ចិន៖ ប្រតិបត្តិការបង្ក្រាបអំពើពុករលួយ វាយសង្គ្រុបវិស័យហិរញ្ញវត្ថុ ដែលកំពុងខ្សោយរួចទៅហើយ
នៅចិន បន្ទាប់ពីលោកស៊ី ជីនពីង បានបើកប្រតិបត្តិការបោសសំអាតអំពើពុករលួយ នៅក្នុងជួរមន្ត្រីបក្សកុម្មុយនិស្ត ពេលនេះ គឺដល់វេនវិស័យធនាគារ ហិរញ្ញវត្ថុម្តង ដែលកំពុងតែប្រឈមខ្លាំង។ គិតចាប់ពីដើមឆ្នាំ២០២៤នេះមក ថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុចិនជាច្រើននាក់ ត្រូវបានគេចាប់ខ្លួន ដោយចោទពីបទប្រព្រឹត្តិអំពើរលួយ។ បញ្ហានេះ បានមកបន្ថែមធ្វើឲ្យបរិយាកាស កាន់តែភ័យបារម្ភ ខណៈវិស័យហិរញ្ញវត្ថុចិនពេលនេះ កំពុងជួបវិបត្តិទន់ខ្សោយរួចទៅហើយ។ ចាប់តាំងពីឡើងកាន់អំណាចមក លោកស៊ី ជីនពីង បានយកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាអាទិភាព។ អំពើពុករលួយ ដែលចាក់ឫសយ៉ាងជ្រៅ មិនថាក្នុងស្ថាប័នរដ្ឋបាលសាធារណៈ និងនៅតាមសហគ្រាសរដ្ឋ។ ផ្អែកតាមការចុះផ្សាយរបស់កាសែត Global Times នៅឆ្នាំ២០២២ យ៉ាងហោចណាស់ មានមនុស្ស៤លាន៨សែននាក់ ដែលត្រូវបានគេផ្តន្ទាទោស ពីបទប្រព្រឹត្តិអំពើពុករលួយនៅចិន។បន្ថែមពីនេះទៀត ចំនួននីតិវិធីស៊ើបអង្កេត ដែលគេបានធ្វើទៅលើមន្ត្រីរដ្ឋការធំៗ បានកើនឡើង ៤០% ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅឆ្នាំ២០២២។ នេះបើផ្អែកតាមការចុះផ្សាយ របស់កាសែតហុងកុង South China Morning Post។ ហើយថ្មីៗនេះ លោកប្រធានាធិបតីចិនស៊ី ជីនពីង បានប្រកាសថារដ្ឋាភិបាលលោក នឹងប្រឹងប្រែងបោសសំអាតអំពើពុករលួយស៊ីសំណូក នៅក្នុងវិស័យហិរញ្ញវត្ថ ធនាគារ និងនៅតាមក្រុមហ៊ុនសហគ្រាសរដ្ឋចិន។គួរកត់សំគាល់ថា ចាប់តាំងពីក្រោយវិបត្តិកូវីដ១៩មក គឺសេដ្ឋកិច្ចចិនបានជួបបញ្ហាជាបន្តបន្ទាប់។ វិស័យធនាគារហិរញ្ញវត្ថុចុះទន់ខ្សោយខ្លាំង វិបត្តិក្នុងវិស័យអចលនទ្រព្យ បំណុលសាធារណៈឡើងប៉ោង ចំណែកការចំណាយវាយវាយរបស់ប្រជាជន ក៏កាន់តែចុះថយ ដែលធ្វើឲ្យសេដ្ឋកិច្ចនៅទ្រឹង។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ វាគឺជារឿងត្រឹមត្រូវណាស់។ ក៏ប៉ុន្តែនៅចិន តម្លាភាពនៅក្នុងនីតិវិធីនីមួយៗ វាពុំមានឡើយ។ ហេតុផលនយោបាយ អាចនៅពីក្រោយពាក្យស្លោក “ប្រយុទ្ធនឹងអំពើពុករលួយ” ក៏ថាបាន។លោក Alex Payette អគ្គនាយក ការិយល័យប្រឹក្សាយោបល់ Celsius Group នៅកាណាដា បានលើកឡើងថា ធាតុពិតទៅ រឿងស្ថិរភាពសេដ្ឋកិច្ច គឺវាមិនមែនជាអាទិភាពធំរបស់លោក ស៊ី ជីនពីងប៉ុន្មានទេ។ បើទោះបីជាបក្សកុម្មុយនិស្តចិន ផ្អែកខ្លាំងលើកត្តាសេដ្ឋកិច្ច ដើម្បីបំបិតមាត់ប្រជាជនចិនឲ្យសំងំនៅស្ងៀមកុំតវ៉ា តែលោកស៊ី ជីនពីង ចង់សង្កត់ផ្នែកខ្លះនៃសេដ្ឋកិច្ចឲ្យជាប់ កុំឲ្យរបូតពីកណ្តាប់អំណាចរបស់បក្ស។សូមបញ្ជាក់ថា កាលពីដើមខែមករានេះ លោកស៊ី ជីនពីងបានអំពាវនាវ ឲ្យមន្ត្រីចិនគ្រប់ជាន់ថ្នាក់ ត្រូវតែប្រឹងប្រែងឲ្យបានទ្វេដង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ។ អ្នកដែលគាំទ្រ លោកស៊ី ជីនពីង បានអះអាងថា ប្រតិបត្តិការនេះចាំបាច់ណាស់ ព្រោះវានឹងធ្វើឲ្យអភិបាលកិច្ចនៃវិស័យនេះមានភាពស្អាតស្អំ។ តែទន្ទឹមនឹងនេះ អ្នកដែលរិះគន់វិញ បានលើកឡើងថា លោកស៊ី ជីនពីងកំពុងតែចង់បោសសំអាតអ្នកដែលប្រឆាំងនឹងគោលនយោបាយលោក នៅក្នុងវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ។យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានចិន ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានមនុស្សជាច្រើននាក់ ដែលត្រូវគេចាប់ខ្លួន ដោយចោទពីបទពុករលួយ ក្នុងនោះមានដូចជា អតីតមន្ត្រីទទួលខុសត្រូវនៅតាមធនាគាររដ្ឋចិន នៅអាជ្ញាធរគ្រប់គ្រងប្រតិបត្តិការធនាគារ ឬនៅសហគ្រាសរដ្ឋផ្នែកនាំប្រេងចូល ឬផ្នែកថ្នាំជក់ជាដើម។ជាក់ស្តែង អតីតអគ្គនាយកធនាគាររដ្ឋចិន Everbright ឈ្មោះ Tang Shuangning ដែលត្រូវបានគេចាប់ខ្លួន នៅដើមខែនេះ ហើយដែលត្រូវបានបណ្តាញព័ត៌មានចិន ទំលាយរឿងរ៉ាវ ស្តីពីអំពើរំលោភអំណាច ស៊ីសំណូក ចាយប្រាក់ក្រុមហ៊ុនដើម្បីដើរកម្សាន្តជាដើមល។ល។ ចំណែកទូរទស្សន៍ CCTV បានផ្សាយ អត្ថបទសារភាពទទួលកំហុស របស់អតីតគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន ឈ្មោះ Li Tie។ ជននេះ បានសារភាពទទួលស្គាល់ថា ខ្លួនធ្លាប់បានរៀបចំការប្រកួតក្លែងក្លាយ ទទួលប្រាក់សំណូក និងបានសូកប៉ាន់ប្រាក់រាប់សែនដុល្លារ ដើម្បីទទួលបានមុខតំណែង។លោកស្រី Vivienne Shue សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Oxford ដែលតាមដានការចុះផ្សាយមិនលោះថ្ងៃ ស្តីពីការចាប់វែកមុខ មនុស្សពុករលួយនៅចិនប៉ុន្មានសប្តាហ៍មកនេះ បានលើកឡើងថា មតិសាធារណៈចិនពេញចិត្តខ្លាំងនឹងប្រតិបត្តិការនេះ ព្រោះវាមកបញ្ជាក់ថា ការយល់ឃើញរបស់ពួកគេគឺមិនខុសទេ។ ពោលគឺមន្ត្រីករិយាល័យធិបតេយ្យរបស់ចិន សុទ្ធិតែពុករលួយ គិតតែពីលាភសក្ការៈខ្លួនឯង។ ប្រការនេះ នឹងហុចផលវិជ្ជមានទៅលើមុខមាត់លោកស៊ី ជីនពីង។ដោយឡែក លោក Andrew Wedeman សាស្ត្រាចារ្យជំនាញចិន នៅសកលវិទ្យាល័យរដ្ឋ Géorgie បានលើកឡើងថា អាចមានហេតុផលពីរនៅពីក្រោយប្រតិបត្តិការបង្ក្រាបនេះ។ ទី១ គឺវិស័យហិរញ្ញវត្ថុ ធានាគារ មានដិតដាមដោយអំពើស៊ីសំណូកសូកប៉ាន់មែន ឬទី២ គឺមកពីលោកស៊ី ជីនពីង មើលឃើញថាវិស័យនេះ កាន់តែឯករាជ្យខ្លាំងឡើង ហើយដែលអាចបង្កហានិភ័យ ដល់អំណាចរបស់លោក ទៅថ្ងៃខាងមុខ។លោកសាស្ត្រាចារ្យ Andrew Wedeman បាននិយាយប្រៀបធៀបថា ប្រតិបត្តិការបោសសំអាតអំពើពុករលួយនៅចិន គឺមិនខុសពីសង្គ្រាមដែលសហរដ្ឋអាមេរិកធ្វើនៅវៀតណាមនោះទេ។ ពោលគឺ ពីមួយថ្ងៃទៅមួយថ្ងៃ មានចំនួនមនុស្សរងគ្រោះកាន់តែច្រើន តែគ្មានពន្លឺថាសង្គ្រាមនេះចប់នៅពេលណា។ លោកអះអាងថា ស្ថានភាពនេះ នឹងបន្តរហូតទាល់តែចប់អាណត្តិរបស់លោកស៊ី ជីនពីង៕
1/25/2024 • 4 minutes, 47 seconds លោក ពូទីន បន្តបង្ហាញមុខលើឆាកអន្តរជាតិ ទោះបីរងទណ្ឌកម្មពីប្រទេសបស្ចិមលោក
ថ្ងៃពុធទី ៥ ធ្នូនេះ លោក វ៉្លាឌីមៀរ ពូទីន ធ្វើដំណើរទស្សនកិច្ចទៅកាន់ អេមីរ៉ាតអារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីត។ មួយថ្ងៃក្រោយមក ពោលគឺថ្ងៃព្រហស្បតិ៍ទី ៦ ធ្នូ លោក ពូទីន នឹងទទួលជួបប្រធានាធីបតីអ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ។ នេះបើតាមការឲ្យដឹងពីសំណាក់វិមានក្រេមឡាំង។ គួរបញ្ជាក់ថា លោកពូទីន បន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំសំខាន់ៗ បើទោះបីជាបណ្តាប្រទេសបស្ចិមលោកនានា ព្យាយាមដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយធ្វើយ៉ាងណាឲ្យប្រទេសនេះឯកោតែឯង លើឆាកអន្តរជាតិ។ យោងតាមសម្តីរបស់អ្នកនាំពាក្យនៃវិមានក្រេមឡាំងលោក ឌីមីទ្រី ប៉េស្កូវ លោកពូទីន ត្រូវជួបជាមួយប្រធានាធីបតីអេមីរ៉ាតអារ៉ាប់រួម លោក ម៉ូហាម៉េដ បិន ហ្សាយ៉េដ អាលណាយ៉ាន ដើម្បីពិភាក្សាអំពីទស្សនវិស័យសហប្រតិបត្តិការនានារវាងប្រទេសទាំង២ និង ស្ថានការណ៍ទូទៅ ក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ទាប់មក នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោកពូទីន នឹងជួបជាមួយក្សត្ររជ្ជទាយាទព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាលម៉ាន។ ប្រមុខរដ្ឋទាំងពីរ នឹងពិភាក្សាគ្នាអំពីវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និង នយោបាយអន្តរជាតិ។ជុំវិញស្ថានការណ៍អន្តរជាតិ លោកពូទីន នឹងលើកឡើងអំពីជំលោះដ៏ក្តៅគគុករវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន។ ជុំវិញប្រធានបទនេះ លោក ពូទីន បានទិតៀន និងបរិហារ អ៊ីស្រាលអែល ថាបានបង្កមហន្តរាយមនុស្សជាតិនៅតំបន់ហ្កាហ្សា ថែមទាំងអំពាវនាវឲ្យបង្កើតរដ្ឋប៉ាឡេស្ទីន ដែលឯករាជ្យ ។ ក្នុងជំនួបតាមអនឡាញ នៃកិច្ចប្រជុំកំពូល ហ្សេ២០ កាលពីចុងខែវិច្ឆិកាលោកពូទីន ធ្លាប់បានលើកយកប្រធានបទហ្កាហ្សា ដើម្បីវាយបកទៅកាន់ក្រុមប្រទេសបស្ចិមលោកវិញ ថាពុំប្រកាន់គោលជំហរស្មើភាព ដោយរួមគ្នាថ្កោលទោសរុស្ស៊ីពីបទវាយលុកចូលអ៊ុយក្រែន តែបែរជាឈរឱបដៃមើល ទង្វើសម្លាប់រង្គាលលើប្រជាជនស៊ីវិលប៉ាឡេស្ទីន។ ក្នុងជំនួបជាមួយមេដឹកនាំនៅមជ្ឈិមបូព៌ានេះ លោកពូទីន ក៏បានលើកឡើងពីគោលជំហររបស់រុស្ស៊ី ក្នុងការកាត់បន្ថយការផលិតប្រេងឆៅ យ៉ាងហោចណាស់រហូតដល់ចុងខែមីនាឆ្នាំ ២០២៤។ លោកពូទីន អះអាងថាការកាត់បន្ថយនេះ គឺដើម្បីរក្សាលំនឹងនៃតម្លៃប្រេងឆៅ ក្នុងពិភពលោក ពោលគឺ ស្របជាមួយគោលនជំហររបស់អារ៉ាប៊ីសាអូឌីត ដែលជាសមាជិកសំខាន់មួយទៀតរបស់ Opep+ ដែលជាអង្គការប្រមូលផ្តុំបណ្តាប្រទេសផលិតប្រេងកាតធំៗ នៅលើសកលលោក។បន្ទាប់ពីទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក វ៉្លាឌីមៀរ ពូទីន នឹងទទួលជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី នៅទីក្រុងមូស្គូ ក្នុងថ្ងៃព្រហស្បតិ៍ទី៧ធ្នូ។ នេះបើតាមអ្នកនាំពាក្យនៃវិមានក្រេមឡាំង លោក ឌីមីទ្រី ព៉ស្កូវ។ គួររំឮកថា កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ លោកពូទីន បានទៅធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈពេលដែលប្រមុខការទូតរុស្ស៊ីលោក ស៊ែរហ្គៃ ឡាវ្រូវ ក៏មានវត្តមានដែរនៅទីក្រុងតេអេរ៉ង់ ក្នុងខែតុលាឆ្នាំ ២០២៣។នៅក្នុងកិច្ចជំនួបថ្មីនេះ ប្រទេសទាំងពីរគ្រោងនិយាយពិភាក្សាគ្នាលើសំណុំរឿងសំខាន់ៗទ្វេភាគីដូចជា ទំនាក់ទំនងសេដ្ឋកិច្ច បញ្ហានានាក្នុងតំបន់និងក្នុងពិភពលោក ដោយផ្តោតជាពិសេសលើស្ថានការណ៍នៅហ្កាហ្សា។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ IRNA ។គួរបញ្ជាក់ដែរថា បណ្តាប្រទេសបស្ចិមលោក ចោទប្រកាន់អ៊ីរ៉ង់ថាបានចូលដៃចូលជើងជាមួយរុស្ស៊ីក្នុងបរិបទសង្គ្រាមអ៊ុយក្រែន ដោយបញ្ជូនដ្រូនបំពាក់គ្រាប់ផ្ទុះឈ្មោះ Shahed រាប់សិនគ្រឿងទៅឲ្យរុស្ស៊ី យកទៅវាយប្រហារ ដ៏សង្គ្រប់លើទឹកដីអ៊ុយក្រែន។មកទល់បច្ចុប្បន្ន លោក វ៉្លាឌីមៀរ ពូទីន កម្រធ្វើដំណើរចេញពីប្រទេសរុស្ស៊ីណាស់ ពោលគឺលោកទៅកាន់បណ្តាប្រទេសណា ដែលជាសម្ព័ន្ធមិត្តជំនិតៗរបស់រុស្ស៊ីតែប៉ុណ្ណោះ។ ការណ៍នេះ បណ្តាលមកពីលោកពូទីន គ្មានគេទទួលស្វាគមន៍ និងរាប់រក នៅតាមប្រទេសបស្ចិមលោក ហើយលោកមាន ឈ្មោះក្នុងដីការចាប់ខ្លួនរបស់តុលាការអន្តរជាតិ ពីបទចាប់ជម្លៀសកុមារ អ៊ុយក្រែន យកមកប្រទេសរុស្ស៊ី ។ជាក់ស្តែង លោកពូទីន ពុំមានវត្តមានទេនៅក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗក្នុងពេលថ្មីៗនេះ មានជាអាទិ៍ ជំនួបកំពូលរវាងប្រទេសសេដ្ឋកិច្ចជឿនលឿនហៅកាត់ថាហ្សេ២០ នៅឥណ្ឌា កាលពីខែកញ្ញាកន្លងទៅ និង ជំនួប ប្រ៊ីក (ប្រស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង) ដែលប្រព្រឹត្តទៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែសីហា។ លោកពូទីន ធ្លាប់បានពោលថា លោកពុំចូលរួមក្នុងកិច្ចជំនួបទាំងនេះ ដើម្បីជៀសវាងបង្កអំពុលទុក្ខ ដល់ប្រទេសម្ចាស់ផ្ទះ។ចំពោះជំនួបកំពូលអំពីកាអាសធាតុ COP28 ដែលកំពុងដំណើរទៅក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួម ក៏វិមានក្រេមឡាំងពុំបាន បញ្ជាក់ពីវត្តមានរបស់លោកពូទីនដែរ៕
12/6/2023 • 6 minutes, 27 seconds អាស៊ីកណ្តាល ក្លាយជា « តំបន់យុទ្ធសាស្ត្រថ្មី » ដែលប្រទេសធំៗ កំពុងលួងលោមភ្ជាប់ស្ពានមេត្រី
ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។ ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយ សមភាគី លោក កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន និង ជាសម្ព័ន្ធមិត្តចាស់វស្សា របស់លោកពូទីន។ ដំណើរទស្សនកិច្ចថ្មីនេះ គឺធ្វើឡើង មួយសប្តាហ៍ក្រោយទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសតែមួយ។ ក្នុងពេលតែមួយ នៅទីក្រុង Tachkent រដ្ឋធានី អ៊ូសបេគីស្ថាន ដែលស្ថិតនៅភាគខាងត្បូង ពុំឆ្ងាយប៉ុន្មាន ពីកាហ្សាក់ស្ថាន មានជំនួបកំពូលមួយទៀត ស្តីពីសេដ្ឋកិច្ចតំបន់ ដែលមានវត្តមានជាអាទិ៍ ពីសំណាក់ លោកប្រធានាធិបតី តួកគី និង អ៊ីរ៉ង់។គួរបញ្ជាក់ថា តាំងពីខ្លួនបានផ្តើមការវាយលុកទន្ទ្រានលើ អ៊ុយក្រែន ក្នុងពេលជាងមួយឆ្នាំមកនេះ រុស្ស៊ី កំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់អាស៊ីកណ្តាល ដែលខ្លួនធ្លាប់ក្តោបក្តាប់ពីដើមរៀងមក។ ចំណែក ប្រទេសចិន ដែលមានព្រំប្រទលជាប់គ្នានឹងរុស្ស៊ី ក៏សំឡឹងឃើញឱកាសនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន នៅអាស៊ីកណ្តាល ក្រោមបរិបទនៃមហាគម្រោងផ្លូវសូត្រថ្មី ដែលទាញស្រូបប្រទេសដ៏ច្រើនក្នុងតំបន់។ដោយខ្លាចបាត់បង់ឱកាសល្អ ប្រទេសធំៗផ្សេងទៀតមាន សហភាពអឺរ៉ុប អាមេរិក អ៊ីរ៉ង់ និង តួកគី បានស្វះស្វែង ពង្រឹងវត្តមានខ្លួន និង រឹតចំណងសាមគ្គីភាពជាមួយ ប្រទេសនានានៅអាស៊ីកណ្តាល ដូចមានសកម្មភាពការទូតដ៏មមាញឹក នាប៉ុន្មានខែចុងក្រោយនេះ ជាតឹកតាងស្រាប់។គួររំឭកដែរថាអំឡុងពេលជាង ៣ ទសវត្សរ៍ក្រោយពីសហភាពសូវៀតបានដួលរលំទៅ បណ្តាប្រទេស នៅអាស៊ីកណ្តាល បានធ្លាក់ក្នុងវិបត្តិតានតឹង ដែលបណ្តាលមកពីជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ។ ដូច្នេះ ដំណើរទស្សនកិច្ចថ្មីៗពីសំណាក់ប្រទេសមហាអំណាចធំៗ គឺជាដំណើរវិជ្ជមានមួយ ដែលប្រទេសអាស៊ី កណ្តាល ចាំបាច់ត្រូវទាញយកប្រយោជន៍ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងទំនាក់ទំនងការទូត និង ពាណិជ្ជកម្ម។ជំនួបរវាងលោក ពូទីនង និង កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន ប្រព្រឹត្តទៅក្នុងទម្រង់ ស្ងប់ស្ងាត់ ដោយពុំមានបញ្ចេញខ្លឹមសារនៃកិច្ចចរចានេះឲ្យដឹងឮជាសាធារណៈឡើយ។ គួររំឭកថា លោក តូកាយេវ គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ម្នាក់ ពោលគឺលោកចង់រក្សាទំនាក់ទំនង និង កិច្ចសន្ទនា ជាអចិន្ត្រៃយ៍ ជាមួយគ្រប់បណ្តាប្រទេសទូទៅ មិនថាបស្ចិមលោក ឬ មេដឹកនាំ រុស្ស៊ី ចិន និង តួកគី។នេះគឺជាលើកទី២ ដែលលោកពូទីន មកធ្វើទស្សនកិច្ចនៅអាស៊ីកណ្តាល ក្នុងពេលមួយខែចុងក្រោយ នេះ។ កាលពីដើមខែតុលា លោកពូទីន បានទៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន ដែលជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកទី១ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាឲ្យចាប់ខ្លួនរូបគាត់ពីបទ «ចាប់ជម្លាសកុមារាអ៊ុយក្រែន មកកាន់ប្រទេសរុស្ស៊ី »។លោក អ៊ែរដូហ្កាន លេចមុខជាថ្មី នៅឯទីក្រុង Tachkent ប្រទេសអ៊ូសបេគីស្ថាន ឯណោះវិញ មេដឹកនាំ ៩ ប្រទេស បានរួមប្រជុំក្នុងជំនួបកំពូល ដែលរៀបចំឡើងដោយ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច OCE ។ប្រធានាធិបតីតួកគី លោកអ៊ែរដូហ្កាន ដែលមានវត្តមានម្តងហើយនៅអាស៊ីកណ្តាល កាលពីសប្តាហ៍មុន បានជួបជាថ្មីជាមួយសមភាគី ដែលមកពីបណ្តាប្រទេសអតីតសាធារណរដ្ឋសូវៀតក្នុងតំបន់ ព្រមទាំង នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន និង ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី។ប្រទេសជាម្ចាស់ផ្ទះនៃជំនួបកំពូលនេះ បានប្រកាសជាមុនថា បញ្ហាសង្គ្រាមរវាង ពួកហាម៉ាសប៉ាឡេស្ទីន និង អ៊ីស្រាអែល នឹងពុំត្រូវលើកយកមកជជែកគ្នាឡើយ។ តែ បើតាមទីភ្នាក់ងារព័ត៌មាន ផ្លូវការអ៊ីរ៉ង់ IRNA បានឲ្យដឹងថា អ៊ឺរ៉ង់បានឆក់យកឱកាសនេះ ដើម្បីលើកយកប្រធានបទសង្គ្រាម ហាម៉ាស-អ៊ីស្រាអែល មកដាក់លើតុពិភាក្សា ឲ្យខានតែបាន។ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកនិយាយគ្នាដែរ គឺកិច្ចសហប្រតិបត្តិការមនុស្សធម៏ និង វិស័យដឹកជញ្ជូន ដ្បិតប្រទេសនៅអាស៊ីកណ្តាល ស្ថិតក្នុងទីតាំងភូមិសាស្ត្រមួយ ដែលគ្មានច្រកសមុទ្រ ចេញចូល។ ស្ថិតក្នុងស្ថានភាពបែបនេះ ប្រទេសអាស៊ីកណ្តាល ព្យាយាមរកផ្លូវ ធ្វើយ៉ាងណាដើម្បី ភ្ជាប់បណ្តាញគមនាគមន៍ទៅកាន់សមុទ្រ ដោយត្រូវឆ្លងកាត់តាមប្រទេសប៉ាគីស្ថាន ជាឧទាហរណ៍។ថ្វីបើបច្ចុប្បន្ន រុស្ស៊ី កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចិមលោក ក៏រុស្ស៊ីនៅតែបន្តធ្វើជាដៃគូខានពុំបាន សម្រាប់អាស៊ីកណ្តាល។ យ៉ាងណាមិញ រុស្ស៊ី ចាំបាច់ត្រូវរក្សាវត្តមានរបស់ខ្លួនក្នុងតំបន់នេះ មានជាអាទិ៍ លើវិស័យថាមពល ព្រោះថាក្រោមទណ្ឌកម្មសេដ្ឋកិច្ច ទីផ្សារថាមពលរបស់រុស្ស៊ីនៅអឺរ៉ុប បានបិទសឹងទាំងស្រុង។ដើម្បីសម្រេចគោលដៅនេះ ម៉ូស្គូ បានដាក់ចេញគម្រោងធំៗ លើវិស័យថាមពល មានដូចជា ការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិ ដល់ប្រទេសអ៊ូសបេគីស្ថាន ដោយឆ្លងកាត់តាមដែនដីកាហ្សាក់ស្ថាន ព្រមទាំងប្រកាន់ គោលជំហរជាប្រទេសឈានមុខគេ លើគម្រោងសាងសង់ស្ថានីយអគ្គិសនីបរមាណូ ស្ថានីយវារីអគ្គិសនី ក្នុងប្រទេសនានានៅអាស៊ីកណ្តាល ដើម្បីប្រជែងជាមួយអឺរ៉ុប និង ចិន៕
11/10/2023 • 5 minutes, 57 seconds ទស្សនាវដ្តីអាមេរិក ៖ កម្លាំងយោធារុស្ស៊ីជាប់លេខ១ ខ្ លាំងដាច់គេក្នុងលោក ខណៈអាមេរិកជាប់លេខ ២
ទស្សនាវដ្តីអាមេរិកាំង The US News & World Report ចុះផ្សាយថ្ងៃទី ៣០ តុលា ដោយយោងលើ ការស្ទង់មតិក្រុមអ្នកជំនាញចំនួន ១៧.០០០ នាក់ មកពីទូទាំងពិភពលោក បានទាញសេចក្តីសន្និដ្ឋានថា កងទ័ពរុស្ស៊ីឈានមុខគេលំដាប់លេខ ១ ក្នុងលោក ពោលគឺខ្លាំងជាងកងទ័ព សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងទី២។ រីឯ ប្រទេសទាំង ៨ ដែលមានកងទ័ពខ្លាំងៗ បន្ទាប់ពីរុស្ស៊ី និង អាមេរិក រួមមាន៖ កងទ័ពចិន អ៊ីស្រាអែល កូរ៉េខាងត្បូង អ៊ុយក្រែន អ៊ីរ៉ង់ អង់គ្លេស អាល្លឺម៉ង់ និង តួកគី។ ប្រទេសដែលមានកម្លាំងកងទ័ព ជាប់លេខចុងក្រោយគេ គឺមាន ប្រទេស លុចសំបួរ សិង្ហបុរី អេស្តូនី ហូឡង់ និង នូវែលហ្សេឡង់។ ក្នុងបញ្ជីចំណាត់ថ្នាក់ « កងទ័ពដែលឈានមុខគេ » រុស្ស៊ីបានទទួលពិន្ទុ ៩៤,៣ លើ១០០ ពិន្ទុ ។ តែបើគិតលើកត្តា « ឥទ្ធិពលមេដឹកនាំ » និង « ឥទ្ធិពលនយោបាយ » ទស្សនាវដ្តី The US News & World Report ផ្តល់ឲ្យរុស្ស៊ី ពិន្ទុ ១០០ លើ ១០០ តែម្តង។ក្នុងដំណើរចាត់ថ្នាក់ដូចមានខាងលើ ក្រុមអ្នកស្រាវជ្រាវ ចាប់អារម្មណ៍ជាបឋម ទៅលើ ចំនួនយន្ដហោះចម្បាំង ចំនួនសព្វាវុធមីស៊ីល បូករួមទាំងមីស៊ីល Hypersonique ដែលជាប្រភេទអាវុធ មានល្បឿនលឿនជាងសម្លេងដល់ទៅរាប់សិបដង ហើយដែលគេចាត់ទុកថាគឺជា អានុភាពយោធាសំខាន់ មួយរបស់រុស្ស៊ី។ដោយឡែក The US News & World Report ក៏ចង្អុលឲ្យឃើញថា បើយោងទៅលើតក្តាដាក់ពិន្ទុទាំង ៧៣ ពោលគឺផ្សេងពីបរិបទយោធា និង ឥទ្ធិពលនយោបាយ ក្នុងចំណោមប្រទេសឆ្នើមៗដាច់គេនៅលើ ផែនដី រុស្ស៊ី ជាប់ត្រឹមលេខ ៣៧ ប៉ុណ្ណោះ ខណៈពេលដែល អ៊ុយក្រែន ជាប់លេខ ៦៨។ ឯប្រទេស នាំមុខគេ ក្នុងបណ្តាប្រទេសទាំង ៨៧ ដែលមានឈ្មោះក្នុងបញ្ជី គឺមាន ស្វីស កាណាដា និង ស៊ុយអែត។ផ្សេងពីនេះ ចំណាត់ថ្នាក់ប្រទេសខ្លាំងជាងគេ ក្នុងក្របខណ្ឌសម្ព័ន្ធអន្តរជាតិ គឺអាមេរិកឈរនៅលេខរៀទី១ បន្ទាប់មកមាន អង់គ្លេស អាល្លឺម៉ង់ និង បារាំង។ រុស្ស៊ី ជាប់លេខ ៥។ឆ្លើយតបទៅនឹងលទ្ធផលនៃការស្រាវជ្រាវខាងលើ អ្នកជំនាញយោធារុស្ស៊ីដ៏ល្បីឈ្មោះម្នាក់ គឺលោក Alexandre Mikhailovski បានបញ្ចេញយោបល់ដូចតទៅ៖ ពាក្យថា « រុស្ស៊ី » និង « អានុភាពយោធា » គឺថា ពុំអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ហេតុដូចម្តេច បានជា The US News & World Report ដាក់អានុភាពយោធារុស្ស៊ីក្នុងចំណាត់ថ្នាក់ទី ១ លើកម្លាំងទ័ពអាមេរិក? ចម្លើយគឺស្ថិត ក្នុងរបៀបវិនិច្ឆយ របស់ទស្សនាវដ្តីនេះផ្ទាល់។ យ៉ាងណាម៉ិញ គួររំឭកថា ជាងមួយឆ្នាំចុងក្រោយនេះ រុស្ស៊ីបានដក់ជាប់ក្នុងផ្នត់គំនិតនៃមហាជនទូទៅ ដែលយល់ថា រុស្ស៊ីជាប្រទេសមួយដែលភ្ជាប់ខ្លួនទៅនិង អានុភាពសឹកសង្គ្រាម ពិតប្រាកដមែន។ ជាក់ស្តែង ក្នុងដំណើរប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រុស្ស៊ីរមែងប្រើ សព្វាវុធទំនើបៗបំផុត តួយ៉ាង មីស៊ីល Hypersonique ជាដើម។ នេះគឺជាមូលេហតុ ដែលនាំឲ្យ ពួកអ្នកជំនាញយោធាក្នុងលោក ដែលឆ្លើយតបនឹងសំនួរនៃក្រុមអ្នកស្រាវជ្រាវរបស់ The US News & World Report បានផ្សារភ្ជាប់ប្រទេសរុស្ស៊ី ទៅនឹងអានុភាពយោធា ដោយស្វ័យប្រវត្តិ។ អ្នកឯកទេសរុស្ស៊ីរូបនេះ ក៏កត់សម្គាល់ដែរថា ក្នុងបញ្ជីចំណាត់ថ្នាក់ ដែលចុះ ផ្សាយដោយទស្សនាវដ្តីអាមេរិកាំងនោះ គេបានទៅស្ទង់មតិប្រជាជន នៅតាមបណ្តាប្រទេសអារ៉ាប់ ប្រទេសអាហ្វ្រិក អាស៊ី និង អាមេរិកខាងត្បូង ដែលគេដឹងជាទូទៅថា សុទ្ធសឹងជាប្រទេសដែល តែងគាំទ្រ និង សាទរ ចំពោះសកម្មភាពនានារបស់រុស្ស៊ី នៅលើឆាកអន្តរជាតិ។ជាចុងក្រោយ លោក Alexandre Mikhailovski បានបន្ថែមថា៖ ការដែលកម្លាំងទ័ពរុស្ស៊ី ជាប់លេខរៀងទី១ ឈ្នះលើអាមេរិកដូច្នេះ នឹងអាចជាគុណប្រយោជន៍មួយសម្រាប់ ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា ជាង ៣ ទសវត្សរ៍ ក្រោយពីសហភាពសូវៀតបានដួលរលំក្នុងឆ្នាំ ១៩៩១ មនុស្សទូទៅ នៅលើផែនដី តែងនាំគ្នាគិតថា អាមេរិក ជាប្រទេសមហាអំណាចទី១ ផ្នែកកងទ័ព។ ក៏ប៉ុន្តែ ការយល់ឃើញនេះ កំពុងផ្លាស់ប្តូរ ដូចមានបង្ហាញនៅក្នុងរបាយការណ៍ The US News & World Report ៕
11/3/2023 • 6 minutes, 49 seconds រុស្ស៊ី បាញ់សាកល្បងមីស៊ីលបាលីស្ទិក ក្នុងប្រតិបត្តិ ការសមយុទ្ធ « វាយបកដោយអាវុធនុយក្លេអ៊ែរ »
ថ្ងៃពុធទី ២៥ តុលា រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកច្រើនគ្រាប់ ក្នុងគោលដៅត្រៀម « ការវាយប្រហារនុយក្លេអ៊ែរចាស់ដៃទៅលើអ៊ុយក្រែន » ។ គួរបញ្ជាក់ថា ការបាញ់សាកលុ្បងនេះ គឺធ្វើឡើ់ង ចំពេលដែលរុស្ស៊ី កំពុងប្រុងប្រៀបដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិ ដែលហាមប្រាមមិនឲ្យមានការសាកល្បងអវុធនុយក្លេអ៊ែរ។ ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី ធ្លាប់បានគម្រាមជាច្រើនលើកថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដែលបានផ្ទុះឡើង កាលពីខែកុម្ភៈឆ្នាំ ២០២២។ ផ្ទុយទៅវិញ លោក វ៉្លាឌីមៀរ ពូទីន តែងនិយាយជារឿយៗ ប្រាប់អន្តរជាតិ កុំឲ្យបារម្ភអំពីបញ្ហានេះ។តែ ក្នុងថ្ងៃពុធទី ២៥ តុលា លោកពូទីន បានចុះត្រួតពិនិត្យការហាត់សមយុទ្ធរបស់ទ័ពរុស្ស៊ី ដែលក្នុងនោះ មានការបាញ់សាកល្បង គ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីបពីរប្រភេទពោលគឺ ប្រភេទ Yars បាញ់ចេញពីព្រលានអវកាស Plessetsk នៅប៉ែកពាយ័ព្យប្រទេសរុស្ស៊ី និង ប្រភេទ Sineva បាញ់ចេញពី នាវាមុជទឹកក្នុងសមុទ្រ Barentz ។ ជាមួយគ្នានេះ យន្ដហោះទម្លាក់គ្រាប់បែប ប្រភេទ Tu-95 MS ក៏បានបាញ់ចេញគ្រាប់មីស៊ីលបណ្តែតររយៈចម្ងាយខ្លី ដែលអាវុធប្រភេទនេះ ត្រូវបានរុស្ស៊ីប្រើក្នុង ប្រតិបត្តិការវាយប្រហារនៅអ៊ុយក្រែន។ សូមបញ្ជាក់ថា ប្រតិបត្តិការសមយុទ្ធខាងលើ ត្រូវបានចុះផ្សាយ ជាផ្លូវការ ពីសំណាក់វិមានក្រេមឡាំង។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបំភ្លឺថា ការបាញ់សាកល្បងនេះ គឺធ្វើឡើងដើម្បី ត្រៀមបំរុងការវាយបកទ្រង់ទ្រាយធំ ពីកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ក្នុងករណីដែលមាន ការវាយប្រហារ នុយក្លេអ៊ែរពីសត្រូវ។ ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី បានចាក់ផ្សាយវិដេអូខ្លីមួយ ដែលក្នុងនោះគេឃើញ លោក វ៉្លាឌីមៀរ ពូទីន កំពុង ស្តាប់របាយការណ៍ពីសំណាក់ លោក Sergey Shoigu និង នាយអគ្គសេនាធិការកងទ័ព លោក Valeri Guerassimov ក្រោយពីសមយុទ្ធនេះបានបញ្ចប់ទៅ។គួររំឭកថា គោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី បានបញ្ជាក់ច្បាស់ថា ៖ រុស្ស៊ីនឹងប្រើអាវុធបរមាណូ ក្នុងរូបភាពនៃការការពារខ្លួនមួយមុខប៉ុណ្ណោះ ពោលគឺ សម្រាប់តែក្នុងករណីណា ដែលរុស្ស៊ីរងការវាយប្រហារទ្រង់ទ្រាយធំ ដោយអាវុធប្រល័យរង្គាល ឬ ក្នុងករណី ដែលខ្លួនរងការវាយប្រហារ ដោយអាវុធដែលមានចុះក្នុងសទ្ធិសញ្ញាអន្តរជាតិ តែអាចបង្កឲ្យមានមហន្តរាយដល់ប្រទេសរុស្ស៊ី។ ការដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិប្រតិបត្តិការសមយុទ្ធខាងលើ ត្រូវបានផ្សព្វផ្សាយឲ្យសាធារណជនក្នុងប្រទេសរុស្ស៊ីបានដឹង ជាទូទៅ។ នៅថ្ងៃដដែលនេះ ព្រឹទ្ធសភា និង ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានអនុម័តការលុបចោល សច្ចាប័ន ស្តីពី សន្ធិសញ្ញាអន្តរជាតិហាមប្រាមការសាកល្បងនុយក្លេអ៊ែរ ឬ ហៅកាត់ថា TICEN ដែលក្រុងម៉ូស្គូ បានចុះហត្ថលេខាកាលពី ២៣ ឆ្នាំមុន។គួរបញ្ជាក់ថា ព្រឹទ្ធសភារុស្ស៊ី បានអនុម័តការលុបចោលនេះ ជាឯកច្ឆន្ទ ទៅតាមសំណើរបស់ លោក វ៉្លាឌីមៀរ ពូទីន។សម្រាប់ម៉ូស្គូ ការបោះបង់សន្ធិសញ្ញានេះ គឺក្នុងគោលដៅ ស្តារឡើងវិញនូវសមភាពផ្នែកយុទ្ធសាស្ត្រ របស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក ដែលកន្លងមកតែងបានបដិសេធ ចុះហត្ថលេខាលើសទ្ធិសញ្ញា ខាងលើ។ការលុបចោលនេះ នាំឲ្យពិភពលោកព្រួយបារម្ភ ចំពោះដំណើរវិលត្រឡប់ជាថ្មី នៃការប្រជែងបំពាក់ គ្រឿងសព្វាវុធ កំញើញដាក់គ្នារវាងរុស្ស៊ី និង អាមេរិក។ គួររំឭកថា ក្រោយពេល សហភាពសូវៀត បានរលំរលាយទៅ រុស្ស៊ីបានសាកល្បងអាវុធនុយក្លេអ៊ែរ ចុងក្រោយបំផុតក្នុងឆ្នាំ ១៩៩០ ខណៈអាមេរិក បានសាកល្បងចុងក្រោយបង្អស់ក្នុងឆ្នាំ ១៩៩២។កាលពីដើមខែតុលាកន្លងទៅ លោក ពូទីន ធ្លាប់បានអះអាងថា ប្រទេសរុស្ស៊ី ពុំបានកណត់ថា នឹងត្រូវ ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរ ឡើងវិញ ឬ យ៉ាងណានោះទេ។ ប៉ុន្តែ គួរកត់សំគាល់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិជាច្រើន ស្តីពីការរំសាយសព្វាវុធ ជាពិសេសគឺ កិច្ចព្រមព្រៀងដែលបានចុះជាមួយអាមេរិក នៅឆ្នាំ ២០១០ ក្រោមឈ្មោះថា New Start ។នៅពាក់កណ្តាលឆ្នាំ២០២៣ រុស្ស៊ី បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក ដែលមានកម្លាំងផ្ទុះ ខ្សោយជាងគ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តទី១របស់ខ្លួន និង ជាប្រទេសដែលមានព្រំដែនជាប់នឹងសហភាពអឺរ៉ុប។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Riabkov បានថ្លែងនៅថ្ងៃពុធថា ប្រទេសរបស់គាត់សុខចិត្ត ចរចា អំពីការត្រួតពិនិត្យលើសព្វាវុធនុយក្លេអ៊ែរ លុះត្រាតែក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែកយោធា និងហិរញ្ញវត្ថុចម្បងរបស់ អ៊ុយក្រែន ឈប់ប្រកាន់ឥរិយាបថជា « សត្រូវ » ទល់នឹងម៉ូស្គូ។សូមរំឭកថា រុស្ស៊ី និង អាមេរិក មានផ្ទុកសព្វាវុធនុយក្លេអ៊ែរ ដល់ទៅជាង ៩០% នៃចំនួនអាវុធនុយក្លេអ៊ែរ សរុប ដែលមាននៅលើផែនដីយើង។នៅចុងបញ្ចប់ លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់បានសម្តែងអំណួតថា រុស្ស៊ីកំពុងសាកល្បងមីស៊ីល ប្រភេទ Bourevestnik និង Sarmat ដែលអាចទំលាយប្រព័ន្ធខែលមីស៊ីលនានា ដែលមានប្រើក្នុងលោក នាពេលបច្ចុប្បន្ន៕
10/27/2023 • 6 minutes, 14 seconds សភាឌូម៉ាលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលហាម ប្រាមការសាកល្បងនុយក្លេអ៊ែរ
ថ្ងៃអង្គារទី ១៧ តុលា អ្នកតំណាងរាស្ត្ររុស្ស៊ីបានអនុម័ត ក្នុងសម័យប្រជុំពិភាក្សាលើកទី១ កម្មវត្ថុឆ្ពោះទៅលុបចោល ការផ្តល់សច្ចាប័នដោយរុស្ស៊ី លើសន្ធិសញ្ញាដែលហាមប្រាមទាំងស្រុង ការសាក ល្បងនុយក្លេអ៊ែរ ហៅកាត់ថា TICEN។ ជាការដកខ្លួនចេញជាថ្មី ពីគន្លងកម្មវិធីមិនរីកសាយភាយអាវុធប្រល័យលោក ក្នុងផ្ទៃនៃជម្លោះនៅអ៊ុយក្រែន និង ក្នុងផ្ទៃនៃវិបត្តិជាមួយបស្ចិមលោក។ ការពិភាក្សានេះ ប្រព្រឹត្តទៅសឹងភ្លាមភ្លែត ក្រោយពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន បញ្ជូនសារទៅសភាឌូម៉ាថា តើប្រទេសរុស្ស៊ី គប្បីសាកល្បងឡើងវិញឬទេ អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ជាលទ្ធផលនៃការបោះឆ្នោត ក្នុងសភាឌូម៉ា ដែលជាសភាជាន់ក្រោមនៃសភារុស្ស៊ី គ្រប់តែពួកអ្នកតំណាង រាស្ត្រ ទាំង ៤១២ នាក់ ដែលវត្តមានក្នុងសម័យប្រជុំនោះបានបញ្ចេញសម្លេងគាំទ្រជាឯកច្ឆ័ន្ទដល់ ការលុបចោលទៅការផ្តល់សច្ចាប័ន កាលឆ្នាំ ២០០០ ដល់ អត្ថបទសន្ធិសញ្ញាដោយក្រុងម៉ូស្គូ។ការលុបចោលនេះ បំបះឲ្យកើតឡើងជា បរិយាកាសភ័យខ្លាចចំពោះ ការងើបឡើងវិញនៃ ការសាក ល្បងនុយក្លេអ៊ែរ និង ចំពោះ ការរត់ប្រណាំងបំពាក់សព្វាវុធជាថ្មី ។ រុស្ស៊ី តាំងពី សហភាពសូវៀត រលំរលាយទៅ មិនដែលធ្វើការសាកល្បងបែបនេះទេ ។ ការសាកល្បងលើកចុងក្រោយធ្វើដោយសហភាពសូវៀត គឺ កាលក្នុងឆ្នាំ ១៩៩០ ចំណែក សហរដ្ឋអាមេរិក គឺ កាលក្នុងឆ្នាំ ១៩៩២។ លោក ពូទីន បានប្រកាស នៅដើមខែតុលាថា រុស្ស៊ីអាច លុបចោលការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា ហៅកាត់ថា TICEN ជាចម្លើយតបនឹងសហរដ្ឋអាមេរិក ដែលមិនព្រមផ្តល់សច្ចាប័នលើឯកសារនេះ ឡើយ។“ ខ្ញុំនៅមិនទាន់ត្រៀមនិយាយឡើយ តើរុស្ស៊ី ត្រូវឬមិនត្រូវ ធ្វើការសាកល្បងឡើងវិញ “ - លោក ពូទីន បន្តមកទៀត ទាំងអួតអាងអំពីការអភិវឌ្ឍន៍មីស៊ីលថ្មីៗ មានកម្លាំងសែនខ្លាំងក្លា ដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ សម្បូរបែប។តាំងពីសង្គ្រាមឆាបឆេះ នៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ លោក ពូទីន ឧស្សាហ៍និយាយប៉ះលើ ការប្រើជា យថាហេតុ អាវុធនុយក្លេអ៊ែរ។សន្ធិសញ្ញាហាមប្រាមទាំងស្រុង ការសាកល្បងអាវុធនុយក្លេអ៊ែរ ពោលគឺ នៅលើដី ក្នុងអាកាស និង ក្នុងទឹក ហៅកាត់ថា TICEN ត្រូវបានបើកចំហ សម្រាប់ទទួលការចុះហត្ថលេខា គឺក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែ វាមិនបាន ចូលជាធរមានសោះឡើយ ពីព្រោះវាមិនបានទទួលការផ្តល់សច្ចប័ន ដោយចំនួនប្រទេសដែល ត្រូវការ ជាចាំបាច់ ពីក្នុងចំណោម៤៤ ប្រទេសដែលមាននៅលើដែនដីខ្លួន គឺ ទីតាំងនុយក្លេអ៊ែរនានា ពេលដែល សន្ធិសញ្ញានេះបានប្រសូត្រមក។ការផ្តល់សច្ចាប័ន ជាទង្វើដែលសឲ្យឃើញថា រដ្ឋនោះឯងយល់ព្រមភ្ជាប់ខ្លួន ទៅនឹងកាតព្វកិច្ចចែងដោយ សន្ធិសញ្ញានោះ។រុស្ស៊ី បារាំង និង អង់គ្លេស បានផ្តល់សច្ចាប័ន ប៉ុន្តែ សហរដ្ឋអាមេរិក ចិន អ៊ីរ៉ង់ អេហ្ស៊ីប អ៊ីស្រាអែល គ្រាន់តែបានចុះ ហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័នទេ ។ ចំណែក ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង មិនបានចុះហត្ថលេខា ក៏ដូចជាមិនបានផ្តល់សច្ចាប័នឡើយ។ ស្មើគ្នាខាងយុទ្ធសាស្ត្រ នៅថ្ងៃអង្គារទី១៧តុលា មុនដល់ការបោះឆ្នោតនៃពួកអ្នកតំណាងរាស្ត្រ ប្រធានសភាឌូម៉ា លោក Viatcheslav Volodine បានថ្លែងថា ត្រូវតែលុបចោល ការផ្តល់សច្ចាប័ននោះដោយក្រុងម៉ូស្គូ កាលពី ២៣ ឆ្នាំមុន ដើម្បី ការពារប្រជាពលរដ្ឋរុស្ស៊ី និង ទ្រទ្រង់ ឲ្យស្មើគ្នា យុទ្ធសាស្ត្រនៅក្នុងលោក។ គាត់សង្កត់ធ្ងន់ដូចតទៅ ៖ ក្រុង វ៉ាស៊ីនតោន ត្រូវតែយល់ជារៀងរហូតទៅថា អនុត្តរភាព សហរដ្ឋអាមេរិក មិនដែលនាំមកនូវអ្វីដែលល្អសោះឡើយ ។ លោក Volodine ថែមទាំងលំអិតថា ៖ ការលុបចោលការផ្តល់សច្ចប័នលើសន្ធិសញ្ញានេះ គឺ បណ្តាលមកពី សង្គ្រាមដែល តាម យោបល់គាត់បញ្ឆេះឡើង ដោយ ក្រុង វ៉ាស៊ីនតោន និង ព្រុចសែល ទល់នឹងរុស្ស៊ី។ ម៉្លោះហើយ បានជា គំរាមបច្ចុប្បន្ន តម្រូវឲ្យរុស្ស៊ី រកដំណោះស្រាយថ្មី។ តាំងពី ពេលចាប់ផ្តើមប្រតិបត្តិការវាយសម្រុកទៅលើអ៊ុយក្រែន លោក វ៉្លាឌីមៀរ ពូទីន បានចាក់ នឹងកាំបិត ជាច្រើនលើកទៅលើរបបមិនសាយភាយអាវុធនុយក្លេអ៊ែរ។ពេញមួយរដូវក្តៅកន្លងទៅ លោកពូទីន បាន ចាប់ផ្តើម ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក នៅបេឡារុស ប្រទេសដែលជំនិតបំផុតនឹងរុស្ស៊ី និងដែលបម្រើជាស្ពាន សម្រាប់ប្រតិបត្តិការវាយលុករុស្ស៊ី នៅអ៊ុយក្រែន។កាលពីខែកុម្ភៈ រុស្ស៊ីបានផ្អាកទៅហើយ សមាជិកភាពខ្លួន ក្នុងសន្ធិសញ្ញាស្តីអំពី ការរំសាយសព្វាវុធ នុយក្លេអ៊ែរ ហៅថា New Start ចុះជាមួយ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១០ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយ រវាង រុស្ស៊ី និង សហរដ្ឋអាមេរិក ។ លោក ពូទីន ថែមទាំង ចោទបស្ចិមលោកថា ចេះតែខំបន់ឲ្យក្រុងម៉ូស្គូ ធ្លាក់ក្នុង បរាជ័យយុទ្ធសាស្ត្រ នៅ អ៊ុយក្រែន តែម្តង។សេចក្តីសម្រេចរបស់រុស្ស៊ី លុបចោល ការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា TICEN ត្រូវបានបរិហារជាឯកច្ឆ័ន្ទ ដោយ រាល់មហាអំណាចខាងលិច ។ ប្រធានាធិបតីអាមេរិកាំង លោក ចូ បៃដិន មើលឃើញ សេចក្តីសម្រេចនេះ ថាជា “ កំហុសធ្ងន់ធ្ងរ"។រុស្ស៊ីដែលបន្តកេរ្ត៍ ពីមហាអំណាចសូវៀត រួមជាមួយ សហរដ្ឋអាមេរិក ក្តាប់ក្នុងដៃខ្លួន ដល់ទៅ ៩០% នៃរាល់តែអាវុធ នុយក្លេអ៊ែរ ដែលសព្វថ្ងៃ មាននៅក្នុងលោក ៕
10/20/2023 • 5 minutes, 1 second រុស្ស៊ីទាញប្រយោជន៍ ពីការវាយប្រហាររបស់ចលនាហាម៉ាស លើ អ៊ីស្រាអែល?
ចាប់តាំងពីក្រុមហាម៉ាស បានវាយសម្រុកទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី ៧ តុលា កន្លងទៅ ទីភ្នាក់ងារការទូតរបស់រុស្ស៊ី នៅពុំទាន់បញ្ចេញជំហរច្បាស់លាស់ណាមួយ ចំពោះសង្គ្រាមទ្វេភាគីនេះ នៅឡើយទេ។ តែ គេសង្កេតឃើញ មានសញ្ញាខ្លះៗ ដែលបង្ហាញថា រុស្ស៊ី ទំនងជាគាំទ្រភាគី ប៉ាឡេស្ទីន។ រុស្ស៊ី ហាក់កំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្ទុះហិង្សា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយដើរតួជាអ្នកកាន់ជំហរកណ្តាល ដែលទង្វើនេះអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើរុស្ស៊ី ភ្លាត់ស្នៀត។ ការវាយសម្រុកសម្លាប់រង្គាលនៃក្រុមហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី ៧ តុលា ដែលត្រូវនឹងថ្ងៃខួបកំណើតគម្រប់៧១ ឆ្នាំ នៃលោក វ៉្លាឌីមៀរ ពូទីន។ តាមអ្នកជំនាញខ្លះយល់ថា ភ្លើងសង្គ្រាមដែលផ្ទុះឆាបឆេះភ្លាមៗ រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន គឺជាកាដូធ្លាក់ពីលើមេឃមកដល់ដៃ ប្រធានាធិបតីរុស្ស៊ី ដ្បិតលោកពូទីន យល់ថាសង្គ្រាមថ្មីនេះ នឹងបង្វែរអារម្មណ៍អន្តរជាតិ ឲ្យងាកចេញពីសង្គ្រាមនៅអ៊ុយក្រែន។ប៉ុន្តែសម្រាប់អ្នកវិភាគឯទៀតវិញ បរិយាកាសហិង្សា រវាងចលនាហាម៉ាស និង អ៊ីស្រាអែល ជម្រុញវិស័យការទូតរុស្ស៊ី ឲ្យធ្លាក់ក្នុងស្ថានការណ៍មួយ ពុំងាយស្រួលឡើយ ព្រោះថារុស្ស៊ី កំពុងជាប់ឈ្មោះជាប្រទេស ដែលឯកោខ្លាំង នៅលើឆាកអន្តរជាតិ ស្រាប់។ល្បែងតុល្យភាពដ៏លំបាកមួយ ប្រតិកម្មជាផ្លូវការភ្លាមៗ ពីសំណាក់ទីក្រុងម៉ូស្គូ ក្រោយការវាយលុករបស់ក្រុមហាម៉ាស គឺជារូបភាពមួយ ដែលពិភពលោក ស្គាល់ថាជា “ ល្បែងរុស្ស៊ី ដើរតួជាអាជ្ញាកណ្តាល ” ។ “យើងកំពុងព្រួយបារម្ភក្រៃលែង ” នេះជា សំដីរបស់អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ កាលពីថ្ងៃសៅរ៍មុន។ ចំណែក លោក Mikhail Bogdanov ដែលជាប្រេសិតពិសេស របស់ក្រេមឡាំង ទទួលបន្ទុកតំបន់មជ្ឈឹមបូព៏ា បានអំពាវនាវ ឲ្យភាគីបដិបក្ខទាំងសងខាង “បញ្ឈប់ការបាញ់គ្នា”។“នេះគឺជាឥរិយាបទ ដែលគេបានទាយទុកមុនស្រាប់។ ជាទម្លាប់ យុទ្ធសាស្ត្រទី១របស់រុស្ស៊ី ក្នុងករណីមានជម្លោះនៅប្រទេសផ្សេង គឺការសំដែងនូវគោលជំហរជាអន្តរការី ក្នុងទម្រង់ នៃការជួយសម្រួលភាពតានតឹង ដើម្បីប្រយោជន៍រួម” នេះជាការពន្យល់ របស់លោក Ivan Klyszcz ដែលជាអ្នកឯកទេសខាងនយោបាយការបរទេសរបស់រុស្ស៊ី ជាពិសេសជាមួយបណ្តាប្រទេសអាហ្វ្រិក នៅមជ្ឈមណ្ឌល International Center for Defence and Security in Estonia ។ ។តែមិនយូរប៉ុន្មាន ល្បែងតុល្យភាពរបស់រុស្ស៊ី ដូចមាននិយាយពីខាងលើ ចាប់ផ្តើមផ្អៀងទៅ “ការពារផលប្រយោជន៍ប៉ាឡេស្ទីន ទោះបីជារុស្ស៊ីពុំទាន់ប្រកាសឲ្យឃើញ គោលជំហរ ជាផ្លូវការត្រង់ៗរបស់ខ្លួន នៅឡើយ នេះជាការលើកឡើងរបស់លោកDanilo delle Fave អ្នកជំនាញ ផ្នែកប្រទេសរុស្ស៊ីដែលធ្លាប់ធ្វើការនៅ International Team for the Study of Security (ITSS) នៅទីក្រុង Verona ប្រទេសអ៊ីតាលី។ លោក ធ្លាប់បានធ្វើការសិក្សាវិភាគ អំពីទំនាក់ទំនងរវាងម៉ូស្គូ ជាមួយ អ៊ីស្រាអែល និង ប៉ាឡេស្ទីន។ដំណើរនៃការលំអៀងពីសំណាក់រុស្ស៊ីទៅរក ប៉ាឡេស្ទីន នេះ អាចចែកចេញជា ៣ ដំណាក់កាល។ទី១ យោងតាមកាសែតបារាំង Le Monde លោក Ramzan Kadyrov មេដឹកនាំខេត្តឆេឆេនីដែលជាដែនដីចំណុះសហព័ន្ធរុស្ស៊ី ដែលភាគច្រើនលើសលប់ នៃប្រជាជនរស់នៅកាន់សាសនាអ៊ីស្លាម បានបង្ហាញជំហរ គាំទ្រប៉ាឡេស្ទីន ដោយត្រង់ៗ តែម្តង។ គួររំឭកថា រុស្ស៊ី តែងប្រើឈ្មោះមេដឹកនាំអ៊ីស្លាមរូបនេះ ដើម្បីបញ្ជូនសារទៅកាន់ បណ្តាប្រទេសអារ៉ាប់។ទី ២ លោក Ivan Klyszcz បន្តទៀតថា ៖ នៅក្រុមប្រឹក្សាសន្តិសុខ អសប ក្នុងឱកាសនៃកិច្ចប្រជុំវិសាមញ្ញ ក្នុងលក្ខណៈបិទជិត ពោលគឺពុំមានវត្តមានសារព័ត៍មាន ឬ មហាជននានា “ រុស្ស៊ី ត្រូវគេសង្ស័យថា បានរាំងស្ទះ មិនឲ្យការអនុម័តសេចក្តីថ្កោលទោស អំពើវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល អាចឈានទៅដល់ការសម្រេចបាន ។ជំហានទី៣ លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព និង ជាអគ្គលេខា នៃ សម្ព័ន្ធប្រទេសអារ៉ាប់ បានអញ្ជើញមកកាន់ក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ កន្លងទៅ ហើយតាមទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី Tass លោក Mahmoud Abbas ប្រមុខរដ្ឋប៉ាឡេស្ទីន ក៏គ្រោងធ្វើដំណើរមកកាន់រុស្ស៊ី ដូចគ្នាដែរ។ទំនាក់ទំនងកាន់តែជិនស្និត ជាមួយចលនា ហាម៉ាស ផ្ទុយមកវិញ ពុំមានសញ្ញាអ្វីមួយ ដែលសឲ្យឃើញថា ម៉ូស្គូ បានទាក់ទងទៅ អ៊ីស្រាអែល ក្រោយការវាយប្រហារ ពីសំណាក់ក្រុម ហាម៉ាស ឡើយ។ ពុំតែប៉ុណ្ណោះ រុស្ស៊ី ថែមទាំងអវត្តមាន ក្នុងឱកាសដែលបណ្តាប្រជាជាតិនានាដ៏ច្រើនលើសលុប នាំគ្នាសំដែងសាមគ្គីភាពជាមួយ ប្រជាជនអ៊ីស្រាអែលដែលរងគ្រោះ ដោយការវាយប្រហារនោះ។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារទី ១០ តុលា បែរជាបានអំពាវនាវ ឲ្យបង្កើត “ រដ្ឋប៉ាឡេស្ទីន” ទៅវិញ។លោក Ivan Klyszcz វិភាគបន្តទៀតថា៖ ចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺជំនួបរវាង រដ្ឋមន្ត្រីការបរទេរសរុស្ស៊ី និង លោក Ahmed Aboul Gheit រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីព ដែលត្រូវបានរៀបចំឡើង ទៅតាមការចង់បានរបស់ ប្រទេសសម្ព័ន្ធអារ៉ាប់។ ការណ៍នេះ បង្ហាញថា រុស្ស៊ីដែលជាប្រទេសសមាជិកអចិន្ត្រៃយមួយ ក្នុងក្រុមប្រឹក្សាសន្តិសុខ អសប គឺជាគោលដៅសំខាន់បំផុត សម្រាប់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ ដោយប្រទេសទាំងនេះរំពឹងថា នឹងអាចបង្កើតបាននូវគោលជំហរ រួមមួយជាមួយរុស្ស៊ី ចំពោះស្ថានការណ៍នៅ អ៊ីស្រាអែល និង នៅតំបន់ Gaza ។ដែលពោលពីខាងលើនេះ គឺសឲ្យឃើញថា សម្ព័ន្ធអារ៉ាប់ ចង់បានម៉ូស្គូមកជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងបរិបទនៃជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន។ សូមរំឭកថា “ដើមឡើយ សហភាពសូវៀត ធ្លាប់គាំទ្រអ៊ីស្រាអែល ដែលពេលនោះអ៊ីស្រាអែល គឺជារដ្ឋទើបតែកើតថ្មីថ្មោងនៅឡើយ ពោលគឺកាលនោះប្រទេសនេះ ស្ថិតក្រោមអំណាចនៃអតីតរាជាណាចក្រ បស្ចិមលោកនិយម។ ទាំងនេះ គឺជាសំដី របស់អ្នកវិភាគឈ្មោះ Danilo delle Fave ។ តែចាប់ពីក្រោយទសវត្សរ៍ ឆ្នាំ ១៩៧០ មក ម៉ូស្គូ ងាកទៅគាំទ្របុព្វហេតុប៉ាឡេស្ទីនវិញ ដ្បិតរុស្ស៊ី យល់ថានេះគឺជា មធ្យោបាយល្អមួយ ដើម្បីទាក់ទាញពិភពអារ៉ាប់ ដែលពុំសូវចូលចិត្តអាមេរិកស្រាប់ ឲ្យមកជ្រកក្រោមឥទ្ធិពលរបស់ខ្លួន។តែទោះជាយ៉ាងណាក៏ដោយ រាល់ទំនាក់ទំនងនានា ជាមួយនឹងចលនាហាម៉ាស គឺពុំមែនជារឿងងាយស្រួលនោះទេ។ គួររំឭកថា តាំងពីដើមមក រុស្ស៊ី តែងរក្សាគម្លាតឆ្ងាយ ពីចលនាឥស្លាមនិយមនានា ដូចមានករណីសម័យសង្គ្រាមនៅឆេឆេនី ជាឧទាហរណ៍ស្រាប់។ ទន្ទឹមគ្នានេះ រុស្ស៊ី ពុំភ្លេចទេថា មានជនជាតិរុស្ស៊ី ដល់ទៅជាង ១ លាននាក់ ដែលកំពុងរស់នៅក្នុង ប្រទេសអ៊ីស្រាអែលសព្វថ្ងៃ ដូច្នេះទោះចង់ឬមិនចង់ រុស្ស៊ី ចាំបាច់ត្រូវបញ្ជៀសអ៊ីស្រាអែល កុំឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម។ចាប់ពី ទសវត្សរ៍ឆ្នាំ ២០០០ និង ក្រោយពីចលនាហាម៉ាស បានឈ្នះការបោះឆ្នោតនៅតំបន់ Gaza ក្នុងឆ្នាំ ២០០៦ មក ទំនាក់ទំនងនានាជាមួយប៉ាឡេស្ទីន បានជួបប្រទះនូវបញ្ហាស្មុគស្មាញច្រើន។ រុស្ស៊ី សំឡឹងឃើញភាពតានតឹងនេះ គឺជាឱកាសល្អមួយ ដើម្បីក្តាប់ឥទ្ធិពលគោលនយោបាយការទូតរបស់ខ្លួន ក្នុងតំបន់នេះ ខណៈដែលប្រទេសបស្ចិមលោក បដិសេធដាច់អហង្ការ ពុំទទួលស្គាល់ជាដាច់ខាត នូវវត្តមានចលនាហាម៉ាស ដែលគេចាត់ទុកជាអង្គការភេរវកម្មនិយម។ នេះគឺជា វិធីសាស្ត្រមួយរបស់រុស្ស៊ី ដើម្បីដណ្តើមយកសំឡេងគាំទ្រ ឈ្នះលើសហរដ្ឋអាមេរិក ពីសំណាក់ប្រទេសនានាក្នុងតំបន់មជ្ឈឹមបូព៏ា នេះបើតាម សេចក្តីសន្និដ្ឋានរបស់ អ្នកវិភាគ នៃអង្គការ International Team for the Study of Security (ITSS) នៅក្រុង Verona ប្រទេសអ៊ីតាលី៕
តើក្រុមហាម៉ាសប៉ាឡេស្ទីន ជានរណា?
