអំពាវនាវ ឲ្យ​មាន​ឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីបិទបញ្ចក់សោកនាដកម្ម​ស្លាប់ប្រជាជនស៊ីវីលប៉ាឡេស្ទីន តែទីបំផុត គឺគ្មានសេចក្តីថ្លែងការណ៍រួមគ្នា នៅក្រោយ​ជំនួប​កំពូលនេះទេ។ ផ្អែកតាមមន្ត្រីទូតប្រទេសអារ៉ាប់ គឺមានចំណុចខ្ទាស់​២ចំណុច ដែលក្រុមប្រទេសលោកខាងលិចបានទាមទារ​ត្រូវតែសរសេរនៅក្នុងលិខិត​ប្រកាសរួមចុងក្រោយ​។ ចំណុចទី១ គឺក្រុមប្រទេសលោកខាងលិចបានទាមទារថា ត្រូវតែ​សរសេរថ្កោលទោសឲ្យ​បានច្បាស់ៗ ទៅលើការវាយ​ប្រហារភេរវកម្ម​ដ៏សាហាវព្រៃផ្សៃ ដែលក្រុមហាម៉ាសបានធ្វើទៅ​ជនស៊ីវីលនៅក្នុងទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា ដែលមានមនុស្សស្លាប់ទាំងអស់​ ១៤០០នាក់។​ ចំណុចទី២ដែលគេបានដាក់កំហិត គឺការប្រកាសទាមទារ​ឲ្យ​ក្រុមហាម៉ាស ត្រូវតែដោះលែងដោយ​គ្មានលក្ខខណ្ឌ នូវចំណាប់ខ្មាំងទាំងជាង​២០០នាក់ ដែលក្រុមនេះបានចាប់យកទៅ។ ការទាមទារទាំង​២ចំណុចនេះ ត្រូវបាន​ក្រុម​ប្រទេសអារ៉ាប់បដិសេធ មិនព្រមសរសេរនៅ​ក្នុង​លិខិតប្រកាសរួមទេ​។បានឃើញលទ្ធផលបរាជ័យនៃជំនួបកំពូលនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មថា វាគួរឲ្យសោកស្តាយណាស់ ដែល​អំពើដ៏​ព្រៃផ្សៃធ្វើឡើងដោយ​ក្រុម​ហាម៉ាស ដល់ថ្នាក់នេះហើយ ក៏នៅតែប្រទេសខ្លះ គ្មានសេចក្តីក្លាហានចាត់ទុកវាថាជាអំពើភេរវកម្ម​។ លោក​បន្តថា អ៊ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម​ភេរវកម្មនេះ ហើយសង្ឃឹមថាពិភពលោក ​នឹងទទួលស្គាល់អំពី​ភាពត្រឹមត្រូវ​នៃការប្រយុទ្ធរបស់​អ៊ីស្រាអែល​។នៅក្នុងពេលបើកកិច្ច​​ប្រជុំ លោកអគ្គលេខធិការអង្គការសហប្រជាជាតិ បានថ្លែងថា គ្រប់គ្នា​ត្រូវតែ​ធ្វើអ្វីម៉្យាងនៅពេលនេះ ដើម្បី​បិទបញ្ចប់​សោកនាដកម្ម​នៅហ្សាហ្សា ដែលមានមនុស្សស្លាប់ជាង៤ពាន់នាក់​ហើយ ក្នុងរយៈពេល​២សប្តាហ៍​មកនេះ។ ថ្លែងក្នុងន័យ​ថ្លឹងថ្លែងដោយ​មិនកាន់ជើងខាងណា លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បាន​រំលឹកអំពីបរិបទនៃការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រមាណ​៦០ឆ្នាំជាងមកហើយ ហើយដែលបញ្ហា​បានរីកធំឡើងៗ ដោយសារតែអ៊ីស្រាអែលបានពង្រីក​ការ​ដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន​។​ តែយ៉ាងណាក៏ដោយ ហេតុផលទាំងអស់នេះ វាមិនអាច​មកលុបលើអំពើដ៏សាហាវយង់ឃ្នងរបស់ពួកអាម៉ាស ដែលបានធ្វើកាលពីថ្ងៃទី​៧តុលា​ឡើយ​។​លោក​ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ដែល​បាត់​មាត់ស្ងាត់ឈឹង​២សប្តាហ៍​មកហើយក្រោយ​ការផ្ទុះសង្គ្រាមនេះ បានឆ្លើយតបភ្លាមៗនៅក្នុងអង្គប្រជុំថា ត្រូវតែ​រំលឹកប្រាប់អ៊ីស្រាអែលផង ថាត្រូវតែ​បិទបញ្ចក់ការដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន ហើយត្រូវតែ​ស្វែងរកដំណោះស្រាយ​ បង្កើតរដ្ឋប៉ាឡេស្ទីនស្មើភាពគ្នាជាមួយអ៊ីស្រាអែល។ ព្រះចៅអាប់ដាឡាទី​២ របស់ហ្សកដានីវិញ បានថ្លែងថា ជីវិតប្រជាជនប៉ាឡេស្ទីនក៏មានតម្លៃ​ស្មើជីវិតជនជាតិ​​អ៊ីស្រាអែលដែរ។ស្បៀងចូលបាន​តែ២០រថយន្ត ច្រករ៉ាហ្វាត្រូវបិទវិញ​យោងតាមប្រភពព័ត៌មានចុងក្រោយនៅព្រឹកថ្ងៃអាទិត្យទី​២២តុលា ច្រករ៉ាហ្វា ដែលបានបើក​កាលពីព្រឹកថ្ងៃសៅរ៍ អនុញ្ញាតឲ្យរថយន្តដឹកស្បៀងចូលចំនួន​២០គ្រឿងនោះ បានបិទជិតឈឹងទៅវិញហើយ​។ ជំនួយមនុស្ស​ធម៌ក្នុងរថយន្តដឹកទាំង២០គ្រឿង ដែលបានចូលហ្កាហ្សាកាលពីម្សិលមិញនេះ គឺ​មានទំហំត្រឹមតែ​៤%ប៉ុណ្ណោះ នៃការ​នាំចូលទំនិញប្រចាំថ្ងៃរបស់ហ្កាហ្សា កាលពីមិនផ្ទុះសង្គ្រាម។ផ្អែកតាមការិយាល័យ​កិច្ចការ​មនុស្សធម៌នៃអង្គការសហប្រជាជាតិ គឺគេត្រូវការស្បៀងអាហារចំនួន​យ៉ាងហោច​១០០កុងទឺន័រ ជារៀងរាល់ថ្ងៃទើបគ្រប់​តម្រូវការប្រជាជនហ្កាហ្សា ប្រមាណ​២លាន៤សែននាក់។ ក្រៅពីគ្មានទឹកបរិភោគ គ្មានចំណីអាហារ ប្រជាជនហ្កាហ្សា ត្រូវការជាចាំបាច់ នូវ​ថ្នាំ​ពេទ្យ និងបរិក្ខាចាំបាច់ ដើម្បី​ព្យាបាលសង្គ្រោះអ្នករបួស​។​តែ​យ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែលបានបង្ហាញការប្រុងប្រយ័ត្នបំផុត ទាក់ទិននឹងបើក​ផ្លូវឲ្យរថយន្តដឹកស្បៀងចូលហ្កាហ្សានេះ។​ ទីមួយ ភាគីអ៊ីស្រាអែលសង្ស័យថារថយន្តទាំងនោះអាចដឹក​អាវុធនិងសម្ភារៈទៅឲ្យ​ក្រុមហាម៉ាស។ ហើយមួយវិញទៀត ស្បៀងទាំងនោះមិនប្រាកដថាបានទៅដល់ដៃប្រជាជនស៊ីវីលប៉ាឡេស្ទីនទេ គឺក្រុមហាម៉ាសនឹងប្រមូលទុកសម្រាប់តែគ្នាគេតែប៉ុណ្ណោះ ដើម្បី​រៀបកម្លាំងប្រយុទ្ធតទៅទៀត៕
10/22/202310 minutes, 15 seconds
Episode Artwork

សង្គ្រាម​អ៊ីស្រាអែល-​ហាម៉ាស៖ ​វិបត្តិ​ចំណាប់​ខ្មាំងរំពឹង​​លើ​ប្រទេសកាតា?

ចលនា​ហាម៉ាស​បាន​ដោះលែងចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​រូប​នៅល្ងាច​ថ្ងៃ​សុក្រ​ទី​២០​តុលា​២០២៣។ តើ​នេះ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​ចំណាប់​ខ្មាំង​ជាង​ពីររយ​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សាឬ? នៅថ្ងៃ​សុក្រ​ទី​២០​តុលានេះ​​ ចលនា​ហាម៉ាស​បានដោះលែង​ចំណាប់​ខ្មាំងជាតិ​អាមេរិក​ភេទ​ស្រី​​ពីរ​នាក់។​ ​​ក្រុម​កាកបាទ​ក្រហមបាន​ទទួល​​ម្តាយ​និង​កូន​នៅ​ព្រំ​ដែន​ និង​ជូន​ដំណើរ​មក​ដល់​អ៊ីស្រាអែល​។​ ម្តាយ​និង​កូន​ Judith និង​ Nathalie Raanan ជា​ចំណាប់​ខ្មាំង​ពីរ​នាក់​ដំបូង​ដែល​បាន​ទទួល​ការ​ដោះលែង ដោយ​មាន​ការ​​បញ្ជាក់​ច្បាស់​លាស់​​ ​ពី​សំណាក់​ក្រុម​ហាម៉ាស និង​អ៊ីស្រាអែល។នៅក្នុង​​​សេចក្តី​ថ្លែងការណ៍ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បាន​​សម្តែង​ក្តី​អំណរ​រីករាយ​ នៅពេល​បាន​ឃើញ​ពលរដ្ឋ​អាមេរិក​ពីរ​រូប​នេះ​បាន​ទទួល​សេរីភាព​វិញ។ លោកប្រធានាធិបតី​ក៏​ឆ្លៀត​ថ្លែង​អំណរ​គុណ​កាតា​និងអ៊ីស្រាអែលដែល​បាន​ដើរ​តួ​ក្នុង​​​ប្រតិបត្តិការស្វែង​រក​សេរីភាព​ឱ្យ​​ចំណាប់​ខ្មាំង​នេះ​ និង​បាន​សន្យា​ថា​សហរដ្ឋ​អាមេរិក​មិន​បញ្ឈប់​​​កិច្ចខិត​ខំប្រឹងប្រែង​របស់​ខ្លួនទេ​ដរាប​ណា​មិន​ទាន់អាច​​នាំ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​​ឱ្យ​ត្រលប់​មក​ផ្ទះ​វិញបាន។តើ​ហាម៉ាស​នៅ​មាន​ចំណាប់​ខ្មាំង​ប៉ុន្មាន​នាក់​ក្នុង​ដៃ?វ៉ាស៊ីនតោន​មិន​បញ្ជាក់​ថា​​តើ​មាន​ពលរដ្ឋ​អាមេរិក​ប៉ុន្មាន​នាក់​កំពុង​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ពួក​ចលនា​ហាម៉ាស​ទេ។ ប៉ុន្តែបើ​តាម​រដ្ឋាភិបាល​អ៊ីស្រាអែល មាន​ជន​ស៊ីវិល​​និង​ទាហាន​សរុប​ប្រមាណ​២០៣​នាក់ ដែល​ត្រូវពួក​កម្មង់ដូ​ហាម៉ាស​ចាប់​ជំរិត និង​នាំ​យក​ទៅ​ឃុំ​នៅ​​តំបន់​ហ្កាហ្សា នៅពេល​ពួក​គេ​ចូល​វាយ​លុក​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​កាលពី​ថ្ងៃទី ៧​តុលា។ដូច្នេះ​ នៅ​មាន​ចំណាប់​ខ្មាំង​២០១​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ហាម៉ាស។ ជាង​២០នាក់​ប្រហែល​​ជា​ក្មេង​មិន​ទាន់​ពេញ​វ័យ និង​ប្រមាណ​ពី​១០​ទៅ​២០នាក់​ជា​មនុស្ស​ចំណាស់​អាយុ​លើស​៦០ឆ្នាំ។ ពួកគេ​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា​ (២២​សញ្ជាតិ) ក្នុង​នោះ​ប្រហែល​១០នាក់​ជា​ជនជាតិ​អាមេរិក​ យ៉ាង​ហោច​៧នាក់​ជា​ជនជាតិអាល្លឺម៉ង់ និង​៨នាក់​ជា​ជនជាតិ​អាហ្សង់ទីន។ ខាង​បារាំងអាច​មាន​ដល់​៧នាក់​ដែរ។ ​មាន​ព័ត៌មាន​ប្រាកដជាក់​ថា​ មានពលរដ្ឋ​​បារាំង​ម្នាក់​ត្រូវ​បាន​ពួក​ហាម៉ាស​ចាប់ទៅ​ហ្កាហ្សា​ និង​៦នាក់​ផ្សេង​ទៀត ទំនង​ជាប់​ជា​​ចំណាប់​ខ្មាំងរបស់​ពួក​ហាម៉ាស​ដែរ តែ​មិន​ច្បាស់​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង។​ពីរសប្តាហ៍​ក្រោយ​ហេតុការណ៍​ យោធា​អ៊ីស្រាអែល​យល់​ថា​ចំណាប់​ខ្មាំង​ភាគ​ច្រើន​​នៅ​មាន​ជីវិត​ទេ​។ ឯ​ចំណែក​ខាង​ហាម៉ាស បាន​និយាយ​ថា​មាន​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ប្រមាណ​ពី​២០០​ទៅ​២៥០នាក់ ក្នុង​នោះ​២២​នាក់​បាន​ស្លាប់​ដោយ​គ្រាប់​ផ្លោង​វាយប្រហាររបស់​អ៊ីស្រាអែល។សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​របស់​ប៉ាឡេស្ទីន​ ដែល​បង្ក​ឡើង​ដោយ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី ៧​តុលា បាន​ឈាន​ចូល​ដល់​សប្តាហ៍ទីបី។ ក្នុង​យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍​ទី ២១​តុលា​នេះ យោធា​អ៊ីស្រាអែលនៅ​តែ​​បន្ត​វាយប្រហារ​ជញ្ជ្រុំ​លើតំបន់​ហ្កាហ្សា​ ដោយ​ដៅ​លើ​​ទីតាំង​ជា​ទី​បញ្ជាការដ្ឋាន​ ជា​កន្លែងបាញ់​បង្ហោះ​មីស៊ីល​ប្រឆាំង​រថក្រោះ និង​រចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ​របស់​ចលនា​ហាម៉ាស​ ព្រមទាំង​ដៅ​បាញ់​ក្រុម​ខ្មាន់​កាំភ្លើង​និង​អ្នក​សង្កេត​ការណ៍​ដែល​លាក់​ខ្លួន​នៅ​តាម​អគារ​នានា។តើ​អ៊ីស្រាអែល​មាន​ប្រតិបត្តិការ​សង្គ្រោះ​ចំណាប់​ខ្មាំង​យ៉ាង​ណា?យោធា​អ៊ីស្រាអែល​ផ្តើម​ប្រតិបត្តិការ​ដំបូងនៅ​លើ​ដែន​ដី​ប៉ាឡេស្ទីន ដើម្បី​រក​និង​សម្គាល់​ទីតាំង​ដែល​មាន​​សាកសព​​មនុស្ស​ស្លាប់​នៅ​ជិត​​ តំបន់​ហ្កាហ្សា។ ហើយ​គឺ​ភ្នាក់ងារ​ចារកិច្ច​របស់​ ​យោធា​ ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ Nitzan Alon ជា​អ្នក​ទទួល​បន្ទុក​ប្រតិបត្តិការ​សង្គ្រោះ​ចំណាប់​ខ្មាំង។​ ក្រុម​នេះ​មាន​ទម្រង់​ជា​​ក្រុម​ការងារ​កូនកាត់​ផ្សំ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្តចម្រុះ​​រាប់​ពាន់​នាក់ បូក​នឹង​ក្រុម​អ្នក​ជំនាញ​សង្គម​ស៊ីវិល ព្រមទាំង​ទ័ព​បម្រុង​​នៃកង​ចារកិច្ច​៨២០០​ដ៏​ល្បី​ ជួយ​យោធា​ក្នុង​ការ​ធ្វើ​ជំរឿន​និង​កំណត់ទីតាំង​ចំណាប់​ខ្មាំង​។ អ៊ីស្រាអែល​មាន​ក្រុម​ទ័ព​ជើង​ឆើត​ ដែល​គេ​ចាត់ទុក​ជា​ក្រុម​មាន​សមត្ថភាព​ខ្ពស់​អាច​ចេញ​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​​ជន​ជាប់​ចំណាប់​ថ្នូរ​នៅ​ក្រៅ​ប្រទេស​ទៀត។ ប៉ុន្តែ​បញ្ហា​ចម្បង​ខ្លាំងគឺ ក្នុង​ពេល​​កំពុង​មាន​ប្រតិបត្តិការ​វាយ​ប្រហារ​ បាញ់​ផ្លោង​ យ៉ាង​សន្ធាប់​លើ​តំបន់​ហ្កាហ្សា​ដូច្នេះ ការ​កំណត់​ទីតាំង​លាក់​ចំណាប់​ខ្មាំងត្រូវ​ជួប​ការ​លំបាក​ខ្លាំង​។ ម្យ៉ាង​ទៀត ពួក​ហាម៉ាស​ ​ល្បី​ខាង​ចាប់​ចំណាប់​ថ្នូរ​​ជា​​ប្រព័ន្ធដែល​គ្រប់​គ្រង​ដោយ​ក្រុមផ្សេងៗ​ជា​ច្រើន​ទៀតណាស់​។​ សូម្បី​តែ​ចលនា​ហាម៉ាសខ្លួន​ផ្ទាល់​ក៏​មិន​ដឹង​អស់​ និង​ត្រួត​ត្រា​បាន​គ្រប់​ក្រុម​ជា​អ្នក​ចាប់ជំរិត​ផង។តើ​មាន​ចរន្ត​​ចរចា​អន្តរជាតិ​រំដោះ​ចំណាប់​ថ្នូរ​ដែរ​ឬទេ?ប្រទេស​ដែល​មាន​ពលរដ្ឋ​ជាប់​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ហាម៉ាស​ច្រើន ដូច​យ៉ាង​សហរដ្ឋ​អាមេរិក ​អង់គ្លេស​ ឬ​បារាំង ​កំពុង​​សកម្ម​ចរចា ដោយ​សម្ងាត់​ដើម្បីរំដោះ​ពលរដ្ឋ​មក​វិញ​ បើ​ទោះបី​ជា​ផ្លូវការ​ពួក​គេ​ផ្តល់​អាទិភាព​ឱ្យ​អ៊ីស្រាអែល​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​ក៏​ដោយ។ សេណារីយ៉ូ​​ដែល​គេ​លើក​ឡើង​ច្រើន​ជាង​គេ​នោះ​ គឺ​ការ​ចរចា​ដោះដូរ​ចំណាប់ខ្មាំង​ជា​ថ្នូរ​នឹង​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ហ្កាហ្សា​ដែល​រង​ការ​បិទ​ខ្ទប់​ទាំង​ស្រុង​ហើយ ត្រូវ​រង​ការ​វាយប្រហារ​ផ្លូវ​អាកាស​រាល់​យប់​ ព្រមទាំង​រង​ការ​គំរាមកំហែង​វាយលុក​ផ្លូវ​គោក​ទៀត។អ្នក​នាំពាក្យ​ចលនា​ហាម៉ាស​បាន​ប្រកាស​ថា​ការ​ដោះលែង​ចំណាប់​ខ្មាំង​​ត្រូវ​ធ្វើ​ទៅ​តាម​ស្ថានការណ៍។ មាន​ន័យ​ថា គ្មាន​ទេ​ការ​ចរចា​ជា​សមូហភាព​សម្រាប់​ដោះលែង​អ្នក​ទោស​ទាំង​ជាង​២០០នាក់​ក្នុង​ពេល​តែ​មួយ​នោះ។ នេះ​បើ​តាម​ការ​វិភាគ​របស់លោក Hasni Abidi ​នាយក​មជ្ឈមណ្ឌល​សិក្សា​និង​ស្រាវជ្រាវ​ពិភពលោក​អារ៉ាប់​និង​មេឌីទែរាណេ​ នៅ​ក្រុង​ហ្សឺណែវ ដោយ​បន្ថែម​ថា​ ប្រទេស​នីមួយៗ​ត្រូវ​តែ​ចរចា​ដោយ​ខ្លួន​ឯង​ដើម្បី​សេរីភាព​របស់​ពលរដ្ឋ​ខ្លួន​ តាម​រយៈ​អន្តរការី​ដែល​គ្មាន​នរណា​ក្រៅ​ពី​ កាតា អេហ្ស៊ីប និង​តួកគីឡើយ។ អន្តរការី​ដ៏​​មាន​សក្តានុពល​ជាង​គេ​បំផុត គឺ​មាន​តែ​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ទំនាក់ទំនង​យូរ​អង្វែង​ជាមួយ​ក្រុម​ហាម៉ាស ទើប​អាច​មាន​ទឹក​មាត់​​និយាយ​ជា​មួយ​មេដឹកនាំ​ចលនា​នេះបាន។វិបត្តិ​​ចំណាប់​ខ្មាំង​ហាម៉ាស​អាស្រ័យ​លើ​កាតា​?ឥលូវ​គ្រប់​គ្នា​កំពុង​បង្វែរ​ភ្នែក​ទៅ​រក​កាតា ព្រោះ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​នាក់​នេះ ជា​លទ្ធផល​នៃ​ការ​ចរចា​របស់​តាកា។ ជា​ប្រទេស​ដ៏​តូច​តែ​មាន​សមត្ថភាព​និយាយ​ជាមួយ​គ្រប់​ភាគី​ទាំងអស់​នៅក្នុង​តំបន់។ បើ​តាម​លោក ហាស្នី​ អាប៊ីឌី​ដដែល កាតា​ជា​អន្តរការី​ដ៏ប្រាកដប្រជា​បំផុត អាច​ទៅនិយាយ​ចរចា​ពេល​ណា​ក៏​បាន។ រាជាណាចក្រ​ប្រេងកាត​នេះ ស្គាល់ចលនា​​ហាម៉ាស​ច្បាស់​ណាស់ និង​ជាម្ចាស់​​ជំនួយ​ហិរញ្ញវត្ថុ​​ដ៏​ភក្តី​បំផុត​។ ដូហា​ដែល​ឱ្យដី​​ហាម៉ាស​បើក​ការិយាល័យ​នយោបាយ​​តាំងពី​ជាង​១០ឆ្នាំ​មក​ហើយនោះ ទទួល​បាន​ការ​គោរព​រាប់​អាន​ពី​សហរដ្ឋ​អាមេរិក​ (សម្ព័ន្ធ​មិត្តដ៏​ស្មោះ​ស័្មគ្រ​​របស់អ៊ីស្រាអែល) តាម​រយៈ​ការ​អនុញ្ញា​តឱ្យ​​អាមេរិក​មាន​​មូលដ្ឋានទ័ព​ក្នុង​តំបន់។ដោយ​ឡែក​ តាកាបានក្លាយ​ជា​ជំនាញ​ផ្នែក​រំដោះ​ចំណាប់​ខ្មាំង​ទៅហើយ។ ការ​ដោះលែងអ្នក​ទោស​អាមេរិក​នៅ​អ៊ីរ៉ង់​កាលពី​ថ្មីៗ​នេះ​ក៏​ជា​ស្នាដៃ​របស់​កាតា​ដែរ។ ក្នុងអតីតកាល កាតា​បាន​ផ្តល់​ឱកាស​ឱ្យពួកតាលីបង់​មាន​ការិយាល័យ​នៅ​ដូហា​ និង​ជួយ​ជ្រុំ​ជ្រែង​ចរចា​រហូត​អាមេរិក​ព្រមដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​កាលពី​ឆ្នាំ​២០២១​។ ដូច្នេះ​វា​មិន​មែន​ជាចម្លែក​ទេ ដែល​បេសកជន​​បារាំង ឬ​ប្រមុខ​ការ​ទូត​អាមេរិក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ក្នុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​នោះ។ កាតា​កំពុង​លេង​ល្បែង​មុខ​ពីរ គឺអាច​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ភេវនិយម ហើយ​​ក្រុម​បស្ចិម​លោកខ្លះ​ត្រូវ​ដឹង​គុណកាតា​ទៀត។ក្រៅ​ពី​កាតា និង​អេហ្ស៊ីប ​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ចរចា​ឱ្យ​អ៊ីស្រាអែល​និង​ហាម៉ាស ប្រធានាធិបតី​តួកគី​​ក៏​អាច​ដើរ​តួ​បាន​ល្អ​ដែរ​ ដោយអះអាង​ថា​បាន​ពិភាក្សា​ជាមួយ​ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ដែរ។ កាកបាទក្រហម​CICR ប្រចាំ​តំបន់​ដើម​បូព៌ា ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​ចំណាប់​ខ្មាំង​ក៏តាំង​ខ្លួន​ជាអន្តរការី​អព្យាក្រិត្យ​ និង​​បាន​ជជែក​​ជាមួយ​ពួកហាម៉ាស​ដើម្បី​សម្រួល​ឱ្យ​មាន​ការ​ប្រាស័្រយ​ទាក់ទង​រវាង​ចំណាប់​ខ្មាំង​និង​សមាជិក​គ្រួសារ ក៏​ដូច​ជា​សម្រួល​ដល់​ការ​ដោះលែង​អ្នក​ជា​ចំណាប់​ខ្មាំង៕​
10/21/20237 minutes, 34 seconds
Episode Artwork

បោះឆ្នោត​សភា​ប៉ូឡូញ៖ សម្ព័ន្ធបក្សប្រជាធិបតេយ្យ​និយមអឺរ៉ុបបានជ័យជំនះ និងបើកទំព័រនយោបាយ​ថ្មី

ជំនោរថ្មី​កំពុងតែបោក​បក់​ មកលើ​នយោបាយ​ប៉ូឡូញ តាមរយៈ​ការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យ​ទី១៥តុលា។ យោងតាម​លទ្ធផល​បឋម គណបក្សស្តាំអភិរក្សនិយម​មានទំនោរប្រឆាំងអឺរ៉ុប ដែលដឹកនាំប៉ូឡូញប្រមាណ​៨ឆ្នាំមកហើយ​នោះ បាន​បាត់បង់​សំឡេងភាគច្រើនក្នុងសភាហើយ។ ចំណែក​សម្ព័ន្ធបក្ស​ប្រជាធិបតេយ្យនិ​ងកណ្តាលនិយម ដែលមានទំនោរនិយមអឺរ៉ុប កំពុងតែឈានទៅមានជ័យជំនះ អាចបង្កើតរដ្ឋាភិបាលចម្រុះបាន​​។ ទំនោរនយោបាយ​ប្រជាធិបតេយ្យ​និង​កណ្តាល​និយម​ ដែលនឹងមកដឹកនាំប៉ូឡូញ បានធ្វើឲ្យសហភាព​​​អឺរ៉ុប និង​​ជាពិសេសគឺ​អ៊ុយក្រែន​ បានធូរទ្រូង ខណៈក្រុមបក្ស​នយោបាយ​ស្តាំនិយមជ្រុល បានបង្ហាញ​ការ​ជំទាស់កាន់តែខ្លាំង​ ទៅលើ​​កម្លាំងសាមគ្គីរួមរបស់អឺរ៉ុប នៅក្នុងការបន្ត​​ជួយ​អ៊ុយក្រែន​។បក្សស្តាំនិយម​បាត់បង់សំឡេងភាគច្រើន​ក្នុងសភា​ផ្អែកតាមលទ្ធផល​បឋម ភ្លាមៗក្រោយ​ចប់ការបោះឆ្នោត​ ចេញផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន Polsat News នៅយប់​ថ្ងៃអាទិត្យទី​១៥តុលា គឺ​គណបក្ស​ស្តាំអភិរក្ស​និយម​ PiS ដែល​ដឹកនាំរដ្ឋាភិបាល​ប៉ូឡូញ ៨ឆ្នាំមកហើយនោះ បាន​ទទួលសំឡេងឆ្នោត​នាំមុខ​គេ ប្រមាណ​៣៦,៦%។ តែយ៉ាងណា ជាមួយ​នឹងសំឡេងឆ្នោតនេះ គឺ​បក្ស PiS របស់​លោក Jaroslaw Kaczynski អាចបាន​អាសនៈក្នុងសភា ចំនួន​តែ​១៩៨អាសនៈទេ ពោល​គឺមិនគ្រប់​២៣១អាសនៈ ដែលជាសំឡេងភាគច្រើន​។ ចំណែក​បក្ស​ស្តាំនិយមជ្រុល ដែលជាសម្ព័ន្ធមិត្តរបស់​បក្ស PiS ក៏បានចាញ់ក្រែលដែរ បានសំឡេងឆ្នោ​ត​ប្រមាណ​តែ​៦,៤% ដែលស្មើនឹង១៤អាសនៈ។​ចំណែកគណបក្ស​សម្ព័ន្ធពលរដ្ឋ (KO) ដែលដឹកនាំដោយ​លោកដូណាល់ ទូសក៍ អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប បានទទួលជ័យជំនះលេខរៀងទី២ ជាមួយនឹងសំឡេងឆ្នោត​ប្រមាណ​៣១%។ លេខរៀងទី៣ គឺបានទៅលើ​បក្សកណ្តាលនិយម បានសំឡេងឆ្នោត ១៣,៥% ខណៈគណបក្សឆ្វេងនិយមថ្មី បាន​សំឡេងឆ្នោត ៨,៦%។ គណបក្សប្រជាធិបតេយ្យ​និយមទាំងបីនេះ អាចនឹងចងក្រងគ្នាជាសម្ព័ន្ធ បាន​ចំនួនអាសនៈសរុបប្រមាណ​២៤៨អាសនៈ ដើម្បី​ឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ​។​ថ្លែងទៅកាន់សមាជិកសមាជិកា កាលពីយប់ថ្ងៃអាទិត្យ លោក ដូណាល់ ទូសក៍ បាន​លើកឡើងថា លោកធ្វើនយោបាយ​ច្រើនឆ្នាំមកហើយ តែមិនដែលសប្បាយចិត្តដូចពេលនេះទេ។ លោកដូណាល់ ទូសក៍ ដែល​គេរំពឹងថានឹងក្លាយជាអនាគតនាយករដ្ឋមន្ត្រីប៉ូឡូញ បានអះអាងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប៉ូឡូញ ព្រោះវានឹងបិទបញ្ចប់ ទំព័រ​អំណាចនយោបាយ​ដឹកនាំដោយ​ពួកស្តាំនិយមជ្រុល។ តែយ៉ាងណាក៏ដោយ នៅ​មានឧបសគ្គច្រើនទៀត ដែលរងចាំ​រារាំង​អនាគតរដ្ឋាភិបាលថ្មី​ នៃសម្ព័ន្ធបក្សប្រជាធិបតេយ្យ​ប៉ូឡូញ។​តើបក្ស​ស្តាំនិយម អាចបន្ត​បង្កការលំបាកបែបណាខ្លះ មកលើ​សម្ព័ន្ធបក្សប្រជាធិបតេយ្យ?ជាបឋម គឺសម្ព័ន្ធបក្ស​ប្រជាធិបតេយ្យដឹកនាំដោយ​លោក​ ដូណាល់ ទូសក៍ ត្រូវរងចាំពេលច្រើនសប្តាហ៍ ឬអាចដល់ច្រើនខែផង មុននឹងអាច​បង្កើតរដ្ឋាភិបាលចម្រុះបាន ព្រោះថានៅមានឧបសគ្គច្រើន។​ បើផ្អែកទៅលើលទ្ធផល​បោះឆ្នោត​កាលពីថ្ងៃអាទិត្យ គឺ​បក្ស​ស្តាំអភិរក្ស​ PiS ទេ​ ដែល​បានសំឡេងឆ្នោតនាំមុខគេ ហើយតាម​ច្បាប់កំណត់ គឺលោក​ប្រធានាធិបតីប៉ូឡូញ នឹងត្រូវប្រគល់តួនាទីបង្កើតរដ្ឋាភិបាល​ថ្មី​​​ ទៅ​បក្សដែលបាន​ឈ្នះ​ឆ្នោតលេខរៀងទី១ ដោយ​ទុកពេល​២សប្តាហ៍​។ ប្រសិន​បើ​បរាជ័យ ធ្វើមិនបានព្រោះថា​គ្មានសំឡេងភាគច្រើន​ក្នុងសភា​គ្រប់គ្រាន់ នោះទើប​ក្រុមសម្ព័ន្ធបក្សដែល​មានសំឡេងភាគច្រើន​ក្នុងសភា អាចស្នើ​បង្កើតរដ្ឋាភិបាលចម្រុះរបស់ខ្លួន​បាន​។ យោងតាមការវិភាគ គឺក្រុម​បក្សស្តាំនិយម អាចនឹងអូសបន្លាយពេលវេលា ទំរាំដល់ពេលដែលប៉ូឡូញអាចមាន​រដ្ឋាភិបាល​ថ្មី​នឹងន គឺប្រហែល២ខែ​ទៀតឯណោះ។មួយវិញទៀត ទោះបីបក្សស្តាំនិយមបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ព្រមទាំងរដ្ឋាភិបាលក៏ដោយ តែបក្សនេះ​នៅ​មានបង្អែកច្រើនណាស់ ដើម្បីដាក់ជើងរារាំង​រដ្ឋាភិបាលថ្មី​។ ស្ថាប័នសំខាន់​ៗមួយចំនួន ស្ថិតនៅក្នុងដៃបក្សស្តាំនិយម តួយ៉ាង តុលាការកំពូល ទូរទស្សន៍សាធារណៈ និងធនាគារជាតិប៉ូឡូញ។​ ជាងនេះទៀត ក្រុមស្តាំនិយម អាចសង្ឃឹមលើ “អំណាចជំទាស់” របស់​លោក​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda ដែលមានទំនោរស្តាំអភិរក្សនិយមដែរ​។​​លោក Antoni Dudek ប្រវត្តិវិទូ ជំនាញនយោបាយប៉ូឡូញ បាន​លើកឡើងថា អនាគត​រដ្ឋាភិបាលថ្មីរបស់​សម្ព័ន្ធបក្សប្រជាធិបតេយ្យ នឹងត្រូវជួបការលំបាក​ច្រើនណាស់ ព្រោះថាប្រព័ន្ធទាំងមូលដែលរៀបចំឡើងដោយ​ពួកស្តាំនិយម មានទំនោរប្រឆាំងពួកគេ។ អ្វីៗគឺវាអាស្រ័យ​លើ​ គោលជំហររបស់​លោកប្រធានាធិបតី Andrzej Duda។ អនាគត​​រដ្ឋាភិបាលចម្រុះ អាចត្រូវទ្រាំលំបាក យ៉ាងហោចក៏ដល់ឆ្នាំ​២០២៥ដែរ មុននឹងមាន​ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី​។ តាម​ការវិភាគរបស់អ្នក​ជំនាញ​នយោបាយ​ជាច្រើននាក់​ គឺបេក្ខជនប្រធានាធិបតី​​មក​ពី​បក្ស​ស្តាំនិយម អាចនឹង​គ្មានសង្ឃឹមឈ្នះទេ នៅឆ្នាំ​២០២៥។កត្តាអ្វីខ្លះ ដែលធ្វើឲ្យ​បក្សស្តាំនិយម​ប៉ូឡូញ បាត់បង់ការគាំទ្រ? ការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ គឺមានអត្រាអ្នកចូលរួមបោះឆ្នោត ដល់ទៅ ៧២,៩%។ ជាអត្រាខ្ពស់បំផុត​មិនធ្លាប់​មានទេ ក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យ​ប៉ូឡូញ ទោះបីការបោះឆ្នោតលើកទី​១ នៅ​ក្រោយ​ការដួលរលំរបបកុម្មុយនីស្តសហភាពសូវៀត នៅឆ្នាំ​១៩៨៩ ក៏​នៅទាបជាងដែរ​។ កាលពីយប់ថ្ងៃអាទិត្យ មណ្ឌលបោះឆ្នោតខ្លះ ដល់​ម៉ោង​៩យប់ជាម៉ោងត្រូវបិទហើយ ក៏នៅមានមនុស្សមកឈររងចាំ ចូលទៅបោះឆ្នោតដែរ​។​ នេះស្តែង​ឲ្យឃើញ អំពី​ឆន្ទៈរបស់ប្រជាជនប៉ូឡូញ ក្នុង​ការ​ប្រើសិទ្ធិរបស់ខ្លួន ដើម្បីក្តាប់​ជោគវាសនាប្រទេសជាតិ​ បន្ទាប់​ពីបាន​ឆ្លងកាត់ការដឹកនាំ​៨ឆ្នាំ របស់មេដឹកនាំស្តាំនិយម គឺ​​​លោក Jaroslaw Kaczynski។រដ្ឋាភិបាលស្តាំអភិរក្សនិយមរបស់​លោក​ Jaroslaw Kaczynski ត្រូវបានគេសំឡឹងឃើញថា មានទំនោរកាន់តែ​ប្រឆាំងនឹងអឺរ៉ុប ហើយ​មិនត្រឹមប៉ុណ្ណោះទេ គឺបាន​​​បង្កបញ្ហា​ធ្វើ​ឲ្យ​បាក់បែកសង្គម ជាជាង​ការរកដំណោះស្រាយ​ផ្សះផ្សារសង្គមជាតិ​។​ រដ្ឋាភិបាលនេះ បានឃោសនា​​​បំបែកសង្គមប៉ូឡូញ ជាក្រុម​ប្រឆាំងគ្នា គំនិតអភិរក្សនិយម​ ប្រឆាំងនឹងគំនិតចម្រើនសេរីនិយម ប្រឆាំងស្អប់ខ្ពើម​​​អ្នកស្រលាញ់ភេទដូចគ្នា និងប្រឆាំងស្អប់​ជនបរទេសជាដើម។យុវជន និងស្ត្រី ចង់ឃើញប៉ូឡូញ​មាន​គោលនយោបាយ​បើកចំហយោងតាម​ការធ្វើស្ថិតិ យុវជនប៉ូឡូញអាយុចន្លោះ ពី​១៨ ដល់​២៩ឆ្នាំ  បានទៅចូលរួមបោះឆ្នោត​យ៉ាងច្រើនកុះករ ដែល​ក្នុងនោះ គឺមានជិត​៦៣% បានបោះឆ្នោត​ឲ្យ​ក្រុមគណបក្សប្រជាធិបតេយ្យ ខណៈបក្សស្តាំនិយមបានត្រឹមតែ ជាង​១៤%​។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ គឺសន្លឹកឆ្នោតរបស់​ស្ត្រី បានក្លាយជាអាវុធដ៏​មានប្រសិទ្ធភាព ដើម្បី​បិទបញ្ចប់​គោលនយោបាយ​បំបិទសិទ្ធិសេរីភាពស្ត្រី របស់​រដ្ឋាភិបាលស្តាំនិយមដឹកនាំដោយ​លោក Jaroslaw Kaczynski។ កាលពីឆ្នាំ​២០២០ តុលាការកំពូលប៉ូឡូញ ដែលស្ថិតក្នុង​ដៃពួកស្តាំនិយម​ បានហាមឃាត់ស្ត្រី​មិនឲ្យមានសិទ្ធិរំលូតកូន​។ តាមរយៈការបោះឆ្នោតថ្ងៃទី​១៥តុលា​ ស្ត្រី​ប្រមាណ​​៧០% បាន​នាំគ្នាទៅបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីឲ្យ​បក្ស​ប្រឆាំង ដើម្បីឈានទៅចារ​ ការពារ​​សិទ្ធិរំលូតកូនរបស់ស្ត្រីនៅក្នុងច្បាប់​។​ដោយឡែក លោក Michal Szczerbar សមាជិកសភាប៉ូឡូញមកពីសម្ព័ន្ធពលរដ្ឋ បាន​លើកឡើង អ្វីដែលប្រជាជនប៉ូឡូញ ចង់បានតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺចង់ឃើញប៉ូឡូញក្លាយ​ជាដៃគូដ៏គួរ​ឲ្យទុកចិត្តឡើងវិញ នៅក្នុងមហាគ្រួសារសហភាពអឺរ៉ុប នៅក្នុងក្របខណ្ឌ​សហគមន៍អន្តរជាតិ ជាក់ស្តែងក្នុងសំណុំរឿងអ៊ុយក្រែន​​។​ ​ប្រជាជនប៉ូឡូញ ចង់ឃើញ​ប្រទេសខ្លួនដោះស្រាយវិវាទទាំងអស់ជាមួយ​សហភាពអឺរ៉ុប ដើម្បីអាចចាប់ផ្តើមទទួល​បាន​កញ្ចប់ថវិកា​ផ្តល់សន្ទុះសេដ្ឋកិច្ច​។ ដូច្នេះ ប៉ូឡូញត្រូវតែមានអ្នកដឹកនាំថ្មី ដែល​ជា​​​មនុស្សធ្វើ​ឲ្យ​ទុកចិត្តបាន​ មិនថា​នៅក្នុងក្រសែភ្នែកអឺរ៉ុប និងសហគមន៍អន្តរជាតិទាំងមូល។ មនុស្ស​នោះ គឺលោក ដូណាល់ ទុសក៍​។លោក Michal Szczerbar បានអះអាងថា សម្ព័ន្ធបក្សប្រជាធិបតេយ្យដែលនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មី មានកម្ម​វត្ថុរួមគ្នា នាំប៉ូឡូញឲ្យ​ក្លាយ​ជា​ដៃគូរគួរឲ្យទុកចិត្ត​លើឆាក​​អន្តរជាតិ ហើយ​រៀបចំគោលនយោបាយ​ផ្សះផ្សារសង្គម រស់នៅដោយសុខសន្តិភាពនឹងគ្នា តាមរយៈការ​ការពារសិទ្ធិសេរីភាពស្ត្រី និង​ក្រុម​មនុស្ស​អ្នកស្រលាញ់ភេទដូចគ្នាជាដើម។ ទាំងអស់នេះ វាគឺជាការរំពឹងចង់បានរបស់យុវជនប៉ូឡូញ៕
10/16/20238 minutes, 34 seconds
Episode Artwork

អឺរ៉ុបបារម្ភខ្លាចថា សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីនរញ្ជួយឲ្យកើតមានអំពើហិង្សាចូលដល់ទឹកដីអឺរ៉ុប

សង្រ្គាមអ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន​កាន់តែធ្លាក់ផុងជ្រៅ។ ៨ថ្ងៃ​ក្រោយ ការវាយឆ្មក់ទ្រង់ទ្រាយធំ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស​ជាង ១៣០០នាក់ នៅក្នុងទឹកដី​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​បន្ត​បាញ់ប្លោង ទៅលើតំបន់​ហ្កាហ្សា សម្លាប់មនុស្ស​ជិត ២០០០នាក់ និង​ត្រៀមកម្លាំង​ដើម្បី​វាយលុកជើងគោក ក្នុងគោលដៅ គាស់រំលើង ចលនាហាម៉ាសប៉ាឡេស្ទីន។ ការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមប្រដាប់អាវុធ​ហាម៉ាសប៉ាឡេស្ទីន​ដែលបាន​សម្លាប់​ប្រជាជន​ស៊ីវិល នៅទឹកដី​អ៊ីស្រាអែល​បានបណ្តាល​ឲ្យមាន​បាតុកម្ម​បង្ហាញសាមគ្គីភាព​ជាមួយ​អ៊ីស្រាអែល។ ប៉ុន្តែ ការវាយប្រហារ​ផ្លូវអាកាស និងការត្រៀមកម្លាំងវាយលុក បោសសម្អាត​កុ្រមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស និង​វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ​នៅ​ទឹកដីហ្កាហ្សា កំពុង​បណ្តាល​ឲ្យ​ផ្ទុះ​មាន​បាតុកម្ម​ប្រឆាំង ស្អប់អ៊ីស្រាអែល នៅតាម​បណ្តាប្រទេស​អារ៉ាប់ និង​ប្រទេស​សំបូរ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម។ ភ្លើងសង្រ្គាម​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីនកំពុងឆេះសន្ធោសន្ធៅ ជាពិសេស​នៅ​តំបន់​ហ្កាហ្សា ជាទី ដែល​អ៊ីស្រាអែល នៅ​៧ថ្ងៃមកនេះ​បាន​បាញ់ប្លោង ទម្លាក់គ្រាប់បែក សឹងមិនលោះថ្ងៃ។ តាម​អាជ្ញាធរ​ប៉ាឡេស្ទីន ការវាយប្រហារផ្លូវអាកាស​របស់​អ៊ីស្រាអែល​គិត​មកត្រឹម​ថ្ងៃ​សុក្រ បានសម្លាប់មនុស្ស​ជាង ១៥០០នាក់ ដែលនៅក្នុងនោះ មានកុមារ ៥០០នាក់ និង​បានបំផ្លាញអគារជាង ១៣០០​នៅក្នុង​តំបន់ហ្កាហ្សា។ នេះបើតាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ។អ៊ីស្រាអែល​បាញ់សម្លាប់​មេចលនា​ហាម៉ាស៨ថ្ងៃក្រោយ​បាញ់ប្លោងទៅលើជំរំ អគារ រូងក្រោមដី ដែល​អ៊ីស្រាអែល ជឿថា ជាកន្លែង​លាក់ខ្លួន​របស់ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅ​ក្នុងតំបន់​ហ្កាហ្សា អ្នកនាំពាក្យ​របស់​កងទ័ពអ៊ីស្រាអែល​បាន​អះអាង​នៅថ្ងៃ​សៅរ៍នេះ​ថា ការវាយប្រហារ​ផ្លូវអាកាស​បាន​សម្លាប់​ Al Qadi មេបញ្ជាការ​កងពល  Nukhba ដែលជា​ក្រុមទាហានឆ្នើមរបស់​ហាម៉ាស និងជាអ្នកដែលដឹកនាំ​ការវាយប្រហារឆ្មក់ចូលទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន។តាម​អ្នកនាំពាក្យ​ខាងលើ​ កងទ័ពអ៊ីស្រាអែល​និង​ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង​បាន​ទទួល​ព័ត៌មានគួរឲ្យជឿជាក់ដែលថា Al Qadi មេបញ្ជាការ​កងពល  Nukhba​របស់​ចលនា​ហាម៉ាស​ស្លាប់​នៅក្នុងការវាយប្រហារ​ផ្លូវអាកាស។មានអាយុ ៣៧ឆ្នាំ Al Qadi ជាជនជាតិ​ប៉ាឡេស្ទីន មាន​ដើមកំណើត​ចេញពី Ramallha របស់​ស៊ីហ្សកដានី ដែលជាទឹកដីមួយទៀត​របស់​ប្រជាជនប៉ាឡេស្ទីន។ តាម​អ្នកនាំពាក្យ​រប់ស​កងទ័ពអ៊ីស្រាអែល Al Qadi ដែល​ចលនា​ហាម៉ាស​ធ្លាប់​បញ្ជាក់ថា ជា​មេបញ្ជាការ​របស់​ក្រុមប្រដាប់អាវុធឆ្នើម Nukhba ធ្លាប់ស្ថិតក្នុងចំណោម​អ្នកទោស​ប៉ាឡេស្ទីន ដែលអ៊ីស្រាអែល​ដោះលែង និង​ចាប់បញ្ជូនឲ្យ​ទៅ​រស់នៅ ហ្កាហ្សា នៅ​ឆ្នាំ ២០១១ នៅក្នុងក្របខ័ណ្ឌ​ដោះដូរ​អ្នកទោស រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ភាគីហាម៉ាសនៅថ្ងៃសៅរ៍ទី ១៤​តុលា ​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អ្វីទាំងអស់​ទាក់ទង​នឹង​ព័ត៌មានដែល​ថា មេបញ្ជាការម្នាក់របស់ខ្លួន​ស្លាប់​នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល។បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីនកំពុង​គ្របដណ្តប់​សមានចិត្ត​សំដែងសាមគ្គីភាពជាមួយ​អ៊ីស្រាអែលនៅចំពោះមុខការ​វាយប្រហារ​ដ៏សន្ធឹក​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា ដែលបាន​សម្លាប់​ប្រជាជនស៊ីវិល និង​បណ្តាល​ឲ្យប្រជាជន​ប៉ាឡេស្ទីន ​រាប់​សែន​នាក់​រត់ភៀសខ្លួន គេចចេញ​ពីការទម្លាក់គ្រាប់បែក​របស់អ៊ីស្រាអែល បាតុកម្ម​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន​បានបន្លឺឡើង​​ជាបន្តបន្ទាប់ ជាពិសេស​នៅតាម​បណ្តាប្រទេស​អារ៉ាប់ និង​នៅប្រទេស​ដែលមាន​ប្រជាជនកាន់សាសនា​អ៊ីស្លាម។ តាំង​ពីប្រទេស​នៅ​តំបន់ដើមបូព៌ា អេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី យេម៉ែន អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន រហូត​អាហ្វ្រិក ដូចជា​លីប៊ី អាល់ហ្សេរី ម៉ារ៉ុក និង​នៅអាស៊ី ដូចជា បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស្ទី ប៉ាគីស្ថាន ប្រជាជន​រាប់ពាន់ រាប់ម៉ឺននាក់ ចុះថ្នល់​ធ្វើបាតុកម្ម លើកទង់ជាតិ​ប៉ាឡេស្ទីន និងទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់ ការប្រើកម្លាំងយោធា ដ៏ហិង្សា​ទៅលើ​ប្រជាជន​ស្លូតត្រង់​ប៉ាឡេស្ទីន​ដែលកំពុង​នៅជាប់គាំង​ក្នុង​តំបន់​ហ្កាហ្សា។នៅ​ប្រទេស​មួយចំនួន ដូចជា​អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​ប៉ាគីស្ថាន បាតុករ​ដុត​ទង់ជាតិ​អ៊ីស្រាអែល ទង់ជាតិ​អាមេរិក និង​ស្រែក​ថ្កោលទោស​នយោបាយ​ឈ្លានពាន​ធ្វើអាណានិគមនិយម​របស់​អ៊ីស្រាអែល ទៅលើ​ទឹកដី​ប៉ាឡេស្ទីន តាមរយៈ​ការបញ្ជា​ បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យរើចាកចេញ ដោយ​កំហិត​ពី​ភាគខាងជើងតំបន់​ហ្កហ្សា។អឺរ៉ុប​កំពុង​ខ្លាច​ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន​ហៀរចេញពីដើមបូព៌ាភ្លើងសង្រ្គាមកំពុងឆេះសន្ធោសន្ធៅ​នៅ​ទឹកដី​ហ្កាហ្សា។ ប៉ុន្តែ ប្រទេស​ជាច្រើន នៅអឺរ៉ុប​កំពុងភ័យបារម្ភខ្លាច​ពីការជះឥទ្ធិពល​របស់​វា រហូត​បណ្តាល​ឲ្យមានបញ្ហា​ក្នុង​សង្គម ជាពិសេសភាពតានតឹង ជម្លោះ​រវាង​សហគមន៍ជនជាតិ​នៅអឺរ៉ុប។ថ្វីត្បិតថា ជម្លោះ​ប្រដាប់អាវុធ អំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កើតឡើង​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីនមែន ប៉ុន្តែ វា​រមែងជះឥទ្ធិពល រងរញ្ជួយ​រហូត​ដល់​ទឹកដីអឺរ៉ុប។ ជាក់ស្តែង នៅបារាំង ក្រសួងមហាផ្ទៃ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន ក្នុង​ហេតុផល​ថា បាតុកម្មរបស់​អ្នកគាំទ្រ​ប៉ាឡេស្ទីន តែងទាក់ទាញ​ឲ្យ​កើតមាន​ការប្រព្រឹត្ត​អំពើហិង្សា បង្កអសណ្តាប់ធ្នាប់ និងការប៉ះទង្គិចជាមួយប៉ូលិសបារាំង។តាមការវាយតម្លៃ​របស់​អ្នកនាំពាក្យ​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដោយសារ ការវាយប្រហារ​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា  និងការប្រព្រឹត្តអំពើហិង្សា និង អយុត្តិធម៌របស់​អាជ្ញាធរ​អ៊ីស្រាអែល ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន និន្នាការ​ស្អប់​អ្នកកាន់សាសនា​ជ្វីហ្វ និង​សារស្អប់អ្នកកាន់សាសនា​អ៊ីស្លាម បាន​កើនឡើង នៅតាមបណ្តា​ប្រទេស​ក្នុង​ពិភពលោក។ នៅបារាំង អាជ្ញាធរ​រកឃើញ មាន​សកម្មភាព​ប្រឆាំង​ជេរប្រមាថ ជនជាតិ​ជ្វីហ្វ​ជាង​១០០​ករណី គិត​ចាប់តាំង មានការប្រយុទ្ធគ្នា​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ៨ថ្ងៃមកនេះ។ ប៉ូលិស​បារាំង​បានចាប់ឃាត់ខ្លួន​មនុស្ស​៤១នាក់ ចំណែក​សាលារៀន វិហារអ្នកកាន់សាសនាជ្វីហ្វ ប្រមាណ ៥០០កន្លែង​នៅទូទាំងប្រទេស​ត្រូវដាក់ស្ថិតក្រោម​ការយាម​ការបាររបស់​ប៉ូលិស កងអាវុធហត្ថបារាំង ចំនួន ១ម៉ឺននាក់។ បារាំង​ចាត់វិធានការការពារ​តឹងរ៉ឹងខ្លាំង ព្រោះបារាំង​ជា​ប្រទេស​នាំមុខគេ​នៅអឺរ៉ុប​ដែលមាន​សហគមន៍ជ្វីហ្វរស់នៅច្រើនជាងគេ ប្រមាណ ៥សែននាក់ ប៉ុន្តែ បារាំង​ក៏មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាមច្រើនសម្បើមដែរ ប្រមាណ ៦លាននាក់ ពោល​គឺស្មើនឹង​៩%​នៃប្រជាជនបារាំងសរុប។ក្រៅពីបារាំង អាល្លឺម៉ង់ និងប្រទេស​នៅអឺរ៉ុប​មួយចំនួនទៀត បាន​ចាត់វិធានការ​តឹងរ៉ឹង​ដូចគ្នានេះដែរ ដើម្បី​បង្កាទប់ស្កាត់​កុំ​ឲ្យមាន​បញ្ហាសង្គម ជាពិសេស ការស្អប់​រើសអើង​សហគមន៍ជ្វីហ្វ។ នៅអង់គ្លេស នៅពេល​មានការវាយប្រហារ​ខ្លាំង​របស់​កងទ័ពអ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សាដើម្បីសងសឹកនឹង​ការវាយឆ្មក់សម្លាប់មនុស្ស​របស់​ក្រុមហាម៉ាស​នៅក្នុងទឹកដីអ៊ីស្រាអែល ចៅហ្វាយក្រុងឡុងដ៍​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កាន់សាសនា​ជ្វីហ្វនៅអង់គ្លេស ស្ថិតនៅតែក្នុងផ្ទះ។ អង់គ្លេស​បានអនុញ្ញាត​ឲ្យមាន​បាតុកម្ម​លើកទង់ជាតិ​ប៉ាឡេស្ទីន​នៅថ្ងៃ​សុក្រ ប៉ុន្តែ​ហាមមិន​ឲ្យ​បាតុកម្ម​គាំទ្រ​ក្រុមហាម៉ាស ដែលអង់គ្លេស​ចាត់ចូលក្នុងបញ្ជីក្រុមភេរវនិយមអន្តរជាតិ។ដោយសារ​សង្រ្គាមអ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា សហគមន៍ជនជាតិជ្វីហ្វ​ នៅអឺរ៉ុប ត្រូវ​រស់នៅ​ក្នុងការភ័យខ្លាចជាប់ជានិច្ច។ នៅហូឡង់ អេស្ប៉ាញ ប៉ូលិស​ត្រូវ​ដាក់ពង្រាយ នៅតាម​​វិហារ និងមុខ​សាលារៀនជ្វីហ្វ នៅបន្ទាប់ពី ចលនាហាម៉ាស​ប៉ាឡេស្ទីនស្រែកអំពាវនាវ​ឲ្យគេសម្លាប់ជនជាតិជ្វីហ្វ​នៅគ្រប់​កន្លែង​ក្នុងពិភពលោក។
10/14/20236 minutes, 33 seconds
Episode Artwork

អ៊ីស្រាអែលបិទ​ខ្ទប់ហ្កា​​ហ្សាទាំងស្រុងនិង​គ្រោង​បើក​ប្រតិបត្តិការ​កម្ទេចចលនា​ហាម៉ាស

៧២ម៉ោង​ក្រោយ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស​ យោធា​​អ៊ីស្រាអែលបាន​បន្ត​បាញ់​ផ្លោង​លើ​តំបន់​ហ្កាហ្សា និង​បិទ​ខ្ទប់​​តំបន់​នេះ​ទាំង​ស្រុង ព្រមទាំង​ប្រមូល​កងកម្លាំង​ទ័ព​បម្រុង​​រាប់​ម៉ឺន​នាក់។ អ៊ីស្រាអែល​ចង់​កម្ទេច​ចលនា​ហាម៉ា​សឱ្យ​រលត់​រលាយ​អស់។ ចំណែក​ខាង​ប៉ាឡេស្ទីន ចលនា​ហាម៉ាស​បាន​គំរាម​សម្លាប់​​ចំណាប់​ខ្មាំង​វិញ ដើម​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ចំនួន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ការ​តតាំង​គ្នា​រវាង​​អ៊ីស្រាអែល-ហាម៉ាស​បាន​ឡើង​ដល់​ជាង​១២០០នាក់។ ខាង​អ៊ីស្រាអែលមាន​ស្លាប់​ជាង​៧០០នាក់និង​​​​របួស២១៥០នាក់។ ចំណែកខាង​ប៉ាឡេស្ទីន​​មាន​ស្លាប់​ជាង​៥៦០នាក់​​ និង​អ្នក​​​រង​របួសប្រមាណ​​២៩០០នាក់​ នៅ​តំបន់​ហ្កាហ្សា ដែល​យោធា​អ៊ីស្រាអែល​បន្ត​វាយប្រហារ​ និង​កាត់​ផ្តាច់​ឱ្យ​នៅ​ឯកា​កាន់​តែ​ខ្លាំង។តើតំបន់ហ្កាហ្សា​មាន​ស្ថានភាព​យ៉ាងណា?តំបន់​ហ្កាហ្សា​​ដែន​ដី​មួយ​ចំណិត​របស់​ប៉ាឡេស្ទីនមាន​ទទឹងតែ​៦-១២គីឡូម៉ែត្រ​ និងបណ្តោយ​តែ​​៤១​គីឡូម៉ែត្រ​​ ​នៅ​ជាប់​សមុទ្ទ​មេឌីទែរ៉ាណេ ​ត្រូវ​​អ៊ីស្រាអែល​​បិទ​ត្រួត​ត្រា​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ចេញ​ចូលតាំងពី​ឆ្នាំ​២០០៧​មក​ ប៉ុន្តែ​ពេល​នេះហ្កាហ្សា​​ត្រូវ​ឡោម​ព័ទ្ធ​ជិត​​​ដោយ​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​ពាន់​នាក់​។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​​អ៊ីស្រាអែល​បាន​ប្រកាស​បិទ​ខ្ទប់​តំបន់​ទាំងស្រុងតែម្តង។ បន្ទាប់​ពី​ផ្អាក​ការផ្តល់​ថាមពលអគ្គិសនី​-​ហ្កាស​ និង​ជំនួយ​ស្បៀង​អាហារ​​ អាជ្ញាធរ​អ៊ីស្រាអែល​បាន​​កាត់​ផ្តាច់​​ទឹក​ ដែលអ៊ីស្រាអែល​​បង្ហូរ​ទៅ​ឱ្យ​ហ្កាហ្សា​​ក្នុង​កំរិត​១០%​ក្នុង​មួយ​ឆ្នាំ។​ដើម្បី​​សង​សឹក​នឹង​ការ​​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ចលនា​ហាម៉ាស​កាលពី​ថ្ងៃ​ទី​៧​តុលា​ យោធា​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​ទម្លាក់​គ្រាប់​​បែកឥត​ដាច់​​លើ​ទីតាំង​ជា​ច្រើន​ ដែល​ជា​​រចនា​សម្ព័ន្ធ​យោធារបស់​​ចលនា​ហាម៉ាសនៅ​ក្នុង​តំបន់​ហ្កាហ្សា​​។ យោធា​អ៊ីស្រាអែល​បាន​ប្រកាស​គ្រប់គ្រងស្ថានការណ៍​​តំបន់​ភាគ​ខាង​ត្បូង​នៃប្រទេសដែល​ផ្ទាំង​ស៊ីប​នៃការ​វាយហាម៉ាស​​បាន​វិញ​ហើយ​ តែ​អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​យល់​ថា​អាច​នៅ​មាន​សេស​សល់​ភេរវជន​ខ្លះ​ក្នុង​តំបន់​។ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក នេតាន់យ៉ាហ៊ូ បាន​សន្យា​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ៩​តុលាថាអ៊ីស្រាអែល​នឹង​ធ្វើ​ឱ្យ​​ក្រុមហាម៉ាសរស់​យ៉ាង​លំបាក​និង​វេទនាបំផុត​​ ព្រោះ​អ៊ីស្រាអែល​នឹង​ឈ្នះ​ដោយប្រើ​​កម្លាំង-ជាកម្លាំង​ដ៏​មហិមា ឯ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅហ្កាហ្សាត្រូវ​ប្រឈម​នឹង​សង្គ្រាមដ៏​ធ្ងន់ធ្ងរ និង​​​ដ៏​វែង​។ប៉ុន្តែ​ចលនា​ហាម៉ាស បាន​គំរាម​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​វិញ​​​ថា បើ​សត្រូវ​មិន​យល់​ភាសា​មនុស្សធម៌​ ហាម៉ាស​នឹង​ប្រើ​ភាសា​ណា​ដែល​អ៊ីស្រាអែល​យល់។ ពោល​គឺ​ នៅពេល​ណា​មានពលរដ្ឋ​ប៉ាឡេស្ទីនណា​​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​ឥតព្រៀង​ទុក ហាម៉ាស​នឹង​ផ្តាច់​ជីវិត​​ចំណាប់​ខ្មាំង​ស៊ីវិល​អ៊ីស្រាអែល​ម្នាក់​វិញ​ដែរ។ បើ​តាម​រដ្ឋាភិបាល​អ៊ីស្រាអែល នៅពេល​ពួក​ហាម៉ាស​វាយ​លុក​ចូល​ក្នុង​ដែន​ដី​អ៊ីស្រាអែល​ពួកគេ​បាន​ចាប់​ជន​ស៊ីវិល​បាន​ប្រមាណ​ជិត​១៥០នាក់​ជា​ចំណាប់​ខ្មាំង។បិទ​ខ្ទប់​តំបន់​ហ្កាហ្សា​ទាំង​ស្រុង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ?ការ​ឆ្មក់​វាយប្រហាររបស់​ចលនា​ហាម៉ាស បាន​រង​ការ​ថ្កោស​ទោស​​ពី​គ្រប់​មជ្ឈដ្ឋាន ប៉ុន្តែ​ការ​សម្រេច​បិទ​ខ្ទប់​ទាំង​ស្រុង​តំបន់​ហ្កាហ្សា​ដែល​មាន​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ស៊ីវិល​ជាង​២លាន​៣សែន​នាក់​រស់​នៅ​ ក៏កំពុង​តែ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជ្រួល​ច្របល់​​មិនតិច​ដែរ។ការ​បិទ​ខ្ទប់​តំបន់​មួយ​ទាំង​ស្រុង​ ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជន​ស៊ីវិល​ បង្អត់​សេចក្តី​ត្រូវការ​ចាំបាច់​សម្រាប់​រស់ មាន​ចែង​ហាម​ឃាត់​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ នេះ​បើ​តាម​កា​ររំលឹក​របស់​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ នៅព្រឹក​ថ្ងៃ​អង្គារ​ទី ១០​តុលា។​ លោក Volker Turk ក៏​បានបង្ហាញ​ភាព​តក់ស្លុត​និង​អាម៉ាស​នៅ​ចំពោះ​មុខ​វិធី​ប្រហារ​ជីវិត​​​របស់​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន ដោយ​ស្នើ​សុំ​ឱ្យ​ក្រុម​នេះ​ដោះលែង​ចំណាប់​ខ្មាំង​និង​អ្នក​ទោស​ស៊ីវិល​ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ។លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូទែកស៍ ក៏​បាន​ទទួល​ស្គាល់ដែរ​​ថាលោក​​ព្រួយ​បារម្ភ​នឹង​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដ៏​ស្រប​ច្បាប់​របស់​អ៊ីស្រាអែល​។ ​លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ខ្លាំង​ណាស់​នៅពេល​ឮ​អ៊ីស្រាអែល​ប្រកាស​បិទ​ខ្ទប់​ទាំង​ស្រុង​។ ក្នុងន័យ​នេះ​លោក​បាន​ប្រកាស​រំលឹក​អ៊ីស្រាអែល​ថា​ប្រតិបត្តិការ​យោធា​ត្រូវ​តែ​រៀប​ចំ​ធ្វើ​ឡើង​ដោយ​គោរព​សិទ្ធិមនុស្សធម៌​អន្តរជាតិ។ ត្រូវ​ការពារ​និង​គោរព​ជីវិត​ជន​ស៊ីវិល​។ រចនា​សម្ព័ន្ធ​ស៊ីវិល មានជាអាទិ៍​មន្ទីរពេទ្យ សាលារៀន កន្លែង​ស្នាក់នៅ​ ​មិន​ត្រូវ​ក្លាយ​ជា​ចំណុច​វាយប្រហារ​ទេរបស់​យោធា​អ៊ីស្រាអែល​ទេ។សហភាព​អឺរ៉ុប​បាន​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​អញ្ជើញ​ប្រមុខ​ការ​ទូត​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ចូល​រួម​ផង។​ ប្រមុខដឹកនាំ​តួកគី​និង​អេហ្ស៊ីប​ ព្រមទាំង​កាតា កំពុង​សាកល្បង​ដើរ​តួ​ជា​អន្តរការី។តើ​អ៊ីស្រាអែល​កំពុង​ឈាន​ទៅ​បើក​ប្រតិបត្តិការ​​​កម្ចាត់​ពួក​​ហាម៉ាសអស់​តាម​វិធីណា?យោល​ទៅ​លើ​ចំនួន​ទ័ព​បម្រុងប្រមាណ​​​៣សែន​នាក់ ​ដែលអ៊ីស្រាអែល​ប្រមូល​បាន​​​​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង បូក​នឹង​ទាហាន​ពេញ​សិទ្ធិ​ជិត​មួយ​សែន​នាក់​ ដែល​ផ្តើម​មក​ផ្តុំ​នៅ​ជុំ​វិញ​តំបន់​ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីន​ចាប់​ព្រួយ​បារម្ភ​​ទុក​ជា​មុន​ថាច្បាស់​ជា​​នឹង​មាន​ប្រតិបត្តិការ​វាយ​កម្ទេច​ក្រុម​យុទ្ធជន​ហាម៉ាស​ទ្រង់ទ្រាយ​ធំ​តាម​ផ្លូវ​គោក​។ប៉ុន្តែ​ប្រតិបត្តិការ​បែប​នេះ អាច​ចោទ​ជា​បញ្ហា​ច្រើន​សម្រាប់​អ្នក​ដឹកនាំ​អ៊ីស្រាអែល ព្រោះ​អាច​មាន​ការ​បាត់​បង់​មនុស្ស​ច្រើន​ ទាំង​សង​ខាង ព្រោះ​តំបន់​នេះ​មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​ ជា​ផ្ទះ​របស់​ពួក​ហាម៉ាស​ស្រាប់​ដែល​ពួកគេ​អាច​សំងំ​លាក់​ខ្លួន​នៅ​គ្រប់​ជ្រុង​ គ្រប់​ផ្លូវ គ្រប់​រូង​ ... ចាំ​ស្ទាក់ស្វាគម​​ទាហាន​អ៊ីស្រាអែល។​កម្លាំង​យោធា​អ៊ីស្រាអែលអាច​​​​មាន​ប្រៀប​ខ្លាំង​ និង​អាច​បំផ្លាញ​រចនា​សម្ព័ន្ធ​របស់​ពួក​ហាម៉ាស ដូច​ជា​ កន្លែង​ផលិត​ឬ​ដំឡើង​រ៉ុកកែត ផ្លូវក្រោម​ដី​ដែល​តភ្ជាប់​ពី​ហ្កាហ្សា​ទៅ​អេហ្ស៊ីប ទៅ​អ៊ីស្រាអែល​ សម្រាប់​ឱ្យ​ពួក​ហាម៉ាស​ទាក់ទង​ជាមួយ​អ្នក​នៅ​ក្រៅ​តំបន់​ហ្កាហ្សា​ ឬ​កម្ទេច​ស្តុក​អាវុធ គ្រាប់​សព្វាវុធ​ តែ​មិន​ងាយ​កម្ចាត់​មេកើយ​ចលនា​ហាម៉ាស​បាន​ដោយងាយៗ​ឡើយ។ ម៉ូហាមេដ Dief មេក្លោង​ដឹកនាំ​ប្រតិបត្តិការ​វាយលុក​កាលពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​យុវជន​ប៉ាឡេស្ទីន​ចាត់​ទុក​ជា​ព្រះ។ឧបមា​មេកើយក្រុម​ភេរវនិយម​​ហាម៉ាសត្រូវ​កម្ចាត់​បាន​ ក៏​​​​​អ៊ីស្រាអែល​មិន​អាច​កម្ចាត់​ពួក​គេ​អស់​ដែរ។ អ៊ីស្រាអែល​ធ្លាប់​ឈ្នះ​និង​សម្លាប់​បាន​មេក្រុម​ ជា​ច្រើនដង​មក​ហើយ ក្នុង​សង្គ្រាម​មុនៗ។ តែនៅ​ហ្កាហ្សា​ ​គេ​មិនអាច​កំណត់​​លទ្ធផល​ចុងក្រោយ​ថា​តើ​មាន​ស្លាប់​ជីវិត​ទាហាន​អ៊ីស្រាអែល​និង​ពលរដ្ឋ​ស៊ីវិល​ប៉ាឡេស្ទីន​ប៉ុន្មាន​ទេ។ ហើយ​​បើ​ទោះ​បី​ជា​ឈ្នះ​ ក៏​ត្រូវ​មាន​បញ្ហា​ដែរ។ កម្ចាត់​​ពួក​ហាម៉ាសអស់ អ៊ីស្រាអែល​នឹង​មក​ធ្វើ​អាណានិគម​លើ​ដែន​ដី​មួយ​ដុំ​នេះទៀតឬ​? អ៊ីស្រាអែល​គ្មាន​អនុស្សាវរីយ៍​ល្អ​នឹង​ការ​ធ្វើ​អាណានិគមកិច្ចទេ។ ទុក​ជន​ស៊ីវិល​ជាង​២លាន​នាក់​ដោយ​គ្មាន​ការ​ឃុំ​គ្រង ចលនា​ថ្មី​នឹង​លេច​ឡើង​ខ្លាំង​ជាង​ហាម៉ាស​ទៅទៀត។ស្ថាបនិក​អ៊ីស្រាអែល លោក David Ben Gourion បាន​អះអាង​នៅ​ឆ្នាំ​១៩៥៨​ថា​ ដែន​ដី​ហ្កាហ្សា​ជា​អពមង្គល​សម្រាប់​គ្រប់​របប​ មិន​ថា​សម្រាប់​រដ្ឋ​អ៊ីស្រាអែល របប​អ៊ីស្រាអែល​ជាមួយអង្គការ​សហប្រជាជាតិ ឬ​អង្គការ​សហប្រជាជាតិ​ដោយ​គ្មាន​អ៊ីស្រាអែល។ ប៉ុន្តែ​នោះ​ជា​គំនិត​កាល​៦៦​ឆ្នាំមុន ​តើ​អាចហួស​សម័យ​ទេ?​
10/10/20237 minutes, 26 seconds
Episode Artwork

តើ​ប្រតិបត្តិការវាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​​ កើត​ឡើងដូចម្តេចខ្លះ?

គិតត្រឹមថ្ងៃចន្ទទី​៩តុលា ការវាយប្រយុទ្ធគ្នារវាង​កងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែបន្តយ៉ាងសកម្ម​ ២ថ្ងៃក្រោយ​ការ​វាយឆ្មក់ទ្រង់ទ្រាយធំ និង​គួរឲ្យភ្ញាក់ផ្អើលបំផុតរបស់ក្រុមហាម៉ាស។ ជាលើកទី១ ដែ​ល​ក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានសំរុកចូល​មក​ក្នុងទឹកដី​អ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្សជាច្រើនរយនាក់។ លោក​បេនចាមិន នេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន​ប្រកាសថា អ៊ីស្រាអែលនឹងធ្វើសង្គ្រាម​កំទេច​ក្រុមហាម៉ាសឲ្យ​អស់ ហើយថាសង្គ្រាមនេះ ​គឺជាសង្គ្រាមរយៈពេល​វែង។ តើការវាយ​ប្រហាររបស់​ក្រុមហាម៉ាសនេះ បានកើតឡើងយ៉ាងដូចម្តេចខ្លះ​?នៅព្រឹកថ្ងៃសៅរ៍ទី​៧តុលា វេលាទាបភ្លឺ ដែលជាកំឡុងពេល បុណ្យ​​Shabbat សំរាក​ប្រចាំសប្តាហ៍ របស់ប្រជាជនជ្វីហ្វ ក្រុម​ហាម៉ាសប៉ាឡេស្ទីន បាន​បើកការវាយ​ឆ្មក់ ក្នុងទ្រង់ទ្រាយធំបំផុត​មិនធ្លាប់​មាន​។​ ក្រុមហាម៉ាស បាន​សំរុក​បាញ់​គ្រាប់រ៉ុកកែត ជាច្រើនពាន់គ្រាប់ចេញពី​តំបន់​ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល ធ្វើឲ្យ​ប្រព័ន្ធខែលរបស់អ៊ីស្រាអែល វង្វេងចាប់លែងឈ្នះ​។ស្របពេលជាមួយគ្នានេះ ក្រុម​កម្លាំងហាម៉ាសជាច្រើនរយនាក់​ បាននាំគ្នា​សំរុកចូល​មក​ក្នុងទឹកដីអ៊ីស្រាអែល។ ក្រុមថ្មើរជើង បាន​ប្រើប្រាស់គ្រាប់បែក និងប្រើ​​រថយន្តគ្រឿងចក្រឈូសឆាយ ទៅបើកបំបុកឈូសទម្លាយរបង​ជញ្ជាំង ដែលខណ្ឌចែក​តំបន់​ហ្កាហ្សា និង​ទឹកដី​​អ៊ីស្រាអែល។ ក្រុមផ្សេងទៀត បាន​ប្រើប្រាស់ឆ័ត្រយោងបំពាក់ដោយ​ម៉ាស៊ីនកង្ការ​​ ហោះរំលងជញ្ជាំង និងមានខ្លះបាន​ប្រើទូក​បើកតាមសមុទ្រ ចូលទៅកាន់ទឹកដីអ៊ីស្រាអែល។ចូលទៅដល់​ទឹកដីអ៊ីស្រាអែល ក្រុមហាម៉ាស់ បានបើកការវាយ​ប្រហារទៅលើ​ប៉ុស្តិនគរបាល ទីតាំងទាហាន និងបានបាញ់រះទៅលើ​ប្រជាជនស៊ីវីលដោយ​ឥតរើសមុខ។ ក្រុមហាម៉ាស បានសំរុកចូលទៅដល់​ក្នុង​ទីក្រុង​មួយ​ចំនួន​ របស់អ៊ីស្រាអែល ដូចជា​ទីក្រុង Ashkelon ទីក្រុង​ Sderot និងទីក្រុង​ Ofakim ជាដើម​ ដែលស្ថិតនៅចំងាយ​ប្រមាណជាង​២០គីឡូម៉ែត្រ ពីព្រំដែនតំបន់ហ្កាហ្សា។ អ្នកនាំពាក្យម្នាក់​នៃក្រសួងការពារ​ជាតិអ៊ីស្រាអែល បាន​លើកឡើងថា យ៉ាងហោចណាស់​ ក្រុមហាម៉ាសមានគ្នា​១០០០នាក់ ដែល​បានសំរុកចូល​មកក្នុងទឹកដីអ៊ីស្រាអែល​។ពួកកងកម្លាំងហាម៉ាស បាន​ដណ្តើម​យកសម្ភារៈ និងគ្រឿងសព្វាវុធ​របស់កងទ័ពអ៊ីស្រាអែល ព្រមទាំងបាន​ចាប់ចំណាប់​ខ្មាំង ទាហាននិង​ប្រជាជនស៊ីវីល​ជាច្រើននាក់ថែមទៀតផង​។ យោងតាម​ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាលអ៊ីស្រាអែល យ៉ាងហោចណាស់ មានមនុស្ស​ជាង​១០០នាក់ ដែលត្រូវបាន​ក្រុមហាម៉ាសចាប់ជាចំណាប់​ខ្មាំង​ ដែល​ក្នុងចំណោមនោះ គឺមានជនជាតិអាមេរិក និងជនជាតិអាល្លឺម៉ង់ជាច្រើននាក់​។ ផ្អែក​តាម​លោក Herzi Halevi អគ្គមេបញ្ជាការកងទ័ពជាតិអ៊ីស្រាអែល គឺក្នុងចំណោម​ចំណាប់ខ្មាំង មានទាំងកុមារ ស្ត្រី មនុស្សចាស់ជរា ជនពិការ និង​ទាហាន​អ៊ីស្រាអែលផង​។ ពួកហាម៉ាស បាន​សំដៅចូលទៅវាយ​ប្រហារ​យុវជន​អ៊ីស្រាអែល ដែលកំពុងជួបជុំគ្នាក្នុងកម្មវិធី​ប្រគុំតន្រ្តី​ដ៏ធំមួយ នៅជិតក្រុង Kibboutz។ យោងតាមបណ្តាញព័ត៌មានអ៊ីស្រាអែល​​ នៅទីនោះ ក្រុមហាម៉ាសបាន​បាញ់​សម្លាប់​មនុស្ស​ជាង​២០០នាក់​។អ៊ីស្រាអែល​ប្រកាសសង្គ្រាម​ផ្អែកតាម​កងទ័ពអ៊ីស្រាអែល គឺក្រុមហាម៉ាស បាន​បាញ់​គ្រាប់រ៉ុកកែត ចំនួនជាង​៣០០០គ្រាប់ នៅ​ព្រឹកថ្ងៃសៅរ៍​។ កងទ័ពអ៊ីស្រាអែល បានប្រកាសអាសន្នភ្លាមៗ​ និង​បាន​បើក​ប្រតិបត្តិការ « ដាវដែក » ដើម្បី​ឆ្លើយតបវិញ ទៅលើក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅ​ប្រមាណ ២,៣លាននាក់​។ អ៊ីស្រាអែលបានបាញ់​កំទេចអគារជាច្រើនទីតាំង នៅ​ក្នុងតំបន់ហ្កាហ្សា ដែលគេអះអាងថា គឺជាទីបញ្ជាការរបស់​ពួកភេរវកម្មហាម៉ាស។ យោងតាម លោក Richard Hecht អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល គឺ​គេបាន​វាយ​ប្រហារទៅលើ គោលដៅ​ចំនួន ៤២៦ទីតាំង​នៅក្នុងតំបន់ហ្កាហ្សា ដោយរាប់តាំងកន្លែងលាក់ខ្លួនក្នុងរូងក្រោមដី និងសំណង់​​ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត របស់​ពួកហាម៉ាសប៉ាឡេស្ទីន។លោកនេតាន់យ៉ាហ៊ូ បានប្រកាសសន្យាថា និង​កំទេច​ទីតាំងលាក់ខ្លួនរបស់​ពួកហាម៉ាស ឲ្យ​រលាយ​ក្លាយជាផេះ។ ភ្លាមៗក្រោយ​ការវាយ​ឆ្មក់ទ្រង់ទ្រាយធំមិនធ្លាប់​មាននេះ ក្រសួងការពារជាតិអ៊ីស្រាអែល​ បាន​បញ្ចេញ​កងកម្លាំងជាច្រើន​ម៉ឺននាក់ ដើម្បី​ដេញតាម​ប្រយុទ្ធជាមួយក្រុមហាម៉ាស ដែល​បានបន្លំចូលមកក្នុងទឹកដីអ៊ីស្រាអែល តំបន់ភាគខាងត្បូង​។​ មិនត្រឹមប៉ុណ្ណោះ អ៊ីស្រាអែល បានប្រកាសប្រមូល​កងទ័ពបំរុងទាំងអស់ ដើម្បីត្រៀម​ធ្វើ​សង្គ្រាម​។ នៅព្រឹកថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានប្រកាសផងដែរថា គេកំពុងពិចារណាជម្លៀសប្រជាជន ចេញពីតំបន់ដែលដែលស្ថិតនៅក្បែរតំបន់​ហ្កាហ្សាបំផុត​ ក្នុងរយៈពេល​២៤ម៉ោងទៀត។តើមានស្លាប់​មនុស្សប៉ុន្មាននាក់ ហើយ​បាត់ខ្លួនប៉ុន្មាននាក់?ផ្អែកតាម​អាជ្ញាធរអ៊ីស្រាអែល គិតពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃចន្ទ យ៉ាងហោចណាស់ មនុស្សជាង​៧០០នាក់បានស្លាប់ និងមាន​របួសប្រមាន ២១៥០នាក់ នៅខាងទឹកដីអ៊ីស្រាអែល។ អ្នករាយការណ៍​ព័ត៌មានបារាំង AFP បានឃើញសាកសពប្រជាជនស៊ីវីលអ៊ីស្រាអែលជាច្រើននាក់ ដែល​ត្រូវក្រុមហាម៉ាស់ បាញ់សុះសាច់​ ដេករណូករណាកនៅតាមផ្លូវ និងខ្លះនៅក្នុងរថយន្ត នៅក្នុងទីក្រុងចំនួន​យ៉ាងហោច​៣ គឺ Sderot Kibboutz និង ក្រុងឆ្នេរសមុទ្រ​​ Zikimស្ថិតនៅ​​ខាងជើងតំបន់​ហ្កាហ្សា​។នៅឯតំបន់​ហ្កាហ្សាប៉ាឡេស្ទីនវិញ យោងតាមក្រុមហាម៉ាស គឺ​យ៉ាងហោចណាស់ មាន​មនុស្សស្លាប់ ចំនួន​៤១៣នាក់ និង​ជាង​២៣០០នាក់របួស ដោយសារតែការបាញ់​ប្លោងរបស់កងទ័ពអ៊ីស្រាអែល ក្នុងរយៈពេល​២ថ្ងៃមកនេះ។ ក្នុងចំណោម​អ្នកស្លាប់ គឺមានកុមារ​៧៨នាក់ និងស្ត្រី​៤១នាក់។គួរបញ្ជាក់ថា​ ក្នុងចំណោមជនរងគ្រោះនៅខាងទឹកដីអ៊ីស្រាអែល គឺ​មានជនបរទេសជាច្រើននាក់បានស្លាប់ ក្នុងនោះ មាន​ជនជាតិ​ថៃ១២នាក់ ជនជាតិនេប៉ាល់ ១០នាក់ ជនជាតិ​អាមេរិក​ចំនួន៤នាក់ ជនជាតិអ៊ុយក្រែន​២នាក់ បារាំង១នាក់ កាណាដា១នាក់ និង​មាន​និស្សិតជនជាតិខ្មែរ១នាក់​ដែរ​។ ហើយ​ក្រៅពីមនុស្សស្លាប់ អាជ្ញាធរអ៊ីស្រាអែល អះអាងថា មានប្រជាជនស៊ីវីល និងទាហាន សរុបប្រមាណជាង​១០០នាក់ ដែលត្រូវបាន​ក្រុមហាម៉ាស ចាប់ជាចំណាប់ខ្មាំង។​យ៉ាងណាមិញ នៅថ្ងៃចន្ទទី​៩កញ្ញា ​ក្រសួងការបរទេស​ថៃ បានប្រកាសថា ក្រៅពីជនជាតិថៃ​១២នាក់ស្លាប់ គឺមាន​៨​នាក់​របួស និង​១១នាក់ ត្រូវក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង​។ អជ្ញាធរថៃ កំពុងតែត្រៀម​បញ្ជូនយន្តហោះកងទ័ពអាកាស ហោះទៅដឹក​ប្រជាជន​ថៃ​នៅអ៊ីស្រាអែល​។ ផ្អែកតាមតួលេខផ្លូវការ គឺបច្ចុប្បន្នមានប្រជាជនថៃចំនួន​​ប្រមាន​ ៣ម៉ឺននាក់​នៅអ៊ីស្រាអែល ដែលភាគច្រើនជា​ពលករធ្វើការក្នុងវិស័យ​កសិកម្ម​ ហើយ​ក្នុងចំណោមនេះ គឺមាន​ប្រមាន​៥០០០នាក់ ដែលកំពុងស្ថិតនៅក្នុងតំបន់​មានជម្លោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន​។ហេតុអ្វី​ក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំនេះ?​ក្រុម Ezzedine Al-Qassem ដែលជាក្រុមប្រដាប់អាវុធមួយនៃចលនាហាម៉ាសប៉ាឡេស្ទីន បានអះអាងថា ក្រុមខ្លួន​បានបាញ់​គ្រាប់រ៉ុកកែត ចំនួន​ជាង​៥០០០គ្រាប់។​ នេះគឺជា​ប្រតិបត្តិការ​វាយប្រហារ ទៅលើអ៊ីស្រាអែល ដើម្បី “​សងសឹក និងបិទបញ្ចប់ឧក្រិដ្ឋកម្ម​ដាក់អាណានិគមដែលអ៊ីស្រាអែល ធ្វើមកលើប៉ាឡេស្ទីន”​។ចលនាហាម៉ាសប៉ាឡេស្ទីន លើកឡើងថា តាំងតែពីឆ្នាំ​១៩៦៧មក អ៊ីស្រាអែល បាន​ដាក់អាណានិគម​មកលើតំបន់ស៊ីហ្សកដានី និង​នៅផ្នែកខាងកើតទីក្រុងហ្សេរុយសាឡឹម ព្រមទាំងបាន​រាំងខ្ទប់តំបន់ហ្កាហ្សា តាំងតែពីឆ្នាំ​២០០៧មក ក្រោយពេល​ចលនាហាម៉ាសបានឡើងគ្រប់គ្រងអំណាច​នៅហ្កាហ្សា។ កាលពីថ្ងៃអាទិត្យ​ទី​ ៨តុលា មេដឹកនាំចលនាហាម៉ាស ឈ្មោះ Ismaïl Haniyeh បានអះអាងថា ចលនាហាម៉ាសកំពុងតែឈាន​ដណ្តើម​បានជ័យជំនះ ដ៏ធំមួយ​។ ចលនានេះ ថែមទាំងបានអំពាវនាវ ហៅ​ក្រុមកងកម្លាំងតស៊ូប៉ាឡេស្ទីន នៅ​តំបន់ស៊ីហ្សកដានី ព្រមទាំង​ប្រទេសអារ៉ាប់ និង​អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ត្រូវតែចូលរួម​ប្រយុទ្ធជាមួយពួកខ្លួន​។ជាក់ស្តែង ក្រោយ​ការបើកប្រតិបត្តិការវាយ​ឆ្មក់​របស់​ក្រុមហាម៉ាសនេះ កាលពីព្រឹកថ្ងៃអាទិត្យ​ ក្រុមចលនាហេសបូឡាលីបង់ឯណោះ ក៏បាន​បាញ់​ប្លោង​គ្រាប់កាំភ្លើងធំ ព្រមទាំងបានបាញ់​មីស៊ីលជាច្រើនគ្រាប់ ចូល​មកកាន់ទឹកដីអ៊ីស្រាអែល នៅភាគខាងជើង។ ចលនាហេសបូឡា ដែលមានអ៊ីរ៉ង់នៅពីក្រោយ បានអះអាងាថា ខ្លួនចង់វាយប្រហារអ៊ីស្រាអែល ដើម្បីជាការសាមគ្គីជាមួយចលនាហាម៉ាសប៉ាឡេស្ទីន។​ កងទ័ពអ៊ីស្រាអែល បានអះអាងថាគេបានវាយបកវិញទៅលើ​ក្រុមហេសបូឡា តាមរយៈការបញ្ជាយានដ្រូនទៅវាយ​ប្រហារនៅចំទីតាំង​មួយចំនួន​ នៅក្នុងទឹកដីលីបង់​។តើសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងណាខ្លះ?លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោសយ៉ាងធ្ងន់ ចំពោះការវាយ​ប្រហាររបស់​ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់ប្រជាជនស៊ីវីល​ដោយ​មិនរើសមុខ។ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងអំពាវនាវទៀតថា សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ប្រើ​ប្រាស់​ការចរចាការទូត ដើម្បីជួយទប់កុំឲ្យ​ជម្លោះប្រដាប់អាវុធនេះ ផ្ទុះក្លាយ​ទៅជាសង្គ្រាមធំនៅក្នុងតំបន់ដើមបូព៌ាទាំងមូល​។គួរបញ្ជាក់ថា នៅក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ ថ្វីបើមានប្រទេសជាច្រើនបានប្រកាសថ្កោលទោសក្រុមហាម៉ាស នៅទីបំផុត ការបោះឆ្នោត​លើ “សេចក្តីសម្រេចចិត្ត​រួម​ដើម្បី​ថ្កោលទោសក្រុមហាម៉ាស” មិនអាចសម្រេចទៅបានទេ ដោយសារតែគ្មានសំឡេងជា​ឯកច្ឆ័ន្ទ។យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី ចូ បៃដិន វិញបានថ្លែងថ្កោលទោស ការវាយប្រហាររបស់​ក្រុមហាម៉ាស និង​បានអះអាងថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធា ទៅ​ជួយអ៊ីស្រាអែល ដែលរងការវាយប្រហារ។ ដូចគ្នាដែរ លោកស្រី អួរស៊ុឡា វ៉ុនឌែរ ឡេយ៉េន បានចាត់ទុក​ការវាយប្រហាររបស់​ក្រុមហាម៉ាស ថាគឺជា “ការវាយប្រហារភេរវកម្មដ៏សាហាវ និងថោកទាបបំផុត”​។ លោក​ស្រីប្រធានា​គណៈកម្មាការអឺរ៉ុប បានបន្ថែមថា ក្នុងនាមជាប្រទេសឯករាជ្យនិងប្រជាធិបតេយ្យ អ៊ីស្រាអែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការឆ្លើយតបវិញ​។ ចំណែក​លោក រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស​បាន​បញ្ជាក់ប្រាប់ទៅសមភាគីអ៊ីស្រាអែល ថាអង់គ្លេសគាំទ្រ​នៅពីក្រោយអ៊ីស្រាអែលជានិច្ច​។ដោយឡែក រដ្ឋាភិបាលបារាំង ដែល​បានប្រកាសថ្កោសទោសយ៉ាងធ្ងន់ ទៅលើ​ការវាយប្រហាររបស់​ក្រុមហាម៉ាសដែរ​នោះ បានអះអាងថា កំពុងតែប្រឹងប្រែងបើកការចរចាការទូត ដើម្បីបញ្ចៀសកុំឲ្យ​ភ្លើងសង្គ្រាមនេះ ឆាបឆេះ ទៅដល់តំបន់ស៊ីសហ្សកដានី លីបង់ និង​ក្នុងតំបន់ដើមបូព៌ាទាំងមូល​។​ រីឯលោក​ អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានប្រកាសអំពាវនាវ ឲ្យក្រុមហាម៉ាស និង​អ៊ីស្រាអែល រក្សាការស្ងៀមស្ងាត់ ផ្តល់អាទិភាពដល់សន្តិភាព និង​ធ្វើយ៉ាងណា​​បញ្ចៀសកុំឲ្យ​ស្លាប់​ប្រជាជនស៊ីវីល​។ផ្ទុយទៅវិញ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ​ថា អ៊ីរ៉ង់គាំទ្រ​ការតស៊ូប្រយុទ្ធការពារខ្លួនដ៏ស្របច្បាប់ របស់​ប្រជាជាតិ​ប៉ាឡេស្ទីន។ យ៉ាងណាមិញ អ៊ីរ៉ង់ត្រូវបាន​គេសង្ស័យថា គឺជាអ្នកទំនុកបំរុងជួយ​ក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីបើកប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំនេះ​​ ទៅលើអ៊ីស្រាអែល ដែលអ៊ីរ៉ង់ចាត់ទុកថាជាសត្រូវដ៏ធំបំផុតរបស់ខ្លួន​៕
10/9/202311 minutes
Episode Artwork

អ៊ីស្រាអែលប្រកាសសង្រ្គាមក្រោយការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន

អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម​បន្ទាប់ពីត្រូវ​រងស្រោចដោយគ្រាប់រ៉ូកែត​របស់​ចលនាហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា។ តាមតុល្យការបឋម​របស់​កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់​ក្រុមហាម៉ាសទៅលើ​ទឹកដីភាគខាងត្បូង​អ៊ីស្រាអែល​ដែលនៅជាប់ព្រំប្រទល់ជាមួយ​តំបន់ហ្កាហ្សា បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់នាក់ និង​របួស​ជាង ៥០០នាក់។ ក្រោយ​កោះប្រជុំសន្តិសុខ​បន្ទាន់ នៅព្រឹកថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម និង​បញ្ជា​ឲ្យ​កងទ័ពបើកប្រតិបត្តិការវាយប្រហារ​តបទៅលើ​តំបន់​ហ្កាហ្សា។ ប្រមុខការពារជាតិ​អ៊ីស្រាអែល​វិញ បាន​ព្រមាន​ក្រុមហាម៉ាស​ថា កំពុងធ្វើកំហុស​ដ៏ធ្ងន់ធ្ងរ​ដែលបើកការវាយប្រហារទ្រង់ទ្រាយធំ​លើ​អ៊ីស្រាអែលនៅពេលនេះ។ ការវាយប្រហារបកវិញរបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់​ប្រជាជនប៉ាឡេស្ទីនជិត​២០០នាក់​នៅថ្ងៃសៅរ៍ទី ៧​តុលា។  តាំងពីព្រលឹមថ្ងៃ​សៅរ៍​ទី ៧ តុលា ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​បាញ់​ស្រោច​គ្រាប់រ៉ូកែតចេញពីតំបន់​ហ្កាហ្សា​សំដៅទឹកដី​ភាគខាងត្បូង​អ៊ីស្រាអែល ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់ និង​រងរបួស​ជាង ៥០០នាក់។ នៅ​ភាគខាងត្បូង និង​ភាគកណ្តាលប្រទេសអ៊ីស្រាអែល ទោះគ្រាប់រ៉ូកែតជាច្រើន​របស់​ក្រុមហាម៉ាស ត្រូវ​ប្រព័ន្ធការពារដែនអាកាស​បាញ់ស្ទាក់ទម្លាក់ជាមុន ប៉ុន្តែ សំឡេងស៊ីរ៉ែនស្រែករោទិ៍​ដាស់តឿន​ឲ្យ​ប្រជាជន​រត់រក​កន្លែងពួនជ្រក ដើម្បី​គេច​ចេញ​ពី​ការវាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។យុទ្ធសាស្រ្តវាយប្រហារ​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ខុសប្លែក​ពីលើកមុនៗយ៉ាងដូចម្តេចនៅព្រឹកថ្ងៃ​សៅរ៍​ទី ៧​តុលា ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាន​បើកការប្រហារទ្រង់ទ្រាយធំ និង​គួរ​ឲ្យភ្ញាក់ផ្អើល រន្ធត់ខ្លាំង សម្រាប់​ប្រជាជន​អ៊ីស្រាអែល ព្រោះថា ក្រៅពី​បាញ់ស្រោចគ្រាប់រ៉ូកែត ជាង ៥០០០គ្រាប់​សំដៅ​ទឹកដី​អ៊ីស្រាអែល តាំងពី​ម៉ោង​៦កន្លះព្រឹក ម៉ោង​ដែល​ប្រជាជន​អ៊ីស្រាអែល​កំពុងលង់លក់ក្នុង​ដំណេក ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅបាន​បើកប្រតិបត្តិការ​វាយប្រហារពិសេសមួយទៀត នោះគឺការបញ្ជូនក្រុមប្រដាប់អាវុធ វាយលុកចូលផ្ទាល់​ក្នុង​ទឹកដី​អ៊ីស្រាអែល។តាម​កងទ័ព​អ៊ីស្រាអែល នៅបន្ទាប់ពីមានការបាញ់ស្រោចគ្រាប់រ៉ូកែតសំដៅអ៊ីស្រាអែល សកម្មជនប្រដាប់អាវុធ​របស់​ក្រុមហាម៉ាស​ជាច្រើន​នាក់​បានចូលទឹកដី​អ៊ីស្រាអែល តាម​ផ្លូវទឹក ដូចជាការប្រើទូក និង​តាមផ្លូវអាកាស តាមរយៈ​ការប្រើឆ័ត្រយោងហោះសម្រូតខ្លួន​ចូល​ដីអ៊ីស្រាអែល។ រូបភាពវីដេអូ​នៅលើ​បណ្តាញសង្គម ដែល​ទីភ្នាក់ងារព័ត៌មាន​បរទេស​មិនទាន់​អាច​បញ្ជាក់​ប្រភព​បាន​បង្ហាញ​មនុស្ស​ប្រដាប់អាវុធ បិទមុខ​ជាច្រើននាក់ ដើរឆ្លង​របង​លួស គេកាត់ទម្លុះ នៅ​ព្រំប្រទល់ហ្កាហ្សាជាមួយ​អ៊ីស្រាអែល។ រូបភាពវីដេអូខ្លះ​បង្ហាញ​យុវជន​ប៉ាឡេស្ទីនឡើងជាន់រថក្រោះ​ដែលគេចូល​វាយបំផ្លាញ នៅក្រោយ​ប្រតិបត្តិការរបស់​ក្រុមប្រដាប់អាវុធ ឬ​ការរឹបអូសយកបាន​រថយន្ត​ពី​ទាហានអ៊ីស្រាអែល​ដែលគេបើកបរពេញ​ទីក្រុង​ហ្សាហ្សា។ អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន បានផ្ទុះសង្រ្គាម​ប្រយុទ្ធគ្នា ចំនួន​៤លើក គិត​ចាប់តាំង​ពី​ក្រុមហាម៉ាស ចូលគ្រប់គ្រង​តំបន់​ហ្កាហ្សា នៅ​ឆ្នាំ ២០០៧។ កន្លងមក ក្រុមហាម៉ាស​បាញ់តែគ្រាប់រ៉ូកែត​សំដៅ​ទឹកដី​អ៊ីស្រាអែល ហើយ​វា​ជា​រឿង​ដ៏​កម្របំផុត ដែល​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បញ្ជូន​បាន​សម្រេច ក្រុមប្រដាប់អាវុធ​របស់​ខ្លួន​ទៅ​ប្រយុទ្ធអុកឡុក​ក្នុងទឹកដីអ៊ីស្រាអែល។ សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ដែលរស់នៅ​ទីក្រុង​ភាគខាងត្បូង ជាប់​ទឹកដីហ្កាហ្សា នេះជាលើកទី១​ដែលការវាយប្រហារ​របស់​ក្រុមហាម៉ាស​ធ្វើ​ឲ្យ​ពួកគេ​ភ័យខ្លាចបំផុត។ មុនៗ ពួកគេ​មានសុវត្ថិភាព នៅក្រោយ​រត់ដល់​កន្លែងជ្រក​ពី​ការវាយប្រហារ​របស់​គ្រាប់រ៉ូកែត។ ម្យ៉ាង​គ្រាប់រ៉ូកែត​សឹងទាំងស្រុងរបស់​ពួកហាម៉ាស​ប៉ាឡេស្ទីន​ត្រូវ​ប្រព័ន្ធខែលមីស៊ីល​របស់​កងទ័ពអ៊ីស្រាអែល​បាញ់ស្ទាក់ នៅលើ​មេឃ​មិន​ឲ្យធា្លក់ដល់ដី ប៉ុន្តែ ការវាយប្រហារ​របស់​ចលនាហាម៉ាស​ប៉ាឡេស្ទីនលើកនេះ សាហាវជាងលើកមុនៗ ព្រោះក្រៅពីបាញ់គ្រាប់រ៉ូកែត ក្រុមហាម៉ាស​បញ្ជូន​ក្រុមប្រដាប់អាវុធ​របស់ខ្លួន​ឲ្យ​ចូលទៅដើរបាញ់​សម្លាប់​ប្រជាជនអ៊ីស្រាអែល ដល់​ក្នុងទឹកដី​អ៊ីស្រាអែល។កាសែត​ក្នុងស្រុក​អ៊ីស្រាអែល​ចុះផ្សាយ​នៅថ្ងៃ​សៅរ៍នេះ​ថា កងកម្លាំងរក្សាសន្តិសុខ​អ៊ីស្រាអែល​បាញ់តបតជាមួយ​ក្រុមប្រដាប់អាវុធ ដែលបាន​ដើរ​បាញ់រះលើ​អ្នកដំណើរ​តាមផ្លូវ ក្នុង​ទីក្រុង​Sderot នៅ​ភាគខាងត្បូង​អ៊ីស្រាអែល។រូបភាពរបស់​ទីភ្នាក់ងារព័ត៌មានអន្តរជាតិ​បាន​បង្ហាញប្រជាជន​អ៊ីស្រាអែល​ត្រូវ​ក្រុមប្រដាប់អាវុធ​ចាប់ជំរិតជា​ចំណាប់ខ្មាំង ចំណែក​សាកសព​ជនជាតិអ៊ីស្រាអែល​ដែលកុម្ម៉ង់ដូរ​ប៉ាឡេស្ទីន​បាញ់សម្លាប់ នៅរណូករណែល​តាមផ្លូវ។អ្វីជាដើមចមដែលធ្វើឲ្យ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាញ់ស្រោចគ្រាប់រ៉ុកក្កែត​ទៅលើ​អ៊ីស្រាអែល?ការវាយប្រហារ​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ដែលបានធ្វើ​ឲ្យ​អ៊ីស្រាអែល​ភ្ញាក់ផ្អើល រន្ធត់ខ្លាំង កើតឡើង ​នៅមួយថ្ងៃ​ក្រោយ​ដែល​អ៊ីស្រាអែល​រំលឹកខួប​៥០ឆ្នាំ​នៃ​Yom Kippur សង្រ្គាមវាយប្រហារ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រទេស​អារ៉ាប់ នាំមុខ​ដោយ​អេហ្ស៊ីប និង​ស៊ីរី ដើម្បី​ដណ្តើមយកទឹកដីដែល​អ៊ីស្រាអែល​យកមកកាន់កាប់ ក្រោយ​ជ័យជំនះ​របស់អ៊ីស្រាអែល ក្នុង​សង្រ្គាម៦ថ្ងៃ កាលពីឆ្នាំ ១៩៦៧។(កាលពី​៥០ឆ្នាំ មុន នៅថ្ងៃទី ៦ តុលា ឆ្នាំ ១៩៧៣ អេហ្ស៊ីប និង​ស៊ីរី​ដែល​ចាញ់ ​អ៊ីស្រាអែល នៅក្នុង​សង្រ្គាម​៦ថ្ងៃ ​ឆ្នាំ ១៩៦៧ បាន​រួមគ្នា​បើក​ការវាយប្រហារ ដោយ​សង្រ្គប់ ដោយ​មិនឲ្យអ៊ីស្រាអែលដឹងខ្លួនមុន ក្នុងគោលដៅ​ដណ្តើមយក​ទឹកដីរបស់ខ្លួន ពីអ៊ីស្រាអែល​មកវិញ។ ទោះ​អ៊ីស្រាអែល​ជា​អ្នកឈ្នះ សង្រ្គាម​៣សប្តាហ៍ ដែលបានសម្លាប់ទាហាន​អ៊ីស្រាអែល ២៦០០នាក់ និង​យ៉ាងតិច ៩០០០នាក់ នៅចំណែក​ក្រុមប្រទេស​អារ៉ាប់ អ៊ីស្រាអែល​បាន​បាត់បង់ទឹកដី​ស៊ីណៃ​ទៅ​ឲ្យអេហ្ស៊ីប ប៉ុន្តែ តំបន់ខ្ពង់រាប​ហ្គោឡង់​របស់ស៊ីរី នៅតែស្ថិតក្រោម​ការកាន់កាប់របស់​អ៊ីស្រាអែល​រហូតមកដល់​សព្វថ្ងៃ។)ដូច​ប្រទេស​អារ៉ាប់​កាលពី​៥០ឆ្នាំមុន ចលនា​ហាម៉ាសប៉ាឡេស្ទីន​បាន​យកគំរូតាម ដោយ​បើកការវាយប្រហារទៅលើ​អ៊ីស្រាអែល នៅចំពេល​ដែលអ៊ីស្រាអែល​មិន​បាន​​ប្រុងប្រៀបខ្លួនទុកជាមុន ជាពិសេស នៅថ្ងៃ បុណ្យ​ចុងក្រោយ​របស់​ជនជាតិជ្វីវ នៅថ្ងៃ​សៅរ៍។ ក្រុមហាម៉ាស​បាញ់ស្រោច​គ្រាប់រ៉ូកែត​ទៅលើ​អ៊ីស្រាអែល​លើកនេះ ដោយ​គ្មានព្រឹត្តិការណ៍​សំខាន់ ណាមួយ​កើតឡើង​នោះទេ។ ប៉ុន្តែ ការវាយប្រហារ​របស់​ក្រុមហាម៉ាស ទៅលើ​អ៊ីស្រាអែល កើតឡើង នៅ​ក្នុង​កាលៈទេសៈ ដែល​ប្រជាជន​ប៉ាឡេស្ទីន និង​អាជ្ញាធរ​អ៊ីស្រាអែល​ឧស្សាហ៍ប៉ះទង្គិច តានតឹង​នឹងគ្នា កាន់តែខ្លាំង​នៅ​តំបន់​ជេរូសាឡឹមដែលអ៊ីស្រាអែល​កាន់កាប់ដោយ​ខុសច្បាប់អន្តរជាតិ។ នៅក្នុង​សារសំឡេង នៅថ្ងៃ​សៅរ៍ ​មេបញ្ជាការរបស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ម៉ូហាម៉េដ អាលឌេអ៊ីហ្វ Muhammad Al-Deif​ បាន​​ប្រកាស​បើក​ប្រតិបត្តិការ​ព្យុះ Al Aqsa ដើម្បី​សងសឹក​ឲ្យ​ស្ត្រីប៉ាឡេស្ទីន ដើម្បី​ឆ្លើយតប​នឹង​ការបង្រ្កាបហិង្សា​របស់​អាជ្ញាធរអ៊ីស្រាអែល​ទៅលើ​ប្រជាជនប៉ាឡេស្ទីន​នៅ​វិហារទីសក្ការៈអ៊ីស្លាម នៅ​ជេរូសាឡឹម និង​ដើម្បីវាយបក​នយោបាយ​បិទខ្ទប់របស់អ៊ីស្រាអែល​ទៅលើ​តំបន់ហ្កាហ្សា។តាំង​ពី​បទឈប់បាញ់​នៅ​ឆ្នាំ ២០២១ នៅបន្ទាប់ពីត្រូវទ្រមខ្លួន​យ៉ាងដំណំ ដោយសារ​ការវាយប្រហារដ៏សន្ធឹក​របស់​កងទ័ព​អ៊ីស្រាអែល​ដែលបាន​សម្លាប់​ថ្នាក់ដឹកនាំ​សំខាន់ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហាម៉ាស ដូចជា​រូងក្រោមដីជាដើម ក្រុមហាម៉ាស​បាន​អត់ធ្មត់​មិនលូកដៃ​ក្នុងជម្លោះ​ជាមួយអ៊ីស្រាអែល ដែលបើកការវាយប្រហារ​ទៅលើ​ក្រុមជីហាត​ប៉ាឡេស្ទីន​នៅ​ជំរំហ្សេនីនជាដើម។អ្នកតាមដាន​ស្ថានការណ៍​នៅតំបន់​ដើមបូព៌ា ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា ហ៊ានចេញមុខ​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល នៅពេលនេះ ដើម្បីទាក់ទាញ​ការគាំទ្រ​ពីប្រជាជនប៉ាឡេស្ទីន ក្នុងគោលដៅ ប្រជែង​ដណ្តើម​ឥទ្ធិពល​ពី​រដ្ឋអំណាច​ប៉ាឡេស្ទីន ដឹកនាំ​ដោយ​ក្រុមហ្វាតា។ ក្រុមហាម៉ាស​ចង់​បង្ហាញ​ទៅ​ប្រជាជន​ប៉ាឡេស្ទីន ថា ខ្លួន​គឺជាថ្នាក់ដឹកនាំ​តែម្នាក់គត់​ដែលជា​អ្នកចេញមុខ​ឈឺឆ្អាល ការពារ​ប្រជាជន​ប៉ាឡេស្ទីន​នៅចំពោះមុខ ការឈ្លានពាន ការធ្វើទុក្ខបុកម្មេញ អំពើហិង្សា​របស់​អាជ្ញាធរ​អ៊ីស្រាអែល។នៅ​ក្នុង​សារសំឡេង មេបញ្ជាការក្រុមហាម៉ាស​បានអំពាវនាវ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​នៅគ្រប់ទឹសទីដែលរងការធ្វើបាបជិះជាន់​របស់​អ៊ីស្រាអែល​ឲ្យឆ្លៀត​យក​ហេតុការណ៍​នៅថ្ងៃ​សៅរ៍នេះ​ដើម្បី​ងើបរើបំរះ សងសឹក តាមគ្រប់មធ្យោបាយ ដើម្បីគាស់រំលើង បណ្តេញ ក្រុមអាណានិម ឈ្លានពាន​ទឹកដីប៉ាឡេស្ទីន។ក្រុមហាម៉ាស​ចំណេញ ឬ​ខាត​ពី​វាយប្រហារ​លើ​អ៊ីស្រាអែល​លើកនេះ?មហិច្ឆតា​នយោបាយ​របស់​ចលនា​ហាម៉ាស គឺ​ដើម្បី​រម្លឹក​ឡើង​វិញ​ពី​វត្តមាន និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទីតាំង​ដែនដី​ប៉ាឡេស្ទីន​ផ្សេង​ទៀត​ក្រៅ​ពី​តំបន់​ហ្កាហ្សា។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ក្រុមហាម៉ាស មិនមែន​ជា​យុទ្ធសាស្រ្ត​យោធា។ ពួក​ហាម៉ាស​បាន​ដឹង​មុន​រួច​ជា​ស្រេច​ថា ខ្លួន​គ្មាន​ថ្ងៃ​នឹង​ទទួល​ជ័យជំនះ​ផ្លូវយោធា តាម​រយៈ​ការប្រើ​គ្រាប់រ៉ូកែត​បាញ់​ផ្លោង​ទៅ​លើ​អ៊ីស្រាអែល​នោះ​ឡើយ។ ជាក់ស្តែង ក្រោយការបាញ់ស្រោច​គ្រាប់រ៉ូកែត​ចេញពីតំបន់​ហ្កាហ្សា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​គំរាម​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ពីផលវិបាកដ៏ធ្ងន់ធ្ងរ​ដែល​ហ៊ាន​វាយប្រហារ​លើ​អ៊ីស្រាអែល​លើកនេះ។ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​គេ​បញ្ជូន​យន្តហោះចម្បាំងជាច្រើនគ្រឿង​ទៅវាយប្រហារ​តំបន់​ហ្កាហ្សា និង​កោះប្រមូល​ទាហាន​បម្រុង​រាប់ម៉ឺននាក់ ដើម្បីធ្វើសង្រ្គាមប្រយុទ្ធវាយបកលើ​ក្រុមហាម៉ាស។ចលនា​ហាម៉ាស​ដឹងច្បាស់ថា ខ្លួនប្រាកដជា​រងខូចខាតខ្លាំង ដោយសារ​ការវាយប្រហារតបដ៏ចាស់​របស់​កងទ័ព​អ៊ីស្រាអែល។ ប៉ុន្តែ ចលនា​ប៉ាឡេស្ទីន​ដែល​គ្រប់គ្រង​តំបន់ហ្កាហ្សា​មួយនេះ នៅតែ​ចង់​ជួយ​ឈឺឆ្អាល និង​កេណ្ឌ​ប្រមូល​កម្លាំង​វាយប្រហារ ទៅលើ​អ៊ីស្រាអែល ដើម្បី​ដាស់​ស្មារតី កន្ត្រាក់​អារម្មណ៍ លើ​រឿងរ៉ាវ​ដែល​បាន​កើត​មាន​ឡើង នៅ​ក្រៅ​តំបន់​ហ្កាហ្សា។ យុទ្ធសាស្រ្ត​ដែល​ពួក​ហាម៉ាស​បាន​ប្រើគឺ​យុទ្ធសាស្រ្ត​យាយី។ ការបាញ់ផ្លោង​គ្រាប់​រ៉ូកែត​ជា​សញ្ញា​មួយ​ដែល​ពួក​ហាម៉ាស​ចង់​ប្រាប់​អ៊ីស្រាអែល ដរាប​ណា​ប្រជាជន​ប៉ាឡេស្ទីន​មិន​អាច​រស់នៅ​ដោយ​សុខស្រួល ប្រជាជន​អ៊ីស្រាអែល​ក៏​មិន​អាច​រស់នៅ​ដោយ​សុខស្រួល​ដែរ។ម្យ៉ាង​ការវាយប្រហារ​របស់​ក្រុមហាម៉ាស​លើកនេះ​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ចងចាំ​ទុកជាមេរៀន។ ទោះក្រុមហាម៉ាស​នឹងត្រូវ​កងទ័ពអ៊ីស្រាអែលវាយបង្រ្កាបវិញ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហាម៉ាស​បាន​ធ្វើ​អ៊ីស្រាអែល​ភ័យបុកពោះ​មិនតិចដែល នៅពេល អ៊ីស្រាអែល​មិន​បាន​ប្រុងប្រៀប​ខ្លួន​ទុកជាមុន​ទេ ថា​មាន​កងកុម្ម៉ង់ដូរ​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន អាច​បញ្រ្ជៀតខ្លួន​ចូល​ទៅ​វាយប្រហារ​លើ​ប្រជាជន​ និង​ទីតាំង​យោធាដល់​ក្នុងទឹកដីអ៊ីស្រាអែល។
10/7/20239 minutes, 2 seconds
Episode Artwork

អាមេរិក៖ លោក​ Kevin McCarthy ត្រូវ​ធ្លាក់ពីកៅអីប្រធានសភា​តំណាង

ជាលើកទី​១ក្នុង​ប្រវត្តិសាស្ត្រ នៃ​នយោបាយ​សហរដ្ឋអាមេរិក ដែលប្រធានសភាតំណាង ត្រូវគេ​បោះឆ្នោត​ទាញទម្លាក់​ពីមុខងារ​។ ថ្ងៃទី៣តុលា២០២៣ លោក Kevin McCarthy សមាជិកសភាបក្សសាធារណរដ្ឋ ដែលត្រូវបាន​គេបោះឆ្នោត​​តែងតាំងឲ្យ​ធ្វើជាប្រធានសភាតំណាង កាលពី​ខែ​មករា ត្រូវបាន​សមាជិក​សភាបោះឆ្នោត ដកចេញពី​តំណែងដ៏ធំមួយនេះ​ តាមរយៈសំឡេងឆ្នោត ២១៦យល់ព្រម​ ទល់នឹង ២១០មិនព្រម​។ ក្នុងចំណោមអ្នកដែល​បាន​បោះឆ្នោតយល់ព្រមបញ្ចប់​មុខតំណែងរបស់​លោក​ Kevin McCarthy គឺមាន​សមាជិក​សភាបក្ស​សាធារណរដ្ឋគ្នាឯង ចំនួន​៨នាក់​។ ភ្លាមៗក្រោយ​ដឹងលទ្ធផល​ឆ្នោត លោក​ Kevin McCarthy បាន​ថ្លែងទៅកាន់អ្នកកាសែតថា លោក​បានកាន់ការងារជាប្រធានសភាតំណាង វាគឺជាកិត្តិយសធំធេងណាស់សម្រាប់​លោក។ លោកបាន​អះអាងប្រកបដោយ​មោទនភាព​ ថាលោកបានធ្វើការងារនេះ ប្រកបដោយឆន្ទៈបង្រួបបង្រួម សម្រុះសម្រួល ដើម្បីប្រយោជន៍ជាតិជាធំ។ ទន្ទឹមគ្នានេះ លោក​បានបញ្ជាក់ថា លោក​នឹង​មិនស្នើបេក្ខភាព​លោកសាជាថ្មី ដើម្បី​ឲ្យ​គេ​បោះឆ្នោតជ្រើសរើសធ្វើជាប្រធានសភាម្តងទៀតនោះទេ។​បរិយាកាសហែកហួរគ្នា​ ក្នុងបក្ស​សាធារណរដ្ឋស្ថានការណ៍​រញ៉េរញ៉ៃនៅ​សភាតំណាង របស់សហរដ្ឋអាមេរិក បានស្តែងឲ្យឃើញពី​ការបាក់បែក​ឈ្លោះប្រកែកគ្នា រវាង​ក្រុមសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅក្នុងសភានេះ​។ យ៉ាងណាមិញ ការបោះឆ្នោត​តែងតាំងលោក​ Kevin McCarthy កាលពីខែ​មករា ត្រូវបាន​ធ្វើឡើងទាំងបង្ខំ និងត្រដាបត្រដួសរួចទៅហើយ ដោយឆ្លងកាត់​ការធ្វើសម្បទាន​ជាច្រើនចំណុច មុននឹង​ក្រុមសមាជិកសភាបក្សសាធារណរដ្ឋយល់ព្រមបោះឆ្នោត​។តែមកទល់ពេលនេះ ជម្លោះ​ប្រេះឆា ហាក់កាន់តែរីកធំនៅ​ក្នុងបក្សនេះ ខណៈក្រុមសមាជិកសភាដែលស្និទ្ធនឹងលោក​ដូណាល់ ត្រាំ បាននាំគ្នា​តវ៉ារិះគន់មិនសំចៃមាត់ ទៅលើ​លោក​ Kevin McCarthy។ គឺសមាជិក​សភាម្នាក់ មកពី​រដ្ឋផ្លរីដា ឈ្មោះ Matt Gaetz ដែលជាអ្នកចេញមុខ ដំឡើងសំឡេងខ្លាំងជាងគេ។ គឺលោក​ Matt Gaetz រូបនេះហើយ​ដែលជាអ្នក ស្នើ​ឲ្យ​មាននីតិវិធីបោះឆ្នោត​ទម្លាក់​លោក Kevin McCarthy នៅថ្ងៃ​ទី​៣​តុលា។​មុនពេល​បោះឆ្នោតបានចាប់ផ្តើម នៅរសៀលថ្ងៃអង្គារ​​ អង្គសភាទាំងមូល​ បានក្លាយ​ជាវេទិការ ស្រែក​ចោទ រិះគន់គ្នាទៅវិញទៅមក យ៉ាងទ្រហឹងអឺងកង រវាង​ក្រុមសមាជិកសភាបក្ស​សាធារណៈរដ្ឋដូចគ្នា​ ដែលបានពុះចែកជា២ក្រុម​ ម្ខាំង​ប្រឆាំងម្ខាងគាំទ្រលោក Kevin McCarthy។ ចំណែក​ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ ដែលសាមគ្គីធ្លុងមួយ អង្គុយស្ងាត់ស្ងៀម តាមដាន​មើល​ទស្សនីយភាពឈ្លោះប្រកែកគ្នានេះយ៉ាងហួសចិត្តបំផុត​។ហេតុអ្វី​ លោក Kevin McCarthy ត្រូវមនុស្សក្នុងបក្សរិះគន់?លោក​ Matt Gaetz ដែល​ដឹកនាំក្រុម​ប្រឆាំង​នឹងលោក​ លោក Kevin McCarthy បានលើកឡើងថា គ្មាន​នរណាមានទំនុកចិត្ត​ លើលោក Kevin McCarthy ទៀតទេ ព្រោះលោក​ម្នាក់​នេះ បាន​ធ្វើរឿងបញ្ច្រាសទិស​ជាច្រើនលើកច្រើនសារ។ ដូច្នេះ ត្រូវតែដូរប្រធានសភាថ្មី ដែល​ល្អជាងនេះ​។​ សមាជិក​សភាស្និទ្ធនឹងលោក​ត្រាំរូបនេះ បានចោទថាលោក Kevin McCarthy បាន​ចរចាជាមួយពួក​បក្សប្រជាធិបតេយ្យ ដើម្បីបើកកញ្ចប់ថវិកាបណ្តោះអាសន្ន​ ក្នុងកម្មវត្ថុ​បញ្ចៀស​ បញ្ហា Shut Down។ លោក​ម្នាក់បានអះអាងទៀតថា លោក​ Kevin McCarthy បានចរចាដោយសម្ងាត់ ជាមួយ​លោកចូ បៃដិន ទាក់ទិននឹងកញ្ចប់ថវិកាជួយ​អ៊ុយក្រែន​។គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សសាធារណរដ្ឋ ដែលមានទំនោរស្តាំនិយមខ្លាំង ហើយដែលស្និទ្ធគាំទ្រលោកដូណាល់ ត្រាំ មានចេតនារារាំងការបោះឆ្នោតច្បាប់ថវិកាជាតិ ទុក​ឲ្យ​ប្រទេសជួបបញ្ហា Shut Down ដើម្បីយកលេសនេះដាក់សំពាធ​លើ​​រដ្ឋាភិបាល​លោក ចូ បៃដិន​។ បន្ថែមពីនេះ ក្រុមគាំទ្រលោក​ដូណាល់ត្រាំ ​ប្រឆាំងដាច់ខាត ចំពោះគំរោងកញ្ចប់​ថវិកាថ្មី ប្រមាណ២៤ពាន់លានដុល្លារ ដែលរដ្ឋបាល​លោកចូ បៃដិន បានស្នើដើម្បីយកទៅជួយអ៊ុយក្រែន​​។ ក្រុម​សមាជិក​សភាទាំងនេះ លើកឡើងថា រដ្ឋអាមេរិកគួរណាតែទុកប្រាក់ យកទៅ​ចំណាយលើ​ការ​គ្រប់គ្រងជន​​អន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែនជាមួយ​ម៉ិកស៊ិកវិញ។ឆ្លើយទៅកាន់អ្នកកាសែត លោក Kevin McCarthy បានអះអាងថា លោក​មិនសោកស្តាយ​ទេ ដែលបាន​ចរចា រក​ការស្រុះស្រួលមតិ ជាមួយ​បក្សប្រជាធិបតេយ្យ។ វាគឺជាការងារចាំបាច់ ដើម្បី​ការពារផលប្រយោជន៍ជាតិ ជាជាងការប្រកាន់បក្សពួករឹងរូសតែម្ខាងៗ។ឈានចូលដំណាក់កាលចលាចលក្នុងពេល​បោះឆ្នោត កាលពីថ្ងៃអង្គា លោក​ Tom McClintock សមាជិកសភា​ម្នាក់នៃបក្សសាធារណរដ្ឋ បាន​លើកឡើងថា យើងកំពុងតែនាំគ្នាដើរដល់មាត់ជ្រោះហើយ សូមគ្រប់គ្នាដកថយមកវិញ ពិចារណាច្បាស់មុននឹង​ធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់​។ លោក​បានបន្តថា សភាតំណាងនឹងឈានចូលក្នុងតំណាក់កាលរាំងស្ទះ ធ្វើអ្វីលែងកើត នៅពេល​ដែល​គ្មានប្រធាន​។លោកដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Trust Social  ដោយចោទសួរថា “ហេតុអ្វីបាន​ បានជាពួកសាធារណរដ្ឋ គិតតែនាំគ្នាឈ្លោះប្រកែកគ្នា ហើយបែរជាមិនព្រមរួមកម្លាំងគ្នា ប្រយុទ្ធនឹងពួកឆ្វេងនិយមជ្រុល​ ដែលកំពុងតែបង្កគ្រោះថ្នាក់ដល់​ប្រទេសទៅវិញ?"ចំណែក​លោកចូ បៃដិនវិញ តាមរយៈអ្នកសម្តីរបស់​លោកស្រី Karine Jean-Pierre អ្នកនាំពាក្យ​សេតវិមាន បាន​អំពាវនាវឲ្យសភាតំណាង ត្រូវតែជ្រើសរើសប្រធានថ្មី ឲ្យ​បានឆាប់ជាទីបំផុត ព្រោះថាសហរដ្ឋអាមេរិក មានរឿងធំៗ និងសំខាន់ៗ ដែលត្រូវចាត់ចែងច្រើនណាស់ មិនអាចរាំងស្ទះបានទេ។ជាការពិតណាស់ ជាមួយ​នឹង​ការ​បោះឆ្នោត​ទម្លាក់​ប្រធានសភា​ពីតំណែង ជាលើកទី១នៃប្រវត្តិសាស្ត្រនេះ គឺនយោបាយ​អាមេរិកបានឈានជើងចូលក្នុងតំណាក់​កាលមួយ​ ដ៏ចលាចលបំផុត​។ សភាតំណាង​ បានទុកពេល​១សប្តាហ៍ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានសភាថ្មី មកជំនួស​លោក Kevin McCarthy។ យោងតាមការវិភាគខ្លះ រយៈពេល១​សប្តាហ៍នេះ គឺខ្លឺណាស់ បើយើងក្រឡេកទៅមើលជម្រៅដ៏ជ្រៅ​ នៃ​ការឈ្លោះប្រកែកគ្នា រវាង​ក្រុមសមាជិកសភាបក្សសាធារណ​រដ្ឋ។ គេមិនសង្ឃឹមថា បក្សសាធារណរដ្ឋ អាចនឹងស្រុះស្រួលគ្នា ជ្រើសរើសមនុស្សថ្មីម្នាក់ទៀត មកបានដោយ​ងាយនោះឡើយ​។ សមាជិកសភាខ្លះបានថែមទាំង​ ចង់ស្នើឈ្មោះលោកដូណាល់ ត្រាំ ឲ្យ​មកធ្វើជាប្រធានសភាថែមទៀតផង៕
10/4/20236 minutes, 9 seconds
Episode Artwork

ការផ្អាកជំនួយយោធារបស់​អាមេរិក​នឹង​ជះផលអាក្រក់​ដល់កងទ័ពអ៊ុយក្រែន?

ដោយ​ប្រផិតប្រផើយបំផុត អាមេរិក​បានជៀស​រួចផុត វិបត្តិ​ថវិកា កាលពីយប់​ថ្ងៃ​សៅរ៍ទី ៣០​កញ្ញា នៅ​បន្ទាប់ពី​សភា​ឯកភាពគ្នា នៅនាទីចុងក្រោយ លើ​កិច្ចព្រមព្រៀង​ស្តី​កញ្ចប់ថវិកាថ្មី​របស់​រដ្ឋាភិបាល​អាមេរិក ដែលគ្មាន​ខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន។ ជាមួយកិច្ចព្រមព្រៀងស្តីពី​កញ្ចប់ថវិកាថ្មី មន្រ្តីរដ្ឋាភិបាល​អាមេរិក​ជាង​១លាន​៥សែននាក់ បាន​ធូរទ្រូង គេចផុត​ពី​វិបត្តិ​Shutdown រយៈពេល​៤៥ថ្ងៃ ប៉ុន្តែ ប្រជាជន និង​កងទ័ព​អ៊ុយក្រែន ដែល​ពឹងផ្អែកលើ​​កញ្ចប់ជំនួយ​ធំ​ពី​អាមេរិក អ៊ុយក្រែន​កំពុង​ប្រឈម​អនាគត​មិន​ច្បាស់លាស់។ នៅ​យប់ថ្ងៃសៅរ៍ ទី​៣០​កញ្ញា អាមេរិក​បាន​គេចផុត​ពី​វិបត្តិ​Shutdown រយៈពេល​៤៥ ថ្ងៃ បន្ទាប់ពី​សភាទាំងពីរថ្នាក់​បោះឆ្នោត ដោយ​សំឡេង​ភាគច្រើន អនុម័ត​កញ្ចប់​ថវិកា​ថ្មី​របស់​រដ្ឋាភិបាល។ កិច្ចព្រមព្រៀងបណ្តោះអាសន្ន​ដែលមាន​រយៈពេល​៤៥ថ្ងៃ គ្មានរាប់បញ្ចូល​ខ្ទង់ចំណាយ​សម្រាប់​ជួយអ៊ុយក្រែន ដែល​ជា​ចំណុចប្រទាញប្រទង់គ្នា​រវាង​ក្រុមសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើន​នៅ​សភាអ្នកតំណាងរាស្រ្ត និង​ក្រុម​ប្រជាធិបតេយ្យ​របស់​លោក​ចូ បៃដិន។កញ្ចប់​ជំនួយ​របស់​អាមេរិក​សម្រាប់​អ៊ុយក្រែន​មាន​អ្វីខ្លះចាប់តាំងពីផ្ទុះមានសង្រ្គាមរុស្ស៊ីឈា្លនពានអ៊ុយក្រែន នៅខែ​កុម្ភៈ ឆ្នាំ ២០២២ អាមេរិកបានក្លាយជា​ប្រទេស​នាំមុខគេខាង​ផ្តល់ជំនួយ សម្រាប់​អ៊ុយក្រែន។ តាម​វិទ្យាស្ថានអាល្លឺម៉ង់សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ឈ្មោះ Kiel រដ្ឋបាល​លោក​ចូ បៃដិន​បាន​បញ្ចេញ​ថវិកា​៧៥ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​អ៊ុយក្រែន ក្នុង​ផ្នែកយោធា មនុស្សធម៌ និង​ហិរញ្ញវត្ថុ។ជាមួយកញ្ចប់ថវិកា​ជំនួយ​របស់ប្រទេស​លោកខាងលិច នាំមុខ​ដោយអាមេរិក រដ្ឋាភិបាល​អ៊ុយក្រែន​មាន​​ថវិកា​សម្រាប់​បើកប្រាក់ខែ​ឲ្យ​មន្រ្តីរដ្ឋការ ជួយ​ប្រជាជន​អ៊ុយក្រែន ដែល​រងគ្រោះ​ដោយសារ​ការវាយប្រហារមីស៊ីល​របស់​រុស្ស៊ី។ ប៉ុន្តែ គឺ​កញ្ចប់ជំនួយយោធា​របស់អាមេរិក ដែល​អ៊ុយក្រែន​ត្រូវការ​ខ្លាំង​ជាងគេ។ដើម្បី​ជួយ​កងទ័ពអ៊ុយក្រែន ប្រយុទ្ធដណ្តើម​ទឹកដី​ពីរុស្ស៊ី អាមេរិក​បាន​បង្កើនជំនួយយោធា​កាន់តែ​ច្រើន ក្រាស់ក្រែល​ដល់​អ៊ុយក្រែន។ នៅ​ខែ ឧសភា ឆ្នាំ ២០២២ ពោល​៣ខែ​ក្រោយ​រុស្ស៊ី​បើកការវាយប្រហារ លើ​អ៊ុយក្រែន អាមេរិក​បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ដ៏​ធំ ប្រមាណ ៤០​ពាន់លាន​ដុល្លារ សម្រាប់ជួយ​កងទ័ព​អ៊ុយក្រែន។តើ​ការផ្អាក​ជំនួយ​របស់​អាមេរិក​ប៉ះពាល់​ប៉ុណ្ណា​ដល់​សមរភូមិ​ប្រយុទ្ធ​របស់​អ៊ុយក្រែន?នៅ​ក្នុង​ជំនួយ​៧៥​ពាន់​លាន​ដុល្លារ ដែលអាមេរិកបានផ្តល់ទៅ​ឲ្យ​អ៊ុយក្រែន កញ្ចប់​ជំនួយ​យោធា​របស់​អាមេរិកសម្រាប់អ៊ុយក្រែន មាន​ច្រើន​ជាងគេ ប្រមាណ​៤២,៨ពាន់លានដុល្លារ ពោល​គឺ​ស្មើនឹង​ពាក់កណ្តាលនៃកញ្ចប់​ជំនួយយោធា​របស់​ប្រទេស​លោកខាងលិច​បូកសរុបចូលគ្នា សម្រាប់​ជួយ​អ៊ុយក្រែន នៅក្នុង​សមរភូមិ​ប្រយុទ្ធតទល់​នឹង​កងទ័ពរុស្ស៊ី។ ជា​ការប្រៀបធៀប ជំនួយយោធា​របស់​អង់គ្លេស ដែលស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពីអាមេរិក​ មានតែ ជាង ៦ពាន់លាន​ដុល្លារប៉ុណ្ណោះ គឺតិចតួច​ជាង​អាមេរិក ឆ្ងាយណាស់។កញ្ចប់ជំនួយ​យោធា​របស់អាមេរិក​ដើរតួនាទី​សំខាន់ណាស់​សម្រាប់​ជួយ​កងទ័ពអ៊ុយក្រែន ​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​ដណ្តើមទឹកដី​ពី​រុស្ស៊ី។ ជាក់ស្តែង ជាមួយ​កញ្ចប់ជំនួយយោធា​របស់អាមេរិក អ៊ុយក្រែន​បានទទួល​គ្រឿងសព្វាវុធទំនើបៗ​របស់អាមេរិក ដូចជា ប្រព័ន្ធខែលមីស៊ីល យន្តហោះចម្បាំង F-16 រ ថក្រោះដ៏ទំនើបរបស់អាមេរិក Abraham មីស៊ីល​ប្រឆាំង​រថក្រោះ ដ្រូន និងកាំភ្លើងធំ ដែលបានជួយ​កងទ័ព​អ៊ុយក្រែន​រហូតមក​ឲ្យ​ដណើ្តមយកបានភូមិ និង​វាយប្រហារ​ដល់​ទីតាំងស្តុកអាវុធ របស់​រុស្ស៊ី នៅក្នុង​តំបន់​ដុនបាស់។អ៊ុយក្រែន​ត្រូវការ​សព្វាវុធ កញ្ចប់ជំនួយ​យោធា​របស់​អាមេរិក ដើម្បីវាយដណ្តើមទឹកដី​ពីរុស្ស៊ី។ ដូច្នេះ បើតាម​អ្នកជំនាញ ការផ្អាកព្យួរ​ជំនួយយោធា​ណាមួយ​របស់​អាមេរិក​ជា​ដំណឹងដ៏អាក្រក់បំផុត​សម្រាប់​អ៊ុយក្រែន ព្រោះវាកើតឡើង​ចំពេល​ដែល​អ៊ុយក្រែន​កំពុងត្រូវការខ្លាំង ចំនួន​សព្វាវុធ​សម្រាប់​ធ្វើសង្រ្គាមប្រឆាំង​រុស្ស៊ី។ តាម​អ្នកជំនាញ ការផ្អាកព្យួរ​ជំនួយយោធា​របស់អាមេរិក​សម្រាប់អ៊ុយក្រែននឹង​មិនទាន់ហុចផលវិបាកភ្លាមៗ​សម្រាប់​កងទ័ពអ៊ុយក្រែន ព្រោះថា គេ​នៅ​តែ​មាន​សព្វាវុធ​របស់​អាមេរិក ដែល​ត្រូវ​បាន​បញ្ជូនទៅ​ឲ្យ​អ៊ុយក្រែន នៅក្នុង​កញ្ចប់ថវិកាជំនួយមុនៗ។ប៉ុន្តែ ផលប៉ះពាល់ ដោយសារ​ការផ្អាកកញ្ចប់ជំនួយ​ថ្មី​របស់អាមេរិក សម្រាប់​អ៊ុយក្រែន នឹង​អាច​កើតមាន នៅ​ពេលខាងមុខ នៅ​ពេល​កងទ័ពអ៊ុយក្រែន​ត្រូវ​ដាច់​អាវុធ លែងមាន​ក្នុង​ស្តុក​មួយរយៈ ទម្រាំ​មានការបញ្ជូន​ជំនួយយោធា​សាជាថ្មី សម្រាប់អ៊ុយក្រែន។មួយវិញទៀត ដោយសារ​ការផ្អាកកញ្ចប់ជំនួយយោធា​របស់អាមេរិក ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន ដែលពឹងទាំងស្រុង​លើប្រព័ន្ធខែល​មីស៊ីលរបស់អាមេរិក ​ក៏អាច​ចុះទន់ខ្សោយ មិនអាច​ការពារ​ជីវិតប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ​ក្នុងក្រុង ពីការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី។តើ​ជំនួយយោធា​របស់អាមេរិក​សម្រាប់​អ៊ុយក្រែន​ឈាន​មក​ដល់​ចំនុច​មិន​ច្បាស់លាស់?រដ្ឋបាលលោក​ចូ បៃដិន​បាន​ដាក់​ខ្ទង់ចំណាយ ២៤ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​អ៊ុយក្រែន​នៅក្នុង​កញ្ចប់ថវិកាថ្មី​របស់​រដ្ឋសហព័ន្ធ ប៉ុន្តែ ប្រធាន​ក្រុមសំឡេង​ភាគច្រើន​របស់​បក្ស​សាធារណរដ្ឋ​បាន​ទាមទារ​ នៅ​នាទីចុងក្រោយ ឲ្យ​គេ​ដកខ្ទង់ចំណាយ​សម្រាប់ជួយ​អ៊ុយក្រែន ចេញ ទើប គេ​អាច​បោះឆ្នោតលើ​កិច្ចព្រមព្រៀង​ស្តីពីថវិកា។ និយាយ​ម្យ៉ាង​ថា អាមេរិកបានជៀសផុត​ពីវិបត្តិ​គ្មានប្រាក់បើក​ឲ្យបុគ្គលិក ដោយសារ​តែនៅក្នុង​កញ្ចប់ថវិកា​របស់រដ្ឋសហព័ន្ធ គ្មានទេ ខ្ទង់ចំណាយ​សម្រាប់ជួយ​អ៊ុយក្រែន។ជាង​១ឆ្នាំ​នៃ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន សំឡេង​ប្រឆាំង​នឹង​ការផ្តល់ជំនួយ​សម្រាប់អ៊ុយក្រែន មានកាន់តែច្រើនឡើង​នៅ​អាមេរិក។ តាម​ការស្ទង់មតិ របស់​ប្រព័ន្ធទូរទស្សន៍​CNN ប្រជាជន​អាមេរិក​៥៥%​ប្រឆាំងលែង​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែនតទៅទៀត និងថា រដ្ឋាភិបាលអាមេរិក​គួយកថវិកា​មក​ដោះស្រាយ​វិបត្តិក្នុងស្រុក ដូចជា​វិបត្តិជនអន្តោប្រវេសន៍។តាមមន្រ្តីសេតវិមាន​និយាយ​ថា នៅ​ប៉ុន្មានសប្តាហ៍ខាងមុខ រដ្ឋបាល​លោក​ចូ បៃដិន​នឹង​ដាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន ២៤ពាន់លាន​ដុល្លារសម្រាប់អ៊ុយក្រែនទៅ​ឲ្យ​សភាបោះឆ្នោត​សាជាថ្មី ប៉ុន្តែ គេ​មិន​សង្ឃឹមច្រើននោះទេ។សមាជិក​បក្ស​សាធារណរដ្ឋ ជាដើម ដែលមាននិន្នាការស្តាំនិយមជ្រុល និង​គាំទ្រ​អតីត​ប្រធានាធិបតី លោកដូណាល់ ត្រាំ បាន​ប្តេជ្ញាហើយថា គេ​នៅតែបន្ត​បោះឆ្នោត ប្រឆាំង​មិន​ឲ្យ​មានខ្ទង់​ចំណាយ​ថ្មី​សម្រាប់ជួយ​អ៊ុយក្រែននោះទេ ព្រោះបញ្ហាអាទិភាព​របស់អាមេរិក​នៅពេលនេះ មិនមែនសង្រ្គាម​អ៊ុយក្រែន ប៉ុន្តែ គឺបញ្ហា​របស់​ប្រជាជនអាមេរិកដែលកំពុងជួបវិបត្តិជនអន្តោប្រវេសន៍ធ្ងន់ធ្ងរ ដែល​លួច​ឆ្លងព្រំដែន​ម៉ិចស៊ិក ចូលទឹកដីអាមេរិក។ រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន វិញ អះអាងថា គេ​នឹង​ប្រឹងប្រែងបញ្ចុះបញ្ចូល​សមាជិកសភាអាមេរិក​ដើម្បី បោះឆ្នោត គាំទ្រ​កញ្ចប់​ថវិកាជំនួយ​សម្រាប់អ៊ុយក្រែន នៅក្រោយកិច្ចព្រមព្រៀង​បណ្តោះអាសន្ន ស្តីពីថវិការបស់​រដ្ឋសហព័ន្ធអាមេរិក​ត្រូវ​ចប់អស់សុពលភាព នៅ​៤៥ថ្ងៃ​ខាងមុខ៕
10/3/20236 minutes, 14 seconds
Episode Artwork

អាមេរិកចោទ​​ចិនផ្តាច់ការលើប្រព័ន្ធ​ឌីជីថល ប៉េកាំង​ថា​​អាមេរិក​ជាចក្រភព​ភូតភរ

ភាព​តាន​តឹង​រវាង​អាមេរិក​និង​ចិន​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ អស់​ពី​រឿងមួយ​ ​ចូល​រឿងមួយទៀត... នៅ​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញា​ ចិន​បាន​ ​ចោទ​អាមេរិក​ថា​ជា​ចក្រភព​ភូតភរ។ នេះ​ជា​​ប្រតិកម្ម​តបទៅ​នឹង​របាយការណ៍​អាមេរិក​ដែល​ថា​ប៉េកាំង​បាន​ប្រើ​អំណាច​ផ្តាច់ការ​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល។ នៅល្ងាច​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញា​ម្សិលមិញ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹងរបាយការណ៍អាមេរិកចេញ​ផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ទី​២៨​កញ្ញា។​ សម្រាប់​ក្រសួងការបរទេស​ចិន​ របាយការណ៍បញ្ជាក់​អំពី​​លក្ខណៈ​លម្អៀង​ការទូត​របស់​សហរដ្ឋ​អាមេរិក​។តើ​របាយការណ៍​អាមេរិក​រិះគន់​​ចិន​ដូច​ម្តេច​ខ្លះ?​របាយការណ៍​របស់មជ្ឈមណ្ឌល​ Global Engagement Center ដែល​ជា​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ព័ត៌មាន​ក្លែងក្លាយ​​នៃ​ក្រសួងការបរទេស​អាមេរិក ​បាន​ចោទ​ប៉េកាំង​ថា​បាន​ចំណាយ​​លុយអស់​​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​បើក​ប្រតិបត្តិការ​បំភ្លៃ​ព័ត៌មាននៅ​លើ​ពិភពលោក។ ប្រតិបត្តិការ​បំភ្លៃព័ត៌មាន​នេះ​មាន​ទម្រង់​ជា​ការ​ឃោសនាលើក​តម្កើង​ខ្លួន​​ ជា​ការ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ត្រួត​ពិនិត្យ​ដើម្បី​​បិទ​ខ្ទប់​ព័ត៌មាន​។ នេះ​ជា​​របៀប​គ្រប់គ្រង​​ផ្តាច់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល ដើម្បីកេង​ប្រវ័ញ្ញ​ពី​លើ​អង្គការ​អន្តរជាតិ​និង​ដោយ​ឃុំ​គ្រង​បណ្តាញ​ព័ត៌មាន​ជា​ភាសា​ចិន។ ជា​ល្បិច​ដែល​​ជួយ​ប៉េកាំង​​ឱ្យ​កែប្រែ​បរិស្ថាន​ព័ត៌មាន​នៅ​លើ​ពិភពលោក​បាន។សម្រាប់​អ្នក​សម្រប​សម្រួល​​របាយការណ៍ លោក James Rubin ​​ទង្វើ​​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិននេះ​​នឹង​បង្កើត​ឱ្យ​មាន​ច្រក និង​គម្លាត​​ដែល​​ប្រទេស​ជាតិ​នានាអាច​​សម្រេច​ចិត្តខុស ​បម្រើ​តែ​ផលប្រយោជន៍​​សេដ្ឋកិច្ច​និង​សន្តិសុខ​ចិន។ ​​​​បើ​គ្មាន​ការ​​ទប់​ស្កាត់​ទេ គឺ​ការ​បំភ្លៃ​ព័ត៌មានអាច​​បំផ្លាញ​ដោយ​យឺតៗ​និង​យ៉ាង​សន្សឹម​ៗ​ ​មូលដ្ឋា​ននៃ​លទ្ធិ​​ប្រជាធិបតេយ្យ​។ ការ​បំភ្លៃ​ព័ត៌មាន​អន្តរជាតិ​របស់​ចិន​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​ការទូត​មួយ​មុខ​ទេ ប៉ុន្តែ​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​សុចរិតភាព​នៃ​ដែន​ព័ត៌មាន​អន្តរជាតិ។នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ លោក James Rubin អតីត​អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​ពន្យល់​ទៀត​ថា នៅ​ពេល​ប្រមូលបំណែក​ឯកសារ​​មក​​ផ្គុំ​បញ្ចូល​គ្នា​ទៅ​ទើប​គេ​សង្កេត​ឃើញ​អំពី​មហិច្ឆតា​ដ៏​ធំ​ធេង​របស់​ចិន​ដែល​ចង់​គ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្នុង​​តំបន់​សំខាន់ៗនៃ​ផែនដី។ ឧទាហរណ៍​​នៅ​តំបន់​អាហ្វ្រិកខាង​កើត​ ​​​ចិន​បានប្រើ​វិធី​​បង់​ប្រាក់ទិញ​​កាសែត​ក្នុង​ស្រុក​សរសេរ​តែ​ព័ត៌មាន​ល្អ​។ចុងក្រោយ​ របាយការណ៍បាន​បរិហារ​​​លទ្ធិ​ផ្តាច់ការលើ​ប្រព័ន្ធ​ឌីជីថល​ ដោយ​​កេង​ពី​លើ​បណ្តាញ​សង្គម​Wechat សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងងក្លាយ​​ដៅ​ឱ្យ​ចំ​អ្នក​ចេះ​និយាយ​ភាសាចិន ហើយ​​រស់​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ និងសាក​ល្បង​​រារាំង​អ្នក​ប្រឆាំង​មិន​ឱ្យ​​ប្រើ​បណ្តាញ​សង្គមTikTok។​ចុះចិន​ការពារ​ខ្លួន​យ៉ាងណា?​​របាយការណ៍​អាមេរិក​សរសេរ​ផ្ទុយ​ពីការពិត។ នេះ​ជា​ចម្លើយ​តប​របស់​ចិន​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​វាយបកលើ​អាមេរិក​​​វិញ​ថា​ គឺ​របាយការណ៍នេះ​ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ ជាមួយ​នឹង​​ប្រតិកម្ម​ ​ចិន​បាន​​​ចោទ​សហរដ្ឋ​អាមេរិក​​ថា​ជា​ចក្រភព​ភូតភរ។ អាមេរិក​ជា​ជើង​ឯក​ខាង​ធ្វើ​សង្គ្រាម​ព័ត៌មាន​​បំភ័ន្ត​មតិសាធារណៈ។ ដើម្បី​រំលេច​ឱ្យ​ឃើញ​ថា​​អាមេរិកសក្តិសម​នឹង​ទទួល​នាម​ជា​ចក្រភព​ភូតភរ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចិន​បាន​រៀប​រាប់​​អំពី​របៀប​លាក់​បាំងសកម្មភាពអាក្រក់​ៗ​​​​ និង​មិន​សូវ​ជោគជ័យ​របស់​ខ្លួន​ តាមរយៈ​ការ​លាបពណ៌​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ មាន​ជា​អាទិ៍​​​ប្រតិបត្តិការ​ Mockingbird របស់​ភ្នាក់ងារ​សេអ៊ីអា​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ដើម្បី​បំពុល​សារព័ត៌មាន​អាមេរិក​និង​បរទេស ឬ​អន្តរាគមន៍​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Colin Powell ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០៣ ដែល​ថា​អ៊ីរ៉ាក់​មាន​អាំវុធ​ប្រល័យ​លោក​នុយក្លេអ៊ែរ។ប៉េកាំង​បាន​ចោទ​វ៉ាស៊ីនតោន​ផង​ដែរ ថា​បានផ្សព្វផ្សាយ​ ពាក្យ​​ភូតភរ​ប្រចាំ​សត​វត្សរ៍​ ទាក់ទង​នឹង​នយោបាយ​ចិន​នៅ​ស៊ីនជាំង។ បើ​តាម​អាមេរិក ​ ​ចិន​បាន​បើក​ប្រតិបត្តិការ​ប្រល័យ​ពូជសាសន៍​លើ​សហគមន៍​​អ៊ុយហ្គួរ ​ជា​ជន​ជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម ក្រោម​ផ្លាក​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវនិយម៕
10/1/20233 minutes, 56 seconds
Episode Artwork

សហរដ្ឋអាមេរិកមាន​​​​វិបត្តិ​ជាប់​គាំង​ថវិកាជា​ថ្មី ដោយហេតុសង្គ្រាម​​អ៊ុយក្រែន?

បើ​គ្មាន​ការ​ព្រមព្រៀង​នៅ​មុន​ម៉ោង​១២​អាធ្រាត្រ​នៃ​យប់​ថ្ងៃ​សៅរ៍ទី ៣០​កញ្ញា​នេះទេ​ សហរដ្ឋ​អាមេរិក​នឹង​ធ្លាក់​ក្នុង​វិបត្តិ​ជាប់​គាំង​ថវិកា​ជា​ថ្មី។ រដ្ឋបាល​សហព័ន្ធ​មិន​ចាំបាច់​មួយ​ចំនួនអាច​នឹង​​ត្រូវ​បិទ​ទ្វារ​ផ្អាក​ដំណើរការ។ ប្រធានាធិបតី​ចូបៃដិន និង​អ្នក​សាធារណរដ្ឋ​ទម្លាក់​ទំនួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅមក​ថា​ជា​ដើម​ហេតុ​នាំ​ភាព​រញ៉េរញៃ​នេះ​កើត​ឡើង​។ ទើប​គេច​ពី​វិបត្តិ​បំណុល​យ៉ាង​ប្រផុត​ប្រផើយ​កាលពី​បួន​ខែ​មុន មហា​អំណាច​សេដ្ឋកិច្ច​ទីមួយ​ពិភពលោក ​ទំនង​ជាមិន​អាច​បញ្ចៀស​មិន​ឱ្យ​មាន​​វិបត្តិ​ជាប់​គាំង​ថវិកា​Shutdown​ជា​ថ្មី​បាន​ទេ។ ​​ច្បាប់​ថវិកា​ដែល​ជា​អ្នក​ធានា​ដំណើរការ​រដ្ឋបាល​រដ្ឋ​សហព័ន្ធ​​ត្រូវ​ផុត​​ឱសានវាទ​នៅ​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញាវេលា​ម៉ោង​១២​អាធ្រាត្រ​ម៉ោង​នៅ​វ៉ាស៊ីនតោន។ ដូច្នេះ​បើគ្មាន​​ការ​ព្រមព្រៀង ​​អនុម័ត និង​ចុះ​ហត្ថលេខា​​លើ​គម្រោង​ថវិកា​ឆ្នាំ​ថ្មី​​២០២៤​ឱ្យ​បានមុន​ពេល​រំលង​អាធ្រាត្រឆ្លង​ចូល​​ថ្ងៃអាទិត្យ​ទី​១​តុលា​នេះទេ សេវា​រដ្ឋបាល​សហព័ន្ធ​មិន​ចាំ​បាច់ទាំង​ឡាយ​​នឹង​ត្រូវ​បិទ​ទ្វារ​ហើយ។ហេតុ​អ្វី​សហរដ្ឋ​អាមេរិក​ឧស្សាហ៍​ធ្លាក់​ក្នុង​វិបត្តិ​ជាប់​គាំង​ថវិកា?​រដ្ឋធម្មនុញ្ញ​​អាមេរិកចែង​ឱ្យ​សភាអាមេរិក​ទាំងពីរ គឺ​ព្រឹទ្ធសភា​និង​សភា​ជាន់​ទាប​ ជា​អ្នក​បោះឆ្នោត​អនុម័ត​ច្បាប់​ថវិកា​​សហព័ន្ធ តាម​រយៈ​​ដំណើរ​បែប​បទ​ដ៏​វែង​។ ជា​រៀង​រាល់​ឆ្នាំ​ វិមាន​ប្រធានាធិបតី​រៀប​ចំ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​បន្ទាប់ ដែល​គិត​ចាប់​ផ្តើម​ពី​ថ្ងៃទី​១​តុលា​ទៅ​។ លោក ចូ​បៃដិន បានលើក​គម្រោង​ថវិកាគោល​​ឆ្នាំ​២០២៤​ កាលពី​ខែ​៩មីនា​​ សម្រាប់​ឱ្យ​គណៈកម្មការចំនួន​១២​​នៅ​សភា​និង​ព្រឹទ្ធសភា​ទទួល​បន្ទុករៀប​ចំ​ចំណាយ​ថវិកា​លម្អិត​ទៅ​តាម​ផ្នែកនីមួយៗ (​ ការពារជាតិ កសិកម្ម យុត្តិធម៌ ...) និង​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល។ សភា​និង​ព្រឹទ្ធសភា​ រៀប​ចំ​​គម្រោងច្បាប់​​លម្អិត​​​រៀងខ្លួនៗ ហើយ​យក​មក​ជជែក​ពិភាក្សា​គ្នា​។ នៅ​ពេល​​ជជែក​តស៊ូ​មតិ​គ្នា​ តែង​សម្រេច​នៅ​នាទី​ចុងក្រោយ​ ប៉ុន្តែ​ក្រុមម្ខាងៗ​តែង​ការពារ​ជំហរ​របស់​ខ្លួន​ និង​យក​ការ​ជាប់​គាំង​សេវា​រដ្ឋបាល​សហព័ន្ធ​មក​គំរាម​សំឡុត​ដើម្បី​ឱ្យ​ម្ខាង​ទៀត​ធ្វើ​សម្បទាន។តាំងពី​ឆ្នាំ​១៩៧៦​មក សហរដ្ឋ​អាមេរិក​ធ្លាប់​ឆ្លង​កាត់​វិបត្តិ​ជាប់​គាំង​ថវិកា​Shutdown​នេះ​២១​ដង ក្នុងនោះ​១០​ដង​បាន​ឈាន​ដល់​ដំណាក់កាល​គាំង​សេវា​រដ្ឋបាល បុគ្គលិក​រដ្ឋ​ត្រូវ​ឈប់​ធ្វើការ​ដោយ​បង្ខំ។ វិបត្តិ​ធ្ងន់ធ្ងរខ្លាំង​ជាង​គេ​នៅ​ឆ្នាំ​១៩៩៥-៩៦ ក្រោម​រដ្ឋបាល​លោក​ប៊ីលគ្លីនតុន និង​វែង​ជាង​គេ ដល់​ទៅ​៣៥​ថ្ងៃ ​នៅ​ឆ្នាំ​២០១៨-២០១៩ ដោយ​កាលណោះ​ប្រធានាធិបតី​​លោក​ដូណាល់​ត្រាំ ​និង​សភា​ខុនក្រេស ប្រឆាំង​គ្នា​ខ្លាំង​ជុំ​វិញ​ការ​ភ្ជាប់​សំណើ​សាង​សង់​ជញ្ជាំង​ម៉ិចស៊ិក​​ទប់​ស្កាត់​អន្តោប្រវេសន៍​ក្នុង​កញ្ចប់​ថវិកា​ជាតិ។តើ​អ្វី​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​គ្រោះ​Shutdown នៅលើកនេះ? លោក​ប្រធានាធិបតីចូ​បៃដិន និង​អ្នក​សាធារណរដ្ឋ​បាន​ទម្លាប់​កំហុស​ដាក់​គ្នា​ទៅ​វិញ​មក​​ ថា​ជា​ដើម​ហេតុ​នាំ​អាមេរិក​ឱ្យ​ប្រឈម​នឹង​គ្រោះ​​ជាប់​គាំង​ថវិកាជា​ថ្មី។ សម្រាប់​លោក ចូ បៃដិន ដោយ​ឥតសង្ស័យ គ្រោះធ្លាក់​ក្នុង​​វិបត្តិ​ថវិកា​លើក​នេះ​​បណ្តាល​មក​ពី​ក្រុម​សភា​អ្នក​តំណាង​បក្ស​សាធារណរដ្ឋ​​ ដែល​ចង់​បិទ​ខ្ទប់​​ជំនួយ​យោធា​ផ្តល់​ទៅ​ឱ្យ​អ៊ុយក្រែន។នៅច្បាប់​ដើម​ដំបូងសេតវិមានចង់​​​ឱ្យ​សភា​ខុនក្រេស​អនុម័ត​​គម្រោង​ថវិកា​មាន​បូក​ជំនួយ​យោធា​និង​មនុស្សធម៌​ដល់​អ៊ុយក្រែន​ចំនួន​២៤​ពាន់​លាន​ដុល្លារអាមេរិក។ ហើយ​នៅក្នុង​គម្រោង​ច្បាប់​ចុងក្រោយ​នា​ថ្ងៃ​អង្គារ​ ព្រឹទ្ធសភា​​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ ​បាន​បញ្ចូល​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ត្រឹមតែ​មួយ​ភាគ​បួន​នៃ​ទឹក​ប្រាក់ដើម​​ប៉ុណ្ណោះ។ ប៉ុន្តែនៅ​សភាដែល​​​ក្រុម​អ្នក​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​ ប្រធាន​សភា​លោក​Kevin McCarty ក្រោម​សម្ពាធ​ចង់​ភ្ជាប់​ជំនួយ​អ៊ុយក្រែន​ទៅ​នឹង​គម្រោង​កំរិត​ការទទួល​ជនអន្តោប្រវេសន៍​។ ចំណែក​សមាជិក​សភា​អ្នក​សាធារណរដ្ឋ​មួយ​ក្តាប់​តូច​ស្និទ្ធ​​និង​និយម​លោក​ដូណាល់​ត្រាំ បដិសេធ​ដាច់​ខាត​មិន​ឱ្យ​ភ្ជាប់​សំណុំ​រឿង​អ៊ុយក្រែន​ក្នុង​ច្បាប់​ថវិកា​ជាតិ​ទេ។ ពួកគេ​ចង់​​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​តែម្តង។ក្រុម​​ត្រាំ​និយមជ្រុល​ មាន​គ្នា​តិចទេ​​ តែ​មានអំណាច​ធំ​ក្នុង​រង្វង់​អ្នក​សាធារណរដ្ឋនៅក្នុង​សភា​ ដោយ​វិះ​តែ​នឹង​ធ្វើ​ឱ្យ​អាមេរិក​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ហិរញ្ញវត្ថុ​កាលពី​បួន​ខែ​មុន​ម្តង​ នៅពេល​រដ្ឋាភិបាល​សុំ​ដំឡើង​កំរិត​អតិបរិមា​នៃ​ប្រាក់​បំណុល​ជាតិ។ ក្រុម​ដែល​ធ្លាប់​បាន​ជួយ​លោក​ម៉ាកខេទី ឱ្យ​បានក្លាយ​ជា​ប្រធានសភា​អាមេរិក​នេះ បាន​ទទួល​បញ្ជា​ពី​អតីត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ដែល​អាច​នឹងមក​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីអាមេរិក​ម្តង​ទៀត​ទល់​នឹង​លោក​បៃដិន​ជា​ថ្មីនៅ​ឆ្នាំ​២០២៤ ឱ្យរក្សា​ជំហរ​ដាច់​ខាត​មិន​ធ្វើ​សម្បទាន​អ្វី​ទាំង​អស់​នៅ​ក្នុង​គ្រប់​សំណុំ​រឿងច្បាប់​​ថវិកា។ នៅក្នុង​បណ្តាញ​​Trush Social លោក​ដូណាល់ត្រាំ​បានជំរុញ​ឱ្យ​សភា​ខុន​ក្រេស​អ្នក​សាធារណរដ្ឋ​កុំ​ទទួល​​យក​ច្បាប់​ថវិកា​ ដែល​​រដ្ឋាភិបាល​បៃដិនប្រើ​ជា​អាវុធ​​ប្រឆាំង​នឹង​ពលរដ្ឋ​ពាក់​កណ្តាល​ប្រទេស​ ក្នុង​នាម​ជា​សត្រូវ។តើ​ពលរដ្ឋ​អាមេរិក​ណា​ខ្លះ​អាច​រង​គ្រោះដោយផ្ទាល់​​ពី​វិបត្តិ​ជាប់​គាំង​ថវិកា?ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​ត្រៀម​​បិទ​សេវា​មួយ​ចំនួន​។ បុគ្គលិក​​រដ្ឋសហព័ន្ធ​​បាន​ទទួល​​សេចក្តី​ជូន​ដំណឹងបិទ​សេវា​ការងារ ​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨​កញ្ញា​មក។ ពួកគេ​ត្រូវ​រង់​ចាំ​ទាល់​តែ​វិបត្តិ​ថវិកា​នេះ​ចប់​ទើប​បានបើក​​ប្រាក់​ខែ។ តែ​បុគ្គលិក​ក្នុង​សេវា​ចាំបាច់​ ត្រូវ​តែ​មក​ធ្វើ​ការ ឯ​អ្នក​ផ្សេង​ត្រូវ​ឈប់​ធ្វើការ​ មិន​​ប៉ះពាល់​សំណុំ​រឿង​ឬ​ចូល​មើល​សារ​អ៊ីមែល​អ្វី​ទាំង​អស់។ ​ឧទ្យាន​ជាតិ​​ល្បី​ៗនៅអាមេរិក​ដូច​យ៉ាង​ឧទ្យាន Yosemite ឬYellowstone ក៏​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្នដែរ។ ចរាចរណ៍​ផ្លូវ​អាកាស​ក៏​ទំនង​ត្រូវ​​រអាក់រអួលខ្លាំង​ដែរ​។​វិបត្តិ​​ជាប់​គាំង​ថវិកា​Shutdown អាច​នឹង​បង្ក​ផលវិបាក​ដល់​ប្រជាពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់ ក្នុង​កំរិត​មួយ​ដែល​អាស្រ័យ​ទៅ​លើ​រយៈ​ពេល​និង​ភាពធ្ងន់ធ្ងរ​នៃការ​បិទ​សេវា​រដ្ឋបាល​សហព័ន្ធ។ ​សហជីព​និយោកជិក​នៃ​រដ្ឋាភិបាល​សហព័ន្ធ​វាយតម្លៃ​ថា​នឹងអាច​មាន​បុគ្គលិក​យោធា​និ​ង​ស៊ីវិល​រហូត​ដល់​៤លាន​នាក់​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​វិបត្តិ​ជាប់​គាំង​ថវិកាលើក​នេះ ក្នុង​នោះ​២,២​លាននាក់​ជា​បុគ្គលិក​ស៊ីវិល។ ទាហាន​ជាង​មួយ​លាន​បី​សែន​ត្រូវ​បន្តធ្វើការ​ដោយ​គ្មាន​ទទួល​ប្រាក់​បៀរវត្សរ៍។ កម្មវិធី​ផ្តល់​ជំនួយ​ស្បៀងអាហារ​ដល់​ជន​ក្រីក្រ​អាមេរិក ៤០​លាននាក់​ និង​ កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​ដល់​ក្មេង​និង​ស្ត្រី​ជិត​៧លាន​នាក់ ត្រូវ​បង្ខំ​ចិត្ត​ផ្តាច់​សិទ្ធិ​អ្នក​គួរ​ទទួល​ជំនួយមួយ​ចំនួន​​មួយ​រយៈ​សិន។ជា​ការ​រំលឹក​ កាលពី​​ឆ្នាំ​២០១៨ ​វិបត្តិ​ជាប់​គាំង​ថវិកាបាន​ធ្វើឱ្យ​​អាមេរិក​បង់ខាត​​ផលិតផល​សរុប​ក្នុង​ស្រុក​អស់​ជាង​៣ពាន់​លាន​ដុល្លារ៕
9/30/20236 minutes, 3 seconds
Episode Artwork

លោកអគ្គលេខាធិការ អ .ស.ប. បរិហារថា ពិភពលោក​កំពុងតែឆ្កួតលីលា​ជាមួយនឹងអាវុធនុយក្លេអ៊ែរ

នៅក្នុង​ឱកាសកិច្ចប្រជុំពិសេសមួយ​ ក្នុង​ក្របខណ្ឌមហាសន្និបាទនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី​២៦កញ្ញា លោក​​អគ្គលេខាធិការ អង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងសុន្ទរកថាដោយ​លោក​បាន​លើកឡើងថា ពិភពលោកយើង កំពុងតែ​វក់វីនឹងភាពឆ្កួតលីលា ជាមួយនឹងអាវុធ​នុយក្លេអ៊ែរ​។ ការប្រណាំងប្រជែងគ្នា នៃអាវុធមហាប្រល័យនេះ ត្រូវបាន​លោក​អគ្គ​លេខាធិការអង្គការ​សហប្រជាជាតិ បរិហាថាគឺជាគ្រោះថ្នាក់ដ៏អាសន្នបំផុតសម្រាប់មនុស្សជាតិ​។ ហេតុអ្វី​លោក​អង់តូនីញ៉ូ ហ្គូតទែរស៍​ បារម្ភ​ខ្លាំង​?នៅ​ថ្ងៃទី​២៦កញ្ញា ដែល​ជាទិវាអន្តរជាតិនៃការបំបាត់ចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បាន​លើកឡើងថា ជាលើកទី១ក្នុងរវាង​ច្រើនទសវត្សមកនេះ ចំនួន​គ្រាប់នុយក្លេអ៊ែរ អាចនឹងកើនឡើងនៅទូទាំងពិភពលោក។ បញ្ហានេះគឺជាបញ្ហាអាសន្ន ព្រោះថាមហាអំណាចធំៗ កាន់តែប្រជែង ប្រណាំងគ្នាបង្កើនចំនួនអាវុធមហាប្រល័យនេះ តែរៀងៗខ្លួន​។ ជាងនេះទៀត លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងការបារម្ភថា គ្រោងឆ្អឹង​ស្ថាប័ន​ពិភពលោក​ដើម្បី​ទប់ស្កាត់ការរីកសាយភាព​​អាវុធនុយក្លេអ៊ែរ ត្រូវបាន​រុះរើ ឬរលំបាក់ជាបន្តបន្ទាប់​។លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សព្វាវុធនុយក្លេអ៊ែរបច្ចុប្បន្ន​នេះ កាន់តែ​ទំនើប កាន់តែ​លឿនរហ័ស កាន់តែបាញ់ចំ​គោលដៅ​​​ច្បាស់ និង​កាន់តែអាចបញ្ជាបាន​ដោយងាយ​។ ភាពឆ្កួតលីលានៃអាវុធនុយក្លេអ៊ែរនេះ វាបៀបបាននឹងជ្រោះមរណៈ ដែល​ដែល​មនុស្សជាតិយើងត្រូវតែរួមគ្នាចាកចេញឲ្យផុត​។ នៅក្នុងបរិបទនេះ លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បានអំពាវនាវាហៅ​ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងអស់ ថាត្រូវតែធ្វើ​គម្រូល្អ បង្ហាញផ្លូវត្រឹមត្រូវ ហើយសន្យាថា ទោះជាកាលៈទេសៈណាក៏ដោយ​​ គឺ​ខ្លួនសន្យាថានឹងមិន​ប្រើអាវុធនុយក្លេអ៊ែរជាដាច់ខាត​។ក្នុងនាមលោក​ជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកសូមសន្យាថានឹងប្រឹងប្រែងធ្វើការ ឲ្យ​អស់ពីសមត្ថភាព​ ក្នុងការ​ជួយ​ជំរុញប្រមូល​ប្រទេសទាំងអស់ ដើម្បីឈានទៅរួមគ្នាលុបបំបាត់ឲ្យ​បាន​ នូវអាវុធប្រល័យលោកទាំងនេះ​​ឲ្យ​អស់ពីផែនដី​ ហើយធ្វើ​ឲ្យ​ក្លាយ​ជាអតីតកាល​ ដែល​មិនអាចរស់ឡើងវិញ​បាន​​ ​។​កូរ៉េខាងជើងចោទអាមេរិកថាជាអ្នកដុត “ភ្លើងសង្គ្រាមនុយក្លេអ៊ែរ”ដោយឡែក នៅថ្ងៃទី​២៦កញ្ញា​ នៅ​អង្គការសហប្រជាជាតិដែរ តំណាងរដ្ឋាភិបាលរបបផ្តាច់​ការកូរ៉េខាងជើង​ បាន​ឡើងថ្លែងសុន្ទរកថា ដោយ​បាន​លើកឡើងថា “ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅ​មាត់ជ្រោះសង្គ្រាមនុយក្លេអ៊ែរ ហើយ​អ្នកដែល​បង្កបញ្ហានេះ គឺគ្មាននរណាទេ ក្រៅពីសហរដ្ឋអាមេរិក”​។លោក គីម សុង អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បាន​បរិហារថា គឺសកម្មភាព​ដែលគ្មានការពិចារណា និងពោរពេញដោយ​ភាពកម្រោល​ចូលរបស់អាមេរិក ដែលកំពុងតែដុត​ភ្លើងសង្គ្រាម​នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ​។ មន្ត្រី​កូរ៉េខាងជើងរូបនេះ បន្តថាអាមេរិកបានអុជអាលប្រទេសក្នុងតំបន់​ក្បែរខាងកូរ៉េខាងជើង ឲ្យធ្វើតាមខ្លួន ពោលគឺវា​ជាយុទ្ធសាស្ត្រខ្វះការប្រុងប្រយ័ត្ន ដើម្បី​តែបំពេញមហិច្ឆតា និង​ផលប្រយោជន៍​របស់អាមេរិកតែប៉ុណ្ណោះ។អស់ពីបរិហារអាមេរិក អគ្គរដ្ឋទូតកូរ៉េខាងជើង បាន​ចោទថារដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏មានចំណែក​ខុសដែរ ក្នុង​ការ​​ធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េត្រូវ​ប្រឈម​នឹងសង្គ្រាមនុយក្លេអ៊ែរ ព្រោះសេអ៊ូល​​ព្រម​ឱន​ក្បាលធ្វើ​ជាអាយ៉ងរបស់អាមេរិក ឈ្លក់វង្វេងចង់តែធ្វើសង្គ្រាម​ជាមួយបងប្អូនឯង។​មហាអំណាច​ប្រើ​អាវុធនុយក្លេអ៊ែរដើម្បីគំរាមគ្នាកាន់តែខ្លាំង​​ទាក់ទិននឹងការ​គំរាមប្រើអាវុធនុយក្លេអ៊ែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនបាន​បញ្ចេញ​ឈ្មោះប្រទេសណាមួយ​ឲ្យចំទេ។ តែបរិបទសង្គ្រាម​នៅអ៊ុយក្រែន បានធ្វើ​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពដែលរុស្ស៊ី ​អាចនឹងប្រើ​អាវុធនុយក្លេអ៊ែរតាក់ទិក​។​ យ៉ាងណាមិញ លទ្ធភាពនេះ ត្រូវបាន​ភាគី​រុស្ស៊ី​លើកយកមកគ្រវីគំរាមជាញយដងមកហើយ។សូមបញ្ជាក់ថា យោងតាម​តួលេខរបស់​ វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវដើម្បីសន្តិភាព ហៅកាត់ថា SIPRI ដែលមានទីតាំងនៅក្រុងស្តុកខូលម៍ គឺដើមឆ្នាំ​២០២៣ ពិភពលោក​យើងមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ សរុបចំនួន ១២៥១២គ្រាប់​។ ទំហំ​​នេះបានថយចុះបន្តិច បើប្រៀបធៀបទៅ​ឆ្នាំ​២០២២ ដែលមានចំនួន​​ ១២៧១០​គ្រាប់។​ តែយ៉ាងណា ស្ថិតក្នុងបរិបទនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាង​មហាអំណាចធំៗ អ្នកជំនាញ​បាន​ថ្លែងការបារម្ភថា ចំនួន​ក្បាលគ្រាប់នុយក្លេអ៊ែរអាចនឹងកើនឡើង ចាប់ពីពេលនេះទៅ។ ពោលគេ សករាជនៃ​ការថយចុះចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទំនង​ជាបាន​​​ដើរមកដល់ទីបញ្ចប់​ហើយ។ អំណេះតទៅ ពិភពលោកនឹងឈានជើងចូលទៅកាន់ទំព័រថ្មីនៃការប្រណាំងប្រជែង ដំឡើងទំហំសព្វាវុធ​នុយក្លេអ៊ែរ ដើម្បីកំញើញគ្នាទៅវិញទៅមក​។​គួរ​កត់សំគាល់ដែរថា បច្ចុប្បន្ន​មានប្រទេស​៩ ដែលជាផ្លូវការ​ត្រូវគេដឹងថាជាមហាអំណាច មានអាវុធបរមាណូ នោះគឺ សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និង​កូរ៉េខាងជើង​។​ យោងតាមតួលេខ​ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) គឺរុស្ស៊ីមានក្បាលគ្រាប់នុយក្លែអ៊ែរច្រើនជាងគេ គឺចំនួន​ ៥៨៨៩គ្រាប់ ខណៈអាមេរិក​មានចំនួន ៥២៤៤គ្រាប់។ រុស្ស៊ី និង​អាមេរិក​ តែ២នាក់ មានក្បាលគ្រាប់នុយក្លេអ៊ែរ​​ សរុប​ដល់ទៅ៩០%នៃទំហំរួមទូទាំងពិភពលោក​។​ ចិនវិញស្ថិតនៅលេខរៀងទី​៣ មានចំនួន ៤១០គ្រាប់ បារាំងមាន​២៩០គ្រាប់ អង់គ្លេសមាន ២២៥គ្រាប់ ប៉ាគីស្ថានមាន​១៧០គ្រាប់ ឥណ្ឌាមាន ១៦៤គ្រាប់ អ៊ីស្រាអែលមាន៩០គ្រាប់ ហើយកូរ៉េខាងជើងមានប្រមាណ​៣០គ្រាប់។ក្រៅកូរ៉េខាងជើង ដែលកំពុងបង្កឲ្យ​មានការបារម្ភ អ៊ីរ៉ង់ក៏​​​​កំពុងធ្វើ​ឲ្យ​​អ្នកសង្កេតស្ថានការណ៍​ តាមដានយកចិត្តទុកដាក់ខ្ពស់ដែរ។ កិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ស្ថិតនៅជាប់គាំង គ្មានដំណោះស្រាយ ខណៈការចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ បាន​កើនសកម្មភាពកាន់តែខ្លាំង​។ យោងតាមប្រភពច្បាស់ការជាច្រើន គឺ​ទំហំអ៊ុយរ៉ានីញ៉ូមចម្រើនធាតុរបស់អ៊ីរ៉ង់ បានលើស​ច្រើនទៅៗ នៃកម្រិតអនុញ្ញាត ដែលប្រការនេះអាចនឹង​បើក​ផ្លូវ​​ឲ្យ​អ៊ីរ៉ង់ អាចផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរបាន​ ក្នុងពេល​ដ៏ឆាប់៕
9/27/20236 minutes, 24 seconds
Episode Artwork

នីហ្សេ៖ ប្រធានាធិបតី​​បារាំងសម្រេចដក​ទូត និង​បិទបញ្ចប់​បេសកកម្ម​កងទ័ពបារាំង

ជាច្រើនសប្តាហ៍​បន្ទាប់ពី​វិបត្តិ​បានផ្ទុះឡើង រវាងបារាំង​និង​ក្រុម​កងទ័ពធ្វើរដ្ឋប្រហារនៅនីហ្សេ ទីបំផុត​លោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង​ បានប្រកាសកាល​ពីថ្ងៃអាទិត្យ​ ទី​២៤កញ្ញា ថាបារាំង​នឹង​ហៅ​​អគ្គរដ្ឋទូតខ្លួន​ឲ្យចូលស្រុកវិញ ហើយ​បេសកម្មកម្មកងទ័ពបារាំង ដើម្បីប្រយុទ្ធនឹងចលនា​ជីហាត​ភេរវកម្ម​ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ​ដែរ​។​ គួររំលឹកថា កាលពី​ចុងខែកក្កដា ក្រុមយោធានីហ្សេ​ដឹកនាំដោយ​ មេបញ្ជាការ Abdourahamane Tiani បានធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាល​ របស់​លោក​ម៉ូហាម៉េដ បាហ្ស៊ូម និងបានចាប់​លោក​ប្រធានាធិបតីរូបនេះ បង្ឃាំងទុកក្នុងផ្ទះជាមួយនឹងក្រុម​គ្រួសារ រហូតដល់​សព្វថ្ងៃ​។​ ក្រុមយោធាធ្វើរដ្ឋប្រហារ អមដោយ​បាតុកម្ម​គាំទ្រតាមផ្លូវផង បាន​ប្រកាសបណ្តេញ​កងទ័ពបារាំងប្រមាណ​១៥០០នាក់ ដែល​ឈរជើងនៅនីហ្សេ ឲ្យ​ចាកចេញ​ និង​បានប្រកាសបណ្តេញ​​លោក​អគ្គរដ្ឋទូតបារាំងថែមទៀតផង។តែយ៉ាងណាពីប៉ារីស រដ្ឋាភិបាល​បារាំង បានអះអាងថាអាជ្ញាធររបបសិក​នីហ្សេ មិនមែនជារដ្ឋាភិបាល​ស្របច្បាប់​​នោះទេ។ បារាំងប្រកាសថា​​ ទទួលស្គាល់រដ្ឋាភិបាលនីហ្សេ​​ស្របច្បាប់តែមួយគត់ ដែលដឹកនាំដោយ​លោក​ប្រធានាធិបតី​ម៉ូហាម៉េដ បាហ្ស៊ូម​។តើហេតុអ្វីបាន​ជាពេលនេះ ​ប្រធានាធិបតី​បារាំងសម្រេចហៅអគ្គរដ្ឋទូតឲ្យចូលស្រុក និង​ដកទ័ពបារាំងចេញពីនីហ្សេ?នៅក្នុងបទសម្ភាសន៍ផ្តល់ឲ្យ​ទូរទស្សន៍បារាំង TF1 និងFrance 2 កាលពីយប់ថ្ងៃអាទិត្យ លោក​ម៉ាក្រុងបានបញ្ជាក់​ឲ្យដឹងថា បារាំង​​បានសម្រេចចិត្តហើយ គឺនឹងហៅលោក​​អគ្គរដ្ឋទូត Sylvain Itté ព្រមទាំង​មន្ត្រីទូតបារាំងជាច្រើននាក់ទៀត ដែលកំពុងស្ថិតនៅទីក្រុង​នីអាម៉េ ឲ្យត្រលប់ចូល​ស្រុកបារាំង​វិញ ក្នុងពេល​ប៉ុន្មានម៉ោងខាងមុខ​។ បន្ថែមពីនេះ លោក​ម៉ាក្រុង បានបញ្ជាក់ថា បេសកកម្ម​កងទ័ពបារាំងនៅនីហ្សេត្រូវបិទបញ្ចប់ទាំងស្រុង។ កងទ័ពបារាំងដែលកំពុងស្ថិតនៅ​លើ​ទឹកដី​នីហ្សេ នឹងត្រូវដកចេញទាំងស្រុង ពីនេះ​ដល់ដំណាច់ឆ្នាំ​២០២៣។លោក​ម៉ាក្រុងបាន​បញ្ជាក់ហេតុផលថា បារាំងបានសម្រេចបិទបញ្ចប់​បេសកកម្មកងទ័ពនៅនីហ្សេ ព្រោះថា អាជ្ញាធរនីហ្សេបច្ចុប្បន្ននេះ លែងចង់​ប្រយុទ្ធប្រឆាំងក្រុម​ជីហាតភេរវកម្មទៀតឡើយ​។ លោក​បន្តថា ជាងនេះទៀត បារាំងមិនអាចបន្តនៅជាចំណាប់ខ្មាំង​ នៃរបបសិកនីហ្សេបានទេ។ តែយ៉ាងណា​​ លោកបានបញ្ជាក់ថា បារាំងនឹងធ្វើការ​ជជែកជាមួយ​អាជ្ញាធរ​របបសិកនីហ្សេ ដើម្បីរៀបចំដំណើរការដកទ័ពនេះ ឲ្យ​រលូន​ និងដោយ​ស្ងាត់ស្ងៀមបំផុត​។គួរបញ្ជាក់ថា ការពិតទៅ​ស្ថានការណ៍វិបត្តិ​​កាន់តែតានតឹង ដុនដាប​​ខ្លាំង រវាងនីហ្សេនិងបារាំង ប៉ុន្មានសប្តាហ៍​មកហើយ។ បាតុកម្មរបស់ប្រជាជន​នីហ្សេ ដែល​ប្រឆាំងនឹងវត្តមាន​កងទ័ពបារាំង ត្រូវបាន​រៀបចំធ្វើ​សឹងជា​រៀងរាល់ថ្ងៃ នៅមុខស្ថានទូតបារាំង​ក្នុង​ទីក្រុងនីអាមេ និងនៅខាងមុខបន្ទាយ​ទាហានបារាំង។​ អ្នកវិភាគជាច្រើនធ្លាប់បាន​សន្និដ្ឋានហើយ ថាបារាំងគ្មានជំរើសអ្វីផ្សេងទេ ក្រៅពីការធ្វើតាម​ការទាមទារ របស់​ក្រុមយោធា​នីហ្សេ​។ចាប់តាំងពីពាក់​កណ្តាល​ខែសីហា ដែល​លោក​អគ្គរដ្ឋទូតបារាំង​ Sylvain Itté និងមន្ត្រីទូតបារាំងផ្សេងទៀត ត្រូវបាន​ក្រុមយោធានីហ្សេ រាំរាំងមិនឲ្យចេញពីស្ថានទូត​។ លោក​ម៉ាក្រុងបានហៅស្ថានការណ៍​នេះ ថាជាការចាប់ចំណាប់ខ្មាំង​។ ស្ថានការណ៍​កាន់តែអាសន្ន ដោយសារតែមន្ត្រីទូតបារាំងដែលជាប់ក្នុងស្ថានទូត គ្មានស្បៀងអាហារគ្រប់គ្រាន់។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមយោធាធ្វើរដ្ឋប្រហារនីហ្សេ បាន​ហាមឃាត់​មិន​ឲ្យយន្តហោះបារាំង ហោះចូលដែនអាកាសនីហ្សេថែមទៀតផង​។​អវសាន​នៃ​​ប្រតិបត្តិ​ការកងទ័ពបារាំង ដើម្បី​​ប្រយុទ្ធប្រឆាំងនឹង​​ក្រុមជីហាតអ៊ីស្លាម​នៅតំបន់សាហ៊ែល?ក្រោយ​ការប្រកាសរបស់​លោក​ម៉ាក្រុង ថាបារាំងនឹងដកទ័ពចេញនីហ្សេ អាជ្ញាធររបបសិកនីហ្សេ​ បានចេញលិខិតប្រកាស អបអរសារទរ ថានេះគឺជាការបោះជំហាន ឈានទៅ​ពង្រឹកអធិបតេយ្យភាព​របស់​នីហ្សេ។ ផ្សាយ​តាមកញ្ចក់ទូរទស្សន៍ជាតិនីហ្សេ ក្រុមយោធារបបសិក បានអះអាងថា រាល់អង្គភាព រដ្ឋាភិបាល ឬកងទ័ពបរទេសណាក៏ដោយ ដែលមានផែន​ការ​គំរាម​មកលើផលប្រយោជន៍ជាតិនីហ្សេ គឺនឹងត្រូវ​តែដកចេញឲ្យអស់ពីទឹកដី​នីហ្សេ ដោយ​គោរពទៅតាមឆន្ទៈរបស់​ពលរដ្ឋនីហ្សេ​។​យ៉ាងណាក៏ដោយ ការចោទប្រកាន់កន្លងមកពីសំណាក់ក្រុមយោធារបបសិកនីហ្សេ ថាបារាំងមានគំរោងផែនការ​ប្រឆាំងនឹងសន្តិសុខជាតិនីហ្សេនោះ គឺតែងតែត្រូវបានភាគីបារាំងច្រានចោលជានិច្ច​។ ផ្ទុយទៅវិញ លោក​ប្រធានាធិបតី​បារាំង បានអះអាងថា បេសកកម្ម​កងទ័ពបារាំងនៅតំបន់សាហ៊ែល ដែលបានដំណើរការទៅ​ប្រមាណ​១០ឆ្នាំមកនេះ បានហុចលទ្ធផលវិជ្ជមានច្រើនណាស់ សម្រាប់​ប្រជាជននៅតំបន់នេះ​។ បើគ្មានវត្តមានកងទ័ពបារាំង ជួយទេ ម្លេះក្រុមជីហាតភេរវកម្មនឹងកើនកម្លាំងរីករាលដាល កាប់សម្លាប់ជីវិតប្រជាជនស៊ីវីលកាន់តែច្រើន​ ជាក់ជាមិនខានទេ មិនថានៅម៉ាលី នៅបួគីណាហ្វាសូ ឬនៅនីហ្សេ។លោក​ម៉ាក្រុង បានថ្លែងការសោកស្តាយ​ណាស់ ដែលប្រទេសនៅតំបន់សាហ៊ែល បានពើបប្រទះនឹងការធ្វើរដ្ឋប្រហារយោធាជា​បន្តបន្ទាប់គ្នា ដែល​លោកហៅថាជា “ជំងឺឆ្លងរដ្ឋប្រហារ​”។ លោកម៉ាក្រុង បាន​លើកឡើងថា លោក​ក៏ដូចជាអ្នកជំនាញ​ផ្សេងៗទៀត មានការព្រួយបារម្ភណាស់ អំពីស្ថានភាព​សន្តិសុខនៅតំបន់នេះអំណេះតទៅ​។ តែយ៉ាងណាក៏ដោយ បារាំងមិនមែន​ជាអ្នក​ទទួលខុសត្រូវ ទៅលើ​បញ្ហាវិបត្តិនយោបាយ​ផ្ទៃក្នុងរបស់​ប្រទេសទាំងនេះទេ​។​ទាក់ទិននឹងអនាគតនៃបេសកកម្មបាកកាន តំបន់សាហ៊ែល គិតមកទល់ពេលនេះ គឺមិនទាន់មានការបញ្ជាក់ពី​រដ្ឋាភិបាល​បារាំង​ទេ ថាកងទ័ពបារាំងចំនួន​១៥០០នាក់ ដែល​នឹងត្រូវដកចេញពីនីហ្សេ​ នឹងត្រូវយកចូលស្រុក​បារាំងវិញ ឬ​មួយក៏ត្រូវបញ្ជូន​ទៅកាន់ប្រទេសផ្សេង​នៅ​អាហ្វ្រិក​។​ នៅជុំវិញតំបន់សាហ៊ែល ក្រៅពីនីហ្សេ បច្ចុប្បន្នបារាំងមានកងទ័ពប្រមាណ១០០០នាក់ ប្រចាំនៅ​ប្រទេសឆាតដែលមានព្រំដែនជាប់នីហ្សេ មាន​៤០០នាក់​នៅសេនេហ្កាល់ ​៩០០នាក់​នៅកូឌីវ័រ និងនៅ​ហ្កាបុង ប្រមាណ​៣៥០នាក់។លោក Thierry Vircoulon អ្នកសម្របសម្រួល​នៅ​ក្រុមឃ្លាំមើលអាហ្វ្រិក​កណ្តាលនិងខាងត្បូង នៃវិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិបារាំង(IFRI) បាន​លើកឡើងថា បន្ទាប់ពី ម៉ាលី និង​​បួគីណាហ្វាសូ បានធ្លាក់ចូលក្នុងរបបសិក ហើយ​បានបណ្តេញ​កងទ័ពបារាំងឲ្យចេញ នីហ្សេបានក្លាយ​ជាទីតាំង​បង្គោលធំចុងក្រោយ​សម្រាប់បារាំង នៅ​ក្នុង​ប្រតិបត្តិការបោសសំអាតក្រុមជីហាតតំបន់សាហ៊ែល​។ តែអំណេះតទៅ គឺ​ប្រតិបត្តិការ​នេះត្រូវដល់ទីអវសានហើយ​។ ចាប់ពីពេលនេះទៅ បារាំងគ្មានអនាគតអ្វីទៀតទេ នៅតំបន់សាហ៊ែល។ផ្ទុយទៅវិញ វត្តមានរបស់រុស្ស៊ី ត្រូវបាន​គេសង្កេតឃើញ​ក្នុងតំបន់សាហ៊ែល តាមរយៈអន្តរាគមន៍របស់​ក្រុមទាហានស៊ីឈ្នួល Wagner ។ ទង់ជាតិរុស្ស៊ី និង​ពាក្យស្លោក​អរគុណលោក​ពូទីន ត្រូវបាន​ក្រុមបាតុករនីហ្សេ លើកគ្រវីជាញឹកញាប់ ក្នុងក្បួនបាតុកម្ម​ប្រឆាំងជេរបារាំង ប្រមាណជិត​២ខែមកនេះ​។
9/25/20237 minutes, 5 seconds
Episode Artwork

ណាសារង់ចាំដោយអន្ទះសារដើម្បីទទួល​យានអវកាសដែលដឹកនាំយក​សំណាកអាចម៍ផ្កាយBennu

ជាលើកទី១​ក្នុងប្រវត្តិស្រាវជ្រាវ​របស់ខ្លួន ទីភ្នាក់ងារ​ណាសា​កំពុងរង់ចាំ​ការវិលត្រលប់​របស់​យានអវកាស​ដែល​ទីភ្នាក់ងារ​ណាសា បាន​បាញ់​បង្ហោះ កាលពី​៧ឆ្នាំ​មុន ដើម្បី​ទៅ​ចុះចត យកសំណាកពី​អាចម៍ផ្កាយ Bennu។ ចុះចត​យកបាន​សំណាកអាចម៍ផ្កាយ Bennu កាលពីឆ្នាំ ២០២០ យានអវកាស​Osiris-Rex​ត្រូវ​ត្រលប់​មកផែនដីវិញ នៅ​ថ្ងៃអាទិត្យ ម៉ោង​៩ព្រឹក ម៉ោង​នៅសហរដ្ឋអាមេរិក។ តើ​សំណាកអាចម៍ផ្កាយ​Bennuមានសារៈសំខាន់យ៉ាងណា​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់ទីភ្នាក់ងារ​អវកាស​ណាសា? បេសកកម្ម​របស់​ទីភ្នាក់ងារ​ណាសា ដើម្បី​ទៅ​យកសំណាកអាចម៍ផ្កាយ​Bennu​បានឈាន​ដល់ទីបញ្ចប់ ព្រោះថា យានអវកាស​Osiris_Rex​ត្រូវវិលត្រលប់មកផែនដីវិញ នៅ​ថ្ងៃអាទិត្យ ទី ២៤​កញ្ញា វេលា​ម៉ោង ៩ព្រឹក ម៉ោង​នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង​១០យប់ ម៉ោង​នៅប្រទេស​កម្ពុជា។ ៧ឆ្នាំ​ក្រោយ ការបាញ់បង្ហោះ​របស់ទីភ្នាក់ងារ​ណាសា នៅ​ឆ្នាំ ២០១៦ យានអវកាស​ Osiris-Rex បាននាំយកដី ដែលជា​សំណាកអាចម៍ផ្កាយ​ Bennu ចំនួន ២៥០​ក្រាម សម្រាប់​ការសិក្សា​ស្រាវជ្រាវរបស់​ទីភ្នាក់ងារ​ណាសា។តើការវិលត្រលប់មកផែនដីប្រព្រឹត្តទៅដោយរបៀបណា?សម្រាប់​ទីភ្នាក់ងារណាសា ការវិលត្រលប់​មកផែនដី របស់​យាន​Osiri-Rex ជា​ការវិលត្រលប់​ជាប្រវត្តិសាស្រ្ត ព្រោះថា នេះជាលើកទី​១ ដែល​គេ​ប្រមូលយកបាន​សំណាកអាចម៍ផ្កាយ ក្នុងបរិមាណ​ដ៏ច្រើន ដល់​ទៅ ២៥០​ក្រាម ពោល​គឺច្រើនជាង​ថ្មដែលបេសកកម្ម​អាប៉ូឡូ​យកពី​ព្រះចន្ទ កាលពី​ឆ្នាំ ១៩៧២។ ប៉ុន្តែ មុន​នឹង​អាច​ទទួល​យកបាន​សំណាក​អាចម៍​ផ្កាយBennu មកដាក់​ក្នុងដៃ ទីភ្នាក់ងារ​ណាសា​ត្រូវចាត់ចែង​បញ្ជា​ការចុះចត​ប្រកបដោយ​គ្រោះថ្នាក់​របស់​យានដែលមាន​ផ្ទុកសំណាកអាចម៍ផ្កាយ​ Bennu។តាម​គម្រោងបញ្ជា​របស់​ណាសា យានអវកាស​​Osiri-Rex​ត្រូវ​ទម្លាក់​Capsule ដែលមាន​ផ្ទុកសំណាកអាចម៍ផ្កាយ​Bennu នៅប្រមាណ ៤ម៉ោង​មុន ​វាធ្លាក់ចុះដល់ដី ពោល​គឺ​នៅចម្ងាយ ១សែនគីឡូម៉ែត្រ ពីផែនដី។ ដំណើរធ្លាក់ចុះ​របស់​Capsule ជាដំណាក់កាល​ស្មុគស្មាញ និង​គ្រោះថ្នាក់ ព្រោះថា ក្នុង​រយៈពេល​១៣នាទីចុងក្រោយ Capsule ដែលធ្លាក់ចុះ​ក្នុងល្បឿន ៤៤០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង មានកំដៅ នៅខាងក្រៅ​ដល់ទៅ ២៧០០អង្សារ។ ដូច្នេះ ណាសា​ត្រូវប្រុងប្រយ័ត្នបំផុត នៅពេល​សម្រេច​ចុច បញ្ចេញ​ឆ័ត្រយោង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​Capsule ធ្លាក់ចុះ ដោយគ្មានការប៉ះទង្គិចខ្លាំងនៅលើ​ដី។ តាមគម្រោង ក្នុងករណី​ដែល​Capsule មិនអាចធ្លាក់ចុះ​នៅ​ក្នុងតំបន់ ដែលគេ​បាន​ដៅរក្សា​ទុក គឺ​នៅ​មូលដ្ឋាន​យោធាទ័ពអាមេរិក ​ក្នុង​រដ្ឋ​Utad នោះ ទីភ្នាក់ងារ​ណាសា​នឹង​ប្តូរចិត្ត​មិន​បញ្ជា​ឲ្យ​យានអវកាស​Osiris-Rex ទម្លាក់​Capsule មាន​សំណាកអាចម៍ផ្កាយ​ មកកាន់ផែនដី។ បើសិន​ជា​ដូច្នេះមែន យានអវកាស​ Osiris-Rex​នឹងត្រូវ​ត្រលប់​ទៅវិលជុំវិញ​ព្រះអាទិត្យ​សាជាថ្មី មុន​នឹងសាកល្បង​វិលត្រលប់​មកផែនដី​សាជាថ្មី នៅ​២ឆ្នាំទៀត គឺ​នៅ​ឆ្នាំ ២០២៥។ប៉ុន្តែ ក្នុង​ករណី​ដែល​ណាសា​​ជោគជ័យ ទទួល​បាន Capsuleផ្ទុកសំណាកអាចម៍ផ្កាយBennu នោះ យានអវកាស​ Osiris-Rex​នឹងបន្ត​ចេញដំណើរ​ទៅ​រកសំណាកពីអាចម៍ផ្កាយផ្សេងទៀត នៅក្នុង​ប្រព័ន្ធព្រះអាទិត្យ។តើការវិភាគសំណាកអាចម៍ផ្កាយប្រព្រឹត្តទៅយ៉ាងដូចម្តេចទៅតាម​ការរៀបចំ​របស់ណាសា ក្នុងករណី​ដែល​Capsule ធ្លាក់ចុះ​មកដល់​ដី​ដោយ​សុវត្ថិភាព ក្រុមអ្នកបច្ចេកទេស​របស់​ណាសា ដែល​មាន​ពាក់ម៉ាស និង​ស្រោមដៃ មាន​ភារកិច្ច​ទៅលើក​Capsule ដាក់ក្នុងសំណាញ់​ដែល​ឧទ្ធម្ភាគចក្រ​លើកសណ្តោង​ភ្លាម យក​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់បិទជិត ជាបណ្តោះអាសន្ន មុននឹង​បញ្ជូនតាមយន្តហោះ​ទៅ មូលដ្ឋានអវកាស​របស់​ណាសា​នៅ​Houston ក្នុង​រដ្ឋ​តិចសាស់។ អ្នកជំនាញ​របស់ណាសា ព្យាយាម​ធ្វើយ៉ាងណាកុំ​ឲ្យ​Capsule នៅ​ជាប់នឹង​ដីខ្សាច់​របស់​រដ្ឋUtah យូរពេក ដើម្បីកុំ​ឲ្យសំណាកអាចម៍​ផ្កាយ​Bennu ប្រែទម្រង់ដើម និង​ធ្វើឲ្យ​គេ​វិភាគខុស។តាម​ទីភ្នាក់ងារ​ណាសា គេ​នឹង​យក​សំណាក​តែ ២៥%​ប៉ុណ្ណោះ ទៅ​វិភាគ ចំណែក នៅសល់ នឹងត្រូវចែករំលែកជាមួយ​ប្រទេស​ជប៉ុន កាណាដា និងដៃគូដទៃទៀត សម្រាប់​ការសិក្សា​ពិសោធ​ទៅថ្ងៃ​អនាគត។នៅក្រោយការពិសោធន៍​ចប់សព្វគ្រប់ ទីភ្នាក់ងារ​ណាសា​គ្រោងធ្វើ​សន្និសីទកាសែត នៅថ្ងៃទី ១១​តុលា ដើម្បីបង្ហាញ​លទ្ធផល​នៃការស្រាវជ្រាវ​លើ​អាចម៍ផ្កាយBennu។សំណាកអាចម៍ផ្កាយបេនូនឹង​អាច​ជួយឲ្យគេដឹងពីអ្វីខ្លះអ្នកវិទ្យាសាស្រ្តរបស់​ទីភ្នាក់ងារ​ណាសា ចាប់អារម្មណ៍​សិក្សាលម្អិត​អាចម៍ផ្កាយ Bennu ក៏ព្រោះតែ​គេ​ចង់​ស្វែងយល់​ពី​ប្រវត្តិកំណើត​របស់​ប្រព័ន្ធព្រះអាទិត្យ និង​ចង់​ដឹង​ពី​កម្រិត​គំរាមកំហែង​របស់​វា ព្រោះថា អាចម៍ផ្កាយ​Bennu​ជា​អាចម៍ផ្កាយ​ដែល​អ្នកវិទ្យាសាស្រ្ត​ចាត់ទុកថា ​គ្រោះថ្នាក់ អាច​បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ​ដល់​ភពផែនដី។សម្រាប់ទីភ្នាក់ងារ​ណាសា នៅពេល​គេទទួល​បាន​សំណាក​អាចម៍ផ្កាយ Bennu គេ​នឹង​សិក្សា​ភ្លាម​លើធាតុផ្សំ​នៅលើ​អាចម៍ផ្កាយ​ដែលមាន​អាយុដ៏ចំណាស់ តាំងពី​ប្រមាណ ៤៥០០លាន​ឆ្នាំ​មុន ពោល​គឺសារធាតុ​ដែល​បន្សល់ទុក​តាំងពីការកកើត​ប្រព័ន្ធព្រះអាទិត្យ។ តាមសាស្រ្តាចារ្យ​Dante Lauretta ដែលធ្វើការ​លើ​បេសកកម្ម​អាចម៍ផ្កាយ​ Bennu សំណាករបស់អាចម៍ផ្កាយ​ Bennu នឹងជួយ​ឲ្យគេ​ដឹង​ពី​ប្រភព​ដើមកំណើត​ជីវិត​នៅលើផែនដី និង​ដឹងថា តើ​ផែនដីកកើតឡើង​បានយ៉ាងម៉េច​និងហេតុអ្វីបានជា​ផែនដី​អាច​ក្លាយជា​ភពមានជីវិតរស់នៅ។ បន្ថែមពីនោះ គេនឹងអាច​ដឹងដែរថា តើ​មហាសមុទ្របានទឹកមកពីណា តើ​ធ្វើដូចម្តេច បានជា​ផែនដី​មាន​ខ្យល់ និង​ម៉ូលេគុល​សរីរាង្គ​ដែលជាប្រភព​បង្កើតជីវិត?កន្លងមក អ្នកវិទ្យាសាស្រ្ត​ធ្លាប់​គិត​ថា ផែនដី​កើតមានទឹក​ទៅបាន ក៏ដោយសារ មាន​អាចម៍ផ្កាយដែលមានទឹក ហោះ​បុកទង្គិច កាលពី​ប៉ុន្មាន​ពាន់​លាន​ឆ្នាំមុន។គោលដៅ​សិក្សា​មួយទៀត​របស់អ្នកវិទ្យាសាស្រ្ត គឺ​គ្រោះថ្នាក់​របស់​អាចម៍ផ្កាយ​មក​ផែនដី។ អាចម៍ផ្កាយ Bennu ជាអាចម៍ផ្កាយធុនមធ្យម ប្រវែង ៥១០ម៉ែត្រ ពោលគឺ​តូចជាងឆ្ងាយ​អាចម៍ផ្កាយ​ដែល​បាន​សម្លាប់​សត្វឌីណូស័រ កាលពី ជាង ៦៦លានឆ្នាំមុន ប៉ុន្តែវា​មាន​ទំហំធំល្មម ដែល​អាច​បង្កគ្រោះមហន្តរាយដល់​ផែនដី។ អ្នកវិទ្យាសាស្រ្ត​បារម្ភថា អាចម៍ផ្កាយ Bennu ដែល​ខ្ពស់ជាង អគារដែក តួអេហ្វែល នៅប៉ារីស ឬ​អគារ Empire State និង​ហោះជិតផែនដី​ជាងគេ នឹង​អាច​ហោះមក​បុកផែនដី នៅ​ចុងសតវត្សរ៍ទី ២២ខាងមុខ។ ក៏ប៉ុន្តែ ប្រូបាលីតេ​ដែល​ Bennu​អាច​ហោះមកបុកផែនដី មានមិនច្រើននោះទេ គឺ​ប្រមាណតែ ០,០៣៧% ពោលគេ​អាច​និយាយបានថា មានសំណាង​ជាង ៩៩%​ទៅហើយ ដែល អាចម៍ផ្កាយ Bennu ​មិន​ហោះបុកផែនដី។
9/24/20236 minutes, 13 seconds
Episode Artwork

សង្គ្រាម​ដ្រូន​ កំពុងតម្រូវ​ឲ្យ​​អូតង់និង​ប្រទេសសមាជិក​ ព្យាយាម​រិះរកវិធីទប់ទល់

សង្គ្រាម​នៅអ៊ុយក្រែន​​ ប្រមាណជាង​១ឆ្នាំមកនេះ បាន​រំលេចឲ្យឃើញនូវការ​ប្រើប្រាស់អាវុធប្រភេទថ្មី គឺយានដ្រូនដែលអាចនាំយកគ្រាប់ផ្ទុះ ទៅកម្ទេចទីតាំងគោលដៅ​​មិនថាខាងរុស្ស៊ី និងខាងអ៊ុយក្រែន​។ ​ ថ្មីៗនេះ សមត្ថកិច្ច​ប៊ុលហ្ការី ដែលជាប្រទេសសមាជិកអូតង់មួយដែរ​ បានប្រទះឃើញបំណែក​យានដ្រូន​នៅមាត់ឆ្នេរសមុទ្រខ្មៅ​ ដែលគេសង្ស័យថាអាចជា​ដ្រូន​របស់​រុស្ស៊ី​។​ បញ្ហា​នេះ បានបង្កឲ្យ​ប្រទេស​សមាជិកអូតង់ ជាពិសេសបណ្តាប្រទេស​មានព្រំដែនជាប់អ៊ុយក្រែន ដែល​កៀក​បំផុតនឹងសមរភូមិសង្គ្រាម ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន ក្នុងការការពារសន្តិសុខ​ផ្លូវអាកាស​។​ គឺក្នុងបរិបទនេះហើយ ទើបអង្គការសម្ព័ន្ធមិត្ត​អូតង់ បាន​រៀបចំ​ កម្មវិធីជួបជុំមួយ នៅ​មូលដ្ឋានទ័ព Vredepeel ភាគខាង​ត្បូង​ប្រទេស​​ហូឡង់ ចាប់ពីថ្ងៃទី​២០កញ្ញា​។ កម្មវត្ថុនៃកម្មវិធីជួបជុំនៅ​ Vredepeelកម្មវិធីជួបជុំនៅមូលដ្ឋានទ័ព Vredepeel មានការចូលរួមពី​​ មន្ត្រីកងទ័ពជំនាញ​មកពី​បណ្តាប្រទេសអឺរ៉ុប​​ជាច្រើន ​រួម​​ជាមួយ​មន្ត្រីទទួលខុសត្រូវ របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា NATO/OTAN។​ ក្រៅពីនេះ គឺមាន​វត្តមានចូលរួមផងដែរ នៃតំណាងក្រុមហ៊ុនសហគ្រាស​ក្នុងវិស័យ​ការពារជាតិ ចំនួន​ប្រមាណ​៥៧​ក្រុមហ៊ុន ដែល​មានជំនាញ​ផលិតយានដ្រូន ឬផលិត​ប្រព័ន្ធការពារ​ផ្លូវអាកាសទប់ទល់នឹងយានដ្រូន​។ក្រៅពីការជជែកដោះដូរយោបល់ ក៏ដូចជាបទពិសោធន៍​គ្នា កម្មវិធីនេះគឺមាន​កម្មវត្ថុ​ពង្រីក​ចំណេះដឹង ​ផ្នែកបច្ចេកវិទ្យា​ទំនើប ​ស្តីអំពីយានដ្រូន ដែល​បច្ចុប្បន្ន​បានក្លាយជាអាវុធមួយដ៏គ្រោះថ្នាក់ នៅក្នុងវិស័យសន្តិសុខផ្លូវអាកាស​។ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន​ រុស្ស៊ី​បានប្រើប្រាស់​យ៉ាងញឹកញាប់ នូវ​យានដ្រូន Shahed 136 ដែល​ជាប្រភេទដ្រូនអត្តឃាត​ផលិតដោយ​អ៊ីរ៉ង់ ដើម្បី​មកបំផ្ទុះកំទេច​អគារផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលរបស់អ៊ុយក្រែន​។ ជាការវាយ​បកវិញ កងទ័ព​អ៊ុយក្រែន បាន​ប្រើ​យានដ្រូនខ្នាតធំ ប្រភេទ TB2 របស់តួកគី ដើម្បីវាយ​ប្រហារទៅលើទីតាំងកងទ័ពរុស្ស៊ី​ និង​បានប្រើដ្រូនតូចៗដែលខ្លួនបានផលិតឡើង​ ដើម្បីវាយ​ប្រហារ​ទៅលើទឹកដីរុស្ស៊ីវិញ ជាក់ស្តែង​​ ​ដូចជាការវាយ​ប្រហារនៅក្នុង​ទីក្រុងម៉ូស្គូ កាលពីពេលថ្មីៗនេះ​។​លោក Willem Koedam អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យាប្រឆាំងដ្រូនហៅកាត់ថា C-UAS ប្រចាំនៅ​​អង្គការអូតង់ បាន​លើកឡើងថា យានដ្រូនគឺជាអាវុធដ៏គ្រោះថ្នាក់​និងមាន​ប្រសិទ្ធភាព​ ពីព្រោះវាមានទំហំតូច ងាយស្រួលប្រើប្រាស់  ធ្វើប្រតិបត្តិការរហ័ស ហើយ​មានតម្លៃថោក​។​ ដូច្នេះ ការ​ទប់ទល់​អាវុធប្រភេទនេះ គឺមិនមែនជាការងាយទេ គឺស្មុគស្មាញ តែក៏មិនមែនមានន័យថា មិនអាចធ្វើបាន​ដែរ​។នៅក្នុងឱកាស​កម្មវិធី​នៅ​មូលដ្ឋានទ័ព Vredepeel ក្រុមហ៊ុនទាំង​៥៧ បានមកតាំងបង្ហាញ​ នូវផលិតផល​បច្ចេកវិទ្យា​ទំនើបថ្មីៗរបស់គេរៀងៗ​ខ្លួន​។ ផលិត​ផលទាំងនេះ ត្រូវគេអះអាងថា អាច​ប្រយុទ្ធប្រឆាំងនឹងការគំរាម​របស់​យាន​​ដ្រូនគ្រប់ប្រភេទ មិនថា​​​យានដ្រូនសាមញ្ញ​ដែលគេលក់នៅលើទីផ្សារធម្មតា ឬ​យានដ្រូនអត្តឃាត Shahed 136របស់អ៊ីរ៉ង់​នោះឡើយ​។​ស្ទាក់បាញ់កំទេចចោល ឬ ចាប់វា​យកទុក?ក្រុមហ៊ុននីមួយៗបានបង្ហាញ​នូវ​ផលិត​ ព្រមទាំងប្រសិទ្ធភាពរបស់វា នៅក្នុងការទប់ស្កាត់ការគំរាមពីយានដ្រូន។ លោក Ludwig Fruhauf អគ្គនាយកក្រុមហ៊ុន DDTS ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ មានជំនាញ​ផលិត​ប្រព័ន្ធការពារផ្លូវអាកាស បានអះអាងប្រាប់អ្នកកាសែតថា មធ្យោបាយ​ដ៏អស្ចារ្យ​បំផុតក្នុងបាញ់កំទេចដ្រូន Shahed 136 របស់អ៊ីរ៉ង់​ គឺគេត្រូវតែប្រើ​ ដ្រូនJet របស់ក្រុមហ៊ុនលោក។​លោក​ម្នាក់​នេះ បាន​អះអាងថា ដ្រូន Shahed 136 របស់អ៊ីរ៉ង់​ អាចហោះបានល្បឿន​តែ​១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដ្រូន Jet របស់​DDTS  អាចហោះបាន​ដល់ទៅ​ជាង​៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះ គឺវាងាយស្រួល​ ក្នុង​ការហោះដេញស្ទាក់ដើម្បីបាញ់កំទេច។ ជាងនេះទៀត លោកអះអាងថា ដ្រូន Jet របស់ DDTS មានតម្លៃថោកជាងឆ្ងាយណាស់ បើប្រៀបធៀបទៅ​​គ្រាប់រ៉ូកែត ដែលគេប្រើជាធម្មតានៅក្នុងប្រតិបត្តិការការពារផ្លូវអាកាស​។​ដោយឡែក សត្រូវអាចប្រើប្រាស់យានដ្រូនខ្នាតតូច ដើម្បីវាយ​ប្រហារ ដែល​វាពិបាក​នៅ​ក្នុងការស្ទាក់បាញ់កំទេច​​​។ លោក Matt Roper មន្ត្រី​ទទួលបន្ទុក​នៅទីភ្នាក់ងារ​ទូរគមនាគមន៍​និងព័ត៌មាន របស់អង្គការអូតង់ ដែ​លជាបណ្តុំនៃអ្នកជំនាញ​ផ្នែក​សន្តិសុខព័ត៌មានវិទ្យា បានលើកឡើងថាយានដ្រូនសត្រូវ​ ពេលខ្លះ​​វាមានទំហំ​តូចមែន តែវាអាច​សម្លាប់​ជីវិតមនុស្ស និងអាច​មកបំផ្ទុះកំទេចបង្កការខូចខាតយ៉ាងដំណំបាន ទៅលើ​អគា​រផ្ទះសំបែង និង​ទីតាំងហេដ្ឋា​រចនាសម្ព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត ដូចជា​ស្ថានីយ៍អគ្គីសនី ស្ថានីយបូមទឹកជាដើម។ការបញ្ចៀសពីការវាយ​ប្រហារដោយ​យានដ្រូន គឺមិនមែនសុទ្ធតែត្រូវតែ​​​ប្រើប្រាស់ ​វិធីបាញ់ស្ទាក់កំទេចវាទាំងអស់នោះទេ​។ ក្នុងករណីខ្លះ គេត្រូវ​តែប្រើវិធីទៅចាប់វាមកទុក ឲ្យវាលែងដំណើរការ ព្រោះថាបើបាញ់​កំទេចវាលើអាកាស​​ វានឹងបណ្តាល​ឲ្យកើតជា​​ការផ្ទុះ បង្កគ្រោះថ្នាក់ដល់​ជីវិតមនុស្ស និង​ទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅខាងក្រោម​​។  យ៉ាងណាមិញ ក្រុមហ៊ុនអាល្លឺម៉ង់ មួយទៀត ឈ្មោះ Argus Interception បានបង្ហាញ​បច្ចេកទេសថ្មីមួយរបស់ខ្លួន ក្នុងការស្ទាក់ចាប់ដ្រូន ដោយ​ប្រើ​សំណាក់​ទៅចាប់យក ហើយនាំវា​ចុះមកលើដី​។បច្ចេកទេសរបស់ Argus Interception ត្រូវការ​ប្រើប្រាស់ឧបករណ៍​រ៉ាដា កាម៉េរ៉ា ឬស្ថានីយតាមដាន​​ ដើម្បីចាប់រលកសញ្ញាដ្រូន​របស់សត្រូវ។ ពេលដែលចាប់បានហើយ ទើបគេអាចបញ្ជាយានដ្រូនមួយឲ្យហោះទៅក្បែរ​ បាញ់សំណាញ់​ស្ទាក់ចាប់សណ្តោង​យកដ្រូនសត្រូវចុះមក​ ដល់កន្លែងមានសុវត្ថិភាព​។ លោក Christian Schöning អគ្គនាយក Argus Interception អះអាងថាវិធីសាស្ត្ររបៀបនេះ មានប្រសិទ្ធភាពខ្លាំងណាស់ ជាពិសេសនៅក្នុងការការពារសន្តិសុខព្រលានយន្តហោះ។ប្រើបច្ចេកទេសធ្វើឲ្យ​ដ្រូនរបស់​សត្រូវវង្វេង ​រក​គោលដៅលែងឃើញ​គួរបញ្ជាក់ថា ជាមួយនឹង​សង្គ្រាម​នៅអ៊ុយក្រែន ប្រទេសក្បែរខាងដែលស្ថិតនៅកៀក​នឹងសមរភូមិ បានបង្កើន​ការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការតាមដាន​សន្តិសុខផ្លូវអាកាស ដោយខ្លាចក្រែងមានដ្រូន​ហោះចូលមក។ យ៉ាងណាមិញ ប្រទេសរូម៉ានី បានមកចូលរួមយ៉ាងយកចិត្តទុកដាក់បំផុត នៅក្នុងកម្មវិធីស្តីអំពី​បច្ចេកទេសទប់ស្កាត់​ការវាយ​ប្រហារដោយ​យានដ្រូន​ ដែលរៀបចំដោយអូតង់ នៅមូលដ្ឋាន Vedrepeel។លោកមេបញ្ជាការ​រ៉ូមានី Ionut-Vlad Cozmuta បាន​ប្រាប់អ្នកយកព័ត៌មានបារាំង AFPថា បំណែកដ្រូនរបស់រុស្ស៊ី ត្រូវបាន​គេប្រទះឃើញធ្លាក់​ក្នុងទឹកដី​រូម៉ានី ច្រើនដងមកហើយ ប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ​។ លោក​មកចូលរួមនេះ គឺ​មក​​ប្រមូលព័ត៌មានចាំបាច់ទាំងអស់ ដើម្បីយកទៅពង្រឹង​ រៀបចំសមត្ថភាព​ការពារផ្លូវអាកាសរបស់រូម៉ាណី ឲ្យ​កាន់តែ​ល្អប្រសើរ។​ បច្ចេកទេសមួយ​ដែល​រូម៉ានី​ចាប់អារម្មណ៍បំផុត គឺបច្ចេកទេសធ្វើ​ឲ្យដ្រូនរបស់សត្រូវវង្វេង លែងស្គាល់គោលដៅ​។ជាការពិតណាស់ ក្រុមហ៊ុន​បច្ចេកវិទ្យាដែលមានវត្តមាន​ បាន​បង្ហាញ​បច្ចេកទេសថ្មីប្លែកៗ ដើម្បី​ធ្វើ​ឲ្យ​យានដ្រូនដែលប៉ុនប៉ងហោះ​ចូលមកវាយ​ប្រហារ​ ត្រូវវង្វេងវង្វាន់ ឬដាច់ទំនាក់ទំនង​ជាមួយនឹងមូលដ្ឋានដែលបញ្ជាវាពីចំងាយ​។ នៅពេល​ដែល​ដ្រូន​វង្វេង ដាច់ទំនាក់ទំនង វានឹងហោះត្រលប់ទៅកាន់មូលដ្ឋាន​ដើមរបស់វាវិញដោយស្វ័យប្រវត្តិ។ ហើយ​ក្នុងករណី​ខ្លះទៀត គឺគេអាចប្រើបច្ចេកវិទ្យាប្លន់យកប្រព័ន្ធទំនាក់ទំនងរបស់ដ្រូននោះ មកគ្រប់គ្រងតែម្តង​ ហើយ​បញ្ជាវា ​ឲ្យហោះ​ទៅគោលដៅណាមួយដែលគេចង់បាន​។តែយ៉ាងណាក៏ដោយ មិនថាបច្ចេកទេសមួយណា ឬបច្ចេកវិទ្យា​ទំនើបណាមួយក៏ដោយ គឺអូតង់ត្រូវការ​ការសហការជាមួយប្រទេសសមាជិកទាំងអស់​ ជាពិសេសជាមួយ​បណ្តាក្រុមហ៊ុន​ដែលផលិត​វា ដើម្បីរៀបចំឲ្យ​មានស្តង់ដាររួម​របស់អូតង់។ តួយ៉ាង ប្រព័ន្ធការពារផ្លូវអាកាស Sapient របស់អង់គ្លេស បានរៀបចំ​ស្តង់រួម​ជាមួយ​អូតង់រួចរាល់ហើយ។​ លោក Hans Folmer មេបញ្ជាការកងទ័ពហូឡង់ បាន​ថ្លែងថា គម្រោងផែនការនេះ វានឹងហុងអត្ថប្រយោជន៍ច្រើនណាស់ ដល់សមត្ថភាព​នៃកងទ័ព​​សម្ព័ន្ធមិត្តអូតង់។ ដូចគ្នាដែរ លោក Claudio Palestini ទីប្រឹក្សាវិទ្យាសាស្ត្ររបស់អូតង់ បាន​លើកឡើងថា ថ្វីបើ​កម្មវិធីនេះមិនមានវត្តមានមន្ត្រីជំនាញអ៊ុយក្រែនចូលរួមមែន តែ​កងទ័ពអ៊ុយក្រែន ដើរតួនាទីធំខ្លាំងណាស់ នៅក្នុងការនាំយក​នូវគំនិតច្នៃប្រឌិតថ្មីៗ បច្ចេកទេសថ្មីៗដែលគេប្រើ​នៅសមរភូមិដោយផ្ទាល់។ លោកអះអាងថា អូតង់ទាក់ទងនិយាយយ៉ាងញឹកញាប់បំផុតជាមួយភាគីអ៊ុយក្រែន ស្តីអំពី​បច្ចេកទេសទប់ស្កាត់ការវាយ​ប្រហារដោយ​យានដ្រូន​នេះ​៕​
9/23/20238 minutes, 58 seconds
Episode Artwork

សង្គ្រាម​អ៊ុយក្រែន៖ សមរភូមិ​ការទូត​ក៏​ស្មុគស្មាញ​ដែរ​សម្រាប់​លោក​ហ្សេឡេនស្គី?

​វិបត្តិ​គ្រាប់​ធញ្ញជាតិ ភាព​តាន​តឹង​ជាមួយ​នឹង​ប៉ូឡូញ ​យុទ្ធសាស្ត្រ​យោធារង​ការ​រិះគន់​​ ... ការ​លំបាក​មាន​កាន់​តែ​ច្រើន​ឡើងៗ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​ ដែល​កំពុង​ប្រឹង​ប្រែងខ្លាំង​លើ​សមរភូមិ​ការទូត ដើម្បី​ធានា​ថា​ក្រុម​បស្ចិម​លោក​នៅ​តែ​បន្ត​ជួយ​អ៊ុយក្រែន​ក្នុង​ការ​ធ្វើ​សង្គ្រាម​​យក​ឈ្នះរុស្ស៊ី។ ជាង​មួយ​ឆ្នាំ​កន្លះ​នៃ​សង្គ្រាម​ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ខ្លាចមតិ​សាធារណៈ​អឺរ៉ុប​និង​អាមេរិក​​ ទម្លាក់​ដៃ​​លែងសូវ​ជួយ​​ទ្រ​អ៊ុយក្រែន ទើប​ធ្វើ​ដំណើរទៅទីក្រុង​ញូវយ៉ក​ដើម្បី​ការពារ​ប្រទេស​ដោយផ្ទាល់​ នៅ​ចំពោះ​មុខ​អង្គមហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​ទៅ​ទីក្រុងវ៉ាស៊ីនតោន​ដើម្បី​ជួប​ប្រធានាធិបតី​ ព្រមទាំង​​តំណាង​​សភា​-​ព្រឹទ្ធសភា​អាមេរិក រួច​បន្ត​ដំណើរ​ទៅ​កាណាដា​ទៀត។ កាណាដា​ជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់​ក្នុង​ចំណោម​ក្រុម​ហ្សេ​៧ ដែល​លោក​ហ្សេឡេនស្គីទៅ​ធ្វើ​ទស្សនកិច្ច។ កាណាដា​បាន​​សន្យា​គាំទ្រ​អ៊ុយក្រែន​ដោយ​ឥតងាករេ។​ហេតុ​អ្វី​អ៊ុយក្រែន​ខ្លាច​ក្រុម​បស្ចិមលោក​ទម្លាក់​ដៃ?នៅ​ចំពោះ​មុខ​ខ្សែការពារ​យ៉ាង​មាំ​របស់​រុស្ស៊ី​ ប្រតិបត្តិការ​​វាយបកដណ្តើម​យក​ទឹក​ដី​វិញរបស់​អ៊ុយក្រែនរុល​ទៅមុខ​យឺត​បំផុត​។ ​ ​ក្តី​​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ឆាប់​រហ័ស គ្មាន​ក្នុង​ការ​វិភាគ​ និង​ក្នុងសមរភូមិ​ប្រយុទ្ធ​ជាក់​ស្តែង​ទេ។ ដូច្នេះ​ការគាំទ្រ​របស់​ក្រុម​បស្ចិមលោក​ចំពោះ​អ៊ុយក្រែន​ត្រូវ​បន្ត​អូស​បន្លាយ​ពេល​យូរ​ទៀត។​ហើយ​រុស្ស៊ី​ទំនង​ជា​នឹង​ប្រើពេល​វេលា​​នេះ​ ពង្រឹង​ពង្រីក​ខ្សែ​ការពារ​របស់​ខ្លួន​បន្ថែម​ និង​រៀប​ចំ​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​ផ្ការីក​ខាង​មុខ​ផង។ នេះ​បើ​តាម​ប្រមុខ​​ភ្នាក់ងារ​ចារកិច្ច​អេស្តូនី។ ឧត្តម​សេនីយចូល​និវត្តន៍​​អូស្ត្រាលីលោក​ Mick Ryan បាន​បញ្ជាក់​បន្ថែម​ថា​ ទោះមាន​ការ​គាំទ្រ​អ៊ុយក្រែន​យ៉ាង​ណា​ក៏​សង្គ្រាម​ត្រូវ​បន្ត​អូស​ពេល​ពេញ​មួយ​ឆ្នាំ​២០២៤​ ហើយ​អាច​ដល់​ឆ្នាំ​២០២៥​។ ដូច្នេះជោគជ័យ​ការ​ទូត​នៅអាមេរិក​ និង​នៅ​តាម​បណ្តា​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត​​ ជា​តំណាង​អាយុ​ជីវិត​របស់​​អ៊ុយក្រែន​ដែរ បើទោះ​បី​ជា​អ៊ុយក្រែន​មាន​ជំហរ​យុទ្ធសាស្ត្រ​ល្អ​ប្រសើរជាង​កាលពី​ចុង​ឆ្នាំ​២០២២​​ក៏​ដោយ។តើ​ជំនួប​បៃដិន​-ហ្សេឡេនស្គី​បាន​លទ្ធផល​យ៉ាងណា?បន្ទាប់​ពីបាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ឱ្យ​បាន​ជ្រួត​ជ្រាប​អំពី​សង្គ្រាម​ឈ្លានពានរបស់​​រុស្ស៊ី​​និង​ផែនការ​ទាមទារ​យក​ទឹក​ដី​មក​វិញ​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ទៅ​ដល់​​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២១​កញ្ញា។ ជា​ទស្សនកិច្ច​ក្នុង​ន័យ​ការពារ​ប្រសើរ​ជាង​ព្យាបាល។ ការពារ​កុំ​ឱ្យ​​ការ​គាំទ្រ​​អាមេរិក​ចុះខ្សោយ​បាន ជា​ពិសេស​ក្នុងករណី​បក្ស​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤។ជាមួយ​ប្រធានាធិបតី ​ចូ បៃដិន ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ អ៊ុយក្រែន​មាន​ទំនុក​ចិត្ត​ណាស់។ ជា​ថ្មី​ម្តង​ទៀត លោក​ចូបៃដិន​ បាន​ទទួល​ស្វាគមន៍​និងផ្តល់​ភាព​កក់​ក្តៅ​ខ្លាំង​លោក​ហ្សេឡេនស្គី ដោយ​សន្យា​នៅក្បែរ​អ៊ុយក្រែន​ជារហូត​ទៅ និង​ដោយ​បាន​ប្រកាស​ផ្តល់​ជំនួយ​​យោធា​ថ្មី​តម្លៃ​៣២៥​លាន​ដុល្លារ។ តែ​គ្មាន​ទេ​ការ​ប្រកាស​ផ្តល់​មីស៊ីល​តាកទិក​រយៈ​ឆ្ងាយ​ដូច​ការ​ទាមទារ​របស់​អ៊ុយក្រែន​ទេ។ លោក​ចូបៃដិន​ បាន​ត្រឹម​ធានា​ថា​រថក្រោះ​Abram ដែល​ជា​​អាវុធ​យុទ្ធភ័ណ្ឌ​ដ៏​សក្តិសិទ្ធ​របស់​អាមេរិក នឹង​បញ្ជូន​ទៅ​ដល់​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ។ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍​នៃ​ទស្សនកិច្ចរបស់​លោក​ហ្សេឡេនស្គី​នៅ​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​អ៊ុយក្រែន​​បាន​ថ្លែង​ពាក្យ​អរគុណ​ជាប់​នឹង​មាត់ ហើយ​បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​សភា​-ព្រឹទ្ធសភា​អាមេរិក ដែល​កំពុង​រៀប​ចំ​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​​ថ្មី​សម្រាប់​ជា​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ និង​ដែល​​តំណាង​សភា-ព្រឹទ្ធសភា​អភិរក្ស​និយម​ខ្លះ​ មិន​ចង់​ដឹង​មិន​ចង់​ឮទេ គឺ​ចង់​បញ្ឈប់​ការ​គាំទ្រ​អ៊ុយក្រែន​​តែម្តង​ផង។នៅ​វិមាន​កាពីតូល​ ក្នុង​ឯកសណ្ឋានពណ៌​គគីរជានិច្ច​ ​ប្រមុខ​រដ្ឋ​ដើរតួជា​មេទ័ពហ្សេឡេនស្គី ត្រូវ​ប្រឈម​នឹង​សមរភូមិ​នយោបាយ​​និង​ហិរញ្ញវត្ថុ​ ​ខុស​ពី​នៅ​សេតវិមាន។ ក្រោម​សម្ពាធ​របស់ក្រុម​អ្នក​អភិរក្ស​និយមខ្លាំង ប្រធាន​​សភាអាមេរិក​ ដែល​មកបក្ស​​សាធារណរដ្ឋ​​​ លោក ខេវីន ម៉ាក់កាទី មិន​បាន​មក​ទទួល​និង​អម​ដំណើរ​លោក​ហ្សេឡេនស្គី​ចូល​វិមាន​កាពីតូល​ទេ។ គឺ​ទុក​ភារៈ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​ក្រុម​អ្នក​ប្រជាធិបតេយ្យវិញ។ នេះ​ជា​សញ្ញា​មិន​ល្អ​ ដែល​បញ្ជាក់​អំពីភាព​ស្មុគស្មាញ​ការទូត សម្រាប់​លោក​ហ្សេឡេនស្គី និង​ប្រសិន​បើគណបក្ស​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត​ត្រលប់​មក​ដឹកនាំ​សហរដ្ឋ​អាមេរិក​វិញ។ តាំងពី​មួយ​ឆ្នាំ មក​នេះ​​​មាន​សំឡេង​សមាជិក​សភាបក្ស​សាធារណរដ្ឋ​ជា​ច្រើន​​ក្រុម​ បាន​ស្រែក​ទាមទារ​ឱ្យ​កាត់​បន្ថយ​ឬ​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ក្រុងកៀវ ក្រោម​លេស​ដើម្បី​បញ្ចៀស​ភាព​តាន​តឹង​ផ្សេងៗ។ ​ កាលពី​ថ្ងៃ​អង្គារលោក​ ម៉ាក់កាទី ​បាន​អះអាង​​ថាចង់បាន​ការ​បំភ្លឺ​ជុំវិញ​​អំពីយុទ្ធសាស្ត្រយក​ជ័យ​ជំនះ​របស់​អ៊ុយក្រែន និង​ការ​​ចំណាយ​ក្នុង​សង្គ្រាម នៅ​ក្នុង​ជំនួប​​​មួយ​ទល់​នឹងមួយ ​ជាមួយ​លោក​ហ្សេឡេនស្គី។ដោយ​យល់​និង​ដឹង​អំពី​ហានិភ័យ​ដែល​អាមេរិក​អាច​នឿយណា​យ​​​នឹង​ផ្តល់​ជំនួយដល់​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​​ព្រមាន​ប្រាប់​សមាជិក​សភា​និងព្រឹទ្ធ​សភា​អាមេរិក​ថា​អ៊ុយក្រែន​អាច​នឹង​ចាញ់​សង្គ្រាម​បើ​គ្មាន​លំហូរ​ជំនួយ។ភាព​តាន​តឹង​​​អ៊ុយក្រែនអឺរ៉ុប​ប៉ូឡូញមិន​អាច​បញ្ចៀសបាន?ទាំងអាមេរិក ទាំងអឺរ៉ុប ​​ ... គ្មាន​នរណា​ចង់​ឃើញ​អ៊ុយក្រែន​ចាញ់​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី​នេះទេ។ ​​ប៉ូឡូញ​ប្រទេស​ជិត​ខាត​ដែលកំពុង​​ថ្នាំងថា្នក់​ជាមួយ​អ៊ុយក្រែន​ ​ក៏​មិន​ត្រូវ​ការ​ឃើញ​អ៊ុយក្រែន​បរាជ័យ​ដែរ។ បន្ទាប់ពី​បាន​ប្រកាស​ចង់​ផ្អាក​ការ​ផ្គត់​ផ្គង់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ប្រធានាធិបតី​ប៉ូឡូញ​​ ឌូដា បាន​សាក​ល្បង​បន្ធូរ​សម្ពាធ។ បើ​តាម​លោក​ប្រធានាធិបតី​ឌូដា មានការ​បក​ស្រាយ​សេចក្តី​របស់​នាយក​មន្ត្រី​មិន​ត្រឹម​ត្រូវ។ ប៉ូឡូញមិន​​ឱ្យ​សព្វាវុធ​ថ្មីៗ​ ដែល​ទើប​នឹង​ទិញ​សម្រាប់​មក​ធ្វើ​ទំនើប​កម្ម​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ តែ​កិច្ចសន្យា​ផ្ទេរ​សព្វាវុធ​ពីមុន​​នៅ​មាន​សុភពភាព​ដដែល។ ឯ​វិវាទ​ជុំ​វិញ​បញ្ហា​ធញ្ញជាតិ ត្រូវ​ដោះស្រាយ​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ប៉ុន្តែសត្រូវ​មាន​ជម្លោះ​ផ្ទៃក្នុង​ជា​ឱកាស​។ សម្រាប់​រុស្ស៊ី ជម្លោះ​រវាង​អ៊ុយក្រែន​និង​ប៉ូឡូញ និង​ជាមួយ​ក្រុម​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ជាអ្វី​ដែល​មិនអាច​បញ្ចៀស​បាន៕
9/22/20235 minutes, 51 seconds
Episode Artwork

ហេតុអ្វី​ប៉ូឡូញ​ប្រកាស​លែង​ផ្គត់​ផ្គង់​អាវុធ​ឱ្យ​អ៊ុយក្រែន?