ថ្ងៃសៅរ៍ ទី៧តុលា ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានបើកការវាយប្រហារទ្រង់ទ្រាយធំ និងដ៏សាហាវបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងទឹកដីអ៊ីស្រាអែល បើគិតចាប់ពីពេលដែលក្រុមនេះ បានកាន់កាប់អំណាចទាំងស្រុង នៅតំបន់ហ្កាហ្សា នៅឆ្នាំ២០០៧។ ការវាយឆ្មក់របស់ក្រុមហាម៉ាសនេះ បានធ្វើឲ្យផ្ទុះឆេះក្លាយជាសង្គ្រាម ដោយអ៊ីស្រាអែលបានសន្យាថា នឹងកំទេចក្រុមហាម៉ាសឲ្យរលាយក្លាយជាផេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១២តុលា ប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស បានផ្តាច់ជីវិតមនុស្សប្រមាណ១២០០នាក់នៅអ៊ីស្រាអែល និងរបួសជាច្រើនពាន់នាក់ទៀត។ អ៊ីស្រាអែលបានបើកការវាយប្រហារឆ្លើយតបវិញ ទៅលើតំបន់ហ្កាហ្សា ដោយបានបាញ់មីស៊ីលជិញ្ជ្រុំ ៥ជាប់គ្នា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច១២០០នាក់ ដែលក្នុងនោះមានស្ត្រី និងកុមារប៉ាឡេស្ទីនជាច្រើននាក់ ព្រមទាំងមានរបួសប្រមាណ៣០០០នាក់។ អាជ្ញាធរអ៊ីស្រាអែលបានអះអាងថា គេបានសម្លាប់សមាជិកក្រុមហាម៉ាស ចំនួនយ៉ាងហោច១៥០០នាក់ ដែលបានសំរុកចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ជាមួយនឹងគ្រាប់រ៉ូកែត ចំនួនប្រមាណ៥០០០គ្រាប់ ដែលក្រុមនេះបានអះអាងថាបានបាញ់ទៅលើអ៊ីស្រាអែល ក្នុងរវាងប៉ុន្មានថ្ងៃមកនេះ ក្រុមហាម៉ាសកំពុងតែមានឈ្មោះល្បីរន្ទឺ ត្រូវបានគេនិយាយដល់យ៉ាងព្រោងព្រាត សឹងពាសពេញពិភពលោក។ ពីខាងអាល្លឺម៉ង់ លោកអធិការបតី អូឡាហ្វ ស្ហុលស៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១២តុលាថា អាជ្ញាធរអាល្លឺម៉ង់ នឹងបង្កើនការប្រុងប្រយ័ត្ន ដើម្បីហាមឃាត់សកម្មភាពទាំងអស់នៅលើទឹកដីអាល្លឺម៉ង់ ដែលពាក់ព័ន្ធនឹងក្រុមហាម៉ាសប៉ាឡេស្ទីន។ លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានថ្លែងអំពាវនាវ ទៅកាន់លោក ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ថាត្រូវដល់ពេលចេញមុខ ថ្កោលទោសអំពើព្រៃផ្សៃរបស់ក្រុមហាម៉ាស។ក្រុមហាម៉ាសមានប្រវត្តិបែបណា?ប្រវត្តិរបស់ក្រុមហាម៉ាស គឺមិនអាចផ្តាច់ចេញបានទេ ពីតំបន់ហ្កាហ្សា។ ពាក្យ “ហាម៉ាស” គឺជាពាក្យអក្សរកាត់ បានមកពីពាក្យពេញថា Harakat Al Muqawarma Al Islamiya ដែលយើងអាចបកប្រែមកថា « ចលនានៃការតស៊ូអ៊ីស្លាម »។ ចលនានយោបាយនិងប្រដាប់អាវុធនេះ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយមេដឹកនាំម្នាក់ឈ្មោះ Cheikh Ahmed Yassine។ចាប់តាំងពីពេលដំបូង ចលនាហាម៉ាស មានមនោគមន៍វិជ្ជាស្និទ្ធនឹងក្រុមចលនាភាតរៈអ៊ីស្លាមនៅអេហ្ស៊ីប។ ពោលគឺ ក្រុមហាម៉ាស មានគំនិតបង្កើតរដ្ឋប៉ាឡេស្ទីន ដោយយកសាសនាអ៊ីស្លាមជាច្បាប់កំពូល និងមានឆន្ទៈឈានទៅកំទេចអ៊ីស្រាអែល។ យ៉ាងណាមិញ នៅក្នុងអត្ថបទគោលនៃចលនានេះ គឺមានខ្លឹមសាររើសអើងស្អប់ខ្ពើមមកលើជនជាតិជ្វីហ្វ។ តាំងតែពីតំបូង ក្រុមហាម៉ាសបានរីកដុះដាលចាក់ឬស នៅក្នុងតំបន់ហ្កាហ្សា ដែលប្រមូលផ្តុំទៅដោយជនភៀសខ្លួនប៉ាឡេស្ទីន ដែលបានរត់ភៀសខ្លួន ក្រោយការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ១៩៤៨។ពីមុនមក សកម្មភាពយុទ្ធសាស្ត្ររបស់ក្រុមហាម៉ាស គឺជាការធ្វើប្រតិបត្តិការវាយប្រហារភេរវកម្មអត្តឃាត ដើម្បីសម្លាប់ប្រជាជនស៊ីវីលអ៊ីស្រាអែល។ ប្រតិបត្តិការភេរវកម្មនេះ គឺទទួលបន្ទុកដោយ កងកម្លាំង Izz al-Din al-Qassam ដែលជាមែកធាងប្រដាប់អាវុធ របស់ក្រុមហាម៉ាស។ បើនិយាយលើផ្នែកនយោបាយវិញ ក្រុមហាម៉ាស ប្រឆាំងដាច់ខាត ទៅនឹងកិច្ចព្រមព្រៀងអូស្លូ ឆ្នាំ១៩៩៣ ដែលអាជ្ញាធរប៉ាឡេស្ទីន បានចុះហត្ថលេខាជាមួយអ៊ីស្រាអែល ហើយដែលធ្លាប់ជាក្តីសង្ឃឹមនៃការឈានទៅកសាងសនិ្តភាព មុននឹងអ្វីៗត្រូវរលាយក្លាយជាផេះ។ចាប់ពីឆ្នាំ២០០០ ក្រុមហាម៉ាស បានចាប់ផ្តើមប្តូរយុទ្ធសាស្ត្រ ដោយបានបាញ់គ្រាប់រ៉ូកែតចេញពីតំបន់ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល។ ក្រុមហាម៉ាសកាន់តែមានសន្ទុះរឹងមាំឡើង នៅក្នុងអំឡុងពេល ចលនា Intifada លើកទី២ នៅរវាងដើមទសវស្សឆ្នាំ២០០០។ធ្វើផ្គរធ្វើភ្លៀងតែម្នាក់ឯងនៅតំបន់ហ្កាហ្សានៅឆ្នាំ២០០៦ ចលនាហាម៉ាស បានឈានទៅឈ្នះក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីន ជាមួយនឹងសំឡេងឆ្នោត៥៦%។ ជ័យជំនះនេះ បានធ្វើឲ្យក្រុមហាម៉ាសកាន់តែមានមោទនៈភាព ហើយបានបង្កើតឲ្យការប្រេះឆាកាន់តែខ្លាំងឡើង ជាមួយក្រុមហ្វាតា ដែលជាអង្គភាពនយោបាយដ៏សំខាន់មួយទៀតរបស់ប៉ាឡេស្ទីន។ សង្គ្រាមស៊ីវីលក៏បានផ្ទុះឡើងរវាងចលនាប៉ាឡេស្ទីនទាំង២នេះ ហើយទីបំផុត ក្រុមហ្វាតា បានបង្ខំចិត្ត ចាកចេញពីតំបន់ហ្កាហ្សានៅឆ្នាំ២០០៧ ដោយទុកឲ្យក្រុមហាម៉ាសធ្វើផ្គរធ្វើភ្លៀង គ្រប់គ្រងយ៉ាងផ្តាច់ការនៅតំបន់ហ្កាហ្សាតែម្នាក់ឯង តាំងតែពីពេលនោះមក។គួររំលឹកថា ជម្លោះប្រដាប់អាវុធរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ធ្លាប់បានកើតឡើងច្រើនដឹងមកហើយ។ នៅឆ្នាំ២០១៤ ភាគីទាំង២បានចុះកិច្ចបទឈប់បាញ់ជាមួយគ្នា ហើយកាលនោះ អ៊ីស្រាអែលគិតស្មានថា បានវាយបំផ្លាញសមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាសបានទាំងស្រុង។ តែតំបន់ហ្កាហ្សាទាំងមូល នៅតែស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមហាម៉ាសដដែល។ ស្រាប់តែនៅឆ្នាំ២០២១ ប្រវត្តិសាស្ត្របានជាន់ដានម្តងទៀត ជាមួយនឹងការផ្ទុះសង្គ្រាមសារជាថ្មី។ ក្រុមហាម៉ាស មិនត្រឹមតែមិនចុះខ្សោយទេ តែថែមទាំងមានសមត្ថភាពសព្វាវុធកាន់តែសំបូរបែប ជាមួយនឹងគ្រាប់រ៉ូកែតដ៏ច្រើនសន្ធឹក បាញ់ចូលកាន់តែជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល។ នៅឆ្នាំ២០២១ ក្រុមហាម៉ាស មានសមាជិកដែលជាកងកម្លាំងប្រយុទ្ធ ចំនួនប្រមាណ ៤ម៉ឺននាក់។ប្រឈមនឹងកម្លាំងកើនឡើងរបស់ក្រុមហាម៉ាសនេះ អ៊ីស្រាអែល បានប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធខែលមីស៊ីល ដើម្បីការពារសុវត្ថិភាព។ តែយ៉ាងណា ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលគេតែងអួតសរសើរនេះ បានបង្ហាញចំណុចខ្សោយ កាលពីថ្ងៃសៅរ៍ទី៧តុលាកន្លងទៅនេះ។ គ្រាប់រ៉ូកែតជាច្រើនរយគ្រាប់របស់ពួកហាម៉ាស បានរបូតហោះចូលទៅវាយកំទេចអគារជាច្រើនទីតាំង ក្នុងទឹកដីអ៊ីស្រាអែល។លក្ខណៈភូមិសាស្ត្រតំបន់ហ្កាហ្សាអស់រយៈពេល១៦ឆ្នាំមកហើយ ដែលប្រជាជនតំបន់ហ្កាហ្សាត្រូវរស់នៅ ក្នុងកណ្តាប់ដៃដែករបស់ក្រុមហាម៉ាស។ មានទទឹងចន្លោះ ពី៦ ទៅ១២គីឡូម៉ែត្រ និងបណ្តោយប្រវែង៤១គីឡូម៉ែត្រ តំបន់ហ្កាហ្សាមានផ្ទៃដីប្រមាណតែ៣៦០គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ ពោលគឺជាភូមិសាស្ត្រដ៏តូចចង្អៀត។នៅខាងលិច តំបន់ហ្កាហ្សា បែរមុខជាប់សមុទ្រម៉េឌីទែរ៉ាណេ នៅខាងជើង និងខាងកើត គឺជាប់អ៊ីស្រាអែល ហើយនៅខាងត្បូង ជាប់ព្រំដែនអេហ្ស៊ីប។ ហ្កាហ្សា សឹងតែត្រូវកាត់ផ្តាច់ពីពិភពខាងក្រៅ ហើយជាពិសេសនោះ គឺនៅដាច់ឆ្ងាយពីដែនដីប៉ាឡេស្ទីន មួយចំហៀងទៀត គឺតំបន់ស៊ីហ្សកដានី។ ហ្កាហ្សា មានច្រកចេញចូលតែ៣ទីតាំងតែប៉ុណ្ណោះ គឺនៅខាងជើង ឈ្មោះចំណុច Eretz ជាមួយអ៊ីស្រាអែល ខាងត្បូងឈ្មោះចំនុច Kerem Shalom ជាមួយអ៊ីស្រាអែលដែរ និងចំនុចមួយទៀតឈ្មោះ Rafah ជាមួយអេហ្ស៊ីប។មានប្រជាជនសរុប ប្រមាណ២លាន៣សែននាក់ តំបន់ហ្កាហ្សាមានដង់ស៊ីតេប្រជាជន ដល់ទៅជាង ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ពោលគឺជាតំបន់ ដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា សំបូរយុវជនក្មេងៗ ដែលអាយុជាមធ្យម គឺ២១ឆ្នាំ។ ២ភាគ៣ នៃប្រជាជនទាំងអស់ គឺមាននឈ្មោះជាជនភៀសខ្លួន។ កត្តាជីវភាពវិញ គឺក្រីក្រណាស់ ព្រោះថាតំបន់ហ្កាហ្សា ពុំមានភោគផលធនធានធម្មជាតិអ្វីឡើយ ក្រៅតែពីការនេសាទនៅក្នុងសមុទ្រ។ បិទខ្ទប់ គ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ គឺមានតែក្រុមហាម៉ាសតែមួយគត់ ដែលគ្រប់គ្រងអំណាច និងធ្វើព្យុះធ្វើភ្លៀង នៅក្នុងតំបន់ហ្កាហ្សា។ហាម៉ាសជាក្រុមភេរវកម្ម ឬក៏ជាតំណាងស្របច្បាប់នៃចលនារំដោះប៉ាឡេស្ទីន?ការទទួលស្គាល់ ឬការចាត់ទុកក្រុមហាម៉ាស គឺមានការប្រែប្រួល មិនដូចគ្នាទេ។ សម្រាប់អ៊ីស្រាអែល ក៏ដូចជាក្រុមប្រទេសលោកខាងលិច ជាក់ស្តែង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម គឺក្រុមហាម៉ាសជាក្រុមភេរវកម្ម។ ចំណែកអាហ្ស៊ីបវិញ ចាត់ទុកកងកម្លាំង Izz al-Din al-Qassam ដែលមែកធាងប្រដាប់អាវុធរបស់ក្រុមហាម៉ាស ថាជាក្រុមភេរវកម្ម ព្រោះកងកម្លាំងនេះមានទំនាក់ទំនង ជាមួយពួកចលនាជីហាតស៊ូនីត នៅតំបន់ស៊ីណៃរបស់អេហ្ស៊ីប។ដោយឡែក ក្រុមហាម៉ាសខ្លួនឯង មើលក្នុងកញ្ចក់ឃើញខ្លួនឯង ថាជាចលនាដ៏ស្របច្បាប់បំផុត តំណាងឲ្យប្រជាជនប៉ាឡេស្ទីន។ ភាពស្របច្បាប់ដែលកាន់តែរឹងមាំ ក្រោយជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០០៦។ តែតាំងពីនោះមក ការបោះឆ្នោតមិនត្រូវបានគេរៀបចំទៀតឡើយ នៅតាមដែនដីប៉ាឡេស្ទីន មិនថានៅហ្កាហ្សា ឬនៅស៊ីហ្សកដានី។ ក្រុមហាម៉ាសប្រកាសថា ការរំដោះប្រជាជនប៉ាឡេស្ទីន គឺជាបុព្វហេតុដ៏ធំ និងជាកាតព្វកិច្ចខ្លួនក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាម។ ហើយបុព្វហេតុនេះ មានការជួយទំនុកបម្រុងគាំទ្រ ពីបណ្តាប្រទេសអ៊ីស្លាមមួយចំនួន តួយ៉ាង កាតាដែលជួយផ្តល់ប្រាក់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ និងក្រោយមកមានអ៊ីរ៉ង់ ដែលជួយជាគ្រឿងសព្វាវុធ ដើម្បីវាយប្រហារអ៊ីស្រាអែល។ អាវុធរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនចូលទៅតំបន់ហ្កាហ្សា តាមបណ្តាញសំងាត់ នៅតាមរូងក្រោមដីនៅភាគខាងត្បូង។ក្នុងក្របខណ្ឌគោលនយោបាយផ្ទៃក្នុងវិញ ក្រុមហាម៉ាស មានទំនោរចង់បង្កើតរដ្ឋអំណាចផ្តាច់ការ ឈរច្បាប់កំពូលនៃសាសនាអ៊ីស្លាម។ ការរំលោភបំពានសិទ្ធិមនុស្ស ត្រូវបានគេរាយការណ៍ជារឿយៗ តួយ៉ាង ការចាប់ឃាត់ខ្លួន អំពើទារុណកម្ម ការប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាដើម។ល។ ជាងនេះទៀត ក្រុមហាម៉ាស ត្រូវបានគេចោទជាញឹកញាប់ ថាបានប្រើប្រាស់ប្រជាជនស៊ីវីល ជាក់ស្តែង គឺកុមារ ដើម្បីធ្វើជាខែលការពារអគារ និងទីកន្លែងលាក់ខ្លួន ពីការបាញ់មីស៊ីលរបស់អ៊ីស្រាអែល។ ក្រុមហាម៉ាសមិនត្រឹមតែមិនបដិសេធទេ ថែមទាំងបានអះអាងថា “គ្រប់មធ្យោបាយទាំងអស់គឺវាសក្តិសម ដើម្បីឈានទៅសម្រេចបុព្វហេតុចំបង គឺការកំទេចអ៊ីស្រាអែល”។តើស្ថានភាពសេដ្ឋកិច្ចតំបន់ហ្កាហ្សា លំបាកកម្រិតណា?ជាច្រើនឆ្នាំមកហើយ ដែលតំបន់ហ្កាហ្សា ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ វាគឺជាលទ្ធផល នៃភាពជោគជ័យកាន់តែរីកធំ របស់ក្រុមហាម៉ាសផង និងជាបរាជ័យរបស់ក្រុមនេះផង ដែលគ្មានសមត្ថភាពស្រោចស្រង់ជីវភាពរបស់ប្រជាជនប៉ាឡេស្ទីន។ ប្រជាជនតំបន់ហ្កាហ្សា មានចំណូលប្រចាំថ្ងៃ ក្រោម២ដុល្លារក្នុងមួយថ្ងៃ ពោលគឺទាបជាងប្រជាជនប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី ១ជា២ដង។ពី១ឆ្នាំទៅ១ឆ្នាំ ប្រជាជនតំបន់ហ្កាហ្សា មានអារម្មណ៍ខ្លួនត្រូវបានសហគមន៍អន្តរជាតិ និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀតបំភ្លេចចោល ជាពិសេសក្រោយការការខិតចូលកៀកគ្នា រវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់មួយចំនួន តាមរយៈកិច្ចព្រមព្រៀងAbraham។ អត្រាអ្នកអត់ការងារធ្វើនៅតំបន់ហ្កាហ្សា មានដល់ទៅ៥០%។ ចរន្តអគ្គីសនី ត្រូវកាត់ផ្តាច់ជាញឹកញាប់ បរិមាណទឹកស្អាតប្រើប្រាស់ ក៏មានកំណត់។ វិបត្តិកូវីដ១៩ បានផ្ទុះឡើង បន្ថែមការលំបាកទ្វេរដងដល់ប្រជាជននៅហ្កាហ្សា។ក្រុមការងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ ជាក្តីសង្ឃឹម និងបង្អែកដ៏សំខាន់បំផុត សម្រាប់ប្រជាជននៅហ្កាហ្សា។ ក្រៅពីការនេសាទ ហ្កាហ្សា គ្មានធនធានអ្វីទាំងអស់។ ហើយការនេសាទទៀតសោត ត្រូវបានអាជ្ញាធរអ៊ីស្រាអែល ដាក់កំហិត និងរារាំងជាបន្តបន្ទាប់។ ទាំងអ៊ីស្រាអែល ទាំងអេហ្ស៊ីប គឺបានអនុវត្តគោលនយោបាយបិទខ្ទប់សេដ្ឋកិច្ច ទៅលើតំបន់ហ្កាហ្សា ដើម្បីដាក់សំពាធលើក្រុមហាម៉ាស។ស្ថានការណ៍នេះ បានចិញ្ចឹមបំប៉ននូវសេចក្តីឈឺចាប់ និងទឹកចិត្តខឹងក្រេវក្រោធ របស់ពពួកសមាជិកក្រុមហាម៉ាស។ តែទន្ទឹមគ្នានេះ ស្ថានការណ៍លំបាកនេះ ក៏គឺជាលទ្ធផលនៃកង្វះសមត្ថភាពគ្រប់គ្រង របស់ក្រុមហាម៉ាសខ្លួនឯងដែរ។ គឺក្រុមហាម៉ាសខ្លួនឯង ដែលពុករលួយ បក្សពួកនិយម ប្រមូលប្រាក់ចែកចាយតែក្រុមគ្នាឯង មិនគិតប្រឹងប្រែងកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ហ្កាហ្សា។ សេដ្ឋកិច្ចតំបន់ហ្កាហ្សា រស់បានដោយសារតែការជួញដូររត់ពន្ធ ផ្លូវងងឹតនៅច្រកRafah ជាមួយអេហ្ស៊ីប។ ប្រទេសកាតា គឺជាអ្នកទំនុកបំរុងចិញ្ចឹមក្រុមហាម៉ាស ដោយផ្តល់ប្រាក់ច្រើនរយលានដុល្លារក្នុងមួយឆ្នាំ ព្រោះថាកាតានិងហាម៉ាស មានទំនោរមនោគមន៍វិជ្ជាដើរតាមក្រុមភាតរៈអ៊ីស្លាមដូចគ្នា៕
រុស្ស៊ីផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋសភាអាមេនីផ្តល់សច្ចាប័នភ្ជាប់ប្រទេសនេះទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ
ថ្ងៃអង្គារ ទី ៣ តុលា រដ្ឋសភាអាមេនី បានផ្តល់សច្ចាប័នលើ សេចក្តីសម្រេចភ្ជាប់ប្រទេសនេះ ទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI។ ទង្វើនេះបានបង្កនូវក្តីខឹងសម្បា ពីសំណាក់ក្រុងម៉ូស្គូ ដែលថ្កោលទោសថា នេះជាសេចក្តីសម្រេច ពុំត្រឹមត្រូវ និង វង្វេងវង្វាន់។ ការណ៍នេះ រំលេចឲ្យឃើញពី ទំនាស់ថ្មី រវាងប្រទេសទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីដើមមក តែអំណើះតទៅ ប្រែក្លាយជា សត្រូវ មើលមុខគ្នាលែងចំទៅវិញ។ ក្រុមតំណាងរាស្ត្រអាមេនី បានបោះឆ្នោតដើម្បីផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម ដែលជា សន្ធិសញ្ញាស្ថាបនិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ដោយមានសម្លេងគាំទ្រចំនួន ៦០ ទល់នឹងសម្លេងជំទាស់តែ ២២។សម្រាប់ប្រទេសរុស្ស៊ី ការភ្ជាប់ខ្លួនរបស់អាមេនី ទៅនឹងតុលាការ CPI គឺជាដំណឹងអាក្រក់មួយ។ គួរំឭកថា កាលពីប៉ុន្មានខែមុន តុលាការ CPI បានចេញដីកាម្តងរួចមកហើយ តម្រូវឲ្យចាប់ខ្លួនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ចំពោះ “ ការនិរទេស” កុមារាកុមារីអ៊ុយលក្រែន មកប្រទេសរុស្ស៊ី។អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានទិតៀន សេចក្តីសម្រេច របស់រដ្ឋសភាអាមេនីថាជា “ ក្កីភាន់ច្រឡំសុទ្ធសាធ” ហើយបន្តថាទង្វើនេះ នឹងបង្កើនភាពល្អក់កករកាន់តែខ្លាំង ក្នុងទំនាក់ទំនងឧភតោភាគីនៃប្រទេសទាំងពីរ ។ អ្នកនាំពេលដដែលនេះ បន្តថា អាមេនី គួរតែរក្សាចំណងសម្ព័ន្ធភាព ជាមួយរុស្ស៊ី ជាជាងបង្កឲ្យកើតមានទំនាស់ រវាងប្រទេសទាំងពីរ។ប៉ុន្តែ ចំពោះ អាមេនី វិញ ការភ្ជាប់ខ្លួនទៅនឹង តុលាការនេះ គឺជាក្តីសង្ឃឹមមួយ ដើម្បីទទួលបាននូវ ការការពារបន្ថែមទៀត តទល់នឹងប្រទេស អាស៊ែរបែដហ្សន់ ជាប្រទេសជិតខាង ដែលខ្លាំង និង មានអំណាចជាង។ គួរបញ្ជាក់ថា អាស៊ែរបែដហ្សន់ ទើបនឹងដណ្តើមបាន ជ័យជំនះ យោធា រហ័សដូចផ្លេកបន្ទោរ លើពួកឧទ្ទាមជាតិអាមេនី ដែលបានផ្តាច់យកទឹកដី កាលពីជាង ៣០ ឆ្នាំមុន នៅក្នុងតំបន់ ការ៉ាបាក់ ដែលសព្វថ្ងៃស្ថិត នៅក្នុងដែនដីអាស៊ែរបែដហ្សន់។ភ្ជាប់ខ្លួនទៅនឹង តុលាការ CPI គឺ មានន័យ“ បង្កើតជាការធានាថែមទៀត សម្រាប់អាមេនី តទល់នឹង អាស៊ែរបែដហ្សន់ នេះជាសេចក្តីថ្លែងការរបស់ លោក Eghiche Kirakosian មន្ត្រីអាមេនីទទួលបន្ទុក កិច្ចការ របស់តុលាការអន្តរជាតិ ក្នុងពេលបើកសម័យប្រជុំពិភាក្សា ជុំវិញបញ្ហាផ្តល់សច្ចាប័ននេះ កាលពីនៅថ្ងៃអង្គារកន្លងទៅ។ ថ្លែងនៅពីមុខ ក្រុមតំណាងរាស្ត្រអាមេនី លោក Eghiche Kirakosian បានសង្កត់ធ្ងន់ដូចតទៅ ៖ ការផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម គឺជាការធានា ទល់នឹង ការលុកលុយជាយថាហេតុ ពីអាស៊ែរបែដហ្សន់ មកលើអាមេនី ហើយដែលការធានានេះ ស្ថិតក្នុង សមត្ថភាព របស់តុលាការ CPI ។គួររំឭកថា អាមេនី បានចុះហត្ថលេខា លើ លក្ខន្តិកៈក្រុងរ៉ូម ក្នុងឆ្នាំ ១៩៩៩ ដែលកាលនោះ ពុំបានផ្តល់ សច្ចប័នភ្លាមទេ ដោយហេតុថា ចំណុចមួយចំនួនក្នុងសំណុំឯកសារនោះ គឺផ្ទុយនឹង រដ្ឋធម្មនុញ្ញខ្លួន។ តែ ឧបសគ្គនេះ ត្រូវបានដកចេញទៅហើយ។យ៉ាងណាមិញ បណ្តាគណបក្សប្រឆាំង ដែលក្តាប់បានអាសនៈចំនួន ៣៦ លើ ១០៧ អាសនៈនៅក្នុងរដ្ឋសភាអាមេនី បានប្រឆាំងតវ៉ា នឹងការបើកសម័យប្រជុំពិភាក្សាបញ្ហាផ្តល់សច្ចប័ន បែបទាន់ហន់ ហើយបានដើរចេញពីសាលប្រជុំ។តាំងពីថ្ងៃព្រហស្បត៏សប្តាហ៍មុន វិមានក្រេមឡាំង បានព្រមានថា រុស្ស៊ីនឹងចាត់ទុក ការភ្ជាប់ខ្លួន របស់អាមេនី ទៅនឹង តុលាការ CPI ថាជាការប្រកាសសត្រូវនឹងគ្នា។តំណាងផ្លូវការរបស់វិមានក្រេមឡាំង លោក ពេស្កូវ បន្ថែមទៀតថា ៖ ទោះយ៉ាងណា យើងសង្ឃឹមថា សេចក្តីសម្រេចទាំងនេះ នឹងពុំជះឥទ្ធពលអវិជ្ជមានមកលើ ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ភាពល្អកកករថ្មីនេះ កើតឡើង ចំពេលដែលទំនាក់ទំនង រវាង អាមេនី និង រុស្ស៊ី កំពុងឆ្លងកាត់ បរិយាកាសអួរអ័ព្ទ។ក្រុង Erevan ប្រទេសអាមេនី បានខិតទៅជិតប្រទេសបស្ចិមលោកបន្តិចម្តងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះ ដ្បិត រុស្ស៊ី ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីមុន បានបោះបង់ខ្លួន ក្នុងគ្រាដែល អាស៊ែរបែដហ្សន់ បានវាយលុកកាលពីពេលថ្មីៗនេះ ទៅលើ តំបន់ ការ៉ាបាក់។ តែការយល់ឃើញដូច្នេះ ត្រូវ វិមានក្រេមឡាំង បដិសេធច្រានចោលទាំងស្រុង ។អស់រយៈពេល ៣ ឆ្នាំមកហើយ ដែលរុស្ស៊ី បានដាក់ពង្រាយកងទ័ពមួកខៀវរបស់ខ្លួន ឲ្យឈរជើងថែរក្សាសន្តិភាព នៅលើតំបន់ ការ៉ាបាក់ ពោលគឺក្រោយពីមានការវាយប្រហារពីខាង អាស៊ែរបែដហ្សន់។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមកងទ័ពមួកខៀវនេះ ត្រឹមតែបានឈរ ឱបដៃមើល ខណៈ អាស៊ែរបែដហ្សន់ បានបើកយុទ្ធនាការវាយលុកដ៏គំហុក មកលើការ៉ាបាក់ លើកចុងក្រោយនេះ។ ចំណែកខាងរុស្ស៊ីឯណោះវិញ នៅថ្ងៃអង្គារ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu បានកោតសរសើរ នូវសកម្មភាពរបស់ក្រុមកងទ័ពមួកខៀវរបស់រុស្ស៊ី ថែមទាំងសំដែងអំណរគុណ ដល់កងទ័ពនេះ ចំពោះ “ការលះបង់ និង ភាពម៉ឺងម៉ាត់ ក្លាហាន” របស់គេ ដោយបានជួយបញ្ចៀស កុំឲ្យជម្លោះនៅតំបន់ ការ៉ាបាក់ កាន់តែធ្លាក់ក្នុងសភាពដុនដាប។ជាតុល្យាការ ប្រតិបត្តិការវាយលុកពីអាស៊ែរបែដហ្សន់ មកលើ ការ៉ាបាក់ បានបង្កឲ្យមានមនុស្សស្លាប់ ប្រមាណ ៦០០ ។តាំងពីការវាយប្រហារនេះបានចាប់ផ្តើម ប្រជាជនជនជាតិអាមេនី ដែលរស់នៅក្នុងតំបន់ ការ៉ាបាក់ ប្រមាណ ១សែន ២ ម៉ឺននាក់ បាននាំគ្នាភៀសខ្លួន ទៅប្រទេសអាមេនី ក្នុងចំនួន ១ សែន ៥.០០០ នាក់ ទៅហើយ ពោលគឺធ្វើឲ្យ ការ៉ាបាក់ សឹងតែក្លាយជា វាលរហោស្ថាន ឥតមនុស្សរស់នៅ។ការ៉ាបាក់ គឺជាតំបន់ភ្នំ ដែលភាគច្រើនលើសលប់នៃប្រជាជនដែលរស់នៅទីនោះ គឺជាជនជាតិអាមេនី។ ប្រជាជនអាមេនី ចាត់ទុកថាទឹកដីនេះ ថាជាកម្មសិទ្ធរបស់ខ្លួន តាំងពីសម័យដូនតារៀងមក។ ជាក់ស្តែង ក្នុងឆ្នាំង ១៩៩១ ការ៉ាបាក់ បានប្រកាសឯករាជ្យជាឯកតោភាគី ផ្តាច់ខ្លួនចេញពីពី អាស៊ែរបែដហ្សន់ ដោយមានការគាំទ្របស់អាមេនី ស្របពេលដែល សហភាពសូវៀត ត្រូវរលំរលាយទៅ។ការប្រកាសឯករាជ្យជាឯកតោភាគីនេះ គឺពុំត្រូវបានទទួលស្គាល់ដោយ សហគមអន្តរជាតិឡើយ។ ក្នុងអំឡុងពេលជាង ៣ ទសវត្សរ៍មកនេះ ការ៉ាបាក់ បានធ្លាក់ក្នុងភ្លើងសង្គ្រាមជាមួយ អាស៊ែរបែដហ្សន់ ជាច្រើនសារ ពោលគឺក្នុងឆ្នាំ ១៩៨៨, ១៩៩៤ និង ២០២០។ការប្រយុទ្ធប្រឆាំងគ្នានេះ បានបំពុលទំនាក់ទំនងរវាង អាមេនី និង អាស៊ែរបែដហ្សន់ ដែលបានក្លាយជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា តាំងពីពេលនោះមក។ប្រទេសអាមេនី ក៏បានបានចោទទាហានអាស៊ែរបែដហ្សន់ ថាបានរំលោភព្រំប្រទល់ខ្លួន កាលពីខែ ឧសភា ឆ្នាំ ២០២១ ដើម្បីតាំងការត្រួតត្រាលើ ចំណែកមួយតូច នៃដែនដីនៅជាយដែនរបស់ខ្លួន៕
10/6/2023 • 6 minutes, 37 seconds រុស្ស៊ីចំអកផ្គើន ទៅនឹងទណ្ឌកម្មប្រេងឆៅ ពីសំណាក់ប្រទ េសមហាអំណាច G7 ?
អំណឹះតទៅ រុស្ស៊ីនាំចេញប្រេងឆៅរបស់ខ្លួន ក្នុងតម្លៃខ្ពស់ឆ្ងាយ លើសពីកម្រិតតម្លៃអតិបរមា ដែលកំណត់ដោយ ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ឬ ហៅកាត់ថា G7។ ពោលគឺ ក្រុមប្រទេស G7 បានកំណត់តម្លៃអតិបរមា ត្រឹមតែ ៦០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយធុងបារីល។ តើនេះសឲ្យឃើញថា ទណ្ឌកម្មបស្ចិមប្រទេស ទៅលើរុស្ស៊ី ពុំមានប្រសិទ្ធភាពដូចការព្រាងទុកឬ ? គេដឹងថា រុស្ស៊ីបានប្រញាប់ប្រញាល់ ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅអាស៊ី ជាពិសេស គឺ នៅ ចិន និង ឥណ្ឌា ដែលសុទ្ធសឹងជាប្រទេស បដិសេធមិនគោរពតាម របបទណ្ឌកម្មខាងលើ។ រុស្ស៊ី ទទួលបានផលចំណេញយ៉ាងកាក់កប ដ្បិតប្រេងឆៅរុស្ស៊ីដែលលក់ចេញទៅក្រៅ គឺរួចពន្ធច្រើន បើធៀបនិងតម្លៃផ្លូវការ។ បច្ចុប្បន្ននេះ រុស្ស៊ី កំពុងលក់ប្រេងឆៅរបស់ខ្លួន ក្នុងតម្លៃខ្ពស់ជាងឆ្ងាយពី តម្លៃដែលកម្រិតត្រឹម ៦០ ដុល្លារដូចបញ្ជាក់ពីខាងលើ និង ពុំចាំបាច់មានធានារ៉ាប់រង ពីបណ្តាក្រុមហ៊ុននៃបស្ចិមប្រទេស។ ដ្បិតថា ការតំណត់តម្លៃអតិបរមានេះ គឺ ត្រូវគេអនុវត្តចំពោះតែ នាវារុស្ស៊ីដឹកប្រេង ដែលត្រូវមានធានារ៉ាប់រង។ តាមកាសែតអង់គ្លេស Financial Times ៣ភាគ៤ នៃ ប្រេងឆៅដែលនាំចេញដោយបណ្តាក្រុមហ៊ុនរុស្ស៊ី ក្នុងខែសីហា ត្រូវបានដឹកតាមនាវា ដែលគ្មានការធានារ៉ាប់រងទេ។ លើសពីនេះទៀត ម៉ូស្គូ ទទួលបានផលចំណេញច្រើន ពីសំណាក់បណ្តាប្រទេសជាឈ្មួញកណ្តាលមួយចំនួនមាន តួកគី និង អេមៀរ៉ាតអារ៉ាបរួម ដែលសុទ្ធសឹងជាមិត្តរបស់រុស្ស៊ី និង ជាទីដែលប្រេងឆៅរុស្ស៊ីត្រូវឆ្លងកាត់។ចាប់ពី ពាក់កណ្តាលឆ្នាំ ២០២៣ នេះមក ម៉ូស្គូ ទទួលផលចំណេញបានពេញទំហឹង ពីស្ថានភាពពាណិជ្ជកម្មមួយ ដែលគេឲ្យឈ្មោះថា“ មេឃស្រឡះ” នៅតាមទីផ្សារប្រេង ដូចអារ៉ាប៊ីសាអ៊ូឌីតដែរ រុស្ស៊ីបន្តរួមចំណែកធ្វើឲ្យប្រេងឡើងថ្លៃ ដោយប្រើវិធីកាត់បន្ថយបរិមាណទំនិញដែលត្រូវនាំចេញ ក្នុងក្របខណ្ឌនៃ អង្គការ OPEP+ ។ មួយវិញទៀត ការលស់ពន្ធដែលអនុវត្តចំពោះ បែបបទនេះនៃប្រេងឆៅ បានរួញខើចទៅ។ អស់ប៉ុន្មានខែ ប្រេងឆៅរុស្ស៊ី ម៉ាក Oural ត្រូវបាននាំចេញដោយមានការធ្វើសម្បទានឲ្យវិញ រហូតដល់ ៤០ ដុល្លារ បើធៀបទៅនឹងតម្លៃនៅទីផ្សារ។ ការលស់ពន្ធនេះ បានធ្លាក់ដល់ ១២ ដុល្លារ ក្រោយមានការចេញ ផ្សាយ ពេលថ្មីៗ ដោយសាលាសេដ្ឋកិច្ចក្រុងគៀវ។ តាមប្រភពដដែល រវាង ខែ កក្កដា និង ខែ សីហា តម្លៃ ប្រេងឆៅរុស្ស៊ីដែលនាំចេញ បានហក់ឡើងពី ៥៥ ដុល្លារ ដល់ ៧៣ ដុល្លារ ក្នុង មួយ បារីល។ចំណូលបន្ថែម បានមកពីការនាំចេញប្រេង បន្តដើរតួជាកត្តាសំខាន់ នៃកំណើនសេដ្ឋកិច្ចរុស្ស៊ី កំណើនសេដ្ឋកិច្ចនេះ ស្ថិតក្នុងកម្រិតប្រហែល ១,៥% នេះបើផ្អែលតាមអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ។ ការណ៍នេះ គឺជាដំណឹងល្អសម្រាប់ វិស័យហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសរុស្ស៊ី។ លោក វ៉្លាឌីមៀរ ពូទីន គ្រោងបង្កើនថវិកាសម្រាប់វិស័យការពារជាតិរហូតដល់ ៧០% ក្នុងឆ្នាំ ២០២៤។ ធនាគារ BERD ជា ធនាគារអឺរ៉ុបបង្កើតឡើងសម្រាប់ផ្តល់ជំនួយដល់ បណ្តាអតីតសាធារណរដ្ឋសូវៀត យល់ស្របនឹងការទស្សន៍ទាយនៃកំណើនសេដ្ឋកិច្ចរុស្ស៊ី ពីសំណាក់ FMI ។ ប៉ុន្តែ ធនាគារដដែលនេះ ក៏សំដែងការខកចិត្ត ដោយបន្លឺក្នុងសេចក្តីថ្លែងការណ៍មួយថា៖ យើងសង្ឃឹមថា ទណ្ឌកម្មទាំងអម្បាល់ម៉ាន មុខជានឹងមានប្រសិទ្ធិភាពខ្លាំងជាងនេះ !។ តែដើម្បីឲ្យទណ្ឌកម្មលើរុស្ស៊ីមានប្រសិទ្ធិភាពជាងនេះ អ៊ុយក្រែន ចង់ឃើញការរឹតគំនាបកាន់តែខ្លាំងលើរុស្ស៊ី ដោយបន្ទាបតម្លៃប្រេងឆៅ នាំចេញរបស់រុស្ស៊ី ឲ្យធ្លាក់ក្រោម ៦០ ដុល្លារក្នុងមួយធុងបារីល និង ដោយចាត់វិធានការចាំបាច់ផ្សេងៗទៀត។ ឧទាហរណ៍ ការហាមមិនឲ្យនាំចេញ ត្បូងពេជ្រពីរុស្ស៊ី គឺជាប្រធានបទមួយ ដែលកំពុងស្ថិតក្នុងការពិភាក្សា នៃក្រុមប្រទេស G7។ វិធានការមួយទៀត គឺប្រទេសសមាជិកអឺរ៉ុប ត្រូវព្យាយាមគោរពតាមបម្រាមមួយ ដែលហាមឃាត់មិនឲ្យមានការនាំចេញនៃ គ្រឿងផ្សំនានា ដែលគេប្រើក្នុងវិស័យឧស្សាហកម្មយោធា ហើយដែលត្រូវឆ្លងកាត់តាមបណ្តាប្រទេសទី ៣ ។ នេះក៏ព្រោះតែ គេសង្កេតឃើញថា ការនាំចូលរបស់រុស្ស៊ីនៃ គ្រឿងផ្សំផ្សេងៗដ៏មានតម្លៃ តួយ៉ាង Semi-conducteurs បានកើនឡើងដល់កម្រិតមួយ ស្មើនឹងអំឡុងពេល មុនផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ អ៊ុយក្រែន អំពាវនាវឲ្យអឺរ៉ុប ឈប់នាំចូល ឧស្ម័នធម្មជាតិរុស្ស៊ីដែលបង្ហាប់ជាទឹក ហៅថា GNL អឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី តាមរយៈផលិតផល ប្រេងឆៅ និង ធ្យូងថ្ម។ ប៉ុន្តែ អឺរ៉ុបពុំរាប់បញ្ចូល ឧស្ម័ន ទេ ពោលគឺធ្វើដូច្នេះ ដើម្បីបញ្ចៀសដំណើរខ្វះខាត ក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលត្រូវការធនធានថាមពលនេះ ដោយខានពុំបាន។ ទន្ទឹមនឹងគ្នានេះ គិតតាំងពីពេល ដែលគេកាត់ផ្តាច់បណ្តាញបំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅអឺរ៉ុប ប្រទេសទាំង ២៧ ក្នុងសហភាពអឺរ៉ុប បានរកធនធានធម្មជាតិផ្សេងមកជំនួស តួយ៉ាងការបង្កើនការនាំចូល នៃឧស្ម័នធម្មជាតិបង្ហាប់ជាទឹក ហៅថា GNL ពី សហរដ្ឋអាមេរិក ជាឧទាហរណ៍ ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺផ្ទុយពីការរំពឹងទុក ប្រទេសខ្លះទៀតនៃសហគមអឺរ៉ុប បែរជានាំចូល ឧស្ម័ន GNL ក្នុងបរិមាណក្រាស់ក្រែលតែម្តងពី រុស្ស៊ី ដោយមានស្ថិតិអឺរ៉ុបជា តឹក តាងស្រាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ ប្រទេស បែលហ្ស៊ិក និង អេស្ប៉ាញ បាននាំចូលឧស្ម័ន GNL ផ្ទាល់ពីរុស្ស៊ី។ ក្រុង ម៉ាឌ្រីត ដែលបច្ចុប្បន្ន ជាប្រធានផ្លាស់វេននៃ សហភាពអឺរ៉ុប គ្រោងបញ្ឈប់ការនាំចូលនេះ ដ្បិតថាជាទង្វើមួយ ផ្ទុយនឹងវិធានការនៃទណ្ឌកម្មអឺរ៉ុប ដែលមានគោលដៅរឹតបន្តឹងប្រាក់ចំណូល របស់រុស្ស៊ី ។ មិនតែប៉ុណ្ណោះ ការទិញពីរុស្ស៊ី គឺដាក់អឺរ៉ុបឲ្យស្ថិតក្នុងដែនអំណាច នៃវិមានក្រេមឡាំង។ ប៉ុន្តែ ចង់ឬមិនចង់ ក្នុងឆ្នាំនេះ អឺរ៉ុប នៅតែនាំចូលដល់ទៅ ១៦% នៃឧស្ម័ន GNL ដែលមានប្រភពទៅពី រុស្ស៊ី៕
9/28/2023 • 5 minutes, 59 seconds ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?
របាយការណ៍ស្ដីអំពីវិបត្តិស្បៀងអាហារសកលឆ្នាំ២០២៣បង្ហាញថា ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយ។ ប្រជាជនជិត ២៤០លាននាក់នៅក្នុង ៤៨ប្រទេសកំពុងប្រឈមមុខនឹង អសន្តិសុខស្បៀងធ្ងន់ធ្ងរ។ របាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក ឬគេស្គាល់ថា អង្គការ WFP បង្ហាញអំពីក្ដីបារម្ភនៅក្នុងកម្រិតខ្ពស់នៅឡើយ ចំពោះវិបត្តិស្បៀងអាហាររបស់ពិភពលោក។ កត្តាផ្សេងៗ រួមមាន បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្ដិសេដ្ឋកិច្ច បញ្ហាអាកាសធាតុប្រែប្រួលខ្លាំង និងការរឹតត្បិតលើការនាំចេញស្បៀងអាហារ នៅតែបន្តបង្កហានិភ័យនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដល់មនុស្សរាប់លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ EU Science Hub។ផ្អែកលើទិន្នន័យចុងក្រោយបំផុតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ យើងអាចសង្កេតឃើញថា ប្រជាជនពិភពលោកយ៉ាងហោចណាស់ជិត ២៤០លាននាក់នៅទូទាំង៤៨ប្រទេសដែលវិបត្តិស្បៀងអាហារស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ប្រទេសដែលមានងាយរងគ្រោះបំផុត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នីហ្សេរីយ៉ា ស៊ូដង់ អេត្យូពី អាហ្វហ្គានីស្ថាន យេម៉ែន បង់ក្លាដែស បាគីស្ថាន ស៊ូដង់ខាងត្បូង និងសូម៉ាលី។ក្នុងចំណោមប្រទេសទាំងនេះ មីយ៉ាន់ម៉ា ដែលជាប្រទេសមួយនៅតំបន់អាស៊ាន ក៏ធ្លាប់ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលងាយរងគ្រោះខ្លាំងបំផុតផងដែរ ក្នុងឆ្នាំ ២០២២ ប៉ុន្តែមីយ៉ាន់ម៉ាមិនត្រូវបានរាប់បញ្ចូលក្នុងការធ្វើបច្ចុប្បន្នភាពនោះទេ ដោយសារទិន្នន័យមិនគ្រប់គ្រាន់ស្តីពីអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣។ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?យ៉ាងហោចណាស់មានហេតុផលចម្បងៗបី ដែលបានកើតឡើងដំណាលគ្នា និងមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ហើយបានរុញច្រានឱ្យវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់។ ទីមួយ៖ បញ្ហាជម្លោះក្នុងតំបន់ បញ្ហាសង្គ្រាម និងវិបត្ដិសេដ្ឋកិច្ចបញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម និងភាពអសន្តិសុខនៅក្នុងតំបន់នៅតែជាកត្តាឈានមុខគេនៃវិបត្តិអសន្តិសុខស្បៀងអាហារ។ ក្នុងចំណោមប្រទេសទាំង១០ដែលងាយរងគ្រោះបំផុតចំពោះវិបត្តិស្បៀងអាហារ មានប្រទេស៨ទៅហើយដែលស្ថិតនៅក្នុងតំបន់មានជម្លោះ។ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងខ្លាំង ជាពិសេសនៅឆ្នាំ២០២២ ហើយវាបង្កឱ្យមានហានិភ័យនៅក្នុងប្រទេសទាំងនោះកាន់តែមានភាពផុយស្រួយ។ ក្នុងពេលជាមួយគ្នា វិបត្តិសេដ្ឋកិច្ច និងវិបត្ដិនៃការឡើងថ្លៃទំនិញជាទូទៅ ឬគេស្គាល់ថា វិបត្តិអតិផរណា ក៏បានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់ផងដែរនៅក្នុងទីផ្សារនៃប្រទសទាំងនេះ។ វាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ប្រជាជន ជាពិសេសនៅក្នុងបណ្ដាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់។ នៅក្នុងប្រទេសទាំងនោះ រដ្ឋាភិបាលគ្មានថវិកាសម្រាប់នាំចូលស្បៀងអាហារឱ្យបានគ្រប់គ្រាន់នោះទេ។ ទីពីរ៖ បញ្ហាអាកាសធាតុ ក្តៅពេក ស្ងួតពេក និងភ្លៀងពេកនាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះជាឆ្នាំទីពីរជាប់គ្នាៗហើយដែលឥណ្ឌាបានដាក់កម្រិតការនាំចេញអង្ករ។ ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។ ទីបី៖ ការទប់ស្កាត់ការនាំចេញស្បៀងអាហារកើនឡើងនៅតំបន់អាស៊ី យោងតាមសារព័ត៌មានសិង្ហបុរី CNA ការរឹតត្បិតការនាំចេញអង្ករ និងការអនុវត្តនយោបាយកំណត់តម្លៃអង្ករ កំពុងបង្កជាហានិភ័យដល់វិបត្តិស្បៀងអាហារសម្រាប់តំបន់អាស៊ី។ កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ឥណ្ឌាបានរឹតត្បិតការនាំចេញអង្ករ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក។ កត្តានេះបានបង្កឱ្យមានភ័យស្លន់ស្លោយ៉ាងខ្លាំងនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះបើតាមសារព័ត៌មាន Al Jazeera។អង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌាមានចំណែក៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដោយមានប្រទេសសំខាន់ផ្សេងទៀតគឺថៃ វៀតណាម ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសវានឹងប៉ះពាល់ដល់ប្រទេសក្រីក្រដែលស្វែងរកទិញអង្ករបន្ថែមទៀត ដោយខ្លាចថាមានវិបត្តិការផ្គត់ផ្គង់ស្បៀងអាហារ។ក៏ប៉ុន្តែ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលដាក់ចេញវិធានការទប់ស្កាត់ការនាំចេញនោះទេ។ សរុបមក ប្រទេសចំនួន២០បានដាក់កំហិតលើការនាំចេញទំនិញស្បៀងអាហារសំខាន់ៗរបស់ពួកគេ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ធនាគារពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។យោងតាមរបាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក វាជារឿងបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហានៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ៕
9/25/2023 • 6 minutes, 4 seconds តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?
អស់រយៈពេលរាប់ទសវត្សរ៍ វៀតណាមដែលជាប្រទេសមានអំណាចមធ្យម តែងតែព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចិន និងសហរដ្ឋអាមេរិក ដោយមាននយោបាយអាទិភាពមួយ "ចិនទីមួយ អាមេរិកបន្ទាប់"។ ក៏ប៉ុន្តែ នៅពេលដែលការប្រជែងគ្នារវាងចិន និងអាមេរិកកាន់តែកើនឡើង ស្ថានភាពហាក់បង្ខំឱ្យវៀតណាមត្រូវខ្វល់ខ្វាយពិចារណាកាន់តែខ្លាំងលើនយោបាយការបរទេសរបស់ខ្លួន។ តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន? ថ្មីៗនេះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានមើលរំលងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែបែរជាបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមនៅថ្ងៃទី១០ ខែកញ្ញាទៅវិញ។ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន The Economist លោក Joe Biden គឺជាប្រធានាធិបតីអាមេរិកទីប្រាំដែលបានធ្វើដំណើរទៅកាន់ប្រទេសវៀណាម ហើយការធ្វើដំណើរលើកនេះពិតជាមានសារៈសំខាន់បំផុតចាប់តាំងពីជំនាន់លោកស្រី Bill Clinton ក្នុងឆ្នាំ២០០០។តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?ការប្រជែងគ្នារវាងអាមេរិក និងចិនបានក្លាយជាប្រធានបទយ៉ាងសំខាន់ សម្រាប់នយោបាយការបរទេសវៀតណាម។ នេះបើយោងតាមលោក Nguyen Cong Tung សាស្រ្ដាចារ្យនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ ដែលបានចុះផ្សាយអត្ថបទវិភាគមួយនៅគេហទំព័រសកលវិទ្យាល័យជាតិសិង្ហបុរី។នៅក្នុងបញ្ហាប្រជែងដណ្តើមឥទ្ធិពលគ្នានេះ វៀតណាមគឺជាតួអង្គសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាពេលកន្លងមក វៀតណាមបានគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនបានយ៉ាងល្អជាមួយអាមេរិក និងចិន ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក៏ដោយ។គោលនយោបាយការពារជាតិ “ទេបួន”នៅក្នុងនយោបាយវៀតណាម រដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយយូរយាលរបស់ខ្លួនក្នុងការមិនមានសម្ព័ន្ធភាពយោធា ប៉ុន្តែអាចមានភាពបត់បែន និងអនុវត្តន៍ទៅតាមភាពជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្រការទូតរបស់ខ្លួន។ គោលនយោបាយការពារជាតិ “ទេបួន - four-nos” នេះ ត្រូវបានគូសបញ្ជាក់នៅក្នុងសៀវភៅសស្ដីពីការពារជាតិវៀតណាមឆ្នាំ២០១៩។ នយោបាយ “ទេបួន” រួមបញ្ចូល “ទេចំពោះសម្ព័ន្ធភាពយោធា” “ទេចំពោះការចងភាគីជាមួយប្រទេសមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀត” “ទេចំពោះមូលដ្ឋានយោធាបរទេស” និង “ទេចំពោះការប្រើកម្លាំង ឬការគំរាមកំហែងប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិនោះទេ”។ទោះជាយ៉ាងណា នយោបាយនេះបានប្រែប្រួលបន្តិចម្តងៗ។ ចាប់តាំងពីឆ្នាំ២០២១មក មេដឹកនាំវៀតណាម រួមទាំងនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាប់ផ្តើមនិយាយថា វៀតណាម "ជ្រើសរើសអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌ និងមិនប្រកាន់ភាគីណាទេ"។ នៅក្នុងឃ្លានេះ ពាក្យគន្លឹះដូចជា “ត្រឹមត្រូវ និងយុត្តិធម៌” (lẽ phải, công lý) គឺមានន័យថា វៀតណាមអាចបត់បែនបាន ហើយក៏អាចមានការបកស្រាយច្រើនផងដែរលើអត្ថន័យរបស់វា។ នេះជាសញ្ញាដល់រដ្ឋាភិបាលចិន និងអាមេរិកថា វៀតណាមអាចប្រកាន់ខ្ជាប់នូវគោលនយោបាយ “ទេបួន” ក៏ប៉ុន្តែវៀតណាមក៏នៅតែបើកចំហចំពោះលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយមហាអំណាចខាងក្រៅផ្សេងទៀត ប្រសិនបើ “សិទ្ធិ យុត្តិធម៌ និងផលប្រយោជន៍ជាតិ” របស់វៀតណាមត្រូវបានបំពានដោយភាគីម្ខាងទៀត។ប្រវតិ្តសាស្រ្តបង្រៀនវៀតណាមថា វាជារឿងប្រថុយណាស់ក្នុងការពឹងផ្អែកលើមហាអំណាចមួយប្រឆាំងនឹងប្រទេសមួយទៀត ព្រោះវៀតណាមតែងតែខាតបង់ខ្លាំង នៅពេលណាដែលមហាអំណាចទាំងនោះត្រូវគ្នាវិញ។"ចិនទីមួយ អាមេរិកបន្ទាប់"ទីតាំងភូមិសាស្ត្រគឺជាផ្នែកមួយដ៏ចម្បងបំផុត នៅក្នុងនយោបាយការបរទេសរបស់វៀតណាម។ ប្រទេសវៀតណាមស្ថិតនៅជាប់នឹងប្រទេសចិនដែលបានធ្វើអាណានិគមលើខ្លួន អស់រយៈពេលជាង ១០០០ឆ្នាំ។ កត្តានេះធ្វើឱ្យវៀតណាមដឹងច្បាស់ណាស់ ក្នុងការពិចារណាលើប្រតិកម្ម និងផលប្រយោជន៍របស់ចិន មុនពេលដែលវៀតណាមសម្រេចចិត្តត្រូវសហការជាមួយសហរដ្ឋអាមេរិក ឬមហាអំណាចខាងក្រៅផ្សេងទៀត។ ជាឧទាហរណ៍ វៀតណាមមានការស្ទាក់ស្ទើរក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកដល់កម្រិតយុទ្ធសាស្ត្របន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដោយសារតែមានការព្រួយបារម្ភថា ទង្វើបែបអាចជាសញ្ញានៃការប្រឆាំងចិន។ប្រវត្តិសាស្ត្របង្រៀនវៀតណាមម្ដងទៀត នោះគឺ "ចិនទីមួយ អាមេរិកបន្ទាប់"។ នេះប្រហែលជាមូលហេតុដែលមេដឹកនាំវៀតណាមជាច្រើន បានព្យាយាមបង្ហាញថាប្រទេសចិនគឺជារឿង “អាទិភាពកំពូល” នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ទង្វើសំខាន់ជាងវាចា។ ជាឧទាហរណ៍ ពីមុនវៀតណាមបង្កើនទំនាក់ទំនងជាមួយអាមេរិក ក្នុង “ភាពជាដៃគូយុទ្ធសាស្ត្រ strategic partnership” មេដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ អគ្គលេខាធិកា Nguyen Phu Trong បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែតុលា ឆ្នាំ២០២២ ហើយសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Truong Thi Mai បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ឆ្នាំ២០២៣។អស់រយៈពេលរាប់ទសវត្សរ៍ យុទ្ធសាស្រ្តការទូតរបស់វៀតណាមក្នុងការរក្សាតុលភាពរវាងសហរដ្ឋអាមេរិក និងចិន ហាក់មានប្រសិទ្ធភាព ក៏ប៉ុន្តែវាហាក់លឿនពេកក្នុងការវាយតម្លៃថាតើវិធីសាស្រ្តនេះគឺត្រឹមត្រូវ ហើយបន្ដឋិតថេរទៅមុខតទៀត ព្រោះថាវាក៏អាស្រ័យលើថាតើការប្រជែងគ្នារវាងអាមេរិក និងចិននឹងទៅដល់កម្រិតណា។ សម្រាប់មេដឹកនាំជាន់ខ្ពស់វៀតណាម ពួកគេតែងតែចង់មើលឃើញថា សហរដ្ឋអាមេរិក និងចិននឹងមាននយោបាយល្អមួយ សម្រាប់គ្រប់គ្រងប្រទេសអំណាចមធ្យមដូចជាវៀតណាមដែលចង់មានផ្លូវឯករាជ្យរបស់ខ្លួន៕
9/18/2023 • 5 minutes, 3 seconds ខួប១ឆ្នាំ៖ ការស្លាប់ នាង អាមីនី បានប្តូរផ្នត់គំនិតសង្គមអ៊ីរ៉ង់
១ឆ្នាំក្រោយការស្លាប់នាង អាមីនី និង បាតុកម្មពេញ១ឆ្នាំដែរ ទោះបីគ្មានផ្លាស់ប្តូររបបដឹកនាំនយោបាយក្តី និងមិនទាន់មានកំណែទម្រង់ធំដុំអ្វីឡើយក្នុងជួររដ្ឋាភិបាលក្តី ប៉ុន្តែ ទិដ្ឋភាពក្នុងសង្គម មានរបត់ផ្លាស់ប្តូរយ៉ាងខ្លាំង។ ពាក្យស្លោកតែបីពាក្យយ៉ាងខ្លីដ៏ល្បីល្បាញ គឺ «ស្រី ជីវិត និងសេរីភាព» ត្រូវផ្សព្វផ្សាយច្រើនទៅៗ ហើយនារីអ៊ីរ៉ង់ក៏ច្រើនឡើងៗ បដិសេធទម្លាប់ចាស់ ហ៊ានងើបឈរប្រឆាំង និងហ៊ានបោះចោលកំណាត់ទទូលក្បាល។ ថ្ងៃទី១៦កញ្ញា ឆ្នាំ២០២២ នាង មាហ្សា អាមីនី Mahsa (Jina) Amini ជាតិអ៊ីរ៉ង់ ដើមកំណើតគួដ ត្រូវប៉ូសិលចាប់ឃាត់ខ្លួន ព្រោះតែមិនបានពាក់កំណាត់ទទូលក្បាល ឲ្យត្រឹមត្រូវ ហើយនាងត្រូវស្លាប់បាត់បង់ជីវិត។ មរណភាពយុវតី ២២ ឆ្នាំរូបនេះ បានធ្វើឲ្យផ្ទុះបាតុកម្មពេញផ្ទៃប្រទេស ស្ទើរតែពេញ ១ ឆ្នាំមកហើយ។រដ្ឋអំណាចអ៊ីរ៉ង់ គំរាមកំហែង និង ធ្វើទុក្ខបុកម្នេញជាញឹកញយ ទៅលើគ្រួសារនាង។ នៅថ្ងៃខួបស្លាប់កូនស្រី ១ឆ្នាំ ឪពុកនាង អាមីនី ត្រូវនគរបាលអ៊ីរ៉ង់ ហៅទៅសាកសួរនៅប៉ូស្តិ៍ប៉ូលិស និងត្រូវហាមឃាត់ក្រុមគ្រួសារមិនឲ្យរៀបចំធ្វើពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ ទោះបីជា បុណ្យតាមប្រពៃណី ឬបុណ្យបែបសាសនា ក៏ដោយក្តី ក៏ត្រូវហាមដែរ។បាតុកម្មពេញផ្ទៃប្រទេស រងការបង្ក្រាប ស្លាប់មនុស្ស ជាង ៥០០ នាក់ ចាប់ខ្លួនរាប់ពាន់នាក់ រយៈពេលមួយឆ្នាំ នារីអ៊ីរ៉ង់ ចេញមុខច្រើនឡើងៗ រិះគន់រដ្ឋអំណាច និងថ្កោលទោសថ្នាក់ដឹកនាំប្រទេស ជាចំហ។ ស្រីៗ បដិសេធ មិនពាក់ក្រណាត់ទទូលក្បាល និងថែមទាំង នាំគ្នាកាត់សក់ បង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងទីសាធារណៈ ជាការសម្តែងមតិប្រឆាំងនឹងកម្លាំងរដ្ឋអំណាច។ ចលនាបាតុកម្មផុសផុលពេញផ្ទៃប្រទេស។កម្លាំងគនរបាលឆ្មាំបដិវត្តិអ៊ីរ៉ង់ ក៏បានប្រើកម្លាំងបាយ បង្ក្រាបបាតុករ និងបានបណ្តាលឲ្យ ស្លាប់មនុស្សយ៉ាងតិច ៥៥០ នាក់។ ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិត ក៏មានក្មេងៗ ប្រមាណ៧០នាក់ ស្រីៗ ជិត ៥០ នាក់ដែរ។ នេះបើយោងតាម អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ IHR។ ក្រៅពីស្លាប់ គឺត្រូវចាប់ខ្លួន។ បាតុករ ប្រុសស្រី ប្រមាណ ២ម៉ឺន ២ពាន់នាក់ ត្រូវប៉ូលិសរដ្ឋអំណាច អ៊ីរ៉ង់ចាប់ខ្លួនឃុំខ្លួន។ អង្គការការពារសិទ្ធមនុស្ស Amnesty International បានបញ្ជាក់ថា បាតុករប្រុសៗ ៧ នាក់ ត្រូវកាត់ទោសប្រហារជីវិត។ចំណែក អ្នកកាសែត ដែលតាមស៊ើបអង្គេតករណីឃាតកម្មលើយុវតី អាមីនី ក៏ត្រូវនគរបាលអ៊ីរ៉ង់ចាប់ឃុំខ្លួន។ សូម្បីតែ មេធាវី ការពារក្តីឲ្យគ្រួសារនាង អាមីនី ក៏ត្រូវរងបណ្តឹងពីការឃោសនាប្រឆាំងរដ្ឋាភិបាល និងអាចប្រឈមមុខជាប់ពន្ធនាគារ យ៉ាងហោច ៣ ឆ្នាំ។ប្រទេសលោកខាងលិច ផុសផលគាំទ្របាតុករ តែរដ្ឋអំណាចអ៊ីរង់ចាត់ទុកជាសត្រូវខួប១ឆ្នាំ បាតុកម្មនិងការសម្តែងមតិផ្សេងៗ ត្រូវរៀបចំធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ ហើយនៅបរទេស។ បាតុកម្មគាំទ្របាតុករ មាននៅប្រទេសកាណាដា អាមេរិក អូស្ត្រាលី អង់គ្លេស និងបណ្តាលប្រទេសជាច្រើនក្នុងរង្វង់សហភាពអឺរ៉ុប ដែលប្រទេសទាំងនោះ សុទ្ធតែបានចូលរួមចំណែកដាក់ទណ្ឌកម្មលើពួកថ្នាក់ដឹកនាំអ៊ីរ៉ង់។ ហើយពេលនេះ បាតុករក៏នៅតែស្នើឲ្យដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរដ្ឋាភិបាលអ៊ីរ៉ង់។នៅក្នុងឱកាសខួប១ឆ្នាំនេះ ក្រៅពីមិនទៅយកចិត្តគ្រួសារជនរងគ្រោះ ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raïssi បែរជាជ្រើសរើសទៅគោរពវិញ្ញាណក្ខន្ធ ខាងគ្រួសារប៉ូលិស ដែលធ្លាក់ខ្លួនស្លាប់ ក្នុងហេតុការណ៍បង្ក្រាបបាតុករ។ ប្រមុខរដ្ឋអ៊ីរ៉ង់ថែមទាំងថ្លែងចំហកទៀតថា «គម្រោងការចង់ផ្តួលរំលំរដ្ឋាភិបាល ពីសំណាក់សត្រូវ គឺត្រូវបរាជ័យ»។ «ពួកសត្រូវអ៊ីរ៉ង់ ដែលបានផ្សំគំនិត បញ្ឆេះកម្លាំងបាតុករ មានចេតនាបង្កអស្ថិរភាពក្នុងប្រទេស តែទីបំផុត ត្រូវធ្លាក់ខ្លួន អស់សង្ឃឹម និងបរាជ័យធ្លាក់ទឹក។»បង្កើនសាមគ្គីភាពជាមួយស្ត្រីអ៊ីរ៉ង់ការផុសផុលបាតុកម្ម មិនមែនតែស្រីៗទេ គឺ ប្រុសៗដែរ ដេលចូលរួមចលនាបាតុកម្ម ហើយនិងចូលរួមជ្រោមជ្រែងកម្លាំងស្រ្តី។ មួយវិញទៀត ក្រុមអ្នកសិល្បៈ អ្នកចេះដឹង មនុស្សជាច្រើនស្រទាប់វណ្ណៈសង្គម បានផ្តុំគ្នានៅលើគំនិត១ថា «ស្រីត្រូវមានជីវិតរស់នៅក្នុងសេរីភាព»។ ដូច្នេះហើយ ម្នាក់ៗប្រឹងសម្តែងមតិ តស៊ូតាមគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបាន។ ជាក់ស្តែង វិចិត្រករខ្លះ គាំទ្រខាងបាតុករ បានបញ្ចេញគំនូរដែលបង្កប់ន័យប្រឆាំងរដ្ឋអំណាច ហើយចំណែក ផលិតករភាពយន្ត និងអ្នកដឹកនាំរឿង ក៏ផលិតធ្វើកុន ដែលមិនតម្រូវឲ្យ នារីៗ តួសម្តែង ពាក់ក្រណាត់ទទូលក្បាល ទេ។ ករណីនេះ ក៏មានប៉ូលិសអ៊ីរ៉ង់ បានទៅរំខានដល់កន្លែងកំពុងថតក៏មាន។នៅអ៊ីរ៉ង់ អ្នកកាសែតបរទេស កត់សម្គាល់ថា បាតុកម្ម១ឆ្នាំមកនេះ នារីក្មេងៗ ជំទង់ៗ ហាក់កែប្រែផ្នត់គំនិត និងផ្លាស់ប្តូរទម្លាប់ ជាច្រើន។ ពួកស្រីៗកាន់តែច្រើនៗឡើង បាន ហ៊ានផ្គើននឹងវិធានការរដ្ឋអំណាច។ នៅកន្លែងធ្វើការក្រុមហ៊ុនខ្លះ នារីៗ ហ៊ានដល់ស្លៀកខោខៅប៊យ ពាក់អាវយឺត និងមិនពាក់ក្រណាត់ទទូលក្បាលទេ។ ក្រុមហ៊ុនដែលករណីបែបនេះ ត្រូវរងការព្រមានពីសមត្ថកិច្ច ហើយ ហាងកាហ្វេ មួយចំនួន នៅអ៊ីរ៉ង់ ត្រូវប៉ូលិស បង្ខំឲ្យបិទទ្វារ ព្រោះតែបានទទួលភ្ញៀវស្រីៗដែលមិនពាក់ក្រណាត់ទទូលក្បាល។នៅថ្ងៃទី១៦កញ្ញា ខួប១ឆ្នាំ ដែលនាង អាមីនី ស្លាប់ យុវបុរសម្នាក់ ត្រូវនគរបាលបាញ់ស្លាប់ ។ បុរសនេះ គឺត្រូវគេដឹងថា បានអំពាវនាវឲ្យគេឯងឲ្យតស៊ូបាតុកម្មតទៅ ៕
9/17/2023 • 5 minutes, 1 second ហេតុអ្វីការរឹតត្បិតការនាំចេញអង្ករនៅឥណ្ឌា ធ្វើឱ្យតម ្លៃស្បៀងអាហារកើនឡើង ទូទាំងពិភពលោក?
ថ្មីៗនេះ ឥណ្ឌាគឺជាប្រទេសធំមួយដែលបានដាក់កម្រិតលើការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ រឿងនេះបានរុញច្រានឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង។ មើលឱ្យស៊ីជម្រៅ កត្តាផ្សេងៗ រួមបញ្ចូល លក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង ការរឹតត្បិតការនាំចេញស្បៀងអាហារពីប្រទេសផ្សេងៗ និងវិបត្តិភូមិសាស្ត្រនយោបាយ សុទ្ធតែបានធ្វើឲ្យសន្តិសុខស្បៀងអាហាររបស់ពិភពលោកមានហានិភ័យកាន់តែខ្លាំង។ ការរឹតត្បិតការនាំចេញអង្ករកាលពីចុងខែកក្កដា ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក បានបង្កឱ្យមានភ័យស្លន់ស្លោនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះបើតាមសារព័ត៌មាន Al Jazeera។ពីរដ្ឋាភិបាលឥណ្ឌា ប្រទេសឥណ្ឌាត្រូវបង្ខំចិត្តធ្វើបែបនេះ ដោយសារតែសេណារីយ៉ូមិនល្អនៃបញ្ហាភូមិសាស្ត្រនយោបាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសខ្លួន ដើម្បីផលិតអង្ករ។ ស្ថិតិបង្ហាញថា ការហាមឃាត់ការនាំចេញអង្ករថ្មីៗនេះទំនងប៉ះពាល់ដល់មួយភាគបួននៃការនាំចេញអង្កររបស់ប្រទេសនេះ។យ៉ាងណាក៏ដោយ មើលជារួម ការប្រែប្រួលអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការទទួលបានទិន្នផលទាបពីការផលិតស្បៀង កំពុងធ្វើឱ្យតម្លៃស្បៀងអាហារសកលកើនឡើង និងការរំពឹងទុកនៃភាពអត់ឃ្លានក៏កើនឡើងផងដែរ។ក្តៅពេក ស្ងួតពេក និងភ្លៀងពេកនាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះជាឆ្នាំទីពីរជាប់គ្នាៗហើយដែលឥណ្ឌាបានដាក់កម្រិតការនាំចេញអង្ករ។ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។ការទប់ស្កាត់ការនាំចេញកើនឡើងអង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌាមានចំណែក៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដោយមានប្រទេសសំខាន់ផ្សេងទៀតគឺថៃ វៀតណាម ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសវានឹងប៉ះពាល់ដល់ប្រទេសក្រីក្រដែលស្វែងរកទិញអង្ករបន្ថែមទៀត ដោយខ្លាចថាមានវិបត្តិការផ្គត់ផ្គង់ស្បៀងអាហារ។នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ឥណ្ឌាបានព្យាយាមរឹតត្បិតការនាំចេញអង្ករចេញពីឥណ្ឌា តាមរយៈការតំឡើងពន្ធគយ។ ប៉ុន្តែយុទ្ធសាស្ត្រនេះបរាជ័យ ព្រោះថា ទោះបីជាមានការតំឡើងពន្ធក៏ដោយ ក៏ការនាំចេញអង្ករពីប្រទេសឥណ្ឌាបានកើនឡើង ២៥ភាគរយនៅចន្លោះខែកញ្ញា និងខែមីនា បើធៀបនឹងឆ្នាំមុន។ ជាលទ្ធផល ដោយសារឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករមួយចំនួន នោះតម្លៃអង្ករពិភពលោកបានកើនឡើងបន្ថែមទៀត។ តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែកក្កដា ឆ្នាំ២០២៣។ វាជាកម្រិតខ្ពស់មិនធ្លាប់មានរាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១ នេះបើយោងតាមអង្គការ FAO។លោក Joseph Glauber អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិបានប្រាប់សារព័ត៌មាន Al Jazeera ថា "តម្លៃអង្ករសថៃដែលជាទូទៅគេប្រើប្រាស់ជាតម្លៃគោលសម្រាប់អង្ករផ្សេងៗ បានកើនឡើងប្រហែល ១៤ភាគរយចាប់តាំងពីការប្រកាសរឹតត្បិតការនាំចេញរបស់ឥណ្ឌា។"ក៏ប៉ុន្តែ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលដាក់ចេញវិធានការទប់ស្កាត់ការនាំចេញនោះទេ។ សរុបមក ប្រទេសចំនួន២០បានដាក់កំហិតលើការនាំចេញទំនិញស្បៀងអាហារសំខាន់ៗរបស់ពួកគេ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ធនាគារពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ភាពអត់ឃ្លានកើនឡើងប្រហែល ៩.២ភាគរយនៃចំនួនប្រជាជនពិភពលោក ចន្លោះពី៦៩១លាននាក់ទៅ ៧៨៣លាននាក់បានប្រឈមនឹងភាពអត់ឃ្លានក្នុងឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍របស់អង្គការ FAO។ ដូច្នេះ គេអាចរំពឹងថា ការរឹតត្បិតការនាំចេញស្បៀងអាហារសកលកាន់តែច្រើន និងការកើនឡើងតម្លៃស្បៀងអាហារនឹងនាំឱ្យមានភាពអត់ឃ្លានពិភពលោកកាន់តែខ្ពស់៕
9/4/2023 • 5 minutes, 2 seconds ទីផ្សារអចលនទ្រព្យនៅវៀតណាមបន្ដប្រឈមវិបត្តិលំហូរស ាច់ប្រាក់ និងបំណុល?
ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្ដិលំហូរសាច់ប្រាក់។ វិបត្តិនេះកំពុងបង្កបញ្ហាយ៉ាងច្រើនដល់ក្រុមហ៊ុនអភិវឌ្ឍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ អតិថិជន និងធនាគារ ហើយនិងសេដ្ឋកិច្ចជាតិទាំងមូល។ នៅក្នុងប្រទេសវៀតណាម ចំនួនក្រុមហ៊ុនអចលនទ្រព្យថ្មីបានធ្លាក់ចុះប្រមាណ៦១ភាគរយធៀបនឹងឆ្នាំមុន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ស្របពេលដែលក្រុមហ៊ុនជាង៥៥០ត្រូវប្រកាសក្ស័យធន។ នេះបើយោងតាមសារព័ត៌មានវៀតណាម The Vietnam News newspaper។ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលកំពុងប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ បានផ្អាកគម្រោងរាប់ពាន់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម សមាគមអចលនទ្រព្យជាតិវៀតណាម។ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានប្រាប់រដ្ឋសភាវៀតណាម នាពេលកន្លងមកថា វិស័យអចលនទ្រព្យបានជះឥទ្ធិពលអវិជ្ជមានដល់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចក្នុងវិស័យផ្សេងៗទៀតផងដែរ។សមាគមអចលនទ្រព្យវៀតណាមបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីៗថា "បញ្ហានៅក្នុងវិស័យនេះនៅតែមិនអាចដោះស្រាយបាននៅឡើយ ហើយវាធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍត្រូវប្រឈមបញ្ហា ជាពិសេសវិបត្តិលំហូរសាច់ប្រាក់ និងបញ្ហាមិនអាចទទួលបានប្រភពលុយបន្ថែម។ ប្រសិនបើក្រុមហ៊ុនទាំងនោះត្រូវលង់ក្នុងភាពលំបាកយូរជាងនេះ ការក្ស័យធនដ៏ធំនឹងជៀសមិនរួចទេ។"នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្តិលំហូរសាច់ប្រាក់ ហើយវាបានធ្វើឱ្យទាំងធនាគារ និងអ្នកទិញផ្ទះស្ទាក់ស្ទើរក្នុងការផ្ដល់កម្ចីបន្ថែម ហើយប្រជាជនរារែកពន្យារពេលបង់ប្រាក់ និងមិនហ៊ានវិនិយោគលើវិស័យនេះទេ។យោងតាមសារព័ត៌មាន The Financial Times នាពេលកន្លងមក រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការរឹតត្បិតលទ្ធភាពទទួលបានកម្ចី និងបានចាប់ខ្លួនមហាសេដ្ឋីអចលនទ្រព្យដោយចោទប្រកាន់លើបទក្លែងបន្លំ។ ក្នុងនោះ រដ្ឋាភិបាលវៀតណាមបានចាប់ខ្លួនឧកញ៉ា Truong My Lan កាលពីឆ្នាំមុន ដែលជាប្រធានក្រុមហ៊ុន Van Thinh Phat Holdings ហើយបានជំរុញឱ្យធនាគារ Saigon Commercial Bank និងធនាគារកណ្តាលវៀតណាមធ្វើអន្តរាគមន៍ដើម្បីធានាដល់អ្នកដាក់ប្រាក់បញ្ញើ។នៅក្នុងទីផ្សារតំបន់ គេអាចសង្កេតឃើញវិបត្តិស្រដៀងគ្នានេះនៅក្នុងប្រទេសចិន ដែលក្រុមហ៊ុនអចលនទ្រព្យត្រូវប្រឈមនឹងវិបត្តិខ្វះសាច់ប្រាក់ អស់រយៈពេលជាង២ឆ្នាំមកហើយ ក្រោយអាជ្ញាធរចិនបានផ្លាស់ប្តូរនយោបាយកំណត់ទំហំកម្ចី។ នាពេលថ្មីៗ ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុតលើពិភពលោក បានដាក់ពាក្យការពារក្ស័យធននៅសហរដ្ឋអាមេរិកក្នុងខែនេះ។នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនអភិវឌ្ឍបានពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងគំហុក និងលឿនខ្លាំង ពីមុនវិបត្តិជំងឺកូវីដ១៩ ដោយទទួលបានប្រភពលុយយ៉ាងច្រើនពីធនាគារក្នុងស្រុក និងទីផ្សារមូលបត្របំណុល ក៏ដូចជាការបង់រំលោះរបស់ប្រជាជនទូទៅ។ក៏ប៉ុន្តែ ក្រោយមក នៅពេលប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ ក្រុមហ៊ុនអភិវឌ្ឍធំៗ និងក្រុមអភិវឌ្ឍតូចៗរាប់រយត្រូវបង្ខំចិត្ដប្រកាសឱ្យក្ស័យធន ហើយគម្រោងរាប់ពាន់ត្រូវបានផ្អាក។វិបត្តិនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្រោយវិបត្តិជំងឺកូវីដ១៩។ វៀតណាមគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់អាស៊ី កាលពីឆ្នាំមុន ប៉ុន្តែធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាម នៅក្នុងខែនេះ មកនៅត្រឹម ៤,៧ ភាគរយនៅឆ្នាំនេះ ធៀបកំណើន ៨ភាគរយកាលពីឆ្នាំមុន ដោយលើកឡើងពីការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះខ្សោយ។ផ្អែកតាមនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដោយសារវិស័យអចលនទ្រព្យរួមចំណែកប្រហែល ១៥ភាគរយនៃសេដ្ឋកិច្ចជាតិ នោះវិបត្តិនៅក្នុងវិស័យនេះពិតជាបានជំរុញឱ្យកំណើនសេដ្ឋកិច្ចវៀតណាមធ្លាក់ចុះមកត្រឹម ៣,៣២ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ៕
8/28/2023 • 4 minutes, 8 seconds រុស្ស៊ី បង្ហោះ ស្ថានីយអវកាសជាថ្មី ទៅកាន់ឋានព្រះចន្ទ លើកនេះ ដើម្បីស្វែងរកទឹកនៅទីនោះ ក្នុង
ចន្លោះពីថ្ងៃទី ២១ ដល់ ២៤ សីហាខាងមុខ ស្ថានីយអវកាស Luna-25 ដែលរុស្ស៊ី បាន បង្ហោះចេញទៅ កាលពីថ្ងៃ ១១ សីហា ត្រូវទៅចុះចតជាលើកទី ១ នៅឯ ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ។ ក្នុងពេលជាមួយគ្នា ទាំងស្ថានីយអវកាសឥណ្ឌា Chandrayan—3 ដែលកំពុងហោះសំដៅទៅកាន់លោកខែ ក្នុងថ្ងៃទី ២៣-២៤ សីហា ក៏ត្រូវទៅចុះចត នៅឯប៉ូលនោះដែរ។ កម្មវិធីសិក្សាស្រាវជ្រាវអំពីព្រះចន្ទ ដែលជា ផ្កាយរណបធម្មជាតិ របស់ផែនដីយើង ក៏ស្ថិតនៅក្នុងផែនការ ស.រ.អា., ចិន ។ គោលដៅចម្បង នៃ ការ ចុះចតរបស់ស្ថានីយរុស្ស៊ី នៅឯប៉ូលខាងត្បូងឋានព្រះចន្ទ គឺ ប្រាថ្នារកឃើញនៅទីនោះ ធាតុទឹក ដែល ជា ទុនបម្រុង សម្រាប់ ក្នុងអនាគត ក្រុមអវកាសយានិក អាចហោះចេញពី ឋាននេះ ទៅកាន់ ភពផ្សេងទៀត នៃចក្រវាឡ ។ រុស្ស៊ីធ្វើការបង្ហោះជាថ្មី ទៅកាន់ឋានព្រះចន្ទ គឺ រំលង ជិតកន្លះសតវត្សរ៍មកហើយ និយាយឲ្យចំ លើកចុងក្រោយ គឺ កាលក្នុងឆ្នាំ ១៩៧៦ ។ លើកមុនៗ ស្ថានីយអវកាសរុស្ស៊ី តែងបានទៅចុះចត គឺនៅត្រង់ ម្តុំ អេក្វាទ័រ នៃ ផ្កាយរណបធម្មជាតិនេះ របស់ ផែនដី ។ លោកខែនេះ ស្ថិតនៅចម្ងាយគិតជាមធ្យម គឺ ៣ សែន ៨ ម៉ឺន ៤.៤០០ គម ពីផែនដី។ សម្រាប់ពួកអ្នកប្រាជ្ញរុស្ស៊ី លើកនេះ កន្លែងនៃឋានព្រះចន្ទ ដែល ស្ថានីយខ្លួន ត្រូវទៅចុះចត គឺ មកទល់ឥឡូវ គ្មានស្ថានីយប្រទេសណាមួយ ធ្លាប់បានទៅកាន់ឡើយ ពោលគឺ នៅត្រង់ប៉ូល របស់វា។ តំបន់ដែល ស្ថានីយរុស្ស៊ី Luna-25 ត្រូវទៅចុះចតដោយសន្សឹមៗ មានសញ្ញា ដែល បង្ហាញពីវត្តមាននៅទីនោះ ជាដុំទឹកកក - នេះ បើយោងទៅលើទិន្នន័យទទួលបានពី តារាវិថី ។ ចំណែកនៅ តំបន់ អេក្វាទ័រ គឺគ្មានសោះឡើយសញ្ញាបែបនេះ។តំបន់ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ជាតំបន់អនុគ្រោះ ៖ ម្យ៉ាងដោយ នៅទីនោះ មានកូនអណ្តូងជ្រៅៗ ងងិត មិនដែលត្រូវពន្លឺថ្ងៃសោះឡើយ ហើយ ដក់ជាប់ដោយ ដុំទឹកកក និង ម្យ៉ាងទៀត ក៏ជាកន្លែងដែលរ មែងចាំង ជានិច្ច ដោយព្រះអាទិត្យ បានន័យថា នៅទីនោះ គេអាចដំឡើងថ្មពិលសម្រាប់ស្រូបយកកំដៅថ្ងៃ - សេចក្តី នេះ ពន្យល់ដោយ នាយកប្រតិបត្តិខាងកម្មវិធីប្រកបដោយទស្សនវិស័យនិងវិទ្យាសាស្ត្រនៃ ទីភ្នាក់ ងារ អវកាសរុស្ស៊ី Roscosmos លោក Alexandre Bloshenko ។ គាត់លំអិតថា ប៉ូលខាងត្បូងនៃ ឋានព្រះ ចន្ទ ប្រៀបបានជា “ទូទឹកកកធម្មជាតិ” ដែលរក្សាទុកជាស្រទាប់ៗ សន្សើម កកហើរមកពីគ្រប់ធាតុ ក្នុង អវកាស។លោក Bloshenko ទម្លាយឲ្យដឹងថា ស្ថានីយ Luna-5 នោះ មានទម្ងន់ ១ តោន ៨០០ គីឡូក្រាម ចំណែក ប្រដាប់ប្រដាវិទ្យាសាស្ត្ររបស់វា ទម្ងន់ ៣១ គីឡូក្រាម សុទ្ធតែផលិតដោយប្រទេសរុស្ស៊ីផ្ទាល់។បេសកកម្មដែលត្រូវបំពេញដោយស្ថានីយ គឺ ទី១- ភារកិច្ចវិទ្យាសាស្ត្រ ស្រាវជ្រាវបញ្ហាវិវឌ្ឍនៃនៃឋានព្រះចន្ទ និង ទី២ គឺ សិក្សាលទ្ធភាពប្រើឋានព្រះចន្ទ ទៅអនាគត។ភារកិច្ចមួយចម្បង តាមដែល Roscosmos ចង្អុលឲ្យឃើញគឺ ធ្វើយ៉ាងណាឲ្យយានចុះចត ដោយ សន្សឹមៗ នៅឯប៉ូលខាងត្បូងនោះ ដ្បិតវាជាបញ្ហាសែនសំខាន់។ យ៉ាងណាមិញ បទពិសាធន៍ ដ៏ជូរចត់ បង្ហាញទៅហើយ កាលពីខែមេសា ពេលដែល ម៉ូឌូលជប៉ុន Hakuto-R ផ្ទុកទៅដោយយានសម្រាប់ បើកបរ លើផ្ទៃដីលោកខែ របស់ អេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Rashid ស្រាប់តែបែកខ្ចាយ នៅពេលចុះចត លើឋាន នោះ។ ស្ថានីយរុស្ស៊ី Luna-5 នឹងធ្វើការស្រាវជ្រាវ អំពីផ្ទៃដីឋានព្រះចន្ទ បូកទាំងខួងដីនោះផង ដើម្បីស្វែងរកទឹក។ បើរកឃើញ គឺនឹងរំដោះក្រុមបេសកកម្មអវកាសនៅពេលអនាគតមិនចាំបាច់នាំយកទឹកពីផែនដីតទៅទៀត។ ទឹក រកឃើញ លើឋានព្រះចន្ទ អាចបម្រើជា វត្ថុធាតុដើមសម្រាប់ផលិតជា ឥន្ធនៈនៃកាំជ្រួចបង្ហោះ ចេញពីទី នោះ ទៅកាន់ភពផ្សេងទៀតនៃចក្រវាឡ។ តាមសំដី អ្នកប្រាជ្ញរុស្ស៊ី លោក Bloshenko ការនាំយក ទឹក មួយលីត្រ ពីផែនដីទៅ អាចតម្រូវឲ្យចំណាយ ចាប់ពី កន្លះលានដុល្លារឡើងទៅ ។ ចំណែក ក្រុម ហ៊ុនបរទេសមួយ ខាងផលិត យន្ដរ៉ូបូបច្ចេកទេស ក្នុងគ្រាឥឡូវ ស្នើទៅបណ្តាប្រទេសក្នុងលោក នូវ តម្លៃ ១ លាន ២ សែន ដុល្លារ សម្រាប់នាំយក ឥវ៉ាន់ ពីផែនដីទៅ ក្នុងទម្ងន់ ១ គីឡូក្រាម ទៅកាន់ឋាន ព្រះចន្ទ។ ។ក្នុង១០ឆ្នាំចំពោះមុខ រុស្ស៊ីគ្រោងបង្ហោះ ស្ថានីយអវកាស ៣ ទៀត ទៅកាន់ឋានព្រះចន្ទ ។ ការបង្ហោះ ស្ថានីយ Luna-26 គ្រោងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០២៧។ វាជាស្ថានីយ ហោះតាមតារាវិថីជុំវិញឋានព្រះចន្ទ ស្រាវជ្រាវឋានព្រះចន្ទពីចម្ងាយ ដែលក៏នឹងបញ្ជូនសញ្ញា ទៅឲ្យស្ថានីយលើកក្រោយ គឺ Luna-27 ដែល ស្មុគស្មាញជាងសម្រាប់ចុះចត លើឋាននោះដោយបំពាក់គ្រឿងប្រដាប់ខួងដីព្រះចន្ទខ្នាតធំ បន្ទាប់មកទៀត គឺ ស្ថានីយ Luna-28 ដែលនឹងបង្កើតជាព្រលានសម្រាប់ចុះចត និង ហោះចេញ ដោយនាំមកជាមួយ គឺ ដី ដែលជីកបានពីតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។ក្នុងដំណាក់បន្ទាប់មកទៀត គឺបញ្ជូនក្រុមអវកាសយានិក ទៅស្ថិតនៅលើឋានព្រះចន្ទ រយៈពេល ២ សប្តាហ៍ សម្រាប់សាងសង់ជា មូលដ្ឋានដើមដំបូង។ កម្មវិធីនេះ គ្រោងទុកសម្រាប់ឆ្នាំ ២០២៥-២០៣៥។ក្នុងដំណាក់ទី៣ ត្រូវបង្ហើយការសាងសង់មូលដ្ឋាននោះឲ្យបានពេញរូបពេញរាង គ្រោងទុកពីឆ្នាំំ ២០៣៦ ដល់ ២០៤០។ការស្តារឡើងវិញ កម្មវិធីសិក្សាស្រាវជ្រាវអំពីឋានព្រះចន្ទ ត្រូវបានប្រកាសដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងថ្ងៃទី ១២ មេសា ដែលនៅរុស្ស៊ីជាទិវាអវកាសវិទ្យា ដ្បិតក្នុងថ្ងៃនោះឯង កាលក្នុងឆ្នាំ ១៩៦១ គឺពលរដ្ឋរុស្ស៊ី Yuri Gagarin ដែលបានក្លាយជាមនុស្សទី១ របស់ផែនដី លុកបើកលំហអវកាស។កម្មវិធីសិក្សាស្រាវជ្រាវអំពីឋានព្រះចន្ទ ក៏ស្ថិតក្នុងផែនការប្រទេសឯទៀត បែបបយ៉ាង សរអា ចិន ឥណ្ឌា។សម្រាប់ សហរដ្ឋអាមេរិក កម្មវិធីនេះមានឈ្មោះថា Artemis ។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងបង្កើតជា ភូមិលើលោកខែរស់នៅជាអចិន្ត្រៃយ ដោយមនុស្ស ដើម្បីចាក់ជាគ្រឹះសម្រាប់ហោះចេញទៅ ភពអង្គារ។ក្នុងករណីចិននៅប៉ុន្មានឆ្នាំចុងក្រោយ មហិច្ឆតាចិនចំពោះអវកាស បានរីកធំធេង។ នៅចុងឆ្នាំ ២០២២ ចិនបាន បង្ហើយការសាងសង់ ស្ថានីយអវកាស Tiangun នៅលើលោកខែ។ ទៅទល់ឆ្នាំ ២០២៨ ប៉េកាំងគ្រោង សង់ នៅទីនោះជាមូលដ្ឋានដើរដោយ យន្ដរ៉ូបូ ហើយទៅទល់ឆ្នាំ ២០៣០ នឹងបញ្ជូនមនុស្ស ២ នាក់ ទៅធ្វើ ការស្រាវជ្រាវនៅទីនោះ។ ករណីឥណ្ឌា ស្ថានីយអវកាសឥណ្ឌា Chandrayan-3 ដែលឥណ្ឌាបានបង្ហោះចេញទៅ កាលពីថ្ងៃទី ៥ សីហា ត្រូវទៅចុះចតនៅលើឋានព្រះចន្ទ នៅថ្ងៃទី ២៣-២៤ សីហាខាងមុខ ៕
8/17/2023 • 6 minutes, 39 seconds ហេតុអ្វីយុវជនគ្មានការងារធ្វើកើនឡើងខ្លាំងក្នុងប្រទេសចិន?
យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិន ដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ បានកើនឡើងដល់ជាង ២១% កាលពីខែមិថុនា ឆ្នាំ២០២៣នេះ។ នេះជាតួលេខខ្ពស់ និងជាសញ្ញាមិនល្អទេសម្រាប់សេដ្ឋកិច្ចចិន។ ហេតុអ្វីយុវជនគ្មានការងារធ្វើបានកើនឡើង? ហើយអ្វីជាដំណោះស្រាយនយោបាយរបស់រដ្ឋាភិបាលចិន? យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ទោះជាសេដ្ឋកិច្ចចិនបានងើបឡើងវិញចេញពីវិបត្តិជំងឺកូវីដ១៩។ តួលេខផ្លូវការបង្ហាញថា អត្រាអ្នកគ្មានការងាររបស់យុវជន នៅចន្លោះអាយុ១៦ឆ្នាំ ទៅ២៤ឆ្នាំនៅក្នុងតំបន់ទីក្រុងបានកើនឡើងដល់ ២១,៣% កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយនាពេលថ្មីៗរបស់សារព័ត៌មាន BBC។ ផ្អែកតាមអ្នកវិភាគ អត្រាអ្នកគ្មានការងារធ្វើក្នុងចំណោមយុវជនកើនឡើង ស្របពេលដែលសេដ្ឋកិច្ចចិនមានកំណើនត្រឹមតែ ០,៨%ប៉ុណ្ណោះក្នុងរយៈពេលបីខែដល់ចុងខែមិថុនា។ អត្រានេះជាអត្រាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ហើយវាមានកម្រិតទាបជាងការរំពឹងទុក។ ក៏ប៉ុន្តែ បើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (China's National Bureau of Statistics) ទិន្នន័យកំណើនសេដ្ឋកិច្ចនៅរយៈចុងក្រោយបានបង្ហាញពីសន្ទុះនៃការងើបឡើងវិញដ៏ល្អ។ លោកស្រី Qian Wang ប្រធានអ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនវិនិយោគ Vanguard បានប្រាប់សារព័ត៌មាន BBC ថា "ការខកចិត្តចំពោះកំណើនសេដ្ឋកិច្ចមិនខ្ពស់កើតមានឡើងនៅលើវិស័យលក់រាយ និងការវិនិយោគលំនៅឋាន។" លោកស្រីបានបន្ថែមថា "កំណើនយឺតយ៉ាវនៃវិស័យទាំងនេះ រួមជាមួយនឹងរបាយការណ៍ពាណិជ្ជកម្ម អតិផរណា និងរបាយការណ៍កម្ចី បានបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចជាមូលដ្ឋានរបស់ចិននៅតែខ្សោយខ្លាំងនៅឡើយ។ តម្រូវការសកលសម្រាប់ទំនិញចិនក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភផងដែរ ជុំវិញការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងទីផ្សារលំនៅឋាន។” និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ១១,៥៨លាននាក់ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីផ្សារការងារក្នុងប្រទេសចិននៅក្នុងឆ្នាំនេះ។ អត្រាគ្មានការងារធ្វើសម្រាប់យុវជននៅបណ្ដាទីក្រុងបាននិងកំពុងកើនឡើងជាច្រើនខែ។ កត្ដាចម្បងបណ្ដាលមកពី ភាពមិនស៊ីគ្នា ឬគេហៅថា “Mismatch” រវាងជំនាញដែលនិស្សិតត្រូវបានបណ្ដុះបណ្ដាលនៅសាលា និងជំនាញដែលត្រូវការជាក់ស្ដែងនៅលើទីផ្សារការងារ។ អាជ្ញាធរចិនបានទទួលស្គាល់ថា ភាពអត់ការងារធ្វើរបស់យុវជនប្រហែលជានឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខ មុនពេលវាឈានដល់កម្រិតកំពូលនៅខែសីហា។ លោកស្រី Dan Wang ប្រធានអ្នកសេដ្ឋកិច្ចនៅធនាគារ Hang Seng Bank China បានប៉ាន់ស្មានថា យុវជនដែលគ្មានការងារធ្វើមានចំនួនត្រឹមតែ១,៤%នៃកម្លាំងពលកម្មសរុប នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណា លោកស្រីបានប្រាប់សារព័ត៌មាន BBC ថា បញ្ហានៃភាពអត់ការងារធ្វើរបស់យុវជនទាមទារឱ្យមាននយោបាយឆ្លើយតបបន្ថែមទៀត ពីព្រោះយុវជនបានសម្ដែងមតិច្រើនណាស់នៅតាមប្រព័ន្ធអ៊ីនធឺណិត។ លោកស្រីបានបន្ថែមថា ”ការបង្ហាញពីការមិនសប្បាយចិត្តរបស់យុវជនក្នុងស្ថានភាពបច្ចុប្បន្នអាចនឹងបង្កឲ្យមានការបាត់បង់ទំនុកចិត្តកាន់តែខ្លាំងលើសេដ្ឋកិច្ចចិន។” រដ្ឋាភិបាលចិនបានចាប់ផ្តើមផ្សព្វផ្សាយតួលេខអ្នកអត់ការងារធ្វើរបស់យុវជននៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ចិនមិនបានបញ្ចេញទិន្នន័យស្តីពីស្ថានភាពការងាររបស់យុវជននៅតំបន់ជនបទទេ។ កាលពីខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិនចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច៥%របស់ខ្លួននៅឆ្នាំនេះ ហើយរដ្ឋាភិបាលចិនក៏ត្រូវជំរុញការខិតខំប្រឹងប្រែងបន្ថែមលើនយោបាយការងាររបស់យុវជន។ យោងតាមស្ថាប័ន Goldman Sachs នយោបាយជំរុញការបង្កើនការងារក្នុងចំណោមយុវជនគឺជារឿងអាទិភាពបំផុត សម្រាប់ប្រទេសចិន ព្រោះថាយុវជនមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចខ្លាំងណាស់។ យុវជនជាក្រុមពលរដ្ឋដែលមានការចំណាយច្រើនលើវិស័យនានាដូចជា វប្បធម៌ វិស័យអប់រំ ការជួលលំនៅឋាន ការដឹកជញ្ជូន និងទំនាក់ទំនង។ ផ្អែកតាមស្ថាប័នដដែល នាពេលកន្លងមក រដ្ឋាភិបាលចិនបានចាត់វិធានការលើកកម្ពស់ការងារដល់និស្សិតដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ជាឧទាហរណ៍ រដ្ឋាភិបាលជំរុញជ្រើសរើសយុវជន ទៅធ្វើការនៅក្នុងវិស័យយោធាចិន និងការផ្តល់អាទិភាពដល់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ស្របពេលដែលសហគ្រាសរដ្ឋចិនបានប្តេជ្ញាបង្កើនចំនួនកន្លែងកម្មសិក្សាចំនួន ១លានកន្លែងបន្ថែមសម្រាប់និស្សិតបញ្ចប់ការសិក្សាក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះបីជាដូច្នេះនេះក្តី ភាពមិនស៊ីសង្វាក់គ្នារវាងជំនាញដែលនិស្សិតរៀននៅមហាវិទ្យាល័យ និងអ្វីដែលជាជំនាញក្រុមហ៊ុនត្រូវការពិតជាក់ស្ដែង គឺជាបញ្ហាចម្បង។ អ្នកសេដ្ឋកិច្ចរបស់ស្ថាប័ន Goldman Sachs បានលើកឡើងថា "ការដោះស្រាយភាពមិនស្របគ្នារវាងអ្វីដែលសាលាបង្រៀន និងអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់អាជីវកម្មនឹងជួយដោះស្រាយបញ្ហានេះ ប៉ុន្តែវាគឺជាកិច្ចការដ៏លំបាក ហើយនិងទាមទាររយៈពេល៕"
8/7/2023 • 4 minutes, 59 seconds តើហេតុផលអ្វីខ្លះ នៅពីក្រោយការដកតំណែង របស់ រដ្ ឋមន្ត្រីការបរទេសចិន?
ថ្ងៃអង្គារ សារព័ត៌មានផ្លូវការរបស់រដ្ឋអំណាចចិន បានប្រកាសអំពីការដកតំណែងរដ្ឋមន្ត្រីការបរទេសចិន។ ប្រមុខការទូតរូបនេះ អវត្តមានអំពីឆាកអន្តរជាតិ និងឆាកនយោបាយការទូតចិន ប្រមាណជា ១ខែ។ រាល់ជំនួបការទូតធំៗ និងកិច្ចប្រជុំកំពូលអន្តរជាតិសំខាន់ៗ ត្រូវលោក វ៉ាង យី សមាជិកជាន់ខ្ពស់គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន ជាអ្នកទទួលរាប់រ៉ងជំនួសទាំងអស់។ រឿងនេះបានធ្វើឲ្យលេចចេញសំណួរ និងចម្ងល់សង្ស័យជាច្រើន រួមទាំងពាក្យចចាមអារាមដែរ។ តើហេតុផលអ្វីខ្លះនៅពីក្រោយការដកតំណែងនិងបាត់មុខពីទីសាធារណៈ របស់ រដ្ឋមន្ត្រីការបរទេសចិន? ជាង១ខែមកហើយ ស្ងាត់បាត់ដំណឹងឈឹងសូន្យ។ រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បានបាត់ខ្លួនពីទីសាធារណៈ ចាប់តាំងពីការបង្ហាញមុខចុងក្រោយនៅក្នុងជំនួបជាមួយ អនុរដ្ឋមន្ត្រីរុស្ស៊ី Andreï Rudenko និងក្រោយពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស្រីលង្ការ នៅទីក្រុងប៉េកាំង នាថ្ងៃទី២៥មិថុនា។ ២ថ្ងៃក្រោយ លោក ជីន កង ខកខានមិនបានទទួលជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins នៅថ្ងៃទី២៧មិថុនា។ ក្រោយមកទៀត លោកក៏មិនបានជួបប្រមុខបេសជនពិសេសអាកាសធាតុអាមេរិក Jonh Kerry ហើយលោកមិនបានទទួលជួបអ្នកការទូតអាមេរិកដ៏ល្បី Henry Kissinger ជាមិត្តចាស់របស់ចិន និងជាអ្នកភ្ជាប់ទំនាក់ទំនងចិន-អាមេរិក អំលុងទសវត្សរ៍១៩៧០។ អាយុ១០០ឆ្នាំលោកHenryKissinger ទៅប៉េកាំង ពីថ្ងៃ១៩-២០កក្កដា។ រដ្ឋមន្ត្រីការបរទេសចិន ជីន កង មិនបានទៅប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឥណ្ឌូណេស៊ី និងមិនបានទៅចូលរួមកិច្ចប្រជុំប្រទេសមានសន្ទុះសេដ្ឋកិច្ចលឿន Brics នៅប្រទេសអាហ្វ្រិកខាងត្បូង ថែមទៀត។អំលុងអវត្តមានប្រមុខការទូតចិន រយៈពេល ១ ខែមកនេះ ទំហំកិច្ចការដ៏ធ្ងន់ នៅក្រសួងការទេសចិន ត្រូវធ្លាក់ទៅលើ លោក វ៉ាង យី ជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស ទទួលបន្ទុកកិច្ចការបរទេស ដែលជាឋានៈតំណែង ខ្ពស់ជាង លោក ជីន កង ជាអ្នកត្រូវទទួលរ៉ាប់រងជំនួសទាំងអស់។ លោក វ៉ាង យី ដែលធ្លាប់កាន់តំណែងប្រមុខការទូតចិន ក៏ត្រូវវិលមកទទួលតំណែងនេះជាថ្មី។ស្ទះការងារអវត្តមានរបស់លោក ជីន កង មួយរយៈធំមកនេះ ធ្វើឲ្យដំណើរការនៅក្រសួងការបរទេសចិនត្រូវកកស្ទះ។ ជាក់ស្តែង រដ្ឋអំណាចចិន បានសម្រេចលើកពេលដំណើរទស្សនកិច្ចទៅប៉េកាំង របស់លោក Josep Borrel ប្រមុខការទូតសហភាពអឺរ៉ុប ដែលត្រូវអញ្ជើញទៅប្រទេសចិន តាំងពីថ្ងៃទី១០កក្កដា។ ហើយ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ដែលត្រូវរៀបចំដំណើរនៅថ្ងៃសុក្រនេះ ក៏តម្រូវឲ្យលើកពេលទៅទៀត។ទោះយ៉ាងនេះក្តី ក្រសួងការបរទេសចិន ថា កិច្ចការងាររបស់ក្រសួង នៅតែដំណើរការដូចប្រក្រតីធម្មតា។ ក៏ប៉ុន្តែ មន្ត្រីទូតបរទេសនៅប៉េកាំង មិនគិតថាជាការធម្មតាទេ។ ជាក់ស្តែង ឯកអគ្គរដ្ឋទូតអ៊ុយក្រែន តែងតាំងថ្មី ប្រចាំក្រុងប៉េកាំង គឺបានផ្ញើសារតាំង ទៅក្រសួងការបរទេសចិន ប្រមាណជា ១ខែទៅហើយ តែគ្មានចម្លើយអ្វីទាំងអស់។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនថ្មីនៅចិន បានសម្តែងក្តីភ្ញាក់ផ្អើល ហើយមន្ត្រីទូតសហភាពអឺរ៉ុប ក៏ចាត់ទុកថានេះជារឿងអាស្រូវអាសោចកេរ្តិ៍។ រឿងអាសោចកេរ្តិ៍នេះ មិនថានៅរង្វង់បច្ចិមលោកទេ សូម្បីតែក្នុងស្រុកចិនខ្លួនឯង ក៏មតិមហាជន បានសួរដេញដោលអំពីអវត្តមានរបស់ប្រមុខការទូតចិននេះដែរ។ ក្នុងបណ្តាញសង្គមចិន Weibo (ស្រដៀងហ្វេសបុកអាមេរិកដែរ) គឺមានមតិសរសេរលើកឡើងជុំវិញការបាត់ខ្លួន បាត់មុខពីឆាកសាធារណៈរបស់លោក ជីន កង ហើយការសង្ស័យ និងពាក្យចចាមអារាមផ្សេងៗលេចចេញជាហូរហែ។ទីបំផុតទៅ នៅថ្ងៃអង្គារ៍ទី២៥កក្កដា សារព័ត៌មានផ្លូវការរបស់រដ្ឋអំណាចចិន មានបែបយ៉ាង ទូរទស្សន៍ជាតិ CCTV និង កាសែតចិនជាភាសាបារាំង Chine Nouvelle បានផ្សាយដំណឹងគួរឲ្យភ្ញាក់ផ្អើលថាអំពីការដកហូតតួនាទីនិងតំណែងទាំងអស់របស់លោក ជីន កង នៅក្នុងក្រសួងការបរទេសចិន។ ហើយនិងថា ការសម្រេចចិត្តនេះ គឺធ្លាក់មកពីការអនុម័តរបស់សភាប្រជាជនចិន។ សំណុំរឿងរបស់រដ្ឋមន្ត្រីការបរទេសចិន តម្រូវ សភាចិន កោះប្រជុំគ្នាជាបន្ទាន់នៅថ្ងៃអង្គារ ដែលតាមទម្លាប់ធម្មតា សភាចិន ត្រូវប្រជុំគ្នានៅចុងខែឯណោះ។ តើមូលហេតុអ្វីនៅពីក្រោយរឿងដកតំណែងរបស់ប្រមុខការទូតចិន? ទាំងសភាប្រជាជនចិន ទាំងកាសែតរដ្ឋចិន សុទ្ធតែមិនបានបញ្ជាក់អំពីមូលហេតុលម្អិតសោះឡើយ។ ពីថ្ងៃអង្គារ៍ ក្រសួងការបរទេសចិន ក្នុងសន្និសីទប្រចាំថ្ងៃ ក៏ប្រឹងចៀសវាងមិនឆ្លើយនឹងសំណួរបស់អ្នកកាសែត។ អ្នកស្រី ម៉ៅ នីង អ្នកនាំពាក្យការទូតចិន ប្រឹងបង្ហែរសំណួរ និងចៀសវាងមិនបញ្ជេញសូម្បីតែឈ្មោះរបស់រដ្ឋមន្ត្រី ជីន កង។ បើពិនិត្យពីហេតុផលផ្លូវការ ជុំវិញមូលហេតុអវត្តមានរបស់លោករដ្ឋមន្ត្រី គឺ ក្រសួងការបរទេសចិន បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ នាពេលកន្លងទៅ ថា មកពី«បញ្ហាសុខភាព»។ កាសែតចិនហុងកុង The South China Morning Post បានធ្លាប់លើកឡើងដែរថា ការឈឺយូរបែបនេះ ទំនងជា ឆ្លងកូវីដ១៩ហើយ។ដំណឹងដែលគេជជែកនៅស្រុកចិន គឺ ទំនងជាបញ្ហាប្រជែងអំណាចផ្ទៃក្នុង រវាងក្រុមអ្នកបន្តវេនឈាមថ្មី និងក្រុមអ្នកនយោបាយជើងចាស់។ វ័យ ៥៧ ឆ្នាំ លោក ជីន កង បានហក់ឡើងតំណែងខ្ពស់និងលឿន ដ្បិតថាលោកជាមនុស្សមានសមត្ថភាព ហើយជាមនុស្សស្និទ្ធនឹងប្រធានាធិបតីចិន ស៊ី ជីនពីន។ រេបន្ទាត់នយោបាយ?លោក ជីន កង គឺជាអ្នកការទូតចិន ដែលនិយាយប្រើប្រាស់ភាសាអង់គ្លេស រូហូរដូចទឹក។ លោក ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនដល់ទៅ ៣ លើកនៅនគរអង់គ្លេស និងធ្លាប់ជាធ្វើឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ប្រមាណ ១៨ ខែ មុននឹងត្រូវជ្រើសតាំង ជាសមាជិកគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន នាខែតុលា ឆ្នាំ២០២២ ហើយត្រូវតែងតាំងជាបន្ទាប់ ជារដ្ឋមន្ត្រីការបរទេស។ លោក ជីន កង ចូលកាន់តំណែងជាផ្លូវការនៅក្រសួងការបរទេស នៅខែមករា ឆ្នាំ២០២៣។ អំលុងពេល ១ឆមាសមកនេះ លោកបំពេញការងារ ហោះហើរ ជើងស្ទើរមិនជាប់ដី ក្នុងបេសកម្មបម្រើការទូតចិន នៅអឺរ៉ុប អាហ្វ្រិក អាស៊ីកណ្តាល ហើយទទួលជួបមន្ត្រីទូតបរទេស នៅប៉េកាំង យ៉ាងមមាញឹក ។ល។ នៅក្នុងពេលកាន់តួនាទី ប្រមាណកន្លះឆ្នាំមកនេះ លោក ជីន កង នៅតែប្រកាន់បន្ទាត់នយោបាយចិនដដែល យ៉ាងឥតងាករេ គឺដូចអ្វីដែល កាសែតបរទេសច្រើន វាយតម្លៃ រូបលោក ថាជា«ចចកប្រយុទ្ធ» របស់ចិន។ «ចចកប្រយុទ្ធ» ដែលគាំទ្រគោលនយោបាយចិន និង រិះគន់លោកខាងលិចមិនសំចៃមាត់ នារយៈ២០ឆ្នាំចុងក្រោយនេះ ។ ដូច្នេះ គេជឿថា ការដកពីតំណែងលោក គឺពុំមែនមកពីហេតុផលងាករេនយោបាយ ឬដើរខុសបន្ទាត់នយោបាយបក្សនោះឡើយ។ ទំនាក់ទំនងផ្លូវភេទ ក្រៅចំណងអាពាហ៍ពិពាហ៍មានហេតុមួយទៀត ដែលក្នុងសង្គមចិន កំពុងតែសង្ស័យ នោះគឺរឿងអាស្រូវទំនាក់ទំនងផ្លូវភេទ ក្រៅចំណងអាពាហ៍ពិពាហ៍។ នៅមុនការបាត់មុខរបស់លោក ជីន កង ប្រមាណជា ១សប្តាហ៍ គឺប្រព័ន្ធផ្សព្វផ្សាយ បាននាំគ្នាផ្សាយអំពីចំណងទាក់ទងដ៏ស្និទ្ធរបស់លោករដ្ឋមន្ត្រី ជាមួយនិង ស្រីអ្នកឆ្លើយឆ្លងព័ត៌មាន ដ៏ល្បីម្នាក់របស់ចិន ប្រចាំនៅសហរដ្ឋអាមេរិក។ អ្នកទាំងពីរបានជួបស្គាល់គ្នា គ្រាដែលលោក ជីន កង ធ្វើជាឯកអគ្គរដ្ឋទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោន ចន្លោះឆ្នាំ២០២១ និង២០២៣។នៅខែមេសាកន្លងទៅនេះ អ្នកកាសែតស្រីរូបនោះ បានផ្សាយរូបថត ៣ សន្លឹក លើបណ្តាញសង្គម ស្តីពី ដំណើររបស់នាងនៅលើយន្តហោះឯកជន និងមានបីកូនក្មេងម្នាក់ ដើម្បីក្នុងឱកាសជូនពរបុណ្យខួបកំណើតរបស់ លោក ជីន កង។ យន្តហោះនាងជិះនោះ សំដៅទៅទីក្រុងប៉េកាំង។ ចាប់ពីពេលនោះមក គេគ្មានដំណឹងពីរូបអ្នកកាសែតស្រីរូបនេះទៀតទេ។ សប្តាហ៍មុននេះ លោក James Palmer នៃទស្សនាវដ្តី Foreign Policy បានជឿជាក់ថា «លោក ជីន កង បាត់បង់តំណែង ក៏ព្រោះតែទំនាក់ទំនងពិសេសជាមួយនារីម្នាក់នេះហើយ។» នេះក៏ព្រោះតែ ទំនាក់ទំនងស្នេហាខាងក្រៅ ជារឿងអាស្រូវដ៏រស៊ើបមួយ សម្រាប់គំរូសីលធម៌នយោបាយនៃថ្នាក់ដឹកនាំចិន។ ជាឧទាហរណ៍ពេលកន្លងទៅ លោក Zhang Gaoli ជាមន្ត្រីធំរបស់បក្សកុម្មុនិស្តចិន ជាអតីតសមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយរបស់បក្ស ក៏ត្រូវទម្លាក់ពីតំណែង នៅខែតុលា ឆ្នាំ២០២២។ ដ្បិតមានជាប់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ និងត្រូវរងការចោទប្រកាន់ពីបទរំលោភ លើកីឡាការិនីវាយតេនីស។ទោះយ៉ាងណាក្តី ការដកតំណែងរដ្ឋមន្ត្រីការបរទេសចិន គឺការចម្លែកមួយ ដែលលោក វ៉ាង យី មន្ត្រីជើងចាស់ មកជំនួសកន្លែងចាស់របស់លោក និង ពុំមែនជា អនុរដ្ឋមន្ត្រីផ្សេងទៀតមកកាន់ជំនួស។ នេះគឺនាំឲ្យគេគិតពីការស្នងតំណែងមិនបើកទូលាយ៕
7/25/2023 • 7 minutes, 29 seconds ហេតុអ្វីអ៊ីស្រាអែលទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់ដ៏ចម្រូងចម្រាសដូចជាសាហារ៉ាខាងលិច?
ជាង២ឆ្នាំក្រោយប្រកាសភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយរាជាណាចក្រម៉ារ៉ុក ក្រោមការជួយចូកជួយចែវរបស់សហរដ្ឋអាមេរិកកាលពីចុងឆ្នាំ ២០២០ អ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍មុនបានប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច នោះបើទោះបីជា ទឹកដីមួយផ្នែករបស់សាហារ៉ាខាងលិចកំពុងជាសមរភូមិប្រយុទ្ធដណ្តើមគ្នារវាងកងទ័ពម៉ារ៉ុក និងរណសិរ្សប៉ូលីសារីយ៉ូ ដែលជាក្រុមទាមទារឯករាជ្យគាំទ្រដោយអាល់ហ្សេរី ប្រទេសជិតខាងរបស់ម៉ារ៉ុក។ សំណួរចោទឡើងថា អ៊ីស្រាអែលភ្ជាប់ទំនាក់ទំនងធម្មតាជាមួយម៉ារ៉ុកកាលពីជាង២ឆ្នាំមកហើយ ប៉ុន្តែ ហេតុអ្វីបានជាទើបប្រកាសទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់ម៉ារ៉ុកទៅលើទឹកដីសាហារ៉ាខាងលិចនៅពេលនេះ? អ៊ីស្រាអែល នៅទីបំផុតបានដើរតាមផ្លូវរបស់សម្ព័ន្ធមិត្តអាមេរិកដែលបានប្រកាសទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់រាជាណាចក្រម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច។ ២ឆ្នាំកន្លះក្រោយភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលមានអាមេរិកជាអ្នកផ្ចុងផ្តើម ម៉ារ៉ុកទន្ទឹងរង់ចាំការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលដោយច្រាស់ច្រាល់បំផុត។ នៅក្នុងសេចក្តីប្រកាសដែលមានដកស្រង់ខ្លឹមសារលិខិតរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបិនចាមីន នេតាន់យ៉ាហ៊ូ រាជវាំងម៉ារ៉ុកអះអាងថា មេដឹកនាំអ៊ីស្រាអែលសម្រេចចិត្តទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច។តាមសេចក្តីប្រកាសរបស់ព្រះរាជវាំងម៉ារ៉ុកដដែល នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនឹងជូនដំណឹងពីការសម្រេចចិត្តរបស់ខ្លួនទៅអង្គការសហប្រជាជាតិ និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ ចុងបញ្ចប់ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលជូនដំណឹងទៅព្រះរាជាម៉ារ៉ុកពីគម្រោងចង់បង្កើតកុងស៊ុលក្នុងតំបន់សាហារ៉ាខាងលិច នៅទីក្រុង Dakhlaដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉ារ៉ុក។សម្រាប់មន្រ្តីជាន់ខ្ពស់ម៉ារ៉ុក ការសម្រេចចិត្តរបស់អ៊ីស្រាអែលនឹងធ្វើឲ្យការទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិចកាន់តែបោះជំហានទៅមុខដោយស្វាហាប់ ជាពិសេស នៅក្រោយការទទួលស្គាល់របស់អាមេរិកនិងការបើកកុងស៊ុលរបស់ប្រទេសជាង៣០នៅសាហារ៉ាខាងលិច។បន្ទាប់ពីរារែកអស់២ឆ្នាំកន្លះ រដ្ឋអ៊ីស្រាអែលសម្រេចចិត្តទទួលស្គាល់តំបន់សាហារ៉ាខាងលិចជាដែនដីរបស់ម៉ារ៉ុក ក៏ព្រោះតែចង់បំពេញចិត្តរាជវាំងរ៉ាបា ដែលមួយរយៈចុងក្រោយនេះ ចេះតែពន្យារលើកពេល មួយដង ជា២ដង ជំនួបកំពូល Neguevដែលជាវេទិកាជួបជុំថ្នាក់ដឹកនាំរបស់អ៊ីស្រាអែល និងប្រទេសអារ៉ាប់ទាំង៤ដែលបានចុះកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ដូចជាអេមីរ៉ាតអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក។វេទិកា Neguevសំខាន់ណាស់សម្រាប់អ៊ីស្រាអែលដែលប្រឹងប្រែងធ្វើយុទ្ធនាការទូតខិតចូលជិតប្រទេសអារ៉ាប់នៅក្នុងតំបន់ដើម្បីពង្រឹងសម្ព័ន្ធភាព នៅចំពោះមុខអ៊ីរ៉ង់ដែលជាសត្រូវ។ ប៉ុន្តែ ការសម្រេចចិត្តរបស់អ៊ីស្រាអែលមិនមែនគ្មានផលវិបាក។ នៅពេលម៉ារ៉ុកទាមទារកម្មសិទ្ធិគ្រប់គ្រងផ្តាច់មុខលើសាហារ៉ាខាងលិច តំបន់ភាគខាងត្បូងរបស់សាហារ៉ាខាងលិច ប្រមាណ២០%កំពុងស្ថិតក្រោមការកាន់កាប់របស់រណសិរ្សទាមទារឯករាជ្យ ប៉ូលីសារីយ៉ូដែលប្រយុទ្ធដណ្តើមទឹកដីជាមួយម៉ារ៉ុកតាំងពីឆ្នាំ ១៩៧៥។រណសិរ្សប៉ូលីសារីយ៉ូត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៣ ដោយមានជំនួយយោធាពីប្រទេសអាល់ហ្សេរី ដើម្បីរំដោះសាហារ៉ាខាងលិចពីអាណានិគមនិយមអេស្ប៉ាញ។ នៅក្រោមការដាក់សម្ពាធរបស់អង្គការសហប្រជាជាតិ អេស្ប៉ាញបានដកខ្លួនចេញពីសាហារ៉ាខាងលិចនៅឆ្នាំ១៩៧៦។ ឆ្លៀតឱកាសដែលអេស្ប៉ាញបញ្ចប់អាណានិគមនៅសាហារ៉ាខាងលិច ម៉ូរីតានីប្រយុទ្ធដណ្តើមទឹកដីជាមួយម៉ារ៉ុក មុននឹងដកខ្លួនទៅវិញ ដោយទុកឲ្យកងទ័ពម៉ារ៉ុកនៅបន្តប្រយុទ្ធជាមួយរណសិរ្សប៉ូលីសារីយ៉ូចាប់តាំងពីឆ្នាំ១៩៧៥។ ក្រោមអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ភាគីជម្លោះទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់នៅឆ្នាំ ១៩៩១ ប៉ុន្តែ ត្រូវផុតរលត់ទៅវិញ នៅឆ្នាំ ២០២០ នៅពេលម៉ារ៉ុកបើកការបង្រ្កាបហិង្សាទៅលើបាតុករសារ៉ាវី Sahrawi ដែលជាប្រជាជនរស់នៅតំបន់សាហារ៉ាខាងលិច។មានទំហំផ្ទៃដីធំ២ដងប្រទេសកម្ពុជា សាហារ៉ាខាងលិចដែលស្ថិតនៅភាគខាងត្បូងម៉ារ៉ុក មានព្រំដែនជាប់អាល់ហ្សេរី និងម៉ូរីតានី ត្រូវអង្គការសហប្រជាជាតិចាត់បញ្ចូលក្នុងបញ្ជីតំបន់មិនស្វ័យតតាមការទាមទាររបស់ម៉ារ៉ុក។ ប៉ុន្តែ អង្គការសហប្រជាជាតិផ្ទាល់ធ្លាប់ទទួលស្គាល់រណសិរ្សប៉ូលីសារីយ៉ូជាអ្នកតំណាងស្របច្បាប់របស់ប្រជាជនសារ៉ាវី Sahrawi នៅសាហារ៉ាខាងលិច និងជំរុញឲ្យមានការបោះឆ្នោតប្រជាមតិ តាមការចង់បានរបស់ក្រុមទាមទារឯករាជ្យដែលចង់ប្រែក្លាយសាហារ៉ាខាងលិចជាដែនដីស្វ័យត។ ប៉ុន្តែ ម៉ារ៉ុកដែលចង់យកសាហារ៉ាខាងលិចទាំងអស់មកក្រោមការគ្រប់គ្រងរបស់ខ្លួន បានខ្ទាស់ជើងមិនឲ្យមានការបោះឆ្នោតប្រជាមតិ។ ជាតំបន់វាលខ្សាច់សោះកក្រោះ សាហារ៉ាខាងលិចជាគោលដៅចង់បានរបស់ម៉ារ៉ុក ដោយសារផលិតផលនេសាទនៅមហាសមុទ្រអាត្លង់ទិក និងធនធានរ៉ែក្រោមដី ដូចជាផូស្វ័រសំខាន់សម្រាប់ធ្វើជីគីមីក្នុងបរិបទសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ការសម្រេចចិត្តរបស់អ៊ីស្រាអែលទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើសាហារ៉ាខាងលិចមិនត្រឹមធ្វើឲ្យរណសិរ្សប៉ូលីសារីយ៉ូខឹងក្តៅក្រហាយ ប៉ុន្តែនឹងអាចដុតកំដៅបង្កើនភាពតានតឹងក្នុងតំបន់ ព្រោះថា អាល់ហ្សេរីដែលគាំទ្រផ្នែកយោធានិងផ្តល់ជំរកដល់ក្រុមរណសិរ្សប៉ូលីសារីយ៉ូ ប្រាកដជាមិនសប្បាយចិត្ត។ មានជំនួយយោធាពីអាមេរិក ម៉ារ៉ុកបានពង្រឹងកងទ័ព បង្កើនទិញអាវុធពីខាងក្រៅ។ ចំណែក អាល់ហ្សេរីដែលឧបត្ថម្ភគាំទ្រពីក្រោយរណសិរ្សប៉ូលីសារីយ៉ូដែលមានចំនួនទ័ព១៥០០០នាក់ ក៏ពង្រឹងកងទ័ពនៅតាមព្រំដែនរបស់ខ្លួនជាមួយម៉ារ៉ុកនៅប៉ុន្មានឆ្នាំមកនេះ។ អ្នកវិភាគវាយតម្លៃថា ការខិតចូលជិតគ្នារវាងម៉ារ៉ុក និងអ៊ីស្រាអែល នឹងបើកផ្លូវកាន់តែធំ សម្រាប់ឲ្យអ៊ីស្រាអែលទាញយកប្រយោជន៍ច្រើនពីម៉ារ៉ុក មិនថា ការលក់សព្វាវុធ ឬកងទ័ពម៉ារ៉ុកក្នុងការតាមដានបច្ចេកវិទ្យា ការត្រួតពិនិត្យដែនអាកាស ដ្រូន ចារកម្ម និងការពង្រីកឥទ្ធិពលរបស់អ៊ីស្រាអែលលើបណ្តាញគ្រប់គ្រងអ៊ីនធ័រនែតរបស់ម៉ារ៉ុក៕
7/24/2023 • 5 minutes, 36 seconds ឥណ្ឌា ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី តែក្នុង រយៈពេលខ្លី មិនអាចទៅរួច
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា បានស្តែងអំពីមហិច្ចតាខ្លាំងៗឡើង ចង់ធ្វើជាមហាអំណាចដឹកនាំពិភពលោកនឹងគេដែរ។ ក្នុងវត្ថុបំណងនេះ ឥណ្ឌា បានវិនិយោគផលិតអាវុធ និងបញ្ជាទិញអាវុធច្រើនឡើងៗ រហូតក្លាយជាប្រទេសដែលនាំចូលគ្រឿងសព្វាវុធច្រើនជាងគេលើកពិភពលោក។ ប្រទេស ៣ ដែល ឥណ្ឌា ទិញអាវុធច្រើនជាងគេ គឺ រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក។ នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ជាឱកាសឲ្យ ឥណ្ឌា គិតគូរជម្រើសថ្មីៗបន្ថែម ហើយ ឥណ្ឌា ក៏ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី។ ក៏ប៉ុន្តែ នេះ ជាដំណើរផ្លូវនៅវែងឆ្ងាយណាស់។ ចំពោះឥណ្ឌា ដើម្បីកាត់បន្ថយការពឹងពាក់លើរុស្ស៊ី គឺត្រូវទិញអាវុធពីប្រទេសផ្សេងៗ និងត្រូវតែបង្កើនសមត្ថភាពផលិតអាវុធដោយខ្លួនឯង។ នេះក៏ពីព្រោះតែឋិតនៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន គឺតម្រូវឲ្យ ឥណ្ឌា ធ្វើពិពិធកម្ម នៃការនាំចូលអាវុធពីប្រទេសផ្សេងៗគ្នា។ គ្រាន់តែប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា បានក្លាយជាមហាប្រទេសដែលទិញអាវុធនាំចូលច្រើនជាងគេលើកពិភពលោក។ នេះបើតាមការគូសបង្ហាញរបស់ SIPRI វិទ្យាស្ថានស្រាវជ្រាវដើម្បីសន្តិភាពនៃក្រុងស្តុកខុម។ ថ្នាក់ដឹកនាំឥណ្ឌា ដើរទិញអាវុធពីមហាអំណាចផលិតអាវុធ។ ចុងខែមិថុនា នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី អញ្ជើញទៅរដ្ឋធានីវ៉ាស៊ីនតោន ជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក នៅក្នុងការផលិតរួមគ្នាម៉ូទ័រយន្តហោះចម្បាំងសម្រាប់កងទ័ពជើងអាកាសឥណ្ឌា។ នាសប្តាហ៍មុននេះ វត្តមាននាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅប៉ារីស ក៏ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហការវិស័យយោធា ពិសេស ការចរចាអាវុធបន្ថែមពីបារាំង។ ឥណ្ឌា បានបញ្ជាទិញយន្តហោះចម្បាំង ៣៦ គ្រឿងពី បារាំងរួចហើយ។ នៅសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានពិភាក្សាជាមួយសមភាគីបារាំង បញ្ជាទិញយន្តហោះចម្បាំងបារាំង ចំនួន ២៦ បន្ថែមទៀត ព្រមទាំងឧបករណ៍គ្រឿងច្បាំងសម្រាប់បំពាក់នៅនាវាឥណ្ឌា។ មិនតែប៉ុណ្ណោះ ឥណ្ឌា ដែលបានទិញនាវាមុជទឹក ៦ ពីបារាំង រួចហើយ ថ្មីៗក្នុងខែនេះ ប្រមុខរដ្ឋាភិបាលឥណ្ឌា ក៏បានបញ្ជាទិញ នាវាមុជទឹករបស់បារាំង ចំនួន ៣ គ្រឿង បន្ថែមទៀត។ទាំងនេះ គឺឋិតនៅក្នុងដំណើរកាត់បន្ថយការពឹងពាក់លើរុស្ស៊ី និងដើម្បីសម្រេចមហិច្ចតារបស់ខ្លួន ដែល ឥណ្ឌាដាក់ចេញគម្រោងកម្មវិធីផលិតផលធ្វើនៅស្រុកឥណ្ឌា «Make in India»។ ក្នុងមហិច្ចតានេះ ឥណ្ឌាបានឆ្លៀតដាក់សម្ពាធទៅប្រទេសអ្នកលក់បច្ចិមលោក ឲ្យផ្ទេរបច្ចេកវិទ្យាវិស័យយោធាឲ្យឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌា បានចរចាកិច្ចសន្យាទិញលក់អាវុធ ក្នុងលក្ខខណ្ឌថា មួយផ្នែកនៃគ្រឿងបរិក្ខារ ឬទាំងមូលតែម្តង ត្រូវផលិតនៅលើទឹកដីឥណ្ឌា។ នេះដូចជាករណី នាវាមុជទឹកទាំង៦ដែលឥណ្ឌាទិញពីបារាំង នៅឆ្នាំ២០២២។ គឺការដ្ឋានសាងសង់ត្រូវធ្វើនៅក្បែរសមុទ្រនៃក្រុងBombay របស់ឥណ្ឌា។ គម្រោងទិញអាវុធបារាំង និងផលិតនៅក្នុងស្រុកឥណ្ឌានេះ ធ្វើឲ្យរដ្ឋបាលក្រុងញូវដេលី បានចំណេញចំនួនការងារធ្វើ ដល់ទៅ ២០០ ០០០ ការងារ។មិនថាជាមួយបារាំងទេ ជាមួយសហរដ្ឋអាមេរិកក៏ស្រដៀងគ្នា ដែល រដ្ឋបាលញូវដេលី បានជំរុញក្រុងវ៉ាស៊ីនតោនឲ្យជួយទំនើបកម្មគ្រឿងសព្វាវុធឥណ្ឌា។ ជាក់ស្តែង ករណីចុះកិច្ចសន្យាទិញអាវុធ ជាមួយនឹងក្រុមហ៊ុនអាមេរិក General Electric នៅខែមិថុនាកន្លងទៅនេះ គឺក្រុមហ៊ុនអាមេរិកត្រូវយល់ព្រមផ្ទេរ បច្ចេកវិទ្យា ប្រមាណ ៨០% ដែលពាក់ព័ន្ធ ទៅឲ្យឥណ្ឌា។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន របស់លោក ចូ បៃដិន បានគាំទ្រគម្រោងនេះ ដ្បិតថាដោយអះអាងអំពីការជួយគាំទ្រខាងទំនើបកម្មគ្រឿងសព្វាវុធឥណ្ឌា។ សហរដ្ឋអាមេរិក ក៏បានយល់ព្រមដែរ នៅក្នុងកិច្ចសហការជាមួយឥណ្ឌា សម្រាប់ផលិតអាវុធ និងឧស្សហកម្មផលិតគ្រឿងបរិក្ខារការពារជាតិ និងស្រាវជ្រាវបច្ចេកវិទ្យាថ្មីក្នុងវិស័យយោធា។ប្រទេសបច្ចិមលោក យល់ព្រមតាមសំណើឥណ្ឌា ក៏ព្រោះតែចំណេញភូមិសាស្ត្រយុទ្ធនយោបាយដែរ ពោលគឺយកឥណ្ឌា ដើម្បីទប់ទល់នឹងនយោបាយវាតទីនិយមរបស់ចិននៅក្នុងតំបន់អាស៊ី។ ឥណ្ឌា ខ្លួនឯង ជាសត្រូវចាស់វស្សាស្រាប់ជាមួយចិន ក៏បានធ្វើជារណាំង និងជាតួអង្គសំខាន់មួយសម្រាប់ទល់ឥទ្ធិពលទីក្រុងប៉េកាំង។ ឥណ្ឌា បានផ្តើមកិច្ចសន្យាយោធាជាមួយប្រទេសវៀតណាម។ វៀតណាមដែលជាសត្រូវចាស់វស្សារបស់ចិន បច្ចាមិត្តប្រវត្តិសាស្ត្រ និងសត្រូវក្នុងសំណុំបញ្ហាសមុទ្រចិនខាងត្បូង។ ក្នុងជម្លោះសមុទ្រចិនដដែល ឥណ្ឌា ក៏បានឈរនៅខាង ហ្វីលីពីន និងបានលក់អាវុធឲ្យ ហ្វីលីពីន ក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារ នៅឆ្នាំ២០២២។ ហើយ ឥណ្ឌា ថែមទាំងបានពង្រឹងកិច្ចសហការវិស័យការពារជាតិជាមួយ ឥណ្ឌូណេស៊ី ទៀតផង។ ប្រទេសទាំងនេះ សុទ្ធសឹងតែមានទំនាស់នឹងចិនប៉េកាំង។ទោះបីយ៉ាងណាក្តី អ្នកវិភាគស្ថានការណ៍មើលឃើញថា រុស្ស៊ីនៅតែមានឥទ្ធិពលច្រើនខ្លាំងនៅឡើយ នៅលើវិស័យនាំចូលអាវុធរបស់ឥណ្ឌា។ រុស្ស៊ីជាអ្នកផ្គត់ផ្គង់លក់អាវុធឲ្យឥណ្ឌា ជាច្រើនសតវត្សរ៍ តួយ៉ាង គ្រាប់កាំភ្លើងនិងគ្រឿងសព្វាវុធទូទៅ គ្រឿងបម្លាស់រថគ្រោះ រថយន្តទាហាន និងយន្តហោះចម្បាំង ជាដើម។ រុស្ស៊ី ក៏បានផ្តល់បច្ចេកទេស និង បច្ចេកវិទ្យា ឲ្យឥណ្ឌា នៅក្នុងគម្រោងផលិតគ្រឿងសឹកចម្បាំងរួមគ្នាដែរ។ ចន្លោះឆ្នាំ២០១៨ ដល់២០២២ ឥណ្ឌា បានទិញអាវុធ ប្រទេសរុស្ស៊ី ចំនួន ៤៥ %។ ចន្លោះពេលដូចគ្នានេះ ឥណ្ឌា ទិញគ្រឿងសព្វាវុធពីបារាំង ប្រមាណជិត៣០% និងទិញអាវុធ១១% ពី សហរដ្ឋអាមេរិក។ បើតាមអ្នកជំនាញជាតិឥណ្ឌា ក្នុងរយៈពេលខ្លី ឬមធ្យម ឬក៏យ៉ាងហោចក៏១០ឆ្នាំទៅមុខទៀត ឥណ្ឌា នៅតែត្រូវការគ្រឿងសព្វាវុធពី រុស្ស៊ីក្នុងទំហំច្រើននៅឡើយ។ រយៈពេលនេះ វាអាចត្រឡប់ជារួញឆាប់ឬវែងឆ្ងាយ ក៏វាអាស្រ័យដែរ ទៅនឹងប្រទេសផលិតអាវុធផ្សេងទៀត ដែលយល់ព្រមផ្ទេរបច្ចេកវិទ្យាផលិតអាវុធឲ្យឥណ្ឌា ឬអត់។ទោះម្តេចក្តី គំនិតដែលមន្ត្រីជាន់ខ្ពស់ខាងការទូតឥណ្ឌាតែងលើកឡើង គឺថា បរិបទពិភពលោកសព្វថ្ងៃ ជាពេលវេលាល្អ សម្រាប់ឥណ្ឌា។ ជាឱកាសល្អ ដ្បិតថា ប្រទេសជាច្រើន មិនចង់ត្រូវបង្ខំចិត្តរើសជ្រើស រវាង ប្រទេសសេរីលោកខាងលិច ឬរុស្ស៊ី ហើយក៏មិនចង់ជ្រើស ចិន ឬសហរដ្ឋអាមេរិក។ ហេតុនេះ ជម្រើសថ្មី គឺមានតែ ឥណ្ឌា។ ឥណ្ឌាដែលអាចនិយាយទៅកាន់គ្រប់ភាគី ៕
7/19/2023 • 6 minutes, 13 seconds ហេតុអ្វីបានចិនអាចប្រឈមនឹងការខ្វះសាច់ដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់នាប៉ុន្មានឆ្នាំខាងមុខ?
ថ្មីៗនេះ អង្គការស្បៀង និងកសិកម្មហៅកាត់ FAO និងអង្គការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ OCDE បានចេញផ្សាយរបាយការណ៍ស្តីពីទស្សនវិស័យកសិកម្មនៅក្នុងលោកចន្លោះឆ្នាំ ២០២៣ និងឆ្នាំ ២០៣២។ របាយការណ៍បានផ្តល់ចំណាប់អារម្មណ៍ខ្លាំងលើប្រទេសចិនដោយបញ្ជាក់ថា ចិននឹងត្រូវប្រឈមនឹងបញ្ហាចម្បងមួយនៅប៉ុន្មានឆ្នាំខាងមុខ។ បញ្ហាចម្បងនោះ គឺការខ្វះសាច់ ពិសេសសាច់ជ្រូកដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់របស់ខ្លួន។ ចាប់ពីពេលនេះតទៅ ពិភពលោកហាក់លែងនិយាយ ឬមួយក៏ហាក់បានបំភ្លេចចោលនូវជំងឺកូវីដ១៩ នោះបើទោះបីជាជំងឺឆ្លងរាតត្បាតសកលមួយនេះនៅមិនទាន់រលាយបាត់ទាំងស្រុងក៏ដោយ។ អ្វីៗហាក់បានត្រឡប់ទៅរកភាពដើមដូចនៅមុនផ្ទុះជំងឺកូវីដ១៩។ ចិនបានចាកចេញជាស្ថាពរ ហើយបានបង្ហាញពីភាពធនរបស់ខ្លួន ទោះបីជាតម្លៃទំនិញបានឡើងថ្លៃក៏ដោយ នេះជាការគូសបញ្ជាក់របស់អង្គការស្បៀង និងកសិកម្ម FAO និងអង្គការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច OCDEនៅក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះ។ តាម FAO និង OCDE នគរោបនីយកម្មឆាប់រហ័សរបស់ចិននឹងបន្តមានជាបន្តទៀត។កត្តានេះនាំឱ្យមានកំណើនកាន់ច្រើនឡើងនូវការប្រើអាហារកែច្នៃដូចជាខ្លាញ់ ស្ករ រួមទាំងសាច់។ នៅអាស៊ីអាគ្នេយ៍ ការប្រើសាច់នឹងកើនចំនួន ១២% ពីពេលនេះទៅឆ្នាំ ២០៣២ ហើយចិនជាប្រភពនៃកំណើននេះ ឬនិយាយឲ្យស្រួលយល់ ចិនជាប្រទេសដែលត្រូវការសាច់ច្រើនជាងគេនៅប៉ុន្មានឆ្នាំខាងមុខ ពិសេសគឺសាច់ជ្រូក។ ដើម្បីអាចមានសាច់ជ្រូកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់ ចិនបានពង្រឹងគំរូកសិកម្មរបស់ខ្លួន។ ជាក់ស្តែងក្នុងឆ្នាំ ២០២២ ចិនបានដាក់សម្ពោធអគារមួយកម្ពស់ ២៦ជាន់ដោយមានចិញ្ចឹមជ្រូកចំនួន ៦៥០ ០០០ក្បាលដើម្បីយកសាច់។គួរបញ្ជាក់ថា នៅក្នុងបរិមាណផលិតកម្មសាច់ជ្រូកសរុបក្នុងលោក ចិនមានចំណែកជាងពាក់កណ្តាល។ តែបញ្ហានៅត្រង់ថា បរិមាណសាច់ជ្រូករបស់ចិនខ្លួនឯងនេះក៏នៅមិនគ្រប់គ្រាន់ដើម្បីអាចឆ្លើយតបនឹងតម្រូវការសាច់របស់ពលរដ្ឋដែលកំពុងកើនឡើងផង។ នៅក្នុងករណីនេះ ចិននៅបន្តពឹងលើការនាំចូលសាច់ពីបរទេសនាប៉ុន្មានឆ្នាំខាងមុខ ពិសេសសាច់គោ។ ចូរកុំភ្លេចថា នគរោបនីយកម្មបានហុចចេញនូវផលវិបាកដែលគេមិនអាចមើលរំលងបាន នោះគឺការរួមតូចនូវផ្ទៃដីកសិកម្ម និងការបំពុលដី។ គួរបញ្ជាក់ថាសព្វថ្ងៃនេះ ចិនទើបបានផ្តើមបង្កើនការចិញ្ចឹមជ្រូកឡើងវិញ ក្រោយពីមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលហាក់នៅមិនបានកំចាត់បាត់ទាំងស្រុងនៅឡើយទេ។ក្រៅពីចិន ជំងឺប៉េស្តជ្រូកអាហ្រ្វិកដដែលមួយនេះក៏បានឆ្លងរាលដាលចូលនៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ដែរ។ សព្វថ្ងៃនេះ ចិនបាននាំសាច់ជ្រូកចូលជាង ១លានតោនក្នុងមួយឆ្នាំ។ ចំណែកសាច់គោវិញត្រូវបានចិននាំចូលច្រើនពីប្រទេសប្រេស៊ីល អាហ្សង់ទីន និងអ៊ុយរូហ្កាយ។ ប្រទេសនៅអាមេរិកឡាទីនទាំង ៣នេះផ្គត់ផ្គង់ឲ្យទីផ្សារសាច់គោចិនចំនួន ៣ភាគ៤។ ដូច្នេះខុសពីការលើកឡើង ការទទួលទានសាច់ក្នុងពិភពលោកមិនមានការថយចុះទេ នោះបើទោះបីជាមានការទទួលស្គាល់ពីផលវិបាករបស់វាចំពោះបរិស្ថានក៏ដោយ។ តាមអង្គការស្បៀង និងកសិកម្មFAO ការប្រើសាច់បានរួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជិត ១៥%។តែទោះជាយ៉ាងនេះក្តី ការប្រើសាច់នៅក្នុងលោកនឹងកើនថែមទៀតពី ១០% ទៅ ១៥% ពីពេលនេះទៅឆ្នាំ ២០៣២ ក្រោយពីបានឡើង ៦ដងនារយៈពេល ៦០ឆ្នាំចុងក្រោយនេះ។ នៅក្នុងប្រទេសចិន ការប្រើសាច់បានគុណ ១ នឹង ២០ដងគិតតាំងពីឆ្នាំ ១៩៦០។ ចិនត្រូវការស្បៀងដើម្បីចិញ្ចឹមពលរដ្ឋរបស់ខ្លួនទាំង ១ ៤០០លាននាក់ជារឿងមួយធម្មតា។ តែចំណោតនៅត្រង់ថា កំណើនតម្រូវការស្បៀងរបស់ចិន មិនថាសាច់ ឬជាអាហារអ្វីទេបានធ្វើឲ្យតម្លៃរបស់វានៅលើទីផ្សារពិភពលោកឡើងថ្លៃខ្ពស់។ នេះអាចជាផលវិបាកជះទៅលើប្រទេសមួយចំនួនដែលមានតម្រូវការដូចចិន តែគ្មានសមត្ថភាពដើម្បីទិញ។សរុបមក ចិនកំពុងពឹងខ្លាំងលើការនាំចូលសាច់ មិនថាសាច់ជ្រូក ឬសាច់គោពីបរទេសដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងជាមួយនឹងកំណើនរបស់ប្រជាពលរដ្ឋ។ តែក្នុងពេលជាមួយគ្នា និងដើម្បីបង្ការលើការពឹងពាក់លើអ្នកដទៃ ចិនបានផ្តើមស្វែងរកបច្ចេកវិទ្យាដើម្បីបង្កើតសាច់សិប្បនិម្មិតដែលមានរស់ជាតិ និងក្លិនដូចសាច់មែនទែន មិនថាសាច់ជ្រូក សាច់គោ ឬសាច់មាន់ទេ៕
7/18/2023 • 4 minutes, 48 seconds The Economist៖ ហេតុអ្វីសាលាវៀតណាមល្អខ្លាំង?
ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។ វៀតណាមយល់អំពីតម្លៃនៃការអប់រំ និងវៀតណាមបណ្ដុះគ្រូបានល្អ ហើយវិស័យអប់រំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបក្សកុម្មនិស្ដវៀតណាម។ បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ ធ្លាប់បានលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។” នាអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយ សេដ្ឋកិច្ចវៀតណាមមានកំណើនខ្ពស់ ហើយប្រជាជនក៏មានជីវភាពកាន់តែប្រសើរផងដែរ។ កម្រិតប្រាក់ចំណូលរបស់ប្រជាជនវៀតណាមម្នាក់ៗជាមធ្យមប្រចាំឆ្នាំបច្ចុប្បន្នមានត្រឹមតែប្រមាណ៣៧៦០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាជាកម្រិតទាបជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមមាន ម៉ាឡេស៊ី និងថៃ។ ទោះជាយ៉ាងណា បើមើលទៅលើគុណភាពនៃការសិក្សារបស់សិស្សនិស្សិត ការអប់រំរបស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់ ជាឧទាហរណ៍ ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ តែងតែលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។”រហូតមកដល់ពេលបច្ចុប្បន្ន កុមារវៀតណាមមានឱកាសចូលរៀននៅក្នុងប្រព័ន្ធសិក្សាដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ នេះបើមើលទៅលើការវាយតម្លៃស្ដង់ដារអន្តរជាតិលើអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ទិន្នន័យចុងក្រោយរបស់ធនាគារពិភពលោកបង្ហាញថា បើគិតលើពិន្ទុសិក្សាសរុប សិស្សវៀតណាមមិនត្រឹមតែមានប្រៀបជាងសិស្សនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្រិតលើសប្រទេសអង់គ្លេស និងកាណាដា ដែលជាប្រទេសមានប្រាក់ចំណូលច្រើនជាងវៀតណាមឆ្ងាយណាស់។នៅវៀតណាម ការសិក្សារបស់កុមារគឺជាលទ្ធផលនៃកត្តាយ៉ាងច្រើន ដែលភាគច្រើនចាប់ផ្តើមនៅផ្ទះជាមួយឪពុកម្តាយ ហើយនិងបរិយាកាសដែលកុមារធំឡើង។ ប៉ុន្តែ កត្តាទាំងនេះគឺមិនគ្រប់គ្រាន់ទេ ដើម្បីពន្យល់ពីការកើនឡើងនៃគុណភាពរបស់វិស័យអប់រំនៅវៀតណាម។ កត្តាគន្លឹះចម្បងនោះគឺ អ្វីដែលកើតឡើងនៅក្នុងថ្នាក់រៀន។ កុមារវៀតណាមរៀនសូត្របានច្រើននៅសាលា ជាពិសេសតាំងពីឆ្នាំដំបូងនៃការសិក្សារបស់ពួកគេ។នៅក្នុងការសិក្សាមួយនៅឆ្នាំ២០២០ លោក Abhijeet Singh នៃសាលា Stockholm School of Economics បានវាស់ស្ទង់ផលិតភាពនៃការសិក្សារបស់សិស្សនៅវៀតណាម អេត្យូពី ឥណ្ឌា និងប៉េរូ។ លទ្ធផលបានបង្ហាញថា កូនសិស្សវៀតណាមដែលមានអាយុចន្លោះពី៥ទៅ៨ឆ្នាំ បាននាំមុខកូនសិស្សផ្សេងទៀត។ ប្រសិនបើកូនសិស្សទាំងនោះទទួលការអប់រំក្នុងពេលមួយឆ្នាំទៀត នោះវាបង្កើនប្រូបាប៊ីលីតេដែលកុមារវៀតណាមអាចដោះស្រាយលំហាត់គណិតវិទ្យាកើនឡើង២១ពិន្ទុ ស្របពេលដែលកូនសិស្សនៅប្រទេសឥណ្ឌាមានកើនឡើងត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ។ផ្អែកតាមការសិក្សាមួយផ្សេងទៀត ក្នុងឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សកល (The Centre for Global Development) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានរកឃើញថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៦ក្នុងចំណោម ៨៧ប្រទេស គុណភាពនៃការអប់រំពាក់ព័ន្ធនឹងអំណាន បានធ្លាក់ចុះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ក៏ប៉ុន្តែ នៅវៀតណាម លទ្ធផលអំណានមានការកើនឡើង។ផ្អែកតាមការចេញផ្សាយរបស់កាសែត The Economist វៀតណាមយល់ពីតម្លៃនៃការអប់រំ និងបណ្ដុះគ្រូបានល្អ។ គ្រូវៀតណាមត្រូវបានជ្រើសរើស ដោយមានលក្ខណៈសម្បត្តិល្អប្រសើរជាងមុន មានប្រសិទ្ធភាពជាងមុនក្នុងការបង្រៀន និងបំពេញការងារបានយ៉ាងល្អ។ គ្រូៗទទួលបានការបណ្តុះបណ្តាលជាញឹកញាប់ ហើយត្រូវផ្តល់សេរីភាពក្នុងរៀបចំកម្មវិធីបង្រៀន។ គ្រូនៅតំបន់ដាច់ស្រយាលទទួលប្រាក់ឧបត្ថម្ភច្រើនជាងមុន។ សំខាន់បំផុត ការវាយតម្លៃរបស់គ្រូគឺផ្អែកលើការអនុវត្តរបស់សិស្ស និងលទ្ធផលជាក់ស្ដែងរបស់ពួកគេ។ គ្រូៗដែលមានសិស្សឆ្នើមនឹងទទួលរង្វាន់ “គ្រូឆ្នើម” ដ៏មានឥទ្ធិពលនៅវៀតណាម។ក្រៅពីនេះ ការអប់រំនៅវៀតណាមទទួលការគាំទ្រយ៉ាងពេញទំហឹងពីបក្សកុម្មនិស្ដវៀតណាមផងដែរ។ នៅវៀតណាម គ្រូបង្រៀនជាច្រើនជាសមាជិកបក្ស។ បណ្ដាខេត្តនៅវៀតណាមត្រូវចំណាយ ២០%នៃថវិការបស់ពួកគេលើវិស័យអប់រំ ដើម្បីជំរុញគោលការណ៍សមធម៌ក្នុងតំបន់របស់ពួកគេ។ គណបក្សយកចិត្តទុកដាក់យ៉ាងខ្លាំងលើរឿងនេះ ដើម្បីធានាដល់ការកែសម្រួលគោលនយោបាយអប់រំ ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងស្តង់ដារបង្រៀន។ លោក Ngo Quang Vinh មន្ត្រីផ្នែកសង្គមនៅធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា គ្រួសាររបស់វៀតណាមមានការប្តេជ្ញាចិត្តណាស់ចំពោះការអប់រំ ព្រោះពួកគេមានវប្បធម៌ពីលទ្ធិខុងជឺ ដែលការអប់រំគឺជាស្នូលនៃជីវិត។ គាត់និយាយថា សូម្បីតែឪពុកម្ដាយក្រីក្រក៏ព្យាយាមធ្វើយ៉ាងណាឱ្យកូនចូលរៀនឯកជនបន្ថែមផងដែរ។ នៅតាមទីក្រុង ប្រជាជនជាច្រើនស្វែងរកសាលារៀនដែលគ្រូបានទទួលងារជា "គ្រូឆ្នើមក្នុងការបង្រៀន Excellence in teaching"។ទោះជាយ៉ាងណា លោក Phung Duc Tung នាយកវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍មេគង្គ នៅរដ្ឋធានីហាណូយ បានលើកឡើងថា ក្រុមហ៊ុនកាន់តែច្រើនចង់បានបុគ្គលិកដែលមានជំនាញខ្ពស់ជាងមុន ដូចជា ជំនាញគ្រប់គ្រង ដែលនិស្សិតវៀតណាមជាទូទៅមិនត្រូវបានបណ្តុះបណ្តាលទេ ហើយបញ្ហាវិសមភាពរវាងការអប់រំនៅទីក្រុង និងទីជនបទក៏បានកើនឡើងផង។ ដើម្បីធានាថា វៀតណាមនៅតែស្ថិតក្នុងលំដាប់ថ្នាក់ល្អបំផុតនៅក្នុងវិស័យអប់រំ រដ្ឋាភិបាលនឹងត្រូវដោះស្រាយនិន្នាការទាំងនេះ។ លោកបានលើកឡើងថា ដូចដែល លោក ហូ ជីមិញ ចូលចិត្តដាស់តឿនប្រជាជន ការដាំដុះទាមទារការយកចិត្តទុកដាក់ជាប្រចាំ៕
7/17/2023 • 5 minutes, 1 second ហេតុអ្វីឆ្នាំនេះបារាំងលាកម្រាលព្រំទទួលឥណ្ ឌាជាភ្ញៀវកិត្តិយស ក្នុងថ្ងៃបុណ្យជាតិ?