ប៉ូឡូញ​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃពុធ​ទី ២០​កញ្ញា ថា​លែង​ផ្គង់ផ្គង់​អាវុធ​ឱ្យ​អ៊ុយក្រែន​ជា​សម្ព័ន្ធមិត្ត​ទៀត​ហើយ​។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អ៊ុយក្រែន​កំពុង​សម្រុក​ធ្វើ​ប្រតិបត្តិការ​វាយបក​ដណ្តើម​យក​ទឹក​ដី​ពី​រុស្ស៊ី​វិញ​ផង។ តើ​អ្វី​ជា​ដើម​ចម​​នាំ​ឱ្យ​សម្ព័ន្ធ​មិត្ត​ទាំងពីរ​​ថ្នាំង​ថ្នាក់​គ្នា​ខ្លាំង​ដល់​កំរិត​នេះ?! លែង​មាន​ហើយ​ភាព​ល្អូក​ល្អើន​រវាង​ប៉ូឡូញ​និងអ៊ុយក្រែន និង​ក៏ប្រហែល​​លែង​មាន​ដែរ​ពាក្យ​ថា​សាមគ្គីភាព​រវាង​សម្ព័ន្ធមិត្តជាប់​របង​គ្នា​ទាំងពីរ។ ប៉ូឡូញ​ដែល​ធ្លាប់​គាំទ្រនិង​ជួយ​​អ៊ុយក្រែន តាំងពី​ថ្ងៃ​រុស្ស៊ី​ចូល​ឈ្លានពាន​ក្រុង​កៀវ​ភ្លាម​ ស្រាប់​តែ​បាន​ចេញ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់​ផ្អើល​ នៅ​ល្ងាចថ្ងៃ​ពុធ​ទី២០​កញ្ញា​ម្សិលមិញ ​ឈប់​ផ្ទេរ​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ដែល​កំពុង​សម្រុក​ធ្វើ​ប្រតិបត្តិការ​វាយបក​លើ​រុស្ស៊ី​ដើម្បី​ដណ្តើម​យក​ទឹក​ដី​មក​វិញ។ប៉ូឡូញឈប់​ផ្គត់ផ្គង់​អាវុធឱ្យ​អ៊ុយក្រែន​ចាប់​ពី​ពេលណា?តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក ប៉ូឡូញ​ជា​អ្នក​ផ្គត់ផ្គង់អាវុធ​ដ៏​ធំ​ចម្បង​បង្អស់​មួយ​សម្រាប់​អ៊ុយក្រែន ប៉ុន្តែ​លោក​​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​មិន​បាន​បញ្ជាក់​ថា​តើ​ការ​ឈប់​ផ្ទេរ​អាវុធ​ទៅ​ឱ្យ​កៀវ​ត្រូវ​ចាប់​ផ្តើម​នៅ​ពេល​ណាទេ។  នៅ​ក្នុង​សុន្ទរកថា​ខ្លី​តាម​កញ្ចក់​ទូរទស្សន៍​ឯកជន​Polsat News លោក​ប្រមុខ​រដ្ឋាភិបាល​បានអះអាង​ថា​ប៉ូឡូញ​ត្រូវ​ការ​ផ្តុំ​កម្លាំង​ជា​ចម្បង​ក្នុង​ការធ្វើ​ទំនើប​កម្ម​និ​ងបំពាក់​អាវុធ​ឱ្យ​យោធា​ប៉ូឡូញ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ឱ្យ​កងទ័ព​ជើង​គោក​ប៉ូឡូញ​ក្លាយ​ជា​ទ័ព​ដ៏​ខ្លាំងក្លា​ជាង​គេ​នៅអឺរ៉ុប និង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។ នៅក្នុង​សេចក្តី​ប្រកាស​ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា​​កងកម្លាំ​ង​យោធា​នៅ​ក្រុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ដែល​ជា​ច្រក​ដឹកជញ្ជូន​សម្ភារៈ​បរិក្ខារ​របស់​លោក​ខាង​លិច​ទៅ​ឱ្យ​អ៊ុយក្រែន​ នៅ​តែ​មាន​ដំណើរ​ការ​ជា​ធម្មតា។ហេតុអ្វី​ប៉ូឡូញ​ខឹង​​អ៊ុយក្រែនខ្លាំង?សេចក្តី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateuzs Morawieckiនេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ អនុរដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​អ៊ុយក្រែន​ប្រចាំ​ក្រុង​វ៉ាសូវី​ឱ្យ​មក​ចូល​ជួបជា​បន្ទាន់​​ដើម្បី​បរិហារ​ប្រឆាំង​នឹង​សំដី​របស់​លោក​ប្រធានាធិ​បតី​អ៊ុយក្រែន​ហ្សេឡេនស្គី​នៅអង្គការ​សហប្រជាជាតិ។ថ្លែងទៅ​កាន់​អង្គ​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក ហ្សេឡេនស្គី​ថា មាន​ប្រទេស​ខ្លះ​ធ្វើ​ឬក​ជាមាន​សាគ្គីភាព​ជាមួយ​អ៊ុយក្រែន តែ​គាំទ្រ​រុស្ស៊ី​ដោយ​ប្រយោលទៅ​វិញ។ ពាក្យ​មួយ​ឃ្លា​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែននេះ​ទំនង​ជា​បាន​មក​ដុត​រោល​បន្ថែម​​ឱ្យកំហឹង​ប៉ូឡូញ​ផ្ទុះ​​ឆាប​ឆេះ​ឡើង។តាមការ​ពិត​​ ទំនាក់ទំនងរវាង​​ប៉ូឡូញ​និង​អ៊ុយក្រែន បាន​ឡើង​តាន​តឹង​តាំងជា​លំដាប់​ តាំងពី​ប៉ុន្មាន​ថ្ងៃចុងក្រោយ​មក​នេះ។ កាលពី​ថ្ងៃសុក្រ​ទី ១៥​កញ្ញា​ សហភាព​អឺរ៉ុប​បាន​ប្រកាស​បិទ​បញ្ចប់​ ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ទៅ​៥​ប្រទេស​ជា​សមាជិក​សហភាព​ក្នុង​នោះ​មានប៉ូឡូញ​មួយ​ដែរ។ ជា​សេចក្តី​សម្រេច​តាំងតែ​ពី​ខែ​ឧសភាមក។ ប៉ុន្តែ​ប៉ូឡូញ ហុងគ្រី និង​ស្លូវាគី​ មិន​ព្រម​ធ្វើ​តាម​អឺរ៉ុប​ទេ​ ហើយ​បន្ត​ហាមឃាត់​ជា​ឯកតោភាគី​ មិន​ឱ្យ​នាំ​ចូល​ធញ្ញជាតិ​អ៊ុយក្រែន​ដដែល ដើម្បីការពារ​ប្រយោជន៍កសិកម្ម​របស់​ខ្លួន។ បើ​តាម​អ្នក​ជំនាញ​ ប៉ូឡូញ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​បោះឆ្នោត​។ បក្ស​កាន់​អំណាច​ត្រូវ​ការ​ទាក់ទាញ​សំឡេងគាំទ្រ​របស់​ប្រជាកសិករ​​ ទើប​ជំនះលើ​​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប។ ហើយ​ជា​ចម្លើយ​តបនឹង​ទង្វើ​របស់​ប៉ូឡូញ ​អ៊ុយក្រែន​​ក៏ឡើង​ទៅ​​ប្តឹង​ទៅអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ទំនាក់ទំនងប៉ូឡូញ​និង​អ៊ុយក្រែន​ធ្លាក់​ដុនដាប​យ៉ាងណា?ប៉ុន្តែ​រឿង​រ៉ាវ​បែរ​ជា​រីក​រាល​ដាល​កាន់​តែ​ធំ។ មុន​នឹង​ឈា​ន​ដល់​ការ​​ប្រកាស​ឈប់​ផ្គត់​ផ្គង់​ វិបត្តិ​ធញ្ញជាតិបាន​​រុញ​ច្រាន​ប៉ូឡូញ​និង​អ៊ុយក្រែន​ឱ្យ​ធ្លាក់​ក្នុង​សង្គ្រាម​ពាក្យ​សំដី​វាយប្រហារ​គ្នា​គួរ​ឱ្យ​អាសូរ។ប៉ូឡូញ​កាន់​តែ​ខឹង​ និង​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា​នឹ​ងពង្រីក​បញ្ជី​ឈ្មោះ​ផលិតផល​អ៊ុយក្រែន​ដែល​ជាប់​បម្រាម​​មិន​ឱ្យ​នាំចូល​បន្ថែម​ទៀត។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ការដាក់​គំនាប​លើ​ប៉ូឡូញ​ក្នុង​វេទិកា​ពហុជាតិ ឬនាំ​ប៉ូឡូញ​ទៅ​ឡើង​តុលាការ​អន្តរជាតិ​ មិនមែន​ជា​វិធី​សាស្ត្រ​ត្រឹម​ត្រូវ​សម្រាប់​ដោះស្រាវ​វិវាទ​របស់​ប្រទេស​ទាំង​ពីរ​ទេ​។​ចំណែកខាង​អ៊ុយក្រែន​វិញក៏​បាន​ប្រកា​សហាមឃាត់​ផលិតផល​ប៉ូឡូញ​ដូច​គ្នា។ ជាង​នេះទៅ​ទៀត​​ អ្នក​នាំពាក្យ​ក្រសួងការបរទេស​​បាន​អំពាវនាវ​ឱ្យ​ប៉ូឡូញ​កុំ​បញ្ចេញ​ប្រតិកម្ម​តាម​អារម្មណ៍ និង​បាន​បរិហារ​ការ​សម្រេច​ហាមឃាត់​ឯកតោភាគី​មិន​ឱ្យនាំ​​ធញ្ញជាតិ​ចូល​ប៉ូឡូញ​ ដោយ​ស្នើ​ឱ្យ​មានដំណោះស្រាយ​បែប​ស្ថាបនា​វិញ​ចំពោះ​សំណុំ​រឿង​ធញ្ញជាតិ​នេះ។ អ្នក​នាំពាក្យ​អ៊ុយក្រែន​ដដែល​បាន​ឆ្លៀត​លើក​ឡើង​អំពីភាសា​​មិន​ត្រឹម​ត្រូវ​របស់​​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda ដែលពេល​​កំពុង​ស្ថិត​នៅក្រុង​ញូវយ៉ក​ដើម្បី​ចូល​រួម​ក្នុង​មហាសន្និបាត​អង្គការ​ប្រជាជាតិ​ លោក​បាន​ថ្លែង​បា្រប់​អ្នក​សារព័ត៌មាន​ដោយ​ប្រៀប​ប្រដូច​អ៊ុយក្រែន​នៅ​នឹង​មនុស្សលង់​ទឹក​​ដែលស្រវា​ចង់​រស់ពេក ទើប​អាច​​​ទាញ​អ្នក​ជួយ​ឱ្យ​លង់​ស្លាប់​ជាមួយ។ប្រមុខ​ការ​ទូត​បារាំង​យល់​ថា​ពិត​ជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​​សម្ព័ន្ធមិត្ត​ទាំងពីរធ្លាក់​ក្នុង​ស្ថាន​ភាព​តាន​តឹង​ដាក់​គ្នា​យ៉ាង​ដូច្នេះ។ ក្រោយ​ជំនួប​ពិសេស​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បារាំង​បាន​បញ្ជាក់​ជា​ថ្មី​ថា​សេចក្តី សម្រេច​របស់​អឺរ៉ុប​បិទ​បញ្ចប់​ការ​ហាមឃាត់​ការ​នាំ​ចូល​ធញ្ញជាតិ​អ៊ុយក្រែន​ មិនមែន​ជា​កាត់​ផ្តាច់​ភាព​ប្រកួត​ប្រជែង​ ឬ​រំខាន​ទីផ្សារ​ធញ្ញជាតិ​ឡើយ៕
9/21/20235 minutes, 5 seconds
Episode Artwork

ការ៉ាបាក់៖ ក្រុមផ្តាច់ទឹកដីអាមេនី​យល់​ព្រមទំលាក់អាវុធ​ ២ថ្ងៃក្រោយអាស៊ែបៃហ្សង់​បាញ់​ប្លោង​សាជាថ្មី

តំបន់ការ៉ាបាក់ ដែលជាជម្លោះរ៉ាំរ៉ៃ រវាងអាមេនី និងអាស៊ែបៃហ្សង់​ ពេលនេះបានពើប​ប្រទះនឹង​ការផ្ទុះអាវុធសាជាថ្មី កាលពីថ្ងៃអង្គារ ទី​១៩កញ្ញា។ កងទ័ពអាស៊ែបៃហ្សង់ បានបើក​ប្រតិបត្តិការវាយប្រហារ ទៅលើទីតាំងជាច្រើននៃតំបន់នេះ បណ្តាលឲ្យស្លាប់​មនុស្សប្រមាណ​៣២នាក់ និងរបួសជាង​២០០នាក់​។ ប្រជាជនប្រមាណ​៧០០០នាក់ បាន​រត់ភៀសខ្លួនយ៉ាងតក់ក្រហល់ ក្រោយ​ការ​ផ្ទុះអាវុធសាជាថ្មី បង្កឡើងដោយកងទ័ពអាស៊ែបៃហ្សង់នេះ​។ ហេតុអ្វី បានជា​ផ្ទុះអាវុធសាជាថ្មី?យោងតាមក្រសួងការពារជាតិ​​អាស៊ែបៃហ្សង់ ប្រតិបត្តិការយោធានេះ គឺជាកម្មវត្ថុបោសសំអាតក្រុមភេរវកម្មនិយមអាមេនី។ ក្រុមនេះបាន​ដាក់​គ្រាប់បែកបំផ្ទុះ នៅ​ក្នុងការដ្ឋានសាងសង់​ផ្លូវរូងក្រោមដីមួយ ស្ថិតនៅចន្លោះ តំបន់ ​Choucha និង​ Fizouli ដែលស្ថិតក្នុង​តំបន់ការ៉ាបាក់ តែ​គ្រប់គ្រងដោយ​អាស៊ែបៃហ្សង់។ ប្រភពពីភាគីអាស៊ែបៃហ្សង់ដដែល គឺ​​អំពើនេះ បានសម្លាប់ជីវិតជនអាស៊ែបៃហ្សង់ចំនួន​៦នាក់​។ក្រោយ​ហេតុការណ៍​នេះ នៅព្រឹកថ្ងៃអង្ការទី​១៩កញ្ញា កងទ័ពអាស៊ែបៃហ្សង់ ដោយ​មានការបញ្ជាពីលោក​ប្រធានាធិបតី Ilham Aliev បានបើក​ប្រតិបត្តិការបាញ់គ្រាប់​ប្លោងទៅលើតំបន់ការ៉ាបាក់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់​ក្រុម​ផ្តាច់ខ្លួន​និយមអាមេនី។ ក្រោយ​ការផ្ទុះអាវុធនេះ សហគមន៍អន្តរជាតិ ដែលកំពុងជួបប្រជុំគ្នានៅ​អង្គមហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យបិទបញ្ចប់​ការវាយប្រហារជាបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាជនស៊ីវីល​។​តែយ៉ាងណា នៅក្នុងលិខិតប្រកាស ចេញផ្សាយយប់ថ្ងៃអង្គារ​ លោកប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliev បាន​លើកឡើងថា ដរាបណា​ក្រុមឧទ្ទាមផ្តាច់ទឹកដី​អាមេនីនៅតំបន់ការ៉ាបាក់ មិនទម្លាក់អាវុធទេនោះ អាស៊ែបៃហ្សង់ និងបន្តប្រតិបត្តិការយោធា​ជានិច្ច​។​ លោក​ Ilham Aliev បានអះអាងទៀតថា ក្រៅពី​ការធ្វើអំពើសកម្មភាព​ភេរវកម្ម​ ក្រុម​បំបែក​ទឹកដីអាមេនីនៅការ៉ាបាក់ បានថែមទាំង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតីក្លែងក្លាយ​មួយ​ កាលពី​ថ្ងៃទី៩កញ្ញាកន្លងទៅ ដែលនេះគឺជាទង្វើផ្គើន បំពានមកលើអធិបតេយ្យភាព​ បូរណភាពដែនដី​របស់អាស៊ែបៃហ្សង់។“ប្រតិបត្តិការបោសសំអាតជាតិសាសន៍​”គួរបញ្ជាក់ថា បញ្ហា​តំបន់​ការ៉ាបាក់ បានចិញ្ចឹម​កំហឹងស្អប់គុំគួនគ្នា រវាង​អាមេនី និង​អាស៊ែបៃហ្សង់ជាច្រើនសិបឆ្នាំមកហើយ។ មានទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងអាស៊ែបៃហ្សង់មែន តែតំបន់នេះ​មានប្រជាជនរស់នៅ​ភាគច្រើនលើសលុប ជាជនជាតិ​អាមេនី និយាយភាសាអាមេនី និង​កាន់សាសនាគ្រិស្ត ខុសពី​ប្រជាជនអាស៊ែបៃហ្សង់ភាគច្រើន ដែលកាន់សាសនាអ៊ីស្លាម​។​ចលនាបះបោរបំបែកទឹកដី​របស់ក្រុមជនជាតិអាមេនីនៅតំបន់​ការ៉ាបាក់ បាន​បង្ក​ឲ្យ​មាន​ការផ្ទុះសង្គ្រាម​ជាច្រើនដងមកហើយ រវាង​អាស៊ែបៃហ្សង់ និងអាមេនីដែលមកជួយ​ក្រុម​បំបែកទឹកដី។ ការផ្ទុះអាវុធចុងក្រោយ​ មានរយៈពេល​ប្រមាណ​៦សប្តាហ៍ ក្នុងឆ្នាំ​២០២០ បានបិទបញ្ចប់ទៅដោយ​បរាជ័យរបស់កងទ័ពអាមេនី​។ កងទ័ព​រុស្ស៊ីបានចូលអន្តរាគមន៍​ រក្សាសន្តិភាព​ ដោយ​បានដាក់កំហិតឲ្យភាគីទាំងសងខាង​ឈប់បាញ់។កាលពីយប់ថ្ងៃអង្គារទី​១៩កញ្ញា ក្រោយការផ្ទុះអាវុធសាជាថ្មី បង្កឡើងដោយ​កងទ័ពអាស៊ែបៃហ្សង់ លោក​នាយករដ្ឋមន្ត្រី​អាមេនី Nikol Pachinian បាន​ថ្លែងសារតាមវីដេអូ ដោយ​បានចោទប្រតិបត្តិការ​របស់​​​អាស៊ែបៃហ្សង់ ថាជាប្រតិបត្តិការ​ បោសសំអាតជាតិសាសន៍​នៅតំបន់ការ៉ាបាក់។ បន្ថែមពីនេះ លោក​នាយករដ្ឋមន្ត្រីអាមេនី បានចោទថាអាស៊ែបៃហ្សង់ មានចេតនាចង់​ឃើញ​ប្រទេសអាមេនី​​កើតចលាចល តាមរយៈការរុញប្រជាជន​អាមេនី​ ឲ្យ​ធ្វើបាតុកម្មហិង្សា ប្រឆាំងរិះគន់រដ្ឋាភិបាល ដែល​មិនជួយ​ជនជាតិ​អាមេនីនៅតំបន់ការ៉ាបាក់។ក្រុមឧទ្ទាមអាមេនី យល់ព្រមទំលាក់អាវុធ​លោកនាយករដ្ឋមន្ត្រីអាមេនី បានចាត់ទុកថា វាគឺជាតួនាទីរបស់រុស្ស៊ី ក្នុងនាមជាអ្នករក្សាសន្តិភាព​ ដែលត្រូវតែធានាឲ្យ​មានការបិទបញ្ចប់ការផ្ទុះអាវុធនៅតំបន់ការ៉ាបាក់​។​ ពីម៉ូស្គូ វិមានក្រេមឡាំង បានអំពាវនាវកាលពីល្ងាចថ្ងៃអង្គារ​​ ឲ្យភាគីទាំងសងខាង​ ស្វែងរកច្រកផ្លូវចរចា ឈានទៅទម្លាក់អាវុធ។ នៅក្នុងលិខិតរបស់លោក Ilham Aliev ​កាលពីថ្ងៃអង្គារដែរ ភាគី​​អាស៊ែបៃហ្សង់ បានស្នើ​ឲ្យ​ក្រុមឧទ្ទាមបំបែកទឹកដីអាមេនី ចូលខ្លួនមកចរចា នៅ​ក្រុង Yevlakh ស្ថិតនៅចំងាយ​ប្រមាណ​ជិត​៣០០គីឡូម៉ែត្រ ពីរដ្ឋធានីបាគូ។យោងតាមដំណឹងចុងក្រោយ​ ព្រឹកថ្ងៃពុធម៉ោងប្រមាណ​ជា​១២ថ្ងៃត្រង់ នៅទីបំផុតគឺកិច្ចព្រមព្រៀងទំលាក់អាវុធមួយ ត្រូវបានចុះហត្ថលេខាហើយ រវាងកងទ័ព​​​អាស៊ែបៃហ្សង់ និង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដីអាមេនីនៅតំបន់ការ៉ាបាក់។ ជាកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើង ដោយ​មានការ​សម្របសម្រួល​ ពីភាគីរុស្ស៊ី​។ ក្រោយដំណឹងថ្មីនេះ ក្រុម​ឧទ្ទាមបំបែកទឹកដី​អាមេនី បានបង្ហោះផ្សាយលិខិតប្រកាស​ នៅលើបណ្តាញសង្គម Facebook បញ្ជាក់ថាក្រុមខ្លួនបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ទម្លាក់អាវុធពិតមែន​។​ លិខិតប្រកាសនេះ បញ្ជាក់​ឲ្យដឹង​​ផងដែរថា ការប្រជុំចរចាគ្នារវាង​ អាជ្ញាធរតំបន់ការ៉ាបាក់ និង​ភាគីរដ្ឋាភិបាល​អាស៊ែបៃហ្សង់ នឹងបន្តធ្វើនៅថ្ងៃព្រហស្បតិ៍​ទី​២១កញ្ញា ដើម្បីនិយាយ​អំពីអនាគតនៃតំបន់ការ៉ាបាក់៕យោងតាមការប្រកាសរបស់​លោក Anar Eivazov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាស៊ែបៃហ្សង់ គឺ កិច្ចព្រមព្រៀងនេះ ចែងជាអាទិ៍ថា កងកម្លាំងប្រដាប់អាវុធអាមេនីនៅតំបន់​ការ៉ាបាក់ នឹងត្រូវរំសាយ​ចោល ហើយត្រូវ​​ទំលាក់អាវុធ ទាំងអស់​​។ បន្ថែមពីនេះ កងទ័ពអាមេនី​នឹងត្រូវដកចេញទាំងស្រុង ពីតំបន់ការ៉ាបាក់ ក្រោម​ការ​ឃ្លាំមើល​ និងសម្របសម្រួល​ពី​កងទ័ពរុស្ស៊ី៕
9/20/20235 minutes, 34 seconds
Episode Artwork

ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅ​បញ្ចុះបញ្ចូលផ្ទាល់នៅ មហាសន្និបាត​អង្គការ​សហប្រជាជាតិ

មហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី ៧៨ ចាប់ផ្តើម​ជាផ្លូវការ​ពីថ្ងៃអង្គារ​ទី ១៩ ដល់ថ្ងៃទី ២៦​កញ្ញា នៅទីក្រុង​ញូវយ៉ក។ មហាសន្និបាតដែល​មានការចូលរួម​ពី​ប្រមុខរដ្ឋាភិបាល និង​មេដឹកនាំ​ប្រទេស​យ៉ាងតិច ១៤៥​ប្រទេស ត្រូវ​កត់សំគាល់​ដោយ​វត្តមានចូលរួម​ផ្ទាល់​ជាលើកទី​១ របស់​ប្រធានាធិបតី​អ៊ុយក្រែន លោកវ្លូឌីមៀ ​ហ្សេឡេនស្គី។ ដោយសារ​សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន សុន្ទរកថា​របស់​ប្រធានាធិបតី អ៊ុយក្រែន​នឹង​អាចលុបបិទបាំងជិត​បញ្ហា​សំខាន់ៗ​មួយចំនួនទៀតរបស់​ពិភពលោក ដែល​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ត្រូវផ្តោតពិភាក្សា ដូចជា​ភាពក្រីក្រ ការអប់រំ និង​ការប្រែប្រួលអាកាសធាតុ។ មហាសន្និបាតអង្គការសហប្រជាជាតិ​បើកទ្វារជាផ្លូវការ នៅទីក្រុងញូវយ៉ក នៅថ្ងៃ​អង្គាទី ១៩ កញ្ញា ជាមួយ​អវត្តមាន​របស់​មេដឹកនាំ​សំខាន់ៗ​ក្នុង​ពិភពលោក។ ក្រៅពី​លោកប្រធានាធិបតី​ចូ បៃដិន​ដែលជា​ម្ចាស់ផ្ទះ មហាសន្និបាតអង្គការ​សហប្រជាជាតិ​កត់សំគាល់​ដោយ​អវត្តមាន​របស់​មេដឹកនាំ​របស់​ប្រទេស​ចិន រុស្ស៊ី អង់គ្លេស និងបារាំង ដែលសុទ្ធសឹងជាសមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។គ្មាន​មេដឹកនាំ​ប្រទេស​មហាអំណាចចូលរួម តើ​មហាសន្និបាត​អង្គការសហប្រជាជាតិ​មានន័យអ្វីទៀត?នៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមពីថ្ងៃទី ១៩​ដល់ថ្ងៃទី ២៦​កញ្ញា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​តែមួយគត់​ដែលមាន​វត្តមាននៅក្នុង​អង្គមហាសន្និបាត។ មេដឹកនាំ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​៤ផ្សេងទៀត ដូចជាបារាំង អង់គ្លេស ចិន និង​រុស្ស៊ី មិនបានធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាតលើកទី​៧៨​របស់​អង្គការ​សហប្រជាជាតិ។ ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​លើកយក​ហេតុផល​ជាប់​រវល់​ទទួល​ព្រះមហាក្សត្រអង់គ្លេស ឆាល នៅទីក្រុង​ប៉ារីស ចំណែក រដ្ឋាភិបាលអង់គ្លេស​លើកឡើងថា លោក​នាយករដ្ឋមន្រ្តីរីស៊ី ស៊ូណាក់​មិនអាច​ចូលរួមក្នុងមហាសន្និបាត ដោយសារ​លោក​ត្រូវ​ចំណាយពេល​លើបញ្ហា​ក្នុងស្រុកអង់គ្លេសម្តង បន្ទាប់ពី លោក​ធ្វើដំណើរ​ចេញទៅក្រៅប្រទេសញយដង ដូចជា​នៅក្នុង​ជំនួបកំពូល​ក្រុមប្រទេស​ហ្សេ ២០ នៅ​ឥណ្ឌា។ម្យ៉ាង នាយករដ្ឋមន្រ្តីអង់គ្លេស​គ្រោង​ធ្វើដំណើរ​ទៅចូលរួម​ក្នុងសន្និសីទ​អន្តរជាតិស្តីពីអាកាសធាតុ នៅ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម នៅ​ខែ​វិច្ឆិកា​ខាងមុខ ដែលជា​ហេតុធ្វើឲ្យ​លោក​គ្មានពេលច្រើន​ដើម្បីដោះស្រាយ​បញ្ហា​របស់​ប្រជាជន​អង់គ្លេស។ជារឿងដ៏​កម្រ​ដែល​មេដឹកនាំបារាំង និងអង់គ្លេស អវត្តមាន​ នៅក្នុងមហាសន្និបាត ប៉ុន្តែ សម្រាប់​ប្រធានាធិបតី​ចិន និង​រុស្ស៊ីឯណោះវិញ វាក្លាយជា​ទម្លាប់​ទៅហើយ​ដែល​គ្មានវត្តមាន ឡើងថ្លែងសុន្ទរកថា ​នៅ​វេទិកា មហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រធានាធិបតី​ចិនពេញចិត្ត​ទៅ​ចូលរួម​ក្នុងជំនួបកំពូល​BRICS ជាជាង​មហាសន្និបាតអង្គការ​សហប្រជាជាតិ។ លើកនេះ លោកប្រធានាធិបតី​ពូទីន​ដែល​មិនអាច​ដាក់ជើងជាន់​ទីក្រុង​ញូវយ៉ក ដោយសារ​ដីកាចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ មាន​ប្រមុខ​ការបរទេស លោក​ឡាវ៉្រ្វូវ ជាអ្នកតំណាង ឡើង​ថ្លែង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ។សម្រាប់​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ អ្វីដែលសំខាន់ មិនមែន​ការចូលរួមផ្ទាល់​របស់​​ប្រមុខដឹកនាំប្រទេសណានោះទេ ប៉ុន្តែ គឺ ការសម្រេច ការចូលរួមជាក់ស្តែង​របស់​ប្រទេស​នីមួយៗ ដែលជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ។ ចង់ ឬ​មិនចង់ គ្មានមេដឹកនាំ​របស់​ប្រទេស​មហាអំណាច ដទៃទៀត ចូលរួម លោកប្រធានាធិបតី ចូ បៃដិន​ជា​មេដឹកនាំ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​តែមួយគត់ ដែល​នឹង​ប្រើវេទិកា​នៅមហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​លើក​ឡើង​ពី​ការប្តេជ្ញាចិត្ត របស់​អាមេរិក​ដើម្បី​ស្តាប់ និង​ជួយ​ប្រទេស​ក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍន៍។ឯណាទៅគោលដៅអភិវឌ្ឍរបស់​មហាសន្និបាតអង្គការសហប្រជាជាតិ?នៅមួយថ្ងៃ​មុន បើកមហាសន្និបាតអង្គការ​សហប្រជាជាតិ ក្រុមប្រទេស​កំពុង​អភិវឌ្ឍ​បាន​បើក​ជំនួបកំពូលស្តីពី​ការអភិវឌ្ឍន៍ ដែលនៅក្នុង​នោះ ក្រុមប្រទេស​កំពុងអភិវឌ្ឍ​បានទាមទារ​ចង់បាន​កំណែទម្រង់​ប្រព័ន្ធដឹកនាំ​ក្នុងពិភពលោក ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាជន​របស់​ពួកគេ​ដែលកំពុង​ជួបគ្រោះម្តងហើយ ម្តងទៀត ដូចជា គ្រោះអត់ឃ្លាន គ្រោះធម្មជាតិ អាច​មាន​វាសនា​រស់មានជីវិត និង​មានអនាគត​ដូចការកំណត់គោលដៅ​របស់​អង្គការ​សហប្រជាជាតិ។មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត នៅ​ឆ្នាំ ២០១៥ កំណត់គោលដៅ ចំនួន​១៧ ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ២០៣០ ដើម្បីកសាងអនាគត​ និង​អភិវឌ្ឍ​ដោយ​ចីរកាល។ ប៉ុន្តែ ៨ឆ្នាំមកនេះ ពោល​នៅ​សល់​តែ​៧ឆ្នាំទៀត ដល់​កាលកំណត់ មានតែប្រទេស​ប្រមាណ ១៥%​ប៉ុណ្ណោះ ដែល​សម្រេចគោលដៅ។ គោលដៅ ទាំង​១៧ របស់​អង្គការ​សហប្រជាជាតិ មាននិយាយ​ពីការលុបបំបាត់ចោល​ភាពក្រីក្រ ការទទួលបាន​ការអប់រំ ការទទួលបានទឹកស្អាតប្រើប្រាស់ ថាមពលស្អាតស្អំ ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ ឬ​ការឈាន​ទៅបង្កើត​សង្គម​សន្តិភាព។ ប៉ុន្តែ តាម​អគ្គលេខាធិការសហប្រជាជាតិ ការប្រឹងប្រែង​កន្លងមក​ត្រូវ​បំផ្លិចបំផ្លាញ ដោយ​វិបត្តិជំងឺកូវីដ និង​ចុងក្រោយ គឺ​សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។នៅក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិ ក្រុមប្រទេស​ក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍ ដែលភាគច្រើន​ស្ថិតនៅភាគខាងត្បូង​ផែនដី កំពុង​ត្រូវ​ក្រុមប្រទេស​មហាអំណាច ដែលកំពុង​បែងចែកបក្សពួក​គ្នា​ជា​ពីរក្រុម រុស្ស៊ី ចិន និង​ក្រុមប្រទេស​លោកខាងលិច ដឹកនាំ​ដោយអាមេរិក ត្រូវការ​ចង់បាន ការគាំទ្រ​របស់​ក្រុមប្រទេស​នៅខាងត្បូង​ឲ្យ​ចូលរួមក្នុងក្រុមរៀងៗខ្លួន។ ដឹងថា​ខ្លួន​អាចមានទម្ងន់​នយោបាយ ក្រុមប្រទេស​ខាងត្បូងចង់​យក​មហាសន្និបាតអង្គការ​សហប្រជាជាតិ ជា​ឱកាស​សម្រាប់​ដាក់​លក្ខខណ្ឌ ទាមទារ​ជំនួយ ពីក្រុមប្រទេស​មហាអំណាច ប្រទេស​អ្នកមាន។ប្រធានាធិបតី​អ៊ុយក្រែន​កំពុង​ទាញ​យក​ប្រយោជន៍​ពី​មហាសន្និបាតអង្គការសហប្រជាជាតិ?គោលដៅអភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ឬសំណុំរឿងធំៗ​របស់ពិភពលោក មិនថា បញ្ហា​សេដ្ឋកិច្ច វិបត្តិអតិផរណា ភាពក្រីក្រ ឬ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ អាច​ត្រូវ​គ្របលុបបាំងជិត​ដោយ​សំណុំរឿងអ៊ុយក្រែន ព្រោះថា ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បានធ្វើដំណើរជាលើកទី១ ទៅចូលរួម​ដោយផ្ទាល់​នៅក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក។ គិត​ចាប់តាំងពី​រុស្ស៊ី​បើកសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ប្រទេស​សមាជិក​ភាគច្រើន បាន​បោះឆ្នោត នៅ​មហាសន្និបាតអង្គការសហប្រជាជាតិ លើ​សេចក្តីសម្រេចជាច្រើន គាំទ្រ​អ៊ុយក្រែន អធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន និងទាមទារ​ឲ្យ​រុស្ស៊ី​ដកទ័ពចេញពីអ៊ុយក្រែន។ប៉ុន្តែ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អូសបន្លាយពេល​ជាង ១ឆ្នាំកន្លះ បូកផ្សំ​នឹង​វិបត្តិស្បៀងអាហារ ដោយសារ​សង្រ្គាមអ៊ុយក្រែន ប្រទេស​នៅភាគខាងត្បូង​មាននិន្នាការ​កាន់តែច្រើនចង់បាន​ការចរចាការទូត ជាជាង​ការប្រយុទ្ធធ្វើសង្រ្គាម ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន។ ជាក់ស្តែង​ លោកលូឡា ប្រធានាធិបតីរបស់ប្រទេសប្រេស៊ីល ដែលមាន​ទម្ងន់នយោបាយ​គួរសម ត្រូវគេ​រំពឹង​ថា នឹង​ប្រើ​វេទិកា​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដើម្បី​ទាមទារ​ឲ្យភាគីជម្លោះ ដោះស្រាយ​វិបត្តិសង្រ្គាមអ៊ុយក្រែន តាម​ការចរចា​ការទូត។ ចង់​ដើរតួជាអាជ្ញាកណ្តាល​ដូច​ចិន ប្រេស៊ីល​បដិសេធដាក់ទណ្ឌកម្ម​លើរុស្ស៊ី និង​មិន​បោះឆ្នោតលើ​សេចក្តីសម្រេច​របស់អង្គការសហប្រជាជាតិ ក្នុងសំណុំរឿងរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។ ជំហរ​របស់​ប្រេស៊ីលបានបណ្តាល​ឲ្យមានការរិះគន់​តវ៉ា​ពីខាង​អ៊ុយក្រែន។ នៅចំពោះមុខ​ជំហររារែក​របស់​ក្រុមប្រទេស​សមាជិកអង្គការ​សហប្រជាជាតិ ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី និយាយដោយមិនលាក់លៀមថា វត្តមាន​របស់​លោក​នៅ​មហាសន្និបាត មានគោលដៅសំខាន់​គឺ ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ប្រទេសដៃគូ ប្រទេស​សមាជិកអង្គការ​សហប្រជាជាតិ បានដឹង​យល់ច្បាស់​ពីសង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី ហើយ​និងផែនការជាក់ស្តែងរបស់អ៊ុយក្រែន ដើម្បី​ទាមទារ​ចង់បាន​ទឹកដី​របស់ខ្លួន ដូចដើមមកវិញ៕
9/19/20237 minutes, 12 seconds
Episode Artwork

អ៊ុយក្រែន និង រុស្ស៊ី ប្រឈមមុខគ្នាជាលើកទី​១ នៅ​តុលាការយុត្តិធម៌អន្តរជាតិ

ថ្ងៃចន្ទ ទី​១៨​កញ្ញា តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ចាប់ផ្តើម​បើកសវនាកា រហូតដល់ថ្ងៃទី​២៧កញ្ញា នៅក្នុងនីតិវិធីប្តឹងមួយ ដែលអ៊ុយក្រែននិង​រុស្ស៊ី​ប្រឈមមុខដាក់គ្នា។​ ក្នុងសំណុំរឿងនេះ​ រដ្ឋាភិបាល​​អ៊ុយក្រែន បានចោទទៅលើរុស្ស៊ី ថា​បាន​​ប្រើ​ប្រាស់ហេតុផល “ប្រល័យពូជសាសន៍” ដោយ​គ្មានមូលដ្ឋាន​ ដើម្បី​ធ្វើ​ជា​សំអាង​​លើកទ័ព ចូលមក​ឈ្លានពាន វាយ​ប្រហារលើ​អ៊ុយក្រែន​។ នេះ​ជា​លើកទី​១ ​ក្រោយ​​សង្គ្រា​ម​នៅ​អ៊ុយក្រែន​បានផ្ទុះឡើង ដែល​ភាគី​​រុស្ស៊ី និង​អ៊ុយក្រែន ត្រូវ​ធ្វើបទបង្ហាញ​នូវ​អំណះអំណាង​រៀងៗខ្លួន​​ ចំពោះមុខចៅក្រមទាំង​១៥រូប នៅ​តុលាការយុត្តិធម៌អន្តរជាតិ​។ ការបកស្រាយ​ពាក្យ “ប្រល័យពូជសាសន៍​” នៅក្នុង​សន្ធិសញ្ញា​១៩៤៨ដំណើរដើមហេតុ គឺប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែល​បាន​ចោទថា រដ្ឋាភិបាលអ៊ុយក្រែន បានធ្វើ “អំពើ​ប្រល័យពូជសាសន៍” ទៅលើប្រជាជន​និយាយភាសារុស្ស៊ី ដែលរស់នៅតំបន់ដុនបាស ​ភាគខាងកើតអ៊ុយក្រែន​។ លោកពូទីន​អះអាងថា គឺដោយ​ហេតុផលនេះហើយ ទើបធ្វើ​ឲ្យរុស្ស៊ី ត្រូវតែ​បង្ខំចិត្ត ​បើក “ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន” នៅថ្ងៃទី​២៤កុម្ភៈ ២០២២​ ដើម្បី​ជួយរំដោះប្រជាជន​ដែលរងគ្រោះ​ ។​ក្រោយ​សង្គ្រាម​ផ្ទុះ​ឡើងបាន​២ថ្ងៃ គឺថ្ងៃទី២៦កុម្ភៈ ២០២២ រដ្ឋាភិបាល​អ៊ុយក្រែន បាន​ដាក់ពាក្យ​ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយបានលើកឡើងថា​ អំណះអំណាងរបស់រុស្ស៊ីដែលចោទថាអ៊ុយក្រែនបានធ្វើអំពើប្រល័យពូជសាសន៍នោះ គឺវាជាការចោទប្រកាន់ ដែលគ្មានភស្តុតាង គ្មានមូលដ្ឋានច្បាប់អ្វីទាំងអស់។ ភាគីអ៊ុយក្រែន​ អះអាងថា អំណះអំណាងរបស់រុស្ស៊ី ដើម្បី​ធ្វើជាលេស​​បើកផ្លូវធ្វើសង្គ្រាមឈ្លានពានខ្លួននេះ គឺវាផ្ទុយស្រឡះអំពី​ខ្លឹមសារ ដែលមានចែង​ក្នុង​សន្ធិសញ្ញាអន្តរជាតិ ស្តីពី​អំពើប្រល័យពូជសាសាន៍ ចុះហត្ថលេខានៅឆ្នាំ​១៩៤៨។សូមបញ្ជាក់ថា​ កាលពី​ខែមីនា២០២២ តុលាការ​យុត្តិធម៌អន្តរជាតិ បាន​ចេញដីកាបឋមមួយ ដោយ​បានបញ្ជា ឲ្យភាគីរុស្ស៊ី ត្រូវតែ​បិទផ្អាកជាបន្ទាន់ នូវ​ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដើម្បីរងចាំការជំនំជំរះចុងក្រោយ ស្តីអំពីការសម្រេច​​ “អំណាចយុត្តាធិការ” របស់តុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំណុំរឿងនេះ​​។ ចៅក្រុមតុលាការក្រុងឡាអេ លើកឡើងថា ប្រតិបត្តិការកងទ័ពទ្រង់ទ្រាយធំរបស់រុស្ស៊ី អាចនឹង​ប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់អ៊ុយក្រែន ព្រមទាំងការខូចខាតផ្សេងៗទៀត។ ទោះជាយ៉ាងណា ដីកាបង្គាប់របស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិនេះ មានសុពលភាពតែនៅក្រដាសប៉ុណ្ណោះ​ ព្រោះថាដូចយើងទាំងអស់គ្នាដឹងហើយ ថា​រុស្ស៊ីបានបន្តធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែន រហូតមកដល់សព្វថ្ងៃនេះ​។តើតុលាការយុត្តិធម៌អន្តរជាតិ មានអំណាចយុត្តាធិការដែរឬទេ?គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ កន្លងមកភាគីរុស្ស៊ីបាន​ប្រកែក​ មិន​បញ្ជូនមនុស្សមកចូលរួមដោយផ្ទាល់ នៅក្នុងនីតិវិធីសួរដេញដោយ​ផ្ទាល់មាត់ នៅមុខចៅក្រមទេ។ ផ្អែកតាមតុលាការក្រុងឡាអេ រុស្ស៊ី បានត្រឹម​តែ​​ផ្ញើលិខិតមួយ​មកប៉ុណ្ណោះ ដោយអះអាងថាគ្មានពេលគ្រប់គ្រាន់ ដើម្បីរៀបចំឯកសារច្បាប់ និងគ្មានមេធាវីដើម្បីការពារ​។ នៅ​ក្នុងលិខិតនោះ ភាគីរុស្ស៊ីបានអះអាងទៀត​ថា តុលាការយុត្តិធម៌អន្តរជាតិ គ្មានអំណាចយុត្តាធិការ​ កាត់សេចក្តីលើសំណុំរឿងនេះទេ ព្រោះ​ថាករណីអ៊ុយក្រែន គឺវាមិនចូលទៅក្នុង​ សន្ធិសញ្ញាស្តីពី​អំពើប្រល័យពូជសាសន៍ ចុះឆ្នាំ​១៩៤៨ទេ។សវនាកាបើកនៅថ្ងៃចន្ទ ទី១៨កញ្ញានេះ វាជាលើកទី១ហើយ ដែល​រុស្ស៊ីបានបញ្ជូនក្រុមអ្នកច្បាប់ ឲ្យ​មកតំណាង និងចូលរួមដោយ​ផ្ទាល់។ តាមការគ្រោងទុក ថ្ងៃទី​១៨កញ្ញា គឺចៅក្រមទាំង​១៥រូប នឹងស្តាប់អំណះអំណាងរបស់ភាគីរុស្ស៊ី។ ហើយថ្ងៃទី​១៩ គឺដល់វេនដើមចោទ គឺភាគីអ៊ុយក្រែន ដែលនឹងត្រូវធ្វើអំណះអំណាង។ បន្ថែមពីនេះ នៅថ្ងៃពុធ ទី​២០កញ្ញា ចៅក្រមទាំង​១៥រូប នៃតុលាការយុត្តិធម៌អន្តរជាតិ នឹងស្តាប់អំណះអំណាងរបស់តំណាងប្រទេសចំនួន​ ៣២ប្រទេស ដែលនឹងមកផ្តល់សក្ខីកម្ម ការពារអ៊ុយក្រែន ដែលជាប្រទេសរងគ្រោះដោយ​ការឈ្លានពានរបស់រុស្ស៊ី​។សូមបញ្ជាក់ថា អង្គសវនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី​២៧កញ្ញា មុននឹងចៅក្រមសម្រេចសេចក្តី ថាតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ មានអំណាចយុត្តាធិការ​ ឬក៏គ្មាន ដើម្បីជំនំជំរះ លើពាក្យបណ្តឹងនេះ​​របស់អ៊ុយក្រែន​។ សេចក្តីសម្រេច ដែលអាចនឹងត្រូវការពេល​ច្រើនខែបន្ថែមទៀត។ គួរបញ្ជាក់ដែរថា ក្រៅពីសំណុំរឿងនេះ តុលាការយុត្តិធម៌អន្តរជាតិ ត្រូវជំនំជំរះលើសំណុំរឿងផ្សេងទៀត ជាក់ស្តែងសំណុំរឿង​ដែលអ៊ុយក្រែនចោទរុស្ស៊ី ថាបាន​ផ្គត់ផ្គង់ថវិកានិងអាវុធ ដល់ក្រុមបំបែកទឹកដីនៅភាគខាងកើតអ៊ុយក្រែន ដោយបំពានទៅនឹង​សន្ធិសញ្ញាអន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ហិរញ្ញវត្ថុ​ក្រុមភេរវនិយម។ការ​ប្រយុទ្ធស្វិតស្វាញទាំងផ្លូវច្បាប់ និងនៅសមរភូមិក្នុងអំឡុងពេលដែល ក្រុមអ្នកច្បាប់រុស្ស៊ី និងអ៊ុយក្រែន​​ត្រូវប្រយុទ្ធ​​តទល់គ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ នៅឯសមរភូមិប្រយុទ្ធឯណោះ កងទ័ពអ៊ុយក្រែន និងរុស្ស៊ី​ក៏នៅតែបន្តប្រយុទ្ធយ៉ាងស្វិតស្វាញដែរ។ ប្រតិបត្តិការវាយបក ដណ្តើមយកទឹកដីមកវិញ ដែលអ៊ុយក្រែនបានចាប់ផ្តើមធ្វើជាច្រើនខែមកហើយនោះ បានដំណើរការទៅយ៉ាងយឺតយ៉ាវ និងបានលទ្ធផល​ស្តួចស្តើងបំផុត។ យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទទី​១៨កញ្ញានេះ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា គេទើបតែបាន​រំដោះបាន​ទឹកដី​ប្រមាណ​ ៧គីឡូម៉ែត្រក្រឡាបន្ថែមទៀត នៅចំណុច Klichtchiïvka ក្បែរតំបន់ Bakhmout។លោក​វ្លូដីមៀរ ហ្សេឡេនស្គី បានថ្លែងសារតាមវីដេអូ នៅយប់ថ្ងៃអាទិត្យទី​១៧កញ្ញា អបអរសាទរ និងកោតសរសើរចំពោះវីរភាពកងទ័ពអ៊ុយក្រែន ដែល​តស៊ូប្រយុទ្ធដណ្តើមកយកវិញនូវទឹកដី​។ អ្នកនាំពាក្យ​កងកម្លាំងអ៊ុយក្រែន​​នៅសមរភូមិខាងកើត បាន​អះអាងថា កងទ័ពអ៊ុយក្រែនកំពុងព្យាយាមដណ្តើមដែនដី ដើម្បី​កាត់ផ្តាច់ផ្លូវដឹកជញ្ជូនតាមផ្លូវដែក របស់កងទ័ពរុស្ស៊ី​។ដោយឡែក នៅក្នុងបទសម្ភាសន៍មួយផ្សាយ​កាលពីថ្ងៃអាទិត្យ លោក Mark Milley អគ្គ​មេបញ្ជាការ​កងទ័ពអាមេរិក បានទទួលស្កាល់ថា ប្រតិបត្តិការដណ្តើ​មយកទឹកដីវិញរបស់អ៊ុយក្រែន គឺជួបឧបសគ្គច្រើន ដែលត្រូវចំណាយពេលយូរ តែយ៉ាងណាប្រតិបត្តិការនេះមិនបានបរាជ័យទេ។ ដូចគ្នាដែរ លោក Jen Stoltenberg អគ្គលេខាធិការអង្គការអូតង់ បានថ្លែងតាមបណ្តាញព័ត៌មានអាល្លឺម៉ង់ Funke ថាសង្គ្រាមអ៊ុយក្រែន នឹង​អូសបន្លាយពេល​យូរទៅមុខទៀត​។គួរបញ្ជាក់ដែរថា លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូដីមៀរ ហ្សេឡេនស្គី នឹងធ្វើដំណើរទៅជួបថ្នាក់ដឹកនាំអាមេរិក នៅក្រុងវ៉ាស៊ីនតោន នៅ​ថ្ងៃព្រហស្បតិ៍ទី២១​កញ្ញា​។ ជាដំណើរទៅស្របពេលដែលសភាខុសហ្ក្រេសអាមេរិក កំពុងត្រៀម​បោះឆ្នោត ​ផ្តល់កញ្ចប់ថវិកាជំនួយថ្មីមកឲ្យអ៊ុយក្រែន​ ដែល​មានទឹកប្រាក់​​ប្រមាណ​២៤ពាន់លានដុល្លារ៕
9/18/20236 minutes, 55 seconds
Episode Artwork

លំហូរ​អន្តោប្រវេសន៍កំពុង​ក្លាយ​ជា​សម្ពាធ​ការទូត​យ៉ាង​ធ្ងន់ធ្ងរ​ជា​ថ្មី​នៅអឺរ៉ុប

នៅ​ថ្ងៃ​អាទិត្យ​ទី ១៧ កញ្ញា តាម​ការ​អញ្ជើញ​របស់​​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ ប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយេន បាន​អញ្ជើញ​ទៅ​កោះ​ឡំប៉េឌូហ្សា​ ​ដែល​​លំហូរ​​ជន​អន្តោប្រវេសន៍កំពុង​ជន់ជោរស្ទើរ​លិច​​កោះ។ នៅ​សប្តាហ៍​នេះ​ មាន​អន្តោប្រវេសន៍​ឆ្លង​តាម​ទូក​ប្រមាណ​ជាង​៨ពាន់​នាក់​បាន​មក​ដល់​កោះ​អ៊ីតាលី។ ប្រឈម​នឹង​ស្ថានភាព​នេះ ការ​បែង​ចែក​ទំនួល​ខុស​ត្រូវ ក្នុង​រង្វង់​ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប​បាន​កក្រើក​ឡើង​វិញ។ វិបត្តិ​អន្តោប្រវេសន៍​កំពុង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​អឺរ៉ុប។ ថ្ងៃ​នេះ​លោក​ស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយេន បាន​អញ្ជើញ​ទៅ​កោះ​អ៊ីតាលី Lampedusa ​ ដែលកំពុង​រង​រលក​​​អន្តោប្រវេសន៍ជា​ថ្មី​ ក្នុង​​សប្តាហ៍​នេះ។​លំហូរ​អន្តោប្រវេសន៍​​មក​អឺរ៉ុប​ចាប់​​ធ្ងន់ធ្ងរខ្លាំងជា​ថ្មី?នៅរវាង​តែ​បី​ថ្ងៃ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃពុធ​ដើម​សប្តាហ៍ មាន​ទូក​អន្តោប្រវេសន៍ខុស​ច្បាប់​ចំនួន​១៩៩​ទូក ដែល​មាន​ផ្ទុក​មនុស្ស​សរុប​ប្រមាណ​៨៥០០នាក់បាន​ចូល​មក​ដល់​កោះLampedusa​ ​គឺ​ច្រើន​ជាង​ចំនួន​ពលរដ្ឋ​អ៊ីតាលី​សរុប​រស់​នៅ​លើ​កោះ​ទៅ​ទៀត។ នេះ​បើ​តាម​តួលេខ​របស់​ទី​ភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការ​សហប្រជាជាតិ ដោយ​បន្ថែម​ថា មជ្ឈមណ្ឌល​ទទួល​អន្តោប្រវេសន៍​នៅលើ​កោះ​មាន​សមត្ថភាព​ទទួល​មនុស្ស​ត្រឹម​តែ​៤០០នាក់ប៉ុណ្ណោះ។ ក្នុង​ពេល​ដែល​កោះ​ព្យាយាម​​ជម្លៀស​ជន​អន្តោប្រវេសន៍​ចេញ ទូកដឹក​ជនភៀសខ្លួន​ផ្សេងទៀត​បាន​បន្ត​មក​ដល់នាំ​ព្រឹក​ថ្ងៃ​សៅរ៍នេះ និង​ទូក​ជា​ច្រើន​សិប​គ្រឿង​ទៀត​កំពុង​ធ្វើ​ដំណើរ​ក្នុង​សមុទ្ទ​សំដៅ​ឆ្នេរ​អ៊ីតាលី។ហេតុដូច្នេះ​ហើយ​បាន​ជា​លោកស្រីនាយករដ្ឋមន្ត្រី​អ៊ីតាលី ចរចា មេឡូនី បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា អ៊ីតាលី​មិន​អាច​ទ្រទ្រង់​នឹង​សម្ពាធ​អន្តោប្រវេសន៍​បាន​ទៀត​ទេ។ស្ថិត​នៅ​ចម្ងាយ​មិនដល់​១៥០គីឡូម៉ែត្រ​ពី​ឆ្នេរ​ទុយនីស៊ី កោះLampedusa ជា​ទី​សំចត​ដ៏​ជិត​ដំបូងគេ​មួយ​សម្រាប់​ជនអន្តោប្រវេសន៍​រត់​ឆ្លង​សមុទ្ទ​មេឌីទែរាណេ ដែល​ចង់​មក​ជ្រកកោន​នៅអឺរ៉ុប។ ជា​រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​រដូវ​ក្តៅ​ម្តងៗ ពួកគេ​រាប់​សិប​ពាន់​នាក់ បាន​ប្រថុយ​ជីវិតចុះ​សមុទ្ទ​​ជិះ​ទូក​រខេករខាក​សំដៅ​ត្រើយ​អឺរ៉ុប។ គិត​តាំងពី​ដើម​ឆ្នាំ​២០២៣​មក​ មានអន្តោប្រវេសន៍​តាម​ទូក​ចំនួន​ជាង​១២៧០០០នាក់​បាន​មក​ដល់​ឆ្នេរ​អ៊ីតាលី​ ពោល​គឺ​ពីរដង​ច្រើន​ជាង​ឆ្នាំ​២០២២ ក្នុង​រយៈ​ពេល​ដូចគ្នា។ច្បាប់​បែងចែង​និង​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍អឺរ៉ុប​គ្មាន​ប្រសិទ្ធភាព?សហភាព​អឺរ៉ុបមាន​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​តាំង​ពី​ឆ្នាំ​២០១៣ ឈ្មោះ​ថា​កិច្ចព្រមព្រៀង​ឌុយប្លាំង​ ដែល​តម្រូវ​ឱ្យ​ជនអន្តោប្រវេសន៍​​មក​ដល់​ស្រុក​ណា​មុនគេ ត្រូវ​សុំ​សិទ្ធ​ជ្រក​កោន​នៅ​ស្រុក​នោះ។ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​ហាក់​មិន​ស៊ី​នឹង​ស្ថានការណ៍ ដែល​ត្រូវ​តែ​ធ្វើ​កំណែទម្រង់ ព្រោះ​ជាមួយ​នឹង​ចំនួន​អន្តោប្រវេសន៍​យ៉ាង​ហោច​​បីម៉ឺន​នាក់​​​ក្នុង​មួយ​ឆ្នាំ​ ប្រទេស​នៅជួរមុខ​ដូច​យ៉ាងអ៊ីតាលី ក្រិក និងកោះម៉ាល់តិ៍ជាដើមនេះ ទទួលបន្ទុក​ធ្ងន់​តែម្នាក់ឯង។ទោះប្រេះឆា​គ្នា​ខ្លាំង​មែន តែ​នៅ​​ខែ​មិថុនាកន្លង​ទៅ​ថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អឺរ៉ុប​ទាំង​២៧​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កំណែទម្រង់​​ពីរ​ចំណុច​សំខាន់ៗ​ទាក់ទង​នឹង​ការ​ចាត់​ចែង​អន្តោប្រវេសន៍​និង​ដំណើរបែប​បទ​​សុំ​សិទ្ធ​ជ្រកកោន​ សម្រាប់​មក​ជំនួស​កិច្ចព្រមព្រៀង​ឌុយប្លាំង។ ​ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​មិន​ទាន់​ត្រូវ​បាន​សភា​អឺរ៉ុប​អនុម័ត​នៅឡើយ​ទេ។ក្នុង​ពេល​រង់ចាំ សហភាពអឺរ៉ុបបានអនុម័តយន្តការបណ្តោះ​អាសន្ន​មួយ កាលពីខែ​មិថុនាឆ្នាំ​២០២២ ​ជួយសម្រួល​ប្រទេសស្ថិតនៅជួរមុខ ដោយឈរលើគោលការណ៍​ស្ម័គ្រចិត្ត។ យន្តការនេះ អនុញ្ញាតឲ្យ​ប្រទេសដែលស្ម័គ្រចិត្ត​១២ប្រទេស ទទួលយកជនភៀសខ្លួនពីប្រទេសជួរមុខ ចំនួន​សរុប ៨០០០នាក់ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ បារាំង និងអាល្លឺម៉ង់ ត្រូវទទួលម្នាក់ ៣០០០នាក់។ ក៏ប៉ុន្តែតួលេខនេះ មានតែលើក្រដាសទេ។ ជាង​នេះ​ទៅ​ទៀត កាលពី​ថ្ងៃពុធ​ម្សិលម្ង៉ៃ អាល្លឺម៉ង់​បាន​ប្រកាស​ព្យួរ​ការ​ទទួល​ដោយ​ស្ម័គ្រ​ចិត្តជន​អន្តោប្រវេសន៍​​មក​ពី​អ៊ីតាលី​ទៀត ក្រោម​ហេតុផល​ថា​អ៊ីតាលី​មិន​ព្រម​គោរព​កិច្ចព្រមព្រៀង​ឌុយប្លាំង។ ភាព​ប្រទាំងប្រទើស​​រវាង​អាល្លឺម៉ង់​និង​អ៊ីតាលី​ ទើប​ត្រូវ​បាន​ដោះស្រាយ​រួច​នៅ​ម្សិលមិញ​ ដោយ​អាល្លឺម៉ង់​ព្រម​បន្ត​ទទួល​យក​អន្តោប្រវេសន៍វិញ។លំហូរ​អន្តោប្រវេសន៍​ជា​គំហុក​លើ​កោះ​អ៊ីតាលី​ នា​សប្តាហ៍​នេះ បាន​និ​ងកំពុង​ក្លាយ​ជា​ប្រធានបទការ​ទូត​​ដ៏​ក្តៅ​គគុក​ជា​ថ្មី​​ក្នុង​រង្វង់​សហភាពអឺរ៉ុប​។ ក្រោយ​ពី​មាន​​ជំនួប​ត្រី​ភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំងអ៊ីតាលី​និ​ងអាល្លឺម៉ង់​ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ  រដ្ឋមន្ត្រីបារាំង​បាន​រៀប​ចំ​សន្និសីទ​តាម​ទូរស័ព្ទ​​ត្រីភាគី​បន្ថែម​ជាមួយ​​តំណាង​ប្រធានាធិបតី​អេស្ប៉ាញ និង​ស្នងការអឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​មហាផ្ទៃទៀត រួច​ក៏​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះLampedusa​ដែរ។ ជាមួយ​នាយករដ្ឋមន្ត្រី​​​អ៊ីតាលី​ ប្រធានាធិបតី​បារាំងលោក​អេម៉ានុយអែល ម៉ាក្រុង បាន​លើក​មក​និយាយ​អំពីកាតព្វកិច្ច​សាមគ្គីភាព​អឺរ៉ុប​ ដោយ​បាន​ព្រមព្រៀង​គ្នា​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ ដើម្បី​រក​ដំណោះស្រាយប្រកប​ដោយ​ប្រសិទ្ធភាព ភ្លាមៗ និង​យូរអង្វែង ឱ្យ​​​វិបត្តិ​អន្តោប្រវេសន៍​ដែល​ញាំញី​អឺរ៉ុប និង​ដែល​ធ្វើ​ឱ្យ​អឺរ៉ុប​ប្រេះឆា​គ្នា។ដើម្បី​សាកល្បង​កាត់​បន្ថយ​​លំហូរ​អន្តោប្រវេសន៍​ អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ជា​ដៃគូ​ជាមួយ​ទុយនីស៊ី​ ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​រយលាន​អឺរ៉ូ ក្រោម​វត្តមាន​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​អ៊ីតាលីផង​ កាលពី​ខែ​កក្កដា​២០២៣ តែ​កិច្ចព្រមព្រៀង​ជួបភាព​ចម្រូង​ចម្រាស​ខ្លាំង ដោយហេតុ​ទុយនីស៊ី​ដឹកនាំ​បែប​ផ្តាច់ការ​ខ្លាំង។ ការ​កាន់​តែ​ដុនដាប​មួយ​កំរិត​ទៀត ក្រោយ​ពី​អាជ្ញាធរ​ទុយនីស៊ី​មិនអនុញ្ញាត​ឱ្យ​ប្រតិភូ​អឺរ៉ុប​ចូល​ស្រុក។តើ​អ៊ីតាលី​សង្ឃឹម​លើ​​ទស្សនកិច្ច​របស់​ប្រធានគណៈកម្មការអឺរ៉ុបយ៉ាង​ណា?ប្រឈម​នឹង​រលក​អន្តោប្រវេសន៍​ថ្មី​នេះ នាយករដ្ឋមន្ត្រីអ៊ីតាលី​​បាន​អញ្ជើញ​​ប្រធាន​គណៈកម្មការអឺរ៉ុបឱ្យ​មើល​អំពី​​ស្ថានភាព​អន្តោប្រវេសន៍​នៅ​លើ​កោះ​អ៊ីតាលី​ដោយ​ជាក់ស្តែង ដើម្បី​ស្រួល​ងាយ​វាយ​តម្លៃ និង​ជា​ពិសេស​ដើម្បី​យក​​បញ្ហា​អន្តោប្រវេសន៍​ ទៅ​ធ្វើ​ជា​របៀប​វារៈនៃ​ជំនួប​កំពូល​អឺរ៉ុប នៅ​ខែ​តុលា​ខា​ងមុខ។ អាច​ថា​​ជា​វិធី​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​របស់​អ៊ីតាលី ដែល​ឆ្លៀត​ប្រកាស​គំរាម​ថា​ រដ្ឋាភិបាល​អ៊ីតាលី ធ្លាប់​មាន​ចេតនាចង់​​ចាត់​វិធានការបែប​​អស្ចារ្យ​តែ​ម្តង​ផង។ជាង​នេះ​ទៅ​ទៀត ក្នុងសន្និសីទកាសែត​រួម​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅលើ​កោះLampedusa លោកស្រី​នាយករដ្ឋមន្ត្រី​អ៊ីតាលី ចរចា​ មេឡូនី បាន​អះអាង​ថា អនាគត​អឺរ៉ុប​ស្ថិត​នៅលើ​កោះLampedusa​នេះ​ហើយ​។ អនាគត​អឺរ៉ុប​អាស្រ័យទៅ​​លើ​សមត្ថភាព​ប្រឈម​នឹង​បញ្ហា​ធំៗ​ ដូច​យ៉ាង​បញ្ហា​លំហូរ​អន្តោប្រវេសន៍​ដែល​មិន​អាច​គ្រប់គ្រង​បាន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​មេឡូនីដដែល។ចំណែក​លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយេន ប្រធាន​គណៈកម្មការ​អឺរ៉ុប​វិញ យល់​ថារលក​អន្តោប្រវេសន៍ ត្រូវ​ការ​មាន​ដំណោះស្រាយថ្នាក់​​អឺរ៉ុប និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិកសហភាព​​ព្រម​ចែក​រំលែក​អន្តោប្រវេសន៍​ខ្លះ​ពី​អ៊ីតាលី។ មិន​ដឹង​ថា​តើ​សម្រែក​របស់​លោកស្រី​អាច​ចូល​ក្នុង​ត្រចៀក​រដ្ឋ​សមាជិក​បាន​ប៉ុន្មាន​នាក់​និង​ប៉ុន្មាន​ថ្ងៃ​ទេ​​
9/17/20236 minutes, 30 seconds
Episode Artwork

គុយបា​​និង​ចិន​បើក​ជំនួប​កំពូលហ្សេ៧៧​ទាមទារ​ការ​ប្តូរផ្លាស់​សណ្តាប់​ធ្នាប់​​សេដ្ឋកិច្ច​ពិភពលោក

ជំនួប​កំពូល​ G77​ និង​ចិន ដែល​មាន​ប្រទេស​ជាងមួយ​រយ តំណាង​ឱ្យប្រជាពលរដ្ឋ​ចំនួន​៨០%​នៅលើ​ពិភពលោកមកជួបជុំ​គ្នា​​ បាន​ចាប់​បើក​​នៅ​សុក្រ​ទី​១៥​កញ្ញា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​​នៅ​ទីក្រុង​ឡាហាវ៉ាន​ប្រទេស​គុយបា។ ក្នុង​សុន្ទរកថា​បើក​ជំនួប​កំពូល​ ប្រធាន​ផ្លាស់​វេន​ក្រុម​ហ្សេ​៧៧ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្តូរផ្លាស់ក្បួន​ច្បាប់​សេដ្ឋកិច្ច​​ពិភពលោក។ គុយបា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​រៀប​ចំ​ជំនួប​កំពូល​នៃ​ក្រុម​ហ្សេ​៧៧ និង​ចិន នៅ​ថ្ងៃសុក្រ​និង​សៅរ៍​នេះ។តើ​ហ្សេ៧៧ជា​អ្វី?ហ្សេ៧៧​ជាសម្ព័ន្ធ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ ដ៏​ធំចម្បង​គេ​នៅអង្គការ​សហប្រជាជាតិ​​ដែល​បង្កើត​ឡើង​នៅឆ្នាំ​១៩៦៤ ដោយ​៧៧ប្រទេស នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិឡាទីន។ ​ក្នុង​បំណង​​ពង្រឹង​និង​កំណត់តួនាទីព្រមទាំង​ទម្ងន់​​នៃ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​ឆាក​អន្តរជាតិ​ ដើម្បី​​ជំរុញ​ផលប្រយោជន៍​សមូហភាព​និង​កម្មវិធី​អភិវឌ្ឍន៍នានា។ ហ្សេ៧៧ជា​ក្រុមប្រទេស​ដែល​ស្ថិត​ក្នុង​ចង្ក្រោម​ប្រទេស​ក្រីក្រ រួចក្រោយមក​គេ​​ដូរមក​​ហៅ​ថា​ជា​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ឥលូវ​គេ​ប្រើ​ពាក្យ​ថ្មី​ថា​ “ក្រុមប្រទេសខាង​ត្បូង”។ពីមួយ​ឆ្នាំទៅមួយឆ្នាំ សម្ព័ន្ធហ្សេ៧៧​ កើន​ទាំង​កម្លាំង ទាំង​​សមាជិក ​ជា​លំដាប់​ ដល់​១៣៤​ប្រទេសហើយ​នាពេល​បច្ចុប្បន្ននេះ​ និងបាន​ដើរ​តួនាទី​កាន់​តែ​សំខាន់ឡើងៗ ក្នុង​ការ​ចរចា​​អន្តរជាតិ​មិន​ថា​ជុំ​វិញ​សំណុំ​រឿង​នយោបាយ​ ស្វែងរក​សន្តិភាព ឬការ​អភិវឌ្ឍ​ទេ។ បច្ចុប្បន្ន​ សម្ព័ន្ធ​ហ្សេ៧៧ ជា​យន្តការតែ​មួយ​គត់​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​និង​មាន​ដំណើរការ​នៃ​ទំនាក់ទំនង​​ការទូត​សេដ្ឋកិច្ចពហុភាគី​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ។មាន​គុយបា​ជា​ប្រធាន​ផ្លាស់​វេន នៅ​ឆ្នាំ​នេះ និងរហូត​ដល់​​ឆ្នាំក្រោយ​ ​សម្ព័ន្ធ​ហ្សេ​៧៧ បាន​រៀប​ចំ​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ជា​លើក​ទី​មួយ​របស់​ខ្លួន គិត​ចាប់​តាំងពី​១០​ឆ្នាំ​មក ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ពិសេស​ចិនផង។ចិនមានតួនាទី​យ៉ាងណាក្នុង​​ហ្សេ៧៧?ថ្វី​បើ​ធ្លាប់​មាន​​ឈ្មោះ​ជាប្រទេស​ក្រីក្រ និង​កំពុងអភិវឌ្ឍក៏​ដោយ​ ក៏​​ចិនគ្មាន​ឈ្មោះ​​​ជា​​សមាជិក​សម្ព័ន្ធ​ហ្សេ​៧៧ឡើយ។ តែចិន​បង្ហាញ​វត្តមាន​ខ្លាំងនិងស្ទើរ​​គ្រប់ពេលវេលា​ក្នុង​រង្វង់​សម្ព័ន្ធ ក្នុង​នាម​​​ប្រទេស​សង្កេតការណ៍​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​គេ​ហៅ​ជំនួប​ថ្ងៃ​នេះ​ថា​ជា​ជំនួប​កំពូល​ ហ្សេ៧៧+១ តែ​ម្តង​ផង។ ចិន​បាន​បញ្ជូន ​លោក លី ស៊ី សមាជិក​គណៈកម្មការអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន មកជា​​តំណាង​ជាន់​ខ្ពស់។ លោក លីស៊ី បាន​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមប្រទេស​ខាង​ត្បូង​និង​ខាង​ត្បូង​ដូច​គ្នា​ នៅចំពោះ​មុខ​វិសមភាព​ពិភពលោក ដែល​​​វិបត្តិ​កូវីដ​១៩ បាន​លាត​ត្រដាង​ឱ្យ​ឃើញ​។នៅក្នុង​ជំនួប​កំពូល​ហ្សេ​៧៧ដែល​មាន​សមាជិក​ជាង​មួយ​ប្រទេស​នេះ ក៏​មាន​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​មក​ពី​ជាង​៣០ប្រទេស​ផ្សេង​ទៀត​​មក​ចូល​រួមដែរ មាន​ជាអាទិ៍ ប្រធានាធិបតី ប្រេស៊ីល ​អាហ្សង់ទីន កូឡុំប៊ី អង់ហ្កោឡា រវ៉ាន់ដា កាតា ប្រធានអាជ្ញាធរដែនដី​ប៉ាឡេស្ទីន ម៉ះមូដ អាបាស ព្រមទាំង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ ​តំណាង​ប្រទេស​ជា​ច្រើនទៀត បានឆៀង​ចូល​ក្នុង​ស្តាប់​ជំនួប​នៅ​​គុយបា  មុន​នឹង​បន្ត​​ដំណើរ​ទៅក្រុង​ញូវយ៉ក ដើម្បី​ចូល​រួម​ក្នុង​មហាសន្និបាត​​អង្គការ​ប្រជាជាតិ​​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី ១៩​ដល់​ថ្ងៃទី ២៦​កញ្ញាខាង​មុខ។ម្យ៉ាង​វិញ​ទៀត ជំនួប​កំពូល​ហ្សេ​៧៧ ក៏​ប្រព្រឹត្ត​ទៅ​ចំពេល​ពិភពលោក​កំពុង​មាន​ជំនួប​កំពូល​អន្តរជាតិ​ធំៗ​ជា​បន្ត​បន្ទាប់ គឺ​ជំនួប​ហ្សេ​២០ ជំនួប​Brics ​ដែល​សមាជិក​ហ្សេ៧៧ខ្លះ ដូច​យ៉ាង​ប្រេស៊ីល​ឬអាហ្វ្រិក​ខាង​ត្បូង​ មាន​ឈ្មោះ​ក្នុង​គ្រប់​ក្រុម ក្រុមអ្នកក្រG77​ផង ក្រុម​អ្នក​មាន​G20ផង។តើ​ជំនួបហ្សេ៧៧ចង់​បានអ្វីខ្លះ?ប្រធានបទ​ជា​ផ្លូវការ​នៃ​ជំនួបប្រជុំ​ផ្តោតទៅ​លើ “ការ​ជំនះ​ឧបសគ្គ​នៃការ​អភិវឌ្ឍ តួនាទី​របស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ទំនើបកម្ម”។ ប៉ុន្តែ​នៅក្នុង​សុន្ទរកថា​បើក​ជំនួប​ គ្រប់​ភាគី​មិន​ថា​ជា​ប្រធាន ឬ​សមាជិក​ ឬ​ភ្ញៀវ​របស់​ហ្សេ​៧៧ទេ បានបញ្ជាក់​​បំណង​តែមួយ​ដូច​គ្នា​ គឺទាមទារ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់របៀបរបប​សេដ្ឋកិច្ច​ពិភពលោក។ សម្រាប់​ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel មីហ្គែល ឌីយ៉ាហ្ស កានែល ក្រុម​ប្រទេស​ខាងជើង(ប្រទេសអ្នកមាន) រៀប​ចំ​ដឹកនាំ​ពិភពលោកទៅ​តាម​ប្រយោជន៍​​ពួកគេ​យូរមក​ហើយ ឥលូវ​ដល់ពេល ក្រុម​ប្រទេស​ខាង​ត្បូងដែល​ត្រូវ​ប្តូរ​ក្បួន​ដឹកនាំ​ម្តង។ ក្រុម​ប្រទេ​សកំពុងអភិវឌ្ឍន៍ ជា​ជន​រងគ្រោះ​ដ៏​ចំបង​គេ​នៃ​វិបត្តិ​គ្រប់ទម្រង់​នៅលើ​ពិភពលោក ជាជន​រងគ្រោះ​នៃ​ការ​ប្រែប្រួល​វដ្ត​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការ​ផ្តោះប្តូរ​មិន​ស្មើ​ភាព ព្រមទាំង​ការ​ប្រែប្រួល​អាកាសធាតុ​។ លោក​ប្រធានាធិបតី​គុយបា បាន​ប្រកាស​ថ្កោលទោស​​រចនា​សម្ព័ន្ធ​អន្តរជាតិ​ដែល​ស្អប់ខ្ពើម​រើសអើង​វឌ្ឍនភាព​របស់​ក្រុមប្រទេស​ខាង​ត្បូង។ ជាមួយ​នឹង​ការ​លើក​សរសើរ​ប្រទេស​ម្ចាស់​ផ្ទះ​គុយបា ដែល​ប្រឹងប្រែងអភិវឌ្ឍ​ថ្នាំ​បង្ការ​ជំងឺកូវីដ​១៩​ដោយ​ខ្លួនឯងបាន​សម្រេច ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍​ ក៏​ចង់​ឃើញ​ពិភពលោក​ធ្វើ​ត្រឹម​ត្រូវ​ជាង​បច្ចុប្បន្ន ហើយ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ការ​អភិវឌ្ឍ​បាន​ប្រសើរ​ឡើង។ជំនួប​កំពូល​ហ្សេ​៧៧ ទំនង​ជា​នឹង​ត្រូវ​ចេញ​សេចក្តីថ្លែងការណ៍​រួម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ទាមទារ​សិទ្ធិ​អភិវឌ្ឍរបស់​ខ្លួន នៅក្នុង​ពិភព​ដែល​កាន់​តែ​ផ្តាច់​មុខ អយុត្តិធម៌ មិនស្មើភាព​ និង​សាហាវឡើងៗ។ក្រៅ​អំពី​បរិហារ​រិះគន់​វិសមភាព​សេដ្ឋកិច្ច​នៅលើ​ពិភពលោក សម្ព័ន្ធ​ហ្សេ៧៧​ក្នុង​សំឡេងដ៏​ច្រើន ព្រមទាំង​ចិនផង បាន​ទាមទារ​ឱ្យ​កាត់​បន្ថយ​បំណុល​​របស់​ក្រុមប្រទេស​ក្រីក្រខ្លាំង ដើម្បី​អាច​មាន​លទ្ធភាព​ធ្វើ​អន្តរកាល​ថាមពល។ ការ​ចរចាជា​លក្ខណៈ​សកល​ដើម្បី​កាត់​បន្ថយ​បំណុលរួច​ឈាន​​បើក​ឱ្យ​មាន​មូលនិធិសាធារណៈ​ទើប​អាច​នាំប្រទេស​ក្រីក្រឆ្លង​អន្តរកាល​ថាមពល​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​គ្មាន​បញ្ចេញ​កាបោន​បាន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​កូឡុំប៊ី។ ប្រធានាធិបតី​អាហ្សង់ទីន​បាន​បន្ថែម​ថា ក្រុមប្រទេស​ខាង​ត្បូង ហ៊ាន​ទាមទារ​ផល​ស្មើភាព ក៏​ព្រោះ​តែ​ខាង​ត្បូង​ជា​ប្រភព​នៃ​សេចក្តីត្រូវការ​គ្រប់យ៉ាង​របស់​ពិភពលោកខាង​ជើង(របស់អ្នកមាន) ៖ ស្បៀងអាហារ​ផលិត​នៅអាមេរិកខាង​ត្បូង ថាមពល​នៅ​ប្រទេស​អារ៉ាប់ ...៕
9/16/20236 minutes, 9 seconds
Episode Artwork

រថយន្តអគ្គិសនី៖ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប កំពុងតែចាប់ផ្តើម​ហើយមែនទេ?

ការបោះពាក្យសម្តី និងការគំរាម បានចាប់ផ្តើមមាន​​ រវាងអាជ្ញាធរចិន និងសហភាពអឺរ៉ុប ទាក់ទិននឹង​សំណុំរឿង​រថយន្ត​អគ្គិសនី​។ កាលពីថ្ងៃពុធ​ទី​១៣កញ្ញា​ លោកស្រី Ursula Von der Layen ប្រធានគណកម្មការ​អឺរ៉ុប បាន​ប្រកាស​ថាអឺរ៉ុបនឹងបើក​ការស៊ើបអង្កេត ទៅលើរថយន្តអគ្គិសនីនាំចូលមកពីចិន ដោយ​សារតែមានការសង្ស័យថាវាបានបំពាន​ ​នឹងលក្ខខណ្ឌប្រកួតប្រជែងដោយ​ស្មោះត្រង់។ ចិនគំរាម​តបវិញ ថាខ្លួននឹង​ចាត់វិធានការសងសិកវិញ មកលើក្រុមហ៊ុនអឺរ៉ុប​។ រដ្ឋ​​ចិន ជួយ​ឧបត្ថម្ភសហគ្រាសផលិតរថយន្តអគ្គិសនីខ្លួន?ថ្លែងទៅ​កាន់​​អង្គសភាអឺរ៉ុប កាលពីថ្ងៃទី​១៣កញ្ញា​ លោកស្រីប្រធានគណកម្មការ​អឺរ៉ុប បានលើកឡើងថា ក្រុមការងារស៊ើបអង្កេតនៃគណកម្មការអឺរ៉ុប​ នឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ ទៅលើ​បណ្តាក្រុមហ៊ុនចិន ដែល​ផលិតរថយន្តដើរដោយ​អាគុយ​អគ្គិសនី នាំចូល​មកលក់នៅក្នុងទីផ្សារអឺរ៉ុប​។ លោកស្រីអះអាងថា បច្ចុប្បន្ននេះ ទីផ្សារអឺរ៉ុបត្រូវជន់ជោរ ពោរពេញ​ដោយ​រថយន្តអគ្គិសនីមានតម្លៃថោក នាំចូលមកពីចិន។ កក្តាតម្លៃថោកខ្លាំងនេះ វា​អាចធ្វើឲ្យ​ប៉ះពាល់ មកលើលទ្ធភាពនៃការប្រកួតប្រជែង របស់​រថយន្តអគ្គិសនីផ្សេងទៀត​ ដែល​ផលិត​នៅក្នុងទឹកដីអឺរ៉ុប​។លោកស្រី Ursula Von der Layen បានបន្ថែមថា អ្វីដែល​គណកម្មការអឺរ៉ុបចង់ដឹងច្បាស់ គឺថាតើក្រុមហ៊ុនចិនទាំងនោះ បានទទួលនូវជំនួយថវិកា ពីរដ្ឋចិនដែរឬទេ នៅក្នុងសកម្មភាព​ផលិតរបស់ខ្លួន ទើបបានជាអាចលក់ ​ក្នុងតម្លៃថោក​បែបនេះ​​។ ​ប្រសិនបើមានមែន នោះគឺវាជាករណីបំពាន ទៅនឹង​លក្ខខណ្ឌច្បាប់របស់អឺរ៉ុប​ ​ដែលធានាការពារ “ការប្រកួតប្រជែងដោយ​ស្មោះត្រង់​”។​ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានលើកឧទាហរណ៍​និងបទពិសោធន៍​ដ៏លំបាកលំបិន ដែល​សហគ្រាសអឺរ៉ុប​ក្នុងវិស័យ​ផលិត​ផ្ទាំងសូឡា ត្រូវរងគ្រោះដោយ​ការប្រកួតប្រជែងដោយ​មិនស្មោះត្រង់ ​ពី​សំណាក់​សហគ្រាសរបស់​ចិន​។​លោកស្រីបានគូសបញ្ជាក់ថា អឺរ៉ុបបើកទីផ្សារខ្លួនចំហរ ប្រកួតប្រជែងជាមួយទំនិញមកពីខាងក្រៅដោយមិនប្រកាន់ទេ​ តែអឺរ៉ុបក៏​មិនអាចល្ងង់ឆោត ទុកឲ្យគេលេងខ្សែលើ​ដែរ។ ដូច្នេះអឺរ៉ុបត្រូវតែការពារ​សហគ្រាសរបស់ខ្លួន ពីការប្រកួតប្រជែងដែលមិនស្មោះត្រង់​។​ លោកស្រីបាន​បញ្ជាក់ថា ដើម្បី​កែតម្រូវបញ្ហានេះ គឺអឺរ៉ុប​អាចពិចារណា​សម្រេច​ដាក់ចុះនូវពន្ធបន្ថែមថ្មីទៀត លើ​រថយន្តអគ្គិសនី​នាំចូល​មកពីចិន ដោយ​អាស្រ័យទៅ​លើលទ្ធផល​នៃការស៊ើបអង្កេត​។​ចិនថា៖ “អឺរ៉ុបចង់ការពារ​តែផលិតផលខ្លួន​”ក្រោយ​ការប្រកាស​បើក​ការស៊ើបអង្កេតនេះ ភាគីចិន​បាន​ប្រតិកម្មភ្លាមៗ តាមរយៈលិខិតប្រកាស​របស់​​ក្រសួងពាណិជ្ជកម្ម​ចិន​ ចុះថ្ងៃទី​១៤កញ្ញា​​។ លោក He Yadong អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បានថ្លែងទៅកាន់អ្នកកាសែតថា វិធានការរបស់​អឺរ៉ុប ដោយសំអាងពាក្យថា ដើម្បី​ការពារ​ការប្រកួតប្រជែងដោយ​ស្មោះត្រង់នោះ ធាតុពិត​គឺវាជាវិធានការ​ “ការពារនិយម​” ដោយចំហរ ដែលអឺរ៉ុប ចង់ការពារតែផលិត​ផលខ្លួន​។​អ្នកនាំពាក្យ​ចិន​ដដែល បាន​បន្ថែមថា វិធានការ​ការពារនិយមរបស់អឺរ៉ុបនេះ នឹងបង្កើតឲ្យ​មាន​ផលអាក្រក់ជាក់ជាមិនខាន ទៅលើ​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងចិននិងសហភាពអឺរ៉ុប​។ ផលវិបាក​នេះ នឹងធ្លាក់ទៅលើ​ក្រុមហ៊ុន​​សហគ្រាសរបស់អឺរ៉ុបខ្លួនឯង នៅថ្ងៃខាងមុខ ព្រោះវានឹង​ធ្វើឲ្យ​ប៉ះពាល់ ដល់បណ្តាញផ្គត់ផ្គង់ក្នុងវិស័យ​ឧស្សាហកម្ម​ផលិតរថយន្ត ទូទាំងពិភពលោក​។​ ក្រសួងពាណិជ្ជកម្មចិន បានអះអាងថា វិស័យ​ឧស្សាហកម្ម​ផលិតរថយន្តដើរដោយ​អាគុយ​អគ្គិសនីរបស់ចិន បានរីកចម្រើន​​រហូតដល់​កម្រិតបច្ចុប្បន្ន វាគឺជាលទ្ធផល​នៃការខិតខំប្រឹងប្រែង ស្រាវជ្រាវ រក​បច្ចេកវិទ្យាថ្មីឥតស្រាកស្រាន្ត​របស់ចិន​។ក្នុងវិស័យផលិតរថយន្តអគ្គិសនី ចិនមានប្រៀបជាង​អឺរ៉ុប?គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលឧស្សាហកម្ម​ផលិតរថយន្តចិន បាន​ផ្តោ​តអាទិភាពទៅលើ​ការ​ផលិត​រថយន្ត​ដើរដោយអាគុយ​អគ្គិសនី​។ ពោលគឺទំហំ​នៃការផលិត​របស់ចិន សម្រាប់បំពេញ​តម្រូវការទីផ្សារក្នុងស្រុក មាន​​ច្រើនខ្លាំងណាស់ បើប្រៀបធៀបទៅនឹង​អឺរ៉ុប ដែលទើបតែប្រាស់ខ្លួន ងាកទៅ​ចាប់​ផ្តើម​ផលិតរថយន្តអគ្គិសនី នៅប៉ុន្មានឆ្នាំចុងក្រោយនេះ​ប៉ុណ្ណោះ​។អ្វីដែល​ចិនមានប្រៀប គឺចិនវត្ថុធាតុដើម​រ៉ែកម្រ ដែលគេត្រូវការចាំបាច់ ក្នុងការ​ផលិតអាគុយ​អគ្គិសនី​ប្រើក្នុងរថយន្ត​។​ ដូច្នេះ​ប្រការនេះ អាចទាញ​តម្លៃផលិត​របស់ចិន​​ឲ្យអស់តិច។ នៅទីផ្សារក្នុងស្រុកចិន រថយន្តអគ្គិសនីជាច្រើនបានលេចមុខ មានដូចជា BYN Geely XPeng Nio និង​ Leapmotor ជាដើម​។​យ៉ាងណាក៏ដោយ រថយន្តអគ្គិសនី​របស់ចិន​ មិនសូវមានគេស្គាល់ ឬមិនសូវ​បានទទួលទំនុកចិត្តប៉ុន្មានទេ​ ជាពិសេសនៅលើទីផ្សារអឺរ៉ុប​។ ទើបតែ​ប្រមាណ​២ ៣ឆ្នាំចុងក្រោយ​នេះប៉ុណ្ណោះ ដែល​ម៉ាករថយន្តចិន បានចាប់ផ្តើម​វាយ​លុក​យ៉ាងខ្លាំង មកក្នុងទីផ្សារអឺរ៉ុប​។ ជាក់ស្តែងរថយន្តម៉ាក BYD ដែលបានហក់ចូល​មកបង្ហាញខ្លួន នៅក្នុងកម្មវិធីពិព័រណ៍​រថយន្ត​អន្តរជាតិធំៗ នៅតាមបណ្តាប្រទេសអឺរ៉ុប​ ហើយ​ដែល​ទទួលបានចំណាប់អារម្មណ៍ខ្ពស់ ដោយសារតែមានតម្លៃគួរឲ្យទាក់ទាញ។​នៅទីផ្សារ​ក្នុងស្រុកចិនវិញ រថយន្ត​អគ្គិសនី​​អឺរ៉ុប ពិបាកប្រជែង​ជាមួយរថយន្តចិន​ណាស់។ ក្នុងក្របខណ្ឌ​កាត់បន្ថយ​ការបញ្ចេញឧស្ម័​ន​កាបូនិក រដ្ឋចិនបានកំណត់កម្មវត្ថុ​ ឈានទៅលក់រថយន្តអគ្គិសនី ឬហាយប្រីដ​ ឲ្យ​បាន​ទំហំ២០% ក្នុងមួយឆ្នាំ ពីនេះដល់ឆ្នាំ​២០២៥ សម្រាប់ទីផ្សារក្នុងស្រុក​។​ យោងតាម សហភាព​សហគ្រាសផលិតរថយន្តចិន គឺក្នុងឆ្នាំ​២០២២កន្លងទៅ គឺទំហំលក់រថយន្ត​អគ្គិសនីនិង​ហាយប្រីដ បានកើនឡើងមួយ​ទ្វេរជា២ ពោលគឺស្មើនឹងជាង​១ភាគ៤ នៃការលក់រថយន្តសរុបនៅទីទាំងប្រទេសចិន​។​ ជាមួយ​បញ្ហាសេដ្ឋកិច្ច អតិផរណា កត្តាតម្លៃ​គឺជា​ចំណុចសំខាន់ ខណៈប្រជាជន​ចិន​កាន់តែច្រើន​ កាន់តែមិនសូវហ៊ានចំណាយ​។ ក្នុង​បរិបទនេះ រថយន្តអគ្គិសនី​របស់​ចិន​ដែលមានតម្លៃថោក លក់ដាច់ជាង​រថយន្តអគ្គិសនីនាំចូល​ពីក្រៅ​។អាល្លឺម៉ង់ខ្លាចចិត្តចិន​ស្ថិតនៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏តានតឹងនេះ ប្រទេសអឺរ៉ុបខ្លះជាក់ស្តែង ប្រទេសអាល្លឺម៉ង់ ដែលឧស្សាហកម្មរថយន្ត​ រំពឹងយ៉ាងខ្លាំងទៅលើទីផ្សារចិន បាន​បង្ហាញ​ការប្រុងប្រយ័ត្ន ដោយ​មិនចង់​ធ្វើរដ្ឋាភិបាលចិនថ្នាំងថ្នាក់នឹងខ្លួនទេ។ យ៉ាងណាក៏ដោយ ក្រោយ​ការប្រកាស របស់​គណកម្មការអឺរ៉ុប ស្តីពីការបើក​ការស៊ើបអង្កេត លើ​សហគ្រាស​​ផលិតរថយន្តចិន លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck បាន​លើកឡើងថា អាល្លឺម៉ង់សូមស្វាគមន៍ចំពោះវិធានការ​​របស់អឺរ៉ុប។តែទន្ទឹមគ្នានេះ លោក​បានអះអាងថា វាគ្រាន់តែជាដំណាក់កាល​បើកការស៊ើបអង្កេតប៉ុណ្ណោះ។ លោក​បន្ថែមបញ្ជាក់ទៀតថា មិនមែនអឺរ៉ុបចង់រារាំង មិនឲ្យរថយន្តអគ្គិសនី​មានតម្លៃថោក​ចូលមកលក់នៅអឺរ៉ុបនោះទេ។ តែអឺរ៉ុបគ្រាន់តែចង់ដឹងឲ្យច្បាស់ ថាវាអាចមានអ្វីលាក់បាំង នៅពីក្រោយ​តម្លៃដ៏ថោក​នេះដែរឬទេ ហើយថាតើ​ការលាក់បាំងនេះ វាបានបំពានដោយ​ផ្ទាល់ ឬដោយ​ប្រយោល​មកលើ លក្ខខណ្ឌប្រកួតប្រជែងដោយស្មោះត្រង់ ដោយ​​របៀប​ណា​តែប៉ុណ្ណោះ៕
9/14/20236 minutes, 47 seconds
Episode Artwork

អាមេរិក៖ សមាជិកសភា​បក្ស​​សាធារណរដ្ឋ​ ប្រកាស​បើក​នីតិវិធី​​ទម្លាក់​លោក​ ចូ បៃដិន

បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ គឺដល់​វេន​លោក​ចូ បៃដិន​ម្តង ដែល​ត្រូវរងនីតិវិធី ​ទម្លាក់​ពីតំណែងប្រធានាធិបតី សម្រេចដោយ​សមាជិកសភាអាមេរិក​។ លោក Kevin McCarthy ប្រធានសភាតំណាង ដែលគណបក្ស​សាធារណរដ្ឋ មានសំលេងភាគច្រើននោះ បានប្រកាសឲ្យដឹង​ កាលពីថ្ងៃអង្គារ ទី​១២កញ្ញា ថា​​សភាតំណាងនឹងបើកនីតិវិធីបោះឆ្នោត ទំលាក់លោក​ចូ បៃដិន ពីតំណែងប្រធានាធិបតី ដោយអះអាងថា ព្រោះ​លោកចូ បៃដិន បាន “កុហក” ​ប្រជាជាតិអាមេរិក​។​ លោកចូ បៃដិន ត្រូវគេចោទពីអ្វី?ថ្លែងទៅកាន់អ្នកកាសែត នៅវិមានកាពីតូល កាលពីថ្ងៃអង្គារទី​១២កញ្ញា លោក Kevin McCarthy ដែលជាប្រធានក្រុម​សមាជិក​សភាបក្សសាធារណរដ្ឋ បានអះអាងថា ក្រុម​សមាជិក​សភាបានស្វែងរកឃើញ ​ឈាន​ទៅ​កំណត់​ការចោទប្រកាន់ជាក់ច្បាស់ និង​មាន​មូលដ្ឋាន ចំពោះទង្វើរបស់​លោកចូ បៃដិន​ ដែល​ជាទង្វើមានលក្ខណៈជា “វប្បធម៌​ពុករលួយ”​។​ លោក​ Kevin McCarthy បានសង្កាត់បញ្ជាក់​ថា គឺលោកប្រធានាធិបតី ចូ បៃដិន បានកុហក​ប្រជាពលរដ្ឋអាមេរិក ដោយ​បានលាក់​បាំងសំណុំរឿងជំនួញរកស៊ី​​ របស់​ក្រុមគ្រួសារលោក នៅឯបរទេស។​សូមបញ្ជាក់ថា សំណុំរឿងនេះ គឺទាក់ទិននឹង​កូន​ប្រុសរបស់​លោក ចូ បៃដិន ឈ្មោះ Hunter Biden។ ​ការ​ស៊ើបអង្កេតរបស់គណកម្មការ​​​សភាតំណាង បានចោទថា​ លោក​ម្នាក់នេះធ្លាប់​បាន​​ជំនួញជាច្រើនគួរឲ្យសង្ស័យ​ នៅអ៊ុយក្រែន និងនៅចិនជាដើម ក្នុងអំឡុងពេល​ដែលឪពុកខ្លួន គឺលោក ចូ បៃដិន នៅជាអនុប្រធានាធិបតី រវាង​ពីឆ្នាំ​២០០៩-២០១៧។ គេចោទថា កូនប្រុសលោកចូ បៃដិន បាន​ប្រើប្រាស់​ឥទ្ធិពល​ឈ្មោះឪពុកខ្លួន ដើម្បីទទួលបាន​កិច្ច​សន្យា​ជំនួញធំៗ។គួររំលឹកដែរថា លោក Hunter Biden ធ្លាប់​បានបង្ករបញ្ហាជារឿយ ដល់​លោក​ចូ បៃដិន​។ ក្រៅពីជាអ្នកជំនួញម្នាក់ ដែល​ធ្លាប់​មានរឿងក្តីក្តាំជាច្រើននៅចំពោះមុខតុលាការ ទាក់ទិននឹងសំណុំរឿងគេចពន្ធ លោក Hunter Biden មានប្រវត្តិធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្លាប់ត្រូវតុលាការចោទប្រកាន់ផងដែរ ទាក់ទិននឹងករណី​កាន់​កាប់អាវុធដោយ​ខុសច្បាប់។ តែយ៉ាងណាក៏ដោយ​ លោក​ចូ បៃដិន តែងតែបាន​អះអាងជាសាធារណៈ ថាលោក​ស្រលាញ់​និង​គាំទ្រកូនប្រុសលោកជានិច្ច​។ហេ​តុអ្វីទើបតែចាប់ផ្តើមនីតិវិធីនៅពេលនេះ​?ការពិតទៅ អស់រយៈពេលជាច្រើនខែមកហើយ ដែល​ក្រុមសមាជិកសភាបក្ស​សាធារណរដ្ឋ ដែលគាំទ្រលោកដូណាល់ ត្រាំ បានទាមទារឲ្យ​បើក​នីតិវិធី បោះឆ្នោត​ទម្លាក់​លោកចូ បៃដិន ពីតំណែង។ លោក Kevin McCarthy ដែលជាមនុស្សរបស់​បក្សសាធារណរដ្ឋ បាន​ក្លាយ​ជា​ប្រធានសភាតំណាងកាលពី​ខែមករា បន្ទាប់ពី​បក្សសាធារណរដ្ឋ បានឈ្នះឆ្នោត​បានអាសនៈភាគច្រើន ក្រោយការបោះឆ្នោត​ពាក់​កណ្តាលអាណត្តិ​។​ លោក Kevin McCarthy បានចរចា ធ្វើសម្បទាន​មួយចំនួន ជាមួយ​ក្រុម​របស់​លោកដូណាល់ ត្រាំ ដែល ហើយ​បានសុខចិត្តធ្វើ​តាមការចង់បានរបស់ក្រុមនេះ បើទោះបីជាសមាជិក​សភាបក្សសាធារណរដ្ឋច្រើននាក់ទៀត បានបង្ហាញការជំទាស់​ក៏ដោយ​។បន្ទាប់ពីបាន​អាសនៈភាគច្រើនក្នុងសភាតំណាង ក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋស្និទ្ធនឹងលោក​ដូណាល់ ត្រាំ បាន​ជំរុញឲ្យ​បើក​ការស៊ើបអង្កេត ដើម្បី​ឈានទៅ​អនុម័តនីតិវិធី​ទំលាក់​លោក ចូ បៃដិន។ ជាងនេះទៀត លោក Kevin McCarthy អាចប្រឈមនឹង​ការបោះឆ្នោតទំលាក់ចេញពី​ មុខតំណែង​ប្រធាន​សភាតំណាង ប្រសិនបើ​លោកបើ​លោក​មិន​ប្រកាស​បើកនីតិវិធីនេះ ទៅតាមការទាមទាររបស់​ក្រុម​លោក​ដូណាល់ ត្រាំទេនោះ​។"គ្មានភស្តុតាង​!"លោក Ian Sams អ្នកនាំពាក្យ​ម្នាក់នៃសេតវិមាន​ បាន​លើកឡើងនៅលើបណ្តាញសង្គម X ថា ក្រុម​សមាជិកសភាបក្សសាធារណរដ្ឋ បានបើក​ការស៊ើបអង្កេត​​ទៅ​លើ​រូបលោក ចូ បៃដិន អស់​រយៈ​៩ខែ​មកហើយ។​​ តែ​ ៩ខែមកនេះ គឺគ្មាន​បាន​លទ្ធផល​ គ្មានបាន​​ភស្តុតាង​សូម្បីតែមួយ មកបញ្ជាក់​លើ​ការចោទប្រកាន់​នេះ​ទេ។ ការចោទប្រកាន់ ដែលសេតវិមានអាមេរិក អះអាងថា គឺវាជា​ឆន្ទៈនយោបាយ រំខាន​មកលើ​បេក្ខភាពឈរឈ្មោះអាណត្តិថ្មី របស់​លោកចូ បៃដិន​តែប៉ុណ្ណោះ​។​ដូចគ្នាដែរ លោក​ Hakeem Jeffries ប្រធានក្រុមសមាជិកសភាតំណាង មកពីបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែងប្រាប់អ្នកកាសែតថា នីតិវិធីដែល​ក្រុមសមាជិក​សភាបក្សសាធារណរដ្ឋ ប្រកាសបើកនេះ វាគឺជានីតិវិធី​ដែលខុសច្បាប់ ព្រោះថា​វាគ្មានផ្អែក​លើមូលដ្ឋានអ្វីទាំងអស់។ លោកអះអាងថា គេមិនបានរកឃើញ​ ភស្តុតាងណាមួយបញ្ជាក់ថា​លោកចូ បៃដិនបានធ្វើខុស​ ដែលអាចឈានទៅ​ទទួលរងនីតិវិធីនេះ​ទេ។ អ្វីដែល​ក្រុមសមាជិកសភាបក្ស​សាធារណរដ្ឋ​​កំពុងតែធ្វើនេះ គឺជានីតិវិធី​ឲ្យខាតតែពេលវេលា និងថវិការដ្ឋតែប៉ុណ្ណោះ។តើនីតិវិធីនេះ អាចមានផល​វិបាក​អ្វីខ្លះ?គួរបញ្ជាក់ថា សម្រាប់ពេលនេះ គឺគ្មាន​អ្វី​អាច​អះអាងបានទេ ថានីតិវិធីនេះ នឹងអាចឈានទៅ​សម្រេចបានលទ្ធ​ផល ដូច​អ្វីដែល​ក្រុមសមាជិកសភាបក្សសាធារណៈរដ្ឋរំពឹងចង់បាននោះ។ តាមច្បាប់កំណត់ និតីវិធីនេះ នឹងត្រូវធ្វើឡើង ដោយ​២តំណាក់កាល។ ទីមួយ​គឺសភាតំណាង នឹង​បោះឆ្នោត​លើអត្ថបទច្បាប់មួយ ដែលគេហៅថាច្បាប់ «Impeachment » ដោយគេត្រូវការ​សំឡេងភាគច្រើន ៥០+១។ បក្សសាធារណរដ្ឋមានសំឡេងភាគច្រើននៅសភាតំណាង ដូច្នេះ តំណាក់កាលនេះអាចទៅដោយរលូន គ្មានឧបសគ្គ។ តែជំហានបន្ទាប់ គឺអត្ថបទច្បាប់នេះ នឹងត្រូវបញ្ជូនទៅ​កាន់​ព្រឹទ្ធសភា ដើម្បី​បោះឆ្នោតអនុម័ត ដែលគេ​ត្រូវការ​​សំឡេងភាគច្រើនដាច់ខាត ២ភាគ៣ ក្នុងចំណោម​សមាជិកព្រឹទ្ធសភាទាំង​១០០នាក់​។ ព្រឹទ្ធសភាអាមេរិក បច្ចុប្បន្នគឺបក្សប្រជាធិបតេយ្យ​មានសំឡេងភាគច្រើន​។ផ្អែកតាមការវិភាគ របស់​លោក Larry Sabato សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ គឺនីតិវិធី​Impeachment នេះ ​អាចនឹងត្រលប់​មក​បង្ក​ការលំបាក ដល់​គណបក្សសាធារណរដ្ឋខ្លួនឯងទៅវិញទេ ព្រោះថា ក្នុងសំណុំរឿងនេះ គឺវាគ្មានភស្តុតាងដាក់បន្ទុកទាល់តែសោះ។ ក្រុម​លោក​ ចូ បៃដិន អាចនឹងប្រើ​ប្រាស់​រឿងនេះ យកទៅឃោសនាស្តីបន្ទោសទៅលើលោក​ដូណាល់ ត្រាំ ព្រមទាំង​​បក្សពួក ថាមានចេតនាអាក្រក់ ចង់កេងចំណេញនយោបាយ ខណៈការបោះឆ្នោត​កាន់តែខិតជិតមកដល់​។ យ៉ាងណាក៏ដោយ កិត្តិនាមរបស់​លោក​ចូ បៃដិន ដែល​ធ្លាប់តែរឹងមាំ ថាជាមនុស្ស​ទៀងត្រង់ មិនចេះភូតភរនោះ ក៏អាចត្រូវប៉ះពាល់ខ្លះដែរ នៅពេលណានីតិវិធីនេះនឹងដំណើរការទៅ ហើយ​នឹងមាន​ការ​សួរចម្លើយដេញដោល ផ្សាយ​បន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ញឹកញាប់​។ទន្ទឹមគ្នានេះដែរ នៅ​ស្ថាប័ន​នីតិបញ្ញតិ្តអាមេរិក សមាជិកសភា​បក្សសាធារណរដ្ឋ​ និងបក្សប្រជាធិបតេយ្យ នឹងកាន់តែប្រឈមមុខ ឈ្លោះប្រកែកគ្នាខ្លាំងឡើង ដោយសារតែនីតិវិធីនេះ​។ លោកសាស្ត្រាចារ្យ Larry Sabato បាន​លើកឡើងថា ការឈ្លោះប្រកែកគ្នានេះ អាចនឹងធ្វើ​ឲ្យ​សមាជិកសភាទាំង​២បក្ស មិនអាចរកការស្រុះស្រួលគ្នាបាន ទាក់ទិននឹងច្បាប់ថវិកាជាតិ ដែលនឹងត្រូវបោះឆ្នោត​ឲ្យ​បាន​មុន​ថ្ងៃទី​៣០កញ្ញា។ បើច្បាប់ថវិកាជាតិ មិនអាចអនុម័តបានទេនោះ ស្ថាប័នរដ្ឋ​សហព័ន្ធអាចនឹងប្រឈមហានិភ័យគ្មាន​ប្រាក់ចំណាយ៕
9/13/20236 minutes, 54 seconds
Episode Artwork

លោកគីមជុងអ៊ុនធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​ពូទីនដើម្បីអ្វី?

​ស្រប​តាម​ការ​អញ្ជើញ​របស់​លោកប្រធានាធិបតី​រុស្ស៊ី លោក​គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទឹក​ដី​រុស្ស៊ី​ហើយ ហើយ​នឹង​មាន​ជំនួប​ជា​មួយ​លោក ​ពូទីន នៅ​ថ្ងៃ​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​។ ​ទស្សនកិច្ច​ផ្លូវការ​ ដែល​ជា​ដំណើរ​ទៅ​បរទេស​ជា​លើក​ទី​មួយ របស់​លោក​គីម ជុងអ៊ុន គិត​ចាប់​តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​សកល​កូវីដ​១៩មក ទំនង​ជា​អាច​នាំ​ដល់​ការ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សព្វាវុធ ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការយោធា​​រុស្ស៊ី​នៅអ៊ុយក្រែន។ ម៉ូស្គូ​និង​ព្យុងយ៉ាង​ មិន​បង្ហើប​ឱ្យ​ដឹង​អំពី​ខ្លឹម​សារ​នៃ​ទស្សនកិច្ច​នេះ​ទេ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​កូរ៉េខាង​ជើង​បាន​ផ្តល់​តម្រ៉ុយ​ខ្លះ​ៗ។ ដូច​ជីតា​ គីមអ៊ីលស៊ុង​ ​ដែល​ធ្វើ​ដំណើរ​តែតាម​រថភ្លើង ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន បាន​ទៅ​ដល់ក្រុង​មាត់​សមុទ្ទ​ភាគខាងកើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី​ តាម​រថភ្លើង​ផ្ទាល់របស់​​ត្រកូល​គីម នៅ​ថ្ងៃអង្គារ​ទី ១២​កញ្ញា​២០២៣​នេះ ។ ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​រុស្ស៊ី បាន​បង្ហោះបង្ហាញទិដ្ឋភាព​ ​ក្បួន​រថភ្លើង​ពណ៌​បៃតង​ចាស់​របស់​លោក​គីមជុងអ៊ុន លូន​សន្សឹមៗ​ចូល​ក្នុង​ស្ថានីយ៍​អយស្ម័យយាន​ អូសទាញ​​ដោយក្បាល​រថភ្លើង​រុស្ស៊ី។ រថភ្លើងពិសេស​​ពាសដែក​ (បាញ់​មិនធ្លុះ) មាន​បំពាក់​ដោយ​អាវុធ​ការពារ​ខ្លួនរបស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ធ្ងន់​ខ្លាំង​ អាច​បើក​បរបាន​​ក្នុង​ល្បឿន​ត្រឹម​ប្រមាណ​៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះបើតាម​កាសែត​កូរ៉េខាង​ត្បូង​Chosun  Ilbo​ ពី​ព្យុងយ៉ាង​មក​ដល់​ក្រុង​Vladivostokរបស់​រុស្ស៊ី​ រថភ្លើង​ត្រូវការ​ថេរវេលា​​ ​យ៉ាង​ហោច​២០ម៉ោង​។អ្វី​ជា​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម នៅ​រុស្ស៊ី?ដំណើរទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​នៅបរទេស​ជា​ករណី​កម្រ​បំផុត។ តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១១​មក លោក គីមជុងអ៊ុន​ធ្វើ​ដំណើរ​ទៅបរទេស ជា​លើក​ទី​​១០ ​ប៉ុណ្ណោះ។ នេះ​ជា​ទស្សនកិច្ចនៅបរទេស​​លើក​ដំបូង គិត​ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិកូវីដ​១៩មក។ ​​បើ​តាម​អ្នក​នាំពាក្យ​ក្រេមឡាំង​ស្រង់​យក​មក​​ផ្សាយ​ដោយទី​​ភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​រុស្ស៊ី Ria Novosti ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​គីមជុងអ៊ុន​នឹង​មាន​ជំនួប​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ដើម្បី​ជជែក​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ក្តៅ​គគុក​មួយ​ចំនួន។​ ប៉ុន្តែម៉ូស្គូ​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ឡើយ​​​ថា​តើ​ជំនួបផ្លូវការ ជា​លើក​ទីពីរ ​​រវាង​ប្រមុខ​ដឹកនាំទាំងពីរ​ ប្រព្រឹត្តនៅ​​​​ថ្ងៃណា​ ទីណា កន្លែងណា​ឱ្យ​ប្រាកដទេ។ កាលពី​ឆ្នាំ​២០១៩ លោក​គីមជុងអ៊ុន​និង​លោក​ពូទីន ធ្លាប់ជួប​គ្នា​ជា​​ផ្លូវការ​ម្តង​ នៅ​ក្រុង​ខាង​កើត​បំផុត​នៃ​ប្រទេស​រុស្ស៊ី។ ពេល​នេះ​លោក​ពូទីន ក៏​កំពុង​ស្ថិត​នៅក្នុង​ក្រុង​វ្លាឌីវ៉ូស្តុក ដើម្បី​ចូល​រួម​​ក្នុង​វេទិកា​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃពុធ​ទី​១៣​កញ្ញា​ស្អែក។ គ្រាន់​តែ​ថា​ជំនួប​គីម-ពូទីន​ ត្រូវ​រៀប​ចំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ផ្សេង​មួយ​ទៀត។ នេះ​បើតាម​អ្នក​នាំពាក្យវិមាន​ក្រេមឡាំង​Dmitri Peskov​ដដែល ដែល​បញ្ជាក់​ថា​ការ​​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ ពោល​គឺ​​កូរ៉េខាង​ជើងដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​​​ទើបសំខាន់ ឯ​​​ពាក្យ​ព្រមាន​របស់​សហរដ្ឋ​អាមេរិកមិន​សំខាន់​ឡើយ។ សម្រាប់​វ៉ាស៊ីនតោន ​ជំនួបនេះ​ជា​ឱកាស​សម្រាប់​រុស្ស៊ី​ស្វែង​រក​សព្វាវុធពីកូរ៉េខាង​ជើង​ ​ដើម្បី​ទ្រទ្រង់​និង​បន្ត​ប្រតិបត្តិការ​យោធា​នៅអ៊ុយក្រែន។កូរ៉េខាង​ជើង​និង​រុស្ស៊ី​នឹង​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ?ម៉ូស្គូ​និង​ព្យុងយ៉ាង​ បាន​ទម្លាយ​ព័ត៌មាន​ទាក់ទង​នឹង​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​លោក​គីម ជុងអ៊ុន​នៅ​រុស្ស៊ី​យ៉ាង​តិច​តួច​បំផុត​។ ប៉ុន្តែ​​យោល​ទៅ​តាមសមាសភាព​ក្រុមប្រតិភូ​អម​ដំណើរ ដែល​មាន​ជាអាទិ៍​ថ្នាក់ដឹកនាំជាន់ខ្ពស់​យោធា និង​រដ្ឋមន្ត្រី​​ក្រសួងការបរទេស ព្រមទាំង​មេបញ្ជាការ​កងទ័ព​ជើងទឹក និង​មន្ត្រី​ទទួល​បន្ទុក​កម្មវិធី​អវកាស​កូរ៉េខាងជើង​ម្នាក់ ផង គេ​អាចកាត់​យល់​និ​ងសន្និដ្ឋាន​បាន​ថា ជំនួប​រវាងលោក​វ្លាឌីមៀរ ពូទីន​និងលោក​គីម ជុងអ៊ុន ជា​ការ​បង្ខិត​ទំនាក់ទំនង​​ការ​ទូតរវាង​ប្រទេស​ទាំងពីរ​ ជាមួយនឹង​​កម្មវត្ថុ​ឈាន​ទៅ​សម្រេចកិច្ចព្រមព្រៀង​សព្វាវុធ​ ព្រមទាំង​បច្ចេកវិទ្យា​នាវា​សង្គ្រាម និង​អវកាស។​ រូប​ភាពថត​នៅ​ស្ថានីយ៍​រថភ្លើង​​ក្រុង​ព្យុងយ៉ាង​​​​មុន​ពេលចេញ​ដំណើរ​​ កាលពី​រសៀល​ថ្ងៃអាទិត្យ​ ​ឆ្លើយ​តប​ទាំង​ស្រុង​នឹង​ព័ត៌មាន​ផ្តល់​ដោយ​អាមេរិក​កាលពី​សប្តាហ៍​មុន។កូរ៉េខាង​ជើង​និង​រុស្ស៊ី​​ក៏​អាច​នឹង​ព្រមព្រៀង​គ្នា​បង្កើត​ឱ្យ​មាន​យន្តការ​ធ្វើ​សមយុទ្ធ​ជើងទឹក​រួម​គ្នាទៀត។តើ​​កូរ៉េខាងជើង​អាច​ផ្តល់​សព្វាវុធ​អ្វី​ខ្លះ​ដល់​រុស្ស៊ី​?  កាលពីដើម​ខែ​កញ្ញា វ៉ាស៊ីនតោន​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២២ ព្យុងយ៉ាងបានផ្តល់​ឱ្យ​រុស្ស៊ី​នូវ​គ្រាប់​​រ៉ុកកែត និងមីស៊ីល​សម្រាប់​ឱ្យ​ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែរប្រើ។ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ ម៉ូស្គូ​ចាប់​អារម្មណ៍​និង​ចង់​បាន​ជាពិសេស​ពី​កូរ៉េខាង​ជើង​ នូវ​គ្រាប់​កាំភ្លើង​ធំ​ ព្រោះ​ព្យុងយ៉ាងមាន​​ឃ្លាំង​ស្តុក​គ្រាប់​កាំភ្លើង​ធំ​ផលិត​សម័យ​សហភាព​សូវៀត​ច្រើន​ជាង​គេ​បំផុត​ដែល​អាច​មក​បំពេញ​ស្តុក​រុស្ស៊ី​ ឱ្យ​ប្រសើរ​ឡើងវិញ​បាន។ ដោយហេតុ​សង្គ្រាម​នៅអ៊ុយក្រែន​គ្រាប់​ស្តុកក្នុង​ឃ្លាំង​រុស្ស៊ី​បាន​ថយ​ចុះ​ជា​លំដាប់។តើ​កូរ៉េខាង​ជើង​ចង់​បាន​អ្វី​ជា​ថ្នូរ​មក​វិញ?រុស្ស៊ី​​ ដែល​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ និង​ដែល​ធ្លាប់​គាំទ្រ​របប​ព្យុងយ៉ាង​តាំងពីថ្ងៃ​កកើត​​ឡើង​កាលពី​៧៥​ឆ្នាំ ​មាន​គ្រប់​អ្វីៗ​ដែល​កូរ៉េខាង​ជើង​ចង់បាន។ដោយ​រុស្ស៊ី​គឺ​ជា​ប្រទេស​នាំ​ចេញ​អាហារ ជីរ​កសិកម្ម​និង​ថាមពល ជា​ថ្នូរ​នឹង​ការ​ផ្តល់​អាវុធ​និង​គ្រាប់​រំសេវដល់​ម៉ូស្គូ កូរ៉េខាង​ជើង​ចង់​បាន​ត្រលប់​មក​វិញ​នូវ​ជំនួយ​ស្បៀងអាហារ។ កំពុងស្វះ​​ស្វែងរក​​​​បច្ចេកវិទ្យា​សំខាន់ៗ ចំណេះ​ធ្វើ​និងបង្កើន​សមត្ថភាព​ឧស្សាហកម្ម​អាវុធ​កូរ៉េខាង​ជើង​ក៏​ទំនងឱ្យ​រុស្ស៊ី​ផ្ទេរ​បច្ចេកវិទ្យា​ស្ថាបនា​សាងសង់នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​។ ​របាយការណ៍​អង្គការ​សហប្រជាជាតិ​​បាន​គូស​បញ្ជាក់​នៅ​ឆ្នាំ​២០២២ថា​​​អ្នកការទូត​កូរ៉េខាងជើង​នៅ​ម៉ូស្គូ​​មាន​តួនាទី​ស្វែង​រក​បច្ចេកវិទ្យា​មីស៊ីលបាលីស្ទិក​និងស្វែង​រក​​ដែកថែប​បី​តោន​សម្រាប់​យក​មក​សម្រេច​កម្មវិធី​សាងសង់​នាវាមុជទឹក។ លើ​វិស័យ​អវកាស​វិញ ដោយ​ហេតុ​តែ​ការ​សាកល្បង​ពីរលើក​ចុងក្រោយ​ត្រូវ​បរាជ័យ​ ព្យុងយ៉ាង​អាចនឹង​ឆ្លៀត​ឱកាសទស្សនកិច្ច​នេះ សុំ​ជំនួយ​ពី​រុស្ស៊ី​ក្នុង​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​របស់​ខ្លួន​ទៅក្នុង​គន្លង​តារាវិថី។ជា​ចុងក្រោយ​ ​តាម​គន្លង​របស់​ជីតា គីមអ៊ីលស៊ុង ដែល​ចេះ​ប្រើ​ ភាព​ប្រកួត​ប្រជែង​រវាង​ស្តាលីនិងម៉ៅ ​ក្នុង​រុញ​ប្រទេស​ទៅ​មុខ លោក​គីមជុងអ៊ុនក៏​​អាច​ទាញ​ប្រយោជន៍ពី​ជោគជ័យការ​ទូតបង្អួត​ចិន​​បាន​ដែរ ប្រសិន​បើ​រុស្ស៊ី​និង​កូរ៉េខាង​ជើង​អាច​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ​នឹង​គ្នា​មែន​។ តាំងពីសម័យ​​សង្គ្រាម​ត្រជាក់​មក​ កូរ៉េខាង​ជើង​តែង​អនុវត្ត​នយោបាយការទូត​ ម្តង​យោល​ចិនម្តង​​យោល​មកទៅ​ខាង​​សហភាព​សូវៀត។​​កិច្ច​ព្រមព្រៀង​សព្វាវុធរុស្ស៊ី-​កូរ៉េខាង​ជើង អាច​ផ្លាស់ប្តូរ​ស្ថានការណ៍​​សង្គ្រាមនៅអ៊ុយក្រែន?ប្រសិន​បើ​​កិច្ចព្រមព្រៀង​សព្វាវុធ​រុស្ស៊ី​កូរ៉េខាង​ជើង​លេច​ជា​រូបរាងមែន ហើយ​កូរ៉េខាង​ជើង​ចាប់​ដឹក​​អាវុធ​និង​គ្រាប់​ទៅ​ឱ្យ​រុស្ស៊ី​ក៏​ដោយ ក៏រុស្ស៊ី​មិន​អាច​ឡើង​ប្រៀប​ខ្លាំង​លើ​សមរភូមិ​សង្គ្រាម​នៅ​អ៊ុយក្រែន​ឡើយ​ គឺ​បាន​ត្រឹម​ជួយ​បន្តក់​ដង្ហើម​ឱ្យ​រុស្ស៊ី​អាច​បន្ត​ធ្វើ​​សង្គ្រាមបាន​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​​បង្អាប់​ថា​រុស្ស៊ី​ធ្លាក់​ខ្លួន​ទៅ​អង្វរ​សុំ​គ្រាប់​ពីកូរ៉េខាង​ជើង។ ឯ​ការ​លក់​អាវុធ​ទៅ​រុស្ស៊ី ក៏​មិន​អាច​លើក​មុខ​មាត់​​កូរ៉េខាង​ជើង​ឱ្យ​ប្រសើរ​ឡើង​ដែរ​។ ព្យុងយ៉ាង​នឹង​ត្រូវ​បង់​ខាត​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ចំពោះ​ទង្វើ​របស់​ខ្លួន​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​លោក​ចេក ស៊ុយលីវ៉ាន់ ទីប្រឹក្សា​សន្តិសុខ​អាមេរិក។ប៉ុន្តែ​បើ​តាម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Sejong ប្រសិនបើ​ព្យុងយ៉ាង​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ម៉ូស្គូ​មែន​នោះ ​នោះ​សង្គ្រាម​អ៊ុយក្រែន​ នឹង​​ហានិភ័យអូសបន្លាយយូរ​​ ខ្ពស់​ខ្លាំង​ណាស់។ នៅពេល​រុស្ស៊ី​និង​កូរ៉េខាង​ជើង​ចាប់​ផ្តើម​បញ្ជូន​អាវុធ​និង​គ្រាប់​រំសេវ អន្តរជាតិ​មានទំនួល​ខុស​ត្រូវ​កំណត់​ទីតាំង​ដឹកជញ្ជូន​បាន​ព្រោះ​ព្យុងយ៉ាង​អាច​ដឹកគ្រាប់​កាំភ្លើង​ធំ​ទាំង​នោះ​ទៅ​ឱ្យ​រុស្ស៊ី​តាម​រថភ្លើង។ម្យ៉ាង​ទៀត​ជា​រង្វាន់​តប​នឹង​ការ​ផ្តល់​ជំនួយ​អាវុធ​ដល់​រុស្ស៊ី កូរ៉េខាង​ជើង​អាច​នឹង​​អភិវឌ្ឍ​នាវាមុជទឹក​នុយក្លេអ៊ែរ និង​ផ្កាយរណប​ចារកម្ម​បាន​យ៉ាង​លឿន​ស្លេវ ហើយ​អាចយក​ឈ្នះ​លើ​ទណ្ឌកម្ម​អន្តរជាតិ​បាន​ទៀត។​រចនាសម្ព័ន្ធ​សង្គ្រាម​ត្រជាក់ថ្មី​​រវាង​ម្ខាង​ជា​កូរ៉េខាង​ត្បូង-​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ទល់​នឹង​ម្ខាង​ទៀត​ជា​កូរ៉េខាង​ជើង ចិន​និង​រុស្ស៊ី នឹង​កាន់​តែ​ត្រូវ​បាន​ពង្រឹង​ឡើង បើ​ទោះ​បី​ជា​​ជំនួប​រវាង​លោក​គីមជុងអ៊ុន​និង​លោក​វ្លាឌីមៀរពូទីន​មាន​លទ្ធផល​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ប្រមុខ​សកលវិទ្យាល័យ​សិក្សា​កូរ៉េខាង​ជើង​​នៅក្រុង​សេអ៊ូល៕
9/12/20238 minutes
Episode Artwork

អង់គ្លេស​ចោទ​ចិន​​ថាបាន​ឈ្លបយកការណ៍​ និ​ងប្រើ​ឥទ្ធិពល​​រំខាន​​លទ្ធិប្រជាធិបតេយ្យ​អង់គ្លេស

ជាថ្មីម្តងទៀត ចិនត្រូវគេចោទថា បាន​ប្រើប្រាស់បណ្តាញភ្នាក់ងារខ្លួន ឲ្យ​ឈ្លបយកការណ៍​ប្រមូលព័ត៌មាន នៅតាម​បណ្តាប្រទេសលោកខាងលិច។ កាលពីថ្ងៃសៅរ៍ ទី​៩​កញ្ញា ចុង​សប្តាហ៍​កន្លងទៅ សមត្ថកិច្ចអង់គ្លេស នៅទីក្រុងអេដាំងបួរ បានចាប់ខ្លួន​អ្នកស្រាវជ្រាវ​ម្នាក់ ធ្វើការ​នៅ​សភាអង់គ្លេស ហើយ​ដែល​គេសង្ស័យ​ថា គឺជាចារកិច្ច​ប្រមូលព័ត៌មាន​ឲ្យ​ចិន​។ ប្រើចារកិច្ច​ធ្វើការក្នុងសភាអង់គ្លេស​ផ្អែកតាមការចុះផ្សាយ របស់​បណ្តាញព័ត៌មានអងគ្លេស Sunday Times បុរសដែលត្រូវគេចាប់ខ្លួន គឺជាជនជាតិ​អង់គ្លេស អាយុ​២៨ឆ្នាំ ឈ្មោះ Chris Cash។ ជននេះ​ជាអ្នកស្រាវជ្រាវនៅ​សភាអង់គ្លេស ហើយដែល​មាន​ទំនាក់ទំនង ​ជាមួយ​សមាជិក​សភាអង់គ្លេសជាច្រើននាក់ ក្នុងនោះ មាន​លោក Tom Tugenhat រដ្ឋលេខាធិការ​ទទួក​បន្ទុក​សន្តិសុខ លោកស្រី Alicia Kearns ប្រធានគណកម្មការសភាទទួល​បន្ទុកកិច្ច​ការបរទេស​។ ប្រភពដដែលអះអាងថា ជននេះ ត្រូវបានសមត្ថកិច្ចអង់គ្លេសឃាត់ខ្លួនម្តងហើយ ជាមួយនឹងជនសង្ស័យម្នាក់ទៀត កាលពីខែ​មីនា។ ជនទាំង​២ត្រូវគេដោះលែងមកវិញ ក្នុងអំឡុងពេលរងចាំ​នីតិវិធីតុលាការ ដែលនឹងចាប់ផ្តើម​នៅរវាងខែតុលា ក្នុងសំណុំរឿងចារកិច្ចប៉ះពាល់​កិច្ចការសម្ងាត់ជាតិ​។បន្ទាប់​ពី​មាន​ការចុះផ្សាយ​ស្តីពីការចាប់ខ្លួន​ជនសង្ស័យនេះ នៅក្នុង​ឱកាសជំនួប​កំពូល G20 នៅ​ទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យ លោក​ រីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស បានជួប​ជាមួយ​គណប្រតិភូចិន ដឹកនាំ​ដោយ​​លោក​នាយករដ្ឋមន្ត្រី Li Qiang។ លោក​ រីស៊ី ស៊ូណាល់ បានបញ្ជាក់ប្រាប់​អ្នកកាសែតថា ក្នុងពេល​ប្រជុំជាមួយ​ភាគី​ចិន លោក​​បានលើកឡើងអំពីការព្រួយបារម្ភដ៏ធំ​របស់លោក ទាក់ទិននឹង​សកម្មភាពឈ្លបយកការណ៍ ព្រមទាំងការ​ប្រើប្រាស់ឥទ្ធិពល​លូកដៃរបស់ចិន ចូលទៅក្នុងដំណើរការ​នៃស្ថាប័នរដ្ឋ​​ធំៗ របស់អង់គ្លេស​ ជាក់ស្តែង​​នៅសភាអង់គ្លេស​។​ ជាអំពើដែល​លោក​រីស៊ី ស៊ូណាក់ ចាត់ទុកថាធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទេ​​។ជាប្រតិកម្មតបវិញចំពោះការចោទនេះ កាលពី​ថ្ងៃអាទិត្យ​ អ្នកនាំពាក្យ​ម្នាក់ នៅ​ស្ថានទូតចិន​ប្រចាំទីក្រុងឡុងដ៍ បានឆ្លើយ​បដិសេធ បែបចំអកថា ការចោទដែលថា​ចិន​ប្រើប្រាស់​បុគ្គលិកធ្វើការនៅសភាអង់គ្លេស ឲ្យ​ឈ្លបយកការណ៍​នោះ​ វាគឺជារឿងប្រឌិតបែបកំប្លែងប៉ុណ្ណោះ។ ដូចគ្នាដែរ នៅព្រឹកថ្ងៃចន្ទទី​១១កញ្ញា ពី​ទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​ បាន​ប្រាប់អ្នកកាសែតថា ចិន​សូមច្រានចោទទាំងស្រុងចំពោះការចោទ ដោយ​គ្មាន​មូលដ្ឋាន​​របស់​ភាគីអង់គ្លេស។ លោកស្រីបានបន្តថា សូមឲ្យ​ភាគីអង់គ្លេស ឈប់ធ្វើសកម្មភាពផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ដើរនិយាយបង្កាច់បង្ខូច ប្រឆាំងនឹងចិនតទៅទៀត។មិនមែនលើកទី​១គួរបញ្ជាក់ថា នេះមិនមែនជាលើកទី​១ទេ ដែល​ចិន​ត្រូវគេសង្ស័យ ឬត្រូវគេចោទ​ ថា​បានឈ្លបយកការណ៍ ប្រមូលព័ត៌មានសំងាត់ ពីតាមបណ្តាប្រទេសមហាអំណាចលោកខាងលិច។ យ៉ាងណាមិញ កាលពីខែកក្កដា គណកម្ម​ការ​សភាជាន់ទាបអង់គ្លេស បាន​អះអាងថា អង់គ្លេសកំពុងតែក្លាយជាផ្ទាំងស៊ីប នៃសកម្មភាពចារកិច្ច​ឈ្លបយកការណ៍​របស់​ចិន​។​ កន្លងមកមានករណីច្រើនរាប់មិនអស់ ដែលចិន​ប្រើ​វិធីសាស្ត្រផ្សេងៗគ្នា ច្រើនប្រភេទ ដើម្បីឈ្លបយក​ការណ៍ នៅតាម​ប្រទេស​ជាច្រើន​ ដែល​អាចជាគូរប្រជែងរបស់ចិន​ មិនថាក្នុងវិស័យភូមិសាស្ត្រនយោបាយ ឬសេដ្ឋកិច្ច​ពាណិជ្ជកម្ម​។កាលពីដើមឆ្នាំ​២០២៣ អាមេរិកបានចោទចិន ​ថាបញ្ជាយាន​បាឡុងហោះលើអាកាស ដើម្បីឈ្លបយកការណ៍ ប្រមូលព័ត៌មាននៅអាមេរិក។ កងទ័ពអាមេរិក បាន​បាញ់​កម្ទេចបាឡុងរបស់ចិននេះទម្លាក់ ហើយ​បាន​បង្កឲ្យ​មាន​វិបត្តិការទូតរវាងប្រទេសទាំង២ ព្រោះចិនអះអាងថា បាឡុងនោះគឺជាប្រតិបត្តិការស្រាវជ្រាវ ផ្នែកឧតុនិយម​ តែប៉ុណ្ណោះ។ជំនាញ​បច្ចេកវិទ្យាខាងលួចប្រមូលទិន្នន័យ​​យោងតាម​អ្នកជំនាញ​ជាច្រើននៅតាមប្រទេសលោកខាងលិច ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ចិនបាន​ក្លាយ​ជាប្រទេសមានជំនាញខ្ពស់ណាស់ នៅក្នុងប្រតិបត្តិការវាយ​ប្រហារ​តាមបច្ចេកវិទ្យា​អ៊ីនធឺនិត ដែលគេហៅថា Cyber Attack។ ចោរព័ត៌មានវិទ្យា​ចិន ប្រើវិធីនេះ ដើម្បីបន្លំចូល​ទៅក្នុងប្រព័ន្ធ បូបស្រូបយកទិន្ន័យសំខាន់ៗ ទិន្នន័យសំងាត់ ក្នុងវិស័យ​ពាណិជ្ជកម្ម វិស័យឧស្សាហកម្ម និងស​ន្តិសុខជាតិ​។ជាក់ស្តែង កាលពីឆ្នាំ​២០២១ សហរដ្ឋអាមេរិក ប្រទេសសមាជិកអូតង់ បានចោទ​រដ្ឋាភិបាលចិន ថាអ្នកជាអ្នកនៅពីក្រោយ​ ប្រតិបត្តិការ​វាយ​ប្រហារទ្រង់ទ្រាយធំ មកលើប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Microsoft។ ក្រុមចោរព័ត៌មាន​វិទ្យាចិន ត្រូវគេចោទផងដែរ ថាជាអ្នកធ្វើសកម្មភាព ចូលលួចប្រមូល​ទិន្នន័យ របស់​ក្រសួងថាមពលអាមេរិក ​ស្ថាប័ន​រដ្ឋអាមេរិក​ផ្សេងទៀត ក្រុម​ហ៊ុន​ទូរគមនាគមន៍​អាមេរិក ព្រមទាំង​​សកលវិទ្យាល័យ​មួយចំនួនផង។ នេះបើផ្អែកតាមការអះអាងរបស់សេតវិមាន និង​បណ្តាញសារព័ត៌មានមួយចំនួន​។មិនត្រឹមប៉ុណ្ណោះទេ កម្មវិធីបច្ចេកវិទ្យារបស់ចិន ដែលគេនិយមប្រើក្នុងទូរស័ព្ទ ក៏អាចជាហានិភ័យ​ផងដែរ។ ជាក់ស្តែង​កម្មវិធី Tiktok ដ៏ល្បីល្បាញ។ អ្នកជំនាញ​ទាំងនៅអឺរ៉ុប និងនៅអាមេរិក បាន​ក្រើនរំលឹក ទាញសញ្ញាអាសន្ន ថា​Tiktok អាចជាឧបករណ៍​ដើម្បីប្រមូលយកទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ។ ក្រុមហ៊ុន Bytedance ម្ចាស់របស់ Tiktok ត្រូវគេជឿថាគឺជាភ្នាក់ងារ ដែលត្រូវប្រគល់​ទិន្នន័យ​ដែល​ប្រមូល​បាន យក​ទៅ​ឲ្យអាជ្ញាធរចិន​។ ដូចគ្នាដែរ រដ្ឋាភិបាល​អាមេរិក បាន​ចាត់បញ្ចូល​ក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដោយចោទថា​ Huawei គឺជាឧបករណ៍​ឈ្លបយកការណ៍​ ស្តាប់រាល់ការទំនាក់ទំនងទាំងអស់នៅអាមេរិក​។ប្រើមនុស្ស​ឲ្យ​ប្រមូល​ព័ត៌មាន​ក្រៅពីប្រើបច្ចេកវិទ្យាទំនើប ចិនអាចប្រើប្រាស់មនុស្សដោយផ្ទាល់ ក្នុងការប្រមូលបញ្ជូនព័ត៌មានទៅឲ្យខ្លួន។ តួយ៉ាងករណី​ វិស្វករជនជាតិ​ចិនម្នាក់ ឈ្មោះ Ji Chaoqun ដែលបាន​ទៅដល់ទឹកដី​អាមេរិក​នៅឆ្នាំ​២០១៣ក្នុងនាមជានិស្សិត  ហើយ​ក្រោយ​មកត្រូវបានសមត្ថកិច្ចអាមេរិក​ វែកមុខរកឃើញថាជននេះ ប្រមូលបញ្ជូនព័ត៌មានក្នុងវិស័យវិទ្យាសាស្ត្រជាន់ខ្ពស់ទៅ​ឲ្យចិន​។ កាលពីខែមករា តុលាការអាមេរិក​បានផ្តន្ទាទោសជននេះ ឲ្យ​ជាប់ពន្ធនាគារ​៨ឆ្នាំ​។ ហើយ​កាលពីឆ្នាំ​២០២០ វិស្វករចិនម្នាក់ទៀត ឈ្មោះ Wei Sun ចូលសញ្ជាតិអាមេរិក ដែលធ្វើការ​ឲ្យ​ក្រុម​ហ៊ុន Reython ផលិតគ្រឿងសព្វាវុធ ត្រូវបាន​តុលាការអាមេរិក​កាត់ទោស បន្ទាប់ពីជននេះ​បានយកម៉ាស៊ីនកុំព្យូរទ័ររបស់ក្រុមហ៊ុនទៅកាន់ប្រទេសចិន ដែល​ក្នុងម៉ាស៊ីននោះ មានផ្ទុកដោយ​ទិន្នន័យ​សម្ងាត់ ស្តីពីប្រព័ន្ធមីស៊ីល​របស់​អាមេរិក​។ចិនក៏អាចទទួលបាន​ព័ត៌មានសម្ងាត់នានា ដោ​យផ្ទាល់ពីមន្ត្រីធំៗ ឬថ្នាក់ដឹកនាំបរទេសដែរ តាមរយៈការប្រើ​មនុស្ស​ឲ្យ​ចូល​ទៅមានទំនាក់ទំនងស្អិតរមួត ជាមួយ​មន្ត្រីទាំងនោះ​។ តួយ៉ាងដូចក្នុងករណី​ នៅអង់គ្លេសដែលចុះផ្សាយ​ដោយ​កាសែត Sunday Times កាលពីថ្ងៃសៅរ៍។ នៅឆ្នាំ​២០២០ គេហទំព័រព័ត៌មានអាមេរិក Axios បានចុះផ្សាយអំពីករណី​នារីជនជាតិចិនម្នាក់ ឈ្មោះ Christine Fang ដែលមានទំនាក់ទំនង​យ៉ាងល្អូកល្អឺនជាមួយ​អ្នកនយោបាយអាមេរិក​ជាច្រើននាក់​។ ស្ត្រីចិនរូបនេះ បានទទួលទំនុកចិត្ត​ពីអ្នកនយោបាយអាមេរិក តាមរយៈការជួយ​រៀបចំប្រតិបត្តិការ ​ស្វែងរកថវិកាមូលនិធិផ្សេងៗ និង​អាចមានករណី​ទំនាក់ទំនងផ្លូវភេទថែមទៀតផង​។នគរបាលសម្ងាត់ក្រៅពីការឈ្លបយកការណ៍ ដោយ​ប្រើភ្នាក់ងារ និង​បច្ចេកវិទ្យា ចិន​ត្រូវបាន​គេ​ចោទផងដែរ ថាបាន​បង្កើត​​អង្គភាពពិសេស ធ្វើការជានគរបាល​សំងាត់ នៅតាមប្រទេសមួយចំនួន។ អង្គការ Safeguard Defender ដែល​មានទីតាំងនៅប្រទេសអេស្ប៉ាញ​ បានអះអាងថា នគរបាលសម្ងាត់ទាំងនេះ គឺចិនធ្វើដោយខុសច្បាប់ ដោយ​មិនជូនដំណឹងទៅប្រទេសម្ចាស់ស្រុក។ ប្រតិបត្តិការ​របស់​នគរបាលសម្ងាត់ចិន គឺតាមឃ្លាំមើលជនជាតិចិន ដែលមានទំនោរនយោបាយ​ប្រឆាំងរិះគន់ខ្លួន និងអាចមានករណីគំរាមសំឡុតថែមទៀត។  កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២២ អាជ្ញាធរហូឡង់ បាន​បញ្ជាឲ្យចិនបិទអង្គភាពនគរបាលសំងាត់ដែលខុសច្បាស់នេះ ចំនួន​២ទីតាំង។ ហើយ​១ខែក្រោយមក អាជ្ញាធរឆេកក៏បានបញ្ជាឲ្យបិទអង្គភាពសម្ងាត់របៀបនេះរបស់ចិន ចំនួន​២ទីតាំងដែរ នៅទីក្រុងប្រាហ្ក៕
9/11/20238 minutes, 10 seconds
Episode Artwork

លោកចូ បៃដិន ទៅវៀតណាម ដើម្បី​ពង្រឹងសហប្រតិបត្តិសេដ្ឋកិច្ច​ និង​ការបរទេស

ចេញពីជំនួបកំពូលG20 នៅញូដេលី លោក​ប្រធានាធិបតី ចូ បៃដិន ​បាន​បន្តដំណើរទៅ​ដល់​ទីក្រុងហាណូយ​ ប្រទេសវៀតណាម នៅរសៀល​​ថ្ងៃអាទិត្យទី​១០កញ្ញា។ ទស្សនកិច្ចទៅវៀតណាម​ ជាអ្វីដែលប្រធានាធិបតី​អាមេរិកគ្រប់រូប តែងតែធ្វើមិនដែល​ខាន បើគិតពីឆ្នាំ​១៩៩៥មក។ វាគឺជា​គោលនយោបាយ​ស្តារទំនាក់ទំនងនឹងគ្នា បន្ទាប់ពីប្រទេសទាំង២បានឆ្លងកាត់​ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតជាមួយគ្នា តាមរយៈ​ “សង្គ្រាម​វៀតណាម”។ លើសពីការរឹតចំណងមិត្តភាព វៀតណាម​ក៏អាចមានអត្ថប្រយោជន៍​ច្រើនដែរ ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក្នុង​បរិបទបច្ចុប្បន្ន ដែលអាមេរិកនិងចិន​ ប្រជែងគ្នាកាន់តែខ្លាំង។ ផ្សះផ្សាការឈឺចាប់ក្នុងអតីតកាលលោក Jake Sullivan ទីប្រឹក្សាពិសេសរបស់​លោក​ចូ បៃដិន បាន​បញ្ជាក់ឲ្យដឹងថា អស់រយៈពេល​​ជាច្រើនទសវត្សមកហើយ ដែលសហរដ្ឋអាមេរិក និង វៀតណាម ខិតខំធ្វើការ ដើម្បីឈានទៅព្យាបាល​ការឈឺចាប់ក្នុងអតីតកាល​ ដែល​បន្សល់ទុកដោយ​សង្គ្រាមវៀតណាម​។ កេរតំណែលនេះ នឹងមានវត្តមាន​នៅ​ក្នុង​ឱកាស​ទស្សនកិច្ចរបស់​លោកចូ បៃដិន នៅទីក្រុងហាណូយ។ នៅថ្ងៃចន្ទ លោក​ ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ទីបូជនីយកិច្ច ឧទ្ទិសដល់លោក John McCain អតីតទាហានអាមេរិក ដែល​បានប្រឹងប្រែងពេញមួយជីវិតនយោបាយ ក្នុងការ​ផ្សះផ្សា​ការឈឺចាប់ រវាងអាមេរិក និងវៀតណាម។ផ្អែកតាម​ការបញ្ជាក់ពី​សេតវិមាន នៅហាណូយ លោកចូ បៃដិន ត្រូវ​ជួបជាមួយ​លោកអគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀតណាម​ ង្វៀន ហ្វូចុង នៅថ្ងៃអាទិត្យ បន្ទាប់​មកនឹងធ្វើ​សន្និសីទកាសែតរួមគ្នា។ កម្មវិធីបន្ទាប់ គឺលោក​ចូ បៃដិន នឹងជួបជាមួយ លោក​ប្រធានាធិបតីវៀតណាម វ៉ូ វ៉ាន់ធឿង និង​ ​លោក​នាយករដ្ឋមន្ត្រីវៀតណាម ផាំ មិញជិញ នៅថ្ងៃចន្ទទី​១១កញ្ញា។លោក Jake Sullivan បាន​បញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា លោកចូ បៃដិននឹងមិនភ្លេច និយាយលើកឡើងទេ អំពីបញ្ហាសិទ្ធិមនុស្ស​នៅ​វៀតណាម។ ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរារាំងសិទ្ធិបញ្ចេញមតិ សិទ្ធិប្រកាន់សាសនា និង​សិទ្ធិជាមូលដ្ឋានឯទៀត របស់ប្រជាជននៅវៀតណាម នឹងត្រូវ​លោកចូ បៃដិន លើកយកទៅនិយាយ ជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីទាមទារឲ្យ​មានផ្លាស់ប្តូរ។​វៀតណាម ជាកម្លាំង​​សក្តានុពលថ្មី​ ជំនួសឲ្យចិន?នៅក្នុងបរិបទ ដែល​អាមេរិក​ក៏ដូចជាបណ្តាប្រទេសអឺរ៉ុប កំពុងតែរកវិធី​ឈប់ពឹងផ្អែកលើចិនខ្លាំងជ្រុលពេក វៀតណាម​​បានក្លាយ​ជាជម្រើស​គួរជាទីចាប់អារម្មណ៍ ជាមួយ​នឹងកម្លាំងពលកម្មច្រើន ក្មេង​ស្វាហាប់ និង​មានតម្លៃ​ថោក​។ យោងតាម​សេតវិមាន នៅហាណូយ​ លោក​ចូ បៃដិន​ នឹងចុះហត្ថលេខាជាមួយ​ភាគីវៀតណាម លើ “​កិច្ចព្រមព្រៀងសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​”។ តាមរយៈកិច្ចព្រ​មព្រៀងនេះ វាគឺជាការខិតចូលកៀកគ្នាយ៉ាងខ្លាំង រវាងវៀតណាម និងសហរដ្ឋអាមេរិក ព្រោះថាគិតមកទល់ពេលនេះ កិច្ចព្រមព្រៀងរបៀបនេះ គឺវៀតណាមបានចុះ តែជាមួយ​ រុស្ស៊ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូង​។គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាម​កាន់តែរីកលូតលាស់។ ៨ខែដើមឆ្នាំ​២០២៣ វៀតណាមបានទាក់ទាញវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់ប្រមាណ​ ១៨ពាន់លានដុល្លារ ពោលគឺកើនចំនួន​៨% បើប្រៀបធៀបទៅឆ្នាំមុន។ ក្រុមហ៊ុនធំៗជាច្រើន ដូចជា Samsung LG និង Foxconn ដែលជាអ្នកផ្គត់ផ្គង់​គ្រឿងផ្សំឲ្យ​ ក្រុមហ៊ុន Apple ជាដើម​ បាននាំគ្នាទៅតាំងទី​ផលិត​ នៅវៀតណាម​។តែយ៉ាងណា ប្រទេស​ដែលមាន​ប្រជាជន​ប្រមាណ​១០០លាននាក់នេះ មានកម្លាំងពលកម្មដែល​មាន​ជំនាញ​ខ្ពស់ នៅតិចខ្លាំងណាស់ មិនទាន់​គ្រប់គ្រាន់ទេ។ ផ្អែកតាមតួលេខរបស់​ក្រសួងការងារវៀតណាម បច្ចុប្បន្នមាន​តែកម្លាំងពលកម្មចំនួន​១១%ប៉ុណ្ណោះ ដែល​មានជំនាញ​លំដាប់ខ្ពស់។ បន្ថែមពី​នេះ វៀតណាមនៅ​មានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​បណ្តាញចរន្តអគ្គិសនីមិនគ្រប់គ្រាន់។ នេះបើផ្អែកតាម​របាយការណ៍​ចុងក្រោយ របស់ធនាគារពិភពលោក ចេញផ្សាយ​កាលពីខែសីហា។សម្រាប់អាមេរិក កិច្ចព្រមព្រៀងសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ ដែលខ្លួននឹង​ចុះជាមួយវៀតណាម​ក្នុងពេលនេះ​ នឹងបើក​ផ្លូវ ពង្រឹងកសាងបណ្តាញ​ឧស្សាហកម្មនៅវៀតណាម ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការទីផ្សាររបស់អាមេរិក ហើយទន្ទឹមគ្នានេះ អាមេរិក​នឹង​​ដកខ្លួន​ម្តងបន្តិចៗ ឈប់ពឹងផ្អែក​លើកម្លាំងឧស្សាហកម្មរបស់ចិន​។ សម្រាប់វៀតណាមវិញ វាគឺជាឱកាស​ដ៏ធំ ដើម្បីអាចទទួលបាន​ ការបោះទុន​វិនិយោគទ្រង់ទ្រាយធំៗ​ ឈានទៅពង្រឹងវិស័យ​ឧស្សាហកម្ម ឲ្យ​កាន់តែទំនើបឈានមុខ ជាពិសេសក្នុងវិស័យ​បច្ចេកវិទ្យា​។​យក​ ចិន ឬ អាមេរិក?រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម តែងតែមានការប្រុងប្រយ័ត្ន មិនចង់​ឲ្យ​គេសំឡឹងឃើញថាខ្លួន ល្អូកល្អឺនខ្លាំងជាមួយ​អាមេរិក​នោះទេ។ មិនខុសពីប្រទេសផ្សេងទៀត នៅ​ក្នុងតំបន់ វៀតណាម​អះអាងប្រកាន់ជំហរនៅកណ្តាល មិនចង់ជ្រើសរើស​នៅខាងណាមួយទេ រវាង​មហាអំណាចទាំង២ គឺចិន និងអាមេរិក​ ដែលកំពុងតែជល់​ប្រជែងគ្នា​យ៉ាងខ្លាំងដៃ។​តែទន្ទឹមគ្នានេះ វៀតណាមមានការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទិនសកម្មភាពវាតទីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលប៉ះពាល់មកលើដែនអធិបតេយ្យ របស់វៀតណាម។ គឺចំណុចនេះហើយ ដែល​រដ្ឋាភិបាលអាមេរិក តែងតែលើកមកនិយាយ ដើម្បី​ក្រើនរំលឹកឲ្យវៀតណាមដឹងខ្លួន និងប្រុងប្រយ័ត្ន។គួរបញ្ជាក់ដែរថា រវាងវៀតណាមនិងចិន គឺនៅមានវិវាទព្រំដែន​ជាច្រើនចំណុច ដែលនៅមិនទាន់ដោះស្រាយ តាំងតែពីឆ្នាំ​១៩៧៩មក។ យ៉ាងណាមិញ​ ចិន មិនបានព្រងើយទុក​ឲ្យអាមេរិក​មក​អូសទាញវៀតណាមទៅដោយងាយៗនោះឡើយ។ ក្នុងសប្តាហ៍​កន្លងទៅនេះ ប៉េកាំងបានប្រញេបប្រញាប់ បញ្ជូនគណៈប្រតិភូ​​មន្ត្រី​ជាន់ខ្ពស់របស់ខ្លួន ទៅវៀតណាម។ យោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ័រ គឺភាគីចិននិងវៀតណាម បានសន្យា​ពង្រឹង​សហប្រតិបត្តិការ​ និង​សាមគ្គីភាពជាមួយគ្នា ឲ្យ​កាន់ល្អប្រសើរឡើង។លោក ង្វៀន កុងកួង អតីតអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវ៉ាស៊ីនតោន បានលើកឡើងថា ការពិតទៅ អាមេរិក​ដឹងច្បាស់ណាស់ ថាវៀតណាម​គ្មានថ្ងៃសម្រេចចិត្ត​រើសយកខាងណាមួយឡើយ រវាងចិន និងអាមេរិក។ តែយ៉ាងណា លោក ចូ បៃដិន ក៏នៅតែសង្ឃឹមថា វៀតណាមអាចនឹងកាន់តែសប្បាយ​ចិត្តរីករាយ ចង់សហការជាមួយ​អាមេរិក​កាន់តែខ្លាំង​​ នៅក្នុងបរិបទមួយ ដែល​ក្នុងតំបន់​មានភាពតានតឹង ដោយសារតែចិនអាងយ៉ាង។​វៀតណាមទិញអាវុធរុស្ស៊ី?ស្រមោលមួយទៀត ដែលតាមអន្ទោល​លើវៀតណាម គឺវត្តមាន​របស់មហាមិត្ត​រុស្ស៊ី​។ កាលពីថ្ងៃសៅរ៍ ទី៩កញ្ញា មួយថ្ងៃមុនពេល​លោកចូ បៃដិនទៅជាន់ដីវៀតណាម កាសែត The New York Times បានចុះផ្សាយ​ថា វៀតណាម​កំពុងតែចរចាយ៉ាងសំងាត់ជាមួយរុស្ស៊ី ដើម្បីសុំទិញគ្រឿងសព្វាវុធរបស់រុស្ស៊ី។ ជាចេតនាចង់ទិញពីរុស្ស៊ី បើទោះបីជាវៀតណាមដឹងថា ទណ្ឌកម្មអន្តរជាតិបានហាមឃាត់ខ្លួន​ក៏ដោយ​។សារព័ត៌មានអាមេរិក ដែលបានចុះផ្សាយ​រឿងនេះ បានផ្អែក​លើ​ឯកសារមួយ របស់​ក្រសួងហិរញ្ញវត្ថុ​វៀតណាម។ យោងតាមឯកសារនេះ កិច្ចព្រមព្រៀង​ទិញលក់គ្រឿងសព្វាវុធរវាងវៀតណាម និងរុស្ស៊ី គឺនឹងត្រូវធ្វើ​ឡើង ដោយប្រើប្រាស់ថវិកាបោះទុនវិនិយោគ របស់វៀតណាម នៅក្នុង​គម្រោង​អណ្តូងប្រេង​កាតរបស់រុស្ស៊ី នៅតំបន់ស៊ីបេរី។​ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាល់ទងសុំការបំភ្លឺ ពីមន្ត្រីរដ្ឋាភិបាល​វៀតណាម ទាក់ទិននឹងដំណឹងចុះផ្សាយនេះ តែបានត្រឹមតែការបដិសេធមិនឆ្លើយ៕
9/10/20237 minutes, 16 seconds
Episode Artwork

ឥណ្ឌា​រៀប​ចំ​ជំនួប​កំពូល​ហ្សេ២០ ដើម្បី​បង្អួត​​និងបង្ហាញ​​ឥទ្ធិពលខ្លួន​​លើឆាក​អន្តរជាតិ

ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​នៃ​ក្រុមប្រទេសមហាឧស្សាហកម្ម​និង​សេដ្ឋកិច្ច​​​លូតលាស់​ខ្លាំង​ជាង​គេ​២០​ដំបូង​នៅលើ​ពិភពលោក ហៅកាត់​ថា G២០ ត្រូវ​មក​ជួប​ជុំ​គ្នា​នៅថ្ងៃទី​៩​និង​១០​កញ្ញា​នេះ ក្នុង​ក្រុង​ញូវដេលីប្រទេស​ឥណ្ឌា។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ រៀប​ចំ​ជំនួប​កំពូល​ហ្សេ២០ ឥណ្ឌា​បាន​ចាត់​វិធានកា​រសុវត្ថិភាព​យ៉ាង​សម្បើម​ផង វិធានការ​បោស​សម្អាត​រដ្ឋធានី​ដែល​ល្បី​ខាង​ពុល​និង​កខ្វក់​ខ្លាំងផង។ លោក​នាយករដ្ឋមន្ត្រី​ ណារិនដ្រា​ ម៉ូឌី ​ចង់​ឆ្លៀត​​ពេល​ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ក្នុង​ការ​លើក​តម្កើង​រូបភាព​នយោបាយ​របស់​លោក​លើក​ឆាក​អន្តរជាតិ​ផង និង​បញ្ជាក់​អំពី​តួនាទី​របស់​ប្រទេស​ឥណ្ឌា​នៅលើ​ពិភពលោក​ផង។ ឥណ្ឌាដែល​​ជា​ប្រធាន​ផ្លាស់​វេន​​​ហ្សេ២០ (ក្រុម​ប្រទេសមហាឧស្សាហកម្ម​និង​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ​២០​ដំបូង​នៅលើ​ពិភពលោក) ត្រូវ​ទទួល​រៀប​ចំ​ជំនួប​កំពូល​ នៅ​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ស្អែក​នេះ នៅ​ទីក្រុង​ញូវដេលី។ជំនួប​កំពូល​G២០ ជា​វេលា​ឥណ្ឌា​សម្ញែងឫទ្ធិ ?ដើម្បី​ធានា​សុវត្ថិភាព​ ឥណ្ឌា​បាន​បញ្ចេញ​កង​កម្លាំង​រក្សា​សន្តិសុខ​រាប់​សិបពាន់​នាក់ រាប់​ទាំងខ្មាន់កាំភ្លើង​ដៃ​ឆើត​បង្កប់តាម​​ដំបូល​ផ្ទះ​​ក្នុង​រដ្ឋ​ធានី​ កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ ត្រៀម​ចេញ​ធ្វើ​ប្រតិកម្មរហ័ស ព្រមទាំង​មាន​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ប្រឆាំង​នឹង​ដ្រូន​ទៀត។ ខាង​ប៉ូលិស​វិញ បាន​សន្យា​សម្រួល​ចរាចរណ៍​ឱ្យ​រលូន​ និង​ហាមឃាត់​មិន​ឱ្យ​យាន​យន្ត​ឯកជន​ចូល​កណ្តាល​ក្រុង កៀក​កន្លែង​ប្រជុំ​ទេ។ ហាង​ទំនិញ​ក្នុង​រដ្ឋធានី​បាន​ទទួល​បញ្ជា​ឱ្យ​បិទ​ទ្វារ​ ព្រោះរដ្ឋាភិបាល​បាន​ចេញក្រិត្យ​ចាត់​ទុក​ថ្ងៃបើក​ជំនួប​កំពូល​ ទី ៩​កញ្ញា​ ជា​ថ្ងៃបុណ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​តែម្តង។ជា​ក្រុង​ធំ មហា​ពុល​ ​មាន​ប្រជាជន​រស់​ជាង​៣០លាន​នាក់​ ញូវដេលី​បាន​ប្រែមុខ​មាត់​ថ្មី​​នា​ឱកាស​នេះ។ រដ្ឋធានី​មាន​សភាព​ស្ងប់ស្ងាត់​ល្អ និង​ស្អាត​បាត មាន​ផ្កា​រីក​ស្គុសស្គាយ​ ដើម​ឈើ​ត្រឈឹងត្រឈៃ ដោយ​អាជ្ញាធរ​បាន​បោស​សម្អាត​និង​លុប​បំបាត់​សំណង់​អនាធិបតេយ្យ​ សាងសង់​ដោយ​ខុស​ច្បាប់​។ អ្នក​រស់​ក្រោម​ស្ពាន​ឬ​តាម​ចិញ្ចើម​ថ្នល់​ជាង​៤ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ទទួល​ជន​គ្មាន​លំនៅដ្ឋាន។ជំនួ​ប​កំពូល​ហ្សេ​២០​នៅក្រុង​ញូវដេលី​បាន​ប្រព្រឹត្តទៅក្នុង​ឆ្នាំ​ដែល​​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ (ដោយ​វ៉ារ​ឈ្នះ​ចិន​) និងបានដណ្តើម​​ចំណាត់​ថ្នាក់​ពីអង់គ្លេស​ជា​ម្ចាស់​អាណានិគម ក្លាយ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​៥​ពិភពលោក។ នៅឆ្នាំ​នេះ​ដដែល​ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ណារិនដ្រា​ ម៉ូឌី បាន​ទទួល​ស្វាគមន៍​ជា​ភ្ញៀវ​កិត្តិយស​បំផុត​នៅ​វ៉ាស៊ីនតោន ប៉ារីស និង​ប្រទេស​ផ្សេងៗ​ទៀត​ជា​ច្រើន។ ហេតុដូច្នេះ​ហើយបាន​ជា​​អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​Brookings Institution យល់ថា ជំនួប​កំពូល​នេះ​ត្រូវ​បាន​ឥណ្ឌា​រៀប​ចំ​ឡើង​ក្នុង​ទម្រង់​ជា​ពិធី​បុណ្យ​អបអរ​ការ​លេច​មុខ​លើ​ឆាក​អន្តរជាតិ​របស់​​ឥណ្ឌា​ ក្នុង​នាម​ជា​មហាអំណាចអព្យាក្រិត្យ​ដ៏​ចម្បង។ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​ជាង​គេ​នៅលើ​ពិភពលោក ឥណ្ឌា​ត្រូវ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិកដោយ​ស្វ័យប្រវត្តិ​ ដែល​មាន​សមត្ថភាព​និង​តួនាទី​សំខាន់ៗ​ឡើង​ប្រឈម​នឹង​ចិន។ តែ​ទោះ​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​ក្តី ​ក៏​​ឥណ្ឌា​​បដិសេធ​មិន​ដាក់​រុស្ស៊ី​ឱ្យ​នៅឯកា​ឡើយ។ឥណ្ឌា​ជា​ស្ពាន​តភ្ជាប់​លោក​ខាង​លិច​និ​ងក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍?ប៉ុន្តែ​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ នរណា​ក៏​ដឹង​​ថា​ឥណ្ឌា​​ជាប្រមុខ​ដឹកនាំ​ចលនា​នៃ​ក្រុមប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​តាំងពី​សង្គ្រាម​ត្រជាក់​មក​ នៅ​តែ​មាន​ជំហរ​អព្យាក្រិត្យ​យ៉ាង​មុត​មាំ។ ​ដូច្នេះ​ឥណ្ឌា​អាចមាន​ចំណែក​នៅក្នុង​​គ្រប់ក្រុម ដោយ​គ្មានបញ្ហា​ឡើយ​។ នេះ​បើ​តាម​អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ​ George Washington ដោយ​បន្ថែម​ថា​ ក្នុង​ពេ​មាន​នាទី​​ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ឥណ្ឌា​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ស្ពាន​ចង​ភ្ជាប់​ក្រុមប្រទេស​មហាឧស្សាហកម្ម​​ពិភពលោក​និង​ក្រុមប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​។ ប្រធានាធិបតី​អាមេរិក​ លោក ចូបៃ​ ដិន ធ្លាប់​បាន​លើក​សរសើរ​ជា​ច្រើន​ដង​​​ភាព​ជា​ប្រមុខ​ដឹកនាំ​​របស់​លោក​ម៉ូឌី និង​ប្រកាស​ចង់​ធ្វើការ​ជាមួយ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ហ្សេ​២០​នៅ​តែ​មាន​ជា​វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ចម្បង​រហូត​ទៅ។ ទីប្រឹក្សា​សន្តិសុខ​របស់​លោ​ក​ប្រធានាធិបតី​អាមេរិក លោក ចេក ស៊ុយលីវ៉ាន់ បាន​ព្រលយ​នៅ​សប្តាហ៍​នេះ​ថា​អាមេរិក​ចង់​លាត​ត្រដាង​ឱ្យ​ឃើញ​ថា​ ទោះ​ប្រេះ​ឆា​គ្នា​ខ្លាំង ក៏ហ្សេ​២០នៅ​តែ​មាន​​ប្រសិទ្ធភាព​ ទន្ទឹម​នឹង​ភាព​ស្ទុះ​ឡើង​​នៃ​សម្ព័ន្ធ​មួយ​ក្រុម​ទៀត​គឺ​Brics។កំពុងខិត​ខំ​សម្រិត​សម្រាំង​​​ខ្លួនឱ្យ​ក្លាយ​ជា​តួអង្គ​សំខាន់​​​ពិភពលោក ឥណ្ឌា​មាន​វប្បធម៌​និង​ទស្សនៈវិស័យ​នាំ​ពិភពលោក​ឱ្យ​មាន​ពហុប៉ូល​ជានិច្ច​។ ហើយ​ការ​ដែល​ មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ក្រុម​ប្រទេស​ក្រីក្រ​កំពុង​លូត​លាស់​-កំពុង​អភិវឌ្ឍ អតីត​ពិភពមិន​ចូល​បក្ស​សម្ព័ន្ធដូច​យ៉ាង​​ឥណ្ឌា​នេះ ពិត​ជាតំណ​ដ៏​ប្រពៃ​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត។ ​ឥណ្ឌានេះ​កំពុង​​ប្រឹង​ប្រែង​​បន្ធូរ​បន្ថយ​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​ និង​ស្វែង​រក​ការ​ព្រមព្រៀង​សើរើ​បំណុលរបស់​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ​ ព្រមទាំង​​ការប្រែប្រួល​អាកាសធាតុ។​គ្មានគូប្រជែងក្នុង​ជំនួប​​ ជា​ឱកាសឬ​ជា​ការ​ខក​ចិត្ត​​សម្រាប់​​អាមេរិក​ ?ប៉ុន្តែតើ​ឥណ្ឌា​តភ្ជាប់​លោក​ខាង​លិច​និង​ក្រុម​ខាង​ត្បូង​យ៉ាង​ដូចម្តេច​បើ​ ​លោកពូទីន​និង​លោកស៊ីជីនពីង មិន​បង្ហាញវត្តមានផង​នោះ។ លោកប្រធានាធិបតី​ចិន​ ​ស៊ីជីនពីង មិន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ជំនួប​កំពូល​ហ្សេ​២០​ឆ្នាំ​នេះ​នៅ​ប្រទេស​ឥណ្ឌា​ទេ។ ដូច្នេះ​គ្មាន​ទេ​ ការ​ជួប​ពិភាក្សា​មួយ​ទល់​នឹង​មួយ​រវាង​លោកបៃដិន​និង​ លោក​ស៊ី​ ​ ដូច​កាលនៅ​ជំនួប​កំពូល​ ​ក្រុង​បាលី កាលពី​ឆ្នាំ​ទៅ​។ នេះ​អាច​ចាត់​ទុក​ជា​កា​រខាត​បង់​ឱកាសមួយ​សម្រាប់​អាមេរិក​និង​ចិន​ក្នុង​ការ​សាកល្បង​​បញ្ចុះ​ភាព​តាន​តឹង​នឹង​គ្នា។ចំណែក​លោក​ពូទីនវិញ អវត្តមាន​ជា​គ្រប់ពីរ​ឆ្នាំ​ជាប់​គ្នាហើយ។ ប៉ុន្តែ​លោក​ចូ​បៃដិន សំឡឹង​ឃើញ​​អវត្តមានរបស់​មេដឹកនាំ​រុស្ស៊ីនិង​ចិន ជា​ប្រយោជន៍​​សម្រាប់​អាមេរិក​ទៅ​វិញ។ បើ​ប្រធានាធិបតី​ចិន​មក​ ឥណ្ឌា​នឹង​ច្បាស់​ជា​មិន​សូវ​រាក់ទាក់​ទទួល​ស្វាគមន៍​ទេ។ ឯ​វត្តមាន​លោក​ពូទីន នឹង​នាំ​ឱ្យមាន​ការ​​បែងចែក​​ចំណាប់​អារម្មណ៍​ទៅ​លើ​ប្រធានាធិបតី​ដែល​ជាប់​ដីកា​អន្តរជាតិ​តាម​ចាប់​ខ្លួន។ដូច្នេះ​បើ​ទោះ​បី​ជំនួប​កំពូល​ហ្សេ​២០​ ក្នុង​ដំណាក់កាលនេះ ទំនង​ជា​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍រួម​​បានមែន​ ក៏​លោក​ប្រធានាធិបតី​អាច​មាន​ឱកាស​បង្អួត​បង្ហាញ​ផែនការ​Bidenomics ផែនការ​សេដ្ឋកិច្ច​អាមេរិកនិង​វិធី​សាស្ត្រ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ផ្តោត​ជុំ​វិញ​បញ្ហា​អាកាសធាតុ​និង​បច្ចេកវិទ្យា។ ចំណុច​នេះ​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​កំណែទម្រង់អនុគ្រោះ​សេដ្ឋកិច្ច​ក្រុមប្រទេស​កំពុង​លូតលាស់ ​របស់​ធនាគារពិភពលោក​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិសម្រាប់។ ជួយ​មុន​គេ​ គឺប្រទេស​អ្នក​រៀប​ចំ​ជំនួប​កំពូល​ ​ឥណ្ឌា​និង​លោក​ណារិនដ្រា ម៉ូឌី​នេះ​តែ​ម្តង។ ជំនួប​ទ្វេ​ភាគី​រវាង​លោកប្រធានាធិបតី​អាមេរិក​ចូបៃដិន ​និង​លោក​នាយករដ្ឋមន្ត្រី​ប្រព្រឹត្ត​ទៅ​មុន​ការ​បើក​ជំនួប​កំពូល​ហ្សេ២០​ទៅទៀត។ ថ្វីបើ​អាមេរិក​ដឹង​ថា​ផលប្រយោជន៍​ឥណ្ឌា​ពេល​ខ្លះ​ផ្ទុយ​ពីនឹង​ជំហរ​សហរដ្ឋ​អាមេរិក​ក៏ដោយ​ ក៏​វ៉ាស៊ីនតោន​ចាំបាច់​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​ឥណ្ឌា ដើម្បី​​ប្រឈម​នឹង​ចិន៕
9/8/20236 minutes, 20 seconds
Episode Artwork

សេដ្ឋកិច្ច​ចិនបន្ត​បន្ថយ​ល្បឿន ​ ​រដ្ឋាភិបាលគ្មាន​ផែនការ​ស្រោចស្រង់​​គ្រប់គ្រាន់?

តួលេខ​ពាណិជ្ជកម្មនៅ​តែ​មិន​​​ព្រម​ប្រសើរ​ឡើង​​សោះ។ ការនាំ​ចេញប្រចាំ​ខែ​សីហា​បាន​បន្ត​ធ្លាក់​ចុះ​ ជា​គម្រប់​បួន​ខែ​ជាប់​គ្នា។ ប៉ុន្តែរដ្ឋាភិបាល​ចិន​នៅ​តែចចេស​​មិន​ព្រម​រៀបចំ​​ផែនការ​ផ្តល់ការ​សន្ទុះទ្រង់ទ្រាយ​ធំ​ ដូច​អនុសាសន៍​របស់​សេដ្ឋវិទូ​ទេ។ ហេតុ​អ្វី? បើ​តាម​របាយការណ៍​ផ្លូវការ​របស់​ភ្នាក់ងារ​ពន្ធគយ​ចិន ចេញ​ផ្សាយ​នៅ​​ថ្ងៃព្រហស្បតិ៍​ទី ៧ កញ្ញា​២០២៣ ការ​លក់​ផលិតផលចិន​​ទៅ​ឱ្យ​បរទេស​ ​បាន​ធ្លាក់​ចុះ​អស់​៨,៨%​។ ជា​ការ​ធ្លាក់​​ចុះ​តិច​ជាង​ការ​ព្យាករទេ ប៉ុន្តែ​នេះ​ជា​សញ្ញា​ថ្មី​មួយ​ទៀតដែល​បញ្ជាក់ឱ្យ​ឃើញ​អំពី​ដំណើរ​​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​របស់​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ពិភពលោក។តើចិន​មាន​​ស្ថានភាពសេដ្ឋកិច្ច​យ៉ាងណា​?ក្នុង​ពេល​លុប​បំបាត់​វិធានការ​ហ្សេរ៉ូកូវីដ នា​​ខែ​ធ្នូ​២០២២​ ​ចិនរំពឹង​ថា​សេដ្ឋកិច្ចនឹង​​ចាប់​កំរើក​ឡើង​វិញ​ ដោយ​ពលរដ្ឋ​នឹង​​ធ្វើ​ដំណើរ ចាយវាយ​ ចូល​ហាងទិញ​ដូរ​ ឬឡើង​ភោជនីដ្ឋាន​។ ប៉ុន្តែ​សន្ទុះ​សេដ្ឋកិច្ច​មាន​កំរិត​ទាប​ជាង​ក្តី​សង្ឃឹម​ឆ្ងាយ​ណាស់​ ហើយ​ផ្នែក​ខ្លះ​ ជាក់ស្តែង ​វិស័យ​ឧស្សាហកម្ម​នៅ​តែស្ទក់​ជាង​គេ​ខ្លាំង​​ជា​ពិសេស។បូក​ផ្សំ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មាន​វិបត្តិ​អតិផរណា​ ​សេដ្ឋកិច្ច​ចិន​កាន់​តែ​ត្រដរ​ និង​ធ្លាក់​ក្នុង​វិបត្តិបរិតផរណា​ជា​លើក​ទី​មួយ កាលពី​ខែកក្កដា ព្រោះ​​គ្មានការ​បញ្ជា​ទិញ​សកម្ម។ លើ​ផ្នែក​ទីផ្សារការងារ​វិញ អត្រា​​យុវជនអត់​ការធ្វើ​បាន​ឡើង​ដល់​កំរិត​កំពូល​នៅ​ខែ​មិថុនា ហើយ​តាំងពីពេល​នោះ​មក​អាជ្ញាធរ​ចិន​លែង​ចេញ​ផ្សាយ​តួលេខ​សោះ។ វិស័យ​អចលនទ្រព្យ ដែល​ធ្លាប់ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​តំណាង​ឱ្យ​មួយភាគបួន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB) ក៏​កំពុងមាន​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន។ ​ក្រុមហ៊ុន​សំណង់​និងអចលនវត្ថុ​ ដ៏​ចម្បង​របស់​ប្រទេស​ Evergrande និង Country Garden លង់​ក្នុង​បំណុល​ស្ទើរ​ក្ស័យធន។​ធ្លាប់ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​កំណើន​សេដ្ឋកិច្ចជាតិ​ ការនាំចេញ អចលនវត្ថុ​និង​ការចាយវាយ​ក្នុង​ស្រុក វិស័យទាំងបីកំពុង​​រួញ​ក្រញាញ់​ទន្ទឹមពេល​គ្នា។ នៅទីបំផុត​ ចិន​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ទាប​ ជាង៥%​​​​​ ជា​កម្មវត្ថុកំណត់​ដោយ​​រដ្ឋាភិបាល​។​​​​វិធានការ​របស់រដ្ឋាភិបាលមិន​​គ្រប់គ្រាន់ឬ​គ្មាន​ប្រសិទ្ធភាព?នៅចំពោះ​មុខ​ស្ថានភាព​សេដ្ឋកិច្ច​អាប់អួរ​ គ្មាន​សន្ទុះ​ដូច​ការ​ព្យករ ប៉េកាំងមាន​ចំណាត់ការ​យ៉ាង​​ប្រុងប្រយ័ត្ន​និង​ជ្រើសរើសប្រើ​​វិធានការ​​ចោះៗ ជាជាង​រៀប​ផែនការ​ជាទ្រង់ទ្រាយ​ធំ​​និង​ចំណាយ​ច្រើន។ ដើម្បី​​ជំរុញ​ឱ្យ​មាន​ការ​ចាយវាយក្នុង​ស្រុក​​កំរើកឡើង​វិញ ចិន​បាន​ប្រកាស​វិធានការច្រើន ចំទិសដៅ​មួយៗ​ ដូច​ជា​ កាលពី​ខែ​កក្កដា ប៉េកាំង​បាន​ចេញ​វិធានការលើក​ស្ទួយ​​​ការ​ទិញ​ឧបករណ៍​អគ្គិសនី​ប្រើប្រាស់​ក្នុង​ផ្ទះ និង​ឡាន​អាគុយ។ បន្ធូរបន្ថយ​ពន្ធ​ដល់​គ្រួសារ​និង​ក្រុម​ហ៊ុន​ណា​ដែល​បាន​គាំទ្រ​វិស័យ​ចាយវាយ។ធនាគារ​កណ្តាល​ចិន​ក៏​ចូល​រួម​បំប៉ន​សកម្មភាព​សេដ្ឋកិច្ច​ ដោយ​កាត់​បន្ថយ​អត្រាការប្រាក់គោល​ពីរ​ ដើម្បី​រុញ​ច្រាន​​ធនាគារ​ពាណិជ្ជកម្មឱ្យ​​ព្រម​ផ្តល់​កម្ចី​មាន​ការ​ប្រាក់​ទាប​បាន​ច្រើន​ជាង​មុន។ប៉ុន្តែ​គឺ​ទើប​តែ​​សប្តាហ៍​មុនប៉ុណ្ណោះ​ដែល​ រដ្ឋាភិបាល​​បាន​ចេញ​ប្រកាស​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​អចលនវត្ថុ។ ក្រុង​ធំៗ​ ដូចជា​ប៉េកាំង សៀងហៃ កង់តុង បាន​បន្ធូរ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ផ្ទះ​ប្រចាំ​ដើម្បី​ខ្ចី​លុយ។ អ្នក​ទិញ​ផ្ទះ​ជា​លើក​ទី​មួយ មាន​លទ្ធភាព​ទៅ​ចរចា​ជាមួយ​ធនាគារ​ឡើង​វិញ ដើម្បី​បាន​ទទួល​ការ​បញ្ចុះ​អត្រា​ការប្រាក់​ខ្លះ។ប៉ុន្តែ​​​សេដ្ឋវិទូ​ជា​ច្រើន គ្មាន​ជំនឿ​លើ​ផែនការ​ចោះៗ​របស់​រដ្ឋាភិបាល​នេះ​ទេ។ បើ​តាម​ការិយាល័យ​សេដ្ឋកិច្ច​ Gavekal Dragonomics សេដ្ឋកិច្ច​ចិន​មិនអាច​ងើប​រួច​ឡើយ​បើ​ទីផ្សារ​អចលនទ្រព្យ​មិន​ប្រសើរ​ឡើង​នោះ។ ការ​បន្ថយ​អត្រាការប្រាក់​មិន​អាច​ប្តូរ​ផ្លាស់​បញ្ហា​ដល់​ឬសគល់​ទេ​ ពលរដ្ឋ​ចិន​រង់​ចាំ​ទាល់​តែ​ផ្ទះ​ចុះ​ថ្លៃ​មែនទែន​ទើប​ទៅ​រក​ទិញ។ នេះ​បើ​តាម​អ្នក​វិភាគ​​នៃ​ការិយាល័យ​សេដ្ឋកិច្ច​BCA។សម្រាប់​អ្នក​វិភាគ​នៅ​ធនាគារ​អាមេរិក​ Goldman Sachsវិញ ស្ថានភាពសេដ្ឋកិច្ច​​មិន​ជាក់លាក់​ ជា​ឧបសគ្គ​ដ៏​ចម្បង​រារាំង​មិន​ឱ្យ​មាន​សន្ទុះនៃ​ចាយ​វាយ​ទេ។ ជា​ទូទៅ​ ​ពលរដ្ឋ​ត្រូវការ​​​សន្សំ​ប្រាក់​ជាង​ចាយវាយ ឬ​ធ្វើ​វិនិយោគ​។សេដ្ឋវិទូ​ផ្តល់​អនុសាសន៍​យ៉ាងណា?អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ផ្តល់​អនុសាសន៍​ស្រប​និង​ដូច​គ្នា​ក្នុង​សំឡេង​តែមួយ ឱ្យ​ចិនរំញោច​សេដ្ឋកិច្ច​ ពោល​គឺ​ត្រូវ​មាន​ផែនការ​ផ្តល់សន្ទុះ​ពិតៗ។ ប៉ុន្តែ​រដ្ឋាភិបាល​ប៉េកាំង​ ហាក់​ចចេស​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ទេ​។នៅ​ចុង​តាំងពី​ចុងឆ្នាំ​២០០០ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច​​ ដែ​ល​ចុះ​ខ្សោយ​ដោយ​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក ចិន​បានចំណាយ​​ជាង​៥០៦ពាន់​លាន​អឺរ៉ូ​។ ផែនការ​ផ្តល់​សន្ទុះ​ដ៏​មហាសាល បាន​ជំរុញឱ្យ​មាន​ការ​អភិវឌ្ឍយ៉ាង​លឿន​ស្លេវ​​រចនា​សម្ព័ន្ធ​ (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែ​គម្រោង​នោះ​ហាក់​ដូច​ជា​អត់​ប្រយោជន៍​និងបំប៉ោង​បំណុល​រដ្ឋ​កាន់​តែ​ធំ។ ​​បន្ទាប់​ពី​ឆ្លង​កាត់​វិបត្តិ​កូវីដ​១៩​អស់​បី​ឆ្នាំ​ ដែល​បាន​បឺតស្រូប​ថវិកា​អស់​យ៉ាង​ច្រើន​មហិមារ​ តាម​រយៈ​នយោបាយ​បាយ​កូវីដសូន្យ រដ្ឋាភិបាល​ចិន​មិន​ត្រូវ​ការ​ប្រើ​ក្បួន​ចាស់​ទេ។ តាំងពី​ឡើង​កាន់​អំណាច​មក អាទិភាពចម្បង​របស់​​ប្រធានាធិបតី​ចិន លោក ស៊ីជីនពីង គឺ​ដោះ​បំណុល​ជាតិ។ លោក ស៊ីជីនពីង​ ​ប្រឆាំង​ដាច់​ខាត​នឹង​ចំណាយ​ដែល​គ្មាន​ការ​គ្រប់គ្រង៕
9/7/20235 minutes, 22 seconds
Episode Artwork

ជំនួបកំពូល​អាស៊ាន ក្នុងបរិបទ​វិបត្តិភូមា​ និងការប្រជែងគ្នា​នៃ​មហាអំណាច​ធំៗ

ថ្នាក់ដឹកនាំ​ក្រុមប្រទេសអាស៊ាន បានចាប់​ផ្តើមជួបប្រជុំគ្នា​កាលពីថ្ងៃអង្គារ ទី​៥កញ្ញា នៅទីក្រុងចាកាតា។ សំណុំរឿងជាច្រើន ត្រូវបាន​គេលើក​មកនិយាយគ្នា​​ ដែលក្នុងនោះ គឺមានជាអាទិ៍ បញ្ហា​ជម្លោះដែនទឹក ក្នុងសមុទ្រចិនខាងត្បូង បញ្ហាសេដ្ឋកិច្ច និងជាពិសេស​​សំណុំរឿងភូមា ដែលថ្នាក់ដឹកនាំរបបសិក ​ត្រូវគេហាមឃាត់មិនឲ្យ​មានវត្តមាននៅក្នុងជំនួបកំពូលនេះ​។​ ការប្រជែងគ្នា រវាងចិន និង​អាមេរិក ព្រមទាំងសំណុំរឿងកូរ៉េខាងជើង ដែលគំរាមសន្តិសុខស្ថិរភាពតំបន់​ ក៏មិនទៅណាឆ្ងាយ​ពីតុប្រជុំដែរ។ ​នៅថ្ងៃទី​៦កញ្ញានេះ ថ្នាក់ដឹកនាំប្រទេស​អាស៊ាន ជួបប្រជុំជាមួយថ្នាក់​ដឹកនាំ​ ចិន កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក​។ អាស៊ានប្រកាសអ្វីខ្លះ ស្តីពីបញ្ហាភូមា?នៅក្នុងសេចក្តីប្រកាសរួម ដែល​ទីភ្នាក់ងារព័ត៌មានបារាំង AFP  បានអាន ថ្នាក់​ដឹក​នាំ​ក្រុមប្រទេសអាស៊ាន​ បានហៅ​ឲ្យ​ភាគីភូមាទាំងអស់ ជាពិសេសរបបសិក​ភូមាតែម្តង ត្រូវតែ​បិទបញ្ចប់​ឲ្យ​បាននូវអំពើហិង្សា និងត្រូវតែ​បញ្ឈប់ ការ​វាយប្រហារទាំងអស់ ដែលសំដៅទៅលើ​ប្រជាជនស៊ីវីល ភូមិស្រុកផ្ទះសម្បែង សាលារៀន ផ្សារ មន្ទីរពេទ្យ និង​ទីកន្លែងសាសនា​ជាដើម​។ទាក់ទិននឹងផែនការ​សន្តិភាពទាំង​៥ចំណុច ដែល​អាស៊ានបានចុះហត្ថលេខាជាមួយ​របបសិកភូមា កាលពីឆ្នាំ​២០២១វិញ គឺវា​ជាស្ថិតនៅលើផ្លូវទ័លច្រក។ នេះបើផ្អែកតាម​ការបញ្ជាក់ ពីសំណាក់​លោកស្រី Retno Marsuda រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែល​បាន​ប្រាប់អ្នកសារព័ត៌មានក្រោយ​ចេញពី​កិច្ចប្រជុំនៅល្ងាចថ្ងៃអង្គារ​។ លោកស្រី បញ្ជាក់ថា របបសិកភូមា មិន​បានគោរពការសន្យាទាំង​៥ចំណុចនេះទេ តែទោះជាយ៉ាងណា ផែនការនេះនៅតែមាន​សុពលភាពជាធរមានដដែល​។​ដោយឡែក ក្រុម​ប្រទេសអាស៊ាន បានសម្រេច​ថា នៅឆ្នាំ២០២៦ ប្រទេសភូមា នឹង​មិនអាចធ្វើជាប្រធានវិលជុំអាស៊ាន​បានទេ។​ ការងារនេះ នឹងត្រូវប្រគល់ទៅឲ្យ​ប្រទេសហ្វីលីពីន។ យ៉ាងណាមិញ លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាងកាលពីរសៀលថ្ងៃអង្គារ ថាប្រទេសលោកបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាប្រធានវិលជុំអាស៊ាន នៅឆ្នាំ​២០២៦ ជំនួសឲ្យ​ភូមា​។​ បើផ្អែកតាម​មន្ត្រីទូតម្នាក់ ដោយ​សុំមិនបញ្ចេញឈ្មោះ ការសម្រេច​ប្រគល់ការងារជាប្រធានវិលជុំទៅឲ្យ​ហ្វីលីពីន ជំនួសឲ្យ​ភូមានេះ គឺអាស៊ាន​មិនចង់ក្លាយ​ជា​ចំណាប់ខ្មាំងនៃសំណុំ​​រឿងភូមា ហើយធ្វើឲ្យ​ដំណើរការ​​ប្រជុំ​លើសំណុំរឿងផ្សេងទៀត ត្រូវជាប់គាំងទាំងស្រុង។ប្រតិកម្មតបទៅនឹងសេចក្តីប្រកាសរបស់​អាស៊ាន ដែលថ្កោលទោសខ្លួន រឿងវាយប្រហារទៅលើ​ប្រជាជនស៊ីវីល របបសិក​ភូមា​បានថ្លែងនៅព្រឹកថ្ងៃពុធ ទី​៦កញ្ញា ថាសេចក្តីថ្លែងការណ៍​នេះ មានលក្ខណៈ “ឯកតោភាគី” និង “លំអៀង”។ ក្រសួងការបរទេសភូមា​បានចេញលិខិតមួយ ចុះផ្សាយដោយកាសែតរដ្ឋ Global New Light of Myanmar ដោយ​បានអំពាវនាវឲ្យ​អាស៊ាន ត្រូវគោរព​គោលការគ្រិះនៃកតិកាសញ្ញាអាស៊ាន ដែលកំណត់អំពីការ​មិនលូកដៃចូល​ក្នុងកិច្ចការផ្ទៃក្នុងរបស់​ប្រទេសសមាជិក។វិវាទដែនទឹក​ក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅពុះកញ្ជ្រោល​?ក្រៅពីសំណុំរឿងភូមា សំណុំរឿងវិវាទដែនទឹក ក្នុងសមុទ្រចិនខាងត្បូងក៏ជា​បញ្ហាធំផងដែរ ដែលប្រទេសអាស៊ានមួយចំនួនចង់ជជែក។​ ប៉ុន្មានថ្ងៃមុន​ការបើកជំនួបកំពូលនេះ ចិនបានចេញផ្សាយ​នូវផែនទីផ្លូវការថ្មីមួយទៀត ដែល​គូសវាស​លើតំបន់សមុទ្រចិនខាងត្បូង។ យោងតាមផែនទីថ្មីនេះ តំបន់សមុទ្រចិនខាងត្បូងសឹងទាំងស្រុងគឺជាដែនកម្មសិទ្ធិរបស់ចិន ហើយបានធ្វើ​ប្រទេសអាស៊ានខ្លះ ដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ីជាដើម បង្ហាញការខឹងសម្បារ​ភ្លាមដែរ​។នៅថ្ងៃពុធទី​៦កញ្ញា លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បានមានវត្តមាននៅក្នុងជំនួបកំពូល ជាមួយបណ្តាប្រទេសអាស៊ាន។ លោក​បានថ្លែងថា ចិនមានកម្មវត្ថុរួមជាមួយ​បណ្តាប្រទេសអាស៊ាន​ គឺប្រឹងប្រែងការពារសន្តិភាព និង​ស្ថិរភាពតំបន់។ ដោយ​បានថ្លែងសរសើរអំពី​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដ៏ស្អិតរមួត រវាងចិននឹងអាស៊ាន លោកនាយករដ្ឋមន្ត្រីចិនបានបន្ថែមថា ចិននឹងខំប្រឹងរក​ចំណុចប្រសព្វស្រុះស្រួលគ្នា ដោយ​ទុកមួយឡែកនូវ​បញ្ហាវិវាទផ្សេងៗ។​ លោក​បន្តថា ដរាបណាយើងស្ថិតនៅលើផ្លូវ​ដែលត្រឹមត្រូវ នោះទោះព្យុះសង្ឃរាណាក៏ដោយ ក៏មិន​អាច​មករំខាន​​​ចំណង​សហប្រតិបត្តិការ រវាងចិននិងអាស៊ានបានដែរ​។​គួរកត់សំគាល់ថា ថ្វីបើ​វិវាទអធិបតេយ្យភាពដែនទឹក ក្នុងសមុទ្រចិនខាងត្បូង នៅតែក្តៅគគុក រវាងចិននឹងប្រទេសអាស៊ានមួយចំនួនមែន តែ​បើកតាមការវិភាគ គឺ​ក្រុមប្រទេសអាស៊ាន ទំនងជាមិនអាចរួមគ្នាប្រកាសថ្កោលទោស ឬបរិហារសកម្មភាពវាតទីរបស់ចិន ដោយ​ចំៗបានទេ។ លោក Aleksius Jamadu អ្នកជំនាញកិច្ចការអន្តរជាតិ នៅ​សកលវិទ្យាល័យPelita Harapan ក្រុង​ចាកាតា បាន​លើកឡើងថា ក្នុងកាលៈទេសៈនេះ ក្រុមប្រទេសអាស៊ានត្រូវគិត​ការពារ​ផលប្រយោជន៍សេដ្ឋកិច្ច​ច្រើនជាង ជាជាងការប្រឈមមុខជាមួយចិន។យ៉ាងណាក៏ដោយ ផ្អែកតាមប្រភពពីមន្ត្រីទូតខ្លះ ក្រុមប្រទេសអាស៊ាន បានសរសេរនៅក្នុងសេចក្តីព្រាង​ នៃ​​សេចក្តីថ្លែងការណ៍រួម ដោយ​លើកឡើងពីការព្រួយបារម្ភ ទាក់ទិននឹងវិវាទដែនទឹក​ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ជាបញ្ហាដែលកើតឡើងដោយ​សកម្មភាពមួយចំនួន​របស់ចិន ដែល​វា​អាច​បង្ក​ឲ្យ​មានភាពតានតឹងកាន់តែខ្លាំងឡើង រំខានដល់​សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់​។​ ទាក់ទិននឹងបញ្ហានេះដែរ ក្រុមប្រទេសអាស៊ាន បានសន្យាគ្នាថាពីនេះដល់​ឆ្នាំ​២០២៦ នឹងចរចាសម្រេច​ឲ្យ​បាននូវ​ “បទដ្ឋាន​រួម​” ​មួយដែលមានខ្លឹម​សារ​ ឈានទៅកាត់​បន្ថយ​បញ្ហាតានតឹង នៅតំបន់សមុទ្រចិនខាងត្បូង​។អាស៊ាន​គួរប្រកាន់ជំហរបែបណា ចំពោះ​ការប្រជែងគ្នារវាងមហាអំណាចធំៗ?ថ្ងៃពុធទី​៦កញ្ញានេះដែរ ក្រុមប្រទេសអាស៊ាន ត្រូវចាប់ផ្តើម​បើកជំនួបកំពូល អាស៊ាន+៣ ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ សំណុំរឿងកូរ៉េខាងជើង ក៏គឺជាចំណុចមួយសំខាន់ផងដែរ ខណៈសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ស្ថិតនៅក្នុងការគំរាមកំហែងជាប្រចាំ ដោយអាវុធនុយ​ក្លេអ៊ែរ របស់​កូរ៉េខាងជើង។ វត្តមាន​របស់​លោក ហ្វូមីអូ គីស្ហីដា នាយករដ្ឋមន្ត្រីជប៉ុន និង​លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល ដែលនឹងត្រូវជួបលោក​នាយករដ្ឋមន្ត្រីចិន​នៅក្នុងកិច្ចប្រជុំនេះ ត្រូវគេរងចាំតាមដានជាខ្លាំង ដោយសារតែប្រមាណ​១សប្តាហ៍​កន្លងមកនេះ ជប៉ុនត្រូវបាន​ប្រជាជនចិន និងកូរ៉េខាងត្បូង ចោទប្រកាន់ថ្កោលទោសយ៉ាងខ្លាំង​​ រឿងបង្ហូរទឹកកាកសំណល់នុយក្លេអ៊ែរ ចូលទៅ​ក្នុងសមុទ្រ។​កាលវិភាគបន្ទាប់ទៅទៀត គឺជំនួបកំពូលអាស៊ីខាងកើត ដែល​មានទាំងអស់១៨ប្រទេស ក្នុងនោះគឺមាន ចិន​ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក​ និ​ងរុស្ស៊ីផងដែរ​។ គួរបញ្ជាក់ថា អាស៊ានស្ថិតនៅ​លើ​ចំណុចកណ្តាល ប្រទាញប្រទង់គ្នា រវាងមហាអំណាចធំៗ គឺមានចិន រុស្ស៊ី និងសហរដ្ឋអាមេរិក​ មិនថាក្នុងសំណុំរឿងសេដ្ឋកិច្ចពាណិជ្ជកម្ម និង​បញ្ហា​ភូមិសាស្ត្រនយោបាយ ដែលពាក់ព័ន្ធសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល បញ្ហាតៃវ៉ាន់ និង​សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែនជាដើម​។ តាមការគ្រោងទុក លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក នឹងជួបគ្នាជាមួយ​លោក​ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ នៅក្នុងវេទិកាតុមូល​​មួយ។​ទាក់ទិននឹងការប្រជែងគ្នារវាងមហាអំណាចធំៗ​នេះ លោក​ចូកូ វីដូដូ ប្រធានាធិបទីឥណ្ឌូណេស៊ី ដែលជា​ប្រទេសម្ចាស់ផ្ទះ រៀបចំ​កម្មវិធីជំនួបកំពូលនេះ បាន​លើកឡើងកាលពីថ្ងៃអង្គារទី​៥កញ្ញាថា ក្រុមប្រទេសអាស៊ាន ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើខ្លួនឲ្យ​​ក្លាយជា​អន្តរការី ឬជា​កូនចៅ​​រណបឲ្យ​មហាអំណាចណាមួយទាំងអស់។ លោក​បន្តថា អាស៊ានត្រូវតែ​សហការជាមួយ​ប្រទេសទាំងអស់ ដើម្បីសន្តិភាព និង​ការរីកចម្រើន៕
9/6/20237 minutes, 32 seconds
Episode Artwork

ខ្យល់ពុល គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត​ មកលើអាយុជីវិតមនុស្ស​ទូទាំងពិភពលោក

ខ្យល់ដកដង្ហើមកខ្វក់ ពោរពេញដោយ​ល្អងធូលី សារធាតុពុល​ គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុត​ មកលើអាយុជីវិតរបស់​មនុស្ស​ នៅទូទាំងពិភពលោក។ នេះគឺជាការសន្និដ្ឋានជាក់ច្បាស់ នៅក្នុងរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយ​អ្នកជំនាញនៃ​ វិទ្យាស្ថានគោលនយោបាយថាមពល នៃសកលវិទ្យាល័យ​ឈីកាហ្គោ ហៅកាត់ថា EPIC ដែលទើបតែចេញផ្សាយ​ នៅថ្ងៃអង្គារ​​ទី​២៩សីហា​។ ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ស្រូបខ្យល់ដកដង្ហើមចូលទៅក្នុងខ្លួន ចំនួន​ចន្លោះពី ២ម៉ឺន ទៅ​ ៣ម៉ឺន លីត្រខ្យល់។​ ក្នុងខ្យល់គឺមាន​ ៩០% ជា​អុកស៊ីសែន និងអាហ្សូត។ តែជាមួយគ្នានេះ ក្នុង​ខ្យល់ដកដង្ហើម មានលាយ​ឡំទៅដោយសារធាតុពុល ល្អងធូលីផ្សេងៗ ដែលកើតចេញពីធម្មជាតិផង និង​ចេញពី​សកម្មភាពរបស់មនុស្សផង។ គឺសារធាតុពុល និង​ល្អងធូលីទាំងនោះហើយ ដែលជាប្រភពគ្រោះថ្នាក់ដល់សុខភាព​។ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទ ល្អងធូលី​កើតចេញពី​សំណឹកកកិតនានា ផ្សែងពុលកើតចេញពី​សកម្មភាពរោងចក្រផ្សេងៗ គឺសុទ្ធតែជាផ្សែងពុល​ដែល​កើតចេញពីសកម្មភាពរបស់មនុស្ស ហើយ​ដែលវាមកបង្កហានិភ័យដល់សុខភាពរបស់មនុស្សខ្លួនឯង​។​គ្រោះថ្នាក់អ្វីខ្លះ ដល់សុខភាព?យោងតាមរបាយការណ៍របស់ EPIC ខ្យល់ដកដង្ហើមពុល លាយ​ឡំដោយ​ល្អង​ធូលី វា​បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរជាង ការជក់បារី ឬការសេពសុរាទៅទៀត។ ល្អងធូលី សារធាតុពុលទាំងនេះ គឺជាមូលហេតុបង្កើនហានិភ័យ ធ្វើឲ្យ​មនុស្ស​មាន​ជំងឺសួត ខូចប្រព័ន្ធដកដង្ហើម មានជំងឺបេះដូង​ ជំងឺស្ទះឬដាច់សរសៃឈាម ព្រមទាំងជំងឺមហារីកថែមទៀត។ ផ្អែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក ៣៦%នៃ​ករណីមហារីកសួត គឺមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹង​ល្អងធូលី ក្នុងខ្យល់ដកដង្ហើម ចំណែក​ករណី​ដាច់ឬស្ទះសរសៃឈាម មាន​៣៤% ហើយ​​ករណីជំងឺមហារីកវិញ មាន​២៧%។យោងតាងអង្គការសុខភាពពិភពលោកដដែល មនុស្ស​៩នាក់ ក្នុងចំណោម១០នាក់ នៅលើលោកយើងនេះ រស់នៅប្រចាំថ្ងៃប្រឈមនឹង​ខ្យល់ដកដង្ហើម ដែល​មានកម្រិត​សារធាតុពុល និង​ល្អងធូលី លើស​ពីកម្រិតអនុគ្រោះ កំណត់ដោយអង្គការសុខភាពពិភពលោក​​។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់​ប្រមាណ​៧លាននាក់ជាមធ្យម ដោយសារតែបញ្ហាខ្យល់ដកដង្ហើម​កខ្វក់នេះ​។ ពោលគឺ ប្រមាណ​១២%នៃ ករណីស្លាប់មុនអាយុ នៅទូទាំងពិភពលោក​។អ្នកជំនាញរបស់ EPIC បាន​លើកឡើងថា ផ្ទុយទៅវិញ បញ្ហាខ្យល់ដកដង្ហើមកខ្វក់ ហាក់មិនត្រូវបានមនុស្សទូទៅ ឬអាជ្ញាធររដ្ឋាភិបាល​ យកចិត្ត​​ទុកដាក់ប៉ុន្មាននោះទេ។ ថ្វីបើមានរបាយការណ៍ស្រាវជ្រាវជាញឹកញាប់ ដែលបញ្ជាក់អំពី​គ្រោះថ្នាក់នៃខ្យល់ពុលក្នុងបរិយាកាស តែ​កញ្ចប់ថវិកាចំណាយ ដែល​រដ្ឋត្រូវប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ មានតិចតួចខ្លាំងណាស់ បើប្រៀបធៀបទៅនឹង​ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗទៀត។ យោងតាមរបាយការណ៍​របស់ EPIC ប្រសិនបើគ្រប់ប្រទេសទាំងអស់ គោរពជាប្រចាំ នូវកម្រិត​អនុគ្រោះអតិបរមា នៃ​ល្អងធូលីក្នុងខ្យល់ដកដង្ហើម ដែល​អង្គការសុខភាពភិភព​លោក​បានកំណត់ស្តង់ដារ​ នោះមនុស្ស​យើង​អាចមានអាយុ រស់បាន​ ២,៣ឆ្នាំជាមធ្យមបន្ថែមទៀត​​ ដោយ​ផ្អែកលើតួលេខប្រមូលបាននៅឆ្នាំ​២០២១។តំបន់ណាប្រឈមខ្លាំងជាងគេ​ ដោយ​បញ្ហាខ្យល់កខ្វក់?ក្នុងចំណោមតំបន់ទាំងអស់នៅជុំវិញផែនដី តំបន់អាស៊ីខាងត្បូង គឺជាតំបន់ ដែលប្រជាជនរស់នៅ​ប្រឈមខ្លាំងបំផុត និង​បញ្ហាខ្យល់កខ្វក់។ ប្រជាជនឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសជាដើម ស្រូបខ្យល់ដកដង្ហើម ដែល​មិនបរិសុទ្ធជាប្រចាំថ្ងៃ​។ យោងតាមការស្រាវជ្រាវ ផលប៉ះពាល់មកលើសុខភាព​របស់មនុស្ស នៅតំបន់នេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ អំពីកក្តាគ្រោះថ្នាក់ នៃកម្រិតល្អងធូលីដែលក្រាសខ្លាំងក្នុងខ្យល់ ហួសពីកម្រិត​អនុគ្រោះ។នៅបង់ក្លាដែស កម្រិត​ល្អងធូលីពុល​ក្នុងខ្យល់ មានចំនួន​ប្រមាណ ៧៤ μg/m3​ ជាមធ្យម ខណៈដែលកម្រិតអនុគ្រោះអតិបរមា កំណត់ដោយ​អង្គការសុខភាពពិភពលោក គឺមានត្រឹមតែ ៥ μg/m3។ យោងតាមរបាយការណ៍ ប្រសិន​បើអាជ្ញាធរបង់ក្លាដែស អាចចាត់វិធានការ ទាញទម្លាក់កម្រិតល្អងធូលី ឲ្យនៅត្រឹម ៥ μg/m3 នោះប្រជាជនបង់ក្លាដែស អាចមានអាយុរស់បាន​ ៦,៨ឆ្នាំបន្ថែមទៀត ជាមធ្យម។​ទីក្រុងញូដេលី រដ្ឋធានីឥណ្ឌាវិញ តែងតែជាប់ចំណាត់ធ្នាក់សឹងជារៀងរាល់ឆ្នាំ ថាជាទីក្រុងដែលមានកម្រិតខ្យល់ពុល​ខ្លាំងបំផុត។ កម្រិតល្អងធូលីជាមធ្យមប្រចាំឆ្នាំនៅញូដេលី គឺមានរហូតដល់ ១២៦,៥​ μg/m3។ ជាទូទៅ នោតាមទីក្រុងធំៗ ដែលមាន​​ប្រជាជនរស់នៅ ណែនណាន់តាន់តាប់ សកម្មភាពយានជំនិះចរាចរណ៍ និង​សកម្មភាពរោងចក្រនានាជុំវិញទីក្រុង គឺជាកក្តាគួបផ្សំ បូកបន្ថែមជាមួយសីតុណ្ហភាពក្តៅខ្លាំង ដែលធ្វើឲ្យ​គុណភាពខ្យល់ដកដង្ហើមត្រូវធ្លាក់ចុះ។ដោយឡែក នៅប្រទេសចិនវិញ អ្នកជំនាញបានសង្កេតឃើញអំពីការ​ប្រសើរឡើង គួរឲ្យត្រេកអរ ទាក់ទិននឹងគុណភាពខ្យល់ដកដង្ហើម នៅរវាង១០ឆ្នាំចុងក្រោយនេះ​។ លោកស្រី Christa Hasenkopf នាយិកា​ផ្នែក​គុណភាពខ្យល់ នៃវិទ្យាស្ថាន EPIC បាន​លើកឡើងថា កម្រិតខ្យល់ពុល​នៅចិន បានចុះថយប្រមាណ​ ៤២,៣% រវាងពីឆ្នាំ​២០១៣ ដល់២០២១។ តែយ៉ាងណា ក៏វានៅតែ​ខ្ពស់​ជាង៦ដង នៃកម្រិតអនុគ្រោះអតិបរមា កំណត់​ដោយ​អង្គការសុខភាពពិភពលោកដែរ​។ ប្រសិនបើការប្រសើរឡើងនេះ នៅតែ​បន្តទៅមុខ នោះ​ប្រជាជនចិន អាចមានអាយុរស់​បាន ២,២ឆ្នាំបន្ថែមទៀត។គោលនយោបាយ​សុខភាពសាធារណៈលោកស្រី Christa Hasenkopf បាន​បញ្ជាក់ថា ជាទូទៅ គឺគុណភាពខ្យល់ មាន​គម្លាតគ្នាខ្លាំងណាស់ រវាង​តំបន់ឬប្រទេសដែល​មានកម្រិតពុលខ្លាំង និង​ប្រទេសឬតំបន់ដែលអាជ្ញាធរយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំង ចាត់វិធានការជាប្រចាំ។ ពោលគឺ អាជ្ញាធររដ្ឋ ត្រូវតែមានគោលនយោបាយអាទិភាព ចំណាយប្រាក់ ចាត់វិធានការនានា ដើម្បី​ការពារគុណភាពខ្យល់ កាត់បន្ថយ​ការបញ្ចេញផ្សែងពុលនិងល្អងធូលី ទៅក្នុងខ្យល់បរិយាកាស។ វាគឺជាផែនការគោលនយោបាយ​សុខភាពសាធារណៈ មិនខុសពី​ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗនោះទេ។​ តែវា​ជាគោលនយោបាយ​ ដែល​ប្រទេសក្រីក្រនៅអាស៊ី ឬនៅអាហ្វ្រិក មិនអាចមានលទ្ធភាពចំណាយ​នោះឡើយ។នៅសហរដ្ឋអាមេរិក កម្មវិធីនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធ កំណត់ដោយ Clean Air Act បានជួយធ្វើឲ្យ​ កម្រិតខ្យល់ពុលដកដង្ហើម បានថយចុះដល់ទៅ ៦៤,៩% គិតចាប់ពីឆ្នាំ​១៩៧០មក។ គោលនយោបាយ​ដ៏ល្អនេះ បានធ្វើ​ឲ្យ​ប្រជាជនអាមេរិក មានអាយុកើនវែង បាន ១,៤ឆ្នាំ ជាមធ្យម។ ដូចគ្នាដែរ នៅតាមបណ្តាប្រទេសអឺរ៉ុប គុណភាពខ្យល់ដកដង្ហើម ត្រូវបានអាជ្ញាធររដ្ឋយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង ថ្វីបើ​វានៅតែមានគម្លាតគ្នា រវាងក្រុមប្រទេសអឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច។ភ្លើងឆេះព្រៃប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីភ្លើងឆេះព្រៃក្នុងទំហំធំមហាសាល នៅតាមបណ្តាប្រទេសនានា បានរិតតែ​បន្ថែមធ្វើឲ្យ​គុណភាពខ្យល់ដកដង្ហើម កាន់តែធ្លាក់ចុះ​ បើទោះបី​មានការប្រឹងប្រែង​រៀបចំគោលនយោបាយរដ្ឋ ដើម្បី​កាត់បន្ថយ​ខ្យល់ពុល​ក៏ដោយ​។ បម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត គ្មានភ្លៀង ក្តៅហួតហែត បានបង្កឲ្យ​មានករណីភ្លើងឆេះព្រៃកាន់តែញឹកញាប់។ ជាក់ស្តែង នៅសហរដ្ឋអាមេរិក មហា​ភ្លើងឆេះព្រៃនៅ​រដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ​២០២១ បានធ្វើឲ្យ​កម្រិត​ល្អងធូលីក្នុងខ្យល់ បានឡើងលើសកម្រិតអនុគ្រោះអតិបរមា ដល់ទៅ​៥ដង។ឆ្នាំ​២០២៣នេះ ភ្លើងបានលេបត្របាក់ព្រៃឈើ រាប់​សិប​ម៉ឺនហិកតា នៅប្រទេសក្រិក នៅ​អេស្ប៉ាញ និងព័រទុយហ្កាល់។ ហើយ​បច្ចុប្បន្ន កាណាដាកំពុងតែប្រយុទ្ធយ៉ាងលំបាកលំបិន ជាមួយនឹងភ្លើងឆេះព្រៃដែលកាន់តែរីកធំទៅៗ។ ខេត្តកាបិក និងខេត្តអុងតារីយ៉ូ របស់កាណាដា ព្រមទាំងរដ្ឋមួយចំនួន​នៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែរងឥទ្ធិពលអាក្រក់ដោយ​សារបញ្ហាភ្លើងឆេះព្រៃនេះ ធ្វើ​ឲ្យ​មាន​ផ្សែងពុលល្អងធូលី ក្រាសឃ្មឹកក្នុងខ្យល់បរិយាកាស៕
8/29/20238 minutes, 5 seconds
Episode Artwork

ឥណ្ឌាក្លាយជាប្រទេសដំបូងគេ ដែល​​​​បាន​​ចុះ​ចត​​ដោយ​​ជោគជ័យ​​​នៅ​ខាងត្បូង​​​ព្រះចន្ទ

៣ថ្ងៃបន្ទាប់ពីបរាជ័យរបស់រុស្ស៊ី មិនអាចចុះចតយាន Luna-25 នៅលើព្រះចន្ទ ​យាន​Chandrayaan-3 របស់​ឥណ្ឌា​បានចុះចតដោយជោគជ័យ នៅអឌ្ឍគោលខាងត្បូងនៃព្រះចន្ទ។ វាគឺជាមោទនភាពដ៏ធំ​ក្រៃលែង សម្រាប់ឥណ្ឌា ដើម្បីអាច​​ឈានជើងចូលទៅក្នុងចំណោម​ប្រទេសមួយក្តាប់តូច ដែលអាចមានសមត្ថភាពកំពូល ក្នុងបច្ចេកវិទ្យាស្រាវជ្រាវអវកាស​។ យាន Chandrayaan-3 ត្រូវបានបាញ់ចេញ​ពីមូលដ្ឋាន​អវកាសឥណ្ឌា Sriharikota ក្នុងរដ្ឋ​ឥន្ទ្រាប្រាដេស​ កាលពីថ្ងៃទី​១៤កក្កដា ហើយត្រូវចុះចតនៅលើព្រះចន្ទ នៅថ្ងៃទី​២៣សីហា​។ ចំណាយ​ពេលហោះយូរ ទំរាំទៅដល់ព្រះចន្ទបាញ់ចេញពីផែនដី កាលពីថ្ងៃទី១៤កក្កដា យាន Chandrayaan-3 ត្រូវចុះចតនៅព្រះចន្ទ នៅ​ថ្ងៃទី​២៣សីហា  វេលាម៉ោងប្រមាណជាង៦ល្ងាច ម៉ោងនៅឥណ្ឌា ត្រូវនឹងម៉ោង ១២និង​៣០នាទីថ្ងៃត្រង់ ម៉ោងសកល​។ ពោលគឺការធ្វើដំណើរត្រូវចំណាយ​ពេល​ ចំនួន​៤១ថ្ងៃ។ ជារយៈពេលយូរខ្លាំង បើប្រៀបធៀបទៅនឹងយានរបស់​បេសកកម្ម Apollo របស់សហរដ្ឋអាមេរិក កាលពីជំនាន់ទសវត្សឆ្នាំ ៦០-៧០ ដែលយានគេ បានចំណាយពេលធ្វើដំណើរ ត្រឹមតែប៉ុន្មានថ្ងៃ។វាគឺជាជម្រើសបច្ចេកទេសរបស់ឥណ្ឌា ដែលស្ថាបនាយាន Chandrayaan-3 នេះឡើង ឲ្យមានកម្លាំងល្បឿនខ្សោយ​ល្មម។ យោងតាមអ្នកជំនាញអវកាសឥណ្ឌា បន្ទាប់ពីហោះចេញពីផែនដី Chandrayaan-3 ត្រូវហោះជុំវិញផែនដី ចំនួន​ប្រមាណ​ ៥ទៅ៦ជុំ ជាមុនសិន មុននឹងពេញកម្លាំងល្បឿនដល់ចំណុច ដើម្បីហោះតម្រង់ ឆ្ពោះទៅកាន់​ព្រះចន្ទ ដែលត្រូវចំណាយ​ពេល​ប្រមាណ​១ខែ​ ទំរាំដល់ពេលចុះចត។យាន Chandrayaan-3 ត្រូវបានស្ថាបនាដោយ​ អង្គភាពឥណ្ឌាដើម្បី​ការស្រាវជ្រាវអវកាស ហៅកាត់ថា ISRO។ យាននេះ ត្រូវហោះនាំយក យានចុះចតមួយ ឈ្មោះថា Vikram ជាភាសាសំស្ក្រឹត​ ប្រែមកថាវិក្រម ឬអង់អាចក្លាហាន​ និងកូនយានរ៉ូបូចល័តមួយទៀត ឈ្មោះ Pragyan ប្រែមកថា ប្រាជ្ញា។ កាលពីថ្ងៃទី​១៧​សីហា យាន Chandrayaan-3 បានឆ្លងផុតដំណាក់កាលដ៏សំខាន់ ដោយ​បានហោះចូល​កៀកទៅជុំវិញព្រះចន្ទ ហើយ​បាន​ផ្តាច់យានចុះចត Vikram ព្រមទាំង​បានថតរូប​​ភាព លំហផ្ទៃដីព្រះចន្ទ ដើម្បីពិនិត្យ​មើលអំពីសណ្ឋានដី ស្វែងរកទីតាំងចុះចត ដែល​អំណោយផលបំផុត​។​បេសកកម្ម Chandrayaan-3 របស់ឥណ្ឌា ចំណាយ​ប្រាក់តិចបំផុតផ្អែកតាម ISRO បេសកក​ម្ម​ Chandrayaan-3 របស់ឥណ្ឌា ចំណាយ​ប្រាក់ប្រមាណ ៦១៥០លានរូពី ដែលស្មើត្រឹមតែ ជាង៧៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ បើប្រៀបធៀបទៅ បេសកកម្ម យាន​ Chandrayaan-2 ដែលបានបរាជ័យ លើកនេះឥណ្ឌាចំណាយប្រាក់តិចជាង​សឹងតែ១ទ្វេជា២។ ហើយ​បើប្រៀបធៀបទៅបេសសកម្ម​អវកាសរបស់​ប្រទេសធំៗឯទៀត គឺឥណ្ឌាចំណាយប្រាក់អស់តិចខ្លាំងណាស់ ដែលនេះ វាសបញ្ជាក់ថា វិស័យ​បច្ចេកវិទ្យាអវកាសឥណ្ឌា មាន​លក្ខណៈរិះថាំសន្សំសំចៃ មិនសម្បើមហួសហេតុ។យោងតាមអ្នកជំនាញក្នុងវិស័យអវកាស គឺឥណ្ឌាអាចមានលទ្ធភាព​ ទាញខ្ទង់ចំណាយមិន​ឲ្យ​ឡើងខ្ពស់ ដោយសារតែ​ជំនាញ​បច្ចេកទេស​ កែច្នៃយកមកប្រើប្រាស់ឡើងវិញ នូវសម្ភារៈមួយចំនួន ព្រមទាំងការសម្របសម្រួល យកបច្ចេកវិទ្យា​​អវកាស ដែលមាន​ស្រាប់​ យកមកឆ្នៃប្រឌិតបន្ថែម។ ជាងនេះទៀត ឥណ្ឌាសំបូរអ្នកជំនាញ​បច្ចេកវិទ្យា ដែលមានសមត្ថភាពខ្ពស់ខ្លាំងៗណាស់ ហើយមិនចាំបាច់​ចំណាយ​ប្រាក់ខែខ្ពស់កប់​ពពក ដូចនៅ​ប្រទេសផ្សេងនោះទេ។អ្វីទៅជាកម្មវត្ថុនៃបេសកកម្ម របស់យាន Chandrayaan-3?តាមការគ្រោងទុក យាន​Vikram នឹងត្រូវចុះនៅតំបន់​អឌ្ឍគោលខាងត្បូង នៃព្រះចន្ទ។ ពោលគឺជាលើកទីមួយហើយ ដែល​មាន​បេសកកម្ម​ ចុះចតយាននៅទីនោះ។ ផ្អែកតាម ISRO កម្មវត្ថុធំមួយនៃបេសកកម្មនេះ គឺបច្ចេកទេសចុះចតដោយ​សន្សឹម ថ្នម​បំផុត ព្រោះថាឥណ្ឌាធ្លាប់​បាន​បរាជ័យ​ម្តងហើយ កាលពីឆ្នាំ​២០១៩ ជាមួយនឹងបេសកកម្មយាន Chandrayaan-2។ អ្នកជំនាញ​អវកាសឥណ្ឌាអះអាងថា គេបានទាញបទពិសោធន៍​ច្រើនណាស់ ពីបរាជ័យលើកមុន។ ដោយឡែក យាន Chandrayaan-3 បន្ទាប់ពីផ្តាច់ទម្លាក់យានចុះចត Vikram ហើយ គឺនឹងបន្តដំណើររាប់ខែរាប់ឆ្នាំទៅមុខមុខទៀត នៅក្នុងលំហអវកាស ដើម្បី​ស្រាវជ្រាវ អំពី​ភព​ផ្សេងៗទៀតនៅក្នុងចក្រវាឡ ចេញឆ្ងាយពី​ប្រព័ន្ធព្រះអាទិត្យ។​នៅអឌ្ឍគោលខាងជើងនៃព្រះចន្ទ រ៉ូបូចល័ត Pragyan នឹងធ្វើដំណើរស្រាវជ្រាវពេញមួយថ្ងៃនៃព្រះចន្ទ ដែលស្មើនឹង១៤ថ្ងៃនៃភពផែនដី។​ នៅទីនោះ​ អ្នកវិទ្យាសាស្ត្រឥណ្ឌា មានបំណងស្រាវជ្រាវអំពី សណ្ឋានដី ស្រទាប់និងល្បាយរ៉ែដែលផ្សំនៅក្នុងដី​​ ព្រមទាំង​សកម្មភាព​រំញោជរំជួយក្នុងស្រទាប់ដីនៅតំបន់នោះ។ ហើយអ្វីជាពិសេសនោះ គឺការស្រាវជ្រាវ​រកភស្តុតាង អំពីទឹកកកនៅតំបន់នោះ។ តំបន់អឌ្ឍគោលខាងត្បូងនៃព្រះចន្ទ ជាតំបន់​ដែល​មានការស្រាវជ្រាវតិចបំផុត​។ទីភ្នាក់ងារអវកាស Nasa របស់អាមេរិក និងទីភ្នាក់ងារអវកាសផ្សេងៗទៀត ធ្លាប់​បានអះអាងថា គេបានរកឃើញនូវ​ សំណាកទឹកដែលកករឹង នៅតាម​រណ្តៅខូងមួយចំនួន នៅតំបន់ខាងត្បូងព្រះចន្ទ ដោយសារតំបន់នេះ មិនស្ថិតនៅចំពន្លឺ​ព្រះអាទិត្យ។ ទឹកកកទាំងនោះ អាចជាប្រភព​នៃ​ថាមពល អាចផ្តល់ជា​អុកស៊ីសែន ព្រមទាំងទឹក​បរិភោគ សម្រាប់បេសកកម្ម​បញ្ជូន​មនុស្ស ទៅថ្ងៃអនាគត។ ទីភ្នាក់ងារអវកាសជាច្រើន កំពុងសិក្សា​គម្រោង កសាងមូលដ្ឋាន​អវកាសនៅលើព្រះចន្ទ ដោយ​បញ្ជូន​មនុស្សទៅ​ប្រចាំការនៅទីនោះដោយផ្ទាល់​។មហិច្ឆតាភូមិសាស្ត្រ​នយោបាយ​របស់​លោកម៉ូឌី​ឥណ្ឌាគឺជាប្រទេសអាស៊ីដំបូងគេបង្អស់ ដែលបាន​បាញ់បង្ហោះដោយជោគជ័យ​ នាំយកផ្កាយរណប ទៅកាន់​គន្លងតារាវិថី​នៃភពព្រះអង្គារ កាលពីឆ្នាំ​២០១៤។ ៣ឆ្នាំក្រោយមក ឥណ្ឌា បាន​បង្ហោះ បញ្ជូន​ផ្កាយរណប ចំនួន​ដល់ទៅ​១០៤គ្រឿង​ ក្នុងបេសកកម្មតែមួយ។ ហើយនៅរវាងឆ្នាំ​២០២៤ខាងមុខ ក្រុមអ្នកជំនាញអវកាសឥណ្ឌា គ្រោង​បើក​បេសកកម្ម បាញ់បង្ហោះយាន​នាំមនុស្ស​ទៅជាមួយ ទៅកាន់គន្លងតារាវិថីរបស់ផែនដី រយៈពេល​៣ថ្ងៃ​។​កាលពីឆ្នាំ​២០១៩ លោក​ណារិនដ្រា ម៉ូឌី បានប្រកាសថា ឥណ្ឌាបានក្លាយជាមហាអំណាចអវកាស បន្ទាប់ពីបាន​បាញ់​កម្ទេចផ្កាយរណប​ទាបមួយ ដោយ​ប្រើ​មីស៊ីល​។​ បច្ចុប្បន្ន វិស័យអវកាសឥណ្ឌាមានចំណែកប្រមាណ​២% នៃទីផ្សារ​​​អវកាសពាណិជ្ជកម្មពិភពលោក។ ជាចំណែកដែលឥណ្ឌាកំពុងប្រឹងប្រែងបង្កើន និងទាក់ទាញអតិថិជន តាមរយៈតម្លៃចំណាយ​ថោក ជាង​ប្រទេសផ្សេងៗ។​ តែទន្ទឹមគ្នានេះ ឥណ្ឌាក៏រងការរិះគន់មិនស្ទើដែរ អំពី​កាកសំណល់អវកាស ដែល​កើតចេញពីសកម្មភាព​បាញ់បង្ហោះដ៏ញឹកញាប់របស់ខ្លួន​។គិតមកត្រឹមពេលនេះ គឺមានតែ អាមេរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលបានចុះចតបានជោគជ័យនៅលើ​ឋានព្រះចន្ទ ដែលស្ថិតនៅចំងាយ ៣៨៤៥០០គីឡូម៉ែត្រ ពីផែនដី។ ក្រៅតែពីកម្មវត្ថុវិទ្យាសាស្ត្រ បេសកកម្ម​ទៅព្រះចន្ទ គឺជា​និម្មិតរូបធំណាស់ នៃឧត្តមភាពរបស់​ប្រទេសឥណ្ឌា ដែលកំពុងប្រកាសខ្លួនជា​មហាអំណាច​មួយនឹងគេ​។ វាគឺជា​មហិច្ឆតា ដឹកនាំរបស់​លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។ ឧត្តមភាព​របស់ឥណ្ឌា ក្នុងវិស័យអវកាស ក៏គឺជា​កត្តាប្រមែរប្រមូល ​រួបរួមជាតិ​មួយដ៏សំខាន់ដែរ ក្រោមដំបូលដឹកនាំរបស់លោក ​ណារិនដ្រា ម៉ូឌី ព្រោះថាឥណ្ឌា គឺជាប្រទេស​ដ៏ធំ មាន​រដ្ឋជាច្រើន មានភាពចម្រុះ ទាំងជនជាតិនិងសាសនា។ យាន​ Chandrayaan-3 ឈានទៅដល់ភព​ព្រះចន្ទ គឺប្រជាជាតិឥណ្ឌាមួយទាំងមូល ដែល​ឈានជើងដល់ឋានព្រះចន្ទ​៕
8/23/20237 minutes, 40 seconds
Episode Artwork

កាណាដាជម្លៀស​ពលរដ្ឋមួយ​​​​ក្រុងYellowknife គេច​ពី​គ្រោះ​ភ្លើង​ឆេះព្រៃ

នៅ​ក្រុង​យេឡូណាយ Yellowknife ក្រុង​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​ភាគ​ខាង​ជើង​ដែល​ស្ថិត​នៅចម្ងាយប្រមាណ​តែ​៥០០គីឡូម៉ែត្រ​ពី​តំបន់​ប៉ូល​អាកទិក ពលរដ្ឋ​បាន​ទទួល​បញ្ជា​ឱ្យ​ចាក​ចេញ​ពី​សម្បែង​ ដើម្បី​គេច​ពី​គ្រោះ​ភ្លើង​ឆេះព្រៃ។ អាជ្ញាធរ​បាន​ប្រកាសដាក់​ដែន​ដី​ប៉ែក​ពាយ័ព្យ​(ខាង​ជើង​ឆៀង​ខាង​លិច) ​ក្នុង​ភាព​អាសន្ន​ភ្លើង​ឆេះ​ និង​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ ជា​សរុប​ មាន​ភ្លើង​ព្រៃ​ជាង​២៣០​កំពុង​បន្ត​ឆេះ​យ៉ាង​សកម្ម​នៅក្នុង​តំបន់​ខាងជើង​កាណាដានេះ។ ហេតុអ្វីការ​ជម្លៀស​ពលរដ្ឋជួបការលំបាកខ្លាំង?"ជា​សំណាង​អាក្រក់​ ស្ថានភាព​ភ្លើងឆេះ​​ព្រៃ​កាន់​តែ​សន្ធោសន្ធៅ និង​កំពុង​កំរិល​យ៉ាង​លឿន​មកគំរាមកំហែង​​ក្រុង Yellowknife ​យ៉ាង​ខ្លាំង" នេះ​បើ​តាម​​សេចក្តីថ្លែងការណ៍របស់​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែនដី​ពាយ័ព្យកាណាដា ដោយ​​បញ្ជា​ឱ្យ​​​ប្រជាពលរដ្ឋ​ទាំង​អស់ (ជាង​២ម៉ឺន​នាក់)ចាក​​​ចេញ​ពី​ក្រុង​Yellowknife ឱ្យ​មុន​ថ្ងៃ​សុក្រ​ថ្ងៃ​ត្រង់ និង​មិន​អាច​បង្អង់​រហូត​ដល់​ចុង​សប្តាហ៍​បាន​ទេ។ លោករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថាក្នុង​ពេល​ភ្លាមៗ​នេះ ​ក្រុង​យេឡូណាយ គ្មាន​គ្រោះថ្នាក់​ផ្ទាល់​ទេ​ ប៉ុន្តែ​បើ​គ្មាន​ភ្លៀង​ធ្លាក់មក​ទេ ភ្លើង​ព្រៃ​នឹង​មក​ដល់​ជាយក្រុង នៅ​ចុង​អាទិត្យ​នេះ​។ បើ​ចាំ​ដល់​ចុង​សប្តាហ៍​ចាប់​រត់ នោះ​គេអាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផ្ទាល់​ផង​ និង​ដល់​អ្នក​ដទៃ​ផង។ ​ភ្លើង​ព្រៃ​បាន​រំកិល​យ៉ាង​លឿន​ និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​១៧គីឡូម៉ែត្រ​ពីក្រុងប៉ុណ្ណោះ។ អាជ្ញាធរ​​បាន​ប្រកាស​ដាក់​​តំបន់ពាយ័ព្យ​ក្នុង​ភាព​អាសន្ន​ភ្លើង​ឆេះព្រៃ​តាំង​ពី​ថ្ងៃ​អង្គារ​មក។​ដើម្បី​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង​រងគ្រោះ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​​ច្រក​ផ្លូវ​តែមួយ​គត់ ដែលបើក​ឱ្យ​ធ្វើ​ចរាចរណ៍​សម្រាប់​​ចុះ​ទៅ​​ក្រុងតូចធំៗ​ ​ភាគ​ខាង​ត្បូងនៃ​តំបន់។ ប៉ុន្តែដង​ផ្លូវ​នោះ​ក៏​ត្រូវ​គំរាមកំហែង​ដោយ​ភ្លើង​ព្រៃ​ដែរ។ ជាង​នេះទៅទៀត តំបន់​ភាគ​ខាង​ជើង​កាណាដា​ដែល​មាន Yellowknife ជា​ក្រុង​ដ៏​ធំ​ចម្បងគេនេះ​ មាន​​​ផ្ទៃដី​ធំ​ខ្លាំងណាស់-ធំជាង​ប្រទេស​បារាំងពីរ​ដង- ​និង​មានប្រជាពលរដ្ឋ​រស់​នៅ​ដាច់​​ឆ្ងាយៗ​ពីគ្នា។ គម្លាត​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​អាច​មាន​ចម្ងាយ​​ជា​ច្រើន​រយ​គីឡូម៉ែត្រ ជា​ភាព​ស្មុគស្មាញ​​​​បន្ថែម​មួយ​កំរិត​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រមុខ​​រដ្ឋាភិបាល​កាណាដា លោក ទ្រូដូ បាន​ប្រកាស​​បញ្ចេញ​កង​កម្លាំង​យោធា​ទៅ​ជួយប្រជាជន​នៅ​តំបន់​រងគ្រោះ និង​ដើម្បី​​សម្រួល​​ប្រតិបត្តិការ​ជម្លៀស​តាម​ផ្លូវ​អាកាស។ភ្លើង​ព្រៃ​កំពុង​គំរាមកំហែង​ទូទាំងប្រទេស?ជា​សរុប​ មាន​ពលរដ្ឋ​ជិត​១៦៨០០០នាក់ហើយ​ដែល​ត្រូវ​ជម្លៀស​ចេញ​ដែនដី​តំបន់ភាគ​ខាង​ជើង​​ គិត​ចាប់​តាំងពីចូល​​រដូវ​ភ្លើង​ឆេះ​ព្រៃ​មក។ កាណាដា​កំពុង​ប្រឈម​នឹង​គ្រោះ​​ភ្លើងឆេះ​​ព្រៃ​ ​យ៉ាង​ច្រើន និង​ធ្ងន់ធ្ងរ​​បំផុត​មិន​ធ្លាប់ប្រទះ​ពី​មុន​មក​​​ទេ។ បើ​តាម​អាជ្ញាធរ​កាណាដា មាន​ភ្លើង​ព្រៃចំនួន​២៣០​កន្លែង​​កំពុង​ឆេះ​យ៉ាង​សកម្ម​នៅ​តំបន់​ភាគ​ខាង​ជើង​។ ចំណែក​ខេត្ត​កូឡុំប៊ីប្រីតានិច​ភាគ​ខាង​លិច​ប្រទេស​ ក៏​កំពុងរង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​ ជាមួយ​នឹង​សីតុណ្ហភាព​ឡើង​ដល់ជាង​៤០​អង្សា​ជា​លើក​ទីមួយទៀត នៅ​ថ្ងៃអង្គារ​ម្សិលម្ង៉ៃ។ ជារួម​ កាណាដា​រាប់​ឃើញ​មាន​ភ្លើង​ព្រៃ​ជាង​១ពាន់កន្លែង​​ នៅទូទាំងប្រទេសពី​កើត​ទៅ​លិច។ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​តតាំង​នឹង​ភ្លើង​ព្រៃ​ដែល​បាន​​លេប​ត្របាក់​ព្រៃ​អស់​ជាង​១៣​លាន​ហិចតា​រ​ និង​​បញ្ចេញ​ឧស្ម័ន​កាបូនិក​២៩០មេហ្កាតោន​ហើយ​គិត​ត្រឹម​ចុង​​ខែ​កក្កដា​នេះទល់​នឹង​១៣៨មេហ្កាតោន​កាលពី​ឆ្នាំ​២០១៤​ដែល​ជាប់​បញ្ជី​ជា​ឆ្នាំ​​​កាណាដា​បញ្ចេញ​ផ្សែង​ពុល​ច្រើនបំផុត។ ពោល​គឺ​២០២៣បាន​បំបែក​​ឯតទគ្គកម្ម​ចាស់​ដល់​ពីរ​ដងទាំង​ខាង​បាត់បង់​ព្រៃ​និង​បញ្ចេញ​ផ្សែងពុល ដោយ​ភ្លើង​ឆេះ​ព្រៃ។ហេតុអ្វីកាណាដា​ជួបគ្រោះ​ភ្លើង​ឆេះ​ព្រៃធ្ងន់ធ្ងរខ្លាំង?ភ្លើងឆេះព្រៃ​តែងតែ​កើតមានជាធម្មតា នៅ​កាណាដា​ នៅរដូវក្តៅ ចាប់ពីខែ កក្កដា រហូត​ដល់​ខែតុលា ដោយ​បាតុភូតធម្មជាតិ រន្ទះបាញ់ បូកផ្សំ​នឹង​អាកាសធាតុស្ងួតហួតហែង។ ​​នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​កាណាដា​រង​អគ្គិភ័យ​ដ៏​កំណាចៗខ្លាំង​នោះ។ កាលពី​ឆ្នាំ​២០១៦ ភ្លើង​ព្រៃ​Fort Mcmurray នៅ​ក្នុង​ខេត្ត​អាល់ប៊ែរតា​ដដែល​ ឆេះ​រយៈ​ពេល​១៥​ខែ​ទម្រាំ​ពន្លត់​បាន ត្របាក់​យក​ព្រៃអស់​៥៨៩៥​គីឡូម៉ែត្រ​ការ៉េ និង​ជំរុញ​ឱ្យ​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​ជិត​១​សែន​នាក់​ដែរ​ ជាមួយ​នឹង​ការ​ខូត​ខាត​អស់​ប្រមាណ​១០ពាន់​លាន​ដុល្លារ។ប៉ុន្តែ អ្វីដែលខុស​ពីប្រក្រតី គឺ​ពេលវេលា ​និងចំនួនភ្លើងឆេះព្រៃ។ ឆ្នាំ​នេះ​កាណាដា រងគ្រោះ​ភ្លើង​ឆេះ​ព្រៃ​ ​ឆាប់ជ្រុល​​ តាំងពី​ពាក់កណ្តាល​ខែឧសភា​ និង​ក្នុង​បរិមាណ​ដ៏ច្រើន​ហើយ​កំណាច​ខ្លាំង​ទៀត។ ហេតុអ្វី?បើ​តាម​អ្នក​ជំនាញ​អាកាសធាតុ ព្រោះ​តែហេតុផល​ច្រើន។ ទីមួយ​គឺ​​ទីតាំងភូមិសាស្ត្រ​របស់​ប្រទេស​កាណាដា​។ កាណាដា​ងាយ​ជួប​អាកាសធាតុ​ក្តៅ​ខ្លាំងជ្រុល​ ដោយ​សារ​ស្ថានភាព​ភូមិសាស្ត្រ​ជា​ដីវាលទំនាបធំ​ដាច់​កន្ទុយភ្នែក​និង​ខ្ពង់រាប​បែរស្រប​ទិស​ជើង​​​ត្បូងដែល​មិន​អាច​ខ្ទប់​ខ្យល់ក្តៅ​បក់​ត្រង់​ឡើង​មក​ពីឈូង​សមុទ្ទ​ម៉ិចស៊ិក​​បាន​ទេ ហើយ​ក៏​មិន​អាច​ទប់​ខ្យល់​ត្រជាក់បក់​ចុះ​​មក​ពី​តំបន់​អាកទិក​បាន​ដែរ។ ខ្យល់​ក្តៅ​និង​ខ្យល់​ត្រជាក់ ជល់​គ្នានិង​​ខុសសីតុណ្ហភាព​​គ្នា​ខ្លាំង​ពេក​ ​​បង្កើត​ឱ្យ​មាន​បាតុភូត​ធម្មជាតិ​ជា​ច្រើន​ដូច​ជា​ព្យុះ​ ភ្លៀង ឬ​រលក​ក្តៅកម្តៅ និង​ភាព​​រាំងស្ងួតខ្លាំង ព្រមទាំង​បាតុភូត​ខ្យល់​កួច​។សីតុណ្ហភាព​​និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​មួយ​ហេតុ​ចម្ប​ងមួយ​ទៀត។ កាណាដា ជា​តំបន់​ដែលឆាប់ក្តៅខ្លាំងជាងគេ បើប្រៀបធៀប​នឹង​តំបន់ផ្សេងទៀត នៅលើ​ផែនដី។ ជាក់​ស្តែង​រដូវ​ក្តៅ​នេះ តាំងពី​ខែ​ឧសភា​មក ​សីតុណ្ហភាព​នៅ​កាណាដា​បាន​ឡើងក្តៅ​ខ្លាំង​ដល់​ជាង​៣១​អង្សារ​នា​ថ្ងៃ​ទី​៤​ឧសភា​នៅ​តំបន់​ខាង​ជើង​ និង​ជាង​៤០​អង្សា​ជា​លើក​ទីមួយ នៅ​ខេត្ត​កូឡុំប៊ីអង់គ្លេស​របស់​កាណាដា​កាលពី​ថ្ងៃអង្គារ​ម្សិលម្ង៉ៃ​។ ជា​សីតុណ្ហភាព​ខ្ពស់​បំបែកឯតទគ្គកម្ម​ មិន​មែន​មួយ​អង្សាទេ តែឡើង​លើស​ដល់ទៅ៤-៥អង្សាឯណោះ។ បើ​សីតណ្ហភាពឡើង​​ក្តៅខ្លាំង​ ព្រៃ​កាន់​តែ​ងាយ​ឆេះ។ ម្យ៉ាង​វិញ​ទៀត បើ​តាម​អ្នក​វិទ្យាសាស្ត្រ ការ​ប្រែប្រួលអាកាសធាតុ​​ជា​កត្តា​​បន្ថែមនាំ​ឱ្យ​​​បាតុភូតក្តៅនិងភ្លើង​ឆេះ​ព្រៃ​កើតមានកាន់តែ​​ច្រើន កាន់​តែ​យូរ និងកាន់​តែ​​កំណាច​។ ដោយហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ រដូវ​ភ្លើង​ឆេះព្រៃ​កាណាដា​នឹង​អូស​បន្លាយ​ពេល​វែង​ ដោយ​រដូវ​ផ្ការីក​ឆាប់​មក​ដល់​ ឯ​រដូវ​ស្លឹកជ្រុះ​ក្រ​ចាប់​ផ្តើម។ ដូច្នេះ​ភ្លើង​ពិត​ជា​មាន​ឱកាស​ឆេះ​បាន​យូរ។ នេះ​បើ​តាម​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​នយោបាយ​ថាមពល​និង​បរិស្ថាន​នៃសកលវិទ្យាល័យ​Queens កាណាដា៕
8/17/20235 minutes, 40 seconds
Episode Artwork

ចិន​ធ្លាក់​ក្នុង​វិបត្តិ​បរិត្តផរណាជា​លើក​ទីមួយ ចាប់ពី​ឆ្នាំ​២០២១

ក្នុង​ខណៈ​ដែល​ប្រទេស​ជា​ទូទៅ មាន​អាទិ៍​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​​បញ្ហា​អតិផរណា​ (ប្រមាណ​៣ទៅ​៥%​)​​នៅថ្ងៃពុធ​ទី ៩​សីហា​​នេះ​ មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ពិភពលោក​បាន​​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បរិត្តផរណា​ជា​ផ្លូវការ។ សន្ទស្សន៍​តម្លៃ​ទំនិញ​នៅ​ចិន​​បាន​ចុះ​ថ្លៃ​០,៣%​ នៅ​ខែ​កក្កដា។ នេះ​ជា​​ដំណឹង​មិន​ល្អទេ​សម្រាប់​ពិភពលោក និង​ដែល​បញ្ជាក់​ថា​​​សេដ្ឋកិច្ច​ចិនកំពុង​​ត្រដ។ ​ហេតុអ្វីបញ្ហា​​បរិត្តផរណាមិនមែនជា​ដំណឹង​ល្អ​?​ដោយហេតុ​តែ​តម្រូវ​ការ​ក្នុង​ស្រុក​​មិន​សកម្ម​ដែល​បង្ក​ឱ្យ​សេដ្ឋកិច្ច​ពិបាក​ស្ទុះ​ឡើង​វិញ ចិន​បាន​ធ្លាក់​ក្នុង​វិបត្តិ​បរិត្តផរណា​ ជា​ផ្លូវការ​នៅថ្ងៃ​ពុធ​នេះ។ ​បរិត្តផរណា ជា​ពាក្យ​ផ្ទុយ​នឹង​អតិផរណា ​​និង​មាន​ន័យ​ថាតម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ បើ​ទំនិញថោក នោះ​វា​នឹង​អាច​ជួយ​ស្តារលទ្ធភាព​ចាយ​វាយប្រជាពលរដ្ឋឱ្យ​បាន​ប្រសើរឡើងហើយ?! បើ​តាម​និយម​ន័យ​វា​ពិត​ជា​បាតុភូត​ដ៏​ល្អ​មែន​ ប៉ុន្តែ​នៅក្នុងស្ថានភាព​ជាក់ស្តែង ​បរិត្តផរណា​ជា​ការ​គំរាមកំហែង​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ព្រោះអតិថិជន​ចិន​នឹង​មិនចំណាយលុយ​​ទិញ​អ្វី​ដែល​នឹង​អាច​ចុះ​ថោកជា​លំដាប់​​​ឡើយ។ គេ​ច្បាស់​ជា​សុខចិត្ត​​ចាំ​ក្រែង​បានរបស់​​កាន់​តែ​ថោក។ បើ​គ្មានអ្នក​​ទិញ​​ ក្រុមហ៊ុន​សហគ្រាស​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន និង​ព្រម​បន្ថោក​តម្លៃ​ដើម្បី​បន្ធូរ​ស្តុក​ ហើយ​មិន​ត្រូវ​ការ​ជ្រើសរើស​អ្នក​ធ្វើការ​ថ្មី​ទេគឺ​មាន​តែ​​បណ្តេញ​-បញ្ឈប់​បុគ្គលិក​ពីការងារ​។ សម្រាប់​សេដ្ឋវិទូ​ ​នេះ​ជា​វិបត្តិ​វិល​វល់​គ្មាន​ច្រក​ចេញ​ដ៏​គ្រោះ​ថ្នាក់​ណាស់នៃសេដ្ឋកិច្ច។ ម្យ៉ាង​ទៀត បរិត្តផរណា​នឹង​ធ្វើ​ឱ្យ​ប្រទេសជាប់​​បំណុល​កាន់​តែធ្ងន់។ តាមក្បួន​ ប្រទេស​មាន​អតិផរណា​ (ទំនិញ​ឡើងថ្លៃ) ម្តុំ​២%​តែ​មិន​ជាប់​លាប់ ទើប​ចាត់​ទុក​ល្អ​សម្រាប់​សេដ្ឋកិច្ច។អ្វីខ្លះ​ជា​ឧបសគ្គ​រារាំង​​សេដ្ឋកិច្ច​ចិនឱ្យ​ធ្លាក់​ក្នុង​វិបត្តិបរិត្តផរណា?ចិនធ្លាប់ឆ្លងកាត់​​វិបត្តិ​បរិត្តផរណា​មួយភ្លែត​កាលពី​ចុង​ឆ្នាំ​២០២០និង​ដើម​ឆ្នាំ​២០២១ ដោយកាលណោះ​តម្លៃ​សាច់ជ្រូក​ អាហារ​ដ៏​ពេញនិយម​បំផុត​របស់​ពលរដ្ឋ​ចិន បាន​ក្បាល​ចុះ​យ៉ាង​ខ្លាំង។ វិបត្តិបរិត្តផរណាពិត​លើក​​​ចុងក្រោយ​គេគឺ​នៅ​ឆ្នាំ​២០០៩។ ប៉ុន្តែ​អ្នក​វិភាគ​គិត​ថា​ វិបត្តិបរិត្តផរណា​លើក​នេះ​អាច​ធ្ងន់ធ្ងរ​ខ្លាំង និង​អូស​បន្លាយ​ពេល​យូរ​ខ្លាំង ព្រោះ​ស្ថានភាពសេដ្ឋកិច្ច​មិន​ល្អ​ស្ទើរ​គ្រប់មុខ ​អត្រា​យុវជន​អត់ការងារ​ធ្វើឡើង​ដល់​កំរិត​កំពូល​ ដល់​ជិត​២០%​ឯណោះ។​ពេល​​នេះ ​​មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​មាន​បញ្ហា​បរិត្តផរណា​ គឺទំនង​ជា​​វិបត្តិ​អចលនទ្រព្យ ដែល​ធ្លាប់​តែ​ជា​វិស័យ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដោយ​តំណាង​ឱ្យ​មួយភាគបួន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (PIB)។ ​ទិញ​ផ្ទះសម្បែង​ជា​ការ​វិនិយោគ​សន្សំប្រាក់​ដ៏​ប្រាកដ​និង​ជា​ទីពេញ​និយម​របស់​ចិន ប៉ុន្តែ​វិបត្តិហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​សំណង់​និងអចលនទ្រព្យ​ បាន​ធ្វើ​ឱ្យ​អតិថិជន​ដ៏​មាន​សក្តានុពល​លែង​ទុកចិត្ត ចង់​ទិញ​ផ្ទះ​។ លែង​មាន​តម្រូវការ​ ​តម្លៃអចលនទ្រព្យ​​អាច​នឹង​បន្ត​ធ្លាក់​ជា​និរន្តន៍។សន្ទស្សន៍​តម្លៃ​ផលិតកម្ម​ដែល​ជា​ការ​កំណត់​​ថ្លៃទំនិញ​ចេញ​ពី​រោងចក្របន្ត​​ធ្លាក់​ចុះ​ជា​ថ្មី​ នៅ​ខែ​កក្កដាអស់​៤,៤% ជា​គម្រប់​១០​ខែ​ជាប់​គ្នា​ និង​-៥,៤%​កាលពី​ខែ​មិថុនា​។ នេះ​បើតាម​ការិយាល័យ​ស្ថិតិជាតិ។ ចំណែក​វិស័យ​ការ​នាំ​ចេញ​វិញ ដែល​មាន​ប្រវត្តិ​ជា​គន្លឹះ​កំណើន​សេដ្ឋកិច្ច​ ក៏​ចុះថយ​ខ្លាំង (១៤,៤%)។ ស្ថានភាព​នេះ ប៉ះពាល់​ដោយ​ផ្ទាល់​​ដល់​​​ក្រុមហ៊ុនសហគ្រាស​ជា​ច្រើនពាន់​។ ការ​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​ចិន​ក៏​មាន​កំរិត​ទាប​បំផុត​ មិន​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក។ នេះ​បើ​តាម​ធនាគារ​អាមេរិក​Goldman Sachs។បើ​តាម​តួលេខ​ផ្លូវការ ​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទីមួយ​និង​ទី​ពីរ មាន​កំរិត​ត្រឹម​តែ​០,៨% ទាប​ជាង​កម្មវត្ថុ​៥%​កំណត់​ដោយ​រដ្ឋាភិបាលឆ្ងាយណាស់។​តើ​រដ្ឋាភិបាល​ចិន​នឹង​ចាត់​​វិធានការយ៉ាងណា?ដើម្បី​ផ្តល់​សន្ទុះ​ដល់​​កំណើន​សេដ្ឋកិច្ច​ដែ​ល​ចុះ​ខ្សោយ​ដោយ​វិបត្តិហិរញ្ញវត្ថុ​ពិភពលោក ចិន​បានចំណាយ​ទុន​​វិនិយោគ​ចាប់​តាំងពី​ចុងឆ្នាំ​២០០០មក ប្រមាណ​ជាង​៥០៦ពាន់​លាន​អឺរ៉ូ​ ក្នុង​គម្រោង​អភិវឌ្ឍ​រចនា​សម្ព័ន្ធ​ដ៏​មហាសាល (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន ...)។ តែ​គម្រោង​នោះ​ហាក់​ដូច​ជា​អត់​ប្រយោជន៍​និងបំប៉ោង​បំណុល​រដ្ឋ​កាន់​តែ​ធំ។ លង់នឹង​​បញ្ហា​ហិរញ្ញវត្ថុ​ ចិន​ជ្រើសរើស​ចាត់​វិធានការ​ចោះៗ ជាជាង​ចំណាត់ការ​ធំទ្រង់ទ្រាយ​​និង​ចំណាយ​ច្រើន។ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ ចិន​បាន​ប្រកាស​វិធានការច្រើន ចំទិសដៅ​មួយៗ​ ​ដោយ​រំពឹង​ថា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចាយវាយ​កំរើកឡើង​វិញ។ ប៉ុន្តែអាជ្ញាធរ​ចិនគ្មាន​គំនិត​រក​វិធី​បង្កើន​ចំណូល​ឱ្យ​គ្រួសារ​ពលរដ្ឋ​ ដែល​ប្រឹង​រឹតត្បិត ក្នុង​បរិបទ​សេដ្ឋកិច្ច​យ៉ាប់យឺន និង​ទីផ្សារការងារតាន​តឹង​ទេ។​បើ​មិន​គាស់​កាយឱ្យ​ដល់​ឫសគល់​នៃ​បញ្ហា​ទេ​ ទស្សនវិស័យ​សេដ្ឋកិច្ច​នៅ​តែ​មិន​ប្រាកដ ហើយ​សកម្មភាព​ចាយវាយ​ក្នុង​ស្រុក​នៅ​តែ​មិន​អាច​ស្ទុះ​ឡើង​វិញ​ឡើយ។ នេះ​បើ​តាម​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ចិន​នៅការិយាល័យ​Trivium។ដូច្នេះសួរ​ថា​តើ​តួលេខ​ដ៏អាក្រក់ធ្លាក់​មក​​ជា​បន្ត​បន្ទាប់​គ្នា​ពេល​នេះ គ្រប់គ្រាន់​នឹង​រុញ​ច្រាន​រដ្ឋាភិបាល​ឱ្យ​ចាត់​វិធានការ​ថ្មី​ភ្លាម​ដែរ​ឬអត់? នេះ​ជា​សំណួរ​ដែល​ពុំ​ទាន់​មាន​ចម្លើយ​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ពេល​រង់ចាំ​ ចិន​ទំនង​ជា​បាន​បញ្ជា​ឱ្យ​សេដ្ឋវិទូ​ចិន​កុំ​ពាំនាំ​ដំណឹង​អវិជ្ជមាន​ អាក្រក់ៗ​ខ្លាំង ទាក់ទង​នឹង​សេដ្ឋកិច្ច​ ​​ពិសេស​ដំណឹង​ស្តីអំពី​បញ្ហា​បរិត្តផរណា​នេះ មក​ផ្សព្វផ្សាយ។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេសFinancial Times និង​ភ្នាក់ងារ​Bloomberg៕
8/9/20235 minutes, 15 seconds
Episode Artwork

សង្គ្រាម​អ៊ុយក្រែន៖ ហេតុ​អ្វី​អារ៉ាប៊ីសាអូឌីតប្រឹង​​ដើរតួជា​​អន្តរការី​​?