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីបុណ្យជាតិ ថ្ងៃទី ១៤កក្កដា។ នេះជានិម្មតរូបបញ្ជាក់ឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងៗរវាងបារាំងនិងឥណ្ឌា ដែលកំពុងសាកល្បងចាប់ចំណែករបស់ខ្លួន នៅក្នុងពិភពលោកដ៏កាន់តែតានតឹង មានតែភាពប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិននិងអាមេរិក។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី រងការរិះគន់ថាកំពុងបែកទៅដឹកនាំប្រទេសរបៀបផ្តាច់ការ និងប្រើនយោបាយបង្ក្រាបប្រជាពលរដ្ឋជាជនជាតិភាគតិចអ៊ីស្លាមជាង១៩៥លាននាក់ ឥតត្រាប្រណី ប៉ុន្តែហេតុអ្វីបានជាបារាំងជ្រើសរើសអញ្ជើញ ជាភ្ញៀវកិត្តិយស មកអង្គុយក្បែរប្រធានាធិបតីនៅលើវេទិកា នាឱកាសដង្ហែក្បួនព្យុះហយាត្រា ក្នុងថ្ងៃបុណ្យជាតិ ថ្ងៃទី១៤កក្កដាទៅវិញ?មកពីទំនាក់ទំនងជាមួយឥណ្ឌា ជាចំណងមិនអាចខ្វះបានទេ។ នេះជាចម្លើយដ៏ខ្លីរបស់ទីប្រឹក្សាវិមានប្រធានាធិបតី។ ឥណ្ឌាជាមានតួនាទីស្នូលក្នុងសំណុំរឿងពិភពលោកចម្បងៗ ព្រោះឥណ្ឌាជាមហាអំណាចពិភពលោកលំដាប់ទី៥ ជាមហាអំណាចទីមួយផ្នែកប្រជាជន (ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក) និងជាប់លេខបីពិភពលោកខាងបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដូច្នេះគ្មានអ្វីអាចទៅរួចដោយគ្មានឥណ្ឌាទេ ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបួន នៅក្នុងប្រទេសបារាំង ក្រោមអាណត្តិរបស់លោកប្រធានាធិបតីម៉ាក្រុង ដែលចាប់ផ្តើមពីថ្ងៃ ព្រហស្បតិ៍ទី ១៣កក្កដាទៅ ភ្ញៀវកិត្តិយស ម៉ូឌី នឹងអង្គុយក្បែរម្ចាស់ផ្ទះទស្សនាក្បួនព្យុះហយាត្រា ដែលមានយោធាឥណ្ឌា និងយន្តហោះប្រដេញរាហ្វាល់ឥណ្ឌាបីគ្រឿង ចូលរួមដង្ហែក្នុងថ្ងៃបុណ្យជាតិបារាំងដែរ។ លោកម៉ូឌី នឹងទទួលទានអាហារពេលល្ងាច ជាមួយប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាល្ងាចថ្ងៃព្រហស្បតិ៍ជាលក្ខណៈឯកជន និងបន្ទាប់មកនៅល្ងាចថ្ងៃសុក្រ នៅសារមន្ទីរLouvres មុននឹងចេញទៅមើលកាំជ្រួចជាមួយគ្នា។មានមូលហេតុច្រើនដែលជំរុញប្រធានាធិបតីបារាំងស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌាយ៉ាងពិសេសដូច្នេះ។ ដំបូង គឺមូលហេតុការទូត ៖ ក្នុងខណៈដែលបារាំងហាក់ឯកា ឬរងការតវាច្រើនក្នុងរង្វង់អឺរ៉ុប និងសម្ព័ន្ធអាត្លង់ទិក (អូតង់) វាជាប្រការល្អដែលបារាំងបើកចំហទៅរកក្រុមប្រទេសធំៗក្នុងចំណោមក្រុមប្រទេសកំពុងលូតលាស់ ដូចយ៉ាងប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា។ បារាំងរបស់លោកម៉ាក្រុង ចង់មានចំណែកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងចង់ធ្វើស្ពានភ្ជាប់ក្រុមសេរីនិយម លោកខាងលិច និងជាតិភាគច្រើនក្នុងតំបន់។ មហាយក្សឥណ្ឌា មានទំនាក់ទំនងសាំញ៉ាំណាស់ជាមួយចិន តែគោរពនយោបាយការទូតពហុនិយម ដូចបារាំងដែរ។ ប្រទេសប្រទេសទាំងពីរ មានជំហរមិនប្រកាន់ខ្សែ បក្សសម្ព័ន្ធ ថាត្រូវតែកាន់ខាងនេះ ឬប្លុកនោះទេ ហើយមានយុទ្ធសាស្ត្រដូចគ្នា ជាពិសេសយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានទិសដៅចង់ទប់ទល់នយោបាយវាតទីនិយមរបស់ចិនផង និងនយោបាយពង្រីកឥទ្ធិពលរបស់អាមេរិកក្នុងតំបន់ផង។ សូមបញ្ជាក់ថាបារាំងក៏មានដែនដីមួយចំនួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលគេហៅដែនដីនាយសមុទ្ទបារាំង។បារាំងនិងឥណ្ឌាបង្ហាញឆន្ទៈចង់ដើរតួនាទីជាមហាអំណាចលំនឹង មានសមត្ថភាពនិយាយរកគ្រប់ភាគី។ ថ្វីបើលោកម៉ាក្រុង ហាក់ដកខ្លួនចេញឆ្ងាយពីលោកពូទីនមែន តែលោកម៉ូឌី នៅបន្តរក្សាទំនាក់ទំនងជាប្រពៃណីជាមួយម៉ូស្គូជានិច្ច ដោយបដិសេធមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ្នកឈ្លានពានអ៊ុយក្រែន ហើយក៏មិនថ្កោលទោសទង្វើរបស់រុស្ស៊ីដែរ។ជាងនេះទៅទៀត មហាអំណាចនុយក្លេអ៊ែរទាំងពីរ បានចងភ្ជាប់គ្នាដោយភាពជាដៃគូយុទ្ធសាស្ត្រ ចំណាស់២៥ឆ្នាំហើយ ជាក់ស្តែងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការទិញយន្តហោះរ៉ាហ្វាល់ពីបារាំង។ បើតាមគេហទំព័រសារព័ត៌មាន la Tribune ការបញ្ជាទិញយន្តហោះរ៉ាហ្វាល់ប្រភេទហោះពីនាវាផ្ទុកយន្តហោះ ២៦គ្រឿង និងនាវាមុជទឹកបីគ្រឿង ទំនងជាអាចនឹងត្រូវចុះហត្ថលេខាក្នុងទស្សនកិច្ចនេះផង។ ប៉ុន្តែពុំទាន់មានការបញ្ជាក់ជាផ្លូវការណាមួយទេ គិតមកទល់នឹងថ្ងៃអង្គារទី ១១កក្កដា។កិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាសនិងផ្កាយរណប អន្តរកាលថាមពល ក៏ជាមូលហេតុសំខាន់មួយទៀតដែលបារាំងមិនអាចមើលរំលងឥណ្ឌាបានឡើយ។ អ៊ីចឹងត្រូវធិបបញ្ហាសិទ្ធិមនុស្ស? លោកម៉ូឌី ទើបនឹងបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅអាមេរិក ដោយគ្មានទេការធ្វើពហិការទ្រង់ទ្រាយធំប្រឆាំងនឹងលោកម៉ូឌី ព្រោះបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌា។ ដូច្នេះបើតាមអ្នកការទូត ប្រមុខជាតិនិយមឥណ្ឌាអាចងាកទៅរកអាមេរិក បើបារាំងរារាំងប្រយោជន៍ឥណ្ឌាដោយហេតុសិទ្ធិមនុស្ស។ នេះហើយជា Real Politik៕
7/12/2023 • 4 minutes, 30 seconds អង្គការសហប្រជាជាតិអំពាវនាវឲ្យស្រោចស្រង់កម្មវត្ថុអភិវឌ្ឍន៍មនុស្សជាតិដែលកំពុងជួបហានិភ័យ
នៅថ្ងៃចន្ទ ទី១០ កក្កដា អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយស្តីពីការអនុវត្តន៍លើកម្មវត្ថុអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេល ១៥ឆ្នាំពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០។ ដូច្នេះគិតត្រឹមឆ្នាំ ២០២៣ ការអនុវត្តន៍លើកម្មវត្ថុមួយនេះបានឈានដល់ពាក់កណ្តាលទី និងត្រូវដើរជិតដល់គោលដៅនៅឆ្នាំ ២០៣០។ តែបើតាមប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍ ការអនុវត្តន៍លើផ្នែកខ្លះនៃកម្មវត្ថុមួយនេះបែរជានៅទ្រឹងមួយកន្លែង ឬកំពុងដើរថយក្រោយទៅវិញ។ នៅក្នុងន័យនេះ លោកអង់តូនីញ៉ូ ហ្គូទែរស៍បានអំពាវនាវឲ្យប្រទេសទាំងអស់ប្រឹងប្រែងបន្ថែម និងឲ្យបានលឿនជាងសព្វថ្ងៃ។ កាលពី ១៥ឆ្នាំមុន ពោលក្នុងឆ្នាំ ២០១៥ ប្រទេសសមាជិកអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទលើគម្រោងអភិវឌ្ឍន៍មនុស្សជាតិដែលគេឲ្យឈ្មោះ « កាលវិភាគ ២០៣០ »។ នៅក្នុង « កាលវិភាគ ២០៣០ » នេះ អង្គការសហប្រជាជាតិបានកំណត់យកកម្មវត្ថុនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៧កម្មវត្ថុដែលមានចំនួន ១៦៩ផ្ទាំងស៊ីបខុសគ្នា។ អ្វីដែលអង្គការសហប្រជាជាតិចង់បានតាមរយៈ « កាលវិភាគ ២០៣០ » គឺការកសាងអនាគតមួយប្រសើរ និងប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងអស់នៅដំណាច់ទសវត្សរ៍នេះ។កាត់បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាពក្នុងសង្គម ការទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី កុមារគ្រប់រូបត្រូវទៅសាលារៀន ទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា កាត់បន្ថយអត្រាមរណៈទារក មានអ៊ីនធ័រនែត និងភ្លើងអគ្គីសនីប្រើគ្រប់គ្នា ទទួលបានសេវាសុខភាពគ្រប់គ្នា។ល។ និង។ល។ ទាំងអស់នេះសុទ្ធសឹងជាផែនការសន្យាដែលប្រទេសសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិត្រូវសម្រេចឲ្យបានក្នុងរយៈពេល ១៥ឆ្នាំពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០។ គិតត្រឹមពាក់ឆ្នាំ ២០២៣ អស់រយៈពេល ៨ឆ្នាំមកហើយដែលពិភពលោកបានអនុវត្តលើផែនការខាងលើ។ ដូច្នេះ តើអ្វីទៅជាលទ្ធផលដែលទទួលបានតាំងពីឆ្នាំ ២០១៥ មកដល់សព្វថ្ងៃ?។មិនល្អទាល់តែសោះ នេះជាការសន្និដ្ឋានរបស់អង្គការសហប្រជាជាតិតាមរយៈរបាយការណ៍មួយចេញផ្សាយក្នុងថ្ងៃចន្ទ ទី១០ កក្កដា។ ប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍បានបញ្ជាក់ដោយទាញសញ្ញាអាសន្នថា នៅក្នុងការវាយតម្លៃលើការអនុវត្តន៍ផែការសន្យាចំនួន ១៤០ចំណុច មានជាង ៣០% មិនត្រឹមតែគ្មានការចម្រើនទៅមុខប៉ុណ្ណោះទេ តែបែរជាបានធ្លាក់ចុះទៅវិញតាំងពីឆ្នាំ ២០១៥។ បើអ្វីៗនឹងបន្តមានសង្វាក់ដូចសព្វថ្ងៃ មានមនុស្សចំនួន ៥៧៥លាននាក់នឹងបន្តរស់នៅក្នុងភាពក្រីក្រខ្លាំងនៅឆ្នាំ ២០៣០។ធ្ងន់ធ្ងរជាងនេះ របាយការណ៍បានគូសបញ្ជាក់ថា ពិភពលោកបានដើរថយក្រោយវិលទៅរកកម្រិតអត់ឃ្លានដូចឆ្នាំ ២០០៥។ ជាក់ស្តែងក្នុងឆ្នាំ ២០២១ មានមនុស្សម្នាក់ក្នុងចំណោម៣នាក់ក្នុងលោក ឬស្មើនឹង ២ ៣០០លាននាក់បានរស់ក្នុងអសន្តិសុខស្បៀងអាហារល្មម ឬខ្លាំង។ របាយការណ៍ដដែលបានកត់សម្គាល់ឃើញថា មនុស្សចំនួន ១ ១០០លាននាក់ដែលកំពុងរស់នៅតាមទីក្រុង និងជាយក្រុងបែរជាមានលក្ខខណ្ឌជីវិតរស់នៅដូចអ្នករស់នៅតាមទីកន្លែងអានាធិបតេយ្យទៅវិញ ហើយចំនួននេះនឹងកើនដល់ ២ ០០០លាននាក់ពីពេលនេះទៅ ៣០ឆ្នាំខាងមុខ។ ទាក់ទងនឹងសមភាពបុរស ស្រ្តីត្រូវបានរបាយការណ៍គូសបញ្ជាក់ពីភាពរីកចម្រើនយឺតខ្លាំងមែនទែន។បើអ្វីៗនឹងមានដំណើរការដូចសព្វថ្ងៃ គេត្រូវប្រើពេលចំនួន ២៨៦ឆ្នាំដើម្បីលុបបំបាត់ច្បាប់ទាំងអស់ដែលមានការរើសអើងចំពោះស្រ្តី និងត្រូវចំណាយពេលរហូតដល់ទៅ ៣០០ឆ្នាំដើម្បីបិទបញ្ចប់អាពាហ៍ពិពាហ៍កុមារ។បើគ្មានវិធានការថ្មីលើសពីអ្វីដែលកំពុងមានសព្វថ្ងៃទេ មានតែ ១ប្រទេសគត់ក្នុងចំណោម ៦ប្រទេសដែលនឹងឈានដល់គោលដៅមានសាលាមធ្យមសិក្សាសម្រាប់កូនក្មេងទាំងអស់។ តើភាពយឺតយ៉ាវក្នុងការអនុវត្តន៍ផែនការ « កាលវិភាគ ២០៣០ »ជាកំហុសរបស់អ្នកណា និងដោយមូលហេតុអ្វីទៅ?។តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជំងឺឆ្លងកូវីដ១៩ មានចំណែកទទួលខុសត្រូវនៅក្នុងភាពយឺតយ៉ាវនេះ។ ចំណែកហេតុផលមួយទៀត អង្គការសហប្រជាជាតិបានទម្លាក់ការទទួលខុសត្រូវលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលបានរារាំងដល់វឌ្ឍនភាពរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ « កប់នៅក្រោមភ្នំនៃបំណុល ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេដោយភាពបរាជ័យរួមរបស់យើងក្នុងការវិនិយោគលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព » នេះជាការគូសបញ្ជាក់របស់ប្រមុខអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍។ សរុបមក នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ និងនៅសល់ពេល ៧ឆ្នាំទៀតដើម្បីសម្រេចឲ្យបាននូវកម្មវត្ថុអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ ២០៣០។តើវាមិនយឺតពេលហើយទេដឹងក្នុងការសម្រេចឲ្យបាននូវកម្មវត្ថុមួយនេះ?។ មិនយឺតពេលទេ តែត្រូវចាប់ផ្តើមពន្លឿនពីឥឡូវនេះទៅ នេះជាការបញ្ជាក់ដោយព្រមានរបស់លោកអង់តូនីញ៉ូ ហ្គូទែរស៍។ បន្ថែមពីលើនេះ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យអនុម័តនូវផែនការសង្រ្គោះមួយចំពោះកម្មវត្ថុអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងផែនការសង្រ្គោះនេះ លោកអង់តូនីញ៉ូ ហ្គូទែរស៍បានស្នើឲ្យមានឆន្ទៈនយោបាយថ្មី និងការបន្ថែមថវិកាចំនួន ៥០០ ០០០លានដុល្លារក្នុងមួយឆ្នាំពីពេលនេះទៅឆ្នាំ ២០៣០។ សំណើទាំងអស់នេះនឹងដាក់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលគ្រោងរៀបចំរយៈពេល ២ថ្ងៃពីថ្ងៃទី១៨ ដល់ទី១៩ កញ្ញាខាងមុខ៕
7/11/2023 • 5 minutes, 50 seconds តើអង្គការណាតូកំពុងយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំងដូចការចោទរបស់ចិនដែរ ឬទេ?
ក្នុងរយៈពេល ២ថ្ងៃពីថ្ងៃអង្គារ ទី១១ ដល់ថ្ងៃពុធ ទី១២ កក្កដា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ជាភាសាអង់គ្លេសណាតូបើកកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី។ ចិនមិនមែនជាសមាជិក ហើយក៏មិនត្រូវបានណាតូអញ្ជើញឲ្យចូលរួមដែរ។ តែណាតូបានអញ្ជើញប្រទេសអូស្រា្តលី ជប៉ុន នូវែលសេឡង់ និងប្រទេសកូរ៉េខាងត្បូង។ កាយវិការនេះត្រូវបានចិនចោទណាតូពីបទយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំង។ ហេតុអ្វីបានជាចិនលើកឡើងយ៉ាងដូចនេះ និងថា តើចិនគួរបារម្ភពីការពង្រីកសមាជិកណាតូទៅកាន់អាស៊ីដែរ ឬទេ? ចាប់កំណើតក្នុងថ្ងៃទី៤ មេសា ឆ្នាំ ១៩៤៩ ដោយមានសមាជិកចំនួន ១២ប្រទេសមកពីអឺរ៉ុប និងអាមេរិកខាងជើង អង្គការណាតូមានសមាជិកសរុបចំនួន ៣១ប្រទេសនាពេលសព្វថ្ងៃ។ តែនៅពេលខាងមុខ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះអាចមានសមាជិកថ្មីបន្ថែមទៀត ពិសេសមុនគេគឺប្រទេសស៊ុយអែត។ គួរបញ្ជាក់ថា នៅក្នុងចំណោមសមាជិកទាំង ៣១ប្រទេសរបស់ណាតូ គឺគ្មានប្រទេសអាស៊ីទេ។ តែទោះជាយ៉ាងនេះក្តី ចិនដែលជាប្រទេសមហាអំណាចមួយនៅអាស៊ីបានតាមដាន និងឃ្លាំមើលការវិវត្តន៍របស់ណាតូដោយមិនដាក់ភ្នែក។មានមូលហេតុសំខាន់ចំនួនពីរដែលបញ្ជាក់ត្រង់ចំណុចនេះ ទី១ ណាតូហាក់កំពុងចាប់អារម្មណ៍ និងបែរសម្លឹងទៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងទី២ ណាតូហាក់កំពុងដាក់ចិននៅក្នុងបញ្ជីប្រទេសគូប្រជែង ឬអាចជាសត្រូវដែលមិនអាចធ្វេសប្រហែស និងមើលរំលងបានឡើយ។ ណាតូហាក់កំពុងចាប់អារម្មណ៍ និងបែរសម្លឹងទៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះនៅក្នុងកិច្ចប្រជុំកំពូលរៀបចំក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីឆ្នាំ ២០២២ ណាតូបានអញ្ជើញ ៤ប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកឲ្យចូលរួមក្នុងនាមជាភ្ញៀវ គឺប្រទេសអូស្រា្តលី ជប៉ុន នូវែលសេឡង់ និងប្រទេសកូរ៉េខាងត្បូង។ នេះជាលើកទី១ ដែលណាតូបានអញ្ជើញប្រទេសទាំង ៤ ឲ្យចូលរួម។តែសម្រាប់ចិន ទោះការអញ្ជើញពេលនោះជាលើកទី១ ឬជាលើកទីប៉ុន្មានក៏ដោយ គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យខ្លួនបារម្ភ និងមិនអាចធ្វើព្រងើយកន្តើយបានទេ។ ចំណែកណាតូហាក់កំពុងយកចិនធ្វើជាគូប្រជែង ឬអាចជាសត្រូវ ព្រោះនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅក្រោយជំនួបកំពូលឆ្នាំ ២០២២ ណាតូបានចាត់ទុកចិនជាតួអង្គមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់ណាតូ។ ណាតូមើលឃើញថា ចិនកំពុងព្យាយាមធ្វើឲ្យផុយស្រួយនូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ជាធំ។ ការហ៊ាននិយាយយ៉ាងដូចនេះត្រូវបានប្រមុខអង្គការណាតូលោកយែន ស្តុលទែនប៊ែរពន្យល់បកស្រាយនាដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនកាលពីដំណាច់ខែមករា ឆ្នាំ ២០២៣ នេះ។លោកស្តុលទែនប៊ែរបានលើកឡើងជាពិសេសពីឥទ្ធិពល និងអាកប្បកិរិយាឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងនៅក្នុងតំបន់ ការបង្កើតសព្វាវុធបាញ់ចម្ងាយឆ្ងាយ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។ ការឆ្លើយបកវិញរបស់ចិនហាក់ដូចយឺតពេលបន្តិចមែន តែចិនមិនដែលទុកឲ្យការវាយប្រហារណាមួយលើខ្លួនកន្លងហួសដោយគ្មានការឆ្លើយតបនោះទេ។ ថ្លែងទៅកាន់ក្រុមមន្រ្តីការទូតជប៉ុន និងកូរ៉េខាងត្បូងក្នុងថ្ងៃទី៤ កក្កដា នាយកការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តចិនទទួលបន្ទុកកិច្ចការបរទេសលោកវ៉ាង យីបានប្រើឃ្លាក្នុងន័យចំអកថា « អាមេរិក និងអឺរ៉ុបអសមត្ថភាពក្នុងការបែងចែករវាងជនជាតិចិន ជនជាតិជប៉ុន និងជនជាតិកូរ៉េ។ ទោះជាយើងទៅលាបសក់ពណ៌ទង់ដែង ឬទៅកែច្រមុះឡើងវិញក៏យើងមិនអាចក្លាយជាជនជាតិលោកខាងលិចបានដែរ។ យើងត្រូវដឹងថាតើប្រភពកំណើតរបស់យើងនៅឯណា »។ចំណែកប្រតិកម្មចំៗ និងខ្លាំងៗរបស់ចិនបានចេញពីមាត់រដ្ឋមន្រ្តីការពារជាតិចិនលោកលី ស្ហាំងហ្វូ។ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្តិសុខរៀបចំក្នុងប្រទេសសិង្ហបុរីនាដើមខែមិថុនា លោកលី ស្ហាំងហ្វូបានវាយតម្លៃថា គោលបំណងរបស់សម្ព័ន្ធយោធា ដូចជាណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺយកប្រទេសក្នុងតំបន់ធ្វើជាចំណាប់ខ្មាំង និងបង្កជម្លោះ រួមទាំងការប្រឈមមុខ។ តាមប្រមុខការពារជាតិចិន ការប៉ុនប៉ងបែបនេះនឹងធ្វើឱ្យតំបន់ធ្លាក់ក្នុងជម្លោះ និងការបែកបាក់។ តាមរយៈប្រតិកម្មរបស់ចិននេះនាំឲ្យគេយល់បានថាតិច ឬច្រើន ចិនបារម្ភពីការពង្រីកឥទ្ធិពលរបស់អង្គការណាតូនៅអាស៊ី ពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិកដែលចិនកំពុងអាងយ៉ាងខ្លាំង។តែទោះជាយ៉ាងនេះក្តី រឿងតៃវ៉ាន់នៅតែជារឿងសំខាន់ និងអាទិភាពទី១ របស់ចិនដដែល។ រដ្ឋមន្រ្តីការពារជាតិចិនលោកលី ស្ហាំងហ្វូបានរម្លឹកជាថ្មីនៅសិង្ហបុរីដែលលោកបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិសុខថា តៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ អាចថាជារឿងចៃដន្យក៏ថាបាន មិនចៃដន្យក៏ថា ព្រោះក្នុងថ្ងៃទី៦ កក្កដា ពោលប៉ុន្មានថ្ងៃមុនអង្គការណាតូបើកកិច្ចប្រជុំកំពូលក្នុងថ្ងៃទី១១ កក្កដា ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានធ្វើដំណើរទៅកាន់ទីបញ្ជាការដ្ឋានកងទ័ពក្នុងខេត្តជាំងស៊ូដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់។នៅទីនោះ លោកស៊ីបានប្រាប់កងទ័ពចិនឲ្យហ៊ានប្រយុទ្ធ ប្រយុទ្ធឲ្យល្អបំផុត និងត្រូវប្តេជ្ញាប្រយុទ្ធដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ ទន្ទឹមគ្នានេះនៅក្រុងសៀងហៃ កងទ័ពជើងទឹកចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នារយៈពេលមួយសប្តាហ៍តាំងពីថ្ងៃទី៥ កក្កដាដល់ថ្ងៃទី១១ កក្កដាដែលជាថ្ងៃទី១ នៃការបើកកិច្ចប្រជុំកំពូលរបស់អង្គការណាតូ៕
7/10/2023 • 5 minutes, 46 seconds ហេតុអ្វីរុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនទោះគ្មានសង្គ្រាម?
ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានមើលឃើញពីការដើរថយក្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងច្រើន នៅសតវត្សរ៍ទី២១នេះ។ អត្រាកំណើតធ្លាក់ចុះ អត្រាមរណៈកើនឡើង កម្រិតច្នៃប្រឌិតដើរថយក្រោយ រួមផ្សំនឹងការកើនឡើងអំពើពុករលួយសុទ្ធតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់វឌ្ឍនភាពប្រទេស។ ប្រឈមនឹងផលលំបាកនៃសង្គ្រាម ស្របពេលដែលប្រជាជនរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេស តើគេអាចនិយាយថារុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនដែរឬយ៉ាងណា? គិតមកដល់ថ្ងៃនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាង៥០០ថ្ងៃទៅហើយ។ សង្គ្រាមនេះបានបង្កផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរមិនថាលើប្រទេសរុស្ស៊ី និងអ៊ុយក្រែនផ្ទាល់ ប៉ុន្តែឥទ្ធិពលរបស់វាបានរីករាលដាលទៅកាន់ពិភពលោកទាំងមូល។នាពេលថ្មីៗ ផ្អែកតាមបទវិភាគរបស់លោក Fareed Zakaria នៃសារព័ត៌មាន CNN បង្ហាញថា បញ្ហាដ៏ធំបំផុតរបស់រុស្ស៊ីមិនមែនសង្គ្រាមនោះទេ ប៉ុន្តែវាជាការបាត់បង់សតវត្សរ៍ទី២១របស់ខ្លួន។ ហេតុអ្វី?អ្វីដែលជាបំណងប្រាថ្នារបស់រុស៊្សីដែលកំពុងដឹកនាំដោយ លោក វ៉្លាឌីមៀរ ពូទីន ថាអាចវាយលុកឈ្លានពានអ៊ុយក្រែនបានសម្រេច និងនៅក្នុងពេលដ៏ខ្លី ត្រូវបរាជ័យ។ ក៏ប៉ុន្តែ អ៊ុយក្រែនក្រោមជំនួយឧបត្ថម្ភយ៉ាងច្រើនពីប្រទេសសម្ព័ន្ធមិត្តលោកខាងលិច បានទប់ទល់ និងវាយបកទៅរុស្ស៊ីវិញ។ រហូតមកដល់ពេលបច្ចុប្បន្ន រុស្ស៊ីថែមទាំងត្រូវប្រឈមនឹងបញ្ហានៃការបែកបាក់ផ្ទៃក្នុងផងដែរ តួយ៉ាង ជាមួយក្រុមទាហានស៊ីឈ្នួលរបស់ខ្លួន។នៅក្នុងសៀវភៅ "The Third Wave" និពន្ធដោយលោក Samuel Huntington មានខ្លឹមសារសំខាន់មួយបង្ហាញថា នៅក្នុងរបបផ្តាច់ការដូចរុស្ស៊ីបច្ចុប្បន្ន ការបែកបាក់គ្នានៅក្នុងចំណោមឥស្សរជននយោបាយដែលកំពុងកាន់អំណាចគឺជាសញ្ញាអវិជ្ជមានបង្ហាញអំពីភាពទន់ខ្សោយនៃប្រព័ន្ធដឹកនាំទាំងមូល។ នៅពេលណាដែលសមាជិកសំខាន់ៗនៃប្រព័ន្ធដឹកនាំបែកបាក់ នោះជារឿយៗ វាអាចបង្កឱ្យមានការផ្លាស់ប្តូរកាន់តែធំឡើងៗ។ ផ្ទុយទៅវិញ នៅពេលដែលគេមិនអាចមើលឃើញការបែកបាក់ នោះវាក៏មានន័យថា មេដឹកនាំផ្តាច់ការប្រហែលជាអាចបន្ដដឹកនាំប្រទេសតទៅទៀត។ដើម្បីស្វែងយល់ពីការតស៊ូអំណាចនៅក្នុងប្រព័ន្ធដឹកនាំរបស់រុស្ស៊ី គេអាចស្វែងយល់អំពីអ្វីដែលលោក Winston Churchill បានធ្លាប់លើកឡើងថា “នយោបាយរបស់ប្រព័ន្ធដឹកនាំរុស្ស៊ី គឺដូចទៅនឹងស្ថានភាពនៃការប្រយុទ្ធគ្នារវាងចចកមួយក្រុម នៅក្រោមកម្រាលព្រំ។ អ្នកមើលពីក្រៅអាចត្រឹមតែឮសូរសំឡេងគ្រហឹមរបស់ចចកទាំងនោះ ហើយពេលគេឃើញឆ្អឹងហោះចេញពីក្រោមមក នោះគេអាចច្បាស់ថានរណាជាអ្នកណាឈ្នះ។”ទោះជាយ៉ាងណា អ្វីដែលរុស្ស៊ីត្រូវប្រឈមតាំងពីមុនមានសង្គ្រាមជាមួយអ៊ុយក្រែនគឺ សញ្ញាអវិជ្ជមាននៃការអភិវឌ្ឍនៅក្នុងប្រទេសខ្លួនតែម្ដង។ ស្ថិតិអាចធ្វើឱ្យយើងភ្ញាក់ផ្អើល។ ជាឧទាហរណ៍ កុមារជនជាតិរុស្ស៊ីម្នាក់អាយុ១៥ឆ្នាំសព្វថ្ងៃនេះមានអាយុកាលសង្ឃឹមរស់ជាមធ្យមដូចទៅនឹងកុមារអាយុ១៥ឆ្នាំនៅប្រទេសហៃទីដែលជាប្រទេសក្រីក្រ និងមានការអភិវឌ្ឍតិចតួចបំផុត។ នៅត្រង់ចំណុចនេះ គេត្រូវចាំថា រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុតរបស់ពិភពលោក បើគិតអំពីធនធានធម្មជាតិដែលរុស្ស៊ីមាន។ លើសពីនេះ រុស្ស៊ី គឺជាសង្គមមួយដែលមានទីក្រុងច្រើន ការអភិវឌ្ឍឧស្សាហកម្ម កម្រិតនៃការអប់រំ និងកម្រិតអក្ខរកម្មដែលធ្លាប់អាចប្រៀបធៀបទៅនឹងបណ្ដាប្រទេសអឺរ៉ុប ហើយអាចប្រហែលមានកម្រិតលើសពីប្រទេសអឺរ៉ុបខ្លះផ្សេងទៀតផងដែរ។ក៏ប៉ុន្តែ ផ្អែកតាមឯកសារស្រាវជ្រាវចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក Nicholas Eberstadt បង្ហាញថា អស់រយៈពេលបីទសវត្សរ៍មកហើយដែលរុស្ស៊ីបាននិងកំពុងមើលឃើញអំពីចំនួនប្រជាជនថយចុះ។ អត្រាមនុស្សស្លាប់មានច្រើនជាងអត្រាកំណើត លើកលែងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។ ជាក់ស្ដែង រឿងនេះក៏បានកើនឡើងនៅក្នុងបណ្ដាប្រទេសឧស្សាហកម្មផ្សេងៗផងដែរ ក៏ប៉ុន្ដែអ្វីដែលកើតឡើងនៅរុស្ស៊ីគឺលើសពីការរំពឹងទុក។នៅឆ្នាំ២០១៩ មុនពេលវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមជាមួយអ៊ុយក្រែន អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា កុមារអាយុ១៥ឆ្នាំនៅក្នុងប្រទេសរុស្ស៊ីមានអាយុសង្ឃឹមរស់ត្រឹម៥៣,៧ឆ្នាំទៀតប៉ុណ្ណោះ ដែលដូចគ្នាទៅនឹងនៅប្រទេសហៃទី និងទាបជាងអាយុសង្ឃឹមរស់ នៅក្នុងប្រទេសយេម៉ែន ម៉ាលី និងស៊ូដង់ខាងត្បូងទៅទៀត។ កុមារស្វីសដែលមានអាយុដូចគ្នាអាចរំពឹងរស់បានយូរជាងកុមាររុស៊្សី១៣ឆ្នាំឯណោះ។ជាទូទៅ ការអប់រំមានទំនាក់ទំនងកើនឡើងជាមួយនឹងសុខភាពល្អ ប៉ុន្តែរឿងនេះមិនបានកើនឡើងទេនៅក្នុងប្រទេសរុស្ស៊ី។ ស្ថិតិបង្ហាញថា រុស្ស៊ីជាប្រទេសដែលមានកម្រិតអប់រំខ្ពស់ ដូចទៅនឹងបណ្ដាប្រទេសជឿនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែបែរជាមានអត្រាមរណៈ ដូចប្រទេសមានកម្រិតអភិវឌ្ឍតិចតួចទៅវិញ។ មើលឱ្យលម្អិតកាន់តែជ្រៅ រុស្ស៊ីបច្ចុប្បន្នមានការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតអាក្រក់ជាងសហភាពសូវៀតទៅទៀត។ ក្នុងឆ្នាំ២០១៩ ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់នៅពីក្រោយប្រទេសអូទ្រីសក្នុងការដាក់ពាក្យសុំប័ណ្ណប៉ាតង់អន្តរជាតិ (សំដៅដល់ប៉ាតង់នៃរបកគំហើញថ្មីៗ) ទោះបីជារុស៊្សីមានចំនួនប្រជាជន១៦ដងលើសអូទ្រីសក៏ដោយ។ នៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ការទទួលបានប៉ាតង់ច្នៃប្រឌិតគឺសំខាន់ណាស់។ សព្វថ្ងៃនេះ ចំណាត់ថ្នាក់របស់រុស្ស៊ីគឺដូចទៅនឹងរដ្ឋអាឡាបាម៉ា ក្នុងការទទួលបានប៉ាតង់ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក (វាជាស្តង់ដារមាសសម្រាប់ក្រុមហ៊ុននានានៅជុំវិញពិភពលោក) ទោះបីជារុស្ស៊ី មានប្រជាជនជិត៣០ដងលើសរដ្ឋនេះក៏ដោយ។ ដោយសារសង្គ្រាម និងការចាកចេញរបស់ប្រជាជនរុស្ស៊ី រាប់សែននាក់ តួលេខនៃរបកគំហើញថ្មី និងការទទួលបានប៉ាតង់ទំនងកាន់តែធ្លាក់ចុះ។តើហេតុអ្វីរឿងនេះអាចកើតឡើង? ផ្អែកតាមសៀវភៅ "Russia Against Modernity" លោក Alexander Etkind បានពន្យល់ថា លោក ពូទីន បានបង្កើតរដ្ឋប៉ារ៉ាស៊ីតមួយ ដែលទទួលបានប្រាក់ចំណូលភាគច្រើនដោយសារតែធនធានធម្មជាតិជាជាងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយការច្នៃប្រឌិត ហើយវាមិនសូវផ្តល់សុខុមាលភាពដល់ប្រជាជនរបស់ខ្លួននោះទេ។ លោក Alexander Etkind បានសរសេរថា អំពើពុករលួយគឺតែងតែកើតមានច្រើននៅក្នុងរបបដឹកនាំដូចរុស្ស៊ីបច្ចុប្បន្ន។ សរុបជារួម ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានបាត់បង់ការអភិវឌ្ឍយ៉ាងច្រើនសម្រាប់ប្រទេសខ្លួនទៅហើយ នៅសតវត្ស៍ទី២១នេះ៕
7/10/2023 • 5 minutes, 58 seconds បារាំង ៖ តើកុប្បកម្មហិង្សា ប៉ះពាល់ដល់វិស័យទេសចរណ៍ យ៉ាងណា ?
បន្ទាប់ពីឆ្លងកាត់ភាពចលាចលហិង្សាអស់៦យប់ នៅតាមទីក្រុងតូចធំស្ទើរពេញផ្ទៃប្រទេស បារាំងបានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ នៅឡើយតែវិស័យទេសចរណ៍ និងសណ្ឋាគារ ដែលបន្តព្រួយបារម្ភ ខ្លាចបាត់បង់ភ្ញៀវ ព្រោះរូបភាពហិង្សា និងទង្វើបែបបំផ្លិចបំផ្លាញ របស់ក្មេងជំទង់ពេញកំហឹង មានចុះផ្សាយយ៉ាងព្រោងព្រាត ក្នុងទំព័រសង្គម និងបណ្តាញសារព័ត៌មានអន្តរជាតិ។ បារាំងទិសដៅទេសចរណ៍ដ៏ទាក់ទាញ កំពុងប្រលាក់ប្រលូសដោយកុប្បកម្មហិង្សា? តើវិស័យទេសចរណ៍បារាំង ត្រូវចុះស្រអាប់ និងខាតបង់យ៉ាងណា? ក្នុងរដូវក្តៅ រដូវទេសចរណ៍ តែបែរជាមានរូបភាពអាក្រក់ៗ ៖ ក្មេងជំទង់ៗតតាំងនឹងប៉ូលិស យ៉ាងហិង្សា រូបភាពដុតឡាន ដុតអគារ អគ្គិភ័យ សកម្មភាពវាយបំផ្លាញ វាយបំបែកកញ្ចក់ គាស់ទ្វារហាង គាស់ផ្សារ ដើម្បីលួចយករបស់មានតម្លៃ បង្ហោះបង្ហាញស្ទើរគ្មានដាច់នៅតាមបណ្តាញសង្គម បណ្តាញផ្សព្វផ្សាយព័ត៌មាន ទូទាំងពិភពលោក នារយៈពេលនៃកុប្បកម្ម ៦យប់របស់ក្មេងជំទង់ ក្រោយការស្លាប់របស់យុវជន ណាហ៊ែល ដែលប៉ូលិសបានបាញ់ ហើយស្លាប់ នៅពេលគេចមិនឱ្យប៉ូលិសឆែក ច្បាស់ជាជះឥទ្ធិពលមិនល្អសោះឡើយសម្រាប់វិស័យទេសចរណ៍បារាំង។ បើតាមប្រធានការិយាល័យទេសចរណ៍ក្រុងប៉ារីស ក្នុងរយៈពេលពីរថ្ងៃដំបូងនៃខែកក្កដា មានទេសចរប្រមាណ ២០ទៅ២៥%បានលុបចោលដំណើរមកកាន់រដ្ឋធានីប៉ារីស (កក់សណ្ឋាគារ)។ ចំណែកខាងភោជនីដ្ឋាននិងបាអាហារដ្ឋានរង្គសាលពេលរាត្រី វិញ ការខាតបង់អស់ឡើងដល់ជាង៥០% ក្នុងមួយចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការប៉ាន់ស្មានរបស់ប្រធានសហព័ន្ធសហជីពសណ្ឋាគារតំបន់Ile de France (ក្រុងនិងជុំវិញក្រុងប៉ារីស) ដែលទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជួយសងការខាតបង់នេះ និងយល់ថា រូបភាពប្រទេសបារាំង ជាពិសេសប៉ារីស បានធ្លាក់ស្រអាប់ខ្លាំងណាស់។ ទិដ្ឋភាពហិង្សា ការបិទបណ្តាញដឹកជញ្ជូនសាធារណៈតាំងពីព្រលប់ លុបកម្មវិធីសិល្បៈផ្សេងៗ ពិតជាប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ និងជំរុញឱ្យទេសចរបរទេសបោះបង់គម្រោងមកទស្សនាប្រទេសបារាំងមែនឬ ? មែន ! សម្រាប់ពេលខ្លីចំពោះមុខភ្លាមៗ។ នេះបើតាមការវិភាគរបស់ស្ថាបនិកនៃការិយាល័យជំនាញទេសចរណ៍លោក Guy Raffour។ រាល់គ្រប់ហេតុការណ៍ហិង្សាដែលផ្ទុះឡើង តែងតែជះផលប៉ះពាល់តិចឬច្រើនជាស្វ័យប្រវត្តិដល់វិស័យទេសចរណ៍ មិនថាជាបាតុកម្មប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធនវិត្តន៍ បាតុកម្មត្រាំត្រែងរៀងរាល់ថ្ងៃសៅរ៍របស់ក្រុមអាវកាក់លឿងកាលពីឆ្នាំ២០១៨ ឬភេរវកម្មកណ្តាលរដ្ឋធានីកាលពីថ្ងៃទី ១៣វិច្ឆិកា២០១៥ និងកុប្បកម្មហិង្សារបស់ក្រុមយុវជនកាលពីឆ្នាំ២០០៥ដែលបណ្តាលមកពីការស្លាប់របស់ក្មេងពីរនាក់។ កាលណោះ ទេសចរ៣០%បានលុបឬលើកពេលមកលេងប៉ារីស។ ហើយលើកនេះក៏មិនខុសពីលើកមុនៗដែរ។ ហេតុដូច្នេះហើយបានជាអ្នករកស៊ីផ្នែកសណ្ឋាគារ អត់ព្រួយមិនបាន។ សាលាក្រុងប៉ារីស បានទទួលស្គាល់ថាវិស័យទេសចរណ៍មានហេតុផលដែលត្រូវព្រួយបារម្ភ តែក្រុមប្រឹក្សារដ្ឋធានីប៉ារីស ទើបបានបោះឆ្នោតនៅថ្ងៃអង្គារបើកមូលនិធិពិសេសសម្រាប់ជួយពាណិជ្ជករហើយ។ ហើយម្យ៉ាងទៀត ទោះបីវិបត្តិបានរំខានដំណើរកំសាន្តរបស់ទេសចរខ្លះដែលបានមកដល់ប៉ារីសហើយ និងបានចោទជាកង្វល់ដល់អ្នករៀបនឹងមកប៉ារីសមែន ប៉ុន្តែបារាំងជាប្រទេសទេសចរណ៍ពិតៗ។ តាំងពីចូលឆ្នាំ២០២៣មក បារាំង ប្រឈមនឹងបាតុកម្មហិង្សាប្រឆាំងនឹងកំណែទម្រង់ច្បាប់សោធននិវត្តន៍ផង ឥលូវអំពើកុប្បកម្មហិង្សារបស់ក្មេងជំទង់ទៀត តែតួលេខទេសចរណ៍ឡើងខ្ពស់ត្រដែតណាស់ទាំងសម្រាប់ប៉ារីស និងប្រទេសបារាំងទាំងមូល។ ចំនួនទេសចរសម្រាប់៦ខែដើមឆ្នាំ២០២៣ ដូចគ្នាឆមាសទីមួយនៃឆ្នាំ២០១៩ ពោលគឺ ចំនួនទេសចរណ៍ឡើងស្មើនឹងសម័យមុនកូវីដទៅហើយ។ ដូច្នេះគ្មានអ្វីដែលត្រូវប្រញាប់ស្រែកអាសន្នទេ។ទាំងអ្នកជំនាញផ្នែកប្រឹក្សាទេសចរណ៍ក៏ដូចជាអាជ្ញាធរក្រុងប៉ារីស សុទ្ធតែប្រឹងសម្រួលស្ថានការណ៍ដោយពន្យល់ថាបើមើលពីចម្ងាយ ឃើញតែព័ត៌មានវិលឥតឈប់នៃអំពើហិង្សា គេត្រូវតែព្រួយបារម្ភហើយ ដូច្នេះភ្នាក់ងារទេសចរណ៍បារាំងត្រូវចេះពន្យល់ភ្ញៀវបរទេសវិញ។ អំពើហិង្សាមិនកើតទូទាំងប្រទេស និងគ្រប់ទីក្រុងឯណា ! ទេសចរអាមេរិកឬជប៉ុនជាភ្ញៀវមកពីឆ្ងាយនិងតែងចំណាយច្រើននៅក្នុងប្រទេសបារាំង តែក៏អ្នកភ័យខ្លាចខ្លាំងជាងគេរឿងអសន្តិសុខ និងងាយទទួលឥទ្ធិពលពីការផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាពនៅប្រទេសបារាំង។ តែ៨០%នៃទេសចរមកលេងបារាំង ជាអឺរ៉ុប នៅជិតឬជាប់របងបារាំង ហើយយល់ពីចិត្តនិងស្គាល់ប្រវត្តិសាស្ត្របារាំងជាង ដឹងថា ថ្ងៃបុណ្យជាតិបារាំងជាថ្ងៃពលរដ្ឋងើបធ្វើកុប្បកម្មបះបោរធ្វើបដិវត្ត និងមានកូដកម្ម បាតុកម្ម ជាញឹកញយ ស្ទើរក្លាយជាប្រពៃណីមួយរបស់បារាំងទៅហើយ។ តែអ្នកជំនាញ អ្នកវិភាគ និងអ្នកមានអាជីពក្នុងវិស័យទេសចរណ៍ សុទ្ធតែគិតនិងយល់ស្របគ្នាថា ព្រឹត្តិការណ៍កីឡាខ្នាតអន្តរជាតិ នៅចុងឆ្នាំ២០២៣ (ការប្រកួតបាល់Rugbyពិភពលោកខែកញ្ញា) និងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នឹងស្រូបទាក់ទេសចរបរទេស បានយ៉ាងច្រើនមកវិញជាក់ជាពុំខាន៕
7/5/2023 • 4 minutes, 58 seconds បារាំង៖ តើអ្វីខ្លះដែលបានរុញក្មេងជំទង់ឲ្យហិង្សា កម ្រោលចូល បង្កកុបកម្មពាសពេញប្រទេស?
បារាំងបានឆ្លងកាត់ស្ថានភាពចលាចលហិង្សា កុបកម្មសឹងពាសពេញប្រទេស អស់មួយសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមានករណីក្មេងជំទង់ម្នាក់ឈ្មោះ ណាហ៊ែល ត្រូវបាននគរបាលបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃអង្គារទី២៧មិថុនា នៅជាយខាងលិចទីក្រុងប៉ារីស។ ក្រោយហេតុការណ៍ ចលនាកុបកម្មហិង្សាបានផ្ទុះឡើងជារៀងរាល់យប់ តាមទីក្រុងនានាសឹងពាសពេញប្រទេស ដោយក្រុមកុបករ ភាគច្រើនជាក្មេងជំទង់ ទាំងហ្វូងៗ បាននាំគ្នាដុតរថយន្ត បង្កអគ្គីភ័យតាមអគារ និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ យ៉ាងហិង្សាជាទីបំផុត។ តើកត្តាអ្វីខ្លះ ដែលបានជំរុញឲ្យក្មេងជំទង់នៅបារាំង អាយុត្រឹម១២ ១៣ឆ្នាំ ចេញធ្វើសកម្មភាពហិង្សាយ៉ាងកំរោល ប្រឆាំងសង្គម ប្រឆាំងសមត្ថកិច្ចបែបនេះ? នៅយប់ទី៧ អំពើកុបកម្មហិង្សា ហាក់បានថមថយច្រើន នៅទូទាំងប្រទេសបារាំង។ អស់មួយសប្តាហ៍ ដែលសមត្ថកិច្ច នគរបាលបារាំង ជាច្រើនពាន់នាក់ បានព្យាយាមទប់ទល់យ៉ាងលំបាកលំបិន ដើម្បីបំបែកក្រុមកុបករដ៏ហិង្សា នៅតាមទីក្រុងនានា សឹងពាសពេញបារាំង។ រូបភាពជាច្រើន ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម និងពាសពេញពិភពលោក បង្ហាញឲ្យឃើញ រថយន្តឆេះខ្លោចតាមដងផ្លូវ អគ្គីភ័យឆេះអគារ ហាងទំនិញឆាបឆេះ ឬបាក់បែក និងខ្លះត្រូវក្រុមជនឆក់ឱកាស ចូលទៅលួចប្រមូលទំនិញ យ៉ាងអនាធិបតេយ្យបំផុត។ តាមការលើកឡើង របស់លោកប្រធានសហព័ន្ធនយោជកបារាំង គឺការខូចខាតប្រមាណ៧ថ្ងៃមកនេះ គឺមិនក្រោម១ពាន់លានអឺរ៉ូនោះទេ។វាយបំផ្លាញសាលារៀន បណ្ណាល័យ ...ក្រុមកុបករ បានវាយបំផ្លាញផងដែរ នូវសាលារៀន សាលាមតេយ្យ សាលាឃុំសង្កាត់ បណ្ណាល័យ ស្នងការដ្ឋាននគរបាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនផ្សេងទៀត។ ជាអំពើហិង្សាយ៉ាងកម្រោល ដែលធ្វើឲ្យគ្រប់មនុស្សទូទៅ ដែលមានការពិចារណា ទោះបន្តិចបន្តួច ងឿងឆ្ងល់ មិនអាចយល់បានថាហេតុអ្វី ហេតុអ្វីបានជាកុបករទាំងអស់នេះ ធ្វើសកម្មភាពហិង្សាបែបនេះ?យោងតាមតួលេខក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៤កក្កដា សមត្ថកិច្ចបានចាប់ខ្លួនកុបករហិង្សា ចំនួន ៣៩១៥នាក់ ដែលក្នុងនោះ មាន១២៤៤នាក់ គឺជាអនីតិជន។ កុបករទាំងអស់ មានអាយុមិនលើសពី៣០ឆ្នាំទេ ហើយអ្វីដែលគួរឲ្យកត់សំគាល់បំផុត គឺភាគច្រើន សុទ្ធតែក្មេងជំទង់ប្រុសៗ អាយុ ត្រឹម ១២ ១៣ឆ្នាំប៉ុណ្ណោះ។ យុវជន និងក្មេងជំទង់ទាំងនោះ ភាគច្រើនមានដើមកំណើតក្រុមគ្រួសារ មកពីបណ្តាប្រទេសអាហ្វ្រិក និងតំបន់ម៉ាហ្ក្រេប។យោងតាមមន្ត្រីម្នាក់ ធ្វើការនៅសាលាក្រុងNanterre ជាទីដែលផ្តើមផ្ទុះអំពើកុបកម្មទាំងនេះ គឺយុវជនក្មេងជំទង់ ដែលបានធ្វើកុបកម្ម មានលាយឡំគ្នាច្រើន ខ្លះមានការងារធ្វើបន្តិចបន្តួច ខ្លះអត់ការងារធ្វើ តែលតោលពពាក់ពពូន នៅតែតាមក្រោមអគារក្នុងតំបន់ដែលពួកគេរស់នៅ។ ភាគច្រើនលើសលុប គឺពួកគេបានបោះបង់ចោលការសិក្សា ហើយខ្លះទៀត បានធ្លាក់ចូលទៅក្នុងបណ្តាញទុច្ចរិត លួចឆក់ប្លន់ និងជួញដូរគ្រឿងញៀនជាដើម។ស្អប់គុំគួនខ្លាំងទៅលើនរគបាលលោក Olivier Galland សង្គមវិទូបារាំង ជំនាញផ្នែកយុវជន បានលើកឡើងថា ចំណុចរួមមួយរបស់យុវជនកុបករហិង្សាទាំងនេះ គឺការស្អប់គុំគួនទៅលើនគរបាលបារាំង។ នៅពេលដែលមានហេតុការណ៍អកុសលនីមួយកើតឡើង ជាក់ស្តែងដូចជាករណី ក្មេងជំទង់អាយុ១៧ឆ្នាំ ដែលត្រូវនគរបាលបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៧មិថុនាដោយសារក្មេងជំទង់រូបនេះមិនព្រមឈប់រថយន្តទៅតាមការឃាត់នោះ គឺវាមានបំផ្ទុះបំផុសកំហឹងគុំគួន ដែលមាននៅក្នុងចិត្តរបស់យុវជនក្មេងៗ។ជាងនេះទៀត ដោយសារពួកគេខ្លះ ធ្វើសកម្មភាពទុច្ចរិតឆក់ប្លន់ លួចបន្លំ ជួញគ្រឿងញៀនជាដើម គឺធ្វើឲ្យពួកគេតែងត្រូវបាននគរបាលឃាត់សួរនាំ ជាញឹកញាប់។ ការសួរនាំ ដែលអាចពេលខ្លះ មានជាការសំឡុត គំរាម ឬអាចមានលក្ខណៈរើសអើងមើលងាយប្រកាន់ពូជសាសន៍ ជាដើម។ល។ បរិបទនេះ ធ្វើឲ្យតំបន់ដែលពួកគេរស់នៅជាទូទៅ ក្លាយជាតំបន់ពពាក់ពពូន ហិង្សា ត្រូវនគរបាលសង្ស័យ ដែលវាបង្កើតជាវប្បធម៌ពាលា បំពានច្បាប់ ផ្គើននគរបាល ផ្គើនសមត្ថកិច្ច។ទន្ទឹមគ្នានេះទៀត យោងតាមការអង្កេតសង្គមសាស្ត្រ ទឹកចិត្តពុះកញ្ជ្រោលខឹងស្អប់គុំគួនមកលើសមត្ថកិច្ចរដ្ឋបារាំង គឺមួយផ្នែកកើតចេញពីការរស់នៅមិនចុះសម្រុងក្នុងសង្គម។ យុវជនទាំងនោះ ភាគច្រើនលើសលុប កើតក្នុងវង់ត្រកូលគ្រួសារអ្នកកាន់សាសនាអ៊ីស្លាម ដែលយល់ថាសង្គមបារាំង ជាសង្គមស្អប់ខ្ពើមពួកគេ រើសអើងពួកគេ បោះបង់ចោលពួកគេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចរន្តសាសនាអ៊ីស្លាមជ្រុលនិយម បានរីកសាយភាយខ្លាំងណាស់ ក្នុងចំណោមយុវជនដែលរស់នៅតាមតំបន់ក្រីក្រ ជាយទីក្រុងធំៗ។បណ្តាញសង្គមជាមធ្យោបាយក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ដែលមានផ្ទុះអំពើហិង្សាកុបកម្មយ៉ាងកម្រោល មានមនុស្សជាច្រើននាក់ ដែលធ្វើការងារសង្គម តាមសមាគមន៍នានា បានអះអាងថា បានព្យាយាមសួរនាំ និយាយជាមួយយុវជនក្មេងៗដែលជាកុបករ ដើម្បីពន្យល់ឃាត់ពួកគេ។ តែអ្វីដែលជាការសង្កេតឃើញជាទូទៅ គឺយុវជន ក្មេងជំទង់ទាំងនោះ ងប់វក់ក្នុងភ្លើងកំហិងរបស់ពួកគេ មិនអាចស្តាប់ហេតុផលពីនរណាបានទាំងអស់។លើសពីកត្តាកំហិងពុះកញ្ជ្រោលនេះ អ្វីដែលបានជំរុញធ្វើឲ្យកុបកម្មហិង្សាប៉ុន្មានថ្ងៃមកនេះ មានទ្រង់ទ្រាយធំ ទប់មិនឈ្នះ គឺបណ្តាញសង្គម។ ជាការពិត បណ្តាញសង្គមមិនមែនជាប្រភពនៃបញ្ហាទេ តែបណ្តាញសង្គម គឺជាមធ្យោបាយ ដែលធ្វើឲ្យកុបកម្មហិង្សា រីកសាយភាយយ៉ាងលឿនរហ័ស។ នៅលើបណ្តាញ Snapchat និង Instagram ជាដើម ពួកក្មេងជំទង់ទាំងនេះ ចែកចាយដំណឹង រៀបចំណាត់ជួបគ្នា កំណត់ទីតាំងដុតត្រង់នេះ វាយត្រង់នោះ ធ្វើឲ្យសមត្ថកិច្ចតាមសឹងតែមិនទាន់។ជាងនេះទៀត ក្រុមក្មេងស្ទាវទាំងអស់នេះ បានថែមទាំងប្រកួតប្រណាំងគ្នាតាមបណ្តាញសង្គម ថាអ្នកណាក្រុមណា ធ្វើឡូយអស្ចារ្យជាងគេ បាញ់កាំជ្រួចផ្កាភ្លើងបានច្រើនជាងគេ ដុតឡានបានច្រើនជាងគេ ឬចូលវាយកំទេចអគារបានលឿនជាងគេជាដើម។ល។ ការប្រកួតប្រជែង សំញ៉ែញភាពអស្ចារ្យ តាមលក្ខណៈក្មេងខ្វះការពិចារណា ដែលពួកគេបង្ហាញតាមវីដេអូ ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គមនានា។ កត្តាទាំងអស់នេះ គួបផ្សំគ្នា ធ្វើឲ្យពួកគេ កាន់តែកម្រោល ព្រោះពួកគេគិតថាខ្លួនឯងសម្បើមអស្ចារ្យខ្លាំង។កុបកម្មហិង្សាកក្រើកប្រទេសរយៈពេល៧ថ្ងៃមកនេះ វាបានដាស់សតិស្មារតីរដ្ឋាភិបាលបារាំង និងអ្នកនយោបាយគ្រប់ជាន់ថ្នាក់ ឲ្យមើលឃើញអំពីបញ្ហា ជំងឺ ដំបៅស៊ីរូងក្នុងសង្គម ដែលកើតចេញពីភាពមិនចុះសម្រុងគ្នា រវាងយុវជន និងកម្លាំងសមត្ថកិច្ចអាជ្ញាធររដ្ឋ។ សង្គមវិទូ Oliver Galland បានលើកឡើងថា ក្មេងជំទង់ហិង្សា ធ្វើកុបកម្មពាសពេញប្រទេសបែបនេះ ទោះជាមានហេតុផលអ្វីក៏ដោយ តែលោកយល់ថា វាគឺជាកំហុសនៃប្រព័ន្ធអប់រំបារាំង។ គេមិនអាចទំលាក់កំហុសទាំងស្រុង ទៅលើឪពុកម្តាយ ដែលមិនប្រៀនប្រដៅតម្រង់ផ្លូវកូននោះទេ ព្រោះជាទូទៅ អាណាព្យាបាលមិនអាចធ្វើអ្វីបានច្រើនឡើយ ប្រឈមនឹងបញ្ហាក្មេងជំទង់ហិង្សាបែបនេះ។ ផ្ទុយទៅវិញ សម្រាប់លោក លោកយល់ថា គឺសាលារៀន គឺប្រព័ន្ធអប់រំ ដែលបានបរាជ័យ មិនអាចតម្រង់ផ្លូវយុវជនទាំងនោះ ឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម៕
7/5/2023 • 6 minutes, 41 seconds ហេតុអ្វីបានជាប្រទេសបារាំងស្វែងរកអ៊ុយរ៉ាញ៉ូម និងលីចូមរហូតដល់ប្រទេសម៉ុងហ្គោលី?
នៅចុងខែមិថុនាកន្លងទៅថ្មីៗនេះ ប្រមុខការទូតបារាំងលោកស្រីកាទ្រីន កូឡូណា (Catherine Colonna) បានបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសម៉ុងហ្គោលី។ គោលដៅនៃទស្សនកិច្ច គឺពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលីដែលជាប្រទេសអាស៊ីមួយសម្បូរដោយធនធានធម្មជាតិយុទ្ធសាស្រ្ត ពិសេសអ៊ុយរ៉ាញ៉ូម និងលីចូម។ នៅមុនលោកស្រីកូឡូណា ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីក្នុងខែឧសភា។ ហេតុអ្វីបានជាបារាំងស្វែងរកអ៊ុយរ៉ាញ៉ូមដល់ម៉ុងហ្គោលី និងថា តើបារាំងអាចប្រជែងជាមួយរុស្ស៊ី និងចិនដែលកំពុងមានឥទ្ធិពលខ្លាំងលើម៉ុងហ្គោលីដែរ ឬទេ? ក្នុងរយៈពេលតែជាងមួយខែតិចតួច មានទស្សនកិច្ចចំនួនពីរដងរបស់ថ្នាក់ដឹកនាំបារាំងនៅក្នុងប្រទេសម៉ុងហ្គោលី។ ទី១ ជាទស្សនកិច្ចរយៈពេលខ្លីរបស់ប្រធានាធិបតីលោកម៉ាក្រុងកាលពីថ្ងៃទី២១ ឧសភា ហើយទស្សនកិច្ចទី២ ជាទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រមុខការទូតលោកស្រីកាទ្រីន កូឡូណាពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ មិថុនា។ អ្វីជាការកត់សម្គាល់ ដំណើរផ្លូវទៅកាន់ម៉ុងហ្គោលីរបស់លោកម៉ាក្រុងក្នុងថ្ងៃទី២១ ឧសភាជាដំណើរផ្លូវដែលលោកម៉ាក្រុងបានត្រឡប់ពីការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G៧ រៀបចំក្នុងប្រទេសជប៉ុន។ ចំណែកកំណត់សម្គាល់ទី២ នេះជាលើកទី១ បង្អស់ដែលមានប្រធានាធិបតីបារាំងម្នាក់បានដាក់ជើងជាន់ទឹកដីម៉ុងហ្គោលី។មានផ្ទៃក្រឡាដីជាង ១លាន ៥សែនគីឡូម៉ែត្រក្រឡាដែលពាក់កណ្តាលជាវាលខ្សាច់ និងមានពលរដ្ឋរស់នៅជាង ៣លាន ៣សែននាក់ ម៉ុងហ្គោលីជាប្រទេសអាស៊ីដែលស្ថិតនៅចន្លោះរវាងប្រទេសរុស្ស៊ី និងប្រទេសចិន។ តែអ្វីដែលគេមិនអាចមើលរំលង និងមិនអាចមិននិយាយបាន គឺធនធានធម្មជាតិដែលម៉ុងហ្គោលីមាននៅក្នុងដីរបស់ខ្លួន ពិសេសអ៊ុយរ៉ាញ៉ូម។ នេះជាហើយជាអ្វីដែលបារាំងបានសម្លឹងឃើញ និងកំពុងចង់បាន។ ដូច្នេះគេអាចនិយាយបានថា ការឆ្លៀតចូលម៉ុងហ្គោលីរយៈពេលខ្លីរបស់លោកម៉ាក្រុង និងបន្តដោយទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកស្រីកាទ្រីន កូឡូណាប្រហែលមិនមែនជារឿងចៃដន្យ ឬជាការគួរសមអ្វីទេ។កម្មវត្ថុរបស់រដ្ឋាភិបាលបារាំង គឺស្វែងរកប្រភពអ៊ុយរ៉ាញ៉ូមពីគ្រប់ទីកន្លែងទាំងអស់ដែលអាចធ្វើទៅបានដើម្បីផ្តត់ផ្គង់ដល់ដំណើរការមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់ខ្លួន។ ក្រៅពីអ៊ុយរ៉ាញ៉ូមរបស់ម៉ុងហ្គោលី បារាំងក៏កំពុងសម្លឹងឃើញលោហៈលីចូមដែលគេហៅជាលោហៈយុទ្ធសាស្រ្ត។ សព្វថ្ងៃនេះ ក្រុមហ៊ុនបារាំង Orano ដែលរដ្ឋបារាំងជាអ្នកមានភាគហ៊ុនច្រើនកំពុងមានក្នុងដៃនូវអាជ្ញាប័ណ្ណអាជីវកម្មចំនួន ៣ច្បាប់សម្រាប់ធ្វើអាជីវកម្មលើអណ្តូងរ៉ែម៉ុងហ្គោលី។ ចាប់ពីពេលនេះទៅ ការចរចាកំពុងបន្តធ្វើដើម្បីឈានទៅមានកិច្ចព្រមព្រៀងនាពេលខាងមុខស្តីពីការបែងចែកធនធានអ៊ុយរ៉ាញ៉ូមដែលទាញយកបាន និងសិទ្ធិក្នុងការធ្វើពាណិជ្ជកម្ម។ក្រុមហ៊ុនបារាំង Orano ជាដៃគូជាមួយក្រុមហ៊ុនម៉ុងហ្គោលី Mon-Atom។ តែចំណែកភាគហ៊ុនរបស់ Orano មានដល់ទៅ ៦៦%។ នៅក្នុងកិច្ចចរចា ក្រុមហ៊ុនបារាំង Orano អាចមានសិទ្ធិធ្វើពាណិជ្ជកម្មលើអ៊ុយរ៉ាញ៉ូមចំនួន ២ភាគ៣ ដែលទាញយកបាន។ លោក Olivier Thoumyre អ្នកតំណាងក្រុមហ៊ុន Orano នៅម៉ុងហ្គោលីបានលំអិតថា សិទ្ធិធ្វើពាណិជ្ជកម្ម និងហិរញ្ញប្បទាននឹងអាស្រ័យលើកិច្ចព្រមព្រៀងដែលទទួលបាន។ ចំណែកក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ការចំណាយដើម្បីវិនិយោគនឹងកើនលើសពាន់លានអឺរ៉ូ។ បើអ្វីៗនឹងមានដំណើរដូចការរំពឹងទុកមែន បារាំងសង្ឃឹមទទួលបានអ៊ុយរ៉ាញ៉ូមក្នុងបរិមាណដ៏ច្រើនសម្បើមពីប្រទេសម៉ុងហ្គោលី។បើបារាំងទទួលបានដូចដែលខ្លួនសង្ឃឹមទុកមែន បារាំងអាចពង្រឹងភាពជាម្ចាស់ការ និងឯករាជ្យភាពក្នុងបញ្ហាអ៊ុយរ៉ាញ៉ូមក៏ដូចជាលោហៈយុទ្ធសាស្រ្តលីចូម។ ទន្ទឹមគ្នានេះ បារាំងអាចឆ្លើយដោយប្រយោលទៅនឹងការរិះគន់ ទិតៀនរបស់អង្គការក្រៅរដ្ឋាភិបាល Greenpeace ដែលថា បារាំងបានបន្តពឹងលើអ៊ុយរ៉ាញ៉ូមចម្រើនរួចពីរុស្ស៊ី នោះបើទោះបីជានុយក្លេអ៊ែរមិនមាននៅក្នុងទណ្ឌកម្មអឺរ៉ុបប្រឆាំងរុស្ស៊ីតាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក៏ដោយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនបារាំង Orano បានចាប់ផ្តើមប្រតិបត្តិការរុករកអ៊ុយរ៉ាញ៉ូមនៅវាលខ្សាច់ហ្គោប៊ីរបស់ម៉ុងហ្គោលីក្នុងឆ្នាំ ១៩៩៧។ តែគឺទើបនៅឆ្នាំ ២០១០ ដែល Orano បានរកឃើញប្រភពអ៊ុយរ៉ាញ៉ូមនៅទីតាំងមួយឈ្មោះ Zuuvch Ovoo។ តាមរយៈអណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមមួយនេះ Orano សង្ឃឹមទទួលបានអ៊ុយរ៉ាញ៉ូមនៅឆ្នាំ ២០២៨ ក្នុងបរិមាណ ២ ៥០០តោនក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣០ឆ្នាំ។តាមពិតទៅ ម៉ុងហ្គោលីមិនបានស្ថិតក្នុងចំណោមប្រទេសដែលបារាំងបាននាំចូលអ៊ុយរ៉ាញ៉ូមទេមកទល់សព្វថ្ងៃ។ ចំណែកនៅក្នុងកម្រិតសហភាពអឺរ៉ុបក៏គ្មានប្រទេសម៉ុងហ្គោលីដែរ។ តាមរបាយការណ៍ឆ្នាំ ២០២១ របស់ទីភ្នាក់ងារផ្គត់ផ្គង់អឺរ៉ុបឈ្មោះ Euratom អ៊ុយរ៉ាញ៉ូមសឹងទាំងអស់ត្រូវបានសហភាពអឺរ៉ុបនាំចូលពី ៥ប្រទេស គឺនីហ្សេ កាហ្សាក់ស្ថាន រុស្ស៊ី អូស្រា្តលី និងប្រទេសកាណាដា។ ជាក់ស្តែង ក្រុមហ៊ុនបារាំង Orano ដែលពីមុនមានឈ្មោះ Areva បានធ្វើអាជីវកម្មលើអណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមក្នុងប្រទេសនីហ្សេតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ។ សមាគមន៍ប្រឆាំងនុយក្លេអ៊ែរឈ្មោះ néga Watt យល់ឃើញថា បើគិតពីភូមិសាស្រ្តនយោបាយ ការងាករកអ៊ុយរ៉ាញ៉ូមម៉ុងហ្គោលីរបស់បារាំងជារឿងប្រថុយប្រថាន។ជារឿងប្រថុយប្រថានព្រោះម៉ុងហ្គោលី និយាយជារួម និងអ៊ុយរ៉ាញ៉ូមម៉ុងហ្គោលីនិយាយដោយឡែកកំពុងស្ថិត និងកំពុងបន្តស្ថិតក្នុងការប្រជែងឥទ្ធិពលរវាងចិន និងរុស្ស៊ីដែលជាមហាអំណាចឧស្សាហកម្មក្នុងវិស័យនុយក្លេអ៊ែរ។ តែសម្រាប់បារាំង ក្រុងប៉ារីសមានសន្លឹកបៀរមួយដើម្បីទាញយកអ៊ុយរ៉ាញ៉ូមរបស់ម៉ុងហ្គោលី។ សន្លឹកបៀរនោះ គឺជំនាញបច្ចេកទេសរបស់បារាំងក្នុងរឿងនុយក្លេអ៊ែរ និងការធ្វើអាជីវកម្មដោយគិតគូរយកចិត្តទុកដាក់ចំពោះបរិស្ថាន រួមទាំងសុខុមាលភាពរបស់ប្រជាជនម៉ុងហ្គោលី៕
7/4/2023 • 6 minutes, 21 seconds គម្រោងយន្តហោះអ៊ីពែរសូនិករបស់អឺរ៉ុប៖ ប៉ារីស-ញូវយ៉កត ្រឹម៩០នាទី?
យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដឹកអ្នកដំណើរ ពីប៉ារីស ទៅញូវយ៉ក ដោយប្រើពេលត្រឹមតែ ៩០នាទី ហើយដោយមិនបញ្ចេញឧស្ម័នកាបូនិកសោះ... នេះគឺជាគម្រោងរបស់ក្រុមហ៊ុន Start-up មួយនៅអឺរ៉ុប ឈ្មោះ Destinus។ កន្លងមក គេធ្លាប់សង្កេតឃើញមានគម្រោងស្រដៀងគ្នានេះច្រើនរួចមកហើយ ក៏ប៉ុន្តែ គម្រោងរបស់ Destinus ហាក់បោះជំហានទៅមុខលឿនគួរឲ្យកត់សម្គាល់ ដោយយន្តហោះគំរូដើមមួយត្រូវបានគេយកមកដាក់បង្ហាញ នៅក្នុងអំឡុងពិព័រណ៌យន្តហោះអន្តរជាតិនៅប៉ារីស កាលពីសប្តាហ៍កន្លងទៅ។ គិតមកទល់នឹងពេលនេះ ជិត ២០ឆ្នាំហើយ ដែលការហោះហើរដឹកអ្នកដំណើរ ក្នុងល្បឿនលឿនកម្រិតស៊ូពែរសូនិក ត្រូវបិទបញ្ចប់ ជាមួយនឹងការហោះហើរចុងក្រោយរបស់យន្តហោះធុន Concorde កាលពីខែវិច្ឆិកាឆ្នាំ២០០៣។យន្តហោះប្រភេទថ្មី ដែលក្រុមហ៊ុន Destinus កំពុងអភិវឌ្ឍនៅពេលនេះ ក្រៅពីជាប្រភេទយន្តហោះគ្មានមនុស្សបើក គឺនឹងមានល្បឿនលឿនជាង Concorde រហូតដល់ទៅ ៣ដង។ ជាប្រភេទយន្តហោះអ៊ីពែរសូនិក ដោយមានល្បឿនលឿនជាងសំឡេងយ៉ាងតិច ៥ដង គឺលើសពី ៦១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះរហូតទៅដល់កម្ពស់ ពី ៣០គីឡូម៉ែត្រ ទៅ ៤០គីឡូម៉ែត្រ ពោលគឺ រហូតដល់ទៅជាង ៣ដង ខ្ពស់ជាងរយៈកម្ពស់យន្តហោះដឹកអ្នកដំណើរបច្ចុប្បន្ន។ក្នុងល្បឿនអ៊ីពែរសូនិកនេះ យន្តហោះ Destinus អាចធ្វើដំណើរឆ្លងមហាសមុទ្រអាត្លង់ទិកពីប៉ារីសទៅញូវយ៉ក ដោយប្រើរយៈពេលត្រឹមតែ ១ម៉ោងកន្លះ ចំណែកពីប៉ារីសទៅស៊ីដនី ប្រើពេលត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការហោះហើរនេះក៏នឹងមិនមានបញ្ចេញឧស្ម័នកាបូនិកនោះដែរ ដោយសារតែវាជាប្រភេទយន្តហោះប្រើអ៊ីដ្រូសែន (ជាប្រភេទអ៊ីដ្រូសែនរាវ ដែលបច្ចុប្បន្នត្រូវបានគេប្រើសម្រាប់រ៉ុកកែតអវកាស)។គួរបញ្ជាក់ថា ក្រុមហ៊ុន Destinus មានទីស្នាក់ការកណ្តាល នៅក្នុងប្រទេសស្វ៊ីស ហើយមានទីតាំងនៅក្នុងប្រទេសមួយចំនួនផ្សេងទៀត នៅអឺរ៉ុប គឺរួមមាន នៅបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។ក្រុមហ៊ុននេះទើបនឹងត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២១កន្លងទៅនេះប៉ុណ្ណោះ ក៏ប៉ុន្តែ គម្រោងផលិតយន្តហោះអ៊ីពែរសូនិកបានបោះជំហានទៅមុខយ៉ាងលឿន គួរឲ្យកត់សម្គាល់ ដោយត្រឹមតែ ៨ខែក្រោយបង្កើតក្រុមហ៊ុន យន្តហោះគំរូដើមតូចមួយ ដែលគេឲ្យឈ្មោះថា Destinus 1 ដែលមានប្រវែង ៤ម៉ែត្រ ត្រូវបានគេផលិត និងដាក់ហោះហើរសាកល្បងប្រកបដោយជោគជ័យ ហើយ Destinus 2 ដែលមានប្រវែង ១០ម៉ែត្រ បានហោះហើរដោយជោគជ័យ ប្រមាណជា ២ខែក្រោយមកទៀត។យន្តហោះគំរូទាំងពីរគ្រឿងនេះ ត្រូវបានគេផលិតឡើង ក្នុងគោលដៅសាកល្បងម៉ូទ័រ ដែលប្រើកេរ៉ូសែនធម្មតា បូកបន្ថែមជាមួយអ៊ីដ្រូសែន ហើយវាមានល្បឿនយឺតជាងល្បឿនសំឡេងនៅឡើយ។ ចំណែក Destinus 3 ដែលគេគ្រោងហោះសាកល្បង នៅដើមឆ្នាំ២០២៤ខាងមុខ ទើបអាចហោះដល់កម្រិតស៊ូពែរសូនិក គឺល្បឿនលឿនជាងសំឡេងជិត១ដងកន្លះ។ Destinus 4 នឹងបង្កើនល្បឿនដល់ ២ដងកន្លះនៃល្បឿនសំឡេង ហើយចុងក្រោយ Destinus 5 ដែលគេគ្រោងហោះសាកល្បង នៅក្នុងចន្លោះឆ្នាំ២០២៧-២០២៨ នឹងត្រូវបំពាក់គ្រប់បច្ចេកវិទ្យាទាំងអស់ សម្រាប់ការហោះហើរក្នុងល្បឿនអ៊ីពែរសូនិក។គោលដៅរបស់ Destinus គឺចង់ផលិត និងដាក់ឲ្យដំណើរការយន្តហោះគ្មានមនុស្សបើក ប្រភេទអ៊ីពែរសូនិក ដែលអាចដឹកទំនិញបានពី ៣តោន ទៅ ៤តោន ឬដឹកអ្នកដំណើរពី ២៥ ទៅ ៣០នាក់ នៅក្នុងអំឡុងឆ្នាំ២០៣១-២០៣២ខាងមុខ។ នៅក្នុងជំហានដំបូងនេះ ការហោះហើរដឹកអ្នកដំណើរនឹងធ្វើឡើង សម្រាប់តែ Business Class តែប៉ុណ្ណោះ ដោយគេរំពឹងថា ថ្លៃហោះហើរនឹងមានកម្រិតខ្ពស់។ ក៏ប៉ុន្តែ នៅជំហានជាបន្តបន្ទាប់ទៅទៀត គេគ្រោងនឹងផលិតយន្តហោះ កាន់តែធំ ដឹកអ្នកដំណើរបានកាន់តែច្រើននាក់ ហើយរួមជាមួយនឹងការធ្លាក់ថ្លៃនៃថាមពលអ៊ីដ្រូសែនផង គេរំពឹងថា នឹងអាចបញ្ចុះតម្លៃសំបុត្រយន្តហោះ ហើយឈានទៅពង្រីកការដឹកអ្នកដំណើរធម្មតា ក្នុង Economy Class។គិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Destinus រកទុនវិនិយោគបានប្រមាណជា ៥០លានអឺរ៉ូ ដើម្បីចំណាយទៅលើគម្រោងរបស់ខ្លួន ដោយនៅក្នុងនោះ មានមួយផ្នែកបានមកពីវិនិយោគឯកជន ចំណែកមួយផ្នែកទៀតបានពីជំនួយរបស់រដ្ឋ តាមរយៈកម្មវិធីអភិវឌ្ឍថាមពលបៃតង គឺអ៊ីដ្រូសែន។ ក៏ប៉ុន្តែ នាយកក្រុមហ៊ុន Destinus បានឲ្យដឹងថា គេនៅត្រូវការទុនច្រើនបន្ថែមទៀត គឺរហូតដល់ទៅប្រមាណជា ១ពាន់លានអឺរ៉ូ ដើម្បីចំណាយទៅលើការអភិវឌ្ឍបច្ចេកវិទ្យា និងផលិតយន្តហោះសាកល្បង រហូតដល់ដំណាក់កាលចុងក្រោយ គឺយន្តហោះគំរូ Destinus 5។ ក្រោយពីហោះសាកល្បងបានជោគជ័យជាស្ថាពររួចហើយ គេនៅត្រូវការទុនជាច្រើនពាន់លានអឺរ៉ូបបន្ថែមពីលើនេះទៅទៀត ដើម្បីចំណាយទៅលើការផលិតយន្តហោះ ដើម្បីដាក់ឲ្យដំណើរការជាលក្ខណៈទៀងទាត់៕
6/28/2023 • 4 minutes, 18 seconds ព្រឹត្តិការណ៍បះបោរនៅរុស្ស៊ី ធ្វើឲ្យ ចិន ឃើញច្បាស់ពីអំណាចទន់ខ្សោយរបស់រុស្ស៊ី?