ទោះបី​ជា​ដឹង​ថា​លទ្ធផល​នឹង​ស្តួច​ស្តើង​ខ្លាំង​យ៉ាងណាក៏​ដោយ​ ក៏​អារ៉ាប៊ីសាអូឌីតកំពុ​ង​សាកល្បង​តាំង​ខ្លួន​ជា​ថ្មី​ជា​អន្តរការី​ដ៏​មាន​អំណាច​នៅ​លើ​ឆាក​អន្តរជាតិក្នុង​​វិបត្តិ​អ៊ុយក្រែន។ រីយ៉ាដ​បាន​អញ្ជើញក្រុមប្រទេស​ជាបងប្អូន​ ឱ្យ​មក​ជួបជជែក​​ពិភាក្សា​ស្តីអំពី​បញ្ហា​អ៊ុយក្រែន ​​ចាប់​ពី​ថ្ងៃ​សៅរ៍​​នេះទៅនិង​សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ។ ជំនួប​ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​ស្ថានភាព​នៅ​សមុទ្ទ​ខ្មៅ​កំពុង​ឡើ​ងតាន​តឹង​កាន់​តែ​ខ្លាំង។​ អ៊ុយក្រែន​បាន​អះអាង​ថា​ដ្រូន​របស់​ខ្លួន​បាន​បាញ់​ចំ​នាវា​ដឹកប្រេងយោធា​​រុស្ស៊ី​មួយ​គ្រឿង​ នៅមូលដ្ឋានទ័ព​ក្នុង​​សមុទ្ទ​ខ្មៅ។ តើ​អារ៉ាប៊ីសាអូឌីត​រៀបចំ​ជំនួបចរចាស្តីពីអ៊ុយក្រែនជាមួយ​នរណាខ្លះ?អាជ្ញាធរ​អារ៉ាប៊ីសាអូឌីតមិន​បញ្ចេញ​ព័ត៌មានឈូឆរ​ទាក់ទង​នឹង​ជំនួប​ពិភាក្សា​ស្តីអំពី​វិបត្តិ​អ៊ុយក្រែន​ទេ។ នៅល្ងាច​ថ្ងៃ​សុក្រ​ទី ៤សីហា​ម្សិលមិញ រាជាណាចក្រ​ប្រេងកាតនេះបាន​ត្រឹម​ប្រកាសអំពី​ដំណើរ​មក​ដល់​ក្រុង​ចេដះJeddahរបស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​បណ្តា​ប្រទេស​ជាបង​ប្អូន​ដើម្បី​ជួប​ពិភាក្សាគ្នា​​អំពី​វិបត្តិ​អ៊ុយក្រែន តែ​​​មិន​បាន​រៀប​រាប់លម្អិត​​ថា​តើ​ជា​ប្រទេស​ណា​ខ្លះទេ។ បើ​តាម​​ប្រភព​ជា​ច្រើន​ ក្នុង​ចំណោមភ្ញៀវ​ជាង​៣០ប្រទេស​ ​គ្មាន​រុស្ស៊ីទេ ហើយ​អារ៉ាប៊ីសាអូឌីត​ជាប់ចិត្តចង់​ជួប​ពិភាក្សា​​ជា​ពិសេសជាមួយ​នឹង​​ប្រទេស​ប្រេស៊ីល ឥណ្ឌា ចិន និង​អាហ្វ្រិកខាង​ត្បូង ដែល​ជា​សមាជិកក្រុមប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ហៅកាត់​ថា​​Brics (ដែល​មាន​​រុស្ស៊ីម្នាក់ដែរ)។ ​ប្រទេស​ទាំង​បួន​នេះ ​ខុស​ពី​ក្រុមលោក​ខាង​លិច មិន​ប្រកាសជំហរ​កាន់​ជើង​​អ៊ុយក្រែនទេ​ តែ​ក៏​មិន​គាំទ្រ​ប្រតិបត្តិការ​​ឈ្លានពានរបស់​រុស្ស៊ី​​ដែរ។ ឥណ្ឌា​និង​អាហ្វ្រិក​ខាង​ត្បូង បាន​បញ្ជាក់​អំពី​វត្តមាន​របស់​ខ្លួន។ ចំណែក​ចិនដែល​រង​ការ​រិះគន់​ពី​ក្រុម​បស្ចិមលោក​ចំពោះ​ការ​​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី​ បាន​បញ្ជូន​លោក លី ហ៊ុយ ប្រេសិត​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន ព្រោះ​ប៉េកាំង​មាន​ឆន្ទៈ​ដាច់​ខាត​ចង់​បន្ត​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ដោះស្រាយ​វិបត្តិអ៊ុយក្រែន​តាម​ផ្លូវ​នយោបាយ។ សហរដ្ឋ​អាមេរិក​និង​បារាំង នឹង​តំណាង​ដោយ​មន្ត្រី​ជាន់​ទាប។អារ៉ាប៊ីសាអូឌីត​ជា​អន្តរការី​ខ្នាត​អន្តរជាតិ?នេះមិនមែន​ជា​លើក​ទីមួយ​ទេដែល​អារ៉ាប៊ីសាអូឌីត​រៀប​ជំនួប​ប្រជុំ​ក្នុង​កម្មវត្ថុ​​សន្តិភាព។សម្រាប់​​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​អារ៉ាប៊ីសាអូឌីត ជំនួប​ប្រជុំ​ថ្ងៃ​នេះបាន​ឆ្លុះ​ឱ្យ​ឃើញថា​រីយ៉ាដ​មាន​​ពេលវេលាសម្រាប់​បំពេញ​បេសកកម្ម​​ជា​ប្រយោជន៍​ល្អ និង​ដើម្បី​ចូល​រួម​ចំណែក​ស្វែង​រក​ដំណោះស្រាយ​ដែល​នាំ​ឱ្យ​មាន​​សន្តិភាព​ជា​និរន្តន៍។ បន្ទាប់ពី​ឆ្លង​កាត់​នយោបាយការទូត​ដ៏​អាប់អោន​​ប្រកប​ដោយ​រឿង​អាស្រូវ​ បង្ក​ឡើង​ដោយ​ការ​ធ្វើ​ឃាត​អ្នក​កាសែត​ប្រឆាំង​កាលពី​ឆ្នាំ​២០១៨ ឬ​ជាប់​ចោទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​វិបត្តិមនុស្សធម៌​នៅ​យេមែន អស់​ជា​ច្រើន​ឆ្នាំ។ អារ៉ាប៊ីសាអូឌីត​បាន​​ផ្សះផ្សា​​ទំនាក់ទំនង​ជាមួយ​អតីត​សត្រូវ ឬ​គូប្រជែង​វិញ ផ្តើម​ដោយ​ការ​​ភ្ជាប់​ទូត​ជាមួយ​កាតា តូកគីនិង អ៊ីរ៉ង់​ព្រមទាំង​ស៊ីរី និង​ប្រកាន់យុទ្ធសាស្ត្រ​ជា​អ្នករក្សា​តុល្យភាព។ស្និទ្ធនឹង​ម៉ូស្គូ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹងក្រុងកៀវ អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​អ្នក​នាំប្រេង​ចេញ​លេខ​មួយ​ពិភពលោក​ធ្លាប់​បាន​តាំង​ខ្លួន​ជា​អន្តរការី​ក្នុង​សង្គ្រាមនៅអ៊ុយក្រែន និង​នៅ​ក្នុង​តំបន់។ ​រីយ៉ាដក៏​​​កំពុង​ដឹក​នាំ​ការ​ចរចា​ឱ្យ​ស៊ូដង់ដែល​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​តាំងពី​ពាក់កណ្តាល​មេសា​មកផង។ កាលពី​ខែ​ឧសភា អារ៉ាប៊ីសាអូឌីត បាន​កោះ​ប្រជុំ​ក្រុម​សម្ព័ន្ធអារ៉ាប់ ​ហើយ​ថ្ងៃ​នេះ ​រាជាណាចក្រ​ការ​ទទួល​រៀប​ចំ​ជំនួបមួយ​ទៀតដើម្បី​អ៊ុយក្រែន គឺ​មក​ពី​អារ៉ាប៊ីសាអូឌីត​ចង់​ពង្រឹង​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​មហាអំណាច​មធ្យម​ម្នាក់​នៅលើ​ពិភពលោក មាន​សមត្ថភាព​អាច​សម្របសម្រួល​ជម្លោះ​បាន។ នេះ​បើ​តាម​ទស្សនៈ​របស់​អ្នកទទួល​ខុស​ត្រូវ​អង្គការ​វិភាគ​នយោបាយ​អន្តរជាតិ​ ប្រចាំ​តំបន់​ដើម​បូព៌ា លោក Joost Hiltermann។ម្យ៉ាង​ទៀត ជម្រើស​​ដោះស្រាយ​វិបត្តិ​ក្បែរ​ឥណ្ឌា​ឬ​ប្រេស៊ីល​ដែល​សុទ្ធ​សឹង​ជា​មហាអំណាច​មធ្យម​ដូច​គ្នា​ និង​ជា​ក្រុមដូច្នេះ ជា​មធ្យោបាយ​មួយ​ដែល​អាចមាន​ឥទ្ធិពល​ខ្លាំង​។ ដូច្នេះ​ទោះ គ្មាន​លទ្ធផល ក៏ជំនួប​ប្រជុំនេះបាន​​រុញ​អារ៉ាប៊ីសាអូឌីត​ឱ្យ​ស្ថិត​នៅក្នុង​ជំហរ​ជា​អន្តរការី​មួយ​ដ៏​ពិតៗ ដែល​អាច​និយាយ​ជាមួយ​ភាគី​ជម្លោះរុស្ស៊ី​និង​អ៊ុយក្រែន​បាន​ទាំង​សង​ខាង និង​ជា​​ជោគជ័យ​ការទូត​មួយសម្រាប់​​រាជបុត្រ​ស្នង​រាជ្យ​ បេនសាល់ម៉ាន ព្រោះ​ក្នុង​នាម​ជាអ្នក​ស្វះស្វែង​រក​សន្តិភាព​ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​ជឿថា​គេនឹង​អាច​បំភ្លេច​បាន​នូវ​រូបភាព​អាក្រក់ៗ​របស់​រាជាណាចក្រ ក្នុង​វិស័យ​សិទ្ធិមនុស្ស​។ នេះបើ​តាម​អ្នក​វិភាគ​។អ៊ុយក្រែនគាំទ្រ​គំនិតផ្តួចផ្តើម​របស់អារ៉ាប៊ីសាអូឌីត?ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ចាត់ទុក​ជំនួប​ប្រជុំ​ផ្តួច​ផ្តើម​ដោយ​អារ៉ាប៊ីសាអូឌីត​ថ្ងៃនេះ​ថា​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​ខ្លាំង​ណាស់។​ ប៉ុន្តែ​លោក​ហ្សេឡេនស្គី បាន​ឆ្លៀត​បន្ទោស​ក្រុង​រីយ៉ាដ​ថា​ផ្សំ​គំនិត​ជាមួយ​រុស្ស៊ី ដែល​រង​ទណ្ឌកម្ម​បស្ចិមលោក តាម​រយៈ​ការ​​គាំទ្រ​និង​អនុម័ត​យក​​នយោបាយកាត់​បន្ថយ​ការ​បូមប្រេង​​ដំឡើង​ថ្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក។​ ការ​សម្រេច​បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ​​របស់​អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី​​រហូត​ដល់​ខែ​កញ្ញា បាន​និង​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​វិញ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ទេ​ គិត​ក្នុង​រយៈ​ពេល​ជិត​បី​ខែមក​នេះ។សូមរំឮក​ថា​នៅ​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​នៅ​​អ៊ុយក្រែន​ភ្លាម​ តម្លៃ​ប្រេង​ឆៅ​លើ​ពិភពលោក​បាន​ស្ទុះ​ឡើង​ជា​គំហុក និង​ជា​ការ​បើក​ឱកាសលើក​អារ៉ាប៊ីសាអូឌីត​ឱ្យ​ត្រដែត​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ។ មហា​អំណាច​ធំៗ រាប់​តាំងពី​សហរដ្ឋ​អាមេរិក បារាំង ... បាន​នាំ​គ្នា​ងាក​មករាប់​អានអារ៉ាប៊ីសាអូឌីត ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​នេះ​ឱ្យ​ជួយ​ទប់​តម្លៃ​ប្រេង៕
8/5/20235 minutes, 4 seconds
Episode Artwork

នីហ្សេ៖ ប្រធានាធិបតីជាប់ឃុំ ដង្ហើយហៅក្រុមប្រទេសលោកលិច​ ពុំនោះទេតំបន់សាហ៊ែលនឹងធ្លាក់ទៅក្នុងដៃរុស្ស៊ី

លោក​ប្រធានាធិបតី​នីហ្សេ Mohamed Bazoum ដែលបច្ចុប្បន្ន​ត្រូវក្រុម​យោធាធ្វើរដ្ឋប្រហារ​ ចាប់បង្ឃាំងទុកនោះ បានផ្ញើសារមួយ ចុះផ្សាយ​ដោយ​កាសែត Washington Post នៅព្រឹកថ្ងៃសុក្រទី​៤សីហា។ ក្នុងសារនេះ លោក​ប្រធានាធិបតី Bazoum បានដង្ហើយហៅឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេសក្រុមប្រទេសលោកខាងលិច ត្រូវរួមគ្នាជួយ​នីហ្សេ ទប់ទល់ជាមួយ​នឹងក្រុម​ឧទ្ទាមរបបសិក ដែលបានធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាល​ស្របច្បាប់របស់លោក​។ "តំបន់សាហ៊ែលអាចធ្លាក់ទៅក្នុងក្រញ៉ាំរុស្ស៊ី"លោកប្រធានាធិបតី Bazoum​បានថ្លែងការបារម្ភថា ប្រសិន​បើ​ក្រុមយោធារបបសិក អាច ឈានចូលមកកាន់អំណាចនៅនីហ្សេពិតមែន នោះគឺតំបន់សាហ៊ែលទាំងមូល នឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ី តាមរយៈវត្តមានរបស់ក្រុមទាហានស៊ីឈ្នួល Wagner។លោក​ប្រធានាធិបតី Bazoum បានរំលឹកថា បច្ចុប្បន្ននេះ នីហ្សេគឺជាដែនដីចុងក្រោយដែល​ឈរការពារ​សិទ្ធិសេរីភាព សន្តិសុខ ស្ថិរភាព តាមរយៈការសហការជាមួយ​កងទ័ពសម្ព័ន្ធមិត្ត ប្រយុទ្ធតទល់បោសសំអាតក្រុម​ភេរវកម្មជាច្រើនក្រុម ដែលធ្វើសកម្មភាព​នៅតំបន់សាហ៊ែល។​ តែប្រសិនបើនីហ្សេ ធ្លាក់ចូលទៅក្នុងដៃរបបសិកផ្តាច់ការ នោះនីហ្សេនឹងមានវាសនា​មិនខុសពី​ ម៉ាលី ឬបួគីណាហ្វាសូ ទេ ពោលគឺប្រជាជន​នីហ្សេ និង​ត្រូវរស់​ក្នុងការភ័យខ្លាច គ្មានសិទ្ធិសេរីភាព អស្ថិរភាព អសន្តិសុខ ជាមួយនឹង​​អំពើកាប់សម្លាប់ សាហាវព្រៃផ្សៃរបស់ទាហានស៊ីឈ្នួលរុស្ស៊ី​។ លោកសង្កត់បន្ថែមថា ប្រសិនបើតំបន់​សាហ៊ែលត្រូវធ្លាក់ខ្លួន ក្នុងក្រញ៉ាំរបស់រុស្ស៊ីពិតមែននោះ នោះ​វាគឺជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ទ្វីបអាហ្វ្រិក ក៏ដូចជាពិភពលោកទាំងមូល។នៅក្នុងសារនេះដែរ លោកប្រធានាធិបតី Bazoum បានលើកឡើងថា អ្វី​ដែលក្រុមយោធាបានឃោសនា ថាខ្លួនបានធ្វើរដ្ឋប្រហារ ក៏ព្រោះតែចង់ស្តារឡើងវិញ នូវសន្តិសុខសុវត្ថិភាពនីហ្សេនោះ វាគឺជាពាក្យ​កុហក​ទាំងអស់​។ លោកប្រធានាធិបតី Bazoum បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសន្តិសុខរបស់នីហ្សេបានល្អប្រសើរខ្លាំងណាស់ ក៏ដោយ​សារតែជំនួយ ​និងការសហការពីកងទ័ព​សម្ព័ន្ធមិត្តលោកខាងលិច។ នៅខាងត្បូង ក្រុមឧទ្ទាមបូកូហារ៉ាំ បានចុះថយលែងវាយប្រហារ២ឆ្នាំមកហើយ។ នៅខាងជើងវិញ ការវាយប្រហារភេរវកម្ម របស់​ក្រុមឧទ្ទាម​ជីហាតអាល់កាយដាតំបន់សាហ៊ែល ក៏បានថយចុះច្រើនដែរ តាំងតែពីឆ្នាំ​២០២១មក។របបសិកប្រកាសបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយបារាំង​នៅយប់ថ្ងៃព្រហស្បតិ៍ ទី​៣សីហា​ ក្រុម​កងទ័ពនីហ្សេដែលធ្វើ​រដ្ឋប្រហារ បានប្រកាស​ ដកខ្លួនចេញពីកិច្ចព្រមព្រៀង សហប្រតិបត្តិការយោធាជាមួយបារាំង។ មានន័យថា កងទ័ពបារាំងដែលឈរជើងនៅនីហ្សេ ចំនួន​ប្រមាណ​១៥០០នាក់ នឹងត្រូវតែចាកចេញពីទឹកដីនីហ្សេ។ នៅក្នុងសារផ្សាយ​តាមកញ្ចក់ទូរទស្សន៍​ អ្នកនាំពាក្យក្រុមកងទ័ពនីហ្សេ បាន​គំរាមទៀតថា គេនឹងប្រើកម្លាំងឆ្លើយតបវិញ ប្រសិន​បើមានអន្តរាគមន៍​វាយ​ប្រហារណាមួយ ពី​ក្រុមប្រទេស​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO។  ជាមួយ​គ្នានេះ របបសិក​នីហ្សេបាន​ប្រកាស បញ្ចប់មុខងារ​អគ្គរដ្ឋទូតនីហ្សេប្រចាំនៅ​បួន​ប្រទេស ដែលមាន បារាំង សហរដ្ឋអាមេរិក នីហ្សេរីយ៉ា និង​តូហ្គោ។ ក្រោយ​ការប្រកាសនេះ លោកអគ្គរដ្ឋទូតនីហ្សេ ប្រចាំនៅក្រុងវ៉ាស៊ីនតោន បានអំពាវនាវ ឲ្យ​របបសិកងាកមកគិតពិចារណាឲ្យ​បានច្បាស់​ កុំនាំប្រទេសផុងជ្រៅទៅក្នុងវិបត្តិបែបនេះ​។ លោក​អគ្គរដ្ឋទូតនីហ្សេ បានក្រើន​រំលឹកថា បើស្ថានការ​ណ៍​នៅតែចុះដុនដាបបែបនេះ សន្តិសុខតំបន់សាហ៊ែលទាំងមូល នឹងត្រូវ​ដួលរលំ​ជាក់ជាមិនខាន​។គិតមកទល់ពេលនេះ មិនទាន់​មានប្រតិកម្ម​អ្វីពី​ខាងរដ្ឋាភិបាលបារាំងទេ។ ដោយឡែក កងទ័ពអាមេរិក​ក៏មានវត្តមាននៅនីហ្សេដែរ ក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយបារាំអ ដើម្បី​បោសសំអាតក្រុមជីហាតអ៊ីស្លាម​ភេរវកម្ម​តំបន់សាហ៊ែល។ ល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិអាមេរិក បានអះអះអាងថាសម្រាប់ពេលនេះ អាមេរិកនៅតែរក្សាកងកម្លាំងនៅនីហ្សេដដែល មិនទាន់មានការផ្លាស់​ប្តូរអ្វី​ទេ។​ គួរបញ្ជាក់ដែរ ថាកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង បានទូរស័ព្ទនិយាយគ្នា ជាមួយ​លោកអង់តូនីប្លីងកិន ដោយ​អ្នកទាំង២បានអះអាងដូចគ្នា ថាបន្តគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យ​ស្របច្បាប់ របស់​លោក​ប្រធានាធិបតី Mohamed Bazoum។ជម្រើសអន្តរាគមន៍យោធា របស់​CEDEAO ក្រុមប្រទេស​សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO បានដាក់ឱសានុវាទមួយសប្តាហ៍ ឲ្យ​របបសិកនីហ្សេ ត្រូវតែនាំប្រទេសឲ្យត្រលប់ទៅកាន់​មាគ៌ាប្រជាធិបតេយ្យឡើងវិញ។ ពុំនោះទេ គេអាចនឹងសម្រេចប្រើកម្លាំងអន្តរាគមន៍យោធា។ ឱសានុវាទនេះ ត្រូវដល់ថ្ងៃកំណត់ នៅថ្ងៃអាទិត្យទី​៦សីហា។ CEDEAO ក៏បានចាប់ផ្តើមដាក់ទណ្ឌកម្ម​ទៅលើនីហ្សេដែរ ដោយបានសម្រេច ​ព្យួរការដោះដូរពាណិជ្ជកម្មជាមួយនីហ្សេ ហើយ​ប្រទេសនីហ្សេរីយ៉ាវិញ​ បាន​សម្រេច​ផ្តាច់ចរន្តអគ្គីសនីមួយផ្នែកធំ ដែលខ្លួនផ្គត់​ផ្គង់​ឲ្យ​នីហ្សេ។ល្ងាចថ្ងៃព្រហស្បតិ៍ ទី៣សីហា​​ គណៈប្រតិភូតំណាង​ CEDEAO បានធ្វើដំណើរទៅដល់ទី​ក្រុងនីអាម៉េ​ ក្នុងគោលបំណងបើកការចរចា ជាមួយ​ក្រុម​យោធានីហ្សេដែលបានធ្វើ​រដ្ឋប្រហារ។ តែទៅដល់​បានប៉ុន្មានម៉ោង គណៈប្រតិភូនេះ បានត្រលប់ទៅវិញ ដោយ​គ្មានបានលទ្ធផលអ្វីទាំងអស់។ គណៈប្រតិភូ CEDEAO មិនត្រូវបាន​ក្រុមយោធានីនីហ្សេ អនុញ្ញាតឲ្យចូលជួបនិយាយជាមួយ មេធំរបស់គេ ឈ្មោះ Abdourahaman Tiani ទេ ហើយ​ក៏មិនឲ្យចូលទៅជួបលោក​ប្រធានាធិបតី​ Mohamed Bazoum ដែលកំពុងជាប់ឃុំដែរ។ក្រោយបរាជ័យនេះ អគ្គបញ្ជាការ​កងទ័ពនៃប្រទេសសមាជិក CEDEAO បាន​បើកការប្រជុំភ្លាមៗ ដើម្បីពិភាក្សាគ្នា អំពីលទ្ធភាព​ប្រើប្រាស់អន្តរាគមន៍​យោធា។ លោកប្រធានាធិបតីនីហ្សេរីយ៉ា Bola Tinubu ដែលបច្ចុប្បន្នជាប្រធានវិលជុំ​ CEDEAO បានអះអាងថា សហគមន៍នេះនឹងផ្តល់អាទិភាពដល់ការចរចា តែសូមរក្សា​ អន្តរាគមន៍​យោធា ជាជម្រើសចុងក្រោយ​។ យ៉ាងណាមិញ ប្រទេសសេណេហ្កាល់ បានអះអាងមុនគេថាខ្លួនបានត្រៀម​កម្លាំងរួចហើយ ដើម្បី​ចូលទៅអន្តរាគមន៍​ បណ្តេញក្រុម​យោធារដ្ឋប្រហារ​នីហ្សេ។ជាមួយស្ថានការណ៍​ដ៏ច្របូកច្របល់នៅនីហ្សេនេះ មានការព្រួយបារម្ភថា ភ្លើង​សង្គ្រាមអាចឆាបឆេះ​ឡើង​​ បង្កអស្ថិរភាព​តំបន់សាហ៊ែល​អាហ្វ្រិក ទាំងមូលតែម្តង ព្រោះថា របបសិកបួគីនាហ្វាសូ និង របបសិកម៉ាលី បាន​ប្រកាសហើយថា គេនឹងមកជួយ​របបសិក​នីហ្សេ ប្រសិនបើមានអន្តរាគមន៍យោធាពីក្រុមប្រទេសCEDEO ឬពីខាងសម្ព័ន្ធមិត្តលោកខាងលិច៕
8/4/20236 minutes, 23 seconds
Episode Artwork

លោកដូណាល់ ត្រាំ រងការចោទប្រកាន់ជាផ្លូវការ ពីបទប៉ុនប៉ងកែប្រែលទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០

នេះគឺជា​លើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រនយោបាយ​សហរដ្ឋអាមេរិក ដែល​អតីតប្រធានាធិបតី រងនូវការ​ចោទប្រកាន់​បទល្មើសព្រហ្មទណ្ឌបែបនេះ​។ លោក​ដូណាល់ ត្រាំ ដែលកំពុងតែ​ធ្វើការ​ឃោសនារកសំឡេងឆ្នោត ក្នុងនាមជាបេក្ខជនប្រធានាធិបតី​ របស់បក្សសាធារណរដ្ឋ ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធ ប្រកាសចោទប្រកាន់ជាផ្លូវការ ទាក់ទិននឹងសំណុំរឿង អំពើហិង្សានៅវិមានកាពីតូលថ្ងៃទី​៦មករា២០២១។ បទល្មើសប្រឆាំងនឹង​រដ្ឋបន្ទាប់ពីបាន​ស៊ើបអង្កេត អស់រយៈពេលជាង២ឆ្នាំ ការចោទប្រកាន់ជាផ្លូវការ​ ត្រូវបាន​ប្រកាស នៅ​ថ្ងៃទី​១សីហា ដោយ​លោករដ្ឋអាជ្ញា Jack Smith ដែលជាអ្នកដឹកនាំការស៊ើបអង្កេត។ ផ្អែកតាមការប្រកាសនេះ​ គឺលោក​ដូណាល់ ត្រូវជាប់ចោទ ពីបទ ឃុបឃិតរៀបចំគម្រោង​ប្រឆាំងនឹងរដ្ឋ បទ​ប៉ុនប៉ងរារាំង​ដល់​នីតិវិធី​ផ្លូវការ និង​បទរំលោភបំពាន​ដល់សិទ្ធិបោះឆ្នោតជាមូលដ្ឋាន​នៃពលរដ្ឋអាមេរិក​។ក្នុងទឹកមុខម៉ឺងម៉ាត់ លោករដ្ឋអាជ្ញា Jack Smith បាន​ពន្យល់ថា ថ្វីបើ​ដឹងថាខ្លួនចាញ់ឆ្នោតក៏ដោយ តែជនជាប់ចោទ ឈ្មោះដូណាល់ ត្រាំ បានមានៈប្រឹងប្រែងក្រាញននាល ចង់បន្តកាន់អំណាច។ ក្នុងការប្រឹងប្រែងនេះ គឺ​ក្រោយថ្ងៃបោះឆ្នោត​ ៣វិច្ឆិកា២០២០ ពោលគឺអស់​រយៈពេលជាង២ខែ ដែល​ជនជាប់ចោទ បានខំប្រឹង​ផ្សព្វផ្សាយ ប្រកូកប្រកាសព័ត៌មានក្លែងក្លាយ ពាក្យកុហកទាំងឡាយទាំងពួង​ ដែល​ខ្លួនប្រឌិតចោទ ថាការបោះឆ្នោតមាន​ភាពមិនប្រក្រតី និងបានអះអាងប្រាប់អ្នកគាំទ្រខ្លួន ថាធាតុពិតគឺខ្លួនជាអ្នកឈ្នះឆ្នោតទេ​។លោក​រដ្ឋអាជ្ញាបន្តថា​ ពាក្យ​ចោទ កុហក បោកប្រាសទាំងនេះ គឺគ្មានផ្អែក​លើ​មូលដ្ឋាន​ភស្តុតាងអ្វីទាំងអស់ ហើយជនជាប់ចោទខ្លួនឯង ក៏បានដឹងច្បាស់ដែរ។ ក៏ប៉ុន្តែ ជននេះ​នៅតែបន្ត​ស្រែក​បន្ទ ម្តងហើយម្តងទៀត ដើម្បីញុះញង់ឲ្យ​មនុស្ស ចូលរួមគាំទ្រ​ក្នុង​គម្រោងឧក្រិដ្ឋរបស់ខ្លួន​។ លោក Jack Smith បានបន្ថែមថា ហេតុការណ៍​ហិង្សា សម្រុកចូលយ៉ាងកម្រោងនៅ​វិមានកាពីតូល ថ្ងៃទី​៦​មករា​២០២១ ជាថ្ងៃដែលសមាជិកសភាខុនហ្រ្កេស​ត្រូវ​ប្រកាសជាផ្លូវការ​អំពីលទ្ធផល​បោះឆ្នោតនោះ​ វាគឺជាលទ្ធផល​នៃការ​ស្រែកញុះញង់ប្រកូកប្រកាស របស់​ជនជាប់ចោទ ឈ្មោះដូណាល់ ត្រាំ។ ហេតុការណ៍​ដែលបានគំរាម ​មកលើប្រព័ន្ធប្រជាធិបតេយ្យ​នៃសហរដ្ឋអាមេរិកនេះ បាន​កើតចេញពី​ពាក្យ​កុហកបោកប្រាស ញុះញង់ ប្រឆាំងនឹង​ស្ថានប័នកំពូលរបស់​រដ្ឋ ប្រឆាំង​ប្រព័ន្ធបោះឆ្នោតជាតិ​ តាមបែបប្រជាធិបតេយ្យ​។  គួរបញ្ជាក់ថា ទាក់ទិននឹងសំណុំរឿង អំពើហិង្សានៅវិមានកាពីតូលនេះ ឯកសារចោទប្រកាន់ជាផ្លូវការ បាន​ចោទមនុស្ស៦នាក់ផ្សេងទៀត តែគេមិនរាយនាមលំអិត​ក្នុងលិខិតប្រកាសជាសាធារណៈទេ។ ដោយឡែក លោក រដ្ឋអាជ្ញា Jack Smith បានអះអាងថា នៅក្នុងសំណុំរឿងនេះ លោកចង់ពន្លឿននីតិវិធី​ឲ្យ​បានឆាប់បំផុត ដោយ​ជនជាប់ចោទ​នឹងត្រូវកោះហៅឲ្យចូលខ្លួន​ភ្លាមៗនៅ​អង្គសវនាការ នៅថ្ងៃទី​៣សីហាខាងមុខនេះ​។កាន់តែជាប់ចោទ កាន់តែមានប្រជាប្រិយភាពជាការពិតណាស់ ពេលវេលាកាន់តែរំកិលទៅមុខ លោក​ដូណាល់ ត្រាំ កាន់តែជាប់ចោទច្រើនឡើងៗ នៅចំពោះមុខតុលាការក្នុងសំណុំរឿង​ផ្សេង។ គិតមកត្រឹមពេលនេះ លោកអតីតប្រធានាធិបតីមាត់ដាចរូបនេះ​ ត្រូវបាន​រដ្ឋអាជ្ញាអាមេរិក ចោទប្រកាន់ជាផ្លូវការ ចំនួន​៤សំណុំរឿងផ្សេងគ្នា។ ក្រៅពីសំណុំរឿងលទ្ធផល​បោះឆ្នោត​ឆ្នាំ២០២០​ លោកដូណាល់ ត្រាំ ត្រូវបានតុលាការរដ្ឋញូយ៉ក ចោទពីបទបៀតបៀន​ផ្លូវភេទកាលពីខែ​ឧសភាកន្លងទៅ ដែលអង្គហេតុ ​បានកើតឡើងកាលពីឆ្នាំ​១៩៩៦។ កាលពីខែមីនាវិញ លោក​ដូណាល់ ត្រាំ ត្រូវតុលាការ​មួយទៀតនៅរដ្ឋញូយ៉កដែរ ចោទពីបទប្រើប្រាស់ថវិកា​ឃោសនាបោះឆ្នោត​ យកទៅចំណាយ​បំបិទមាត់​តារាស្រី​កុនអាសអាភាសម្នាក់ ដែលប៉ុនប៉ងទម្លាយរឿងអាស្រូវជាមួយរូបលោក។ ហើយនៅខែកក្កដា ប្រព័ន្ធយុត្តិធម៌សហព័ន្ធអាមេរិក បានចោទរូបលោកដូណាល់ ត្រាំជាផ្លូវការ ពីបទ​រក្សាទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ និង​បានធ្វើ​ឲ្យសន្តិសុខជាតិអាមេរិក​ប្រឈមគ្រោះថ្នាក់។តែទន្ទឹមគ្នានេះ គេឃើញថា លោកដូណាល់ ត្រាំ មានប្រជាប្រិយភាពកាន់តែខ្លាំងឡើង បើទោះបីមានរឿងក្តីក្តាំជាប់ស្កះ​។ យ៉ាងណាមិញ កាលពីពេលទៅឃោសនានៅ​រដ្ឋ Iowa លោកដូណាល់ ត្រាំ បានថែមទាំងនិយាយអួតថែមទៀត ថា ក្នុងចំណោមមនុស្សដែលជាប់ចោទទាំងអស់ គ្មាននរណាមានប្រជាប្រិយ មាន​គេស្រលាញ់គាំទ្រច្រើនដូចលោកនោះទេ។យោងតាម​ការស្ទាបស្ទង់មតិមួយចេញផ្សាយ​កាលពីថ្ងៃចន្ទ ដែល​ធ្វើ​ឡើង​ដោយ​កាសែត New York Times និង Siena College គឺលោក​ដូណាល់ ត្រាំ កំពុងតែនាំមុខគេខ្លាំងណាស់ នៅក្នុងចំណោម​បេក្ខជនទាំងអស់។ ពីមុន​ការគំាំទ្រទៅលើលោក គឺ​​ប្រកៀកប្រកិតគ្នាជាមួយ​លោក Ron DeSantis អភិបាលរដ្ឋ​ផ្លរីដា តែពេលនេះ លោក​ដូណាល់ ត្រាំ ​បាននាំមុខ លោក​ម្នាក់នេះ ដល់ទៅ​៣៧​ពិន្ទុឯណោះ។ ជនរងគ្រោះត្រូវគេព្រួតគ្នាធ្វើបាបផ្អែកតាមការពន្យល់របស់អ្នកជំនាញជាច្រើន ដែលបានប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំងAFP គឺ ប្រជាប្រិយភាពរបស់​លោក​ដូណាល់ ត្រាំ ដែល​មាន​កម្លាំងរឹងមាំនេះ គឺដោយសារតែ​ សមត្ថភាពរបស់​លោក​ក្នុ​ងនិយាយ តាងនាមឲ្យ​ប្រជាជនអាមេរិក ដែល​មានជីវភាព​ក្រីក្រ ជាពលករ កម្មករតូចតាច ហើយដែលពួកគេ មានអារម្មណ៍ថា អំណាចរដ្ឋ អ្នកនយោបាយ​ ព្រមទាំង​ពពួក​ក្រុមមនុស្សចេះដឹងមានទ្រព្យមានធនជា​ទូទៅ មិនយកចិត្តទុកដាក់ខ្វាយខ្វល់ពីពួកគេ។​លោក Michael J. O’Neil តំណាងសមាគមអភិរក្សគតិយុទ្ធ Landmark Legal Foundation បានលើកឡើងថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ពហុភាគី សកលភាវូបនីយកម្ម ព្រមទាំងសង្គ្រាម​ដែលមិនចេះចប់មិនចេះហើយ បាន​ធ្វើ​ឲ្យសេដ្ឋកិច្ចអាមេរិកជួបការលំបាក និងបានរុញច្រាន​មនុស្ស​ជាច្រើន​ឲ្យ​គ្មានការងារធ្វើ គ្មាន​ក្តីសង្ឃឹមទៅអនាគត។ គឺក្រុម​មនុស្សទាំងនេះហើយ ដែល​ស្តាប់សម្តីស្រែកក្តែងៗរបស់​លោកដូណាក់ ត្រាំ ចូលត្រចៀក។ សម្រាប់ពួកគេ លោកដូណាល់ ត្រាំ គឺជាមនុស្សខុសពីពួកអ្នកអ្នកនយោបាយ​ តែ តែ ស្ករ ស្ករ ផ្សេងទៀត ដែលគិតតែពីការពារអត្ថប្រយោជន៍ខ្លួន​ មិនខ្វល់ពី​ជីវភាពលំបាកក្រីក្ររបស់​ប្រជាជនអាមេរិក ​នៅតាមតំបន់ដាច់ស្រយាល។  ដូចគ្នាដែរ លោក David Greenberg សាស្ត្រាចារ្យសារព័ត៌មាន និង​ប្រវត្តិសាស្ត្រ​នៅសកលវិទ្យាល័យ Rutgers បាន​ពន្យល់ថា កម្លាំងគាំទ្រដ៏រឹងមាំនៅពីក្រោយលោកដូណាល់ ត្រាំ គឺដោយសារតែមនុស្សទាំងនោះ មានក្រុម​សត្រូវរួមតែមួយ។ ហើយចាប់ពីពេលនេះទៅ ប្រព័ន្ធយុត្តិធម៌ តុលាការអាមេរិក ក៏ស្ថិតនៅក្នុង​ក្រុមជាសត្រូវរបស់​អ្នកគាំទ្រលោក​ដូណាល់ ត្រាំដែរ។ សម្រាប់ពួកគេ លោក​ដូណាល់ ត្រាំ ជាប់ចោទមានក្តីក្តាំជាប់ស្កះពេញខ្លួន គឺវាជាសក្ខីកម្មបង្ហាញថា លោកដូណាល់ ត្រាំ ពិតជាជនរងគ្រោះ ត្រូវពួក​សត្រូវចោមរោមព្រួតគ្នា​ធ្វើបានចោទប្រកាន់ពីគ្រប់ទិស។ ដូច្នេះ ការដែល​ពួកគេ​ លែងមានទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌នោះ គឺវាត្រឹមត្រូវពេក​ណាស់​!តែយ៉ាងណាក៏ដោយ អ្វីៗអាចប្រែប្រួលទៀត ព្រោះថាការបោះឆ្នោត​ជ្រើសរើសបេក្ខជន ក្នុងបក្សសាធារណៈរដ្ឋ​ នឹងចាប់ផ្តើមនៅដើមឆ្នាំ​២០២៤។ សន្ទុះគាំទ្រ លើលោកដូណាល់ ត្រាំ អាចនឹងប្រែប្រួល ក៏ថាបានដែរ។ លោក Mike Pence អតីតអនុប្រធានាធិបតីកាលពី​អាណត្តិ​លោកដូណាល់ ត្រាំ ហើយដែលបច្ចុប្បន្នបានប្រកាសបេក្ខភាពឈរឈ្មោះដែរនោះ បាន​លើកឡើងកាលពីពេលថ្មីៗនេះថា អ្នកណាក៏ដោយ ដែលតាំងខ្លួនធំជាង​រដ្ឋធម្មនុញ្ញ គឺមិនត្រូវអនុញ្ញាតឲ្យអ្នកនោះឡើងធ្វើប្រធានាធិបតីទេ៕
8/2/20237 minutes, 11 seconds
Episode Artwork

ភូមា ៖ លោកស្រី​ អ៊ុងស៊ានសូជី បាន​ទទួល​ការ​លើកលែង​ទោស តែ​បន្ត​ជាប់​ឃុំ

អតីត​ប្រមុខ​ដឹកនាំ​ស៊ីវិល​ភូមា លោក​ស្រី អ៊ុងសានស៊ូជី ដែលក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​​ពី​អំណាច និង​ចាប់​​ឃុំ​ឃាំង​តាំង​ពី​ថ្ងៃ​ទី ១ កុម្ភៈ​ឆ្នាំ​២០២១​មក បាន​ទទួល​ការ​លើក​លែង​ទោស​ មួយ​ភាគ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ប្រកាស​ដោយ​បណ្តាញឃោសនា​រដ្ឋ​ នៅ​ថ្ងៃ​អង្គារ​ទី ១សីហា។ ជា​ការ​លើក​លែង​ទោស​ដល់​ពិរុទ្ធជន​ជាង​៧០០០នាក់ ក្នុង​ឱកាស​បុណ្យ​ពុទ្ធសាសនា​ជា​ប្រពៃណី​ជាតិ​ភូមា។ ​លើក​លែង​ទោស=ដោះលែង​ឱ្យមាន​សេរីភាព?ភូមា​ដែល​ជា​ប្រទេស​ប្រកាន់​ពុទ្ធសាសនា​ដ៏​មុតមាំ​ជាង​គេ​មួយ ជាញឹកញយ​ តែង​តែ​​ដោះលែង​អ្នក​​ទោស ​ នា​ឱកាស​បុណ្យ​ពុទ្ធសាសនា​ធំៗ។ សម្រាប់​បុណ្យ​ចូល​វស្សា​ឆ្នាំនេះ ភូមា​បានប្រកាស​លើកលែង​ទោសដល់​ពិរុទ្ធជន​ជាង​៧ពាន់​នាក់ ក្នុង​នោះ​មាន​ម្នាក់​គឺ​លោកស្រី អ៊ុងសានស៊ូជី។“ស្រប​តាម​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស ប្រធានក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​បាន​សម្រេ​ចលើក​លែង​ទោស​ដល់​លោកស្រី​អ៊ុងសានស៊ូជី ដែល​តុលាការ​មាន​សមត្ថកិច្ច​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​”។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ផ្សព្វផ្សាយ​ដោយ​​សារព័ត៌មានរដ្ឋ​ភូមា។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី១​កុម្ភៈ​ឆ្នាំ​២០២១ តុលាការ​សឹក​ភូមា បាន​កាត់​ទោសអតីត​ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​ ​លោកស្រី​អ៊ុងសានស៊ូជីឱ្យ​ជាប់​ពន្ធនាគារ​​ចំនួនសរុប​​៣៣​ឆ្នាំ ចំពោះ​បទល្មើស​ចំនួន​១៩​ករណី​ មាន​​ជា​អាទិ៍​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​មិន​គោរព​ច្បាប់​កូវីដ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ លោកស្រី​អ៊ុងសានស៊ូជី បាន​ទទួល​ការ​លើក​លែង​ទោស​តែ​ចំនួន ៥​ករណី ប៉ុណ្ណោះ ក្នុង​ចំណោមទោស​​ទាំង​១៩។ សេចក្តីប្រកាស​​លើកលែង​ទោស​នេះមិន​​នាំ​ដល់​ការ​ដោះលែង​រូប​លោក​ស្រី​អ៊ុងសានស៊ូជីទេ គឺគ្រាន់​តែ​មាន​ការ​បន្ថយ​ទោស​បាន​៦​ឆ្នាំ។ បើ​តាម​របប​សឹក ​លោកស្រី​ត្រូវ​បន្តមាន​ទោស​​ជាប់​ឃុំឃាំង​ចំនួន ២៧ឆ្នាំទៀត។ ​តាំងថ្ងៃ​រដ្ឋប្រហារ​យោធា​​មក គេបាន​ឃើញ​រូបលោកស្រី ជ័យលាភី​ណូបែល​សន្តិភាព (ឆ្នាំ​១៩៩១) ​វ័យ​៧៨ឆ្នាំ​​តែម្តង​គត់ នៅក្នុង​សាលសវនាការ​របស់​តុលាការ​ក្រុង​ណៃពិដរ តាម​រយៈ​រូបភាពបង្ហាញ​ដោយ​បណ្តាញ​ឃោសនា​រដ្ឋ ដែល​មាន​គុណភាព​មិន​សូវ​ច្បាស់ផង​។​ កាលពី​សប្តាហ៍​មុន​ អ្នក​ទទួល​ខុស​ត្រូវ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​បាន​អះអាង​ថា របប​សឹក​បាន​បញ្ជូន​លោកស្រី​អ៊ុងសានស៊ូជី ចេញពី​ពន្ធនាគារ​ទៅ​កាន់​អគារ​រដ្ឋាភិបាល​មួយ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​។តើ​របប​សឹក​ភូមា​កំពុង​លេង​ល្បែង​អ្វី?បើ​តាម​បណ្តាញ​ឃោសនា​ព័ត៌មាន​រដ្ឋ​ភូមា ​របប​សឹក​ក៏​បាន​លើក​លែងទោស​ដល់​អតីត​ប្រធានាធិបតី​ភូមា លោក​វីនមីង ដោយ​បន្ថយ​ទោស​បួន​ឆ្នាំដែរ តែ​បន្ត​​ជាប់ឃុំ​ដូចលោកស្រី​អ៊ុងសានស៊ូជីដែរ​។ អ្នកទោស​បរទេស​ចំនួន​១២៥នាក់​បាន​ទទួលការ​លើកលែងទោស និង​ដោះលែង។ ដោយ​ឡែក មានអ្នក​ទោស​ជា​ច្រើន​ផ្សេង​ទៀត បាន​ទទួល​ការ​បន្ធូរបន្ថយ​ទោស ពីទោសប្រហារ​ជីវិត​មក​ត្រឹម​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។សម្រាប់​អ្នក​វិភាគ​ឯករាជ្យ David Mathieson របប​សឹក​ភូមា​កំពុង​តែ​លេង​ល្បែង​ដ៏​សាហាវ​ជាមួយ​អ្នកទោស​នយោបាយ​។ ការ​ផ្តន្ទាឱ្យ​​លោកស្រី​អ៊ុងសានស៊ូជី​ជាប់​ពន្ធនាគារ​៣៣​ឆ្នាំ​ជាទោស​​ដ៏ហួសហេតុ​ណាស់ ហើយបន្ថយ​ទោសតែ​​៦​ឆ្នាំ​ ពិត​ជា​ទង្វើ​ដ៏​អាក្រក់​ក្រៃ។ ចំណែក​​លោក Phil Robertson នាយករង​អង្គការ​Human Rights Watch ប្រចាំ​តំបន់​អាស៊ី យល់​ថា​ក្រុមយោធា​ភូមា​កំពុង​ស្វះស្វែង​បង្ហាញ​ពី​ភាព​សមហេតុផល​របស់​ខ្លួន និង​​ចេតនា​ចង់​ចរចាតាម​រយៈ​ការ​បន្ថយ​ទោស​ តែ​តាមការ​ពិត​គឺ​គ្មាន​សោះ។ កាត់​បន្ថយ​ទោស​ ជា​លក្ខណៈ​របស់ផ្តាច់ការ​របស់​​តុលាការ​សឹក​ដែល​កាត់​ទោស​តាម​ចិត្ត​នឹកឃើញ​ ដោយ​​អ្នក​ជាប់​ចោទ​មិន​អាច​ដឹងច្បាស់​លាស់​អំពី​ទោស​របស់​ខ្លួន​ឡើយ។ នេះ​បើតាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​អង្គការ​​Amnesty International​នៅភូមា លោក Joe Freeman។សម្រែក​អន្តរជាតិគ្មាន​ប្រសិទ្ធភាព​លើ​របប​សឹកភូមា? រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី​អ៊ុងសានស៊ូជី ​​បើ​តាម​អង្គការ​សហប្រជាជាតិបាន​រុញ​ទម្លាក់​ប្រទេស​ទៅ​ក្នុង​វិបត្តិ​ និង​អំពើ​ហិង្សា​ស៊ីវិល ដោយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​បីពាន់​នាក់​ស្លាប់​បាត់បង់​ជីវិត ជាង​មួយ​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​បំលាស់​ទី និង​ជាង២​ម៉ឺនបួន​ពាន់​​នាក់ត្រូវ​ចាប់​ខ្លួន ឬ​ជាប់​ឃុំ។ ទាំងអង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​បណ្តា​ប្រទេស​លោក​ខាង​លិចធំៗ បាន​អំពាវនាវ​ឱ្យ​ភូមា​ដោះលែង​អ្នក​ទោស​នយោបាយ និង​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី។ ប៉ុន្តែ​គ្រប់​ការ​ចរចា​ និង​ការ​សម្រុះសម្រួល​គ្មាន​បាន​លទ្ធផល​អ្វី​ទាំងអស់។ របប​សឹក​បាន​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី នៅខែ​សីហា​២០២៣​នេះ ប៉ុន្តែនៅថ្ងៃ​ទី​៣១​កក្កដា​ម្សិលមិញ ក្នុង​ពេល​ដែល​សេចក្តីប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​ត្រូវ​ដល់​ទីអវសាន​ ​ក្រុមប្រឹក្សា​ការពារ​និង​សន្តិសុខ​ជាតិ បាន​សម្រេចបន្ត​ភាព​អាសន្ន​រយៈ​ពេល​៦​ខែ​ទៀត​។ ពន្យារ​ពេល​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន មាន​ន័យ​ថា​ការ​បោះឆ្នោត​​ក៏​ត្រូវ​តែ​លើក​ពេល​ដែរ ព្រោះ​បើ​តាម​​រដ្ឋធម្មនុញ្ញ​ភូមា ការ​រៀប​ចំ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​បាន​នៅ​៦​ខែ​ក្រោយ​ប្រទេស​ដើរ​ចេញ​​ពីភាព​អាសន្ន។ លោក​មីនអ៊ុងឡាំង បាន​ពន្យល់​អំពីហេតុផល​នៃ​សេចក្តី​សម្រេច​ពន្យារ​ពេល​​ដាក់​ប្រទេស​ភាព​អាសន្ន​ម្ត​ងហើយ​ម្តង​ទៀត ដោយ​ហេតុ​តែ​មាន​ការ​ប្រយុទ្ធ​និងការ​​វាយប្រហារ​ កំពុងកើត​ឡើង​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ប្រទេស។ ​ប្រមុខ​ដឹកនាំ​របប​សឹក​ភូមា​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ប្រទេស​បានត្រឹម​តែពីរ​ភាគ​បី​នៃ​​ស្រុក​ទាំង​៣៣០​របស់​ភូមា ​​ប៉ុណ្ណោះ។ ​ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ប្រឆាំង​ ​ការ​បោះឆ្នោត​សន្យា​ដោយ​របប​សឹក ទោះ​ប្រព្រឹត្ត​ទៅ​បាន​មែន ក៏​គ្មាន​លក្ខណៈ​សេរី និង​សមធម៌​ដែរ។ គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​បាន​រំលាយ​គណបក្ស​របស់​លោកស្រី​អ៊ុងសានស៊ូជី​ ព្រោះ​មិន​ស្រប​តាម​ច្បាប់​បោះឆ្នោត​ថ្មី​តាក់តែង​ដោយ​ក្រុមយោធា។ កាលពី​ខែ​មករា​ដើម​ឆ្នាំ គណៈកម្មការ​បោះឆ្នោត​ បាន​ផ្តល់​ពេល​ពីរ​ខែ​ឱ្យ​គណបក្ស​នយោបាយ​ចុះឈ្មោះ​ តែ​ក្នុង​ចំណោម​គណបក្ស​ទាំង​៩០ មាន​តែ៥០ប៉ុណ្ណោះ​អាច​ជាប់​ក្នុង​បញ្ជីបោះឆ្នោត​ថ្មី៕
8/1/20235 minutes, 8 seconds
Episode Artwork

ក្រុងម៉ូស្គូបានរងការវាយប្រហារដោយយានដ្រូន​សាជាថ្មី ដែលរុស្ស៊ីអះអាងថាជាស្នាដៃអ៊ុយក្រែន

យោងតាមការផ្សាយ​របស់​បណ្តាញព័ត៌មាន​រុស្ស៊ី កាលពីយប់​រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី​៣០កក្កដានេះ ទីក្រុងម៉ូស្គូ បានរងនូវការវាយ​ប្រហារ​ដោយយានដ្រូន។ ភាគីរុស្ស៊ីចាត់ទុកថាជាស្នា​ដៃរបស់អ៊ុយក្រែន​។ នេះគឺជាការវាយប្រហារជាថ្មីទៀត កណ្តាល​ក្រុងម៉ូស្គូ ដែល​អាចបញ្ជាក់ថា រដ្ឋធានី​ធំរបស់រុស្ស៊ីនេះ ហាក់ដូចជាមិនមានការ​ការពារផ្លូវអាកាស ឲ្យ​បានរឹងមាំនោះទេ​។ ដ្រូន​៣គ្រឿងវាយធ្លាក់កណ្តាលក្រុងម៉ូស្គូ​ផ្អែកតាមការចុះផ្សាយ របស់​បណ្តាញព័ត៌មាន TASS របស់រុស្ស៊ី គឺយានដ្រូនចំនួន​៣គ្រឿងរបស់អ៊ុយក្រែន បានមកវាយប្រហារនៅ​ក្រុងម៉ូស្គូ កាលពីវេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ​។ ដ្រូន​១គ្រឿង ត្រូវបាន​កំទេចបាន​ហើយធ្លាក់នៅជាយ​ក្រុង​ ក្នុងតំបន់ Odintsovo។ ចំណែកពីរគ្រឿងទៀត ត្រូវបានធ្លាក់នៅកណ្តាលក្រុងម៉ូស្គូតែម្តង ក្នុងសង្កាត់ដែលសំបូរអាគារខ្ពស់​ៗ។ បើផ្អែកតាមប្រភពខ្លះ គឺអគារដែលបានរងការវាយ​ប្រហារនោះ គឺជាអគារដ្ឋបាល ការិយាល័យ ដែលក្រសួងរដ្ឋរុស្ស៊ីប្រើប្រាស់​។លោក Sergueï Sobrianine អភិបាលទីក្រុងម៉ូស្គូ បានសរសេរបង្ហោះ លើបណ្តាញតេឡាក្រាម នៅព្រឹកថ្ងៃអាទិត្យនេះថា ជញ្ជាំងកញ្ចក់អាគារចំនួន២ បានរងការខូចខាត បាក់បែក ដោយសារតែការវាយប្រហារនេះ​។ លោក​ម្នាក់នេះ អះអាងថា មិនមានមនុស្ស​ស្លាប់ឬរបួសដោយសារ​ការវាយប្រហារនេះទេ គឺមានតែការខូចខាតសម្ភារៈ។ រូបភាព​ពីក្រុមការងារ អ្នកយកព័ត៌មានបារាំង AFP បានបង្ហាញឲ្យឃើញ​ បំណែកបង្អួចកញ្ចក់ និងបំណែកអាគារធ្លាក់​មកលើដី។ ដោយសារតែការវាយប្រហារនេះដែរ ព្រលានយន្តហោះ Vnoukovo ជាយក្រុងម៉ូស្គូ ត្រូវបាន​ផ្អាកដំណើរការប៉ុន្មានម៉ោងដែរ​ នៅព្រឹកថ្ងៃអាទិត្យ​។ក្រសួងការពារជាតិរុស្ស៊ីបាន​បរិហារថា នេះគឺជាទង្វើ​ ប៉ុនប៉ងវាយប្រហារភេរវកម្ម របស់អ៊ុយក្រែន។ តែយ៉ាងណា សម្រាប់ពេលនេះ មិនទាន់​មានការ​ប្រកាសទទួលស្គាល់ណាមួយ​ពី​ភាគីអ៊ុយក្រែនទេ។ ដូចយើង​​បានដឹងហើយ ថានេះមិនមែនជាលើកទី១ទេ ដែលមានការ​វាយ​ប្រហារដោយយានដ្រូន​ នៅ​កណ្តាលក្រុងម៉ូស្គូ ហើយដែល​រុស្ស៊ីតែងតែចោទថាជាស្នាដៃអ៊ុយក្រែន​។ លោក​ហ្សេឡេនស្គី ធ្លាប់​បានសន្យាថានឹងវាយប្រហារទៅក្នុងទឹកដី​រុស្ស៊ីវិញ ដើម្បីសងសិកចំពោះការវាយប្រហារដែលរុស្ស៊ីបានធ្វើមកលើទីក្រុងអូដេសា កាលពីពេលថ្មីៗនេះ​។លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីវិញ បាន​ស្តីបន្ទោស ថាបើគ្មាន​អាមេរិក និងអូតង់ទេ អ៊ុយក្រែនក៏មិនអាចបើកការវាយ​ប្រហារនេះបានដែរ។ តែទន្ទឹមនឹងនេះ យើងឃើញថា ទីក្រុងម៉ូស្គូមួយទាំងមូល ហាក់ដូចជាមិនមាន​ប្រព័ន្ធការពារផ្លូវអាកាសរឹងមាំសោះ បានជាយានដ្រូនអាច​ហោះទៅវាយ​ប្រហារ​ម្តងហើយម្តងទៀតបែបនេះ​។ដ្រូនអ៊ុយក្រែន​២៥គ្រឿង ប៉ុនប៉ងវាយប្រហារ​នៅគ្រីម៉េក្រសួងការពារជាតិរុស្ស៊ីអះអាងថា នៅព្រឹកថ្ងៃអាទិត្យនេះ គឺមានយានដ្រូនរបស់អ៊ុយក្រែន ចំនួន​២៥គ្រឿងបាន​ប៉ុនប៉ងមកវាយប្រហារ នោះតំបន់គ្រីម៉េ។ ក្នុងនោះ​កងទ័ពរុស្ស៊ីបានវាយកំទេចទាន់ពេលវេលា ចំនួន​១៦គ្រឿង ដោយ​ប្រព័ន្ធការពារផ្លូវអាកាស ចំណែក​៩គ្រឿងទៀត ត្រូវបាន​ក្រុមជំនាញរុស្ស៊ី ដណ្តើមគ្រប់គ្រងបានពីចំងាយ​តាមប្រព័ន្ធព័ត៌មានវិទ្យា ហើយ​បានបញ្ជាឲ្យធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។ហើយកាលពីថ្ងៃសុក្រវិញ រុស្ស៊ីអះអាងថា អ៊ុយក្រែនបានបាញ់មីស៊ី២គ្រាប់ ចូលទៅក្នុងទឹកដីរុស្ស៊ី ត្រង់តំបន់ Taganrog ក្បែរព្រំដែនអ៊ុយក្រែន បណ្តាលឲ្យរបួសមនុស្ស​១៦នាក់។ ករណីបាញ់មីស៊ីលចូលដីរុស្ស៊ីនេះ គឺជារឿងកម្រណាស់។ មីស៊ីល២គ្រាប់នេះ រុស្ស៊ីថាជាប្រភេទមីស៊ីល S-200។ដោយឡែក ខាងទឹកដីអ៊ុយក្រែនវិញ រុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារ ចំអគារសាលារៀនមួយ កាលពីយប់ថ្ងៃសៅរ៍ម៉ោង​៨ បណ្តាលឲ្យ​ស្លាប់ម្នាក់ និងរបួស៥នាក់ នៅទីក្រុងSoumy។ នេះបើផ្អែកតាមបណ្តាញព័ត៌មានអ៊ុយក្រែន Suspilne។ ហើយ​នៅថ្ងៃសៅរ៍ដែរ មនុស្ស២នាក់បានស្លាប់ដោយការវាយប្រហារ របស់រុស្ស៊ី នៅឯតំបន់ហ្សាប៉ូរីចា។ប្រធានសហភាពអាហ្វ្រិកអំពាវនាវ​ឲ្យ​មានបទឈប់បាញ់​វេទិកាកំពូល រុស្ស៊ី អាហ្វ្រិក បានបិទបញ្ចប់ទៅកាលពីថ្ងៃសុក្រ ដោយ​លោក​ប្រធានសហភាពអាហ្វ្រិក លោក Azali Assoumani បាន​ប្រាប់ទៅលោកពូទីនថា វាជារឿងចាំបាច់ណាស់ ដែលត្រូវតែឈានទៅ​ មានបទឈប់បាញ់ ឲ្យ​បានឆាប់បំផុត ជាមួយអ៊ុយក្រែន ព្រោះថា វាគឺជារឿងស្លាប់រស់ រឿងក្រពះ របស់ប្រជាជននៅអាហ្វ្រិក។ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្នុងពេលប្រជុំ លោក​ពូទីន បានសន្យាប្រាប់ទៅថ្នាក់ដឹកនាំអាហ្វ្រិកថា កុំភ័យ ចាំរុស្ស៊ី​ដឹកគ្រាប់ធញ្ញជាតិទៅឲ្យ ជំនួសឲ្យ​គ្រាប់ធញ្ញជាតិរបស់​អ៊ុយក្រែន។ ជាងនេះទៀត រុស្ស៊ីនឹងអោយ​ដោយ​មិនគិតថ្លៃទេ ក្នុងទំហំមួយផ្នែកធំ សម្រាប់ប្រទេសប្រមាណ​៦ប្រទេស ដែលលំបាកខ្លាំង​។ តែការធានារបស់​លោកពូទីននេះ ត្រូវបាន​​​លោក Azali Assoumani ប្រធានសហភាពអាហ្វ្រិក បាន​ឆ្លើយបកទៅវិញថា វាមិនគ្រប់គ្រាន់ទេ។ អ្វីដែលចាំបាច់ គឺការឈានទៅ​មានបទឈប់បាញ់​។  លោកពូទីន៖ “ខ្ញុំមិនដែលបិទផ្លូវចរចាជាមួយអ៊ុយក្រែនទេ!”នៅថ្ងៃសៅរ៍​ទី​២៩កក្កដា​ ក្នុងសន្និសីទកាសែតមួយ នៅក្រុងប៉េតេសបួរ លោកពូទីន បាន​ឆ្លើយប្រាប់អ្នកកាសែតថា លោក​មិនដែលបិទផ្លូវ រឿងចរចាជាមួយអ៊ុយក្រែននោះឡើយ​។ លោក​បន្តទៀតថា សំណើរបស់​ក្រុមប្រទេសអាហ្វ្រិក ក៏ជាពីភាគីចិន ដែលចង់​ឲ្យ​មាន​ផែនការចរចា គឺរុស្ស៊ីនឹងយកមកគិត ប្រើវាជាមូលដ្ឋាន​។ ចំណែក​រឿងបទឈប់បាញ់វិញ ​លោក​បាន​លើកឡើងថា​ សម្រាប់ពេលនេះ គឺពិបាកធ្វើ​បន្តិចហើយ ព្រោះថាអ៊ុយក្រែន​ កំពុងតែបើកប្រតិបត្តិវាយ​បក ដែលតម្រូវឲ្យ​ខាងរុស្ស៊ីត្រូវតែទប់ទល់​ វាយប្រហារទៅវិញ។ តែយ៉ាងណា លោក​បានបញ្ជាក់ថា សម្រាប់ពេលនេះ គឺខាងកងទ័ព​រុស្ស៊ី មិនមានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី មិនមានការបើកសម្រុកវាយប្រហារទ្រង់ទ្រាយធំណាមួយ នៅឯសមរភូមិ​ អ៊ុយក្រែនទេ៕
7/30/20236 minutes, 19 seconds
Episode Artwork

នីហ្សេ៖ មេអង្គរក្ស​ប្រធានាធិបតីជាអ្នកនៅពីក្រោយរដ្ឋប្រហារ និងប្រកាសតាំងខ្លួនជា​ប្រមុខរដ្ឋថ្មី

នៅប្រទេស​នីហ្សេ អ្នកផ្តួចផ្តើម​គំនិត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល និង​ចាប់ដាក់ឃុំ ប្រធានាធិបតី លោក​ម៉ូហាម៉េដ បាហ្ស៊ូម បាន​ចេញមុខ​ប្រកាស​តាំងខ្លួនជា​ប្រមុខដឹកនាំ​ថ្មី ចាប់តាំងពីថ្ងៃ​ព្រហស្បតិ៍។ មេដឹកនាំ​របបសឹកនីហ្សេ ដែលជាមេគំនិត ដណើ្តមអំណាច​ពីប្រធានាធិបី គ្មានអ្នកណាក្រៅពី​លោក​អាប់ឌូរ៉ាហាម៉ាន់ ចានី ដែលជា​ប្រធានអង្គរក្សរបស់​ប្រធានាធិបតី។ នៅក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ នៅយប់ថ្ងៃ​សុក្រម្សិលមិញ លោក​អាប់ឌូរ៉ាហាម៉ាន់ ចានី បាន​ប្រកាស​តាំងខ្លួន​ជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ នៅមុន​ការប្រកាស​របស់​ពួកយោធា​នីហ្សេ ដែល​គាំទ្រ​ឲ្យ​លោក​ធ្វើជា​ប្រមុខដឹកនាំ​ថ្មី​របស់​នីហ្សេ។ រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ចេញមកពីការបោះឆ្នោត នៅ​នីហ្សេ បានទាក់ទាញ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ពីសហគមន៍​អន្តរជាតិ មិនថា ប្រទេស​លោកខាងលិច និងថ្នាក់ដឹកនាំ​អាហ្វ្រិក។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃ​សុក្រ ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខ​របស់សហភាពអាហ្វ្រិក​បានទាមទារ​ឲ្យ​ពួកយោធា​នីហ្សេដោះលែង​ប្រធានាធិបតី និង​ត្រលប់ចូលទៅ​បន្ទាយវិញ ក្នុង​រយៈពេល ១៥ថ្ងៃ។ ចំណែក​អាមេរិក​បាន​ប្រកាស​គំរាម​កាត់ផ្តាច់ជំនួយ ក្នុងខណៈពេល​បារាំងដែលជាដៃគូ របស់​នីហ្សេ សម្រាប់​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម​នៅ​តំបន់សាហែល នៅអាហ្វ្រិក ប្រកាស​បើកកិច្ចប្រជុំសន្តិសុខ​បន្ទាន់ ដើម្បីនិយាយ​ពី​ស្ថានការណ៍​នៅនីហ្សេ។ តើអ្វីទៅជា​ហេតុផល​ដែល​ជំរុញឲ្យមាន​ការធ្វើរដ្ឋប្រហារ​នៅ​នីហ្សេ ដែលជាប្រទេស​កំពុង​ស្ងប់ស្ងាត់ និង​ជា​ដៃគូសំខាន់​របស់​ប្រទេស​លោកខាងលិច? ២ថ្ងៃ​ក្រោយពួកយោធា​អះអាង​ធ្វើរដ្ឋប្រហារ​ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និង​ចាប់ប្រធានាធិបតីដាក់ឃុំ មេក្រុម​អង្គរក្ស​ប្រធានាធិបតី លោក អាប់ឌូរ៉ាហាម៉ាន់ ចានី បាន​ចេញមុខ​តាម​កញ្ចក់​ទូរទស្សន៍ជាតិ កាល​ពីយប់ថ្ងៃ​សុក្រម្សិលមិញ និង​ប្រកាស​តាំងខ្លួន​ជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រោចស្រង់មាតុភូមិ ដែល​ជា​ក្បាលម៉ាស៊ីនថ្មី ដឹកនាំថ្មី​របស់​ប្រទេស​នីហ្សេ ក្រោយ​រដ្ឋប្រហារ។ ខុសប្លែកពី​រដ្ឋប្រហារ នៅ​ប្រទេស​ដទៃ អ្នកដែល​ធ្វើរដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតី​នៅប្រទេស នីហ្សេ ជា​ប្រធាន​អង្គរក្សប្រធានាធិបតី ប៉ុន្តែ មិនមែន​ជាមេបញ្ជាការ​កងទ័ព។ការធ្វើ​រដ្ឋប្រហារ​យោធា ទម្លាក់រដ្ឋាភិបាលស៊ីវិល នៅនីហ្សេ ជា​រឿងដែលគេមិននឹកស្មានដល់ នេះ​បើ​មើលទៅ​លើស្ថានការណ៍នយោបាយ​ដែលចាប់មាន​ស្ថិរភាពឡើងវិញ  នៅក្នុងអំឡុងដឹកនាំ​របស់​លោក​ប្រធានាធិបតី​លោក លោក​ម៉ូហាម៉េដ បាហ្ស៊ូម។ លោក​ប្រធានាធិបតី​បាហ្ស៊ូមដែលចេញមកពីការបោះឆ្នោត​ប្រជាធិបតេយ្យ បានព្យាយាម​បន្ធូរបន្ថយ​ភាពតានតឹងផ្ទៃក្នុង តាមរយៈ​ការដោះលែង​សកម្មជន​អ្នកនយោបាយ​ប្រឆាំង​ជាដើម។រឿងដែលគេមិននឹកស្មានដល់មួយទៀត គឺ​អ្នកនៅពីក្រោយ​ការធ្វើរដ្ឋប្រហារ និងប្រកាស​តាំង​ខ្លួន​ជា​ប្រមុខដឹកនាំថ្មី​របស់​នីហ្សេ គឺ​ជា​មេក្រុមកងអង្គរក្ស​ដែល​តាមពិត​មាន​នាទី​ជា​អ្នកការពារ​សន្តិសុខឲ្យ​លោក​ប្រធានាធិបតី​បាហ្ស៊ូម​រហូតមក។ នៅថ្ងៃ​ពុធទី ២៧កក្កដា មេកងអង្គរក្ស​រូបនេះ​បាន​បញ្ជា​ឲ្យ​ចាប់ឃុំខ្លួន​ប្រធានាធិបតី​និងក្រុមគ្រួសារ ចំណែក​ក្រុមយោធា​មួយក្រុម​ដែល​អះអាងថា បានការគាំទ្រ​ពីប៉ូលិស ទាហាន និង​កងអាវុធ ប្រកាសធ្វើរដ្ឋប្រហារ ​ផ្តួលរំលំអំណាចប្រធានាធិបតី។នៅថ្ងៃសុក្រ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ដែល​មេកងអង្គរក្សប្រធានាធិបតី​បាន​ចេញមុខតាមកញ្ចក់ទូរទស្សន៍ ប្រកាសតាំងខ្លួន ជា​ប្រធានក្រុមប្រឹក្សា​ជាតិដើម្បីស្រោចស្រង់មាតុភូមិ ជា​ប្រមុខរដ្ឋថ្មីរបស់នីហ្សេ។ លោក អាប់ឌូរ៉ាហាម៉ាន់ ចានី ជាមនុស្ស​មិនសូវចេញមុខច្រើនទេ ប៉ុន្តែ នៅក្នុងពិភពកងទ័ពនីហ្សេ លោក​ជាមនុស្ស​មានមុខមាត់ មានគេគោរពច្រើន ព្រោះលោកធ្លាប់​ដឹកនាំ​កងទ័ព​ជើងគោក ជើងអាកាស មុននឹង​ត្រូវ​ប្រធានាធិបតីមុនៗ​តែងតាំង​ជាប្រធានអង្គរក្ស​ការពារ​ប្រធានាធិបតីរយៈពេល ១២ឆ្នាំមកនេះ។ អ្នកស្និទ្ធ​នឹងលោកប្រធានាធិបតី បាហ្ស៊ូម ដែលកំពុង​ស្ថិតក្រោមការចាប់ឃុំ​របស់​ពួកយោធា បានថ្កោលទោស​ការធ្វើរដ្ឋប្រហារ​ដែលធ្វើឡើង​ដើម្បីប្រយោជន៍បុគ្គល ព្រោះ ថា លោក​ចានី​មានគំនិត​ធ្វើរដ្ឋប្រហារ បន្ទាប់ពី​លោក​ប្រធានាធិបតីបាហ្ស៊ូម​មានគម្រោង​កោះប្រជុំគណៈរដ្ឋមន្រ្តីដើម្បីដក​លោក​ចានី និង​កាត់បន្ថយ​ឥទ្ធិពល​របស់​ក្រុមអង្គរក្ស​ប្រធានាធិបតី។ប៉ុន្តែ នៅក្នុងសារថ្លែង​កាលពីថ្ងៃ​សុក្រ លោក​ចានី​និយាយ​ថា រដ្ឋប្រហារ​ធ្វើឡើង ដោយសារ​តែ​ស្ថានការណ៍​សន្តិសុខ​នៅ​នីហ្សេ​កាន់តែ​ធ្លាក់ចុះ នៅចំពោះមុខការគំរាមកំហែង​របស់​ក្រុមភេរវនិយម។ហេតុអ្វី​បារាំង​បារម្ភ យកចិត្តទុកដាក់​ ពីរឿង​ធ្វើ​រដ្ឋប្រហារ នៅ​នីហ្សេ?គិតចាប់តាំង​ពី​ទទួលឯករាជ្យ រួចចាកផុត​ពី​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ ១៩៦០ នេះជាលើកទី ៥ ដែលនីហ្សេជួបប្រទះរដ្ឋប្រហារ​យោធា។ ប៉ុន្តែ រដ្ឋប្រហារ​នៅនីហ្សេ​លើកនេះ​ធ្វើ​ឲ្យ​បារាំង​បារម្ភខ្លាំងជាងណាទាំងអស់។ នីហ្សេ ​ជា​ប្រទេស​អាហ្វ្រិក​សំខាន់ ចុងក្រោយ ដែល​បារាំង​កំពុង​ចាប់ដៃ​សហការ​ផ្នែកយោធា នៅ​តំបន់​សាហែល នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម ដូចជា​ក្រុមជីហាតអ៊ីស្លាម ក្រុមអាល់កៃដា។ នីហ្សេ​បានក្លាយជា​មូលដ្ឋានទ័ពចុងក្រោយ​របស់​បារាំង ដែលបានបង្ខំចិត្ត​ដកទ័ព​ចេញ​ពី​ម៉ាលី និង​បួគីណាហ្វាសូ បន្ទាប់ពី​ប្រទេស​ទាំងពីរ​នេះត្រូវ​ពួកយោធាធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល។នៅនីហ្សេ កងទ័ពបារាំង​ប្រមាណ ១៥០០​នាក់កំពុង​ប្រចាំការនៅមូលដ្ឋានទ័ព ដែលមានទីតាំង​នៅ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​របស់​នីហ្សេ។ប្រធានាធិបតីបារាំង​ផ្ទាល់​បាន​ថ្កោលទោស ការធ្វើរដ្ឋប្រហារ និង​បាន​ទាមទារ​ឲ្យ​ពួកយោធា​ដោះលែង​ប្រធានាធិបតី លោក​បាហ្ស៊ូម ដែលជាមេដឹកនាំប្រទេស​នៅ​អាហ្វ្រិក​ដ៏កម្រ ដែលនៅបន្តរក្សា​ទំនាក់ទំនងជាមួយ​បារាំង និង​ប្រទេស​លោកខាងលិច។ នៅ​ថ្ងៃសៅរ៍ លោកប្រធានាធិបតី​ម៉ាក្រុង​ដែល​បាន​រូតរះ​ត្រលប់ពី​ដំណើរទស្សនកិច្ច​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក បាន​កោះប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​និយាយ​ពី​ស្ថានការណ៍​នៅ​នីហ្សេ។បារាំង​ត្រូវ​តែ​ខ្វល់ខ្វាយ​ពីស្ថានការណ៍​នៅនីហ្សេ មិនមែនដោយសារ​តែ​ហេតុផល​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​នៅ​សាហែលតែប៉ុណ្ណោះទេ ប៉ុន្តែ បារាំងតាមដានជាប់​ស្ថានការណ៍​ប្រែប្រួលនៅនីហ្សេ ដើម្បីហេតុផលសេដ្ឋកិច្ច ព្រោះ​បារាំង​មាន​ក្រុមហ៊ុនOrano ​ដែល​បុកគ្រឹះ​ធ្វើ​អាជីវកម្ម​ជីកយក​រ៉ែអ៊ុយរ៉ាញ៉ូម របស់​នីហ្សេ រាប់សិបឆ្នាំមកហើយ ដើម្បី រោងចក្រ​ថាមពលនុយក្លេអ៊ែរនៅបារាំង។នីហ្សេនឹង​ជួបបញ្ហាអ្វីខ្លះ នៅក្រោយ​រដ្ឋប្រហារ?នីហ្សេក្រោម​ការដឹកនាំ​របស់​របបសឹក ក្រោយរដ្ឋប្រហារ អាច​ស្ថិតនៅ​ឯការ ដោយសារ​តែ​ការថ្កោលទោស ពីសហគមន៍អន្តរជាតិ និង​សហភាពអាហ្វ្រិក ដែលប្រឆាំង​នឹង​ការចូលកាន់អំណាច​តាមរយៈការធ្វើរដ្ឋប្រហារ​យោធា។បន្ទាប់ពីនេះ នីហ្សេ​ដឹកនាំ​ដោយ​មេអង្គរក្ស​ប្រធានាធិបតី លោក​ចានី កំពុងរងការគំរាមពី​សហភាពអាហ្វ្រិក និង​អាមេរិក​ដែលបាន​ព្រមាន​ពីការកាត់ផ្តាច់ជំនួយ បើសិន​កងទ័ព​មិនព្រម​ប្រគល់អំណាច​ទៅ​ឲ្យប្រធានាធិបតី​លោក​បាហ្ស៊ូមវិញ។ ប្រធានាធិបតី បារាំង​បាន​ព្រមាន​ពីគ្រោះថ្នាក់​នៃ​រដ្ឋប្រហារ​យោធា សម្រាប់​អនាគត​ប្រជាជន​នីហ្សេ ប្រទេស​នីហ្សេ និង​តំបន់ទាំងមូលអាមេរិក គំរាមកាត់ផ្តាច់ជំនួយយោធា​សម្រាប់​នីហ្សេ បើសិន​កងទ័ពមិន​ប្រគល់អំណាច​ឲ្យប្រធានាធិបតីវិញបន្ទាប់ពី​ប្រកាស​ទទួលស្គាល់​តែ​លោក​ប្រធានាធិបតី បាហ្ស៊ូម ជាមេដឹកនាំ​នីហ្សេ របបសឹកនីហ្សេ ក្រសួងការបរទេស​អាមេរិក​បានព្រមានពីការកាត់ផ្តាច់ជំនួយ និង​សហប្រតិបត្តិការ​យោធា​ជាមួយ​នីហ្សេ។ នៅមុន​រដ្ឋប្រហារ​កាលពីថ្ងៃ​ពុធ នៅនីហ្សេ អាមេរិក​ធ្លាប់​ចូលរួមបណ្តុះបណ្តាល​កងទ័ព និងកងអង្គរក្ស​នីហ្សេ និង​មានទាហាន ១០០០នាក់​កំពុង​ប្រចាំការ​នៅទឹកដីនីហ្សេ។ប៉ុន្តែ ក្រុមយោធា​នីហ្សេ ទំនង​មិនសុខចិត្ត​ប្រគល់អំណាច​ទៅ​ឲ្យប្រធានាធិបតី ដែល​គេ​ចោទថា អសមត្ថភាព ក្នុងការគ្រប់គ្រង​ប្រទេស ជាពិសេស ​បញ្ហាសន្តិសុខ និង​បញ្ហា​ពុករលួយ។ ដោយ​ហ៊ានចេញមុខ​ធ្វើរដ្ឋប្រហារ​ប៉ុណ្ណេះហើយ កងទ័ពនីហ្សេ​មិនងាយនឹង​ត្រលប់ដើរថយក្រោយ ដោយសារ​ខ្លាច​ការសម្លុត គំរាមកាត់ផ្តាច់ជំនួយ​ពី​លោកខាងលិច ព្រោះថា របបសឹក​នីហ្សេ នៅមានផ្លូវដើរផ្សេងទៀត។ ទី១ នីហ្សេ​នៅមាន​ចិន​ដែលនៅ​ចាំទិញប្រេង​របស់​នីហ្សេ ហើយ​ចិនមិនបាន​និយាយរិះគន់​ការធ្វើរដ្ឋប្រហារ។ទី ២ នីហ្សេ​នៅអាច​ជំនួយ​ពីរុស្ស៊ី ដែលពេលនេះ ជា​គូប្រជែង សត្រូវ​របស់​អាមេរិក និង​ប្រទេស​លោកខាងលិច។ រុស្ស៊ី អាច​ជា​ប្រភពផ្គត់ផ្គង់​ស្បៀង ជីគីមី ហើយនិង​ជា​អ្នកលក់អាវុធ​ដើម្បី​ឲ្យ​កងទ័ព​នីហ្សេយកទៅប្រើសម្រាប់ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​តំបន់​សាហែលជាប់ព្រំដែន ជាមួយម៉ាលី និង​បួគីណាហ្វាសូតើ​ អាច​មាន​ការលូកដៃ​របស់​រុស្ស៊ី ដូចនៅប្រទេសអាហ្វ្រិក​ជិតខាង ដូចជា​ម៉ាលី និង​បួគីណាហ្វាសូ?នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​ ក្រុមបាតុករ ជាច្រើនរយនាក់ ដែលគាំទ្រការធ្វើ​រដ្ឋប្រហាររបស់​ក្រុមយោធា បាន​ស្រែកជេរបារាំង បណ្តេញកងទ័ពបារាំង នៅក្នុងការជួបជុំគ្នា នៅ​ទីក្រុង​ជាច្រើន នៅ​ប្រទេសនីហ្សេ។ យោងតាមអ្នករាយការណ៍​ព័ត៌មានបារាំង AFP នៅ​ក្នុងក្បួនបាតុកម្ម គេឃើញក្រុមបាតុករនីហ្សេ លើកគ្រវីទង់ជាតិរុស្ស៊ី ស្វាគមន៍អរគុណរុស្ស៊ី​។ តាមការវិភាគខ្លះ គេសង្ស័យថា ចលាចល និង​ការធ្វើរដ្ឋប្រហារ​នៅនីហ្សេនេះ អាច​មានការលូកដៃ​របស់រុស្ស៊ី ដូចនៅ​ម៉ាលី និងបួគីណាហ្វាសូ ប្រទេស​ជាប់ព្រំដែន​នីហ្សេ ដែល​មាន​ក្រុមទាហានស៊ីឈ្នួលWagner របស់រុស្ស៊ី​កំពុងមានវត្តមានយ៉ាងសកម្ម។ប្រធានក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោក​ព្រីហ្គោហ្ស៊ីន​ដែលធ្វើការបះបោរ​មិនបាន​សម្រេច​នៅម៉ូស្គូ និង​ត្រូវ​និរទេស​ខ្លួនទៅនៅ​បេឡារុស្ស បាន​និយាយ​នៅថ្ងៃ​សុក្រថា រដ្ឋប្រហារ​យោធានៅនីហ្សេផ្ទុះឡើង ដោយសារ​តែ​ប្រជាជន​នីហ្សេ​តស៊ូ ប្រឆាំង​នឹង​ច្បាប់ ដែល​អតីត​អាណានិគមនិយម​បានដៅកំណត់សម្រាប់ជីវិត​ប្រជាជននីហ្សេ។​តើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលស៊ីវិល​នឹងអាចប៉ះពាល់​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវនិយម​នៅ​តំបន់​សាហែល?ផ្ទុយពីការបារម្ភ​របស់​បារាំង និង​អាមេរិក រដ្ឋប្រហារ​នៅនីហ្សេ​អាច​ផ្តល់​កម្លាំងដល់​បេសកកម្ម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​តំបន់​សាហែល ព្រោះថា មេដឹកនាំ​របបសឹក​នីហ្សេ មាន​គោលនយោបាយ​ខុសស្រឡះពី​លោកប្រធានាធិបតី​បាហ្ស៊ូម។ ដោយសារ​តែ​រដ្ឋប្រហារ​យោធា​នៅម៉ាលី និង​បួគីណាហ្វាសូ លោកប្រធានាធិបតី​បាហ្ស៊ូម នៅមុន​ពួកយោធា​ធ្វើរដ្ឋប្រហារ បាន​បែរខ្នង​ដាក់​របបសឹកម៉ាលី និង​បួគីណាហ្វាសូ ដែលតាមពិតធា្លប់ជា​ដៃគូ​សំខាន់​ដើម្បីប្រយុទ្ធ បោសសម្អាតពួកជីហាត នៅព្រំដែន​ប្រទេស​ទាំងបី នៅ​តំបន់​សាហែល។ លោក​ប្រធានាធិបតី​បាហ្ស៊ូម លែងសហការជាមួយ​របបសឹកម៉ាលី និងបួគីណាហ្វាសូ ក៏ព្រោះតែ បារាំង អាមេរិក​និង​សហភាពអាហ្វ្រិក ប្រកាស​ឈប់​គាំទ្រ​ប្រទេស​ទាំងពីរ​ដោយសារ​តែ​ការធ្វើរដ្ឋប្រហារដណ្តើមអំណាច។ប៉ុន្តែ សម្រាប់ លោក​ចានី ប្រធានក្រុមប្រឹក្សា​ជាតិដើម្បី ស្រោចស្រង់ មាតុភូមិ កងទ័ព​ធ្វើរដ្ឋប្រហារ ដោយសារ​យល់ថា ជំហរនយោបាយ​របស់​លោកប្រធានាធិបតី នៅក្នុង​រឿង​រក្សា​សន្តិសុខ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម គ្មាន​ប្រសិទ្ធិភាព។ តាម​លោក គេ​ត្រូវ​ចាប់ដៃ​សហការ​ជាមួយ​ម៉ាលី និង​បួគីណាហ្វាសូ បើសិន​ចង់ បោសសម្អាត​ក្រុមជីហាត និងអាល់កៃដា នៅតំបន់សាហែល៕
7/29/20238 minutes, 31 seconds
Episode Artwork

លោកចូ បៃដិន ទទួលស្វាគមន៍​លោកស្រីម៉េឡូនី នៅសេតវិមាន ដោយទុករឿងពណ៌សំបុរនយោបាយ​មួយឡែក

លោកស្រី ចរចា ម៉េឡូនី នាយករដ្ឋមន្ត្រី​អ៊ីតាលី បានទៅទស្សនកិច្ច​ផ្លូវរដ្ឋជា​លើកទី​១មួយ​ នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោកស្រីត្រូវបាន​លោក​ប្រធានាធិបតី ចូ បៃដិន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ នៅឯសេតវិមាន​។ ធាតុពិតទៅ លោកស្រីម៉េឡូនី ដែលមកពីគណបក្ស​នយោបាយ​ស្តាំនិយមជ្រុល គឺមានទំនោរខុសគ្នាឆ្ងាយ​ណាស់ ពី​លោក​ ចូ បៃដិន ដែលមកពីបក្ស​ប្រជាធិបតេយ្យ​។ តែយ៉ាងណាសំណុំរឿងអ៊ុយក្រែន ព្រមទាំងបញ្ហា​ប្រកួតប្រជែងជាមួយចិន បានធ្វើ​ឲ្យ​អ្នកទាំងពីរ ត្រូវទុករឿងពណ៌សំបុរនយោបាយមួយឡែកសិន​។ ទំនោរនយោបាយ​ផ្ទុយគ្នា​ស្រឡះ​លោកស្រី ចរចា​ ម៉េឡូនី គឺជាស្ត្រីដំបូងគេ ដែលបាន​ឈានឡើងមកធ្វើជា​នាយករដ្ឋមន្ត្រីអ៊ីតាលី។ លោកស្រីមកពី​បក្ស​ស្តាំនិយមជ្រុល ដែលមាន​ឬសគល់នយោបាយចេញពី​ក្រុមហ្វាឈីសត៍ ពោលគឺជាទំនោរនយោបាយ​អភិរក្សនិយមជ្រុល រើសអើងប្រកាន់ពូជសាសន៍ ស្អប់ជនបរទេស។ បក្សនយោបាយ​របស់​ស្រីម៉េឡូនីនេះ ប្រឆាំងនឹងសិទ្ធិរំលូតកូនរបស់ស្ត្រី ហើយ​ប្រឆាំងនឹងសិទ្ធិរបស់​អ្នក​ស្រលាញ់ភេទដូចគ្នាថែមទៀត។​យ៉ាងណាមិញ នៅពេល​លោកស្រីម៉េឡូនីបានចូល​កាន់អំណាច លោក​ចូ បៃដិន បាន​ថ្លែងសារ ប្រាប់ប្រជាជនអាមេរិក ថា​ត្រូវតែប្រឹងប្រែង ប្រុងប្រយ័ត្ន កុំ​ឲ្យ​ក្រុមអ្នកនយោបាយស្តាំនិយមជ្រុល អាចឈានមកកាន់អំណាចបាននៅអាមេរិក​ ដូចនៅអ៊ីតាលីឲ្យសោះ ព្រោះវាជាគ្រោះថ្នាក់ខ្លាំងណាស់ ដល់សិទ្ធិសេរីភាព​និងការរីកចម្រើន​។ អញ្ចឹងយើងឃើញថា លោក ចូ បៃដិន និង​លោកស្រីម៉េឡូនី មានទស្សនៈតម្លៃនយោបាយ​ ផ្ទុយគ្នាខ្លាំណាស់​។តែយ៉ាងណា ជំនួប​កាលពីថ្ងៃព្រហស្បតិ៍​ នៅសេតវិមាន បាន​ប្រព្រឹត្តិទៅដោយរលូន ដោយ​គេសង្កេតឃើញ​ថា លោកចូ បៃដិន ព្យាយាម​ស្វាគមន៍​យ៉ាងកក់ក្តៅ និង​និយាយលេងសើចរួសរាយរាក់ទាក់ យ៉ាងស្និទ្ធស្នាលបំផុត ជាមួយ​លោកស្រីម៉េឡូនី។ លោកចូ បៃដិន អះអាងថា តាមរយៈការជួបគ្នានេះ លោក​បានក្លាយជាមិត្តរបស់​លោក​ស្រី​ម៉េឡូនី។ ចំណែក​លោកស្រី ម៉េឡូនីវិញ ក្រោយ​ចប់ជំនួបនេះ បាន​ប្រាប់អ្នកកាសែតថា បើនិយាយ​ពីរឿងនយោបាយអាមេរិក​ គឺលោកស្រី​គាំទ្រពេញចិត្ត​គណបក្ស​សាធារណ​រដ្ឋ ជាងបក្សប្រជាធិបតេយ្យ។ តែយ៉ាងណា​ ចំណុចវាមិន​ទៅរំខាន​ ដល់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងលោកស្រី ជាមួយ​លោក​ចូ បៃដិន នោះឡើយ។“មិត្តល្អជួយគ្នាក្នុង​គ្រាមានអាសន្ន​”លោកស្រី​ម៉េឡូនី និង​លោកចូ បៃដិន បានទុក​រឿងនយោបាយ​ផ្ទៃក្នុង​មួយ​ឡែក ដោយ​ផ្តោត​អាទិភាពទៅលើការ​រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយអ៊ុយក្រែន​។ ភាគីទាំង២បានលើកឡើងថា ជំនួប​នេះ គឺជាឱកាសដើម្បី​បញ្ជាក់ និងពង្រឹង សហប្រតិបត្តិការ​យ៉ាងស្អិតរមួត រវាងសហរដ្ឋអាមេរិក និង​អ៊ីតាលី ក្នុង​ការជួយអ៊ុយក្រែន​។ នៅក្នុងលិខិតប្រកាសរួមគ្នា លោក​ ចូ បៃដិន និង​លោកស្រី ម៉េឡូនី បាន​សន្យាថា នឹងរួមសហការគ្នាបន្តជួយអ៊ុយក្រែន ទោះចំណាយប៉ុណ្ណា យូរប៉ុណ្ណាក៏ដោយ​។​ក្នុងពេលជួបគ្នា លោកចូ បៃដិន បានលើកឡើងថា អ៊ីតាលីមានតួនាទីសំខាន់ណាស់ ក្នុងអូតង់ ព្រមទាំងការជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធការពារទឹកដីប្រឆាំងការឈ្លានពានរបស់រុស្ស៊ី​។ លោកស្រី ម៉េឡូនីវិញ បានបញ្ជាក់ថា ពិតណាស់ មិត្ត​ពិតប្រាកដ គឺត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន​ មានការលំបាក។ដោយឡែក បើផ្អែកតាម​ប្រភពពីរដ្ឋាភិបាលអ៊ីតាលី គឺលោកស្រី ម៉េឡូនី ក៏មានបំណងនិយាយជាមួយ​លោកចូ បៃដិនដែរ អំពី​បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម​។ លោក​ចូ បៃដិន មានគម្រោងរៀបចំ​ ពង្រឹងវិស័យឧស្សាហកម្ម​និងការវិនិយោគនៅអាមេរិក ដែលអាចជះផល​អវិជ្ជមានខ្លះ មកលើប្រទេសនៅអឺរ៉ុប។យ៉ាងណាមិញ ក្នុងពេលជួបគ្នា លោក ចូ បៃដិន បានរំលឹកថា ឆ្នាំក្រោយនេះ អ៊ីតាលី នឹងដល់វេនធ្វើជាប្រធានវិលជុំរបស់​ក្រុមប្រទេស​សេដ្ឋកិច្ចនាំមុខ G7ហើយ។ លោកស្រី ម៉េឡូនី បានឆ្លើយទៅវិញបែបដាក់ខ្លួនថា សូម​លោកចូ បៃដិន កុំប្រកែប្រកាន់អី ប្រសិន​បើមានការឆ្គាំឆ្គង ឬខ្វះខាត ក្នុងការរៀបចំចាត់ចែងដឹកនាំG7 របស់​លោកស្រី​នៅឆ្នាំក្រោយ​។អ៊ីតាលីអាចចាកចេញពី​គម្រោង « ផ្លូវមួយខ្សែក្រវ៉ាត់មួយ » របស់ចិន គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសG7 គឺមានតែអ៊ីតាលីមួយគត់ ដែលបានចូលរួម​សហការជាមួយចិន នៅក្នុងគម្រោង​​ផែន​ការ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ”​។ បញ្ហានេះ ត្រូវបាន​រដ្ឋាភិបាលអាមេរិកបរិហាររិះគន់ និងក្រឿន​រំលឹក​ឲ្យ​អ៊ីតាលីប្រុងប្រយ័ត្ន​ច្រើនដងហើយ។ តែយ៉ាងណា ការសម្រេចចូល​រួមជាមួយចិននេះ គឺរដ្ឋាភិបាល​មុនរបស់​អ៊ីតាលីជាអ្នកសម្រេច កាលពីឆ្នាំ​២០១៩ មិនមិនជាការសម្រេច​របស់​​រដ្ឋាភិបាល​របស់​លោកស្រី ម៉េឡូនីទេ។មិនមានការជជែកគ្នាណាមួយដោយត្រង់ៗ អំពីបញ្ហានេះទេ រវាងលោក​ស្រីម៉េឡូនី និង​លោកចូ បៃដិន​ទេ​​។ ក៏ប៉ុន្តែនៅក្នុងលិខិតប្រកាសរួម មេដឹកនាំទាំង២បាន​អះអាងថានឹងរួមគ្នា ដើម្បីទប់ទល់ចំពោះសកម្មភាពវាតទី ព្រមទាំង​ការលំបាក​ទាំងឡាយ ​ដែលចិនបាននិងកំពុងដាក់ជាចំណោទមកកាន់ពិភពលោក​។ ក្នុងន័យនេះ គឺគេចង់សំដៅ ទៅលើ​ បញ្ហា​ឥទ្ធិពលពាណិជ្ជកម្ម​ចិន ព្រមទាំងសំណុំរឿងកោះតៃវ៉ាន់ផងដែរ។ថ្មីៗនេះ លោកស្រី​ ម៉េឡូនី ធ្លាប់​បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោកស្រី អាចនឹងពិចារណា ចាកចេញពីគម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ព្រោះថាចាប់តាំងពីឆ្នាំ​២០១៩មក អ៊ីតាលីដូចជាមិនបានឃើញនូវ​ផលប្រយោជន៍ជាក់ស្តែងផ្នែកសេដ្ឋកិច្ច​អ្វី បាន​មកពីគម្រោងវិនិយោគ​របស់ចិននេះសោះ។អ្វីដែលគេរំពឹងរងចាំ គឺនៅរវាង​ប៉ុន្មានខែខាងមុខនេះ ពោលគឺមុន​ពេល​អ៊ីតាលីចាប់ផ្តើមធ្វើជា​ប្រធាន​ G7 គឺគេសង្ឃឹមថា​លោកស្រី ម៉េឡូនី នឹងប្រកាសជាផ្លូវការ ថាអ៊ីតាលីសម្រេចឈប់ចូលរួម​ជាមួយចិន ក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ​។ តែទន្ទឹមគ្នានេះ អ៊ីតាលី ក៏មិនអាចមើលស្រាល​បញ្ហាបានដែរ ព្រោះថាបើធ្វើមែន គឺ​ចិនអាចនឹងសងសិកវិញមកលើអ៊ីតាលី។ ដូច្នេះ អ៊ីតាលីក៏ទំនងជាចង់ឲ្យ​អាមេរិកធ្វើ​សម្បទានខ្លះដែរ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រសិន​បើ​ចិន ​រករឿងដាក់​ឧបសគ្គពាណិជ្ជកម្ម​មក​លើអ៊ីតាលី​៕
7/28/20236 minutes, 10 seconds
Episode Artwork

បារាំង​ចាប់ផ្តើម​រាប់ថ្ងៃថយក្រោយ ដើម្បីរៀបចំ​ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២៤

គិតចាប់តាំងពីថ្ងៃពុធនេះ មាន​រយៈពេល​មួយឆ្នាំគត់ ដែលបារាំង​ត្រូវ​ត្រៀមខ្លួន រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ ដែលត្រូវបើកសម្ពោធ ជាផ្លូវការ នៅថ្ងៃទី ២៦​កក្កដា ឆ្នាំ ២០២៤ នៅទីក្រុង​ប៉ារីស។ មានវត្តមាននៅថ្ងៃ​ពុធនេះ នៅទីក្រុង​ប៉ារីស ប្រធាន​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក​Thomas Bach បាន​ប្រកាស​អញ្ជើញជាផ្លូវការ​ប្រទេស​ចំនួន​២០៣ ឲ្យ​ចូលរួម​នៅក្នុង​ព្រឹត្តិការ​អូឡាំពិកទីក្រុង​ប៉ារីស ២០២៤។ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤​សំខាន់ណាស់សម្រាប់​បារាំង ព្រោះ លើកចុងក្រោយ ដែល​បារាំង​បាន​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក គឺ​កាលពី​១០០ឆ្នាំ នៅ​ឆ្នាំ ១៩២៤។ នៅមួយឆ្នាំទៀត​ប៉ុណ្ណោះ ទីក្រុង​ប៉ារីស​នឹង​ត្រូវធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាអូឡាំពិក ដែលជា​ព្រឹត្តិការណ៍​ដ៏ធំ។ តើ​ប៉ារីសត្រៀមខ្លួនហើយឬនៅ ទាំងផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និង​ផ្នែកថវិកា? នៅទីក្រុង​ប៉ារីស គណៈកម្មការជាតិអូឡាំពិកបារាំង​បាន​ប្រកាស​រាប់ថ្ងៃ​ថយក្រោយ ចាប់ពីថ្ងៃ​ពុធទី ២៦ កក្កដា ដើម្បី​ត្រៀមរៀបចំ ព្រឹត្តិការណ៍អូឡាំពិក​រដូវក្តៅ ២០២៤ចាប់តាំងពីមាន​កីឡាអូឡាំពិក នេះជា​លើកទី​៣ ដែល​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាអូឡាំពិករដូវក្តៅ។ លើកចុងក្រោយ ដែលបារាំងរៀបចំ​កីឡាអូឡាំពិក គឺ​កាលពី​ឆ្នាំ ១៩២៤។ ដោយសារ មិនដែល​បាន​រៀបចំព្រឹត្តិការណ៍អូឡាំពិកសោះ នៅក្នុងរយៈពេល​១០០ឆ្នាំ ហើយ​នៅសល់ពេល​តែ ១ឆ្នាំទៀតប៉ុណ្នោះ ថ្ងៃ​បើកការប្រកួតកីឡាអូឡាំពិក​នឹង​ចាប់ផ្តើម។ នៅសល់ ៣៦៥ថ្ងៃទៀត នឹង​មានការបើកសម្ពោធកីឡាអូឡាំពិក​ប៉ារីស ២០២៤។ បើទោះបីជាមានការដាក់សម្ពាធ អ្នករៀបចំ ជាពិសេស ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​បារាំង លោក​Tony Estanguet បានអះអាងពីជំនឿទុកចិត្ត​ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុង​ប៉ារីស​នឹង​ប្រព្រឹត្តទៅ​តាមកាលកំណត់ ពីថ្ងៃទី ២៦​កក្កដា ដល់ថ្ងៃទី ១១​សីហា ឆ្នាំ ២០២៤។ប៉ារីស​ត្រៀមខ្លួនរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ជា​ប្រវត្តិសាស្រ្ត​លើកនេះ ប៉ុន្តែ មិនមែន​គ្មាន​ឧបសគ្គនោះទេ។ មាន​បញ្ហា​ជាច្រើន​ដែល គេ​នៅមិនទាន់​ដោះស្រាយ ធ្វើចប់។ទី១ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារតែ​ប៉ារីស មិនដែល​ធ្លាប់​រៀបចំ​ការប្រកួតកីឡាអូឡាំពិក ក្នុង​រយៈពេល ១០០ឆ្នាំមកនេះ ប៉ារីស​ត្រូវសាងសង់​អគារ​ច្រើនជាង ៥០​ការដ្ឋាន ដូចជា​ភូមិអូឡាំពិកសម្រាប់ផ្តល់ការស្នាក់នៅ​ដល់​កីឡាករ ជាង ១ម៉ឺននាក់ និងស្តាត​សម្រាប់​ការប្រកួតហែលទឹក ជាដើម។ ប៉ុន្តែ នៅមួយឆ្នាំ មុន​បើកសម្ពោធ​កីឡាអូឡាំពិក សំណង់ប្រមាណ ៥៣​កំពុង​នៅជា​ការដ្ឋាននៅឡើយ។ទី២ បញ្ហា​ថវិកាគេប៉ាន់ប្រមាណថា គេត្រូវការថវិកា ជាង ៨ពាន់លាន​អឺរ៉ូ​សម្រាប់​រៀបចំ​ការប្រកួតកីឡាអូឡាំពិក ប៉ារីស ២០២៤ ដែលនៅក្នុង​នោះ ពាក់កណ្តាល​ត្រូវប្រើ​សម្រាប់​ការបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ដូចរាល់លើក ការទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កីឡាអូឡាំពិកតែងទទួលបាន​ការរិះគន់ ព្រោះគេ​ត្រូវវិនិយោគ​ចំណាយ​ខ្ពស់ ចំណែក​ផលចំណេញពីការរៀបចំ​មាន​តិចតួច។ ជាញយដង សំណង់ដែលសង់សម្រាប់ព្រឹត្តិការណ៍​អូឡាំពិក​ត្រូវ​ទុកចោល លែងយកទៅប្រើការ ​នៅក្រោយ​ចប់ព្រឹត្តិការណ៍អូឡាំពិក។ ដូច្នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យប្រជាជន​មិនសប្បាយចិត្ត​នឹងការចំណាយ ចាយខ្ជះខ្ជាយ រដ្ឋាភិបាល​បារាំង​និយាយថា ខ្លួន​ជួយចេញ​តែ ៤ភាគរយទេ ចំណែក ៩៦%​នៃ​ចំណាយសម្រាប់ការរៀបចំ​អូឡាំពិកលើកនេះ ត្រូវ​បានមកពី​វិស័យឯកជន ដែលនៅក្នុងនោះ ជាង​១៥០០​លាន​អឺរ៉ូ​បាន​មកពី​គណៈកម្មការធិការអូឡាំពិកអន្តរជាតិ ដែលនឹងបានប្រាក់ចំណូលពីការលក់សំបុត្រ និងថ្លៃផ្សាយពាណិជ្ជកម្មជាដើម។បញ្ហាទី៣ គឺការធ្វើដំណើរ​ដឹកជញ្ជូន នៅក្នុងអំឡុង​រៀបចំ​ព្រឹត្តិការណ៍អូឡាំពិក។នេះជាបញ្ហា​ដ៏ឈឺក្បាល ព្រោះថា រហូតមកដល់​ពេលនេះ ផ្នែកដឹកជញ្ជូនបារាំង មិនថា រទះភ្លើង រថយន្តក្រុង នៅមិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ជនបរទេស ជាង ៧លាន​នាក់​ដែលត្រូវ​ចូលមើលការប្រកួតកីឡា។ នេះគេនៅមិនទាន់និយាយ​ពីបញ្ហា​កកស្ទះចរាចរណ៍ដែលតែងតែ​កើតមាន​ឡើង នៅទីក្រុង​ប៉ារីស។ ដើម្បី​សម្រួល​ការធ្វើដំណើរ​របស់​ទស្សនិកជនទៅកាន់ទីតាំងប្រកួតកីឡាអូឡាំពិក ដែលមានសរុប ២៥កន្លែង នៅក្នុងទីក្រុង​ប៉ារីស និងជាយក្រុង ចៅហ្វាយក្រុងប៉ារីសគ្រោង​នឹង​ផ្អាកការធ្វើដំណើររថយន្តឯកជន នៅក្នុង​ក្រុង និងផ្អាកការដ្ឋានសំណង់ទាំងអស់ដែលមាននៅតាម​ផ្លូវក្រវ៉ាត់ក្រុង។បារាំងត្រូវឈឺក្បាល​ក្នុងរឿង​ធានាការពារសន្តិសុខការរក្សាសន្តិសុខ នៅក្នុងអំឡុង​ការប្រកួតកីឡាអូឡាំពិក ជា​អាទិភាព សម្រាប់​អាជ្ញាធរ​បារាំង។ ព្រឹត្តិការណ៍​ដុតរថយន្ត វាយបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ នៅក្នុងពេល​កុប្បកម្ម​ប្រឆាំង​ប៉ូលិស នាពេលថ្មីៗនេះ ជាមេរៀនសំខាន់ដែល​អាជ្ញាធរបារាំង​មិនអាច​ធ្វេសប្រហែសបាន។ការធានាសុវត្ថិភាព សន្តិសុខ ជា​បញ្ហា​ដ៏ឈឺក្បាលជាងគេសម្រាប់​រដ្ឋាភិបាល​បារាំង ព្រោះថា ខុសពីការបើកសម្ពោធ​កីឡាអូឡាំពិក​នៅស្រុកផ្សេងៗ ដែលធ្វើនៅតាមពហុកីឡាដ្ឋាន បារាំង​បើកសម្ពោធ​ព្រឹត្តិការណ៍អូឡាំពិក នៅលើទឹកទន្លេសែន ដែលជា​កន្លែង​សម្រាប់​ការប្រកួតវិញ្ញាសារមួយចំនួន។ នៅថ្ងៃ​បើកសម្ពោធ កីឡាករ ជាង​១ម៉ឺននាក់ នឹង​ជិះលើទូក​ជាង ១០០គ្រឿង បើកតាមទន្លេសែន ក្រោម​ក្រសែភ្នែក​របស់​ទស្សនិកជន​ជាង ៦សែននាក់ ដែលអង្គុយឈរ ទស្សនាតាមទន្លេសែន​ចម្ងាយ ៦គីឡូម៉ែត្រ។ ការពារ​សុវត្ថិភាព​ឲ្យ​មនុស្សកកកុញ នៅតាម​ទន្លេសែន ចម្ងាយ ៦គីឡូម៉ែត្រ មិនមែនជារឿង​ងាយស្រួល។តាម​រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក​Gérald Darmanin កងរក្សាសន្តិសុខ ជិត​៤ម៉ឺននាក់ នឹងត្រូវពង្រាយ​នៅតាមទីសាធារណៈ ដើម្បី​ធានាការពារ​សន្តិសុខ នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក។ រដ្ឋាភិបាល​បារាំង​មាន​គម្រោងផងដែរ​ថា នឹង​បញ្ចេញ​ទាហាន​របស់ខ្លួន សម្រាប់​បេសកកម្ម​ដោះមីន ប្រឆាំងដ្រូន និង​ពង្រឹង​បណ្តាញស៊ើបការណ៍សម្ងាត់​ដើម្បីទប់ស្កាត់​គម្រោង​វាយប្រហារ​ភេរវកម្មណាមួយ។ ក្រៅពី​ប៉ូលិស និងទាហាន រដ្ឋាភិបាល​បារាំង​ត្រូវ​ពឹងអាស្រ័យផងដែរ​លើក្រុមភ្នាក់ងារសន្តិសុខ​ឯកជន​ជិត ២ម៉ឺននាក់ទៀត។គណៈកម្មការធិការអូឡាំពិកមិនអញ្ជើញ រុស្ស៊ី និងបេឡារុសការប្រកួតកីឡាអូឡាំពិក​ជា​ទីតាំងប្រជែងភូមិសាស្រ្តនយោបាយ? ​វត្តមាន​របស់រុស្ស៊ី និង​បេឡារុស នៅក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ​បានក្លាយជា​រឿងចម្រូងចម្រាស បន្ទាប់ពី​រុស្ស៊ី​ចូលធ្វើសង្រ្គាម​ឈ្លានពានអ៊ុយក្រែន។ អ៊ុយក្រែនផ្ទាល់ បាន​ប្រកាសថា ខ្លួននឹង​មិនបញ្ជូន​កីឡាករ​មក​អូឡាំពិក​នៅ​ប៉ារីសទេ បើសិន​មានកីឡាកររុស្ស៊ី និង​បេឡារុស​ចូលរួម។ ប៉ុន្តែ ប្រធាន​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​លោក Thomas Bach នៅថ្ងៃ​ពុធ​ទី ២៦ កក្កដា បាន​អារកាត់ថា លោក​បាន​បញ្ជូន​លិខិតទៅ​អញ្ជើញ​ជាផ្លូវការប្រទេស​ចំនួន​២០៣ ឲ្យ​ចូលរួម ក្នុងការប្រកួតកីឡាអូឡាំពិក​នៅប៉ារីស ឆ្នាំ ២០២៤ ប៉ុន្តែ គ្មានប្រទេស​រុស្ស៊ី និង​បេឡារុស ក្នុង​កាលៈទេសៈនេះ។ ក្រៅពី​រុស្ស៊ី និង​បេឡារុស គណៈកម្មការធិការអូឡាំពិក​មិន​អញ្ជើញ​ផងដែរ ក្វាតេម៉ាឡា​ដោយសារ​ហេតុផលថា មានរឿងនយោបាយ​ចូលលូកឡំ​ក្នុងកីឡា៕
7/26/20237 minutes, 1 second
Episode Artwork

កូរ៉េខាងជើងត្រៀមប្រារព្ធខួប៧០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមកូរ៉េជាមួយការបាញ់មីស៊ីលបាលីស្ទិក២គ្រាប់

កូរ៉េខាងជើង​កំពុង​ត្រៀមខ្លួន​ប្រារព្ធខួប​៧០ឆ្នាំ​នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលត្រូវ​ប្រព្រឹត្តទៅ នៅថ្ងៃ​ព្រហស្បតិ៍​ខានស្អែក។ តាមទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋកូរ៉េខាងជើង KCNA ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន និង​រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម ក្នុង​ពិធី​បុណ្យ​ជាតិ​ដែល​របបព្យុងយ៉ាង យក​ចិត្តទុកដាក់​រៀបចំ យ៉ាង​សម្រិតសម្រាំង។ ដើម្បី​ត្រៀម​ប្រារព្ធ​ខួបថ្ងៃ​ជ័យជំនះ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​២ដើមថែមទៀត នៅយប់ថ្ងៃ​ចន្ទម្សិលមិញ បន្ទាប់ពី​បាញ់​មីស៊ីលបាលីស្ទិក​អន្តរទ្វីប និង​មីស៊ីលបណ្តែត ជាបន្ត​បន្ទាប់គ្នា នៅសប្តាហ៍មុន។ កូរ៉េខាងជើង​បាន​បិទទ្វារ​មិនទទួល​ជនបរទេស ជាង​៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត​កូវីដ។ កូរ៉េខាងជើង​សំញែង​សមត្ថភាព​យោធា​របស់ខ្លួនកាន់តែខ្លាំង ដោយ​បាន​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក ២គ្រាប់ទៀត នៅយប់ថ្ងៃ​ចន្ទម្សិលមិញ។ ក្នុងរយៈពេល ១០​ថ្ងៃ កូរ៉េខាងជើង​បាញ់​មីស៊ីល​បាលីស្ទិក​ដល់​ទៅ​៣លើក នោះបើទោះបីជា​ដឹងថា ការបាញ់​សាកល្បង​មីស៊ីលបាលីស្ទិក ត្រូវ​ហាមដោយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក្តី។កូរ៉េខាងជើងគ្មានគោរព​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែលបាន​ហាម​កូរ៉េខាងជើង​មិន​ឲ្យសាកល្បង​មីស៊ីល​បាលីស្ទិក។ ដោយគ្មាន​ខ្លាចញញើតនឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ កូរ៉េខាងជើង ក្រោមការកាច់ចង្កូត​របស់មេដឹកនាំវ័យក្មេង លោក​គីម ជុងអ៊ុន​បានបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ក្នុងចំនួនដ៏ច្រើន បំបែកកំណត់ត្រា កាលពី​ឆ្នាំ ២០២២ នៅពេល​ព្យុងយ៉ាង​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក ដល់ទៅ ៧៥​គ្រាប់ ដែលនៅក្នុងនោះមានមួយភាគ ជាមីស៊ីល​បាលីស្ទិក​អន្តរទ្វីប។នៅឆ្នាំនេះ គិតត្រឹម​ថ្ងៃ​ទី​១៤ កក្កដា ថ្ងៃ​ដែល​សមាជិក​ចំនួន​១០​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាស​រួមស្តីពីបញ្ហា​មីស៊ីល​របស់​កូរ៉េខាងជើង កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ដល់​ទៅ ២០ គ្រាប់។ នេះ​គេនៅមិនទាន់រាប់​គ្រាប់មីស៊ីលបាលីស្ទិក​អន្តរទ្វីប ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង នៅថ្ងៃ​អង្គារ​សប្តាហ៍មុន និងនៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញផង។ជាញយដង កូរ៉េខាងជើង​បាញ់សាកល្បងមីស៊ីល​បាលីស្ទិក មីស៊ីលបណ្តែត នៅក្នុង​ពេលដែល ភាពតានតឹង​ជាមួយ​កូរ៉េខាងត្បូង ហើយនិងអាមេរិកឡើងដល់​កម្រិតកំពូល។ជាក់ស្តែង កូរ៉េខាងជើង​បាញ់សាកល្បង មីស៊ីល​បាលីស្ទិក ទំនើបថ្មី​ចុងក្រោយ ដើម្បី​ប្រតិកម្ម​ប្រឆាំង​នឹង​អាមេរិក​ដែល​បាន​បញ្ជូន​នាវាមុជទឹក​ដែល​មានដឹក​គ្រាប់មីស៊ីល ភ្ជាប់ដោយ​ក្បាល​គ្រាប់នុយក្លេអ៊ែរ ទៅ​ចូលចត​នៅ​កំពង់ផែប៊ូសាន​របស់​កូរ៉េខាងត្បូង។ការញុះញង់ដាក់គ្នា​រវាង​ភាគីជម្លោះ​មិន​ចេះចប់។ ឆ្លើយតប​នឹង​ការបាញ់មីស៊ីល​របស់​កូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូង​បាន​ប្រកាស​ពង្រឹងសហប្រតិបត្តិការយោធា និង​ព្រមាន​ព្យុងយ៉ាងខ្លាំងៗ​ថា នឹងអាចប្រឈម​នឹង​គ្រាប់នុយក្លេអ៊ែរ បើសិន​ព្យុងយ៉ាង​បាញ់អាវុធនុយក្លេអ៊ែរសំដៅ​សម្ព័ន្ធមិត្ត​របស់​អាមេរិក។តាមសេចក្តីប្រកាស​រួម​របស់​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ ដែលមាន​អាមេរិក អង់គ្លេស កូរ៉េខាងត្បូង  ការបាញ់​មីស៊ីល​បាលីស្ទិករបស់កូរ៉េខាងជើង រំលោភ​យ៉ាងកម្រោល​សេចក្តីសម្រេច​ជាច្រើន​លើក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជាប់ទណ្ឌកម្មអន្តរជាតិ តាំង​ពី​ឆ្នាំ ២០០៦ កូរ៉េខាងជើង​ត្រូវ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ចេញសេចក្តីសម្រេច ៣លើកផ្ទួនៗគ្នា ដាក់​ទណ្ឌកម្ម​បន្ថែម ដោយសារ​តែរឿងបាញ់​សាកល្បង​មីស៊ីលបាលីស្ទិក។ប៉ុន្តែ កូរ៉េខាងជើង​វិញ នៅតែ​ឡើងចាង សម្រុក​អភិវឌ្ឍ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​សម័យដឹកនាំ​របស់​លោកគីម ជុងអ៊ុន បន្ទាប់ពី ចិន និង​រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង តាំងពី​ឆ្នាំ ២០១៧ លើកដៃ​វេតូ​រហូត ប្រឆាំងមិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​លើ​កូរ៉េខាងជើង។កូរ៉េខាងជើង​ចង់បង្ហាញសមិទ្ធផល​មីស៊ីល​ដែលបាន​មកពី​ជំនួយ ការអនុគ្រោះ​ពីចិន និងរុស្ស៊ីចិន និង​រុស្ស៊ី​ដែលបន្ត​ទំនាក់ទំនងជិតស្និទ្ធិជាមួយ​របបព្យុងយ៉ាង​នឹង​បញ្ជូន​មន្រ្តីជាន់ខ្ពស់របស់ខ្លួន​ទៅ​ចូលរួម​ក្នុងពិធីបុណ្យជាតិ រំលឹកខួប​៧០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែល​ព្យុងយ៉ាងត្រូវ​រៀបចំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខានស្អែក ទៅតាម​ការអញ្ជើញ​របស់​មេដឹកនាំ​កូរ៉េខាងជើង។ វត្តមានរបស់​មន្រ្តីចិន និង​រុស្ស៊ី​នៅព្យុងយ៉ាងធ្វើឡើង នៅបន្ទាប់ពី​កូរ៉េខាងជើង​ ​បិទទ្វារ​មិនទទួល​ជនបរទេស ជាង​៣ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត​កូវីដ។តាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ព្យុងយ៉ាងគ្រោងរៀបចំ​យ៉ាងអធិកអធមបំផុត ពិធីបុណ្យខួប​៧០ឆ្នាំ​នៃ​ការបិទបញ្ចប់​សង្រ្គាមកូរ៉េ។ គួររំលឹកថា ភាគីជម្លោះកូរ៉េ​បាន​ចុះហត្ថលេខា​លើ​បទឈប់បាញ់ ឈានទៅបិទបញ្ចប់សង្រ្គាម នៅ​ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៥៣។ បទឈប់បាញ់​ ត្រូវ​បាន​គេ​កំណត់​ថា ជា​ឯកសារ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ដើម្បី​រង់ចាំ​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្រ្គាម​ជា​ស្ថាពរ ដែល​គេ​នឹង​រៀបចំ​ធ្វើ​នៅ​ពេលក្រោយ។ ក៏ប៉ុន្តែ ៧០ឆ្នាំ ក្រោយ សន្ធិសញ្ញា​សន្តិភាព​នេះ​នៅតែ​មិន​ទាន់ត្រូវ​បាន​​ភាគីជម្លោះ​ចុះហត្ថលេខា។ តាមផ្លូវច្បាប់ ឧបទ្វីបកូរ៉េ​គឺ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម រហូត​មក​បច្ចុប្បន្ន។សម្រាប់​កូរ៉េខាងជើង ថ្ងៃ​ចុះ​ហត្ថលេខា​បិទបញ្ចប់​សង្រ្គាម កូរ៉េ គឺជាថ្ងៃ​ជ័យជំនះ​របស់​កូរ៉េខាងជើង ហើយកូរ៉េខាងជើង​ចង់ប្រារព្ធខួបថ្ងៃជ័យជំនះ​នេះជាមួយមហាមិត្ត​ចិន ព្រោះថា ទាហាន​ចិនជិត ២សែននាក់​បាន​ពលីជីវិតជួយ​កូរ៉េខាងជើងនៅក្នុង​សង្រ្គាមកូរ៉េកាលពី​៧០ឆ្នាំមុន។មួយវិញទៀត ដោយ​អញ្ជើញ មន្រ្តីជាន់ខ្ពស់​របស់​បក្សកុម្មុយនិស្ត​ចិន និង​រដ្ឋមន្រ្តីការពារ​ជាតិរុស្ស៊ី ឲ្យ​ចូលរួមជាពិសេស ​នៅក្នុងពិធីបុណ្យលើកនេះ កូរ៉េខាងជើង មានក្តីទន្ទឹងពីរ។ ទី១ កូរ៉េខាងជើង​ចង់​បើកប្រទេសឡើងវិញ ទទួល​បរទេស នៅក្រោយបិទទ្វារជាង​៣ឆ្នាំ​ដោយសារ​កូវីដ។ទី២ ដោយ​អញ្ជើញ​មន្រ្តីជាន់ខ្ពស់ចិន ឲ្យ​ចូលរួម​ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា នៅថ្ងៃ​ព្រហស្បតិ៍ ដែល​មានការ​បង្ហាញសព្វាវុធ ​គ្រាប់មីស៊ីល ព្យុងយ៉ាង​ចង់បង្ហាញ​ដល់​សម្ព័ន្ធមិត្ត​ចិន ពីលទ្ធផល​សម្រេច នៃជំនួយ ​ការអនុគ្រោះ យោគយល់ របស់​ចិន ដែលបាន​បើកដៃ​ឲ្យ​កូរ៉េខាងជើង​អាច​ឈាន​ទៅក្លាយជា​មហាអំណាចនុយក្លេអ៊ែរ និង​ផលិតមីស៊ីល​មាន​សមត្ថភាព​វាយដល់​ទឹកដីអាមេរិក ដែលជា​គូភាគីជម្លោះ​របស់​ចិន សព្វថ្ងៃ។ចិនឆ្លើយតបថា ខ្លួនបានអនុវត្ត​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខ​ដោយ​ម៉ត់ចត់បំផុតប៉េកាំង តាមរយៈ អ្នកតំណាងរបស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ ទើបតែ​ឆ្លើយតប លិខិត​របស់​ក្រុមប្រទេស​G៧ នៅថ្ងៃ​អង្គារនេះ ពោលនៅថ្ងៃ​ដែល​ទីភ្នាក់ងារ​KCNA របស់កូរ៉េខាងជើងចុះផ្សាយ​ថា មន្រ្តីជាន់ខ្ពស់​របស់​បក្សកុម្មុយនិស្ត​ចិន​នឹង​មានវត្តមានចូលរួម​ក្នុង​ពិធីបុណ្យ រំលឹកខួប​៧០ឆ្នាំ នៃការបញ្ចប់សង្រ្គាមកូរ៉េ នៅព្យុងយ៉ាង នៅថ្ងៃ​ព្រហស្បតិ៍។នៅក្នុងលិខិត​ផ្ញើទៅកាន់ ឯកអគ្គរដ្ឋទូតចិន ប្រចាំ​អង្គការ​សហប្រជាជាតិ ក្រុមប្រទេស​ហ្សេ៧​បាន​ទាមទារ​ឲ្យ​ចិន​ចូលរួម​អនុវត្ត​ដោយតឹងរ៉ឹងបំផុត ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង។ ការទាមទារ​របស់​ក្រុមប្រទេស​លោកខាងលិច ធ្វើឡើង បន្ទាប់ពី អ្នកជំនាញ​របស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសង្កេតការអនុវត្តទណ្ឌកម្ម​លើ​កូរ៉េខាងជើង សង្កេត​ឃើញ មាននាវា​ដឹក​ប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង ចត និង​ប្រើប្រាស់​កំពង់ផែ Sansha របស់ចិន ដើម្បី​ចូលទៅ​ដឹកប្រេង នាំយក​ទៅកូរ៉េខាងជើង។ អង្គការសហប្រជាជាតិ ​បានសម្រេច​ទណ្ឌកម្មជាបន្តបន្ទាប់ លើកូរ៉េខាងជើង តាំងពីឆ្នាំ​២០០៦ ដើម្បី​បិទច្រកផ្លូវ រារាំង​កុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាព​ទិញ នាំចូល​ថាមពលប្រេង យកទៅប្រើ​ក្នុង​វិស័យ​កងទ័ពនិងសព្វាវុធ។ ប៉ុន្តែ ផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយ​សារមានជំនួយ ពី​ចិន។ប៉ុន្តែ ឆ្លើយតបនឹង​ការចោទប្រកាន់​របស់​ក្រុម​ប្រទេស​លោកខាងលិច ប៉េកាំង​អះអាងថា ខ្លួន​បាន​គោរពយ៉ាងម៉ត់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​កាតព្វកិច្ច​របស់ខ្លួននៅចំពោះមុខ​ច្បាប់​អន្តរជាតិ។ ក្រៅពីឆ្លើយការពារខ្លួន ចិន នៅបាន​និយាយ​បក ទាមទារ​ឲ្យ​ភាគីដទៃទៀត ដែលនៅក្នុងនោះ មានអាមេរិក​និងកូរ៉េខាងត្បូង​គោរពសេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពីការបង្កើតបរិយាកាស បង្កើន​នយោបាយការទូត សម្រួលដល់ឲ្យមានការបើកផ្លូវ​ការចរចា ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ៕
7/25/20238 minutes, 28 seconds
Episode Artwork

លោកម៉ាក្រុង​ទៅ​កោះនូវែល​កាឡេដូនី បញ្ជាក់ពីភាពចាំបាត់នៃវត្តមានបារាំង ក្នុងលំហឥណ្ឌូប៉ាស៊ីហ្វិក

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទើបតែបានធ្វើដំណើរទៅដល់ កោះនូវែលកាឡេដូនី ដែលជាដែនដីនាយសមុទ្ររបស់បារាំង ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ខាងត្បូង​។ ជាច្រើនឆ្នាំមកហើយ ដែល​កោះនូវែលកាឡេដូនី បាន​ព្យាយាម​បោះឆ្នោតប្រជាមតិ​ ដើម្បី​រលាស់ខ្លួន ឈានទៅមានឯករាជ្យពេញលេញ។ បើទោះបីជាបារាំង បានអះអាងថា មិន​ប្រឆាំងនឹង​ការផ្តាច់ខ្លួន​របស់កោះនូវែលកាឡេដូនីក៏ដោយ តែធាតុពិត បារាំងមានអត្ថប្រយោជន៍ធំសម្បើមណាស់ ក្នុងការរក្សាកោះនេះ ឲ្យបន្ត​​ស្ថិតក្នុង​រង្វង់អំណាចរដ្ឋបាល​របស់​បារាំង។ បារាំងក្រោមការដឹកនាំរបស់​លោក​ម៉ាក្រុង កំពុងតែ​ព្យាយាម​ពង្រឹងវត្តមានខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនាមជាមហាអំណាចមួយ​ ស្ថិតនៅ​ចន្លោះរវាងចិន និងសហរដ្ឋអាមេរិក​។ ​ទឹកដីបារាំងក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក​កោះនូវែលកាឡេដូនី នៅ​តំបន់ប៉ាស៊ីហ្វិកខាងត្បូង​ ជាដែនដីនាយសមុទ្ររបស់បារាំង ដែលកំពុងស្ថិតនៅវិបត្តិ​រដ្ឋបាល​​និងស្ថាប័នដ៏ធ្ងន់ធ្ងរ។ តាមពិតទៅ រដ្ឋបារាំង បានចុះកិច្ចព្រមព្រៀងនៅឆ្នាំ​១៩៩៨ ជាមួយ​រដ្ឋបាល​កោះកាឡេដូនី ដោយ​រដ្ឋបារាំងសន្យាថា នឹងបើក​ផ្លូវ​ឲ្យ​កោះនេះ បានទទួលឯករាជ្យក្លាយជាប្រទេសពេញសិទ្ធិ ប្រសិន​បើ​ប្រជាជនម្ចាស់ស្រុកពិតជាចង់បាន​មែន​។តាមរយៈរបៀបវារៈនេះ គេបានរៀបចំការបោះឆ្នោត​ប្រជាមតិ​ ៣ដងហើយ នៅកោះនូវែលកាឡេដូនីនេះ តែ​គឺសំឡេងឆ្នោត​មិនគាំទ្រការប្រកាសឯករាជ្យ​ បានឈ្នះជានិច្ច។ ការបោះឆ្នោតប្រជាមតិចុងក្រោយ គឺកាលពីវិច្ឆិកា ឆ្នាំ​២០២១។ តែយ៉ាងណា ការគ្រប់គ្រងរដ្ឋបាល និងនយោបាយ​នៅកោះនេះ គឺត្រូវពុះចែក​ ប្រកែកតទល់គ្នាសម្បើមណាស់ រវាង​ក្រុមអ្នកនយោបាយខាងសហគមន៍​ជនជាតិ​កាណាក់ ដែលជាជនជាតិដើម​ម្ចាស់ស្រុក ហើយ​ដែលចង់​បានឯករាជ្យ និង​ក្រុមអ្នកនយោបាយម្ខាងទៀត ដែលនៅខាងរដ្ឋបារាំងចង់​ឲ្យ​កោះនេះស្ថិតនៅជាដែនដី​បារាំងតទៅទៀត។ គឺក្រុមអ្នកដឹកនាំចលនានយោបាយទាំង២នេះ ដែលឈ្លោះប្រកែកគ្នា ចរចាគ្នាមិនត្រូវសោះ​។លោក​ម៉ាក្រុង បានទៅដល់​ទីក្រុងនូម៉េអា ទីក្រុងធំរបស់​កោះនូវែលកាឡេដូនី ម្តងហើយ កាលពីឆ្នាំ​២០១៨ ដើម្បី​ផ្តល់​សន្ទុះឲ្យ​មានការ​បង្រួបបង្រួមគ្នា ការពារអ្វីដែលជាប្រយោជន៍រួម​របស់កោះ។ នៅលើកនេះ លោក​ម៉ាក្រុង​ទៅទស្សនកិច្ច​២ថ្ងៃ ដោយលោកនឹងជួបជាមួយ​ភាគីចលនានយោបាយទាំងសងខាង។សេដ្ឋកិច្ច​ និង​អត្តសញ្ញាណ​វប្បធម៌ជនជាតិកាណាក់​ផ្អែកតាម លោក Gil Brial អភិបាលរងទី២នៃខេត្តខាងត្បូង និង​ជាអ្នកនាំពាក្យចលនាយោបាយ ភក្តីភាពនឹងរដ្ឋបារាំង បាន​លើកឡើងថា អ្វីដែលគេរំពឹងរងចាំបំផុត គឺ​អន្តរាគមន៍របស់លោក​ម៉ាក្រុង បញ្ជាក់ឲ្យ​បានច្បាស់ ថាពិតជាបើកការចរចា ត្រីភាគី នៅខែសីហាខាងមុខ មែនឬយ៉ាងណា។ ការចរចាដែលក្រុមចលនានយោបាយភក្តីភាពនឹងបារាំងនេះ បាន​រំពឹងថា នឹងអាចបិទបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ​១៩៩៨ ហើយឈានទៅបើកទំព័រ កំណត់លក្ខខន្តិកៈថ្មី សម្រាប់កោះនេះ ដោយរក្សា​ឲ្យ​​ស្ថិតនៅក្នុងរង្វង់រដ្ឋបាល​បារាំងដដែល​។ លោក​ម្នាក់នេះ បានអះអាងថា គម្រោងត្រឹមតែ​ធ្វើកំណែទម្រង់ចាំបាច់មួយចំនួន សម្រាប់កោះនូវែលកាឡេដូនី​ ទាក់ទិននឹង​ប្រព័ន្ធ​បោះឆ្នោត គឺវាមិនគ្រប់គ្រាន់ទេ គឺត្រូវចាកចេញពីកិច្ចព្រមព្រៀងនូម៉េអា។ដោយឡែក ក្រុមចលនានយោបាយ​​ឯករាជ្យនិយមវិញ ដែលការពារជនជាតិ​កាណាក់ គេបានយល់ព្រមបើក​ផ្លូវឲ្យ​មានការចរចាគ្នា​ទាក់ទិននឹងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកោះនេះ។ ក៏ប៉ុ​ន្តែពួកគេបាន​ទាមទារ ថារដ្ឋបារាំង ត្រូវតែរៀបចំផែនការ​ឲ្យ​បានច្បាស់ ទាក់ទិននឹងប៉ះប៉ូវសងសំណងខូចខាតកាលពីអតីតកាល ដោយសារតែបារាំងបានដាក់អាណានិគមន៍​លើកកោះនេះ។​ លោក Roch Wamytan តំណាងម្នាក់​នាំចលនានយោបាយឯករាជ្យនិយម  បានលើកឡើងថា លោកចង់ឃើញលោក​ម៉ាក្រុង លើកឡើងអំពី​ការអភិរក្ស​លើកកំពស់អត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ប្រជាជនកាណាក់ ហើយ​អ្វីដែល​សំខាន់មួយទៀត គឺគោលនយោបាយ​ប៉ះប៉ូវសងការខូចខាត ការឈឺចាប់ ដោយសារតែការដាក់អាណានិគមន៍​។បន្ថែមពីនេះ លោកប្រធានសភាតំបន់​កាឡេដូនី បាន​លើកឡើងថា បញ្ហាសេដ្ឋកិច្ច​ក៏ជាចំណុចមួយសំខាន់ណាស់ដែរ ដែលរដ្ឋបារាំងត្រូវតែរកវិធីជួបកោះនេះ។ គម្រូសេដ្ឋកិច្ច​បានដើរដល់ភាពទ័លច្រក ហិរញ្ញវត្ថុសាធារណៈរបស់កោះនេះ ជាប់ជំពាក់​បំណុល​ជាង​២០០%ឯនោះ នៃចំណូលដែលរកបាន​។ ប្រជាជន ជាពិសេសជនជាតិដើមកាណាក់ កាន់តែក្រីក្រ​។ ដូច្នេះ រដ្ឋបារាំង ត្រូវតែផ្តល់សន្ទុះដល់​សេដ្ឋកិច្ច​កោះនូវែលកាឡេដូនី​ ជួយជីវភាពមនុស្ស​ មានការរីកចម្រើន អារម្មណ៍​ដែលស្អប់ខឹងរដ្ឋបារាំង ហើយចង់​បានឯករាជ្យ ក៏វាចុះថយទៅតាមនោះដែរ​។ពង្រឹងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ​បារាំង នៅឥណ្ឌូប៉ាស៊ីហ្វិក​យើងដឹងហើយថា កោះនូវែលកាឡេដូនី សំបូររ៉ែ​នីកែលខ្លាំងណាស់។ រ៉ែកម្រនេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ច​បារាំង។ តែលើសពីនេះ កោះនូវែលកាឡេដូនី ក៏មានតម្លៃខ្លាំងបំផុតសម្រាប់បារាំងដែរ ផ្នែក​​យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ។ កោះនូវែលកាឡេដូនី គឺជាដែនដី ដែលអនុញ្ញាតឲ្យ​បារាំង អាចមានវត្តមានស្របច្បាប់ ពេញសិទ្ធិ ​នៅ​តំបន់ប៉ាស៊ីហ្វិកខាងត្បូង ក្បែរតំបន់អាស៊ីអាគ្នេយ៍។ មួយវិញទៀត លោក​ម៉ាក្រុង បាន​កំនត់ទិសដៅ​ភូមិសាស្ត្រនយោបាយថ្មី ដើម្បីឈានទៅពង្រឹង​វត្តមានរបស់​បារាំង នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលតែម្តង។ ពោលគឺជាលំហតំបន់ដ៏ធំ គិតចាប់ពីឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌា រហូតមកដល់តំបន់ប៉ាស៊ីហ្វិក​។ ជាវត្តមាន​ដែលបារាំង ចង់ដើរតួ ក្នុងនាមជាមហាអំណាចរក្សាតុល្យភាព ខណៈដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ កំពុងតែស្ថិតនៅក្នុងបរិបទហែកដណ្តើមគ្នារវាងចិននិងអាមេរិក។បើ​ផ្អែកតាម​ប្រភពពី​វិមានប្រធានាធិបតីបារាំង គឺលោក​ម៉ាក្រុង នឹងថ្លែងសារបញ្ជាក់ប្រាប់ប្រជាជនកោះនូវែលកាឡេដូនីថា វាសនា​អនាគតរបស់​បារាំង និង​របស់​កោះនេះ គឺវាវេញជាប់គ្នាជាធ្លុងមួយ​។ នៅក្នុងលំហដ៏ធំធេងនេះ បារាំងគឺជាបង្អែក​សន្តិសុខ ស្ថិរភាព​ សេដ្ឋកិច្ច សម្រាប់​កោះនូវែលកាឡេដូនី​។ ចេញពីនូវែល​កាឡេដូនី លោកម៉ាក្រុង នឹងបន្តដំណើរទៅកោះវ៉ានូអាទូ នៅថ្ងៃព្រហស្បតិ៍​ទី២៧កក្កដា មុននឹង​បន្តដំណើរទៅ​ប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃបន្ទាប់​។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ គឺច្បាស់ណាស់ លោក​ម៉ាក្រុងនឹងចាប់ផ្តើមគូសវា​ប្រាប់ថាបារាំងសន្យាមាន​វត្តមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
7/24/20236 minutes, 42 seconds
Episode Artwork

អេស្ប៉ាញបោះឆ្នោតសភា ខណៈចលនានយោបាយស្តាំនិយមជ្រុល កាន់តែមានសន្ទុះគាំទ្រ

ថ្ងៃអាទិត្យ​ ២៣កក្កដា​ អេស្ប៉ាញ​រៀបចំការ​បោះឆ្នោត​​សភា មុន​អាណត្តិ។ ការបោះឆ្នោត​សភា​ដែលចួន​​ចំពេល​រដូវ​​វិស្សមកាល​ គឺ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អេស្ប៉ាញ​ ខឹង​និងធុញទ្រាន់​ចំពោះការ​សម្រេចចិត្ត​បោះឆ្នោត​មុន​កាលកំណត់​របស់​ លោក Pedro Sánchez ​។ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ រូបនេះ ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ បា​នសម្លឹង​ទៅរក​ការ​ចាប់​ដៃ​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​ឆ្វេង​និយម​ ខណៈ​ពេល​ដែល​បក្ស​ប្រឆាំង​ស្តាំ​និយមកំពុងតែ​សម្លឹងរក​​ពួត​ដៃ​គ្នា ជាមួយ​នឹង​បក្ស​ស្តាំនិយម​ជ្រុល។ ប្រសិន​បើជា ​ក្រុម​បក្ស​ស្តាំ​និយម​ឈ្នះ​ឆ្នោត​លើកនេះ គឺ​ច្បាស់​ជានឹង​​កែប្រែ​ច្បាប់ ​​និងលុប​ចោល​កា​រ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ចាស់​ ហើយ​និង​ឈាន​ទៅ​ដល់​ការ​ដើរចេញពីកិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ពិសេសគឺ​លុប​ចោល​​ច្បាប់​ដែល​ធ្វើ​ឡើង​សម្រាប់​លើកកម្ពស់​សិទ្ធនារី និង សិទ្ធិ​​អ្ន​កស្រឡាញ់​ភេទ​ដូចគ្នា ជាដើម​។ ​ ​​ទិដ្ឋភាព​ទូទៅ​ប្រជាជនអេស្ប៉ាញ​ ចេញ​ទៅ​បោះឆ្នោតសភា ដែល​ឈានទៅជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិ​ថ្មី។​ ​ការ​បោះឆ្នោត​​ជ្រើស​តាំងសមាជិករដ្ឋ​សភាថ្មី ចំនួន​ ៣៥០ អាសនៈ សម្រាប់​១អាណត្តិ រយៈ​ពេល ​៤ឆ្នាំ​ ហើយ​និង​ សមាជិក​ព្រឹទ្ធ​សភា ចំនួន ២០៨ នាក់​ដែរ​។ ប្រជាពលរដ្ឋ​អេស្ប៉ាញ ចំនួន ៣៧,៥ លាន​នាក់ ត្រូវ​ចេញទៅ​បោះឆ្នោត នៅក្នុង​នោះ ២,៥ លាន​នាក់ បា​នបោះឆ្នោតពីចម្ងាយ ​តាម​ប្រអប់​សំបុត្រ​រួច​ហើយ។ ការិយាល័យ​បោះឆ្នោត​ បាន​បើក​ទ្វារ​ នៅម៉ោង​ ៩ ព្រឹក ហើយ​ត្រូវ​បិទទ្វា​រនៅម៉ោង ៨ យប់ ម៉ោង​នៅ​អេស្ប៉ាញ។   គ្រាន់​តែការិយាល័យបោះឆ្នោត​​បើកទ្វារ​ បានតែ​​១០នាទី នាយករដ្ឋមន្ត្រីផុតអាណត្តិ Pedro Sánchez វ័យ​៥១ឆ្នាំ បាន​អញ្ចើញ​ទៅបោះឆ្នោត​មុន​គេ ជាមួយ​នឹង​ភរិយា។ ស្ថានភាព​សន្តិសុខ​ទូទៅ គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ខ្លាំងទេ​។​ ប៉ុន្តែ រឿង​កម្តៅ​នយោបាយ និង​ទំនោរ​ប្រជាជនអេស្ប៉ាញ​​ដែល​ងាកទៅ​បក្ស​ស្តាំ​និយម ជារឿង​ដែល​គួរ​ឲ្យ​យក​ចិត្តទុកដាក់។​ការបោះឆ្នោត​សភា​អេស្ប៉ាញ​នេះ ​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​ពេល​​ការ​បោះឆ្នោត​សភាអឺរ៉ុប ​​នឹង​ឈាន​ចូល​នៅឆ្នាំ​២០២៤ខាងមុខ។ គេ​ចាប់អារម្មណ៍​ខ្លាំង ដ្បិត​ថា កម្តៅ​នយោបាយ នៅក្នុង​រដ្ឋសមាជិក​សហភាពអឺរ៉ុប​​ ហាក់ចាប់ផ្តើម​ផ្អៀង​ទៅខាង​ពួក​ស្តាំ​និយម ដូចករណី បារាំង ក្រិក​ ពិសេស​គឺ​ ប្រទេស​ហុងគ្រី និង​​​អ៊ីតាលី​ ហើយ​ពេល​នេះ នៅ​អេស្ប៉ាញ ក៏​ជា​ករណី​ព្រួយ​បារម្ភ​មួយ​ដែរ​។ នៅអឺរ៉ុប នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី ចរចា មេឡូនី និង នាយករដ្ឋមន្ត្រីហុងគ្រី វិទ័រ អ័កបាន សុទ្ធតែបានថ្លែងការណ៍គាំទ្រ ផ្តល់កម្លាំងចិត្ត និងជំរុញសន្ទុះ ដល់បក្សស្តាំនិយមអេស្ប៉ាញ។៥ថ្ងៃមុន​បោះឆ្នោត​ ហាម​ស្ទង់​មតិ​៥ថ្ងៃមុន​ថ្ងៃ​បោះឆ្នោតមកដល់ គឺបើតាមច្បាប់​អេស្ប៉ាញ ត្រូវហាម​ឃាត់​មិន​ឲ្យ​​ស្ទង់​មតិ ឬ​ផ្សព្វផ្សាយ​ការ​ស្ទង់​មតិ​ ចំពោះ​និន្នាការ​ចង់បោះ​ឆ្នោត​ឲ្យ​​បក្ស​ណាមួយ ឬ​ស្ទង់​មតិ​បង្ហាញ​ថា បក្ស​ណាមួយ​មាន​សំឡេងចង់​បោះឆ្នោត​ឲ្យ​​ច្រើន ឬ​តិចនោះឡើយ។ ការស្ទង់​​មតិ​ដែល​គេ​យកទៅ​ផ្សាយ ថ្មី​ចុង​ក្រោយ​​បំផុត ត្រឹម​ថ្ងៃ​ច័ន្ទ​​ដើមសប្តាហ៍​។ បើ​តាម​ទិន្នន័យ​នេះ គឺ​ប្រជាជន​​ ប្រមាណ ជា ​២០% ​​មិន​ទាន់​សម្រេច​ចិត្ត​ ថា​ទៅឬ​មិនទៅ​បោះឆ្នោត​​​ទេ​ ហើយប្រសិន​ជាទៅបោះឆ្នោត​ ក៏​​ពួកគេ​ ​មិន​ដឹង​ថា​ត្រូវ​បោះឆ្នោត​ឲ្យ​បក្សណាមួយ​ដែរ។ចំពោះយុវជន​វិញ​ អត្រា​មិនទៅចូលរួម​បោះឆ្នោត​ គឺ​មាន​កម្រិត​ខ្ពស់​។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​បារាំងRFI នៅ​រដ្ឋធានី Madrid​ បាន​សម្ភាសយុវតីម្នាក់ ឈ្មោះ Laura វ័យ​២៣ ឆ្នាំ។ នាងអះអាង​ថា ​មិន​ទៅ​បោះឆ្នោត​ទេ​ ព្រោះតែ​«សន្លឹក​ឆ្នោតរបស់​​នាង​ គ្មានទម្ងន់​ គ្មាន​​តម្លៃ​ គ្មាន​ប្រយោជន៍​អ្វី ក្នុងការ​កំណត់​ឲ្យ​បក្ស​ណា​១​ឈ្នះ​ឆ្នោត​ឡើយ»។​ សំឡេង​ឆ្នោតដែល​ចេញពីការ​សម្រេចចិត្ត​របស់​ពួក​យុវជន គឺ​​​នាទី​ចុងក្រោយ​បំផុត​ ទើប​ពួក​គេ​សម្រេច​​ចិត្ត​។​ ក្នុង​១៣% នៃយុវជន​អេស្ប៉ាញ សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​បេក្ខជនណាមួយ ឬ​បក្ស​ណាមួយ នៅ​ថ្ងៃ​បោះឆ្នោត​តែម្តង។ការឃោសនា​និង​​គោល​ការណ៍​នយោបាយ​បក្ស​ស្តាំនិយម​​​​ដើម្បី​ទាក់ចិត្ត​ម្ចាស់​ឆ្នោត​​​តាម​ការ​ស្ទុង​មតិ​ចុងក្រោយ ចេតនា​ចង់​បោះឆ្នោត​ឲ្យ​បក្ស​​ស្តាំនិយម​​ PP (Parti populaire) គឺ​មា​ន​ជាង ៣៥%។ បក្សនេះ​ដឹកនាំដោយ​ លោក Alberto Núñez Feijó អតីត​អ្ន​ករដ្ឋការ​ជើងចាស់ វ័យ ៦១ឆ្នាំ​។​ លោក​សន្យា​ជំរុញ​កំណើន​សេដ្ឋកិច្ច តែ​បាន​សន្យា​​កាត់​បន្ថយ​ពន្ធលើកប្រាក់ខែ​ និង​ លុបចោល​ពន្ធ​ផ្ទេរ​មត៌ក​ ហើយ​និង​កែ​ទម្រង់​ការអប់រំ ពិសេស​កែច្បាប់​ពាក់ព័ន្ធ​នឹង​ពួក​ស្រឡាញ់​ភេទ​ដូចគ្នា​។​គោល​ការណ៍ទាំង​​នេះ ស្រដៀង​នឹង​ ការ​សន្យា​របស់​​គណបក្ស​ស្តាំ​និយម​ជ្រុល Vox ដឹក​នាំ​ដោយ លោក Santiago Abascal ដែរ​។ កម្មវិធី​នយោបាយ​របស់បក្ស​ស្តាំ​និយម​ជ្រុល Vox គឺ​មាន​លក្ខណៈជាតិនិយមជ្រុល ​ប្រកាន់​និកាយ​សាសនា​កាតូលិក​ជ្រុល ចង់​លុប​ចោល​​ច្បាប់​គាំពារ​សហគម​ន៍ស្រឡាញ់ភេទ​ដូចគ្នា​ LGBT+ ហើយក៏​​ប្រឆាំង​នឹង​គោលការណ៍​ស្រីនិយម។ បក្ស​នេះ សន្យា​បណ្តេញ​ពួក​ជន​អន្តោប្រវេសន៍ខុសច្បាប់​​​ឲ្យ​ចេញពី​អេស្ប៉ាញ​ទៀត​ផង។ ប្រឈម​នឹង​ការ​សន្យា​ទាំង​នេះហើយ ទើបនាយករដ្ឋមន្ត្រី​ផុត​អាណត្តិ Pedro Sánchez ​​បាន​ប្រកាស​ឲ្យ​ពលរដ្ឋអេស្ប៉ាញ​បោះឆ្នោត​បង្ខាំង​កុំឲ្យ​ពួក​ស្តាំ​និយម​ឈ្នះ​ឆ្នោត​។​​គោលការណ៍របស់​​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ និងគណបក្សឆ្វេងនិយមប្រសិន​បើ​ជឿ​ទៅលើការ​ស្ទុង​មតិ​ចុងក្រោយ គ្មាន​ក្រុម​សម្ព័ន្ធ​បក្ស​ខាងណា ខាងឆ្វេងនិយម ឬ​ខាងស្តាំ​និយម ដែល​អាច​ឈ្នះ​សន្លឹក​ឆ្នោត​ដាច់គេ​ និងរៀបចំ​រដ្ឋាភិបាល​តែម្នាក់តែ​ឯងទេ។ នាយករដ្ឋមន្ត្រីផុតអាណត្តិ មកពីបក្សសង្គមនិយម កាន់តែអំណាចតាំងពីឆ្នាំ២០១៨មក គឺ​បាន​សម្លឹង​ទៅ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​​បក្ស​ឆ្វេង​និយម ពិសេស​គឺជាមួយ​នឹង​បក្ស​ឆ្វេងនិយម​ ឈ្មោះ Sumar ។ បក្សនេះ គឺ​បង្កើតឡើង​ដោយ​អ្នកស្រី Yolanda Díaz ​​វ័យ​៥២ឆ្នាំ ជា ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ផុត​អាណត្តិ ។ បក្ស​ Sumar ឲ្យ​តម្លៃ​ទៅលើ​ស្រីនិយម បរិស្ថាន​និយម និង​សិទ្ធ​ក្រុម​ជន​ភាគតិច ដូចជា​ក្រុម​កែ​ប្តូរ​ភេទ ​អ្ន​កស្រឡាញ់​ភេទ​ដូចគ្នា។​ អ្នកស្រី​ Yolanda Díaz ក៏​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​បណ្តា​បក្ស​និន្នាការ​ឆ្វេង​និយម បក្ស​តូចៗ ចំនួន ៨ ដែល​មាន​សំឡេង​គាំទ្រ​ច្រើន នៅក្នុងការ​បោះឆ្នោត​ថ្នាក់​តំបន់ កាលពី​ខែ​ឧសភា​។​ ក្រៅពីនេះ អ្នកស្រី​បាន​សន្យា​មួយ​ដ៏​គួរឲ្យទាក់ចិត្ត​អ្នក​បោះឆ្នោត​វ័យ​ក្មេង។​ នោះគឺ​ការ​បង្កើត​កញ្ចប់​ថវិកា​ ២ម៉ឺន​អឺរ៉ូ សម្រាប់​យុវជន​អេស្ប៉ាញ​ម្នាក់ៗ​ ដែល​អាយុ​ចាប់ពី​ ១៨​ ឆ្នាំ​។ កញ្ចប់​ថវិកា​​២ម៉ឺនអឺរ៉ូ សម្រាប់​យុវជន​ម្នាក់​ ធ្វើ​អាជីវកម្ម និង​បង្កើត​មុខ​របរ ឬក៏​​សម្រាប់​ចាត់ចែង​គម្រោង​អនាគត​ផ្សេងៗ។ បើតាម​គោលការណ៍ ក្រុម​ពួក​ឆ្វេងនិយម ​គឺ​ត្រូវ​ការ​ពារ​ផល​ប្រយោជន៍​របស់​ពួកអ្នកក្រ ពួក​កម្មករ​។ ក៏ប៉ុន្តែ ពលរដ្ឋ​អេស្ប៉ាញមួយ​ចំនួន​ បានមើលឃើញថា ពួក​ឆ្វេង​និយម ហាក់​ដើរងាក​ពីគោលការណ៍​ស្នូលរបស់​ខ្លួន​។ នេះគឺការ​យល់ឃើញ​របស់ ​អ្ន​កបោះឆ្នោត​ម្នាក់ ឈ្មោះ David ដែលថា ខ្លួន​អន់ចិត្ត​ខ្លាំង​នឹង​បក្ស​​នយោបាយ​ឆ្វេង​និយម ដែលបែរជា​ទៅបម្រើ​ប្រយោជន៍​ពួក​ក្រុម​ចៅកែ​ពួក​អ្នក​មាន ជៀសជាង​គិតពី​ប្រយោជន៍​កម្មករ ​អ្នក​ធ្វើការ​ក្រីក្រ៕​
7/23/20238 minutes, 16 seconds
Episode Artwork

អ៊ីស្រាអែលកំពុងប្រឈមខ្លាំងនឹង​អស្ថិរភាព អសន្តិសុខ រងការវាយ​ប្រហារពីគ្រប់ទិស ទាំងពីក្រៅទាំងពីក្នុង

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែល​ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន​ បាន​កើតកំដៅខ្លាំងគួរឲ្យ​បារម្ភបំផុត។ ក្រោយ​ប្រតិបត្តិការបង្ក្រាបដ៏ហិង្សារបស់សមត្ថកិច្ច​អ៊ីស្រាអែល ​នៅក្នុងព្រះវិហារម៉ូស្កេក្រុងហ្សេរុយសាឡឹម ដែលជាទីសក្ការៈកំពូលនៃសាសនាអ៊ីស្លាម អ៊ីស្រាអែល បានរង​នូវ​ការវាយប្រហារភេរវកម្ម​ផ្ទួនៗគ្នា។ បន្ថែមពីនេះ គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបាន​បាញ់​ចេញ ពីលីបង់និង​ពី​ស៊ីរី សំដៅមកខាងជើងអ៊ីស្រាអែល។ លោក​នាយក​រដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយ​ប្រហារឆ្លើយតបវិញ។ ស្ថានការណ៍​ដ៏តានតឹងនេះ កំពុងធ្វើ​ឲ្យមានការព្រួយបារម្ភខ្លាំងណាស់ អំពីស្ថិរភាព និងសន្តិភាព​តំបន់ដើមបូព៌ា ដែល​អ៊ីស្រាអែលក្រោមការដឹកនាំរបស់ក្រុមស្តាំនិយមជ្រុល កាន់តែរឹងរូស និង​កាន់តែសំបូរសត្រូវ​ក្នុងតំបន់​។ ភេរវកម្មនៅក្នុង​ និង​គ្រាបរ៉ូកែត​ពីខាងក្រៅ​ ស្ថានភាពសន្តិសុខអ៊ីស្រាអែល ហាក់​បាន​ធ្លាក់ដុនដាបខ្លាំងណាស់ ដែលប្រភពបញ្ហា វាមិនទៅណាឆ្ងាយ​ ពីជម្លោះជាតិសាសន៍ ទឹកដី និងសាសនា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីនហ្នឹងទេ។ កាលពីយប់ថ្ងៃសុក្រកន្លងទៅ ការវាយប្រហារភេរវកម្ម​២ បាន​កើតឡើង មួួយនៅ​ក្រុងទែលអាវីវ ជនអារ៉ាប់ម្នាក់ បានបើករថយន្តបំបុកមនុស្ស បង្កឲ្យ​ស្លាប់អ្នកទេសចរណ៍ជនជាតិអ៊ីតាលីម្នាក់ និងរបួសមនុស្ស​៧នាក់ផ្សេងទៀត។ ករណីវាយ​ប្រហារមួយទៀត បង្កឡើងដោយជនប៉ះឡេស្ទីន ដែលបានបាញ់រះលើរថយន្ត នៅតំបន់ស៊ីហ្សកដានី បណ្តាលឲ្យស្លាប់នារីអ៊ីស្រាអែល​២នាក់​បងប្អូន អាយុ ១៧ឆ្នាំ និង​២០ឆ្នាំ។ នៅថ្ងៃសៅរ៍​ជនប៉ាឡេស្ទីនម្នាក់អាយុ២០ឆ្នាំ នៅតំបន់Azzun ខាងជើងស៊ីហ្សកដានី ត្រូវបាន​សមត្ថកិច្ចអ៊ីស្រាអែលបាញ់ស្លាប់។ សមត្ថកិច្ចអ៊ីស្រាអែលអះអាងថា ក្នុងប្រតិបត្តិការ​ចុះការពារសន្តិសុខប្រចាំថ្ងៃរបស់ខ្លួន នៅតំបន់អាណានិគមជ្វីហ្វខាងជើងស៊ីហ្សកដានី ក្រុមយុវជន​ប៉ាឡេស្ទីនហិង្សាបាននាំគ្នាគុបដុំថ្ម និង​គ្រាប់ផ្ទុះជាច្រើនមកលើសមត្ថកិច្ចអ៊ីស្រាអែល ដែលតម្រូវឲ្យ​ខាងគេឆ្លើយបតវិញដើម្បីបំបែកហ្វូង។ នៅភាគខាងជើង​អ៊ីស្រាអែលឯណោះ គ្រាប់រ៉ូកែតប្រមាណ​ជាង​៣០គ្រាប់ត្រូវបានបាញ់ចេញពីលីបង់ សំដៅមកអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍​។ យោងតាមកងទ័ពអ៊ីស្រាអែល គឺ​ក្រុមហាម៉ាប៉ាឡេស្ទីនប្រចាំនៅខាងត្បូងលីបង់ ដែលបានបាញ់គ្រាប់រ៉ូកែតទាំងនេះ។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបទៅវិញ ដោយ​បាន​បាញ់មីស៊ីលកំទេចទីតាំងស្តុកគ្រាប់ និងជំរំលាក់ខ្លួនរបស់​ក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែលក៏បាន​បើកការវាយប្រហារទៅលើ​ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាដែរ​។​ ហើយនៅយប់ថ្ងៃសៅរ៍ គ្រាប់រ៉ូកែតចំនួនយ៉ាងហោច៣គ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីស៊ីរី សំដៅមកខ្ពង់រាបហ្គោឡាន ភាគខាងជើងអ៊ីស្រាអែល។ ប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល​​បានស្ទាក់កំទេចបាន​គ្រាប់រ៉ូកែតមួយគ្រាប់។ កងទ័ពអ៊ីស្រាអែលក៏បានឆ្លើយតបទៅវិញ នៅវេលាម៉ោង​៥ព្រឹកទាបភ្លឺ ដោយ​បាន​ប្រើយានដ្រូន និងបានបាញ់មីស៊ីល សំដៅទីតាំងមួយចំនួននៅភាគខាងត្បូងស៊ីរី។ ផ្អែកតាមប្រភពពីកងទ័ពស៊ីរី ដែល​បញ្ជាក់​ប្រាប់បណ្តាញព័ត៌មាន Sana គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល បានបង្កឲ្យ​មានការខូចខាតសម្ភារៈ មិនមានស្លាប់​មនុស្សទេ ហើយ​ប្រព័ន្ធខែលមីស៊ីលស៊ីរី បានស្ទាក់កំទេចបាន​ច្រើនគ្រាប់។ ចំណែក​កងទ័ពហ្សកដានីវិញ ដែលស្ថិតនៅ​ក្បែរនោះ បានអះអាងថាយប់ថ្ងៃសៅរ៍ មានគ្រាប់មីស៊ីលបាន​ផ្ទុះលើមេឃ ធ្លាក់បំណែកចូលក្នុងទឹកដី​ហ្សកដានី មិនឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែនស៊ីរី។ វិហារឥស្លាម អាល់អាក់សា អំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំងនេះ វាគឺជាលទ្ធផលដោយ​ផ្ទាល់តែម្តង នៃ​ប្រតិបត្តិការ​ចូល​បង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងព្រះវិហារអាល់អាក់សា ដែលជាវិហារឥស្លាមជាទីសក្ការៈបំផុតរបស់អ្នកកាន់សាសនាឥស្លាម​។ កាលពីថ្ងៃពុធ សមត្ថកិច្ចអ៊ីស្រាអែល បានអះអាងថាខ្លួនបានចូលទៅបំបែក​ក្រុមជ្រុលនិយមហិង្សា ដែល​ប្រមូលកម្លាំងគ្នា ដាក់រនាំងនៅក្នុងវិហារអាល់អាក់សា រារាំងមិនឲ្យជនជាតិជ្វីហ្វចូលទៅ។ អន្តរាគមន៍ចូលបង្ក្រាប បានបង្កឲ្យ​ផ្ទុះអំពើហិង្សា បាញ់ប្លោងគ្រាប់ គុបដុំថ្ម គុប​គ្រាប់បែកផ្សែង បាញ់កាំជ្រួចផ្កាភ្លើង ផ្ទុះឆេះយ៉ាងអាណាធិបតេយ្យបំផុតនៅក្នុងព្រះវិហារជាទីសក្ការៈនេះ។ ដើម្បី​យល់ពីស្ថានការណ៍ហិង្សា​នេះ យើងត្រូវដឹងពីបរិបទដែលពាក់ព័ន្ធនឹង​ព្រះ​វិហារម៉ូស្កេនេះ គួបផ្សំជាមួយ​កាលៈទេសៈពេលវេលាផងដែរ។ ឆ្នាំនេះ ពិធីបុណ្យ​រ៉ាម៉ាដង់ ឬយើងហៅថាបុណ្យបួសឥស្លាម គឺវាចំពេលជាមួយគ្នា និង​បុណ្យ​ប៉េស្សា ដ៏សំខាន់បំផុតមួយនៃប្រជាជនជ្វីហ្វ។ សហគមន៍អ្នកកាន់សាសនាទាំង២នេះ នៅក្រុងហ្សេរុយសាឡឹមសុទ្ធតែរៀបចំពិធីសូត្រធម៌យ៉ាងធំរៀងៗខ្លួន ដែលធ្វើឲ្យវា​បង្កើននូវសន្ទុះកំហឹង ច្រណែនគ្នា ស្អប់គុំគួនគ្នាខ្លាំង ដោយសារតែបញ្ហាសាសនានេះឯង។ ពោលគឺការរួមរស់ជាមួយគ្នា រវាងសាសនាទាំង២នេះ វាហាក់ដូចជាលំបាកលំបិន តឹងតែងខ្លាំងណាស់។ ព្រះវិហារឥស្លាម អាល់អាក់សា នៅក្រុងហ្សេរុយសាឡឹម​ ដែលយើងតែងតែឃើញក្នុងរូបថត មានដំបូលមូល​ពណ៌មាសដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់នៅសតវត្សទី៧។ វិហារនេះ សង់នៅលើទីទួលថ្មភ្នំ ដែលជាអតីត​ទីតាំងប្រាសាទបុរាណ​ជាទីសក្ការៈ ចំណាស់រាប់ពាន់ឆ្នាំមកហើយ របស់សាសនាជ្វីហ្វ។​ ពោលគឺទីកន្លែងនេះ ជាទីសក្ការៈរបស់អ្នកកាន់សាសនាជ្វីហ្វ ជាយូរលង់មកហើយ តាំងតែពីសាសនាអ៊ីស្លាម និងសាសនាគ្រិស្តមិនទាន់​ចាប់កំណើតទៅទៀត។ ក្រោយការកកើតរដ្ឋអ៊ីស្រាអែលឡើងវិញ និងបន្ទាប់​ពីអ៊ីស្រាអែល​បានចូលកាន់កាប់ តំបន់ខាងកើតក្រុងហ្សេរុយសាឡឹមនៅឆ្នាំ​​១៩៦៧ គឺអ៊ីស្រាអែលជាអ្នកគ្រប់គ្រង​ទីក្រុងចាស់ហ្សេរុយសាឡឹម ដែលព្រះវិហារនេះស្ថិតនៅ។ ក៏ប៉ុន្តែ មានកិច្ចព្រមព្រៀងមួយ​ត្រូវបានចុះហត្ថលេខា ដោយព្រះវិហារអាល់អាក់សារ ព្រមទាំង​ទីលាន​ខាងមុខ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិឥស្លាមមួយ ចាត់ចែងដោយ​ប្រទេសហ្សកដានី។ ពោលគឺជនជាតិជ្វីហ្វមិនអាច​ឡើងទៅខាងលើនោះ ដើម្បីបន់ស្រន់សូត្រធម៌បានទេ គឺមានតែជនប៉ាឡេស្ទីន កាន់សាសនាឥស្លាមប៉ុណ្ណោះដែលអាចឡើងទៅបាន។ តែអ្នកគ្រប់គ្រងច្រកចេញចូលគឺខាងអ៊ីស្រាអែល។ ដូច្នេះបញ្ហាត្រង់នេះគឺវាតានតឹង នឹងរសើបខ្លាំងណាស់ ដែលបង្កឲ្យ​មានការប្រទូស្តរាយគ្នាជារឿយរវាងភាគីទាំង​២។ បើកទីលានមុខព្រះវិហារអាល់អាក់សា ឲ្យគ្រប់គ្នាអាចចូលទៅសូត្រធម៌? ជនជាតិជ្​វីហ្វកាន់តែច្រើនឡើងៗ ដែលបានទាមទារឡើងទៅខាងលើទីលាន​ខាងមុខព្រះវិហារអាល់អាក់សា ដើម្បីបួងសួងសូត្រធម៌ ក្នុងអំឡុងពេលបុណ្យធំៗដូចពេលនេះ​។ ត្រង់ចំណុចនេះ យើងសង្កេតឃើញអំពីគោលជំហរ មិនច្បាស់ប្រាកដរបស់​រដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ដឹកនាំដោយ​លោកណេតាន់យ៉ាហ៊ូ ជាមួយនឹងសមាជិកមកពីបក្ស​ស្តាំនិយមជ្រុុលជ្វីហ្វ ដែលស្អប់ប៉ាឡេស្ទីនខ្លាំងបំផុត។ លោក​ណេតាន់យ៉ាហ៊ូ និងជាពិសេសគឺលោក Itamar Ben Gvir រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល បានប្រកាសក្តែងៗ មុនពេលដែលមាន​រឿងចលាចលនេះ ថាចង់បើកទីលានខាងមុខព្រះវិហារម៉ូស្កេនេះ ឲ្យ​គ្រប់គ្នាបានចូល មិនថាកាន់សាសនាអ្វីនោះទេ។ ក៏ប៉ុន្តែសម្រាប់ប្រជាជនប៉ាឡេស្ទីន អ្នកកាន់សាសនាឥស្លាម គឺគេ​យល់ថានេះ គឺជាចេតនាទុច្ចរិតរបស់រដ្ឋាភិបាល​លោកណេតាន់យ៉ាងហ៊ូ​ ដែលចង់ឈានទៅគ្រប់គ្រងបន្តិចម្តងៗ នៅលើ​ទីសក្ការៈនេះ​ ហើយយូរៗទៅ អ្នកកាន់សាសនាឥស្លាមនឹងមិនអាចឡើងទៅលើនោះបានទៀតទេ។ ក្រុមជនប៉ាឡេស្ទីនបានស្រែកតវ៉ា ក៏បានកើតជា​ការប្រទូស្តរាយគ្នា ឈានទៅដល់​ការចុះទៅបង្ក្រាបយ៉ាងហិង្សា របស់សមត្ថកិច្ចអ៊ីស្រាអែល ដល់ក្នុងវិហារនេះ។ ក្រុមហាម៉ាកើនឥទ្ធិពល យើងសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ អំពើហិង្សាការប្រមុខដាក់គ្នាកាន់តែខ្លាំងកក្រើក ហើយគឺក្រុមហាម៉ាស ដែលជាអ្នកបានចំណេញឥទ្ធិពល។ នៅក្នុងក្រសែភ្នែក ក៏ដូចជាទឹកចិត្តដ៏ពុះកញ្ជ្រោលរបស់យុវជនប៉ាឡេស្ទីន គឺមានតែក្រុុម​ចលនាហាម៉ាប៉ាឡេស្ទីននេះហើយ ដែលជាអ្នកការពារ​ផលប្រយោជន៍​ប៉ាឡេស្ទីន ក៏ដូចជាទីសក្ការៈបូជានៃសាសនាអ៊ីស្លាម​ស៊ូនីត។ យ៉ាងណាមិញ ឲ្យតែមានរឿងប្រទូស្តរាយ រាល់លើក ពាក់ព័ន្ធនឹងព្រះវិហារអាល់អាក់សា គឺក្រុមហាម៉ា ចេញមុខប្រកាសសងសឹកអ៊ីស្រាអែលជានិច្ច ដោយ​ការបាញ់​ប្លោងគ្រាប់ពី​តំបន់ហ្កាហ្សា។ តែអ្វីដែលជាកាត់សំគាល់បន្ថែមទៀតនាពេលនេះ គឺកម្លាំងរបស់ក្រុមហាម៉ាស ហាក់កាន់តែរីកធំ លើសពីតំបន់ហ្កាហ្សា ព្រោះថាលើកនេះ មានគ្រាប់រ៉ូកែតបាញ់ចេញពីភាគខាងត្បូងលីបង់ និងចេញពីស៊ីរី។ យោងតាមការវិភាគ ក្រុមហាម៉ាស ហាក់បានការសហការកាន់តែខ្លាំង ពីក្រុមហេបូឡាលីបង់ ដែលធម្មតាគឺជាអ្នកចាត់ចែងសកម្មភាពប្រដាប់អាវុធនិងវាយប្រហារនៅលីបង់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម​កម្លាំងប្រដាប់អាវុធស៊ីរីកូនចៅអ៊ីរ៉ង់ ក៏ហាក់ដូចជាបានចូលរួមដែរ។ ជាច្រើនឆ្នាំមកហើយ ដែលក្រុម​ប្រដាប់អាវុធឥស្លាមគាំទ្រប៉ាឡេស្ទីនទាំងនេះ នាំគ្នាអំពាវនាវ ឲ្យ​មានការរួមកម្លាំងគ្នា ពោលគឺ ហាម៉ាស បូកជាមួយ​ហេបូឡា និងបូកជាមួយអ៊ីរ៉ង់ ដើម្បីរួមគ្នាវាយសង្គ្រប់លើអ៊ីស្រាអែល​។ ឥឡូវរូបរាងនៃការសាមគ្គីរវាងសត្រូវទាំងអស់របស់អ៊ីស្រាអែលនេះ​ មានទម្រង់កាន់តែច្បាស់ហើយ។ ជាងនេះទៀត ខណៈពេលនេះ ផ្ទៃក្នុងអ៊ីស្រាអែល មានការរំជើបរំជួល ចុះខ្សោយ​​ខ្លាំង ដោយសារ​តែ​​ប្រជាជនអ៊ីស្រាអែល ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងចរន្តគំនិតដឹកនាំបែបស្តាំនិយមជ្រុល និងកាន់តែផ្តាច់ការរបស់លោកណេតាន់យ៉ាហ៊ូ ដែលសហការជាមួយពួកជ្វីហ្វជ្រុលនិយម។ យើងឃើញថាអំពើហិង្សាទាំងអស់នេះ វាមិនអាចចង់ងាយ​ៗទេ​! អ្នករងគ្រោះគ្មាននរណាក្រៅពីជនស៊ីវីលស្លូតត្រង់នោះទេ។ គិតពីដើមឆ្នាំនេះមក អំពើហិង្សារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្តាច់ជីវិតជនប៉ាឡេស្ទីន ចំនួន​៩២នាក់ និងជនស៊ីវីល​អ៊ីស្រាអែល ១៨នាក់​ រួមទាំង​អ្នកទេសចរអ៊ុយក្រែន១នាក់ និង​អ៊ីតាលីម្នាក់ផង។​ ជារួមយើងសង្កេតឃើញថា តំបន់ដើមបូព៌ា កំពុងស្ថិតលើរងើកភ្លើងដែលអាចឆាបឆេះបានគ្រប់ពេលវេលា។ កាតាដែលជាអ្នកសម្របសម្រួល បានត្រឹមតែអំពាវនាវឲ្យ​កាត់បន្ថយភាពតានតឹង ទប់កំហឹងរៀងខ្លួន តែហាក់ដូចជាគ្មាននរណាស្តាប់នោះទេ !
4/9/202311 minutes, 34 seconds
Episode Artwork

អ៊ីស្រាលអែល​បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​ទឹកដី​ភាគខាងត្បូងលីបង់

នៅព្រឹកព្រលឹម​ថ្ងៃសុក្រទី​៧មេសា កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​គោលដៅ​ពីរ ក្នុង​ពេល​តែមួយ នោះគឺ​ទឹកដីភាគខាងត្បូង​លីបង់ និង​តំបន់ហ្កាហ្សា ដើម្បីសងសឹក​ទៅនឹង​ការបាញ់​គ្រាប់រ៉ុកក្កែត ចូលទៅក្នុង​ទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃ​ព្រហស្បតិ៍។ សម្រាប់​កងទ័ពអ៊ីស្រាអែល យន្តហោះចម្បាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃ​សុក្រនេះ បើកការវាយប្រហារ​ទៅលើ​តំបន់​ចំនួន ៣ ក្នុងទឹកដីលីបង់ ដែល​អ៊ីស្រាអែល ជឿថា ជាកន្លែង​ដែល​ជនប៉ាឡេស្ទីនបាញ់​គ្រាប់រ៉ុកក្កែត គំរាមកំហែង​សន្តិសុខ​អ៊ីស្រាអែល។ មិនទាន់​ចុះកិច្ចព្រមព្រៀង​សន្តិភាពនឹងគ្នា អ៊ីស្រាអែល និង​លីបង់​ស្ថិតនៅក្នុង​ស្ថានភាពសង្រ្គាមជាប់ជានិច្ច។ តើ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ចូលក្នុងទឹកដី​លីបង់ នឹង​អាច​រាលដាល ផ្ទុះឆេះ​ក្លាយ​ទៅជា​ភ្លើងសង្រ្គាម នៅ​តំបន់ដើមបូព៌ា​ដែរឬទេ? កងទ័ពអ៊ីស្រាអែល​អះអាងថា តាំងពី​ព្រឹកព្រលឹម​ថ្ងៃ​សុក្រនេះ អ៊ីស្រាអែល​បាន​បើកការវាយប្រហារ​ទាំង​ទៅ​លើ​ទឹកដី​ភាគខាងត្បូង​លីបង់ និង​តំបន់​ហ្កាហ្សា​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន។ បើតាម​កងទ័ព​អ៊ីស្រាអែល ការវាយប្រហារ​ពីភាគីអ៊ីស្រាអែល គឺ​ដើម្បីសងសឹក​នឹង​ការបាញ់ស្រោច​គ្រាប់​រ៉ុកក្កែត សំដៅ​ទឹកដី​អ៊ីស្រាអែល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៦​មេសា។ អ៊ីស្រាអែល​បើក​សមរភូមិប្រយុទ្ធ ចំនួនពីរ ក្នុងពេលតែមួយ។ នៅ​ភាគខាងត្បូង អ៊ីស្រាអែល​វាយប្រហារ​ផ្លូវអាកាស​ទៅលើតំបន់​ហ្កាហ្សា​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ចំណែកនៅខាងជើង កងទ័ព​អ៊ីស្រាអែល​វាយប្រហារ​ចូល​ទឹកដី​ភាគខាងត្បូង​របស់​លីបង់។ ការវាប្រហារផ្លូវអាកាស​របស់អ៊ីស្រាអែល ទៅលើ​តំបន់​ហ្កាហ្សា និង​ទឹកដីលីបង់ ធ្វើឡើង នៅមួយថ្ងៃក្រោយ គ្រាប់រ៉ុកក្កែត ចំនួន​៣៤គ្រាប់ ត្រូវ​គេ​បាញ់ចេញ ពី​ភាគខាងត្បូង លីបង់ ដើម្បីវាយប្រហារ​អ៊ីស្រាអែល។ តាម​អ៊ីស្រាអែល គ្រាប់រ៉ុកក្កែត ចំនួន ២៤ ត្រូវ​អ៊ីស្រាអែល​បាញ់ស្ទាក់ និង​មានតែ ៥គ្រាប់​ប៉ុណ្ណោះ ដែល​ធ្លាក់ចូលក្នុងទឹកដីអ៊ីស្រាអែល ដោយ​បាន​បំផ្លាញ​រថយន្ត​មួយ​គ្រឿង ធនាគារមួយកន្លែង និង​មានអ្នករបួសអ៊ីស្រាអែលម្នាក់។ នៅក្នុងការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល តាំងពីយប់ម្សិលមិញ នៅ​តំបន់​ហ្កាហ្សា កងទ័ពអ៊ីស្រាអែល អះអាងថា គេ​បាន​សំដៅ​ទីតាំង​ចំនួន​១០ ដែលនៅក្នុងនោះ គ្រាប់មីស៊ីលអ៊ីស្រាអែល​បាន​បាញ់បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន ដូចជា​ផ្លូវរោងក្រោមដី និង​ទីតាំង​លួចលាក់​ផលិត​អាវុធ គ្រាប់រ៉ុក្កែត​របស់ក្រុមហាម៉ាស។ ភាគី​ប៉ាឡេស្ទីន​វិញ អះអាងថា ការវាយប្រហារ​របស់​អ៊ីស្រាអែលកាលពីថ្ងៃ​ម្សិលមិញ​បាន​បំផ្លាញ​មន្ទីរពេទ្យ​កុមារ​មួយកន្លែង។ តាម​កងទ័ពអ៊ីស្រាអែល​ដដែល នៅក្នុងពេលវាយប្រហារ​របស់​អ៊ីស្រាអែល ពួកហាម៉ាស​ប៉ាឡេស្ទីន​បាន​បាញ់តបវិញ នូវគ្រាប់រ៉ុកក្កែត ជាង​៤០គ្រាប់សំដៅ​អ៊ីស្រាអែល ប៉ុន្តែ​គ្រាប់រ៉ុកក្កែត​ភាគច្រើន​របស់​ពួកហាម៉ាស ត្រូវ​ប្រព័ន្ធខែលមីស៊ីល​អ៊ីស្រាអែល​បាញ់ស្ទាក់ ជាមុន ចំណែកគ្រាប់ដែលនៅសល់ ដែល​ធ្លាក់ចូល​ទឹកដី​អ៊ីស្រាអែល​មិនបាន​បង្ក​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​រងរបួស។ និយាយពី​តំបន់ភាគខាងត្បូង​លីបង់វិញ អ៊ីស្រាអែល បាន​បញ្ជូន​ទាំងយន្តហោះចម្បាំង និង​បាញ់គ្រាប់មីស៊ីល​ចេញពីភាគខាងជើង​របស់ខ្លួន ដើម្បី​សំដៅ​ទីតាំង​ដែល​កងទ័ពអ៊ីស្រាអែល ជឿថា ជាកន្លែង​បាញ់ចេញ​គ្រាប់រ៉ុកក្កែត វាយប្រហារ​អ៊ីស្រាអែល កាលពីថ្ងៃ ព្រហស្បតិ៍។ តាមកាសែត​ក្នុងស្រុក​លីបង់ ទីតាំង​ដែល​រងគ្រាប់មីស៊ីល​របស់​អ៊ីស្រាអែល ស្ថិតនៅក្នុង​តំបន់​កសិកម្ម និងនៅក្បែរ​ជំរំប្រជាជនភៀសខ្លួន​ប៉ាឡេស្ទីន នៅក្នុងទឹកដីលីបង់។ តើអ្នកណាជាអ្នកបាញ់គ្រាប់រ៉ុកក្កែត​ចេញពីទឹកដីលីបង់ សំដៅវាយប្រហារ​អ៊ីស្រាអែល? នៅមិនទាន់មាន​ក្រុមណា​ចេញមុខទទួលខុសត្រូវ​លើ​ការបាញ់​គ្រាប់រ៉ុកក្កែត ចេញ​ពី​ទឹកដីលីបង់ សំដៅ​វាយប្រហារអ៊ីស្រាអែល ប៉ុន្តែ កងទ័ពអ៊ីស្រាអែល បានចោទប្រកាន់​ហើយថា វា​ជាស្នាដៃ​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន ឬ​ក្រុមជីហាតអ៊ីស្លាម ដែលសកម្ម​ក្នុងតំបន់ប៉ាឡេស្ទីន។ តាម​កងទ័ពអ៊ីស្រាអែល ក្រុមហេស្បូឡា លីបង់​ដែល​មាន​ឥទ្ធិពលខ្លាំង នៅតំបន់ខាងត្បូង​លីបង់ និងដែលធ្លាប់​ជាប់ដៃ​ធ្វើសង្រ្គាម​ជាមួយ​អ៊ីស្រាអែល កន្លងមក បាន​ដឹង​ពី​ផែនការ​បាញ់គ្រាប់រ៉ុកក្កែត សំដៅ​អ៊ីស្រាអែល ប៉ុន្តែ អ៊ីស្រាអែល​មិន​ចោទ​ក្រុមហេស្បូឡា​លីបង់ ថា ជាអ្នកចូលរួម ប្រព្រឹត្តផ្ទាល់​នោះទេ។ ផ្ទុយទៅវិញ អ៊ីស្រាអែលកំពុង​ស៊ើបអង្កេត ថាតើ អ៊ីរ៉ង់ដែលជា​អ្នកគាំទ្រ​ក្រុមហេស្បូឡា លីបង់ អាច​ជាប់ពាក់ព័ន្ធ​នឹងការប្រើប្រាស់​ទឹកដីលីបង់ ដើម្បី​បាញ់​រ៉ុកក្កែតវាយប្រហារ​អ៊ីស្រាអែល​ដែរឬទេ។ មួយវិញទៀត សម្រាប់អ៊ីស្រាអែល ដោយសារ​គ្រាប់រ៉ុកក្កែត បាញ់ចេញពី​ទឹកដី លីបង់ ដូច្នេះ រដ្ឋាភិបាល​លីបង់​ជា​អ្នកទទួលខុសត្រូវ។ ដើមចម​នៃការវាយប្រហារបាញ់គ្រាប់មីស៊ីល គ្រាប់​រ៉ុកក្កែតចេញពីទឹកដីលីបង់ ការប៉ះទង្គិចនៅ​ក្នុង​វិហារអ៊ីស្លាម កើតឡើង​មកពី អ៊ីស្រាអែល មិនចង់ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម មកសូត្រធម៌ និង​ស្នាក់នៅ ក្នុង​វិហារ​ al-Aqsa ជាប់​រហូត​ទាំង​ថ្ងៃទាំង​យប់ ក្នុង​អំឡុង​ពេល​បុណ្យ​តប​អាហារមួយ​ខែ ព្រោះវា​ត្រូវ​ចំជួប​ពេលដែល ​ជនជាតិ​ជ្វីហ្វ​អ៊ីស្រាអែល ត្រូវ​ប្រារព្វ​ពិធី​បុណ្យ​សាសនា ដែរ​ នៅ​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ។ ប៉ុន្តែ ការបង្រ្កាប​ដ៏​ហិង្សា របស់ប៉ូលិស​អ៊ីស្រាអែល កាលពីថ្ងៃពុធ ដើម្បី បណ្តេញ​អ្នកកាន់សាសនា​អ៊ីស្លាមភាគច្រើនជា​ប្រជាជនប៉ាឡេស្ទីន ចេញពី​វិហារAl-Aqsa  នៅទីលាន​គោរពសក្ការៈ​នៅ​ជេរូសាឡឹម យ៉ាងដូច្នេះ គឺ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ពី​បណ្តាប្រទេស​កាន់សាសនា​អ៊ីស្លាម អេហ្ស៊ីប និង​ក្រុមហាម៉ាស ប៉ាឡេស្ទីន។ នៅក្នុងទស្សនកិច្ច​ទៅ​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ម្សិលមិញ ប្រធាន​ក្រុមហាម៉ាស ប៉ាឡេស្ទីន លោកIsmaïl Haniyeh បញ្ជាក់ហើយថា ប្រជាជន​ប៉ាឡេស្ទីន នឹង​មិននៅឈរឱបដៃ​មើលការប្រព្រឹត្ត​អំពើហិង្សា​របស់​អាជ្ញាធរ​អ៊ីស្រាអែល នៅ​វិហារអ៊ីស្លាម Al-Aqsa។ ចំណែកចលនាហេស្បូឡា លីបង់ ដែលជាអ្នកមានឥទ្ធិពល​នៅ​តំបន់ភាគខាងត្បូងលីបង់ បាន​ចេញមុខ​ប្រកាស​ការគាំទ្រ​របស់ខ្លួន​ចំពោះគ្រប់សកម្មភាព វិធានការ​របស់​ក្រុមប្រដាប់អាវុធ​ប៉ាឡេស្ទីន ដើម្បី​ប្រឆាំង​អ៊ីស្រាអែល។ កងទ័ពលីបង់​អះអាងថា បាន​ចុះបង្រ្កាប​កន្លែងបាញ់រ៉ុកក្កែត​នៅភាគខាងត្បូងលីបង់ ចាប់តាំងពីសង្រ្គាម​ឆ្នាំ ២០០៦ ដែល​បាន​សម្លាប់​ប្រជាជន​លីបង់ ជាង ១២០០នាក់ និង​ប្រជាជន​អ៊ីស្រាអែល ជាង ១៦៥នាក់ អ៊ីស្រាអែលនិង លីបង់ នៅមិនទាន់​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាពនឹងគ្នា និង​ស្ថិតក្នុង​ស្ថានភាព​សង្រ្គាមនឹងគ្នា​ជានិច្ច។ អ៊ីស្រាអែលលើកនេះ​បាន​វាយប្រហារ​សងសឹកខ្លាំង ដោយសារ​នេះជា​លើកទី១ ដែល​មានការបាញ់គ្រាប់រ៉ុកក្កែត ដ៏ច្រើនមិនធ្លាប់មាន ដល់ទៅ ជាង ៣០គ្រាប់ចេញពី​ទឹកដី​លីបង់ សំដៅ​អ៊ីស្រាអែល។ ប៉ុន្តែ យ៉ាងណាក៏ដោយ ភាគីទាំងពីរ​គ្មានចិត្ត​ចង់ធ្វើ​សង្រ្គាមនឹងគ្នា​សាជាថ្មីនោះទេ។ នេះបើតាម​ការអះអាង​របស់​ក្រុមមួកខៀវ​របស់​អង្គការ​សហប្រជាជាតិ ដែល​កំពុង​ប្រចាំការជាប់ជានិច្ច តាមដាន​បទឈប់បាញ់ នៅព្រំដែន​ជម្លោះ អ៊ីស្រាអែល លីបង់។ ភាគីអ៊ីស្រាអែល និងលីបង់ ហាក់​មិន​ចង់​ឲ្យ​រឿង​កាន់តែ​វែងឆ្ងាយ និង​ធ្លាក់ដុនដាប​ខ្លាំងជាងនេះ។ ទោះ​ទម្លាក់ការទទួលខុសត្រូវ​មួយផ្នែក​ទៅលើ​រដ្ឋាភិបាល​លីបង់ ព្រោះថា គ្រាប់រ៉ុកក្កែត ត្រូវគេបាញ់ចេញពីទឹកដីលីបង់ ប៉ុន្តែ អ៊ីស្រាអែល​មិន​បាន​ចង្អុរ ចោទប្រកាន់​ក្រុមប្រដាប់អាវុធ ហេស្បូឡា​លីបង់ថា ជាអ្នកនៅពីក្រោយ​ផែនការវាយប្រហារ​រ៉ុកក្កែត​ប្រឆាំង​អ៊ីស្រាអែល។ នៅខាងភាគី​លីបង់ រដ្ឋាភិបាល​ព្យាយាម​កាត់បន្ថយភាពតានតឹង ដោយ​បាន​ចេញមុខ​ថ្កោលទោស សកម្មភាព​បាញ់​គ្រាប់រ៉ុកក្កែត ចេញពីទឹកដី​លីបង់។ លើសពីនោះទៀត រដ្ឋាភិបាល​លីបង់ មាន​ចេតនា​ចង់កាត់បន្ថយ​កំហឹង​របស់​អ៊ីស្រាអែល តាមរយៈ ការចុះបង្រ្កាប​ទីតាំង​ដែល​មាន​ការបាញ់គ្រាប់រ៉ុកក្កែត នៅក្នុងទឹកដីលីបង់។ តាម​កងទ័ពលីបង់ នៅថ្ងៃសុក្រទី៧ មេសា កងទ័ព​បាន​ចុះបង្ក្រាប​កន្លែង​បាញ់គ្រាប់រ៉ុកក្កែត មួយកន្លែងទៀត នៅភាគខាងត្បូង​ប្រទេស។ កងទ័ពលីបង់​មិនបាន​បញ្ជាក់ថា តើ​គ្រាប់រ៉ុកក្កែត និងជើងទ្រដែលគេ​រឹបអូស យកបាន ជាកម្មសិទ្ធិ​របស់​ជនណាទេ ប៉ុន្តែ គ្រាន់តែថា នៅ​ក្នុង​ចំណោម​ជើងទ្រ​ចំនួន​១២ មាន​៦ ដែលមានបំពាក់ក្បាលគ្រាប់រ៉ុកក្កែតរួចហើយ សម្រាប់​បាញ់សំដៅ​ទឹកដីអ៊ីស្រាអែល។ រដ្ឋមន្រ្តីការបរទេស​លីបង់​បាន​បញ្ជាក់ថា លីបង់​ចង់​រក្សា​ភាពស្ងប់សុខ​នៅភាគខាងត្បូង​ប្រទេស ហើយ​លីបង់​អំពាវនាវ​សុំ​ឲ្យសហគមន៍អន្តរជាតិ​ដាក់សម្ពាធ​ឲ្យអ៊ីស្រាអែល​ឈប់​បង្ករឿង ធ្វើឲ្យផ្ទុះអំពើហិង្សា​តទៅទៀត៕
4/7/20237 minutes, 55 seconds
Episode Artwork

ចិនកំពុង​ក្លាយ​ជា​តួអង្គនយោបាយគន្លឹះ​នៅដើម​បូព៌ា ?

នៅថ្ងៃ​នេះ មាន​ជំនួបជាន់​ខ្ពស់​​​ដ៏​កម្រ​មួយ​រវាង​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ និង​ រដ្ឋមន្ត្រីការបរទេស​​អារ៉ាប៊ីសាអូឌីត នៅទីក្រុង​ប៉េកាំង។ ក្រោមម្លប់​ចិន មហាអំណាច​ប្រចាំ​តំបន់​ដែល​ធ្លាប់​តែ​ប្រជែងឥទ្ធិពល​គ្នា អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត បាន​ចាប់​ផ្តើម​​ពិភាក្សានិង​ផ្តោះប្តូរ​យោបល់​គ្នា អំពី​​របៀបវារៈ​នៃ​​ដំណើរការត​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ។  នេះ​គឺ​ជា​ជំនួប​ផ្លូវការ​លើក​ទីមួយ​ហើយ​ សម្រាប់​មហាអំណាច​ប្រចាំ​តំបន់ទាំងពីរ​ គិត​ចាប់ពី​ថ្ងៃ ចុះកិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា​មក។ ក្រោមការ​ផ្តួចផ្តើម​របស់​ចិន នៅថ្ងៃ​នេះរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ហូសាន់ អាមៀរ អាប់ដូឡាយ៉ាន និង​សមភាគី​អារ៉ាប៊ីសាអូឌីត ហ្វៃសាល់ បេន ហ្វាហាន បាន​ជជែក​ផ្តោះប្តូរ​យោបល់​​ ជា​សំខាន់​ទៅ​លើ​​​របៀបវារៈ​នៃ​ការត​ភ្ជាប់​ទំនាក់ទំនង​​​​ជា​ធម្មតា​នឹង​ឡើង​វិញ​ និង​អំពី​វិធានការ​ដែល​ត្រូវប្រកាន់​យក​ដើម្បី​បើក​ស្ថានទូត និង​ស្ថានកុងស៊ុល​នៅក្នុង​ប្រទេស​ទាំងពីរ។ ប្រមុខ​ការទូត​​ទាំងពីរ បាន​​សេចក្តី​ថ្លែងការណ៍​រួម​ ​ប្តេជ្ញា​បន្តការ​ងារ​ផ្សះផ្សា​ប្រទេស​ទាំងពីរ​ឱ្យ​ខិត​ចូល​ជិត​គ្នា ប្រកប​ដោយ​​​ទំនុក​ចិត្ត​លើ​គ្នា និង​​មាន​កិច្ចសហប្រតិបត្តិការ​ទ្វេ ​ដើម្បី​ សន្តិសុខ​ ស្ថិរភាព​ និ​ងភាពរុងរឿង តំបន់។ ស្តារ​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើង​វិញ បាន​សម្រេច​នាំ​ឱ្យអ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​អាច​​បើក​ស្ថានទូត​ឡើង​វិញ​ពាក់​កណ្តាល​ខែ​ឧសភា និងដាក់​ឱ្យ​ដំណើរការ​​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ ​សេដ្ឋកិច្ច​និង​សន្តិសុខ ដែល​ប្រទេស​ទាំងពីរ​ធ្លាប់​បាន​ចុះ​ហត្ថលេខា​កាលពីជាង​ ២០​ឆ្នាំ​មុន​។ ដំណឹង​នេះ​នឹង​ត្រូវ​ប្រកាសជា​ផ្លូវការ​​ នៅ​ចុង​ខែ​មេសា ក្នុង​ពេល​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​រីយ៉ាដ ស្រប​តាមការ​អញ្ជើញ​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត។ ជំនួប​ថ្ងៃ​នេះ​ភស្តុតាង ថា​ ​អ្វី​ៗ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​កាលពី​ដើមខែ​មីនា។ ​ជា​គូប្រជែង​ឥទ្ធិពល​ក្នុង​តំបន់ និងមើល​មុខ​គ្នា​មិន​ចំ​ ​តាំងពី​ឆ្នាំ ២០១៦​មក អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាសដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយនៅ​ថ្ងៃទី ១០​មីនា​២០២៣ អំពី​​ឆន្ទៈ​ភ្ជាប់ទូត​នឹង​គ្នា​ឡើង​វិញ​ ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​ស្ងាត់ៗ អស់​រយៈ​ពេល​២ឆ្នាំ ដោយ​មាន​ចិន​ជា​អន្តរការី។ ហេតុអ្វី​ចិន​​ចង់​បាន​ការ​ផ្សះផ្សារវាង​អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ? តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ដោយ​តាំង​ខ្លួន​ជា​មហាអំណាច​ពិភពលោក​មួយ​ដែរនោះ ចិនបានចេញ​​មុខ​ចូល​​សម្រប​សម្រួល​ជម្លោះ​ច្រើន​ណាស់ សរុប​ប្រមាណ​១៥ជម្លោះ មាន​ជាអាទិ៍​សំណុំ​រឿង​អ៊ុយក្រែន ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន ... និង​សំណុំ​រឿង​អ៊ីរ៉ង់​-អារ៉ាប៊ីសាអូឌីត​នេះ​ឯង។ ចិនត្រូវ​តែ​សម្របសម្រួល​ប្រទេស​ទាំងពីរ​នេះ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើង​វិញ។ ចិន​ពិត​ជា​មិន​អាច​​នៅសុខ​ស្រួល​ក្នុង​អារម្មណ៍​ទេ បើ​​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​នៅឈ្លោះ ប្រជែង​ឥទ្ធិពល​គ្នា​នោះ ព្រោះ​អ៊ីរ៉ង់ គឺ​សម្ព័ន្ធមិត្ត​ដ៏​យូរលង់របស់​ចិន​ ឯ​អារ៉ាប៊ីសាអូឌីតជា​អ្នក​ផ្គត់ផ្គង់​ប្រេងកាត​ដ៏​សំខាន់ឱ្យ​ប៉េកាំង។ ម្យ៉ាង​ទៀត ​ចិន​ត្រូវ​ការ​មាន​ដៃគូ​ចម្រុះ ​មាន​ទម្ងន់​នយោបាយ​នៅ​តំបន់​ដើមបូព៌ា នៅ​តំបន់​ឈូង​សមុទ្ទពែក្ស ព្រោះប៉េកាំង​ត្រូវ​ការ​បង្ហាញ​ក្រុមបស្ចិមលោក ដែល​រិះគន់​ចិន​ឥតឈប់ ជាពិសេស​​រឿង​សង្គ្រាម​នៅអ៊ុយក្រែន ថា​ចិន​មាន​ជម្រើស​​ផ្សេង​ មាន​មិត្ត​ថ្មី​ ហើយ​អាច​រួម​រស់​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ នៅ​អាស៊ី នៅ​ដើម​បូព៌ា។ ​ចិន​យល់​ច្បាស់​ណាស់​ថា មហិច្ឆតា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ជុំ​វិញ​គម្រោង​ផ្លូវសូត្រ​ថ្មី​ដ៏មហិមា ត្រូវ​អម​ដោយ​មហិច្ឆតាសន្តិសុខ និង​ត្រូវមាន​ប្រទេស​ជិត​ខាង​ដែល​មិន​ប្រឆាំង​នឹង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ខ្លួន។ បន្ទាប់​ពី​បាន​ចូល​ទៅ អាហ្វ្រិក​ និង​អាស៊ី អារ៉ាប៊ីសាអូឌីត ជា​រាជាណាចក្រ​ដ៏​សំខាន់ និង​ជា​កូន​សោ​ ​បើកទ្វារ​នាំ​ចិន​​ទៅ​កាន់​រាជាណាចក្រ​ប្រេងកាត​ផ្សេង​ទៀត​នៅ​​តំបន់​ឈូង​សមុទ្ទពែក្ស។ តាំង​ពី​ឆ្នាំ​២០១៦មកចិន​បាន​ចាប់​ផ្តើម​ធ្វើការ​វិនិយោគ​ច្រើន​នៅ​តំបន់ដើម​បូព៌ា​នេះ​ និង​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​​ ជាតួអង្គ​នយោបាយ​ដ៏​សំខាន់​របស់​តំបន់ មិន​មែន​មាន​នាម​ត្រឹម​ជា​អ្នក​​ទិញ​ប្រេង​ធម្មតាទេ។ ​​​អាមេរិកដក​ដៃ​ ចិនកាន់​តែ​បាន​ឱកាស ហើយ​ប៉េកាំង​ខុស​ពី​អាមេរិក ! ចិន​អាច​រក្សា​ទំនាក់ទំនង​ល្អ ទាំង​ជាមួយ​អារ៉ាប៊ីសាអូឌីតផង​ជាមួយអ៊ីរ៉ង់ផង និង​ជាមួយអ៊ីស្រាអែល​ទៀត។ ជាមួយ​អ៊ីរ៉ង់​ ចិន​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រយៈ​ពេល​២៥​ឆ្នាំ​ចុះ​ហត្ថលេខា​​កាលពី​ឆ្នាំ​២០២១។ ជាមួយ​អារ៉ាប៊ីសាអូឌីត ចិន​មានកិច្ចសហប្រតិបត្តិការ​ផ្លូវសូត្រ​ថ្មី​និង​គម្រោង​​ទំនើបកម្ម​រាជាណាចក្រ“ទស្សនវិស័យ​២០៣០”​ ស្នើ​ឡើង​រាជបុត្រ​ស្នង​រាជ​មូហាមេដ បេន សាល់ម៉ាន។ អារ៉ាប៊ីសាអូឌីត ក៏ដូច​ជា​អ៊ីរ៉ង់ សុទ្ធ​តែ​ចង់​ចូល​ជា​សមាជិកBric (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិក​ខាង​ត្បូង) និង​អង្គការ​សហប្រតិបត្តិការសៀងហៃ ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ចិន​និង​រុស្ស៊ី​សម្រាប់​សម្របសម្រួល​សកម្មភាព​នៅអាស៊ីកណ្តាល ប៉ុន្តែក៏​អាច​ពង្រីក​ដល់​ដើមបូព៌ា​បាន​ដែរទេតើ ! ចំណែក​ឥទ្ធិពល​អាមេរិក​ក្នុងតំបន់​កំពុង​​ចុះ​ថយដោយ​ឯងៗ​ សម្រាប់​ពេល​នេះ ដោយ​អាមេរិករវល់​នៅ​​អឺរ៉ុប​ ដើម្បី​ប្រឈម​នឹង​សង្គ្រាម​របស់​លោក​ពូទីន​នៅអ៊ុយក្រែន។ ហើយប្រទេសខ្លាំងៗ​​ក្នុង​តំបន់​ ដូច​យ៉ាង​ ​អារ៉ាប៊ីសាអូឌីត ​តួកគី​ កំពុង​ឆ្លៀត​ឱកាស​ពង្រឹង​ខ្លួន​ជា​មហាអំណាច​ប្រចាំតំបន់​​ តាម​រយៈ​នយោបាយ​ពហុការទូត ដោយ​ទៅ​​ត្រូ​វ​ជាមួយ​ចិន​ និង​រុស្ស៊ី តែ​​មិន​បោះបង់​អាមេរិក​។ ល្បែង​បែប​​នេះចិន​ចូល​ចិត្ត​ណាស់ និង​​ជា​​​ឱកាសសម្រាប់​ចិន​ជ្រៀត​ពង្រីក​ឥទ្ធិពល​និ​ងតួនាទី​នយោបាយក្នុង​តំបន់។ ប៉ុន្តែ​ទោះបី​ជា​អាមេរិកហាក់​ដក​ថយ​បន្តិច​មែន តែ​អាមេរិក នៅ​តែ​ជា​មហាអំណាច​យោធាបរទេស​ប្រចាំ​តំបន់​ដើម​បូព៌ា​នេះ​ដដែល៕
4/6/20236 minutes, 49 seconds
Episode Artwork

លោកដូណាល់ត្រាំ​ចូលខ្លួនទៅស្តាប់បទចោទប្រកាន់នៅតុលាការ​ញូវយ៉ក

ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងពិភពលោក កំពុងផ្តោតចាប់អារម្មណ៍​លើអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលត្រូវ​ចូលខ្លួន​ទៅកាន់តុលាការ​ក្រុងញូវយ៉ក នៅថ្ងៃអង្គារ​នេះ។ ការបង្ហាញខ្លួន​របស់​ប្រធានាធិបតីទី​៤៥​របស់​អាមេរិក នៅ​តុលាការ​ក្រុងញូវយ៉ក ធ្វើឡើង នៅ៥ថ្ងៃ​ក្រោយ គណៈវិនិច្ឆ័យ​របស់​តុលាការ​ញូវយ៉ក សម្រេច​ចោទប្រកាន់ លោក​ដូណាល់ ត្រាំ នៅក្នុង​សំណុំរឿង​ពុករលួយ សូកប៉ាន់​ដើម្បីបំបិទមាត់​ស្រ្តីតារាភាពយន្ត អាសអាភៀស ម្នាក់ នៅក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រធានាធិបតី​ឆ្នាំ ២០១៦។ នៅថ្ងៃអង្គារនេះ នៅប៉ុន្មាន​ម៉ោង​មុនការចូលខ្លួន​របស់​អតីតប្រធានាធិបតី លោក​ដូណាល់ ត្រាំ ក្នុង​អគារតុលាការ មហាវិថី ជុំវិញ ក្នុង​សង្កាត់ Manhattan ត្រូវ​បិទច្រកចូល។ ក្រៅពី​វត្តមាន​កកកុញ​របស់​អ្នកកាសែតទូរទស្សន៍ជាតិ អន្តរជាតិ រាប់រយនាក់ នៅមុខ​ច្រកចូលតុលាការ ប៉ូលិស​ញូវយ៉ក​តាមដាន​ដោយប្រយ័ត្នប្រយែង​វត្តមានរបស់​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ ដែលអាច​បង្ក​ភាពចលាចល ដូច​ការលើកគ្នា​សម្រុកចូល​វិមានកាពីតូល កាលពី​២ឆ្នាំមុន នៅថ្ងសទី ៦​មករា ឆ្នាំ ២០២១។  សំណុំរឿង លោក​ដូណាល់ត្រាំ នៅតុលាការញូវយ៉ក បាន​ទាក់ទាញ​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និង​បរទេស​ឲ្យ​ទៅប្រចាំការ តាមដាន ផ្សាយជាប់ៗគ្នា ប៉ុន្មានថ្ងៃ​មកហើយ ពោល​គឺ​ចាប់តាំងពី​គណៈវិនិច្ឆ័យ និង​រដ្ឋអាជ្ញា​តុលាការ​ញូវយ៉កសម្រេច​ចោទប្រកាន់​ជាផ្លូវការ លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ដែលជា​អតីត​ប្រធានាធិបតី​លើក​ដំបូងគេ នៅក្នុងប្រវត្តិសាស្រ្ត​អាមេរិក ដែលត្រូវ​តុលាការ​ចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌ។ តាំង​ពីថ្ងៃចន្ទ​ម្សិលមិញ មហាវិថីមួយចំនួន​ជុំវិញ តុលាការ ក្នុង​សង្កាត់​Manhattan ត្រូវ​បិទបារ៉ាស និង​ស្ថិតក្រោម​ការយាមយ៉ាងតឹងរ៉ឹង​របស់​ប៉ូលិសញូវយ៉ក។ តាម​គម្រោង លោក​ដូណាល់ ត្រាំ ដែល​បាន​ជិះយន្តហោះពិសេស​របស់លោក​ពីរដ្ឋ​Florida មក​ស្នាក់​នៅ​អគារក្រុមហ៊ុន Trump របស់​លោក​នៅ​ញូវយ៉ក កាលពីថ្ងៃ​ចន្ទ ត្រូវចូលទៅបង្ហាញខ្លួន នៅចំពោះមុខ​ចៅក្រមរបស់តុលាការញូវយ៉ក នៅ​ម៉ោង ២និង​១៥នាទី រសៀល ម៉ោង​នៅ​ញូវយ៉ក ដែលត្រូវ​នឹង​ម៉ោង ១ភ្លឺ ម៉ោង​នៅប្រទេស​កម្ពុជា។ នៅ​ចំពោះមុខ​ចៅក្រម លោកដូណាល់ ត្រាំ ត្រូវ​ទទួល​ស្តាប់​បទចោទប្រកាន់​ជាផ្លូវការ​របស់​រដ្ឋអាជ្ញា និង​គណៈវិនិច្ឆ័យ ដែលបាន​បើកការស៊ើបអង្កេត ក្នុង​សំណុំរឿងពុករលួយ ផ្តល់ប្រាក់​ដល់​​ស្ត្រីតារាភាពយន្ត​អាសអាភៀស​អាមេរិក នៅក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ឆ្នាំ ២០១៦។ គណៈវិនិច្ឆ័យ​របស់​តុលាការ​ញូវយ៉ក សម្រេច​ចោទប្រកាន់​លោកដូណាល់ ត្រាំ ដោយផ្អែកលើ​សក្ខីកម្ម​របស់​អតីត​មេធាវី​របស់​លោកដូណាល់ ត្រាំ ដែលថា លោកដូណាល់ ត្រាំ​បាន​បញ្ជា​ឲ្យ​គាត់ផ្តល់​លុយ ១សែន ៣ម៉ឺនដុល្លារ ទៅ​ឲ្យនាងតារាភាពយន្ត Stormy Daniel ដើម្បីកុំឲ្យ​នាង​លើកយករឿង​ទំនាក់ទំនង​ផ្លូវភេទជាមួយលោក ទៅនិយាយ​នៅក្នុងពេល​ឃោសនា​បោះឆ្នោត។ នៅអាមេរិក ការផ្តល់ប្រាក់​ទៅ​ឲ្យបុគ្គលណាម្នាក់ មិនមែនជា​រឿងខុសច្បាប់នោះទេ។ ប៉ុន្តែ ក្នុងករណី​របស់​លោកដូណាល់ ត្រាំ គណៈវិនិច្ឆ័យ​របស់​តុលាការ​រកឃើញ​ថា លោក​បានក្លែងបន្លំឯកសារក្រុមហ៊ុន ដែលជា​បទល្មើសព្រហ្មទណ្ឌ ព្រោះ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ទឹកប្រាក់​១សែន ៣ម៉ឺនដុល្លារ ក្នុងបញ្ជី​ចំណាយ​សម្រាប់​ដំណើរការផ្លូវច្បាប់​របស់​ក្រុមហ៊ុនរបស់​លោក ប៉ុន្តែ មិនមែនជា​មុខ​ចំណាយ សម្រាប់​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី។ លោកដូណាល់ត្រាំ នឹងត្រូវគេថតរូបវាស់កំពស់​ដូច​អ្នកទោសដទៃទៀត? នៅតុលាការ​ញូវយ៉ក អតីតប្រធានាធិបតីអាមេរិក​ត្រូវ​ឆ្លងកាត់​នីតិវិធី ដូច​អ្នកដែលត្រូវតុលាការ​ចោទប្រកាន់ជាទូទៅ ដូចជា ត្រូវប្រាប់ឈ្មោះ ត្រកូល មុខរបរ ត្រូវ​ផ្តិត​មេដៃ ត្រូវឆ្លងកាត់​កន្លែង ថតរូប​វាស់កំពស់ រូបថត​ពី​មុខ និង​ពី​ចំហៀង​របស់​ជនជាប់ចោទ ដែល​ប៉ូលិស​អាមេរិក​តែង​បង្ហាញជាសាធារណៈ ទាក់ទង​នឹង​រូបជនជាប់ចោទ។ គេ​មិន​ច្បាស់ថា តើ​លោក​ដូណាល់ ត្រាំ នឹងត្រូវគេថតរូប វាស់កំពស់​ដែរឬយ៉ាងណានោះទេ។ បើមានពិតមែន នោះ​វាជារឿងអាម៉ាស់ខ្លាំងណាស់​សម្រាប់​លោក។ ធ្លាប់ធ្វើជាប្រធានាធិបតី​ដឹកនាំមហាអំនាច​អាមេរិក ប៉ុន្តែលោកដូណាល់ ត្រាំ ត្រូវ​មក​ធ្លាក់ខ្លួន ជាប់​ក្នុងរូបថត​អ្នកប្រព្រឹត្ត​បទល្មើស យ៉ាងដូច្នេះទៅវិញ។ លោកដូណាល់ ត្រាំ អាចត្រូវ​ថតរូបវាស់កំពស់ ប៉ុន្តែ លោកដូណាល់ ត្រាំ នឹង​មិនត្រូវ​ប៉ូលិស​វ៉ៃខ្នោះ នៅពេល​ដើរចូលក្នុងតុលាការ​នោះទេ។ នេះ​បើតាម​មេធាវី​របស់​លោកដូណាល់ ត្រាំ ក្នុងហេតុផលថា លោកដូណាល់ ត្រាំ ស្ថិតក្រោម​ការការពារ​របស់ប៉ូលិស​សហព័ន្ធ។ មិនត្រឹមតែ​មិនជាប់ខ្នោះ លោកដូណាល់ ត្រាំ លោក​ដូណាល់ ត្រាំ នឹង​មិន​ត្រូវ​គេ​បណ្តើរ​នៅតាម​ច្រកផ្លូវអាម៉ាស ដែល​ប៉ូលិស​អាមេរិក​តែងធ្វើទៅលើជនជាប់ចោទ​ជាទូទៅ។ ការកោះហៅ​លោក​ដូណាល់ត្រាំ ឲ្យ​ចូលខ្លួន​ទៅ​ស្តាប់​បទចោទប្រកាន់ នៅតុលាការ​នៅថ្ងៃនេះ​កំពុងធ្វើ​ឲ្យគេ​បារម្ភ​ពីបញ្ហា​អសន្តិសុខ គិតរហូតមកដល់​ព្រឹក​ថ្ងៃអង្គារ នៅ​មុខ​តុលាការញូវយ៉ក ក្នុង​សង្កាត់​Manhattan មាន​សំបូរទៅ​ដោយ​អ្នកកាសែត និងប៉ូលិស ច្រើនជាង ប្រជាជនធម្មតា។ យ៉ាងណាក៏ដោយ នៅក្រោយ​របាំងរនាំង​ក្នុងបរិវេណ​មុខ​ច្រកចូល​តុលាការ គេ​ឃើញ ក្រុមអ្នកគាំទ្រ​លោកដូណាល់ ត្រាំខ្លះដែរ ប៉ុន្តែ មិនច្រើននោះទេ។ ប៉ូលិស​ញូវយ៉ក​បាន​និយាយប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន​Reuters គេ​មិនបាន​ទទួល​សញ្ញា​អាសន្ន​ទាក់ទង​នឹង​ការគំរាមកំហែង របស់​ក្រុមបាតុករដែលគាំទ្រ​លោកដូណាល់ ត្រាំ នៅក្នុង​បរិវេណ​មុខតុលាការ​នៅថ្ងៃនេះទេ។ បើទោះបីមានការអំពាវនាវ​ពី​លោកដូណាល់ ត្រាំ ក៏ដូចជា​សមាជិកព្រឹទ្ធិសភា ដែលគាំទ្រ​លោកដូណាល់ ត្រាំ ឲ្យ​មានការធ្វើបាតុកម្ម​នៅមុខ​តុលាការក្រុងញូវយ៉ក ប៉ុន្តែ អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​មួយចំនួន​បាន​សរសេរ​នៅ​បណ្តាញសង្គម​ថា ពួកគេ​មិន​ចង់ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង នៅ​មុខ​តុលាការ ព្រោះពួកគេ​មិន​ចង់ប្រថុយនឹង​ការចាប់ខ្លួន ដូចកាល​ពេលធ្វើបាតុកម្ម​សម្រុកចូល​វិមានកាពីតូលកាលពី​២ឆ្នាំមុន។ លោក​ដូណាល់ ត្រាំ នៅតែអាច​ចូលរួមក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក​ឆ្នាំ ២០២៤ លោក​ដូណាល់ ត្រាំធ្លាប់ចាត់ទុក​ការចោទប្រកាន់​ផ្នែកតុលាការ ថា ជា​ការតាមប្រមាញ់​មេធ្មប់ ជាការធ្វើទុក្ខបុកម្នេញ នយោបាយ។ តាម​មេធាវី​របស់​លោកដូណាល់ ត្រាំ លោកស្រី នៅ​ចំពោះមុខ​ការចោទប្រកាន់​ជាផ្លូវការ​របស់​តុលាការ អតីតប្រធានាធិបតីអាមេរិក​នឹង​ប្រកាស ថាខ្លួន​មិនបាន​ប្រព្រឹត្តកំហុស​ដូចការចោទប្រកាន់។ បើសិន​ដូច្នេះមែន ចៅក្រម​នឹង​អាច​សម្រេច​ដាក់​លោកដូណាល់ ត្រាំ នៅក្រៅឃុំ ក្នុងពេល​រង់ចាំ​ការបើកសវនាការ។ ឧបមាថា លោក​ដូណាល់ ត្រាំនៅទីបំផុត ត្រូវ​តុលាការរកឃើញ​បាន​ប្រព្រឹត្ត​កំហុស និង ជាប់ក្នុងបញ្ជីឈ្មោះ​អាក្រក់​របស់​តុលាការ ប៉ុន្តែ វា​នឹងមិនទៅរារាំង មិន​ឲ្យ​លោកដូណាល់ ត្រាំ ឈរឈ្មោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ ក្រោយនោះទេ។ តាម​រដ្ឋធម្មនុញ្ញអាមេរិក គឺ​មានតែ​អ្នកដែលចូលរួម​ក្នុងការបះបោរ ធ្វើ​ឧទ្ទាម​ប្រឆាំងរដ្ឋអំនាច​តែប៉ុណ្ណោះ ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី។ ការចោទប្រកាន់​លើកនេះ មិនត្រឹម​តែ​គ្មាន​ឥទ្ធិពល រារាំង​មិន​ឲ្យ​លោកអាច​ឈរឈ្មោះ នៅក្នុង​ការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែ វា​នៅបាន​ជួយ​ទាក់ទាញ​ឲ្យ​មុខមាត់​របស់​លោកដូណាល់ ត្រាំ​កាន់តែ​ឡើងកូដ គឺ​វា​ហាក់ដូចជាការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យលោកយ៉ាងដូច្នេះដែរ។ ជាក់ស្តែង នៅក្នុងរយៈពេលតែ ២៤ម៉ោងក្រោយ រដ្ឋអាជ្ញា​ប្រកាស​ចោទប្រកាន់ ក្រុមឃោសនា​របស់លោកដូណាល់ ត្រាំ​រៃអង្គាស​បាន​ប្រាក់ ៤លាន​ដុល្លារ​សម្រាប់យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកដូណាល់ត្រាំ។ ទូរទស្សន៍អង់គ្លេស BBC ចុះផ្សាយ​ថា រហូតដល់​ថ្ងៃនេះ ក្រុមលោក​ដូណាល់ ត្រាំ បាន​ទទួលប្រាក់ឧបត្ថម្ភ ពីអ្នកគាំទ្រ ចំនួន​៨លាន​ដុល្លារ។ លោក​ដូណាល់ ត្រាំ​កំពុងជាប់ក្នុងការស៊ើបអង្កេត​ផ្សេងទៀត ទោះជា​លោកដូណាល់ ត្រាំ អាច​បញ្ចប់​សំណុំរឿង​ក្លែងបន្លំឯកសារ​ក្រុមហ៊ុន ប៉ុន្តែ នៅមាន​សំណុំរឿង​ជាច្រើន​ផ្សេងទៀត ដែលកំពុង​តាមលងរូបលោក​ជានិច្ច ដែលនៅក្នុង​នោះ មាន​សំណុំរឿងមួយ ដែលនឹង​អាច​ទៅរារាំង មិនឲ្យ​លោកដូណាល់ ត្រាំ សម្រេច មហិច្ឆតាដើម្បី​ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី​សាជាថ្មី។ ត្រូវដឹងថា លោកដូណាល់ត្រាំ សព្វថ្ងៃ​កំពុង​ជាប់ក្នុងសំណាញ់ស៊ើបអង្កេតទាក់ទង​នឹង​សំណុំរឿងឧក្រិដ្ឋ​មួយចំនួនដូចជា ការសម្រុកចូល​ក្នុងវិមានកាពីតូល។ តុលាការ​សហព័ន្ធ​កំពុង​ស៊ើបអង្កេត​លើ​តួនាទី​របស់​លោក នៅក្នុង​ការលើកគ្នា​សម្រុកចូល​របស់​ក្រុមគាំទ្រ​លោកដូណាល់ត្រាំ នៅក្នុងវិមានកាពីតូល។ លោកដូណាល់ ត្រាំ ត្រូវប៉ូលិស​សហព័ន្ធ​ស៊ើបអង្កេត​ថា បាន​លួចលាក់ទុក​ឯកសារសម្ងាត់ជាតិ។ លោកត្រូវ​ប៉ូលិស​FBI ចោទប្រកាន់ផងដែរ ថា បានប៉ុនប៉ង​រារាំង​មិន​ឲ្យ​គេចូលទៅរឹបអូស​យកឯកសារ​សម្ងាត់​ពីវីឡារបស់​លោក​នៅ​រដ្ឋ​Florida។ មួយវិញទៀត សព្វថ្ងៃ​នេះ តុលាការ​ក្នុង​រដ្ឋ Georgia កំពុង​បើកការស៊ើបអង្កេត ទៅលើ​ករណី​ដែលថា លោកដូណាល់ ត្រាំ អាច​ដាក់សម្ពាធ​ទៅលើ​អាជ្ញាធរ​របស់​រដ្ឋ​នេះ ឲ្យកែប្រែ​លទ្ធផល​ឆ្នោត ក្នុងគោលដៅ ជួយ​ឲ្យ​លោក​អាច​ឈ្នះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០៕
4/4/20238 minutes, 41 seconds
Episode Artwork

បោះឆ្នោត​​សភាហ្វាំងឡង់៖ គណបក្ស​របស់​​លោក ភេតេរី អ័រប៉ូ ឈ្នះ​យ៉ាង​ប្រផិត​​ប្រផោយ

ការបោះឆ្នោត​សភា​នៅប្រទេសហ្វាំងឡង់ ត្រូវបាន​រៀបចំកាលពីថ្ងៃអាទិត្យ​ ទី​២មេសា​។ យោងតាមលទ្ធផល​បឋម ដែលសឹងតែផ្លូវការទៅហើយនោះ គឺគណបក្សរបស់​លោកស្រីនាយករដ្ឋមន្ត្រីចប់អាណត្តិ សាណា ម៉ារ៉ាំង មិនបានឈ្នះ​នាំមុខ​នោះទេ ដោយ​ស្ថិតនៅលេខរៀងទី៣។ គឺគណបក្សស្តាំកណ្តាល​និយុំ របស់​លោក ភេតេរី អ័រប៉ូ (Petteri Orpo) ដែលឈ្នះបានសំឡេងឆ្នោតនាំមុខគេ តែជាជ័យជំនះ​យ៉ាងប្រផិតប្រផោយ​បំផុត។ តើជ័យជំនះ របស់គណបក្ស​លោក ភេតេរី អ័រប៉ូ ដែលនឹងត្រូវមក​ដឹកនាំរដ្ឋភិបាល​ថ្មីហ្វាំងឡង់នេះ នឹងធ្វើ​ឲ្យ​មា​នការប្រែប្រួលយ៉ាងណាខ្លះ ដល់​សេដ្ឋកិច្ច និង​គោលនយោបាយការបរទេស ខណៈហ្វាំងឡង់ កំពុងតែត្រៀមខ្លួនក្លាយ​ជាសមាជិក​ពេញសិទ្ធិ របស់សម្ព័ន្ធមិត្ត​អូតង់? លោកភេតេរី អ័រប៉ូ កើតនៅឆ្នាំ ១៩៦៩ បច្ចុប្បន្នអាយុ៥៣ឆ្នាំហើយ។ លោក​បានចូលប្រឡូក​ក្នុងសកម្មភាពនយោបាយ​ តាំងតែវ័យ​មិនទាន់គ្រប់២០ឆ្នាំម្លេះ។ រៀនបណ្តើ ធ្វើជាសកម្មជននយោបាយ​បណ្តើ ទំរាំរៀនចប់ បានសញ្ញាបត្រ​អនុបណ្ឌិត​វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោក​បានចំណាយ​ពេល​១២ឆ្នាំឯណោះ។ ឆ្នាំ​២០០៧ លោក​បានជាប់ឆ្នោត​ក្លាយជា​សមាជិកសភា​ហ្វាំងឡង់ ជាលើកដំបូង។ បន្តិចម្តងៗ លោក​បានកសាងទំនុកចិត្ត ដោយ​បានឈានជើងចូលក្នុងរដ្ឋាភិបាលជាបន្តបន្ទាប់។ លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ឆ្នាំ​២០១៤-២០១៥ ក្រោយមក​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ២០១៥-២០១៦  រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឆ្នាំ​២០១៦-២០១៩ ហើយក៏ធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រីហ្វាំងឡង់ដែរ ចន្លោះពីឆ្នាំ ២០១៧ ដល់ ២០១៩។ លោកត្រូវគេស្គាល់ថា ជាអ្នកនយោបាយ​សាមញ្ញ បែបអភិរក្សនិយម​ ស្ងប់ស្ងាត់ មិនស្រែកឡូឡា តែម៉ឺងម៉ាត់។ តែអ្នករិះគន់ខ្លះ ចាត់ទុកលោកថា មិនសូវមានអំណោយទានទេ ធ្វើនយោបាយ​បែបខ្សោយៗ ពេលជជែកដេញដោលយោបល់អី ប្រកែកមិនសូវឈ្នះគេ​ទេ។ នៅក្នុងការបោះឆ្នោតសភាលើកនេះ លោក​ ភេតេរី អ័រប៉ូ គឺជាបេក្ខជននាយករដ្ឋមន្ត្រី តំណាង​ឲ្យ​គណបក្ស​ចម្រុះជាតិស្តាំកណ្តាលនិយម ដើម្បីប្រជែងជាមួយ​គណបក្សសង្គមប្រជាធិបតេយ្យ របស់​លោកស្រី សាណា ម៉ារ៉ាំង ដែលជានាយករដ្ឋមន្ត្រីចប់អាណត្តិ​។ យោងតាម​លទ្ធផល​នៅព្រឹកនេះ ក្រោយ​ការរាប់​សន្លឹកឆ្នោត​ប្រមាណ​៩៨%ហើយ បានបង្ហាញ​ថា គឺគណបក្សរបស់​លោក ភេតេរី អ័រប៉ូ ដែលបានឈ្នះនាំមុខ បានអាសនៈសភា ចំនួន៤៨ ក្នុងចំណោម២០០នៅសភា។ គណបក្សនៅលេខរៀងទី២ គឺបក្សស្តាំជាតិ​និយមជ្រុល បានអាសនៈ ៤៦។ ចំណែក​គណបក្សលោកស្រីនាយករដ្ឋមន្ត្រីចប់អាណត្តិ សាណា ម៉ារ៉ាំង ស្ថិតនៅលេខរៀងទីបី បានអាសនៈចំនួន ៤៣។ ព្យាបាលសេដ្ឋកិច្ច កាត់បន្ថយបំណុលសាធារណៈ លោកស្រី សាណា ម៉ារ៉ាំង នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត អាយុត្រឹមតែ​៣៧ឆ្នាំនេះ មានប្រជាប្រិយភាពខ្លាំងណាស់ ទាំងក្នុងនិងក្រៅប្រទេសហ្វាំងឡង់។ ប្រជាប្រិយភាព ដែលអ្នកខ្លះហៅលោកស្រីថា នាយករដ្ឋមន្ត្រីRock Star ថែមទៀតផង។ ការដោះស្រាយ​បញ្ហា គ្រប់គ្រងវិបត្តិជំងឺឆ្លងកូវីដ១៩ ការរៀបចំដាក់ពាក្យសុំចូលជា​សមាជិកអូតង់ភ្លាមៗ ព្រមទាំងគោលជំហរឹងមាំ របស់​លោកស្រីក្នុង​ការប្រឆាំងចំពោះការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅ​អ៊ុយក្រែន គឺជាចំណុចវិជ្ជមានធំៗ ដែលធ្វើឲ្យ​លោកស្រីមានប្រជាប្រិយភាព។ ក៏ប៉ុន្តែបញ្ហាចោទដ៏ធំមួយ ដែលប្រជាជនរិះគន់​លោក​ស្រី គឺផ្នែកសេដ្ឋកិច្ច អតិផរណា និង​ជាពិសេសគឺបំណុលសាធារណៈតែម្តង។ លោកភេតេរី អ័រប៉ូ បានធ្វើការឃោសនាបោះឆ្នោត ដោយ​សង្កត់ចំចំណុចនេះ។ លោក​បានរិះគន់​លោកស្រី សាណា ម៉ារ៉ាំង ថាចាយ​ប្រាក់រដ្ឋធូរលុងខ្លាំងណាស់ ធ្វើ​ឲ្យ​រដ្ឋមានបំណុលសាធារណៈកាន់តែកើនខ្ពស់ អាចបង្កបញ្ហាទៅថ្ងៃខាងមុខ។ លោក ភេតេរី អ័រប៉ូ អះអាងថា លោកនឹងព្យាបាល​សេដ្ឋកិច្ច​ហ្វាំងឡង់ ឲ្យជាសះស្បើយ តាមរយៈការ​ផ្តល់សន្ទុះសេដ្ឋកិច្ច និង​ការធ្វើការសន្សំសំចៃប្រាក់រដ្ឋ។ យោងតាមយោបល់​លោក រដ្ឋត្រូវតែ​សន្សំសំចៃប្រាក់ ចំនួន​យ៉ាងហោច​៦ពាន់​លានអឺរ៉ូ នៅក្នុងដំណាក់កាល​ដំបូងបន្ទាន់ ដើម្បី​កាត់បន្ថយ​បំណុលសាធារណៈ ដែលលោកចាត់ទុកថា វាគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ លោកស្រី សាណា ម៉ារ៉ាំង បានទទួលស្គាល់​បរាជ័យ​ក្នុងការបោះឆ្នោតនេះ តែលោកស្រីបាន​អបអរសាទរដែរ ថា​ទោះបក្សលោកស្រីចាញ់ឆ្នោតមែន តែបើ​ពិនិត្យ​មើល​ចំនួន​អាសនៈវិញ គឺបក្សលោកស្រីបានកើនចំនួន លើសពីការបោះឆ្នោតអាណត្តិ​មុន។ ដោយឡែក អ្វីដែលគួរឲ្យកត់សំគាល់មួយទៀត គឺ​ការកើនសន្ទុះយ៉ាងខ្លាំង នៃគណបក្ស​ស្តាំជាតិនិយមជ្រុល ដែល​បាន​ទទួលអាសនៈ នៅលេខរៀងទី២។ វាបង្ហាញ​ពី​​ចរន្តនយោបាយ​ស្តាំនិយមជ្រុល​ នៅហ្វាំងឡង់ ដែលកាន់តែមានអ្នកគាំទ្រច្រើន តាមរយៈការឃោសនាស្តីបន្ទោស ទំលាក់កំហុសលើជនបរទេស លើជនអន្តោប្រវេសន៍ជាដើម ថាជាអ្នក​ចូលមកបង្កបញ្ហាអសន្តិសុខ សំបូរចោរ សំបូរឧក្រិដ្ឋកម្ម និងបង្កភាពរញ៉េរញ៉ៃក្នុងសង្គមហ្វាំងឡង់។​ បង្កើតរដ្ឋាភិបាលចម្រុះជាមួយ​អ្នកណា? បើ​ពិនិត្យ​លើចំនួនអាសនៈដែល​ប្រមូលបាន គឺ​លោក ភេតេរី អ័រប៉ូ មិនមានសំឡេងភាគច្រើនក្នុងសភា ដើម្បីអាចរៀបចំរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ។ ពោលគឺលោកត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយ​បក្សផ្សេងទៀត​។ ត្រង់ចំណុចនេះហើយ ដែលនៅតែចោទ​ជាមន្ទិលសង្ស័យ ព្រោះគេមិនទាន់ដឹងថា លោកភេតេរី អ័រប៉ូ នឹងចរចាជាមួយគណបក្សណាដើម្បីអាចបង្កើតជារដ្ឋាភិបាល​ចម្រុះទេ។ ជ័យជំនះលោក ឈ្នះប្រផិតប្រផោយខ្លាំងណាស់។ បើនិយាយពីភាគរយសន្លឹកឆ្នោតវិញ បក្សលោក ភេតេរី អ័រប៉ូ បានតែ​២០,៨% បក្សស្តាំនិយមជ្រុលបាន ២០,១% ហើយបក្សសង្គមប្រជាធិបតេយ្យ បាន​១៩,៩%។ យើងឃើញថាលើសខ្វះគ្នាតែបន្តិចប៉ុណ្ណោះ។ កាលពីយប់មិញនេះ នៅ​បានដឹងលទ្ធផល​បឋមថាបាននាំមុខគេ លោកភេតេរី អ័រប៉ូ បានប្រកាសថា គណបក្សលោក នឹងចាប់​ផ្តើមចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ កន្លងមកក្នុងពេលឃោសនាបោះឆ្នោត លោក ភេតេរី អ័រប៉ូ បាន​និយាយរិះគន់រដ្ឋាភិបាល​របស់​លោកស្រី សាណា ម៉ារ៉ាំង ខ្លាំងៗណាស់ ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច​ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដូច្នេះបើទៅចាប់ដៃជាមួយ​បក្សឆ្វេងកណ្តាលនិយមរបស់​លោកស្រី សាណា ម៉ារ៉ាំង គឺវាហាក់ដូចជា​មិន​សមហេតុសមផលទេ។ អ្នកវិភាគខ្លះទៀត លើកឡើងថា លោក ភេតេរី អ័រប៉ូ អាចទំនងជា​ងាកទៅចាប់ដៃជាមួយ​បក្សស្តាំជាតិនិយមជ្រុលច្រើនជាង។ កន្លងមកលោក ភេតេរី អ័រប៉ូ ធ្លាប់​បាននិយាយការពារនៅចំពោះ​មុខបណ្តាញសារព័ត៌មានបរទេសថា នៅហ្វាំងឡង់គ្មានគណបក្សស្តាំនិយមជ្រុល នោះទេ។ មានន័យថា ក្នុងការយល់ឃើញរបស់​លោក គឺគណបក្សដើម្បីប្រជាជនហ្វាំងឡង់ ដែលបានចំនួនអាសនៈលេខរៀងទី២នេះ គឺជាស្តាំធម្មតា តែមិនជ្រុលនិយម ស្អប់ជនបរទេស ស្អប់ជនអន្តោប្រវេសន៍ដូចគេចោទនោះទេ។ តែយ៉ាងណាក៏ដោយ កន្លងមកគេបានឃើញបានឮហើយ ថាបក្ស​ដើម្បីប្រជាជនហ្វាំងឡង់ មានទំនោរស្អប់ជនបរទេសកម្រិតណា។​ បក្សនេះចង់ប្រើ​គោលនយោបាយ​បិទព្រំដែន មិនឲ្យ​មានជនអន្តោប្រវេសន៍ចូលមក ហើយ​មានទំនោរស្អប់សហភាពអឺរ៉ុបថែមទៀតផង​។ តែទន្ទឹមគ្នានេះ កន្លងមក លោកភេតេរី អ័រប៉ូ ក៏ធ្លាប់អះអាងដែរ ថា​លោក​ចង់រក្សាបើកទ្វារចំហហ្វាំងឡង់ ទទួលយកជនអន្តោប្រវេសន៍​ដែលមានសមត្ថភាពមកធ្វើការ​ ហើយធានាឲ្យ​ហ្វាំងឡង់បន្តផលិត​នាំចេញតទៅទៀត។​ ដូច្នេះ សម្រាប់ពេលនេះ មន្ទិលគឺនៅទាំងស្រុង មិនដឹងថារដ្ឋាភិបាលចម្រុះថ្មីដឹកនាំដោយ​លោក ភេតេរី អ័រប៉ូ នឹងមានរូបរាងពណ៌សំបុរយ៉ាងណាទេ។ ការចរចាគ្នាអាចចំណាយ​ពេលច្រើនសប្តាហ៍ ហើយ​ក្នុងអំឡុងពេលនេះ គឺលោកស្រី សាណា ម៉ារ៉ាំង នឹងបន្តធ្វើនាយករដ្ឋមន្ត្រី​បណ្តោះអាសន្នសិន។​ អូតង់ និង​ ហ្វាំងឡង់​ត្រូវការគ្នាទៅវិញទៅមក យោងតាមការវិភាគទៅ គឺនឹងមិនមានអ្វីប្រែប្រួលធំដុំឡើយ។ ការចូលជាសាមជិកពេញសិទ្ធិអូតង់ គឺប្រជាជនហ្វាំងឡង់គាំទ្រខ្លាំងក្លាណា រួមទាំងថ្នាក់ដឹកនាំនយោបាយផងដែរ បន្ទាប់ពីបានឃើញគ្រោះថ្នាក់ ដែល​រុស្ស៊ីបានឈ្លានពាន​អ៊ុយក្រែន​។ រដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយ​លោកភេតេរី អ័រប៉ូ នឹងបន្ត​ដើរតាមផ្លូវនេះ ដើម្បី​ធានាការពារសន្តិសុខហ្វាំងឡង់ ពីការគំរាមកំហែងរបស់រុស្ស៊ី​។ ហើយ​សម្រាប់អូតង់វិញ​ ហ្វាំងឡង់មានសារៈសំខាន់យុទ្ធសាស្ត្រខ្លាំងមិនណយទេ។ ហ្វាំងឡង់មានព្រំដែនជាប់រុស្ស៊ី​ ប្រវែង​១៣០០គីឡូម៉ែត្រ។ ដូច្នេះបានហ្វាំងឡង់ជាសមាជិក គឺ​អូតង់ បានមានលទ្ធភាព​​ នៅកៀក​តាមដានសកម្មភាពកងទ័ពរបស់រុស្ស៊ីតែម្តង។ ហ្វាំងឡង់ ក៏មានកម្លាំងទ័ពនិងគ្រឿងសព្វាវុធដ៏ច្រើន ដើម្បីចូលរួម​ក្នុងកម្លាំងអូតង់ដែរ។ ហ្វាំងឡង់ និងអូតង់ ត្រូវការគ្នាទៅវិញមក ហើយអ្នកនយោបាយ​ហ្វាំងឡង់ គឺយល់ច្បាស់ណាស់ អំពីសារៈសំខាន់​ នៃសម្ព័ន្ធភាពយុទ្ធសាស្ត្រនេះ ប្រឈមជាមួយយក្សកំណាចរុស្ស៊ីដែលសង្គ្រឺតធ្មេញដាក់​ប្រទេសក្នុងតំបន់នោះ ជាប្រចាំ៕
4/3/20239 minutes, 31 seconds
Episode Artwork

ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រី​ផុតអាណត្តិល្បីខ្លាំង តែអាច​​នឹងចាញ់ឆ្នោត

ក្នុងខណៈ​ដែល​ប្រទេស​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​សមាជិក​អង្គការ​អូតង់​ជា​ផ្លូវការ ​ហ្វាំងឡង់ត្រូវ​​​បោះឆ្នោត​សភា​ជ្រើស​តាំង​រដ្ឋាភិបាល​ថ្មី នៅថ្ងៃ​​អាទិត្យ​ទី​២​មេសា​នេះ។ នាយករដ្ឋមន្ត្រីផុត​អាណត្តិ លោកស្រី សានណា ម៉ារីន ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ ល្បី​លើ​ឆាក​អន្តរជាតិ​ចំពោះ​ស្នាដៃ​ដឹកនាំ​ប្រទេស ​កំពុងប្រឹង​​រក្សា​តំណែង​មួយ​អាណត្តិ​ទៀត ប៉ុន្តែការ​បោះឆ្នោត​​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ ពិបាក​នឹង​ទាយ​លទ្ធផល​ណាស់។ ការ​​បោះឆ្នោត​សភាហ្វាំង​ឡង់ ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ​នេះ ដោយ​មាន​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​ជាង​៥លាន​នាក់​កន្លះ​ចូល​រួម។ ​៤០% បាន​បោះឆ្នោត​ជា​មុន​រួច​ទៅ​ហើយ។ ប៉ុន្តែ​គ្មាន​នរណា​អាច​ទស្សន៍​ទាយ​លទ្ធផល​បាន​ទេ សម្រាប់​ពេលនេះ។ អ្វី​ដែល​គេ​ដឹង​និងអាច​និយាយ​បាន​យ៉ាង​ច្បាស់​នោះ គឺ​មានបក្ស​ធំ​បី​កំពុង​ប្រដេញ​គ្នា​យ៉ាង​ប្រកិតៗ​បំផុត។ បើ​តាមការ​ស្ទង់​មតិ ចុងក្រោយ​កាលពី​ថ្ងៃព្រហស្បតិ៍​ គណបក្ស​សម្ព័ន្ធជាតិ (អ្នកស្តាំកណ្តាល​និយម) ដឹកនាំ​ដោយ​លោក Petteri Orpo បាន​នាំ​មុខ​គេ​ដោយ​ទទួល​សំឡេង​ចង់គាំទ្រ​ដល់​ទៅ ១៩,៨% បន្ទាប់​មក​ ១៩,៥%​ សម្រាប់​គណបក្ស​ហ្វាំងឡង់ (ជាតិនិយម​​ប្រឆាំងនឹង​អន្តោប្រវេសន៍​ ប្រឆាំង​អឺរ៉ុប) របស់​លោកស្រី រីអ៊ីកា ពូរ៉ាRiikka Purra។ ចំណែក​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​លោកស្រីសានណា ម៉ារីន ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​វិញ ធ្លាក់​មក​នៅ​លំដាប់​ទីបី ជាមួយ​ឆន្ទៈ​ចង់​បោះឆ្នោត​ឱ្យ​ត្រឹម​១៨,៧%​ប៉ុណ្ណោះ។ គម្លាត​តិច​យ៉ាង​នេះ ​ងាយ​នឹងទាយ​ខុស​ណាស់។ សង្ឃឹម​ថា​យ៉ាង​ដូច្នេះ​ទៅ​ចុះ ព្រោះជា​​ប្រពៃណីតាំងពី​ឆ្នាំ ១៩៨៧មក បក្ស​ណា​បាន​សំឡេង​នាំមុខ​ច្រើន​ជាង តួនាទី​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​ប្រគល់​ទៅឱ្យ​បក្ស​នោះ។​ ​ភាព​ល្បីល្បាញ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ​៣៤ឆ្នាំ នៅឆ្នាំ​២០១៩ លោកស្រី សានណា ម៉ារីន ​​ជា​ប្រមុខ​រដ្ឋាភិបាល​ដ៏​​ក្មេង​ជាង​បំផុត​នៅលើ​ពិភពលោក ដែល​គ្មាន​នរណា​ស្គាល់​ទេ​ពីមុនមក។ ប៉ុន្តែ​បួន​ឆ្នាំ​ក្រោយ​មក លោកស្រី​បាន​ក្លាយ​ជា​មេដឹកនាំ​រលក​ថ្មី​ដែល​ពាំនាំ​ខ្យល់​នយោបាយ​ថ្មី​ដល់​ អឺរ៉ុប​ខាង​ជើង និង​ចាប់​មាន​កិត្តិនាម​ល្បីល្បាញ ​​លើក​ឆាក​អន្តរជាតិ ព្រមទាំង​​​ទទួល​បាន​ការ​គោរពយ៉ាង​ខ្លាំងពី​បរទេស ដោយ​សារ​ជំហរ​នយោបាយ​ច្បាស់​លាស់គាំទ្រ​អ៊ុយក្រែន​​ប្រឆាំង​នឹង​រុស្ស៊ី។ មើល​រុស្ស៊ី​ក្នុង​ក្រសៃ​ភ្នែក​ព្រួយ​បារម្ភ ក្រែង​មាន​ផលវិបាក​ទៅថ្ងៃ​ក្រោយ ព្រោះ​ប្រទេស​ទាំងពីរ​មាន​ប្រវត្តិ​និងទីតាំង​​ភូមិសាស្ត្រព្រំដែន​រួម​ប្រវែង​១៣០០គីឡូម៉ែត្រលោកស្រី​ប្រមុខ​រដ្ឋាភិបាល​បានរួសរាន់​​រៀបបែប​បទ​សុំ​ឱ្យ​ហ្វាំងឡង់​បាន​ចូល​ជា​សមាជិក​អូតង់។ អូតង់​បាន​ទទួល​បេក្ខភាព​ហ្វាំងឡង់​ដែល​នឹងក្លាយ​ជា​សមាជិកពេញ​សិទ្ធិ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ​ហើយ។ លោកស្រី សានណា​ ម៉ារីន ជា​តំណាង​មោទនភាព​របស់​យុវវ័យ​អឺរ៉ុប រហូត​មាន​ពាក្យ​ចចាម​អារាម​លេចឮចង់​បញ្ជូន​ឈ្មោះ​លោកស្រី ទៅកាន់​តួនាទី​សំខាន់​មួយ​នៅសហភាព​អឺរ៉ុប​ផង ក្នុង​ករណី​ចាញ់​ឆ្នោត​ថ្ងៃ​នេះ។ ជាង​នេះទៅទៀត លោកស្រី​មាន​ឈ្មោះ​បោះសំឡេង​ខ្លាំង​លើ​ពិភពលោក ក៏​ព្រោះ​តែ​ចរិក​​ធម្មជាតិ​ពី​កំណើត​និងនិស្ស័យ​ជា​អ្នក​ទាន់​សម័យ​និយមចូល​ចិត្ត​ជួបជុំ​រីករាយ។ កាលពី​រដូវក្តៅ​ឆ្នាំ​មុខ មាន​វីដេអូ​បង្ហោះ​ផ្សាយ​ពេញ​បណ្តាញ​សង្គម​រូប​លោកស្រី​ជប់លៀង​រាំសប្បាយ​ជាមួយ​មិត្តភក្តិ ដែល​មិន​សម​ជា​នាយករដ្ឋមន្ត្រី។ លោកស្រី​បាន​សុំ​ទោស​ភ្លាម ដោយ​ពន្យល់​ថា លោកស្រី​ក៏​ដូច​មនុស្សទូទៅ​ដែល​ពេល​ខ្លះ​​ត្រូវ​ការ​សប្បាយ​ដែរ។ តែ​នេះ​ជា​ករណី​ដំបូង​បង្អស់​ដែល​ប្រមុខ​រដ្ឋាភិបាល​ល្បី​បែប​នេះ​នៅលើ​ពិភពលោក។ នាយករដ្ឋមន្ត្រីផុតអាណត្តិនិង​បំណុល ​ទោះ​បី​ល្បី​និង​មាន​ប្រជាប្រិយភាព​ដូច្នេះ​ក្តី​ ក៏​ថ្ងៃ​អាទិត្យ​នេះ​លោកស្រី​អាច​នឹងចាញ់​ឆ្នោត ​បាត់​បង់​តំណែង ដោយ​មូលហេតុពីរ​យ៉ាង។ ទីមួយ​លោកស្រី មាន​ឥស្សរភាព​ពីរ​ផ្ទុយ​គ្នា ៖ លោកស្រី​មាន​អ្នក​គាំទ្រ​ខ្លាំង​ ស្ទើរ​ដូច​តារា ប៉ុន្តែ​ស្ទីល​របស់​លោកស្រី​មិន​ចូល​ភ្នែក​ក្រុម​អ្នក​អភិរក្សនិយម​ហ្វាំងឡង់​ទេ (ចូល​ចិត្ត​ជប់លៀសសប្បាយ​មិន​ស៊ី​នឹង​តួនាទី​នាយករដ្ឋមន្ត្រី​ទេ)។ ទីពីរ គឺ​​ខ្លឹមសារនយោបាយ។ គូប្រជែង​មក​ពី​បក្ស​ស្តាំកណ្តាល​​និយម​លោក Petteri Orpo បាន​បន្ទោស​លោកស្រី​ថា មិនគិត​គូរ​អំពី​បញ្ហា​សេដ្ឋកិច្ចជាតិ ដឹកនាំ​ប្រទេស​ឱ្យ​មាន​បំណុល​កាន់​តែ​ខ្ពស់ និង​ខូច​គំរូ​ការពារ​សង្គម​។ ជាការ​ពិត​ ដោយហេតុ​កូវីដ និង​សង្គ្រាម​អ៊ុយក្រែន ក្នុង​រយៈ​ពេល​បួន​ឆ្នាំ បំណុល​ជាតិ​ហ្វាំងឡង់​បាន​ឡើង​ពី​៦៣ទៅ​៧៤%​នៃ​PIB។ បេក្ខជនបក្ស​ហ្វាំងឡង់​ ​ស្តាំជ្រុលនិយម លោកស្រី​រីអ៊ីកា ពូរ៉ា ដែល​ចាប់​ឡើង​ប្រជាប្រិយភាព​ខ្លាំង​ពី​ប៉ុន្មាន​ខែ​មក​ដោយ​សារ​វិបត្តិ​អន្តោប្រវេសន៍​ និង​អតិផរណា បាន​បន្ទោស​លោកស្រីនាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​​រឿង​អន្តោប្រវេសន៍។ បើតាម​លោកស្រី ពូរ៉ា អន្តោប្រវេសន៍ជា​បញ្ហាចោទ​ដ៏​ចម្បង​សម្រាប់​ហ្វាំងឡង់។​ ​ពួកយូកូម និងឧក្រិដ្ឋជន​តាម​ដង​ផ្លូវ​សាធារណៈ ជា​ជន​អន្តោប្រវេសន៍ ឬ​គ្រួសារ​អន្តោប្រវេសន៍។ ​ ​សន្ទុះ​ជាតិនិយម​ជ្រុលហ្វាំងឡង់​និង​អឺរ៉ុប ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​វិញ ជា​មធ្យម​គេ​ត្រូវ​ការ​ប្រើ​ពេល​៦សប្តាហ៍។ ​នៅហ្វាំងឡង់​ បក្ស​ណា​នាំ​មុខ​គេ បក្ស​នោះ​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី ទោះ​បី​ជា​លទ្ធផល​ខុស​ត្រូវ​គ្នា​ស្តួចស្តើង​យ៉ាងណាក៏​ដោយ។ ឧបមា​ថា លោកស្រី​ សានណា ម៉ារីន បែរ​ជា​អាច​នាំមុខ​គេ​វិញ លោកស្រី​ប្រហែល​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ បើ​បក្ស​ស្តាំកណ្តាល​និយម​ របស់​លោក​ ​អ័រប៉ូឈ្នះវិញ​ បក្ស​នេះហាក់អាច​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ស្រួល​ជាងគេ។ ​ផ្ទុយ​ទៅ​វិញ ​ជោគជ័យ​របស់​​បក្ស​ជាតិនិយម​ជ្រុល​ហ្វាំងឡង់ នឹង​នាំ​​អឺរ៉ុប​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​តក់​ស្លុត​​ជា​ថ្មីម្តង​ទៀត ដោយ​មាន​ប្រទេស​សមាជិក​ដឹកនាំ​ដោយ​ក្រុម​ជ្រុលនិយម​បន្ថែម​មួយទៀត ពី​លើ​ប្រទេស​អ៊ីតាលី និង​ស៊ុយអែត៕
4/2/20237 minutes, 1 second
Episode Artwork

រុស្ស៊ីឡើង​​​ជា​ប្រធានផ្លាស់វេន​​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ក្នុង​បរិបទ​​​សង្គ្រាមនៅ​អ៊ុយក្រែន

រុស្ស៊ីដែល​ទើប​​អនុម័ត​យុទ្ធសាស្ត្រ​សកល​ប្រឆាំង​នឹង​បស្ចិមលោក​​ ត្រូវ​ក្លាយ​​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ចាប់​ពី​ថ្ងៃទី​១មេសា​នេះ​ និង​សម្រាប់រយៈ​ពេល​​មួយ​ខែពេញ។​​ ជា​ប្រធាន​ដែល​​សមាជិក​អចិន្ត្រៃយ៍​​ទាំងអស់​របស់​ក្រុមបឹក្សា​មិន​រាប់​រក ព្រោះតែ​រុស្ស៊ី​នេះ​បាន​ធ្វើ​សង្គ្រាម​ចូល​ឈ្លានពាន​អ៊ុយក្រែន។ សម្រាប់​អ៊ុយក្រែន និង​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ រុស្ស៊ី​មិន​គួរ​មាន​កិត្តិយសធ្វើ​ជា​ប្រមុខ​ផ្លាស់​វេន​នៃ​ស្ថាប័នកំពូល​របស់​​អង្គការ​សហប្រជាជាតិទេ។ ​ក្នុង​​នាម​ជា​ប្រធាន​តើ​រុស្ស៊ី​អាច​មាន​អំណាច​និ​ងឥទ្ធិពល​អ្វី​ខ្លះ​ ? សំឡេង​ប្រឆាំង​ក៏​មាន សំឡេ​ងអំពាវនាវ​ឱ្យ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក៏​មាន សំឡេង​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​នៅ​តាមរដ្ឋធានី​នៃបណ្តា​​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ ដូច​ជា​នៅក្រុង​ឡុងដ៍ នា​រសៀល​ថ្ងៃ​នេះ ក៏​មាន។ ​ពិត​ជា​សកម្មភាព​ប្រកប​ដោយ​និម្មិតរូប​មែន។ នេះ​ជា​ប្រតិកម្ម​ធម្មតា​ទេ នៅ​ចំពោះ​មុខ​រុស្ស៊ី ដែល​កាលពី​ឆ្នាំ​ទៅ​បាន​បំពាន​ធម្មនុញ្ញ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​ច្បាប់​អន្តរជាតិ ​ដោយ​ប្រើ​កម្លាំង​យោធា​ចូល​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ឯករាជ្យ​មួយ​នោះ។ នៅអង្គការ​សហប្រជាជាតិ រុស្ស៊ី​បាន​អះអាង​ដោយ​ផ្ទាល់​ថា​ខ្លួន​ត្រូវ​ប្រឈម​នឹង​ក្រុមបស្ចិមលោក​ដែល​រួម​គ្នា​ដាក់​រុស្ស៊ី​ឱ្យ​នៅឯកាតាំងពី​បាន​ចូល​លុកលុយ​អ៊ុយក្រែន​មក។ ជាង​នេះ​ទៀត ​ម្សិលមិញ រុស្ស៊ី​បាន​អនុម័ត​ យុទ្ធសាស្ត្រ​សកល​ប្រឆាំង​នឹង​បស្ចិមលោក ថាជាការ​​គំរាមកំហែង​អត្ថិភាព​របស់​រុស្ស៊ី។ ​សម្រាប់​អ៊ុយក្រែន ឱ្យ​រុស្ស៊ី​ធ្វើ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ ចាប់​ពី​ថ្ងៃទី​១​មេសា ពិត​ជា​រឿង​​កំប្លែង​ដ៏​អាក្រក់​បំផុត។ ការ​រិះគន់​ក៏​មាន​ខ្លាំង​សម្បើម​ដែរ​មក​ពី​ខាងអាមេរិក។ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​ថា យោល​ទៅ លើ​ទង្វើ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន រុស្ស៊ី​មិន​គួរ​មាន​ឈ្មោះ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាស​ន្តិសុខ​ផង ប៉ុន្តែ​គួរ​ឱ្យស្តាយ​ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​លក្ខន្តិកៈ​សមាជិក​អចិន្ត្រៃយ៍​ទេ។ ​​យន្តការ​នៃ​ប្រធាន​ផ្លាស់វេនក្រុមប្រឹក្សា​សន្តិសុខ​​ ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ទាំង​៦​របស់​អង្គការ​សហប្រជាជាតិ ក្រុមប្រឹក្សា​សន្តិសុខ​មាន​​អំណា​ច​ចេញ​សេចក្តី​សម្រេច​ ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​អនុវត្តតាម។ ក្រុមប្រឹក្សា​មាន​សមាជិក​សរុប​១៥​ប្រទេស ៖ ៥ជា​សមាជិក​អចិន្ត្រៃយ៍ ( អាមេរិក​ បារាំង អង់គ្លេស ចិន និង​រុស្ស៊ី) និង​សមាជិក​មិន​អចិន្ត្រៃយ៍​១០ប្រទេស​ទៀត ដែលមាន​អាណត្តិ​ពីរ​ឆ្នាំ និង​​បោះឆ្នោត​ជ្រើស​តាំង​ចំនួន​ពាក់​កណ្តាល​ជា​រៀង​រាល់​ឆ្នាំ។ តាមវិធាន សមាជិក​ អចិន្ត្រៃយ៍ និង​មិន​អចិន្រ្តៃយ៍ ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ធ្វើ​ជា​ ប្រធានដឹកនាំ​​​​​​ក្រុមប្រឹក្សា​សន្តិសុខ​ ម្នាក់ម្តងៗ សម្រាប់​រយៈពេល​​មួយ​ខែ​ តាម​លំដាប់​លំដោយ​ឈ្មោះ​ប្រទេស​ជា​ភាសា​អង់គ្លេស។ រុស្ស៊ី​បន្ត​តំណែង​ពី​ប្រទេស​មូសំប៊ិច នៅខែ​មេសានេះ ហើយ​ខែ​ក្រោយ​នឹង​ដល់​វេន​ប្រទេស​ស្វីសម្តង តៗ​គ្នា​... កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ទៅ រុស្ស៊ី​ក៏​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ ហើយ​គឺ​នៅ​ខែ​នោះ​តែម្តង​ដែល​រុស្ស៊ី​បាន​លើក​ទ័ព​​ចូល​វាយប្រហារ​អ៊ុយក្រែន។ តាំងពី​ពេល​នោះ​មក សកម្មជន​គាំទ្រ​អ៊ុយក្រែន​និង​សមាជិកសភាផ្សេងៗ​​ ចង់​សុំ​ឱ្យបណ្តេញ​រុស្ស៊ី​ចេញ​ពីក្រុមប្រឹក្សា​សន្តិសុខ​ ប៉ុន្តែជា​សំណើ​ដែល​ គឺ មិន​អាច​ទៅរួច​សោះ ព្រោះ​បើ​តាម​អ្នក​ជំនាញ​ សំណើ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោត​នៅក្រុមប្រឹក្សា​សន្តិសុខ ហើយ​រុស្ស៊ី​ច្បាស់​ជា​នឹង​ប្រើ​​សិទ្ធិ​វេតូ​ប្រឆាំង​។ ដូច្នេះ​ធ្វើ​ម្តេចនឹង​អាច​បណ្តេញ​រុស្ស៊ី​កើត ! ​ប៉ុន្តែ​វា​ដូច​ជា​ការចាក់​​បញ្ឈឺពេក !​ ក្នុង​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​យល់​ថារុស្ស៊ី​ជា​អ្នក​គំរាម​កំហែង​សន្តិភាព ស្រាប់​តែ​​​រុស្ស៊ីក្លាយ​​ជា​ប្រធាន​ផ្លាស់​វេន​ស្ថាប័នរបស់​​អង្គការសហប្រជាជាតិ​​ទទួល​បន្ទុក​ស្វែង​រក​សន្តិភាពទៅ​វិញ។ ​ប្រធានាធិបតី​ពូទីន​ អាច​ទាញ​ប្រយោជន៍​ពី​អ្វី​ខ្លះ ពី​តួនាទី​រុស្ស៊ី​ជា​ប្រធានផ្លាស់វេន​​ក្រុមប្រឹក្សា​សន្តិសុខ ​ ? អ្វី​ដែល​ជា​កង្វល់​ខ្លាំង គឺ​ចំណុ​ច​នេះ​ឯង។ គេ​ខ្លាច​រុស្ស៊ី​ប្រើ​តួនាទី​ជា​ប្រធាន​ផ្លាស់​វេន សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ ដោយ​អាច​បំប៉ោង​បំពង​ឃោសនា​ បំភ្លៃ​ព័ត៌មាន​ជុំ​វិញ​សង្គ្រាម​នៅអ៊ុយក្រែន ទៅ​កាន់​ពិភពលោក​ផង និង​បង្ហាញ​ខ្លួន​លើ​ឆាកអន្តរជាតិ​ បិទ​បាំង​ភាព​ឯកា​របស់​ខ្លួន​ព្រមទាំង​សាកល្បង​បង្វែរ​ចំណាប់​អារម្មណ៍ពិភពលោក​ ដើម្បីការពារ​ទង្វើ​របស់​ខ្លួន​លើ​អ៊ុយក្រែន។ រុស្ស៊ី តាម​គម្រោង​នឹង​រៀប​ចំ​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​​ក្រៅ​ផ្លូវការ​​មួយនៅ​ដើម​ខែ​មេសា ដើម្បី​បង្ហាញ​អំពី​ “ស្ថានភាព​ពិត” របស់​កុមារ​អ៊ុយក្រែន​នៅរុស្ស៊ី ដែល​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពេល​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ពូទីន ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជម្រិត​ក្មេង។ បើ​តាម​អ្នក​នាំពាក្យ​ ប្រមុខ​ការទូត​រុស្ស៊ី លោក ស៊ែកហ្គៃ ឡាវ្រូស នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅខែ​មេសា​នេះ។ រដ្ឋមន្ត្រី​ការបរទេស​​រុស្ស៊ី​ក៏​នឹង​ដឹកនាំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​ប្រជុំ​តស៊ូមតិ​ជា​សាធារណៈ​ស្តីពី ​ប្រសិទ្ធភាពនៃ​ពហុនិយមដោយ​ការពារ​គោលការណ៍ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃទី ២៥​មេសា លោក ឡាវ្រូស​នឹង​បើក​សម័យ​ប្រជុំ​ជុំ​វិញ​ប្រធាន​បទ​ដើម​បូព៌ា​ទៀត។ ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​ រុស្ស៊ី​អាច​ស្នើ​ និង​ទទួល​យក​សំណើ​ពី​សមាជិក​ ក្នុង​ការ​សម្រេច​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នានាមែន​​ ប៉ុន្តែ​ ការ​ឡើង​ធ្វើ​ជា​ប្រធាន​ មិនមែន​ជា​រឿង​អស្ចារ្យ​ឡើយ ព្រោះ​នេះ​ជាយន្តការ​ធម្មតា​របស់​ស្ថាប័ន​ទេ។ យ៉ាង​ណា​មិញ តួនាទី​ជា​ប្រធាន​ផ្លាស់​វេនរបស់​រុស្ស៊ី​ មិន​អាច​ផ្តល់​​ប្រយោជន៍​អ្វី​បាន​លើស​ពី​ទម្លាប់ ដល់​មូស្គូឡើយ។ លោក​ពូទីន មិន​អាច​ប្រើ​តួនាទី​នេះ​បាន​ទេ ព្រោះ​គ្រប់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សុទ្ធ​តែ​មាន​សិទ្ធិ​បញ្ចេញ​មតិ និង​សំឡេង​ដូច​គ្នា​ក្នុង​ពេល​ប្រជុំ​ក្រុមប្រឹក្សា ហើយ​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស ច្បាស់​ជា​នឹង​មិនផ្តល់​យោបល់​​ស្រប​ជាមួយ​រុស្ស៊ី​ទេ មិន​ថា​ជា​សំណុំ​រឿង​អ៊ុយក្រែន​ឬ​សំណុំ​រឿង​លើ​ពិភពលោក​ផ្សេង​ទៀត​ឡើយ។ បើ​រុស្ស៊ី​ហ៊ាន​បញ្ចូល​សំណើ​អ្វី​មួយ​ដែល​មិន​សម អាមេរិក​និង​សមាជិក​ផ្សេង​ទៀតក៏​ប្រមូល​​សំឡេង​រារាំង​រុស្ស៊ី​មិន​ឱ្យ​ធ្វើ​អ្វី​ស្រេច​តែនឹង​ចិត្ត​បាន​ដែរ។ ការ​ពិតមួយ​​ដែល​មិន​អាច​ប្រកែក​បានមួយ​គឺ ប្រសិន​បើ​សមាជិក​អចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខ​ណាមួយ លូកដៃ​ឬ​មាន​ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ ក្រុមប្រឹក្សា​សន្តិសុខ​មិន​អាច​ធ្វើ​អ្វីចេញ​សម្រាប់​រារាំង​ទេ ព្រោះ​ភាគីពាក់ព័ន្ធ​នោះ​មាន​សិទ្ធ​ប្រឆាំង​វេតូ ដូចករណី​រុស្ស៊ី​​ធ្វើ​លើ​អ៊ុយក្រែន ដូច​ចិន​ធ្វើ​លើ​តៃវ៉ាន់ និងដូច​អាមេរិក​ធ្វើ​នៅ​​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់៕
4/1/20237 minutes, 35 seconds
Episode Artwork