ថ្ងៃអង្គារ រដ្ឋអំណាចរុស្ស៊ី ប្រកាសបញ្ជាក់ជាថ្មី ថាលើកលែងចោលបទប្តឹងផ្តល់និងបទចោទប្រកាន់ទាំងឡាយ ចំពោះក្រុមទាហានស៊ីឈ្នួល Wagner។ ក្រុមទាហាន Wagner ដែលកាលពីថ្ងៃសៅរ៍ បានបះបោរនិងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ី។ ព្រឹត្តិការណ៍បះបោរនេះ បានធ្វើឲ្យ ពិភពលោក ភ្ញាក់ផ្អើលជាខ្លាំង។ ជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី ប្រទេសចិន ក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំចិន ក៏ទំនងជាភ្ញាក់ស្មារតី និង ឃើញច្បាស់ពីអំណាចទន់ខ្សោយរបស់រុស្ស៊ី។ តើនេះ ពិតជាដូច្នេះមែនដែរឬទេ? ដៃគូទប់ទល់នឹងបស្ចិមប្រទេសចំពោះថ្នាក់ដឹកនាំចិន ប្រទេសរុស្ស៊ីជាដៃគូដ៏ចាំបាច់ និងដ៏មានប្រយោជន៍ សម្រាប់ទប់ទល់ឥទ្ធិពលរបស់ពួកលោកខាងលិច នៅក្នុងឆាកអន្តរជាតិ។ ហេតុដូច្នេះហើយ ទើបការបះបោរ របស់ ក្រុមទាហានស៊ីឈ្នួលWagner នៅរុស្ស៊ី គឺត្រូវ ថ្នាក់ដឹកនាំចិន បានតាមដានយ៉ាងកៀកកិត។ រដ្ឋអំណាចក្រុងប៉េកាំង ក៏បានបង្ហាញស្មារតីជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋអំណាចក្រុងម៉ូស្កូ។ បើទោះបីជា ចិន ចាត់ទុកថាការបះបោររបស់ពួកWagner ជា«រឿងផ្ទៃក្នុងរបស់រុស្ស៊ី»ក៏ដោយក្តី ក៏ប៉ុន្តែ ចិន បានសន្យាខំប្រឹងប្រែងសព្វបែបយ៉ាងដើម្បី«ថែរក្សាស្ថិរភាព»របស់រុស្ស៊ី។ នៅម៉ូស្កូ ថ្ងៃអាទិត្យ ពេលហេតុការណ៍ទាន់ហន់ប្រញាប់ខ្លាំង គឺនៅក្រុងប៉េកាំងឯណោះ រដ្ឋមន្ត្រីការបរទេសចិន បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាបន្ទាន់ ហើយប្រមុខការទូតចិន បានប្រាប់សមភាគីអំពីទឹកចិត្តនិងជំនួយរបស់មិត្ត ចិន ចំពោះ រុស្ស៊ី។ បើតាមទិនានុប្បវត្តិប្រជាជនចិន អ្នកនាំពាក្យក្រសួងកិច្ចការបរទេសចិន បានថ្លែងថា «ក្នុងនាមជាមិត្តក្បែររបងនឹងគ្នា ហើយនិងជាដៃគូសហការយុទ្ធសាស្ត្រនៅក្នុងសករាជថ្មីនេះ ប្រទេសចិន ជួយប្រទេសរុស្ស៊ី ដើម្បីធានាស្ថិរភាពជាតិ ឈានទៅរកសម្រេចការអភិវឌ្ឍនិងវិបុលភាព។»កាសែតប្រជាជនជនចិន បានយកចិត្តតាមដានការបះបោរ របស់ ក្រុមទាហានស៊ីឈ្នួលWagner និងគូសបង្ហាញថា មិនដល់រយៈប្រមាណ២៤ម៉ោងស្រួលបួលផង ព្រឹត្តិការណ៍បះបោរដែលផ្ទុះឡើងនៅថ្ងៃសៅរ៍ទី២៤មិថុនា បានរលត់ទៅវិញ នៅថ្ងៃអាទិត្យ។ កាសែតររដ្ឋចិនសង្កត់ធ្ងន់ថា ចិនបានធូរចិត្តជាខ្លាំង នៅពេលទទួលដំណឹងថា ការបះបោរ ស្ងប់ស្ងាត់ទៅវិញ។ ទោះបីជាយ៉ាងណាក្តី ព្រឹត្តិការណ៍បះបោរក្រុមទាហានស៊ីឈ្នួលWagner ដែលលើកទ័ពសម្រុកចូលរដ្ឋធានីម៉ូស្កូ គឺត្រូវអ្នកជំនាញនិងអ្នកវិភាគនយោបាយរុស្ស៊ី យល់ឃើញថា នេះជាបង្ហាញពីអស្ថិរភាពក្នុងប្រទេសរុស្ស៊ី។ អស្ថិរភាព ក៏មានដែរ ក្នុងផ្នត់គំនិតរបស់ពលរដ្ឋរុស្ស៊ី ហើយនិងជំរុញឲ្យកើតមានក្តីមិនទុកចិត្តចំពោះរដ្ឋអំណាច កាន់តែរីកធំឡើង។ មិនតែប៉ុណ្ណោះ ស្ថានការណ៍បះបោរនេះ ក៏ស្តែងដែរ ពីប្រព័ន្ធគ្រប់គ្រងយោធារុស្ស៊ី ទន់ខ្សោយ មិនមាំទាំ និង មានចន្លោះប្រហោងខ្លាំង ឬអាចបែកបាក់ផ្ទៃក្នុងផង ដែលអាចអនុញ្ញាតឲ្យ ពួកទាហានវ៉ាក់នែរ លើកទ័ពចូលដល់កៀករដ្ឋធានីម៉ូស្កូ។ ការបះបោរទាហានស៊ីឈ្នួលនេះ ចប់ស្ងប់ទៅ ដោយមានជំនួយចរចាអន្តរាគន៍ពីសំណាក់ ថ្នាក់ដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ចៅហ្វាយវិមានក្រេមឡាំង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារ បានថ្លែងអរគុណចំពោះក្រុមទាហានជាតិរុស្ស៊ី ដែលបានជួយទប់ទល់ និងបញ្ជៀសការបះបោរ ដែល ប្រមុខរដ្ឋរុស្ស៊ី ចាត់ទុកថា «បញ្ជៀសសង្គ្រាមស៊ីវិល»។ រដ្ឋអំណាចរុស្ស៊ី ក៏លើកលែងបទចោទប្រកាន់ទាំងឡាយចំពោះក្រុមបះបោរ។ត្រង់ចំណុចនេះ គឺនាំឲ្យមានសំណួរនិងចម្ងល់ច្រើនដែរ។ អ្នកខ្លះចោទសួរនិងសង្ស័យថា លោក វ្ល៉ាឌីមៀរ ពូទីន និង មេដឹកនាំក្រុមទាហានស៊ីឈ្នួលWagner លោក អេវហ្គេនី ព្រីហ្គោហ្ស៊ីន គឺ ប្រហែលតាមពិត គ្មានរឿងទាស់ទែងនឹងគ្នាទេ ហើយនិងថា ការដកទ័ពចូលទឹកដីរុស្ស៊ីពីសំណាក់ក្រុមវ៉ាក់ន្នែរ គឺជាការផ្សំគំនិតគ្នា និងជា ល្បែងយុទ្ធសាស្ត្ររៀបចំទុកជាមុន របស់ លោកពូទីននិងលោកព្រីហ្គោហ្ស៊ីន? នេះក៏ទំនងជាល្បិចយុទ្ធសាស្ត្រដកថយ និងបំភាន់គំនិតរបស់យោធាអ៊ុយក្រែន ដើម្បីនឹងប្រមូលកម្លាំងវាយសង្គ្រប់ លើ អ៊ុយក្រែន? នៅមានសំណួរនិងសេណារីយ៉ូ ជាច្រើន ដែលគេអាចគិតចេញប្លែកៗគ្នា។«អស្ថិរភាពនៃអំណាចក្រុងម៉ូស្កូ»ចំពោះប្រទេសចិន គឺអ្នកវិភាគនិងអ្នកជំនាញផ្សេងៗ ប្រមើលមើលឃើញថា ថ្នាក់ដឹកនាំចិន ច្បាស់ជាទាញទុកជាមេរៀននិងបទពិសោធទុកសម្រាប់ខ្លួន ជុំវិញព្រឹត្តិការណ៍បះបោរ។ មេរៀននោះ គឺថា រុស្ស៊ី មិនច្បាស់ថាមានស្ថិរភាពទាំងស្រុងទេ ហើយបទពិសោធចំពោះចិនខ្លួនឯងវិញ គឺដើម្បីបញ្ជៀសការបះបោរជាយថាហេតុណាមួយនៅក្នុងស្រុកខ្លួនដែរ គឺ ចិន ចាំបាច់ត្រូវតែរឹងបន្តឹងប្រព័ន្ធគ្រប់គ្រងយោធា នៅក្នុងប្រទេស និងក្នុងបក្ស បន្ថែមទៀត។អ្នកវិភាគ Vicotr Shih នៃសកលវិទ្យាល័យ San Diego នៅសហរដ្ឋអាមេរិក ជឿថា ថ្នាក់ដឹកនាំចិនក្រុងប៉េកាំង ច្បាស់ជាភ្ញាក់ស្មារតីដូចគេចោលនឹងដប់ថ្ម។ ដ្បិតថា «មុននឹងផ្ទុះព្រឹត្តិការណ៍ប៉ះបោររបស់ពួកវ៉ាក់នែរ គឺ ចិន ខំតែគិតថា រដ្ឋអំណាចរុស្ស៊ី និងអំណាចរបស់លោកពូទីន ជាអំណាចមាំទាំ និងប៉ះពាល់មិនបាន»។ តែតាមពិត ផ្ទុយខុសស្រឡះ។ ព័ត៌មានខ្លះ បញ្ជាក់ថា ខ្វះតែ ៤០០ គីឡូម៉ែត្រ គឺដល់ម៉ូស្កូ តែក្រុមWagnerខ្លួនឯង បង្ហើបថា ខ្វះតែ២០០គីឡូម៉ែត្រ តែប៉ុណ្ណោះ ចូលដល់រដ្ឋធានីម៉ូស្កូ។ ការបះបោរនេះ ជាពិតជាភាពតក់ស្លុតដ៏ធំមួយ ចំពោះរដ្ឋបាលក្រុងប៉េកាំង និងជាពិសេសចំពោះប្រធានាធិបតីចិន ស៊ី ជីនពីង ដែលថ្នាក់ដឹកនាំចិនឃើញភ្លឺភ្នែកច្បាស់ថា ប្រព័ន្ធការពារជាតិនៅខាងក្នុងប្រទេសរុស្ស៊ី គឺបរាជ័យធ្លាក់ទឹកតែម្តង។ នេះជាការគូសបង្ហាញរបស់ លោក Björn Alexander Dube អ្នកជំនាញទំនាក់ទំនងចិន-រុស្ស៊ី នៃសកលវិទ្យាល័យចិន Jilin ។អ្នកវិភាគ Victor Shih ហ៊ានថែមទាំងបញ្ចេញយោបល់ថា «ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នាំឲ្យខូចខាតដល់ស្ថិរភាពរបស់រុស្ស៊ីខ្លួនឯងដែរ»។ ដូច្នេះ ប្រហែលជា ចិន អាចនឹងបញ្ចេញសកម្មភាពកាន់តែខ្លាំង ក្នុងការចរចាបញ្ចប់សង្គ្រាមនេះ ពីព្រោះថា កាលណាសង្គ្រាមនៅអ៊ុយក្រែនចេះតែបន្ត នោះសកម្មភាពចលាចលផ្សេងៗ អាចនឹងបន្តមាន និងបន្តធ្វើឲ្យ រុស្ស៊ី កាន់តែខ្សោយ ហើយប្រសិនបើរបបអំណាចរុស្ស៊ីដួលរំលំ នោះក៏ពុំមែនជាផលល្អ សម្រាប់រដ្ឋអំណាច ចិន ដែរ៕
6/27/2023 • 5 minutes, 23 seconds ការបះបោរនៅរុស្ស៊ី៖តើអនាគតរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែនៅអាហ្វ្រិកនឹងទៅជាយ៉ាងណា?
នៅរុស្ស៊ី សកម្មភាពងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែបានចប់ទៅមែន ប៉ុន្តែវានៅបន្សល់ទុកនូវផលវិបាក និងចំណោទសួរជាច្រើនទាក់ទងនឹងអនាគតរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ ដឹកនាំដោយលោកព្រីហ្គោហ្ស៊ីន មនុស្សជំនិតដែលលោកពូទីនទើបចាត់ទុកជាជនជាតិក្បត់ជាតិ ក្នុងរឿងដឹកនាំការបះបោរប្រឆាំងថ្នាក់ដឹកនាំយោធារុស្ស៊ី។ ក្រៅពីចូលរួមយ៉ាងសកម្មនៅក្នុងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែសកម្មខ្លាំងនៅទឹកដីបរទេស ជាពិសេសនៅអាហ្វ្រិក និងនៅដើមបូព៌ា។ ដូច្នេះ នៅពេលដែលមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែត្រូវនិរទេសទៅនៅបេឡារុស ចំណែកអនាគតរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែក៏មិនច្បាស់លាស់នៅក្រោយការបះបោរមិនបានសម្រេច កាលពីថ្ងៃសៅរ៍ តើជោគវាសនារបស់ទាហានវ៉ាក់ណែនៅអាហ្វ្រិកនឹងទៅជាយ៉ាងណាទៅវិញ? បង្កើតឡើងនៅឆ្នាំ ២០១៤ ដោយលោកអេវហ្គីនី ព្រីហ្គោហ្ស៊ីនដែលធ្លាប់ជាមេចុងភៅរបស់លោកពូទីន ទាហានស៊ីឈ្នួលវ៉ាក់ណែជាកម្លាំងប្រដាប់អាវុធដែលរដ្ឋាភិបាលរបស់លោកពូទីនបញ្ជូនទៅធ្វើសកម្មភាពលួចលាក់នៅទឹកដីបរទេស ដោយចាប់ផ្តើមដំបូងសមរភូមិប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន និងនៅស៊ីរី។ ចាប់តាំងពីឆ្នាំ ២០១៥ វត្តមានរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរបស់លោកព្រីហ្គោហ្ស៊ីនបានចាប់រីកសាយភាយនៅទ្វីបអាហ្រ្វិក ជាទីដែលក្រុមវ៉ាក់ណែឈរជើងបោះទីតាំងក្នុងប្រទេសជាង១០ ដូចជាអាហ្វ្រិកកណ្តាល ម៉ាលី ស៊ូដង់ លីប៊ី ម៉ូហ្សំប៊ិក កាំម៉ារូន និងអេរីត្រេជាដើម។នៅបណ្តាប្រទេសអាហ្វ្រិកដែលកំពុងជួបអសន្តិសុខ សង្រ្គាមស៊ីវិល និងការវាយប្រហាររបស់ក្រុមភេរវនិយម ក្រុមហ៊ុនវ៉ាក់ណែផ្តល់សេវាជាច្រើនដូចជា ផ្តល់ទាហានប្រយុទ្ធ បណ្តុះបណ្តាលទាហានក្នុងស្រុក ការពារសន្តិសុខប្រធានាធិបតី ឬមេដឹកនាំរបបសឹក ធានាការពារកន្លែងបូមប្រេងរបស់ក្រុមហ៊ុនរុស្ស៊ី ធ្វើអាជីវកម្មជីកយករ៉ែ និងផ្តល់ជំនួយដល់មេដឹកនាំផ្តាច់ការក្នុងរឿងផ្សព្វផ្សាយព័ត៌មានមិនពិត បំផុសបំផុលឲ្យគេស្អប់ទាហានបារាំងជាដើម។ នៅម៉ាលី ស៊ូដង់ និងនៅអាហ្វ្រិកកណ្តាល ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីវ៉ាក់ណែបានចូលទៅជំនួសវត្តមានបារាំង តាមរយៈការផ្តល់ជំនួយកម្លាំងទ័ព និងលក់អាវុធដល់មេដឹកនាំរបបសឹក ដើម្បីប្រយុទ្ធប្រឆាំងក្រុមជីហាត ក្រុមអាល់កៃដា ជាថ្នូរនឹងសិទ្ធិធ្វើអាជីវកម្មជីកយក មាស ពេជ្រ។ ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែកំពុងមានវត្តមានយ៉ាងសកម្មនៅទឹកដីអាហ្វ្រិក។ ប៉ុន្តែ ការបះបោររបស់ក្រុមវ៉ាក់ណែប្រឆាំងថ្នាក់ដឹកនាំយោធារុស្ស៊ីកាលពីថ្ងៃសៅរ៍ទី២៤មិថុនា រហូតធ្វើឲ្យលោកពូទីនចាត់ទុកជាទង្វើក្បត់ជាតិ និងនិរទេសមេក្រុមហ៊ុនវ៉ាក់ណែ លោកព្រីហ្គោហ្ស៊ីនចេញពីរុស្ស៊ី ចង់ឬមិនចង់ នឹងអាចប៉ះពាល់ដល់អនាគតរបស់ក្រុមទាហានវ៉ាក់ណែនៅអាហ្វ្រិក។ ចំណែកមេដឹកនាំអាហ្រ្វិកដែលកំពុងធ្វើការជាមួយក្រុមទាហានវ៉ាក់ណែក៏កំពុងចាំអ៊ុតមើលការវិវត្តន៍ក្នុងទំនាក់ទំនងលោកពូទីន និងលោកព្រីហ្គោហ្ស៊ីន មេទាហានស៊ីឈ្នួលវ៉ាក់ណែ។ តើលោកពូទីននៅបន្តទុកឲ្យទាហានស៊ីឈ្នួលវ៉ាក់ណែរបស់លោកព្រីហ្គោហ្ស៊ីនមានវត្តមាននៅអាហ្វ្រិកតទៅទៀត ឬគាស់រំលើង រំលាយចោលក្រុមវ៉ាក់ណែដែលហ៊ានលើកគ្នាបះបោរប្រឆាំងថ្នាក់ដឹកនាំយោធា?ទាក់ទងនឹងអនាគតរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែនៅទឹកដីបរទេស ជាពិសេសនៅអាហ្វ្រិក អ្នកជំនាញបារាំង លោក Thierry Vircoulonបានលើកសេណារីយ៉ូ ៤។ ទីមួយ រដ្ឋាភិបាលរុស្ស៊ីអាចក្រសោបយកសកម្មភាពទាំងអស់របស់វ៉ាក់ណែមកគ្រប់គ្រងក្នុងដៃ។ ទី២ លោកពូទីនអាចយកក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីផ្សេងទៀតដែលស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ី មកជំនួសក្រុមហ៊ុនវ៉ាក់ណែ។ នៅត្រង់ចំណុចនេះ មានក្រុមទាហានស៊ីឈ្នួលផ្សេងទៀតនៅរុស្ស៊ី ដូចជាក្រុមហ្គាសព្រំ ឬមេដឹកនាំនៅឆេឆេនីជាដើមធ្លាប់បង្ហាញចេតនាចង់ជំនួសក្រុមវ៉ាក់ណែ។ ទី៣ លោកពូទីនអាចទុកឲ្យលោកព្រីហ្គោហ្ស៊ីនផ្តោតលើបេសកកម្មនៅទឹកដីបរទេស ប៉ុន្តែលោកព្រីហ្គោហ្ស៊ីនត្រូវយល់ព្រមប្រគល់ទាហានវ៉ាក់ណែដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនទៅឲ្យក្រសួងការពារជាតិរុស្ស៊ី។ សេណារីយ៉ូទី៤ គឺអ្វីៗរក្សាដូចដើម ព្រោះរុស្ស៊ីអាចគិតថា នៅទីបំផុតទៅ វត្តមានរបស់វ៉ាក់ណែនៅអាហ្វ្រិកបានជួយការពារផលប្រយោជន៍រុស្ស៊ី មិនថាធនធានរ៉ែមាសពេជ្រ និងភូមិសាស្រ្តនយោបាយដើម្បីប្រជែងឥទ្ធិពលរបស់អឺរ៉ុប និងអាមេរិកនៅទឹកដីអាហ្វ្រិក។ប៉ុន្តែ សេណារីយ៉ូទី៤ពិបាកនឹងអាចកើតឡើងបានណាស់ ព្រោះថា លោកពូទីនខឹកំពុងខឹងខ្លាំងនឹងក្រុមវ៉ាក់ណែរបស់លោកព្រីហ្គោហ្ស៊ីនដែលហ៊ានលើកគ្នាបះបោរ ផ្ចាញ់ផ្ចាលអំណាច ធ្វើឲ្យលោកអាម៉ាស់មុខ។ លោកពូទីនទំនងជាមិនបណ្តោយឲ្យក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែដែលអាចជាអនាគតគំរាមកំហែងអំណាចរបស់លោក នៅបន្តរកស៊ីមានបានដោយសារសកម្មភាពយោធានៅទឹកដីអាហ្វ្រិក។ តើលោកពូទីនបញ្ជូនកងទ័ពរុស្ស៊ីទៅកាន់ការជំនួសក្រុមវ៉ាក់ណែនៅអាហ្វ្រិក? លោកពូទីនប្រាកដណាស់មិនចង់ទុកកន្លែងរបស់ក្រុមវ៉ាក់ណែឲ្យនៅទំនេរចោល ព្រោះថា អាហ្វ្រិក ស៊ីរី ជាទឹកដីសំបូរធនធានរ៉ែមាសពេជ្រ ប្រេង ដែលជាទុនដើម្បីយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ដោយមិននិយាយចំៗឈ្មោះទាហានវ៉ាក់ណែ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកស៊ែរហ្គេយ ឡាវ្រូសបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា គ្រូបណ្តុះបណ្តាលយោធារុស្ស៊ីនៅតែបន្តវត្តមានរបស់ខ្លួននៅអាហ្វ្រិកកណ្តាល។ថ្នាក់ដឹកនាំអាហ្វ្រិកដែលកំពុងធ្វើការជាមួយក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ ដូចជាអាហ្វ្រិកកណ្តាល និងម៉ាលីជាដើម កំពុងតាមដានស្ថានការណ៍នៅរុស្ស៊ី នៅក្រោយការបះបោររបស់ទាហានស៊ីឈ្នួលវ៉ាក់ណែ។ ប៉ុន្តែ ពួកគេមិនសូវជាបារម្ភខ្លាំងប៉ុន្មាន ក្នុងហេតុផលថា ទោះជាមួយក្រុមវ៉ាក់ណែ ឬក្រុមទាហានស៊ីឈ្នួលរុស្ស៊ីណាមួយផ្សេងទៀត ក៏កិច្ចសន្យាយោធារបស់ពួកគេជាមួយរុស្ស៊ីនៅតែដដែលគ្មានប្រែប្រួល។ សម្រេចសម្រួលទៅ រាល់ទាហានស៊ីឈ្នួលរុស្ស៊ីដែលកំពុងធ្វើសកម្មភាពនៅទឹកដីបរទេសមិនអាចធ្វើអ្វីបានទេ បើសិនគ្មានជំនួយសព្វាវុធ សម្ភារៈ ថ្នាំពេទ្យ កងទ័ព និងព័ត៌មានសម្ងាត់ពីក្រសួងការពារជាតិរុស្ស៊ី៕
6/26/2023 • 5 minutes, 29 seconds ថាមពល៖កាតាបន្តចុះកិច្ចព្រមព្រៀងលក់ឧស្ម័នឲ្យចិន ខណ ៈដែលអឺរ៉ុបកំពុងបន្តរារែកអល់អែក
នៅថ្ងៃអង្គារ ទី២០ មិថុនា ប្រទេសកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ឧស្ម័នធម្មជាតិពង្រាវទៅឲ្យប្រទេសចិន។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងរវាងក្រុមហ៊ុនចិនឈ្មោះ China National Petroleum Corporation និងក្រុមហ៊ុនកាតាឈ្មោះ QatarEnergy សម្រាប់រយៈពេល ២៧ឆ្នាំ។ នៅក្នុងរយៈពេល ២៧ឆ្នាំ កាតានឹងលក់ឧស្ម័នធម្មជាតិពង្រាវទៅឲ្យចិនចំនួន ៤លានតោនក្នុងមួយឆ្នាំ។ នេះជាមហាកិច្ចព្រមព្រៀងលើកទី២ រវាងកាតា និងចិន បន្ទាប់ពីមហាកិច្ចព្រមព្រៀងលើកទី១ ក្នុងឆ្នាំ ២០២២។ ហេតុអ្វីបានជាកាតាសម្រុកលក់ឧស្ម័នរបស់ខ្លួនទៅបរទេស ពិសេសប្រទេសចិន? កាលពីជិត ១ឆ្នាំមុន ពោលក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កាតា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយក្សមួយស្តីពីថាមពល។ កិច្ចព្រមព្រៀងយក្សកាលណោះបានធ្វើឡើងរវាងក្រុមហ៊ុនថាមពលកាតាឈ្មោះ QatarEnergy និងក្រុមហ៊ុនថាមពលចិនឈ្មោះ Sinopec។ តាមរយៈកិច្ចព្រមព្រៀងមួយនេះពេលនោះ QatarEnergyនឹងលក់ឧស្ម័នធម្មជាតិពង្រាវឲ្យ Sinopec ចំនួន ៤លានតោនក្នុង ១ឆ្នាំសម្រាប់រយៈពេល ២៧ឆ្នាំ។ ឥឡូវនេះ មិនទាន់ដល់ ១ឆ្នាំស្រួលបួលផង កាតា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយក្សមួយទៀតដែលលើកនេះបានធ្វើឡើងឡើងរវាងក្រុមហ៊ុនថាមពលកាតាឈ្មោះ QatarEnergy ដដែល និងក្រុមហ៊ុនថាមពលចិនមួយទៀតឈ្មោះ China National Petroleum Corporation ឬហៅកាត់ CNPC។ចំណែកខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងរវាងQatarEnergy និង CNPC គឺដូចគ្នាបិះបិតនឹងខ្លឹមសារនៅក្នុងកិច្ចព្រព្រៀងរវាងQatarEnergy និង Sinopec មានន័យថា ជាកិច្ចសន្យាលក់ឧស្ម័នធម្មជាតិពង្រាវចំនួន ៤លានតោនក្នុង ១ឆ្នាំសម្រាប់រយៈពេល ២៧ឆ្នាំ។ នៅក្នុងពិធីចុះហត្ថលេខាក្នុងទីក្រុងដូហា អគ្គនាយកក្រុមហ៊ុន QatarEnergyលោក SaadSherida Al-Kaabiបានសាទរពីទំនាក់ទំនងប្រសើររវាងចិន និងកាតា។ ក្រៅពីនេះ លោកAl-Kaabi ក៏បានប្រកាសឲ្យដឹងពីការចូលរួមរបស់ក្រុមហ៊ុន CNPC ចំនួន ៥% ជាមួយក្រុមហ៊ុន QatarEnergy នៅក្នុងគម្រោងពង្រីកអណ្តូងឧស្ម័នNorth Field East។ ប្រធានក្រុមហ៊ុន CNPC លោក Dai Houliang បានធានាថា ការទទួលបានចំណែកភាគហ៊ុននៅក្នុងគម្រោង North Field Eastជាផ្នែកមួយនៃកុងសង់ស៊ុសយុទ្ធសាស្រ្តរវាងចិន និងកាតា។គម្រោង North Field East ដែលក្រុមហ៊ុន QatarEnergyត្រូវចំណាយលុយប្រមាណជា ២៨ ៧៥០លានដុល្លារនឹងអនុញ្ញាតឲ្យកាតាអាចបង្កើនផលិតកម្មឧស្ម័នធម្មជាតិពី ៧៧លានតោនក្នុង ១ឆ្នាំទៅ ១២៦លានតោនក្នុង ១ឆ្នាំពីពេលនេះទៅឆ្នាំ ២០២៧។ ចិនដែលជាអតិថិជនដំបូងគេរបស់កាតាជាប្រទេសមួយដែលបាននាំចូលឧស្ម័នធម្មជាតិពង្រាវច្រើនជាងគេក្នុងលោក។ ក្រៅពីចិន ជប៉ុន និងកូរ៉េខាងត្បូងក៏ជាអតិថិជនសំខាន់របស់កាតាដែរ។ តែក្នុងនាមជាប្រទេសជម្រុកឧស្ម័នធម្មជាតិពង្រាវធំជាងគេមួយជាមួយអាមេរិក និងអូស្រា្តលី កាតាត្រូវការអតិថិជនច្រើនជាងនេះ ពិសេសអតិថិជនដូចចិនដែលហ៊ានទិញក្នុងបរិមាណច្រើន និងហ៊ានចុះកិច្ចសន្យាទិញរយៈពេលយូរ។ ចូរកុំភ្លេចថាសព្វថ្ងៃនេះ កាតានៅមានសមត្ថភាពអាចផលិតឧស្ម័នធម្មជាតិពង្រាវបានជាង ៦០លានតោនក្នុងមួយឆ្នាំ។៦០លានតោនក្នុងមួយឆ្នាំជាបរិមាណមួយដ៏ច្រើនសម្បើមដែលកាតាត្រូវស្វែងរកអតិថិជនថ្មីឲ្យខានតែបាន។ ក្រៅពីអតិថិជននៅអាស៊ី មានប្រទេសអឺរ៉ុបជាច្រើនក៏កំពុងសំឡឹងឃើញឧស្ម័នធម្មជាតិពង្រាវរបស់កាតាដែរ ពិសេសក្នុងពេលដែលរុស្ស៊ីបានបិទរ៉ូប៊ីណេឧស្ម័នបង្ហូរទៅអឺរ៉ុប។ តែបញ្ហានៅត្រង់ថា ប្រទេសអឺរ៉ុបទាំងនោះមិនចង់ចុះកិច្ចសន្យារយៈពេលវែងជាមួយកាតាដូចចិនទេ។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ កាតា និងអាល្លឺម៉ង់បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើកទី១ សម្រាប់តែរយៈពេល ១៥ឆ្នាំប៉ុណ្ណោះ។ តើកាតាគួរបន្តស្វែងរកអតិថិជនទិញឧស្ម័នធម្មជាតិពង្រាវរបស់ខ្លួនក្នុងបរិមាណច្រើន និងមានរយៈពេលវែងដូចអតិថិជនចិន ឬយ៉ាងណា?។មានតែកាតាម្នាក់ឯងគត់ដែលអាចឆ្លើយនឹងសំណួរនេះបាន។ តែសម្រាប់សេដ្ឋវិទូលោក Justin Alexander តម្រូវការឧស្ម័នធម្មជាតិពង្រាវនៅអាស៊ីអាចជំរុញឲ្យអតិថិជននៅអឺរ៉ុបគិតគូរពិចារណា និងពន្លឿនកិច្ចចរចាជាមួយកាតា។ តាមលោក Justin Alexander កាតា និងអឺរ៉ុបអាចធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមក ពិសេសកាតាអាចទទួលយកកិច្ចសន្យារយៈពេលខ្លីដូចដែលអឺរ៉ុបចង់បាន តែជាកិច្ចសន្យាបត់បែនទៅតាមស្ថានភាពជាក់ស្តែង។ លោក Justin Alexander យល់ថា ការមានកិច្ចសន្យា ទោះជារយៈពេលខ្លីគ្រាន់បើជាងគ្មានកិច្ចសន្យា ព្រោះអ្វីដែលសំខាន់សម្រាប់កាតា គឺលក់ឧស្ម័នធម្មជាតិពង្រាវរបស់ខ្លួន។ ការហ៊ាននិយាយដូចនេះ ព្រោះមិនមែនមានតែកាតាមួយទេដែលមានឧស្ម័នធម្មជាតិពង្រាវលក់ឲ្យចិន ឬឲ្យអឺរ៉ុប។ក្រៅពីទិញឧស្ម័នធម្មជាតិពង្រាវរបស់កាតា ចិនក៏បានទិញពីរុស្ស៊ីដែរ។ មួយវិញទៀត តាំងពីរុស្ស៊ីឈប់លក់ឧស្ម័នឲ្យអឺរ៉ុបដោយសារតែរឿងរ៉ាវសង្រ្គាមអ៊ុយក្រែនមក រុស្ស៊ីក៏កំពុងស្វែងរកអតិថិជនថ្មីដែរ។ ដូច្នេះសម្រាប់កាតា វាជាឱកាសដែលត្រូវចាប់យកទីផ្សារអឺរ៉ុបដោយមិនត្រូវសំឡឹងមើលកិច្ចសន្យារយៈពេលវែង ឬខ្លីទេ៕
6/21/2023 • 5 minutes, 29 seconds ហេតុអ្វីបារាំងនិងអាល្លឺម៉ង់ខ្វែងគំនិតគ្នាលើគម្រោងការពារដែនអាកាសអឺរ៉ុប?
កាលពីថ្ងៃចន្ទ លោក អេម៉ានុយអែល ម៉ាក្រុង ដោយឆ្លៀតក្នុងអំឡុងពិព័រណ៍យន្តហោះ នៅទីក្រុងប៉ារីស បានរៀបចំសន្និសីទមួយ ដើម្បីជជែកអំពីយុទ្ធសាស្រ្ត ក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសអឺរ៉ុប។ គម្រោងពង្រឹងប្រព័ន្ធការពារដែនអាកាសផ្តួចផ្តើមគំនិតដោយបារាំងនេះត្រូវបានធ្វើឡើង នៅក្នុងបរិបទតានតឹងជាមួយរុស្ស៊ី ក៏ប៉ុន្តែ វាក៏ជាគម្រោង ដែលប្រជែងគ្នាក្នុងក្របខណ្ឌអឺរ៉ុបគ្នាឯងផងដែរ គឺប្រជែងជាមួយគម្រោងការពារដែនអាកាស ដែលផ្តួចផ្តើមគំនិតធ្វើដោយអាល្លឺម៉ង់។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពោលគឺ ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់ និងការបិទបញ្ចប់ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី បណ្តាប្រទេសនៅអឺរ៉ុបមិនសូវយកជាយកចិត្តទុកដាក់ខ្លាំងនោះទេ ទៅលើការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។ អ្វីៗត្រូវប្រែប្រួលជាមួយនឹងការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និងជាពិសេស ការប្រើប្រាស់យ៉ាងទូលំទូលាយនូវតាក់ទិកវាយប្រហារតាមផ្លូវអាកាសដោយរុស្ស៊ី ទៅលើអ៊ុយក្រែន រាប់ចាប់តាំងពីការវាយប្រហារដោយប្រើយន្តហោះចម្បាំង ដោយមីស៊ីល និងដ្រូន វាគឺជាការដាស់ស្មារតីបណ្តាប្រទេសនៅអឺរ៉ុបឲ្យភ្ញាក់ដឹងខ្លួន ពីចំណុចខ្សោយរបស់ខ្លួន ប្រឈមនឹងការគំរាមកំហែងពីលើអាកាស។ជារួម ស្ទើរតែគ្រប់ប្រទេសទាំងអស់ នៅអឺរ៉ុប សុទ្ធតែឯកភាពគ្នា ទៅលើភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដោយក្នុងនោះ គេសង្កេតឃើញប្រទេសសំខាន់ពីរ គឺបារាំង និងអាល្លឺម៉ង់ សុទ្ធតែបានបញ្ចេញកញ្ចប់ថវិកា រាប់ពាន់លានអឺរ៉ូ ដើម្បីចំណាយទៅលើប្រព័ន្ធការពារដែនអាកាស។ ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នាកើតឡើង ជុំវិញសំណួរថា តើអឺរ៉ុបគួរប្រើប្រព័ន្ធការពារដែនអាកាសបែបណា? ទិញពីប្រទេសណា?កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ អាល្លឺម៉ង់បានប្រកាសឲ្យដឹង អំពីគម្រោងការពារដែនអាកាសមួយ ដែលមានឈ្មោះជាភាសាអង់គ្លេសថា « Euro Sky Shield » ដោយមានការចូលរួមពីសំណាក់ប្រទេសចំនួន ១៧ ក្នុងបក្សសម្ព័ន្ធអូតង់ ដើម្បីស្រាក់គ្នា ទិញប្រព័ន្ធការពារដែនអាកាសរួមគ្នាយកមកប្រើ។ នៅក្នុងគម្រោង ដែលផ្តួចផ្តើមគំនិតដោយអាល្លឺម៉ង់នេះ គេគ្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស មកពី ៣ប្រភព៖ មីស៊ីលធុន IRIS-T របស់អាល្លឺម៉ង់ សម្រាប់រយៈចម្ងាយជិត មីស៊ីលធុន Patriot របស់អាមេរិក សម្រាប់រយៈចម្ងាយមធ្យម និង មីស៊ីលធុន Arrow-3 របស់អ៊ីស្រាអែល សម្រាប់រយៈចម្ងាយឆ្ងាយ។នៅក្នុងចំណោមប្រទេស ដែលចូលរួមក្នុងគម្រោងរបស់អាល្លឺម៉ង់នេះ គឺរួមមានជាអាទិ៍ ប្រទេសអង់គ្លេស បណ្តាប្រទេសនៅអឺរ៉ុបខាងជើង អឺរ៉ុបកណ្តាល និងប្រទេសនៅតំបន់សមុទ្របាល់ទិក។ ចំណែកបារាំងវិញ ដែលមានប្រព័ន្ធការពារដែនអាកាសផ្ទាល់ខ្លួនឯងស្រាប់ មិនស្ថិតនៅក្នុងគម្រោងរបស់អាល្លឺម៉ង់នេះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ បារាំងក៏បានបង្ហាញនូវការមិនសប្បាយចិត្តផងដែរ ចំពោះគម្រោងរបស់អាល្លឺម៉ង់ ដោយសារតែបារាំងយល់ឃើញថា គម្រោងនេះនឹងធ្វើឲ្យអឺរ៉ុបបាត់បង់ស្វ័យភាពខាងយុទ្ធសាស្រ្ត ដោយត្រូវពឹងផ្អែកលើអ្នកដទៃ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។អាល្លឺម៉ង់ធ្លាប់បានពន្យល់បកស្រាយថា ការណ៍ដែលអាល្លឺម៉ង់សម្រេចទិញប្រព័ន្ធការពារដែនអាកាសពីអាមេរិក និងអ៊ីស្រាអែល គឺដោយសារតែស្ថានការណ៍បច្ចុប្បន្នតម្រូវឲ្យអឺរ៉ុបពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនជាបន្ទាន់ ដូច្នេះ ការទិញប្រព័ន្ធដែលមានស្រាប់ វាងាយស្រួលជាង និងឆាប់រហ័សជាង ការចំណាយលុយ និងចំណាយពេល អភិវឌ្ឍបច្ចេកវិទ្យាថ្មីដោយខ្លួនឯង។ក៏ប៉ុន្តែ បារាំងវិញបានគូសបញ្ជាក់ថា គិតមកទល់នឹងសព្វថ្ងៃនេះ អឺរ៉ុបមានរួចទៅហើយ បច្ចេកវិទ្យាការពារដែនអាកាស ដោយប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី ក្រៅពី IRIS-T របស់អាល្លឺម៉ង់ គឺមានមីស៊ីលធុន Mistral របស់បារាំង។ ចំណែកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមវិញ គឺមានប្រព័ន្ធ MAMBA ផលិតរួមគ្នាដោយបារាំង និងអ៊ីតាលី។ ហេតុដូច្នេះហើយបានជាបារាំងចោទជាសំណួរថា តើហេតុអ្វីបានជាអឺរ៉ុបចាំបាច់ត្រូវទៅទិញប្រព័ន្ធការពារដែនអាកាស Patriot ពីអាមេរិកទៅវិញ នៅក្នុងពេលដែលអឺរ៉ុបមានប្រព័ន្ធការពារដែនអាកាសខ្លួនឯងរួចជាស្រេចទៅហើយ គឺប្រព័ន្ធ MAMBA ដែលមានប្រសិទ្ធភាពដូចគ្នា និងមានរយៈចម្ងាយប្រហាក់ប្រហែលគ្នាទៅនឹង Patriot?អ្វីដែលធ្វើឲ្យបារាំង រឹតតែពិបាកនឹងទទួលយកទៅទៀត គឺនៅក្នុងគម្រោងរបស់អាល្លឺម៉ង់ គេគ្រោងទៅទិញប្រព័ន្ធការពារមីស៊ីលពីអ៊ីស្រាអែល ដែលមិនត្រឹមតែជាប្រទេសនៅក្រៅអឺរ៉ុបនោះទេ តែថែមទាំងជាប្រទេសដែលនៅក្រៅបក្សសម្ព័ន្ធអូតង់ទៅទៀត។នៅក្នុងអំឡុងសន្និសីទ រៀបចំធ្វើឡើង កាលពីថ្ងៃចន្ទ នៅក្នុងអំឡុងពិព័រណ៍យន្តហោះនៅប៉ារីស លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសឲ្យដឹងថា បារាំង ប៊ែលហ្ស៊ិក អេស្តូនី ហុងគ្រី និងស៊ីប បានឯកភាពគ្នាថា នឹងបញ្ជាទិញរួមគ្នា នូវមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី ធុន Mistral ចំនួន ១០០០ដើម ហើយលោកប្រធានាធិបតីបារាំងក៏បានឲ្យដឹងផងដែរថា តាមរយៈអ្វីដែលគេបានជជែកគ្នា នៅក្នុងអំឡុងសន្និសីទនេះ បង្ហាញឲ្យឃើញថា នៅក្នុងវិស័យការពារដែនអាកាសនេះ អឺរ៉ុបអាចស្វែងរកដំណោះស្រាយក្នុងក្របខណ្ឌអឺរ៉ុបគ្នាឯង ដោយមិនចាំបាច់ត្រូវទៅពឹងលើប្រទេសផ្សេង ដែលនាំឲ្យបាត់បង់ឯករាជ្យយុទ្ធសាស្រ្តរបស់ខ្លួននោះទេ៕
6/21/2023 • 4 minutes, 37 seconds សហគមន៍អន្តរជាតិរៀបចំសន្និសីទស្តីពីជំនួយមនុស្សធម៌សម្រាប់ស៊ូដង់ ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តមាន
នៅថ្ងៃចន្ទ ទី១៩ មិថុនា ប្រទេសស៊្វីសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីជំនួយមនុស្សធម៌សម្រាប់ប្រទេសស៊ូដង់។ សន្និសីទនេះរៀបចំឡើងក្នុងពេលដែលស៊ូដង់កំពុងបន្តអូសជើងនៅក្នុងជម្លោះផ្លូវអាវុធរវាងឧត្តមសេនីយពីររូបតាំងពីជាង ២ខែកន្លងទៅ។ តាំងពីថ្ងៃផ្ទុះអាវុធដំបូងក្នុងថ្ងៃទី១៥ មេសា មានបទឈប់បាញ់ច្រើនដងត្រូវបានព្រមព្រៀងរវាងភាគីជម្លោះទាំងពីរ។ តែជាទូទៅ បទឈប់បាញ់ទាំងអស់មិនត្រូវបានគោរពត្រឹមត្រូវទេ។ បើជម្លោះប្រដាប់អាវុធកំពុងបន្តមានយ៉ាងក្តៅគគុកដូចនេះ ហេតុអ្វីបានជាសហគមន៍អន្តរជាតិបែរជារៀបចំសន្និសីទដើម្បីនិយាយតែពីជំនួយមនុស្សធម៌ទៅវិញ? តាំងពីថ្ងៃទី១៥ មេសា ជម្លោះរវាងកងទ័ពរបស់ឧត្តមសេនីយពីររូបគឺលោកអាប់ឌែល ហ្វាតា អាល់ បួរ៉ានដែលជាអគ្គមេបញ្ជាការកងទ័ពជាតិ និងលោកម៉ូហាម៉េដ ហាំដាន ដាហ្កាឡូដែលជាមេបញ្ជាការកងអាវុធហត្ថប្រតិបត្តិការរហ័សបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២ ០០០នាក់ និងមានអ្នកបម្លាស់ទីក្នុងស្រុក និងអ្នកភៀសខ្លួនចេញពីស្រុកកំណើតសរុបជាង ២លាន ២សែននាក់។ ទាំងនេះគ្រាន់ជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះការប្រឈមមុខដាក់គ្នារវាងឧត្តមសេនីយជើងខ្លាំងទាំងពីររូបកំពុងបន្តមាន និងបើតាមមើលទៅ គ្មាននរណាម្នាក់សុខចិត្តលើកទង់ជាតិ ស ឬមួយក៏ធ្វើសម្បទានឲ្យនរណាម្នាក់ឡើយ។ឧត្តមសេនីយអាល់ បួរ៉ាន និងឧត្តមសេនីយហាំដាន ដាហ្កាឡូសុទ្ធតែបានប្រកាន់ជំហរដូចគ្នាថា ភ្នំមួយមិនអាចមានខ្លាចពីរបានជាដាច់ខាត។ តែគេនៅមិនទាន់ដឹងថា តើខ្លាមួយណានឹងត្រូវខ្ទាតចេញពីភ្នំនោះមុនគេទេ។ អ្វីដែលគេដឹង ជម្លោះរវាងឧត្តមសេនីយជើងខ្លាំងទាំងពីររូបកំពុងជះផលវិបាកខ្លាំងដល់ស៊ូដង់ដែលជាប្រទេសក្រីក្រខ្លាំងជាងគេមួយនៅអាហ្វ្រិកខាងកើត ពិសេសប្រជាជនស៊ីវិលស្លូតត្រង់ទាំង ៤៨លាននាក់តែម្តង។ នៅមុនផ្ទុះជម្លោះប្រដាប់អាវុធ មានប្រជាជនស៊ូដង់ម្នាក់ក្នុងចំណោម ៣នាក់បានជួបគ្រោះអត់ឃ្លាន។ តែសព្វថ្ងៃនេះ មានប្រជាជនស៊ូដង់រហូតដល់ទៅ ២៥លាននាក់ ពោលជិតពាក់កណ្តាលប្រទេសកំពុងត្រូវការជំនួយមនុស្សធម៌ដើម្បីរស់។អង្គការសហប្រជាជាតិបានក្រើនរម្លឹកថា ប្រជាជនស៊ូដង់ទាំង ២៥លាននាក់មិនអាចបន្តរស់បានទេ បើគ្មានជំនួយមនុស្សធម៌អន្តរជាតិទេនោះ។ ដូច្នេះ នេះជារឿងបន្ទាន់ និងអាទិភាពដែលសហគមន៍អន្តរជាតិត្រូវគិតគូរមុនគេតាមរយៈការរៀបចំឲ្យមានសន្និសីទនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសពេលនេះ។ កម្មវត្ថុនៃសន្និសីទអន្តរជាតិដែលមានអារ៉ាប៊ីសាអូឌីតជាសហប្រធាន គឺស្វែងរកថវិកាដើម្បីផ្តល់ទៅឲ្យទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលនៅមិនទាន់ទទួលបានថវិកាលើកទី៥ នៅឡើយ។ នៅក្នុងទឹកប្រាក់ដែលអង្គការសហប្រជាជាតិចង់បានចំនួន ៣ ០០០ដុល្លារសម្រាប់ឆ្នាំ ២០២៣ នេះ គឺទើបទទួលបានតែ ១៧% ប៉ុណ្ណោះ។ក្រៅពីជួយប្រជាជនស៊ូដង់ក្នុងស្រុកផ្ទាល់ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក៏ត្រូវចូលជួយប្រទេសជិតខាងស៊ូដង់ដែលបានបើកទ្វារទទួលជនភៀសខ្លួនស៊ូដង់ដែរ។ តម្រូវការរបស់ប្រជាជនស៊ូដង់មានច្រើនតាំងពីចំណីអាហារ ទឹកស្អាត ថ្នាំពេទ្យ និងគ្រូពេទ្យដើម្បីប្រឈមទប់នឹងជំងឺឆ្លង ខណៈដែលរដូវភ្លៀងឈានចូលជិតដល់។ នៅតាមតំបន់ប្រយុទ្ធរវាងកម្លាំងរបស់ឧត្តមសេនីយទាំងពីររូប គ្រប់មន្ទីរពេទ្យដែលរងការទម្លាក់គ្រាប់បែកលែងដំណើរការ និងបានក្លាយជាទីតាំងរបស់កងទ័ព។ ចំណែកមន្ទីរពេទ្យដែលនៅដំណើរការក៏អស់ថ្នាំប្រើប្រាស់ ហើយគ្រូពេទ្យក៏បានភៀសខ្លួនទៅកាន់ទីកន្លែងផ្សេង ឬមួយក៏បោះបង់អាជីពរបស់ខ្លួនមួយរយៈ។ ស្ថានការណ៍ដែលកំពុងធ្លាក់ដុនដាប និងគួរឲ្យបារម្ភខ្លាំង គឺនៅតំបន់ដារហ្វួរស្ថិតប៉ែកខាងលិចប្រទេស។នៅទីនោះ មានការប្រយុទ្ធគ្នារវាងកងទ័ពជាតិ ប៉ារ៉ាទាហាន កម្លាំងប្រដាប់អាវុធកុលសម្ព័ន្ធ និងជនស៊ីវិលប្រដាប់អាវុធ។ តាមអង្គការសហប្រជាជាតិ អំពើហិង្សនៅក្នុងតំបន់ដារហ្វួបានបណ្តាលឲ្យមានមនុស្សជាង ១៥០ ០០០នាក់ភៀសខ្លួនទៅកាន់ប្រទេសឆាដក្បែរខាង។ គួររម្លឹកថា តំបន់មួយនេះរបស់ស៊ូដង់ធ្លាប់បានធ្លាក់ក្នុងសង្រ្គាមផ្ទៃក្នុងកាលពីទសវត្សរ៍ ២០០០ ដោយបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា ៣០០ ០០០នាក់ និងមានអ្នកបម្លាស់ទីក្នុងស្រុកជិត ២លានកន្លះនាក់។ យោងតាមអង្គការសហប្រជាជាតិ តំបន់ដដែលមួយនេះកំពុងធ្វើដំណើរឆ្ពោះទៅមហន្តរាយមនុស្សធម៌ ហើយអំពើហិង្សាដែលកំពុងកើតនៅតំបន់ដារហ្វួរអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។គួរបញ្ជាក់ថា តាំងពីថ្ងៃផ្ទុះអាវុធរវាងឧត្តមសេនីយអាល់ បួរ៉ាន និងឧត្តមសេនីយហាំដាន ដាហ្កាឡូជាង ២ខែកន្លងទៅមក មានបទឈប់បាញ់ច្រើនដងត្រូវបានមនុស្សខ្លាំងទាំងពីរព្រមព្រៀងគ្នា។ បទឈប់បាញ់ថ្មីចុងក្រោយរយៈពេល ៧២ម៉ោងទើបបានចូលជាធរមានក្នុងថ្ងៃអាទិត្យ ទី១៨ មិថុនា និងត្រូវអស់សុពលភាពនៅថ្ងៃពុធ ទី២១ មិថុនា។ កម្មវត្ថុនៃបទឈប់បាញ់ គឺអនុញ្ញាតឲ្យមានការដឹកជំនួយមនុស្សធម៌ទៅឲ្យប្រជាជនស៊ីវិល ពិសេសអ្នកដែលកំពុងជាប់គាំងនៅក្នុងតំបន់ប្រយុទ្ធ។ តែគេបានសង្កេតឃើញជារួមថា បទឈប់បាញ់សឹងទាំងអស់មិនសូវបានគោរពត្រឹមត្រូវទេ។ នេះជាដើមចមមួយទៀតក្រៅពីកង្វះថវិកាដែលក្រុមអង្គការមនុស្សធម៌មិនអាចនាំជំនួយទៅឲ្យប្រជាជនស៊ូដង់បាន។ នេះដោយនៅមិនទាន់រាប់បញ្ចូលនូវការរារាំងរបស់រដ្ឋអំណាចស៊ូដង់ផង ពិសេសការអល់អែក មិនចង់ផ្តល់ទិដ្ឋាការឲ្យបុគ្គលិកមនុស្សធម៌ដែលចង់ចូលទៅស៊ូដង់។ដូច្នេះ វាល្មមដល់ពេលដែលឧត្តមសេនីយគូបដិបក្ខទាំងពីរគិតគូរពីប្រយោជន៍ប្រទេស និងប្រជាជនឲ្យធំជាងមហិច្ឆតាផ្ទាល់ខ្លួន។ បើពុំនោះសោតទេ ស៊ូដង់នឹងធ្លាក់ទៅក្នុងទំព័រខ្មៅងងឹតជាមួយនឹងការស្លាប់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញក្នុងល្បឿនលឿនមិនធ្លាប់មានពីពេលមុន។ ចំណែកសហគមន៍អន្តរជាតិត្រូវតែជួយស៊ូដង់ឲ្យខានតែ ព្រោះបើគ្មានជំនួយនេះទេ ស៊ូដង់អាចក្លាយជាកន្លែងអនាធិបតេយ្យយ៉ាងឆាប់រហ័សដែលបង្កឱ្យមានអសន្តិសុខនៅទូទាំងតំបន់តែម្តង៕
6/20/2023 • 6 minutes, 14 seconds ក្រោយពីតុលាការសហព័ន្ធចោទប្រកាន់ លោក ត្រាំ កាន់តែវាយប្រហារសម្តីសង្គ្រុបលើរដ្ឋបាល បៃដិន
កាលពីសប្តាហ៍មុន តុលាការសហព័ន្ធអាមេរិក បានសម្រេចចោទប្រកាន់ជាផ្លូវការ លើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាច្រើនករណីជុំវិញសំណុំរឿងរក្សាទុកឯកសារសម្ងាត់ជាតិ ហើយបទចោទប្រកាន់នីមួយៗ អាចនឹងត្រូវមានទោសជាប់ពន្ធនាគារ ប្រមាណជាង១០ឆ្នាំ។ នេះគឺជាលើកទី១ក្នុងប្រវត្តិសាស្ត្រអាមេរិក។ ប៉ុន្មានថ្ងៃនេះ ក្នុងការជួបជុំឃោសនានយោបាយ ជនជាប់ចោទលោក ដូណាល់ ត្រាំ កាន់តែប្រឹងប្រែងវាយប្រហារសម្តីសង្គ្រុបលើលោក ចូ បៃដិន ហើយនិងចង្អុលមុខរដ្ឋមន្ត្រីយុត្តិធម៌ ថា «ជាជនពុករលួយ» និងជា «ជនកុម្មុយនិស្ត»។ អ្នកវិភាគ មើលឃើញថា ស្ថានការណ៍នេះ ក្រៅតែពីបង្កបញ្ហាដល់ដំណើរលទ្ធិប្រជាធិបតេយ្យអាមេរិក គឺ កាន់តែនាំឲ្យប្រទេសនេះ ងាយធ្លាក់ក្នុងសភាពគ្រោះថ្នាក់ និងអំពើហិង្សាផ្ទៃក្នុង។ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ លោក ដូណាល់ ត្រាំ ចូលបង្ហាញខ្លួននៅតុលាការ២ដងហើយ។ ក៏ប៉ុន្តែ លោក នៅតែប្រកែកអះអាងថា ខ្លួនជាជនស្អាតស្អំ គ្មានកំហុស។ នេះជាអ្វីដែលអតីប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងជាថ្មីក្នុងសប្តាហ៍ ចំពោះមុខអ្នកគាំទ្ររាប់សិបពាន់នាក់ ក្នុងរដ្ឋ New Jersey។ ក្រៅពីថ្លែងការពារខ្លួន លោក ដូណាល់ ត្រាំ ឆ្លៀតឱកាសកេងចំណេញ វាយបកទៅគូសត្រូវ។ ជាបេក្ខជនប្រធានាធិបតីអាណត្តិថ្មី ឆ្នាំ២០២៤ មកពីបក្សសាធារណរដ្ឋ លោក ត្រាំ បានព្រលយពាក្យដោយគ្មានសំចៃមាត់ រិះគន់ប្រធានាធិបតីអាមេរិក ចូ បៃដិន ថា ជា «ជនពុករលួយ»។ លោក ដូណាល់ ត្រាំ ក៏ថែមទាំងចាត់ទុកថា រដ្ឋអាជ្ញាពិសេស Jack Smith ថា«ជាបិសាចកំណាច» ថាជា «ចោរ» និងជា «ជនកុម្មុយនិស្តម៉ាសីសនិយម ដែលបំផ្លិចបំផ្លាញប្រជាធិបតេយ្យអាមេរិក»។ ចំពោះរដ្ឋមន្ត្រីក្រសួងយុត្ថិធម៌អាមេរិកMerrick Garland ក៏ត្រូវ លោក ត្រាំ បង្ហើរវោហាសាស្ត្រមើលងាយផងថា ជារដ្ឋមន្ត្រី នៃក្រសួង«អយុត្តិធម៌» ដូច្នេះទៅវិញ។មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ គឺបានចោទប្រកាន់ថាប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងរដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន ថាកំពុងតែធ្វើបាបរូបលោក ដែលជាបេក្ខជនប្រធានាធិបតីអាណត្តិថ្មី ដ៏មានសក្តានុពល និងមានប្រជាប្រិយភាពជាងគេ មកពីបក្សសាធារណរដ្ឋ និងជាគូប្រកួតប្រជែងដ៏ស្វាហាប់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ដោយឡែក ចំពោះបណ្តឹងទាំងឡាយទាំងពួងចំពោះរូបលោក ត្រូវលោក ដូណាល់ ត្រាំ ចាត់ទុកថា «ការបៀតបៀននយោបាយ ហើយជា ការធ្វើទុក្ខបុកម្នេញតាមបែបនៃរបបផ្តាច់ការហ្វាស៊ីស និងរបបកុម្មុយនិស្ត»។សម្តីវាយប្រហារធ្ងន់ៗទាំងនេះ គឺបន្ទាប់ពី អតីតប្រធានាធិបតីរូបនេះត្រូវ តុលាការសហព័ន្ធអាមេរិក នៅ Miami សម្រេចចោទប្រកាន់ជាផ្លូវការ ជាច្រើនករណីជុំវិញសំណុំរឿងឯកសារសម្ងាត់ជាតិ។ ច្បាប់សហរដ្ឋអាមេរិក បានចែងថា រាល់គ្រប់តែប្រធានាធិបតីអាមេរិក តម្រូវឲ្យផ្តល់ រាល់សំបុត្រឆ្លើយឆ្លង និង ម៉ែលសារអេឡិចត្រូនិច រួមទាំងឯកសារផ្សេងទៀត ព្រមទាំងឯកសារសម្ងាត់ជាតិ តម្កល់ទុកនៅបណ្ណាសារដ្ឋាន។ ហើយបើតាមច្បាប់ គឺមិនត្រូវរក្សាឯកសារសម្ងាត់ជាតិ នៅកន្លែងគ្មានសុវត្ថិភាព ឬកន្លែងដែលគ្មានការអនុវត្តដោយច្បាប់ នោះឡើយ។ ត្រង់ចំណុចនេះ ការផ្សាយរបស់កាសែតអាមេរិក គឺឲ្យដឹងថា លោក ដូណាល់ ត្រាំ ក្រោយពីធ្លាក់ចេញពីដំណែងហើយ នៅខែមករា ឆ្នាំ២០២១ គឺលោកបានប្រមូលយកឯកសារជាច្រើនកេស យកទៅផ្ទះរបស់ខ្លួន ហើយរក្សាទុកដោយធ្វេសប្រហែស ដូចជាដាក់ទុកក្នុងបន្ទប់ទឹក ជាដើម។ សំណុំរឿងផ្សេងទៀត! តុលាការរដ្ឋសហព័ន្ធ ក៏បានចោទលោក ដូណាល់ ត្រាំ ដែរពីការរារាំងកិច្ចការងាររបស់តុលាការយុត្តិធម៌ និងបទល្មើសផ្តល់សក្ខីកម្មមិនពិត ជាដើម។ នៅតុលាការរដ្ឋញូយ៉ក លោក ត្រាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំតួលេខគណនេយ្យ ដែលគេចោទរូបលោក ថាបានយកលុយសម្រាប់ឃោសនាបោះឆ្នោត ទៅសូកបិទមាត់ តួកុនស្រីកូនជ្រូក ដើម្បីកុំឲ្យនាងទម្ងាយរឿងរ៉ាវពាក់ពន័្ធផ្លូវភេទជាមួយនឹងលោក។តាមការស្ទង់មតិរបស់ YouGov គឺ ៦៧% នៃអ្នកបោះឆ្នោត មកពីបក្សសាធារណរដ្ឋ គឺបង្ហាញចេតនាចង់បោះឆ្នោតគាំទ្ររូបលោក ដូណាល់ ត្រាំ សម្រាប់អាណត្តិថ្មី។ ពលរដ្ឋអាមេរិកទាំងនោះ ក៏ថ្លែងការយល់ឃើញដែរថា រឿងរ៉ាវបណ្តឹងផ្លូវច្បាប់ទាំងឡាយប្រឆាំងនឹងរូបលោក ត្រាំ គឺសុទ្ធតែមានចរិតនយោបាយ។ អ្នកខ្លះថែមទាំងគិតថា ប្រសិនបើរឿងករណីបណ្តឹងផ្លូវច្បាប់នោះ បើវាពិតប្រាកដតែពាក់កណ្តាល ច្បាស់ជាលោកត្រាំ ត្រូវនគរបាលចាប់ដាក់ពន្ធនាគារបាត់ហើយ។ផ្ទុយទៅវិញ ក្រុមអ្នកគាំទ្រលោកដូណាល់ត្រាំ ដែលជាពួកសាធារណរដ្ឋ និងជាក្រុមដែលងប់ងល់នឹងការប្រើប្រាស់អាវុធ គឺបានព្រមានជាចំហ ថា ប្រសិនបើហ៊ានតែនរណាធ្វើបាប លោក ដូណាល់ ត្រាំ គឺពួកគេមិនអត់ឱនសោះឡើយ។ បើថាឲ្យសាមញ្ញ គឺ នរណាហ៊ានចាប់ខ្លួនលោកត្រាំ គឺត្រូវរំលងសាកសពពួកគេសិន។ ទោះបីជាយ៉ាងក៏ដោយ ការប្រើប្រាស់ពាក្យសម្តីវោហាសាស្ត្រចោទប្រកាន់ចំពោះលោក បៃដិន ក្តី លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្តី និង វាយប្រហារលើរដ្ឋអាជ្ញាពិសេស ពី សំណាក់ជនជាប់ចោទលោក ដូណាល់ ត្រាំ គឺធ្វើនាំឲ្យមានការចោទសួរច្រើនចំពោះប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាមេរិក ហើយនិងធ្វើឲ្យ ប្រជាពលរដ្ឋអាមេរិក មិនទុកចិត្តចំពោះនីតីរដ្ឋ។ អ្នកវិភាគស្ថានការណ៍ ព្រួយបារម្ភពីដំណើរលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក។ សាស្ត្រាចារ្យ Edward Foley នៃសកលវិទ្យាល័យOhio វិភាគមើលឃើញថា ស្ថានការណ៍នេះ អាចនាំឲ្យប្រទេសងាយធ្លាក់ក្នុងសភាពគ្រោះថ្នាក់ជាខ្លាំង៕
6/14/2023 • 5 minutes, 9 seconds ឈ្វេងយល់អំពីបទចោទប្រកាន់ទៅលើលោកដូណាល់ត្រាំដោយតុលា ការញូវយ៉ក
កាលពីថ្ងៃអង្គារ ៤មេសា លោកដូណាល់ ត្រាំ បានចូលខ្លួនទៅតុលាការនៅញូវយ៉ក ដើម្បីទទួលការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំនួន ៣៤។ ជាបទចោទប្រកាន់ ដែលលោកអតីតប្រធានាធិបតីអាមេរិកបដិសេធមិនទទួលកំហុស ព្រមទាំងបានបរិហាររិះគន់ថា ជាការចោទប្រកាន់ដែលមានចរិតនយោបាយ និងជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតី ដែលរូបលោកគឺជាបេក្ខជន។ តើអ្វីទៅជាបទចោទទាំង ៣៤ ហើយបទល្មើសនេះអាចនឹងត្រូវប្រឈមនឹងទោសអ្វីខ្លះ?
បទចោទប្រកាន់ដោយតុលាការញូវយ៉ក ទៅលើលោកដូណាល់ ត្រាំ ថ្វីដ្បិតតែមានទាំងអស់ដល់ទៅ ៣៤ ក៏ប៉ុន្តែ ជាបទល្មើសតែមួយប៉ុណ្ណោះ គឺបទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ហើយការក្លែងបន្លំនេះទៀតសោត ថ្វីដ្បិតតែមាន ៣៤ដង បង្កើតទៅជាបទចោទប្រកាន់ដល់ទៅ ៣៤ ក៏ប៉ុន្តែ វាជាប់ពាក់ព័ន្ធតែនឹងអង្គហេតុតែមួយប៉ុណ្ណោះ គឺការបង់លុយទៅឲ្យតារាសម្តែងកុនអាសអាភាស ដើម្បីបិទមាត់កុំឲ្យលេចធ្លាយរឿងអាស្រូវ នៅក្នុងអំឡុងពេលដែលលោកដូណាល់ ត្រាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦កន្លងទៅ។
មែនទែនទៅ នៅក្នុងច្បាប់អាមេរិក ការបង់លុយទៅឲ្យតារាកុនអាសអាភាសនេះវាមិនមែនជារឿងខុសច្បាប់នោះទេ។ អ្វីដែលតុលាការចោទប្រកាន់ថាជារឿងខុសច្បាប់ គឺនៅត្រង់ថា លុយដែលបង់ទៅឲ្យតារាកុនអាសអាភាសនេះ ត្រូវបានកត់ត្រានៅក្នុងគណនេយ្យក្រុមហ៊ុនរបស់លោកដូណាល់ ត្រាំថាជាមុខចំណាយលើថ្លៃមេធាវី ដែលបង្កើតទៅជាបទល្មើសក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន។
តាមធម្មតា បទល្មើសក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុននេះទៀតសោត ទៅតាមច្បាប់ក្នុងរដ្ឋញូវយ៉ក ក៏វាមិនមែនជាបទល្មើសធ្ងន់ធ្ងរនោះដែរ គឺត្រឹមជាបទល្មើសដែលអាចជាប់ទោសពន្ធនាគារក្រោម១២ខែ ឬត្រូវពិន័យជាលុយតែប៉ុណ្ណោះ (class A misdemeanor)។
ក៏ប៉ុន្តែ តុលាការបានចោទប្រកាន់លោកដូណាល់ត្រាំ ពីបទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ដោយមានស្ថានទម្ងន់ទោស ពោលគឺ ក្លែងបន្លំក្នុងចេតនាប្រព្រឹត្ត ឬបិទបាំងបទល្មើសណាមួយផ្សេងទៀត (class E felony)។
នៅក្នុងសេចក្តីសម្រេចចោទប្រកាន់លើលោកដូណាល់ត្រាំ ដែលត្រូវបានបង្ហាញជាសាធារណៈ កាលពីថ្ងៃអង្គារកន្លងទៅនេះ រដ្ឋអាជ្ញាមិនបានបញ្ជាក់លម្អិតថា តើបទល្មើស ដែលលោកដូណាល់ ត្រាំ ចេតនាប្រព្រឹត្ត ឬបិទបាំង ដោយក្លែងបន្លំកំណត់ត្រាក្រុមហ៊ុននេះ គឺជាបទល្មើសអ្វីពិតប្រាកដនោះទេ។ ក៏ប៉ុន្តែ បើមើលទៅលើទឡ្ហីករណ៍នៃការចោទប្រកាន់ ក៏ដូចជា ការថ្លែងផ្ទាល់មាត់ផ្សេងទៀត គេអាចមើលឃើញពីតម្រុយខ្លះៗថា បទល្មើសនេះ អាចទាក់ទងទៅនឹងការបំពានច្បាប់បោះឆ្នោត និងច្បាប់ស្តីពីហិរញ្ញវត្ថុយុទ្ធនាការឃោសនាបោះឆ្នោត ហើយតួអង្គសំខាន់ នៅក្នុងសំណុំរឿងនេះ ហើយដែលអាចនឹងជាសាក្សីសំខាន់ផងដែរ គឺអតីតមេធាវីរបស់លោកដូណាល់ ត្រាំ ឈ្មោះ ម៉ៃឃើល កូហ៊ែន (Michael Cohen)។
ម៉ៃឃើល កូហ៊ែន គឺជាអ្នកដែលបានចាត់ចែងចរចា និងបង់លុយទៅឲ្យតារាកុនអាសអាភាស Stormy Daniels ហើយដោយសារតែការលាក់បាំងរឿងបង់លុយទៅឲ្យ Stormy Daniels នេះ ម៉ៃឃើល កូហ៊ែន ត្រូវបានតុលាការកាត់ទោស កាលពីឆ្នាំ២០១៨កន្លងទៅ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទល្មើសនឹងច្បាប់ស្តីពីហិរញ្ញវត្ថុយុទ្ធនាការឃោសនាបោះឆ្នោត។ នៅក្នុងសំណុំរឿងនេះ ម៉ៃឃើល កូហ៊ែនបានសារភាពថា ខ្លួនពិតជាបានបង់លុយទៅឲ្យ Stormy Daniels មែន ដោយដំបូងប្រើលុយផ្ទាល់ខ្លួនឯង ហើយបន្ទាប់មកទៀត ទើបលោកដូណាល់ ត្រាំ សងលុយនេះមកវិញ ដោយដាក់ថាជាលុយថ្លៃមេធាវី។
ដូច្នេះ ជារួមមកវិញ តុលាការយល់ឃើញថា លោកដូណាល់ ត្រាំ បង់លុយទៅឲ្យតារាកុនអាសអាភាស ដើម្បីបំបិទរឿងអាស្រូវ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត គឺក្នុងគោលដៅការពារបេក្ខភាពប្រធានាធិបតីរបស់លោក ដូច្នេះ លុយនេះត្រូវចាត់ទុកថាជាការចំណាយឃោសនាបោះឆ្នោត ហើយការលាក់បាំងការចំណាយឃោសនាបោះឆ្នោត គឺជាទង្វើល្មើសនឹងច្បាប់បោះឆ្នោត ដូច្នេះ ការក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ដោយបង្វែរមុខចំណាយ ដែលបង់ទៅឲ្យតារាកុនអាសអាភាស ទៅដាក់ជាមុខចំណាយទៅលើថ្លៃមេធាវី វាគឺជាការក្លែងបន្លំ ក្នុងចេតនាប្រព្រឹត្តបទល្មើសច្បាប់បោះឆ្នោត ដូច្នេះ វាបង្កើតទៅជាបទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ដោយមានស្ថានទម្ងន់ទោស ដែលតាមច្បាប់នៅរដ្ឋញូវយ៉ក អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធគាររហូតដល់ទៅ ៤ឆ្នាំ៕
4/5/2023 • 3 minutes, 55 seconds វិធីសាស្រ្តដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅនៅក្នុ ងបរិយាកាសដោយដំណាំស្រូវ
នៅក្នុងប្រទេសវៀតណាមក៏ដូចជានៅក្នុងប្រទេសអាស៊ីមួយចំនួន ដីកសិកម្មភាគច្រើនត្រូវបានប្រើដើម្បីដាំស្រូវ។ តែអ្វីជាការកត់សម្គាល់ ដំណាំស្រូវមានចំណែកចូលរួម ឬជាអ្នកទទួលខុសត្រូវមួយផ្នែកនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។ តើដំណាំស្រូវបានចូលរួមការឡើងកម្តៅនៅក្នុងបរិយាកាសយ៉ាងម៉េច និងថា តើគេមានវិធីសាស្រ្តអ្វីខ្លះដើម្បីកាត់បន្ថយ?។
ការដាំដំណាំទូទៅ និយាយជារួម និងការដាំដំណាំស្រូវ និយាយដោយឡែក គេមិនត្រូវបំភ្លេច និងមិនអាចធ្វើមិនដឹង មិនឮនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅនៅក្នុងបរិយាកាសបានឡើយ។ មិនត្រូវបំភ្លេច និងមិនអាចធ្វើមិនដឹង មិនឮដោយសារថា ដំណាំស្រូវជាអ្នកទទួលខុសត្រូវ ឬបានចូលរួមបញ្ចេញឧស្ម័នមេតានប្រមាណជា ១០% ទៅក្នុងបរិយាកាស។ ១០% ហាក់ដូចជាតិចមែន តែគេមិនត្រូវភ្លេចនិយាយទេថា ឧស្ម័នមេតានបានរក្សាទុកកម្តៅរហូតដល់ទៅ ៨០ដងច្រើនជាងឧស្ម័នកាបូនិក។ ធម្មតា ឧស្ម័នមេតានភាគច្រើនមានប្រភពចេញពីលាមកបសុសត្វធំៗ ដូចជាសេះ គោ ឬក្របី។
តែទន្ទឹមគ្នានេះ ឧស្ម័នមេតានក៏មានប្រភពចេញពីបាក់តេរីដែលបានចាប់កំណើតនៅក្នុងស្រែលិចទឹក ហើយចំនួនបាក់តេរីដដែលនេះមានកាន់តែច្រើននៅពេលដែលគេទុកចំបើងឲ្យរលួយក្នុងស្រែលិចទឹកនៅក្រោយការច្រូតកាត់។ នេះជាដើមចមទីមួយនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដោយឧស្ម័នមេតាន។ ចំណែកដើមចមទី២ គឺការដុតចម្បើមក្នុងស្រែចោលនៅក្រោយការប្រមូលផលរួច។ ដូច្នេះ តើមានវិធីសាស្រ្តដើម្បីបញ្ជៀសការដុតចំបើង និងការទុកចំបើងចោលឲ្យរលួយក្នុងស្រែលិចទឹកនៅក្រោយការច្រូតកាត់បានដែរ ឬទេ?។ ចម្លើយចំពោះសំណួរនេះត្រូវបានកសិករជនជាតិវៀតណាមម្នាក់ឈ្មោះដុង វ៉ាន់កាញ់ចោទជាសំណួរថា បើគេអាចទាញបានប្រយោជន៍ពីចំបើងទៀតនោះ តើវាមិនចំណេញទាំងអស់ទេ ឬយ៉ាងណា?។
អ្វីដែលកសិករជនជាតិវៀតណាមវ័យ ៣៩ឆ្នាំរូបនេះចង់និយាយ គឺទទួលបានទាំងលុយ និងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។ ជំនួសឲ្យការទុកចំបើងរលួយក្នុងស្រែលិចទឹក ឬដុតចោលនៅក្រោយការច្រូតកាត់រួច គេយកចំបើងទៅត្រាំទឹក ហើយដាក់ដំរៀបផ្ទាល់ដីដើម្បីយកផ្សិតលក់។ បន្ទាប់មក គេយកចំបើងដដែលនេះទៅលាយកិនបញ្ចូលគ្នាដើម្បីធ្វើជីសរីរាង្គដ៏មានជីវជាតិសម្រាប់ការដាំដំណាំផ្សេងទៀត។ គំនិតផ្តួចផ្តើមមួយនេះបានទទួលការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលឈ្មោះ « វិទ្យាសា្ថនស្រាវជ្រាវអង្ករអន្តរជាតិ » ហៅកាត់ IRRI។ នៅវៀតណាម ទាំងអស់គ្នាបានជ្រើសយកគំនិតផ្តួចផ្តើមមួយនេះ នេះជាសម្តីរបស់កសិករជនជាតិវៀតណាមលោកដុង វ៉ាន់កាញ់។
អ្វីជាការកត់សម្គាល់ គំនិតផ្តួចផ្តើមមួយនេះត្រូវបានគេយកទៅអនុវត្តកាន់តែច្រើន បន្ទាប់ពីមានប្រមាណ ១០០ប្រទេសបានសន្យាចូលរួមកាត់បន្ថយឧស្ម័នមេតាននៅក្នុងបរិយាកាសឲ្យដល់ ៣០% ពីពេលនេះទៅឆ្នាំ ២០៣០។ តែអ្វីដែលគួរឲ្យសោកស្តាយ ឥណ្ឌា និងចិនដែលជាប្រទេសដាំស្រូវច្រើនជាងគេមិនបានស្ថិតក្នុងចំណោមប្រទេសទាំង ១០០ នោះទេ។ នៅវៀតណាម បច្ចេកទេសក្នុងការប្រើចំបើងឡើងវិញត្រូវបានរដ្ឋអំណាចបង្ហាត់បង្រៀន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់កសិករ និងមន្ត្រីកសិកម្មក្នុងស្រុកនៅទូទាំងប្រទេស នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលស្រាវជ្រាវកសិឧស្សាហកម្មអន្តរជាតិ។ តែគេមិនដឹងច្បាស់ថា តើមានកសិករវៀតណាមប៉ុន្មាននាក់ដែលបានយកបច្ចេកទេសនេះទៅអនុវត្តជាក់ស្តែងនោះទេ។
តាមធនាគារពិភពលោក នៅមានចំបើងដល់ទៅជាង ៨០% នៅតំបន់ដីសណ្តទន្លេមេគង្គត្រូវបានគេដុតចោលនៅឡើយកាលពីឆ្នាំ ២០២២។ ដោយឡែក បូកផ្សំនឹងការគ្រប់គ្រងចំបើងតាមរយៈការទាញយកផលពីកាកសំណល់ក្នុងស្រែមួយនេះ ក្រុមអ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ឲ្យបន្ថែមវិធីសាស្រ្តមួយទៀត គឺបង្ហូរ ឬបូមទឹកចេញពីស្រែដើម្បីកាត់បន្ថយបាក់តេរី និងបង្កើតអុកស៊ីសែនពីដីស្រែឡើងវិញ។ តាមក្រុមអ្នកស្រាវជ្រាវ នៅពេលមានទឹកដក់ជាប់ក្នុងស្រែមានន័យថា គ្មានការដូរខ្យល់រវាងដី និងបរិយាកាសខាងក្រៅ។ ពិតណាស់ និងខុសពីដំណាំផ្សេងទៀត ដំណាំស្រូវតម្រូវឲ្យមានទឹកដក់ជាប់ជាប្រចាំនៅក្នុងស្រែ។ តែក្រោយប្រមូលផលរួច និងបើនៅសល់ទឹកក្នុងស្រែទៀត គឺត្រូវយកទឹកនោះចេញ។
នៅវៀតណាម វិធីសាស្រ្តមួយនេះត្រូវបានអនុវត្តលើដីស្រែដាំស្រូវចំនួន ១ភាគ៣ ឬចំនួនពាក់កណ្តាលក្នុងខេត្តអាន ចាងដោយផ្អែកតាមរដូវនីមួយៗ។ សរុបមកវិញ ការដាំស្រូវទទួលបានស្រូវជារឿងធម្មតា តែមិនត្រូវភ្លេចថា ដើមស្រូវ ឬចំបើងមិនមែនជាកាកសំណល់ឥតប្រយោជន៍ទេ។ តែសារដែលក្រុមអ្នកវិទ្យាសាស្រ្តចង់ទាញចំណាប់អារម្មណ៍នោះគឺថា ការដាំស្រូវមិនអាចធ្វើព្រងើយកន្តើយ ឬមើលរំលងនឹងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបានឡើយ ទោះជាឧស្ម័នមេតាន ឬឧស្ម័នកាបូនិក៕
4/4/2023 • 5 minutes, 14 seconds ហេតុអ្វីបានជាមានក្រុមហ៊ុនបរទេសកាន់តែច្រើនបានជ្រើស យកកាណាដាដើម្បីផលិតអាគុយរថយន្តអគ្គិសនី?