រដ្ឋាភិបាលជប៉ុន ប្រកាសពីគម្រោងរឹតត្បិតការនាំចេញ ឧបករណ៍សឺមីកុងឌុកទ័រ

ឧបករណ៍​សឺមីកុងឌុកទ័រ ដែលគឺជាធាតុផ្សំអេឡិកត្រូនិកមួយដ៏សំខាន់​​ កំពុងតែស្ថិតនៅ ​ចំចំណុចកណ្តាល នៃការប្រកួតប្រជែង​បច្ចេកវិទ្យា រវាងប្រទេសមហាអំណាចធំៗ។ វាមិនមែនត្រឹមតែក្នុង​បរិបទ​ការប្រកួតប្រជែងពាណិជ្ជកម្ម ប៉ុណ្ណោះទេ តែវាមានពាក់​ព័ន្ធជាមួយ​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ព្រោះថាឧបករណ៍​អាឡិចត្រូនិកគ្រប់ប្រភេទ​ ព្រមទាំង​​​គ្រឿងសព្វាវុធទំនើបផងនោះ គឺគេត្រូវការ​​​ឧបករណ័សឺមីកុងឌុកទ័រដើម្បី​យក​មកផ្សំ​ឲ្យ​វាដំណើរការ​។​  គឺក្នុងបរិបទនេះហើយ បានជារដ្ឋាភិបាល​ជប៉ុន​ បានប្រកាសនៅថ្ងៃសុក្រ ទី​៣១មីនា ថាគេមានគម្រោង​រឹតបន្តឹងការនាំចេញ​ឧបករណ៍សឺមីកុងឌុក​ទ័រទៅក្រៅប្រទេស។ ការប្រកាស ដែលធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ប្រតិកម្មស្តីបន្ទោស​ភ្លាមៗតែម្តង​។ គ្រឿងផ្សំអេឡិកត្រូនិក​២៣មុខ​ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន​បានប្រកាសពីគម្រោង​រឹតត្បិតនេះ ទៅ​កាន់អ្នកកាសែត នៅព្រឹកថ្ងៃសុក្រ ទី​៣១មីនា​ ដោយ​លោក​បញ្ជាក់ថា រដ្ឋាភិបាល​នឹងធ្វើការ​ពិគ្រោះយោបល់ ជាមួយ​សារណៈមតិជប៉ុន​​ លើគំរោងនេះ។ ពិគ្រោះយោបល់រួចរាល់ហើយ គឺគេអាចចាប់​ផ្តើមអនុវត្ត​វិធានការរឹតត្បិតជាផ្លូវការ ចាប់ពីខែកក្កដាខាងមុខនេះទៅ។ លោករដ្ឋមន្ត្រីបាន​ឲ្យដឹងដែរថា ធាតុ​ផ្សំអេឡិកត្រូនិក ដែល​មាន​ឈ្មោះក្នុង​បញ្ជីគម្រោងរឹតត្បិតនេះ គឺមានចំនួន​២៣មុខ ដែល​សុទ្ធតែជាគ្រឿងផ្សំដើម្បី​ផលិត​ឧបករណឺសឺមីកុងឌុកទ័រទំនើបឈានមុខ។ ផ្អែកតាមទីភ្នាក់ងារព័ត៌មាន Jiji ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនចំនួន​ជាង​១០ក្រុមហ៊ុន ដែល​នឹងត្រូវប៉ះពាល់ ដោយសារវិធានការរឹតត្បិតនេះ ដែលមានដូចជា Tokyo Electron និង Nikon ជាដើម។​ មានន័យថា ក្រុមហ៊ុនទាំងនេះ មិនអាចនាំចេញ​ទៅលក់​នៅក្រៅប្រទេសនូវធាតុផ្សំអេឡិកត្រូនិក​​ទាំង​២៣មុខនេះបានទេ ប្រសិន​មិន​ឆ្លងកាត់ការត្រួតពិនិត្យ និង​ការ​​អនុញ្ញាតពី​ខាងភ្នាក់ងាររដ្ឋាភិបាល​។ បង្ការកុំ​ឲ្យ​គេយក​ទៅ​ប្រើ​ដើម្បី​ផលិ​តគ្រឿងសព្វាវុធ​ យោងតាម​ការលើកឡើងរបស់​លោករដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចជប៉ុន គឺ​ វិធានការរឹតត្បិតនេះ សំដៅ​បង្ការ​ កុំ​ឲ្យ​គេយក​ធាតុផ្សំអេឡិកត្រូនិកដ៏សំខាន់របសជប៉ុននេះ យកទៅប្រើ​នៅក្នុងការផលិតគ្រឿងសព្វាវុធទំនើប។ លោកNishimura បានបន្ថែមថា ជប៉ុនចង់ដើរតួនាទី ប្រកបដោយ​ការទទួលខុសត្រូវ នៅក្នុង​សហគមន៍អន្តរជាតិ ក្នុង​នាម​ជប៉ុន ជាប្រទេសនាំមុខមួយ នៅ​​​ក្នុង​បច្ចេកវិទ្យាផលិត​ “បន្ទះម៉េម៉ូរី”។ បើតាមការវិភាគសុចិនាថ គឺ​បរិបទសង្គ្រាម​នៅអ៊ុយក្រែន ដែលរុស្ស៊ី​កំពុងតែ​ធ្វើក្នុងពេលនេះ​ គឺជាហេតុផល​មួយសំខាន់ ព្រោះមានប្រភពព័ត៌មានជាច្រើន បាន​អះអាងថា រុស្ស៊ី​កំពុងតែត្រូវ​ការ​ធាតុផ្សំអេឡិកត្រូនិកខ្លាំងសម្បើមណាស់ ដើម្បី​ផលិត​ដ្រូន​ និង​គ្រឿងសព្វាវុធទំនើបច្រើនមុខទៀត។ ក្រុមប្រទេសលោកខាងលិច កំពុងតែរួមគ្នារកវិធី ដើម្បី​ផ្តាច់ផ្លូវ កុំ​ឲ្យ​រុស្ស៊ី​អាចទទួលបាន​គ្រឿងផ្សំអេឡិចត្រូនិក​ទាំងនេះ​ យលទៅផលិតអាវុធ។ ជាមួយ​នឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ការនាំចេញដោយ​ផ្ទាល់ទៅកាន់រុស្ស៊ី​ នូវធាតុផ្សំអេឡិកត្រូនិក​ដ៏សំខាន់នេះ ត្រូវបាន​ហាមឃាត់​មែន​ តែគេបារម្ភថា រុស្ស៊ីអាច​ស្វែងរកផ្លូវផ្សេងទៀត ដើម្បីទទួលបាន​គ្រឿងផ្សំទាំងនេះ។ គេសង្ស័យថារុស្ស៊ី អាចប្រើប្រាស់ភាគីចិន ឬអ៊ីរ៉ង់ ឲ្យជួយទិញឲ្យខ្លួន ឬក៏នាំចូលដោយ​លួចលាក់ជាដើម។ ជាងនេះទៀត ចិន ឬអ៊ីរ៉ង់ ក៏អាចផលិត​គ្រឿងសព្វាវុធ ដែលប្រើប្រាស់គ្រឿងផ្សំសឺមីកុងឌុកទ័រទិញបានមកពី​ជប៉ុនដែរ។ ដែលត្រង់នេះហើយ បានជារដ្ឋាភិបាលជប៉ុន ចង់រៀបចំវិធានការ ដើម្បីរឹតបន្តឹងតាមដានឲ្យ​បានម៉ដ្ឋចត់។ ប្រកួតប្រជែងបច្ចេកវិទ្យាជាមួយ​ចិន សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្តរបស់ជប៉ុន បាន​បើក​ការប្រកួតប្រជែងយ៉ាងខ្លាំងដៃ នៅក្នុងវិស័យ​ផលិត​ “បន្ទះឈីប” ដើម្បីធ្វើយ៉ាងណា វាឲ្យដាច់ចិន ហើយ​រារាំងកុំឲ្យចិន អាចទទួលយកចំណេះជំនាញបច្ចេកវិទ្យារបស់គេយកទៅប្រើ។ ជាច្រើនខែមកនេះ អាមេរិកបានចេញវិធានការជាច្រើន សំដៅរារាំង មិន​ឲ្យក្រុមហ៊ុន​ផលិតរបស់ចិន អាចទិញយក​គ្រឿងផ្សំបច្ចេកវិទ្យា​​របស់អាមេរិក យកទៅ​ផ្សំ​ក្នុង​ឧបករណ៍អេឡិកត្រូនិកផលិតនៅចិន​។​ អាមេរិកក៏បានដាក់សំពាធ ធ្លាប់​បាន​ប្រាប់ទៅជប៉ុន និង​​ប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្ត​របស់ខ្លួនដែរ ថាត្រូវតែប្រុងប្រយ័ត្ន មិនត្រូវ​បើកទ្វារបង្ហូរបច្ចេកវិទ្យាដ៏រសើបនេះ ទៅឲ្យចិនដោយងាយៗឡើយ។ យ៉ាងណាមិញ កាលពីដើមខែមីនានេះ ប្រទេសហូឡង់ ដែលជាតួអង្គមួយសំខាន់ដែរ នៅក្នុងវិស័យបច្ចេកវិទ្យាផលិត​បន្ទះឈីបអេឡិកត្រូនិក បាន​ប្រកាសថានឹងរឹតបន្តឹងការនាំចេញ ដោយឈរលើហេតុផល​សន្តិសុខជាតិ​។ គេមិនបានបញ្ចេញឈ្មោះចិនដោយចំៗមែន តែ​វាច្បាស់ណាស់ គឺការរឹតត្បិតនេះវានឹងប៉ះពាល់ទៅលើចិន ព្រោះថា ទីផ្សារផលិតគ្រឿងអេឡិកត្រូនិកវាធំមហិមាណាស់នៅចិន​។ ចិន​ដឹងខ្លួនថាវិធានការរឹតបន្តឹងរបស់ជប៉ុននេះ គឺសំដៅមកលើខ្លួន។ ភ្លាមៗក្រោយការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុននេះ ចិនបាន​ប្រតិកម្មភ្លាមតែម្តង។ លោក​ Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកមិញនេះ ថាជប៉ុនកំពុងតែសាងកំហុស​ឲ្យខ្លួនឯងហើយ ដោយសារតែ​រងសំពាធពីអាមេរិក​។ អ្នកនាំពាក្យចិនរូបនេះបន្ថែមថា ​ការ​យក​វិស័យ​ពាណិជ្ជកម្ម​បច្ចេកវិទ្យាទំនើប ទៅ​​លាបពណ៌នយោបាយ ធ្វើជាឧបករណ៍​ប្រយុទ្ធយកឈ្នះ ឬយកវាទៅប្រឡាក់ប្រឡូសនឹងវិស័យយោធា វានឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព​នៃ​បណ្តាញ​ចែកចាយនិងផលិត ​របស់​ពិភពលោក​។ យ៉ាងណាក៏ដោយ ​ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានអះអាងថា វិធានការរឹតត្បិតរបស់ជប៉ុន គឺមិនបានសំដៅទៅ​លើ​ប្រទេសណាមួយ ដោយចំពោះនោះទេ។ ដោយឡែកភាគីជប៉ុនបានប្រកាសផងដែរថា នៅចុងសប្តាហ៍នេះ​ លោកYoshimasa Hayashi រដ្ឋមន្ត្រី​ក្រសួងការបទេសជប៉ុន នឹងធ្វើដំណើរទៅប៉េកាំង។ បើតាមការវិភាគទៅ គឺជប៉ុន​ចង់ទៅនិយាយលួងចិត្តដែរ ដើម្បី​កុំឲ្យ​អន់ចិត្តមកលើខ្លួន។ ចិន​រំពឹងខ្លាំង ​លើបច្ចេកវិទ្យាសឺមីកុងឌុកទ័រពីខាងក្រៅ​​ ជាទូទៅយើងដឹងថា បិរមាណផលិត​ផល​អាឡិកត្រូនិកមួយផ្នែកធំ ដែល​មនុស្សយើងប្រើប្រាស់ រាប់ទាំងពីទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីមកុំព្យូទ័រ តាប្លែត និង​ឧបករណ៍​រាប់ពាន់​មុខទៀត គឺភាគច្រើន​ផលិតនៅចិន។ តែមិនមែនគ្រឿងផ្សំទាំងអស់សុទ្ធតែធ្វើនៅចិនទេ។ ជាក់ស្តែង​ឧបករណ៍សឺមីកុងដុកទ័រនេះឯង ដែលចិនទិញពីគេភាគច្រើន ព្រោះវាពិបាកធ្វើ ហើយចិននៅមិនទាន់មាន​បច្ចេកវិទ្យាឈានមុខដល់កម្រិត ក្នុង​ការផលិត​វាទេ។ ឧបករណ៍បច្ចេកវិទ្យា​អេឡិកត្រូវិកកាន់តែទំនើប កាន់តែមានទំហំតូចស្តើង គឺមានន័យថា គេត្រូវការ​ប្រើសឺមីកុងដុកទ័រកាន់តែតូចដែរ។ បើ​និយាយជារួម​ យោងតាមតួលេខឆ្នាំ​២០១៩ ការផលិត​សឺមីកុងឌុកទ័រគ្រប់ប្រភេទ ទាំងតូចទាំងធំ គឺតៃវ៉ាន់ផលិត​២០% កូរ៉េខាងត្បូង​១៩% ជប៉ុន ១៧%​ ចិន១៦% អាមេរិកខ្ទង់​១៣% ។ តែ​រាល់ថ្ងៃនេះ មានក្រុមហ៊ុនតែ២ទេ​ ដែលឈានមុខគេ ផលិត​សឺមីកុងឌុកទ័រប្រភេទឈានមុខ ដែលមាន​ទំហំតូចជាង ៧ណាណូម៉ែត្រ​ គឺក្រុមហ៊ុនTSMC Taiwan Semiconductor Manufacturing Company និងក្រុមហ៊ុន​Samsung កូរ៉េខាងត្បូង។​ បើនិយាយពីទំងន់ គឺក្រុមហ៊ុនតៃវ៉ាន់ TSMC ធ្ងន់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះផ្គត់ផ្គង់សឺមីកុងឌុកទ័រ ចំនួន​៥៣% នៅក្នុង​ទីផ្សារពិភពលោក ខណៈ Samsung មានចំណែកប្រមាណ​១៧% នៅឆ្នាំ​២០២១​។ យោងតាមរបាយការណ៍របស់ Boston Consulting Group នៅឆ្នាំ​២០១៩ ក្រុមហ៊ុន TSMC ផ្គត់ផ្គង់សឺមីកុងឌុកទ័រអាប្រភេទទំនើប​​ឈានមុខ ចំនួន​៩២%ឯណោះ។ ជាក់ស្តែងក្រុមហ៊ុន Appel ទិញតែ​សឺម៉ីកុងឌុកទ័ររបស់តៃវ៉ាប់ យកទៅប្រើនៅក្នុងផលិតផលរបស់គេ ព្រោះវាតូចខ្លាំងនិងទំនើបគ្មានគូប្រៀប។ ដោយផ្អែកលើទំហំតម្រូវការ​និង​ផលិតដ៏ធំរបស់ចិន គឺចិនជាអ្នកនាំចូលសឺមីកុងឌុកទ័រធំជាងគេបង្អស់ក្នុងពិភពលោក​។ ឆ្នាំ​២០២១ ចិន​នាំចូលសឺមីកុងឌុកទ័រ ក្នុងទំហំទឹកប្រាក់ ចំនួន ៤៣០ពាន់លានដុល្លារ ដែលក្នុងនោះគ្រាន់តែនាំចូលពីតៃវ៉ាន់ គឺ​ប្រមាណ​៣៦%ទៅហើយ។ ចិនអាចផលិត​ខ្លួនឯងបានត្រឹមតែ ១៥,៧%នៃតម្រូវការប៉ុណ្ណោះ ហើយភាគច្រើនលើសសុប ជាប្រភេទសឺមីកុងឌុកទ័រធំមិនសូវទំនើបខ្លាំងទេ។ មានន័យថាក្នុងវិស័យនេះ ចិនមានឱនភាពពាណិជ្ជកម្មខ្លាំងណាស់ ពោលគឺចិនរំពឹងលើ​ការនាំចូលពីក្រៅ ពីតៃវ៉ាន់ ពីកូរ៉េខាងត្បូង និងពីជប៉ុន​។ ហេតុដូច្នេះហើយ បានជា​ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសពីមហាផែនការជាតិ ដើម្បីផ្តល់សន្ទុះដល់ការស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យានេះ។ គឺក្នុងបរិបទ ឃើញតៃវ៉ាន់មានទំងន់ខ្លាំងនេះ​ក្នុងវិស័យសឺមីកុងឌុកទ័រនេះដែរ ដែលជំរុញឲ្យចិនកាន់តែចង់បានតៃវ៉ាន់មកគ្រប់គ្រង៕
3/31/20238 minutes, 58 seconds
Episode Artwork

ប្រធានាធិបតីតៃវ៉ាន់តៃវ៉ាន់ ទៅទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលដោយឆ្លងកាត់សហរដ្ឋអាមេរិក បង្កកំហឹងរបស់ចិន

លោកស្រី សៃ អ៊ីងវេន ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងធ្វើដំណើរទៅទស្សនកិច្ច នៅតាមប្រទេសមួយចំនួននៅតំបន់អាមេរិកកណ្តាល ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយចិន។ ការធ្វើដំណើរទៅ ដែលលោកស្រីនឹងឆ្លងកាត់សហរដ្ឋអាមេរិក ហើយនឹងអាចជួបជាមួយថ្នាក់ដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិក ថែមទៀតផង។ ដំណឹងនេះ បានបង្កឲ្យរដ្ឋាភិបាលចិន ខឹងច្រលោតជាខ្លាំង។ ចិនអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ចិន ហើយមានតែប៉េកាំងមួយគត់ដែលជាតំណាងស្របច្បាប់ របស់រដ្ឋាភិបាលចិនតែមួយ។ គួរកត់សំគាល់ថា សំណុំរឿងកោះតៃវ៉ាន់ កាន់តែមានភាពតានតឹងខ្លាំងឡើងៗ បន្ទាប់ពីចិនបានបង្ហាញជំហរកាន់តែច្បាស់ ថាអាចនឹងប្រើកម្លាំងនៅថ្ងៃណាមួយ ដើម្បីកាន់កាប់កោះតៃវ៉ាន់ឲ្យបាន។ យោងតាមការបញ្ជាក់ពីរដ្ឋាភិបាលតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីងវេន នឹងទៅធ្វើទស្សនកិច្ចចំនួន១០ថ្ងៃ នៅ​តាមប្រទេសមួយចំនួន​ ក្នុងតំបន់អាមេរិកកណ្តាល ក្នុងនោះ គឺលោកស្រីនឹងទៅជួប​ជាមួយ​លោក​ប្រធានាធិបតី​ហ្កាតេម៉ាឡា និង​លោក​ប្រធានាធិបតីប្រទេសបេលីស។ នៅក្នុងការធ្វើដំណើរនេះ លោកស្រីនឹងចុះដូរយន្តហោះ នៅ​ទីក្រុងញូយ៉ក នៅថ្ងៃពុធនេះ​ ដោយ​លោកស្រី​នឹងធ្វើដំណើរចូលទៅទីក្រុងញូយ៉ក ប៉ុន្មានម៉ោង មុន​នឹងឡើងយន្តហោះបន្ត។ ហើយពេលត្រលប់​មកវិញ លោកស្រីនឹងកាត់តាមទីក្រុងឡូសអង់ហ្សឺឡេស រដ្ឋកាលីហ្វ័រញ៉ា។ លោក Kevin McCarthy ប្រធានាសភាតំណាងរបស់សហរដ្ឋអាមេរិក ដែល​បានប្រកាសថា លោកនឹងជួបជាមួយ​លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នៅ​ឡូសអង់ហ្សឺឡេស។ តែយ៉ាងណា គិតមកត្រឹមពេលនេះ ខាងរដ្ឋាភិបាលតៃវ៉ាន់ មិនបាន​បញ្ជាក់អ្វីទាំងអស់ ថានៅទីក្រុងញូយ៉ក លោកស្រី សៃ នឹងទៅណាខ្លះ ទៅជួបនរណាខ្លះ ហើយពេល​មកវិញ កាត់តាម​ឡូសអង់ហ្សឺឡេស ក៏មិនមានការបញ្ជាក់លំអិតដែរ​។ ថ្លែងមិនពេលឡើងយន្តហោះ លោកស្រី សៃ អ៊ីងវេន បាន​លើកឡើងថា ការដាក់សំពាធពីខាងក្រៅ មិនបានឲ្យ​តៃវ៉ាន់បាត់បង់​ការប្តេជ្ញាតាំងចិត្តយ៉ាងសកម្មនៅលើឆាកអន្តរជាតិនោះទេ។ លោកស្រីបន្ថែមថា “យើងស្ងប់ស្ងាត់ យើងមានទំនុកចិត្ត ហើយយើងមិនទៅបង្កបញ្ហារករឿងនរណាឡើយ”។ ចិន​ចាត់ទុក​ថា​​ជា​សកម្មភាពរករឿង ប៉ះពាល់​មកលើគោលការណ៍ចិនតែមួយ​ យើងនៅ​ចាំបាន នូវ​កំដៅខឹងច្រលោតតោងតូងរបស់ចិន កាលពីខែសីហាឆ្នាំ​២០២២ នៅពេល​លោកស្រី ​ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាតំណាងអាមេរិកកាលជំនាន់នោះ បានធ្វើដំណើរទៅ​ទីក្រុងតៃប៉ិ ជួយលោកស្រី សៃ អ៊ីងវេន។ ចិនបានបើកការធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំ ដើម្បីហាត់សមគំរាម​ប្រើកម្លាំងលើតៃវ៉ាន់។ ដូច្នេះ គេអាចស្រម៉ៃបាន​ថា ប្រសិន​បើលើកនេះ លោកស្រី សៃ អ៊ីងវេន នឹងជួបជាមួយ​លោក​ Kevin McCarthy មែននោះ គឺចិនច្បាស់ជាប្រតិកម្មខ្លាំងក្លាមិនខានទេ។ នៅថ្ងៃពុធនេះ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុក​​កិច្ចការតៃវ៉ាន់ បាន​ប្រតិកម្មថា ដំណើរឆ្លងកាត់ទឹកដីអាមេរិក របស់​លោកស្រី សៃ​ អ៊ីងវេន វាគឺជា​សកម្មភាពរងរឿងរបស់តៃវ៉ាន់។ សកម្មភាពបែបនេះ គឺវាបំពាន មកលើគោលការណ៍ចិនតែមួយ ហើយវា​ប៉ះពាល់​យ៉ាងខ្លាំង ទៅលើ​អធិបតេយ្យភាពបូរណភាពដែនដីរបស់ចិន ព្រមទាំងអាចបំផ្លាញ​សន្តិភាព និងស្ថិរភាពតំបន់ថែមទៀតផង។ មន្ត្រីរដ្ឋាភិបាលចិនរូបនេះ បន្ថែមថា ចិនប្រឆាំងដាច់ខាត ហើយ​ចិន​នឹងមានវិធានការឆ្លើយតបវិញដោយ​មិនបង្អង់ ប្រសិនបើ​លោកស្រី សៃ អ៊ីងវេន ទៅជួប​ប្រធានសភា​តំណាងអាមេរិកមែននោះ។ ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដោយ​សុំមិនបញ្ចេញ​ឈ្មោះ បាន​លើកឡើងថា វាគ្មានហេតុផលអ្វីសោះ ដែលចិន ត្រូវខឹងច្រលោតបែបនេះ។ សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ការដែលលោកស្រី ធ្វើដំណើរឆ្លងកាត់ទឹកដីអាមេរិក គឺវាមិនបានទៅរំលោភបំពានអ្វី​ ដល់គោលការណ៍ចិនតែមួយនោះទេ។ ជាងនេះទៀត បើលោកស្រី សៃ អ៊ីងវេន ជួបជាមួយ​មន្ត្រីអាមេរិកខ្លះមែន តែវាជាជំនួបក្រៅផ្លូវការ ជាលក្ខណៈឯកជន ហើយដែល​គេធ្លាប់ធ្វើយូរយាមកហើយ មិនមែនទើបតែលើកនេះឯណា។ មន្ត្រីអាមេរិករូបនេះ អះអាងថា កន្លងមក ប្រធានាធិបតីតៃ​វ៉ាន់ ធ្លាប់មកអាមេរិក ហើយបានជួបជាមួយ​សហគមន៍​ប្រជាជនតៃវ៉ាន់ និងបានជួបពិភាក្សាការងារ ជាមួយ​សមាជិកសភាខុនហ្ក្រេស​ជាដើម ដែលវាមិនមែនជារឿងអ្វីថ្មី ចម្លែកនោះទេ។ យុទ្ធសាស្ត្រចិន ដើម្បី​​រារាំងវិស័យការទូតតៃវ៉ាន់​ យ៉ាងណាក៏ដោយ ចិនមិនសុខចិត្តទេ ដែលឃើញតៃវ៉ាន់មានទំនាក់ទំនងជាមួយ​ប្រទេសផ្សេងៗ។ យើងសង្កេតឃើញថា ចិនបានប្រើវិធីដើម្បីអូសទាញប្រទេសកាន់តែច្រើន ឲ្យបោះបង់ចោលតៃវ៉ាន់។ ជាក់ស្តែង​ កាលពីចុងសប្តាហ៍មុននេះ ប្រទេសហុងឌូរ៉ាស ដែលជាប្រទេសក្រីក្រមួយនៅតំបន់អាមេរិក​កណ្តាល បាន​ប្រកាសឈប់ទទួលស្គាល់ “សាធារណរដ្ឋចិន” ដែលជាឈ្មោះផ្លូវការរបស់​កោះតៃវ៉ាន់ហើយ។ ហុងឌូរ៉ាស បានងាក​ប្រកាសទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិត្យចិន នឹងភ្ជាប់ចំណងការទូតជាផ្លូវការ​។ ប៉ុន្មានជាង​១០ឆ្នាំងចុងក្រោយ​នេះ គេសង្កេតឃើញថា តៃវ៉ាន់បានបាត់បង់ប្រទេសដែលទទួលស្គាល់ខ្លួនកាន់តែច្រើនឡើងៗ។ គិតត្រឹមពេល​នេះ គឺ​នៅសល់តែ​១៣ប្រទេសទេ ដែលនៅទទួលស្គាល់តៃវ៉ាន់ ដែលភាគច្រើននៅ​តំបន់អាមេរិក​ឡាទីន តំបន់ការ៉ាអ៊ីប និង​ប្រទេសកូនកោះក្នុងសមុទ្រ​ប៉ាស៊ីហ្វិក​ជាដើម​។ យោងតាមការសង្កេត​ គឺចិន​បាន​ប្រើប្រាស់​វិធីសាស្ត្រ សន្យាជួយជាជំនួយហិរញ្ញវត្ថុ ផ្តល់ថវិកាវិនិយោគផ្សេងៗ ដើម្បីឲ្យ​ប្រទេសទាំងអស់នោះ ដោះដៃចោលតៃវ៉ាន់។ ជាយុទ្ធសាស្ត្រដែល​លោកស្រីប្រធានាធិបតីតៃវ៉ាន់ ហៅថាជាគោលនយោបាយ​យកលុយដើរ​ទិញគេ ​របស់ចិន​។ ជាក់ស្តែង កោះសាឡូម៉ុង បាន​ភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយចិន ហើយ​បើក​ដៃឲ្យ​ចិន​ប្រើ​ប្រាស់កំពង់ផែដ៏ធំ រៀបចំមូលដ្ឋានទ័ពទៀត ជាថ្នូរនឹងប្រាក់​ប្រមាណ​៥០០លានដុល្លារ។ កោះសាវតូម៉េ ក៏អញ្ចឹងដែរ ដែលបានទាមទារឲ្យតៃវ៉ាន់ឲ្យ​ប្រាក់ខ្លួន២០០លានដុល្លារ តែពេលរដ្ឋាភិបាលតៃវ៉ាន់មិនព្រម ក៏ងាកទៅរកចិនទៅ ព្រោះចិនគេព្រមឲ្យ​។​ បើនិយាយ​ពី​ផល​ប្រយោជន៍សេដ្ឋកិច្ចសម្រាប់តៃវ៉ាន់ ជាមួយ​ប្រទេសតូចតាចដែលទទួលស្គាល់ខ្លួននេះ គឺវាមានតិចខ្លាំងណាស់។ វិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម ធាតុពិតទៅ តៃវ៉ាន់មានទំនាក់ទំនងក្រៅផ្លូវការជាមួយ​អាមេរិក អឺរ៉ុប ជប៉ុន ហើយរួមទាំងចិនផងដែរ។​ ក៏ប៉ុន្តែ​វាមានសារៈសំខាន់ ក្នុងវិស័យការទូតសម្រាប់តែវ៉ាន់ ប្រសិន​បើ​មានប្រទេសច្រើនទទួលស្គាល់ ទោះជាប្រទេសតូចតាចក៏ដោយ។ វាបញ្ជាក់ពីភាពជាម្ចាស់ការរបស់តៃវ៉ាន់ ពីលទ្ធភាពអាចមានគោល​នយោបាយការបរទេសដោយខ្លួនឯង ដែលវាគឺជាលក្ខខណ្ឌមួយសំខាន់ ដើម្បីអាចក្លាយជាប្រទេសមួយពេញ​ឯករាជ្យ​។ មួយវិញទៀត ប្រទេសតូចតាចដែលទទួលស្គាល់តៃវ៉ាន់ អាចជួយ​ថ្លែងសារជំនួសមុខតៃវ៉ាន់បាន​ នៅឯអង្គការសហប្រជាជាតិ ព្រោះថាតៃវ៉ាន់គ្មានឈ្មោះក្នុងអង្គការកំពូលនេះទេ។ ការពង្រឹងវិស័យការទូតតៃវ៉ាន់ ក៏សំខាន់ណាស់ដែរ ដើម្បី​បន្តិចម្តងៗ តៃវ៉ាន់អាចត្រូវបានគេទទួលឲ្យចូលជាសមាជិកស្ថាប័នអន្តរជាតិធំ តួយ៉ាងដូចជាអង្គការសុខភាពពិភពលោក ឬសមាគមអាកាសចរណ៍ស៊ីវីលអន្តរជាតិជាដើម។ យុទ្ធសាស្ត្ររបស់ចិនបច្ចុប្បន្ននេះ គឺកាន់តែរឹងរូសខ្លាំង ដោយធ្វើម៉េចរកវិធីរារាំង កុំឲ្យ​វិស័យការទូតតៃវ៉ាន់ អាចរីកចម្រើន ឬដើរទៅបាន​ដោយរលូន។ ចិនមិនត្រឹមតែប្រឆាំងនឹងទំនាក់ទំនងផ្លូវការទេ តែចិនកាន់តែចេញមុខប្រឆាំងនឹងទំនាក់ក្រៅផ្លូវការ ដែលប្រទេសនានាមានជាមួយតៃវ៉ាន់។ តែបើតាមការវិភាគ របស់​លោក James Lee អ្នកជំនាញទំនាក់ទំនងអាមេរិក-តៃវ៉ាន់ នៅវិទ្យាស្ថាន Sinica គឺការដែល​ចិនប្រើក្រញ៉ាំអូសទាញគេឯង ឲ្យ​បោះបង់ចោលតៃវ៉ាន់កាន់តែខ្លាំងបែបនេះ គឺវានឹងរុញធ្វើឲ្យតៃវ៉ាន់ និង​អាមេរិកកាន់តែខិតចូលកៀកគ្នាកាន់តែខ្លាំងទៅវិញទេ។ រួមរស់ជាមួយចិន ឬ​ មានស្វ័យភាព​? ស្របពេលដែល​លោកស្រី សៃ អ៊ីងវេន ធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកនេះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក​អតីតប្រធានាធិបតីតៃវ៉ាន់ ដែលមកពីគណបក្សកួមីនតាង បានធ្វើដំណើរទៅប្រទេសចិន​។ របត់នយោបាយ​២ផ្លូវផ្សេងគ្នាកំពុងតែលេចរូបរាងច្បាស់ណាស់មែនទេ នៅតៃវ៉ាន់ រវាង​គណបក្សកួមីនតាងដែលចង់ងាកទៅខាងចិន និងគណបក្សរបស់​លោកស្រី សៃ អ៊ីងវេន ដែលចង់រក្សាឲ្យ​តៃវ៉ាន់មានស្វ័យភាពម្ចាស់ការ​។ បញ្ហា​ទំនាក់ទំនងជាមួយ​ចិននេះ គឺជា​ប្រធានបទនយោបាយ​មួយដ៏សំខាន់ខ្លាំងណាស់ នៅតៃវ៉ាន់ ជាពិសេសគឺខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនៅតៃវ៉ាន់ នឹងមកដល់នៅដើមឆ្នាំ​២០២៤ខាងមុខ។ គណបក្សកួមីនតាង ដែលធ្លាប់គ្រប់គ្រងអំណាចច្រើនអាណត្តិនៅតៃវ៉ាន់ មានទំនោរទន់ទោរ មិនចង់​ឲ្យតៃវ៉ាន់រឹងរូសខ្លាំងជាមួយចិនទេ។ ទោះបក្សនេះមិននិយាយឲ្យចំៗ ដោយ​ប្រើពាក្យថាចង់​ឲ្យ​តៃវ៉ាន់រួបរួម​បញ្ចូលជាមួយចិនក៏ដោយ គោលនយោបាយ​បក្សនេះគឺចង់​ឲ្យតៃវ៉ាន់មានទំនាក់ទំនងល្អប្រសើជាមួយចិន។ ដោយ​ឡែកគណបក្ស​ ប្រជាធិបតេយ្យចម្រើននិយម របស់លោកស្រីសៃ អ៊ីងវេន វិញ គឺមានទំនោររឹងរូសជាង ដោយចង់ឲ្យ​តៃវ៉ាន់មានភាពម្ចាស់ការ​ មានស្វ័យភាពបន្តដូចរាល់ថ្ងៃនេះតទៅទៀត។ គណបក្សនេះឃើញបទពិសោធន៍ហុងកុងហើយ ថាបើ​បណ្តោយ​ឲ្យប៉េកាំងចូលមក គឺសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ច្បាស់ជាត្រូវ​បំផ្លាញ​មិនខានទេ។ ត្រង់ចំណុចនេះ តាមការវិភាគយើងឃើញថា ប្រជាជនតៃវ៉ាន់បាន​គាំទ្រកាន់តែ​​ច្រើន ព្រោះគេមិនចង់​មានវាសនាដូចហុងកុង ដូចទីបេ ឬស៊ីនជាំងទេ។ ជាច្រើនឆ្នាំមកនេះ ដែលតៃវ៉ាន់​នៅដាច់ពីចិន គឺតៃវ៉ាន់បានកសាងអត្តសញ្ញាណខ្លួនឯងបាន​យ៉ាងច្បាស់។ នៅតៃវ៉ាន់ ក៏មិនមែនមានតែជនជាតិចិននោះដែរ គឺគេមានជនជាតិដើមម្ចាស់ស្រុកច្រើនកុលសម្ព័ន្ធ ដែលរស់នៅមុននឹងជនជាតិចិនទៅគ្រប់​គ្រងទៅទៀត។ ជាងនេះទៀត តៃវ៉ាន់មាន​សក្តានុយពលសេដ្ឋកិច្ចខ្លាំង ដែល​ប្រទេសលោកខាងលិចចង់បាន​ និងត្រូវការការសហការ ជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យាទំនើប។ មតិប្រជាជនតៃវ៉ាន់ខ្លះ បានថែមទាំងចង់ឲ្យ​តៃវ៉ាន់កែរដ្ឋធម្មនុញ្ញ ឈប់ដាក់ឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន តទៅទៀត ដោយត្រូវហៅថា សាធារណរដ្ឋតៃវ៉ាន់ ឲ្យចំៗតែម្តង ដើម្បីកុំឲ្យជំពាក់វាក់វិនជាមួយចិនតទៅទៀត។ ដូច្នេះ ការវិវឌ្ឍន៍ថ្ងៃមុខ​​​យ៉ាងណា គឺវាអាស្រ័យខ្លាំងណាស់ ថាតើគណបក្សណាមួយ ដែលនឹងមកដឹកនាំ​រដ្ឋាភិបាលតៃវ៉ាន់នៅអាណត្តិក្រោយ។ លោកស្រី សៃ អ៊ីងវេន ឈរឈ្មោះ២អាណត្តិហើយ មិនអាចឈរឈ្មោះបានទៀតទេ៕
3/29/202310 minutes, 2 seconds
Episode Artwork

Amnesty International បរិហារក្រុមប្រទេសលោកខាងលិច ថាមិនខ្វល់​ពីអំពើ​រំលោភបំពានផ្សេងទៀត ដូច​ករណី​នៅ​អ៊ុយក្រែន

អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនបាន​ផ្ទុះឡើង បន្ទាប់ពីរុស្ស៊ី​បានប្រើកម្លាំងទ័ពចូលឈ្លានពានប្រទេសនេះ។ ការឈ្លានពាន​ដែលត្រូវបាន​ក្រុមប្រទេសលោកខាងលិច រួម​កម្លាំងគ្នាយ៉ាងខ្លាំងក្លា​ ក្នុង​ការថ្កោលទោស ដាក់ទណ្ឌកម្ម ព្រួយ​ទាំង​ការ​ផ្តល់ជាជំនួយថវិកា និងគ្រឿងសព្វាវុធ​ដល់អ៊ុយក្រែន ដែលជាអ្នករងគ្រោះ។ តែទន្ទឹមគ្នានេះ អង្គការ Amnesty International បានលើកឡើង​នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួន​ ថា នៅទូទាំងពិភពលោកមានរឿងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរច្រើនណាស់ តែក្រុមប្រទេស​លោក​ខាងលិចបានព្រងើយ​កន្តើយ មិនអើពើទាល់តែសោះ ដែលវាខុសពីករណីនៅអ៊ុយក្រែន។​ Amnesty International បរិហារថា​​ ការមិនខ្វល់ខ្វាយនេះ​​​ ក៏ដោយសារតែក្រុមប្រទេសលោកខាងលិច គិតថាវា​​គ្មានប្រយោជន៍​ផ្ទាល់សម្រាប់គេ​។ “គ្រាប់ជញ្ជីង១ ទម្ងន់២” ខ្លឹមសារធំនៃ​របាយការណ៍​ប្រចាំឆ្នាំ របស់អង្គការ Amnesty International ដែលចេញផ្សាយ​នៅថ្ងៃអង្គារទី២៨​មីនា គឺ​ការលើកឡើងបែបស្តីបន្ទោស ចំពោះភាពខុសគ្នានៃ​ការឆ្លើយតប​របស់​ក្រុមប្រទេស​លោក​ខាងលិច រវាងករណីសង្គ្រាមនៅអ៊ុយក្រែន និង​ករណីរំលោភបំពាន​សិទ្ធិមនុស្សផ្សេងទៀតនៅទូទាំងពិភពលោក។ ពោលគឺសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានរំលោភបំពានច្បាប់អន្តរជាតិ ឈ្លានពានទឹកដីគេ បាញ់ប្លោងគ្រាប់មីស៊ីល ​ស្លាប់​ប្រជាជនស៊ីវីលអ៊ុយក្រែន កម្ទេចផ្ទះសម្បែងអគារ ហេតុដ្ឋារចនាសម្ព័ន្ធនានា គឺក្រុមប្រទេស​លោកខាងលិច បានរួមកម្លាំងគ្នាភ្លាមៗ ដើម្បី​ជួយ​ឈឺឆ្អាលអ៊ុយក្រែន តាមរយៈការប្រកាសថ្កោលទោសរុស្ស៊ី ដាក់ទណ្ឌកម្មលើរុស្ស៊ី និង​ផ្តល់ជាជំនួយថវិកា សម្ភារៈយោធាតម្លៃរាប់ពាន់លានទៅឲ្យ​អ៊ុយក្រែន។ ផ្ទុយទៅវិញ ករណីរំលោភបំពានសិទ្ធិមនុស្ស​ ដែលកើតមាននៅប្រទេសផ្សេងទៀត គឺក្រុមប្រទេសលោកខាងលិច បានធ្មេចភ្នែក ខ្ទប់ត្រចៀក មិនមើល មិនខ្វល់សោះឡើយណា។ អំពើរំលោភសិទ្ធិមនុស្ស​នៅអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ចិន … របាយការណ៍ Amnesty International​ បាន​លើកឡើងឧទាហរណ៍​ច្រើនករណី ដែលបញ្ជាក់ពី​ការមិនខ្វល់ខ្វាយ​របស់​ក្រុមប្រទេសលោកខាងលិច។ តួយ៉ាងករណី​រំលោភសិទ្ធិមនុស្ស​នៅអេហ្ស៊ីប ដែលរដ្ឋាភិបាល​បានចាប់បង្ឃាំងអ្នកទោសនយោបាយរាប់ពាន់នាក់ និង​​ការកាត់ទោសប្រហារជីវិតសកម្មជននយោបាយប្រឆាំង​ និង​​សកម្មជន​ការពារសិទ្ធិមនុស្ស​នៅអារ៉ាប៊ីសាអូឌីតជាដើម។​ សកម្មភាព​រំលោភបំពានសិទ្ធិមនុស្សទាំងនេះ គឺគ្មានឡើយ​ប្រតិកម្ម​ថ្កោលទោស ដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំទាំងនេះ ពីសំណាក់​ក្រុមប្រទេសលោក​ខាងលិច​។ មិនត្រឹមតែមិនអើពើទេ ករណីខ្លះក្រុមប្រទេសលោកខាងលិច ហាក់ដូចជាបានចូលដៃ​ជាមួយអំណាចនយោបាយ នៅក្នុងសកម្មភាពរំលោភបំពានសិទ្ធិមនុស្សថែមទៀតផង។ Amnesty International អះអាងថា ឧទាហរណ៍ដូចក្នុងករណី​ការរំលោភបំពាន​ផ្ទួនៗ ទៅលើប្រជាជនប៉ាឡេស្ទីន ពីសំណាក់អាជ្ញាធរអ៊ីស្រាអែល ដែល​បាន​ច្បាមយកដី​ដាក់អាណានិគមនៅ​តំបន់ស៊ីហ្សកដានីប៉ាឡេស្ទីន។ ទង្វើនេះជាការបំពាន​យ៉ាងស្រស់ៗលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនពីសំណាក់អ៊ីស្រាអែល​។​ ករណីរំលោភសិទ្ធិមនុស្ស​ធ្វើឡើងដោយរដ្ឋាភិបាលចិន ធ្វើទៅលើប្រជាជនអ៊ុយហ្កួរខេត្តស៊ីនជាំង ធ្វើទៅលើ​សកម្មជនប្រជាធិបតេយ្យហុងកុង ជាដើម ក៏គ្មានប្រតិកម្ម​ថ្កោលទោស ឬដាក់ទណ្ឌកម្ម​ឲ្យខ្លាំងក្លា និងជាក់ស្តែងដូចក្នុងករណី​នៅអ៊ុយក្រែន​ដែរ។ ចលនាបាតុកម្មរបស់​ប្រជាជនអ៊ីរ៉ង់ ដែលត្រូវបានរបបផ្តាច់ការអ៊ីស្លាមវាយបង្ក្រាប​យ៉ាងហិង្សា ប៉ុន្មានខែមកនេះ ក៏គ្មានការអើពើឯណា ពីក្រុមប្រទេសលោកខាងលិចដែរ​។ ជម្លោះ​ប្រដាប់អាវុធស្លាប់​ប្រជាជនស៊ីវីល មិនខុសពីនៅអ៊ុយក្រែន​ ករណីសង្គ្រាម និង​ជម្លោះប្រដាប់អាវុធ ដែលបណ្តាលឲ្យស្លាប់ជនស៊ីវីលរាប់ពាន់រាប់ម៉ឺននាក់ នៅតាមប្រទេសផ្សេងទៀត ក៏ហាក់ដូចជាមិនត្រូវបាន​ក្រុមប្រទេសលោកខាងលិច យកចិត្តទុកដាក់ខ្លាំង ដូចនៅករណី​អ៊ុយក្រែន​ដែរ។ របាយការណ៍របស់ Amnesty International បាន​លើកឡើង នូវឧទាហរណ៍​ជាក់ច្បាស់មួយ គឺ​​សង្គ្រាមនៅយេម៉ែន ដែល​បង្កឡើងដោយក្រុមឧទ្ទាមហ៊ូទី និង​កងទ័ពនៃ​របបផ្តាច់ការអារ៉ាប៊ីសាអូឌីត។ យោងតាមតួលេខ របស់ Amnesty International គិតត្រឹមចុងឆ្នាំ​២០១៩ សង្គ្រាមបង្ហូរឈាមនេះ បាន​​សម្លាប់​ប្រជាជនស៊ីវីលយេម៉ែន ចំនួនប្រមាណ​ ២៣៣០០០នាក់។ បច្ចុប្បន្នសង្គ្រាមនេះ កំពុងតែធ្វើ​ឲ្យ​ប្រជាជនយេម៉ែន ប្រមាណ​១៦លាននាក់ រស់នៅ​ក្នុងស្ថានភាពមនុស្សធម៌ដ៏លំបាកខ្លាំងបំផុត ដោយសារគ្មានស្បៀងអាហារ គ្មានថ្នាំសង្កូវព្យាបាល ។ល។ ករណីមួយទៀត គឺសង្គ្រាមនៅតំបន់ទីហ្ក្រេ ប្រទេសអេត្យូពី។ អង្គការ Amnesty International លើកឡើងថា កងទ័ពរដ្ឋាភិបាលអេត្យូពី បានធ្វើសកម្មភាពវាយ​ប្រហារ កាប់សំលាប់​ប្រជាជនស៊ីវីលនៅតំបន់ទីហ្ក្រេ ចំនួន​យ៉ាងហោច​៥សែននាក់ ដោយ​គ្មានសហគមន៍អន្តរជាតិណាខ្វល់ខ្វាយ​ទាំងអស់។ ហើយករណីនៅភូមាវិញ សំណុំរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណជិត១លាននាក់ នៅ​បង់ក្លាដេស ក៏មិនត្រូវ​បាន​ក្រុមប្រទេសលោកខាងលិច ចាប់អារម្មណ៍ខ្វល់ខ្វាយឈឺឆ្អាលណាស់ណាដែរ។ បន្ថែមពីនេះ នៅក្រោយ​រដ្ឋប្រហារ របបសិកភូមា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប បំភិតបំភ័យក្រុមប្រឆាំង សម្លាប់មនុស្សជាច្រើនពាន់នាក់ និងបាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១៥ម៉ឺននាក់ ត្រូវ​ភៀសខ្លួនចោលផ្ទះសម្បែង។​ ករណីទាំងអស់នេះ សុទ្ធសឹងតែជា​ទុក្ខលំបាករបស់​ប្រជាជនដែល​រងគ្រោះ ដែលវាមិនខុសពី​ទុក្ខលំបាក​របស់​ប្រជាជនអ៊ុយក្រែនឡើយ។ ជនភៀសខ្លួនអ៊ុយក្រែន គេទទួលដៃ១០ នៅក្នុង​បញ្ហាទទួលជនភៀសខ្លួននេះដែរ យើងឃើញថាវាមានភាពខុសគ្នាខ្លាំង ជនភៀសខ្លួនអ៊ុយក្រែន ដែលត្រូវបាន​ក្រុមប្រទេសលោកខាងលិចរៀបចំបែងចែងទទួលយ៉ាងកក់ក្តៅភ្លាមៗ ខណៈជនភៀសខ្លួន​មកពី​បណ្តាប្រទេសផ្សេងទៀត ត្រូវគេរុញច្រានចេញទៅវិញដោយ​អមនុស្សធម៌​។ ត្រង់ចំណុចនេះ របាយការណ៍របស់ Amnesty International បាន​ថ្កោលទោសខ្លាំងណាស់ ចំពោះសកម្មភាពរបស់​ក្រុមប្រទេសលោកខាងលិច ដែល​បាន​មាន​គោលនយោបាយ​មិនដូចគ្នា ចំពោះមុខ​ជនភៀសខ្លួនមកពីអ៊ុយក្រែន និងជនភៀសខ្លួនដែល​មកពីបណ្តាប្រទេសផ្សេងទៀត។ សហរដ្ឋអាមេរិក បាន​ប្រកាសទទួលជនភៀសខ្លួនអ៊ុយក្រែន ចំនួនច្រើនម៉ឺននាក់ណាស់។ តែផ្ទុយទៅវិញ រវាងពីខែកញ្ញាឆ្នាំ​២០២១ ដល់ខែឧសភាឆ្នាំ២០២២ អាជ្ញាធរអាមេរិក បានបណ្តេញ​ជនភៀសខ្លួនមកពីប្រទេស​ហៃទី ចំ​នួន២៥០០០នាក់។ ភាគច្រើនមុននឹងត្រូវគេបណ្តេញចេញ ជនភៀសខ្លួនហៃទីត្រូវគេយកទៅដាក់ឃុំ និងមានករណី​ធ្វើទារុណកម្មខ្លះទៀតផង។ នេះបើផ្អែកតាមរបាយការណ៍របស់ Amnesty International។ នៅអឺរ៉ុបវិញក៏មិនខុសគ្នាដែរ។ គេបាន​ចាត់ចែងភ្លាមៗ បែងចែកទទួលស្វាគមន៍​យ៉ាងកក់ក្តៅចំពោះជនភៀសខ្លួនមកពីអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបាន​លើកទ័ពចូលឈ្លានពាន។ តែផ្ទុយទៅវិញ ជនភៀសខ្លួនមកពី​អាហ្វ្រិក មកពីស៊ីរី អ៊ីរ៉ាក់ ឬអាហ្វហ្កានីស្ថានជាដើម គឺអាជ្ញាធរប្រទេស​អឺរ៉ុប បាន​ប្រើ​វិធីគ្រប់យ៉ាងដើម្បីដាក់រនាំង។ ជាច្រើនឆ្នាំមកហើយ ដែល​ជនភៀសខ្លួន​បាន​ផ្សងជីវិត ឆ្លងទូកកាត់សមុទ្រ ខ្លះបានមកដល់គោក ខ្លះក៏ចោលឆ្អឹងនៅក្នុង​សមុទ្រ។ តែក្រុមប្រទេសអឺរ៉ុបនៅតែគ្មានគោលនយោបាយ​ជួយយកអាសារ គ្មាន​ការសហការ ដោយសារតែម្នាក់ៗគិតតែប្រយោជន៍ខ្លួន ហើយ​គ្មានចេតនានយោបាយ​ជាក់ស្តែងដើម្បីជួយ។ អំណាចនយោបាយ​ដែលរំលោភបំពាន​សិទ្ធិមនុស្ស កាន់តែបានចិត្ត​ អង្គការ Amnesty International បានចាត់ទុក​ទង្វើរបស់ក្រុមប្រទេសលោកខាងលិច ថាជាទង្វើ គ្រាប់ជញ្ជីងតែមួយ តែមានទម្ងន់២ខុសគ្នា​។ ពោលគឺបញ្ហារំលោភបំពានសិទ្ធិមនុស្ស​តែមួយដូចគ្នាមែន​ តែវាទទួលបាននូវ​​ការឈឺឆ្អាលចាប់អារម្មណ៍ខុសគ្នា​។​ លោកស្រី Agnès Callamard អគ្គលេខាធិការអង្គការ​ Amnesty International បាន​លើកឡើងថា ប្រតិកម្ម​ឆ្លើយតបយ៉ាងខ្លាំងក្លារបស់ក្រុមប្រទេសលោកខាងលិច នៅក្នុងករណី​អ៊ុយក្រែន គឺវាជារឿងត្រឹមត្រូវខ្លាំងណាស់​។​ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមប្រទេសលោកខាងលិច គួរចោទសួរខ្លួនឯងផងថា ឈឺឆ្អាលតែរឿងអ៊ុយក្រែនមួយ វា​យុត្តិធម៌ដែរឬទេ ចំពោះប្រជាជនផ្សេងទៀត ដែលរងគ្រោះដែរ ដោយការរំលោភបំពានសិទ្ធិមនុស្ស​ និង​សង្គ្រាម​ប្រដាប់អាវុធ។ លោកស្រី​បានបរិហាថា​ ក្រុមប្រទេសលោកខាងលិចជ្រើសរើសឈឺឆ្អាលខ្លាំងរឿងអ៊ុយក្រែន ដោយសារដើម្បីការពារផលប្រយោជន៍ខ្លួនឯង។ រីឯរឿងផ្សេងទៀត ដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ខ្លួន ក្រុមប្រទេសលោកខាងលិច មិនខ្វល់ មិន​ឈឺឆ្អាល ឬក៏បានត្រឹមប្រកាសថ្កោលទោសតែមាត់បន្តិចបន្ទួច ដោយ​គ្មានការជួយជ្រោមជ្រែងជាក់ស្តែង​​។​ ភាពអសកម្មរបស់​ក្រុមប្រទេសលោកខាងលិចនេះ គឺវា​បាន​ធ្វើ​ឲ្យ​របបនយោបាយ​​ដែលធ្វើសកម្មភាព​រំលោភបំពានទាំងអស់នេះ កាន់តែបានចិត្ត ព្រោះដឹងថាគ្មាននរណា​មក​ចាប់ទោសអូសដំណើរអ្វីទេ។​ ខ្លាំងណាស់​ បានត្រឹមតែត្រូវ​គេប្រកាសថ្កោលទោស ចប់! ស្ថានភាពរបៀបនេះ គឺវាមិនល្អទេ សម្រាប់មនុស្សជាតិយើង។ សិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋាន ដ៏ដូចជា​ច្បាប់អន្តរជាតិ ត្រូវតែជាតម្លែរួម ដែល​មនុស្សយើងត្រូវតែការពារទាំងអស់ ទោះនៅទីណាក៏ដោយ។ អង្គការ Amnesty International បានអំពាវនាវផងដែរថា ត្រូវតែធ្វើកំណែទម្រង់ អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ក្រុមប្រទេសក្រីក្រ ប្រទេសដែលរងគ្រោះ អាចមានសំឡេងបញ្ចេញមតិផង។ ការធ្វើកំណែទម្រង់ចាំបាច់ ដើម្បីឲ្យស្ថាប័នកំពូលនេះ អាចធ្វើការងារ​ដោយ​យុត្តិធម៌ ស្មើភាព មាន​សមភាព ក្នុងការដោះស្រាយ​បញ្ហាទូទាំងពិភពលោក ព្រោះថាអាយុជីវិតមនុស្ស មានតម្លៃស្មើៗគ្នា៕
3/28/20238 minutes, 59 seconds
Episode Artwork

កំណែទម្រង់តុលាការ៖ អ៊ីស្រាអែលធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ក្រោយនាយករដ្ឋមន្រ្តីដកតំណែង​រដ្ឋមន្រ្តី​ការពារជាតិ

មហាបាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​កំណែទម្រង់​តុលាការ​បាន​រីករាលដាល​កាន់តែធំ កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​នាយករដ្ឋមន្រ្តី​ដកហូត​តំណែង​រដ្ឋមន្រ្តីការពារជាតិ។ នៅព្រឹកថ្ងៃចន្ទ ទី ២៧ មីនា ប្រធានាធិបតី​អ៊ីស្រាអែល លោក​Isaac Herzog​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់ជាបន្ទាន់ ដំណើរការពិភាក្សា​ស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ​នៅ​រដ្ឋសភា។ នៅថ្ងៃចន្ទ ​ក្រុមសហជីពធំៗ បាន​ប្រកាស​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយធំ ដើម្បី​ដាក់សម្ពាធ​ឲ្យរដ្ឋាភិបាលបោះបង់​ចោល​សេចក្តីព្រាងស្តីពីកំណែទម្រង់​ប្រព័ន្ធតុលាការ​អ៊ីស្រាអែល។ អ៊ីស្រាអែល​កំពុង​ធ្លាក់​ចុះ ក្នុង​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ មិនធ្លាប់​មាន នៅក្នុងរយៈពេល ៥០ឆ្នាំ​ចុងក្រោយ​នេះ។ បន្ទាប់ពី​មហាបាតុកម្ម​របស់ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ប្រឆាំង​គម្រោងច្បាប់​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ ដល់​វេន​ក្រុម​សហជីពធំៗ​របស់​អ៊ីស្រាអែល ដែល​បាន​ប្រកាស​ធ្វើកូដកម្ម​ជាបន្ទាន់ នៅទូទាំងប្រទេស។ កូដកម្ម​ដែលនឹងធ្វើ​ឲ្យ​វិស័យ​ជាច្រើន​របស់​អ៊ីស្រាអែល ​ត្រូវជាប់គាំង។ នៅថ្ងៃចន្ទ សហជីព​ក្រុមគ្រូពេទ្យ ប្រកាស​ធ្វើកូដកម្ម សាលារៀន​រដ្ឋ​ជាច្រើន​កន្លែង​បិទទ្វារ ចំណែក ជើងហោះហើរ​ចេញពី ​នៅទីក្រុង​តែលអាវីវ​ត្រូវ​ផ្អាក ដោយសារ​កូដកម្ម​របស់​បុគ្គលិក​នៅ​ព្រលានយន្តហោះអន្តរជាតិ។ នៅអ៊ីស្រាអែល បាតុកម្ម និង​កូដកម្ម ជាបន្តបន្ទាប់​គ្នាធ្វើឡើង​ដើម្បី​ប្រតិកម្ម​តប​ទៅនឹង​ការសម្រេច​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​បានដកហូតមុខតំណែង​រដ្ឋមន្រ្តីការពារ​ជាតិ កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល លោក Yoav Gallant ជា​សមាជិក​បក្ស​កាន់អំណាច ដូច​លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ដែរ ប៉ុន្តែ លោក​ត្រូវ​នាយករដ្ឋមន្រ្តី​ដកចេញ​ពី​តំណែង។ ខុទ្ទការល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​ដក​លោក​Yoav Gallant ពីមុខ​តំណែង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល ដោយ​មិន​បាន​លម្អិត​ពី​មូលហេតុ និង​ឈ្មោះ​អ្នកដែលត្រូវ​ចូលកាន់តំណែង​បន្ត។ ប៉ុន្តែ តាម​មន្រ្តីក្នុងជួររដ្ឋាភិបាល លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ​បាន​កោះហៅ លោក​រដ្ឋមន្រ្តីការពារ​ជាតិជាបន្ទាន់កាលពីថ្ងៃអាទិត្យ ដើម្បី​ប្រាប់ថា លោក​លែង​មានជំនឿទុកចិត្ត តទៅទៀត ទៅលើ​លោក​Yoav Gallant ក្នុងនាមជា​រដ្ឋមន្រ្តីការពារ​ជាតិ។ ទោះ​ខុទ្ទការល័យ​រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ពីមូលហេតុ​នៃការដកតំណែង​ប្រមុខការពារជាតិអ៊ីស្រាអែល ប៉ុន្តែ គេដឹង​រួចទៅហើយថា លោក Yoav Gallant ត្រូវបណ្តេញចេញពី​មុខតំណែង រដ្ឋមន្រ្តីការពារជាតិ ដោយសារតែ ការបញ្ចេញយោបល់​របស់​លោក កាលពី​ថ្ងៃ​សៅរ៍កន្លងទៅ។ នៅ​ក្នុង​សុន្ទរកថា ខ្លី ផ្សាយ​នៅ​ទូរទស្សន៍អ៊ីស្រាអែល កាលពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា សមាជិក​មួយចំនួន​របស់​កងទ័ព មិនសប្បាយចិត្ត នឹង​គម្រោងធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ ដែល​រដ្ឋាភិបាល​កំពុង​ដាក់​ស្នើ​ឲ្យ​សភា​បោះឆ្នោតអនុម័ត។ តាម​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល តាំងពី​លោក​ចូលបម្រើកងទ័ព​អ៊ីស្រាអែល រាប់សិបឆ្នាំមកនេះ លោក​មិនដែល​ឃើញ កងទ័ព​ខឹងសម្បារ ខកចិត្ត ដោយសារ​តែ​ច្បាប់ ស្នើឡើង​ដោយ​រដ្ឋាភិបាល ដូច​សព្វ​ថ្ងៃនេះ​ទេ។ សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ គម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ​ដែលរដ្ឋាភិបាល​ដាក់ស្នើទៅ​សភា មានន័យ​ស្មើ​នឹង​គ្រោះថ្នាក់បន្ទាន់​សម្រាប់សន្តិសុខ​រដ្ឋ។ ដូច្នេះ លោក​ទាមទារចង់​ឲ្យ​រដ្ឋាភិបាល​ផ្អាក ការពិភាក្សា​គម្រោង​ច្បាប់​ដ៏ចម្រូងចម្រាសនេះ មួយរយៈពេល​សិន ទម្រាំ​រកបាន​​ឯកភាពជាតិ ព្រោះថា សព្វថ្ងៃនេះ ផែនការ​ធ្វើកំណែទម្រង់តុលាការកំពុងធ្វើឲ្យប្រជាជន​អ៊ីស្រាអែល​បែកបាក់គ្នា​ខ្លាំង ជាងពេលណាៗទាំងអស់។ នៅថ្ងៃអាទិត្យ នៅតែប៉ុន្មាន​ម៉ោង​ក្រោយ នាយករដ្ឋមន្រ្តី​សម្រេច​ដកតំណែង​រដ្ឋមន្រ្តី ការពារ​ជាតិ ដែលបង្ហាញ​ជំហរ​រិះគន់​គម្រោងធ្វើកំណែទម្រង់ប្រព័ន្ធ​យុត្តិធម៌ ប្រជាជន​អ៊ីស្រាអែល រាប់ម៉ឺននាក់​ដែលធ្វើ​បាតុកម្ម ​៣ខែ​មកហើយ ប្រឆាំង​នឹង​កំណែទម្រង់​តុលាការ បាន​ចុះថ្នល់​ធ្វើ​បាតុកម្មទ្រង់ទ្រាយ ធំ​នៅតាមទីក្រុង​ធំៗ​របស់​អ៊ីស្រាអែល។ វិបត្តិ​នយោបាយ​វិវត្ត ទៅ​ជា​វិបត្តិ​សន្តិសុខ? នៅ​៣ខែមកនេះ ប្រជាជន​អ៊ីស្រាអែល​រមែងចុះថ្នល់​ធ្វើបាតុកម្ម នៅរៀងរាល់​ចុងសប្តាហ៍​ដើម្បី​បរិហារ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់ចោល​គម្រោងកំណែទម្រង់ប្រព័ន្ធ​តុលាការ ដែល​ពួកគេ​ចាត់ទុក​ថា ជាគ្រោះថ្នាក់ សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ របស់​អ៊ីស្រាអែល។ សេចក្តីព្រាង​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​មាន​គោលដៅ ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​គណៈកម្មាធិការ ដែលមាន​នាទីជ្រើសរើស​ចៅក្រម​អ៊ីស្រាអែល។ គម្រោងកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ សំដៅ​ផងដែរ ផ្តល់​សិទ្ធិអំណាច​ដល់​សភា ដើម្បី​ទាត់ចោល ការសម្រេចចិត្ត​របស់​តុលាការ​កំពូល ដែលសភា​ចាត់ទុក​ថា អាច​រំខាន ប៉ះពាល់​គោលនយោបាយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ សម្រាប់​អ្នកប្រឆាំង សេចក្តីព្រាង​កំណែទម្រង់របស់​រដ្ឋាភិបាល នឹងធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​អ៊ីស្រាអែល លែង​ឯករាជ្យ​តទៅទៀត ព្រោះថា ជាមួយ​កំណែទម្រង់​តុលាការលើកនេះ រដ្ឋាភិបាល​នឹង​តែងតាំង​ចៅក្រមណា ដែល​មាននិន្នាការ​ស្និទ្ធិ គាំទ្រ​រដ្ឋាភិបាល។ តាមគណបក្ស​ប្រឆាំង គម្រោង​កំណែទម្រង់​ប្រព័ន្ធតុលាការ​មាន​គោលដៅ បង្ក​ឧបសគ្គ រារាំង​មិន​ឲ្យ​តុលាការ​មានសិទ្ធិ​អំណាច ទៅ​ដក​នាយករដ្ឋមន្រ្តី​ចេញពីអំណាច ដែលកំពុងជាប់សំណាញ់បន្តឹង នៅ​តុលាការ។ សម្រាប់​អ្នកប្រឆាំង ច្បាស់ណាស់​ថា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូ ចង់​ឲ្យគេ​កែប្រែ​ប្រព័ន្ធ​តុលាការ ដើម្បី លាង​សម្អាត ឈ្មោះលោក ដែល​កំពុង ជាប់​ក្តីក្តាំ នៅតុលាការ នៅក្នុង​សំណុំរឿង​ចោទប្រកាន់​រំលោភអំណាច ប្រព្រឹត្ត​អំពើពុករលួយ។ គម្រោងកំណែទម្រង់​ប្រព័ន្ធ​តុលាការ គ្មានការគាំទ្រ ​ចំណោម​ប្រជាជនអ៊ីស្រាអែល ជាពិសេស ក្រុមកងទ័ព។ នៅ​ដើម​ខែ​មីនា ពួកកងទ័ព​បម្រុង​បាន​ព្រមានហើយ​ថា ពួកគេ​នឹង​លែងចុះឈ្មោះ ស្ម័គ្រចិត្ត​ចូលបម្រើកងទ័ពតទៅទៀត បើសិន​រដ្ឋាភិបាល​នៅតែ​ជំនះ​ធ្វើកំណែទម្រង់ ដែលធ្វើឲ្យ​ប្រព័ន្ធ​តុលាការអ៊ីស្រាអែល​លែង​ឯករាជ្យតទៅទៀត។ នៅក្រោយ ការដកមុខតំណែង​រដ្ឋមន្រ្តីការពារ​ជាតិ ដែលបាន​បណ្តាល​ឲ្យមាន​មហាបាតុកម្ម​កាលពីថ្ងៃ​អាទិត្យ ប្រធានាធិបតី​អ៊ីស្រាអែល នៅថ្ងៃ​ចន្ទនេះ បាន​ចេញមុខ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​សមាជិក​សភា​បញ្ឈប់ជាបន្ទាន់ ការពិភាក្សាពីគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការ។ សម្រាប់​ប្រធានាធិបតី អ៊ីស្រាអែល លោក​Isaac Herzog សន្តិសុខ សេដ្ឋកិច្ច និង​ប្រព័ន្ធ​សង្គមរបស់​អ៊ីស្រាអែល​កំពុង​រងការគំរាមកំហែង​ជាងពេលណាៗទាំងអស់។ បាតុកម្ម និងកូដកម្មភ្លាមៗ នៅថ្ងៃ​ចន្ទនេះ មិនត្រឹម​ទៅប៉ះពាល់ដល់​សេដ្ឋកិច្ចរបស់អ៊ីស្រាអែល ប៉ុន្តែ​វា​កើតឡើង​នៅចំពេល ដែលភ្នាក់ងារសន្តិសុខ​របស់​អ៊ីស្រាអែល​កំពុងត្រៀមប្រឈម​នឹងការផ្ទុះអំពើហិង្សា ជាមួយ​ប៉ាឡេស្ទីន នៅប៉ុន្មាន​សប្តាហ៍ខាងមុខ នៅពេល​ប្រជាជន​ប៉ាឡេស្ទីន ត្រូវ​​ចាប់ផ្តើម​បុណ្យតមអាហារ រ៉ាម៉ាដង់។ នាយក​រដ្ឋមន្រ្តីអ៊ីស្រាអែល​រង​ការដាក់សម្ពាធ​ខ្លាំង ពីគ្រប់ទិស តាម​កាសែត​អ៊ីស្រាអែល តាំងពីយប់​ថ្ងៃ​អាទិត្យ លោកនាយករដ្ឋមន្រ្តី​បេនចាមីន នេតាន់យ៉ាហ៊ូ បាន​ពិគ្រោះយោបល់​ជាមួយ​សមាជិក​បក្ស​កាន់អំណាច និង​គណបក្ស​ស្តាំនិយមជ្រុល ដែលជា​ដៃគូនៅក្នុង​រដ្ឋាភិបាល​ចម្រុះរបស់លោក។ តាមគម្រោង លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ ត្រូវធ្វើសេចក្តីថ្លែងការណ៍​នៅព្រឹកថ្ងៃចន្ទនេះ ដែលនៅក្នុងនោះ លោកទំនង​អាច​ផ្អាក គម្រោង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​តុលាការ​មួយរយៈសិន ដើម្បី​បន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែ នៅទីបំផុត ខុទ្ទការល័យ​របស់​លោក​បាន​ប្រកាសថា លោក​បាន​លើកពេល លែង​ធ្វើសេចក្តីថ្លែងការណ៍​ទៅវិញ។ តាម​កាសែត​អ៊ីស្រាអែល ក្នុង​ជួរគណបក្ស​លីឃូដ របស់​លោកនាយករដ្ឋមន្រ្តី សមាជិក​មួយចំនួន ដែលមាននិន្នាការស្និទ្ធនឹង​រដ្ឋមន្រ្តីការពារជាតិ​បាននិយាយ​ថា គេ​គាំទ្រ​ឲ្យ​លោកនាយករដ្ឋមន្រ្តី​ឈប់​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ។ ប៉ុន្តែ សមាជិកបក្ស​កាន់អំណាច​មួយចំនួន​ផ្សេងទៀត ព្រមទាំង​គណបក្ស​ស្តាំនិយមជ្រុល ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល បាន​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្រ្តី ត្រូវតែបន្ត ធ្វើកំណែទម្រង់តុលាការ ដោយ​មិនត្រូវចុះចាញ់​ការដាក់សម្ពាធ​របស់​ក្រុមបាតុករ ដែលគេចាត់ទុក​ជា​ក្រុមអនាធិបតេយ្យ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ទាល់ ដែលជា​អ្នកស្នើគម្រោង​ធ្វើ​កំណែទម្រង់ ប្រព័ន្ធតុលាការ បាន​និយាយ​ហើយថា លោក​នឹង​ចុះចេញពីតំណែង បើសិន​នាយករដ្ឋមន្រ្តី​ឈប់​ធ្វើកំណែទម្រង់​តុលាការ​តទៅទៀត។ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ផ្ទាល់ដែលធ្លាប់​ដកឃ្លា មិន​បញ្ចេញយោបល់​ទៅលើ​គម្រោងធ្វើកំណែទម្រង់​តុលាការ នៅទីបំផុត បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា លោកនឹង​ព្យាយាមបិទបញ្ចប់ការបែកបាក់ ជាតិ ប៉ុន្តែ លោកនៅតែ ប្តេជ្ញា​បន្តធ្វើកំណែទម្រង់តុលាការអ៊ីស្រាអែល។ ការលូកមាត់​បញ្ចេញយោបល់​តែ​ប៉ុន្មានម៉ាត់ ទាក់ទង​នឹង​កំណែទម្រង់ប្រព័ន្ធតុលាការ​អ៊ីស្រាអែល បានធ្វើឲ្យ​លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ រងការចោទប្រកាន់ ពី​អង្គការតាមដាន​រដ្ឋាភិបាល Movement for Quality Government ដែលជាស្ថាប័ន​ប្រឆាំងអំពើពុករលួយនៅអ៊ីស្រាអែល។ អង្គការមួយនេះ​បាន​ទាមទារ​ឲ្យ​តុលាការ​កំពូល​ដាក់ពិន័យ លោក​នេតាន់យ៉ាហ៊ូ។ តាម​អង្គការ​ខាងលើ ដោយ​ចេញមុខនិយាយ​ជាសាធារណៈ ពី​គម្រោងកំណែទម្រង់​តុលាការ លោក​នេតាន់យ៉ាហ៊ូ ដែលកំពុង​ជាប់ក្តីក្តាំនៅតុលាការ ក្នុងសំណុំរឿងពុករលួយ បាន​រំលោភ​កិច្ចព្រមព្រៀង ជាមួយ​តុលាការ​កំពូល។ តុលាការ​កំពូល​ធ្លាប់​ចេញបម្រាម ហាម មិន​ឲ្យ​លោកនាយករដ្ឋមន្រ្តី (ដែលកំពុងជាប់ក្នុងសំណាញ់ក្តីក្តាំ​នៅតុលាការ) បញ្ចេញយោបល់ ឬ​ចូលរួម​ពាក់ព័ន្ធ​ក្នុង​វិស័យ​តុលាការ ដើម្បី​ជៀសវាង ទំនាស់ផលប្រយោជន៍៕
3/27/202310 minutes, 24 seconds
Episode Artwork

ហុងឌូរ៉ាស ​ភ្ជាប់ទូតជាមួយចិន បន្ទាប់ពី​ឈប់ទទួលស្គាល់កោះតៃវ៉ាន់

ប្រទេស​ហុងឌូរ៉ាស ប្រកាសឈប់ទទួលស្គាល់កោះតៃវ៉ាន់ ហើយងាកទៅភ្ជាប់ចំណងការទូតជាមួយចិនជាផ្លូវការ។ ការ​ប្រកាស​ទទួល​ស្គាល់​ទំនាក់​ទំនង​ជាមួយ​ចិន​ប៉េកាំង នៅ​ថ្ងៃអាទិត្យ​ គឺក្រោយ​តែប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ ដែល​​​ ប្រទេស​​ហុង​ឌូរ៉ាស់ ​ផ្ញើ​សេចក្តីប្រកាស​ឈប់​ទាក់ទង​ជាមួយ​តៃវ៉ាន់ និង ​ព្រម​ទទួល​ស្គាល់​«គោលការណ៍​ចិន​តែមួយ»។​ ជាប្រតិកម្ម​ឆ្លើយតប​ ការិយាល័យ​ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន បាន​រិះគន់រ​ដ្ឋអំណាច​ចិន​ថា ជាយូរ​មកហើយ​ ដែល ​ចិន​ ព្យាយាម​កាត់​ផ្តាច់​តួនាទី​របស់​ក្រុងតៃប៉ិលើ​ឆាក​អន្តរជាតិ ហើយ​ទង្វើនេះ​ បង្កគ្រោះថ្នាក់ខ្លាំង​​ដល់​សន្តិភាពនិង​ស្ថិរភាព​នៅក្នុង​តំបន់​ទាំង​មូល។​ ហុងឌូរ៉ាស បង្ហាញ​ចេតនា​ តាំងតែ​ ២​ សប្តាហ៍​មុន​​ម្ល៉េះ ពី​ការ​​ងាកទៅរក​ចិន​។ កាលពីពាក់កណ្តាលខែមីនា​ ​ហុងឌូរ៉ាស បានថ្លែងពីការកំពុងតែខ្វះខាតផ្នែកហិរញ្ញវត្ថុជា​ខ្លាំង និងបានសុំតៃវ៉ាន់ឲ្យជួយដែរ ប៉ុន្តែ តៃវ៉ាន់ មិនព្រម ដ្បិតថាក្រុង​តៃប៉ិ​បានស៊ើបដឹងពីឆន្ទៈរបស់អាជ្ញាធរហុងឌូរ៉ាស ជាមុនស្រេច ថាចង់កសាងទំនាក់ទំនងជាមួយក្រុងប៉េកាំង។ ​យប់ថ្ងៃ​សៅរ៍ អ្នក​ស្រី​ប្រធានាធិបតី​ហុង​ឌូរ៉ាស់ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ផ្លូវការ​​ ប្រកាស​ថា សាធារណរដ្ឋ​​ហុង​ឌូរ៉ាស់​បាន​ទទួល​ស្គាល់​អត្ថិភាព​ចិន​តែមួយ ហើយ​សាធាររដ្ឋប្រជាមានិត​ចិន​ គឺជា​រដ្ឋាភិបាល​តំណាងចិន​ ស្រប​ច្បាប់ តែ​មួយ​គត់​។ ​ប៉ុន្មា​នម៉ោង​ក្រោយ​មកទៀត​ ​នៅ​ថ្ងៃអាទិត្យ ​​លោក​ Eduardo Enrique Reina ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​ឌូរ៉ាស់ បាន​អញ្ជើញទៅដល់​ទី​ក្រុង​​ប៉េកាំង និង​ចាប់ដៃ​យ៉ាង​ណែន​ជាមួយ​ ប្រមុខ​ការ​ទូត​ចិន លោក ជីន កង​។ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ថ្លែង​​កោត​សរសើរ​ថ្នាក់ដឹកនាំ​ហុងឌូរ៉ាស ថា​ជ្រើស​រើសឈប់​ទាក់ទង​តៃវ៉ាន់​ និង​ផ្តើម​ទទួល​ស្គាល់​​​«ចិនស្របច្បាប់តែមួយ» គឺ​​ត្រឹមត្រូវ និង​ជា«​ជម្រើស​ដ៏​ឈ្លាសវៃ» ព្រមទាំង​ស្រប​តាម«​ចរន្ត​ទំនោរ​សង្គម​បច្ចុប្បន្ន»​។ តាម​កញ្ជក់​ទូរទស្សន៍​រដ្ឋ​ចិន CCTV ប្រមុខ​ការ​ទូត​ចិន ក៏​បាន​ថ្លែង​​ដែរ ថា​ ប្រជាជន​និង​ប្រទេស​ចិន ​រីករាយ​សប្បាយ​ចិត្ត​នឹង​រង់​ចាំ​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​អ្ន​កស្រី​ប្រធានាធិបតី ហុងឌូរ៉ាស នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​ លោក ជីន កង គូសបង្ហាញ​ដោយ​ក្តី​ត្រេកអរ​ថា ចំណង​ទូត​នៃ​ប្រទេស​ទាំង​ពីរ នឹង​នាំ​ទៅរក​«អនាគតភ្លឺស្វាង» ហើយ​និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ។​ «ហុង​ឌូរ៉ាស ភាន់​​ច្រឡំ​ធំ» ជាប្រតិកម្ម​ឆ្លើយតប​ នៅក្រុង​តៃប៉ិ អាជ្ញាធរ​តៃវ៉ាន់​ ​រដ្ឋមន្ត្រី​ការបរទេស​ លោក​ Joseph Wu បាន​ធ្វើ​សន្និសីទ​​កាសែត​ ដើម្បីពន្យល់​ពី​ស្ថានការណ៍ និង​បាន​បញ្ជាក់ថា  «ប្រទេស​ហុង​ឌូរ៉ាស ភាន់​​ច្រឡំ​ធំ លង់​ជឿ​ការ​សន្យា​របស់​ប្រទេស​ចិន  នៅក្នុង​ការ​ជួយ​គាំទ្រ​ខាង​ជំនួយ​សេដ្ឋកិច្ច​ដល់​ហុង​ឌូរ៉ាស»។ ថ្នាក់ដឹកនាំតៃវ៉ាន់ តាម​រយៈ​ក្រសួង​ការបរទេស​ បានសង្កត់ធ្ងន់ថា «ប្រទេសចិនចេះតែលួងលោមនិងទាក់ទាញហុងឌូរ៉ាស តាមរយៈការលើកឡើងពីផលប្រយោជន៍​និងជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមពីចិន។» បើតាម​​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ​«ការ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ពី​សំណាក់​អាជ្ញាធរ​ហុងឌូរ៉ាស គឺ​ឋិត​ក្នុង​​ដំណើរ​យុទ្ធសាស្ត្រ​របស់​ចិន​​ ដើម្បីបំបែកបំបាក់ តាមរយៈ​ការ​បង្ខិត​បង្ខំ និង​គំរាម​កំហែង​។​» ​ ​ចិន ​កាន់តែ​ធ្វើ​ឲ្យ​កោះ តៃវ៉ាន់ ​ឯកា​​។ ​​ ​ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បាន​សូម​ឱកាស​ថ្លែង​ផ្ញើ​សារ​​ទៅ​អាជ្ញាធរ​តៃវ៉ាន់។ ច្បាស់​ណាស់ ជា​សារ​ឌឺដង​បញ្ឈឺ​ចិត្ត។ ប្រមុខ​ការ​ទូត​ចិន លើកឡើង​ថា ការធ្វើ​នយោបាយ​​ឃោសនា​ទាមទារ​រាជរាជ្យ​និង​មហិច្ចតា​ចង់​ផ្តាច់​ខ្លួន​របស់​តៃវ៉ាន់ ដែល​ផ្ទុយ​ស្រឡះ​ពី​ឆន្ទៈ​និង​អត្ថប្រយោជន៍​ប្រជាជាតិ​ចិន គឺ​​ពេល​នេះ ត្រូវ​ដល់​ទី​ចុង​បញ្ចប់​ហើយ​។​ តាំង​តែពី​ឆ្នាំ​២០១៦ សន្ទុះ​នយោបាយ​ចិន​ប៉េកាំង កាន់តែ​ខ្លាំងៗ​ ដើម្បី​ធ្វើ​ឲ្យ​តៃវ៉ាន់​ឯកោ។  នេះក៏ព្រោះតែ​ទំនោរនយោបាយ​របស់​ថ្នាក់ដឹកនាំ​តៃវ៉ាន់ ​​អ្នកស្រី​ សៃ អ៊ីងវេន ដែល​មាន​និន្នាការ​និយម​ឲ្យត​ម្លៃ​លើ​ឯករាជ្យភាព​តៃវ៉ាន់។ អ្នកស្រីឡើង​កាន់អំណាចដឹកនាំ​តៃប៉ិ ​តាំងពី​ឆ្នាំ២០១៦និង​ជាប់ឆ្នោត​ម្តងទៀតឆ្នាំ២០២០។​ ចិន ទោះ​បី​មិន​បាន​ដឹកនាំអំណាច​នៅ​តៃវ៉ាន់​ផ្ទាល់ តែ​ជាង​៧០ឆ្នាំមកនេះ​ ចិន​តែងតែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ដែន​ដី​របស់ខ្លួន។​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ចិន ​បាន​ជំរុញ​ឲ្យប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​ជា​​សម្ព័ន្ធ​មិត្ត​ដៃគូ​សហការ​របស់​តៃវ៉ាន់​ ផ្តាច់​ទំនាក់ទំនង​និង​ឈប់​ទទួល​ស្គាល់​តៃវ៉ាន់។ ដូច​ករណី​ផ្តាច់​ខ្សែចំណង​ទូត​ជាមួយ​សាធារណរដ្ឋ​កូមីនីក និង នីហ្ការ៉ាហ្កា។​ សព្វថ្ងៃ​នេះ នៅ​មានសល់​​ប្រទេសនិង​បុរីរដ្ឋ​​តែ ​១៣ ប៉ុណ្ណោះ ដែលនៅ​បន្ត​​ទទួល​ស្គាល់​កោះ​តៃវ៉ាន់។ ក្នុង​នោះ​មាន​បែបយ៉ាង បុរីវ៉ាទីកង់​ Eswatini ប៉ារ៉ាហ្កាយ​ បណ្តាប្រទេសកោះ​តូច​ៗនៅ​តំបន់​ប៉ាស៊ីហ្វិក បេលីស៍ ក្វាតេម៉ាឡា និង​ហៃទី។ អាជ្ញាធរ​តៃប៉ិ ប្រុង​គិត​និងធ្វើ​យ៉ាងណា​ទៀត​​​? ក្រៅពីប្រឹង​ដំឡើង​សរសៃក​ស្តីបន្ទោស​រិះគន់​បកអាក្រាត​ចិនប៉េកាំង តៃវ៉ាន់​ប្រឹងប្រែង​​ថែ​រក្សា​ទំនាក់ទំនង​ដ៏តិច​តួច ​ដែល​នៅសេស​សល់។ នៅ​ថ្ងៃ​ពុធ​​សប្តាហ៍​ខាងមុខ​នេះ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន នឹង​អញ្ជើញ​បំពេញ​ដំណើរ​ទស្សនកិច្ច​ ចំនួន ១០ ថ្ងៃ នៅ​ប្រទេស ក្វាតេម៉ាឡា​ និង​ បេលីស៍ ដែល​ជា​សម្ព័ន្ធ​មិត្ត​។ ក្នុង​ដំណើរ​ឆ្លង​ទ្វីប​ឆ្លង​សមុទ្រ​នេះ​ អ្នកស្រី សៃ អ៊ីងវេន ក៏​ឈប់​ចុះ​ចត​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ដៃគូ​សម្ព័ន្ធមិត្តផងនិង​ម្ចាស់​ជំនួយធំផង។​ ជាគោលការណ៍​ សហរដ្ឋ​អាមេរិក ជាប្រទេស​១​ក្នុង​ចំណោម​១៨២ប្រទេស ដែល​ទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ។ ប៉ុន្តែ រដ្ឋបាល​អាមេរិក​នៅតែបន្ត​ជួយ​គាំទ្រ ​តៃវ៉ាន់ ​ជាហូរហែ។​​ ប្រធាន​រដ្ឋសភាអាមេរិក បាន​បញ្ជាក់​ថា​នឹង​ឆ្លៀត​ទទួល​ជួប​អ្នក​ស្រី​​ប្រធានាធិបតីតៃវ៉ាន់ នៅ​រដ្ឋ​កាលី​ហ្វ័រញ៉ា នៅពេល​ខាងមុខ​នេះ​​ ក៏ប៉ុន្តែ តំណាង​រដ្ឋាភិបាលអាមេរិក​ បំភ្លឺថា ដំណើរ​របស់​ អ្នកស្រី សៃ អ៊ីងវេន ទៅ​អាមេរិក គឺ​គ្រាន់តែ​«សុំ​ចុះ​ចត​ប្តូរ​ជើង​យន្តហោះ​តែប៉ុណ្ណោះ» ពុំ​មែន​ជា​«ទស្សនកិច្ច​ផ្លូវ​ការ​»ទេ។ ទោះ​ជាម្តេច​ក្តី​ ការណ៍នេះ ​ច្បាស់​ជា​បង្កក្តី​ក្តៅ​ក្រហាយ​ដល់​ចិន​ទៀត​ហើយ​៕​​
3/26/20236 minutes, 58 seconds
Episode Artwork

អគ្គលេខាធិការអ.ស.ប៖ ពិភពលោក​​ត្រូវតែតម្រង់ទិសសាជាថ្មី ប្រសិន​បើចង់ឲ្យ​មនុស្សជាតិ​មានទឹកប្រើទាំងអស់គ្នា នៅថ្ងៃណាមួយ

សន្និសីទអន្តរជាតិស្តីពីទឹក ដែលរៀបចំឡើងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូយ៉ក បានបិទបញ្ចប់ហើយ កាលពីថ្ងៃសុក្រ ទី​២៤មីនា​។ ថ្លែងនៅក្នុង​សុន្ទរកថាបិទបញ្ចប់សន្និសីទនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រសិន​បើចង់មានសង្ឃឹម ថាអាចនឹង​ធានាឲ្យ​មនុស្ស​លើផែនដី មានទឹកប្រើប្រាស់ទាំងអស់គ្នា នៅថ្ងៃណាមួយនោះ ​គឺពិភពលោក​យើង ត្រូវតែតម្រង់ទិសសាជាថ្មី ចាប់ពីពេលនេះទៅ​”។ សូមបញ្ជាក់ថា បញ្ហាវិបត្តិគ្មានទឹកប្រើប្រាស់ កំពុងតែចោទឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក។ ទឹកគឺជាប្រភពនៃជីវិត ទឹកគឺជាសម្បត្តិរួមរបស់មនុស្សជាតិ តែទន្ទឹមនឹងនេះ មនុស្ស​ប្រមាណ​២ពាន់លាននាក់ រស់នៅដោយ​គ្មានទឹកស្អាតបរិភោគទេ។ តម្រង់ទិសដើរឲ្យត្រូវឡើងវិញ នៅក្នុងសុន្ទរកថា បិទបញ្ចប់សន្និសីទអន្តរជាតិស្តីពីទឹក កាលពី​ថ្ងៃសុក្រទី​២៤មីនា​ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងថា “ដល់ពេលហើយ ដែល​ពិភពលោកយើង ត្រូវតែតម្រង់ទិសដៅធ្វើដំណើរ ឲ្យត្រង់ផ្លូវឡើងវិញ”​​។ គឺជាការកំណត់ទិសដៅ​រួម ឲ្យ​បានជាក់ច្បាស់ ប្រសិនបើ​យើងចង់​ឲ្យ​មនុស្សជាតិ​ទាំងមូល មានទឹកប្រើប្រាស់ មានទឹកស្អាតបរិភោគគ្រប់ៗគ្នា ទៅថ្ងៃខាងមុខ។ លោក​បានសង្កត់បន្ថែមថា ទឹកគឺជាប្រភពនៃជីវិត ទឹកជាទ្រព្យសម្បត្តិរួម​នៃមនុស្សជាតិទាំងមូល។ ដូច្នេះមនុស្សលោកត្រូវតែរួមគ្នា ការពារ គ្រប់គ្រង បែងចែក និង​អាស្រ័យផល ពីធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ​។​ ពោលគឺ ការការពារ ការគ្រប់គ្រង ការសន្សំសំចៃ ក៏ដូចជា​ការបែងចែងធនធានទឹក ត្រូវតែស្ថិតនៅជាចំណុចស្នូល​កណ្ដាល នៃគោលនយោបាយជាអាទិភាព របស់​ប្រទេសនីមួយៗ និងរបស់ពិភពលោកយើង។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងការបារម្ភថា “បច្ចុប្បន្ននេះពិភពលោកយើង មិនមែនស្ថិតនៅលើផ្លូវដើរឆ្ពោះកាន់កម្មវត្ថុឆ្នាំ​២០៣០​ ដែលធានាឲ្យ​មនុស្សពេញមួយផែនដីអាចមានទឹកស្អាតប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញគឺពិភពលោកកំពុងដើរផ្លូវខុស ដែល​នាំគ្រោះថ្នាក់​មកឲ្យអាយុជីវិតមនុស្សគ្នាឯង ដោយសារតែវិបត្តិគ្មានទឹកប្រើប្រាស់”។ ដូច្នេះពេលនេះ គឺជាពេលបន្ទាន់ដែលត្រូវតម្រង់ទិសឡើងវិញ តម្រង់ទិសដោយយកវិទ្យាសាស្ត្រ ជាមូលដ្ឋាន ជាបង្អែក ឈានទៅរៀបចំគោលនយោបាយ “ទឹក”។ មនុស្សលោក ត្រូវតែ​បោះបង់ចោលសកម្មភាព ឬទម្លាប់ទាំងឡាយ ដែលខ្ជះខ្ជាយទឹក​ ប្រើទឹកហួសពីតម្រូវការ​ ហួសពី​ស្តុកដែលមាន​។ សន្យា៧០០ចំណុច​ តួលេខជាច្រើន បានមកបញ្ជាក់អំពីបញ្ហាប្រឈម ដែលពិភពលោកយើងកំពុងតែ​ជួបនាពេលបច្ចុប្បន្នទាក់ទិននឹងបញ្ហាទឹកនេះ​។ ឆ្នាំ២០២០ មនុស្សយ៉ាងហោច២ពាន់លាននាក់ គ្មានទឹកស្អាតបរិភោគទេ ហើយ៣៦០០លាននាក់ គឺរស់នៅដោយ​គ្មានប្រព័ន្ធបណ្តាញ​លូបង្ហូរទឹកក្រខ្វក់ ឬលាមក ឲ្យត្រឹមត្រូវគួរឲ្យទុកចិត្តទេ។ យោងតាមតួលេខ យ៉ាងហោចណាស់ មនុស្ស​ ៤៩៤លាននាក់ ដែលគ្មានបង្គន់អនាម័យប្រើ ហើយត្រូវទៅបន្ទោរបង់ នៅតាមទីហាលវាល។ មនុស្ស២ពាន់លាននាក់ បរិភោគទឹកដែល​មិនស្អាត ហើយដែលវាជាប្រភពបង្កបញ្ហាសុខភាព ជំងឺដង្កាត់​ច្រើនជំពូកណាស់ ដែលភាគច្រើនគឺសុទ្ធតែជាអ្នកក្រ។ បញ្ហាខ្វះទឹកប្រើប្រាស់ គឺត្រូវតែរាប់បញ្ចូលដោយ​ ការគ្រប់គ្រងធនធានទឹកឲ្យបានត្រឹមត្រូវ ចៀសវាងការខ្ជះខ្ជាយ និង​ការការពារប្រភពទឹកស្អាត ឲ្យ​បរិសុទ្ធ កុំឲ្យ​មានសារធាតុពុល មេរោគ បាក់តេរីផ្សេងៗ មកលាយឡំ ធ្វើឲ្យទឹកស្អាតដែលមនុស្សអាចប្រើបាន វាកាន់តែចុះថយចំនួន។ ដូច្នេះ​ផែនការគោលនយោបាយ​ ដែលត្រូវអនុវត្ត ត្រូវចាប់ផ្តើម ដោយ​ការសាងសង់បង្គន់អនាម័យ ការរៀបចំបណ្តាញ​លូបង្ហូរទឹកក្រខ្វក់ឲ្យបានត្រឹមត្រូវ​ និង​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​បន្សុតទឹក​ក្រខ្វក់។ ដងស្ទឹង និងទន្លេ សរុបប្រវែងប្រមាណ​៣សែនគីឡូម៉ែត្រ ដែលបានរងការខូចខាតនោះ នឹងត្រូវទទួលបាន​ការជួសជុល ថែរក្សាការពារឲ្យ​បាន​ប្រសើរឡើងវិញ។ សន្និសីទរយៈពេល​២ថ្ងៃមកនេះ បានបិទបញ្ចប់ទៅ ជាមួយ​នឹងការសន្យាចំនួន​ប្រមាណជិត៧០០ចំណុច ពីសំណាក់រដ្ឋាភិបាល អង្គការ​ក្រៅរដ្ឋាភិបាល និងវិស័យឯកជនផងដែរ ដើម្បីឈានទៅ​ផ្លាស់ប្តូរទិសដៅថ្មី ដែលផ្តោតអាទិភពដល់ការការពារធនធានទឹកស្អាត។ តែជារួម មានតែ១ភាគ៣នៃផែនការសន្យាទាំងនេះ ដែល​នឹងអាចធ្វើ​ឲ្យ​មាន​លទ្ធផល​វិជ្ជមានជាក់ស្តែង ទៅលើ​ការគ្រប់គ្រង​ការពារធនធានទឹក ហើយមានមិនដល់១ភាគ៣ទេ ដែលមាន​តួលេខ​ថវិកា​ចំណាយជាក់ច្បាស់ ថាត្រូវការប្រាក់ប៉ុន្មាន។ ការចាប់ផ្តើម​ដ៏មានសង្ឃឹម តែត្រូវតែ​ប្រឹងប្រែងបន្ត យ៉ាងណាក៏ដោយ លោក Charles Iceland អ្នកជំនាញនៅ World Ressources Institute បានលើកឡើងថា ប៉ុណ្ណេះគឺវាជាការចាប់ផ្តើមដ៏មានសង្ឃឹមណាស់ទៅហើយ។ លោក​បានអបអរជាអាទិ៍ ចំពោះគម្រោងសន្យា ដែល​អាល្លឺម៉ង់ជាអ្នកផ្តួចផ្តើម ដើម្បី​រៀបចំការគ្រប់គ្រង​អាង​ទន្លេនីហ្សេ ដែលហូរកាត់ប្រទេស៩នៅអាហ្វ្រិក ហើយដែល​ភាពកម្រនៃធនធានទឹកនៅដងទន្លេនេះ បានក្លាយជា​ប្រភពនៃបញ្ហាវិវាទ ជម្លោះហិង្សារួចទៅហើយ​នៅក្នុងតំបន់នេះ​។ ដូចគ្នាដែរ លោក Stuart Orr តំណាងអង្គការWWF បានលើកឡើងដែរថា លោកមានភ្ញាក់ផ្អើលដោយត្រកអរដែរ ដោយឃើញសន្ទុះវិជ្ជមាន ផ្តល់ឲ្យដោយ​សន្និសីទនេះ។ ធម្មតាសន្និសីទអន្តរជាតិរបៀបនេះ គេតែងតែនិយាយ​គ្នាចោល ពេលចប់មកផ្ទះវិញរៀងខ្លួនក៏ចប់ទៅ តែលើកនេះគឺថាវាមានកម្លាំងឥទ្ធិពល​ល្អ ដែលធ្វើឲ្យ​មានសង្ឃឹមជាក់ស្តែង​។ លោក​បាន​បន្ថែមថា បញ្ហាវិបត្តិខ្វះទឹកនេះ នឹងមិនបាត់ភ្លាមៗទេ ផ្ទុយទៅវិញគឺវានឹងកាន់តែធ្ងន់ធ្ងរ តែអ្វីដែលសំខាន់គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់អាទិភាពគិតគូរ រកដំណោះស្រាយជាបន្ទាន់ចាប់ពីពេលនេះ​។​ ជាងនេះទៀត បញ្ហាទឹកវាសំខាន់ណាស់ តែកន្លងមកជាង​៤០ឆ្នាំហើយ មិនដែលមានសន្និសីទអន្តរជាតិស្តីពីទឹកបែបនេះទេ។ តែ​ក៏​​ មិនមែនសន្និសីទអន្តរជាតិ​ស្តីពីទឹក រៀបចំម្តងនេះហើយ អ្វីៗនឹងប្រសើរឡើងភ្លាមនោះទេ។ តំណាងអង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួម បានអំពាវនាវថាអំណេះតទៅ គឺត្រូវតែរៀបចំជារៀងរាល់ឆ្នាំ ដើម្បីនិយាយ​ពិភាក្សា ដោះដូរយោបល់ គូសវាសផែន​បន្ថែមទៀត។ អ្នកចូលរួម​សន្និសីទនេះ ក៏បាន​អំពាវនាវផងដែរ ថាដើម្បីផ្តល់សន្ទុះវិជ្ជមាន គឺអង្គការសហប្រជាជាតិ ត្រូវតែ​តែងតាំងមនុស្សម្នាក់ក្នុង​មុខតំណែងថ្មី ក្នុងនាមជាប្រេសិតពិសេសទទួលបន្ទុកបញ្ហាទឹក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងយកសំណើនេះទៅពិចារណា។ លោក Henk Ovink ប្រេសិតពិសេសទទួលបន្ទុកផ្នែកទឹករបស់រដ្ឋាភិបាល​ហូឡង់ បាន​លើកឡើងថា បើគ្មាន​ទីភ្នាក់ងារ គ្មាន​សន្ធិសញ្ញាពិសេសស្តីពីទឹកទេនោះ គឺមានន័យថា ទឹកពុំមានផ្ទះនៅក្នុងអង្គការសហប្រជាជាតិនោះទេ​៕​
3/25/20237 minutes, 8 seconds
Episode Artwork

ថាមពលនុយក្លេអ៊ែរនិង​កាបូនសំយោគ  នាំ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​សហភាព​អឺរ៉ុប​ប្រទាញ​ប្រទង់​គ្នា

ប្រទេស​ថ្នាក់ដឹកនាំសហភាពអឺរ៉ុប បើក​កិច្ចប្រជុំ​កំពូល​ ចំនួន​ ២ ថ្ងៃ​ នៅ​ទីក្រុង​ព្រុច​សែល​។ ក្រៅពីបញ្ហាសង្គ្រាម​អ៊ុយក្រែន  ថ្នាក់ដឹកនាំ​កំពូលសហភាពអឺរ៉ុប ត្រូវ​ផ្តោតលើបញ្ហានុយក្លេអ៊ែរ និងការហាមឃាត់ការលក់រថយន្តប្រើប្រេង។​ អ្នក​ដឹកនាំខ្លះ នៃ​​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ចង់​ឲ្យ​វិយោគទុន​​កាន់តែ​ខ្លាំង​លើ​វិស័យ​ថាមពល​បរមាណូ​ ក៏ប៉ុន្តែ អ្នក​ដឹកនាំខ្លះទៀត​ ជំទាស់​ និង​ចង់​ឲ្យ​កែច្នៃ​ថាមពលផ្សេងៗ​​ ក្រៅពី​ថាមពល​នុយក្លេអ៊ែរ​។​​ ក្នុង​ជំនួប​នេះ  ​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ចូល​រួមវត្តមា​ន​ដោយ​ផ្ទាល់​​ ហើយ​និង ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។​ ​ជាថ្មី​ម្តងហើយម្តងទៀត លោក ហ្សេលិនស្គី ទាមទារ​ជំនួយ​គ្រឿង​សព្វាវុធ​​ដើម្បី​​យក​​ទៅ​ច្បាំង​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​។ «​វិនិយោគ​ទុន​វិស័យ​ថាម​ពល​ស្អាត» ​ ​​ចំពោះ​សហភាព វិស័យ​ថាមពល​ ជា​ចំណោម​បញ្ហា​ចម្បងមួយ ហើយ​ក៏​វា​ដរចេញ​កាន់តែខ្លាំង​ពី​វិបត្តិ​សង្គ្រាមឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​​អ៊ុយក្រែន។​ ​ម្យ៉ាង​ទៀត គឺ​ក្នុង​បរិបទថ្មី ដែលពិភព​លោក ​​កំពុងតែ​ប្រឈមខ្លាំង​​​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ហើយ​បណ្តារដ្ឋនីមួយ​ៗ​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ ដែល​គេ​ត្រូវ​គិតគូរ​រក​មធ្យោបាយ​ថាមពល​ថ្មី ដែល​ស្អាត អាច​កកើត​ឡើងវិញ និង​ជះឥទ្ធិពល​អាក្រក់​តិត​តួច​ចំពោះ​អាកាសធាតុ​ភព​ផែន​ដី​។​ និយាយ​ឲ្យ​ខ្លី ត្រឹម​រង្វង់​សហភាព​អឺរ៉ុប។ ​ជាង​៣០ឆ្នាំ​មុន នៅពេល​ដែល​អង់គ្លេស​នៅ​ជា​រដ្ឋសមាជិកសហភាព​អឺរ៉ុប​ នាយករដ្ឋមន្ត្រីអង់គ្លេស​កាន់​នោះ អ្ន​កស្រី Margaret Thatcher ​បាន​កែទម្រង់​វិស័យ​ថាមពល ដោយ​ផ្តើម​ងាក​ចេញពី​វិស័យ​ធ្យូងថ្ម ហើយ​បែរ​មក​រក​ថាមពលឧស្ម័ន។ គ្រានោះ​​ ​ប្រទេស​អឺរ៉ុប ក៏​នាំគ្នា​នាំ​ចូល​ឧស្ម័ន​ពី​សមុទ្រ​ខាង​ជើង ពីក្រុម​​ប្រទេស​ស្កង់​ដីណាវ​ ​​ពី​ប្រទេស​អាហ្វ្រិក​ និងជាពិសេស​ពី​ ​រុស្ស៊ី​ ជាដើម​។ នៅគ្រា​នេះ​ រុស្ស៊ី​ បាន​បើកប្រតិបត្តិ​សឹក​ច្បាំង​ឈ្លានពាន​អ៊ុយក្រែន ដែល​តម្រូវ​ឲ្យ​ប្រទេស​អឺរ៉ុប ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​​រុស្ស៊ី ជៀសវៀង​មិនទិញ​ប្រេង​និង​ឧស្ម័នពីរុស្ស៊ី​​។ ហេតុ​នេះ​​ក៏​បង្ក​ការលំបាក​ឲ្យ​អឺរ៉ូប​ខ្លួន​ឯង​ដែរ ដែល​ប្រទេស​អឺរ៉ុប​ត្រូវ​រក​ប្រភព​ថាមពល​ថ្មី ដែល​អាច​ផ្តល់​ឯករាជ្យស្វ័យតភាព​ មាន​និរន្តរភាព​ និង​ផ្នែក​ថាមពល​គិត​គូរ​ដល់​បរិស្ថាន​​ផង។ អាស្រ័យ​ហេតុ​នេះ កា​លពី​១០​ថ្ងៃមុន សហភាព​អឺរ៉ុប​ បាន​ធ្វើ​ពង្រាង​ច្បាប់​មួយ​ស្តីពី​វិស័យ​ថាមពល​ ដែល​ត្រូវ​ថ្នាក់​ដឹកនាំ​ប្រទេស​នីមួយៗ ជជែក​តស៊ូ​មតិគ្នា​។​ អ្នក​តំណាង​ប្រទេសបារាំងនិង​មេដឹកនាំ​រដ្ឋសមាជិក​  ប្រមាណ​ជា​ជាង ​១០ ប្រទេស គឺ​ មូល​មាត់​ឯកភាព​យល់​ព្រម​ ចង់​ឲ្យ​វិនិយោគ​ទុន​​កាន់តែ​ខ្លាំង និង​កាន់តែ​ច្រើន​ទៅលើឧស្សាហកម្ម​​វិស័យ​ថាមពល​បរមាណូ។ ដ្បិត​ពី​ព្រោះ​តែ​ពួក​គេ​យល់​ឃើញថា ប្រភព​ថាមពល​ពល​នុយក្លេអ៊ែរ ​«ស្អាត»​ «មិន​បញ្ចេញ​ផ្សែងពុលឧស្ម័ន​កាបូនិក​បំផ្លាញ​បរិស្ថាន​បង្ក​ឲ្យ​បង្កើន​កម្តៅ​ផែន​ដី​» ដែល​ជារួម​ ពួក​គេ​ចាត់ទុកថា ជា«​ប្រភពថាមពល​អាច​កកើត​ឡើងវិញ​» ហើយ​រួម​ចំណែក​«កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ដែល​ធ្វើ​ឲ្យ​កើន​កម្តៅ​ផែន​ដី«​។ ផ្ទុយ​ទៅវិញ គំនិត​នេះ ត្រូវ​បណ្តាក្រុម​នយោបាយ​បរិស្ថាន​និយម នៅ​អឺរ៉ុប​​ រិះគន់​យ៉ាង​ចាស់ដៃ ហើយ​ក្រុម​ប្រទេស​ផ្សេងទៀត ដែល​ដឹកនាំ​មុខ​គេ ដោយ​ អាល្លឺម៉ង់ គឺ​មិន​យល់​ស្រប​ទាល់តែ​សោះ​​ ក្នុង​ការ​ពឹង​ផ្អែក​លើ​ថាមពល​នុយក្លេអ៊ែរ​។​ ស្ហុលស៍ ៖ «​នុយក្លេអ៊ែរ ជាថាមពលស្អាត និងកកើតឡើងវិញ គឺ​ខុសស្រឡះ​» បណ្តា​ក្រុម​ប្រទេស​ដែល​មិន​យល់​ស្រប​ចំពោះការ​ងាកទៅ​​រំពឹង​លើ​បរមាណូ​ដើម្បី​​ចម្រាញ់​ថាមពល​ គឺ​មាន អាល្លឺម៉ង់ លុច​សំបួរ ដាណឺម៉ាក់ អេស្ប៉ាញ និង​ អូទ្រីស​ ជាដើម។​ ចំពោះ​អាល្លឺម៉ង់ (និង​បារាំង​) ជា​ប្រទេស​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​នាំមុខ​គេមួយ​សំខាន់​​របស់ក្នុង​រង្វង់​សហភាព​​អឺរ៉ុប​។​ ប្រសិន​បើ​រំឮក​ពេល​ខ្លី គឺ ​៣​ឆ្នាំ​មុន អាល្លឺម៉ង់ តាមរយៈ​រដ្ឋមន្ត្រីបរិស្ថាន​ គឺបាន​​ថ្លែងគោល​ចំហរ​​ថា ​«បេសកម្ម​របស់​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ គឺ​លុប​បំបាត់​ថាមពល​នុយក្លេអ៊ែរ​ »។ ​​ពេល​នេះទៀត​ គឺ​រដ្ឋបាល​ក្រុង​ប៊ែរឡាំង​នៅ​តែ​រក្សា​ប្រកាន់​ជំហរ​ដដែល។ នៅក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ អធិការ​បតី​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ មានប្រសាសន៍បញ្ជាក់​ថា  «គំនិត​​ដែល​យល់ថា ថាមពល​នុយក្លេអ៊ែរ ជា​ថាមពល​ស្អាត​ ជាថាមពល​កកើត​ឡើង​វិញ គឺការ​យល់​ខុស​ស្រឡះ​តែម្តង»។ ​ មាន​ហេតុផល​ជាច្រើន​នៅពីក្រោយ​ជំហរ​របស់​ប្រទេស​ដែល​មិន​ចង់​ឲ្យ​វិនិយោគ​ទុន​លើ​នុយក្លេអ៊ែរ​។ ទី១ គឺ​ដូច​អធិបតី​អាម្លឺម៉ង់​បញ្ជាក់ស្រាប់ ហើយ​និងមាន​បញ្ហា​កាកសំណល់​នុយក្លេអ៊ែរដែលត្រូវ​យក​ចិត្តទុកដាក់​ខ្ពស់​។ ទី២ នេះជា​ការប្រឡែងជាមួយភ្លើង ច្បាស់​ជា​រលាក ឧទាហរណ៍ ជាក់ស្កែងករណីគ្រោះថ្នាក់នៅរោងចក្រផលិតថាមពលនុយក្លែរអ៊ែរ  នៅ Fukushima ​ឬនៅ Chernobyl ។ ហេតុ​ផល​មួយ​ទៀត ដែល ​អ្នក​វិភាគខាង​ថាមពល​​នៅអឺរ៉ុប​ សម្លឹង​ឃើញ គឺថា ការ​ផលិតថាមពលនុយក្លែរអ៊ែរ ជាការវិនិយោគរយៈពេលវែងឆ្ងាយ ហើយត្រូវចំណាយលុយកាក់ច្រើនណាស់ រួមទាំងប្រព័ន្ធបច្ចេកវិទ្យាក៏ទំនើបផុតលេខដែរ ដើម្បីបញ្ជៀសហានិយភ័យ។ ដែល​ចំណុច​នេះ គឺអាល្លឺម៉ង់​មិន​ចង់ធ្វើ​ទេ ដ្បិត​អាល្លឺម៉ង់​ចង់​វិនិយោគ​តិច ហើយ​បាន​ផល​ទាន់​ចិត្ត​ ក្នុងរយៈ​ពេ​លខ្លី​ផង។ ក្រុម​ប្រទេស​ដែល​នៅឈរ​ខាង​អាល្លឺម៉ង់ យល់ឃើញ​បែបនេះ និង​ ឲ្យ​យោបល់​ពីការ​ផលិតថាមពល«​កាបូន​សំយោគ»  សំយោគ​ពី​អ៊ីដ្រូសែន​និង​កាបូនិក ហើយ​និង​​ចម្រាញ់​ថាមពល​ពី​កាក់​សំណល់​កសិកម្ម សំរាម និង​សំណល់​​ប្រេង​ ជាដើម។ ទន្ទឹម​នេះ ត្រូវ​ទាញ​យក​ថាមពល​ ខ្យល់​ និង​ពន្លឺ​ព្រះ​អាទិត្យ​។​ ពង្រាង​ច្បាប់​របស់​សហភាព​ នឹង​គិតគូរ​ពីការ​ឧបត្ថម្ភ​ធន​ ផ្តល់​ជំនួយ​លុយកាក់​ចំពោះការ​វិនិយោគ​ទុន​ទៅវិស័យ​ផលិត​ថាមពល​ស្អាត។ ប្រធានគណៈកម្មការអឺរ៉ុប អ្នក​ស្រី​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន បញ្ជាក់ថា គម្រោង​ដែល​គ្មាន​ផ្តល់​ផលប៉ះពាល់ បញ្ចេញ​ផ្សែង​ពុល​ បង្កឲ្យ​កើនកម្តៅផែនដី​ ដែល​នឹងត្រូវ​ទទួល​ការ​ឧបត្ថម្ភ​ជំនួយ​។ ដោយឡែក ​​ការ​វិនិយោគ​ទុន​លើ​ថាមពល«នុយក្លេអ៊ែរ» គឺ​ទាល់តែ​មា​នការ​ធានាបញ្ជាក់​ពី​សុវត្ថិភាព​បំផុត ទើប​អាច​បាន​ជំនួយ​ខ្លះ ប៉ុន្តែ​នឹង​មិន​ទទួល​បាន​ជំនួយ​ជាទូទៅ​​ទេ៕​​​
3/24/20236 minutes, 47 seconds
Episode Artwork

ក្រោយ​ការអនុម័តច្បាប់​កំណែទម្រង់​សោធននិវត្តន៍ បារាំងធ្វើ​បាតុកម្ម​កាន់​តែខ្លាំង

នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៣​មីនា​២០២៣​នេះ ក្រុម​​សហជីព​បារាំងបាន​ប្រកូក​ប្រកាស​ធ្វើ​​បាតុកម្មនិង​កូដកម្ម​​ជា​ថ្មី ​​ទូទាំងប្រទេសជា​លើក​ទី​៩ ដើម្បី​ប្រឆាំងនឹង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍។ ​ ​អនុម័តកាលពី​ថ្ងៃ​ចន្ទទី ២០មីនា ​ដោយ​មិន​ឆ្លង​កាត់​ការបោះឆ្នោត​នៅ​សភា ច្បាប់សោធនិវត្តន៍​នេះ ​​នឹង​ត្រូវដាក់​ឲ្យ​ឆ្លងកាត់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ហេតុ​អ្វី​ត្រូវ​ឆ្លង​កាត់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ? តើ​ក្រុមប្រឹក្សា​អាច​នឹង​អារកាត់​សេចក្តីយ៉ាងណា ? ក្រោមការ​អំពាវនាវ​របស់​សហជីព និង​បក្ស​ប្រឆាំង ចលនាបាតុកម្ម​​ប្រឆាំង​នឹង​ច្បាប់​កំណែទម្រង់សោធននិវត្តន៍ មិន​ថមថយ​ទេ ! ថ្ងៃ​នេះ​ ចរាចរណ៍​ដឹកជញ្ជូន​សាធារណៈ​ក្នុង​រដ្ឋធានី​ប៉ារីស និ​ងខេត្ត​ក្រុង​ទូទាំង​ប្រទេស មាន​ការ​រអាក់​រអួល​យ៉ាង​ខ្លាំង។ បណ្តាញ​ខ្សែរថភ្លើង​ល្បឿន​លឿន​ ព្រមទាំង​ខ្សែរថភ្លើង​ឆ្លង​ស្រុក​ មាន​ដំណើរការ​ប្រមាណ​តែ​មួយភាគ​បី។ ការហោះហើរ​ក្នុង​តំបន់​ ត្រូវ​លុប​ចោល​ប្រមាណ​៣០%។ ស្ថានីយ៍​រថភ្លើង ចំណត​រថយន្តក្រុង​ អាកាសយានដ្ឋាន ផ្លូវ​ថ្នល់ ផ្លូវ​ដែក ... ​រង​ការ​រារាំង និង​បិទ​ខ្ទប់ ដោយ​អន្លើ ​ពី​សំណាក់​បាតុករ​។ សាលា​រៀន​មួ​យ​ចំនួន​ក៏​ត្រូវ​បិទ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ មាន​ភារៈ​ផ្តល់​ព័ត៌មាន មិន​ធ្វើ​កូដកម្ម​ទេ ប៉ុន្តែ​លើក​នេះ​កាសែត​ធំៗ​បារាំង​មួយ​ចំនួន​ដូច​យ៉ាង​ កាសែត LEMONDE បាន​ប្រកាស​ផ្អាក​ការ​ផ្សាយ​មួយ​ព្រឹក​។ ទាំង​នេះ​ស​ឱ្យ​ឃើញ​អំពី​ទំហំ​នៃ​ចលនា​ប្រឆាំង​។ ​ បន្ទាប់​ពី​​ច្បាប់​ត្រូវ​បាន​អនុម័ត​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោតនៅសភា​នៅ​ថ្ងៃ​ទី ចន្ទទី ២០​មីនាមក បាតុកម្មរប៉េះរបោះ​​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ថ្ងៃ​នេះ​ ជា​បាតុកម្ម​ធំ​ខ្លាំង​លើក​ទីមួយ ក្រោយ​ការ​អនុម័ត​ច្បាប់​និង​ បន្ទាប់ពី​ប្រធានាធិបតី ​បាន​ផ្តល់​បទ​សម្ភាស​ន៍​ពន្យល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ​​ចលនាប្រឆាំង​កាន់​តែ​ខឹង​ និង​កំពុង​នាំ​គ្នា​​បាតុកម្មយ៉ាង​ធំ​នេះ ក៏​ព្រោះ​យល់​ថា​រដ្ឋាភិបាល​លោកស្រី​នាយករដ្ឋមន្ត្រី​ អេលីហ្សាប៊ែត ប៊ន ដែល​បាន​រួច​ផុត​ពី​ញាត្តិចាប់​ថ្នាក់​ ប្រើ​មាត្រា​៤៩,៣​ ច្រើន​ជ្រុល ដើម្បី​អនុម័ត​ច្បាប់ចូលនិវត្តន៍​​ ប្រៀប​ដូច​ជា​ការ​បំបិទសិទ្ធិ​​​ប្រជាធិបតេយ្យ។​ ខឹង​​​ប្រធានាធិបតី​ម៉ាក្រុង​ ដែល​នៅក្នុង​បទ​សម្ភាសន៍ លោក​បាន​បង្ហាញ​ភាព​មានៈរបស់​លោក ដោយ​សុខចិត្ត​អាប់​ប្រជាប្រិយភាព​ឱ្យ​តែច្បាប់ដ៏​សំខាន់និង​​ចាំបាច់​​នេះ​បានចូល​​​ជា​ធរមាន​យ៉ាងយូរ​នៅចុងឆ្នាំ។ រដ្ឋាភិបាល​បាន​ថែម​ទាំង​​សម្រេច​បញ្ចូន​ច្បាប់​នេះ​ទៅឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លម្អិត​ទៀត។ តើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អាច​នឹង​សម្រេច​យ៉ាងណា ? វា​ជា​ការ​កម្រ​ណាស់ ​ដែល​នាយករដ្ឋមន្ត្រី​យក​ច្បាប់​អនុម័ត​ហើយ​ទៅ​ឆ្លង​កាត់​យោបល់​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ តែ​ប្រឈម​នឹង​កម្លាំង​ប្រឆាំង​បែប​នេះ រដ្ឋាភិបាល​ចង់​​បញ្ជាក់​អំពី​ភាពត្រឹម​ត្រូវ​​របស់​ខ្លួន ដោយ​បញ្ជូន​ច្បាប់​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លម្អិត​​ ដោយ​ផ្ទាល់​​​តែម្តងដូច្នេះ។ មាន​អំណាច​​កំពូល សម្រេច​ហើយ​គ្មាន​អ្វី​តវ៉ា​ទៀត​បាន តាម​ធម្មតា ក្រុមប្រឹក្សា​មាន​ពេល​១​ខែ​ ក្នុង​ការ​ផ្តល់​សេចក្តីសម្រេច​ ថា​ច្បាប់​កំណែទម្រង់សោធននិវត្តន៍​ របស់​រដ្ឋាភិបាល​ពិត​ជា​ត្រឹម​ត្រូវ ឬ​យ៉ាងណា​។ តែក្រុមប្រឹក្សាក៏​អាច​ផ្តល់​ចម្លើយ​ នៅ​ត្រឹម​៨​ថ្ងៃ ប្រសិន​បើ​រដ្ឋាភិបាល​ស្នើ​សុំ​ឱ្យ​ធ្វើ​កា​រត្រួតពិនិត្យ​បន្ទាន់។ យោល​ទៅ​លើ​ភាព​សំខាន់​នៃច្បាប់​ចំពោះ​សង្គម​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មានសមាជិក៨នាក់​និង ​​ប្រធានម្នាក់​(លោក​ឡូរ៉ង់​ហ្វាប៊ីយូស) ច្បាស់​ជា​បាន​ ​សិក្សា​ និង​មាន​ចម្លើយ​សម្រាប់​​គម្រោង​កំណែទម្រង់​ច្បាប់​នេះ​ខ្លះ​រួចទៅហើយ។ ក្រុមប្រឹក្សា​នឹង​ផ្តល់​ចម្លើយ​នៅរវាង​បី​សប្តាហ៍​ខាង​មុខ។ តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៨ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បំពេញ​ការងារ​ប្រកប​សុក្រិត្យភាព​បំផុត ​សម្រេច​ហាមឃាត់តែ​វិធានការថវិកា​​ណាដែល​នៅ​ក្រៅ​រង្វង់​​ច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រឹក្សា​​កម្រ​នឹង​ជំទាស់ ឬ​ចេញ​បម្រាម​ប្រឆាំងទាំង​ស្រុង​​នឹង​គម្រោង​ច្បាប់​របស់​រដ្ឋាភិបាល​ណាស់។ ពេញ​មួយ​របប​សាធារណរដ្ឋ​ទី៥នេះ គឺ​មាន​តែម្តង​​គត់​នៅ​ឆ្នាំ​១៩៧៩ប្រឆាំង​នឹង​ច្បាប់​ថវិកា និង​ម្តង​ទៀត​នៅ​ឆ្នាំ​២០២១ ប្រឆាំង​នឹង​ច្បាប់​ទីលំនៅ។ សម្រាប់​ច្បាប់​កំណែទម្រង់សោធននិវត្តន៍​នេះ ដែល​រដ្ឋាភិបាល​បង្ហាញ​ក្នុង​ទម្រង់​ជា​ច្បាប់កំណែទម្រង់​​ថវិកាផ្នែក​ធានារ៉ាប់រង​សង្គម​ឆ្នាំ​២០២៣​ ​មិនផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ។ ដូច្នេះ​ក្រុមប្រឹក្សា​ ​ទំនង​ជា​នឹង​មិនបញ្ចេញ​យោបល់​​ប្រឆាំងទេ។ បើ​មាន​គឺ​​​ត្រឹមជំទាស់​លើ​​ផ្នែក​ខ្លះ​នៃវិធានការ​ ទាក់ទង​នឹងសន្ទទស្សន៍​របប​ការងារ​​មនុស្ស​ចាស់​ចាប់ពី​អាយុ​៥៥​ឆ្នាំ​ប៉ុណ្ណោះ។ បើ​មាន​ការ​ជំទាស់​ផ្នែក​ណា​នោះ​គេ​ត្រូវ​ការ​ធ្វើ​ច្បាប់ទីពីរមក​ភ្ជាប់បញ្ចូល។ ​ប្រជាមតិ ? ទន្ទឹម​នឹង​ការ​សិក្សា​សំណើ​របស់​រដ្ឋាភិបាល ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ទទួល​បណ្តឹង​ពី​បក្ស​ប្រឆាំង​ដែរ។ សមាជិកសភា​និង​ព្រឹទ្ធ​សភា​ខាង​បក្ស​ប្រឆាំងចំនួន​២៥០​រូប​ បានស្នើ​​​សុំ​ឱ្យ​មាន​ដំណើរ​បែបបទ​ប្រជាមតិ​ជុំ​វិញ​ការកំណត់​អាយុ​​ចូល​និវត្តន៍​ត្រឹម​អាយុ​៦២​ឆ្នាំ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ មានពេល​មួយ​ខែ​ដែរ ក្នុង​ការផ្តល់​សេចក្តី​សម្រេច​ថា​សំណើនេះ​សមរម្យ​​គួរ​ទទួល​យក​ឬ​យ៉ាងណា​នោះ។ ប្រសិន​បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​យល់​ព្រម នោះ​ក្នុង​រយៈ​ពេល​៩​ខែ គេ​ត្រូវ​ប្រមូល​ហត្ថលេខា​របស់​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត ឱ្យ​បានយ៉ាង​ហោច​១០% ពោលគឺ​ស្មើ​នឹង​ប្រមាណ​៤,៨​លាន​នាក់។ ប៉ុន្តែ​តាំងពីចូល​ជា​ធរមាន​នៅ​​ឆ្នាំ​២០០៨  ច្បាប់​​ធ្វើ​ប្រជាមតិ​លើ​គម្រោងអ្វី​មួយ មិន​ដែល​ចេញ​រួច​ទេ ព្រោះ​មិន​ដែលប្រមូល​សំឡេង​អប្បបរិមាបាន។ នេះ​បើ​តាម​កំណត់​សម្គាល់​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ៕
3/23/20236 minutes, 15 seconds
Episode Artwork