នៅក្នុងពិភពលោកសព្វថ្ងៃដែលកំពុងបារម្ភខ្លាំងពីការប្រែប្រួលអាកាសធាតុ ការប្តូរពីរថយន្តប្រើប្រេងទៅរថយន្តអគ្គិសនីជាការរួមចំណែកដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។ តែអ្វីដែលសំខាន់ជាងគេនៅក្នុងរថយន្តអគ្គិសនី គឺអាគុយ ហើយនៅក្នុងការផលិតអាគុយនេះទៀតសោត មានក្រុមហ៊ុនបរទេសកាន់តែច្រើនបានជ្រើសយកប្រទេសកាណាដាដើម្បីផលិត។ តើកាណាដាមានសក្តានុពលអ្វីខ្លះនៅក្នុងវិស័យផលិតរថយន្ត និយាយជារួម និងវិស័យផលិតអាគុយ និយាយដោយឡែក?
នៅពេលដែលគេនិយាយពីរថយន្តប្រើប្រេង មិនថាសាំង ឬម៉ាស៊ូត គេពិតជាចាប់អារម្មណ៍ភ្លាមពីប្រភពប្រេងដែលគេបានដឹងគ្រប់គ្នាថា ភាគច្រើនមាននៅក្នុងបណ្តាប្រទេសអារ៉ាប់ ដូចយ៉ាងអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ឬកូវ៉ែត។ តែបើគេនិយាយពីរថយន្តអគ្គិសនី គេពិតជាចាប់អារម្មណ៍ភ្លែតពីប្រភពរ៉ែចាំបាច់ដើម្បីឈានទៅផលិតអាគុយ ក្នុងនោះ លីចូមជាប្រភេទរ៉ែចាំបាច់ខ្លាំងជាងគេ។ សព្វថ្ងៃ ចិនស្ថិតលំដាប់ទី១ ជាប្រទេសដែលបានផលិតអាគុយច្រើនជាងគេក្នុងលោក ពោលមានដល់ទៅ ៧៥% ឯណោះ។ ចំណែកប្រទេសកាណាដាវិញ គឺស្ថិតនៅលេខរៀងទី៥។ តែបើតាមនាយករដ្ឋមន្រ្តីកាណាដាលោកហ្សូសស្តាំង ទ្រុយដូ ចាប់ពីពេលនេះទៅ កាណាដាបានឡើងពីលេខរៀងទី៥ ទៅលេខរៀងទី២ ពោលបន្ទាប់ពីចិន។
មិនមែនជាការអួតអាងទេ តែលោកទ្រុយដូបានសំអាងលើចំណាត់ថ្នាក់ចុងក្រោយរបស់ក្រុមហ៊ុនស្រាវជ្រាវឈ្មោះ BloombergNEF។ របាយការណ៍របស់ BloombergNEF បានលើកយកសក្តានុពលសំខាន់ចំនួនពីរដែលកាណាដាមាន ទី១ ប្រភពវត្ថុធាតុដើមសម្រាប់ផលិតអាគុយ និងទី២ សង្វាក់ផលិតកម្មដែលប្រើថាមពលបានមកពីប្រភពស្អាត ឬហៅថាមពលកើតឡើងវិញ។ ជាក់ស្តែងក្នុងខេត្តកេបិក ថាមពលចំនួន ៩៩% ជាថាមពលបៃតងដែលបានមកពីវារីអគ្គិសនី។ គឺសក្តានុពលសំខាន់ទាំងអស់នេះហើយដែលបានធ្វើឲ្យកាណាដាក្លាយជាគោលដៅ និងកំពុងទាក់ទាញក្រុមហ៊ុនបរទេសកាន់តែច្រើនឲ្យចូលទៅបោះទុនដើម្បីផលិតអាគុយរថយន្តអគ្គិសនី។
ទន្ទឹមនឹងអំណោយផលទាំងនេះ រដ្ឋាភិបាលកាណាដាក៏បានប្រើសន្លឹកបៀរចុងក្រោយមួយទៀតក្នុងដៃ គឺការបន្ធូរបន្ធយពន្ធ។ នៅក្នុងច្បាប់ថវិកាប្រចាំឆ្នាំដែលទើបបានបង្ហាញនាពេលថ្មីៗនេះ រដ្ឋាភិបាលបានបញ្ចុះពន្ធដល់ទៅ ៣០% សម្រាប់ការផលិតបច្ចេកវិទ្យាបៃតង ការបំលែង ការទាញយក ឬការកែច្នៃឡើងវិញនូវរ៉ែសំខាន់ៗ។ វិធានការបន្ធូរបន្ធយពន្ធនេះជាការផ្តល់សន្ទុះបន្ថែមនៅក្នុងផលិតកម្មអាគុយដែលកំពុងមានដំណើរការល្អស្រាប់។ ក្នុងរយៈពេលតែ ២ឆ្នាំ ការវិនិយោគនៅក្នុងការផលិតអាគុយមានទឹកប្រាក់ជាង ១៨ ០០០លានដុល្លារ។ ជាមួយនឹងអំណោយផលដែលកាណាដាមាន ក្រុមហ៊ុនផលិតរថយន្តដែលបានចាកចេញពីកាណាដាទៅកាន់ប្រទេសក្បែរខាងបានបែរក្បាលត្រឡប់វិញ និងមានការចូលទៅបោះទុនរបស់ក្រុមហ៊ុនថ្មីផ្សេងទៀត។
ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ម៉ាក Volkwagen នឹងធ្វើការសាងសង់រោងចក្រផលិតអាគុយនៅក្នុងខេត្ត Ontario របស់កាណាដា។ សម្រាប់ក្រុមហ៊ុន Volkwagen នេះជារោងចក្រផលិតអាគុយទី១ របស់ខ្លួន នៅក្រៅទឹកដីអឺរ៉ុប ហើយសម្រាប់កាណាដា នេះជាលើកទី១ ក្នុងរយៈពេល ៣៥ឆ្នាំ ដែលមានក្រុមហ៊ុនផលិតរថយន្តថ្មីមួយបានបោះទុនរកស៊ីនៅកាណាដា។ ក្រៅពី Volkwagen នៅមានក្រុមហ៊ុនអាមរិកាំង Stellantis General Motors ឬក្រុមហ៊ុនផលិតសំបកកង់បារាំង Michelin ជាដើម។ ជាងពេលណាៗទាំងអស់ចាប់ពីពេលនេះត ទៅ តម្រូវការរ៉ែចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនីនឹងបន្តកើនឡើងជាលំដាប់។
តាមទីភ្នាក់ងារថាមពលអន្តរជាតិ តម្រូវការអាចនឹងកើន១គុណជា៤ និងគុណរហូតដល់ជា ៦ ចាប់ពីពេលនេះទៅឆ្នាំ ២០៤០។ ក្រៅពីផ្តល់សន្ទុះនៅក្នុងផ្នែកផលិតអាគុយ រដ្ឋាភិបាលកាណាដាក៏បានផ្តោតលើផ្នែកកែច្នៃឡើងឡើងវិញដែរ។ ផ្នែកកៃច្នៃឡើងវិញដែលគេចង់និយាយនេះ គឺការទាញយកបានលោហៈយុទ្ធសាស្រ្តរហូតដល់ទៅ ៩៥% ពីអាគុយចាស់ៗដែលប្រើហើយ រួចយកលោហៈយុទ្ធសាស្រ្តនេះទៅផលិតអាគុយថ្មីឡើងវិញ។ តាមលក្ខណៈសេដ្ឋកិច្ច គេហៅជាសង្វាក់ផលិកម្មវិលជុំ។ ការផលិតថ្មីដោយប្រើវត្ថុធាតុដើមចាស់បានហុចប្រយោជន៍ពីរ ទី១ មិនសូវបំពុលបរិស្ថាន និងទី២ ប្រើទឹកតិច។ ចូរកុំភ្លេចថា ការស្វែងរកលោហៈយុទ្ធសាស្រ្តនៅក្នុងអណ្តូងរ៉ែបានប៉ះពាល់ខ្លាំងដល់បរិស្ថាន។ ចំណែកនិតិវិធីទាញយកលោហៈយុទ្ធសាស្រ្តពីក្នុងអណ្តូងរ៉ែក៏ត្រូវប្រើទឹកច្រើនដែរ។
សរុបមកវិញ កាណាដាកំពុងក្លាយជាទីតាំងដ៏ទាក់ទាញខ្លាំងសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និយាយជារួម និងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី និយាយដោយឡែក។ តើវាជាទំព័រថ្មីសម្រាប់កាណាដា ឬ?។ មិនមែនត្រឹមជាទំព័រថ្មីប៉ុណ្ណោះទេ តែវាស្ទើរជាសៀវភៅថ្មីមួយដែលកាណាដាកំពុងសរសេរអំពីវិស័យរថយន្តនៅកាណាដា នេះជាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មកាណាដាលោក François-Philippe Champagne៕
4/3/2023 • 5 minutes, 18 seconds តើការទទួលយកលុយយ័នរបស់រុស្ស៊ីមានន័យយ៉ាងណាសម្រាប់លុ យដុល្លារអាមេរិក?
ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ីបានជំរុញឱ្យប្រទេសនេះស្វះស្វែងរកមធ្យោបាយផ្សេងៗ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ នាពេលថ្មីៗ ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី មេដឹកនាំរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការប្រើប្រាស់លុយយ័ននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ហេតុអ្វីរុស្ស៊ី និងចិនធ្វើបែបនេះ? ហើយតើទង្វើនេះមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក?
នាពេលថ្មីៗ ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការទទួលយកប្រាក់យ័នជារូបិយប័ណ្ណសំខាន់មួយ សម្រាប់ការរក្សាទុនបម្រុងអន្តរជាតិរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មអន្ដរជាតិ និងសូម្បីតែប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារផងដែរ។
ការផ្លាស់ប្តូរនេះបានធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាឧទាហរណ៍មួយដ៏កម្រ ក្នុងនាមជាប្រទេសដែលទទួលយកប្រាក់យ័នជាលុយបម្រុងអន្ដរជាតិរបស់ខ្លួន ជាជាងប្រើប្រាស់លុយដុល្លារអាមេរិក ឬលុយអឺរ៉ូ។ តើទង្វើនេះមានន័យយ៉ាងណាសម្រាប់ឧត្តមភាពនៃលុយដុល្លារអាមេរិក?
ឧត្តមភាពនៃលុយដុល្លារអាមេរិកក្នុងប្រវត្តិសាស្រ្ដជាង១០០ឆ្នាំ
ក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ លុយជាតិរបស់ប្រទេសមួយនឹងក្លាយជា លុយបម្រុងរបស់សកលលោក នៅពេលណាប្រទេសនោះមានសេដ្ឋកិច្ចធំជាងគេបំផុត ជាឧទាហរណ៍ លុយដុល្លារអាមេរិកបច្ចុប្បន្ន បានក្លាយជា លុយបម្រុងអន្ដរជាតិ ជំនួស លុយផោនអង់គ្លេស ក្រោយសង្គ្រាមលោកលើកទីពីរ។
ដោយសារតែឧត្តមភាពនៃលុយដុល្លារ និងសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់កំពូលទីមួយលើលោក រដ្ឋាភិបាលអាមេរិកត្រូវគេមើលឃើញថាបានបន្ដប្រើប្រាស់លុយដុល្លារជាអាវុធ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសផ្សេងៗ តួយ៉ាងណា ការដាក់ទណ្ឌកម្មលើរុស្ស៊ីក្នុងពេលបច្ចុប្បន្ន។
អាមេរិកបន្ដប្រើប្រាស់ដុល្លារអាមេរិកជាអាវុធហិរញ្ញវត្ថុ
នៅក្នុងឆ្នាំ២០១២ អាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយកាត់ផ្តាច់ធនាគារអ៊ីរ៉ង់ចេញពីប្រព័ន្ធលុយដុល្លារអាមេរិក។ នៅក្នុងឆ្នាំ២០១៤ អាមេរិកដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ីឈ្លានពានយកតំបន់ Crimea និងផ្នែកមួយនៃភាគខាងកើតអ៊ុយក្រែន។
នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រុស្ស៊ីត្រូវបានកាត់ផ្ដាច់ស្ទើរតែទាំងស្រុងពីប្រព័ន្ធហិរញ្ញវត្ថុរបស់សកលលោកដែលកំពុងគ្របដណ្ដប់ដោយអាមេរិក។ ជាលទ្ធផល រុស្ស៊ីមិនអាចប្រើប្រាស់ទុនបម្រុងអន្ដរជាតិរបស់ខ្លួនភាគច្រើនបានទេ ព្រោះថាធនាគាររុស្ស៊ីមួយចំនួនត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច និងសហរដ្ឋអាមេរិក។ រុស្ស៊ីមានទុនបម្រុងបរទេសច្រើន ប្រមាណ ៦១០ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២)។ រុស្ស៊ីគឺជាប្រទេសដែលមានទុនបម្រុងច្រើនបំផុតលំដាប់ទី៤ នៅពីក្រោយតែ ចិន ជប៉ុន និងស្វ៊ីស។
ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងសញ្ញាព្រមានចំពោះចិន
ការដាក់ទណ្ឌកម្មនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់ពិភពលោកជាពិសេស សម្រាប់ប្រទេសចិន។ រដ្ឋាភិបាលចិនចាត់ទុកថា ទង្វើនេះគឺជាជម្រើសនុយក្លេអ៊ែរ ក្នុងចំណោមទណ្ឌកម្មហិរញ្ញវត្ថុ។ មូលហេតុនេះហើយដែលតាំងពីក្នុងឆ្នាំ២០១៥ ប្រទេសចិនបានចាប់ផ្តើមបង្កើតប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែនរបស់ខ្លួន។ ក៏ប៉ុន្តែ ប្រព័ន្ធលុយយ័នចិននេះមានការរីកចម្រើនយឺតនៅឡើយ។
អ្នកជំនាញចិនកំពុងជំរុញឱ្យរដ្ឋាភិបាលចិនបង្កើនជម្រើសផ្សេងៗពីប្រព័ន្ធលុយដុល្លារអាមេរិក តួយ៉ាង ការពន្លឿនការធ្វើអន្តរជាតិភាវូបនីយកម្មប្រាក់យ័ន និងការប្រើប្រាស់ប្រាក់យ័នឌីជីថល។ ក្នុងសង្គមចិនជាក់ស្ដែង នាពេលបច្ចុប្បន្ន វាមិនមែនជារឿងថ្មីនោះទេក្នុងការប្រើប្រាស់លុយឌីជីថល។ ប្រជាជនចិនរាប់រយលាននាក់កំពុងប្រើប្រាស់សេវាកម្ម Alipay និង WeChat Pay ដោយស្កេនលេខកូដ QR នៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន ជំនួសលុយក្រដាស។
ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង នៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីបានប្រកាសពីការប្រើប្រាស់លុយយ័ន។ យន្ដការនេះទំនងធ្វើឡើងដើម្បីជំរុញល្បឿននៃការជំនួសលុយដុល្លារអាមេរិកផងដែរ។
តើរុស្ស៊ីប្រើប្រាស់លុយយ័ននឹងមានន័យយ៉ាងណាសម្រាប់ឧត្តមភាពនៃលុយដុល្លារអាមេរិក?
នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចចិនមានការរីកចម្រើនកាន់តែធំ និងតំណាងជាង១ភាគ៥នៃសេដ្ឋកិច្ចពិភពលោក។ តួនាទីលុយយ័នចិនមានកំណើន ហើយប្រទេសម្ដងមួយៗបានទទួលយកលុយយ័ន ជាពិសេស បណ្ដាប្រទេសដែលទទួលរងទណ្ឌកម្មពីអាមេរិក ដូចរុស្ស៊ីបច្ចុប្បន្ន។ ក៏ប៉ុន្តែ លុយយ័ននៅស្ថិតក្នុងកំណើនយឺតយ៉ាវនៅឡើយ បើប្រៀបធៀបជាមួយនឹងទំហំសេដ្ឋកិច្ចចិន។ បច្ចុប្បន្ន សេដ្ឋកិច្ចចិនមានទំហំ១ភាគ៥នៃសេដ្ឋកិច្ចសកល ប៉ុន្តែលុយយ័នមានភាគរយតិចណាស់នៃចរាចរណ៍លុយអន្តរជាតិ។
យោងតាមធនាគារ The Bank for International Settlements លុយយ័នចរាចរណ៍ត្រឹមតែ២%ប៉ុណ្ណោះក្នុងកម្រិតសកលក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក ដែលមានការចរាចរណ៍ ៤៤ភាគរយនៃប្រតិបត្តិការប្តូរប្រាក់បរទេសទូទាំងពិភពលោក។ លុយអឺរ៉ូតំណាងប្រហែលជិត៤០% បន្ទាប់មក លុយយ៉េនជប៉ុន និងលុយផោនអង់គ្លេសតំណាងប្រហែល ៥%។
យោងតាមអ្នកជំនាញភាគច្រើន ប្រាក់ដុល្លារអាមេរិកនៅតែជាស្តេចគ្មានគូប្រជែង ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយដុល្លារដើរតួនាទីជាលុយបម្រុងពិភពលោក ក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ទោះរុស្ស៊ីទទួលលុយយ័នចិន ក៏ការជំនួសតំណែងលុយដុល្លារអាមេរិកអាចត្រូវការពេលវេលាយូរទៀត៕
4/2/2023 • 4 minutes, 54 seconds ក្រោយពីបានផុងខ្លួននៅក្នុងសង្រ្គាមយេម៉ែនរយៈពេល ៨ឆ្នាំ អារ៉ាប៊ីសាអូឌីតកំពុងព្យាយាមរកច្រកចេញ
កាលពី ៨ឆ្នាំមុន ពោលក្នុងខែមីនា ឆ្នាំ ២០១៥ ប្រទេសអារ៉ាប៊ីសាអូឌីតបានដឹកនាំកម្លាំងសម្ព័ន្ធអារ៉ាប់ចូលអន្តរាគមន៍នៅក្នុងប្រទេសយេម៉ែន។ កម្មវត្ថុសំខាន់របស់ទីក្រុងរីយ៉ាដ គឺការពារជនស៊ីវិល និងធានាសន្តិសុខនៅតាមព្រំដែនពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។ ពេលនេះ និង ៨ឆ្នាំក្រោយមក យេម៉ែនកំពុងព្យាយាមរកផ្លូវចេញពីសង្រ្គាម ខណៈដែលក្រុមឧទ្ទាមហ៊ូទីហាក់កំពុងបន្តវាតទី និងមានឥទ្ធិពលកាន់តែខ្លាំង។ ហេតុអ្វីមានអារ៉ាប៊ីសាអូឌីតបែរជាកំពុងព្យាយាមដកខ្លួនចេញពីសង្រ្គាមយេម៉ែន និងថា តើអាចចេញរួមដែរ ឬទេ?។
ដើម្បីអាចឆ្លើយនឹងសំណួរទាំងអស់នេះបាន គេចាំបាច់បកក្រោយទៅចាប់អារម្មណ៍ពីដើមចមដែលបានរុញយេម៉ែនឲ្យធ្លាក់ទៅក្នុងវិបត្តិហែកហួរផ្ទៃក្នុងមកដល់សព្វថ្ងៃ។ ក៏ដូចជាប្រទេសអារ៉ាប់មួយចំនួននៅក្នុងតំបន់ដែរ យេម៉ែនបានរងគ្រោះដោយបដិវត្តន៍អារ៉ាប់កាលពីឆ្នាំ ២០១១ ដែលបានផ្ទុះចេញដំបូងពីប្រទេសទុយនីស៊ី។ គេបានសង្កេតឃើញជារួមថា បដិវត្តន៍របស់កម្លាំងមហាជនមួយនេះបានឈានដល់ការផ្តួលរំលំមេដឹកនាំផ្តាច់ការ ឬក៏យ៉ាងហោចណាស់បានបង្ខំចិត្តឲ្យមេដឹកនាំផ្តាច់ការចុះចេញពីអំណាច ឬរត់ចោលស្រុក។ ករណីប្រទេសយេម៉ែន ឥទ្ធិពលបាតុកម្មមហាជនបានបង្ខំឲ្យលោកសាឡេចុះចេញពីកៅអីប្រធានាធិបតីក្នុងឆ្នាំ ២០១១។
ការបោះឆ្នោតថ្មីត្រូវបានរៀបចំនៅដើមឆ្នាំ ២០១២ និងដែលប្រធានាធិបតីថ្មីពេលនោះមានឈ្មោះហាឌី។ តែខុសពីការគិត និងពីក្តីរំពឹងទុក ការផ្លាស់ប្តូរថ្មីមួយនេះបែរជាបានធ្វើឲ្យស្ថានការណ៍របស់យេម៉ែនធ្លាក់ដុនដាបកាន់តែខ្លាំងឡើងទៅវិញ។ ស្ថានការណ៍នៅពេលនោះ គឺជម្លោះហែកហួរផ្ទៃក្នុង ឬហៅសង្រ្គាមស៊ីវិលរវាងក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីត និងក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីត។ ក្នុងឆ្នាំ ២០១៤ ក្រុមឧទ្ទាមហ៊ូទីនិកាយឈីអ៊ីតដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានវាយចូលកាន់កាប់ទីក្រុងសាណា និងទីក្រុងសំខាន់ៗរបស់ប្រទេស។ បន្ទាប់មកក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ ប្រធានាធិបតីថ្មីលោកហាឌីក៏បានភៀសខ្លួនទៅជ្រកកោណនៅប្រទេសអារ៉ាប៊ីសាអូឌីត។
នៅពេលនោះ រដ្ឋាភិបាលរបស់លោកហាឌីក៏បានរើទៅបោះទីតាំងបណ្តោះអាសន្ននៅក្នុងក្រុងអាដេនដែលជាក្រុងធំទី២ របស់យេម៉ែននៅប៉ែកខាងត្បូង។ នេះហើយជាផ្លូវរបត់ថ្មីមួយទៀតដែលធ្ងន់ធ្ងរជាមុន ព្រោះជាការពុះចែកប្រទេសជាពីរដោយនៅម្ខាងគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូទី និងនៅម្ខាងទៀតគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោកហាឌី។ គឺផ្តើមចេញពីផ្លូវរបត់ដដែលនេះឯងដែលប្រទេសអារ៉ាប៊ីសាអូឌីតបានចូលខ្លួនអន្តរាគមន៍ក្នុងខែមីនា ឆ្នាំ ២០១៥ តាមរយៈការបង្កើតឲ្យមានកម្លាំងសម្ព័ន្ធអារ៉ាប់មួយ។ កម្មវត្ថុនៃការបង្កើតកម្លាំងសម្ព័ន្ធអារ៉ាប់កាលណោះ គឺដើម្បីជួយកម្លាំងរបស់រដ្ឋាភិបាលយេម៉ែនស្របច្បាប់ក្នុងការត ទល់នឹងពួកឧទ្ទាមហ៊ូទីផង និងដើម្បីការពារព្រំដែនអារ៉ាប៊ីសាអូឌីតពីការវាយប្រហារដោយពួកឧទ្ទាមនេះផង។
សង្រ្គាមហែកហួរផ្ទៃក្នុងជារឿងមួយមិនអាចប្រកែកបាន តែរឿងដែលកាន់តែលេចច្បាស់ជាងនេះនៅពេលនោះ យេម៉ែនដែលជាប្រទេសក្រីក្រជាងគេមួយនៅឧបទ្វីបអារ៉ាប៊ីបានក្លាយជាសមរភូមិនៃការប្រឈមមុខ និងការប្រជែងគ្នារវាងមហាអំណាចពីរនៅក្នុងតំបន់ គឺអារ៉ាប៊ីសាអូឌីតនិកាយស៊ុយនីតដែលគាំទ្ររដ្ឋាភិបាលយេម៉ែនស្របច្បាប់និកាយស៊ុយនីត និងអ៊ីរ៉ង់និកាយឈីអ៊ីតដែលគាំទ្រពួកឧទ្ទាមហ៊ូទីនិកាយឈីអ៊ីតដូចគ្នា។ សង្រ្គាមរយៈពល ៨ឆ្នាំកន្លងទៅបានបណ្តាលស្លាប់ជនស៊ីវិលចំនួន ៣៨ម៉ឺននាក់។ គេត្រូវរង់ចាំដល់ខែមេសា ឆ្នាំ ២០២២ ទើបមានកិច្ចព្រមព្រៀងឈប់បាញ់មួយរវាងភាគីជម្លោះផ្ទៃក្នុងដោយមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ។
គេបានសង្កេតឃើញជារួមថា ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់មួយនេះបានអស់សុពលភាពតាំងពីខែតុលា ឆ្នាំ ២០២២ ក៏ដោយក៏ការឈប់បាញ់កំពុងមានមកដល់សព្វថ្ងៃ។ តែគេមិនត្រូវភ្លេចនិយាយទេថា ៨ឆ្នាំក្រោយអន្តរាគមន៍យោធារបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែន ពួកឧទ្ទាមហ៊ូទីមានឥទ្ធិពលកាន់តែខ្លាំងដោយបានគ្រប់គ្រងដែនដីកាន់តែធំជាងមុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកឧទ្ទាមហ៊ូទីបានវាយប្រហារដោយដ្រូនលើទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត និងឆ្លងរហូតដល់ទឹកដីអេមីរ៉ាតអារ៉ាប់រួមថែមទៀត។ ចុះហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីតបែរជាកំពុងស្វែងរកច្រកចេញពីសង្រ្គាមយេម៉ែននៅពេលនេះទៅវិញ និងថា តើអាចចេញរួចដែរ ឬអត់។
តាមពិតទៅ អារ៉ាប៊ីសាអូឌីតមិនចង់ដកខ្លួនដើម្បីយករួចខ្លួនទេ តែចង់បន្តដើរតួនាទីគន្លឹះនៅក្នុងដំណើរស្វែងរកសន្តិភាពឲ្យយេម៉ែន ទោះបីជាខ្លួនដឹងថាពិបាកក៏ដោយ។ ក្រុងរីយ៉ាដបានផ្តើមចរចាផ្ទាល់ជាមួយពួកឧទ្ទាមហ៊ូទីដោយមានប្រទេសអូម៉ង់ធ្វើជាអាជ្ញាកណ្តាលតាំងពីមុនកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានក្នុងខែមេសា ឆ្នាំ ២០២២ ទៅទៀត។ ដូច្នេះគេអាចនិយាយបានថា កិច្ចព្រមព្រៀងឈប់បាញ់មួយនេះជាឱកាសមួយ ហើយឱកាសដែលកាន់តែល្អជាងនេះទៅទៀតនោះ គឺការដែលអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ទើបត្រូវរ៉ូវគ្នាឡើងវិញក្រោយពីបានបែរខ្នងដាក់គ្នារយៈពេល ៧ឆ្នាំ។ ចូរកុំភ្លេចថា បើកុំតែមានអ៊ីរ៉ង់នៅពីក្រោយ ម្ល៉េះក៏ពួកឧទ្ទាមហ៊ូទីនៅយេម៉ែនមិនអាចមានឥទ្ធិពលខ្លាំងដល់ម្លឹងដែរ។
ដូច្នេះ អ៊ីរ៉ង់មានឥទ្ធិពល និងទឹកមាត់ប្រៃដើម្បីនិយាយជាមួយពួកឧទ្ទាមហ៊ូទីឲ្យឈប់វាយប្រហារលើអារ៉ាប៊ីសាអូឌីត និងឲ្យចូលតុ ចរចា។ បើអ្វីៗនឹងមានដំណើរដោយរលូនមែន អារ៉ាប៊ីសាអូឌីតអាចចេញពីយេម៉ែនតាមផ្លូវដែលបានចូលដោយគ្មានភាពអាម៉ាស់។ បើអ្វីៗមានដំណើរដូចក្តីរំពឹងទុកមែន អារ៉ាប៊ីសាអូឌីតនឹងរួចផុតពីការរ៉ៅឆានរបស់ពួកឧទ្ទាមហ៊ូទី និងអាចផ្តោតការយកចិត្តទុកដាក់តែលើការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ពិសេសពន្លឿនមហាកំណែទម្រង់របស់រាជទាយាទបេន សាលម៉ាន៕
3/29/2023 • 5 minutes, 57 seconds ជប៉ុន៖ នៅពេលជំនួយហិរញ្ញវត្ថុមិនអាចដោះស្រាយវិបត ្តិអត្រាកំណើតធ្លាក់ចុះ
ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃអត្រាកំណើតគឺជានយោបាយអាទិភាពរបស់រដ្ឋាភិបាលជប៉ុន។ ទិន្នន័យផ្លូវការចេញផ្សាយដោយក្រសួងសុខាភិបាលជប៉ុនបានបង្ហាញថា នៅឆ្នាំ ២០២២អត្រាកំណើតទារកមានតិចជាង៨សែននាក់ ដែលជាអត្រាដ៏ទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីជប៉ុនបង្កើតស្ថាប័នស្ថិតិប្រជាជន ជាង១២០ឆ្នាំមកនេះ។ ប្រឈមនឹងវិបត្តិអត្រាកំណើតធ្លាក់ចុះជាលំដាប់ លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដាបានប្រកាសកាលពីខែមករាកន្លងទៅថា រដ្ឋាភិបាលរបស់លោកនឹងអាចបង្កើនទ្វេដង កញ្ចប់ចំណាយសម្រាប់កម្មវិធីថែទាំកុមារ ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាជនជប៉ុនចង់បានកូន។
អត្រាកំណើតនៅប្រទេសជប៉ុនបានធ្លាក់ចុះមកនៅប្រមាណ៨សែននាក់ នៅឆ្នាំ ២០២២។ ជាអត្រាកំណើតទាបខ្លាំងមិនធ្លាប់មាននៅក្នុងប្រវត្តិជប៉ុន រហូតធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា ទាញសញ្ញាអាសន្នកាលពីខែមករាកន្លងទៅថា ប្រទេសជប៉ុនកំពុងដើរមកដល់មាត់ជ្រោះមួយដែលគំរាមកំហែងសមត្ថភាពជប៉ុនមិនឲ្យដំណើរការបានក្នុងនាមជាសង្គមជាតិមួយ
រដ្ឋាភិបាលជប៉ុនធ្លាប់បានព្យាកររួចហើយថា ចំនួនប្រជាជនជប៉ុននឹងនៅតែបន្តធ្លាក់ចុះនៅក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ដោយចំនួនប្រជាជនសរុបអាចនឹងធ្លាក់ចុះមកនៅត្រឹមតែប្រមាណជា ៨៨លាននាក់ប៉ុណ្ណោះ នៅឆ្នាំ២០៦៥។
ប្រទេសមហាឧស្សាហកម្មមួយចំនួនធំកំពុងជួបប្រទះវិបត្តិអត្រាកំណើតធ្លាក់ចុះ ប៉ុន្តែនៅប្រទេសជប៉ុន វិបត្តិអត្រាកំណើតធ្លាក់ចុះមានលក្ខណៈស្រួចស្រាវខ្លាំងជាងគេ ព្រោះថា ក្រៅតែពីអត្រាកំណើតធ្លាក់ចុះ ជប៉ុនដែលប្រជាជនសរុប១២៥លាននាក់ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក បន្ទាប់ពីម៉ូណាកូ ក្នុងនាមជាប្រទេសដែលមានមនុស្សចាស់រស់នៅច្រើនជាងគេ។ នៅជប៉ុន មនុស្សម្នាក់ក្នុងចំណោម១៥០០នាក់ មានអាយុលើសពី១០០ឆ្នាំ។ បន្ថែមពីលើវិបត្តិអត្រាកំណើតធ្លាក់ចុះ វិបត្តិប្រជាសាស្រ្តចាស់រិចរិល និងការរឹតបន្តឹងច្បាប់ការងារសម្រាប់ពលករបរទេសកំពុងធ្វើឲ្យជប៉ុនជួបបញ្ហាកង្វះកម្លាំងពលកម្មសម្រាប់កំណើនសេដ្ឋកិច្ច។
អត្រាកំណើតនៅជប៉ុនធ្លាក់ចុះ ដោយសារកត្តាមួយចំនួន ដូចជា សេដ្ឋកិច្ច (ការចំណាយច្រើនសម្រាប់រស់នៅប្រចាំថ្ងៃ) ការអប់រំ (មនុស្សស្រីកាន់តែច្រើនជ្រើសរើសការងារ ជាជាងធ្វើជាស្ត្រីមេផ្ទះ) និងសិទ្ធិប្រើប្រាស់ថ្នាំពន្យារកំណើត។ គ្មានសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ចជប៉ុន យុវជនជប៉ុនភាគច្រើន ដែលព្រួយបារម្ភជានិច្ចពីបញ្ហាបាត់បង់ប្រាក់ខែ ប្រាក់ចំណូល គ្មានទឹកចិត្ត ដើម្បីបង្កើតគ្រួសារ ចង់បានកូនដែលជាបន្ទុកចំណាយធ្ងន់។ បញ្ហាថវិកាដើម្បីចំណាយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ជាហេតុផលសំខាន់មួយដែលបន្ទុចបង្អាក់មិនឲ្យយុវជនជប៉ុនចង់បានកូន។ ការចំណាយខ្ពស់សម្រាប់ការចិញ្ចឹមកូន បានធ្វើឲ្យជប៉ុនជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីចិន និងកូរ៉េខាងត្បូង។ នៅមានហេតុផលមួយចំនួនទៀត ដូចជាកង្វះសេវាទទួលមើលកុមារ និងបញ្ហាពេលវេលា។ ប្រជាជនជប៉ុន ភាគច្រើន ចំណាយពេលវេលាច្រើនតែនៅកន្លែងធ្វើការ និងគ្មានពេលគ្រប់គ្រាន់ដើម្បីមើលថែកូន។
គ្រប់គ្នាដឹងពីមូលហេតុដែលធ្វើឲ្យអត្រាកំណើតទារកធ្លាក់ចុះនៅប្រទេសជប៉ុន។ រដ្ឋាភិបាលមុនៗបានព្យាយាមដាក់គោលនយោបាយជាច្រើនដើម្បី លើកទឹកចិត្តប្រជាជនឲ្យចង់បានកូនឡើង តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការចិញ្ចឹមកូន ការអនុញ្ញាតឲ្យមនុស្សស្រីមានពេលវេលាច្រើនលំហែមាតុភាព ប៉ុន្តែ គោលនយោបាយទាំងនោះគ្មានប្រសិទ្ធិភាព។
សម្រាប់លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា វិបត្តិអត្រាកំណើតធ្លាក់ចុះ ជាបញ្ហាដែលគេត្រូវដោះស្រាយបន្ទាន់ ដោយមិនត្រូវពន្យារពេលតទៅទៀតទេ។ ជប៉ុននៅមានពេលវេលា តែពី៦ ទៅ៧ឆ្នាំប៉ុណ្ណោះ ដើម្បីអាចជំរុញអត្រាកំណើតឲ្យកើនឡើងវិញ មុននឹងអ្វីៗត្រូវហួសពេល។ នៅខែមករាកន្លងទៅ លោកបានសន្យាបង្កើនទ្វេដងកញ្ចប់ថវិការដ្ឋសម្រាប់ការចិញ្ចឹមកូន ការបង្កើតមណ្ឌលទទួលមើលក្មេង និងការសម្រួលឲ្យបុរសមានសិទ្ធិឈប់សម្រាប់លំហែរបិតុភាព។
រដ្ឋាភិបាលរបស់លោកគីស៊ីដាអនុញ្ញាតឲ្យបុរសឈប់សម្រាកសម្រាប់លំហែបិតុភាព ឲ្យបាន៥០%នៅ ២ឆ្នាំខាងមុខ និងដល់៨៥% នៅឆ្នាំ ២០៣០។ ប៉ុន្តែ សួរថា តើកញ្ចប់ជំនួយសម្រាប់ការចិញ្ចឹមកុមារ និងលំហែរបិតុភាពអាចដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះដែរឬទេ។
អ្នកជំនាញ និងប្រជាជនជប៉ុនស្វាគមគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដើម្បីជំរុញអត្រាកំណើត ប៉ុន្តែ គេមិនប្រាកដថា គោលនយោបាយរបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធិភាព ទៅបញ្ចុះបញ្ចូលឲ្យប្រជាជនជប៉ុនចង់បានកូន។
ស្រ្តីជប៉ុននៅតែបារម្ភខ្លាចបាត់បង់ការងារ ចំណែកមនុស្សប្រុសនៅរារែកមិនដាក់ពាក្យសុំលំហែបិតុភាព ដោយខ្លាចថា នៅពេលត្រលប់ពីលំហែបិតុភាព ពួកគេលែងអាចចូលកាន់តួនាទីចាស់ ត្រូវផ្លាស់ប្តូរទៅកាន់កន្លែងការងារថ្មី ឬខកខានមិនបានទទួលការដំឡើងឋានៈការងារជាដើម។
ម្យ៉ាង សម្រាប់ស្រ្តីជប៉ុន បើទោះបុរសជប៉ុនទទួលបានសិទ្ធិលំហែបិតុភាពដើម្បីសម្រាលបន្ទុករបស់ម្តាយ ប៉ុន្តែ ការចិញ្ចឹមថែទាំកូននៅតែជាបន្ទុករបស់មនុស្សស្រី។ នៅត្រង់ចំណុចនេះ គេត្រូវស្តីបន្ទោសវប្បធម៌ សង្គមអភិរក្សដែលជប៉ុននៅប្រកាន់ខ្ជាប់រហូតមក។ នៅក្នុងវប្បធម៌ជប៉ុន មនុស្សប្រុសជាអ្នករកប្រាក់ចំណូល ចំណែកស្រ្តីមានបន្ទុកមើលកូន ទុកដាក់ចង្រ្កានជើងឆ្នាំង។
គេអាចនិយាយបានថា ដើម្បីជំរុញអត្រាកំណើតឲ្យកើនឡើងវិញ គោលនយោបាយផ្តល់សេវា និងជំនួយហិរញ្ញវត្ថុសម្រាប់ការចិញ្ចឹមកូន មិនទាន់គ្រប់គ្រាន់ទេ។ រដ្ឋាភិបាលជប៉ុនត្រូវបង្កើនប្រាក់ខែ និងបង្កើតបរិយាកាសដែលធ្វើឲ្យប្រជាជនមានទំនុកចិត្តលើសេដ្ឋកិច្ច។ ចុងក្រោយគឺការផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គមជប៉ុន។ ស្រ្តីសព្វថ្ងៃដែលមានសិទ្ធិនិងមហិច្ឆតាចង់ធ្វើការងារតំណែងខ្ពស់ដូចមនុស្សប្រុស អាចពិចារណាចង់បានកូន បើសិនមនុស្សប្រុសចូលរួមជួយមើលចិញ្ចឹមបីបាច់កូន និងលែងទម្លាក់បន្ទុកមើលកូនទៅលើស្ត្រីតទៅទៀត៕
3/28/2023 • 5 minutes, 41 seconds ហេតុអ្វីបានជាហុងឌូរ៉ាសគ្មានជម្រើសផ្សេងក្រៅពីលែងលះចិនតៃវ៉ាន់ទៅរៀបការជាមួយចិនដីគោក?
ចាប់ពីថ្ងៃទី២៧ មីនា ឆ្នាំ ២០២៣ ទៅ នៅសល់តែ ១៣ប្រទេសប៉ុណ្ណោះដែលកំពុងបន្តមានទំនាក់ទំនងការផ្លូវទូតផ្លូវការជាមួយកោះតៃវ៉ាន់ ឬហៅដោយសាមញ្ញថាចិនតៃវ៉ាន់។ ហុងឌូរ៉ាសជាប្រទេសចុងក្រោយដែលទើបបានផ្តាច់គ្រប់ទំនាក់ទំនងការទូតជាមួយចិនតៃវ៉ាន់ និងបានងាករកចិនដីគោកវិញ។ នេះជាជោគជ័យថ្មីមួយទៀតរបស់ក្រុងប៉េកាំងដែលបានប្រើយុទ្ធសាស្រ្តគ្រប់បែបម្យ៉ាងដើម្បីខ្ទប់ក្រុងតៃប៉ិកឲ្យឯកោផ្លូវទូតនៅលើឆាកអន្តរជាតិ។ ហេតុអ្វីបានជាហុងឌូរ៉ាសដែលបានរួមរស់ជាមួយតៃវ៉ាន់អស់រយៈពេលជាង ៨០ឆ្នាំបែរជាសម្រេចដើរចេញពីតៃវ៉ាន់នៅពេលនេះទៅវិញ?។
ចប់ហើយរាត្រីទឹកឃ្មុំរយៈពេល ៨២ឆ្នាំរវាងចិនតៃវ៉ាន់ និងប្រទេសហុងឌូរ៉ាស។ ចាប់ពីពេលនេះត ទៅ ហុងឌូរ៉ាសបានក្លាយជាប្រទេសទី ១៨២ ក្នុងលោកដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយចិនដីគោក និងបានទទួលស្គាល់ចិនតែមួយដែលមានឈ្មោះ « សាធារណរដ្ឋប្រជាមានិតចិន »។ ចាប់ពីពេលនេះតទៅ ចំនួនប្រទេសដែលកំពុងមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅសល់តែ ១៣ប្រទេសប៉ុណ្ណោះ ហើយនៅក្នុងចំណោម ១៣ប្រទេសដែលកំពុងបន្តល្អូតល្អឺនជាមួយតៃវ៉ាន់នេះទៀតសោត មានភាគច្រើនជាប្រទេសតូចតាចនៅតំបន់ប៉ាស៊ីហ្វិក ឬតំបន់ការ៉ាអ៊ីបដែលសូម្បីតែឈ្មោះក៏គេមិនដែលស្គាល់ផង។
សម្រាប់ប្រទេសផ្សេងដែលបានផ្តាច់ខ្លួនចេញពីតៃវ៉ាន់នាពេលកន្លងមក និងសម្រាប់ហុងឌូរ៉ាសនៅពេលនេះ មានមូលហេតុតែមួយគត់ដែលបានបង្ខំចិត្តពួកគេឲ្យបែរខ្នងដាក់ចិនតៃវ៉ាន់ និងបែរមុខរកចិនដីគោក គឺការសំឡឹងឃើញលុយចិន។ ត្រង់ចំណុចនេះ ប្រមុខការទូតហុងឌូរ៉ាសបានពន្យល់បកស្រាយដោយមិនលាក់លៀមថា តៃវ៉ាន់មិនបានផ្តល់ចម្លើយវិជ្ជមានតាមសំណើដ៏ធំធេងរបស់ហុងឌូរ៉ាសទេ។ សំណើដែលប្រមុខការទូតហុងឌូររ៉ាសចង់និយាយនេះ គឺតម្រូវការលុយ។ គួរបញ្ជាក់ថា មានពលរដ្ឋជាង ១០លាននាក់ ហុងឌូរ៉ាសជាប្រទេសក្រីក្រខ្លាំងជាងគេមួយនៅអាមេរិកឡាទីន។
ក្នុងចំណោមពលរដ្ឋទាំងជាង ១០លាននាក់ មានរហូតដល់ទៅ ៧៤% ដែលកំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ។ សព្វថ្ងៃនេះ ប្រាក់បំណុលដែលហុងឌូរ៉ាសកំពុងជំពាក់គេមានដល់ទៅ ២០ ០០០លានដុល្លារ។ សម្រាប់ប្រមុខការទូតហុងឌូរ៉ាស បំណុលនេះកំពុងចង ក ប្រទេស និងប្រជាជនហុងឌូរ៉ាស។ ដូច្នេះគេអាចនិយាយបានថា ជម្រើសដើរចេញពីចិនតៃវ៉ាន់ទៅចូលចិនដីគោករបស់ហុងឌូរ៉ាសពេលនេះជាជម្រើសមួយដែលហុងឌូរ៉ាសគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ។ ពិតណាស់ ជម្រើសរបស់ហុងឌូរ៉ាសមិនបានធ្វើឲ្យតៃវ៉ាន់សប្បាយចិត្ត និងបានអំពាវនាវហុងឌូរ៉ាសកុំឲ្យផឹងទឹកពុលរបស់ចិនដើម្បីបំពេញការស្រេកទឹករបស់ខ្លួន។
ទន្ទឹមគ្នានេះ ក្រុងតៃប៉ិកបានផ្តល់យោបល់ដល់ក្រុងតេហ្គូស៊ីហ្គាល់ប៉ាកុំឲ្យធ្លាក់ក្នុងអន្ទាក់បំណុលរបស់ក្រុងប៉េកាំង។ តើជម្រើសផ្តាច់ខ្លួនចេញពីចិនតៃវ៉ាន់ទៅចូលចិនដីគោករបស់ហុងឌូរ៉ាសជាកំហុសរបស់អ្នកណា?។ ជារួម គេពិបាកទម្លាក់កំហុសដាក់អ្នកណាម្នាក់ណាស់ ព្រោះទាំងចិនតៃវ៉ាន់ ចិនដីគោក និងហុងឌូរ៉ាសសុទ្ធតែសំឡឹងឃើញប្រយោជន៍រៀងៗខ្លួន។ សម្រាប់តៃវ៉ាន់ ការអូសទាញបានប្រទេសកាន់តែច្រើនឲ្យមានទំនាក់ទំនងការទូតផ្លូវការជាមួយខ្លួនបានអនុញ្ញាតឲ្យខ្លួនមានមុខ មាត់ស្មើនឹងចិនដីគោកនៅលើឆាកអន្តរជាតិ។ សម្រាប់ចិនដីគោកវិញ ការខ្ទប់តៃវ៉ាន់ឲ្យឯកោផ្លូវទូតនៅលើឆាកអន្តរជាតិជាគោលដៅតែមួយគត់ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយចុះ។
គួរបញ្ជាក់ថា ចិនតែងចាត់ទុកតៃវ៉ាន់ជាខេត្តឧទ្ទាមមួយរបស់ខ្លួន និងមិនញញើតប្រើកម្លាំងបាយវាយប្រហារបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនៅថ្ងៃណាមួយនោះ។ ចំណែកហុងឌូរ៉ាសឯណោះវិញ នៅពេលមានជម្រើសមួយណាដែលបានហុចប្រយោជន៍ច្រើនឲ្យខ្លួន គឺមិនបាច់ពិចារណា វែងឆ្ងាយនាំឲ្យខាតពេលទេ។ ត្រង់ចំណុចនេះ តៃវ៉ាន់បានដឹងច្បាស់ ហើយអ្នកដែលបានដឹងកាន់តែច្បាស់ជាងនេះ គឺចិនដីគោក។ នេះមិនមែនមានន័យថា ចិនតៃវ៉ាន់គ្មានលទ្ធភាព និងសមត្ថភាពដើម្បីជួយដល់ក្រុមប្រទេសដែលកំពុងមានទំនាក់ទំនងផ្លូវទូតជាមួយខ្លួនទេ។ តែគេត្រូវហ៊ានទទួលស្គាល់ថា ចិនសព្វថ្ងៃមិនដូចចិនកាលពី ២០ឆ្នាំ ឬ ៣០ឆ្នាំមុនឯណា មានន័យថា ចិនសព្វថ្ងៃមានលទ្ធភាព និងមានសមត្ថភាពខ្លាំងជាងតៃវ៉ាន់ឆ្ងាយណាស់។
លទ្ធភាព និងសមត្ថភាពទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ការទូត និងយោធា ចិនសព្វថ្ងៃជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក និងជាប្រទេសសមាជិកម្នាក់ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដូច្នេះ គេពិបាកស្តីបន្ទោសហុងឌូរ៉ាស កោះសាឡូម៉ុង ឬមួយក៏កោះគីរីបាទីដែលបានផ្តាច់ពីតៃវ៉ាន់ទៅភ្ជាប់ជាមួយចិន។ មែនទែនទៅ អ្វីដែលប្រទេសតូចតាចមួយចំនួនកំពុងធ្វើពេលនេះ គឺដូចគ្នានឹងបណ្តាប្រទេសលោកខាងលិចក្នុងទសវត្សរ៍ ៦០ ឬ ៧០ ដែលបានទទួលស្គាល់ចិនតែមួយ គឺសាធារណរដ្ឋប្រជាមានិតចិន។ តែការទទួលស្គាល់ចិនតែមួយនេះមិនបានរារាំងបណ្តាប្រទេសលោកខាងលិចទាំងនោះមិនឲ្យរកស៊ីជាមួយតៃវ៉ាន់ឯណា។
អ្វីដែលចិនដីគោកមិនចង់បាន និងមិនចង់ឃើញ គឺត្រឹមមិនចង់ឲ្យប្រទេសណាមួយក្នុងលោកបន្តមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់តែប៉ុណ្ណោះ។ សរុបមក ឥទ្ធិពល និងអំណាចរបស់ចិនសព្វថ្ងៃពិបាកធ្វើឲ្យប្រទេសផ្សេងបន្តទ្រាំរក្សាទុកទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ចាប់ពីអំណេះ ត ទៅ ហុងឌូរ៉ាសប្រហែលមិនមែនជាប្រទេសចុងក្រោយដែលបានលែងលះចិនតៃវ៉ាន់ទៅរៀបការជាមួយចិនដីគោកទេ។ យូរ ឬឆាប់នៅពេលខាងមុខ ប្រទេសដែលនៅសេសសល់ផ្សេងទៀតអាចនឹងដើរតាមផ្លូវរបស់ហុងឌូរ៉ាស៕
3/27/2023 • 5 minutes, 36 seconds ហេតុអ្វីភ្ញៀវទេសចរអន្ដរជាតិបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២?
ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ក្នុងកម្រិតសកល បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២ ហើយទំនងអាចកើនឡើងដល់ជិតអត្រាពីមុនវិបត្តិជំងឺកូវីដ១៩។ នៅកម្ពុជា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារដោយផ្ទាល់រាប់ម៉ឺនកន្លែងជូនប្រជាជន។
ក្រោយរយៈពេលបីឆ្នាំបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ការធ្វើដំណើររបស់ភ្លៀវទេចរអន្ដរជាតិនៅទីបំផុតបានត្រលប់មកវិញ។ ផ្អែកតាមតួលេខផ្លូវការ វិស័យទេសចរណ៍ក្នុងកម្រិតសកលបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២២ និងបានកើនឡើងក្នុងចំនួនច្រើនជាងពីរដងធៀបនឹងរយៈពេលពីរឆ្នាំមុន។
ការប៉ាន់ប្រមាណចុងក្រោយបង្ហាញថា ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិអាចឈានដល់កម្រិតពី ៨០ភាគរយទៅ៩៥ភាគរយស្មើនឹងកម្រិតមុនវិបត្តិជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២៣នេះ។
ភ្ញៀវទេសចរអន្ដរជាតិ
ឆ្នាំ២០២០គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តទេសចរណ៍ ព្រោះថាពិភពលោកទាំងមូលត្រូវបង្ខំបិទប្រទេសរៀងៗខ្លួន ដើម្បីទប់ស្កាត់ជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងឆ្នាំ២០២១ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងត្រឹមតែ១១ភាគរយប៉ុណ្ណោះ ព្រោះថាការរឹតបន្តឹងលើការធ្វើដំណើរនៅតែមាន ហើយបានកើតឡើងក្នុងរយៈពេលយ៉ាងយូរ និងនៅក្នុងតំបន់ជាច្រើននៃពិភពលោក។
មកដល់ថ្ងៃនេះ វាមានរយៈពេលជិតបីឆ្នាំទៅហើយ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា កូវីដ១៩គឺជាជំងឺរាតត្បាត។ ប៉ុន្តែ មកដល់ឆ្នាំនេះ ភាពសុទិដ្ឋិនិយមហាក់បានត្រលប់មកវិញសម្រាប់វិស័យទេសចរណ៍។ អគ្គលេខាធិការអង្គការ UNWTO លោក Zurab Pololiksahvili បានលើកឡើងនៅក្នុងកម្មវិធីវិស័យទេសចរណ៍មួយនៅទីក្រុងបែរឡាំងឆ្នាំ២០២៣នេះថា "ទេសចរណ៍សកលតែងតែត្រឡប់មកវិញ"។
ចាប់តាំងពីឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំងពី ២៧៧លាននាក់ទៅជិត១,៥ពាន់លាននាក់ នៅឆ្នាំ២០១៩។ ក្នុងនោះ ភ្លៀវទេសចរយ៉ាងច្រើនមានប្រភពពីប្រទេសចិន។
ក្តីសង្ឃឹមពីការកើនឡើងនៃចំនួនភ្លៀវទេសចរចិន
យោងតាមកាសែតរដ្ឋចិន The China Daily ប្រជាជនចិនអាចធ្វើដំណើរដោយសេរី ទៅកាន់គ្រប់ផ្នែកនៃពិភពលោក ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងរយៈពេល ៤ទស្សវត្សរ៍កន្លងមកនេះ។ ប្រៀបធៀបនឹងរយៈពេល៤០ឆ្នាំមុន ការធ្វើដំណើរទេសចរណ៍ទៅបរទេស ឬក្នុងស្រុក គឺត្រឹមជាក្តីស្រមៃសម្រាប់ប្រជាជនចិនទូទៅប៉ុណ្ណោះ។
ស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកនេះ។ ស្ថិតិបង្ហាញថា ក្នុងឆ្នាំ២០១៩ ប្រជាជនចិនបានធ្វើដំណើរទៅក្រៅប្រទេស ក្នុងចំនួន ១៥៥លាននាក់ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសដែលមានអ្នកទេសចរអន្តរជាតិច្រើនជាងគេបំផុត នៅលើពិភពលោក ដោយនាំមុខប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែលស្ថិតនៅលំដាប់ទីពីរ និងទីបី។
ប្រជាជនចិនបានចំណាយប្រាក់ ១៣០ពាន់លានដុល្លារអាមេរិក នៅក្រៅប្រទេស និងជិត ១ទ្រីលានដុល្លារអាមេរិក លើការធ្វើដំណើរក្នុងស្រុក។ ការកើនឡើងការធ្វើដំណើររបស់ប្រជាជនចិនបង្ហាញពីការកើនឡើងកម្រិតជីវភាពរបស់ប្រជាជនចិន។
វិស័យទេសចរណ៍កម្ពុជា
នៅកម្ពុជាឯណោះវិញ ភ្លៀវទេសចរអន្តរជាតិមានចំនួន ២,២៨លាននាក់ នៅក្នុងឆ្នាំ២០២២ ពោលគឺកើនឡើងជាង១ពាន់ភាគរយ រីឯភ្លៀវទេសចរជាតិគឺជិត១៤លាននាក់ (កើនឡើងជិត២០០ភាគរយ)។ នៅកម្ពុជាបច្ចុប្បន្ន ចំណូលទេសចរណ៍អន្តរជាតិត្រូវប៉ាន់ប្រមាណថាទទួលបានជាង ១ ៤១៥លានដុល្លារអាមេរិក ហើយវិស័យនេះបានបង្កើតមុខរបរ និងការងារទេសចរណ៍ដោយផ្ទាល់ចំនួនជាង ៣២ម៉ឺននាក់៕
Giec៖ពិភពលោកនៅមានមធ្យោបាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅន ៅក្នុងបរិយាកាស តែត្រូវមានឆន្ទៈនយោបាយម៉ឺងម៉ាត់
នៅថ្ងៃចន្ទ ទី២០ មីនា ក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ Giec បានចេញផ្សាយរបាយការណ៍មួយស្តីពីបញ្ហាអាកាសធាតុ។ របាយការណ៍ដែលមានកម្រាស់ ១០០០ទំព័រនេះជាលទ្ធផលបានមកពីការសិក្សា ស្រាវជ្រាវអស់រយៈពេល ៩ឆ្នាំ។ គួរបញ្ជាក់ថា Giec បានចេញផ្សាយរបាយការណ៍ដូចគ្នានេះកាលពីឆ្នាំ ២០១៤។ តែសម្រាប់របាយការណ៍ឆ្នាំ ២០២៣ នេះ Giec បានទាញសញ្ញាអាសន្នពីកំណើនកម្តៅលើភពផែនដីដែលពិភពលោកត្រូវរួសរាន់ចូលរួមទប់ស្កាត់ឲ្យបានលឿនបំផុត។ តាម Giec ពិភពលោកមានមធ្យោបាយ តែអ្វីដែលកំពុងខ្វះ គឺឆន្ទៈនយោបាយម៉ឺងម៉ាត់។
ចាប់ពីពេលនេះត ទៅ និងជាងពេលណាៗទាំងអស់ ការពិតនៃការប្រែប្រួលអាកាសធាតុ និងផលវិបាករបស់វាចំពោះជីវិតនៅលើភពផែនដីរបស់យើងលែងជាអាថ៍កំបាំង និងប្រហែលជាគ្មានអ្នកណាម្នាក់អាចនិយាយផ្ទុយពីនេះបានទេ។ លែងជាអាថ៍កំបាំង និងមិនអាចនិយាយផ្ទុយពីនេះបានដោយសារតែកម្តៅលើភពផែនដីកំពុងធ្វើដំណើរមិនចំផ្លូវ ឬនៅលើផ្លូវអាក្រក់។ ស្ថានភាពបែបនេះធ្លាប់ត្រូវបាន Giec ទាញសញ្ញាអាសន្នម្តងហើយនៅក្នុងរបាយការណ៍ឆ្នាំ ២០១៤។ តែនៅ ៩ឆ្នាំក្រោយមក ពោលនៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ នេះ ស្ថានភាពហាក់បានធ្លាក់ចុះមួយកម្រិតទៀត ឬនិយាយបែបផ្សេង ការដើរចេញពីផ្លូវដែលត្រូវដើរកំពុងមានគម្លាតកាន់តែឆ្ងាយថែមទៀត។
នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ Giec បានបញ្ជាក់ក្នុងន័យព្រមានថា ចាប់ពីឆ្នាំ ២០៣០ ២០៣៥ ទៅ កម្តៅលើភពផែនដីនឹងកើន ១,៥អង្សារធៀបនឹងសម័យមុនឧស្សាហកម្ម។ តាម Giec សីតុណ្ហភាពជាមធ្យមនាពេលបច្ចុប្បន្នបានកើនឡើង ១,២អង្សាររួចទៅហើយ។ ចំណែកដើមចមដែលបានធ្វើឲ្យភពផែនដីបន្តឡើងកម្តៅមិនត្រូវបាន Giec ពិចារណាស្វែងរកយូរទេ គឺយើងគ្រប់គ្នាដែលកំពុងរស់នៅលើផែនដីសព្វថ្ងៃនេះឯង ឬនិយាយឲ្យស្រួលយល់ គឺសកម្មភាពរបស់មនុស្ស។ ដើមចមនៃការឡើងកម្តៅលើភពផែនដីដែល Giec ចង់ផ្តោតសំខាន់នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់ខ្លួន គឺការកាប់បំផ្លាញព្រៃឈើ និងថាមពលផូស៊ីលបានពីការប្រើធ្យូងថ្ម ប្រេង និងឧស្ម័ន។
កំណើនឧស្ម័នផ្ទះកញ្ចក់កើតចេញពីការប្រើធ្យូងថ្ម ប្រេង និងឧស្ម័នបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ បរិមាណឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបានកើនឡើងដល់ទៅ ៥៩ ០០០លានតោន។ តែ Giec បានកត់សម្គាល់ឃើញថា ពីប្រទេសមួយទៅប្រទេសមួយ ការចាក់ចោលឧស្ម័នផ្ទះកញ្ចក់មានបរិមាណមិនដូចគ្នាទេដោយអាស្រ័យលើកម្រិតប្រាក់ចំណូលរបស់ប្រទេសនីមួយៗ។ អ្វីដែល Giec ចង់និយាយនេះគឺថា ក្រុមប្រទេសអ្នកមាន ឬក្រុមប្រទេសអភិវឌ្ឍន៍បានចាក់ចោលឧស្ម័នផ្ទះកញ្ចក់ច្រើនជាងក្រុមប្រទេសអ្នកក្រ ឬក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ តែទោះជាអ្នកមាន ឬអ្នកក្រ មានមនុស្សលោកជិតពាក់កណ្តាល ពោលមានពី ៣ ៣០០លានទៅ ៣ ៦០០លាននាក់កំពុងរស់ក្នុងបរិបទងាយរងគ្រោះខ្លាំងនឹងការប្រែប្រួលអាកាសធាតុ។
នៅពេលដែលគេនិយាយពីការប្រែប្រួលអាកាសធាតុ គេមិនអាចមិននិយាយបានឡើយពីផលវិបាករបស់វាដែលមានច្រើន រួមមាន អសន្តិសុខស្បៀងអាហារ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ការខ្វះទឹកប្រើប្រាស់ អត្រាមរណៈខ្ពស់ ផ្តល់ភាពងាយស្រួលដល់ការចម្លងជំងឺ និងការបម្លាស់ទីរបស់ប្រជាជនពីកន្លែងមួយទៅកន្លែងមួយ។ល។ និង ។ល។ អ្វីដែលធ្ងន់ធ្ងរជាងនេះ មានផលវិបាកខ្លះនឹងគ្មានថ្ងៃដែលអាចស្រោចស្រង់វិញបានឡើយ។ ដូច្នេះវាជារឿងបន្ទាន់បំផុតដែលមនុស្សគ្រប់រូបត្រូវរួមគ្នាចាត់វិធានការទប់ស្កាត់នឹងការឡើងកម្តៅលើភពផែនដី។ ជារឿងបន្ទាន់ ព្រោះការឡើងកម្តៅបន្ថែមត្រឹមចំនួន ១អង្សារ ឬតិចជាងនេះ គ្រោះមហន្តរាយចំពោះផែនដី និងមនុស្សលោកនឹងមានធំធេងខ្លាំងណាស់ នេះជាការព្រមានរបស់ Giec។
តើវាមិនយឺតពេលពេកទេ ឬដើម្បីទប់ស្កាត់?។ មិនទាន់យឺតពេលទេ តែត្រូវធ្វើឲ្យបានលឿន និងឲ្យបានសកម្មប្រកបដោយមហិច្ឆតាខ្ពស់។ សម្រាប់ប្រធាន Giec លោកហូស៊ុង លី របាយការណ៍ឆ្នាំ ២០២៣ នេះជាសារនៃក្តីសង្ឃឹមដើម្បីដោះស្រាយគ្រប់បញ្ហាអាកាសធាតុ។ តាមលោកហូស៊ុង លី ពិភពលោកនៅមានសំណាងអាចទប់ស្កាត់កុំឲ្យកម្តៅលើភពផែនដីកើនលើសពី ១,៥អង្សាធៀបនឹងមុនសម័យឧស្សាហកម្មដែលជាកម្មវត្ថុនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីអាកាសធាតុ COP២១។តែដើម្បីអាចសម្រេចកម្មវត្ថុមួយនេះបាន គេត្រូវកាត់បន្ថយការចាក់ចោលឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសឲ្យបាន ៤៨% ពីពេលនេះទៅឆ្នាំ ២០៣០ ធៀបនឹងឆ្នាំ ២០១៩។
នៅក្នុងន័យនេះ ពិភពលោកត្រូវកាត់បន្ថយការប្រើធ្យូងថ្ម ប្រេង និងឧស្ម័នដែលជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ទៅ ៨០%។ តែបើចង់បន្តប្រើធ្យូងថ្ម ប្រេង និងឧស្ម័នដោយសារតែគ្មានជម្រើសផ្សេង គឺត្រូវរកវិធីសាស្រ្តដោយប្រើបច្ចេកវិទ្យាដើម្បីស្រូប និងស្តុកឧស្ម័នផ្ទះកញ្ចក់។ ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំនយោបាយគ្រប់ប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងបញ្ហាអាកាសធាតុ និងត្រូវពន្យល់ពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ អ្វីដែលត្រូវធ្វើជាបន្ទាន់នៅក្នុងករណីនេះ គឺការគិតគូរឡើងវិញពីរបៀបរស់នៅនាពេលខាងមុខ ដូចជាការប្តូរចំណីអាហារ ឬការប្តូររបៀបធ្វើដំណើរជាដើម។ ក្រៅពីនេះ ជម្រើសនៃការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ជារឿងមួយដែលត្រូវគិតគូរដែរ។
Giec យល់ថា ការចំណាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅលើភពផែនដីនឹងមានទឹកប្រាក់តិចជាងការចំណាយដើម្បីស្តារគ្រោះមហន្តរាយដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ អ្វីដែល Giec ចង់និយាយ ការពារប្រសើរជាងព្យាបាល។ សរុបមកវិញ អ្វីៗមិនទាន់យឺតពេលទេ ព្រោះពិភពលោកមានលទ្ធភាព មធ្យោបាយ និងចំណេះដឹងគ្រប់បែបយ៉ាងដើម្បីទប់នឹងស្កាត់នឹងការឡើងកម្តៅលើភពផែនដី។ តែអ្វីដែលកំពុងខ្វះមានតែមួយគត់ គឺឆន្ទៈនយោបាយម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំគ្រប់ប្រទេសទាំងអស់។ មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ផែនដីជាជម្រករួមដែលទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមថែរក្សា និងការពារ៕
3/21/2023 • 6 minutes, 32 seconds ២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថាន ការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ?
ថ្ងៃទី២០ មីនា ឆ្នាំ ២០២៣ ជាខួប ២០ឆ្នាំនៃការវាយប្រហាររបស់អាមេរិក រួមជាមួយអង់គ្លេសលើប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ហេតុផលនៃការលើកឡើងរបស់រដ្ឋបាលអាមេរិកនាជំនាន់ប្រធានាធិបតី George W. Bush កាលណោះ គឺមកពីរបបអ៊ីរ៉ាក់របស់ប្រធានាធិបតីសាដាម ហ៊ូសេនមានអាវុធប្រល័យលោក។ ប្រតិបត្តិការយោធារបស់អាមេរិក និងអង់គ្លេសបានទម្លាក់របបសាដាម ហ៊ូសេន និងមិនបានរកឃើញអាវុធប្រល័យលោកទេ។ ផ្ទុយទៅវិញ សង្រ្គាមមួយនេះបានរុញអ៊ីរ៉ាក់ឲ្យធ្លាក់ក្នុងជម្លោះ និងវិបត្តិជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។
អ្វីៗបានចាប់ផ្តើមនៅព្រឹកព្រលឹមស្រាងៗក្នុងថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ទ័ពអាមេរិកចំនួន ១៥០ ០០០នាក់ និងទ័ពអង់គ្លេសចំនួន ៤០ ០០០នាក់បានបើកប្រតិបត្តិការវាយប្រហារដូចផ្លេកបន្ទោលើអ៊ីរ៉ាក់ដែលគេហៅជាប្រតិបត្តិការ« សេរីភាពអ៊ីរ៉ាក់ »។ ក្នុងរយៈពេលតែ ៣សប្តាហ៍ ប្រតិបត្តិការ « សេរីភាពអ៊ីរ៉ាក់ » របស់អាមេរិក និងអង់គ្លេសបានផ្តួលរំលំរបបសាដាម ហ៊ូសេន ហើយក្នុងថ្ងៃទី៩ មេសា ឆ្នាំ ២០០៣ ដដែល អាមេរិកបានចូលគ្រប់គ្រងក្រុងបាកដាដ។ របបសាដាម ហ៊ូសេនមានអាវុធប្រល័យលោក នេះជាហេតុផលតែមួយគត់ដែលរដ្ឋបាលអាមេរិកក្នុងជំនាន់ប្រធានាធិបតី George W. Bush បានបង្ហាញពិភពលោកដើម្បីកំចាត់របបសាដាម ហ៊ូសេន។
តែបញ្ហានៅត្រង់ថា គ្មានអាវុធប្រល័យលោកធុនណាមួយត្រូវបានអាមេរិករកឃើញនៅក្រោយការដួលរលំរបបសាដាម ហ៊ូសេន ហើយនៅ ២០ឆ្នាំក្រោយមក អាមេរិកនៅតែរកមិនឃើញអាវុធប្រល័យលោករបស់សាដាម ហ៊ូសេនដដែល។ ផ្ទុយទៅវិញ និងអ្វីដែលជាលទ្ធផលកើតចេញពីប្រតិបត្តិការវាយប្រហារអ៊ីរ៉ាក់របស់អាមេរិកក្នុងឆ្នាំ ២០០៣ គឺជាការចាប់ផ្តើមផ្ទុះឡើងនូវសម័យកាលក្រឡាប់ចាក់ និងបង្ហូរឈាមដែលប្រទេសនៅតំបន់ឈូងសមុទ្រពែក្សមួយនេះមិនធា្លប់ជួបប្រទះនៅក្នុងប្រវត្តិរបស់ខ្លួនទេ។ ធ្លាក់ក្នុងសង្រ្គាមស៊ីវិលហែកហួរផ្ទៃក្នុងគួរឲ្យរន្ធត់នៅចន្លោះឆ្នាំ ២០០៦ និង ២០០៨។ បន្ទាប់មក ទឹកដីមួយភាគត្រូវបានស្ថិតក្រោមការកាន់កាប់របស់អង្គការរដ្ឋអ៊ីស្លាម។
គេត្រូវរង់ចាំដល់ឆ្នាំ ២០១១ ទើបអាមេរិកបានសម្រេចដកទ័ពចេញពីអ៊ីរ៉ាក់។ តែគេមិនត្រូវភ្លេចនិយាយទេថា សង្រ្គាមអាមេរិកនៅអ៊ីរ៉ាក់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១១ បានបណ្តាលឲ្យស្លាប់ជនស៊ីវិលអ៊ីរ៉ាក់ជាង ១០០ ០០០នាក់ ហើយអាមេរិកបានបញ្ជាក់ពីការស្លាប់ទាហានអាមេរិកជិត ៤ ៥០០នាក់។ ថ្ងៃនេះ និង ២០ឆ្នាំក្រោយមក រដ្ឋអំណាចអ៊ីរ៉ាក់មិនថាថ្នាក់សហព័ន្ធ និងថ្នាក់តំបន់ទេ គឺមិនបានគ្រោងរៀបចំពិធីអ្វីសម្រាប់ខួប ២០ឆ្នាំនៃការចូលឈ្លានពានរបស់អាមេរិកឡើយ។ មួយវិញទៀត នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohamed Chia al-Soudani មិនបានលើកឡើងជាសាធារណៈពីការឈ្លានពានរបស់អាមេរិកទេ តែជាការដួលរលំរបបផ្តាច់ការសាដាម ហ៊ូសេន។ សម្រាប់លោក Mohamed Chia al-Soudani អ៊ីរ៉ាក់រម្លឹកថ្ងៃនេះនូវការឈឺចាប់របស់ពលរដ្ឋខ្លួនដោយសារសង្រ្គាមគ្មានន័យនារយៈពេលប៉ុន្មានឆ្នាំនេះ។
គេអាចនិយាយបានជារួមថាសព្វថ្ងៃ អ៊ីរ៉ាក់ហាក់បានរកឃើញឡើងវិញខ្លះៗនូវស្ថានភាពប្រក្រតីរបស់ខ្លួន។ ការបោះឆ្នោតត្រូវបានរៀបចំច្រើនដងដោយមានការចូលរួមពីគណបក្សច្រើន ហើយសេរីភាពក្នុងការបញ្ចេញមតិត្រូវបានធានា។ តែនេះគ្រាន់ជាទ្រឹស្តីប៉ុណ្ណោះ ព្រោះការអនុវត្តន៍ជាក់ស្តែងជារឿងផ្សេង និងស្មុគស្មាញខ្លាំងណាស់។ នៅក្រោយការបោះឆ្នោតសភាក្នុងខែតុលា ឆ្នាំ ២០២១ ការជជែកដេញដោល តថ្លៃគ្នារវាងគណបក្សជាប់ឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានប្រើពេលរហូតដល់ទៅមួយឆ្នាំ។ ចំណែកបេសកកម្មរបស់អង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់បានរៀបរាប់ពីបរិយាកាសអាប់អួរ និងបំភ័យដល់សេរីភាពក្នុងការបញ្ចេញមតិ។
ក្រៅពីស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមដែលមានតែសំបកក្រៅ នៅមានបញ្ហាជាច្រើនផ្សេងទៀតដែលអ៊ីរ៉ាក់បាន និងកំពុងបន្តជួបប្រទះ ក្នុងនោះមានអំពើពុករលួយ ការធ្វេសប្រហែសរបស់ថ្នាក់ដឹកនាំ ការតស៊ូមិនស្មោះត្រង់របស់ថ្នាក់ដឹកនាំដើម្បីអំណាច និងឥទ្ធិពលរបស់ប្រទេសជិតខាងធំៗ ពិសេសអ៊ីរ៉ង់។ តាមអង្គការក្រៅរដ្ឋាភិបាល Transparency Internationa អ៊ីរ៉ាក់ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៧នៃចំណោម១៨០ប្រទេសពុករលួយ។ ក្នុងចំណោមរដ្ឋាភិបាលដែលបានឡើងកាន់អំណាចបន្តបន្ទាប់គ្នាតាំងពីឆ្នាំ ២០០៣ គ្មានរដ្ឋាភិបាលណាមួយអាចកំចាត់អំពើពុករលួយស៊ីរូងផ្ទៃក្នុងប្រទេសបានទេ ពិសេសនៅក្នុងវិស័យសុខាភិបាល និងសេវាសាធារណៈ។ គ្មានរដ្ឋាភិបាលណាមួយបានយកចិត្តទុកដាក់ និងគិតប្រយោជន៍ពលរដ្ឋជាធំទេ។
ប្រជាជនត្រូវបានគេទុកចោលឲ្យស្វែងរកជោគវាសនាអនាគតដោយខ្លួនឯង។ នៅក្នុងប្រទេសមួយដែលសម្បូរប្រេង មានប្រជាជនដល់ទៅ ១ភាគ៣ កំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ។ នៅក្នុងប្រទេសមួយដែលសម្បូរប្រេងតែបែរជាខ្វះភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃទៅវិញ ហើយមានពេលខ្លះ ការដាច់ភ្លើងមានរយៈពេលដល់ទៅ ១២ម៉ោងឯណោះ។ ២០ឆ្នាំក្រោយការដួលរលំរបបសាដាម ហ៊ូសេន អ៊ីរ៉ាក់ហាក់កំពុងស្ថិតឆ្ងាយពីការពិត និងពីក្តីរំពឹងទុក។ ការពី ២០ឆ្នាំមុន ពលរដ្ឋអ៊ីរ៉ាក់ទូទៅបានសាទរ និងត្រេកត្រអាលនឹងការដួលរលំរបបសាដាម ហ៊ូសេនដោយគិតថា អនាគតក្រោយសាដាម ហ៊ូសេននឹងរុងរឿងថ្លៃថ្លា។
តែពេលនេះ និង ២០ឆ្នាំក្រោយមក ពលរដ្ឋអ៊ីរ៉ាក់បែរជាកំពុងរងការឈឺចាប់ និងទុក្ខវេទនាទៅវិញ ហើយមានអ្នកខ្លះស្តាយក្រោយថា បើទុករបបសាដាម ហ៊ូសេនប្រហែលជាគ្រាន់បើជាងរបបសព្វថ្ងៃ៕
3/20/2023 • 5 minutes, 46 seconds តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣?
វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ព្រោះតែកម្ពុជាត្រូវប្រឈមវិបត្តិសកលនានា។ តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣? ហើយតើអ្វីជាបទពិសោធទាញចេញពីវិបត្តិអចលនទ្រព្យនៅកម្ពុជាកាលពីឆ្នាំ២០០៨?
វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយទំនងមិនអាចងើបមកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដមានកំណើនយឺតយ៉ាវ ក្នុងរយៈពេលយូរជាងការរំពឹងទុក។
វិស័យអចលនទ្រព្យ និងការរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា
ផ្អែកតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងនៅវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ កាលពីចុងខែមករាឆ្នាំនេះ វិស័យសំណង់ និងអចលនទ្រព្យត្រូវគេព្យាករណ៍ថា ងើបឡើងយឺតក្នុងឆ្នាំ២០២៣។ វិស័យនេះរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាប្រមាណ ១០ភាគរយក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៣ វិស័យសំណង់ និងវិស័យអចលនទ្រព្យ មានកំណើនត្រឹមតែនៅរង្វង់ ១,១ភាគរយ ឬ១,២ភាគរយប៉ុណ្ណោះ។
ជាតម្លៃបន្ថែម វិស័យសំណង់ និងអចលនទ្រព្យមានទំហំ១៥%នៃទំហំសេដ្ឋកិច្ចជាតិ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលនឹងភាគីពាក់ពន្ធ័នឹងពិភាក្សារិះរិកវិធានការជាដំណោះស្រាយយ៉ាងណាកុំអោយវិស័យនេះដួលរលំដោយសារខ្វះឥណទាន។ ភាគីពាក់ពន្ធ័ទាំងនោះមានដូចជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អាជ្ញាធរអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងនិយតករអចលនទ្រព្យ។
តើអ្វីជាកត្តាជំរុញឱ្យវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកើនឡើង ក្រោយវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨?
ប្រភពហិរញ្ញប្បទាន ឬគេស្គាល់សាមញ្ញាថា កម្ចី ដែលមានអត្រាការប្រាក់ទាប និងមានការប្រកួតប្រជែងគ្នារវាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាកត្តាចម្បងសម្រាប់កំណើនអចលនទ្រព្យ។ នៅពេលការប្រាក់កម្ចីមានកម្រិតទាប ប្រជាជនមាននិន្នាការប្រើប្រាស់កម្ចី ដើម្បីទិញរបស់ប្រើប្រាស់ រួមទាំងសេវាបង់រំលោះផ្ទះ ដី និងរបស់ប្រើប្រាស់ផ្សេងៗ។
ក្រៅពីនេះ កត្តាចម្បងផ្សេងៗ រួមមាន ការកើនឡើងនៃចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យម ការកើនឡើងចំនួនប្រជាជនដែលទើបរៀបការថ្មីថ្មោង និងការធ្វើចំណាកស្រុករបស់ប្រជាជនកាន់តែច្រើនពីតាមបណ្ដាខេត្តមកទីក្រុង ជាពិសេសគឺទីក្រុងភ្នំពេញ គឺជាកត្តាចម្បងដែលជំរុញឱ្យកំណើនតម្រូវការអចលនទ្រព្យ លំនៅដ្ឋាន និងដីធ្លីពាណិជ្ជកម្មបន្ដកើនឡើង។ នៅពេលនិន្នាការមនុស្សទៅរស់នៅទីណា នោះតម្លៃដីធ្លីនៅទីនោះនឹងកើនឡើង។ ការទិញលក់រយៈពេលខ្លី ឬជាភាសាបច្ចេកទេស “ការឆ្លៀតឱកាសរកចំណេញ ឬ Speculation” ក៏ជំរុញឱ្យមានការប្រែប្រួលថ្លៃអចលនទ្រព្យខ្លាំងផងដែរ ព្រោះនៅពេលដែលរបស់មួយបន្ដកើនឡើង មនុស្សមាននិន្នាការទិញលក់ដើម្បីបានផលចំណេញក្នុងរយៈពេលខ្លី។
តើអ្វីខ្លះជាបទពិសោធពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជា?
នៅឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជាបានកម្រិតប្រាក់កម្ចី សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ត្រឹមតែ ៨%នៃផលប័ត្រប្រាក់កម្ចីសរុប ឬគេស្គាល់ជាភាសាបច្ចេកទេស “Loan Portfolios” របស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ វិធានការនេះបានរុញច្រានឱ្យវិស័យនេះត្រូវជាប់គាំងបន្ដិចផងដែរ ព្រោះថាគម្រោងអភិវឌ្ឍន៍អចលទ្រព្យភាគច្រើនបំផុត គឺប្រើប្រាស់កម្ចី។ ដូច្នេះ នៅពេលម្ចាស់គម្រោងមិនអាចទទួលបានកម្ចី ពួកគេនឹងបញ្ឍប់គម្រោង ហើយចុងក្រោយគម្រោងយ៉ាងច្រើននឹងជាប់គាំង រហូតដល់វិស័យទាំងមូល។ នេះប្រហែលជាមូលហេតុមួយដែលធនាគារជាតិនៃកម្ពុជា នាពេលបច្ចុប្បន្ន មិនដាក់ចេញនូវវិធានការបែបនេះ។
គិតមកដល់ឆ្នាំ២០២២ កម្ចីធនាគារដែលផ្តល់ដល់វិស័យធំៗបានកើនឡើង ១៩,៣ភាគរយ បើធៀបនឹងឆ្នាំមុន នៅពេលដែលវិស័យសំណង់ និងអចលនទ្រព្យទទួលបានប្រហែល១៨ភាគរយនៃទំហំទឹកប្រាក់កម្ចីសរុបចំនួន ៤៦ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្នភាពនៃវិបត្តិសកលអន្ដរជាតិ
ការដើរយឺតនៃវិស័យអចលទ្រព្យនៅកម្ពុជាមិនអាចកាត់ផ្ដាច់ពីវិបត្តិសកលផ្សេងៗនាពេលបច្ចុប្បន្នបានទេ។ ភាពអាប់អួនៅតែបន្ដកើនឡើងមាននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។
ក្រៅពីនេះកត្តាភូមិសាស្ត្រនយោបាយក៏ជះឥទ្ធិពលខ្លាំងផងដែរលើពិភពលោក។ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាង ប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស ក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្អែកតាមអ្នកជំនាញ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើតមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការវិលត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន៕
3/20/2023 • 5 minutes, 25 seconds ប្រឈមនឹងការផ្តុំគ្នារករឿងពីលោកខាងលិច ចិន ប្តេជ្ញាពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនើបដោយខ្លួនឯង
ជាមួយនឹងការចូលកាន់ការងារ នៃរដ្ឋាភិបាលថ្មីរបស់ចិន ចិនបានប្រកាសគំរោងដ៏ធំជាច្រើន ដើម្បីធ្វើកំណែទម្រង់លើស្ថាប័នខ្លួន ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាទំនើប។ ជាការធ្វើកំណែទម្រង់ ដែលចិនអះអាងថា ដើម្បីពង្រឹងសមត្ថភាព និងស្វ័យភាពរបស់ចិនខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប ដោយមិនពឹងបច្ចេកវិទ្យាគេ ខណៈដែលបច្ចុប្បន្ននេះ ក្រុមប្រទេសលោកខាងលិច កំពុងតែផ្តុំគ្នា រករឿងចិនកាន់តែខ្លាំង នៅក្នុងវិស័យយុទ្ធសាស្ត្រនេះ។
កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ រដ្ឋាភិបាលថ្មីរបស់ចិន បានប្រកាសនូវផែនការធ្វើកំណែទម្រង់ជាច្រើន ទៅលើស្ថាប័នរដ្ឋ។ ផែនការកំណែទម្រង់ស៊ីជំរៅ ដែលនឹងត្រូវអនុម័តជាផ្លូវការដោយសភាប្រជាមានិតចិន នៅថ្ងៃសុក្រខាងមុខនេះ។ អ្វីដែលជាការកត់សំគាល់ធំបំផុតនោះ គឺផែនការកំណែទម្រង់ ទៅលើវិស័យបច្ចេកវិទ្យាទំនើប
តាមរយៈផែនការកំណែទម្រង់នេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ចិន នឹងត្រូវពង្រឹងតួនាទីទទួលខុសត្រូវ ដូចជាក្នុងការរៀបចំសម្របសម្រួល និងជួយជំរុញឲ្យការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្លាយចេញជាលទ្ធផលជាក់ស្តែង ក្នុងការអនុវត្ត។ ក្រសួងដ៏សំខាន់នេះ នឹងមានកាតព្វកិច្ចផងដែរ ធ្វើយ៉ាងណា ផ្តល់សន្ទុះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដល់បណ្តាញស្រាវជ្រាវ រកគំនិតច្នៃប្រឌិតថ្មី និងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។
ចិននឹងបង្កើតផងដែរ នូវស្ថាប័នថ្មីមួយ ឈ្មោះថាការិយាល័យជាតិគ្រប់គ្រងទិន្នន័យ ដែលនឹងមានតួនាទី ចាត់ចែងគ្រប់គ្រងទិន្នន័យលើបណ្តាញអ៊ីនធ័រនិត។ ស្ថាប័នថ្មីនេះ ក៏នឹងត្រូវជួយលើកកំពស់ជាទូទៅ ដល់វិស័យសេដ្ឋកិច្ចលើបណ្តាញបច្ចេកវិទ្យា និងរៀបចំបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីនិងចាំបាច់ ដើម្បីអភិវឌ្ឍន៍វិស័យនេះ។ អំណេះតទៅ សហគ្រាស អាជ្ញាធររដ្ឋ អ្នកស្រាវជ្រាវ ក៏ដូចជាវិស្វករចិនទាំងអស់ នឹងត្រូវរួមកម្លាំងគ្នា ប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាពជាតិ ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិត។ ជាផែនការដ៏ចាំបាច់ ដើម្បីឲ្យចិនអាចមានកម្លាំង ប្រឈមជាមួយការដាក់ឧបសគ្គ កាន់តែច្រើនឡើងៗ ពីសំណាក់រដ្ឋាភិបាលអាមេរិក និងបក្សពួកសម្ព័ន្ធមិត្តលោកខាងលិច មកលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។
គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ បានចាប់ផ្តើមប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងយ៉ាងចំហបំផុត នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប តួយ៉ាងដូចជាក្នុងវិស័យផលិតឧបករណ៍សឺមីកុងដុកទ័រ។ ឧបករណ៍នេះ គឺជាធាតុផ្សំយ៉ាងសំខាន់ ដែលគេត្រូវការជាចាំបាច់ ដើម្បីផលិតសម្ភារៈបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃស្មាតហ្វូន រថយន្តទំនើប ឬក៏គ្រឿងអាវុធយុទ្ធភណ្ឌទំនើបផ្សេងៗ។ ដោយលើកឡើង ពីហេតុផលសន្តិសុខជាតិ រដ្ឋាភិបាលអាមេរិក បានចេញបទបញ្ជា ដាក់ទណ្ឌកម្មទៅលើសហគ្រាសចិន ដែលផលិតឧបករណ៍សឺមីកុងដុកទ័រ។ អាមេរិកបានហាមឃាត់មិនឲ្យក្រុមហ៊ុនចិនទាំងនោះ អាចទទួលយកបច្ចេកវិទ្យាទំនើបរបស់អាមេរិក យកទៅប្រើដើម្បីផលិតឧបករណ៍សឺម៉ីកុងដុកទ័រនៅចិន។
នៅក្នុងពេលប្រកាសអំពីផែនការកំណែទម្រង់ កាលពីថ្ងៃអង្គារសប្តាហ៍មុន លោក Xioa Jie អគ្គលេខាធិការរដ្ឋាភិបាលចិន បានលើកឡើងថា អំណេះតទៅ ចិនត្រូវតែប្រឹងប្រែងប្រឈមជាមួយ ការលំបាក ឧបសគ្គជាច្រើន ដែលត្រូវបានដាក់ដោយការប្រកួតប្រជែងអន្តរជាតិ នៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោកទទួលស្គាល់ថា ឧបសគ្គទាំងនេះ គឺវាគួបផ្សំបន្ថែម ដោយការប្រមូលផ្តុំគ្នារបស់បរទេស ដើម្បីធ្វើបាប និងដាក់សំពាធមកលើចិន។ ដូច្នេះ ចិនត្រូវតែរៀបចំ ពង្រឹងសមត្ថភាពខ្លួន ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ធ្វើយ៉ាងណា អាចយកឈ្នះឧបសគ្គលំបាកទាំងនេះ ហើយនិងឈានទៅមានស្វ័យភាព មិនពឹងអ្នកដ៏ទៃ នៅក្នុងវិស័យនេះ។
សូមបញ្ជាក់ថា ក្រៅពីផែនការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ រដ្ឋាភិបាលថ្មីរបស់ចិន ក៏មានគម្រោងផងដែរ ក្នុងការកាត់បន្ថយបុគ្គលិកចំនួន៥% ពីតាមស្ថាប័នរដ្ឋ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បុគ្គលិកទាំងនេះនឹងត្រូវគេដកយកទៅដាក់ វិស័យមួយចំនួនផ្សេងទៀតដែលត្រូវការសមត្ថភាពនិងកម្លាំង។ ក្រៅពីនេះ អង្គភាពគ្រប់គ្រងវិស័យធនាគារនិងធានារ៉ាប់រ៉ងចិនបច្ចុប្បន្ននេះ នឹងត្រូវជំនួសដោយ ស្ថាប័នថ្មីមួយ ដែលនឹងមានតួនាទីគ្រប់គ្រងវិស័យហិរញ្ញវត្ថុទាំងមូលតែម្តង។ នៅក្នុងសុន្ទរកថា ចូលកាន់តំណែងអាណត្តិទី៣ លោកប្រធានាធិបតីស៊ី ជីនពីងបានថ្លែងថា ចិនត្រូវពង្រឹងសមត្ថភាពខ្លួនក្នុងការផលិត។ លោកបន្តថា ប្រទេសដែលមានប្រជាជន ដល់ទៅ១៤០០លាននាក់ដូចជាចិន មិនអាចពឹងអ្នកណាផ្សេង ក្រៅពីពឹងខ្លួនឯងឡើយ ដើម្បីឈានទៅកសាងវិស័យកាម្មន្តសាលខ្លាំងរឹងមាំ ទំនើបថ្មី ហើយកាន់តែគោរពបរិស្ថានធម្មជាតិ។
គួរកត់សំគាល់ដែរថា បច្ចុប្បន្ននេះ ខណៈដែលសេដ្ឋកិច្ចសកលលោកកំពុងតែជួបវិបត្តិរាំងស្ទះរួចទៅហើយ សេដ្ឋកិច្ចចិនកំពុងតែរងសំពាធ ដោយសារតែប្រទេសលោកខាងលិចជាច្រើន ចាប់ផ្តើមងាកមុខចេញពីចិន។ ប្រទេសខ្លះ ដូចជា ឥណ្ឌា និងវៀតណាមជាដើម បានក្លាយជាគូប្រកួតប្រជែងរបស់ចិន នៅលើទីផ្សារផលិតកម្ម។ ចិនត្រូវប្រឹងគ្រប់មធ្យោបាយ ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស ឲ្យបន្តវិនិយោគ ឬបញ្ជាទិញជាមួយក្រុមហ៊ុនខ្លួន។
តាមការគ្រោងទុក រដ្ឋសភាប្រជាមានិតចិន នឹងបោះឆ្នោតអនុម័តផែនការកំណែទម្រង់ទាំងអស់របស់រដ្ឋាភិបាល នៅថ្ងៃសុក្រទី ១៧មីនា។ លទ្ធផលបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ដែលនឹងគ្មាននរណាភ្ញាក់ផ្អើលនោះទេ។ លោក Changhao Wei អ្នកស្រាវជ្រាវម្នាក់នៅសកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានពន្យល់ថា តាមធម្មតា សភាចិនតែងតែបោះឆ្នោតគាំទ្រ ផែនការកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ស្នើមក នៅរៀងរាល់ពេលចាប់ផ្តើមអាណត្តិ៥ឆ្នាំថ្មី របស់ប្រធានាធិបតីចិន។ លោកអះអាងថា ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ជាមួយនឹងគណបក្សកុម្មុយនីស្តចិន ក៏អាចមានការវិវឌ្ឍន៍ថ្មីបន្ថែមដែរ ជាមួយនឹងផែនការកំណែទម្រង់លើកនេះ។ ជាងនេះទៀត គឺវាអាចទៅរួច ដែលលោកស៊ី ជីនពីង និងគណបក្សកុម្មុយនីស្តចិន នឹងប្រើប្រាស់ផែនការកំណែទម្រង់នេះ ដើម្បីរឹតបន្តឹងក្តាប់អំណាចគ្រប់គ្រងកាន់តែខ្លាំងឡើងថែមទៀត៕
3/14/2023 • 5 minutes, 53 seconds ឈ្វេងយល់អំពីការដួលរលំធនាគារដ៏ធំមិនធ្លាប់មាននៅអាមេរិកចាប់តាំងពីឆ្នាំ២០០៨
ទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក កំពុងតែរំជើបរំជួលយ៉ាងខ្លាំង ក្រោយពីមានការដួលរលំធនាគារឈ្មោះ SVB (Silicon Valley Bank) ដែលជាធនាគារដ៏ធំមួយ នៅអាមេរិក កាលពីថ្ងៃសុក្រ។ ការដួលរលំធនាគារដ៏ធំមួយនេះកំពុងតែធ្វើឲ្យមានក្តីបារម្ភ អំពីការរីករាលដាល ទៅជាវិបត្តិហិរញ្ញវត្ថុទ្រង់ទ្រាយធំ ដូចកាលពីវិបត្តិហិរញ្ញវត្ថុសកល កាលពីឆ្នាំ២០០៨កន្លងទៅ។ តើហេតុអ្វីបានជាធនាគារដ៏ធំមួយ ស្រាប់តែត្រូវដួលរលំភ្លាមៗ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃបែបនេះ?
ធនាគារអាមេរិក ដែលរលំ កាលពីថ្ងៃសុក្រកន្លងទៅនេះ មានឈ្មោះថា Silicon Valley Bankហៅកាត់ដោយខ្លីថា SVBភាគច្រើនរកស៊ីជាមួយក្រុមហ៊ុនប្រភេទ Startup នៅក្នុងវិស័យបច្ចេកវិទ្យា។ SVB គឺជាធនាគារដ៏ធំលំដាប់ទី ១៦ នៅអាមេរិក មានទ្រព្យសកម្មរហូតដល់ទៅជាង ២០០ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២២កន្លងទៅ។
មូលហេតុដែលនាំឲ្យធនាគារ SVB ត្រូវដួលរលំនៅពេលនេះ បើនិយាយឲ្យខ្លី គឺមកពីអតិថិជន នាំគ្នាសម្រុកទៅដកលុយចេញពីធនាគារ។ ក៏ប៉ុន្តែ ដំណើរដើមទង រហូតនាំទៅដល់ចលនាសម្រុកទៅដកលុយយ៉ាងគំហុកនេះ គឺវាមានជាប់ទាក់ទងទៅនឹងកត្តាច្រើនផ្សេងទៀត។
បញ្ហាចម្បងរបស់ធនាគារ SVB គឺចាប់ផ្តើមចេញពីការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។ ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនេះ វាគឺជាវិធានការចម្បង ដើម្បីទប់ស្កាត់វិបត្តិអតិផរណា ក៏ប៉ុន្តែ វាបង្កើតជាបញ្ហា សម្រាប់ធនាគារ SVB ដែលធ្លាប់តែទាញផលចំណេញពីលំហូរសាច់ប្រាក់ ដោយសារអត្រាការប្រាក់ទាប។
បញ្ហាចម្បងទីមួយ គឺនៅត្រង់ថា ការដំឡើងអត្រាការប្រាក់ វាធ្វើឲ្យលំហូរសាច់ប្រាក់ទៅក្នុងវិស័យបច្ចេកវិទ្យាមិនសូវសម្បូរដូចមុន ធ្វើឲ្យកំណើនទីផ្សារមូលបត្រក្នុងវិស័យបច្ចេកវិទ្យាត្រូវយឺតយ៉ាវជាងមុន បង្កនូវផលប៉ះពាល់ទៅដល់ការរកស៊ីរបស់ SVB ដែលផ្តោតចម្បងទៅលើវិស័យបច្ចេកវិទ្យា។
បន្ថែមពីលើនេះទៅទៀត ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល វាក៏ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងផងដែរ ទៅលើតម្លៃមូលបត្របំណុលរយៈពេលវែង។
នៅក្នុងពេលបច្ចុប្បន្ននេះ មូលបត្របំណុលរយៈពេល ១០ឆ្នាំ របស់រតនាគារអាមេរិក អាចផ្តល់ការប្រាក់រហូតដល់ទៅ ៣,៩% ឯណោះ ក្នុងពេលដែលមូលបត្របំណុលប្រមាណជា ២១ពាន់លានដុល្លារ ដែលធនាគារ SVB មានក្នុងដៃ ហើយដែលភាគច្រើនជាមូលបត្របំណុលរតនាគារអាមេរិក អាចផ្តល់ការប្រាក់ត្រឹមតែ ១,៧៩% ប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នា ការធ្លាក់ចុះនៃលំហូរវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យា ធ្វើឲ្យក្រុមហ៊ុន Startup ដែលជាអតិថិជនរបស់ SVB ហើយដែលកន្លងមកនាំគ្នាយកលុយមកទុកក្នុងធនាគារ ក៏ចាប់ផ្តើមនាំគ្នាមកដកលុយពីធនាគារវិញ ដើម្បីយកទៅផ្គត់ផ្គង់តម្រូវការលំហូរសាច់ប្រាក់របស់ខ្លួន។
ប្រឈមនឹងតម្រូវការសាច់ប្រាក់ដើម្បីបើកឲ្យអតិថិជននេះ ធនាគារ SVB ក៏បានលក់ចេញមូលបត្រទាំង ២១ពាន់លានដុល្លារ ដោយសុខចិត្តខាតលុយរហូតដល់ទៅ ១,៨ពាន់លានដុល្លារ ហើយកាលពីថ្ងៃពុធ ៨មីនា ក្រៅពីបានប្រកាសឲ្យដឹងពីការខាតលុយ ១,៨ពាន់លានដុល្លារនេះ ធនាគារ SVB បានប្រកាសផងដែរ ដាក់លក់ភាគហ៊ុនថ្មីរបស់ខ្លួនចំនួន ២,២៥ពាន់ដុល្លា ដើម្បីប្រមូលលុយមកបំពេញតម្រូវការសាច់ប្រាក់។
ក៏ប៉ុន្តែ ដំណឹងមិនល្អទាំងពីរផ្ទួនៗគ្នា គឺធនាគារខាតលុយផង ហើយត្រូវការសាច់ប្រាក់ផងបែបនេះ វាធ្វើឲ្យភាគហ៊ុនរបស់ SVB ត្រូវធ្លាក់ដាំដូង ហើយភាគហ៊ុនថ្មី ដែលត្រូវលក់ ដើម្បីប្រមូលលុយមកបំពេញតម្រូវការសាច់ប្រាក់ ក៏មិនមានអ្នកចង់ទិញ។ ក្នុងពេលជាមួយគ្នា អតិថិជនមានលុយទុកក្នុងធនាគារ ក៏នាំគ្នាភ័យ ហើយសម្រុកមកដកលុយចេញពីធនាគារវិញ។
គ្រាន់តែនៅក្នុងថ្ងៃព្រហស្បតិ៍មួយ ធនាគារ SVB បានទទួលបញ្ជាដកលុយពីអតិថិជន គិតជាទឹកប្រាក់សរុបរហូតដល់ទៅ ៤២ពាន់លានដុល្លារ។ ចំណែកតម្លៃភាគហ៊ុនវិញ ត្រូវធ្លាក់ចុះរហូតដល់ទៅ ៦០%។
ចូលដល់ថ្ងៃសុក្រ ត្រឹមតែ ៤៨ម៉ោង ក្រោយពីប្រកាសខាតលុយ និងលក់ភាគហ៊ុនថ្មី ធនាគារ SVB ក៏ត្រូវរលំ ដោយការលក់ភាគហ៊ុនរបស់ធនាគារនៅលើទីផ្សារត្រូវបានបញ្ឈប់ ធនាគារទាំងមូលត្រូវបានអាជ្ញាធរបិទទ្វារ ហើយទ្រព្យរបស់ធនាគារត្រូវបានយកមកដាក់ក្រោមការចាត់ចែងជាបណ្តោះអាសន្នដោយរដ្ឋាភិបាលសហព័ន្ធអាមេរិក។
ដើម្បីស្តារទំនុកចិត្តលើប្រព័ន្ធធនាគារ និងជាពិសេស ដើម្បីរំងាប់ក្តីបារម្ភរបស់សាធារណជន និងបញ្ចៀសការសម្រុកទៅដកលុយពីធនាគារ រដ្ឋាភិបាលរបស់លោកចូ បៃដិន បានប្រកាសចេញមុខធានាលើលុយតម្កល់របស់អតិថិជនធនាគារ។ ក៏ប៉ុន្តែ គេនៅមិនទាន់អាចដឹងប្រាកដនៅឡើយទេថា តើការចេញមុខធានារបស់រដ្ឋាភិបាលនេះអាចនឹងទប់ទល់ការរីករាលដាលនៃវិបត្តិនេះបានប៉ុណ្ណា ដោយជាក់ស្តែង គេសង្កេតឃើញថា គិតត្រឹមថ្ងៃចន្ទនេះ តម្លៃភាគហ៊ុននៅលើទីផ្សារ នៅស្ទើរតែគ្រប់កន្លែងនៅទូទាំងពិភពលោក នៅតែបន្តធ្លាក់ចុះខ្លាំងនៅឡើយ ជាពិសេស ភាគហ៊ុនរបស់ធនាគារ៕
3/13/2023 • 4 minutes, 45 seconds តើការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ជាស្នាដៃរបស់អ៊ុ យក្រែន?
ជាង ៥ខែក្រោយមក សំណួរនៅតែចោទឡើងជុំវិញ ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្នុងសមុទ្របាល់ទិក។ សេចក្តីរាយការណ៍ថ្មីចុងក្រោយ ដោយសារព័ត៌មានលោកខាងលិច បង្ហាញថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះត្រូវបានធ្វើឡើងដោយក្រុមអ្នកគាំទ្រអ៊ុយក្រែន ក៏ប៉ុន្តែ ការលើកនេះត្រូវបានច្រានចោលដោយរដ្ឋាភិបាលក្រុងកៀវ។
បំពង់បង្ហូរឧស្ម័ន Nord Stream ដែលមានពីរខ្សែ (Nord Stream 1 និង Nord Stream 2) តភ្ជាប់ពីរុស្ស៊ី ឆ្លងកាត់សមុទ្របាល់ទិកមកប្រទេសអាល្លឺម៉ង់ ត្រូវផ្ទុះទាំងពីរខ្សែ កាលពីថ្ងៃទី២៦កញ្ញាកន្លងទៅ ហើយភ្លាមៗក្រោយពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ននេះ គេនាំគ្នាដាក់ការសង្ស័យទៅលើរុស្ស៊ី។ ក៏ប៉ុន្តែ សម្មតិកម្មនេះត្រូវចោទជាសំណួរចម្បងមួយថា តើរុស្ស៊ីចាំបាច់ត្រូវបំផ្ទុះបំពង់ឧស្ម័នតម្លៃរាប់ពាន់លានដុល្លារនេះធ្វើអ្វី បើរុស្ស៊ីគឺជាម្ចាស់បំពង់បង្ហូរឧស្ម័ននេះស្រាប់ ហើយរុស្ស៊ីអាចបិទ ឬបើកការបង្ហូរឧស្ម័នតាមបំពង់នេះបានគ្រប់ពេលទៅតាមការចង់បាន។
កាលពីដើមខែកុម្ភៈកន្លងទៅនេះ អ្នកកាសែតស៊ើបអង្កេតដ៏ល្បីឈ្មោះមួយរូបរបស់អាមេរិក (Seymour Hersh) បានចុះផ្សាយអត្ថបទមួយ (ជាអត្ថបទផ្ទាល់ខ្លួន ចុះផ្សាយលើ Blog ផ្ទាល់ខ្លួន មិនតាមរយៈស្ថាប័នព័ត៌មាន) ចោទប្រកាន់អាមេរិកថា ជាអ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្នុងប្រតិបត្តិការសម្ងាត់ ដែលមានកិច្ចសហប្រតិបត្តិការពីសំណាក់ន័រវែស ហើយធ្វើឡើង ក្នុងអំឡុងសមយុទ្ធអូតង់ នៅក្នុងតំបន់សមុទ្របាល់ទិក។
ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ ៧មីនានេះ កាសែត The New York Times បានចុះផ្សាយ ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា ព័ត៌មានចារកិច្ចថ្មីចុងក្រោយបង្ហាញថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានធ្វើឡើងដោយក្រុមបុគ្គលឯកជន ដែលគាំទ្រអ៊ុយក្រែន ក៏ប៉ុន្តែ គេមិនមានភស្តុតាងបញ្ជាក់ថា លោកប្រធានាធិបតីហ្សេឡិនស្គី ឬក៏មន្រ្តីរបស់លោកមានជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនេះដែរឬក៏អត់នោះទេ។
នៅថ្ងៃអង្គារនេះដែរ កាសែតអាល្លឺម៉ង់ Die Zeit ព្រមទាំងបណ្តាញព័ត៌មានផ្សេងទៀតនៅអាល្លឺម៉ង់ ក៏បានចេញផ្សាយលទ្ធផលស៊ើបអង្កេតដាច់ដោយឡែកមួយទៀតផងដែរ។ ជាការស៊ើបអង្កេតធ្វើឡើងរួមគ្នាដោយបណ្តាញព័ត៌មានអាល្លឺម៉ង់ ដោយតាមរយៈការស៊ើបអង្កេតនេះ គេបានរកឃើញថា អាជ្ញាធរអាល្លឺម៉ង់ក៏បានរកឃើញតម្រុយ ពីការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមបុគ្គលឯកជនអ៊ុយក្រែននេះដែរ ពោលគឺ ស្រដៀងគ្នាទៅនឹងអ្វីដែលបានចុះផ្សាយដោយកាសែត The New York Times។
យោងតាមការស៊ើបអង្កេតអាល្លឺម៉ង់ ប្រតិបត្តិការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានធ្វើឡើងដោយមនុស្ស ៦នាក់ (ប្រុស ៥នាក់ ស្រីម្នាក់) ធ្វើដំណើរតាមនាវាមួយគ្រឿង ចេញពីកំពង់ផែ Rostock នៅប៉ែកខាងជើងប្រទេសអាល្លឺម៉ង់ ទៅកាន់កោះមួយរបស់ដាណឺម៉ាក ដែលមានទីតាំងនៅត្រង់ម្តុំដែលមានហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream។
គិតមកទល់នឹងពេលនេះ ក្រុមស៊ើបអង្កេតអាល្លឺម៉ង់នៅមិនទាន់អាចកំណត់អត្តសញ្ញាណជនទាំង ៦នាក់នេះបាននៅឡើយទេ ដោយសារតែពួកគេប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដែលធ្វើឡើងដោយអ្នកជំនាញអាជីព។ ក៏ប៉ុន្តែ គេអាចកំណត់បានថា នាវាដែលជាប់សង្ស័យក្នុងប្រតិបត្តិការនេះ គឺជាប្រភេទនាវាកម្សាន្ត ជួលដោយក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូញ ហើយមានម្ចាស់ជាជនជាតិអ៊ុយក្រែន។
មួយថ្ងៃក្រោយការចុះផ្សាយដោយបណ្តាញសារព័ត៌មាន រដ្ឋអាជ្ញាអាល្លឺម៉ង់បានសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធដោយបានបញ្ជាក់ថា ក្រុមស៊ើបអង្កេតអាល្លឺម៉ង់ពិតជាបានរកឃើញនាវាកម្សាន្តដែលជាប់សង្ស័យក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នេះមែន ព្រមទាំងបានចូលឆែកឆេរ និងរកឃើញតម្រុយជាតិផ្ទុះនៅលើនោះ កាលពីពាក់កណ្តាលខែមករាកន្លងទៅ។
ទោះជាយ៉ាងណា អាល្លឺម៉ង់ ក៏ដូចជាអាមេរិក និងអង្គការអូតង់ បានបង្ហាញនូវភាពប្រយ័ត្នប្រយែង ដោយបានលើកឡើងថា គិតរហូតមកទល់នឹងពេលនេះ ការស៊ើបអង្កេតនៅមិនទាន់ចប់សព្វគ្រប់ ហើយក៏មិនទាន់បានរកឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការសន្និដ្ឋានណាមួយបានច្បាស់លាស់នៅឡើយនោះទេ។
ពីក្រុងកៀវវិញ រដ្ឋាភិបាលអ៊ុយក្រែនបានបដិសេធថា ខ្លួនមិនមានជាប់ពាក់ព័ន្ធណាមួយនឹងហេតុការណ៍ផ្ទុុះបំពង់បង្ហូរឧស្ម័ននេះទេ។ ចំណែកអ្នកនាំពាក្យវិមានក្រេមឡាំងវិញ អះអាងថា ការចុះផ្សាយដោយបណ្តាញព័ត៌មានថ្មីៗចុងក្រោយនេះ គឺគ្រាន់តែជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីបំភាន់មតិសាធារណៈតែប៉ុណ្ណោះ។ បំភាន់មតិ ដើម្បីបង្វែរការសង្ស័យពីអ្នកទទួលខុសត្រូវពិតប្រាកដ ដែលបើតាមរុស្ស៊ី គឺសហរដ្ឋអាមេរិក។
រុស្ស៊ីក៏បានបង្ហាញនូវការមិនសប្បាយចិត្តផងដែរ ដែលខ្លួនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការស៊ើបអង្កេតលើករណីបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះ។ ការស៊ើបអង្កេត ដែលបច្ចុប្បន្នត្រូវបានធ្វើឡើងរួមគ្នាដោយអាល្លឺម៉ង់ ស៊ុយអែត និងដាណឺម៉ាក។ ជាថ្មីម្តងទៀត រុស្ស៊ីបន្តទាមទារឲ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ តាមរយៈការអនុម័តសេចក្តីសម្រេច នៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕
3/9/2023 • 4 minutes, 32 seconds ហេតុអ្វីគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនជប៉ុន-អូស្ត្រាលីមានភាពចម្រូងចម្រាស?
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់លុយ ១ពាន់៥រយលានដុល្លារអាមេរិក សម្រាប់គម្រោងផលិតអ៊ីដ្រូសែននៅអូស្រ្តាលី ដើម្បីដឹកយកមកផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសជប៉ុន។ នេះជាគម្រោងដ៏ធំសម្បើមមួយ ហើយក៏ជាគម្រោងដែលមានភាពចម្រូងចម្រាសច្រើនផងដែរ។ គេដឹងថា អ៊ីដ្រូសែនគឺជាប្រភេទថាមពល ដែលមិនបញ្ចេញឧស្ម័នកាបូនិក ដូច្នេះ គួរតែមានប្រយោជន៍ក្នុងការជួយទប់ស្កាត់ការឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ តើហេតុអ្វីបានជាគម្រោងនេះត្រូវប្រឈមនឹងបញ្ហាចម្រូងចម្រាសបែបនេះទៅវិញ?
គម្រោងផ្គត់ផ្គង់ថាមពលអ៊ីដ្រូសែន ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា Hydrogen Energy Supply Chain ហៅកាត់ថា HESC ធ្លាប់បានទទួលទុនវិនិយោគពីសំណាក់រដ្ឋាភិបាលជប៉ុន និងអូស្រ្តាលី ក្នុងទំហំទឹកប្រាក់ជាង ៣០០លានដុល្លាររួចមកហើយ កាលពីពេលកន្លងមក សម្រាប់ដំណាក់កាលសិក្សាសាកល្បង។ ទុនវិនិយោគបន្ថែម ចំនួន ១ពាន់៥រយលានដុល្លារ ដែលរដ្ឋាភិបាលជប៉ុនទើបនឹងសម្រេចផ្តល់បន្ថែមនៅពេលនេះ គឺសម្រាប់ដំណាក់កាលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឈានទៅផលិត និងធ្វើអាជីវកម្មថាមពលអ៊ីដ្រូសែន នៅក្នុងរង្វង់ឆ្នាំ២០៣០ខាងមុខ។
គម្រោងនេះមានគោលដៅផលិតឧស្ម័នអ៊ីដ្រូសែនជាជំហានដំបូងក្នុងចន្លោះពី ៣ម៉ឺន ទៅ ៤ម៉ឺនតោនក្នុងមួយឆ្នាំ មុននឹងត្រូវបង្កើនបន្តិចម្តងៗ រហូតដល់ជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ ដោយឧស្ម័នអ៊ីដ្រូសែននេះ ដែលផលិតចេញដំបូងជាឧស្ម័ន នៅក្នុងប្រទេសអូស្រ្តាលី នឹងត្រូវបំប្លែងជាអ៊ីដ្រូសែនរាវ ដើម្បីដឹកតាមកប៉ាល់ទៅផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសជប៉ុន។
លុយវិនិយោគនៅក្នុងគម្រោងនេះ ត្រូវបានរដ្ឋាភិបាលជប៉ុនយកចេញពីមូលនិធិអភិវឌ្ឍបច្ចេកវិទ្យាថាមពលបៃតង ហើយបើយោងតាមក្រុមហ៊ុនគ្រប់គ្រងគម្រោង ថាមពលអ៊ីដ្រូសែន ដែលផលិតចេញពីគម្រោងនៅអូស្រ្តាលីនេះ នឹងជួយឲ្យជប៉ុនអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកប្រមាណជាជិត ២លានតោនក្នុងមួយឆ្នាំៗ ពោលគឺ ស្មើនឹងការបញ្ចេញឧស្ម័នដោយរថយន្តប្រើប្រេងរហូតដល់ទៅ ៣៥ម៉ឺនគ្រឿងឯណោះ។
ក៏ប៉ុន្តែ ថ្វីដ្បិតតែអ៊ីដ្រូសែនជាប្រភេទថាមពលមិនបញ្ចេញឧស្ម័នកាបូនិក នៅក្នុងដំណាក់កាលប្រើប្រាស់ នៅក្នុងដំណាក់កាលផលិតវិញ វាគឺជារឿងផ្សេង។ ប្រសិនបើការផលិតអ៊ីដ្រូសែនត្រូវធ្វើឡើងដោយប្រើអគ្គិសនីទៅបំបែកម៉ូលេគុលទឹក តាមវិធីអេឡិចត្រូលីស ហើយថាមពលអគ្គិសនីនេះទៀតសោតមានប្រភពចេញពីថាមពលបៃតង អ៊ីដ្រូសែនប្រភេទនេះទើបគេចាត់ទុកថាជាថាមពលបៃតង ដោយមិនបញ្ចេញឧស្ម័នកាបូនិកទាំងក្នុងដំណាក់កាលប្រើប្រាស់ និងក្នុងដំណាក់កាលផលិត។
បញ្ហាចោទចម្បងនៃគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនអូស្រ្តាលី-ជប៉ុន (HESC) គឺនៅត្រង់ថា អ៊ីដ្រូសែននឹងមិនត្រូវផលិតដោយប្រើវិធីអេឡិចត្រូលីសនេះទេ ផ្ទុយទៅវិញ គឺផលិតចេញពីធ្យូងថ្ម (Coal gasification) ដែលជាប្រភពចម្បងនៃការបញ្ចេញឧស្ម័នកាបូនិក។
យោងតាមការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវឯករាជមួយរបស់អូស្រ្តាលី ចុះផ្សាយ កាលពីឆ្នាំទៅមិញ ការផលិតអ៊ីដ្រូសែនដោយធ្យូងថ្ម នៅក្នុងគម្រោងអូស្រ្តាលី-ជប៉ុននេះ នឹងត្រូវបញ្ចេញឧស្ម័នកាបូនិកក្នុងចន្លោះពីជិត ៣លាន ទៅជិត ៤លានតោនក្នុងមួយឆ្នាំ ពោលគឺ ច្រើនជាងបរិមាណឧស្ម័នកាបូនិកដែលអាចកាត់បន្ថយក្នុងដំណាក់កាលប្រើប្រាស់អ៊ីដ្រូសែនរហូតដល់ទៅជិតពីរដងឯណោះ។
ដូច្នេះ បើគិតជាសរុបទៅ គម្រោងនេះមិនត្រឹមតែមិនអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបាននោះទេ ក៏ប៉ុន្តែ មានតែនាំឲ្យការបញ្ចេញឧស្ម័នកាបូនិកត្រូវកើនឡើងទៅវិញ។ ហេតុដូច្នេះហើយបានជាគម្រោងនេះមានបញ្ហាចម្រូងចម្រាសច្រើន ដោយត្រូវប្រឈមនឹងការរិះគន់ ជាពិសេស ពីសំណាក់អង្គការ និងសកម្មជនការពារបរិស្ថាន។
ជាការពិតថា នៅក្នុងគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនអូស្រ្តាលី-ជប៉ុននេះ គេគ្រោងប្រើបច្ចេកវិទ្យា ដើម្បីស្រូបយកឧស្ម័នកាបូនិកពីការផលិតអ៊ីដ្រូសែន រួចហើយយកទៅស្តុកទុក នៅក្រោមដីបាតសមុទ្រអូស្រ្តាលី។ ក៏ប៉ុន្តែ បញ្ហាចោទ គឺនៅត្រង់ថា គិតមកទល់នឹងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាស្រូបឧស្ម័នកាបូនិកនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ហើយគេក៏នៅមិនទាន់ដឹងប្រាកដច្បាស់នៅឡើយដែរថា តើបច្ចេកវិទ្យានេះនឹងអាចរួចរាល់ដាក់ឲ្យដំណើរការបានទាន់ពេល ជាមួយនឹងការដាក់ឲ្យដំណើរការគម្រោងផលិតអ៊ីដ្រូសែននៅអូស្រ្តាលីនេះដែរឬក៏អត់។
ហេតុដូច្នេះហើយបានជាអង្គការការពារបរិស្ថានមួយនៅអូស្ត្រាលី (Environment Victoria) បានទទូចថា នៅក្នុងពេលដែលបច្ចេកវិទ្យាស្រូបឧស្ម័នកាបូនិកនៅមិនទាន់មានប្រសិទ្ធភាពបែបនេះ គេមិនគួរបង្កើតគម្រោងផលិតអ៊ីដ្រូសែនដោយប្រើធ្យូងថ្មនោះទេ ប្រសិនបើគេពិតជាមានចេតនាចង់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិតមែន៕
3/8/2023 • 4 minutes, 2 seconds អ.ស.ប.រៀបចំគម្រោងតាមដានប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ន ៅទូទាំងពិភពលោក
អង្គការឧតុនិយមពិភពលោក ដែលជាស្ថាប័នមួយរបស់អ.ស.ប.បានប្រកាសឲ្យដឹង នៅថ្ងៃចន្ទ អំពីការសម្រេចបង្កើតគម្រោងតាមដានជាក់ស្តែង អំពីប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុចម្បងនាំឲ្យភពផែនដីឡើងកម្តៅ។ តាមរយៈគម្រោងនេះ គេរំពឹងថា នឹងអាចស្វែងយល់កាន់តែច្បាស់ អំពីប្រភពឧស្ម័នផ្ទះកញ្ចក់ និងអាចចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដី។
ការសម្រេចបង្កើតគម្រោងតាមដានប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រូវបានធ្វើឡើង កាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់អង្គការឧតុនិយមពិភពលោក ដែលមានប្រទេសសមាជិកជាង ៣០ ក្នុងនោះរួមមានជាអាទិ៍ អាមេរិក ចិន រុស្ស៊ី និងឥណ្ឌា ហើយនឹងត្រូវដាក់ឆ្លងការអនុម័ត ដោយប្រទេសសមាជិកទាំង ១៩៣ នៅក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើ នៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅក្នុងខែឧសភាខាងមុខ ។
គោលដៅនៃគម្រោងនេះ គឺធ្វើយ៉ាងណាកំណត់យ៉ាងសុក្រឹត អំពីទីតាំងភូមិសាស្រ្ត ដែលជាប្រភពដើមនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលក្នុងនោះមានឧស្ម័ន៣ប្រភេទចម្បងៗ គឺ ឧស្ម័នកាបូនិក មេតាន និងឌីអាសូតម៉ូណូអុកស៊ីត។
គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ការតាមដានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រូវបានធ្វើឡើង តាមរយៈការប៉ាន់ស្មានដោយផ្អែកទៅលើទិន្នន័យនៃសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្ម នៅក្នុងប្រទេសនីមួយៗ។
ជាឧទាហរណ៍ គេអាចប៉ាន់ស្មានបានថា ឧស្សាហកម្មផលិតដែកថែបក្នុងមួយតោនត្រូវបញ្ចេញឧស្ម័នកាបូនិកប៉ុន្មាន ដូច្នេះ បើគេដឹងថា នៅក្នុងប្រទេសណាមួយផលិតដែកថែបប៉ុន្មានតោនក្នុងមួយឆ្នាំ គេអាចប៉ាន់ស្មានជារួមបានថា ប្រទេសនោះបញ្ចេញឧស្ម័នកាបូនិកប៉ុន្មាន ពីការផលិតដែកថែបសរុបក្នុងមួយឆ្នាំ។
ជាទូទៅ ការបា៉ន់ស្មានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅតាមវិធីនេះ (ដែលគេតែងហៅជាភាសាអង់គ្លេសថា « bottom up approach ») ត្រូវបានធ្វើឡើង ដោយអនុវត្តទៅតាមបទដ្ឋានអន្តរជាតិ ដែលកំណត់ដោយអ្នកជំនាញអាកាសធាតុរបស់អ.ស.ប. ហៅកាត់ជាភាសាអង់គ្លេសថា IPCC។ ក៏ប៉ុន្តែ បើទោះជាធ្វើទៅតាមបទដ្ឋានអន្តរជាតិនេះក៏ដោយ នេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ហើយដោយសារតែមានភាពមិនច្បាស់លាស់ ជុំវិញការស្រូបឧស្ម័នកាបូនិកដោយយន្តការមួយចំនួន ជាពិសេស ដោយព្រៃឈើ និងមហាសមុទ្រ ដូច្នេះ វាអាចបង្កើតជាគម្លាតគ្នាខ្លាំង រវាងការប៉ាន់ស្មាន និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាក់ស្តែងទៅក្នុងបរិយាកាស។
ការវាស់វែងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់អាចធ្វើទៅបានតាមរយៈការសិក្សាទៅលើធាតុផ្សំគីមីក្នុងស្រទាប់បរិយាកាស ដើម្បីកំណត់អំពីបរិមាណ និងបម្រែបម្រួលនៃសារធាតុគីមី ដែលជាប្រភេទឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស។ ការវាស់វែងនេះអាចធ្វើទៅបាន តាមរយៈស្ថានីយ៍ដែលនៅលើដី ឬក៏តាមរយៈផ្កាយរណប ហើយគិតមកទល់នឹងពេលនេះ អង្គការឧតុនិយមពិភពលោកក៏មានកម្មវិធីតាមដាន និងវាស់វែងឧស្ម័នផ្ទះកញ្ចក់ក្នុងស្រទាប់បរិយាកាសដោយផ្ទាល់នេះដែរ ក៏ប៉ុន្តែ កម្មវិធីនេះវាស់វែងទៅលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបក្នុងមួយឆ្នាំៗ ជាលក្ខណៈទូទៅ នៅលើភពផែនដីទាំងមូល។ នេះមានន័យថា គេអាចដឹងបានត្រឹមតែថា ក្នុងមួយឆ្នាំៗ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបមានប៉ុន្មាននៅទូទាំងពិភពលោកទាំងមូល ក៏ប៉ុន្តែ មិនអាចកំណត់បានជាក់លាក់ថា តើឧស្ម័នផ្ទះកញ្ចក់នេះមានប្រភពចេញពីប្រទេសណា ឬទីតាំងភូមិសាស្រ្តណាមួយពិតប្រាកដ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់អង្គការឧតុនិយមពិភពលោកបានលើកឡើងថា ការដឹងត្រឹមតែការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុប ដោយមិនដឹងលម្អិតពីប្រភពរបស់វាបែបនេះ វាធ្វើឲ្យប្រទេសនីមួយៗ ឬក្រុមហ៊ុននីមួយៗ អាចដោះសារយករួចខ្លួន ហើយទម្លាក់ការទទួលខុសត្រូវទៅលើអ្នកផ្សេង។ ម្នាក់ៗអាចអះអាងថា ខ្លួនបានកាត់បន្ថយការបញ្ចេញឧស្ម័នប៉ុណ្ណេះ ឬប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយសំអាងទៅលើការប៉ាន់ស្មានផ្អែកលើសកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្មប្រចាំឆ្នាំ ក៏ប៉ុន្តែ គេមិនអាចដឹងបានថា តើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិតជាក់ស្តែងមានទំហំប៉ុណ្ណាពិតប្រាកដ។
ហេតុដូច្នេះហើយបានជាអង្គការឧតុនិយមពិភពលោកសម្រេចបង្កើតគម្រោងតាមដានប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះឡើង ហើយយោងតាមមន្ត្រីអង្គការឧតុនិយមពិភពលោក គម្រោងនេះ (Greenhouse Gas Monitoring Infrastructure) អាចនឹងបង្កើតជាផែនទី ដែលមានសញ្ញាសម្គាល់ បង្ហាញយ៉ាងលម្អិត អំពីបរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅតាមទីតាំងភូមិសាស្រ្តនីមួយៗ ហើយលើសពីនេះទៅទៀត ទិន្នន័យនៅលើផែនទីនេះនឹងត្រូវគេអាប់ដេតជាលក្ខណៈទៀងទាត់ នៅរៀងរាល់មួយខែម្តង ពោលគឺខុសពីទិន្នន័យក្នុងការវាស់វែងបច្ចុប្បន្ន ដែលធ្វើឡើងនៅរៀងរាល់មួយឆ្នាំម្តង។
អង្គការសហប្រជាជាតិរំពឹងថា ការបង្កើនសុក្រឹតភាពក្នុងការតាមដានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ អាចជាកត្តាចម្បងមួយ ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុ ចុះនៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥កន្លងទៅ ដែលបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីមិនឲ្យលើសពី ១,៥អង្សា៕
3/7/2023 • 4 minutes, 32 seconds តើប្រទេសស៊្វីសទប់ស្កាត់អតិផរណាដោយរបៀបណា?
ប្រទេសស៊្វីសបានបញ្ជៀសអតិផរណាដ៏ខ្លាំងក្លា ក្នុងពេលដែលប្រទេសផ្សេងៗទៀតនៅអឺរ៉ុបនៅតែបន្តប្រឈមនឹងការកើនឡើងតម្លៃទំនិញខ្ពស់កប់ពពក។ អតិផរណានៅប្រទេសស៊្វីសបានឡើងត្រឹមតែ៣,៥%នៅក្នុងឆ្នាំ២០២២ ពោលគឺទាបជាងឆ្ងាយពីប្រទេសផ្សេងៗនៅអឺរ៉ុប។ យោងតាមកាសែត CNBC លុយហ្វ្រង់ស្វ៊ីសមានស្ថិរភាពល្អ ការផ្គត់ផ្គង់ថាមពល និងការគ្រប់គ្រងតម្លៃទំនិញសំខាន់ៗដោយរដ្ឋ គឺជាកត្តាគន្លឹះដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនេះអាចប្រឈមនឹងវិបត្តិអតិផរណា។
ការកើនឡើងនៃតម្លៃទំនិញជាទូទៅ ឬគេស្គាល់ថា ការកើនឡើងអតិផរណា គឺមិនសូវមានកម្រិតខ្ពស់ទេនៅក្នុងប្រទេសស៊្វីស ដែលជាប្រទេសតូចមួយ និងសម្បូរដោយភ្នំ នៅអឺរ៉ុប។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងប្រឈមនឹងអតិផរណាខ្ពស់។
កម្រិតអតិផរណានៅប្រទេសស្វ៊ីសបានឡើងត្រឹមតែ៣,៥%ក្នុងឆ្នាំ២០២២។ វាជាកម្រិតខ្ពស់ក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ។ នៅសហរដ្ឋអាមេរិក កម្រិតអតិផរណាកើនឡើង ៩,១% ចក្រភពអង់គ្លេស (១១,១%) និងតំបន់ចាយប្រាក់អឺរ៉ូ (១០,៦%)។
ធនាគារជាតិស៊្វីសបានលើកឡើងកាលពីខែធ្នូថា អតិផរណានៅស៊្វីសអាចធ្លាក់ចុះជាមធ្យម ២,៤% ក្នុងឆ្នាំ២០២៣ និង១,៨%ក្នុងឆ្នាំ២០២៤។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យប្រទេសស៊្វីសអាចទប់ទលនឹងអតិផរណាបច្ចុប្បន្ន?
ស្ដង់ដាររស់នៅខ្ពស់រួចស្រេចស្រាប់នៅស៊្វីស
ស៊្វីសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រជាជនមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ គឺមានកម្រិតខ្ពស់ជាងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់។
នៅស៊្វីស ពលរដ្ឋជាមធ្យមមានទ្រព្យសម្បត្តិប្រហែល៧០ម៉ឺនដុល្លារអាមេរិក ពោលគឺប្រជាជនស៊្វីសមានទ្រព្យសម្បត្តិច្រើនណាស់។ ប្រទេសនេះមានកម្រិតស្ដង់ដារនៃការរស់នៅ និងការប្រើប្រាស់មានកម្រិតខ្ពស់។
ជាលទ្ធផល ពលរដ្ឋស៊្វីសជាទូទៅមិនសូវរងឥទ្ធិពលពីការកើនឡើងតម្លៃទំនិញទេ ព្រោះថាការចំណាយលើទំនិញជាមូលដ្ឋានដើម្បីរស់នៅ ឧទាហរណ៍ ថ្លៃស្នាក់នៅ ថ្លៃម្ហូបអាហារ ថាមពល និងទឹក គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃការចំណាយផ្សេងៗ រួមមាន ការកម្សាន្ដ និងការធ្វើដំណើរ។
លោក Tobias Straumann សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្តសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Zurich បានប្រាប់កាសែត CNBC ថា "ដោយសារតែមនុស្សជាមធ្យមមានទ្រព្យសម្បត្តិច្រើន នោះការចំណាយលើម្ហូបអាហារនៅក្នុងថវិកាសរុបនៃគ្រួសាររបស់ពួកគេគឺមិនធំដូចនៅក្នុងប្រទេសដទៃទៀតទេ"។
ស្ថិរភាពលុយហ្វ្រង់ស៊្វីស និងតម្រូវការលុយស៊្វីសពីសកលលោកក្នុងពេលវិបត្តិ
ហេតុផលមួយទៀតសម្រាប់ស្ថិរភាពតម្លៃទំនិញ គឺវាទាក់ទងនឹងស្ថិរភាពនៃតម្លៃលុយហ្វ្រង់ស្វ៊ីស។ លុយពីហ្វ្រង់ស្វ៊ីសមានតម្លៃល្អ ហើយលុយនេះកាន់តែមានគេចង់បានច្រើន នៅពេលពិភពលោកមានវិបត្តិ។ ហេតុការណ៍នេះបានកើតឡើងរាប់រយឆ្នាំមកហើយ។ ពិភពលោកទុកចិត្តលើលុយស៊្វីស និងសេដ្ឋកិច្ចប្រទេសនេះ។
លុយស៊្វីសបានឡើងថ្លៃជាលំដាប់។ នៅឆ្នាំ២០២២ លុយស៊្វីសកើនតម្លៃស្មើប្រាក់អឺរ៉ូ។ នៅពេលដែលលុយស៊្វីសបន្ដរក្សាស្ថិរភាព និងកើនឡើងតម្លៃ វាអំណោយផលដល់ ប្រទេសស៊្វីស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មអន្តរជាតិ ព្រោះថា សម្រាប់បរិមាណលុយស៊្វីសដដែល ប្រជាជនស៊្វីសអាចនាំចូលទំនិញបានច្រើនជាងមុន។
ការផ្គត់ផ្គង់ថាមពលធន់ដោយក្រុមហ៊ុនរដ្ឋ
ប្រទេសស៊្វីសក៏មិនសូវរងផលប៉ះពាល់ពីកត្តាខាងក្រៅផងដែរ ដូចជាឥទ្ធិពលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។
ប្រទេសនេះមានសណ្ឋានដីភ្នំ និងបឹងជាង១៥០០ ហើយវាធ្វើឱ្យប្រទេសស៊្វីសមិនសូវពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័ន ដូចប្រទេសជិតខាងនៅអឺរ៉ុបមួយចំនួន។ នៅស៊្វីស ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលគឺជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះពួកគេមិនសូវប្រឈមនឹងការប្រែប្រួលទីផ្សារខ្លាំងទេ នៅពេលពិភពលោកប្រែប្រួល។
ការគ្រប់គ្រងតម្លៃលើទំនិញ និងសេវាកម្មដោយយន្ដការរដ្ឋ
ក្រៅពីវិស័យថាមពល តម្លៃអាហាររបស់ប្រទេសស៊្វីសបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹមតែ៤% ធៀបនឹងជាង១២% នៅសហរដ្ឋអាមេរិក ជាង១៧% នៅចក្រភពអង់គ្លេស និងជាង២០% នៅអាល្លឺម៉ង់។
ក្នុងចំណោមទំនិញប្រើប្រាស់សំខាន់ៗ ដូចជា ម្ហូបអាហារ ទីកន្លែងស្នាក់នៅ និងការដឹកជញ្ជូន ដែលតំណាងស្ទើរតែមួយភាគបី (៣០%) គឺជាការប្រើប្រាស់ជាមូលដ្ឋាន ហើយវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វិស័យទាំងនេះមិនសូវងាយរងគ្រោះនឹងការប្រែប្រួលអតិផរណាទេ។
ការយកពន្ធខ្ពស់លើការនាំចូលទំនិញកសិកម្មក៏មានន័យថា អាហារដែលផលិតក្នុងស្រុក ដូចជាទឹកដោះគោ និងឈីស ត្រូវបានរដ្ឋកំណត់តម្លៃ ហើយវាមិនសូវរងផលប៉ះពាល់ពីការប្រែប្រួលក្នុងទីផ្សារអាហារពិភពលោកទេ។
លោក Jean-Claude Huber អ្នកគ្រប់គ្រងសណ្ឋាគារ Piz Buin Klosters នៅភាគខាងកើតនៃប្រទេសស៊្វីសបាននិយាយថា "យើងព្យាយាមទិញឱ្យបានច្រើនតាមតែអាចធ្វើទៅបាននូវផលិតផលផលិតក្នុងប្រទេស ប៉ុន្តែសូម្បីតែក្នុងតំបន់តូចៗ។ នៅក្នុងរយៈពេលវែង យើងចង់ឱ្យឧស្សាហកម្មក្នុងស្រុកអាចធ្វើការ និងដំណើរការបាន៕"
3/6/2023 • 5 minutes, 10 seconds សង្គ្រាមអ៊ុយក្រែន៖ បញ្ហាប្រឈមចម្បងរបស់ឥណ្ឌាដែលជាប្រធាន G20
នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេស G20 កំពុងជួបប្រជុំគ្នា នៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពីសប្តាហ៍មុន ដែលត្រូវបញ្ចប់ទៅដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន ដោយសារតែបញ្ហាចម្រូងចម្រាសជុំវិញសង្គ្រាមអ៊ុយក្រែន។ ភាពចម្រូងចម្រាសជុំវិញសង្គ្រាមអ៊ុយក្រែន ដែលអាចនឹងក្លាយជាបញ្ហាប្រឈមដ៏ចម្បងមួយ សម្រាប់ឥណ្ឌា ដែលចង់ឆ្លៀតឱកាសជាប្រធាន G20 ក្នុងឆ្នាំ២០២៣នេះ ដើម្បីបង្កើនតួនាទីរបស់ខ្លួននៅលើឆាកនយោបាយពិភពលោក។
ឥណ្ឌា គឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី៥ និងជាប្រទេសដែលកំពុងមានកំណើនសេដ្ឋកិច្ចដ៏លឿន ដូច្នេះ វាគឺជារឿងធម្មតា ដែលឥណ្ឌារំពឹងចង់ក្លាយជាប្រទេស ដែលមានតួនាទីសំខាន់ នៅក្នុងកិច្ចការពិភពលោក។ ឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចទើបនឹងរីកលូតលាស់ថ្មី សំឡឹងមើលមកខ្លួនឯងជាប្រទេសមហាអំណាចថ្នាក់កណ្តាលមួយ ដែលអាចដើរតួនាទីជាស្ពាន រវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានឧស្សាហកម្មជឿនលឿន។
ហេតុដូច្នេះហើយបានជា ក្នុងនាមជាប្រធានក្រុម G20 នៅឆ្នាំ២០២៣នេះ ឥណ្ឌាចង់ផ្តោតជាអាទិភាពទៅលើសំណុំរឿងមួយចំនួន ដែលសុទ្ធសឹងជាសំណុំរឿងសំខាន់ និងបន្ទាន់ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទើបនឹងរីកលូតលាស់ថ្មី ក៏ដូចជាសម្រាប់ប្រទេសកំពុងអភិវឌ្ឍ រួមមានជាអាទិ៍ បញ្ហាកំណើននៃបំណុលរបស់ប្រទេសក្រីក្រ បញ្ហាអតិផរណា សន្តិសុខស្បៀងនិងថាមពល បដិវត្តន៍ឌីជីថល រួមទាំងបញ្ហាអាកាសធាតុ ជាដើម។
ក៏ប៉ុន្តែ បញ្ហាប្រឈមដ៏ធំមួយ សម្រាប់ឥណ្ឌា គឺសំណុំរឿងជាអាទិភាពអស់ទាំងនេះ អាចនឹងត្រូវគ្របដណ្តប់ដោយបញ្ហាចម្រូងចម្រាស ជុំវិញសង្គ្រាមអ៊ុយក្រែន។
គួររំឭកឡើងវិញថា សង្គ្រាមអ៊ុយក្រែននេះធ្លាប់បានក្លាយជាបញ្ហាដ៏សែនចម្រូងចម្រាសរួចទៅហើយ នៅក្នុងអំឡុងជំនួបកំពូល G20 កាលពីឆ្នាំទៅមិញ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយនៅពេលនោះ ប្រទេសជាសមាជិិកខ្វែងគំនិតគ្នាខ្លាំង ជុំវិញការចេញសេចក្តីថ្លែងការណ៍រួម ដោយមានដាក់បញ្ចូលឃ្លាថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ថ្មីៗនេះទៀត កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច G20 កាលពីសប្តាហ៍មុន នៅក្នុងប្រទេសឥណ្ឌា ក៏ត្រូវប្រឈមនឹងបញ្ហាចម្រូងចម្រាសទាក់ទងនឹងសង្គ្រាមអ៊ុយក្រែននេះដែរ។ចម្រូងចម្រាសរហូតធ្វើឲ្យកិច្ចប្រជុំ ត្រូវបិទបញ្ចប់ទៅ ដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន។ ហើយគេរំពឹងថា បញ្ហាចម្រូងចម្រាសនេះក៏ទំនងជានឹងត្រូវកើតមានឡើងដែរ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស G20 ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងញូដេលី នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។
បញ្ហាចោទចម្បងមួយ សម្រាប់ឥណ្ឌា គឺនៅត្រង់ថា នៅក្នុងឋានៈជាម្ចាស់ផ្ទះ ឥណ្ឌាត្រូវមានតួនាទីជាអ្នកសម្រួបសម្រួលការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសសមាជិក ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ជំហររបស់ឥណ្ឌាខ្លួនឯងផ្ទាល់ ចំពោះសង្គ្រាមអ៊ុយក្រែន ក៏ជាបញ្ហាចម្រូងចម្រាសមួយផងដែរ ដោយប្រទេសមួយចំនួន ជាពិសេស បណ្តាប្រទេសលោកខាងលិចយល់ថា ឥណ្ឌាមានជំហរលម្អៀងទៅរករុស្ស៊ី។
តាំងពីដើមមក ឥណ្ឌាតែងតែបានបដិសេធមិនព្រមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះទេ ហើយឥណ្ឌាក៏តែងតែបោះឆ្នោតអនុប្បវាទផងដែរ នៅក្នុងការបោះឆ្នោតនៅអ.ស.ប. ទាំងការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជានៅក្នុងមហាសន្និបាត ដើម្បីអនុម័តសេចក្តីសម្រេចថ្កោលទោសរុស្ស៊ី នៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
ជាការពិតថា ទាក់ទងនឹងសង្គ្រាមអ៊ុយក្រែននេះ ឥណ្ឌាធ្លាប់បានលើកឡើង អំពីការទាមទារឲ្យគោរពធម្មនុញ្ញអ.ស.ប. គោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់រដ្ឋ, ព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយថ្នាក់ដឹកនាំឥណ្ឌា ព្រមទាំងបានលើកឡើងម្តងជាពីរដងថា “សករាជបច្ចុប្បន្ននេះ មិនមែនជាសករាជនៃការធ្វើសង្គ្រាម”... ដែលទាំងអស់នេះត្រូវបានគេមើលឃើញថាជាការរិះគន់ដោយប្រយោលចំពោះរុស្ស៊ី។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ឥណ្ឌាតែងតែចៀសវាងមិនរិះគន់រុស្ស៊ីដោយត្រង់ៗនោះទេ ហើយក្នុងពេលជាមួយគ្នា ឥណ្ឌាមានតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីទៅវិញ ជាពិសេសបង្កើនការទិញប្រេងពីរុស្ស៊ី ក្នុងពេលដែលបណ្តាប្រទេសលោកខាងលិច នាំគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ី ហាមឃាត់ការទិញប្រេង និងឧស្ម័នពីរុស្ស៊ី ហើយតែងតែបានទាមទារយ៉ាងទទូចឲ្យឥណ្ឌាចូលរួមដាក់សម្ពាធលើរុស្ស៊ី នៅក្នុងសំណុំរឿងអ៊ុយក្រែន។
នេះហើយដែលអាចជាបញ្ហាស្មុគស្មាញ ដែលអាចធ្វើឲ្យឥណ្ឌាត្រូវរងនូវសម្ពាធពីសំណាក់ប្រទេសលោកខាងលិច ទាក់ទងនឹងជំហរផ្ទាល់របស់ឥណ្ឌា នៅក្នុងសង្គ្រាមអ៊ុយក្រែនផង ក្នុងពេលដែលឥណ្ឌាខ្លួនឯងក្នុងនាមជាប្រធាន G20 ត្រូវដើរតួនាទីជាអ្នកសម្រួបសម្រួលបញ្ហាចម្រូងចម្រាស រវាងប្រទេសសមាជិក៕
3/2/2023 • 4 minutes, 10 seconds ហ្វូគូស៊ីម៉ា៖ តើការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មចូលទៅក្នុងសមុទ្រ មានគ្រោះថ្នាក់កម្រឹតណា?