អ.ស.ប. ទាញសញ្ញាអាសន្នពី “វិបត្តិខ្វះទឹកក្នុងពិភពលោក” តាមរយៈសន្និសីទអន្តរជាតិស្តីពីទឹក

ថ្ងៃទី២២មីនា គឺជាទិវាទឹកពិភពលោក​។ ទឹកគឺជាប្រភពមិនអាចខ្វះបាន សម្រាប់​ជីវិត​មនុស្ស សត្វ និង​​រុក្ខជាតិនៅ​លើភពផែនដីយើង​។ តែធនធានទឹក កំពុងតែជួបនូវ​ភាពហិនហោច។ អង្គការសហប្រជាជាតិ ទើបតែបានចេញរបាយការណ៍មួយ​ ទាញសញ្ញាអាសន្ន​​ ស្តីអំពីបញ្ហាខ្វះ​ទឹកប្រើប្រាស់ ដែលកំពុងតែ​ចោទខ្លាំងឡើងៗ នៅទូទាំងពិភពលោកយើង។ ១០%នៃមនុស្សលើផែនដី រងសំពាធខ្លាំងណាស់ ដោយសារបញ្ហាគ្មានទឹកស្អាត​ប្រើប្រាស់។ គឺនៅ​ក្នុង​បរិបទនេះហើយ អង្គការសហប្រជាជាតិបានបើក​សន្និសីទអន្តរជាតិមួយ ស្តីពីទឹក ចាប់ពីថ្ងៃទី២២មីនា នៅឯទីស្នាក់ការទីក្រុងញូយ៉ក​។ យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ស្តីពីធនធានទឹក ដែលចេញផ្សាយ​នៅព្រឹកថ្ងៃទី​២២មីនានេះ​ គឺយ៉ាងហោចណាស់ មនុស្ស​ចំនួន​ ២៣០០លាននាក់ នៅទូទាំងពិភពលោកយើង ដែលកំពុង​រស់នៅតាមប្រទេសដែលមាន​សំពាធដ៏លំបាក ដោយសារតែបញ្ហាគ្មាន​ទឹកប្រើប្រាស់។ ហើយចំនួន​២ពាន់លាននាក់​  គឺគ្មាន​ទឹកស្អាតប្រើប្រាស់ និង​បរិភោគប្រចាំថ្ងៃទេ។​ ហើយយោងតាមរបាយការណ៍ចុងក្រោយរបស់អ្នកជំនាញ​អាកាសធាតុ នៃអង្គការសហប្រជាជាតិ ដែលចេញផ្សាយ​កាលពីថ្ងៃចន្ទ ទី​២០​មីនា គឺយ៉ាងហោចណាស់ មនុស្សចំនួន​​ពាក់កណ្តាល ​ដែលរស់នៅ​លើផែនដី​ បានរងនូវបញ្ហា​ខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ ក្នុងរយៈពេលណាមួយ​ជារៀងរាល់ឆ្នាំ​។ កាន់តែ​ក្រីក្រ កាន់តែប្រឈមខ្លាំងដោយ​បញ្ហា​ខ្វះទឹក​ស្អាត លោក Richard Connor អ្នកជំនាញនិងជាសមាជិក​ម្នាក់សរសេររបាយការណ៍ បាន​លើកឡើងថា បញ្ហាខ្វះទឹកប្រើប្រាស់នេះ វាបានរំលេចឲ្យ​ឃើញផងដែរ នូវគម្លាតគ្នា រវាងអ្នកមាននិងអ្នកក្រ មិនថាស្រុកណាឬស្រុកណាទេ។ អ្នកដែលមានជីវភាពធូរធា​ អ្នកនោះអាចមានទឹកប្រើ​ប្រាស់។ ផ្ទុយទៅវិញ បើ​មនុស្សនោះ​​កាន់តែក្រីក្រ គឺអ្នកនោះ កាន់តែប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ កុំថាឡើយដល់ទៅទឹកស្អាតសម្រាប់បរិភោគ។ បញ្ហាមិនមែនស្ថិតនៅតែលើការខ្វះទឹក​មួយមុខទេ បញ្ហាដ៏ធំមួយទៀត គឺបញ្ហាប្រភពទឹកត្រូវបំពុល ធ្វើឲ្យ​កម្រិតចំនួន​ទឹកស្អាត កាន់តែ​រួញខើចសម្រាប់មនុស្ស​។ ការខ្វះ​ប្រព័ន្ធចម្រុះ បន្សុតទឹកស្អាត គ្មានបណ្តាញលូ ប្រព័ន្ធប្រឡាយទឹកត្រឹមត្រូវ គឺជាកត្តាមួយ​បំពុលទៅដល់​ប្រភពទឹក។ លើផែនដីយើងនេះ មនុស្សយ៉ាងហោច ២ពាន់​លាននាក់ បរិភោគទឹកដែលមិនស្អាតបរិសុទ្ធ ទឹកដែល​ប្រឡាក់លាយឡំជាមួយលាមក មេរោគ បាក់តេរីផ្សេងៗ​ ដែលធ្វើ​ឲ្យពួកគេប្រឈមនឹងជម្ងឺដង្កាត់ច្រើនយ៉ាងណាស់ ដូចជាជំងឺអាសន្នរោគ ជំងឺគ្រុនសន្ធំ ទីហ្វូអ៊ីដ ជំងឺ​ប៉ូលីយ៉ូ ដែលធ្វើឲ្យខូចខួរឆ្អឹងខ្នង ដែលយើងហៅជាទូទៅថា ជំងឺស្វិត​ដៃជើងជាដើម​។ ជំងឺទាំងអស់នេះ គឺសុទ្ធតែឆ្លងតាមរយៈការបរិភោគទឹកក្រខ្វក់។     ក្រៅពីនេះ ប្រភពទឹក អាចត្រូវបំពុលដោយសារធាតុ​ពុលផ្សេងៗទៀត ដែលមានដូចជា សារធាតុគីមី ផលិត​ផល​ឱសថ ថ្នាំសម្លាប់សត្វល្អិត​ កំទេចប្លាស្ទិក និងល្អងលោហៈធាតុ ជាច្រើនមុខទៀត។ ទាំងអស់នេះ គឺវាចូលរួមធ្វើ​ឲ្យ​មនុស្ស​មានបញ្ហាសុខភាព​ ហើយដែលអ្នកក្រ កាន់តែប្រឈមគ្រោះថ្នាក់ ព្រោះអ្នកក្រគ្មានលទ្ធភាពទទួលបានទឹកស្អាតបរិភោគ​។ លោក Richard Connor បាន​ទាញសញ្ញាអាសន្នថា បើនៅតែបែបនេះ ចំនួន​មនុស្ស​ដែល​មិនអាចទទួល​បាននូវ​សេវា​រំដោះទឹកក្រខ្វក់ឲ្យបានត្រឹមត្រូវ ពិតជាកើនចំនួន ពី៤០ ទៅ៥០%នៃចំនួនមនុស្ស​លើផែនដី ហើយ​២០ទៅ ២៥% នឹងគ្មានទឹកស្អាតបរិភោគទេ ទៅថ្ងៃមុខ។​ “មនុស្ស​ដើរលើផ្លូវ​ ដែលគ្រោះថា្នក់ដល់អាយុជី​វិតខ្លួនឯង​” មនុស្ស​យើងត្រូវការទឹកសម្រាប់រស់ តែផ្ទុយទៅវិញ គឺមនុស្សយើងដែលជាអ្នក​បំផ្លាញប្រភពជីវិតខ្លួនឯង។ ការបំផ្លាញមានច្រើនរូបភាព ដែលភាគច្រើនគឺវាឆ្លុះបញ្ចាំងពី​ ភាពអត្មានិយមគិតតែប្រយោជន៍​ខ្លួន ដោយ​ភ្លេចគិតថា ទឹកជាសម្បត្តិរួមរបស់​មនុស្ស​គ្រប់គ្នា។ ក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ តម្រូវការទឹក​នៅទូទាំងពិភពលោក បាន​កើនឡើង១%ជារៀងរាល់ឆ្នាំ។ តំបន់អាស៊ីខាងកើត និងតំបន់អាមេរិកខាងត្បូង ដែល​កន្លងមក​មិនដែលជួបបញ្ហាខ្វះទឹក ពេលនេះក៏ចាប់ផ្តើម​ជួបបញ្ហានេះបណ្តើៗដែរ​។ លោកអគ្គលេខាធិការនៃអង្គកាសហប្រជាជាតិ បានថ្លែងថា មនុស្សលោកយើងបច្ចុប្បន្ននេះ ​កំពុងតែដើរឆ្ពោះទៅកាន់ផ្លូវដ៏គ្រោះថ្នាក់ សម្រាប់អាយុជីវិតខ្លួនឯង។ ចំនួន​មនុស្សកាន់តែច្រើនលើផែនដី តែចំនួនធនធានទឹកវិញ កាន់តែចុះថយ។ ការប្រើប្រាស់ទឹកលើសចំណុះ លើសតម្រូវការ ដោយការខ្ជះខ្ជាយរបស់​មនុស្សម្នាក់ៗ ដោយគ្មានការទទួលខុសត្រូវ។ ការអភិវឌ្ឍន៍ ឬក៏សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែល​ត្រូវការប្រើទឹកច្រើនហួសប្រមាណ ក៏ជាកត្តាចូលរួមធ្វើ​ឲ្យទឹកកាន់តែខ្វះ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស។ បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យ​បាត់បង់តុល្យភាពនៃធនធានទឹក។ ទីកន្លែងខ្លះទឹកជំនន់ជន់ជោរ លិចលង់មួយរំពេច និងជាញឹកញាប់ ខណៈតំបន់ផ្សេងទៀត ស្ងួតប្រេះក្រហែងរកតែភ្លៀងមួយដំណក់គ្មាន​។ គ្រោះរាំងស្ងួត គ្មានទឹកប្រើប្រាស់ វាមកបន្ថែមការលំបាកលំបិន ដល់ជីវិតមនុស្ស​រាប់​សិបលាននាក់ ដែល​មានជីវភាពក្រីក្រ ហើយធ្វើឲ្យ​ពួកគេ​ប្រឈមជារៀងរាល់ថ្ងៃ នូវគ្រោះទុរភិក្ខ​ គ្មានចំណីអាហារបរិភោគ។ ដល់ពេលហើយ ដែលមនុស្សយើងម្នាក់ៗ ត្រូវគិតថា ទឹកមួយដំណក់ដែលយើងបង្ហូរចាក់ចោលគ្មានស្តាយស្រណោះនោះ គឺវាមានតម្លៃសំខាន់ខ្លាំងកម្រិតណា សម្រាប់មនុស្សខ្លះ ដែលគ្នា​រកតែទឹកបរិភោគគ្មាន។ ដូច្នេះ ការសន្សំសំចៃ វាគឺជាអ្វីដែលមនុស្សយើងម្នាក់ៗ អាចចូលរួម​បាន​។​ ឆ្នាំ២០៣០ មនុស្សពេញមួយពិភពលោកអាចមានទឹកស្អាតប្រើប្រាស់? ក្នុងរយៈពេល២ថ្ងៃនេះ មនុស្សចំនួន ៦៥០០នាក់ នឹងចូលរួម​នៅក្នុងសន្និសីទនៅទីក្រុងញូយ៉ក ដែលក្នុងនោះ គឺមាន​រដ្ឋមន្ត្រី និង​ប្រមុខរដ្ឋាភិបាលប្រទេសជាង១០០​ចូលរួមដែរ។ គេសង្ឃឹមថា នៅក្នុងឱកាសន្និសីទនេះ គឺនឹង​មានការឆ្វេងយល់ ការ​សន្យា ដើម្បីរៀបចំយន្តការ និង​ផែនការសកម្មភាពជាក់​ស្តែង​ ឈានទៅ​ការពារធនធានទឹក ឈានទៅ​រៀបចំឲ្យ​ប្រជាជនដែលប្រឈម អាចទទួលបាន​នូវសេវាទឹកស្អាតប្រើប្រាស់។ បញ្ហាទឹកវាសំខាន់ណាស់ តែសន្និសីទអន្តរជាតិទ្រង់ទ្រាយធំស្តីពីទឹក គឺមិនដែលរៀបចំធ្វើទេ ប្រមាណ​៤៦ឆ្នាំមកនេះ។ មានន័យថា ពិភពលោក​ទើបតែភ្ញាក់ខ្លួនទេ! អង្គការសហប្រជាជាតិ បានដាក់ចុះនូវកម្មវត្ថុ កាលពីឆ្នាំ២០១៥ ថានៅរវាងឆ្នាំ​២០៣០ នឹង​ធានាឲ្យ​ប្រជាជន​ក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់។ កម្មវត្ថុដែលស្ថិតនៅឆ្ងាយ​ខ្លាំងណាស់ សម្រាប់​ពេលបច្ចុប្បន្ននេះ​។ យោងតាមលោក Gilbert Houngbo ប្រធានផ្នែកទឹក នៃអង្គការសហប្រជាជាតិ បាន​លើកឡើងថា ដើម្បីសម្រេចកម្មវត្ថុនេះបាន គឺទាល់តែពិភពលោកយើង បង្កើនថវិកាវិនិយោគ ឲ្យ​បាន​១គុណជា​៣ឯណោះ នៅក្នុងវិស័យ​ទឹកស្អាត។​ អ្វីដែលគេរំពឹងរងចាំជាលទ្ធផលនៃសន្និសីទនេះ គឺការសន្យាជាក់ច្បាស់របស់ប្រទេសនីមួយៗ លើចំនុចមួយចំនួន ដូចជា ការអភិវឌ្ឍន៍រៀបចំបណ្តាញ​បង្ហូរទឹកក្រខ្វក់ឲ្យ​បានត្រឹមត្រូវ ដើម្បីការពារប្រភពទឹកស្អាត ការរៀបចំផែនការ​ទប់ទល់ជាមួយ​ទឹកជំនន់ និង​ គ្រោះរាំងស្ងួត ព្រមទាំង​ផែនការអភិវឌ្ឍន៍​ប្រកបដោយចីរភាព ដែល​ការពារធនធានទឹក ប្រព័ន្ធជីវចម្រុះជាដើម។ កញ្ចប់ថវិកាស្រាវជ្រាវទៅលើទឹក ក៏ជាចំណុចសំខាន់ដែលគេរំពឹងរងចាំដែរ។​ អង្គការក្រៅរដ្ឋាភិបាលធំៗមួយចំនួន ដូចជា WWF ជាដើម ក៏សង្ឃឹមថានឹងយកឱកាសសន្និសីទនេះ ដើម្បី​ដាក់សំពាធ ទាញសញ្ញាអាសន្នប្រាប់ទៅ​រដ្ឋាភិបាល​ប្រទេសនីមួយៗ ឲ្យចាប់ផ្តើមគិតគូរអភិរក្ស ការពារឲ្យបានជាក់ស្តែងនូវប្រភពទឹកសាប។ ការវិនិយោគ ដើម្បី​ការពារប្រភពទឹកសាប ពីនេះដល់ឆ្នាំ​២០៣០ គឺត្រូវការមិនច្រើនប៉ុន្មានទេ ត្រឹមតែជាង​១% នៃចំណូលដុលពិភពលោក​ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ មនុស្សជាតិនឹង​ទទួល​បាន​ផល​ដ៏វិសេសវិសាលណាស់ តាមរយៈការវិនិយោគប្រភេទនេះ ព្រោះវា​នឹងជំរុញការរីកចម្រើន បង្កើនផលិតផលកសិកម្ម ហើយធ្វើឲ្យ​កត្តាជីវភាពការ​រស់នៅរបស់​ប្រជាជនក្រីក្រ កាន់តែល្អប្រសើរឡើង។ ផែនការនយោបាយ​គ្រប់គ្រងធនធានទឹក ដោយការសហការគ្នា ប្រកបដោយការទទួលខុសត្រូវ រវាងប្រទេសមួយទៅប្រទេសមួយ វាក៏ជាប្រភពនៃការដោះស្រាយ​វិវាទ ភាពតានតឹងដែរ។​ ប្រទេសជាច្រើន អាស្រ័យផលពីដងទន្លេ ឬប្រភពធនធានទឹកសាបរួមគ្នា។ ដូច្នេះវាគឺជារឿងចាំបាច់ ដែល​ត្រូវតែសហការគ្នា​ បោះបង់​ចោល​គំនិតអាត្មានិយម ដែលអាចឈានទៅបង្កជម្លោះវិវាទ៕
3/22/20238 minutes, 50 seconds
Episode Artwork

លោកស៊ីជីនពីង​និង​លោកពូទីន​ជួប​គ្នា​ជា​ថ្មី នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​ក្រុង​កៀវ

បន្ទាប់​ពីមាន​ជំនួប​ក្រៅផ្លូវការមួយ​ទល់​នឹង​មួយ​​រយៈ​ពេល​ជាង​បួនម៉ោង កាលពីម្សិលមិញ នៅ​ថ្ងៃអង្គារ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​សមភាគី​លោក​ វ្លាដេមៀ ពូទីន ត្រូវ​បន្ត​ជួប​ពិភាក្សា​គ្នា​ទៀត​ជា​លើក​ទីពីរ ក្នុង​ទម្រង់​​ផ្លូវការ នៅទីក្រុង​មូស្គូ។ ទន្ទឹម​គ្នា​នោះ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា ត្រូវ​អញ្ជើញ​ទៅ​ដល់​នៅទីក្រុង​កៀវជា​លើក​ទីមួយ​​ ដើម្បី​ជួប​​លោក​ហ្សេឡេស្គី ប្រធានាធិបតី​អ៊ុយក្រែន។ នៅថ្ងៃ​ទីពីរនេះ ក្នុង​ជំនួប​ដែល​មាន​ទម្រង់​ផ្លូវការ​ជាងជំនួប​​ម្សិលមិញ ប្រធានាធិបតី​ទាំងពីរ ត្រូវ​ផ្តោត​កិច្ចពិភាក្សា លើ​សំណុំ​រឿង​សង្គ្រាម​នៅអ៊ុយក្រែន​ ជា​ថ្មី​ ដោយ​ចៀស​មិន​រួចឡើយ។ ប៉ុន្តែ​ នៅ​មាន​ប្រធាន​បទ​សំខាន់ផ្សេង​​​ទៀត ដែល​កំពុង​រង់​ចាំ​ប្រមុខ​រដ្ឋ​ទាំងពីរ គឺការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ចិន-រុស្ស៊ី ជា​ទូទៅផង និង​រឹត​ចំណង​​វិស័យ​សេដ្ឋកិច្ច​ជាពិសេសទៀត។ មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​នឹង​ត្រូវ​ចុះហត្ថលេខា​ ក្នុង​​ជំនួប​របស់​ប្រធានាធិបតី​ទាំងពីរ មាន​ជា​អាទិ៍​ សេចក្តីថ្លែងការណ៍​រួម​​ស្តី​ពីការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​​ទ្វេភាគី​ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០។ ចិន-​រុស្ស៊ី ទំនាក់ទំនង​យុទ្ធសាស្ត្រ លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង បាន​ពន្យល់​ថា ទស្សនកិច្ចរបស់​លោក​ជា​ចម្លើយ​តប​ទៅ​នឹង​​ប្រវត្តិសាស្ត្រ ព្រោះ​រុស្ស៊ី​និង​ចិន​ជា​មហាអំណាច​ជាប់​របង​គ្នា និង​ជា​ដៃគូយុទ្ធសាស្ត្រ​លើ​គ្រប់​កំរិត។ ទស្សនកិច្ច​របស់​លោក​ស៊ីជីនពីង​នៅមូស្គូ ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​​រុស្ស៊ី កំពុង​ចង់​តម្រែតម្រង់​ទិស​សេដ្ឋកិច្ច​របស់​ខ្លួន​ ទៅ​រក​ប៉េកាំង ដើម្បី​ប្រឈម​​នឹង​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​បស្ចិមលោក​ប្រឆាំង​នឹង​រុស្ស៊ី​ដែពីបទ​​ធ្វើ​សង្គ្រាម​ចូល​ឈ្លានពាន​អ៊ុយក្រែន។ ជា​និម្មិតរូប​នៃ​ការច្របាច់​​សេដ្ឋកិច្ច ចិន​រុស្ស៊ី​ឱ្យ​កាន់​តែ​ស៊ីចង្វាក់​គ្នា ក្រុមហ៊ុន​ហ្កាសរុស្ស៊ី Gazprom  បាន​ប្រកាស​នៅថ្ងៃអង្គារ​នេះ​តែ​ម្តង បញ្ជូន​ឧស្ម័ន​ក្នុង​បរិមាណ​ដ៏​ច្រើន​បំផុត​ បំបែក​ឯតទគ្គកម្ម​ ទៅ​ឱ្យ​ចិន តាម​ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន​ឆ្លង​ព្រំដែន​ Force de Sibérie។ ជាង​នេះទៅទៀត លោក​ប្រធានាធិបតី​ចិន ទំនង​ជា​នឹងអញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប៉េកាំង ក្នុង​ឆ្នាំ​នេះ​តែម្តង។ នេះ​ស​ឱ្យ​ឃើញ​ថា ចិន​មិន​ខ្វល់​នឹង​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដាក់​ប្រឆាំង​នឹង​លោក​ពូទីនទេ។ ម្សិលមិញ ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​ក្រៅផ្លូវ​ការ​រយៈ​ពេល​ជាង​បួន​ម៉ោង ប្រមុខ​ដឹកនាំ​ទាំងពីរ ល្អូនល្អើន​នឹង​គ្នា​ណាស់។ ចិន​​ស្នើ​ខ្លួន​ធ្វើ​ជាអាជ្ញាកណ្តាល នាំ​ភាគី​ជម្លោះ​ឱ្យ​ចូល​តុចរចា តាម​រយៈ​ផែនការ​១២​ចំណុច​ ដែល​លោក​ពូទីន​ព្រម​ទទួល​យក​រីករាយ​ ហៅចិន​ថា​ “​មិត្តជា​ទីស្នេហា” ​ផ្តល់​សំណើ​ដ៏​​​ត្រឹម​ត្រូវ​ មាន​សមភាព តាម​ច្បាប់​អន្តរជាតិ។ អាមេរិក​អឺរ៉ុប​បន្ថែម​ជំនួយ​យោធា​ដល់អ៊ុយក្រែន ប៉ុន្តែ​ លោករដ្ឋមន្ត្រីការបរទេស​អាមេរិក អង់តូនី ប្លីងកិន បាន​បញ្ចេញ​ប្រតិកម្មភ្លាម អំពាវនាវ​មិន​ឱ្យ​ពិភពលោក​ជឿ​លើសេចក្តី​សម្រេចបែប​តាកតិក​​របស់​រុស្ស៊ី​ តាម​​សំណើ​របស់​ចិន ក្នុង​ការបង្ក​ក​​សង្គ្រាម​នៅ​​អ៊ុយក្រែនទេ។ សង្គ្រាម​បាន​បង្ខិត​ទំនាក់ទំនង​ចិន​និង​រុស្ស៊ី ឱ្យ​កាន់​តែ​ស្និទ្ធ​នឹង​គ្នា។ សម្រាប់​លោក​អង់តូនី ប្លីងកិន អាមេរិក​ស្វាគមរាល់​គ្រប់​គំនិត​ផ្តួចផ្តើម​ផ្នែកការទូត​ដើម្បី​សន្តិភាព​ជា​និរន្ត​និង​ប្រកប​ដោយសមធម៌ ប៉ុន្តែ​អាមេរិក​សង្ស័យ​លើ​ឆន្ទៈ​របស់​ចិន​ ក្នុង​ថែរក្សាបូរណភាពនិង​អធិបតេយ្យភាព​ទាំង​ស្រុង​ឱ្យ​​អ៊ុយក្រែន។ ជា​សញ្ញា​នៃ​ភាព​មិន​ទុក​ចិត្ត​ ក្នុង​ពេល​ដែល​លោក​ស៊ីជីនពីង កំពុង​បំពេញ​ទស្សនកិច្ច​បែប​គាំទ្រ​លោកពូទីន សហរដ្ឋ​អាមេរិ​ក​និង​សហភាព​អឺរ៉ុប ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​ក្រុង​កៀវ។ ចំណែក​លោក​ប្រធានាធិបតីអ៊ុយក្រែន​ផ្ទាល់ បាន​​រក្សា​ជំហរ​​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ដោយ​សុំ​និង​ជំរុញ​ឱ្យ​លោកស៊ីជីន​ពីង​ប្រើ​ឥទ្ធិពល​របស់​ដាក់​លើ​មូស្គូ​ឱ្យ​​បញ្ឈប់​សង្គ្រាម​ឈ្លានពាន ព្រោះមូស្គូ​រំពឹង​លើ​ចិន​ខ្លាំង​ជាង​ចិន​រំពឹង​លើ​រុស្ស៊ី។     នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​អ៊ុយក្រែន​ ​ក្នុង​ពេល​ដែល​ចិន​ទៅគាំទ្រ​រុស្ស៊ី​ដល់​ផ្ទះ ជប៉ុន​ក៏​ត្រូវ​តែ​ផ្តល់​ការ​គោរព ចំពោះ​សេចក្តីក្លាហាន​និង​អំណត់​តស៊ូ​របស់​ប្រជាពល​រដ្ឋ​អ៊ុយក្រែន ដែល​ប្រឹងការពារ​មាតុប្រទេស តាម​រយៈ​ទស្សនកិច្ច​ដោយ​ឥត​ប្រាប់​មុនរបស់​លោក​នាយករដ្ឋមន្រ្តី គីស៊ីដា​ នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ។ ជប៉ុន​ត្រូវ​តែ​បង្ហាញ​សាមគ្គីភាព​និង​ការ​គាំទ្រ​ឥត​ងាករេដល់​អ៊ុយក្រែន ក្នុង​នាម​ប្រទេស​ជប៉ុន​ផង និ​ងក្នុង​នាម​G៧ ដែល​ជប៉ុន​ជា​ប្រធាន​ផ្លាស់​វេន​ផង​សម្រាប់​ឆ្នាំ​នេះ។ តាមការ​ពិត​ ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុនបាន​សិក្សា​​អំពី​លទ្ធភាព​ធ្វើ​ដំណើរ​មក​អ៊ុយក្រែន​ តាំង​ពី​ជា​យូរ​ថ្ងៃ​ខែ​មក​ហើយ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​ គឺ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ក្នុង​ក្រុម​ហ្សេ៧ តែ​គត់​ដែល​មិន​ទាន់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កៀវ  គិត​ចាប់​តាំង​ពី​ជម្លោះ​បានផ្ទុះ​ឡើង​នៅ​ថ្ងៃទី ២៤កុម្ភៈ​ឆ្នាំ​២០២២មក។ ជាមួយ​ក្រុម​លោកខាង​លិច ជប៉ុន​បាន​ចូល​រួម​ដាក់​ទណ្ឌកម្ម​រុស្ស៊ី និង​បាន​ផ្តល់​ជំនួយ​ដល់​ក្រុង​កៀវ។ កាលពី​ខែកុម្ភៈ​ ជប៉ុន​បាន​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​បន្ថែម​ទៀត​ចំនួន ៥៥០០​លាន​ដុល្លារ ទៅ​ឱ្យ​អ៊ុយក្រែន។ តូក្យូ​បាន​បញ្ជូន​សម្ភារៈ​បរិក្ខារ​ការពារ និង​ទទួល​យក​ពលរដ្ឋ​អ៊ុយក្រែន​ដែល​ចង់​រត់​គេច​ពី​សង្គ្រាម​ទៀត​។ ប៉ុន្តែជប៉ុន​មិន​បាន​ផ្តល់​ជំនួយ​យោធា​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់​ប្រទេស​មិន​អនុញ្ញាត។ លោក​គីស៊ីដា គឺ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ (សង្គ្រាម) គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​បិទ​បញ្ចប់​មក។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​អ៊ុយក្រែន​ ចាត់​ទុក​ដំណើរ​មក​ដល់​ក្រុង​កៀវ​​របស់​គីស៊ីដា ជា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ដែល​មាន​តម្លៃ​សាមគ្គីភាព​ដ៏​ធំធេង​ណាស់៕
3/21/20236 minutes, 10 seconds
Episode Artwork

ទស្សនកិច្ច​​របស់​លោក ស៊ី ជីនពីង នៅម៉ូស្គូ ក្រោម​ក្រសែភ្នែក​​​ដ៏​ប្រុងប្រយ័ត្ន​បំផុត​របស់​​អ៊ុយក្រែន

លោកប្រធានធិបតីចិន ស៊ី ជីនពីង បានទៅដល់ទីក្រុងម៉ូស្គូ​ហើយ នៅរសៀលថ្ងៃចន្ទ ទី​២០មីនានេះ។ ដំណើរទស្សនកិច្ច​ដែល​កំពុងត្រូវគេរងចាំតាមដានបំផុត ជាពិសេស ពីភាគីអ៊ុយក្រែន ខណៈចិន​កំពុងប្រឹងប្រែង​ធ្វើខ្លួនជាអាជ្ញាកណ្តាល​ដើម្បី​ដោះស្រាយ​បញ្ហា។ តែទន្ទឹមគ្នានេះ តាមរយៈទស្សនកិច្ច​នេះ វាបាន​បង្ហាញ​ពី​​ភាពស្និទ្ធស្នាលនិងចំណងសម្ព័ន្ធភាព រវាង​លោក​ស៊ី ជីនពីង និង​លោកពូទីន​ ដែលកាន់តែរីកធំខ្លាំងក្លា ​ហើយ​ដែល​វា​​​ធ្វើ​ឲ្យ​គេព្រួយ​បារម្ភ ព្រោះចិនអាចនឹងជួយទំនុកបម្រុងរុស្ស៊ី ក្រោមរូបភាពផ្សេងៗ ដើម្បីរួមគ្នា​​យកឈ្នះសង្គ្រាមជាមួយសម្ព័ន្តមិត្តលោក​ខាងលិច។ មើលចុះ រុស្ស៊ីមិនឯកាឯណា ! វត្តមានរបស់​ប្រធានាធិបតីចិននៅម៉ូស្គូនាពេលនេះ​ វាគឺជាខ្យល់ដកដង្ហើម​ សប្បាយរសាយអារម្មណ៍ ល្អហួសពន់ពេកណាស់ សម្រាប់​លោក​ពូទីន ដែល​ទើបតែត្រូវបាន​តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ប្រកាសចោទប្រកាន់ជាផ្លូវការ ពី​បទ​ឧក្រិដ្ឋកម្មសង្គ្រាម​។ ភាគីរុស្ស៊ី មិនត្រឹមតែមិនខ្វល់ មិនឲ្យ​តម្លៃ​​លើ​ការចោទប្រកាន់នេះប៉ុណ្ណោះទេ លោ​កឌីមីទ្រី ម៉េតវែដេវ អតីតប្រធានាធិបតីរុស្ស៊ី បានថែមទាំងគំរាមថា អគារតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ អាចនឹងរងគ្រាប់មីស៊ីលរបស់រុស្ស៊ីថែមទៀតផង។ បន្ថែមពីនេះ ដើម្បីបង្ហាញ​ពី​ភាពក្រអឺតក្រទម ដោយ​មិនញញើតឬអៀនខ្មាសនោះ​​ លោកពូទីន បានថែមទាំងធ្វើដំណើរទៅដល់ទីក្រុងម៉ារីយូប៉ូលរបស់អ៊ុយក្រែន កាលពី​យប់ថ្ងៃសៅរ៍ ​ទីក្រុង​​ដែល​​កងទ័ពខ្លួនបានទំលាក់គ្រាប់​បែក ​ជញ្ជ្រុំខ្ទេចខ្ទីរអស់សឹងទាំងស្រុង​។ ពីខាងភាគីអ៊ុយក្រែន ដំណើរទៅដល់ទាំងកណ្តាលអាធ្រាត្ររបស់​លោកពូទីន នៅក្រុងម៉ារីយូប៉ូលនេះ គឺមិនខុសពីសកម្មភាពរបស់មេចោរ ដែលចេញធ្វើសកម្មភាព​កណ្តាលយប់នោះទេ! ជាង១ឆ្នាំមកនេះ ក្រោយ​ពេលរុស្ស៊ី​បាន​លើកទ័ព ចូលទៅធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន រុស្ស៊ី​បាន​រងនូវទណ្ឌកម្មសេដ្ឋកិច្ច​ ព្រមទាំងការថ្កោលទោស​ជាបន្តបន្ទាប់ ពីសំណាក់ក្រុមប្រទេសលោកខាងលិច។ ចិនគឺជាមហាអំណាចដ៏កម្រមួយ ដែល​មិន​បាន​ប្រកាសថ្កោលទោសរុស្ស៊ីទេ ហើយថែមទាំងមិនបានចូលរួម​ក្នុង​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀត។ ដូច្នេះ​ ទស្សនកិច្ច​របស់ស៊ី ជីនពីង នៅក្រុងម៉ូស្គូនាពេលនេះ វាមានតម្លៃជានិម្មិតរូបធំសម្បើមណាស់។​ វាបញ្ជាក់ ពី “សម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ធំរឹងមាំនិង​គ្មានទីបំផុត” រវាងចិននិងរុស្ស៊ី​​។ សម្ព័ន្ធភាពនេះ​ ត្រូវបាន​មេដឹកនាំទាំងពីរ បានប្រកាសរួមគ្នាកាលពីដើមឆ្នាំ​២០២២ ប៉ុន្មានសប្តាហ៍​ប៉ុណ្ណោះ​មុនពេល​រុស្ស៊ីលើកទ័ពចូលអ៊ុយក្រែន​។​ នៅថ្ងៃចន្ទនេះ កាសែតរុស្ស៊ី Rossiyskaya Gazeta បានចុះផ្សាយអត្ថបទមួយ សេរសេរអំពី​ការលើកឡើងរបស់​លោក ស៊ី ជីនពីង ដែល​ចាត់ទុកថា ទស្សនកិច្ចរបស់ខ្លួននៅម៉ូស្គូនៅពេលនេះ គឺជា “ទស្សនកិច្ច​មិត្តភាព សហប្រតិបត្តិការ និងសន្តិភាព​”។ លោក​ស៊ី ជីនពីង សង្កត់បន្ថែមថា គាត់​ទន្ទឹងចង់​បាន​ឆាប់ៗបំផុត ឲ្យ​ប្រទេសទាំង២ចាប់ដៃគ្នាដើរឆ្ពោះទៅទស្សនវិស័យ​ថ្មី នៃចំណងសហប្រតិបត្តិការទ្វេភាគី។ “សម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏រឹងមាំ និងគ្មានទីបំផុត​” តាមការគ្រោងទុក លោកស៊ី ជីនពីង និង​លោក​ពូទីន នឹងជួបនិយាយគ្នា ជាលក្ខណៈក្រៅផ្លូវការមួយភ្លែតនៅ​ល្ងាចនេះ មុននឹងពិសារភោជនីយអាហារជុំគ្នា។ គឺនៅថ្ងៃអង្គារស្អែក ដែលនឹងមានជំនួប​ទ្វេភាគីជាលក្ខណៈផ្លូវការ។ នេះបើផ្អែកតាម​លោក Iouri Ouchakov ទីប្រឹក្សាផ្នែកការទូតរបស់​វិមានក្រេមឡាំង។ ប្រភពដដែលនេះ អះអាងទៀតថា មេដឹកនាំទាំង២ នឹងចុះហត្ថលេខារួមគ្នា លើសេចក្តីប្រកាសរួមមួយ ស្តីអំពីការរឹតចំណងសហប្រតិបត្តិការ​យុទ្ធសាស្ត្រ ឲ្យ​កាន់តែស៊ីជំរៅ។ បន្ថែមពីនេះ នឹងមាន​ឯកសារមួយស្តីអំពី សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ពីនេះដល់ឆ្នាំ​២០៣០ ថែមទៀតផង។ ជាការពិតណាស់ ភាគីអ៊ុយក្រែន​ មិនខុសពី​ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច តាមដានខ្លាំងណាស់លើទស្សនកិច្ចនេះ ព្រោះគេចង់ដឹងថាចិន នឹងធ្វើអ្វីជាមួយរុស្ស៊ី។ យ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែន មាន​ការប្រុងប្រយ័ត្នមាត់ណាស់ មិន​ធ្វើប្រតិកម្ម អត្ថាធិប្បាយអ្វីច្រើនទេ បើទោះបីជាគ្រប់គ្នាឃើញថា ចិនបង្ហាញជំហរគាំទ្ររុស្ស៊ី​កាន់តែខ្លាំងក៏ដោយ​។ មន្ត្រីអ៊ុយក្រែន តមមាត់​សុខចិត្តនៅស្ងាត់សិនពេលនេះ ព្រោះ​ភាគីអ៊ុយក្រែនទំនងជាចង់ទុក​មុខឲ្យចិន មិនចង់​ឲ្យចិនទើសចិត្តនឹងខ្លួនកាន់តែខ្លាំង​។ ថាមិនត្រូវ​ទៅថ្ងៃមុន ចិនអាចដើរតួនាទីសំខាន់សម្រាប់ជួយអ៊ុយក្រែន​ក៏ថា​បាន ព្រោះ​ថា​មានតែចិនទេ ដែលអាចមានទំងន់ខ្លះ ដើម្បីនិយាយជាមួយ​លោកពូទីនបាន​។​ CIA លើកឡើងថាចិន អាចនឹង​ផ្តល់អាវុធឲ្យអ៊ុយក្រែន​ ពាក់ព័ន្ធនឹងដំណឹងអះអាងថា ចិនអាចនឹងផ្តល់ជាអាវុធទៅ​ឲ្យរុស្ស៊ី ដែលអាចមានដូចជាគ្រាប់កាំភ្លើង ព្រមទាំងយានដ្រូននោះ ​វាគឺជាការអះអាងរបស់ CIA អាមេរិក ដែលភាគីចិន គេបានប្រកែកជានិច្ច​។ ចង់ឬមិនចង់ ភាពគួរឲ្យទុកចិត្តរបស់CIA នេះ ត្រូវបានមតិមួយចំនួន គេនៅស្ទាក់ស្ទើខ្លាំងណាស់ថាមិនត្រូវជឿទេ ព្រោះថា​CIAអាមេរិក ក៏ធ្លាប់អះអាងថាអ៊ីរ៉ាក់មានអាវុធប្រល័យលោកដែរ មុននឹងចូលធ្វើសង្គ្រាមទំលាក់របបសាដាមហ៊ូសេន តែធាតុពិតរកអាវុធនោះមិនឃើញទេ។ តែជាមួយគ្នានេះ ចិនក៏អាចលេងស្នៀតក្រោយខ្នង ប្រកែកខាងមុខ តែដៃហុចខាងក្រោយ​ក៏បានដែរ។ មានប្រភពជាច្រើន បាន​លើកឡើងថា ធាតុពិតទៅ ប្រមាណ១ឆ្នាំមកនេះ ចិនបានជួយ​រុស្ស៊ីរួចទៅហើយ នូវសម្ភារៈប្រើប្រាស់ក្នុងកងទ័ព។ យ៉ាងណាក៏ដោយ ផ្អែកតាមការលើកឡើង របស់លោក Oleksïi Danilov ទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន គឺលោក​មិនជឿទេ ថាចិននឹងធ្វើខ្លួន​ឲ្យ​ប្រឡាក់ប្រឡូស ចូលដៃចូលជើងជាមួយ​រុស្ស៊ីនោះ។ ពោលគឺលោកគិតថា​ ចិននឹងមិនផុងខ្លួន​ ទៅជួយជាអាវុធឲ្យរុស្ស៊ីនោះឡើយ។ ដូចគ្នាដែរ លោក Iouriï Poïta អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានសិក្សា​សន្តិសុខជាតិនៅតៃប៉ិ បាន​លើកឡើងថា ដំណាក់កាលនេះ គេមិនជឿថា ចិននឹងប្រគល់អាវុធ ជាគ្រាប់កាំភ្លើង គ្រាប់មីស៊ីល រថក្រោះ ឬយន្តហោះចម្បាំងទៅឲ្យរុស្ស៊ីនោះទេ។ កម្មវត្ថុចិន សម្រាប់ពេលនេះ គឺព្យាយាមធ្វើខ្លួនជាអាជ្ញាកណ្តាល ដើម្បីនាំភាគីជម្លោះ អ៊ុយក្រែន និងរុស្ស៊ី ឲ្យចូលតុចរចា។ ចិនទើបតែបានជោគជ័យ ដោយ​បានជួយ​ធ្វើជាអាជ្ញាកណ្តាល​ ភ្ជាប់ទំនាក់ទំនង រវាងអ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត។ ជោគជ័យនេះ កំពុងតែធ្វើ​ឲ្យ​លោក​ស៊ី ជីនពិត គិតថាចិនអាចធ្វើបាន មិនមែនមានតែអាមេរិកម្នាក់ឯងទៀតឡើយ ដែល​ដើរចាត់ចែង ដោះស្រាយ​បញ្ហា​ពិភពលោក​។ ចិនក៏អាចធ្វើបាន ហើយចិន​នឹង​យកឱកាស ដើម្បី​ដាក់ចុះនូវទស្សវិស័យ ការ​​យល់ឃើញរបស់ចិន ដើម្បីដោះស្រាយ​បញ្ហាទាំងនេះ​។ ​“គ្មានជំនឿចិត្ត ថាចិនអាចធ្វើអាជ្ញាកណ្តាល​ប្រកបដោយ​ភាពយុត្តិធម៌​” ចិនបាន​ស្នើផែនការចំនួន​១២ចំណុច តែអ្វីដែលជាការកត់សំគាល់ គឺផែនការចិនមិនបាន​និយាយថា ឲ្យ​រុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែននោះទេ។ ចំណុចនេះសំខាន់ខ្លាំងណាស់ សម្រាប់ភាគីអ៊ុយក្រែន​។ លោកហ្សេឡេនស្គី បានអះអាងម្តងហើយម្តងទៀត ថាអ៊ុយក្រែន មិនមែន​មិនចង់ចរចាជាមួយរុស្ស៊ីទេ តែមុននឹងចរចា គឺរុស្ស៊ីត្រូវដកទ័ពចេញពីទឹកដីអ៊ុយក្រែនជាមួយសិន ដោយរាប់ទាំងតំបន់គ្រីម៉េ។ បើគ្រប់គ្នា អាចលើកទ័ពចូលទៅឈ្លានពានប្រទេសមួយ​ទៀត ប្លន់យកទឹកដីគេមកគ្រប់គ្រង ហើយ​បាន​ហៅគេចរចានោះ វាដូចជាហួសហេតុពេកណាស់​ ហើយ​គ្មាននរណាសុខចិត្តទទួលយក​បានទេ។ យ៉ាងណាមិញ​ភាគីអាមេរិក ក៏បានអះអាងដែរ ថាគេមិនមានជំនឿចិត្តបន្តិចណាឡើយ ថាចិនអាចចូលរួមដោះស្រាយបញ្ហាបាន​ ល្គឹកណាក្នុងផែនការរបស់ចិន មិនបានកំណត់ដាក់កំហិតឲ្យ​រុស្ស៊ីដកទ័ពថយចេញទៅវិញទេនោះ។ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ ថ្លែងក្នុងបទសម្ភាសន៍ ឲ្យទូរទស្សន៍ Fox News អ្នកនាំពាក្យសេតវិមានអាមេរិកបាន​លើកឡើងថា គេមិនអាចទទួលយកបានទេ នូវការអំពាវនាវស្វែងរកសន្តិភាពពីសំណាក់ ពូទីន និងស៊ីជីនពីងនាពេលនេះ ព្រោះថាបើយល់ព្រមចរចាក្នុងពេលឥឡូវនេះ គឺវា​មានន័យថា ដូចទទួលស្គាល់ថា ទឹកដីដែលរុស្ស៊ីបានប្លន់ពីអ៊ុយក្រែនទាំងប៉ុន្មាន នឹងត្រូវបានទៅដៃរុស្ស៊ីជាស្ថាពរ។ មួយវិញទៀត ទំនាក់ទំនងយុទ្ធសាស្ត្រ​រវាងចិន និងរុស្ស៊ី គឺវាធំខ្លាំងណាស់ ដែលគេមិនជឿថា ចិននឹង​ដោះដៃចោលរុស្ស៊ី ដោយ​ធ្វើឲ្យរុស្ស៊ីអាម៉ាសមុខនោះឡើយ។ លោក Iouriï Poïta អះអាងថា អ៊ុយក្រែន គ្មានអ្វីសំខាន់សម្រាប់​ចិននោះទេ ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ ផ្ទុយទៅវិញគឺរុស្ស៊ីទេ ដែលមានតម្លៃខ្លាំងណាស់ សម្រាប់ចិន ក្នុងការរួមកម្លាំងគ្នា ប្រជែងជាមួយអាមេរិក។ ដូច្នេះ ភាពជាអាជ្ញាកណ្តាលរវាង​ រុស្ស៊ី និង​អ៊ុយក្រែន ដែលចិនខំអះអាងថាចង់ធ្វើនោះ គឺវាជារឿងបោកបញ្ចោតរួចទៅហើយ​។ ថ្ងៃនេះចិនចង់សាកល្បងទប់​ ហើយ​មិនជួយជាអាវុធទៅឲ្យរុស្ស៊ីមែន តែថាមិនត្រូវទៅថ្ងៃមុខ ចិនអាចនឹងប្តូរចិត្តលូកដៃកាន់តែខ្លាំងក៏ថាបានដែរ​ ដើម្បីជួយរុស្ស៊ីយកឈ្នះសង្គ្រាម ឲ្យឆាប់ចប់បញ្ហា៕
3/20/20238 minutes, 46 seconds
Episode Artwork

បន្ទាប់ពីគ្រីមេ លោក ពូទីន​ អញ្ជើញជាលើកទី១ទៅ ម៉ារីយ៉ូប៉ូល​ ទឹកដី​រុស្ស៊ីកាត់​យកពីអ៊ុយក្រែន

​បន្ទាប់​ពី​តំបន់​គ្រីមេ​ នៅ​​ថ្ងៃ​សៅរ៍​​ ប្រធានាធិបតីរុស្ស៊ី​លោក ​ពូទីន ​បាន​ធ្វើ​ដំណើរ​​ក្នុង​ថ្ងៃ​អាទិត្យ​ ទៅកាន់​ទីក្រុង​ម៉ារីយ៉ូប៉ូល។ ម៉ារីយ៉ូប៉ូល ​ជា​ទីក្រុង​របស់​អ៊ុយក្រែន ​ដែល​រុស្ស៊ី​បានវាយ​ផ្តាច់​យក កាល​ពី​ខែ​ឧសភា​ ឆ្នាំ ២០២២។ តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែនមក​ នេះ​ជា​លើកទី១ ដែល​លោក ​ពូទីន ​បាន​ដាក់​ជើង​ជាន់​តំបន់សង្រ្គាមកាន់កាប់​ដោយ​រុស្ស៊ី។ ក្រសួង​ការបរទេស​អ៊ុយក្រែន ប្រតិកម្ម​ថា លោក​ពូទីនទៅ​ទីនោះ​ទាំងយប់ ដូច​«ចោរ»អ៊ីចឹង។​ តើ​វត្តមាន​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​បង្កប់​អត្ថន័យ​អ្វី​ខ្លះ? ​ អត្ថន័យនៃដំណើរទស្សនកិច្ចរបស់​លោកពូទីន​ដ៏ភ្ញាក់ផ្អើលនៅគ្រីមេ និង  ម៉ារីយ៉ូប៉ូល​  លើកនេះ គឺស្តែងឲ្យឃើញពីការអបអររួមគ្នា ដែលរុស្ស៊ីបានផ្តាច់យកទឹកដីអ៊ុយក្រែន ទាំងគ្រីមេផង ទាំងម៉ារីយ៉ូប៉ូល ផង រួមនឹងតំបន់ខ្លះទៀត។ ម៉ារីយ៉ូប៉ូល ជា​ទីក្រុងឋិត​នៅ​ប៉ែក​ខាងកើត​របស់​​​អ៊ុយក្រែន និងជា​តំបន់ដែល​ជាប់​នឹង​ទឹកដី​រុស្ស៊ី​។  ម៉ារីយ៉ូប៉ូល​ បាន​ធ្លាក់​ចុះ​ក្នុង​កណ្តាប់​ដៃ​រុស្ស៊ី ក្រោយ​ពី​ការ​ប្រយុទ្ធគ្នា​ ​ច្បាំង​បង្ហូរ​ឈាម​ អស់រយៈពេល​​ប៉ុន្មាន​ខែ​ឯណោះ​។ គឺ​នៅឆ្នាំមុន រុស្ស៊ី​ប្រកាស​សង្គ្រាម​លើកទ័ព​ច្បាំង​នៅ​អ៊ុយក្រែន ​អំលុង​ចុង​ខែ​មីនា ហើយ​កងទ័ព​រុស្ស៊ី​បាន​ផ្តាច់​យក​សមរភូមិ​ ម៉ារីយ៉ូប៉ូ​ល នៅ​ខែឧសភា។ ចំពោះ​ភាគីអ៊ុយក្រែន​ គឺ​នៅតែ​​ចង់ចាំអនុស្សាវរីយ៍​​និងចាត់ទុកថា​ សមរភូមិ​ ម៉ារីយ៉ូប៉ូ​ល ជា​កន្លែង​តស៊ូ​មួយ​ដ៏​ស្វិត​ស្វាញ​​ ជាពិសេស​ព្រឹត្តិការណ៍​វាយ​ប្រហារផ្តាច់ព្រ័ត្រ​ចុងក្រោយ​រុស្ស៊ី​ ​នៅ​រោង​ចក្រ​ អាស្សូវស្តាល (Azovstal)​ នៅ​ខែ​ឧសភា ឆ្នាំ​​២០២២។​ ជា​ច្រើន​ខែ​មក​ក្រោយ​មកទៀត​​ ដំណឹង​ជាផ្លូវ​ការ លោកប្រធានាធិបតី​ ពូទីន ពុំ​ដែល​ឈាន​ជើង​​ជាន់លើដី​សមរភូមិ​ម៉ារីយ៉ូប៉ូល នេះទេ តាំងតែ​ពីវាយ​​ផ្តាច់​យក​បានមក។  សម្រាប់តែនៅ​ថ្ងៃអាទិត្យ​នេះ គឺ​ជាលើកទី១ និងជា​អ្វី​ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​បស្ចិម​ប្រទេស​ភ្ញាក់​ផ្អើល។ លោក ពូទី​ន ​ជិះ​ឧទ្ធម្ភាគចក្រ កន្ទុំរុយ ទៅ​ទីនោះ និង​បន្ត​បើក​ឡានដោយ​ខ្លួន​ឯង​ផ្ទាល់​ ​នៅទីក្រុង​ម៉ារីយ៉ូប៉ូល ហើយ​បាន​ជជែក​ជាមួយ​ប្រជាជន​នៅទីនោះ ហើយបាន​​ធ្វើ​ទស្សនកិច្ច​នៅ​កន្លែងផ្សេងៗ ព្រមទាំង​នៅ​ការដ្ឋាន​សំណង់​ខ្លះ​ ទៀត​ផង​។ នេះបើតាម​រូបភាព​របស់​ទីភ្នាក់​សារព័ត៌មា​នរដុ្ឋ​រុស្ស៊ី។ ជាការ​សម្គាល់ ដំណើរទស្សនកិច្ច​នេះ គឺបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃសុក្រ បាន​ប្រកាស​ចេញដីកាចាប់ខ្លួនលោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ដូច្នេះ ជានិមិត្តរូប១ គឺប្រមុខរដ្ឋរុស្ស៊ី ឌឺដង ចំអក ឲ្យសាលាជម្រះក្តីអន្តរជាតិ ផង ក៏អាច​ថា​បាន​។ លោកពូទីន​ទៅ​គ្រីមេ ក៏ជាលើកទី១ដែរ តាំងផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក។ ថ្ងៃ​១៨មីនា​២០១៤ រុស្ស៊ី​របស់​លោក​ពូទីន បា​នកាត់​យក​តំបន់​គ្រីមេ​ ជា​ដែន​ដី​ឧបសម្ព័ន្ធរុស្ស៊ី ហើយរយៈ​ពេល​៩ឆ្នាំ​មកនេះ គឺ​ស្ទើរ​សឹង​តែ​​ជារៀង​រាល់​ឆ្នាំ លោក​ពូទីន​តែងតែ​អញ្ជើ​ញ​​អបអរ​ខួប​រំឮក​ថ្ងៃ​នេះ ​​​ជានិច្ច។ នៅក្នុង​ឱកាស​បុណ្យ​រំឮក​ កាលពីថ្ងៃ​សៅរ៍១៨មីនា​ នៅ​ក្នុង​ទីក្រុង​ Sébastopol របស់​គ្រីមេ គឺថ្នាក់ដឹកនាំ​តំបន់​គ្រីមេ Mikhaïl Razvojaïev បាន​ស្វាគមន៍ថា «​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អញ្ជើញ​មក​ដោយ​ផ្ទាល់ សម្រាប់​ថ្ងៃ​រំឮក​ខួប​ជា​ប្រវត្តិសាស្ត្រ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា លោក​ពូទីន​នៅជាមួយ​ទីក្រុង​និង​ប្រជាជាតិ​នៃ​Sébastopol ជានិច្ច។» នេះបើតាម​ព័ត៌មាន​របស់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី និង​ឲ្យដឹងទៀត​​ថា ប្រមុខ​រដ្ឋ​រុស្ស៊ី​បា​នចូលរួម​ពិធី​សម្ពោធ​សាលា​សិល្បៈ​មួយ​សម្រាប់​កុមារ​ នៅគ្រីមេ។ នៅ​គ្រីមេ បើ​គិត​ជា​ចម្ងាយពី​សមរភូមិ​នៅ​អ៊ុយក្រែន នោះ​គឺ​សមរភូមិ​ Kherson ឃ្លាតគ្នា​ចម្ងាយ​តែ​២៤០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ Kherson ដែល​រុស្ស៊ី​បាន​ដក​ទ័ព​ចេញ ហើយ​កងទ័ព​អ៊ុយក្រែន​បាន​ក្តាប់​យក​ទៅវិញ នៅ​ខែ​វិច្ឆិកា​ឆ្នាំទៅមិញ។​ ទោះ​ជាម្តេច​ក្តី ការ​អញ្ចើញ​ទៅ​ដល់​គ្រីមេ​លើកនេះ គឺ​បាន​បង្ហាញថា​លោក ពូ​ទីន ​បាន​អញ្ជើញ​ទៅ​ដោយ​ផ្ទាល់​កៀកក្បែរ​​នឹង​សមរភូមិ​ជា​ខ្លាំង។ ករណី​គ្រីមេ​ ​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មាន​ប្រសាសន៍កាល​ពី​ខែ​មករា ​ថា​នឹង​ទាមទារ​យក​ដែន​ដី​គ្រីមេ ជា​ទឹក​ដី​របស់ខ្លួន​មកវិញ ដោយប្រើ​​កម្លាំងទ័ព​។ ចំពោះ​រុស្ស៊ី ប្រសិន​បើ​ប្រមុខ​រដ្ឋ​អ៊ុយក្រែ​ន​​នៅតែប្រកាន់​ជំហរ​បែបនេះ ការ​ចរចា​សន្តិភាព ច្បាស់​ជា​ទៅមិនរួច​ឡើយ។ ពី​ព្រោះ​ចំពោះ​រុស្ស៊ី​ គឺ​ច្បាស់​ជា​មិនអាចព្រលែងឲ្យ​របូត​​គ្រីមេ​ វិញឡើយ​។ ចំណែក​​​ពាក្យ​ចរចា​សន្តិភាព​​ គឺ​ជា​ប្រធានបទ​សំខាន់មួយ ដែល​ថ្នាក់ដឹកនាំចិន ស៊ី​ ជិន​ពីង​ នឹង​ជជែក​គ្នា​ជាមួយ​ថ្នាក់ដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មីនា​​៕​
3/19/20235 minutes, 40 seconds
Episode Artwork

ថ្នាក់ដឹកនាំរុស្ស៊ី​​បន្ត​​​«សង្គ្រោះ​កុមារ» ទោះ​មាន​ដីកា​ចាប់​ខ្លួន​​តុលាការព្រហ្មទណ្ឌអន្តរជាតិ

តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្រុងឡាអេ ប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម។ អ៊ុយក្រែន រួមទាំងប្រទេសលោកខាងលិច បាន​អបអរ​សាទរ តែរុស្ស៊ី​ប្រឆាំង។  ​តើលោក ពូទីន ត្រូវបារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? និងថា តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់? បស្ចិមលោក​សាទរ ​ចំពោះ​មុខ​អ្ន​កកាសែតនៅរដ្ឋធានី​វ៉ាស៊ីន​តោន​ ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន មានប្រសាសន៍ថា ដីកា​ចាប់ខ្លួន​ប្រមុខ​រដ្ឋរុស្ស៊ី នេះថា​ «សមហេតុ»​ និង​ជា​ «សារមួយ​ដ៏​មាន​សារៈ​សំខាន់​ខ្លាំង»​។ ចំណែក ប្រធានាធិបតី​អ៊ុយក្រែន​ ហ្សេឡិនស្គី បាន​ស្វាគមន៍​សាលដី និង​ថា​«នេះ​ជា​កំណត់​សម្គាល់​នៃការ​ទទួល​ខុសត្រូវ​ជា​ប្រវត្តិសាស្ត្រ»។​ សូម​រំឮកថា ទាំង សហរដ្ឋអាមេរិក ទាំង​ រុស្ស៊ី និងទាំង​ អ៊ុយក្រែន គឺ​សុទ្ធសឹង​តែ​​​មិនមែន​ជា ​ប្រទេស​សមាជិក​អនុសញ្ញា​ក្រុងរ៉ូម ដែល​ជា​អនុសញ្ញា​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទេ​។ តែ ​អ៊ុយក្រែន បាន​ប្រកាស​«សហការ»​ជាមួយ​តុលាការ​នេះ។ ទោះ​ជា​យ៉ាងនេះ ចំពោះ​​តុលាការព្រហ្មទណ្ឌអន្តរជាតិ  និង​សម្រាប់អ៊ុយក្រេន ដីកាចាប់ខ្លួន​នៅពេលនេះ គ្រាន់​តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ពោល​គឺនៅ​មាន​បទចោទប្រកាន់​និង​វិធានការ​ផ្លូវ​ច្បាប់ ជាបន្ត​​ច្រើន​ទៀត។ ដីកាចាប់ខ្លួន ថ្នាក់ដឹកនាំ​ដែល​កំពុង​ដឹកនាំ​ប្រទេស​ គឺ​​កម្រ​មាន​ណាស់​។ ការ​ចេញ​ដីការ​ចាប់​ខ្លួនលោក ពូទីន ប្រធានាធិបតី​រុស្ស៊ី កំពុង​តែ​កាន់​អំណាច គឺ​ជា​ លើកទី២​ក្នុង​ប្រវ​ត្តិសាស្ត្រ​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ លើកទី១ គឺ ​តុលាការ ​បាន​ចេញដី​ចាប់ខ្លួន​ ប្រធានាធិបតី​សូដង់ Omar el-Béchir ដែល​កំពុង​កាន់​អំណាច​នៅឡើយ​ នៅ​ឆ្នាំ​២០០៩។  បើនិយាយ​ពីក្នុង​រង្វង់​រដ្ឋ​សមាជិក​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៃ​អង្គការ​សហប្រជាជាតិ គឺ​ ការចេញដីការចាប់ខ្លួនលោក ពូទីន  ប្រមុខរដ្ឋរុស្ស៊ី គឺជាលើកទី១ហើយ មិន​​ធ្លាប់​មានករណីបែប​​នេះ​ទេ ពីមុន​មក។ ក្រៅពីលើកឡើងថា នេះ​​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​របស់​តុលាការ ប្រធាន​តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Piotr Hofmanski បាន​ពន្យល់ថា ការ​ចេញ​ដីការ​ចាប់​ខ្លួន​ពេល​នេះ គឺ​ដើម្បី​ការពារ​ជន​រងគ្រោះ ដើម្បី​យុត្តិធម៌​ ហើយ​បញ្ជៀស​ឧក្រិដ្ឋ​កម្ម​បែប​នេះ​ទៀត នៅ​ថ្ងៃ​អនាគត។​ លោក​ប្រធានតុលាការ​បញ្ជាក់ថា​​ដើម្បី​នឹង​អនុវត្ត​ដីកា​ចាប់ខ្លួននេះ ​បាន គឺចាំបាច់​ត្រូវ​មាន​កិច្ចការសហការ​អន្តរជាតិ។​ ជាប្រតិកម្ម​ឆ្លើយ​តប ទាំង​ក្រសួង​ការបរទេស​រុស្ស៊ី និងទាំង​អ្នក​នាំពាក្យវិមាន​ក្រេមឡាំង សុទ្ធតែ​ចាត់ទុកថា ដីកា​ចាប់ខ្លួន​ប្រធានាធិបតីរុស្ស៊ី ជាក្រដាស​គ្មាន​បានការ​ និង​គ្មាន​តម្លៃ​អ្វី​សោះ​សម្រាប់​រុស្ស៊ី ​និងឥត​ប្រយោជន៍​ទាំង​ផ្លូវ​ច្បាប់​ទៅទៀត។​ តើលោក ពូទីន អាច​ត្រូវដេកព្រួយ​បារម្ភនឹងដីកាចាប់ខ្លួននេះ ឬទេ? ​តើលោក ពូទីន អាចត្រូវចាប់ខ្លួននៅថ្ងៃណាមួយដែរ ឬអត់? ​​ដើម្បី​ឆ្លើយ​សំណួរ​ គឺចាំបាច់​ពិចារណា​ពិនិត្យ​មើល​ចំណុចយ៉ាងហោច​​២។ ទី១ គឺ​​ត្រូវ​ដឹង និង​ចាំថា​ ប្រទេស​រុស្ស៊ី មិនមែន​ជា​រដ្ឋសមាជិក​របស់​ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ទេ។​ រដ្ឋបាល​ក្រុង​ម៉ូស្កូ​ ក៏ប្រកាសស្រេច​ជាច្រើនលើកច្រើន​​សាហើយថា​ មិន​សហការ ​និង​មិន​ទទួល​ស្គាល់​ដែន​សមត្ថកិច្ច​យុត្តាធិការ​​របស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នេះក៏ទេ​ដែរ​។ ដូច្នេះ ប្រសិន​បើ​គេ​រង់ចាំ​ឲ្យ អាជ្ញាធរ​រុស្ស៊ី បញ្ចូន​ថ្នាក់ដឹក​នាំខ្លួន​ ទៅ​កាត់ទោសនោះ​ ទំនង​ប្រហែល​ជា​ មិនងាយ ឬ​ទៅមិន​រួច។ វៀរលែង​តែ​វាសនា​ក្រឡាប់​ចក្រ​ លោក ពូទីន ចៃដន្យ​ត្រូវ​​គ្រោះ​អាក្រក់ ហើយ​ធ្លាក់ពី​អំណាចរដ្ឋ​ ហើយ​ត្រូវ​ អ្ន​កដឹកនាំ​ជាន់​ក្រោយ​ ​សហការ​ជាមួយ​​តុលាការ ​និង ​ចាប់បញ្ជូន​ខ្លួន​ទៅកាត់ទោស។​ ករណីថ្នាក់ដឹកនាំ​ធ្លាក់​ពីអំណាច​ ហើយត្រូវ​ប្រទេស​ខ្លួន​ឯង​បញ្ជូន​ទៅកាន់ទោស​នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺ ធ្លាប់​មាន​ដែរ ប្រទេស​កូដឌីវ័រ នៅ​ឆ្នាំ​២០១១​។​ ហើយ​ក៏ ធ្លាប់​មាន​ដែរ​ ការ​ប្រកាស​របស់​​ប្រទេស​ ស៊ូដង់ នៅឆ្នាំ២០២១ ថា​នឹង​បញ្ជូន​អតីត​ប្រធានាធិបតី​សូដង់ Omar el-Béchir ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែ សេចក្តីប្រកាស​នេះ នៅតែ​ជា«​សន្យា​ខ្យល់»​​នៅឡើយ​។ ចំណុច ទី២ បើ​តាម​ប្រវត្តិ​សាស្ត្រ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ជាង​២០ឆ្នាំមកនេះ តាំងពី​ការ​បង្កើតនៅឆ្នាំ២០០២ គឺគ្មាន​ថ្នាក់ដឹកនាំ​ណា ដែល​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​ហើយ ​គឺ​ត្រូវ​គេ​ចាប់​ខ្លួន​ភ្លាមៗ និង​បញ្ជូន​ខ្លួន​ទៅកាត់ទោស​ ​នោះឡើយ​។  ម្យ៉ាងទៀត ទោះសូម្បី​តែ​ មាន​ដីកា​ចាប់ខ្លួន​ហើយ​ក្តី ក៏ អតីត​ថ្នាក់ដឹកនាំ​ខ្លះ នៅតែ​បន្ត​រត់​រួច​ខ្លួន និង​ភៀសខ្លួន​ រស់នៅរំភើយ​ គេ​ច​ពី​សំណាញ់​ច្បាប់អន្តរជាតិ​​ដដែល។ ជាក់ស្តែង នៅ​ប្រទេសអូហ្គង់ដា មេឧទ្ទាម​ Joseph Kony ដែលត្រូវ​ចោទប្រកាន់នៅឆ្នាំ​២០០៥ ពី​​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម តែ​បុគ្គលនេះ នៅ​តែ​បន្ត​រួច​ខ្លួន​ដល់​សព្វថ្ងៃ។​ មាន​អ្នក​ជាប់​ដីកា​ចាប់ខ្លួន​នេះ ជា​ច្រើន​នាក់ទៀត ដែល​នៅ​មាន​សេរីភាព​នៅឡើយ។​ ដីកាចាប់ខ្លួន​២នាក់ គឺ លោក​ ពូទីន និង អ្នក​ស្រី ម៉ារីយ៉ា បេតូវ៉ា។ ​តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចោទប្រកាន់ថ្នាក់ដឹកនាំរុស្ស៊ីចំនួន​២រូប គឺលោក ពូទីន និង អ្នកស្រី ម៉ារីយ៉ា បេតូវ៉ា ​អំ​ពីបទជម្លៀសកុមារអ៊ុយក្រែនដោយខុសច្បាប់ ចាប់តាំងពីពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ជាង១ឆ្នាំមកនេះ។ ការជម្លៀសកុមារដោយខុសច្បាប់ ដែលត្រូវ តុលាការព្រហ្មទណ្ឌអន្តរជាតិ  ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។ ពីថ្ងៃ​សុក្រ អ្នក​ស្រី Maria Lvova-Belova  ស្នងការ​រុស្ស៊ី​ដើម្បី​សិទ្ធិកុមារ​​  បាន​អះអាងថា «យើង​នឹង​បន្ត​កិច្ចការ​យើង​តទៅទៀត ទោះបី​ជា​មាន​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នោះក្តី។ »។ អ្នក​ស្រី​ស្នងការរុស្ស៊ី​ដើម្បី​សិទ្ធិកុមារ បាន​ពន្យល់​ទៅ​មហាជន​ជាតិ​និងអន្តរជាតិ​ ក្នុង​ន័យ​ថា​ សហគម​អន្តរជាតិ​មិន​យល់​ពី​ចេតនា​ល្អនៅក្នុងការងារ​​របស់​រុស្ស៊ី។ បើ​តាម​ អ្នកស្រី Maria Lvova-Belova  គឺ​អាជ្ញាធរ​រុស្ស៊ី​ខំប្រឹង​ជួយ​ក្មេងៗ និង​មិន​បណ្តោយ​ទុក​ឲ្យ​ពួក​គេ​​នៅ​ក្នុង​​តំបន់​«ប្រតិបត្តិការ​ពិសេស» ហើយ​ជួយ​ពួកគេ​ចេញពី​គ្រោះថ្នាក់។ សហគម​អន្តរជាតិ​មិន​យល់​ចំណុចនេះ និង​បែរ​ជា​ចោទប្រកាន់​ដាក់​ទ​ណ្ឌកម្មលើ​រុស្ស៊ីទៅវិញ។ ទោះបី​ជា​ម្តេច​ក្តី យើង​នឹង​បន្ត​កិច្ចការ​របស់​យើង​តទៅទៀត។ នេះបើតាម​ការ​បកស្រាយ​របស់​ អ្នកស្រី​ស្នងការរុស្ស៊ីដើម្បីសិទ្ធិកុមារ ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​​។ ទិន្នន័យ​ពី​អាជ្ញាធរ​អ៊ុយក្រែន គឺ​ចាប់តាំង​ផ្ទុះ​សង្គ្រាម​ជា១ឆ្នាំមកនេះ ​កុមារ​អ៊ុយក្រែន​ ប្រមាណ​១៦០០០នាក់ ត្រូវ ​រុស្ស៊ី​ ចាប់​ជម្លៀស​យក​ទៅ​ទឹកដី​រុស្ស៊ី និងដែល​ក្នុង​នោះ មាន​ប្រហែលជា​១៤០នាក់​ប៉ុណ្ណោះ ដែល​ជាក្មេង​កំព្រា។ ក្មេង​ខ្លះ​ត្រូវ​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​ និងខ្លះទៀត​ត្រូវ​ស្មុំ យកទៅ​ចិញ្ចឹម​តាម​ផ្ទះ​។​ នេះបើតាម​ស្នងការ​កុមារ​អ៊ុយក្រែន ផ្សាយ​នៅ​ ពាក់កណ្តាល​ខែ​មីនា៕​
3/18/20236 minutes, 19 seconds
Episode Artwork

ទោះប្រជាជនប្រឆាំងតវ៉ា រដ្ឋាភិបាលបារាំង​នៅតែ​ជំនះ​អនុម័តកំណែទម្រង់​ច្បាប់ចូលនិវត្តន៍

រដ្ឋាភិបាលបារាំង​បាន​ប្រើមាត្រា​ដ៏ចម្រូងចម្រាស​មួយ របស់​រដ្ឋធម្មនុញ្ញ​ដើម្បី​ជំនះ​អនុម័ត​កំណែទម្រង់​ច្បាប់​ចូលនិវត្ត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត នៅរដ្ឋសភា។ នៅថ្ងៃសុក្រ គណបក្ស​ប្រឆាំង​នឹង​ដាក់​ញត្តិបន្ទោស ដើម្បី​បោះឆ្នោតដាក់ពិន័យ រំលាយរដ្ឋាភិបាល។ ចំណែក សហជីព​ប្រកាស​រួចហើយ​ពីគម្រោង​កូដកម្ម និង​បាតុកម្ម​នៅទូទាំងប្រទេស ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល ដែលប្រើកម្លាំង អនុម័ត​កំណែទម្រង់ច្បាប់ចូលនិវត្ត ដោយ​មិន​ខ្វល់​ពី​ការទាមទារ តវ៉ា​របស់​ប្រជាជន។ ប្រជាជន​បារាំង​ប្រឆាំង​កំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ហេតុអ្វីបានជាលោកប្រធានាធិបតី​ម៉ាក្រុង​ជំនះ​ប្រើមាត្រាទី ៤៩ កឋាកណ្ឌទី ៣ នៃ​រដ្ឋធម្មនុញ្ញ​បារាំង ដើម្បី​អនុម័តកំណែទម្រង់​ដ៏ចម្រូងចម្រាស​នេះធ្វើអ្វី? វិបត្តិនយោបាយ​បារាំង​បានដើរ​មក​ដល់​ចំណុច​ថ្មីមួយ នៅពេល រដ្ឋាភិបាល​បារាំង កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ សម្រេច​ចិត្ត​ប្រើ​មាត្រា ៤៩.៣ ដើម្បី​អនុម័តកំណែទម្រង់​ច្បាប់ចូលនិវត្តន៍​ដ៏ចម្រូងចម្រាស់។ ច្បាប់នេះ​អប្រជាប្រិយ​ខ្លាំងណាស់ នៅក្នុងចំណោម​ប្រជាជន​បារាំង ព្រោះវា​មានគោលដៅ ដំឡើង​អាយុចូលនិវត្ត​របស់​អ្នកធ្វើការ ពី​៦២ ទៅដល់​៦៤ឆ្នាំ។ មានន័យថា ដើម្បី​ទទួល​បាន​ប្រាក់សោធននិវត្តពេញលេញ គ្រប់ចំនួន គេត្រូវធ្វើការ​ដល់​អាយុ ៦៤ឆ្នាំឯណោះ។ ត្រលប់​មក​និយាយ​ពី​មាត្រា​៤៩.៣។ វា​ជា​មាត្រា​ទី ៤៩​កឋាខណ្ឌ​ទី​៣​នៃ​រដ្ឋធម្មនុញ្ញបារាំង​ដែល​អនុញ្ញាតិ​ឲ្យ​នាយករដ្ឋមន្រ្តី​អនុម័តច្បាប់ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​របស់អ្នកតំណាងរាស្រ្ត​នៅសភា។ នៅបារាំង ការប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌ មិនមាន​ជា​រឿងល្អដែលគេស្វាគមទេ ព្រោះគេចាត់ទុក​វា​ឧបករណ៍​ប្រឆាំង លទ្ធិប្រជាធិបតេយ្យ បិទសិទ្ធិ​សំឡេង​សភា ដែល​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​ប្រទេស។ ប៉ុន្តែ នៅក្នុង​ការដឹកនាំ​ប្រទេស ជាង ៦០ឆ្នាំ មកនេះ រដ្ឋាភិបាល​បារាំង គ្រប់និន្នាការ​នយោបាយ ធ្លាប់​បាន​ប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌទី ៣ ដល់ទៅជាង ១០០​ដង​ដើម្បី​អនុម័ត​ច្បាប់ ដោយ​មិនចាំបាច់​ឆ្លងកាត់ការបោះឆ្នោត របស់​សភា។ ជាទូទៅ មាត្រា​ទី​៤៩ កឋាខណ្ឌ​ទី​៣ គឺ​ជា​ជម្រើស មធ្យោបាយ​ចុងក្រោយ នៅពេល​រដ្ឋាភិបាល​សំឡឹង​ឃើញថា ច្បាប់របស់ខ្លួន​គ្មាន​សង្ឃឹម​នឹង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន នៅសភា។ ជាក់ស្តែង លោកស្រី​នាយករដ្ឋមន្រ្តីបារាំង បាន​សម្រេច​ប្រើផ្លូវកាត់ ប្រើ​មាត្រា ទី ៤៩ កឋាខណ្ឌ​ទី​៣​នៃរដ្ឋធម្មនុញ្ញ ដើម្បី​អនុម័ត​កំណែទម្រង់ច្បាប់ចូលនិវត្ត ដោយសារ​រដ្ឋាភិបាល​សំឡឹងឃើញថា ខ្លួន​គ្មានសំឡេង​ភាគច្រើន​ក្នុង​សភា ដើម្បីអនុម័តវា។ នៅក្រោយ​ការប្រជុំ​ជាច្រើនដង ជាច្រើនថ្ងៃ​ជាប់ៗគ្នា គណបក្ស​សាធារណរដ្ឋ ដែលជា​គណបក្ស​ដៃគូ ហាក់​ដោះដៃ លែង​ចង់គាំទ្រ​សេចក្តីព្រាង​ច្បាប់​របស់​រដ្ឋាភិបាល តទៅទៀត ដោយសារតែ​ឃើញថា កំណែទម្រង់ច្បាប់ចូលនិវត្តនេះ អប្រជាប្រិយ​ខ្លាំងពេក​ក្នុង​ចំណោមប្រជាជនបារាំង។ ដូច្នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​ត្រូវ​បរាជ័យ​ធ្លាក់ទឹក នៅក្នុងការបោះឆ្នោត នៅ​រដ្ឋសភា រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​បាន​សម្រេច​ប្រើ​មាត្រា ទី៤៩ កឋាខណ្ឌទី ៣ នៃ​រដ្ឋធម្មនុញ្ញ​បារាំង តែម្តង អនុម័ត​កំណែទម្រង់​ច្បាប់ចូលនិវត្ត។ នៅចំពោះមុខ​ការប្រើកម្លាំងបាយ​របស់រដ្ឋាភិបាល ដែល​ប្រើ​មាត្រា ៤៩.៣​ដើម្បី​អនុម័តច្បាប់​ដោយ​កម្រោល គណបក្ស​ប្រឆាំង​បាន​ប្រកាស​គម្រោង​ដាក់​ញត្តិពិន័យ នៅថ្ងៃសុក្រនេះ ដើម្បី​បោះឆ្នោត​ដកទំនុកចិត្ត រំលាយ​រដ្ឋាភិបាល​របស់​លោកស្រីអេលីហ្សាបែត ប៊ន។ ក្នុងករណី​ដែល​សភា​បោះឆ្នោត​រំលាយ​រដ្ឋាភិបាល នោះ កំណែទម្រង់​ច្បាប់​ចូលនិវត្ត​ដែលរដ្ឋាភិបាល​បាន​អនុម័ត ដោយ​ការចាប់បង្ខំ កាលពីថ្ងៃ​ព្រហស្បតិ៍ ក៏​ត្រូវចាត់ទុក​ជា​មោឃៈ ផុតរលត់ទៅវិញ ​ដោយស្វ័យប្រវត្តិ។ រដ្ឋាភិបាល​របស់​លោកស្រី នាយករដ្ឋមន្រ្តី អេលីហ្សាប៊ែត ប៊ន អាច​ត្រូវ​សភា​បោះឆ្នោត រំលាយចោល? តាមច្បាប់ គណបក្ស​នយោបាយ​មាន​រយៈពេល មួយថ្ងៃ ចាប់ពីនាទីដែល​រដ្ឋាភិបាល​ប្រកាស​ប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌ​ទី ៣ នៃរដ្ឋធម្មនុញ្ញ ពោល​គឺ​នៅ​រសៀល​ថ្ងៃសុក្រនេះ ដើម្បី​ដាក់​ញត្តិពិន័យរដ្ឋាភិបាល។ នៅក្រោយ​ការពិភាក្សា ៤៨ម៉ោង សភា​ត្រូវ​បោះឆ្នោត យ៉ាងយូរបំផុត នៅ​ថ្ងៃចន្ទ ដើម្បី​សម្រេច​ថា តើ​គេត្រូវ​រំលាយ​រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​ដែរឬទេ។ គ្រោះថ្នាក់របស់​រដ្ឋាភិបាល​លោកស្រី អេលីហ្សាបែត ប៊ន នៅត្រង់​ថា បើសិន​សមាជិកសភាដែលជំទាស់ ប្រមូលគ្នា​បាន​៥៨​សំឡេង ដើម្បី​ស្នើ​ឲ្យសភា បោះឆ្នោត​ដាក់ពិន័យ នោះ​រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹងសភា​បោះឆ្នោត​រំលាយចោលមួយរំពេច។ ក្នុងករណី​នេះ សភា​ត្រូវការ​សំឡេង​ភាគច្រើន ចំនួន ២៨៧សំឡេង​ដើម្បី​បោះឆ្នោតរំលាយ​រដ្ឋាភិបាល។ រដ្ឋាភិបាល​របស់​លោកស្រី អេលីហ្សាបែត ប៊ន​ទំនង​មិនជួបវាសនា​អាក្រក់ ដោយ​ត្រូវ​សភា​បោះឆ្នោត​រំលាយ​ចោល​នោះទេ ព្រោះថា គណបក្ស​ប្រឆាំង​នៅតែ​បែកបាក់គ្នា ដែលធ្វើឲ្យពួកគេពិបាកនឹង​ប្រមូលបានសំឡេង​ច្រើន​គ្រប់គ្រាន់ ចំនួន ២៨៧ សំឡេង​ដើម្បី​បោះឆ្នោត ដកទំនុកចិត្ត រំលាយ​រដ្ឋាភិបាល។ ហេតុអ្វី​លោកប្រធានាធិបតី​ម៉ាក្រុង​នៅ​តែ​ជំនះ​ប្រើ​មាត្រាទី ៤៩ កឋាខ័ណ្ឌទី៣? មន្រ្តីក្នុង​រដ្ឋាភិបាល និង​សមាជិក​របស់​គណបក្ស​របស់​លោកប្រធានាធិបតី ម៉ាក្រុង​ធ្លាប់​បានព្រមាន​ពីគ្រោះថ្នាក់ ផលវិបាក បើសិន​រដ្ឋាភិបាល​ជ្រើសរើសផ្លូវកាត់ ដោយ​ការប្រើ​មាត្រា ទី ៤៩ កឋាខណ្ឌ​ទី​៣ ដើម្បី​ អនុម័ត​កំណែទម្រង់ ច្បាប់​ចូលនិវត្ត។ ប៉ុន្តែ នៅតែ ១៥នាទី មុនការបើកសម័យប្រជុំរបស់សភា កាលពីថ្ងៃ​ព្រហស្បតិ៍ លោកម៉ាក្រុង​បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលនៅក្នុងនោះ លោកបានសម្រេច​ឲ្យ​លោកស្រី នាយករដ្ឋមន្រ្តី ប្រើ​មាត្រាទី ៤៩​កឋាខ័ណ្ឌទី ៣។ ការជំនះប្រើ​មាត្រា​ទី ៤៩ កឋាខណ្ឌទី ៣​នៃ​រដ្ឋធម្មនុញ្ញ សបញ្ជាក់​ពី​ភាពទន់ខ្សោយ និងបរាជ័យ​របស់​ប្រធានាធិបតី​បារាំង ក្នុងការបញ្ចុះបញ្ចូល​សមាជិកសភា ឲ្យគាំទ្រ​សេចក្តីព្រាងកំណែទម្រង់​ច្បាប់ចូលវិវត្ត។ លោកម៉ាក្រុង​ដឹងច្បាស់​ថា កំណែទម្រង់​ច្បាប់ចូលនិវត្ត​លើកនេះ​នឹង​ធ្វើ​កូដប្រជាប្រិយភាព​របស់លោក​ធ្លាក់ចុះខ្លាំង ហើយ​វា​នឹងអាច​រុញច្រាន​បារាំង​ឲ្យធ្លាក់​ក្នុង​វិបត្តិសង្គម ប្រទេសត្រូវជាប់គាំង ដោយសារ​បាតុកម្ម និងកូដកម្ម​ប្រឆាំង តវ៉ានៅទូទាំង នៅក្រោយ​ការអនុម័តច្បាប់​ចូលនិវត្ត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង នៅតែជំនះ​ចង់​ឲ្យមាន​កំណែទម្រង់​ច្បាប់ចូលនិវត្ត។ ហេតុផល​របស់​លោកម៉ាក្រុង គឺ​ប្រព័ន្ធចូលនិវត្តន៍សព្វថ្ងៃ កំពុង​ស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ ព្រោះមានឱនភាពថវិកា ចំណូល និងចំណាយ។ ដោយសារ​មនុស្ស​ចាស់ សុខភាព​នៅតែ​ល្អ អាយុកាន់តែវែង ការចំណាយ​របស់រដ្ឋ​សម្រាប់បើកប្រាក់សោធននិវត្តន៍​បាន​កើនឡើង។ សម្រាប់រដ្ឋាភិបាល​របស់​លោកម៉ាក្រុង បារាំង សព្វថ្ងៃ បាន​រត់ទៅខ្ចីបំណុលគេបន្ថែម សម្រាប់​អាចធានា​ការបើកប្រាក់សោធននិវត្ត។ រដ្ឋាភិបាល​ធ្លាប់​អះអាងថា ការធ្វើកំណែទម្រង់​ច្បាប់ចូលនិវត្ត គឺជារឿងចាំបាច់ និងបន្ទាន់ ព្រោះថា បើសិន​មិនដូច្នេះទេ សេដ្ឋកិច្ច​របស់បារាំង​នឹង​អាច​ត្រូវ​ក្ស័យធន ដួលរលំ ដោយសារ​តែ​ប្រាក់បំណុល ចេះតែ​កើនឡើង។ វិបត្តិកូវីដ និង​ជំនួយអន្តរាគមន៍របស់​រដ្ឋ សម្រាប់ទប់​កុំ​ឲ្យតម្លៃថាមពល​ឡើងថ្លៃខ្ពស់ ដែលបង្ក​ការលំបាកសម្រាប់​ជីវភាព​ប្រជាជនបារាំង រដ្ឋាភិបាល​បារាំង​បាន​ទៅខ្ចីបំណុល ដែលអាច​កើនឡើងច្រើនជាង ៣ ទ្រីលាន​អឺរ៉ូ។ សម្រាប់​រដ្ឋមន្រ្តី​ថវិកាបារាំង ប្រជាជន​បារាំង​ត្រូវជ្រើសរើស​តើ​ពួកគេ​សុខចិត្តទទួល​យក​កំណែទម្រង់​ច្បាប់ចូលវិវត្តន៍ ដោយត្រូវ​ធ្វើការ​រហូតដល់​អាយុ ៦៤ឆ្នាំ ឬ​មួយ​សុខចិត្ត​ឲ្យប្រាក់បំណុល​កើនឡើង ដែលគ្រោះថ្នាក់ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ត្រូវក្ស័យធន។ បារាំង​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃវិបត្តិ​ជាប់គាំងប្រទេស? នៅក្រោយ​ការអនុម័ត​កំណែទម្រង់​ច្បាប់​ចូលវិវត្តន៍ ក្រុមសហជីព​បាន​ប្រកាស​រៀបចំ បាតុកម្ម និង​កូដកម្ម​ទ្រង់ទ្រាយធំ​មួយទៀត នៅសប្តាហ៍ក្រោយ និង​ថា អំណើះតទៅ ចលនា​បាតុកម្ម​ប្រឆាំង​នឹង​កើតមាន​ជាហូរហែ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល កំណែទម្រង់​ច្បាប់ចូលនិវត្ត៍។ រដ្ឋាភិបាលបារាំង​អាចរួចផុត​ពី​ការបោះឆ្នោត​ដកទំនុកចិត្ត​ពីសភា ចំណែក​កំណែទម្រង់ច្បាប់​ចូលនិវត្តនឹងត្រូវ​ដាក់​ឲ្យអនុវត្ត​ជាផ្លូវការ។ ប៉ុន្តែ ជាមួយគ្នានោះ រដ្ឋាភិបាល​បារាំង​ត្រូវត្រៀមខ្លួន​ឈឺក្បាល​នឹង​បញ្ហាសង្គមគ្រប់ជំពូក។ ក្រុមសហជីព ប្រកាស​រួចហើយ​ថា​នឹង​ធ្វើ​បាតុកម្ម កូដកម្ម ប្រឆាំង​រហូតដល់​ថ្ងៃ​ដែល​រដ្ឋាភិបាលប្តូរចិត្ត ដកចោល​ច្បាប់នេះទៅវិញ។ តាំង​ពី​ខែ​មករា នៅពេល​រដ្ឋាភិបាល​បង្ហាញគម្រោង​ធ្វើកំណែទម្រង់​ច្បាប់ចូលនិវត្តន៍ សហជីពចាប់​ធ្វើ​បាតុកម្ម កូដកម្ម ក្នុងទ្រង់ទ្រាយធំ ដល់ទៅ ៨ដង ដែល​ទៅ​បង្អាក់ គាំង​សកម្ម​សេដ្ឋកិច្ច​នៅទូទាំងប្រទេស។ នៅក្នុងបាតុកម្ម​ម្តង គឺតែងមានការប្រឈមមុខដាក់គ្នា​រវាង​ប៉ូលិស និង​ក្រុមជ្រុលនិយមហិង្សា ដែល​តែង​ឆ្លៀតឱកាស ដើរវាយបំផ្លាញ ហាង ដុតរថយន្ត នៅតាម​ផ្លូវ។ រដ្ឋាភិបាល​បារាំង​សម្រេច​គោលដៅ ចេញ​កំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ត្រូវ​មកឈឺក្បាល ដោយសារ​វិបត្តិ​សង្គមបញ្ហា​ចលាចលពេញប្រទេស៕
3/17/20239 minutes, 26 seconds
Episode Artwork

អាមេរិក​ចោទរុស្ស៊ី ថាជាអ្នក​ធ្វើ​ឲ្យ​ធ្លាក់​យានដ្រូន​របស់​កងទ័ព​អាមេរិក​ នៅ​ក្នុង​សមុទ្ទ​ខ្មៅ

កំដៅនៃការប្រឈមមុខដាក់​គ្នា បាន​ហក់ឡើងមួយរំពេច បន្ទាប់ពីមានករណី​យានដ្រូន​មួយគ្រឿងរបស់កងទ័ពអាមេរិក បានធ្លាក់នៅក្នុងសមុទ្ទខ្មៅ​ កាលពីថ្ងៃអង្គារ​ម្សិលមិញ​ មិនឆ្ងាយប៉ុន្មានពីតំបន់គ្រីម៉េ។ ភាគីអាមេរិកបាន​អះអាង គឺកងទ័ពរុស្ស៊ីដែលជាអ្នកធ្វើ​ឲ្យ​យានដ្រូននេះធ្លាក់។ ជាការចោទដែល​ភាគីរុស្ស៊ីបានបដិសេធ។ យ៉ាងណាក៏ដោយ ករណី​នេះ បាន​ឆ្លុះបញ្ចាំងអំពីស្ថានភាព​ដែលងាយ​ផុយស្រួយ អាចក្លាយជាការប្រឈមមុខគ្នាដោយ​អាវុធ និង​កងទ័ព រវាង​គូបដិបក្សទាំង២នេះ ហើយអាចផ្ទុះក្លាយជាសង្គ្រាម​លោកលើកទី​៣។ យោងតាម​លោក James Hecker មេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប បាន​បញ្ជាក់ឲ្យដឹងថា យានដ្រូនមួយគ្រឿង របស់កងទ័ពអាមេរិក ប្រភេទ MQ-9 Reaper បានធ្លាក់ទៅក្នុងសមុទ្ទខ្មៅ កាលពីព្រឹកថ្ងៃទី​១៤មីនា។ MQ-9 Reaper គឺជាយានដ្រូនបញ្ជាពីចំងាយ មានប្រវែងប្រមាណ​១០ម៉ែត្រ ទទឹងស្លាបប្រមាណ​២០ម៉ែត្រ ហើយអាចបំពាក់​អាវុធមីស៊ីលបាន​៨គ្រាប់ និងអាចហោះបានរយៈពេល​២៤ម៉ោង ក្នុង​ល្បឿនជាង​៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះរុស្ស៊ី បើកសាំងស្រោចពីលើដ្រូនអាមេរិក​ ក្នុងពេលកើតហេតុ យានដ្រូននេះមិនមានបំពាក់អាវុធទេ ហើយ​កំពុងហោះ​ក្រវែល​​អង្កេតការណ៍ជាលក្ខណៈធម្មតា នៅក្នុងដែនអាកាសអន្តរជាតិ ពីលើសមុទ្ទខ្មៅ។ ផ្អែកតាម​ប្រភពពីភាគីអាមេរិក គឺក្នុងពេលកំពុងហោះ យានដ្រូន​នេះ ត្រូវបាន​យន្តហោះចម្បាំងរុស្ស៊ី២គ្រឿង ប្រភេទ Sukhoï Su-27 ហោះ​កៀកពីលើជាច្រើនលើកច្រើនសារ ក្នុងបំណងរំខានរករឿង និងបាន​បញ្ចេញសាំងយន្តហោះ ស្រោចពីលើយានដ្រូននេះ ក្នុងគោល​ដៅ​ធ្វើឲ្យ​ដ្រូនខ្វាក់ មិនអាចមើលទិសដៅឃើញ​។ ភាគីអាមេរិកអះអាងទៀតថា ភ្លាមៗនោះ ស្រាប់​តែ​មានការប៉ះទង្គិចគ្នា រវាងយន្តហោះចម្បាំងរុស្ស៊ី ជាមួយយានដ្រូន ធ្វើឲ្យ​ខូចកង្ហាររបស់ដ្រូន។ រំពេចនោះ ដ្រូនរបស់អាមេរិក ចាប់ផ្តើម​បាត់​បង់​ស្ថិរភាព​ ហោះ​លែងបាន ហើយ​កងទ័ពអាមេរិកដែលនៅ​ពីចំងាយ ​បាន​ប្រញាប់បញ្ជាឲ្យ​វាបន្ទាបខ្លួន​មកក្រោម មុននឹងបង្ខំចិត្តទំលាក់វាចោលទៅក្នុងសមុទ្រ​។ នេះបើផ្អែកតាមការបញ្ជាក់បន្ថែម ពីលោកមេបញ្ជាការ Patrick Ryder អ្នកនាំពាក្យ​មន្ទីរបញ្ចកោណអាមេរិក​។​ ក្រសួងការពារជាតិអាមេរិក បានចេញ​លិខិតប្រកាស ដោយ​បានលើកឡើងថា ទង្វើរបស់ងទ័ពរុស្ស៊ីនេះ គឺជាទង្វើដ៏គ្រោះថ្នាក់ មិនមានការទទួលខុសត្រូវ គ្មានភាព​ជំនាញ​ទាល់តែសោះ។ សកម្មភាព​ដ៏គ្រោះថ្នាក់បែបនេះ គឺវាអាចបណ្តាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ជាយថាហេតុណាមួយ ហើយ​បង្កឲ្យ​មាន​ការប៉ះទង្គិចកម្លាំងគ្នាដោយ​អចេតនា។ តែយ៉ាងណាក៏ដោយ កងទ័ពអាមេរិកអះអាងថា អាមេរិកព្រមទាំងក្រុមសម្ព័ន្ធមិត្ត នឹងនៅតែបន្ត​ហោះប្រតិបត្តិការ​ក្រវែលនៅតំបន់​សមុទ្រខ្មៅនេះ ក្នុងដែនអាកាស​អន្តរជាតិ​ តែសូម​ឲ្យ​ខាងភាគីរុស្ស៊ី​ត្រូវធ្វើ​ខ្លួនឲ្យ​បានត្រឹមត្រូវនឹងមាន​ភាពជំនាញ​ផង។ រុស្ស៊ីបដិសេធថាកងទ័ពខ្លួន ​មិនប៉ះទង្គិចដោយ​ផ្ទាល់ជាមួយ​ដ្រូនអាមេរិកទេ​ ក្រសួង​ការពារ​ជាតិ​​រុស្ស៊ី បានចេញលិខិតប្រកាសកាលពីយប់ថ្ងៃអង្គារ​ ដោយ​បាន​ទទួលស្គាល់ថា គេពិតជាបាន​ចាប់រលកសញ្ញា ឃើញមានយានដ្រូនមួយមែន កាលពីថ្ងៃអង្គារ ដោយដ្រូននោះស្ថិតនៅពីលើតំបន់គ្រីម៉េ ហើយកំពុងហោះសំដៅចូលទៅក្នុង​ព្រំដែន​របស់រុស្ស៊ី​។ តែ​កងទ័ពរុស្ស៊ីបានអះអាងថា គេមិនមែនជាអ្នកធ្វើឲ្យ​យានដ្រូនរបស់​អាមេរិកនេះ ធ្លាក់ចូលសមុទ្ទនោះទេ។ ក្រសួងរុស្ស៊ីអះអាងទៀតថា យន្តហោះចម្បាំងរុស្ស៊ី មិន​បានទៅប៉ះទង្គិចដោយ​ផ្ទាល់ ជាមួយ​ដ្រូនអាមេរិកទេ ហើយ​ក៏មិន​បានប្រើអាវុធស្អីទៅបាញ់​ទំលាក់ដែរ ពោលគឺដ្រូន​នោះវាហោះត្រឡប់ត្រឡិន បាត់បង់ស្ថិរភាពតែខ្លួនឯង មុននឹងធ្លាក់ចូលសមុទ្រ នៅវេលាម៉ោង ប្រមាណ​៩និង៣០នាទីព្រឹក ម៉ោងនៅម៉ូស្គូ ត្រូវជាម៉ោង៦កន្លះព្រឹក ម៉ោងសកល​។ ក៏ប៉ុន្តែ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក បាន​ឆ្លើយ​នៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីយប់មិញនេះ ថាភាគីរុស្ស៊ីមិនចាំបាច់ប្រឹងកុហកដល់ម្លឹងទេ។ លោកបានចោទថា ទង្វើរបស់កងទ័ពរុស្ស៊ីជាទង្វើ​​ដែលគ្មានការពិចារណាទាល់តែសោះ។ លោកអះអាងថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពរុស្ស៊ីបានចេញ​មក​រំខាន ដល់ការហោះល្បាត​សាមញ្ញរបស់ដ្រូនអាមេរិក ជាច្រើនលើកច្រើនសារហើយ នៅ​ក្នុងតំបន់ពីលើសមុទ្ទខ្មៅនេះ តែទើបតែលើកនេះទេ ដែលកងទ័ពរុស្ស៊ីបានរំខាន ធ្វើឲ្យ​ដ្រូនអាមេរិក​ធ្លាក់ចូលសមុទ្រ។ លោក​បាន​បន្ថែមថា ភ្លាម​ៗក្រោយ​ធ្លាក់ដ្រូន កងទ័ពអាមេរិកបានបញ្ជូនយន្តហោះល្បាតសមុទ្រ  P-8A Poseidon ឲ្យ​ទៅក្រវែល​ការពារនៅតំបន់ដែលធ្លាក់ មិនឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរសមុទ្រប្រទេសរូម៉ានី។ ការធ្វើបែបនេះ គឺទំនង​ជា​ដើម្បីរារាំងកុំឲ្យ​នាវារបស់រុស្ស៊ី មកស្រង់យកដ្រូននេះបាន​។​ ករណីលើកទីមួយ ឆ្លុះបញ្ចាំងពីស្ថានភាព​ដ៏ផុយស្រួយ តំបន់សមុទ្ទខ្មៅ គឺជាតំបន់ប្រឈមខ្លាំងណាស់ នៅក្រោយ​វិបត្តិផ្ទុះសង្គ្រាមនៅអ៊ុយក្រែន​។ វាជាលើកទីមួយហើយ ដែល​យានដ្រូន​របស់កងទ័ពអាមេរិក ធ្លាក់ក្នុងតំបន់នេះ។ ប្រមាណ​ជាង​១ឆ្នាំមកនេះ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអូតង់ បានចៀសវាងមិនចូលរួម​ដោយ​ផ្ទាល់​ក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ដោយ​មិនចង់​ប្រកាសសង្គ្រាមជាមួយរុស្ស៊ី។ តែកងទ័ពសម្ព័ន្ធមិត្តបានបញ្ជូន​យានដ្រូន និងយន្តហោះ ទៅក្រវែលជាញឹកញាប់ នៅតំបន់ពីលើសមុទ្រខ្មៅ​ ទីមួយ​ដើម្បីការពារសន្តិសុខប្រទេស​ក្នុងតំបន់ ដែលជាសមាជិកអូតង់ផង និង​ដើម្បី​ប្រមូលទិន្នន័យ​ព័ត៌មាន ជួយកងទ័ពអ៊ុយក្រែន​។ តែជាការហោះក្រវែលនៅលើដែនអាកាសអន្តរជាតិ។ ជាមួយនឹងសកម្មភាពកាន់តែសកម្ម របស់​សម្ព័ន្ធមិត្តលោកខាងលិច​នៅតំបន់​នេះ ភាគីរុស្ស៊ី​អាចនឹងកាន់ក្រេវក្រោធ ខឹងទ្រាំលែងបាន អាចបញ្ជាយន្តហោះឲ្យ​កំញើញ បណ្តេញជាដើម។ ត្រង់នេះហើយ ដែលវាបង្កើនកម្រិតនៃការប្រឈម អាចឈានទៅ​មាន​គ្រោះថ្នាក់ជាយកថាហេតុណាមួយ ដោយអចេតនា។ គ្រោះថ្នាក់អាចកើត​ឡើង​មួយរំពេច ហើយអាចឈានទៅ​បញ្ឆេះភ្លើងសង្គ្រាមដោយ​ផ្ទាល់ រវាង​អូតង់ និងរុស្ស៊ី​។​ កាលពីថ្ងៃទី​២៩ កញ្ញា ឆ្នាំមុន យន្តហោះចម្បាំងរ Su-27 របស់រុស្ស៊ី បានបាញ់មីស៊ីល​មួយរួចទៅហោះ សំដៅទៅប្រផិតកៀកនឹង​យន្តហោះស៊ើបការណ៍ RC-35 របស់អង់គ្លេស ដែលកំពុងតែហោះប៉ាទ្រុយនៅ​លើសមុទ្រខ្មៅ​។ ខាំមាត់សង្កត់ចិត្តរៀងខ្លួន​ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា នៅក្រោយ​ហេតុការណ៍ធ្លាក់យានដ្រូនអាមេរិក​នេះ ភាគីអាមេរិក ទោះបីចោទរុស្ស៊ីដោយចំៗមែន តែគេហាក់​បានថ្លឹងថ្លែងពាក្យពេជន៍ណាស់​​ មិន​ដុតកំហឹងឲ្យឆេះរោលខ្លាំងនោះទេ ដោយ​ព្យាយាមទប់ ​កុំឲ្យ​វាក្លាយ​ចំណុចចាប់ផ្តើម​នៃសង្គ្រាម។ ថ្វីត្បិតភាគីអាមេរិក អះអាងថាគេមាន​វីដេអូជា​ភស្តុតាង បញ្ជាក់ពីសកម្មភាព​រករឿងមកលើយានដ្រូនគេ​ ពីសំណាក់​យន្តហោះចម្បាំងរុស្ស៊ីក៏ដោយ តែមន្ត្រីអាមេរិក បានថ្នមមាត់ មិនអះអាងចោទលើចេតនា​អាក្រក់របស់រុស្ស៊ីនោះទេ។ លោក Ned Price អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិកវិញ បានលើកឡើងដែរថា ភាគីអាមេរិក កំពុងនិយាយជាមួយភាគីរុស្ស៊ី​ដោយផ្ទាល់ ដើម្បីប្រាប់ពីការ​ជំទាស់ដ៏ខ្លាំងក្លា ចំពោះទង្វើរបៀបនេះ របស់រុស្ស៊ី។ ជាប្រតិកម្ម​ក្រោយ​ការធ្លាក់យានដ្រូននេះ​ ក្រសួងការបរទេសអាមេរិក បានកោះហៅ​លោក Anatoli Antonov អគ្គរដ្ឋទូតរុស្ស៊ី​ឲ្យចូលចូលជួប​។ ហើយ​បើផ្អែកតាមការចុះផ្សាយរបស់​បណ្តាញព័ត៌មានរុស្ស៊ី RIA ក្នុងពេលចូលទៅក្រសួងការបរទេសអាមេរិក លោកអគ្គរដ្ឋទូតរុស្ស៊ីបាន​បដិសេធការចោទ ហើយអះអាងរុស្ស៊ីចាត់ករណី​នេះជាករណីបង្ករឿងពីខាងអាមេរិក។ លោក​Anatoli Antonov អះអាងទៀតថា ចំពោះខាងរុស្ស៊ីវិញ គឺរុស្ស៊ី​គ្មានចេតនាណាមួយ ចង់​ឲ្យ​មាន​ការប្រឈមមុខគ្នាដោយ​ផ្ទាល់ រវាងអាមេរិកនិងរុស្ស៊ីនោះទេ។ ជារួមយើងឃើញថា ភាគីទាំងសងខាងខំប្រឹងទប់រៀងៗខ្លួន មិនមាន​នរណាបញ្ឆេះនរណាទេ៕
3/15/20237 minutes, 54 seconds
Episode Artwork

តើគេត្រូវព្រួយបារម្ភពីផលវិបាកនៃការដួលរលំធនាគារ SVB របស់អាមេរិក​ដែរឬទេ?

នៅអាមេរិក លោកប្រធានាធិបតី ចូ បៃដិន​ព្យាយាម​និយាយ​ធានា​ពីភាពរឹងមាំ​របស់​ប្រព័ន្ធធនាគារអាមេរិក នៅក្រោយ ធនាគារចំនួន​៣ របស់អាមេរិក ដួលរលំ​បន្តបន្ទាប់គ្នា កាលពីប៉ុន្មានថ្ងៃមុននេះ។ ការដួលរលំ​ធនាគារ ឈ្មោះ SVB (Silicon Valley Bank) ​ដែល​ជា​ធនាគារ​ដ៏ធំមួយ នៅ​អាមេរិក កាលពីថ្ងៃ​សុក្រ សប្តាហ៍មុន បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​អាមេរិក​សម្រេចចិត្ត​បិទធនាគា និង​យកទ្រព្យ​របស់ធនាគារ​មកដាក់ក្រោមការចាត់ចែង​បណ្តោះអាសន្ន ដើម្បី​ស្តារទំនុកចិត្ត និង​ដើម្បីរំងាប់ក្តីបារម្ភ​របស់សាធារណជន។ នៅថ្ងៃ​ចន្ទទី ១៣ មីនា លោកចូ បៃដិន​បាន​ប្រកាស​ចេញមុខ​ធានា​លើលុយតម្កល់របស់អតិថិជនធនាគារ។ ប៉ុន្តែ ទោះមានការចេញមុខធានា​ពីប្រធានាធិបតីអាមេរិក ទីផ្សារ​ហិរញ្ញវត្ថុអន្តរជាតិ​នៅតែ​បន្តរំជើបរំជួល​ដោយសារ​ការដួលរំលំធនាគារSVB ដែលអាច​បង្កើតជា​ក្តីបារម្ភ ពីវិបត្តិឆ្លងរាលដាលតគ្នា។ តើ​វិបត្តិធនាគារ​អាមេរិកលើកនេះ នឹង​អាច​ ឆ្លងរាលដាល​ទៅកន្លែងផ្សេង ឬ​ឆ្លងរីកមុក ក្លាយជា​ទៅជា​វិបត្តិធំ ដូចកាល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល កាល​ពី​ឆ្នាំ២០០៨​ដែរឬទេ? នៅក្នុងសន្និសីទ​កាសែត កាលពីថ្ងៃ​ច័ន្ទម្សិលមិញ លោកប្រធានាធិបតី ចូ បៃដិន​បានព្យាយាម​ធានា​ភាពរឹងមាំ របស់ប្រព័ន្ធធនាគារ​អាមេរិក នៅចំពោះមុខ​ក្តីបារម្ភរបស់​សាធារណជន​ដែលខ្លាចថា ការដួលរលំ​ធនាគារ​ SVB នឹង​អាច​ឆ្លង​រាលដាល​ទៅកាន់​ធនាគារដទៃទៀត នៅអាមេរិក។នៅចំពោះមុខ​ការដួលរលំធនាគារ​អាមេរិក ដល់ទៅ​៣ នៅប៉ុន្មាន​ថ្ងៃមកនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានធានា​អះអាងថា ប្រព័ន្ធធនាគារ​អាមេរិក​រឹងមាំ និងមាន​សុវត្ថិភាព។ ដូច្នេះ ប្រជាជន​អាមេរិក​អាច​ទុកចិត្ត​លើ​ប្រព័ន្ធធនាគារ​អាមេរិក។ តាម​ប្រធានាធិបតីអាមេរិក គេនៅតែអាច​ទៅបើកយកសាច់ប្រាក់ពីធនាគារ នៅរាល់ពេល​គេ​ត្រូវការ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ពាក្យធានា​របស់ប្រធានាធិបតីអាមេរិក និងការលូកដៃ​របស់​អាជ្ញាធរ​អាមេរិក ដើម្បី ចូលទៅគ្រប់គ្រង​ទ្រព្យ​របស់​ធនាគារ SVB ដែលបាន​ដួលរលំ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងគោលដៅ ស្តារទំនុកចិត្តលើ​ប្រព័ន្ធធនាគារអាមេរិក និងដើម្បីបញ្ចៀស​ការសម្រុក​ទៅដកលុយ​ពីធនាគារ នៅតែ​មិនទាន់​ទៅ​រំងាប់​ក្តីបារម្ភ​របស់​អ្នកវិនិយោគ។ តាំង​ពីថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​អង្គារនេះ តម្លៃ​ភាគហ៊ុន​នៅលើ​ទីផ្សារ នៅ​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោក នៅតែ​ធ្លាក់​ចុះ​ខ្លាំង​នៅឡើយ ជាពិសេស ភាគហ៊ុន​របស់​ធនាគារ។ នៅអាមេរិកផ្ទាល់ តម្លៃភាគហ៊ុន​របស់​ធនាគារធំ​បានធ្លាក់ចុះ​អស់​ជាងពាក់កណ្តាល ចំណែក តម្លៃភាគហ៊ុន របស់ធនាគារ​អាល្លឺម៉ង់ ធ្លាក់ចុះ ជាង ១០%។ ហេតុអ្វី​អាជ្ញាធរ​អាមេរិក​បណ្តែត​បណ្តោយ​ឲ្យធនាគារ​ដ៏ធំ​ដួលរលំ​ ក្នុងរយៈពេល​តែ ប៉ុន្មានថ្ងៃ? ការដួលរលំ​ធនាគារ​SVB​ដែល​មាន​ទ្រព្យសកម្ម​ដល់​ទៅ ២០០ពាន់លានដុល្លារ ក្នុងរយៈពេល​តែ​មួយប៉ព្រិចភ្នែក​បានធ្វើ​ឲ្យចោទសួរ​ពី​កំហុសឆ្គង​ក្នុងការគ្រប់គ្រង​ទាំង​ពី​ខាងធនាគារផ្ទាល់ និងពីខាង​អាជ្ញាធរ​អាមេរិក។ Silicon Valley Bank​ហៅកាត់ដោយខ្លី​ថា​ធនាគារ​ SVBជាធនាគារ​ដែល​រកស៊ី​ភាគច្រើន​ជាមួយ​ក្រុមហ៊ុន​ប្រភេទ Startup នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ អ្វីដែល​គេ​ស្តីបន្ទោស​ទៅលើ​ធនាគារ នៅត្រង់ថា ធនាគារមួយនេះ ធ្វើការរកស៊ី​តែ​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដោយ​មិនព្រម ពង្រីក​ប្រភពទុន​របស់ខ្លួន ពី​វិស័យ​ផ្សេង​ទៀត។ ក្រុមហ៊ុន​បច្ចេកវិទ្យាStartup ថ្មីថ្មោង អាចទទួលជោគជ័យ ក៏ឆាប់ ប៉ុន្តែ ក៏ជួបបញ្ហា​ប្រឈម​ងាយៗដែរ។ ម្យ៉ាង ធនាគារ​ចាត់ចែង​មិនត្រូវ​ពីលំហូរសាច់ប្រាក់​របស់ខ្លួន។ នៅពេល​អតិថិជន​របស់ធនាការ​ភាគច្រើន ដែលជា​ក្រុមហ៊ុន​Startup ឧស្សាហ៍​ត្រូវការ​សាច់ប្រាក់​សម្រាប់​អភិវឌ្ឍ វិនិយោគ​លើ​គម្រោងការ​របស់ខ្លួន ធនាគារ SVB បែរជា​យកលុយ​របស់​អតិថិជន​ទៅទិញមូលប័ត្រ​បំណុល​រយៈពេលវែង​របស់​រតនាគារជាតិអាមេរិក។ ប្រឈមនឹង​តម្រូវការ​សាច់ប្រាក់​ដើម្បី​បើក​ឲ្យ​អតិថិជន​នេះ ធនាគារ SVB ​ក៏​បានលក់​ចេញ​មូលបត្រ​​ទាំង ២១ពាន់លាន​ដុល្លារ ដោយ​សុខចិត្ត​ខាត​លុយ​រហូត​ដល់​ទៅ ១,៨ពាន់លាន​ដុល្លារ។ មួយវិញទៀត ការដួលរលំភ្លាមៗ ធនាគារ​អាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ១៦ នៅអាមេរិក ឆ្លុះបញ្ចាំងផងដែរ ពីការគ្រប់គ្រង ខ្វះចន្លោះ​របស់​អាជ្ញាធរ​អាមេរិក។ នៅ​ក្រោយ​វិបត្តិហិរញ្ញវត្ថុ ឆ្នាំ ២០០៨ ដែល​បណ្តាល​ធនាគារ​ដែលធ្វើជំនួញចំបង​ជាមួយ វិស័យ​អចលនទ្រព្យ អាជ្ញាធរអាមេរិក​បាន​ចេញច្បាប់រឹតបន្តឹង​ប្រព័ន្ធ​ធនាគារអាមេរិក។ ជាក់ស្តែង ច្បាប់​បាន​ចាប់តម្រូវ​ឲ្យ​ធនាគារត្រូវ​ដាក់កំហិត​ឲ្យ​អតិថិជន ដែលមាន​ប្រាក់តម្កល់​ច្រើនបំផុត ២៥ម៉ឺនដុល្លារ ត្រូវ​តែមាន​ការធានា​រ៉ាប់រ៉ង​ពីអាជ្ញាធរ។ ប៉ុន្តែ អតិថិជន​ភាគច្រើន​របស់​ធនាគារ​SVB មាន​ប្រាក់តម្កល់ ដល់ទៅ រាប់លាន ដោយ​គ្មាន​ប័ណ្ណ​ធានារ៉ាប់រង។ ហើយ​អាជ្ញាធរ​ក៏មិន​បានតាមដាន​យកចិត្តទុកដាក់ពីរឿងនេះ។ នៅត្រង់ចំណុចនេះ រដ្ឋបាលលោក​ចូ បៃដិន​បាន​ទម្លាក់កំហុស​ទៅលើ​រដ្ឋបាលអាមេរិក​មុន​របស់​លោកដូណាល់ ត្រាំ ដែលបាន​បន្ធូរបន្ថយច្បាប់​គ្រប់គ្រងធនាគារអាមេរិក។ តាម​ច្បាប់​ថ្មី​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ រាល់ធនាគារធំៗ​ដែលមាន​ទ្រព្យសកម្ម​ចាប់ពី ២៥០ពាន់លាន​ឡើងទៅ ទើបស្ថិតក្នុងបញ្ជី​តាមដាន មើល​របស់​អាជ្ញាធរ។ ចៃដន្យ ធនាគារ SVB រួចផុត​ពីសំនាញ់តាមដាន​របស់​អាជ្ញាធរ ព្រោះវា​ទ្រព្យសកម្ម ២០០​ពាន់លានដុល្លារ។ វិបត្តិ​ធនាគា​អាមេរិក​នឹង​​អាចឆ្លង​រាលដាល បង្កជា​វិបត្តិសកល ដូច​វិបត្តិហិរញ្ញវត្ថុ​ឆ្នាំ ២០០៨? ដោយសារ​ធនាគារ​SVB ស្ថិតក្នុង​ក្រុមធនាគារមធ្យម ហើយ​វា​ធ្វើជំនួញចំបង​តែ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Startup គេ​វាយតម្លៃថា វិបត្តិធនាគារ​នៅអាមេរិក​ទំនង​នឹង​មិន​បង្ក​ហានិភ័យ​ធំដុំ ហើយវា​កើតមាន​តែ​នៅទឹកដីអាមេរិក ដោយ​មិន​ឆ្លងរាលដាល​ទៅដល់​ធនាគារធំៗ​នៅប្រទេស​ដទៃ​ទៀត ដែលមាន​ប្រព័ន្ធ​គ្រប់គ្រងរឹងមាំ។ ប៉ុន្តែ ហានិភ័យ សូន្យ​ក្នុង​វិបត្តិធនាគារ​គ្មាននោះទេ ព្រោះថា នៅពេល​គេ​និយាយ​ពីធនាគារ គេ​និយាយ​ពីទំនុកចិត្ត។ បើសិន អតិថិជន​លែងទុកចិត្ត ហើយ​ចេះតែ​ភ័យខ្លាច ថា ធនាគារ​មួយអាច​ដួលរលំគ្រប់ពេលវេលា នោះ​អតិថិជន​អាច​ភ័យស្លន់ស្លោ លែង​មានហេតុផល និង​គិត​តែ​សម្រុក​ទៅដកសាច់ប្រាក់ ចេញពីធនាគារ។ អ្វីដែលគេ​បារម្ភនៅពេលនេះ គឺ​ការភ័យខ្លាច គ្មាន​ហេតុផល​របស់​អតិថិជន ដែលទៅសម្រុកដកសាច់ប្រាក់ ដែល​ជាមូលហេតុ​ចំបង​ធ្វើ​ឲ្យ​ធនាគារ​មួយអាច​ដួលរលំដោយងាយ។ ប្រព័ន្ធ​ធនាគារ​អាមេរិក​មិនរង្គោះរង្គើ ប៉ុន្តែ វិបត្តិធនាគារ​SVB កំពុង​បង្កហានិភ័យ​ដល់វិស័យ​Startup នៅក្រោយ​ការអន្តរាគមន៍​លូកដៃ​របស់អាមេរិក ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ការដួលរលំធនាគារSVB ក្លាយទៅជា​វិបត្តិរាលដាល​ឆ្លងទៅធនាគារ​ដទៃទៀត គេ​បារម្ភថា ធនាគារ​កណ្តាល​អាមេរិក​នឹង​អាច​ផ្អាក​ការដំឡើងការប្រាក់ ដែលជា​នយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក​ដើម្បី​កាត់បន្ថយ​អត្រាអតិផរណា។ គេបារម្ភថា បើសិន ធនាគារកណ្តាលអាមេរិក ឈប់​ដំឡើង​អត្រាការប្រាក់ នោះសេដ្ឋកិច្ច​អាមេរិក​នឹង​ដើរថយក្រោយ។ បើសិន​សេដ្ឋកិច្ច​អាមេរិកផ្តាសាយ នឹង​វា​នឹង​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ដទៃទៀត មិនថា នៅអឺរ៉ុប និងអាស៊ី។ មួយវិញទៀត បើទោះជា​ធនាគារ​កណ្តាលអាមេរិក សម្រេច​ផ្អាក​ការដំឡើង​ការប្រាក់មែន ដើម្បីជួយដោះស្រាយ​បញ្ហា​របស់ធនាគារ​មែន ប៉ុន្តែ វា​នឹង​មិនទៅ​ជួយ​ដោះស្រាយ​បញ្ហាភ្លាមៗ របស់​អតិថិជន ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​Startup​នោះទេ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​Startup​ជាអ្នករងគ្រោះ មុនគេ ដោយសារ​វិបត្តិ​ធនាគារSVB។ ពួកគេ​មួយ​ចំនួន​អាច​ត្រូវ​បិទទ្វារ កាត់បន្ថយ​បុគ្គលិក ឬ​ឈប់ធ្វើ​គម្រោង​ស្រាវជ្រាវ​ថ្មីៗ ដោយសារ​តែ​ធនាគារ​របស់ពួកគេ​ត្រូវ​ក្ស័យធន បិទទ្វារ៕
3/14/20237 minutes, 42 seconds