១២ឆ្នាំ បានកន្លងផុតទៅហើយ បន្ទាប់ពីជប៉ុនបានជួបគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែរលកយក្សស៊ូណាមិ បានបោកបក់លើរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា។ ជាង១០ឆ្នាំមកនេះ អ្នកជំនាញនិងអាជ្ញាធរជប៉ុន បានប្រឹងប្រែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការបែកធ្លាយសារធាតុវិទ្យុសកម្ម ព្រមទាំងទប់រ៉េអាក់ទ័រនុយក្លេអ៊ែរ ឲ្យស្ថិតក្នុងស្ថិរភាព ចៀសវាងករណីផ្ទុះ។ រដ្ឋាភិបាលជប៉ុន បានសម្រេចបើកភ្លើងខៀវ អនុញ្ញាតឲ្យក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុនគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរហ៊ូគីឈីម៉ា អាចបង្ហូរកាកសំណល់ទឹក ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម ចូលទៅក្នុងសមុទ្រ។ ប្រតិបត្តិការនេះនឹងត្រូវចាប់ផ្តើមធ្វើ ក្នុងពេលឆាប់ខាងមុខនេះហើយ បើទោះបីជាសហគមន៍ប្រជាជនមូលដ្ឋាន ព្រមទាំងអង្គការការពារបរិស្ថាន បានសំដែងការជំទាស់យ៉ាងណាក៏ដោយ។
កាកសំណល់ទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម គឺជាបន្ទុកនៃការទទួលខុសត្រូវដ៏សែនធ្ងន់ របស់អាជ្ញាធរជប៉ុន ព្រមទាំងក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុនគ្រប់គ្រោងរោងចក្រនុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា។ បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃៗ ស្ថានីយ៍នុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា ដែលរងការខូចខាតដោយរលកយកស៊ូណាមិ កាលពីខែមីនា២០១១នោះ បានផលិតចេញជាទឹកកាកសំណល់ផ្ទុកសារធាតុវិទ្យុសកម្ម ចំនួន១សែនលីត្រ ជាមធ្យម។ ទឹកផ្ទុកសារធាតុវិទ្យុសកម្មទាំងនេះ គឺមានរាប់ទាំងទឹកក្នុងស្រទាប់ដី ទឹកភ្លៀងដែលស្រោចមកលើរោងចក្រហ្វ៊ូគូស៊ីម៉ា និងទឹកដែលគេប្រើប្រាស់ ដើម្បីទប់សីតុណ្ហភាពរ៉េអាក់ទ័រនុយក្លេអ៊ែរ កុំឲ្យឡើងក្តៅខ្លាំងជាដើម។
ទឹកទាំងនេះ ត្រូវបានគេប្រមូលយកទៅបន្សុត បន្សាបសារធាតុវិទ្យុសកម្មមួយផ្នែក មុននឹងត្រូវគេយកទៅស្តុកទុកនៅទីកន្លែងមានសុវត្ថិភាព។ បច្ចុប្បន្ននេះ ទឹកកាកសំណល់ដែលត្រូវគេបន្សុតរួចរាល់ គឺមានចំនួន ១លាន៣២ម៉ឺនតោន ដែលគេស្តុកទុកនៅក្នុងស៊ីទែនធំៗ ក្នុងបរិវេននៃស្ថានីយ៍នុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា។ ក៏ប៉ុន្តែ ទីតាំងស្តុកទឹកទាំងនេះ កំពុងតែចាល់ខ្លាំង ពេញដល់កម្រិត៩៦%ហើយ នៃសមត្ថភាពស្តុកទុកនៃបរិវេន។
គឺដោយហេតុនេះហើយ បានជាក្រុមហ៊ុន TEPCO បានរិះរកមធ្យោបាយផ្សេងទៀត ដើម្បីរំដោះទឹកកាកសំណល់ទាំងនេះចេញ។ មធ្យោបាយនោះ គឺការបង្ហូរទឹកទាំងនេះ ចូលទៅក្នុងសមុទ្រ។ ផែនការនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចអនុញ្ញាតយល់ព្រមហើយ បន្ទាប់ពីបានពិចារណាអស់ជាច្រើនឆ្នាំ។ តាមការគ្រោងទុកនៅរដូវផ្ការីកខាងមុខនេះ គេនឹងចាប់ផ្តើមអនុវត្ត ប្រតិបត្តិការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មនេះ ចូលទៅក្នុងសមុទ្រ។
តើការបង្ហូរទឹកកាកសំណល់មានផ្ទុកសារធាតុវិទ្យុសកម្មទាំងនេះ ចូលទៅក្នុងសមុទ្រ វាអាចបង្កគ្រោះថ្នាក់ដែរឬទេ?
ក្រុមហ៊ុន TEPCO បានអះអាងថា អ្នកជំនាញគេបានប្រើប្រាស់បច្ចេកវិទ្យាបន្សុតដ៏ទំនើបបំផុត ដើម្បីកម្ចាត់សារធាតុវិទ្យុសកម្មមួយចំនួនធំ ក្នុងចំណោមសារធាតុទាំង៦២មុខ ដែលមានផ្ទុកក្នុងទឹកកាកសំណល់ទាំងនោះ។ ក៏ប៉ុន្តែTEPCO ទទួលស្គាល់ថា មានសារធាតុមួយមុខ គឺសារធាតុ ទ្រីត្យូម (Tritium) ដែលបច្ចេកវិទ្យារាល់ថ្ងៃនេះ មិនទាន់អាចមានសមត្ថភាពរំដោះវា ចេញពីទឹកបានទេ។
យោងតាមអ្នកជំនាញ សារធាតុទ្រីត្យូម អាចបង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្សបាន គឺទាល់តែក្នុងបរិមាណច្រើន។ ដោយឡែក ក្រុមហ៊ុន TEPCO បានអះអាងថា គេនឹងយកទឹកស្អាតទៅលាយបន្ថែម ជាមួយទឹកកាកសំណល់ ដែលមានផ្ទុកសារធាតុទ្រីត្យូម ដើម្បីធ្វើយ៉ាងណាឲ្យកម្រិតវិទ្យុសកម្ម មានទាប មិនឲ្យលើស១៥០០becquerels ក្នុងមួយលីត្រ។ ពោលគឺទាបជាងឆ្ងាយ បើប្រៀបធៀបទៅនឹងកម្រិតអតិបរមា ដែលកំណត់ដោយច្បាប់ជប៉ុន ដែលមាន ៦០០០០Bq/L។
ផ្អែកតាមទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA ដែលចូលរួមត្រួតពិនិត្យប្រតិបត្តិការបង្ហូរកាកសំណក គឹប្រតិបត្តិការរបស់ TEPCO បានគោរពដោយត្រឹមត្រូវទៅតាមក្រិដ្ឋក្រម លក្ខខណ្ឌសុវត្ថិភាពអន្តរជាតិ ហើយថាការបង្ហូរទឹកកាកសំណល់ទាំងនេះចូលសមុទ្រ គឺវាមិនបង្កមហន្តរាយអ្វី ដល់បរិស្ថាននោះទេ។
ក៏ប៉ុន្តែ ទោះជាមានការអះអាងយ៉ាងនេះក៏ដោយ ប្រទេសក្បែរខាងជប៉ុន មានចិន និងកូរ៉េខាងត្បូង ព្រមទាំងអង្គការការពារបរិស្ថានដូចជាអង្គការ Greenpeace ជាដើម បានសំដែងមតិរិះគន់ និងជំទាស់ចំពោះប្រតិបត្តិការនេះ។ រីឯសហគមន៍ប្រជានេសាទនៅតំបន់ហ្វ៊ូគីស៊ីម៉ា បានបង្ហាញការព្រួយបារម្ភថា ប្រតិបត្តិការនេះនឹងធ្វើឲ្យពួកគេលែងអាចលក់ទិន្នផលនេសាទរបស់ពួកគេបានតទៅទៀត ដោយសារតែមនុស្សម្នាបារម្ភខ្លាចសារធាតុវិទ្យុសកម្ម។ ប្រជានេសាទជប៉ុននៅតំបន់ហ្វ៊ូគូស៊ីម៉ា បានត្អូញត្អែរថា គេបានប្រឹងប្រែងយ៉ាងលំបាកណាស់ ទំរាំទទួលបានទំនុកចិត្តឡើងវិញពីអ្នកទិញទូទៅ បន្ទាប់ពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅឆ្នាំ២០១១។
យ៉ាងណាក៏ដោយ ប្រតិបត្តិការនេះកំពុងតែដំណើរការទៅមុខហើយ។ ក្រុមហ៊ុន TEPCO កំពុងតែរៀបចំដាក់ប្រព័ន្ធចម្រោះទឹក នៅតាមឆ្នេរសមុទ្រ ព្រមទាំងបានសាងសង់បំពង់បង្ហូរនៅបាតសមុទ្រ ប្រវែង១គីឡូម៉ែត្រ ដើម្បីកុំឲ្យទឹកកាកសំណល់នោះ អណ្តែតត្រឡប់មកឆ្នេរវិញ។ ជាមួយគ្នានេះដែរ លោក Kenichi Takahara តំណាងម្នាក់របស់ក្រុមហ៊ុនTEPCO បានបញ្ជាក់ថា គេនឹងមិនបង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ម្តងទាំងអស់នោះទេ។ គឺគេនឹងបង្ហូរ ម្តងបន្តិច ក្នុងមួយថ្ងៃយ៉ាងច្រើនបំផុត ចំនួន៥០០តោន តែប៉ុណ្ណោះ។ ជារួម ក្រុមហ៊ុន TEPCO នឹងតាមដានត្រួតពិនិត្យយ៉ាងម៉ដ្ឋចត់ ធ្វើយ៉ាងណា មិនឲ្យទឹកដែលមានសារធាតុទ្រីត្យូម មានកម្រិតលើសពី ២២០០០ពាន់លានបេកេរែល ក្នុងមួយឆ្នាំឡើយ។ កម្រិតនេះ គឺជាកម្រិតដាក់កំហិតដោយច្បាប់ជប៉ុន ដែលមានជាធរមាន តាំងតែពីមុនមានមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាទៅទៀត។ លោក Kenichi Takahara ប្រតិបត្តិការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មនេះ គឺនឹងត្រូវចំណាយពេលចន្លោះពី ៣០ ទៅ៤០ឆ្នាំឯណោះ។
ដោយឡែក ដើម្បីធ្វើឲ្យសហគមន៍ប្រជានេសាទជប៉ុន ស្ថិតនៅតំបន់ហ្វ៊ូគូស៊ីម៉ា មានការស្ងប់ចិត្ត ក្រុមហ៊ុន TEPCO បានព្យាយាមអះអាងជាច្រើនលើកច្រើនសារ តាមរយៈការស្រាវជ្រាវសាកល្បង ថាទឹកកាកសំណល់ទាំងនេះ នឹងមិនបង្កផលប៉ះពាល់អ្វី ដល់គុណភាពផលនេសាទសមុទ្រនោះទេ។ TEPCO បានយកត្រី និងសត្វសមុទ្រជាច្រើនរយក្បាល យកមកសាកល្បង ដោយចំនួនពាក់កណ្តាលយកទៅដាក់ក្នុងទឹកសមុទ្រធម្មតា ហើយពាក់កណ្តាលទៀត ដាក់ក្នុងទឹកកាកសំណល់ ដែលគេគ្រោងបង្ហូរចូលសមុទ្រ។ ជាលទ្ធផល គឺត្រីដែលគេដាក់ចូលក្នុងទឹកកាកសំណល់វិទ្យុសកម្ម គឺសារធាតុទ្រីត្យូម បានជ្រាបចូលក្នុងខ្លួនត្រីក្នុងកម្រិតមួយគួរឲ្យកត់សំគាល់។ ក៏ប៉ុន្តែនៅពេលគេយកត្រីនោះទៅលែងក្នុងទឹកសមុទ្រធម្មតាវិញ គឺកម្រិតសារធាតុទ្រីត្យូម បានរលាយបាត់អស់ក្នុងពេលដ៏ខ្លី។ នេះបើតាមការអះអាង របស់លោក Kazuo Yamanaka មន្ត្រីជំនាញរបស់TEPCO ដែលបានបង្ហាញការសាកល្បងនេះ ផ្សាយផ្ទាល់តាមបណ្តាញYoutube។
តែទោះជាយ៉ាងនេះក្តី ការសាកល្បងទាំងអស់នេះ អាចនៅតែមិនគ្រប់គ្រាន់ ដើម្បីធ្វើឲ្យប្រជានេសាទជប៉ុនត្រជាក់ចិត្តនោះទេ។ លោក Masahiro Ishibashi អ្នកនេសាទម្នាក់ បានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង AFP ថាប្រតិបត្តិការបង្ហូរទឹក កាកសំណល់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាចូលសមុទ្រនេះ គឺវានឹងមកបំផ្លាញការប្រឹងប្រែងជាង១០ឆ្នាំមកនេះ របស់ប្រជានេសាទមូលដ្ឋាន ដែលខំប្រឹងកសាងទំនុកចិត្តជូនដល់អតិថិជនទាំងអស់៕
2/27/2023 • 6 minutes, 56 seconds បើចិនពិចារណាពីការផ្តល់អាវុធឲ្យរុស្ស៊ីដូចដែលអាមេរិកចោទមែន តើសង្រ្គាមអ៊ុយក្រែនអាចទៅជាយ៉ាងណា?
សង្រ្គាមអ៊ុយក្រែនដែលបានអូសបន្លាយជិត ១ឆ្នាំកំពុងបង្កឲ្យមានសង្រ្គាមពាក្យសម្តីយ៉ាងផុសផុលរវាងអាមេរិក និងចិននាប៉ុន្មានថ្ងៃចុងក្រោយនេះ។ អាមេរិកបានចោទចិនពីបទគ្រោងបញ្ជូនអាវុធឲ្យរុស្ស៊ី តែចិនបានបដិសេធ។ ហេតុអ្វីបានជាអាមេរិកចង្អុលមុខចិន និងបារម្ភខ្លាចចិនផ្តល់អាវុធឲ្យរុស្ស៊ី?។ តើចិនពិតជាចង់ឲ្យអាវុធទៅរុស្ស៊ីមែន ឬ និងថា ចុះបើចិនឲ្យអាវុធទៅរុស្ស៊ីមែន តើវាអាចធ្វើឲ្យសង្រ្គាមអ៊ុយក្រែនវិវឌ្ឍទៅយ៉ាងដូចម្តេច?។
តាំងពីរុស្ស៊ីបើកសមរភូមិសង្រ្គាមនៅអ៊ុយក្រែនក្នុងថ្ងៃដំបូងទី២៤ កុម្ភៈ ឆ្នាំ ២០២២ ចិនបានចេញមុខគាំទ្ររុស្ស៊ីផ្នែកហិរញ្ញវត្ថុ និងការទូតដោយមិនត្រូវការពិចារណាយូរសូម្បីតែមួយនាទី។ តែអ្វីដែលចិនបាន និងកំពុងព្យាយាមមិនចង់លូកដៃឲ្យបានជ្រៅជាងនេះមកដល់សព្វថ្ងៃ គឺការផ្តល់គ្រឿងសព្វាអាវុធឲ្យរុស្ស៊ីដូចដែលក្រុមប្រទេសលោកខាងលិចបាន និងកំពុងបន្តផ្តល់ឲ្យអ៊ុយក្រែនយ៉ាងគគ្រឹកគគ្រេង។ អវត្តមានអាវុធចិនបានបង្ខំឲ្យរុស្ស៊ីបែរងាកទៅរកសម្ព័ន្ធមិត្តផ្សេង ពិសេសអ៊ីរ៉ង់ដើម្បីទទួលបានអាវុធចាំបាច់មួយចំនួន ដូចយ៉ាងដ្រូន។ បន្ទាប់មក និងបើយោងតាមរដ្ឋបាលអាមេរិក រុស្ស៊ីក៏ទទួលបានអាវុធពីកូរ៉េខាងជើង ពិសេសគ្រាប់រ៉ូកែត និងគ្រាប់កាំភ្លើងត្បាល់។
ឥឡូវនេះ និងចំពេលដែលសង្រ្គាមអ៊ុយក្រែនកំពុងបោះជំហានចូលឆ្នាំទី២ ចិនបានក្លាយជាផ្ទាំងស៊ីប និងជាក្តីបារម្ភរបស់អាមេរិក។ ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៩ និងថ្ងៃទី២០ កុម្ភៈកន្លងទៅថ្មីៗនេះ ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិនបានថ្លែងដដែលៗដោយចោទចិនពីមានគម្រោងបញ្ជូនអាវុធឲ្យរុស្ស៊ី។ តែបញ្ហានៅត្រង់ថា លោកប៊្លីនកិនមិនបានបង្ហាញភស្តុតាងអ្វីទាំងអស់។ ទោះជាយ៉ាងនេះក្តី លោក Richard McGregor អ្នកជំនាញអាស៊ីខាងកើតនៅវិទ្យាសា្ថន Lowy ក្រុងស៊ីដនីប្រទេសអូស្រ្តាលីយល់ឃើញថា ការដែលលោកប៊្លីនកិនបានទម្លាយរឿងនេះជាសាធារណៈ គឺមកពីអាមេរិកមានព័ត៌មានជាក់លាក់ និងគួរឲ្យជឿទុកចិត្ត។
ក៏ប៉ុន្តែសម្រាប់ចិន អ្វីដែលលោកប៊្លីនកិនបានលើកឡើងជារឿងមិនពិត និងជាព័ត៌មានក្លែងក្លាយ។ តើការពិតនៅត្រង់ណា? នេះជាសំណួរមួយដែលគេពិបាក ឬនៅមិនទាន់អាចផ្តល់ចម្លើយបានយ៉ាងម៉េចនៅឡើយទេ។ តែឧបមាថា បើចិនផ្តល់អាវុធទៅឲ្យរុស្ស៊ីមែននោះ តើវាអាចធ្វើឲ្យសង្រ្គាមអ៊ុយក្រែនក្រឡាប់ចាក់ដែរ ឬទេ?។ យើងទុកសំណួរនេះឆ្លើយនៅពេលបន្តិចទៀតដោយចាប់អារម្មណ៍ជាដំបូងអំពីស្ថានភាពធនធានទ័ព និងអាវុធរបស់រុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងរយៈពេល ៦ខែដំបូងនៃសង្រ្គាម រុស្ស៊ីមានធនធានទ័ពពេញដៃ និងមានអាវុធគ្រប់ប្រភេទពេញឃ្លាំង។ តែក្នុងរយៈពេល ៦ខែដំបូងនោះ រុស្ស៊ីបានបាត់បង់ទ័ព និងគ្រឿងសព្វាវុធយ៉ាងក្រាស់ក្រែល។
ដើម្បីជំនួសឲ្យការបាត់បង់ទ័ព ក្រុងមូស្គូបានបើកយុទ្ធនាការកេណ្ឌទ័ពចំនួន ៣០០ ០០០នាក់ និងប្រើកម្លាំងទ័ពស៊ីឈ្នួល ហើយដើម្បីជំនួសឲ្យការបាត់បង់គ្រឿងសព្វាវុធ រុស្ស៊ីបានងាករកប្រទេសមិត្ត ពិសេសអ៊ីរ៉ង់។ តែគេបានមើលឃើញថា រុស្ស៊ីបានជួបការលំបាកក្នុងការបំពេញការខ្វះខាតទាំងចំនួនទ័ព និងគ្រឿងសព្វាវុធ។ អ៊ីចឹងហើយបានជានៅ ៦ខែចុងក្រោយនេះ រុស្ស៊ីបានចាញ់ច្រាបអ៊ុយក្រែននៅលើសមរភូមិដោយបានដកទ័ពចេញពីតំបន់ដែលវាយយកបាន រួចយកទៅដាក់ប្រមូលផ្តុំនៅតែតំបន់ប៉ែកខាងកើតវិញ។ ចំណែកអ៊ុយក្រែនដែលមានចំនួនទ័ព និងអាវុធតិចជាងរុស្ស៊ី ការបាត់បង់ក៏មានមិនតិចដែរ។ តែខុសពីរុស្ស៊ី អ៊ុយក្រែនទទួលបានគ្រឿងសព្វាវុធពីក្រុមប្រទេសលោកខាងលិច និងសុទ្ធសឹងជាអាវុធទំនើបៗទៀត។
ដូច្នេះជាងពេលណាៗទាំងអស់សម្រាប់រុស្ស៊ី តម្រូវការអាវុធចិន ទោះជាគ្រាប់កាំភ្លើងត្បាល់ ឬអាវុធបាញ់ចម្ងាយឆ្ងាយ គឺលើសពីរឿងចាំបាច់ទៅទៀតនៅពេលនេះ។ បើរុស្ស៊ីទទួលបានអាវុធពីចិន ជញ្ជីងសមរភូមិសង្រ្គាមអ៊ុយក្រែននឹងផ្អៀងទៅខាងរុស្ស៊ីជាថ្មីមានន័យថា រុស្ស៊ីអាចមានប្រៀបលើអ៊ុយក្រែនវិញ នេះជាការយល់ឃើញរបស់លោក Mick Ryan ឧត្តមសេនីយអូស្រ្តាលីម្នាក់ចូលនិវត្ត។ មែនទែនទៅ រុស្ស៊ី និងចិនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច ហើយកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម និងយោធារវាងប្រទេសទាំងពីរបានកើនឡើងតាំងពីមុនផ្ទុះសង្រ្គាមអ៊ុយក្រែន និងនៅតែបន្តមាន។ ត្រង់ចំណុចនេះ ក្រុមអ្នកជំនាញសឹងទាំងអស់បានមើលឃើញដូចគ្នា។
តែរឿងចិនហ៊ានផ្តល់អាវុធ ឬមិនហ៊ានផ្តល់អាវុធឲ្យរុស្ស៊ីសម្រាប់បន្តសង្រ្គាមនៅអ៊ុយក្រែនជារឿងមួយផ្សេងទៀតដែលចិនអាចគិត និងពិចារណាច្រើនដង។ ក្រុមអ្នកជំនាញជាច្រើនបានយល់ឃើញថា សង្រ្គាមអ៊ុយក្រែនបាននិងកំពុងក្លាយជាសង្រ្គាមដោយប្រយោលរវាងអាមេរិក និងរុស្ស៊ីក្រោមរូបភាពដូចសម័យសង្រ្គាមត្រជាក់។ សម្រាប់សាស្រ្តាចារ្យអូស្រា្តលីលោក Alexey Muraviev សង្រ្គាមអ៊ុយក្រែយជាដំណាក់ការដ៏គ្រោះថ្នាក់មួយសម្រាប់បរិយាកាសសន្តិសុខអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក។ តាមលោក Alexey ចិនហាក់កំពុងស្ថិតលើផ្លូវទាល់មួយដែលពិបាកបត់ស្តាំ ឬបត់ឆ្វេង។
បើផ្តល់អាវុធឲ្យរុស្ស៊ីដោយផ្ទាល់ ចិនត្រូវហ៊ានប្រឈមនឹងទណ្ឌកម្មបស្ចិមលោកក្នុងនោះ ផ្តាច់គ្រប់ទំនាក់ទំនងជាមួយអឺរ៉ុប និងផ្តាច់ទំនាក់ទំនងដែលនៅសេសសល់ជាមួយអាមេរិក។ តែបើឈរមើលទុកឲ្យរុស្ស៊ីចាញ់សង្រ្គាម ចិននឹងនៅតែលតោលម្នាក់ឯង ព្រោះរុស្ស៊ីជាមហាអំណាចធំតែមួយគត់ដែលគាំទ្រចិន។ ផ្ទុយទៅវិញ បើរុស្ស៊ីឈ្នះសង្រ្គាមមានន័យស្មើនឹងបរាជ័យយុទ្ធសាស្រ្តរបស់បស្ចិមលោកនិយាយជារួម និងអាមេរិកនិយាយដោយឡែក។ តែលោក Alexey យល់ថា ចិនអាចមិនចេញមុខផ្តល់អាវុធឲ្យរុស្ស៊ីដោយផ្ទាល់ និងផ្តល់តាមរយៈអ្នកផ្សេងដូចជាកូរ៉េខាងជើង ឬក្រុមទាហានស៊ីឈ្នួល Wagner ជាដើម៕
2/22/2023 • 6 minutes, 12 seconds ១ឆ្នាំមកនេះ នរណាបានជួយអ្វីខ្លះ ទៅឲ្យអ៊ុយក្រែន?
ថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានសម្រេចលើកទ័ពវាយប្រហារឈ្លានពានអ៊ុយក្រែន។ នៅពេលដំបូង ដែលសង្គ្រាមនេះបានផ្ទុះឡើង គ្មាននរណាម្នាក់ នឹកស្មានដល់ទេ ថាអ៊ុយក្រែនអាចមានសមត្ថភាពទប់នឹងកម្លាំងកងទ័ពដ៏ធំ ព្រមទាំងគ្រឿងសព្វាវុធដ៏ច្រើនសន្ធឹករបស់រុស្ស៊ី។ តែគិតមកត្រឹមពេលនេះ សង្គ្រាមនេះបានអូសបន្លាយរយៈពេល១ឆ្នាំហើយ ហើយកងទ័ពអ៊ុយក្រែន បានបង្ហាញឲ្យពិភពលោកឃើញ នូវភាពអំណត់ សេចក្តីក្លាហាន តស៊ូប្រយុទ្ធ ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ កម្លាំងទប់ទល់របស់កងទ័ពអ៊ុយក្រែននេះ ក៏ជាលទ្ធផលនៃជំនួយគ្រឿងសព្វាវុធជាច្រើនផងដែរ ពីសំណាក់ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។
អាមេរិកជួយច្រើនលើសគេ
នៅក្នុងការផ្តល់ជំនួយយោធា គ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែន ដើម្បីវាយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី គឺសហរដ្ឋអាមេរិក ដែលជាប្រទេសបានជួយអ៊ុយក្រែន ច្រើនជាងអ្នកណាទាំងអស់។ ប្រមាណ១ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់សរុប ចំនួន២២០០០លានដុល្លារ ទៅឲ្យអ៊ុយក្រែនរួចហើយ។ តាំងតែពីពេលដំបូង ក្រោយរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិកបានបញ្ជូនកាណុងនិងគ្រាប់មីស៊ីលជាច្រើនគ្រាប់ ទៅឲ្យអ៊ុយក្រែន តួយ៉ាងមីស៊ីលប្រភេទ Stingers លីបាញ់ពីលើស្មា និងប្រព័ន្ធបាញ់មីស៊ីលពហុគ្រាប់ ប្រភេទ Himars ដែលអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែន អាចទប់កម្លាំងឈ្លានពានរបស់កងទ័ពរុស្ស៊ី។ ហើយកាលពីចុងខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលលោកចូ បៃដិន បានប្រកាសថានឹងបញ្ជូនរថក្រោះប្រយុទ្ធ ប្រភេទ Abrams ចំនួន៣១គ្រឿងទៅឲ្យអ៊ុយក្រែន។
ក្នុងចំណោមប្រព័ន្ធអាវុធទំនើប កងទ័ពអ៊ុយក្រែន ក៏បានទទួលជំនួយពីបារាំងផងដែរ ជាមួយនឹងការណុង Caesar ចំនួន១៨កាណុង ដែលអាចបាញ់គ្រាប់ទំហំ ១៥៥មីលីម៉ែត្រ។ បារាំងទើបតែបានប្រកាសថា នឹងបន្ថែមចំនួន ១២កាណុងទៀត។ លើសពីនេះ បារាំងបានប្រកាសបញ្ជូនរថពាសដែកធុនស្រាល ប្រភេទ AMX-10 RC ចំនួន២៤គ្រឿង ព្រមជាមួយប្រព័ន្ធការពារផ្លូវអាកាសផងដែរ។ រីឯអង់គ្លេសវិញ បានប្រគល់ឲ្យអ៊ុយក្រែន នូវមីស៊ីលជាច្រើនគ្រាប់ ព្រមទាំងសន្យាបញ្ជូនរថក្រោះប្រយុទ្ធ Challenger 2 ចំនួន១៤គ្រឿង។
រថក្រោះ Léopard 2
ដោយឡែក ប្រទេសអាល្លឺម៉ង់ បានរងនូវការរិះគន់ជាខ្លាំង ពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច ថាមានភាពស្ទាក់ស្ទើខ្លាំងជាងគេ ក្នុងការបញ្ជូនអាវុធទៅជួយអ៊ុយក្រែន។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលអាល្លឺម៉ង់ បានចំណាយប្រាក់ចំនួន ជាង៥ពាន់លានអឺរ៉ូ ដើម្បីជួយទំនុកបម្រុងដល់រដ្ឋាភិបាលអ៊ុយក្រែន។ ក្រៅពីបានបញ្ជូនមីស៊ីលជាច្រើនគ្រាប់ អាល្លឺម៉ង់ បានបញ្ជូនប្រព័ន្ធខែលមីស៊ីល Patriot និង Iris-T ទៅឲ្យអ៊ុយក្រែន។ ហើយបន្ទាប់ពីរងនូវការដាក់សំពាធជាខ្លាំង រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចបើកភ្លើងខៀវ អនុញ្ញាតឲ្យមានការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Leopard 2។ ប៊ែរឡាំងបានអះអាងថា នៅរវាងចុងខែមីនាខាងមុខ ខ្លួននឹងបញ្ជូនរថក្រោះ Léopard 2 ចំនួនជាង១០គ្រឿងទៅឲ្យអ៊ុយក្រែន ខណៈក្រុមប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត សន្យាថានឹងបញ្ជូនទៅចំនួនប្រមាណ៣១គ្រឿង នៅរវាងដំណាច់ខែមេសា។
ក្រោយការប្រកាសបើកភ្លើងខៀវពីសំណាក់អាល្លឺម៉ង់ ប្រទេសចំនួន ដូចជា ប៉ូឡូញ ន័រវែស ហ្វាំងឡង់ ព័រទុយហ្កាល់ កាណាដា អេស្ប៉ាញ ហូឡង់ជាដើម បានប្រកាសពីបំណងរបស់គេ ក្នុងការបញ្ជូនរថក្រោះ Léopard 2 ទៅឲ្យអ៊ុយក្រែន មានចំនួនសរុបប្រមាណ៨០គ្រឿង។ ហើយអាល្លឺម៉ង់ ដាណឺម៉ាក និង ហូឡង់ ក៏សន្យាថានឹងបញ្ជូនរថក្រោះ Léopard 1 ចំនួនសរុបប្រមាណ១០០គ្រឿងដែរ ទៅកាន់អ៊ុយក្រែន។ រថក្រោះ Leopard របស់អាល្លឺម៉ង់ ត្រូវបានអ្នកជំនាញកងទ័ព អះអាងថា នឹងអាចជួយកងទ័ពអ៊ុយក្រែនបានច្រើនណាស់ ព្រោះវាមានសមត្ថភាពវាយប្រហារបាញ់ប្លោងគ្រាប់ និងបើកសម្រុករុលទៅមុខយ៉ាងលឿន ទោះបីជាមានឧបសគ្គរារាំង រណ្តៅ ឬគ្រាប់មីនជាដើម។
ជួយអ៊ុយក្រែនថ្ងៃនេះ ដូចការពារខ្លួនឯងទៅថ្ងៃមុខ
បើនិយាយពីចំនួនទឹកប្រាក់សរុប សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ គឺជាអ្នកបានចំណាយច្រើនជាងគេ ក្នុងការជួយអ៊ុយក្រែន ក្នុងរយៈពេលសង្គ្រាម១ឆ្នាំមកនេះ។ តែទន្ទឹមគ្នានេះ ក្រុមប្រទេសក្បែរខាងជាប់អ៊ុយក្រែន ដែលមានដូចជាក្រុមប្រទេសតំបន់សមុទ្របាល់ទិក និងប៉ូឡូញជាដើម បានបង្ហាញនូវកាយវិការសម្បុរធម៌ជាខ្លាំង ក្នុងការជួយអ៊ុយក្រែន បើយើងប្រៀបធៀបទៅនឹងទំហំចំណូលដុលក្នុងស្រុក របស់ប្រទេសទាំងនោះ។ ជាការពិតណាស់ ប៉ូឡូញនិងក្រុមប្រទេសតំបន់សមុទ្របាល់ទិក ពិតជាខ្លាចណាស់ ថាថ្ងៃអនាគត ខ្លួនអាចនឹងមានវាសនាដូចអ៊ុយក្រែន ប្រសិនបើបណ្តោយឲ្យរុស្ស៊ី មានជ័យជំនះនៅពេលនេះ។
ថ្ងៃទី២០កុម្ភៈ លោក ចូ បៃដិន បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ ហើយបានសន្យាថា សហរដ្ឋអាមេរិក ព្រមទាំងក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច នឹងប្រមែប្រមូលបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀត ទៅជួយអ៊ុយក្រែន។ ហើយនៅថ្ងៃទី២១កុម្ភៈ ថ្លែងពីទីក្រុងវ៉ាកសូវី ប្រទេសប៉ូឡូញ លោក ចូ បៃដិន បានថ្លែងសារបញ្ជាក់ អំពីការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងជួយទំនុកបម្រុងគាំទ្រប្រជាជាតិអ៊ុយក្រែន ទប់ទល់ចំពោះសង្គ្រាមឈ្លានពានដែលរុស្ស៊ីកំពុងតែធ្វើ។ លោកចូ បៃដិន មិនបានភ្លេចទេ ក្នុងការថ្លែងសេចក្តីអរគុណចំពោះប្រទេសប៉ូឡូញ ដែលបានជួយអ៊ុយក្រែន យ៉ាងសកម្ម ក្នុងរយៈពេល១ឆ្នាំមកនេះ។
ប៉ូឡូញស្វិតស្វាញសកម្ម
ជាការកត់សំគាល់ ប៉ូឡូញ ត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានជួរក្រោយសម្រាប់កងទ័ពអ៊ុយក្រែន ជាទីតាំងបណ្តុះបណ្តាល បង្វឹកកងទ័ពអ៊ុយក្រែន ឲ្យចេះប្រើគ្រឿងសព្វាវុធទំនើបៗ ដែលក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបានបញ្ជូនទៅ។ ក្រៅពីគ្រឿងសព្វាវុធ ប៉ូឡូញដែលមានព្រំដែនជាប់អ៊ុយក្រែន ក៏គឺជាដែនដីឆ្លងកាត់ នៃការដឹកជញ្ជូនស្បៀងអាហារ ជំនួយសប្បុរសធម៌ ទៅជួយប្រជាជនអ៊ុយក្រែនផងដែរ។
ជាងនេះទៀត ប្រព័ន្ធខែលមីស៊ីល Patriot ដ៏ទំនើបរបស់អាមេរិក កំពុងឈរជើងនៅក្នុងទឹកដីប៉ូឡូញ មិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែន រងចាំតែភ្លើងខៀវប៉ុណ្ណោះ ត្រូវដឹកបញ្ជូនទៅកាន់អ៊ុយក្រែន។ ជាមួយនឹងការសន្យាផ្តល់ជំនួយបន្ថែមទៀត ពីសំណាក់អាមេរិក គឺប៉ូឡូញដែលគឺជាអ្នកទទួលរៀបចំចាត់ចែងការដឹកជញ្ជូនឆ្លងព្រំដែន។ ក្នុងនាមជាមូលដ្ឋានជួរក្រោយ ប៉ូឡូញក៏ជួយកងទ័ពអ៊ុយក្រែនដែរ នៅក្នុងប្រតិបត្តិការជួសជុល គ្រឿងសព្វាវុធដែលខូចខាតនៅសមរភូមិ។ វិស្វករ និងអ្នកជំនាញប៉ូឡូញជាច្រើននាក់ កំពុងធ្វើការយ៉ាងសកម្ម ក្នុងការជួសជុល ដាក់ឲ្យដំណើរការឡើងវិញ នូវគ្រឿងឧបករណ៍ សម្ភារៈ សព្វាវុធយោធារបស់កងទ័ពអ៊ុយក្រែន។
ការវាយប្រហារឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ដឹកនាំដោយលោកពូទីន មិនត្រឹមតែមិនបានធ្វើឲ្យក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបាក់ស្បាតខ្លាចប៉ុណ្ណោះទេ តែផ្ទុយទៅវិញ គឺវាបានរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិច រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ កាន់តែខ្លាំងឡើង ដើម្បីយកឈ្នះសកម្មភាពឈ្លានពានល្មើសច្បាប់អន្តរជាតិ របស់រុស្ស៊ី៕
2/21/2023 • 6 minutes, 7 seconds ហេតុអ្វីបានជាអ៊ីរ៉ង់លែងជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវ ទេសចរបស្ចិមលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ?
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអ៊ីរ៉ង់បានក្លាយជាគោលដៅទេសចរណ៍ដែលក្រុមប្រទេសលោកខាងលិចបានផ្តល់យោបល់មិនឲ្យពលរដ្ឋខ្លួនទៅដើរកំសាន្ត។ អ៊ីចឹងហើយបានជានៅពេលនេះ ក្រុមហ៊ុនទេសចរណ៍ និងក្រុមអ្នកជំនាញទេសចរណ៍កំពុងព្យាយាមអូសទាញភ្ញៀវទេសចរពីបណ្តាប្រទេសផ្សេង។ ហេតុអ្វីបានជាក្រុមប្រទេសលោកខាងលិចណែនាំពលរដ្ឋខ្លួនមិនឲ្យទៅលេងនៅអ៊ីរ៉ង់ និងថា តើអ៊ីរ៉ង់មានសក្តានុពលទេសចរណ៍អ្វីខ្លះដើម្បីអាចទាក់ទាញភ្ញៀវទេសចរក្រៅពីអឺរ៉ុប?។
អ្វីៗបានចាប់ផ្តើមដោយរលូននៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៩។ រលូនព្រោះនៅក្នុងរយៈពេលនោះ ប្រតិបត្តិការទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវទេសចរបស្ចិមលោករៀបចំដោយរដ្ឋាភិបាលអ៊ីរ៉ង់បានធ្វើឲ្យភ្ញៀវទេសចរអឺរ៉ុបនាំគ្នាសម្រុកទៅលេងអ៊ីរ៉ង់យ៉ាងច្រើនកុះករ។ Ispahan Chiraz ឬ Persepolis ជាតំបន់ទេសចរណ៍ពេញនិយមខ្លាំងជាងគេរបស់ភ្ញៀវទេសចរទូទៅ។ ក្នុងឆ្នាំ ២០១៩ អ៊ីរ៉ង់ទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៨លាននាក់។ តែមហិច្ឆតារបស់រដ្ឋអំណាចក្រុងតេហេរ៉ង់មិនមែនឈប់ត្រឹម ៨លាននាក់ក្នុងមួយឆ្នាំឯណា។ កម្មវត្ថុដែលអ៊ីរ៉ង់ចង់បានពីពេលនេះទៅឆ្នាំ ២០២៥ គឺទទួលបានភ្ញៀវទេសចរបរទេសដល់ទៅ ២០លាននាក់ក្នុងមួយឆ្នាំ។
ក៏ប៉ុន្តែ កម្មវត្ថុ និងមហិច្ឆតាមួយនេះហាក់គ្រាន់តែ និងកំពុងនៅជាក្តីស្រមៃនៅឡើយនាពេលនេះ។ ជាក្តីស្រមៃព្រោះអ្វីៗហាក់បានក្រឡាប់ចាក់តែមួយប៉ប្រិចភ្នែកដោយសារកើតមានព្រឹត្តិការណ៍បន្តបន្ទាប់គ្នាចាប់ពីឆ្នាំ ២០១៨។ ក្នុងឆ្នាំ ២០១៨ អាមេរិកក្នុងជំនាន់ប្រធានាធិបតីលោកដូណាល់ ត្រាំបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាឆ្នាំ ២០១៥។ បន្ទាប់មកក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ មានក្បួនបាតុកម្មមហាជនប្រឆាំងនឹងរដ្ឋាភិបាល ហើយក្នុងខែមករា ឆ្នាំ ២០២០ មានធ្លាក់យន្តហោះស៊ីវិលអ៊ុយក្រែនមួយដោយត្រូវគ្រាប់មីស៊ីលរបស់ទ័ពអ៊ីរ៉ង់ ក្រោយពីយន្តហោះនោះទើបហោះឡើងចេញពីអាកាសយានដ្ឋានក្រុងតេហេរ៉ង់។
ពិតណាស់ តិច ឬច្រើន ព្រឹត្តិការណ៍ចំនួន ៣ឆ្នាំបន្តបន្ទាប់គ្នាខាងលើនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យសេដ្ឋកិច្ចអ៊ីរ៉ង់ និយាយជារួម និងវិស័យទេសចរណ៍ និយាយដោយឡែក។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលអ៊ីរ៉ង់បានព្យាយាម និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីស្តាររូបភាព និងស្ថានការណ៍ឡើងវិញ ពិសេសផ្តល់ជំនឿទុកចិត្តជាថ្មីដល់ភ្ញៀវទេសចរបរទេស។ តែខណៈដែលរឿងចាស់មិនទាន់រលត់ និងស្ងប់ស្រួលបួលផង ស្រាប់តែមានកើតរឿងថ្មីមួយបន្ថែមទៀតកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២២។ រឿងថ្មីនោះ គឺបាតុកម្មមហាជននៅទូទាំងប្រទេស ក្រោយពីការស្លាប់នារីម៉ាសា អាមីនី។
គួររម្លឹកថាមានអាយុ ២២ឆ្នាំ នារីម៉ាសា អាមីនីត្រូវបានប៉ូលិសសីលធម៌អ៊ីរ៉ង់ចាប់ខ្លួនក្នុងថ្ងៃទី ១៣ កញ្ញាក្រោមបទចោទប្រកាន់ពីការស្លៀកពាក់មិនសមរម្យតាមច្បាប់សាសនាអ៊ីស្លាម។ តែនៅ ៣ថ្ងៃក្រោយការចាប់ខ្លួន នារីម៉ាសា អាមីនីបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ គេបានសង្កេតឃើញថា ព្រឹត្តិការណ៍មួយបាន និងកំពុងធ្វើឲ្យរដ្ឋាភិបាលឈឺក្បាល វិលមុខយ៉ាងខ្លាំង។ ឈឺក្បាល វិលមុខ ព្រោះក្រៅពីមានបាតុកម្មប្រឆាំងរបស់មហាជនក្នុងស្រុក ការស្លាប់នារីម៉ាសា អាមីនីបានបំផុសឲ្យមានប្រតិកម្មថ្កោលទោសយ៉ាងខ្លាំងក្លាពីអន្តរជាតិ ពិសេសពីពលរដ្ឋអ៊ីរ៉ង់រស់នៅបរទេស។
ដូច្នេះច្បាស់ណាស់ បរិបទថ្មីមួយនេះបានធ្វើឲ្យភ្ញៀវទេសចរអឺរ៉ុបកាន់តែខ្លាចរអារលែងចង់ទៅអ៊ីរ៉ង់តែម្តង។ បន្ថែមពីនេះ មានប្រទេសអឺរ៉ុបជាច្រើន ពិសេសបារាំង និងអាល្លឺម៉ង់បានផ្តល់យោបល់ដល់ពលរដ្ឋខ្លួនកុំឲ្យទៅអ៊ីរ៉ង់។ ក្រុងប៉ារីសបានព្រមានត្រង់ៗថា ដើរលេងនៅអ៊ីរ៉ង់ប្រឈមនឹងហានិភ័យនៃការឃាត់ខ្លួន ការចាប់ឃុំក្រៅប្រព័ន្ធតុលាការ និងការកាត់ទោសដោយអយុត្តិធម៌។ ការព្រមានដូចនេះព្រោះសព្វថ្ងៃ មានជនជាតិបារាំងចំនួន ៦នាក់កំពុងជាប់ក្នុងពន្ធនាគារអ៊ីរ៉ង់ ក្នុងនោះ មានខ្លះជាអ្នកទេសចរធម្មតា។ ក្រៅពីអស្ថិរភាពសង្គម និងនយោបាយ វិបត្តិកូវីដ១៩ ជាដើមចមមួយទៀតនៃការគ្មានភ្ញៀវទេសចរបរទេសដែរ។
ផលវិបាកកើតចេញពីការគ្មាន ឬមានភ្ញៀវទេសចរបរទេសតិចតួចមានច្រើន សណ្ធាគារភាគច្រើនគ្មានភ្ញៀវស្នាក់នៅ ក្រុមមគ្គុទ្ទេសក៍ទេសចរភាគច្រើនដើរទាត់ខ្យល់ ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ ឬទំនិញសិប្បកម្មក្នុងស្រុកឈរដកដង្ហើមចោល ឬមួយក៏តំបន់ទេសចរណ៍ស្ងាត់មិនសូវមានភ្ញៀវទេសចរជាដើម។ អ្វីដែលច្បាស់នៅចំពោះមុខ អ៊ីរ៉ង់មិនអាចបន្តទន្ទឹងរង់ចាំភ្ញៀវទេសចរអឺរ៉ុបបានឡើយ ហើយក៏មិនច្បាស់ថា ភ្ញៀវទេសចរអឺរ៉ុបអាចសម្រុកត្រឡប់ទៅលេងអ៊ីរ៉ង់ដូចមុនដែរ។ អ្វីដែលអ៊ីរ៉ង់សង្ឃឹមពេលនេះ គឺភ្ញៀវទេសចរបរទេសពីប្រទេសផ្សេង ដូចយ៉ាងរុស្ស៊ី ចិន និងតួកគីដែលមិនឈឺឆ្អាល ខ្វល់ខ្វាយនឹងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។
បន្ទាប់មក គឺបណ្តាប្រទេសជិតខាងក្នុងតំបន់ ពិសេសក្រុមប្រទេសដែលមានវប្បធម៌ និងសាសនារួមដូចគ្នា ដូចជាអ៊ីរ៉ាក់ លីបង់ កូវ៉ែត ឬមួយក៏ប៉ាគីស្ថាន។ ផ្ទាំងស៊ីបបន្ទាប់មកទៀតរបស់រដ្ឋាភិបាលអ៊ីរ៉ង់ គឺការអភិវឌ្ឍន៍វិស័យទេសចរណ៍វេជ្ជសាស្រ្តដោយសំអាងលើហេដ្ឋារចនាសម្ព័ន្ធសុខភាពដែលមានប្រសិទ្ធភាព តម្លៃទាប និងជំនាញផ្នែកវះកាត់កែសម្ផស្សដែលកំពុងពេញនិយម និងទាក់ទាញខ្លាំងពីប្រជាជនរស់ក្នុងតំបន់មជ្ឈិមបូព៌ា៕
2/20/2023 • 5 minutes, 49 seconds ឥណ្ឌា បញ្ជាទិញយន្តហោះច្រើន មិនធ្លាប់មានក្នុ ងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ ចំនួន ៤៧០ គ្រឿង ពីក្រុមហ៊ុនអឺរ៉ុប-បារាំង និងអាមេរិក។ ការបញ្ជាទិញក្នុងចំនួនដ៏ច្រើនសន្ធឹកដូច្នេះ គឺ មិនធ្លាប់ជួបសោះ នៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល។ ហេតុអ្វី ឥណ្ឌា សម្រុកទិញយន្តហោះ នៅពេលនេះ ហើយនិងទិញក្នុងចំនួនច្រើនយ៉ាងដូច្នេះ?
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» បញ្ជាទិញយន្តហោះចំនួន ៤៧០ គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Airbus និងពីក្រុមហ៊ុន Boeing។ ៧០គ្រឿង សម្រាប់ហោះហើររយៈចម្ងាយឆ្ងាយ ហោះឆ្លងទ្វីប ហើយ ៤០០គ្រឿងទៀត ជាយន្តហោះសម្រាប់ធ្វើដំណើររយៈចម្ងាយខ្លី ។ ទំនិញបក្សីស្លាបដែកនេះ គឺចំនួនជាងពាក់កណ្តាល ជារបស់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប-បារាំង ហើយ ជិតពាក់កណ្តាលទៀត ជាផលិតផលរបស់សហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលអាមេរិក បានឲ្យបណ្តាសារព័ត៌មាន ដឹងថា ឥណ្ឌា បញ្ជាទិញយន្តហោះ Boeing ពីអាមេរិក ចំនួន ២២០គ្រឿង ក្នុងនោះ មានប្រភេទ Boeing 737 MAX ចំនួន ១៩០ គ្រឿង និងយន្តហោះធំហោះចម្ងាយឆ្ងាយឆ្លងទ្វីប ប្រភេទ B787 ចំនួន ២០ គ្រឿង ព្រមទាំងនិង ១០គ្រឿងទៀត សម្រាប់យន្តហោះប្រភេទ B777X។
ក្នុងការឆ្លើយឆ្លងតាមខ្សែទូរសព្ទ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រី នរិន្ទ្រា ម៉ូឌី បានសម្តែងសុឆន្ទៈពង្រឹងទំនាក់ទំនងទ្វេភាគី ចំពោះវិស័យអាកាសចរណ៍ស៊ីវិល វិស័យផលិតផលពាក់កណ្តាលសម្រេច ហើយនិងសហការគ្នាផ្នែកទំនើបកម្មវិស័យការពារជាតិផង ព្រមទាំងបច្ចេកវិទ្យាសប្បនិមិត្តទៀត។ នេះបើតាមប្រភពពីមន្ត្រីស្និទ្ធនឹងថ្នាក់ដឹកនាំឥណ្ឌា។
ពីចំណែកបារាំងវិញ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានធ្វើជាសាក្សី ពីចម្ងាយ តាមប្រព័ន្ធវីដេអូ ក្នុងឱកាសចុះហត្ថលេខាទិញ-លក់យន្តហោះ Airbus និងក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា»។ ប្រមុខរដ្ឋបារាំង មានប្រសាសន៍ជាភាសាអង់គ្លេស ទៅកាន់សមភាគីនាយករដ្ឋមន្ត្រី នរិន្ទ្រា ម៉ូឌី ដើម្បីឲ្យកក់ក្តៅចិត្តថា បារាំងសន្យាប្តេជ្ញាអស់ពីជម្រៅចិត្តក្នុងការផ្តល់បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពរបស់ខ្លួន ទៅឲ្យឥណ្ឌា ហើយនិងបារាំងរីករាយចូលរួមចំណែកក្នុងដំណើរការ«ផលិតទំនិញស្នាដៃឥណ្ឌា»ផង។
សរុប ចំនួនទឹកប្រាក់ បញ្ជាទិញយន្តហោះបរទេស ពីសំណាក់ក្រុមហ៊ុនឥណ្ឌាលើកនេះ គឺក្នុងតម្លៃ សរុប ៧០ ពាន់លានដុល្លារ។ ជាចំនួនមួយដ៏ច្រើនសន្ធឹក ដែល អ្នកជំនាញ អះអាងថា«មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល»។
ហេតុអ្វី ឥណ្ឌា សម្រុកទិញយន្តហោះដឹកអ្នកដំណើរ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ហើយនិងទិញក្នុងចំនួនច្រើនសន្ធឹកយ៉ាង ដូច្នេះ?
មូលហេតុគឺកើតចេញពីមហិច្ឆតានយោបាយដឹកនាំជាតិផង និងពីតម្រូវការជាក់ស្តែងផង។ ការប្រកាសទិញយន្តហោះថ្មីបន្ថែម ឋិតក្របខណ្ឌនៃពិព័រណ៌វិស័យអាកាសចរណ៍ឥណ្ឌា ចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៧ កុម្ភៈ នៅស្រុកឥណ្ឌា។ តាំងពីថ្ងៃបើកសម្ពោធពិព័រណ៌ដំបូងម្ល៉េះដែល ថ្នាក់ដឹកនាំរដ្ឋបាលទីក្រុងញូវដេលី សម្តែងពីមហិច្ឆតាអភិវឌ្ឍវិស័យហោះហើរ និងចង់ឃើញ មហាយក្សឥណ្ឌា ក្លាយជាប្រទេសជឿនលឿនវិស័យអាកាសចរណ៍ និងមានកិត្តិនាមមុខមាត់ យ៉ាងហោចក្នុងចំណោម ៥ប្រទេស ដែល ល្អដាច់គេលើលោកខាងដំណើរផ្លូវអាកាស។ ដើម្បីបំពេញមហិច្ឆតានេះ អ្នកដាច់ចង្កូចនយោបាយឥណ្ឌា បានប្រកាសក្នុងខែកុម្ភៈ ថានឹងបន្តសាងសង់អាកាសយានដ្ឋាន ចំនួន ជាង ១០០ កន្លែងទៀត ចាប់ពីពេលនេះ ដល់ឆ្នាំ២០២៤ខាងមុខ។
ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំឥណ្ឌា បាន ប្រមើលមើលឃើញថា ទីផ្សារជើងហោះហើររបស់ឥណ្ឌា មានទំហំធំធេង ពោលគឺ គុណនឹងបួនដង ពីពេលនេះដល់ឆ្នាំ២០៤១ ដែលអាចនឹងកើនដល់ ៦៤១ លាននាក់។ អាស្រ័យហេតុនេះ ក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរឥណ្ឌា ត្រូវរួសរាន់បញ្ជាទិញយន្តហោះថ្មីបន្ថែម គឺអាចត្រូវទិញ ដល់ទៅ១៥០០ ទៅ១៧០០គ្រឿង ក្នុងចន្លោះ២-៣ឆ្នាំទៀត។ នេះបើតាមការព្យាកររបស់អាកាសចរណ៍ស៊ីវិលអឺរ៉ុប។ ទំនងជាស្រដៀងៗគ្នាដែរ អ្នកជំនាញឥណ្ឌា គិតគូរឃើញថាឥណ្ឌាអាចនឹងត្រូវការយន្តហោះស៊ីវិលយ៉ាងតិច ២ ០០០ គ្រឿងបន្ថែមទៀត ក្នុងរយៈពេល ១០ ទៅ១៥ឆ្នាំខាងមុខ។
ពេលវេលានេះ ក៏សមស្របតាមចង្វាក់ផលិតកម្មដែរ ពីព្រោះថា ការទទួលយន្តហោះបញ្ជាទិញពីសំណាក់ឥណ្ឌាលើកនេះ គឺត្រូវ នាយកទីផ្សាររបស់ក្រុមហ៊ុនAirbus បញ្ជាក់ថា ការផ្ទេរយន្តហោះតាមគម្រោង អាចនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៧ ឯណោះ។ ក៏ប៉ុន្តែ ក្រុមហ៊ុន Boeing មិនបានបញ្ជាក់កាលបរិច្ឆេទទេ។
មូលហេតុធំមួយទៀតដែរ គឺការផ្លាស់ប្តូរយន្តហោះចាស់ៗចេញ។ គេមិនត្រូវភ្លេចទេថា ការបញ្ជាទិញយន្តហោះថ្មី - ទំនើប គឺជាករណីចាំបាច់សម្រាប់ធានាសុវត្ថិភាពអ្នកដំណើរ ដ្បិតថា ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» មិនបានទិញយន្តហោះថ្មី ទាល់តែសោះនិង ជាច្រើនឆ្នាំដែរមកហើយ។ ការទិញយន្តហោះថ្មីចុងក្រោយបង្អស់របស់ «អ៊ែរឥណ្ឌា» គឺនៅឆ្នាំ ២០០៦ ឯណោះ។ ហេតុដូច្នេះ បើតាមលោក Mark Martin អគ្គនាយកខាងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ បានលើកឡើងថា ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» ត្រូវផ្លាស់ប្តូរយន្តហោះថ្មីៗ ស្ទើរតែពាក់កណ្តាល ចន្លោះ ៥ទៅ ៧ឆ្នាំទៀត។
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» មានប្រវត្តិបែបណា?
ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» កើតពីដំបូងឆ្នាំ១៩៣២ ជាសហគ្រាសឧស្សាហកម្មបារាំង-ឥណ្ឌា ប៉ុន្តែត្រូវធ្វើជាតូបនីយកម្ម ជាក្រុមហ៊ុនរដ្ឋ នៅពេលដែល ឥណ្ឌា ប្រកាសឯករាជ្យ ដាច់ចេញពីការត្រួតត្រារបស់អង់គ្លេសនៅ ឆ្នាំ១៩៤៧។ នៅឆ្នាំ២០០៩ ក្រុមហ៊ុនរដ្ឋនេះ ខាតច្រើន ហើយរដ្ឋឥណ្ឌា បានចាក់បញ្ចូលលុយ ១៥ពាន់លានដុល្លារ តែនៅតែស្រង់មិនកើត។ នៅឆ្នាំ២០២២ «អ៊ែរឥណ្ឌា» ត្រូវផ្ទេរមកជាក្រុមហ៊ុនឯកជនវិញ។ ពោលគឺត្រឡប់មកវង្សត្រកូលម្ចាស់ដើម គឺ ត្រកូល តាតា «Tata» ឋិតក្រោមកណ្តាប់ដៃរបស់ មហាសេដ្ឋី Ratan Tata ដែលមានក្រុមហ៊ុនរកស៊ីច្រើនវិស័យ រាប់ចាប់តាំងពីផ្នែករថយន្ត សណ្ឋាគារ ផ្នែកគីមី ក្រុមហ៊ុនលោហៈ និងរហូតដល់ ក្រុមហ៊ុនទំនិញចំណីអាហារ ជាដើម ដែលមានបុគ្គលិកក្រោមបង្គាប់ ប្រមាណជាង ៩៣៥ ០០០ នាក់ឯណោះ។ អ្នកជំនាញជឿថា «អ៊ែរឥណ្ឌា» អាចនឹងកសាងកេរ្តិ៍ ជាក្រុមហ៊ុនយន្តហោះលំដាប់ពិភពលោក៕
2/15/2023 • 6 minutes, 13 seconds បំប្លែងព័ត៌មានប្រឆាំងវ៉ាក់សាំងកូវីដ១៩ ដើម្បី ជំនួញឈាមតាមអ៊ីនធ័រនែត ?
ព័ត៌មានមិនពិតជុំវិញការចាក់ថ្នាំបង្ការកូវីដមានច្រើន រហូតជំរុញគ្រួសារប្រឆាំងនឹងការចាក់វ៉ាក់សាំងខ្លះ មិនព្រមទទួលការបញ្ចូលឈាមដើម្បីសង្គ្រោះជីវិតទេ ព្រោះលង់ក្នុងគំនិតខ្លាចឆ្លងជាតិថ្នាំវ៉ាក់សាំងចូលក្នុងខ្លួន។ ទន្ទឹមគ្នានោះ គំនិតប្រឆាំងនឹងវ៉ាក់សាំង បានបង្កើតឱ្យមានចលនាថ្មីមួយ គឺចលនាស្វែងរក “ឈាមបរិសុទ្ធ” រីកសុសសាយតាមប្រព័ន្ធអ៊ីនធ័រនែត។ ចលនាឈាមបរិសុទ្ធ ពិតជាបរិសុទ្ធដូចពាក្យឬជារបៀបបោកប្រាសបែបថ្មី ?!
នៅពេលលេចជំងឺកូវីដ១៩ភ្លាម មានគំនិតនិងការឃោសនាបំប៉ោងផ្សេងៗ។ ខ្លះមានជំនឿថាមេរោគសប្បនិម្មិត ខ្លះថាជាមេរោគចិន ... នៅពេលរកឃើញថ្នាំបង្ការ ជំនឿផ្សេងទៀតក៏មានកើតឡើងទន្ទឹមគ្នាដែរ។ ក្នុងពេលដែលអ្នកខ្លះមិនសូវទុកចិត្តលើប្រសិទ្ធភាពវ៉ាក់សាំង ព្រោះរកឃើញលឿនពេក ខ្លះទៀតស៊ុបនឹងជំនឿឃោសនាប្រឆាំងដាច់ខាតមិនព្រមចាក់ថ្នាំបង្ការទេ បើទោះបីជាពួកគេមានសំណាង មានថ្នាំការពារពីមេរោគដ៏កំណាចៗក៏ដោយ។
ជំនឿស៊ុបជ្រុលនិយមប្រឆាំងនឹងការចាក់ថ្នាំបង្ការ បានលេចជាចលនា មានឈ្មោះថា “ឈាមបរិសុទ្ធ” ដោយពួកគេចង់បង្កើតធនាគារស្តុកឈាមក្រុមអ្នកដែលមិនបានចាក់វ៉ាក់សាំង។ នៅក្នុងវេបសាយ ចលនាស្វែងរកឈាមបរិសុទ្ធ បានផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើន ទាក់ទងនឹងការបញ្ចូលឈាម។ តាមទ្រឹស្តីរបស់ពួកគេ ឈាមរបស់អ្នកបានចាក់ថ្នាំបង្ការកូវីដ១៩ ជាឈាមមិនស្អាត អាចចម្លងជាតិវ៉ាក់សាំងដែលជាមធ្យោបាយពង្វៀង ការចាក់បញ្ចូលមេរោគ ឱ្យ ចូលទៅក្នុងខ្លួនពួកគេ។
មានមូលដ្ឋាននៅប្រទេសស្វីស ចលនា Safe blood Donation បានរៀបចំឱ្យមានទំនាក់ទំនងដោយផ្ទាល់រវាងអ្នកផ្តល់ឈាមនិងអ្នកត្រូវទទួលឈាម ដែលពុំបានចាក់វ៉ាក់សាំងដូចគ្នាទៀត។ George Della Pietra ស្ថាបនិកចលនាSafe blood Donation បានធានានៅលើវេបសាយរបស់ខ្លួនថា អតិថិជនអាចស្វែងរកឈាមបរិសុទ្ធបាន នៅអឺរ៉ុបខាងលិច នៅអាមេរិកខាងជើង នៅអាហ្វ្រិកនិងនៅអាស៊ី។
អ្នកការពារចលនា “ឈាមបរិសុទ្ធ” បានអំពាវនាវឱ្យ សមាជិកក្រុមក្នុងហ្វេសប៊ុក ប្រើអំពើហិង្សាលើគិលានុបដ្ឋាកបានទទួលវ៉ាក់សាំង ដោយកុហកថាមានមនុស្សស្លាប់ច្រើនក្រោយពីបានចាក់ថ្នាំបង្ការកូវីដរួច។
លង់ក្នុងគំនិតប្រឆាំងនឹងការចាក់ថ្នាំបង្ការកូវីដ ថ្មីៗនេះ មានប្តីប្រពន្ធជាតិនូវែលហ្សេឡង់ បានជំទាស់មិនឱ្យពេទ្យវះកាត់សង្គ្រោះជីវិតកូនង៉ែតរបស់ខ្លួនទេ ព្រោះខ្លាចកូនត្រូវទទួលឈាមរបស់អ្នកបានចាក់ថ្នាំបង្ការកូវីដ១៩។ តុលាការបានដកសិទ្ធិចិញ្ចឹមកូនពីប្តីប្រពន្ធនោះជាបណ្តោះអាសន្នដើម្បីបំពេញដំណើរបែបបទព្យាបាលក្មេងបាន។ សំណុំរឿងនេះបានក្លាយជាសញ្ញាតំណាងក្រុមប្រឆាំងនឹងវ៉ាក់សាំងកូវីដ និងបានរីកសាយភាយយ៉ាងលឿនពេញអ៊ីនធ័រនែត ដែលជាការទាក់ទាញឱ្យចាប់អារម្មណ៍លើការឃោសនាប្រឆាំងនឹងថ្នាំបង្ការ។ នេះបើតាមការលម្អិតរបស់អ្នកស្រីជំនាញអេពីដេមីសាស្ត្រនៅសកលវិទ្យាល័យអ៊ីលីណ័រ រដ្ឋChicagoសហរដ្ឋអាមេរិក អ្នកស្រី Katrine Wallace។
ប៉ុន្តែ គ្មានភស្តុតាងបែបវិទ្យាសាស្ត្រណាដែលបញ្ជាក់ថា ទទួលឈាមពីអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩រួច អ្នកទទួលដែលពុំធ្លាប់ចាក់វ៉ាក់សាំងសោះនោះ នឹងមានការការពារ (មានភាពស៊ាំនឹងកូវីដ១៩) ក្លាយជាមនុស្សចាក់វ៉ាក់សាំងរួចទេ។ នេះជាប្រសាសន៍របស់អ្នកស្រី Wallace។ ការឃោសនារបស់ចលនាឈាមបរិសុទ្ធបញ្ច្រាសទាំងស្រុងទៅនឹងវិទ្យាសាស្ត្រ ព្រោះសមាសធាតុនៃវ៉ាក់សាំងមិនស្ថិតនៅក្នុងប្រព័ន្ធឈាមទេ។ ផ្ទុយទៅវិញ អំណោយឈាមរបស់បុគ្គលបានចាក់វ៉ាកសាំងកូវីដរួច ជាឈាមដ៏មានសុវត្ថិភាពបំផុតសម្រាប់បញ្ចូលដល់អ្នកជំងឺ។ នេះជាការដាស់តឿនរំលឹករបស់តំណាងកាកបាទក្រហមអាមេរិក។
សូមបញ្ជាក់ថា ដើម្បីអាចក្លាយជាសមាជិកក្រុម Safe Blood Donation សមាជិកម្នាក់ៗត្រូវបង់ថ្លៃចូលដំបូងចំនួន ៥០អឺរ៉ូ និងត្រូវបង់ថ្លៃប្រចាំខែ២០អឺរ៉ូទៀត។ សម្រាប់អ្នកស្រីជំនាញរោគរាតត្បាត តើនេះមិនមែនជាការបំភ័យឆ្លៀតយកចំណេញតាមរយៈការផ្តល់ព័ត៌មានខុសទាំងស្រុងទេឬ ?!
ការផ្សំគំនិតគេងចំណេញពីកូវីដនៅមានច្រើនទៀត។ ក្រៅអំពីបំផុតគំនិតស្វែងរកឈាមបរិសុទ្ធ នៅលើបណ្តាញមានការបំផុសរកទឹកដោះម្តាយ “បរិសុទ្ធ” (របស់ស្ត្រីមិនចាក់វ៉ាក់សាំង) ឬស្ពែម៉ាតូហ្សូអ៊ីតផង។
មកដល់ពេលនេះ គេពិបាកនឹងកំណត់ចំនួនមនុស្សដែលកំពុងស្វែងរកឈាម របស់មនុស្សគ្មានចាក់វ៉ាក់សាំងកូវីដណាស់ ប៉ុន្តែអ្នកជំនាញយល់ថា រកឈាមបរិសុទ្ធពិតជាវិញ្ញាសាដ៏លំបាកណាស់ ក្នុងប្រទេសដែលមានអត្រាចាក់ថ្នាំបង្ការកូវីដខ្ពស់។ នៅសហរដ្ឋអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងដល់ទៅ៨០% អាជ្ញាធរសុខភាពមិនបានតម្រូវឬសួរអ្នកផ្តល់ឈាមជុំវិញការចាក់ថ្នាំបង្ការទេ។ មន្ទីរពេទ្យក៏មិនអាចផ្តល់ព័ត៌មានទាំងអស់នេះទៅអ្នកជំងឺដែរ នៅពេលទាក់ទងនឹងការផ្តល់ឈាម៕
2/14/2023 • 4 minutes, 21 seconds ប្រែប្រួលអាកាសធាតុ៖ មនុស្ស១៥លាននាក់ទូទាំងពិភពលោ កប្រឈមនឹងហានិភ័យពីការរលាយទឹកកកលើភ្នំ
ទឹកជំនន់គំហុកបង្កឡើងដោយការរលាយផ្ទាំងទឹកកកលើភ្នំ គឺជាបញ្ហាប្រឈម ដែលគំរាមកំហែងដល់ប្រជាជនយ៉ាងតិច ១៥លាននាក់ នៅទូទាំងពិភពលោកទាំងមូល។ នេះបើយោងតាមលទ្ធផលសិក្សាស្រាវជ្រាវ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។ ហានិភ័យនេះ ដែលមានកម្រិតខ្ពស់ស្រាប់ នៅក្នុងពេលបច្ចុប្បន្ន អាចនឹងត្រូវកើនឡើងកាន់តែខ្លាំងថែមទៀត ជាមួយនឹងកំណើននៃការឡើងកម្តៅភពផែនដី។
យោងតាមការសិក្សាចេញផ្សាយ កាលពីថ្ងៃអង្គារ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Nature Communications ក្នុងចំណោមប្រជាជន ដែលកំពុងប្រឈមខ្លាំងនឹងការគំរាមកំហែងដោយទឹកជំនន់ពីការរលាយផ្ទាំងទឹកកកលើភ្នំ មានភាគច្រើនលើសលុបប្រមូលផ្តុំគ្នានៅក្នុងប្រទេសតែ ៤ ប៉ុណ្ណោះ គឺ ឥណ្ឌា ប៉ាគីស្ថាន ចិន និងប៉េរូ។ យើងអាចកត់សម្គាល់បានថា នៅក្នុងចំណោមប្រទេសទាំង ៤នេះ មានដល់ទៅ ៣ ស្ថិតនៅក្នុងតំបន់អាស៊ី ហើយនៅជុំវិញតំបន់ដែលសម្បូរបឹងលើភ្នំ គឺជួរភ្នំហិមាល័យ។
គួរបញ្ជាក់ថា នៅតាមតំបន់ភ្នំខ្ពស់ៗ ដូចជា ជួរភ្នំហិមាល័យនេះ ជាដើម សម្បូរទៅដោយផ្ទាំងទឹកកក ហើយនៅក្នុងអំឡុងរដូវក្តៅ ផ្ទាំងទឹកកកមួយផ្នែកត្រូវរលាយបង្កើតជាទឹក ដែលមួយផ្នែកត្រូវហូរចាក់ចុះទៅក្រោមចូលទៅក្នុងទន្លេ ចំណែកទឹកមួយផ្នែកទៀតត្រូវប្រមូលផ្តុំគ្នាបង្កើត ទៅជាបឹងនៅលើភ្នំ។
ក៏ប៉ុន្តែ បឹងអស់ទាំងនេះមិនសូវជាមានស្ថិរភាពក្នុងការទប់ទឹកប៉ុន្មាននោះទេ ដោយសារតែទំនប់ធម្មជាតិ ដែលនៅព័ទ្ធជុំវិញបឹងនេះ ខ្លះគឺគ្រាន់តែជាផ្ទាំងទឹកកកដូចគ្នា ចំណែកខ្លះទៀត គឺជាបំណែកថ្មនិងល្បាយដី ដែលមិនសូវមានភាពមាំទាំ ធន់នឹងកម្លាំងទឹក។ នៅពេលដែលសីតុណ្ហភាពកើនឡើង នាំឲ្យផ្ទាំងទឹកកករលាយកាន់តែច្រើន បរិមាណទឹកនៅក្នុងបឹងក៏មានកាន់តែច្រើន វាបង្កើតជាសម្ពាធទៅលើទំនប់ដែលព័ទ្ធជុំវិញបឹងក៏កាន់តែខ្លាំង។ បន្ថែមពីលើនេះទៅទៀត នៅក្នុងយន្តការនៃការរលាយទឹកកក ក្នុងករណីខ្លះ ផ្ទាំងទឹកកកត្រូវរបេះធ្លាក់ចូលទៅក្នុងបឹង បង្កើតជារលកធំៗ វាយផ្ទប់ទៅនឹងទំនប់ជុំវិញបឹង ហើយនៅពេលទំនប់នេះត្រូវបាក់ ទឹកទាំងប៉ុន្មានដែលនៅក្នុងបឹងត្រូវហូរចុះយ៉ាងគំហុក បង្កើតជាទឹកជំនន់ជន់លិចប្រជាជនដែលរស់នៅក្នុងតំបន់។
ការសិក្សាកាលពីឆ្នាំ២០២០កន្លងទៅបង្ហាញថា បរិមាណទឹកបឹងលើភ្នំ ដែលបង្កើតឡើងដោយការរលាយផ្ទាំងទឹកកក បានកើនឡើងរហូតដល់ទៅ ៥០% ឯណោះ នៅក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ។ ជាមួយនឹងការឡើងកម្តៅផែនដី អត្រានៃការរលាយផ្ទាំងទឹកកកនេះនឹងនៅតែបន្តកើនឡើងតទៅទៀត ទៅថ្ងៃអនាគត ដោយគេក៏បានព្យាករថា នៅត្រឹមចុងសតវត្សរ៍ទី២១នេះ បើទោះជាគេអាចទប់ស្កាត់ការឡើងកម្តៅផែនដីត្រឹម ១,៥អង្សារ ទៅតាមគោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសក៏ដោយ ផ្ទាំងទឹកកកនៅទូទាំងពិភពលោក ក៏នឹងត្រូវរលាយប្រមាណជាពាក់កណ្តាលដែរ ដែលនឹងបង្កើតជាបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ដោយគំហុកពីការបាក់ទំនប់បឹងលើភ្នំ។
ទោះជាយ៉ាងណា អ្នកជំនាញដែលចូលរួមក្នុងការសិក្សាស្រាវជ្រាវ ចុះផ្សាយកាលពីថ្ងៃអង្គារកន្លងទៅនេះ បានកត់សម្គាល់ថា តំបន់ដែលមានហានិភ័យខ្ពស់បំផុត គឺមិនមែនស្ថិតលើចំនួនបឹង និងបរិមាណទឹកក្នុងបឹងលើភ្នំនោះទេ ក៏ប៉ុន្តែ គឺចំនួនប្រជាជន ដែលរស់នៅជុំវិញបឹង ឬក្នុងតំបន់ដែលជាប់នឹងផ្លូវទឹកដែលហូរពីបឹងលើភ្នំ។ ជាក់ស្តែង កាលពីពេលកន្លងមក គេសង្កេតឃើញថា នៅក្នុងតំបន់អាស៊ី មានមនុស្សរាប់ពាន់នាក់ត្រូវបាត់បង់ជីវិត ដោយទឹកជំនន់ពីបឹងលើភ្នំ ចំណែកតំបន់អាមេរិកខាងជើងវិញ ថ្វីដ្បិតតែ មានបឹងលើភ្នំច្រើនជាង ក៏ប៉ុន្តែ មានមនុស្សស្លាប់តិចតួចដោយទឹកជំនន់ពីភ្នំ។
នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកជំនាញបានសិក្សារកឃើញថា មានមនុស្សប្រមាណជា ៩០លាននាក់ នៅក្នុងប្រទេសចំនួន ៣០ នៅទូទាំងពិភពលោកទាំងមូល រស់នៅក្នុងតំបន់ក្បែរបឹងលើភ្នំ។ ក្នុងចំណោមនេះ មានយ៉ាងតិច ១៥លាននាក់ ត្រូវប្រឈមនឹងហានិភ័យខ្លាំងជាងគេ ដោយសារតែពួកគេរស់នៅក្នុងរង្វង់ ៥០គីឡូម៉ែត្រពីបឹងលើភ្នំ និងត្រឹម ១គីឡូម៉ែត្រ ពីផ្លូវទឹកដែលហូរពីបឹងលើភ្នំ។
នៅក្នុងចំណោម ១៥លាននាក់នោះទៀតសោត គេរកឃើញថា មានរហូតដល់ទៅជាង ៩លាននាក់ ពោលគឺជាង ៦០% រស់នៅក្នុងតំបន់ភ្នំ និងខ្ពង់រាបអាស៊ី ជាពិសេស គឺឥណ្ឌាដែលមានប្រជាជនរស់នៅក្នុងតំបន់គ្រោះថ្នាក់ច្រើនជាងគេ (៣លាននាក់) ចំណែកប៉ាគីស្ថានស្ថិតនៅលំដាប់ទីពីរ (២លាននាក់)។
គួរបញ្ជាក់ថា តំបន់ភ្នំ និងខ្ពង់រាបអាស៊ី ដែលក្នុងនោះរួមមានទាំងតំបន់ជួរភ្នំហិមាល័យផងដែរ ពេលខ្លះត្រូវបានគេដាក់រហស្សនាមថា “តំបន់ប៉ូលទី៣” ដោយសារតែវាគឺជាតំបន់សម្បូរផ្ទាំងទឹកកកច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពីតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូង៕
2/8/2023 • 4 minutes, 35 seconds